អាម៉ុក

ពីវិគីភីឌា
Jump to navigation Jump to search

អាម៉ុកត្រី គឺជាមុខម្ហូបដែលគ្រួសារខ្មែរយើង និយមធ្វើសម្រាប់បរិភោគក្នុងគ្រួសារ ទទួលភ្ញៀវបន្តិចបន្តួច ឬក្នុងពិធីបុណ្យផ្សេងៗ។

គ្រឿងផ្សំ[កែប្រែ]

Amok.jpg
  • ត្រីរ៉ស់ត្រីឆ្ដោរ ១គីឡូក្រាម
  • ដូងទុំ ១
  • ម្ទេសប្លោកក្រៀម ៥ផ្លែ
  • ម្ទេសប្លោកទុំស្រស់ ៥ផ្លែ
  • គល់ស្លឹកគ្រៃ ៥គល់
  • រំដេង ល្មៀត ១ចំណិតប៉ុនមេដៃ
  • ខ្ទឹមស ១០កំពឹស
  • ម្សៅស៊ុប ១ភាគ២ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • សណ្ដែកដី ១០ក្រាម
  • ស៊ុតទា ២គ្រាប់
  • សម្បកក្រូចសើច ១ចំណិត
  • ស្លឹកចេកណាំវ៉ាសម្រាប់ខ្ចប់ ៥ធាង
  • ខ្ជាយ ១មើម
  • ខ្ទឹមក្រហម ៥កំពឹស
  • កាពិ ឬ[[ប្រហុក]សាច់ ២ក្រាម
  • ស្ករត្នោត ១ស្លាបព្រាបាយ
  • អំបិល ១ភាគ២ស្លាបព្រាបាយ
  • ស្លឹកក្រូចសើច ១០សន្លឹក
  • ស្លឹក ឬស្លឹកកន្ទួត ១០ត្រួយ ឬច្រើនជាងនេះតាមចូលចិត្ត។

វិធីធ្វើ[កែប្រែ]

  • ត្រីរ៉ស់ត្រីឆ្ដោរ យកស្រកាចេញឲ្យស្អាត កាត់កន្ទុយ ចៀរព្រុយពោះ និងខ្នងចេញ ហើយកោសលាងទឹកឲ្យស្អាត កាត់ក្បាលចេញទុកមួយអន្លើ។ ក្បាលពុះជាពីរឆ្កឹះយកស្បែកក្រអូមលើចេញ លាងឲ្យស្អាត។ បើធំពេក អាចកាត់ជាដុំតូចៗល្មម។ ខ្លួនត្រី សើយយកឆ្អឹងខ្នងចេញ ហាន់ជាបន្ទះស្ដើងល្មម។
  • គល់ស្លឹកគ្រៃហាន់ស្ដើង ម្ទេសប្លោកក្រៀម ខ្ទឹមស ខ្ទឹមក្រហម រំដេង ខ្ជាយ ល្មៀត សម្បកក្រូចសើច អំបិល បុកបញ្ចូលគ្នាឲ្យម៉ដ្ឋ ប្រហុកចិញ្ច្រាំឲ្យម៉ដ្ឋ ឬកាពិដាក់បុកជាមួយគ្រឿង។ សណ្ដែកដីលីងបុកឲ្យល្អិត។
  • ស្លឹកក្រូចសើច ហូតទ្រនុងចោល លាងទឹកឲ្យស្អាត ហាន់ជាសរសៃល្អិតៗ។
  • ដូងទុំ កោសពូតយកខ្ទិះដើមទុកដោយឡែក និងទឹកខ្ទិះទី២ ទុកដោយឡែក។
  • យកខ្ទិះដូងទី១ ពាក់កណ្ដាលបង់អំបិលបន្តិច(កុំឲ្យប្រៃ)។
  • ដាក់សាច់ត្រី គ្រឿង សណ្ដែកដី កាពិប្រហុក ពងទា ទឹកខ្ទិះទីមួយដែលនៅសល់ ទឹកត្រី ស្ករ ម្សៅស៊ុប លាយច្របល់ចូលគ្នាកូរឲ្យសព្វ ចាក់ទឹកខ្ទិះទី២ចូល(ប្រយ័ត្នកុំឲ្យរាវពេក) បន្តកូរឲ្យទាល់តែឡើងខាប់ប្រហែល៣០នាទី ទុកមួយអន្លើសិន។
  • ស្លឹក កាត់ទ្រនុងចេញ ឬស្លឹកកន្ទួតលាងទឹកឲ្យស្អាត ដាក់ទ្រាប់បាតកន្ទោងច្រើន ឬតិចតាមចំណូលចិត្ត។ ដួសត្រីដែលកូរគ្រឿង រួចដាក់ក្នុងកន្ទោង(ឲ្យស្មើសាច់ស្មើគ្រឿង) ដួសទឹកខ្ទិះដើមចាក់ពីលើបន្តិច រោយស្លឹកក្រូចសើចដាក់ចំហុយឲ្យឆ្អិន(១៥ ឬ២០នាទី តាមទំហំតូចឬធំ)។

របៀបធ្វើកន្ទោង[កែប្រែ]

ស្លឹកចេកហែកកាត់រាងការេ(០,១៧ម៉ែត X ០,១៧ម៉ែត) ដាក់ត្រួតគ្នាពីរជាន់(ផ្កាប់មួយ ផ្ងារមួយ) ចាប់ចំពាក់កណ្ដាលនៃជ្រុងនីមួយៗ កួច ខ្ទាស់ លៃមើលឲ្យបាតកន្ទោងស្មើល្អ។ ចៀរមាត់កន្ទោងឲ្យស្អាតតាមចំណូលចិត្ត៕