ស្ងាប
[១] ស្ងាប ជាកិរិយាបើកមាត់ធំ ហើយដកដង្ហើមវែងបញ្ចេញខ្យល់មកឮសូរហូមៗ ។ ស្ងាបនេះយើងពុំមែនក្លែងធ្វើទេ គឺបណ្ដាលមកពីការនឿយហត់អស់កម្លាំង ហើយងងុយដេកក៏មាន មកពីអត់ងងុយក៏មាន ឬ ដល់ពេលងងុយតាមធម្មជាតិក៏មាន ។ មានកាលយើងងងុយពេក ស្ងាបទៅចេញទឹកភ្នែក ទឹកសម្បោរផងក៏មាន ។ ដំណើរហាមាត់ស្ងាបឲ្យអស់ចំហជាកិរិយាមិនល្អមើល ថែមទាំងបន្លឺនូវសូរហូមៗទៀត ជាស័ព្ទមិនពីរោះស្ដាប់សោះ ។ ហេតុនេះកាលណាយើងស្ងាបនៅទីណាក៏ដោយ សូម្បីតែនៅម្នាក់ឯង ក៏គប្បីយកកូនកន្សែង ឬ យកដៃខ្ទប់មាត់ដែលហានោះជាដរាប ជាទម្លាប់ ដើម្បីកុំឲ្យធ្លាប់ភ្លេចខ្លួនទៅៗ ហាមាត់នៅកណ្ដាលប្រជុំជន ។ បើកាលណាយើងដឹងខ្លួនថា ចង់ស្ងាបហើយ យើងត្រូវប្រញាប់រវៀសរវៃប្រុងខ្លួន និង កុំឲ្យឮហូម និង យកដៃ ឬកូនកន្សែង ខ្ទប់មាត់ ខ្ទប់មុខ និង ជូតមុខ ជូតភ្នែកឲ្យស្អាតវិញដូចដើម ។
ឯកសារយោង
[កែប្រែ]- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ