ស្រា
គុណសម្បត្តិនៃស្រា
[កែប្រែ]ស្រាជាពាក្យក្លាយឃ្លាតមកអំពីសុរាគឺទឹកស្រវាំងមានដើមកំណើតដំបូងបង្អស់កើតអំពីព្រានព្រៃឈ្មោះសុរៈ[១]។ ការស្រាវជ្រាវជាច្រើនបានមើលពីឥទ្ធិពលវិជ្ជមានលើបេះដូង និងផ្នែកដទៃទៀតនៅក្នុងខ្លួននៃការផឹកស្រា និងភេសជ្ជៈដែលមានជាតិអាល់កុលផ្សេងទៀត។ ប៉ុន្តែហានិភ័យទៅលើសុខភាពក៏មានដែរ ដូចដែលយើងបានដឹងយ៉ាងច្បាស់ថាវាអាចគំរាមកំហែងដល់អាយុជីវិត ដែលរួមមាន ការគ្រោះថ្នាក់ដោយសារការបើកបរក្នុងពេលស្រវឹង និងអាចញៀន។ ការផឹកស្រាក្នុងកម្រិតមធ្យមត្រូវបានផ្សារភ្ជាប់ជាមួយនឹងលទ្ធផលល្អ។ ការស្រាវជ្រាវបានបង្ហាញថា ការផឹកស្រាអាចបន្ថយហានិភ័យនៃជំងឺបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ការបង្កើតជាដុំគ្រួស, ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺវង្វេង។ វាក៏ជួយផ្តល់អោយមានមេតាបូលីសផ្សេងៗ។ វេជ្ជបណ្ឌិត ស៊ូសាន ស្តេនប៊ូម(Suzanne Steinbaum) ជាប្រធានផ្នែកជំងឺបេះដូង និងស្ត្រីនៅមន្ទីរពេទ្យ Lenox Hill ក្នុងទីក្រុងញូវយ៉ក និងជាអ្នកនាំពាក្យអោយសមាគមន៍បេះដូងអាមេរិកបាននិយាយថា ស្រា ជាពិសេសស្រាក្រហម, មាន resverato, ប្រឆាំងនឹងអុកស៊ីតកម្ម, bioflavonoids និង polyphenols ដែលធាតុផ្សំទាំងនេះជួយអោយសរសៃឈាមរីក និងបន្ថយការរលាក។ គាត់បាននិយាយថា ស្រាអាចជាផ្នែកមួយនៃចំណីអាហារដែលផ្តល់នូវសុខភាពបេះដូងប្រសិនបើអ្នកទទួលទានវាដោយត្រឹមត្រូវ។ អ្នកស្រាវជ្រាវដទៃទៀតបានសម្គាល់ឃើញថា ប៉ុន្តែ ការទទួលទានស្រាដោយត្រឹមត្រូវអាចមានន័យថា ជាការទទួលទានទាបជាងអ្វីដែលអ្នកគិត។ អាលីហ្សាប៊ែត កូវាស(Elizabeth Kovacs) ជាប្រធាននៃកម្មវិធីស្រាវជ្រាវអាល់កុលក្នុងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Loyola ក្នុងទីក្រុង ឈីកាហ្គូបានពន្យល់ថា ការទទួលស្រាកម្រិតមធ្យមចំពោះស្ត្រីគឺមួយកែវក្នុងមួយថ្ងៃ និងសម្រាប់បុរសវាគឺ២កែវក្នុងមួយថ្ងៃ។ ស្តេនប៊ូមបានចង្អុលបង្ហាញថា អ្នកគួរតែប្រុងប្រយ័ត្ននៅពេលដែលក្នុងការទទួលទានពីព្រោះការទទួលទានមួយ ឬពីរកែវនៃស្រានៅភោជនីយដ្ឋានអាចជាកែវដែលធំ។ កូវាសបានបន្ថែមថា អត្ថប្រយោជន៍នៃស្រាត្រូវបានដាក់កំណត់ ហើយវានឹងមានប្រយោជន៍ប្រសិនបើអ្នកទទួលទានវាក្នុងកម្រិតមួយទាប, អ្នកមិនប្រើថ្នាំមួយចំនួន, អ្នកមិនមានបញ្ហាថ្លើម ឬលំពែង និងអ្នកមិនមានផ្ទៃពោះ។ អ្នកជំនាញបានយល់ស្របថា មិនមានអត្ថប្រយោជន៍នៃស្រាណាដែលជាហេតុផលគ្រប់គ្រាន់ដើម្បីចាប់ផ្តើមការទទួលទានស្រានោះទេ។ ស្តេនប៊ូមបាននិយាយថា ប្រសិនបើអ្នកមិនទាន់រួចរាល់ក្នុងការទទួលទានវានោះទេ, សូមកុំចាប់ផ្តើមទទួលទានវាដើម្បីសុខភាពអោយសោះ។ អ្នកអាចញ៉ាំអាហារដែលផ្តល់សុខភាពដូចជាបន្លែ, ផ្លែឈើវិញ។ អ្នកកុំទទួលទានស្រាដើម្បីការពារបេះដូងរបស់អ្នកអោយសោះ។
គុណវិបត្តិនៃស្រា
[កែប្រែ]ស្តេនប៊ូមបានសង្កត់ធ្ងន់ថា ប៉ុន្តែបរិមាណតិចនៃស្រាអាចជួយបេះដូង, បរិមាណច្រើនមិនជួយអោយប្រសើរនោះទេ។ គាត់បានបន្ថែមថា ស្រាអាចបង្កើនកម្រិតទ្រីក្លីសេរីត, ប៉ះពាល់ដល់ជាតិខ្លាញ់ដែលត្រូវបានរកឃើញនៅក្នុងឈាម ហើយវាអាចនាំអោយកើនឡើងសម្ពាធឈាមផងដែរ។ មនុស្សមួយចំនួនទំនោរជាងមានបញ្ហាបេះដូងដែលបណ្តាលអោយមានចង្វាក់បេះដូងលោតមិនស្មើគ្នានៅពេលដែលអ្នកផឹកស្រា ប៉ុន្តែមនុស្សមួយចំនួនអាចទទួលទានវាក្នុងបរិមាណតិចដោយមិនមានបញ្ហានោះទេ។ ស្តេនប៊ូមបានសម្គាល់ឃើញថា ការទទួលទានជាតិស្រាខ្ពស់អាចនាំអោយឡើងទម្ងន់ និងជាតិស្រាអាចធ្វើអោយប៉ះពាល់ដល់តម្រងនោម និងថ្លើមផងដែរ ជាពិសេសចំពោះអ្នកដែលកំពុងប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំ statins ដើម្បីបន្ថយកូឡេស្តេរ៉ុល ឬថ្នាំបំបាត់ការឈឺចាប់ដូចជា Acetaminophen (Tylenol) ជាដើម។ បន្ថែមពីលើនេះទៅទៀត, ការស្រាវជ្រាវថ្មីៗបានផ្សារភ្ជាប់ការទទួលទានជាតិស្រាគឺបង្កើនហានិភ័យនៃជំងឺមហារីកមួយចំនួន, ជំងឺហឺត និងអាឡែស៊ី។ ស្រាក៏អាចបណ្តាលអោយមានបញ្ហាដល់អ្នកដែលប្រើថ្នាំបន្ថយជាតិស្ករនៅក្នុងឈាម ដូចជា ថ្នាំអាំងស៊ុយលីន ដោយសារតែវាអាចបណ្តាលអោយជាតិស្ករនៅក្នុងឈាមធ្លាក់ចុះខ្លាំង និងធ្វើអោយគ្រោះថ្នាក់។ លទ្ធផលអាក្រក់បំផុតមួយចំនួននៃការទទួលទានស្រារួមមានការញៀន, ការពុល, ការខូចខាតខួរក្បាល, មានអំពើហិង្សា និងគ្រោះថ្នាក់នៅពេលបើកបរ។ កូវាសបាននិយាយថា ស្រាបង្កើនឪកាសគ្រោះថ្នាក់នៅពេលបើកបរ, ប្រើអំពើហិង្សាទៅអ្នកដទៃ, ចម្លងជំងឺកាមរោគ, ការមានផ្ទៃពោះដោយមិនចង់បានជាដើម។ គាត់បានសម្គាល់ឃើញថា ស្រាដើរតួនាទី១/៣នៃការគ្រោះថ្នាក់ចរាចរណ៍ និងដោយយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិកបានអោយដឹងថា វាជាកត្តាមួយនៃ២/៣ដែលបង្កអោយមានអំពើហិង្សា។ កូវាសបានបន្ថែមថា វាជារឿងសំខាន់ដែលមនុស្សត្រូវបានគេបញ្ជាក់អំពីឥទ្ធិពលរបស់ស្រាលើខ្លួនរបស់ពួកគេ ដូចនេះពួកគេអាចត្រូវបានរៀបចំដើម្បីមិនទទួលទាន ឬទទួលទានប្រកបដោយការទទួលខុសត្រូវ។ អត្ថប្រយោជន៍នៃការទទួលទានស្រាគឺទាបបើធៀបនឹងហានិភ័យ។
ការផលិតស្រា
[កែប្រែ]គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែមានការផលិតស្រាទាំងអស់ និងមានការនាំចេញទៅលក់ក្រៅប្រទេសផងដែរ មិនតែប៉ុណ្ណោះ ស្រាក៏ជាប្រភពនៃចំណូលរបស់ជាតិនីមួយៗផងដែរ។ តួយ៉ាង ការផលិតស្រានៅក្នុងប្រទេសបារាំង ពិសេសគឺស្រាទំពាំងបាយជូរ ដែលគេស្គាល់ និងនិយមចូលចិត្ត។ ចំណែកឯការផផលិតនៅក្នុងស្រុកខ្មែរវិញ ក៏មានមិនចាញ់បណ្តាប្រទេសក្នុងតំបន់ដែរ តាំងពី ស្រាស រហូតដល់ ស្រាពិសេស ព្រមទាំងស្រាបៀរផងដែរ។
ពាណិជ្ជកម្ម
[កែប្រែ]មិនថាប្រទេសណា ប្រទេសណីនោះទេ ពាណិជ្ជកម្មស្រាតែងតែមាន គ្រាន់តែថា ការផ្សាយមានលក្ខណៈខុសគ្នា និងតាមមធ្យោបាយជាច្រើន ទោះបីមានការហាមឃាត់ នៅក្នុងបណ្តាប្រទេសខ្លះក៏ដោយ។ បើក្រលេកមកមើលពាណិជ្ជកម្មស្រា នៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ ពាណិជ្ជកម្មនេះ មានច្រើនសម្បូរបែប តួយ៉ាងដូចជា ស្រាបៀរអង្គរ និង ស្រាបៀរខេមបូឌៀ ជាដើម ស្ទើរតែឃើញការផ្សាយពាណិជ្ជកម្ម រៀងរាល់ម៉ោង និងស្ទើរតែគ្រប់កម្មវិធីនៅលើកញ្ចក់ទូរទស្សន៍ទាំងអស់ មិនតែប៉ុណ្ណោះ សូម្បីតែប្រព័ន្ធទំនាក់ទំនងសង្គម ក៏មានការផ្សាយពាណិជ្ជកម្មផងដែរ។
អំពីការបិទស្រានៅសម័យអង្គរ
[កែប្រែ]ស្រាស្រុកគេនេះមានបួនយ៉ាងស្រាលេខមួយចិនហៅថាស្រាទឹកឃ្មុំ ដែលយកជាតិថ្នាំ នឹងទឹកឃ្មុំលាយជាមួយទឹកហើយផ្សំធ្វើឡើង។ បន្ទាប់មកហៅតាមអ្នកស្រុកហៅថាផេងកេស៊ី ដែលគេយកស្លឹកឈើមកផ្សំគឺស្លឹងឈើឈ្មោះផេងកេស៊ីនេះឯង។ បន្ទាប់មកទៀតគេយកអង្ករ ឬបាយដែលសេសសល់យកទៅបិទស្រាហៅថាប៉ាវឡេងកាក ព្រោះពាក្យប៉ាវឡេងកាកនេះប្រែថាអង្ករ[២]។ ក្រៅពីនោះមានស្រាមួយទៀតមានស្រាទឹកល្ងៃស្ករ ដែលគេយកជាតិស្ករមកបិទឱ្យកើតទៅជាស្រា។ គេចូលទៅស្រុកភូមិក្បែរមាត់ទន្លេគេបរទះឃើញស្រាមួយមុខទៀតធ្វើអំពីទឹក្រចាប់ ព្រោះក្រចាប់ដុះមាត់ព្រែកហើយស្លឹកវាមានជាតិស្ករ ដែលអាចយកមកធ្វើជាស្រាបាន[៣]។