អ្នកប្រើប្រាស់:យាំ សារដ្ឋ

ពីវិគីភីឌា

លោក យាំ សារដ្ឋ ឈ្មោះហៅក្រៅ ពីឡុត ជាកូនប្រុសច្បងក្នុងចំណោមបងប្អូនពីរ (ប្អូនស្រីម្នាក់ឈ្មោះ យាំ សៅលីម) កើតក្នុងត្រកូលកសិករ ដែលមានឪពុកឈ្មោះ ប្រិយ សារី និងម្តាយឈ្មោះ សូ សុខា ដែលសព្វថ្ងៃមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង។ លោក យាំ សារដ្ឋ មានដើមកំណើតនៅក្នុងភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៨៤។ កាលនៅជាកុមារភាព លោករស់នៅតែជាមួយម្តាយ និងជីដូនជីតា។ ពីឡុតតែងតែទៅស្រែតាមម្តាយ និងយាយតាតាមទំលាប់ជាធម្មតា និងពេលខ្លះដើរតាមពូៗទៅឃ្វាលគោនៅឯខាងជើង និងខាងលិចភូមិ ក្បែរៗភ្នំពាមលោក។ កាលនៅជាកុមារភាព ក្មេងតូចនេះពុំសូវបានជួបមុខឪពុកទេ ព្រោះឪពុករបស់គាត់ជាយោធាជាប់បំពេញភារកិច្ចនៅឯសមរភូមិ ហើយយូរៗម្តង ទើបគាត់បានមកមើលប្រពន្វកូនគាត់។ កុមារាពីឡុត លុះចម្រើនវ័យដល់អាយុ ៦ឆ្នាំ (ក្នុងឆ្នាំ ១៩៩០) ឪពុករបស់គាត់បានធូរដៃខ្លះពីសមរភូមិ ហើយគាត់ក៏ត្រូវបានថ្នាក់លើចាត់តាំងឲ្យទៅប្រចាំការនៅឯវរៈ០១ (កន្លែងទាហានធ្វើការ) ក្នុងទីរួមខេត្តកំពង់ឆ្នាំង។ ក្នុងនាមជាយោធាការពារជាតិមួយរូប ឪរបស់ពីឡុតធ្លាប់ត្រូវរបួសដោយសារគ្រាប់កាំភ្លើងមួយគ្រាប់ត្រង់ភ្លៅ តែក្រោយមកគាត់បានជាសះស្បើយដូចធម្មតាវិញ។ ក្នុងកាលដែលឪពុករបស់ពីឡុតបានទៅប្រចាំការនៅឯវរៈ០១ គាត់ក៏ទទួលបានដីមួយប្លង់នៅក្បែរនោះដែរ ដែលនេះជាការផ្តល់ជូនរបស់ថ្នាក់លើ។ ក្នុងឆ្នាំដដែលនោះហើយ ដែលម្តាយ និងកូនប្រុសម្នាក់នេះ ត្រូវបានឪពុកនាំចាកចេញពីភូមិស្រុកកំណើត ដែលមានចម្ងាយប្រមាណ ៥០គ.ម ពីទីរួមខេត្តកំពង់ឆ្នាំង ទៅរស់នៅជួបជុំគ្នានៅក្នុងខ្ទមស្លឹកមួយ ក្បែរកន្លែងប្រចាំការរបស់គាត់។

ឯកសារ:សារដ្ឋ កាលនៅជាកុមារភាព

ជីវិតរបស់កុមារាពីឡុត ក៏ចាប់ផ្តើមដើរលើផ្លូវថ្មីមួយ ដែលខុសគ្នាពីក្មេងៗឯទៀតដែលស្ថិតនៅក្នុងភូមិស្រុកជាមួយគ្នា។ ដំណើរជីវិតនេះ ហាក់កំពុងដើរតាមផែនការមួយ ដែលបានរៀបចំទុកជាមុនរួចជាស្រេច។

ប្រវត្តិនៃការសិក្សា និងការងារ៖

- ឆ្នាំ ១៩៩១ កុមារពីឡុត បានទៅតាមឪពុកដែលនាំទៅចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាគំរូក្រុង តែការចុះឈ្មោះដើម្បីចូលរៀនថ្នាក់ទី១នេះ មិនត្រូវបានទទួលយល់ព្រមពីសាលាទេ ព្រោះពីឡុត មិនមានឯកសារបញ្ជាក់គ្រប់គ្រាន់ គឺមិនមានសំបុត្រកំណើត។ ដូច្នេះ ឪពុកក៏បានបញ្ញ្ជូនកូនខ្លួនឲ្យទៅរៀននៅមត្តេយ្យសិក្សាសិន ដែលស្ថិតក្នុងសាលាតែមួយ។ ក្នុងឆ្នាំនោះ ប្អូនស្រីរបស់ពីឡុត ក៏ចាប់កំណើត និងបានដាក់ឈ្មោះថា សៅលីម។

- ឆ្នាំ ១៩៩២-១៩៩៧ កុមារាពីឡុត បានចាប់ផ្តើមចូលរៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាគំរូក្រុង (ព្រោះឪពុករបស់គាត់បានទាក់ទងខាងមេភូមិ/ឃុំ និងរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យកូនបានចូលរៀន)។ ក្នុងពេលចុះឈ្មោះចូលរៀននោះហើយ ដែលលោកតាសាច់ឆ្ងាយម្នាក់ឈ្មោះឈឿន បានជួយផ្តល់ឈ្មោះថ្មីឲ្យកុមារម្នាក់នេះថា សារដ្ឋ។ ដូច្នេះឈ្មោះក្នុងថ្នាក់រៀន និងប្រើជាផ្លូវការមកដល់សព្វថ្ងៃនេះគឺ យាំ សារដ្ឋ។ ក្នុងឆ្នាំ១៩៩២ គ្រួសារដែលមានសមាជិក ០៤នាក់នេះ បានផ្លាស់ទីលំនៅ មករស់នៅក្នុងផ្ទះចំណាស់មួយ ជាអតីតកន្លែងទាហានស្នាក់នៅ ឈ្មោះ ០៩ (ហៅថា ស្ស៊េរ៉ូប្រាំបួន)។ ក្នុងចន្លោះរវាង ៦ឆ្នាំនេះ គឺនៅពេលដែលសារដ្ឋឈានចូលថ្នាក់ទី៤ ប្រហែលដោយសារសាលាពុំមានបន្ទប់គ្រប់គ្រាន់ ទើបសិស្សថ្នាក់ទី៤ ត្រូវបានសាលាឲ្យទៅរៀននៅឯសាលាបំពេញវិជ្ជា ដែលនៅទីនោះមានអគារ០១ខ្នង ០៤បន្ទប់់។ ឡើងដល់ថ្នាក់ទី៥ ទើបសារដ្ឋបានមករៀននៅសាលាដើមវិញ។ ក្នុងដដែលឆ្នាំនេះ (១៩៩៦) ប្អូនស្រីរបស់សារដ្ឋ គឺសៅលីម ក៏មានអាយុគ្រប់គ្រាន់បានចូលរៀនថ្នាក់ទីមួយដែរ។ ជារៀងរាល់ព្រឹក ពួកគេទាំងពីរនាក់ដើរបណ្តើរគ្នាទៅសាលារៀនយ៉ាងសប្បាយរីករាយ រួមជាមួយនឹងសិស្សានុស្សឯទៀតៗក្នុងភូមិ។

- ឆ្នាំ ១៩៩៨-២០០០ កុមារាសារដ្ឋ បានបញ្ចប់ថ្នាក់បឋមសិក្សា និងបានទៅបន្តការសិក្សានៅថ្នាក់អនុវិទ្យាល័យ នៅឯអនុវិទ្យាទីរួមខេត្ត ដែលស្ថិតជាយក្រុងប៉ែកខាងជើង ជាប់នឹងព្រំដែនស្រុករលាប្អៀរ។

- ឆ្នាំ ២០០១-២០០៣ បន្ទាប់ពីប្រលងជាប់ឌីប្លូម (ថ្នាក់ទី៩) សារដ្ឋត្រូវប្តូរមករៀនបន្តកម្រិតវិទ្យាល័យនៅឯកណ្តាលខេត្តវិញគឺ វិទ្យាល័យព្រះបាទសុរាម្រឹត។

- ឆ្នាំ ២០០៤-២០០៨ យុវជនសារដ្ឋ បានជាប់អាហារូបករណ៏ទៅសិក្សាបន្តនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើមុខជំនាញភូមិវិទ្យា។

- ឆ្នាំ ២០០៩-២០១០ លោក យាំ សារដ្ឋ ប្រលងជាប់ជាគរុនិស្សិតចូលរៀននៅវិទ្យាស្ថានជាតិអប់រំ លើមុខជំនាញ ផែនដីវិទ្យា និងបរិស្ថាន។

- ឆ្នាំ ២០១០ ក្នុងខែតុលា សារដ្ឋត្រូវបានក្រសួងអប់រំ យុវជន និងកីឡា រៀបចំបញ្ជូនឲ្យទៅធ្វើការបង្រៀននៅឯខេត្តកំពង់ឆ្នាំងវិញ។ លោកបានទៅបង្រៀននៅឯវិទ្យាល័យ ហ៊ុន សែន កំពង់លែង ក្នុងស្រុកកំពង់លែង លើមុខវិជ្ជាផែនដីវិទ្យា ពីថ្នាក់ទី១០ ដល់ទី១២ និងភូមិវិទ្យា ថ្នាក់ទី១០។ លោគ្រូសារដ្ឋ បានបង្រៀននៅទីនោះអស់រយៈពេលជាង០១ឆ្នាំ រហូតដល់បានទទួលសិទ្ធិពេញលេញជាគ្រូបង្រៀនពេញច្បាប់។

- ឆ្នាំ ២០១១-២០១៣ លោកគ្រូសារដ្ឋ បានប្រលងជាប់អាហារូបករណ៏ ទៅសិក្សាបន្តថ្នាក់អនុបណ្ឌិតនៅឯប្រទេសថៃ លើមុខជំនាញ ប្រព័ន្ធព័ត៏មានភូមិសាស្រ្ត និងការយកព័ត៏មានពីចម្ងាយ (Remote Sensing & GIS) នៅឯសាកលវិទ្យាវិទ្យាល័យខន់កែន (Khon Kaen University) ក្នុងប៉ែកឦសាននៃប្រទេសថៃ។