ស្រីសតនាគនហុត
ស្រីសតនាគនហុត | |
---|---|
ព្រះ | |
រាជ្យមុន | មិនស្គាល់ |
រាជ្យបន្ត | មិនស្គាល់ |
បុត្រ | ព្រះនាងសយបុប្ផា |
វង្ស | ហ្លួងព្រះបាង |
ប្រសូត | លាវ |
សុគត | លាវ |
ព្រះបាទស្រីសតនាគនហុត ជាឈ្មោះស្ដេចលាវលេចឡើងក្នុងពង្សាវតារខ្មែរ។ កាលនោះ នគរចម្ប៉ាសក្ដិត្រូវហ្វូងដំរីចេញមករាតត្បាត ធ្វើឲ្យប្រជានុរាស្ដ្ររងទុក្ខវេទនា និងវិនាសហិចហោចអស់ជាច្រើន។ ស្ដេចដំបងគ្រញូងបានចេញទៅជួយយកអាសាស្ដេចលាវកំចាត់អស់ហ្វូងដំរី។ ដូច្នេះហើយ ដើម្បីតបស្នងសងគុណផង ហើយជាពិសេសដោយភ័យព្រួយបារម្ភ ខ្លាចកំលាំងអំណាចតេជៈបារមីផង ទើបបានជាស្ដេចលាវព្រះស្រីសតនាគនហុត លើកកូនក្រមុំព្រះនាមសយបុប្ផាថ្វាយទៅដំបងគ្រញូង ឬព្រះបាទគោត្តមអមរទេវរាជ ទុកធ្វើជាមហេសី។ តែស្ដេចលាវនឹកគិតក្នុងខ្លួនតែម្នាក់ឯងថា «ដំបងគ្រញូងនេះខ្លាំងពូកែណាស់ ហើយអាចក្បត់ដណ្ដើមយករាជ្យយើងមិនខាន។ ដូច្នេះត្រូវតែធ្វើដូចម្ដេច កំចាត់ឲ្យបានមុនជាដាច់ខាត។» ស្ដេចលាវក៏អង្វរកូនស្រីឲ្យប្រើល្បិចកិច្ចកលស៊ើបសួរប្ដីថា «តើដូចម្ដេចបានជាគេមិនអាចសំលាប់បាន? ហើយបើចង់សំលាញ់វិញ គេត្រូវប្រើមធ្យោបាយដូចម្ដេចដែរ ?» កាលណាបានដឹងគ្រប់សេចក្ដីហើយ នាងត្រូវមកប្រាប់ឪពុកវិញជាបន្ទាន់។ លុះ ទៅដោយការលួងលោមរបស់ប្រពន្ធ ស្ដេចដំបងគ្រញូងរៀបរាប់អស់រឿងអាថ៌កំបាំង ដែលមានជាប់ទាក់ទងទៅនឹងអាយុជីវិតរបស់ខ្លួន។ នាងសយបុប្ផាក៏យកដំណឹងនេះ ទៅប្រាប់ព្រះបិតាតាមដំណើរ។ បានដឹងដូចបំណង ស្ដេចលាវមិនបង្អង់យូរឡើយ ក៏ចាត់ចែងរៀបចំឲ្យធ្វើគ្រឿងយន្ដដាក់ក្នុងបង្គន់ សំរាប់សំលាប់ស្ដេចដំបងគ្រញូង។ ថ្ងៃមួយនៅពេលដើរចូលទៅក្នុងបង្គន់ ស្ដេចដំបងគ្រញូងដើរទៅទាក់ជើងនឹងខ្សែ ជាហេតុធ្វើឲ្យគន្លឹះគ្រឿងយន្ដបាញ់ស្នចំចូលរន្ធគូទ ដែលជាកន្លែងដួងកែវជីវិត។ ដំបងគ្រញូងមិនស្លាប់ភ្លាមនៅនឹងកន្លែងទេ។ គ្រានោះស្ដេចដំបងគ្រញូង ឬព្រះបាទគោត្ដមអមរទេវរាជ នឹកឃើញយស់ច្បាស់ណាស់ អំពីបុព្វហេតុដែលនាំបណ្ដាលឲ្យអស់ជីវិត ព្រះអង្គបានមានបន្ទូល បន្លឺពោលថា «មិនគួរណាយើងមកបរាជ័យចាញ់បោកដោយសារសម្ផស្សស្ដ្រីសោះ!» ដោយ មានរបួសជាទំងន់ ស្ដេចដំបងគ្រញូងក៏ចាកចេញពីស្រុកលាវ ហើយត្រលប់ទៅស្លាប់ឯស្រុកភូមិកំណើតខ្លួនវិញគឺនៅស្រុកសួនមង្ឃុត។ នេះបើតាមពង្សាវតារវត្ដទឹកវិល។ ពង្សាវតារដដែលបានបញ្ជាក់បន្ដទៅទៀតថា ព្រះនាងសយបុប្ផា ដែលពោរពេញទៅដោយវិប្បដិសារៈ បានធ្វើដំណើរទៅតាមព្រះស្វាមី ហើយនៅបំរើកំដរប្រណិប័តន៍រហូតដល់ថ្ងៃស្លាប់។ ព្រះនាងបានរៀបចំធ្វើពិធីបូជាតាមទំនៀមទំលាប់ប្រពៃណី ហើយបានយកអដ្ឋិធាតុតំកល់ទុកក្នុងចេតិយនៅស្រុកចម្ប៉ាសក្ដិ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ មិនស្គាល់ |
ហ្លួងព្រះបាំង | តដោយ មិនស្គាល់ |