ហ្មថាវ
ហ្មថាវ ជាហ្មហ្លួងដែលជាប់ពាក់ព័ន្ធក្នុង ព្រឹត្ដិការណ៍ ចំបងមួយទៀត ក្នុងរជ្ជកាលព្រះបាទធនញ្ជ័យគោរពរាជ្យ គឺព្រះអង្គនិយមទាក់ដំរី ព្រះអង្គធ្លាប់យាងទៅដល់ព្រៃ និងជើងភ្នំដងរែក ព្រះអង្គមានហ្មដំរីជាតិលាវដ៏ល្បីល្បាញពីរនាក់ មួយឈ្មោះហ្មហវៀន និងមួយទៀតឈ្មោះហ្មថាវ។ ពង្សាវតារវត្ដទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាលបានលើកយកព្រឹត្ដិការណ៍សំខាន់មួយ ស្ដីពីការចាប់ដំរីក្នុងរជ្ជកាលព្រះអង្គមកអធិប្បាយដោយមានទាំង រៀបរាប់យ៉ាងល្អិតល្អន់ដែរ អំពីពិធីសែនព្រេនដល់ម្រេញកង្វាល មុននឹងទៅទាក់ដំរី។ កាលនោះ ព្រះអង្គ និងពលសេនាទាក់បានដំរីសមួយ និងខ្មៅមួយ ដែលមានភ្លុកកោងវែង ព្រះអង្គបានបញ្ជាឲ្យយកដំរីសខ្មៅទាំងពីរ ជានិមិត្ដរូបនៃការសម្បូរសប្បាយប្រចាំនគរ។ ពីថ្ងៃនោះមក គេមានជំនឿនិយមថា បើគ្មានភ្លៀងបង្អោរធ្លាក់មកគ្រប់គ្រាន់ទេ ហើយបើកើតមានជំងឺរោគាក្នុងនគរ ព្រះមហាក្សត្រតែងតែបង្គាប់ក្រុមបុរោហិត និងហ្មថាវ ឲ្យនាំយកដំរីសខ្មៅទាំងពីរ ទៅចូលរួមក្នុងពិធីបុណ្យបួងសួងបន់ស្រន់ផ្សេងៗ។ បន្ទាប់មកទើបដំរីទាំងពីរយកប្រមោយបឺតទឹក ផ្លុំព្រួសជះតម្រង់ទៅគ្រប់ទាំងប្រាំបីទិស។ ឯកសារដដែលកត់សំគាល់ថា ភ្លៀងបានបង្អុរធ្លាក់ចុះមកដោយបរិបូណ៌ ក្រោយដែលគេបានរៀបចំពិធីបួងសួង ឯភោគផលវិញក៏បានល្អជាទីពេញចិត្ដ ហើយជំងឺរោគាព្យាធិក៏សាបរលាបវិនាសបាត់ទៅអស់ដែរ នាម៉ឺនមុខមន្ត្រី និងប្រជាពលរដ្ឋខ្មែរទូទៅស្រឡាញ់ និងមានជំនឿទៅលើដំរីទាំងពីរនោះណាស់ គេចាត់ទុកដំរីទាំងគូជាដំរីពិសិដ្ឋ និងស័ក្ដិសិទ្ធិជាទីបំផុត។