Jump to content

អបាយមុខ

ពីវិគីភីឌា

អបាយមុខ (Apaya-mukha: path to deprivation) មាន​ន័យ​ថា "ហេតុ​ឬ​អំពើ​ជាប្រធាន​ឬ​ជា​ផ្លូវ​នៃសេចក្ដីវិនាស​" ។ អត្ថន័យ​របស់​ពាក្យ "អបាយ" គឺ ទី​ដែល​ប្រាស​ចាក​សេចក្តី​ចម្រើន, ទី​រង​ទុក្ខ, សេចក្តី​សាបសូន្យ, សេចក្តី​វិនាស, ដំណើរ​លិចលង់​ក្នុង​សេចក្តី​វិនាស ។

អបាយមុខ ៦ យ៉ាង​

[កែប្រែ]
  1. មជ្ជបានៈ = ការផឹកទឹកស្រវឹង
  2. វិកាលចរណៈ = ការដើរលេង​យប់ គឺ​ការ​ដើរ​ខុសកាល
  3. សមជ្ជាតិចរណៈ = ការដើរមើលល្បែង​មហោស្រព
  4. ជូតានុយោគៈ = ការលេងល្បែងភ្នាល់ ឬ​ល្បែង​ស៊ីសង
  5. បាបមិត្តានុយោគៈ = ការសេពគប់​មនុស្ស​អាក្រក់​ជា​មិត្រ
  6. អាលស្សានុយោគៈ = ខ្ជិលធ្វើ​ការងារ ។

សុរានិងមេរ័យ គឺការផឹកទឹកស្រវឹង

[កែប្រែ]

សុរានិងមេរ័យនេះ ជាទឹកសម្រាប់បំពុល ឬ សម្រាប់បង្វិលចិត្តមនុស្សឲ្យខុសប្រក្រតី ។ មនុស្សអ្នកក្រេបលេបទឹកស្រវឹងចូលទៅហើយ, ទឹក​នោះ​អាច​កំដៅ​ហទយៈ​គឺបេះដូងឲ្យញាប់ញ័រ ច្រើនតែបណ្ដាលឲ្យកើតសេចក្ដីក្លាហានព្រហើនកោងកាចប្រមាថមើលងាយ អ្នកដទៃ, អំពើខុសយល់ថាត្រូវ, អំពើ​ត្រូវ​យល់​ថា​ខុស​វិញ ។ មនុស្សបើមិនទាន់ត្រូវសុរាចូលទៅដល់ទេ តែងឫកពាសុភាពរាបសា ដឹងខុសត្រូវគួរសម តែវេលាណាត្រូវសុរាហើយ អំណាច​សុរា​នេះ​បង្វិល​ឲ្យ​ចិត្ត​ខុស​ប្រក្រតីមួយរំពេចគឺបញ្ចេញការៈ ថោកទាបដោយផ្លូវកាយនិងវាចា, ទៅជាមនុស្សច្រងេងច្រងាងទទ្រាក់ទទ្រើកញញាក់ញញ័រ ទាំង​សំដី​សោត​ទៀត​ក៏​និយាយ​ច្រំដែលៗមិនទៅមុខ ចេញលំនាំប្រហែលគ្នានឹងមនុស្សឆ្កួត ។

មនុស្សប្រមឹកញៀនសុរានេះ រមែងទទួលរងទុក្ខទោសគ្រោះថ្នាក់ ៦ យ៉ាង អាចឃើញជាក់ច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្នជាតិនេះគឺ :

  • ការវិនាសហិនហោចទ្រព្យសម្បត្តិ: អ្នកប្រមឹកសុរា តែងចាយវាយទ្រព្យសម្បត្តិកញ្ជះកញ្ជាយ, យកទៅទិញដូរសុរាខ្លះ សាច់ខ្លះ ឬរបស់អ្វីឯទៀតខ្លះ សម្រាប់​ក្លែម​ជាមួយ​នឹងសុរា អ្នកខ្លះថាផឹកតែម្នាក់ឯងមិនសូវឆ្ងាញ់ មិនសូវសប្បាយទេ, លុះត្រាតែមានគ្នាទើបហ៊ឺហារសប្បាយ ម៉្លោះ​ហើយ​ក៏​ហៅ​រក​បបួល​មនុស្ស​ណា​ដែល​មានចរិយាថោកទាបដូចខ្លួនដែរ មកស៊ីផឹកជាមួយ ។ អ្នកប្រមឹកសុរាបែបនេះ គ្មានពេលឱកាសនឹងធ្វើការស្វែងរកទ្រព្យសម្បត្តិអ្វីទេ, មាន​តែ​ផ្លូវ​ចាយ​វាយ​បំផ្លេច​បំផ្លាញតែម្យ៉ាង, កាលបើប្រាក់កាសសម្រាប់ចាយធម្មតាមិនគ្រប់គ្រាន់ទេ, ក៏តោងលក់ផ្ដាច់ ឬបញ្ចាំកេរ្តិ៍មត៌ក មាន​ផ្ទះ​សម្បែង​ដី​ស្រែ​ចំការ​ច្បារដំណាំ​ជា​ដើម ដរាបទាល់តែងស់រលីង ក៏តាំងសំកុកកើតទុក្ខមុខស្ងួតអស់ទាំងគ្រួសារ ធ្លាក់ខ្លួនទៅជាមនុស្សអនថាឥតទីពឹង ក្ររហេមរហាម ក្លាយ​ទៅ​ជា​ចោរ​លួច​ប្លន់​ក៏​មាន​ ។
  • អំពើហិង្សា: អ្នកប្រមឹកសុរា ពេលណាស្រវឹងស៊ប់ហើយ ក៏តាំងង្កហេតុរករឿងឈ្លោះចេរប្រទេចប្រពន្ធកូនឯង, បើរករករឿងប្រពន្ធកូនរបស់ខ្លួនមិនបានទេ, ក៏បែរទៅរករឿងឈ្លោះនឹងរបស់បករើប្រាស់ មានពាងចាននិងឆ្នាំងជាដើម វាយសំពងខ្ទេចខ្ទីបែកបាក់អស់ក៏មាន, បើមិនដូច្នោះទេ, បង្ក​ហេតុ​រក​រឿង​អ្នក​ផង​ជិត​ខាង គេអត់មិនបានក៏កើតទៅជាជេរតបវាយដំកាប់ចាក់គ្នាទៅវិញទៅមក ជាប់គុកច្រវាក់បង់ទ្រព្យថែមទៀមក៏មាន ។
  • រោគា: អ្នកប្រមឹកសុរា ឈ្មោះថាជាអ្នកបង្ករោគផ្សេងៗ ឲ្យកើតចម្រើននៅក្នុងរាងកាយរបស់ខ្លួន មានរោគងងឹតភ្នែត ខូចក្រពះពោះវៀន ខូចសួតជាដើម ឆាប់​ចាស់​ជរាអាយុខ្លី ដោយអំណាចសុរាក៏មាន ។
  • អ័ព្ទកេរ្តិ៍ឈ្មោះ: អ្នកប្រមឹកសុរា មានកិត្តិស័ព្ទកេរ្តិ៍ឈ្មោះមិនល្អ ជាទីខ្ពើមរអើមរបស់ពួកសប្បុរស, ទាំងសំដីនិយាយកិច្ចការអ្វីសោតទៀត គេ​ក៏​មិន​សូវ​ជឿ​ស្ដាប់​មិន​ជាយកប្រមាណ, បើទុកជាមានកូនកម្លោះក្រមុំច្រូងច្រាង គេក៏មិនត្រូវការ ថែមទាំងគេដៀលថា " ពូជប្រមឹកសុរាកុំចូលទៅជិត នាំ​ឲ្យ​សៅ​ហ្មង​ដល់​ពូជ​ពង្ស​ត្រកូល​របស់យើង " យ៉ាងនេះក៏មាន ។
  • ឥតអៀនខ្មាស់: អ្នកប្រមឹកសុរា វេលាស្រវឹងស៊ប់ហើយ ឥតមានសេចក្ដីអៀនខ្មាស់ទេ, អវយវៈដែលគេត្រូវបិទបាំង ខ្លួន​ឯង​ទៅជា​សើយ​លាត់​បញ្ចេញ​អាការ​កិរិយា​ឲ្យ​គេឃើញជាក់ស្ដែង ជួនកាលដើរស្រែករឡេរឡប៉ប៉ាច់ប៉ប៉ោចតាមផ្លូវដូចឆ្កួត សំដែងអាការៈថោកាទាបក៏មាន, ខ្លះ​ស្រវឹង​ក្អួត​ដួល​ដេក​ស្ដឹង​ស្ដូក​ហាក់​ដូច​ស្លាប់ តាមចន្លោះផ្លូវ ឬសំយាបផ្ទះគេក៏មាន, មិនតែប៉ុណ្ណោះ ចិត្តធំព្រហើនហ៊ានកាប់សម្លាប់ឥតកោតញញើតយ៉ាងនេះក៏មាន ។
  • អ័ព្ទប្រាជ្ញា: អ្នកប្រមឹកសុរា ឈ្មោះថាអ្នកធ្វើចំណេះវិជ្ជាព្រមទាំងប្រាជ្ញាស្មារតីឲ្យអន់ថយ ខ្សោយចុះទៅជាដរាប, បើនឹងគិតការអ្វី ឬធ្វើការអ្វី ច្រើន​ធ្វើ​ប្រថុយ​ទៅ​ទាំងកម្រោលឥតដឹងខុសត្រូវ ។

អ្នកប្រមឹកសុរាមិនមែនធ្វើថោកត្រឹមតែខ្លួនឯងមួយ ឬគ្រួសាររបស់ខ្លួនមួយទេ, បានឈ្មោះថាធ្វើជាតិនិងប្រទេសឲ្យថោកថែមទៀត ។ ហេតុនេះ, អស់​លោក​អ្នក​កាន់​អំណាច គួរតែផ្ចាញ់ផ្ចាលបំបាត់សភាពប្រមឹកបែបនេះ ក្នុងស្រុកនីមួយៗកុំឲ្យមាន ទើបនឹងមានសេចក្ដីចម្រើន ។
សេចក្ដីដែលបានពណ៌នាមកនេះឈ្មោះថា អបាយមុខទីមួយ ។

ការដើរលេងក្នុងវេលាយប់ខុសកាល

[កែប្រែ]

ពេលដែលគេត្រូវសម្រាកសម្ងំដេកពួន ខ្លួនដើរលេងជជ្រកមមកតាមច្រកល្ហកផ្លូវតូចធំហួសពេលវេលា ចោលប្រពន្ធកូនទ្រពញយសម្បត្តិនៅឯផ្ទះ ឥត​មាន​អ្នក​ណា​គ្រប់​គ្រងរក្សា ឈ្មោះថាបើកឱកាសឲ្យដល់សត្រូវគឺចោរប្រមាថមើលងាយដល់ទ្រព្យ សម្បត្តិក៏មាន, ជួនកាលខ្លួនឯងដើរលេងទៅក៏ត្រូវទទួឡគ្រោះថ្នាក់ មាន​ពស់​ក្អែបខាំទិចជាដើមក៏មាន, ពុំនោះសោតមានអ្នកផងគេរង្កៀសសង្ស័យថា អ្នកនេះហៃដើរពេលយប់ ប្រហែលជាអ្នករកស៊ីដោយផ្លូវទុច្ចរិតទេដឹង ? ជួន​កាល​មានចោរលួចឆក់ទ្រពញយសម្បត្តិរបស់គេពិតហើយវាភៀសគេចខ្លួន បាត់ទៅ ទទួលគេឃើញខ្លួនដើរទៅ, ម្ចាស់ទ្រព្យគេក៏ចោទប្រកាន់ខ្លួនថាជាចោរ ហើត​ក៏​នាំគ្នាចាប់ចងធ្វើទុកទោស ដាក់ពិន័យជាប់គុកច្រវាក់បង់ទ្រព្យធនក៏មាន ។ នេះឈ្មោះថា អបាយមុខទី ២ ។

ការដើរមើលល្បែងមហាស្រពផ្សេងៗ

[កែប្រែ]

បុរសក្ដីស្រ្តីក្ដី កាលបើដឹងឮថាលេងច្រៀងរាំត្លុកកំប្លែង មាននៅក្នុងទីណាក៏ដើរចូលទៅកាន់ទីនោះ ហើយស្ដាប់ ឬ​មើល​ល្បែង​នោះ​ៗ​ដោយ​សេក្ដី​សប្បាយ​ជាប់​ចិត្ត​ភ្លេចខ្លួនឥតនឹកនាដល់ ប្រពន្ធកូន ឬប្ដីសីទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះ, មិនតែប៉ុណ្ណោះ ខាតទាំងប្រាក់កាសដែលត្រូវចាយក្នុងល្បែងនោះៗផង, ខាត​ទាំង​ពេល​ដេកអត់ងងុយផង, ខាតទាំងពេលដែលត្រូវប្រកបការងាររកស៊ីផង ។ ធម្មតាអ្នកមើលល្បែងមិនអាចធ្វើចិត្តឲ្យស្ងប់ស្ងាត់បានទេ, ឈ្មោះ​ថា​ជា​អ្នក​ព្រងើយ​បណ្តែតបណ្ដោយចិត្តឲ្យរវើរវាយវក់ទៅក្នុងកាម គុណកាន់តែខ្លាំងឡើងៗក៏មាន, ជួនកាលស្រីលះលែងប្ដីរបស់ខ្លួន រត់ទៅតាមប្រុសអ្នកលេងល្បែងក៏មាន, ចំណែក​​ប្រុសលបលាក់យកទ្រព្យរបស់ទៅឲ្យស្រី, ចំណែកស្រីលបលាក់យកទ្រពញយរបស់ទៅឲ្យប្រុស ។ រឿង​ទាំង​នេះ​ក្នុង​សម័យ​បច្ចុប្បន្ន​ឥឡូវ​សឹង​មាន​ជា​ច្រើន​​នៅស្រុកក្រៅ និងទីក្រុង, បើបុរសឬស្រី្តមានសភាពយ៉ាងនោះ ដែលជាអ្នកមានអំនាច កាលបើប្រាក់កាសសម្រាប់ចាយចាត់ចែងមិនគ្រប់គ្រាន់ទេ ក៏​តាំង​ប្រើ​ឧបាយកលសង្កត់សង្កិនដោយផ្លូវអយុត្តិធម៌ ឥតអាណិតអាសូរដល់អ្នកផង ដើម្បីយកទៅបង្រ្គប់បំប៉នកាមគុណទាំងនោះ ។ រឧងនេះគួរឲ្យសង្វេគ គួរ​ឲ្យ​នឹក​ស្ដាយ​ពេកណាស់, បើប្រសិនជាយកចិត្តទុកដាក់ទំនុកបម្រុងស្រុកទេស ឲ្យបានប្រហែលគ្នានឹងយកចិត្តទុកដាក់ក្នុងមាតុគ្រាមវិញ, ស្រុក​ទេស​មុខ​តែ​នឹង​បាន​សេច​ក្ដីចម្រើនថ្កុំថ្កើងទាន់សម័យមិនខាន ។ សេចក្ដីដែលបានពណ៌នាមកនេះឈ្មោះថា អបាយមុខទី ៣ ។

ការលេងល្បែងភ្នាល់គ្នាស៊ីសង

[កែប្រែ]

ល្បែងភ្នាល់ស៊ីសងនេះមានច្រើនយ៉ាង រាប់តាំងពីបៀនឹងធួរជាដើមទៅ ។ បុរសស្រ្តីអ្នកចូលចិត្តប្រព្រឹត្តលេងល្បែងស៊ីសងឯណានីមួយ សុទ្ធ​តែ​មាន​បំណង​ចង់​បាន​ប្រយោជន៍ចំណេញមកឆាប់ៗ, ប៉ុន្តែហេតុការណ៍ពិតនោះ មិនមែនត្រូវដូចគំនិតដែលប៉ងនោះទេ, បើទុកជាត្រូវបំណងខ្លះក៏មានតិចណាស់ក្នុងលោកនេះ, គួរអស់លោកអ្នកពិចារណាមើលដូច្នេះថា អ្នកមានភោគសម្បត្តិច្រើនរាប់ម៉ឺនសែននៅជុំវិញខ្លួនសព្វថ្ងៃនេះ តើគេមានមកអំពីលេងល្បែង ឬ​គេ​មាន​មក​អំពី​ប្រកប​សិប្បកម្ម និងពាណិជកម្ម ? ធម្មតាអ្នកប្រព្រឹត្តលេងល្បែងភ្នាល់គ្នា, មិនដែលអ្នកណាមួយមានកំណើតទៅជាមនុស្សគ្រាន់បើទេ, ច្រើន​តែ​ទទួល​រង​គ្រោះ​ថ្នាក់​សេចក្ដី​វិនាសច្រើនប្រការគឺ : អ្នកប្រព្រឹត្តលេងល្បែង កាលបើខ្លួនឈ្នះក៏ប្រើអំណាចរំលោភអូសយកទ្រព្យសម្បត្តិអំពី អ្នកចាញ់ៗ ក៏​កើត​សេចក្ដី​ក្ដៅ​ក្រហាយ​ចង​ពៀរ​ព្យាបាទគ្នាទៅវិញទៅមកក៏មាន, អ្នកចាញ់តែងដេកកើតទុក្ខថ្ងូរដកដង្ងើមធំស្ដាយទ្រព្យសម្បត្តិ ដែលវិនាសទៅរហូតដល់លែងចង់រស់នៅជាមនុស្ស ដោយ​ប្រើ​វិធីចងសម្លាប់ខ្លួនឯងជាដើមក៏មាន, អ្នកលេងល្បែងច្រើនមានឧបាយកុហកភូតភរបោកប្រាសគេឲ្យតែបានដល់ដៃ ឬ​ទោះ​​បី​ទៅ​និយាយ​ពឹង​ពាក់​ប្រស្រ័យ​កិច្ចការអ្វីៗ នឹងគេៗ ក៏មិនជឿមិនយកជាប្រមាណ ម៉្លោះហើយក៏ធ្លាក់ខ្លួនទៅជាមនុស្សថោកឥតគេត្រូវការរាប់រក ។ ម្យ៉ាងទៀត ល្បែង​ស៊ី​សង​អស់​នេះ​ច្រើន​ធ្វើ​ទុក្ខ​ដល់​អ្នកនៅទំនេរ, ជួនកាលប្ដីទៅធ្វើការបាត់ ប្រពន្ធនៅផ្ទះទំនេរឥតការអ្វីធ្វើ ក៏តាំងវ៉ៃភ្នែនតទល់នឹងប្រុសៗ ឬនឹងស្រីៗដូចគ្នា តាំងពីព្រលឹមទល់ថ្ងៃត្រង់ តាំង​ពី​បែរ​ពីថ្ងៃត្រង់ទល់ល្ងាច, ជួនកាលក៏ចាញ់ងស់រលីងពីខ្លួន ហើយក៏តាំងលក់ ឬបញ្ចាំគ្រឿងអលង្ការ សម្រាប់តាក់តែងរាងកាយយកមកលេងទៀត, កាល​ណា​បើ​ប្ដី​ដឹង​ក៏កើតទៅជាជម្លោះទាស់ទែងលែងលះគ្នាក៏មាន ។ នេះឈ្មោះថាអបាយមុខទី ៤ ។

ការសេពគប់នឹងបាបមិត្រ

[កែប្រែ]

មនុស្សណាដែលប្រព្រឹត្តធ្វើនូវអំពើអាក្រក់ ជាហេតុនាំឲ្យកើតសេចក្ដីវិនាសដល់ខ្លួន ឬដល់អ្នកដទៃ, មនុស្សនោះគេហៅថា បាបមិត្រ ។ បើ​អស់​លោក​អ្នក​ចង់​ស្គាល់​ថាមនុស្សបែបណាជាបាបមិត្រនោះ តោងពិនិត្យសង្កេតដោយផ្លូវកាយ - វាចានឹងចិត្ត ក៏នឹងអាចដឹងបាន ។ បណ្ដាមនុស្សក្នុងលោក, អ្នក​ណា​មួយ​ទោះ​ជា​មនុស្សជាន់ខ្ពស់ក្ដី ជាន់កណ្ដាលក្ដី ជាន់ទាបក្ដី សុទ្ធសឹងតែមានការងារត្រូវធ្វើជាប្រក្រតី, បើមនុស្សសប្បុរសល្អ ការងារចេញមកតាមផ្លូវកាយក៏ល្អ ចេញ​មក​តាម​ផ្លូវ​វាចាក៏ល្អ ចេញមកតាមផ្លូវចិត្តក៏ល្អ, មិនតែប៉ុណ្ណោះ ថែមទាំងជាអ្នកមានករុណាអាណិតអាសូរចំពោះអ្នកដទៃជានិច្ច, ធ្វើការងារអ្វីមិនអាងយសស័ក្ដិ មិន​អាង​អំណាច មិនលំអៀងព្រោះស្រឡាញ់ ព្រោះស្អប់ ព្រោះខ្លាចទេ, ព្រោះមនុស្សបែបនេះហៅថាកល្យាណមិត្រ, គួរសេពគប់រាប់រកយកមិត្រជាសំឡាញ់ ។ មនុស្ស​ណា​ជាអ្នកប្រព្រឹត្តលេងល្បែងភ្នាល់ស៊ីសង, ជាអ្នកលេងស្រី, ជាអ្នកលេងផឹកសុរា, ជាអ្នកបញ្ឆោតបោកប្រាសអ្នកដទៃដោយឧបាយកលណាមួយ, ជា​អ្នក​ប្រើ​អំណាច​រំលោភសង្កតសង្កិនអ្នកដទៃ ដោយអាងយសសក្ដិ ឬដោយងាងទ្រព្យសម្បត្តិ មនុស្សបែបនេះហៅថាបាបមិត្រ, កុំ​ចូល​ទៅ​សេព​គប់​រាប់​រក​យក​ជា​មិត្រ​សំឡាញ់​ឡើយ ។ សេចក្ដីដែលពណ៌នានេះ ចាត់ជាអបាយមុខទី ៥ ។

ការខ្ជិលច្រអូស

[កែប្រែ]

សេចក្ដីខ្ជិលនេះ បើមាននៅលើរូបបុគ្គលណាហើយ អាចនឹងពន្លិចបន្ទាបបុគ្គលនោះ ឲ្យធ្លាក់ទៅជាមនុស្សក្រីក្រល្ងង់ខ្លៅ មិនមានចំណេះវិជ្ជានឹងភោគសម្បត្តិ ។ ធម្មតា​មនុស្សដែលលុះក្នុងអំណាចនៃសេចក្ដីខ្ជិល បើនឹងធ្វើការអ្វីឬរៀនចំណេះអ្វីច្រើនប្រើអាការទម្រន់ដោយយក អ្វីម្យ៉ាងៗ មក​ធ្វើ​ជា​លេស​គ្រឿង​អាង​របស់​ខ្លួន គឺអ្នកខ្លះអាងថា ថ្ងៃនេះនៅព្រឹកណាស់, ល្ងាចណាស់, ត្រជាក់ណាស់, ក្ដៅណាស់, ឃ្លានណាស់, ស្រេកណាស់ ធ្វើការ ឬរៀនអ្វីពុំទាន់កើតទេ ចាំ​សម្រាក​ខ្លួន ឬចាំបរិភោគអ្វីបន្ដិចសិន សឹមធ្វើការ ឬសឹមរៀន, ការទម្រន់ខ្ជិលបែបនេះហើយ ដែលជាប្រធានធ្វើបុគ្គលនោះឲ្យដល់នូវភាពជាមនុស្សថោកទាបឥតគេ ត្រូវ​ការ​រាប់រក ។ ម្យ៉ាងទៀតអស់លោកអ្នកដែលជាមេបាក្នុងគ្រួសារ ឬក្រុមមួយៗ ខ្លះមិនសូវប្រឹតប្រៀនរំលឹកដាស់តឿនកូនចៅ ឬ​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​របស់​ខ្លួន ឲ្យខំប្រឹងធ្វើការ ឬឲ្យខំប្រឹងរៀនតាមមុខការរបស់វាទេ, ច្រើនតែបណ្ដែតបណ្ដោយឲ្យក្មេងនៅទំនេរខ្ជិលដើរលេងតាមអំពើចិត្ត , លុះ​យូរ​ទៅ​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ល្ងង់ខ្លៅខ្សត់ខ្សោយចំណេះវិជ្ជានឹង ភោគសម្បត្តិ, មិនតែប៉ុណ្ណោះ មនុស្សល្ងង់ឈ្មោះថា ធ្វើជាត្រកូលនឹងស្រុកទេសឲ្យថោកទាបថែមទៀត ។ សូម​អស់​លោក​អ្នកពិនិត្យសង្កេតមើលទោសរបស់មនុស្សខ្ជិល សព្វថ្ងៃនេះចុះ, នៅក្នុងក្រុងឃើញមាននៅដេរដាសទាំងស្រី ទាំងប្រុស, ខ្លះ​ដេក​ដើរ​អង្គុយ​រដូក​រណែល​ក្រោម​ម្លប់ឈើ ឬតាមសំយាបផ្ទះ ក្បែរចិញ្ចើមថ្នល់, រកស៊ីគ្រាន់តែឲ្យរស់ត្រឹមមួយថ្ងៃៗប៉ុណ្ណោះ, បើ​នឹង​ធ្វើ​ការ​ឥត​មាន​ឧបាយ​គំនិត​ណា​ថា​អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ​យ៉ាង​នោះ ទើបល្អដូច្នេះសោះឡើយ, មនុស្សបែបនេះហើយ ដែលសំដែងអាការឲ្យឃើញថោកទាបដល់ជាតិនឹងស្រុកទេស ។ នេះជាឈ្មោះថា អបាយមុខ ទី ៦ ។

មនុស្សខ្ជិលដូចបានពណ៌នាមកទាំងនេះ ប្រសិនបើរាជការបង្កើតរបរការអ្វីមួយ ដើម្បីតម្រូវដល់មនុស្សទាំងនេះឲ្យមានការធ្វើឡើង ត​ទៅ​ប្រហែល​ជា​នឹង​មាន​សេចក្ដី​ចម្រើនដល់រាជការវិញពុំខាន ។

ឯកសារយោង

[កែប្រែ]