អង្គនៃឧបោសថសីល
ការរក្សាឧបោសថសីល ឬសីល៨ មានភាពខុសប្លែកគ្នា ពីការរក្សានិច្ចសីល ឬ សីល៥ ព្រោះការរក្សាឧបោសថសីល ធ្វើឡើងតែ៤ថ្ងៃ (ឬ៤សីល)ក្នុងមួយខែ គឺថ្ងៃ ៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយឧបោសថសីលក្នុងថ្ងៃនីមួយៗ រក្សាតែមួយយប់មួយថ្ងៃប៉ុណ្ណោះ។ មានថ្ងៃដទៃទៀតដែលរាប់បញ្ចូលក្នុងថ្ងៃឧបោសថដែរ ប៉ុន្តែសព្វថ្ងៃនេះ ជាទូទៅគឺកំណត់យកតែបួនថ្ងៃ ឬបួនសីលដូចបានរៀបរាប់ខាងលើ ។ ចំណែកឯសីល៥វិញ មិនបានកំណត់កាលឬកំណត់ថ្ងៃដូច្នេះទេ ព្រោះសីល៥ គឺជាសីលដែលត្រូវរក្សាជារៀងរាល់ថ្ងៃ ជានិច្ចនិរន្តរ៍ ដូច្នេះហើយទើបមានវេវចនស័ព្ទមួយទៀតហៅថា និច្ចសីល។
កិច្ចនៃឧបោសថសីល មានការពន្យល់ក្បោះក្បាយនៅក្នុងសៀវភៅ “គិហិបដិបត្តិ” នៅក្នុងទីនេះសូមលើកយកតែគោល និងអង្គនៃសិក្ខាបទមកចែកជូនតែប៉ុណ្ណោះ។ គោលនិងអង្គនៃសិក្ខាបទមួយចំនួនដូចគ្នានឹងសីល៥ដែរ សូមពិនិត្យនឹងសង្កេតតាមសិក្ខាបទនានាដូចខាងក្រោមនេះ ៖
១-បាណាតិបាត វេរមណី វៀរចាកការសម្លាប់សត្វ។
បាណាតិបាត មានអង្គ៥ គឺ៖
១-បាណោ សត្វមានជីវិត
២-បាណសញ្ញិតា សេចក្ដីដឹងថា សត្វមានជីវិត
៣-វធកចិត្ដំ ចិត្ដគិតនឹងសម្លាប់
៤-ឧបក្កមោ ព្យាយាមនឹងសម្លាប់
៥-តេនមរណំ សត្វស្លាប់ដោយការព្យាយាមនោះ
២-អទិន្នាទានា វេរមណី វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យដោយកាយ ឬ ដោយវាចា (វៀរចាកលួចទ្រព្យគេ)។
អទិន្នាទាន មានអង្គ៥ គឺ៖
១-បរបរិគ្គហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា។
២-បរបរិគ្គហិតសញ្ញិតា សេចក្ដីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
៣-ថេយ្យចិត្ដំ ចិត្ដគិតនឹងលួច។
៤-ឧបក្កមោ ព្យាយាមនឹងលួច។
៥-តេនហរណំ លួចបានមកដោយការព្យាយាមនោះ។
៣- អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។
អព្រហ្មចរិយា មានអង្គ ៤
១ – ភេទនវត្ថុ វត្ថុជាទីទម្លាយនូវសីល គឺទ្វារទាំង ៣០ ចំពោះត្រង់ទ្វារណាមួយ។
២ – សេវនចិត្តំ គិតនឹងសេព។
៣ – តជ្ជោ វាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ។
៤ – មគ្គេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា។
៤-មុសាវាទា វេរមណី វៀរចាកការពោលពាក្យមិនពិត គឺពាក្យកុហក។
មុសាវាទ មានអង្គ៤ គឺ៖
១-អតថំវត្ថុ វត្ថុមិនពិត។
២-វិសំវាទនចិត្ដំ ចិត្ដគិតនឹងពោលឲ្យខុស។
៣-តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។
៤-បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្ដីនោះ។
៥-សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការសេពនូវទឹកស្រវឹងគឺសុរា និងមេរ័យ។
សុរាមេរយៈ មានអង្គ៤ គឺ៖
១-មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្ដីស្រវឹង គឺសុរា និងមេរ័យ។
២-បាតុកម្យតាចិត្ដំ ចិត្ដគិតបម្រុងនឹងផឹក។
៣-តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។
៤-តស្សបានំ បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ។
៦-វិកាលភោជនា វេរមណី វៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
វិកាលភោជន មានអង្គ ៣
១ – វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេទៅហើយដរាបទល់អរុណរះ។
២ -យាវកាលិកំ របស់ដែលគួរបរិភោគបានក្នុងកាល គឺតាំងពីអរុណរះឡើងដរាបដល់ថៃ្ងត្រង់។
៣ -អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក។
(ក្នុងវេលាវិកាល អាចទទួលទានទឹកភេសជ្ជ: អដ្ឋបាន ឬទឹកបាន ដូចជាទឹកស្វាយជាដេីម បេីត្រូវការ)
៧-និច្ចគីតវាទិតវិសូកទស្សនមាលាគន្ធ វិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី វៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលល្បែងដែលជាសត្រូវដល់កុសលធម៌ និងករិយាទ្រទ្រង់និងប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
នច្ចគីតព្រមទាំង មាលារួមជាសិក្ខាបទមួយ មានអង្គ ៦
១-នច្ចគីតាទិ ការលែ្បងមានរាំ និងច្រៀងជាដើម។
២ -កត្តុកម្យតាចិត្តំ គិតបម្រុងនឹងធ្វើ ។
៣ -សុតទស្សនត្ថាយគមនំ ទៅដើម្បីស្តាប់ ឬមើល ហើយបានស្តាប់ឬមើល។
៤ – មាលាទិ វត្ថុសម្រាប់ប្រដាប់កាយមានកម្រងផ្កាជាដើម ។
៥ -ធារណច្ឆន្ទតា សេចក្តីប្រាថ្នា នឹងប្រដាប់តាក់តែង។
៦-តស្ស ធារណំ បានប្រដាប់តាក់តែងនូវវត្ថុសម្រាប់ប្រដាប់កាយមានផ្កាកម្រងជាដើមនោះ។
៨-ឧច្ចាសយនមហាសយនា វេរមណី វៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ។
ឧច្ចាសយន មានអង្គ ៣
១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។
២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។
៣-បរិភោគករណំ បានដេក ឬ អង្គុយ។
កាលបើឧបាសកឧបាសិកា ប្រព្រឹត្តឲ្យកន្លងនូវសិក្ខាបទណាៗ លុះតែព្រមដោយអង្គក្នុងសិក្ខាបទ នោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយអង្គនោះ ក៏មិនបានឈ្មោះថាកន្លងនូវសិក្ខាបទនោះទេ។