អនេសនៈ
(បា.)(អៈនេសៈន៉ៈ)(--នា < អន៑ “មិន, ពុំ, ឥត” + ឯសនា “ការស្វែង, ការស្វះស្វែង, ការរក”) ការស្វែងរកពុំត្រូវតាមធម៌ឬពុំត្រូវតាមបែបបទ : កុំចិញ្ចឹមជីវិតដោយអនេសនៈ ។ ការចិញ្ចឹមជីវិតដោយដំណើរស្វែងរកចតុប្បច្ច័យ មិនត្រូវតាមធម៌វិន័យ : បព្វជិតពុទ្ធសាសននិកត្រូវវៀរចាកអនេសនៈ ២១ និង បាបធម៌ ៥ (ព. វិ. ពុ.) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អនេសន, ដូចជា អនេសនប្បហាន (--ន៉ាប់-ប៉ៈ--) ការលះអនេសនៈ គឺការស្វែងរកត្រូវតាមធម៌ ។ល។ អនេសនា (អៈនេសៈន៉ា)
ភិក្ខុគ្រប់រូបមិនត្រូវប្រព្រឹត្តអនេសនៈ ចំពោះគ្រហស្ថទាំងឡាយ ពោលគឺមិនត្រូវផ្តល់វត្ថុអ្វីមួយដោយរំពឹងចង់បានលាភសក្ការៈពីពុទ្ធបរិស័ទវិញឡើយ ។ អានេសនៈ ២១ ប្រការនោះ គឺ ៖
១ - វេឡុទានំ ការឲ្យឫស្សីដែលជាទ្រព្យគរុភណ្ឌ (ទ្រព្យសម្រាប់សង្ឃគង់ក្នុងវត្តអារាម)
២ - បត្ដទានំ ការឲ្យស្លឹកឈើ
៣ - បុប្ផទានំ ការឲ្យផ្កាឈើ
៤ - ផលទានំ ការឲ្យផ្លែឈើ
៥ - ទន្ដកដ្ឋទានំ ការឲ្យឈើស្ទន់សម្រាប់ដុសធ្មេញ
៦ - មុខាទកទានំ ការឲ្យទឹកលុបមុខ
៧ - សិនានទានំ ការឲ្យវត្ថុសម្រាប់ងូត សម្រាប់គក់
៨ - ចុណ្ណទានំ ការឲ្យគ្រឿងលំអិតសំរាប់លាប
៩ - មិត្ដកាទានំ ការឲ្យដីស្អិត
១០ - ចាដុកម្យតា ការប្រព្រឹត្ដិបន្ទាបបន្ទន់កាយវាចា
១១ - មុគ្គសូបតា ការពោលពាក្យពិតខ្លះ មិនពិតខ្លះ ដូចជាសម្លសណ្ដែកបាយ
១២ - បារិភដយតា ការផ្គាប់ផ្គុនត្រកូល
១៣ - ជង្ឃបេសនិកំ ការបំរើត្រកូលដោយកម្លាំងស្មង
១៤ - វជ្ជេកម្មំ ការធ្វើពេទ្យរក្សាជំងឺ
១៥ - ទូតកម្មំ ការធ្វើទូត (នាំដំណឹងរបស់ត្រកូល)
១៦ - មហិណគមនំ ការទទួលខ្លួនជាអ្នកបម្រើត្រកូលឲ្យគេប្រើទៅមក (ក្រៅអំពីការនាំដំណឹង)
១៧ - បិណ្ឌប្បដិបិណ្ឌកំ ការឲ្យចង្ហាន់បិណ្ឌបាតដល់ត្រកូលហើយស្វែងរកបរិភោគខ្លួនឯងជាខាងក្រោយ។
១៨ - ទានូបទានំ ការឲ្យទៅឲ្យមក
១៩ - វត្ថុវិជ្ជា ការរៀនវិជ្ជា ធ្វើជាគ្រូមើលទឹកដីជ័យភូមិ
២០ - នក្ខក្ដវិជ្ជា ការរៀនវិជ្ជាធ្វើជាគ្រូនក្ខត្ដឫក្ស ដូចជាចាប់យាម មើលថ្ងៃខែ ធ្វើកន្សែងយន្ត្រជាដើម។
២១ - អង្គវិជ្ជា ការរៀនវិជ្ជាធ្វើគ្រូទាយលក្ខណៈខ្លួនប្រាណ។