Jump to content

អំណាចអ័ក្ស

ពីវិគីភីឌា
អំណាចអ័ក្ស
១៩៣៦–១៩៤៥
២៥ វិច្ឆិកា ១៩៣៨
២២ ឧសភា ១៩៣៩
២៧ កញ្ញា ១៩៤០
២ កញ្ញា ១៩៤៥

មហាអំណាច​អ័ក្ស[កស ១] ​​ឬ​អាចហៅ​បាន​ថា ​អ័ក្ស​រ៉ូម–ប៊ែរឡាំង–តូក្យូ[] គឺ​ជាសម្ព័ន្ធភាពយោធាមួយ​ដែល​បានផ្ដួចផ្ដើម​សង្គ្រាម​លោក​លើក​ទី២ ប្រឆាំង​នឹង​កងកម្លាំងសម្ព័ន្ធ​មិត្ត។ រដ្ឋសមាជិកចម្បងនៃសម្ព័ន្ធនេះរួមមាន អាល្លឺម៉ង់ណាស៊ី ព្រះរាជាណាចក្រអ៊ីតាលី និងចក្រភពជប៉ុន។ មហា​អំណាច​អ័ក្ស​បាន​ព្រមព្រៀង​​សហការគ្នាតាមរយៈគោលជំហរនយោបាយស្ដាំនិយមជ្រុលរបស់ពួកគេ ក៏ដូចជាការ​ប្រឆាំង​នឹង​សត្រូវ​​តែ​មួយ (ក្រុមសម្ព័ន្ធមិត្ត) ប៉ុន្តែ​​​ពួកគេនៅខ្វះសិនិទ្ធភាពនិងសាមគ្គីភាពបែបមនោគមវិជ្ជាក្នុងការបំបែកកម្លាំងសម្ព័ន្ធមិត្ត។

មហា​អំណាច​អ័ក្ស​​កើត​មាន​ឡើង​​ តាមរយៈ​កិច្ច​ខិតខំ​​ប្រឹងប្រែង​ការទូត​របស់​អាល្លឺម៉ង់ ជប៉ុន និង​អ៊ីតាលី ដើម្បី​ការពារ​​ផលប្រយោជន៍​វាតទីនិយមរបស់ពួកគេក្នុង​កំឡុងពាក់កណ្ដាល​ទសវត្សរ៍ឆ្នាំ១៩៣០។ ជំហានដំបូង​នោះគឺការចុះកិច្ចព្រមព្រៀង​ពិធីសារដោយ​​អាល្លឺម៉ង់ និង​អ៊ីតាលីក្នុង​ខែ​តុលា ឆ្នាំ១៩៣៦។ នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក​បេនីតូ មូសូលីនីបាន​ប្រកាស​​នៅ​ថ្ងៃ​ទី១ ​វិច្ឆិកា ថា បណ្ដាប្រទេស​អឺរ៉ុប​​ទាំងអស់​ ចាប់ពី​ពេលនេះ​ទៅ​នឹង​​ត្រូវបង្វិលខ្លួននៅជុំវិញ​ "អ័ក្ស​រ៉ូម-ប៊ែរឡាំង" ពោលជាហេតុដែលសម្ព័ន្ធភាពនេះមានឈ្មោះថា "អ័ក្ស" ​។[] ជំហាន​បន្ទាប់ ​​កតិកាសញ្ញា​ប្រឆាំង​កូមីនទែនប្រឆាំងនឹងលទ្ធិកុម្មុយនីស្ត ត្រូវបានចុះនៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ១៩៣៦ រវាង​អាល្លឺម៉ង់ និង​ជប៉ុន មុនពេលអ៊ីតាលី​បាន​ចូលរួមនៅក្នុង​ឆ្នាំ១៩៣៧ ហើយមានហុងគ្រី និងអេស្ប៉ាញចូលរួមបន្ថែមនៅក្នុងឆ្នាំ១៩៣៩។ សម្ព័ន្ធអ័ក្សរ៉ូម–​ប៊ែរឡាំង​បាន​ក្លាយ​ជា​សម្ព័ន្ធ​​ភាពយោធា​ក្រោម​កិច្ចព្រមព្រៀង​នៃ "កតិកាសញ្ញាដែកថែប" មុនពេលត្រូវបន្តពង្រីកក្លាយជាកតិកាសញ្ញា​ត្រី​ភាគីរវាង​ជប៉ុន អ៊ីតាលី និង​អាល្លឺម៉ង់ ដែលនាំឱ្យយោធានៃរដ្ឋអំណាចទាំងបីធ្វើសមាហរណកម្មផ្ដោតលើ​គោលដៅ​តែមួយ ខណៈមានប្រទេសផ្សេងៗចូលរួមក្រោយៗទៀត។ កតិកាសញ្ញាទាំងបីដែលបានចុះខាងលើត្រូវបានគេចាត់ទុកថាជាគ្រឹះមូលដ្ឋាននៃសម្ព័ន្ធភាពអ័ក្សមួយនេះ។[]

ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី II អ័ក្ស​បាន​កាន់កាប់​ដែនដី​មួយ​ផ្នែក​ធំ​នៅ​អឺរ៉ុប អាមេរិក​ខាងជើង និង​អាស៊ី​ខាងកើត។ សង្គ្រាម​បាន​ចប់​នៅ​ឆ្នាំ១៩៤៥ ដោយ​មហាអំណាច​អ័ក្ស​បាន​ចាញ់ ហើយ​​​​​សម្ព័ន្ធ​យោធា​នេះ​​ក៏​ត្រូវ​បាន​រំលាយ​ចោល។

កំណត់សម្គាល់

[កែប្រែ]
  1. ភាសាអង់គ្លេស៖ Axis Power និងភាសាបារាំង៖ puissances de l'Axe ឬក្នុងភាសាអាល្លឺម៉ង់ អ៊ីតាលី និងជប៉ុនAchsenmächte, Potenze dell'Asse និង 樞軸國 ។

ឯកសារយោង

[កែប្រែ]
  1. Goldberg, Maren; Lotha, Gloria; Sinha, Surabhi (24 March 2009). "Rome-Berlin Axis". Britannica.Com. Britannica Group, inc. Retrieved 28 May 2026.
  2. Cornelia Schmitz-Berning (2007). Vokabular des Nationalsozialismus. Berlin: De Gruyter. p. 745. ល.ស.ប.អ. 978-3-11-019549-1.
  3. Cooke, Tim (2005). History of World War II.. 1 – Origins and Outbreak. Marshall Cavendish. p. 154. ល.ស.ប.អ. 0761474838. https://books.google.com/books?id=SKDhPHvv_c0C&q=%22Tripartite+pact%22+%22The+axis%22+%22anti-comintern+pact%22&pg=PA154 បានយកមក 28 May 2026.