អ្នកប្រើប្រាស់:លី ប៊ុនរឹទ្ធិ

ពីវិគីភីឌា

រឿង៖ ក្រុមហ៊ុន១

មិត្តភក្តិ៦នាក់រស់នៅក្នុងភូមិជាមួយគ្នា រៀននៅសាលារៀនជាមួយគ្នាតាំងពីកុមារភាព។ ក្រោយមក មិត្តភក្តិ៤នាក់ (ណារិទ្ធ រ៉ាដែន ចេតនា និង វិចិត្រ) ត្រូវទៅរៀននៅក្រៅប្រទេសដើម្បីបន្តយកថ្នាក់អនុបណ្ឌិតក្នុងសាកលវិទ្យាល័យផ្សេងៗគ្នា។ ចំណែកមិត្តភក្តិម្នាក់ទៀត (ភារម្យ) បន្តការសិក្សានៅក្នុងប្រទេស ខណៈមិត្តភក្តិម្នាក់ផ្សេងទៀត (សុវណ្ណ) ចាប់ផ្តើមប្រឡូកក្នុងវិស័យជំនួញបន្ទាប់ពីចប់មធ្យមសិក្សា ហើយក្លាយជាអ្នកជំនួញជោគជ័យម្នាក់ក្នុងប្រទេស។

មិត្តភក្តិនៅក្រៅប្រទេសឧស្សាហ៍ជួបប្រជុំគ្នាដើម្បីរក្សាទំនាក់ទំនងណាស់ រហូតដល់ពេលដែលគេវិលមកប្រទេសវិញ។ ពួកគេក៏បានរកការងារធ្វើ ប៉ុន្តែពួកគេមិនសប្បាយចិត្តជាមួយប្រាក់ចំណូល ដែលពួកគេរកបាននោះទេ ព្រោះប្រាក់ចំណូលរកបានគឺមានចំនួនតិចតួចដែលមិនអាចទប់ទល់ការចំណាយចាយវាយរបស់ពួកគេបាន។ ពួកគេរួមទាំងភារម្យ (លើកលែងសុវណ្ណ) ក៏បានប្រជុំគ្នាដើម្បីផ្តោះប្តូរគំនិតយោបល់ ដោយក្នុងនោះ ចេតនាបានចាប់ផ្តើមបង្ហាញពីគម្រោងផែនការអាជីវកម្មមួយដែលអាចធ្វើឲ្យពួកគេមានចំណូលច្រើនដោយមិនចាំបាច់នឿយហត់ខ្លាំង។ គ្រប់គ្នាចាប់អារម្មណ៍គម្រោងអាជីវកម្មរបស់ចេតនា ហើយក៏ចាប់ផ្តើមរៀបចំផែនការ និងអនុវត្តដំណើរការអាជីវកម្មនោះដោយពុំបានឲ្យសុវណ្ណដឹងអំពីសាច់រឿងទាំងស្រុង ហើយសុវណ្ណក៏មិនត្រូវបានគេហៅឲ្យចូលរួមជាមួយពួកគេដែរ។

រ៉ាដែន ចេតនា និងវិចិត្រ ទំនាក់ទំនងជាមួយក្រុមហ៊ុនបរទេសដើម្បីនាំចូលផ្តាច់មុខនូវមុខទំនិញមួយចំនួនក្នុងតម្លៃទាបមួយហើយបានយកមកដាក់លក់ក្នុងប្រទេសវិញក្នុងតម្លៃមួយថ្លៃ។ គេបានលើក ណារិទ្ធ និង ភារម្យ ថាជាដៃគូអាជីវកម្មក្នុងស្រុកនិងក្រៅស្រុកដែលប្រកបដោយជោគជ័យ តាមរយៈ ការស្លៀកពាក់ថ្លៃថ្នូរ ញ៉ាំអាហារក្នុងភោជនីយដ្ឋានល្អៗ ប្រើប្រាស់របស់របរ ទំនើបៗ ជិះឡានថ្លៃៗ (ប៉ុន្តែ ការពិតគឺជួលគេយកមកប្រើដើម្បីមុខមាត់ប៉ុណ្ណោះ ហើយថតជារូបភាពវីដេអូដើម្បីបង្ហាញទៅសាធារណៈជនឲ្យគេទុកចិត្តនិងចូលរួមទិញផលិតផលនេះ)។ តាមរយៈការបង្ហាញភាពជោគជ័យក្នុងអាជីវកម្មនេះ មានប្រជាជនជាច្រើននាំគ្នាមកទិញផលិតផល រហូតដល់មួយចំនួនធំលាលែងពីកន្លែងការងារចាស់ ឈប់សិក្សា និងលក់កេរ្តិ៍ដូនតារបស់ខ្លួន ដើម្បីយកពេលវេលា និងប្រាក់មកបង់ឲ្យក្រុមហ៊ុនដើម្បីក្លាយជាសមាជិកក្រុមហ៊ុន។

ជីវិតរបស់ រ៉ាដែន ចេតនា វិចិត្រ ណារិទ្ធ និង ភារម្យ កាន់តែមានភាពហ៊ឺហារ និងបាននាំគ្នាទៅទំនាក់ទំនង សុវណ្ណដើម្បីបញ្ចុះបញ្ចូលសុវណ្ណឲ្យមកចូលរួមមុខរបរជាមួយ។ សមាជិកក្រុមគ្រួសាររបស់សុវណ្ណក្រើនរំលឹកសុវណ្ណឲ្យដកខ្លួនឆ្ងាយពីពួកទាំងនោះព្រោះតែពូរបស់សុវណ្ណបានស្តាប់ឮដោយចៃដន្យនូវការពិភាក្សាគ្នាជាសម្ងាត់រវាងចេតនា និងរ៉ាដែន (រ៉ាដែនព្យាយាមកុំឲ្យចេតនាយកសុវណ្ណមកពាក់ព័ន្ធក្នុងមុខរបរនេះដោយសារសុវណ្ណមានមុខរបរ និងឪពុកម្តាយដែលត្រូវទទួលខុសត្រូវ ប៉ុន្តែចេតនាមិនស្តាប់ ព្រោះតែចង់ប្រើប្រាស់សុវណ្ណជាឧបករណ៍ជំនួញ)។ ក្រោយពេលត្រូវបានមិត្តភក្តិបញ្ចុះបញ្ចូល មើលឃើញភាពហ៊ឺហារ និងទុកចិត្តមិត្តទាំងស្រុង សុវណ្ណមិនបានស្តាប់តាមការណែនាំរបស់ឪពុកម្តាយ និងពូទេ ប៉ុន្តែបែរជាភ្លេចមុខរបររបស់ខ្លួនអស់ ហើយភ្លើតភ្លើនមកចាប់យកមុខរបរដែលគេលើកបន្តុបនេះទៅវិញ។

ចេតនាមានទំនាក់ទំនងសម្ងាត់ជាមួយក្រុមបងធំក្រៅប្រទេសមួយក្រុមក្នុងមុខរបរលួចរត់ពន្ធអាភៀន។ ថ្ងៃមួយ ចេតនាបានប្តូរមុខទំនិញដែលត្រូវដឹកនាំចូលមកពីប្រទេសក្រៅជាអាភៀនទៅវិញ ដោយមានមុខសុវណ្ណ ណារិទ្ធ និងភារម្យ ជាអ្នកចេញមុខនាំទំនិញចូល។

ប៉ូលីសក្នុងប្រទេសបានរកឃើញអាភៀន ហើយបានចាប់ខ្លួន ណារិទ្ធ និងភារម្យ ខណៈសុវណ្ណបានដឹងហេតុការណ៍បន្ទាប់ពីត្រឡប់មកពីបន្ទប់ទឹកវិញ ហើយក៏ចាប់ផ្តើមរត់គេចខ្លួន។ ប៉ូលីសផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយផ្សេងៗដើម្បីចាប់ខ្លួនសុវណ្ណ។ គ្រួសារសុវណ្ណត្រូវរងគ្រោះដោយអាជីវកម្មផ្ទាល់ខ្លួនក៏ដួលរលំ ចំណែកសុវណ្ណក៏ត្រូវគេតាមចាប់ខ្លួន។ សុវណ្ណបានព្យាយាមទៅជួបមិត្តភក្តិដើម្បីឲ្យមិត្តភក្តិជួយ ដើរបណ្តើរ ចុចទូរស័ព្ទទៅរកអ្នកផ្ទះបណ្តើរ ប៉ុន្តែមិនមាននរណាលើក (សុវណ្ណព្យាយាមចុចម្តងហើយម្តងទៀត)។ ខណៈទៅដល់ និងបំរុងគោះទ្វារខុនដូររបស់ចេតនា ស្រាប់តែ សុវណ្ណឮការជជែកគ្នារវាង ចេតនា និងរ៉ាដែន ព្រមទាំងវិចិត្រ នូវរឿងដែលខ្លួនស្មានមិនដល់។ សុវណ្ណក៏យកទូរស័ព្ទថតសម្លេងដែលគេជជែកគ្នា។ រ៉ាដែន និងវិចិត្រ សួរចេតនាថាហេតុអ្វីបានជាទំនិញក្លាយទៅជាអាភៀនទៅវិញ ចេតនាឆ្លើយយ៉ាងស្រួលថា បើកុំមានអាភៀនហ្នឹង ធ្វើម្តេចយើងអាចស៊ីចាយ សប្បាយហ៊ឺហាយ៉ាងនេះបានទៅ ករណីសំខាន់នោះ គឺ ណារិទ្ធ ភារម្យ និងសុវណ្ណមិនចេះធ្វើការឲ្យស្អាត បើចេះធ្វើការស្អាត ម៉្លេះម្នាក់ៗក្លាយជាសេដ្ឋីទៅហើយ។ រ៉ាដែន និងវិចិត្របន្ទោសចេតនា ប៉ុន្តែត្រូវចេតនាគម្រាមថាបើគាស់កកាយរឿងនេះ គ្រប់គ្នានឹងត្រូវជាប់គុក ហើយអនាគតគ្រប់គ្នានឹងត្រូវបញ្ចប់នៅក្នុងគុក។ ដូច្នេះ គេក៏សម្រេចចិត្តថានឹងរក្សាភាពស្ងៀមស្ងាត់ ហើយសម្ងំលាក់ខ្លួនក្នុងខុនដូរនោះ។

សុវណ្ណទូរស័ព្ទទៅប្តឹងប៉ូលីសអំពីរឿងរ៉ាវដែលខ្លួនបានដឹង ហើយប្រាប់ទីតាំងដែលជនល្មើសកំពុងស្នាក់នៅ។ ៥នាទីក្រោយ កងកម្លាំងសមត្ថកិច្ចបានមកដល់ ហើយគោះទ្វារឲ្យជនល្មើសបើក។ រ៉ាដែនមិនបានចាប់អារម្មណ៍ថាប៉ូលីសមកមានការអ្វី ក៏បើកទ្វារ ប៉ុន្តែត្រូវបានចេតនាបាញ់សម្លាប់ និងចេតនាចាប់វិចិត្រធ្វើជាចំណាត់ខ្មាំងដើម្បីរំដោះខ្លួនពីប៉ូលីស ដោយបើកឡានចេញពីអាគារនោះ ប៉ូលីសព្យាយាមបើកឡានតាមក្រោយ។

ចេតនាបានបើកឡានទៅវាលស្រែឆ្ងាយសែនឆ្ងាយ និងចងចំណងរ៉ាដែនកុំឲ្យរើ។ ពេលទៅដល់ទីចត ចេតនាបានបញ្ជារឲ្យរ៉ាដែនចុះ និងបានប្រាប់ថាខ្លួនបាត់បង់អ្វីៗទាំងអស់ហើយ ដោយសារតែមិត្តមិនបានការប៉ុន្មាននាក់នេះ ប៉ុន្តែរ៉ាដែនបានឃាត់ចេតនាឲ្យបញ្ឈប់សកម្មភាពល្ងង់ខ្លៅនេះទៅ ចេតនាមិនស្តាប់ព្រមទាំងវាយសំពងរ៉ាដែនយ៉ាងចាស់ដៃ។

សុវណ្ណលបលួចចេញពីឃ្លុបឡានខាងក្រោយរបស់ចេតនា ហើយបានយកម៉ាលេត និងកូនសោរឡានទៅវាយសំពងក្បាលរបស់ចេតនា នៅពេលដែលចេតនាភ្លេចខ្លួន និងកំពុងតែជាប់ដៃប្រតាយ ប្រតប់ជាមួយរ៉ាដែន។ ដោយកំហឹងចំពោះសកម្មភាព និងបំណងអាក្រក់របស់ចេតនា សុវណ្ណវាយមិនប្រណីដៃសោះឡើយ រហូតដល់ប៉ូលីសមកដល់ ចាប់ខ្លួនចេតនា និងបញ្ជូនរ៉ាដែន ទៅមន្ទីរពេទ្យ។

ក្នុងសវនាការ សុវណ្ណបានយកសម្លេងទូរស័ព្ទដែលខ្លួនបានលួចថតចាក់ធ្វើជាភស្តុតាង ហើយតុលាការសម្រេចដាក់គុក ចេតនាអស់មួយជីវិត ចំណែក រ៉ាដែន វិចិត្រ ភារម្យ និងណារិទ្ធ ត្រូវបានសម្រាលទម្ងន់ទោស ប៉ុន្តែត្រូវបានចោទពីបទឆបោកសាធារណៈជន។ មិត្តភក្តិទាំងអស់បានធ្វើការសុំអភ័យទោសសុវណ្ណចំពោះទោសកំហុសដែលខ្លួនបានប្រព្រឹត្តលើសុវណ្ណ។

++++++ចប់++++++ និពន្ធដោយ៖ លោក លី ប៊ុនរឹទ្ធិ email: jerrythom111@gmail.com