សូខាំ ខូយ
លោក សូ ខាំខូយ មានបុត្រាបុត្រី៦នាក់។ លោក សូ ខាំវ៉ាន់ចាន់ ដែលជាបុត្រទី៤ រស់នៅក្រុងហ៊ូស្តុន រដ្ឋតិចសាស បានមានប្រសាសន៍ថា ពិធីបុណ្យឈាបនកិច្ចសពលោក សូ ខាំខូយ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ២០០៨ នៅក្រុងស្តុកតុន រដ្ឋកាលីហ្វ័រនៀ។
លោក សូ ខាំវ៉ាន់ចាន់ បានមានប្រសាសន៍ពីប្រវត្តិសង្ខេបរបស់លោក សូ ខាំខូយ ថា ៖ «គាត់រៀនចប់នៅ (វិទ្យាល័យ) ស៊ីសុវត្ថិហ្នឹង គាត់ទៅរៀនធ្វើមេព្រៃ ហើយដល់បន្ទាប់មកយើងនៅក្រោយអាណានិគមបារាំង បារាំងវាវ៉ៃសៀមដើម្បីទារខេត្តខ្មែរមកវិញ ព្រោះសៀមវាយកខេត្តខ្មែរយើង។ ឪពុកខ្ញុំក៏ស្ម័គ្រចិត្តទៅធ្វើទាហាន ច្បាំងសៀមចប់ហើយបានធ្វើមេព្រៃវិញ។ បន្ទាប់មកបារាំងឲ្យធ្វើភូឈួយខេត្តទី១ នៅខេត្តកំពង់ចាម ហើយបន្ទាប់មកធ្វើចៅហ្វាយខេត្តកំពង់ចាមពីឆ្នាំ១៩៤៩ ធ្វើ២-៣ឆ្នាំកាលហ្នឹង។ បន្ទាប់មកសម្ដេច សីហនុ ឲ្យមកនៅភ្នំពេញ ធ្វើទាហានពាក់ស័ក្ដិ៤ ស័ក្ដិ៥កន្លះអីហ្នឹង។ ឆ្នាំ១៩៥៤ សម្ដេច សីហនុ ឲ្យឪពុកខ្ញុំទៅវ៉ៃយួន យៀកមិញហ្នឹង ចូលមកស្រុកខ្មែរ វាចង់បំបែកស្រុកខ្មែរជាពីរដូចស្រុកយួនអ៊ីចឹងកាលហ្នុង វ៉ៃកន្លែងស្រុកមុនឈ្មោះ ស្រីជេស។ ហើយបន្ទាប់ពីហ្នឹងមកគាត់ធ្វើទាហានរហូតដល់ផ្កាយ៣ ជំនាន់ស្ដេចសីហនុហ្នឹង។ ឪពុកខ្ញុំ ស្ដេចសីហនុឲ្យធ្វើ Inspector General ខាងទាហាន ត្រួតមើលទាហាននៅស្រុកខ្មែរហ្នឹង សង្គមរាស្រ្ដនិយមហ្នឹង។ ហើយដល់ស្រុកយួនច្បាំងខ្មែរក្រហមហ្នឹង ជាមួយលោក លន់ លន់ ឪពុកខ្ញុំ លោក លន់ នល់ ឲ្យធ្វើប្រធានព្រឹទ្ធសភា ដល់លោក លន់ នល់ ឈឺខ្លាំង គាត់កើតរោគងាប់ខ្លួនមួយចំហៀង អាមេរិកាំងដឹកលោក លន់ នល់ មកពេទ្យហាវ៉ៃហ្នឹង ហើយឪពុកខ្ញុំក៏បានធ្វើប្រធានាធិបតីជំនួសលោកតា លន់ នល់ ប៉ុន្មានខែមុនស្រុកធ្លាក់ហ្នឹង។ ប្រធានាធិបតីស្ដីទីបានន័យថា បណ្ដោះអាសន្ន ដល់នេះទៅអាមេរិកាំងឈប់ជួយយើងជំនាន់ហ្នឹង ឪពុកខ្ញុំក៏បានចេញពីស្រុកខ្មែរមកថ្ងៃ១២ ខែមេសា ឆ្នាំ១៩៧៥ ចេញពីស្រុកខ្មែរមក អាមេរិកាំងវាដឹកចេញពីភ្នំពេញមក យកមកដាក់នៅស្រុកសៀម នៅបាងកកហ្នឹងប្រហែលមួយខែ បានទៅដឹកមកទាំងគ្រួសារអីទាំងអស់គ្នាហ្នឹងមកនៅកាលីហ្វ័រញ៉ា... តាំងពីហ្នឹង រក (អ្នកធានា) បាន មកនៅតិចសាសទាំងអស់គ្នាទៅ បន្ទាប់ក្រោយមកឪពុកខ្ញុំទៅនៅកាលីហ្វ័រញ៉ា»៕