អ្នកប្រើប្រាស់:ភាពតានតឹងចិត្ត

ពីវិគីភីឌា

ភាពតានតឹង (Stress)[កែប្រែ]

ភាពតានតឹង គឺជាពាក្យទូទៅដែលត្រូវបានគេប្រើជាញឹកញាប់នៅគ្រប់ទីកន្លែង។ ភាពតានតឹងជាបញ្ហាឬស្ថានភាពណាដែលបុគ្គល ម្នាក់ មានការលំបាកក្នុងការប្រឈមមុខ ដោះស្រាយអាចបណ្តាលអោយបុគ្គលនោះមានការតានតឹងចិត្ត។ បុព្វហេតុដែលបណ្តាល អោយមានការតានតឹងចិត្តអាចការពារ ឬ កាត់បន្ថយបាន។ ការការពារ ឬកាត់បន្ថយការតានតឹងចិត្តអាចជួយធ្វើអោយមនុស្សយើង មាន សុខភាព ផ្លូវចិត្ត និងសុខភាពផ្លូវកាយល្អប្រសើរ។ អ្នកស្រាវជ្រាវជាច្រើនបាន ធ្វើការសិក្សាជាច្រើនទៅលើព្រឹត្តការណ៍នៃជីវិត ដូចជា ការលែងលះ​ ឬការបាត់បង់ការងារ ក៏បានជះឥទ្ធិពលដល់ មនុស្សដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៃការស្រាវជ្រាវជាមួយនឹង ព្រឹត្តិការណ៍ល្អៗនៅក្នុងជីវិត។ យោងតាមការ ស្រាវជ្រាវខ្លះ បានរកឃើញថាមិនត្រឹមតែការលែងលះនោះទេ ដែលជះឥទ្ធិពលដល់ មនុស្ស តែសូម្បីតែការរៀបការ ក៏ជះឥទ្ធិពលដែរ។ មិនត្រឹមតែបាត់បង់ការងារនោះទេ តែសូម្បីតែរកបានការងារធ្វើក៏អាចមាន ភាពតានតឹងផ្លូវអារម្មណ៍ដែរ (Holmes & Rahe, 1967)។

តើភាពតានតឹងចិត្តជាអ្វី?[កែប្រែ]

​​​​ តំណឹងចិត្តជាប្រតិកម្មផ្លូវចិត្តដែលកើតមានឡើងនៅពេលដែលមនុស្សយើងប្រឈមមុខនឹងបញ្ហាអ្វីមួយ (សារ៉េត, 2011) ។ លោក​ Selye បានឲ្យនិយមន័យនៃភាពតានតឹងថា វាជាការឆ្លើយតបមិនជាក់លាក់មួយនៃរាង កាយទៅនឹងតម្រូវការរបស់មនុស្ស។ ភាពតានតឹងក៏ជាប្រតិកម្មនៃរាងកាយដែលអាចកើតឡើងនៅក្នុងការឆ្លើយតប ដូចជាកត្តាខាងក្នុង កត្តាខាងក្រៅ(ពុទ្ធិ) និងវត្ថុភ្ញោចពីបរិស្ថាននៅជុំវិញខ្លួនយើង (Huffman, 1994)។​ ភាពតានតឹងចិត្ត គឺជាការភ្ញោចដោយបាតុភូត ព្រឹត្តិការណ៍ ឬ វត្ថុ ដែលនៅជុំវិញ ខ្លួន ដែលធ្វើឲ្យមានការប៉ះពាល់ដល់ផ្លូវអារម្មណ៍។ (សមាជិកក្រុម, 2014)

រោគសញ្ញានៃភាពតានតឹងចិត្ត[កែប្រែ]

​​ ការតានតឹងចិត្តកើតមានឡើងពីលក្ខខ័ណ្ឌនៃការរស់នៅ ឬបទពិសោធន៏នៃជីវិតដែលមិនរីករាយ។ ភាពតានតឹង អាចរំខានដល់ សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ការរៀនកត់សំគាល់អ្នកដែលមានតំណឹងចិត្តខ្លាំង ជាប្រការមួយសំខាន់ខ្លាំងណាស់។ អាកប្បកិរិយា របស់មនុស្សម្នាក់អាចបណ្តាលអោយអ្នកដទៃកាន់តែមានការតានតឹងចិត្ត ឬបានធូរស្បើយនូវភាពតានតឹងចិត្ត។ ភាពតានតឹងចិត្តក្នុង រយៈពេលយូរ អាចបង្កអោយមានគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងរារាំងដល់ការប្រកបការងារដែលមានប្រយោជន៏។ ការផ្តល់ យោបល់សាមញ្ញៗពីអ្នករស់នៅជុំវិញខ្លួន និងការអនុវត្តន៏បច្ចេកទេសសំរាកចិត្ត កាយ អាចជួយអោយយើងបានធូរស្បើយពីភាពតាន តឹងចិត្ត។ បុគ្គលដែលកំពុងមានភាពតានតឹងអាចមានរោគសញ្ញាមួយចំនួនដូចខាងក្រោមៈ

​​​

១. រោគសញ្ញាផ្លូវចិត្ត[កែប្រែ]

   ថប់បារម្ភ ឬឆាប់ខឹង
   អារម្មណ៏ប្រែប្រួលភ្លាមៗ
   ការសញ្ជឹងគិតពុំបានល្អ ត្រូវការអោយគេប្រាប់អ្វីៗច្រើនដង ទើបអាចយល់ និងចងចាំបាន)។
   គិតពីរឿងដដែលៗមិនឈប់ឈរ (ព្រួយចិត្ត គិតច្រើន)
   មានការលំបាកក្នុងការរៀបរាប់អំពីរោគសញ្ញា និងបុព្វហេតុរបស់វា

២. រោគសញ្ញារាងកាយ[កែប្រែ]

   អស់កំលាំង
   ឈឺក្បាល
   តានតឹង ឬចុករួយសាច់ដុំ
   ហូបបាយមិនបាន (ដោយកម្រ មានអ្នកខ្លះហូបបាយច្រើនលើសលប់)
   ឈឺនេះឈឺនោះមិនច្បាស់លាស់ ឧទាហរណ៏ ឈឺត្រង់ដៃ ជើង ឬទ្រូង
   ចំពោះស្ត្រីរដូវមានការរអាក់រអួល

៣. រោគសញ្ញាផ្នែកអាកប្បកិរិយា[កែប្រែ]

   សកម្មភាពចុះខ្សោយ គ្មានកំលាំងកំហែង ឬមានសកម្មភាពច្រើនហួស
   ផឹកស្រា​ឬ ប្រើគ្រឿងញៀនដូចជាកញ្ឆា ឬ អាភៀនដើម្បីបន្ធូរភាពតានតឹង
   ពិបាកប្រមូលអារម្មណ៏លើកិច្ចការណាមួយ
   បញ្ហាដំណេក (សំរាន្តបានតិច, ចេះតែភា្ញក់, សំរាន្តច្រើនជ្រុល ទាំងនៅពេលថ្ងៃ)

៤. រោគសញ្ញាក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ[កែប្រែ]

   ឈ្លោះប្រកែកច្រើន និងមិនចុះសំរុងជាមួយគេឯង។
   ពឹងផ្អែកលើអ្នកដទៃជ្រុល ចំពោះរាល់ការសំរេចចិត្ត និងការគាំទ្រ។ ដើម្បីជួយបុគ្គលនោះបានយើងត្រូវពិភាក្សាជាមួយសមាជិកគ្រួសារ ឬមនុស្សផ្សេងៗទៀតដែលស្គាល់បុគ្គលនោះច្បាស់លាស់។
   បន្ទាប់មកត្រូវសួរថា តើសភាពរបស់បុគ្គលនោះមិនប្រក្រតីក្នុងលក្ខណៈណាខ្លះ មនុស្សដែលជួបប្រទះភាពតានតឹងចិត្តជាប្រចាំ ធ្ងន់ធ្ងរ និងរុំារ៉ៃ អាចមានការលំបាកក្នុងការដោះស្រាយ ហើយអាចវិវត្តន៏ទៅជាមាន ជំងឺផ្លូវចិត្តកំរិតស្រា។ល។

៥. រោគសញ្ញា និងជំងឺដែលបណ្តាលមកពីភាពតានតឹងចិត្ត[កែប្រែ]

   ប្រព័ន្ធឈាមរត់ៈ ជំងឺសរសៃឈាមចិញ្ចិមបេះដូង, សម្ពាធឈាមឡើង, ជំងឺស្រ្តក (Stroke), ការប្រែប្រួលចង្វាក់បេះដូង។
   ប្រព័ន្ធដកដង្ហើមៈ ជំងឺហឺត, ជំងឺតឹងច្រមុះ។
   ប្រព័ន្ធរំលាយអាហារៈ ដំបៅក្រពះ, ចង្គោមសញ្ញារលាកពោះវៀនធំ, រាករូស, ចង្អោរ និង ក្អួ្ត​ រលាកពោះវៀន។
   ប្រព័ន្ធសាច់ដុំៈ ឈឺក្បាលធ្ងន់ធ្ងរ, ឈឺសាច់ដុំខ្នង (កន្រ្តាក់សាច់ដុំ)
   ប្រព័ន្ធចលករៈ ជំងឺរលាកសន្លាក់
   ប្រដាប់បន្តពូជ និងប្លោកនោមៈ នោមញឹកញាប់, ការរួមភេទប្រែប្រួល
   វិបត្តិស្បែកៈ តាអក, ជំងឺសើរស្បែក , មុន។
   វិបត្តិភាពការពារក្នុងសរីរាង្គៈ ភាពការពារចុះខ្សោយ, ជំងឺប្រព័ន្ធការពាររាងកាយបញ្ហាផ្សេងៗ: អស់កំលាំងល្ហិតល្ហៃ

តើភាពតានតឹងចិត្តកើតឡើងដោយរបៀបណា?[កែប្រែ]

តំណឹងចិត្តគឺជាសភាពមិនសប្បាយចិត្តដែលបានកើតឡើង នៅពេលដែលយើងបានដឹង ថា ព្រឹត្តិការបានគំរាមកំហែងដល់ សមត្ថភាពរបស់យើងក្នុងការដោះស្រាយ បញ្ហាប្រកបដោយ ប្រសិទ្ធភាព។ មានប្រភពខុសគ្នាជាច្រើនដែលបណ្តាលឲ្យមានតំណឹង។ ប្រភពតំណឹងចិត្តបាន បែងចែកជាបីប្រភេទសំខាន់គឺ មហន្តរាយនានា (Catastropes) បំរែបំរួលសំខាន់ៗនៅក្នុងជីវិត (Major life events) និង ការពិបាកប្រចាំថ្ងៃ (Daily hassles)។ ក្រៅពីនេះនៅមានរោគសញ្ញាជាច្រើនទៀតដូចជា៖

១. មហន្តរាយនានា (Catastropes)​​[កែប្រែ]

មហន្តរាយរួមមាន ដូចជា ទឹកជំនន់ (Flood) ការចាប់រំលោភ ការខ្វះទីជំរក គ្រោះថ្នាក់ចរាចរ ឧបទ្ទវហេតុអាវុធនុយក្លេរអ៊ែរ ព្យុះសង្ឃរា ការផ្ទុះភ្នំភ្លើង រញ្ជួយដី ។ល។ ផលប៉ះពាល់ប្រកបដោយការឈឺចាប់នៃមហន្តរាយទៅលើសុខភាពត្រូវបានកត់ត្រាយ៉ាង ច្បាស់លាស់។ ឧទាហរណ៏ Paul និង Gerald Adams (១៩៨៤) បានធ្វើការត្រួតពិនិត្យ ការកត់ត្រាជាសាធារណៈនៅ Othello និង Washington ទាំងមុន និងក្រោយការផ្ទុះភ្នំភ្លើង The Mount Saint Helens ក្នុងឆ្នាំ ១៩៨០ ដែលបានព្រូសចេញនូវស្រទាប់ផេះខាប់ ពាសពេញសហគមន៏។ ពួកគេបានរកឃើញថាមានកើនឡើងនូវការហៅទូរស័ព្ទទៅរកខាង បណ្តាញវិបត្តិសុខាភាពផ្លូវចិត្តក្រោយពី ទទួលរងការប៉ះទង្គិចផ្លូវចិត្តដោយសារការផ្ទុះភ្នំភ្លើង។ ដោយផ្អែកលើការសិក្សាចំនួន៥២ បន្ថែមទៀត Anthony Rubonis និង Leonard Bickman (1991) បានធ្វើការសន្និដ្ឋានថា អត្រាខ្ពស់នៃជំងឺផ្លូវចិត្តគឺកើតឡើងនៅក្នុងស្ថានការណ៏បន្ត បន្ទាប់នៃមហន្តរាយបរិស្ថាន ធ្ងន់ធ្ងរ។

២. បំរែបំរួលសំខាន់ៗនៅក្នុងជីវិត (Major life events)[កែប្រែ]

មនុស្សមួយចំនួនមានសំណាងគ្រាប់គ្រាន់ ដើម្បីជៀសវាងនូវមហន្តរាយធ្ងន់ធ្ងរ។ ប៉ុន្តែគ្មាននរណាម្នាក់អាចគេចញពីតំណឹងចិត្ត បានទេ។ ចិត្តវិទូបាននិយាយថាមូលហេតុ គឺបណ្តាលមកពី ការផ្លាស់ប្តូរ ទោះបីជាការផ្លាស់ប្តូរបែបណាក៏ដោយក៏នាំឲ្យមានតំណឹងចិត្ត ដែរ។ ពីព្រោះការផ្លាស់ប្តូរបង្ខំយើងឲ្យសម្របសម្រួលខ្លួនទៅតាមកាលៈទេសៈ( ស្ថានភាព) ថ្មី។ សម្មតិកម្ម នេះត្រូវបានលើកឡើង លើកទី១ដោយ Thomas Holmes Rechard Rahe (1967) ដែល បានធ្វើការសំភាសន៏អ្នកជំងឺនៅមន្ទីពេទ្យហើយពួកគេបាន ឃើញថាជំងឺរបស់ពួកគេបណ្តាលមកពីការផ្លាស់ប្តូរសំខាន់ៗនៅក្នុងទិដ្ឋភាពមួយចំនួននៅក្នុងការរស់នៅរបស់ពួកគេ។ មិនថាការ ផ្លាស់ប្តូរ អវិជ្ជមានដូចជាទទួលការឈឺចាប់ លែងលះ​ ឬភ្លើងឆេះផ្ទះ​ ឬការផ្លាស់ប្តូរវិជ្ជមានដូចជារៀប អាពាហ៏ពិពាហ៏ ដំឡើងតួនាទី ឬមានកូន សុទ្ធតែធ្វើឲ្យមានតំណឹងចិត្ត។

៣. ការពិបាកប្រចាំថ្ងៃ (Daily hassles)[កែប្រែ]

ទោះបីជាយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវថ្មីៗនេះបានរកឃើញថាប្រភពសំខាន់បំផុតនៃតំណឹងចិត្ត គឺបណ្ដាលមកពីការពិបាក នានាដែលធ្វើឲ្យយើងខឹងក្តៅក្រហាយរៀងរាល់ថ្ងៃ។ កត្តាបរិស្ថានរួមមានដូចជា ប្រជាជនមានតង់ស៊ីតេខ្ពស់ សំលេងលឺខ្លាំង ក្តៅ ឬត្រជាក់ខ្លាំងពេក និង ការជក់បារី ទាំងអស់នេះហើយជាប្រភពដែលធ្វើឲ្យមានតំណឹងចិត្ត។ រថយន្តមានបញ្ហា រង់ចាំ នៅក្នុងជួរ នៅឯទីផ្សារទំនើប បាត់កូនសោរ ទំនាស់ជាមួយមិត្តភក្តិជិតសិ្នទ្ធ ប្រលងបញ្ចប់ ធ្វើការងារមិនបានល្អ បារម្ភពីបញ្ហាប្រាក់កាស និងបញ្ហាតូចតាចដទៃទៀតក៏អាចដាក់សំពាធ ជាប្រចាំមកលើយើងផងដែរ។ នៅក្នុងនេះក៏មានបញ្ហាជាច្រើនទៀតដែរដូចជា៖


ការពិបាកប្រចាំថ្ងៃរបស់កុមារ និងជំទង់[កែប្រែ]
   ត្រូវបានគេឆាឆៅនៅក្នុងសាលារៀន
   ត្រូវទៅដេកនៅពេលដែលខ្លួនមិនទាន់ចង់ដេក
   ទទួលទណ្ឌកម្មដោយសារការធ្វើអ្វីមួយខុស
   ឃើញក្មេងដទៃអាចធ្វើអ្វីមួយបានប្រសើរជាងខ្លួន
   មានអារម្មណ៏អផ្សុក ហើយគ្មានអ្វីត្រូវធ្វើ
   ការសំអាតបន្ទប់របស់ខ្លួន
   ការពិបាកប្រចាំថ្ងៃរបស់និស្សិតមហាវិទ្យាល័យ
ការពិបាកប្រចាំថ្ងៃរបស់និស្សិតមហាវិទ្យាល័យ[កែប្រែ]
   ទំនាស់ជាមួយមិត្តប្រុស ឬមិត្តស្រី
   មិនពេញចិត្តនិងជំនាញកីឡា/ អត្ថពលរបស់ខ្លួន
   ការជឿទុកចិត្តត្រូវបានមិត្តភក្តិបោកប្រាស់/ ក្បត់
   ការតស៊ូរៀនសូត្រដើម្បីឲ្យសំរេចដល់កំរិតស្តង់ដា
   គ្មានពេលលំហែរសំរាកគ្រប់គ្រាន់
   លឺពាក្យអេចអូចទាក់ទងជាមួយមនុស្សដែលយើងយកចិត្តទុកដាក់
   មិនពេញចិត្តជាមួយនិងរូបរាងខាងក្រៅរបស់ខ្លួន


ការពិបាកប្រចាំថ្ងៃរបស់មជ្ឃឹមវ័យ (មនុស្សពេញវ័យ)[កែប្រែ]
   ព្រួយបារម្ភអំពីទំងន់
    សុខភាពរបស់សមាជិកគ្រួសារ
    កាតព្វកិច្ចសង្គម
    អ្នកជក់បារីដែលឥតគិតក្រែង
    បារម្ភពីបញ្ហាលុយកាក់
    ច្រលំ ឬបាត់របស់
   ជួសជុលផ្ទះសំបែង
    សន្តិសុខការងារ

តើអ្នកអាចព្យាបាលភាពតានតឹងនេះដោយរបៀបណា?[កែប្រែ]

អ្នកអាចដោះស្រាយ ឬព្យាបាលភាពតានតឹងបានតាមពិធីជាច្រើន


១. វិធីសាស្រ្តតាមបែបប្រពៃណី[កែប្រែ]

   ការព្យាបាលដោយប្រើឪសថបូរាណ
   ការព្យាបាលដោយមិនប្រើឪសថ
   ការសែនព្រេន
   ការបន់ស្រន់
   ការសូត្រមន្ត
   ការស្តោះព្រួស
   ការធ្វើវិបស្សនា
   ការលើករាសី
   បុណ្យឆាក បច្ច័យបួន បង្សុកូល
   បុណ្យសព បុណ្យ៧ថ្ងៃ
   ពិធីជញ្ជាន់ព្រលឹង
   សូត្រធម៌ បាលី
   ការថ្វាយបង្គំព្រះ
   ការធ្វើសមាធិ
   ការស្រោចទឹក
   ការទស្សន៍ទាយ
   ការរំដោះគ្រោះ

ចំណាំ ពិធីនេះអាចមានប្រសិទ្ធិភាព តែមិនជា១០០%នោះទេ ហើយជាក្នុងការពេលមួយខ្លី។


២. វិធីសាស្រ្តតាមរយៈ ការបន្ធូរអារម្មណ៍[កែប្រែ]

   ការសំរាកលំហែអាចបន្ថយភាពតានតឹងបាន ដូចជាការអាន ការច្រៀងរាំកំសាន្ត ស្តាប់ភ្លេង ធ្វើដំនើរកំសាន្ត មើលទូរស្សន៏ ជួបជជែកលេងជាមួយមិត្តភក្តិ សមាធិ ឬគ្រាន់តែសំរាកអោយស្រួលក៏បាន។
   មនុស្សដែលមានអារម្មណ៏ឯកោ គប្បីត្រូវបានទទួលការលើកទឹកចិត្តអោយធ្វើសកម្មភាពដែលមានប្រយោជន៏ខ្លះៗ ទោះបីជាសកម្មភាពនោះមានលក្ខណៈតូចតាចប៉ុណ្ណាក៏ដោយ។
   អ្នកខ្លះ ព្យាយាមធ្វើខ្លួនអោយរវល់ជាប់ជានិច្ច ដើម្បីបំភ្លេចអ្វីៗដែលជាទុក្ខព្រួយក្នុងចិត្ត។ ត្រូវជំរុញទឹកចិត្តពួកគេអោយជួបជជែកជាមួយមនុស្សនៅក្នុងសហគមន៏ដែលមានជំហររឹងមាំជាងខ្លួន ជាពិសេសធនធានមនុស្សក្នុងសហគមន៏ ដូចជាព្រះសង្ឃ ចាស់ទុំក្នុងភូមិគ្រូបង្រៀន។ ល។
   ការសំរាកនៅពេលយប់និង ពេលថ្ងៃត្រង់ជាការចាំបាច់ណាស់ គប្បីពន្យល់លើកទឹកចិត្តក្រុមគ្រួសារ និងសហគមន៏របស់គាត់អោយកាត់បន្ថយសំលេងអ៊ូអរដែលរំខាននៅពេលយប់។


៣. ការដោះស្រាយភាពតានតឹងចិត្ត តាមរយៈសកម្មភាពសហគមន៏[កែប្រែ]

1. សិល្បះ[កែប្រែ]

តន្រី្ត ចំរៀងប្រពៃណី និងការរាំកំសាន្ត (រាំវង់ រាំក្បាច់ សារាវ៉ាន់ ឡាំលាវ អាយ៉ៃ) អាចជួយកាត់បន្ថយភាពតានតឹងបាន។

2. កីឡា[កែប្រែ]

ល្បែងកំសាន្តនានា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង បាល់ទាត់ បាល់ទះ ជាដើម ធ្វើឲ្យមនុស្សមានឳកាសជួបជុំគ្នា ទៀតផង។


3. ការនិទានរឿង[កែប្រែ]

ស្តាប់ជុំ គ្នានាពេលព្រលប់ ក៏ជាវិធីសំរាកលំហែរ មួយ និងជួយអោយពួកគេបានជួប ជុំគ្នា ដើម្បីរៀនសូត្រពីគ្នា និងស្វែងយល់ពីជីវិតរស់នៅ។


4. ការប្រារព្ធបុណ្យប្រពៃណី តាមបែបសាសនា[កែប្រែ]
   ពិធីបុណ្យសាធារណៈបែបនេះអាចជួយកាត់បន្ថយភាពតានតឹងដល់សហគមន៏ទាំងមូលមិនសំរាប់អ្នកមានជំងឺផ្លូវចិត្តទេ។
   ជាការជំរុញទឹកចិត្តដ៏ល្អ មួយបែបទៀត ដើម្បីអបអរដល់ជីវិត និងបង្កើតនូវក្តីសង្ឃឹមនាពេលអនាគត។


5. ការងារជាក្រុម[កែប្រែ]

ការងារជាក្រុមចាំបាច់ត្រូវឲ្យសមាជិកដែលមានជំហររឹងមាំជួយជំរុញ ទឹកចិត្ត អ្នកទន់ខ្សោយជាខ្លួន។


៤. បច្ចេកទេសសំរាកចិត្ត កាយ[កែប្រែ]

1. លំហាត់ដកដង្ហើម[កែប្រែ]

លំហាត់ដកដង្ហើម គឺជាការសង្កេតលើខ្យល់ដកដង្ហើមត្រង់កន្លែងដែលខ្យល់ដង្ហើមចេញចូល (ដឹងថា​ខ្យល់ដង្ហើមមកប៉ះចុងច្រមុះនិង បបូរមាត់លើ ឬផ្ទៃពោះមានចលនាចុះឡើងរាល់ដង្ហើមចេញចូល)។

១. ដំណាក់កាលទី១: ការមានសតិជាប់ជានិច្ច ដឹងនូវរាល់ការដកដង្ហើមចេញចូលដោយ មិនភ្លាត់។ យើងត្រូវហាត់អនុវត្តអោយច្រើនដង រហូតទាល់តែអាចផ្ចង់អារម្មណ៏មូលទៅលើ ខ្យល់ដកដង្ហើម។

២. ដំណាក់កាលទី២​: ការដកដង្ហើមចូលវែងដឹងថាចូលវែង ការដកដង្ហើមចេញវែង ដឹងថាចេញវែង ការដកដង្ហើមចូលខ្លីដឹងថាចូលខ្លី ការដកដង្ហើមចេញខ្លីដឹងថាចេញខ្លី។

៣. ដំណាក់កាលទី៣​:​ ពេលដកដង្ហើមគ្រោតគ្រាត ឬរអាក់រអួលដឹងថាគ្រោតគ្រាត រអាក់រអួល។ ជាលទ្ធផលចុងក្រោយ យើងត្រូវដឹងនូវរាល់ការប្រែប្រួលនៃចង្វាក់ដង្ហើមរបស់យើងនោះ យើងនឹងមានសតិមាំមួនអាចផ្ចង់ចិត្តអោយមូលនៅក្នុងអារម្មណ៏តែមួយ។


2. លំហាត់សំរាកសាច់ដុំជាដំណាក់ៗ[កែប្រែ]

ដេកផ្ងារ​ សណ្តូកជើង (នៅលើផ្ទៃរាបលើកន្ទេល ឬនៅលើគ្រែ) ហើយដាក់ដៃអោយស្របតាមដងខ្លួន។ បន្ទាប់មក បិទភ្នែកហើយសង្កេតទៅលើចលនាដង្ហើមរបស់យើង។ បន្តិចម្តងៗ ដកដង្ហើ​មមួយៗវែងៗ ដូចពោលក្នុងលំហាត់ដកដង្ហើម។ យើងគប្បីបន្ធូររាងកាយរបស់់យើងធូរ ហើយដេកសណ្តូកដូចជាមនុស្សស្លាប់…។ សំរាកបន្ធូរផ្នែកផ្សេងៗនៃរាងកាយនិងសាច់ដុំសន្សឹមៗ​។ ដំបូងបំផុតយើងត្រូវផ្ចង់អារម្មណ៏ទៅលើម្រាមជើងរបស់យើង ហើយសំរាកបន្ធូរវាអោយបានស្រួលដោយនឹកក្នងចិត្តថា ម្រាមជើងរបស់ខ្ញុំបានសំរាកដោយសុខស្រួលហើយ សន្តិ​ សន្តិ សន្តិ។


3. លំហាត់ពោលពាក្យផ្ទួនៗ[កែប្រែ]
        ការពោលពាក្យ ឬឃ្លា ដូចជា ព្រះធម៌ មន្តអាគម គាថា ផ្ទួនៗឡើងវិញ អាចបង្កើតអោយមានសេចក្តីសុខផ្លូវចិត្ត។ គេអាចពោលឃ្លាថា (ពុទ្ធំ សរណំ កច្ជាមិ) ឬពោលពាក្យ (ពុទ្ធោ) ឬពាក្យពេចន៍អ្វីមួយដែលមានន័យល្អតាមចូលចិត្ត។ ជាដំបូង ត្រូវពោលពាក្យដែលយើងបានជ្រើសរើសអោយបានច្រើនដង បានពីរដងក្នុងមួយថ្ងៃ។


4. លំហាត់តាំងសមាធិ[កែប្រែ]
        ត្រូវអង្គុយក្នុងស្ថានភាពមួយដែលងាយស្រួល រក្សាដងខ្លួនអោយត្រង់ នៅកន្លែងស្ងាត់គ្មានការរំខាន។ ដកដង្ហើមចេញ ចូលដោយផ្ទង់អារម្មណ៍ទៅលើខ្យល់ដង្ហើមមកប៉ះចុងច្រមុះ ឬទៅលើចលនាផ្ទៃពោះ។


៥. ដំណោះស្រាយតំណឹងចិត្ត[កែប្រែ]

        គ្មាននរណាម្នាក់អាចជៀសវាងតំណឹងចិត្តបានទេ ហើយគ្មាននរណាម្នាក់អាចការពារ តំណឹងចិត្តបានដែរ។ ប៉ុន្តែយើងអាចព្យាយាមធ្វើឲ្យផលប៉ះពាល់អវិជ្ជមានរបស់វាមកលើ សុខភាពរបស់យើងឲ្យនៅតូចបាន។


1. យុទ្ធសាស្រ្តដោះស្រាយតំណឹងចិត្ត[កែប្រែ]

យន្តការដោះស្រាយគឺជាគំរូអាកប្បកិរិយា ឬយុទ្ធសាស្រ្តដោះស្រាយដែលយើង ប្រើប្រាស់​ដើម្បីគ្រប់គ្រង តំណឹងចិត្ត។ ទោះបីជាមនុស្សដោះស្រាយតំណឹងចិត្តដោយ មធ្យោបាយខុសគ្នាៗ យើងម្នាក់ៗគួរតែអភិវឌ្ឍន៏របៀប ឬគំរូអាកប្បកិរិយាពិតប្រាកដ។ ចិត្តវិទូបានកំណត់យន្តការ ដោះស្រាយទូទៅមានបីប្រភេទៈ


2. យុទ្ធសាស្ត្រផ្តោតទៅលើបញ្ហា (Problem focused strategy)[កែប្រែ]

ព្យាយាមដោះស្រាយ តំណឹងចិត្ត ដោយផ្លាស់ប្តូរស្ថានភាពតានតឹង។ យុទ្ធសាស្រ្តនេះអាចពាក់ព័ន្ធក្នុងការព្យាយាម ដើម្បីគេចចេញពីស្ថានភាពភាពតានតឹងដោយធ្វើផែនការទៅមុខ សុំជំនួយដើម្បីផ្លាស់ប្តូរស្ថានភាពតានតឹង ឬកំចាត់ចេញនូវមូលហេតុធ្វើឲ្យតានតឹង។ដំណោះស្រាយផ្តោតទៅលើបញ្ហាដំណើរការទៅបាន នៅពេលដែលយើងអាចគ្រប់គ្រងលើស្ថានភាពមួយចំនួន។


3. យុទ្ធសាស្រ្តផ្តោតទៅលើពុទ្ធិ (Cognitive focused strategy)[កែប្រែ]

ផ្តោតទៅលើការផ្លាស់ប្តូរ គំនិតអំពីស្ថានភាពតានតឹង។ បើសិនស្ថានភាពតានតឹងមិនអាចជៀសវាងបាន ដូច្នេះយើង អាចព្យាយាមផ្លាស់ប្តូរមធ្យោបាយក្នុងការទទួលដឹងពីមូលហេតុ ដែលនាំឲ្យមានភាព តានតឹង។ យើងអាចព្យាយាមធ្វើការវាយតំលៃពីស្ថានភាពឡើងវិញ ដើម្បីដាក់វាស្ថិតនៅ ក្នុងស្ថានភាពជាក់លាក់មួយ។


4. យុទ្ធសាស្រ្តផ្តោតទៅលើចិត្តរំភើប (Emotional focused strategy)[កែប្រែ]

       ព្យាយាមផ្លាស់ប្តូរ នូវអារម្មណ៏មិនសប្បាយចិត្តដែលបណ្តាលមកពីស្ថានភាពតានតឹង ។ យុទ្ធសាស្រ្តដូចជា ដកដង្ហើមវែងៗដើម្បីកាត់បន្ថយការថប់បារម្ភ ជាគំរូមួយនៃការដោះស្រាយនៅក្នុង យុទ្ធសាស្រ្តនេះ។ ប៉ុន្តែយុទ្ធសាស្រ្ត Adaptive ត្រូវបានប្រើប្រាស់ផងដែរ ដូចជាចូលរួម សកម្មភាពដែលធ្វើឲ្យអ្នកសប្បាយរីករាយ ឬស្វែងរកការយល់ចិត្តពីអ្នកដទៃ។ ដំណោះ ស្រាយផ្តោតទៅលើចិត្តរំភើបដំណើរការទៅបាន នៅពេលដែលស្ថានភាពស្ថិតនៅក្រៅ ការ គ្រប់គ្រងរបស់យើងនូវជំរើសនៅក្នុងការចាត់ចែងចំលើយតបរបស់យើងចំពោះស្ថានភាពតឹងនោះ។


5. ការគាំទ្រផ្នែកសង្គម(Social Support)[កែប្រែ]

ទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ គឺជាការព្យាបាលចំពោះមូលហេតុ ជាច្រើន។ មិត្តភក្តិជួយដោយលើកទឹកចិត្តឲ្យយើងចេញក្រៅ និងធ្វើការហាត់ប្រាណ ហូបអាហារទៀងពេល ឈប់ជក់បារី ឬឈប់ផឹកស្រា ឬស្វែងរកអ្នកជំនាញឲ្យជួយ។ អារម្មណ៏រំភើបនៅពេលមិត្តភក្តិបង្ហាញពីការយល់ពីចិត្ត និងជួយរ៉ាប់រងនៅពេលមាន តំណឹងចិត្ត។ ពេលខ្លះមានមិត្តល្អម្នាក់ជួយជ្រោមជ្រែងយើងឲ្យមានភាពជឿជាក់អោយតំលៃ ខ្លួនឯង និងមានអារម្មណ៏សុវត្តិភាព។ ដូច្នេះការគាំទ្រផ្នែកសង្គមពីមិត្តភក្តិ និងសមាជិក ក្រុមគ្រួសារ ឬសូម្បីតែសត្វចិញ្ចឹមក៏អាចជួយកាត់បន្ថយតំណឹងចិត្ត និងជួយធ្វើឲ្យសុខភាព ល្អប្រសើរ។ មនុស្សដែលមានទំនាក់ទំនងច្រើ​ននៅក្នុងសង្គមអាចគេចផុតពីជំងឺនិងមាន អាយុវែងជាង។

តើអ្នកដឹងថាភាពតានតឹងចិត្តអាចបណ្តាលឲ្យមានជម្ងឺផ្លូវកាយមួយចំនួន?[កែប្រែ]

១. ជម្ងឺបេះដូង[កែប្រែ]

       ជំងឺបេះដូង (Coronary Heart Disease CHD) ជាមួយរួមតូចនៃសសៃឈាមដែលនាំ អុកស៊ីសែន(oxygen) និងសារធាតុចិញ្ចិម (nutrients) ទៅអោយសាច់ដុំបេះដូង(Heart muscle) ។ បច្ចុប្បន្ននេះCHD ជាមូលហេតុនាំមុខគេដែលធ្វើឲ្យមនុស្សស្លាប់នៅ សហរដ្ឋអាមេរិក។ លទ្ធនៃ ការគាំងបេះដូងត្រូវបានកើនឡើង នៅពេលដែលការផ្តល់ឈាមទៅឲ្យបេះដូងត្រូវបានគាំង។ កត្តាមួយចំនួនត្រូវបានគេដឹងថាធ្វើអោយកើនឡើងនូវគ្រោះថ្នាក់នៃCHD ។​ កត្តាបីសំខាន់បំផុតគឺ សំពាធឈាមកើនឡើងខ្ពស់ (High blood pressure) ការជក់បារី(Cigarette smoking) និងជាតិខ្លាញ់នៅក្នុងសសៃឈាមកើនឡើងខ្ពស់ (high cholesterol) ។ មូលហេតុធំជាងគេដែល ធ្វើឲ្យមានជំងឺបេះដូងគឺទាក់ទងទៅនឹងសំពាធឈាមកើនឡើងខ្ពស់ដែលបណ្តាលមកពីតំណឹងចិត្ត។

២. ប្រព័ន្ធការពារជម្ងឺ[កែប្រែ]

        ប្រព័ន្ធការពារជំងឺ (​The immune system) ជាប្រព័ន្ធការពារសាំញុំាមួយដែលប្រឆាំងជាមួយពពួក បាក់តេរី(Bacteria) មេរោគ​(Viruses) បារ៉ាស៊ីត(Parasites) និងមេរោគផ្សេងៗទៀតដែលចូលមក លុកលុយនៅក្នុងរាងកាយ។ ភាពតានតឹងចិត្ត អាចធ្វើឲ្យ ប៉ះពាល់ដល់ប្រព័ន្ធការពារជម្ងឺ។         មនុស្សដែលស្ថិតនៅក្រោមឥទ្ធពលតំណឹងចិត្តទំនងជាជក់បារី ផឹកស្រា ឬប្រើប្រាស់ គ្រឿងញៀនច្រើនជាងមុន សំរាន្តតិចតួច មិនធ្វើលំហាត់ប្រាណនិង​មិនតមចំណីអាហារ។ អាកប្បកិរិយាគ្រោះថ្នាក់ទាំងនេះ អាចធ្វើឲ្យចុះខ្សោយទិដ្ឋភាពសំខាន់របស់ប្រព័ន្ធការពារជំងឺ។ តំណឹងចិត្តបានកាត់បន្ថយសកម្មភាពរបស់កោសិកាឈាមពិសេស ជាលទ្ធផលគឺធ្វើឲ្យប្រព័ន្ធ ការពាររាងកាយធ្លាក់ចុះ និងកើនឡើងនូវភាពងាយទទួលរងជំងឺផ្សេងៗ (Cohen and Williamson,​1991)។

៣. ជម្ងឺមហារីក[កែប្រែ]

        ជំងឺមហារីក (Cancer) ទោះបីគ្មាននរណាម្នាក់ដឹងពីទំនាក់ទំនងច្បាស់លាស់ រវាងតំណឹងចិត្ត និងជំងឺមហារីក ប៉ុន្តែតំណឹងចិត្ត អាចបណ្តាលឲ្យការលូតលាស់សាច់ពក (tumor) នៅក្នុងរាងកាយ មានការកើនឡើងលឿនជាង។

តើភាពតានតឹងមានសារៈប្រយោជន៍អ្វីខ្លះដល់មនុស្ស?[កែប្រែ]

ភាពតានតឹង អាចជួយឲ្យអ្នកមានការប្រកួតប្រជែងដើម្បីធ្វើឲ្យអ្នករកឃើញគោលដៅរបស់អ្នកបាន។ នៅ ពេលយើងមាន អារម្មណ៍ថាមានភាពតានតឹង នៅពេលនោះវាបានបញ្ចេញអរម៉ូនជាច្រើន ដូចជាអរម៉ូនអាដ្រេណាលីន ដែលអាចឲ្យមានសារៈសំខាន់ ចំពោះសុខភាពខួរក្បាល។ កាហេ្វមួយកែវអាចជួយឲ្យយើងបង្កើនថាមពលក្នុង រយៈពេលដែលត្រូវបានកំនត់។ អរម៉ូនអាដ្រេណាលីន ធ្វើឲ្យមានកំណើននូវបំរុងប្រយ័ត្ន និងការយល់ដឹង ហើយវា អាចពង្រើងនូវការចងចាំ និងមុខងារនៃពុទ្ធិ។

ឯកសារយោង[កែប្រែ]

   ក្រសួងសុខាភិបាល (២០០៥). ការថែទាំសុខភាពផ្លូវចិត្ត. ភ្នំពេញៈ អង្គការសុខភាពពិភពលោក
   សារ៉េត (២០១១), ចិត្តវិទ្យាមិនធម្មតា. ភ្នំពេញៈ ភូមិន្ទភ្នំពេញ ទំព័រ12
   កម្មវិធីសុខភាពផ្លូវចិត្ត (បោះពុម្ភលើកទី២, ២០០៤). សុខភាពផ្លូវចិត្តសហគមន៍នៅកម្ពុជា. ភ្នំពេញៈ មូលនិធិនៃការផ្តួចផ្តើមការថែបំប៉ន និងសុខភាព។
   គំនិចចិត្តវិទ្យាមូលដ្ឋាន (២០០៧). ស្វែងយល់ពីការប៉ះទង្គិចផ្លូវចិត្តនៅកម្ពុជា. ភ្នំពេញៈ មជ្បមណ្ឌលអភិវឌ្ឍន៍សង្គម។
   ក្រសួង (២០១១). វិទ្យាសាស្រ្តៈ ជីវវិទ្យា . ភ្នំពេញៈ គ្រឹះស្ថានបោះពុម្ភនិងចែកផ្សាយ។
   Selye, H. (1956). The stress of life. New York: Harper & Row.
   Cannon, W.B. (1936). Bodily changes in pain, hunger, fear, and rage. New York: Appleton-Century.
   Holmes .T.H., Rahe, R.H. (1967). The social readjustment rating scale. Journal of Psychosomatic Research, 11, 213-218
   B, Jacobson. S, Joan (1996). Abnormal Psychology: Current Perspectives. New York: McGraw-Hill Inc, p210.
   Baron (3th 1995). New York: Ally & Bacon.
   Huffman, Varnoy, Vernoy (3th 1987). Psychology in Action. New York: John Wiley & Sons, Inc.
   Sousa (2001): How the Special Needs Brain Learns. New York: Corwin Press. P7.
   Brannon & Jess Feist (5th 2004). Health Psychology: An Introduction to Behavior and Health. New York: Wadsworth, a division of Thomson Learning, Inc.
   John (5th 1997). Psychology. New York: Times Mirrors Higher Education Group, Inc.
   J. John (4th 2000). Biopsychology. New York: Allyn & Bacon A Pearson Education Company.
   http://www.calmclinic.com/stress-anxiety
   http://www.entrepreneur.com/article/227371
   http://en.wikipedia.org/wiki/Stress_(biology)