សុជីវធម៌
សេចក្តីផ្តើម
[កែប្រែ]មនុស្សគ្រប់រូបសុទ្ធតែចង់រស់នៅក្នុងសិទ្ធិសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ ដើម្បីសម្រេចបំណងនេះបាន មនុស្សគ្រប់រូបត្រូវប្រព្រឹត្តិតាមច្បាប់ ប្រពៃណី ទំនៀមទម្លាប់ សុជីវធម៌របស់សង្គមឱ្យបានត្រឹមត្រូវ ព្រមទាំងចេះទទួលស្គាល់ចំណុចល្អ និងចំណុចមិនល្អរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមក ហើយត្រូវព្យាយាមស្វែងយល់ និងកែលម្អរាល់ចំណុចខ្វះខាតទាំងនោះ ដើម្បីសំអិតសំអាងខ្លួនឱ្យក្លាយជាមនុស្សមានតម្លៃ មានសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯង គ្រួសារ និងចេះរស់នៅចុះសម្រុងក្នុងសង្គម។ មនុស្សម្នាក់ៗកើតមកហើយត្រូវតែរស់នៅជាមួយអ្នកដទៃ រស់នៅជាមួយសង្គមមនុស្ស ដែលត្រូវមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស និងការរស់នៅរបស់មនុស្សនៅក្នុងសង្គម តែងតែមានភាពសុខដុមរមនាគ្មានការប៉ះទង្គិច ការសៅម្មងក្នុងចិត្តដោយសារគេយល់់ដឹង និងការប្រកាន់ភ្ជាប់សុជីវធម៌។
និយមន័យ
[កែប្រែ]សុជីវធម៌សម្គាល់ការរស់នៅល្អ មានរបៀបរៀបរយ ចេះគួរសមក្នុងការប្រាស្រ័យទាកទងជាមួយអ្នកដទៃ។ សុជីវធម៌ពុំមែនជាបទបញ្ជា ឬជាច្បាប់ទេ ប៉ុន្តែវាគ្រាន់តែជាវិជ្ជាមួយសម្រាប់ឱ្យមនុស្សរៀនធ្វើខ្លួនឱ្យបានសមរម្យទៅតាមទំនៀមទម្លាប់ សុជីវធម៌សង្គមជៀសវាងការប៉ះទង្គិចអារម្មណ៍រវាងមនុស្ស ដែលរស់នៅជាមួយគ្នានៅក្នុងសង្គម។ សុជីវធម៌ជាសោភ័ណ និងវិធីសម្រាប់អប់រំមនុស្សឱ្យមានឬកពាថ្លៃថ្នូរ មានភាពស្លូតបូត មានសេចក្តីសុច្ចរិត ស្មោះត្រង់ មានសណ្តាប់ធ្នាប់ ចេះរៀបចំរបៀបរស់នៅឱ្យបានសមរម្យហើយមានតម្លៃនៅក្នុងសង្គម។ លក្ខណៈសម្បត្តិនៃសុជីវធម៌នេះហើយ ដែលបង្កើតឱ្យមានទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស ហើយឱ្យមានការអភិវឌ្ឍទៅមុខជាលំដាប់ ដែលខុសពីទំនាក់ទំនងមនុស្សនឹងសត្វ។ សុជីវធម៌នៅក្នុងសង្គមនេះហើយ ដែលដឹកនាំសង្គមមនុស្សឱ្យចេះអប់រំគ្នាជារៀងរាល់ថ្ងៃ ដើម្បីសេចក្តីសុខ និងការអភិវឌ្ឍឡើង[១]។
សារៈសំខាន់នៃសុជីវធម៌
[កែប្រែ]សុជីវធម៌ជាវិជ្ជាមួយសម្រាប់អប់រំមនុស្សគ្រប់រូប ទាំងបុរសទាំងស្រ្តីឱ្យមានឬកពាអាកប្បកិរិយា ថ្លៃថ្នូរ មិនឆ្គាំឆ្គងក្នុងទង្វើរបស់ខ្លួននៅពេលធម្មតា និងពេលចេញមុខក្នុងពិធីធំ។ វិជ្ជានេះធ្វើឱ្យអត្តចរិតមនុស្សមានភាពស្លូតបូតសមរម្យ មានភាពថ្លៃថ្នូរ មានទំនាក់ទំនងល្អ និងចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃនៅក្នុងសង្គម។ សុជីវធម៌ប្រៀនប្រដៅមនុស្សអំពីលក្ខណៈល្អគ្រប់បែបយ៉ាង ដែលមនុស្សត្រូវប្រកាន់ខ្ជាប់ខ្លួន និងជៀសវាងអំពើឆ្គាំឆ្គងចំពោះខ្លួនឯង មិត្តភ័ក្ត គ្រួសារ សហគមន៍ និងសង្គម។ ម្យ៉ាងទៀតសុជីវធម៌អប់រំមនុស្សឱ្យប្រកាន់សេចក្តិសុច្ចរិត សេចក្តីស្មោះត្រង់ សេចក្តីស្ងប់ សេចក្តីសន្តោស មានចរិយាល្អ។
សុជីវធម៌ មានគ្របដណ្តប់ទៅលើជីវភាពមនុស្សទូទៅ ដែលរស់នៅក្នុងសង្គម។ សុជីវធម៌អប់រំមនុស្សឱ្យស្គាល់ករណីកិច្ច ដែលត្រូវប្រព្រឹត្តចំពោះខ្លួនឯង និងចំពោះអ្នកដទៃ។ សុជីវធម៌តម្រូវឱ្យមនុស្សគ្រប់រូបក្រោកពីដំណេករហូតចូលដំណេកវិញ ត្រូវមានអាកប្បកិរិយាសមរម្យជាទីគាប់ចិត្តចំពោះគ្នាគ្រប់នាទី គ្រប់ទីកន្លែង ដូចជានៅក្នុងគ្រួសារ នៅសាលារៀន កន្លែងធ្វើការ វត្តអារាម កន្លែងទីសាធារណជាដើម។ សុជីវធម៌តម្រូវឱ្យមនុស្សម្នាក់ៗចេះដូចជា រៀបចំខ្លួនកុំឱ្យឆ្គាំឆ្គងក្នុងឥរិយាបទណាមួយដូចជា និយាយ ដេក ដើរ ឈរ អង្គុយ។ល។ រៀបចំ ឬកពាឱ្យមានសមរម្យតាមទីសាធារណៈ និងកាលៈទេសៈ។ រៀបចំកាយវិការក្នុងការសន្ទនាជាមួយអ្នកដទៃ ឬក្នុងពេលទទួលទានអាហារ។ ប្រើសម្លាប់ពាក់សមរម្យទៅតាមពេលវេលា។ របៀបនិយាយ សរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ ទទួលភ្ញៀវដោយរាក់ទាក់។ គោរពសិទ្ធិ ទ្រព្យសម្បត្តិ សេចក្តីទុកសោករបស់អ្នកដទៃ
មនុស្សម្នាក់ៗត្រូវមានសុជីវធម៌ចំពោះខ្លួនឯងគឺត្រូវគោរពបទបញ្ជា ក្បួនអនាម័យ និងស្លៀកពាក់ឱ្យមានសមរម្យ និងតាមកាលៈទេសៈ ដើម្បីអាការខាងក្រៅមានសោភ័ណភាព និងការឱ្យតម្លៃដល់ខ្លួនឯង។ មនុស្សថ្លៃថ្នូរជាបឋមគឺការថែរក្សាខ្លួនឱ្យមានល្អ ស្អាតបាត។ ការលាងសម្អាត និងថែរ្សាខ្លួនប្រាណឱ្យបានស្អាត ហើយឱ្យបានទៀងទាត់ ដើម្បីថែរក្សាអនាម័យផង និងកុំឱ្យមានក្លិនផង។ ទោះបីអ្នកមានរូបរាងសង្ហា ឬស្លៀកបំពាក់ឆើតឆាយយាងណាក៏ដោយ បើអ្នកមានក្លិនមិនល្អ អ្នកនៅជិតមុខជាធុញថប់នឹងអ្នក ដូចនេះអ្នកត្រូវសំអាតខ្លួនរាងកាយឱ្យមានល្អស្អាត។
សុជីវធម៌សាធារណៈ
[កែប្រែ]នៅតាមទីសាធារណៈ មនុស្សម្នាក់ៗត្រូវប្រកាន់ភ្ជាប់សុជីវធម៌ ទម្លាប់ល្អ មិនមែនចង់ធ្វើអ្វីមួយតាមតែចិត្តនឹងឃើញឡើយ។ ព្រោះទីសាធារណៈជាកន្លែង ដែលមានទំនាក់ទំនងចំពោះមនុស្សបានខ្ជាប់ខ្លួនគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
ឯកសារយោង
[កែប្រែ]- ↑ សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី២១៦