សេចក្ដីរំលឹកដាស់តឿន
Appearance
សេចក្ដីរំលឹកដាស់តឿន ជាបទពាក្យ៧ និពន្ធឡើងនៅឆ្នាំ១៩៣១ ដោយកវីក្រមង៉ុយ ។
ខ្លឹមសារ
[កែប្រែ]សេចក្ដីរំលឹកដាស់តឿន មានខ្លឹមសារទាំងស្រុង ដូចតទៅ៖
អ្នកភិរម្យភាសាអ៊ូ | លើកដៃទាំងគូប្រណម្យផ្ចង់ | |
បង្គំព្រះពុទ្ធគ្រប់ព្រះអង្គ | ព្រះធម៌ព្រះសង្ឃប្រសើរសាយ។ | |
ព្រះគុណគ្រូឧជ្ឈាយាចារ្យ | មាតាបិតាបង្កើតកាយ | |
បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ | ខ្ញុំសូមអធិប្បាយចែកពាក្យជូន។ | |
ព្រះពុទ្ធសករាជព្រះសាសនា | អតិកន្តាកន្លងធួន | |
ពីរពាន់បួនរយចិតសឹបបួន | ជួនខែនិងថ្ងៃគ្មានកន្លង ។ | |
ដើមឆ្នាំមមែក្នុងត្រីស័ក | ពិសាខភ្លៀងធ្លាក់កាត់ទឹកម្តង | |
មួយរោចថ្ងៃសៅរ៍កើតសៅហ្មង | លឺពាក្យអ្នកផងទាស់ទែងគ្នា ។ | |
មិនបានកាប់ចាក់ដល់បាក់បែក | ថ្ងៃនេះជជែកថ្ងៃស្អែកជា | |
ចាក់ដោតរាលរោលពោលពណ៌នា | និន្ទាដៀលត្មះចាស់បុរាណ ។ | |
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី | រឿងធម៌បាលីស្តីប្រមាណ | |
ប្រមាថទៅមកមិនឈប់ខាន | ហាមប្រាមមិនបានមិនបាត់មាត់។ | |
ព្រះធម៌ព្រះពុទ្ធតែមួយអង្គ | លោកសង្ឃបួសរៀនមានដោយវត្ត | |
សង្ឃខ្លះចេះស្ទើរមិនចាំស្ទាត់ | ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។ | |
គេចាប់ថាខុសប្រកាន់ខឹង | មិនដឹងថាខ្លួនរៀនមិនដល់ | |
មិនដែលសួរគេព្រោះមិនឆ្ងល់ | សំគាល់ថាខ្លួនត្រូវមិនខុស។ | |
អ្នកប្រាជ្ញលោកសូត្រចំបាលី | ថាគេធម៌ថ្មីស្តីបន្តុះ | |
បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ | មិនព្រមចំណុះខុសចំណាំ ។ | |
ចំណែកចំណេះចេះរាល់ខ្លួន | បារាជិកបួនវិន័យប្រាំ | |
មហាវគ្កចុល្លវគ្គអាទិកម្ម | ព្រះអង្គគ្មានផ្តាំឲ្យឈ្លោះគ្នា។ | |
ផ្តាំឲ្យតែកាន់សិក្ខាបទ | អ្នកបួសរាល់វត្តត្រូវសាមគ្គា | |
ព្រះពុទ្ធរូបរាល់វិហារ | វន្ទាគោរពរាល់យប់ថ្ងៃ។ | |
នមស្ការបង្គំធម៌បីបទ | សូត្រហបមាត់នឿយជើងដៃ | |
មិនដឹងប្រាកដរតនត្រៃ | មិនចេះសង្ស័យសួរអ្នកណា។ | |
អ្នកប្រាជ្ញលោកសូត្រចំបាលី | ប្រែចេញសេចក្តីឲ្យពិស្តារ | |
អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកា | គេថាខ្លួនខុសប្រកាន់ខឹង ។ | |
ធម៌សម្ពុទ្ធេសូត្រលាន់ៗ | ព្រះពុទ្ធរយពាន់ខ្លះមិនដឹង | |
ជឿជាក់ថាចេះចប់ប៉ុណ្ណឹង | មិនប្រឹងរៀនប្រែបកបរិយាយ។ | |
ចេះហើយមិនដឹងថាខ្លួនខុស | មិនព្រមចំណុះអ្នកប្រាជ្ញប្រាយ | |
បាលីច្រលំពាក្យនិស្រាយ | នឹកស្តាយបែបចាស់មិនផ្លាស់ចេញ។ | |
គេថាសូត្រធម៌មិនចេះប្រែ | បានបុណ្យខ្លះដែរតែមិនពេញ | |
បើចេះប្រែផងបានចំណេញ | ខ្លួនរិតទន្ទេញតែបែបចាស់។ | |
ចចេសទទឹងរឹងជជែក | ប្រកឹងប្រកែកប្រកួតម្នះ | |
ម្នៅៗសត្រូវនឹងធម៌ព្រះ | ជាតិក្រោយក្រលាស់ជាល្ងង់ខ្លៅ។ | |
មានកាលត្រលប់ជាគថ្លង់ | មម៉េងមម៉ង់ឆ្កួតមួម៉ៅ | |
ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅ | ហ្នឹងហៅចេះហើយមិនប្រសប់។ | |
ប្រសិនបើឱនខ្លួនខ្លបខ្លាច | អ្នកប្រាជ្ញកាលណាលោកនឹងស្អប់ | |
ធម៌អាថិអ្នកណានឹងចេះចប់ | កុំកាន់ទំលាប់ទំលោយខ្លួន។ | |
ទំលាក់ឲ្យទាបសុភាពវ័យ | ព្រះសូត្រវិន័យធំជាងក្បួន | |
ព្រះអភិធម្មជាមាំបួន | នេះហើយប្រធួនគួររៀនទៀត។ | |
ពាក្យពីបុរាណជាពាក្យងាយ | ពាក្យក្បួនទូលាយស្រណុកជ្រៀត | |
ឯពាក្យគម្ពីរទីចង្អៀត | គួរឆ្លៀតជ្រើសរកយកឲ្យបាន។ | |
ឲ្យបែកគំនិតគិតច្រើនផ្លូវ | មួយខុសមួយត្រូវជាពីរស្ថាន | |
គេប្រាប់ថាខុសគួរឈប់ខាន | ឃើញត្រូវប៉ុន្មានប្រមូលយក។ | |
ព្រះឱស្ឋព្រះអង្គទ្រង់ទេសនា | អ្នកប្រាជ្ញចែងចារចងទុកមក | |
ព្រះសូត្រវិន័យលោកលៃលក | ប្រែសព្ទសៀតស៊កច្រើនប្រការ | |
ពាក្យពិតប្រាកដបទបាលី | ប្រែចេញសេចក្តីឃើញពិស្តារ | |
គួរស្តាប់ឲ្យស្តែងសិនកុំថា | កុំអាងតំរាតំរាប់ចាស់។ | |
តំរាយបុរាណយូរអង្វែង | មិនលែងច្រលំមានលើសខ្វះ | |
អ្នកប្រាជ្ញជំនុំឃើញខុសណាស់ | ចោលខ្លះទុកខ្លះដោយពិស្តារ។ | |
យ៉ាងធម៌«តិរោក»ពីបុរាណ | មិនដឹងជាបានពីគ្រូណា | |
សូត្រលាយចំរុះខុសអក្ខរា | មិនបានជាការប្រយោជន៍អ្វី។ | |
អ្នកប្រាជ្ញឃើញខុសច្រើនអន្លើ | រុះរើរៀបចំផ្សំបាលី | |
អ្នកខ្លៅហៅធម៌តិរោកថ្មី | សម្តីបែបឡកចំអកខឹង។ | |
សង្ខេបរឿងសូទ្រធម៌ត្រូវខុស | កូនចៅប្រុសៗគួរខំប្រឹង | |
ប្របរកអ្នកប្រាជ្ញប្រិតឲ្យដឹង | សំលឹងអក្ខរាឲ្យប្រាកដ។ | |
ប្រការមួយទៀតចាស់ជាន់មុន | ធ្វើបុណ្យអភិសេកបែកច្រើនបទ | |
ច្រើនបែបរាប់អានគ្មានកំណត់ | សន្មតថាធ្វើតាមបុរាណ។ | |
អាចារ្យមួយប៉ែកអភិសេកខ្ជិល | បង្វិលពពិលរំពេចបាន | |
អាចារ្យមួយថាធ្វើតាមបាន | លំអានគម្ពីរបឋមត្រាស់។ | |
ទេសទសជាតកចប់អភិសេក | ព្រឹកស្អែករៀបចំមធុបាយាស | |
មានមារលើកពលច្បាំងដេរដាស | ធ្វើច្រាសត្រលប់ក្រោយជាមុន។ | |
បើធ្វើឲ្យត្រូវតាមសាស្រ្តា | នាងនាថសុជាតាគេមានគុណ | |
ថ្វាយមធុបាយាសព្រះមានបុណ្យ | និមន្តទៅផ្សងបីដងត្រាស់។ | |
ទេវតាផ្អើលចុះពេញផែនដី | គ្រប់ទិសប្រាំបីមីរដេរដាស | |
កក្រើកញាប់ញ័រទាំងអាកាស | អរណាស់ថ្វាយសព្ទសាធុការ។ | |
ហេតុនេះអ្នកចេះចាំនិទាន | ធ្វើរោងធ្វើរានថ្វាយទេវតា | |
អ្នកប្រាជ្ញចេះថ្មីស្រដីថា | អាចារ្យនាំធ្វើខាតប្រយោជន៍។ | |
អាកាសទេវតានៅស្ថានខ្ពស់ | គេខ្ពើមជាមនុស្សក្លិនអសោច | |
ឧស្សាហ៍ដាក់នំឲ្យហិចហោច | ចំណេញស្រមោចចោមរោមស៊ី | |
អាចារ្យមួយទៀតចេះរៀបចំ | ប្រណម្យសំពះក្រុងពាលី | |
ព្រះអិសូរព្រះនារាយណ៍មានរិទ្ធី | ពេញទីចោលត្រៃសរណគមន៍។ | |
ចំណីចំណែកចែកដាក់ពែ | ចំណេញបានឆ្កែវាស៊ីនំ | |
នាងហ៊ីងធរណីថាជាធំ | សូមសុំទឹកដីសាងកុសល។ | |
អាចារ្យជាន់ចាស់ដោះសង្ស័យ | ថារតនត្រៃគេតំកល់ | |
តំកើងលើកឡើងជាដើមផល | ប្តឹងដល់ទេវតាជាសាក្សី។ | |
សង្ខារិករលឹកគុណ | ធ្វើបុណ្យអភិសេកព្រះពុទ្ធថ្មី | |
បូជាភ្ញីផ្កាស្លាបារី | គ្រប់ទិសប្រាំបីសឹងឲ្យមាន។ | |
អភិសេកព្រះពុទ្ធតាំងកសាង | តំណាងព្រះពុទ្ធដ៏ទ្រង់ញាណ | |
រំលឹកទេវតាជាប្រធាន | ប្រាថ្នានិពា្វនស្ថានផុតទុក្ខ ។ | |
ថាបើទេវតាខ្ពើមចំណី | ស្អប់ស្លាបារីមិនចង់ជក់ | |
បិសាចភ្លើៗមិនលែងភ្លក់ | អារុក្ខទេវតាមិនលែងសោយ។ | |
នំនែកចំណីឆ្អែតស្កប់ស្កល់ | សេសសល់បានប្រេតគ្នាស៊ីក្រោយ | |
ស៊ីគ្រាន់រួចរស់ព្រោះគេឲ្យ | បានដោយមគ្គផលកុសលដារ ។ | |
លោកសូត្រតិរោកតែរាល់ព្រឹក | យំកិញ្ចិច្រូចទឹកថែមយថា | |
បញ្ជូនអានិសង្សដល់ដូនតា | ប្រាថ្នាដូចម្តេចក៏សឹងបាន។ | |
ក្រែងដូនតាណាទៅជាប្រេត | រឺមួយអណ្តែតជាតិរច្ឆាន | |
លើសខ្វះប៉ុណ្ណោះខុសប៉ុន្មាន | រាប់អានទេវតាប្រាថ្នាសុខ។ | |
ថាបើទេវតាមិនព្រមសោយ | កុំឲ្យខុសចុះនរក | |
នរូកើតភាន់ផុតក្នុងភក់ | វីវក់ក្នុងវាលវដ្តសង្សារ។ | |
មិនដាច់សង្ស័យដូចអរហត្ត | លោកកាត់កាមគុណនិងតណ្ហា | |
ត្រង់ភ្លឹងមិនងាកពឹងទេវតា | ប្រាថ្នានិញ្វនគ្មានត្រលប់ ។ | |
ឃើញឆ្លងមិនផុតភពទាំងបី | ធម៌អាថិបាលីចេះមិនចប់ | |
មិនចោលសីល៥កម្មបទ១០ | រាវរៀបឲ្យសព្វកុំឲ្យសល់ | |
សម្បត្តិសួគ៌សុខកើតពីទាន | ឈោងយកនិញ្វនឈានមិនដល់ | |
មិនដើរហួសសោតាមគ្គផល | តម្កល់និញ្វនទុកដោយឡែក ។ | |
នេះចប់ចំលើយអ្នកប្រាជ្ញចាស់ | ប្រាជ្ញថ្មីចង់ឈ្នះប្រឹងប្រកែក | |
ប្រាកដនិញ្វនជាស្ថានឯក | ចំណែកសោតាក្នុងតែបាន។ | |
ជ្រះថ្លាធ្វើបុណ្យក៏ធ្វើចុះ | ទានណាខាតខុសត្រូវឲ្យខាន | |
អារុក្ខអារក្ខកុំរាប់អាន | ជាស្ថានទាបថោករកធ្វើអ្វី ។ | |
សង្ខេបរឿងសូត្រធម៌ត្រូវខុស | កូនចៅស្តាប់ចុះទាំងប្រុសស្រី | |
អ្នកប្រាជ្ញពួកចាស់និងពួកថ្មី | គប្បីចូលចិត្តជឿពួកណា។ | |
បើរឿងសូត្រធម៌អាថិបាលី | គួរចូលប្រាជ្ញថ្មីខំសិក្សា | |
ប្រយោគប្រធានមានមាត្រា | រាជការបានធីប្រឡងជាប់ ។ | |
ប្រាជ្ញចាស់ជាន់មុនធ្វើបុណ្យទាន | ធ្វើរានទេវតាដោយសារធ្លាប់ | |
អ្នកឆោតល្ងង់ខ្លៅគ្នាខ្លាចងាប់ | អាចារ្យបង្គប់គ្នាធ្វើទៅ ។ | |
បើបែរជាខានមិនបានសុខ | មិនបានធ្លាក់ចុះនរកជ្រៅ | |
បើធ្វើទេវតាមិនជ្រកនៅ | ស្ថានគេសន្ធៅសន្ធឹងហោះ ។ | |
ហេតុនេះគួរគិតគូររំពឹង | ជញ្ជឹងកុំឲ្យសល់ចន្លោះ | |
ចាស់មុនមានគុណរាប់មិនអស់ | មិនឲ្យចោលសោះក៏មិនបាន។ | |
គួរគិតឲ្យសព្វគ្រប់អន្លើ | គួរធ្វើរឺគួរបង្អង់ខាន | |
បើធ្វើមិនខាតបង់ប៉ុន្មាន | បើខានក៏គ្មានទោសទាស់អ្វី។ | |
ប៉ុន្តែមិនបាត់ពាក្យចាក់ដោត | ដ្បិតមនុស្សច្រើនឆោតទាំងប្រុសស្រី | |
ពោលថាធ្វើបុណ្យតាមប្រាជ្ញថ្មី | អាយុថយខ្លីជាងដូនតា ។ | |
ពាក្យនេះសង្ខេបស្លេះមួយប៉ែក | មានឈ្លោះប្រកែកច្រើនប្រការ | |
មិនចាំប្រាកដគម្ពីរណា | ពោលថាទឹកដីនេះគ្មានគុណ ។ | |
អ្នកប្រាជ្ញនាំឲ្យអ្នកខ្លៅឆ្ងល់ | សាយសុសសួរដល់ពួកអ្នកមុន | |
អ្នកមួយរេរារង់រែកពុន | មិនទាន់ចូលស៊ុនស៊ប់ម្ខាងៗ។ | |
អ្នកក្រោយបណ្តោយសូរអ្នកមុន | ថាដីមានគុណប៉ុន្មានយ៉ាង | |
សំគាល់គោលអ្វីជាតីតតាង | មានរាងឃើញក្នុងគម្ពីរណា។ | |
រុកម្ខាងថាអាងនគរកាយ | បរមត្ថអធិប្បាយក្នុងសាស្រ្តា | |
ធាតុទឹកតួ ន អង្គអក្ខរា | ជាគុណមាតាពីរដណ្តប់។ | |
ធាតុទឹករំលឹកពីសេម្ហំ | វកំ យកនំ រហូតចប់ | |
ធាតុដី កេសា មសំ សព្វ | បញ្ចប់ បិត្តំ គុណបិតា ។ | |
អ្នកចេះបិដកឆ្លើយបីដង | ថានោះជាកងពួកកេសា | |
ហៅធម៌អាច់នោមក៏ល្អើមល្អា | អ្នកណារំលឹកគ្មានប្រយោជន៍។ | |
អ្នកមួយថាភាវនាកុំឈប់ | ជាទីអសុភផ្លូវអសោច | |
អសារឥតការស្លាប់ជាខ្មោច | គេដុតឆេះខ្លោចគ្មានខ្លឹមសារ។ | |
គួរគិតកុំស្តាយកុំស្រណោះ | រូបរាងទាំងអស់ជាអនិច្ចា | |
អនិច្ចំមិនទៀងល្អៀងសង្ខារ | សង្ឃឹមរូបានេះមិនបាន។ | |
សរសៃរសាច់ស្បែកសង្គេគគ្រប់ | ជាសាកអសុភកម្មដ្ឋាន | |
របស់ខាងក្នុងទាំងប៉ុន្មាន | មុខជាមិនខានរលាយបាត់ ។ | |
ទឹកដីខាងក្រៅក៏មានគុណ | ព្រោះដីកើតមុនទើបកើតសត្វ | |
កើតសព្វរូបកាយអធិប្បាយកាត់ | លើកឡាត់លះឃ្លាឲ្យយ៉ាងខ្លី។ | |
គម្ពីរត្រៃវេទដើមសាសនា | ត្រៃយុតត្រៃតាគ្រប់ជាបី | |
ព្រះពុទ្ធចេញសាងអាងទឹកដី | សន្សំបារមីក្នុងភទ្ទកប្ប។ | |
ភទ្ទកប្បនេះមានព្រះពុទ្ធ៥ | បានរៀនចេះចាំជាសណ្តាប់ | |
សំដែងថាចុះនរកមួយកប្ប | លោកប្រាប់ថាជេរព្រោះទឹកដី។ | |
អ្នកម្ខាងថាអាងរៀនសាស្រ្តា | ប្រែអស់គាថាបទបាលី | |
ព្រះពុទ្ធទតគ្រប់ភពទាំងបី | ត្រង់គុណទឹកដីមិនឃើញមាន។ | |
កេសាអក្ខរាទាំង៥គូ | មិនគួរបើយកមកសន្និដ្ឋាន | |
យើងចេះដឹងដែរតែមិនហ៊ាន | ដូចពោលបំពានហួសពុទ្ធដិកា។ | |
ពាក្យនេះអ្នកខ្លៅកើតសង្ស័យ | សព្វថ្ងៃនៅក្នុងឧេក្ខា | |
មិនទាន់ដាច់សេ្រចទៅខាងណា | មិនឃើញពិស្តារស្តាប់មិនបាន ។ | |
ម្យ៉ាងទៀតប្រាជ្ញថ្មីស្តីដៀលត្មះ | ចង្ហាន់ថ្វាយព្រះថាឲ្យខាន | |
ដ្បិតព្រះមិនឆាន់នៅពេញចាន | របស់ប៉ុន្មានបានអាចារ្យ។ | |
របៀបរាប់បាតមានកន្ទោង | ១ឈេង២ឈោងហៅបាយដារ | |
បាយដាក់ហ្នឹងតើឲ្យអ្នកណា | អសារឥតការឥតប្រយោជន៍។ | |
ព្រះពុទ្ធមិនឆាន់មិនចេះស្តី | យើងអាងបាលីឧទ្ទិសដល់ | |
តម្លើងចង្ហាន់លើកតំកល់ | សេសសល់ប្រគេននេនសាមណេរ | |
សមណៈបួសរៀនមានសីលដប់ | ប្រសប់ប្រសើរគ្រាន់បើដែរ | |
បញ្ចូនមគ្គផលដល់ឪម៉ែ | បង្វែរឧទ្ទិសតាមប្រាថ្នា។ | |
អ្នករេគំនិតគិតគៃកាញ់ | ចូលបទកំណាញ់ក្រៅតំរា | |
ទុកស៊ីមាត់ឯងឲ្យឆ្ងាញ់ពិសា | ខ្លាចបានអាចារ្យស៊ីខាតទុន។ | |
អ្នកម្ខាងថាអាងដាក់ឲ្យប្រេត | ដោយហេតុគ្នាឃ្លានគ្នាហិនហោច | |
គ្នាស៊ីខ្ទុះឈាមក្លិនអសោច | បិចបោចចែកទានគ្នាស៊ីផង។ | |
ប្រេតត្រូវជាញាតិធម៌តិរោក | គ្នាបានងើបមកព្រោះគេផ្សង | |
បានស៊ីដោយសារដារម្តងៗ | បានដូចបំណងបំណាច់នឹក។ | |
ចង្ហាន់ថ្វាយព្រះត្រូវបូជា | អាចារ្យវន្ទាសូត្ររំលឹក | |
ព្រះពុទ្ធមានគុណមុនលោកភិក្ខុ៍ | បាយទឹកជាទានមានមគ្គផល។ | |
ម្យ៉ាងទៀតប្រាជ្ញថ្មីស្រដីផ្តាច់ | ថាពូនភ្នំខ្សាច់មិនបានបុណ្យ | |
ជីកដីលៀនភ្នែករែកត្រុន | ដឹងបានជាគុណប្រយោជន៍អ្វី ។ | |
នាំគ្នាអុជធូបហែទក្សិណ | អាចារ្យនោះឆ្អិនខាងបាលី | |
ហើយមានចេះធម៌បំបួសដី | មិនដឹងជាដីឆ្លើយថាម្តេច។ | |
អ្នកមួយថាពូនភ្នំខ្សាច់ស្អាង | តំណាងចេតិយព្រះសរពេជ្ញ | |
ព្រះសាររីរឹកធាតុយើងមិនភ្លេច | ដ្បិតបុណ្យយើងតិចទៅមិនដល់។ | |
បើធ្វើដោយវាលកណ្តាលថ្ងៃ | គង់ជាប់និស្ស័យបានកុសល | |
បើដើមពោធិ៍ពិតរឹតបានផល | តំកល់ដើមពោធិ៍យកជាម្លប់។ | |
ពូនភ្នំតំកើងពោធិព្រឹក្ស | រលឹកដល់អង្គព្រះចមភព | |
ច្រក្តារ៤ផ្ទាំងបង្ខាំងផ្ទប់ | កុំឲ្យកំពប់ហៀរហូរដី ។ | |
បើចេះរំលឹកបានបុណ្យណាស់ | ជឿចុះប្រាជ្ញចាស់កុំជឿថ្មី | |
ប្រាជ្ញចាស់ក៏ចេះប្រែបាលី | បរលោកលោកិយក៏ចាស់ដឹង ។ | |
ចាស់ម្យ៉ាងចាស់ពិតគំនិតពាល | ចាក់ដោតរោលរាលនាំក្មេងខឹង | |
ចាស់ម្យ៉ាងផឹកស្រាក្លាស្រវឹង | ចាស់ហ្នឹងហៅក្មេងក៏សឹងបាន។ | |
ចាស់ជាន់ពីមុនច្រើនខ្លាចច្បាប់ | ធ្វើតាមតំរាប់ចាស់បុរាណ | |
បុរីនគរធ្លាប់រាប់អាន | តែខានខ្លាចខុសក្បួនតំរា។ | |
ច្រើនជឿតំរាប់ក្បួនលោកិយ | មានកូនប្រុសស្រីត្រូវរៀបការ | |
សំលាប់ជ្រូកមាន់ស៊ីហ៊ឺហា | ផឹកស្រាលៀនភ្នែកជជែកឈ្លោះ | |
បណ្តោយឲ្យយកគ្នាទទេ | មេបាធ្វើគេក្រែងមិនរស់ | |
នាំកូនសែនខ្មោចអសោចឈ្មោះ | ពីព្រោះមានប្តីមិនរៀបការ។ | |
រៀបកិច្ចមង្គលមានច្រើនយ៉ាង | ពួកចាស់ច្រើនអាងក្បួនតំរា | |
បើតាមតំរាយព្រះសូត្រថា | មេបានាំកូនចុះនរក ។ | |
បុត្តទារស្ស សង្គហោ | ហីនោ គាមោ ធម៌អ្នកស្រុក | |
សង្រ្គោះកូនផុងទៅក្នុងភក់ | ហ្នឹងហៅអាពុកពន្លិចកូន។ | |
បើធ្វើមង្គលឲ្យរួចបាប | រួចពៀរដរាបអស់តាដូន | |
មង្គលយ៉ាងល្អបរិសុទ្ធសូន្យ | ប្រមូលបងប្អូនស៊ីម្លូស្លា។ | |
ជ្រូកមាន់កុំបាច់សំលាប់ | តៃសាកមានស្រាប់ទិញពីផ្សារ | |
ផ្សំកូនប្រុសស្រីតាមមេបា | អាចារ្យប្រមូលអស់ចាស់ទុំ។ | |
ប្រុសស្រីអង្គុយកាន់ពពិល | បង្វិលប្រាំបួនដណ្តប់ជុំ | |
ធ្វើកិច្ចមង្គលក្នុងជំនុំ | ផ្សំផ្គុំកូនប្រុសនិងកូនស្រី ។ | |
ចាស់ៗធ្វើច្រើនធ្វើក្នុងឆោត | ចង់ឲ្យគេកោតនាលោកីយ | |
យើងធ្វើយាងតិចត្រលេចខ្លី | បានប្តីប្រពន្ធដូចៗគ្នា ។ | |
ហៅកូនសង្រ្គោះម្តាយឪពុក | រួចទោសរួចទុក្ខអស់មីងមា | |
អាពុកសង្រ្គោះគ្មានវេរា | អាវាហ៍វិវាហមង្គល។ | |
មិនគួរបង្គាប់ឲ្យកោរជុក | ហេតុម្តាយអាពុកនាំរវល់ | |
អាចារ្យតែងក្បួនឲ្យអំពល់ | ពន្យល់អ្នកល្ងង់ឲ្យបង់ទ្រព្យ។ | |
អ្នកខ្ជិលគេជឿសីលមាំមួន | ពាក្យក្បួនតំរាគេមិនរាប់ | |
គេថាមិនរស់ពីព្រោះធ្លាប់ | មិនងាប់ពីព្រោះមិនធ្វើធ្មេញ ។ | |
យ៉ាងដូចចិនយួននៅដាក់ផ្សារ | ស្រុកស្រែចំការក្រុងភ្នំពេញ | |
កើតឡើងដុះសក់មិនកោរវិញ | រវល់ដូរទិញអង្គុយលក់ ។ | |
ប៉ុន្តែជាតិចិនល្មោភស៊ីសាច់ | តមដាច់មិនដែលស៊ីប្រហ៊ក់ | |
ខែ្មរៗប្រហែលខ្វះម្ទេសជ្រក់ | ទូលស្រូវកន្ទក់ទៅដូរចិន ។ | |
ហេតុតែជាខែ្មរសម្បុរខ្មៅ | គំនិតគិតឆៅមិនសូវឆ្អិន | |
រកស៊ីមិនឆ្អែតជឿចែសិន | អាចឹកវាកិនទារទាល់បាន ។ | |
១កើតអស្សុជសំលាប់មាន់ | ចំអិនគ្រប់គ្រាន់ដួសដាក់ចាន | |
រៀបសែនព្រះភូមិតាមបុរាណ | ថាខានខុសក្បួនប្រពៃណី ។ | |
ហ្នឹងហៅចាស់ឆោតនាំក្មេងព្រើល | ហែកមាត់មាន់មើលចង្កាពីរ | |
អាដែងព្រះភូមិមានឈ្មោលញី | ថាសែនរកស៊ីបានផលស្រូវ។ | |
មានជូនដូនតាទៅស្រុកប្រេត | បណ្តែតសំបានច្រានសំពៅ | |
សំពះអារក្ខជូរខាងឪ | ខាងម៉ែក៏ត្រូវមិនសូវខុស។ | |
ថ្វាយចេកថ្វាយស្រាជារង្វាន់ | ខ្មោចចូលជិះជាន់រូបស្រីប្រុស | |
កូនចៅអើយជឿពុទ្ធដិកាចុះ | រូបស្លាប់ពីព្រោះតែផលកម្ម។ | |
រូបសុខដោយសារតែផលបុណ្យ | កាលជាតិពីមុនខ្ជាប់សីល៥ | |
ជាតិនេះអាយុអង្វែងឆ្នាំ | កូនចៅអ្នកចាំជឿឲ្យជាក់។ | |
ឲ្យពិចារណាចិត្តឯង | ស្តាប់ធម៌ម្តងៗគួរឲ្យភ្ញាក់ | |
កុំផ្ញើរូបកាយនឹងអារក្ខ | ក្រែងធ្លាក់ទៅក្នុងចតុរាបាយ។ | |
បើចង់អាយុវែងយឺនយូរ | គោរពគុណគ្រូអាពុកម្តាយ | |
បើចង់រកស៊ីសុខសប្បាយ | ផ្ញើកាយនឹងគុណរតនត្រៃ។ | |
នមស្ការបង្គំពេលល្ងាចព្រឹក | ភាវនារំលឹករាល់យប់ថ្ងៃ | |
កុំថាធម៌ណាថោកណាថ្លៃ | សង្ស័យត្រូវសួររាជបណ្ឌិត។ | |
កុំឲ្យមន្ទិលធម៌ថ្មីចាស់ | មួយធម៌ក្រដាសមួយធម៌ស្លឹករិត | |
រាជការជំនុំរួមគំនិត | រិះគិតតំកើងព្រះសាសនា។ | |
តំកល់សីលប្រាំសីលប្រាំបី | ឲ្យមនុស្សប្រុសស្រីរួមរក្សា | |
ផ្ទាត់ផ្ទៀងខ្លាចល្អៀងព្រះពុទ្ធដីកា | ពិនិត្យអក្ខរាយកត្រឹមត្រូវ។ | |
ជំនុំបោះពុម្ពដាក់ក្រដាស | ជាការរហ័សធ្វើសៀវភៅ | |
ឲ្យមានសូត្ររៀនច្រើនតទៅ | ទុកនៅជាកេរ្តិ៍អង្វែងឆ្ងាយ។ | |
សព្វថ្ងៃអ្នកខ្លៅស្អប់អ្នកប្រាជ្ញ | ពោលខ្លាំងគិតខ្លាចលឺសុសសាយ | |
ថាធម៌សៀវភៅធម៌ក្លែងក្លាយ | អធិប្បាយខ្សឹបៗតែគ្នាឯង។ | |
ឲ្យស្ងៀមពីថ្ងៃនេះតទៅ | ឯធម៌សៀវភៅផែនដីតែង | |
មិនមានអ្នកប្រាជ្ញណាហ៊ានក្លែង | ខ្លាចក្រែងរាជការចាប់ដាក់គុក។ | |
គម្ពីរស្លឹករឹតជាគំរូ | តំកល់ក្នុងទូចាក់សោទុក | |
គម្ពីរសៀវភៅប្រើគ្រប់មុខ | ទំនុកបំរុងក្នុងសាសនា។ | |
ចាស់ៗជាន់មុនមានគំនិត | គម្ពីរស្លឹករឹតជួលគេចារ | |
ពុំនោះជាវគេដោយជ្រះថ្លា | ច្រើនមានប្រាជ្ញាតិចអ្នកចេះ។ | |
សង្ខេបបទបែបរឿងប្រដៅ | ទូន្មានអ្នកខ្លៅឈប់ទុកស្លេះ | |
សុំកើតអ្នកប្រាជ្ញមានតំរិះ | កុំតិះដៀលត្មះចាស់ជាន់មុន។ | |
កុំថាចាស់ល្ងិតល្ងង់ល្ងីល្ងើ | ក្រែងពារទៅលើអ្នកមានគុណ | |
កុំពោលថាចាស់ថយថោកធុន | ក្រែងស៊ុនទៅលើគ្រូអាត្មា។ | |
ដ្បិតសិស្សនិងគ្រូមិនអ្នកក្រៅ | ជាក្មួយជាចៅជាជីតា | |
ជាសាច់ខាងមាតារឺបិតា | ជាកម្មវាចាខ្លះជាបង។ | |
ខ្លះត្រូវជាធំខ្លះត្រូវជាមា | ជាគ្រូឧជ្ឈាយ៍បំបួសផង | |
ប្រដៅសព្វថ្ងៃវាយម្តងៗ | ព្រោះលោកបំណងចង់ឲ្យចេះ | |
ដល់ខ្លួនរៀនចាំជាក់បាលី | ឡើងពាក្យសំដីអាងតំរិះ | |
តំរូវខាងណោះខុសខាងណេះ | ដៀលតិះថាគ្រូខ្លួនឯងល្ងង់។ | |
លោកគ្រូមិនដឹងប្រឹងតែអរ | ខំផ្ញើអង្ករបាវការុង | |
ស្ករក្អមស្ករស្រាក់លាក់មិនគង់ | ចង់ផ្ញើពូជពង្សល្បីកេរ្តិ៍ឈ្មោះ។ | |
ខ្លួនចេះបន្តិចកំប៉ិចឡើង | ចចើងចចេសជជែកឈ្លោះ | |
ចេះកប់ពពកយកកំពស់ | បន្តុះបន្ទន់គុណទាបទៅ។ | |
បើចិត្តចង់ធំកុំចចើង | គួរលើកតំកើងគុណទុកនៅ | |
ទោសនោះធ្លាក់ចុះនរកជ្រៅ | ម្នៅៗឲ្យបាបពីព្រោះមាត់។ | |
ព្រោះមាននិទានពុទ្ធឃោសា | អាងចេះសាស្រ្តាគម្ពីរស្ទាត់ | |
ថាចេះលើសគ្រូៗបំភ្លាត់ | បំប្លេងកំចាត់ឲ្យទណ្ឌកម្ម។ | |
ប្រដូចនិទានតែប៉ុណ្ណេះ | អស់លោកក៏ចេះបានរៀនចាំ | |
ផ្តួចផ្តើមមួយឃ្លាជាពាក្យផ្តាំ | ដូចមានចំណាំចំណោទជួន។ | |
ទំនុកបុរាណមានប្រាជ្ញា | ចេះចែងបញ្ហាសាស្រ្តាក្បួន | |
ទុកឲ្យអ្នកក្រោយដោះសំនួន | បើគិតឲ្យមួនគួរមានភ័យ។ | |
ចំណោទថាសត្វបរោខោ | អង្គុយមែកឈើស៊ីផ្លែជ្រៃ | |
បុរសខុសជ្រុលគ្មានលក់ព្នៃ | បង់គោក្របីទាំងមេកូន។ | |
បុរសម្នាក់ទៀតឡើងដើមឈើ | បេះផ្លែខាងលើចែកបងប្អូន | |
ស៊ីឆ្អែតបន្តិចភ្លេចគល់សូន្យ | បុរសម្នាក់បានកូនភ្លេចគុណម្តាយ។ | |
ចំណោទទីបីចំណែកនេះ | គួររិះឲ្យជិតកុំគិតឆ្ងាយ | |
កុំឆ្ងល់និងពាក្យពោលអធិប្បាយ | ប្រឹងគិតដោះស្រាយប្រាជ្ញាស្រាប់។ | |
និយាយដើមគ្រូដោយកំបាំង | មានខ្សឹបមានខ្លាំងពោលបង្អាប់ | |
បង្អើលឲ្យអ្នកដទៃស្តាប់ | បង្អន់ដូចកាប់គាស់ឫគល់។ | |
ស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចី | ឫលិចក្នុងដីមើលមិនយល់ | |
មិនយកដីចាក់កប់គុណទល់ | អំពល់ឲ្យបាបអំពីមាត់។ | |
ពីមុនកាលកើតមានរូបកាយ | អ្នកម្តាយចិញ្ចឹមបានធំធាត់ | |
នាំយកទៅទុកឲ្យនៅវត្ត | រៀនចេះចាំស្ទាត់បំភ្លាត់គុណ។ | |
ភ្លេចគោក្របីទាំងមេកូន | សាបសូន្យកុសលដែលមានមុន | |
សាងក្រោយសាងឲ្យតែខាតទុន | ពីព្រោះបាបស៊ុនស៊យពីចិត្ត។ | |
ពិចារណាគួរតែកោតខ្លាច | ខ្លួនបានជាប្រាជ្ញព្រោះគ្រូប្រិត | |
ប្រឹងប្រៀនប្រដៅច្បាប់ក្រមក្រិត្យ | អាណិតដល់គុណធ្ងន់អនេក។ | |
អនាគតកាលទៅមុខ | ចូរចាំចងទុកដល់ស្អែកៗ | |
កុំស្អប់ចាស់ថ្មីស្តីដោយឡែក | មើលចែកចាត់ចិត្តថ្លឹងឲ្យស្មើ។ | |
ធ្វើបុណ្យដោយស្មោះកុំរើស្ម័គ្រ | បាលីបីថ្នាក់ចាំហើយតើ | |
មនោសេដ្ឋំចិត្តប្រសើរ | ប្រសប់គ្រាន់បើធ្វើបុណ្យបាន។ | |
ប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះ | កុំថាគេខុសហើយឈប់ខាន | |
ប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណ | ច្រើនលើសប៉ុន្មានបានដោយបទ។ | |
កុំធ្វើដោយរាប់អានស្រលាញ់ | ទុកជាកំណាញ់ហួសកំណត់ | |
កំណើតមគ្គផលជឿប្រាកដ | សន្មតថាបានច្រើនប្រការ។ | |
កុំធ្វើប្រកាន់ដោយយល់មុខ | ហៅបុគ្គលិកទានគ្មានផលា | |
តាំងចិត្តចុះផ្លូវឧេក្ខា | រក្សារូបសុខដល់សួគ៌នាយ | |
សួគ៌នេះបើចង់ឲ្យឆាប់ដល់ | សាងមគ្គសាងផលកុំរាយមាយ | |
ឃើញគេខុសចិត្តកុំមើលងាយ | កុំពោលនិយាយកាន់ម្ខាងៗ។ | |
អ្នកប្រាជ្ញចេះថ្មីត្រូវដោយឡែក | ចំណែកប្រាជ្ញចាស់ត្រូវដោយយ៉ាង | |
កាន់យកទាំងពីរជាទីអាង | សន្សំខំសាងនឹងបានសុខ។ | |
ពីថ្ងៃនេះទៅនៅឲ្យនឹង | ស្ងៀមមាត់ឲ្យឈឹងខ្លាចនរក | |
ពីព្រោះឈ្លោះគ្នារៀងរាល់ស្រុក | បឹងថ្លុកត្រពាំងរាំងប្រេះដី។ | |
មិនឈ្លោះពីរឿងកេររឿងកោះ | រឺទ្រព្យរបស់គោក្របី | |
នេះឈ្លោះពីធម៌ចាស់ធម៌ថ្មី | ក្តៅចិត្តកើតក្តីរកចាញ់ឈ្នះ។ | |
បើក្តីពីស្រែពីចំការ | ចៅក្រមសាលាងាយជំរះ | |
នេះក្តីពីធម៌ថ្មីធម៌ចាស់ | នោះក្រែងតែព្រះទើបកាត់បាន។ | |
ចៅក្រមសព្វថ្ងៃឧាសក | ចេះខ្ទេចបិដកព្រះកម្មដ្ឋាន | |
កាត់ក្តីត្រូវច្បាប់អំបាលម៉ាន | អ្នកក្តីមិនខានប្តឹងឧទ្ទរណ។ | |
អាដែងមនុស្សម្នះរឹងចចេស | បានតែនិរទេសក្រៅនគរ | |
តែទុកវានៅវានាំវរ | ជំហរតែរឹងទទឹងច្បាប់។ | |
សង្ខេបបែបបទរឿងប្រដៅ | អ្នកល្ងិតល្ងង់ខ្លៅគួរតែស្តាប់ | |
អ្នកចេះសូត្រធម៌មិនស្តាប់ស័ព្ទ | គួរត្រាប់អ្នកប្រាជ្ញចេះបាលី | |
ធ្វើបុណ្យធ្វើទានកុំចោលចាស់ | ចោលចេញទុកខ្លះក្បួនលោកិយ | |
សូត្ររៀនតាមបែបអ្នកប្រាជ្ញថ្មី | កុំបីភ្លេចគុណចាស់បុរាណ | |
ធម៌អាថិច្រលំកុំច្រលោត | ពាក្យពោលចាក់ដោតឲ្យឈប់ខាន | |
រួមចិត្តសះសាបានសុខសាន្ត | នឹងឲ្យរុងរឿងរីកសាសនា។ | |
កុំឲ្យរៀវរោយរឹតរងកម្ម | រាំងរឹងរាល់ឆ្នាំ៥វស្សា | |
វស្សន្តរដូវត្រូវមនុស្សថា | រំជួលទេវតាក្តៅក្រហាយ | |
មនុស្សភូតកុហកឆក់ឆរបោក | ឆ្នាំនេះស្រូវថោករាស្រ្តអត់បាយ | |
ក្រលុយក្រកាក់ខ្វះប្រាក់ចាយ | មហាជនទាំងឡាយកើតវេទនា | |
ភិរម្យខ្ញុំបាទដើមឈ្មោះអ៊ូ | ពូជពង្សអំបូរខែ្មរអ្នកជា | |
អាពុកឈ្មោះ អ៊ុក មានសក្តិងារ | ចៅពញាធម្មធារាមេស្រុក | |
ក្នុងខេត្តភ្នំពេញ ឃុំកំបូល | ពូជពង្សត្រកូលម្ចាស់អង្គប៉ុក | |
ជីតាខាងម្តាយឈ្មោះពញាម៉ុក | គាត់ធ្វើមេស្រុកឃុំស្ពានថ្ម | |
អ្នកម្តាយអាពុកបងប្អូនជិត | ជីទួតមួយពិតពូជចិត្តល្អ | |
ដូនតាផ្សំផ្គុំជាតំណ | បង្កកើតមកជាខ្ញុំបាទ | |
ពូជខាងអាពុកមានប្រាជ្ញា | ច្រើនចេះសាស្រ្តាចាំក្បួនខ្នាត | |
ត្រកូលខាងម្តាយប្រាជ្ញាឆ្លាត | រូបរាងច្រើនស្អាតគ្មានគស្អប់ ។ | |
ខ្ញុំលឺមនុស្សឈ្លោះពីធម៌អាថិ | គិតក្រែងសាសនាប្រែត្រលប់ | |
ខ្ញុំចាប់អធិប្បាយពុំសាយសព្វ | សន្មតថាចប់ម្ល៉េះឯងហោង។ |