Jump to content

អង្គការវិទ្យាស្ថានបើកទូលាយ

ពីវិគីភីឌា
អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ
រូប​សញ្ញា​អង្គការ
អក្សរ​កាត់OI
ស្ថាបនាខែ​តុលា ២០០៦
ប្រភេទអង្គការ​មិន​រក​ប្រាក់​កំរៃ
ទីតាំង
  • ផ្ទះ​លេខ៨ ផ្លូវ​៣៥២ សង្កាត់​បឹង​កេងកង១ ខណ្ឌ​ចំការ​មន ក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ (អង់គ្លេស៖ Open Institute) គឺ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ​និង​មិន​​​រក​ប្រាក់​ចំណេញ ដែល​ប្រមើល​មើល​ថា ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍ និង សង្គម​ដែល​មាន​យុត្តិធម៌​តាម​រយៈ​​ប្រជាជន​​​មាន​​​សិទ្ធិ​​ស្មើ​​គ្នា​​ក្នុង​ការ​​ទទួល​បាន​នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារ​គមនាគមន៍​យ៉ាង​ទូលំទូលាយ ។

អំពី​អង្គការ

[កែប្រែ]

ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ចលនា​សង្គម​និង​នយោបាយ​ ដោយ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិនិង​សិទ្ធិ​ ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន ជា​គ្រឹះចំបង​​​​សម្រាប់​សង្គម​មួយ​ដែល​មាន​យុត្តិធម៌​និង​ប្រជាធិបតេយ្យ។ ជា​មួយ​នឹងហេតុ​ផល​នេះ​ វិទ្យាស្ថាន​បើក​ទូលាយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​ផ្តល់​នូវ​ព័ត៌មាន ឧបករណ៍ និង​ចំណេះ​ដឹង និង​ដើម្បី​ជំ​រុញ​ដល់​​ការ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គម ។ យុទ្ធសាស្ត្រ​សំខាន់​ៗរបស់​អង្គ​ការ​​រួម​មាន​ ការ​ផ្តល់​ឧបករណ៍​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ ការ​កសាង​សមត្ថភាព​​ដោយ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​​កុំព្យូទ័រ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទូ​ទាំង​ប្រទេស ផ្តល់​បណ្តាញ​អេឡិចត្រូនិច​សម្រាប់​ការ​ចែក​រំលែក​ព័ត៌មាន​និង​ការ​ពិភាក្សានិង​រៀបចំ​ការ​ជួប​ជុំ​ដោយ​​ផ្ទាល់​ដើម្បី​ពិភាក្សាអំពី​កង្វល់​ក្នុង​សង្គមដែល​រាប់​បញ្ចូល​ទាំង​​ការ​​​ ពិភាក្សា​​លើ​ប្រ​ធាន​បទ​ស្តី​ពី​សមភាព​យែនឌ័រ​ ។ វិទ្យាស្ថាន​បើក​ទូលាយ​ គឺ​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល ​មិនស្វែង​​រក​ប្រាក់​ចំនេញ​ និង​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីក្រសួង​មហាផ្ទៃ​នា​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០០៦។ []

ការងារ

[កែប្រែ]

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​ បាន​ធ្វើ​ការ​យ៉ាង​ច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​ភាសា​ខ្មែរ​តាម​រយៈ​បច្ចេកវិទ្យា​សម័យ​ទំនើប និង​លើក​កម្ពស់​សមធម៌​ក្នុង​សង្គម រួម​មាន​ដូច​ជា៖

ឆ្នាំ​២០០៦

[កែប្រែ]

នៅ​ឆ្នាំ​២០០៤ គម្រោង​ខ្មែរអូអេស ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​ក្រោម​អង្គការ Open Forum តែ​ក្រោយ​មក​ពេល​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​កើត​ឡើង គម្រោង ខ្មែរ​អូអេស ក៏​ត្រូវ​បាន​ផ្លាស់​ទីតាំង​មក​ស្ថិត​ក្រោម​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​វិញ ។ ចាប់​ពី​ពេល​នោះ​មក​ការ​ផ្សព្វផ្សាយ​អំពី​ប្រព័ន្ធ​អក្សរ​យូនីកូដ​ខ្មែរ​នៅ​តែ​បន្ត​រហូត​ទទួល​បាន​ជោគជ័យ បាន​គេ​ទទួល​ស្គាល់ និង​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា

ឆ្នាំ​២០១២

[កែប្រែ]

នៅ​ខែ​តុលា ឆ្នាំ​២០១២ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី USAID សម្រាប់​គម្រោង​រយៈ​ពេល ២ឆ្នាំ រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៤ ដោយ​អនុវត្ត​លើ​គម្រោង​មួយ​មាន​ឈ្មោះ​ថា កម្មវិធី​ស្ថាបនា​ភាព​ជា​ដៃ​គូ​ដើម្បី​បរិយាកាស​ទំនាក់​ទំនង​បែប​ច្នៃ​ប្រឌិត (ជា​ភាសា​អង់គ្លេស៖ SPICE) ធ្វើការ​សម្របសម្រួល​ការ​ច្នៃ​ប្រឌិត​ធុរកិច្ច និង​សង្គម​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​សារ​គមនាគមន៍ និង​លើក​កម្ពស់​ទំនាក់​ទំនង​ជា​ភាសាខ្មែរ​ដោយ​ប្រើ​ឧបករណ៍​ទំនាក់ទំនង​ចល័ត។ គោល​បំណង​នៃ​កម្មវិធី​គឺ​ដើម្បី​កសាង​ភាព​ជា​ដៃគូ​រវាង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​បច្ចេកវិទ្យា និង​អង្គភាព​វិស័យ​ឯកជន​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់​ដើម្បី​លើក​កម្ពស់ និង​ផ្ដល់​នូវ​ភាព​សម្បូរ​បែប​នៃ​ព័ត៌មាន​ជូន​ដល់​សាធារណជន​តាមរយៈ​ទំនាក់ទំនង​ជា​ភាសាខ្មែរ ដោយ​ប្រើប្រាស់​ឧបករណ៍​ទំនាក់ទំនង​ចល័ត និង​បង្កើន​សមត្ថភាព​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សម្រាប់​គោលបំណង​អភិវឌ្ឍន៍។ []

ទស្សនៈ​វិស័យ

[កែប្រែ]

សង្គមកម្ពុជា​​​មួយ​ប្រកប​​​ដោយ​​​​លក្ខណៈ​​ប្រជាធិបតេយ្យ​និង​​​យុត្តិធម៌ ដែល​​​នៅ​​ក្នុង​​​នោះ​ប្រជាជន​​​មាន​​​សិទ្ធិ​​ស្មើ​​គ្នា​​ក្នុង​​ការ​​ចូល​​​ទៅ​​កាន់​​​មធ្យោបាយ​ទំនាក់​​ទំនង​​ ​និង​​លំហូរ​​​ពត៌មាន​​​ដោយ​​​សេរី​​​ដែល​​​ឆ្លុះ​បញ្ចាំង​​នូវ​​​​រាល់​​ទស្សនៈ​​នានា​។ ប្រជាពលរដ្ឋ​​​ចូលរួម​​​ក្នុ​ង​​​ការ​ចែក​​​រំលែក​​​ចំណេះដឹង ​​ព្រម​​ទាំង​​ត្រូវ​​​បាន​​​លើក​​​ទឹកចិត្ត​​​ក្នុង​​​ការ​​បញ្ចេញ​​​មតិ​យោបល់​ និង​​​​ក្នុង​​​ការ​​បង្កើត​​​អោយ​​មាន​​​ដំណោះ​ស្រាយ​​រួម​​​សំ​រាប់​​បញ្ហា​​នា​នា​​ ក្នុង​​បរិយាកាស​​នៃ​ការ​ពិភាក្សា​​​ដែល​​​បើក​​ទូលាយ​​​​។ []

បេសកកម្ម

[កែប្រែ]

បេសកកម្ម[]របស់​​​​អង្គការ​​​​ ​"វិទ្យាស្ថាន​​​​បើក​ទូលាយ​​" គឺ​​សំរប​សំរួល​​​​ការ​​​ទំនាក់​ទំនង​​និង​​​​ការ​​​ចែក​​​រំលែក​​​​ចំណេះដឹង​ ដែល​​នាំ​​​ទៅ​កាន់​​​ការ​​ចូល​រួម​​ដ៏​​មាន​​​ប្រសិទ្ធភាព​​​​​ក្នុង​ការ​អភិវឌ្ឍ​សង្គម​​​និង​​​នយោបាយ​ តាម​​រយៈ​​ការ​​ផ្តល់​​​ឱកាស​​​ និង​​​មធ្យាបាយ​​ដល់​​ប្រជាជន​កម្ពុជា​​​ ដែល​​មាន​​​ពង្សាវតា​​​និង​​​ការ​​ទទួល​​ខុស​ត្រូវ​​​ផ្សេងៗ​ពី​​គ្នា​​អោយ​៖

  • ទទួល​​បាន​​​ពត៌មាន​អំពី​​​ស្ថានភាព​​​សង្គម​​​និង​​​នយោបាយ​​​នៅ​​ប្រទេស​​​កម្ពុជា​​
  • ចូលទៅ​កាន់​​​​ពត៌មាន​​​​និង​​​ចំណេះដឹង​​​ជា​​​ភាសា​​​ខ្មែរ​ ​តាម​​រយៈ​​រាល់​​​មធ្យោបាយ​​ទំ​នាក់​ទំនង​​ ដែល​​​រួម​​មាន​​ឧបករណ៍​​​​​​បច្ចេកវិទ្យា​គមនាគមន៍​​​និង​​​ពត៌មាន​វិទ្យា​ជា​​​ភាសា​​​ខ្មែរ
  • ចែក​​​រំលែក​​​ទស្សនៈ​​វិស័យ​​​​និង​​​ពត៌មាន​ជា​មួយ​​អ្នក​​ដ៏​ទៃ​​​​​ សហការ​​គ្នា​ធ្វើ​​ការ​​​វិភាគ​​​និង​ស្វែង​​​រក​​ដំណោះស្រាយ​​​សំ​រាប់​​បញ្ហា​​​នានា

គោល​បំណង

[កែប្រែ]

គោល​បំណង[]​​របស់​​អង្គការ​​ "វិទ្យាស្ថាន​​បើក​​ទូលាយ​​"​ គឺ​៖

  • ប្រមូល​និង​ចែកចាយ​ ពត៌មាន​សំខាន់ៗ​និង​អំពី​សង្គម​កម្ពុជា
  • ផ្តល់នូវ​​កម្មវិធី​​​​កុំព្យូទ័រ​ ​ប្រព័ន្ធ​​គ្រប់​គ្រង​​ពត៌មាន​​ សម្ភារៈ​​សំរាប់​​​បង្រៀន​​​ និង​​​ធនធាន​​​ចំណេះដឹង​ចាំបាច់​​​ ជា​​​ភាសា​​ខ្មែរ​​​ ដែល​​​ធានា​​​បាន​​​ថា​​​ប្រជាជន​​​ខ្មែរ​​​អាច​​​ទទួល​​ប្រយោជន៍​​​ពេញលេញ​ពី​​​​​បច្ចេក​វិទ្យា​​​​ គមនាគមន៍​​​​និង​​​​ពត៌មាន​​វិទ្យា
  • ជំ​រុញ​​សមភាព​​យេនឌ័រ​ ដោយ​​ធ្វើ​​យ៉ាង​​ណា​អោយ​​ស្ត្រី​​និង​​បុរស​​ អាច​​ទទួល​​បាន​ផល​ប្រ​យោជន៍​ស្មើ​​គ្នា​ក្នុង​​រាល់​កម្មវិធី
  • ជំ​រុញ​​ការ​​គិតគូរ​​​ដោយ​​ហ្មត់​ចត់​​ និង​​បំបាត់​ឧបសគ្គ​​នៃ​​ការ​​ទំនាក់​​ទំនង​​​ តាម​​រយៈ​​ការ​​ប្រើប្រាស់​​សំណុំ​​​មធ្យោ​បាយ​​ទំ​នាក់​​ទំ​នង​មួយ​​ ​រួម​​មាន​​​ ខ្លឹម​សារ​ ឧបករណ៍​​និង​​យុទ្ធ​សាស្ត្រ​​ ដើម្បី​​សំ​រួល​​ដល់​​ការ​​ទំ​នាក់​ទំនង​​ដោយ​​បើក​​ទូ​លាយ​ និង​​ការ​​ដោះស្រាយ​​​បញ្ហា​​​ក្នុង​​​សង្គម​។

ចំណាំ

[កែប្រែ]
  1. ១,០ ១,១ ១,២ ១,៣ អំពី​យើង​ខ្ញុំ, http://www.open.org.kh/km/about Archived 2013-12-24 at the វេយប៊ែខ ម៉ាស៊ីន.
  2. កម្មវិធី​ស្ថាបនា​ភាព​ជា​ដៃ​គូ​ដើម្បី​បរិយាកាស​ទំនាក់​ទំនង​បែប​ច្នៃ​ប្រឌិត, http://www.open.org.kh/km/spice/about-us Archived 2013-07-29 at the វេយប៊ែខ ម៉ាស៊ីន.