Jump to content

អ្នកប្រើប្រាស់:សំ អេងលាង

ពីវិគីភីឌា

មហាជនកជាតក

១. ប្រភពរឿង មហាជនកជាតក ជាតកទី២នៃជាតកទាំង១០ ដែលបង្ហាញពីការបំពេញបារមីរបស់ព្រះពោធិសត្វក្នុងជាតិជាមហាជនកដើម្បីសាងនូវវីរយបារមី។ រឿងនេះប្រភពដើមជាភាសាបាឡី មានៅក្នុងគម្ពីរឧទ្ទកនិកាយជាតក មហានិបាត ដែលគេប្រកាន់ជឿថាជាព្រះពុទ្ធវចនៈ ហើយនិងក្នុងគម្ពីរជាតកដ្ឋកថាដែលមានមកជាង២ពាន់ឆ្នាំហើយ។ លោកឈឹម ស៊ុម បានដកស្រង់នឹងបកប្រែពីអដ្ឋកថា។ ២. សង្ខេបរឿង ព្រះពុទ្ធជាបរមសាស្ដាចារ្យ កាលគង់នៅវត្តជេតពន ទ្រង់ប្រារឰនូវមហាភិនិក្ខមនបារមី (នេក្ខមបារមី) ទ្រង់សម្ដែងព្រះធម៌ទេសនាថា “កោយំ មជ្ឈេ សមុទ្ទស្មឹ” ដូច្នេះជាដើម។ សេចក្ដីថាៈ ថ្ងៃមួយភិក្ខុទំាងឡាយអង្គុយនិយាយសសើរមហាភិនិស្រ្កមណ៍នៃព្រះតថាគតក្នុងធម្មសភា។ ព្រះសាស្តាទ្រង់ព្រះបុច្ឆាថាៈ ម្នាលភិក្ខទាំងឡាយ អ្នកទាំងឡាយ ប្រជុំនិយាយនូវរឿងអ្វី? ភិក្ខុទាំងឡាយក្រាបបង្គំទូលតាមដំណើរសេចក្ដី។ ទើបព្រះជិនស្រីទ្រង់មានព្រះពុទ្ធដីកាថាៈ មិនតែឥឡូវនេះទេ ពីដើមដែលតថាគតជាពោធិសត្វក៏ចេញសាងមហាភិនិស្រ្កមន៍យ៉ាងនេះដែរ។ ព្រះសាស្ដាដែលភិក្ខុទាំងឡាយអារាធនាក៏ទ្រង់សម្ដែងអតីតនិទានដូចតទៅនេះថាៈ អតីតេ ភិក្ខវេ វិទេហរដ្ឋ មិថិលាយំ មហាជនកោ នាម រាជា រជ្ជំ ការេសិ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលកន្លងទៅហើយ ព្រះរាជាព្រះនាមមហាជនកសោយរាជ្យក្នុងនគរមិថិលាដែនវិទេហរាស្រ្ត ទ្រង់មានព្រះរាជបុត្រា២ព្រះអង្គ ព្រះនាមអរិដ្ឋជនក១ បោលជនក១។ ទ្រង់ព្រះរាជទានឋានៈឧបរាជដល់ព្រះអរិដ្ឋជនក ឋានៈសេនាបតីដល់ព្រះបោលជនក។ ចំណេរកាលមកខាងក្រោយ កាលព្រះមហាជកទ្រង់សោយព្រះទីវង្គតទៅ ព្រះអរិដ្ឋជនកជាព្រះមហាឧបរាជបានសោយរាជ្យ ទ្រង់ព្រះរាជទានទីឧបរាជដល់ព្រះបោលជនក។ អាមាត្យម្នាក់ញុះញង់ព្រះមហាក្សត្រ ឱ្យចាប់ព្រះបោលជកដាក់ច្រវាក់ឃុំទុកក្នុងផ្ទះជិតព្រះរាជនិវេសន៍។ ព្រះបោលជនកដោះច្រវាក់បើកទ្វារបានចេញទៅគង់នៅឯស្រុកបច្ចន្តគ្រាមមួយ មានមនុស្សចុះចូលច្រើន ប្រជុំជាកងទ័ពឡោមព័ទ្ធចាប់ព្រះបាទអរិដ្ឋជនកធ្វើគតទៅ ហើយបានសោយរាជ្យតមក។ គ្រាចម្បាំង ព្រះទេវីរបស់ព្រះបាទអរិដ្ឋជនក ទ្រង់គភ៌គ្រប់ខែជ្រាបថាព្រះស្វាមីសុគតក៏យកប្រាក់មាសនិងវត្ថុមានតម្លៃដាក់ក្នុងបាតកញ្ជើគ្របសំពតដាក់អង្ករពីលើ ក្លែងព្រះអង្គជាស្រីកំសត់ទូលកញ្ជើរត់ទៅតាមទ្វារខាងជើងបានជួបនឹងព្រះឥន្ទដែលនិម្មិតជាព្រាហ្មណ៍ចាស់បរទេះបញ្ជិះនាំទៅទៅដល់នគរកាលចម្បាកទៅនៅសំណាក់អាស្រ័យនាផ្ទះអាចារ្យទិសាបាមោក្ខ នាមឧទិច្ចព្រាហ្មណ៍ មិនយូរប៉ុន្មានព្រះនាងក៏ប្រសូត្រព្រះរាជបុត្រ។ ព្រះនាងប្រទានព្រះនាមថា “មហាជនក” ដូចព្រះនាមព្រះរាជាអយ្យកោ។ ព្រះមហាជនកបរមពោធិសត្វចម្រើនវ័យឡើង ជាមនុស្សថ្លើងឡើងចាង ក្អេងក្អាងឥតខ្លាចក្មេងណា ដោយសារកើតក្នុងខត្តិយត្រកូល ហើយនៅក្នុងគ្រួសារដែលគេគោរព ត្រូវក្មេងឯទៀតស្អប់ គេជេរថា “អាកូនឥតឪពុក”។ មហាជនកក៏រំអុកទទូចសួរព្រះមាតា លុះត្រាតែបានជ្រាបនូវប្រវត្តិដើមរបស់ព្រះអង្គ ហើយខំផ្ចង់ព្រះស្មារតីដើម្បីគោរពប្រតិបត្តិមាតា ព្រមទាំងលោកគ្រូអាចារ្យ ខំសិក្សារហូតចេះចប់ត្រៃវេទ ក្នុងរវាងព្រះជន្ម១៦ឆ្នាំ ទើបបានក្រាបបង្គំទូលព្រះមាតាថាៈ ទូលព្រះបង្គំនឹងទៅយករាជសម្បត្តិឯនគរមិថិលា បើព្រះមាតាគ្មានទ្រព្យខ្លឹមសារទេ ទូលព្រះបង្គំនឹងទៅធ្វើជំនួញសន្សំទ្រព្យសិន ដើម្បីចងពួកនឹងទៅយករាជសម្បតិ្តនោះ។ ព្រះមាតាប្រាប់ថាៈ មានវត្ថុ៣មុខជាខ្លឹមសារគឺ កែវមណី២ កែវមុក្ដា១ កែវវជីរ១។ ព្រះពោធិសត្វ សុំយកវត្ថុទាំងនោះពាក់កណ្ដាលថ្វាយបង្គំលាព្រះមាតានិងអាចារ្យទិសាបាមោក្ខ ចុះសំពៅសំដៅទៅប្រទេសសុវណ្ណភូមិ ជាមួយនឹងពាណិជ៧រយនាក់ ធ្វើជំនួញបានប្រាក់ដ៏ច្រើននាមមកថ្វាយព្រះមាតា ជូនលោកគ្រូអាចារ្យ ហើយត្រឡប់ទៅប្រទេសសុវណ្ណភូមិវិញតាមផ្លូវសមុទ្ទ។ ថ្ងៃនោះឯង ជួជាព្រះបាទបោលជនកឯនគរមិថិលាទ្រង់ប្រឈួនផ្ទំជាប់លើព្រះសយនា។ គ្រាដែលព្រះពោធិសត្វចុះសំពៅទៅបាន៧ថ្ងៃ សំពៅក៏ធ្លាយក្នុងសមុទ្រ។ មហាជនភិតភ័យរន្ធត់ យំស្រែកសំបូងសង្រូងរកទេវតាឱ្យជួយគ្រប់ៗគ្នា។ ចំណែកខាងពោធិសត្វមិនដូច្នោះទេ បែជាលាយស្ករនិងទឹកដោះគោ សោយហើយជ្រលក់សំពត់ដោយប្រេង ស្លៀកយ៉ាងខ្ជាប់ទៅឡើងដងក្ដោង។ មហាជនប្រុសស្រីក្លាយជាចំណីត្រីនិងអណ្ដើក។ ទឹកជុំវិញសំពៅក្លាយទៅជាពណ៌ក្រមដោយសារឈាម។ ព្រះពោធិសត្វឈរលើចុងដងក្ដោងឆ្ពោះព្រះភ័ក្ដ្រទៅនគរមិថិលា ហើយក៏លោតផ្លោងរំលងពួកត្រីនិងអណ្ដើកហែលទៅ។ ថ្ងៃនោះត្រូវលើថ្ងៃដែលព្រះបាទបោលជនកទ្រង់សុគត។ ព្រះពោធិសត្វ ដូចជាកំណាត់ដើមចេកមាសអណ្ដែតលើរមូរនៃរលកទឹកសមុទ្រមានពណ៌ដូចកែវមណី ខំឆ្លងមហាជលធីដោយកម្លាំងដើមដៃទាំងពីរ កាត់ទីដែលគេត្រូវឆ្លងអស់វេលា៧ថ្ងៃ ទ្រង់ជ្រាបថា “ឥឡូវនេះ ជាថ្ងៃពេញបូណ៌មី” ទើបទ្រង់ខ្ពុរព្រះឱស្ឋដោយទឹកប្រៃ អធិដ្ឋានសីលឧបោសថ។ គ្រានោះ នាងទេពធីតាឈ្មោះមនីមេខលា ដែលព្រះចតុលោកបាលទាំង៤ឱ្យរក្សាមហាសមុទ្រដើម្បីកុំឱ្យមនុស្ស សត្វ អ្នកគោរពប្រតិបត្តិនូវមាតាបិតាគ្រូអាចារ្យ លិចស្លាប់ក្នុងសមុទ្របាន។ នាងធ្វេសស្មារតីខានត្រួតមើលសមុទ្រអស់៧ថ្ងៃស្រាប់តែថ្ងៃជាគម្រប់៧នៃការលង់ទឹករបស់ពោធិសត្វ ទើបនាងបានដឹងក៏ប្រឹងស្ទុះម្នីម្នាដោយអាការភិតភ័យថាៈ ឱ! គ្រោះជាល្អ! ប្រសិនបើព្រះមហាជនកស្លាប់ក្នុងសមុទ្ទ សមជាអាត្មាអញនឹងលែងបានចូលកាន់ទេវសមាគម។ នាងឋិតនៅឰដ៏អាកាសពោលល្បងព្រះពោធិសត្វមើលថាៈ នរណាដែលមិនឃើញត្រើយសោះ ហើយខំប្រឹងហែលកណ្ដាលសមុទ្រដែរ! អ្នកឃើញប្រយោជន៍ដូចម្ដេច បានជាព្យាយាមដល់ម៉្លេះ? - ព្រះពោធិសត្វថាៈ ម្នាលទេវតា ខ្ញុំពិចារណាឃើញនូវវត្តនៃសត្វលោកថា ត្រូវតែធ្វើការ ហើយនិងអានិសង្ឃនៃសេចក្ដីព្យាយាមថា ត្រូវតែផុតទុក្ខ ព្រោះហេតុនោះបានជាខ្ញុំទោះបីមិនឃើញត្រើយសោះ ក៏នៅតែព្យាយាមហែលដែរ។ - ទេវតាថាៈ អ្នកមិនឃើញទាំងត្រើយផង ការព្យាយាមរបស់អ្នក ជាការសោះសូន្យទទេ អ្នកមិនដល់ត្រើយទេ មុខជាស្លាប់មិនខាន។ - ព្រះពោធិសត្វថាៈ បុគ្គលធ្វើនូវកិច្ចរបស់បរុស(ព្យាយាម) ទើបជាអ្នកមិនមានបំណុល ក្នុងពួកញាតិ ក្នុងពួកទេវតា និងក្នុងពួកព្រហ្ម ទាំងមិនក្ដៅក្រហាយក្នុងកាលខាងក្រោយផង។ - ទេវតាថាៈ ការងារដែលមិនសម្រេច រមែងជាការឥតផល បានត្រឹមតែក្ដីលំបាកជាកម្រៃ បុគ្គលដែលត្រូវស្លាប់ នោះមានប្រយោជន៍អ្វីដោយសេចក្ចីព្យាយាមក្នុងការងារ។ - ព្រះពោធិសត្វថាៈ ម្នាលទេវតា បុគ្គលណាដឹងច្បាស់ថា “ការងារមិនសម្រេច” ហើយមិនរក្សាជីវិតខ្លួនៗឯង (បែរជាអំពាវនាវឱ្យគេជួយជីវិតទៅវិញ) ថែមទាំងបន្ថយសេចក្ដីព្យាយាមផង បុគ្គលនោះគង់ដឹងនូវផលនៃសេចក្ដីខ្ជិលនោះមិនខាន ម្នាលទេវតា ក្រែងនាងបានឃើញដែរឬ មនុស្សមយយសំពៅលិចបាត់ទៅ នៅតែខ្ញុំហែលមក បើមិនបានផលអ្វី ក៏បានត្រឹមតែការជួបនឹងនាងដែរ ខ្ញុំនឹងព្យាយាម តាមសមគួរដល់ការអាចតាមសមគួរដល់កម្លាំង បើភ័ព្វមានបានដល់ច្រាំង ខ្ញុំនឹងធ្វើនូវសេចក្ដីព្យាយាមដែលបុរសគួរធ្វើទៀត។ - ទេវតាថាៈ អ្នកប្រកបដោយសេចក្ដីព្យាយាមតាមធម៌រមែងមិនលិចចុះក្នុងមហាសមុទ្រដោយកម្មគឺសេចក្ដីព្យាយាមហ្នឹងឯង ចិត្តរបស់អ្នកត្រេកអរក្នុងទីណា ចូរអ្នកទៅក្នុងទីនោះចុះ។ នាងមណីមេខលា ទេវតារក្សាសមុទ្រនិយាយដូច្នេះហើយ ក៏ចាប់ស្រង់ព្រះពោធិសត្វដូចជា បាច់កម្រងផ្កា ត្រកងផ្ដេកផ្ទាប់នឹងឧរា ដូចជាប្រិយបុត្រារបស់ខ្លួននាំទៅតាមអាកាសដល់នគរមិថិលា ក៏ផ្ដេកលើមង្គលសិលប័ត្រ ក្រោមដើមស្វាយខាងត្បូងព្រះនគរ ឱ្យពួកទេវតារក្សាឧទ្យានចាំថែរក្សាព្រះពោធិសត្វ ហើយត្រឡប់ទៅឋានរបស់ខ្លួនវិញ។ ឯព្រះបាទបោលជនកឥតព្រះរាជបុត្រាសោះ មានត្រឹមតែព្រះរាជបុត្រីមួយព្រះអង្គព្រះនាមសីវលីទេវី។ ក្នុងថ្ងៃដែលព្រះអង្គផ្ទំជាប់លើព្រះមរណមញ្ចា អាមាត្យទាំងឡាយបានស្នើព្រះយោបល់ថាៈ ទ្រង់សព្វព្រះរាជហឫទ័យ ព្រះរាជទានរាជសម្បត្តិដល់នរណា។ ព្រះរាជាត្រាស់ព្រះរាជឱង្ការថាៈ កំណប់ធំ១៦ គឺកំណប់ត្រង់ព្រះអាទិត្យរះ១ ត្រង់ទីព្រះអាទិត្យលិច១ ខាងក្នុង១ ខាងក្រៅ១ មិនមែនខាងក្នុងមិនមែនខាងក្រៅ១ ត្រង់ទីសម្រាប់ឡើង១ ត្រង់ទីសម្រាប់ចុះ១ ត្រង់សាលព្រឹក្សទាំងបួនដើមមួយៗត្រង់ទីមួយយោជន៍ជុំវិញ១ នាចុងភ្លុកដំរី១ នាចុងកន្ទុយដំរី១ ក្នុងទឹក១ ឰដ៏ចុងឈើ១ នរណាគាស់បាន សហស្សថាមធ្នូ នរណាលើករួច បល័ង្ក(គ្រែ)បួនជ្រុង នរណាដឹងជាក្បាលដំណេកខាងណា នាងសីវលីរាជទេវី នរណាឱ្យត្រេកអរបាន អ្នកទាំងឡាយចូរប្រគល់រាជសម្បត្តិឱ្យអ្នកនោះចុះ។ អាមាត្យទាំងឡាយបានហត់ការជ្រើសរើសព្រះមហាក្សត្រតាមព្រះរាជបណ្ដាំនេះពុំបាន ទើបព្រមព្រៀងតាមបុរោហិតចាត់ការផ្សងបុស្សរថដែលទឹមដោយសេះពីរគូ មានកម្រាលនិងផ្ការចនាដ៏វិចិត្រ ដាក់គ្រឿងរាជកកុធភ័ណ្ឌគ្រប់គ្រាន់ទាំង៥ប្រការ មានពួកចតុរង្គសេនាចោមរោមត្រៀបត្រា បួងសួងសូមឱ្យបានអ្នកមានវាសនាគួរទទួលសោយរាជសម្បត្តិ។ បុស្សរថដែលគេផ្សងហើយលែងទៅក៏សំដៅទៅត្រង់ទីមង្គលសិលាប័ត្រដែលព្រះពោធិសត្វផ្ទុំ។ បុរោហិតបានឃើញលក្ខណៈព្រះអង្គ ហើយនិយាយប្រាប់គ្នាថាៈ បុរសនេះមានសមត្ថភាពអាចសោយរាជ្យក្នុងមហាទ្វីបទាំងបួនបាន។ ទើបព្រមព្រៀងគ្នាអារាធនាព្រះអង្គសូមទ្រង់ទទួលរាជសម្បត្តិ បានធ្វើពិធីអភិសេកក្នុងទីនោះមួយលើក ហើយនាំទៅកាន់រាជបុរីបានដង្ហែរទៅជួបនឹងព្រះនាងសីវលីទេវីរាជកញ្ញា។ ព្រះនាងមានសេចក្ដីជ្រះថ្លាពុំអាចទប់ទល់ព្រះអង្គ ក៏ទ្រង់លូកព្រះហស្ថចាប់ព្រះហស្ថព្រះពោធិសត្វដោយព្រះរាជហឫទ័យត្រេកអរ។ មហាជនក៏ទះដៃទទួលអំណរថាៈ ត្រូវតាមព្រះរាជបណ្ដាំមួយខហើយ។ ព្រះពោធិសត្វសួរថាៈ ព្រះមហាក្សត្ររបស់អ្នកទាំងឡាយបានផ្ដាំរឿងអ្វីដទៃទៀតដែរ? ទើបអាមាត្យទាំងឡាយក្រាបទូលហូរហែ តាមព្រះរាជបណ្ដាំដែលបានពោលហើយខាងដើមៈ បល្ល័ង្គបួនជ្រុង គឺព្រះសិរីសយនាដែលឥតនរណាចូលដល់បានជាគ្មាននរណាស្គាល់ក្បាលដំណេក។ ព្រះពោធិសាត្វប្លែក ងឿងក្នុងព្រះហឫទ័យ ប៉ុន្តែដោយការវាងវៃ ទើបព្រះអង្គដកព្រះសុពណ៌សូចិ (ស្នៀតព្រះកេសមាស) ហុចទៅដល់ព្រះនាងសីវលីថាៈ នេះជាគ្រឿងប្រដាប់ព្រះសិរ ចូរនាងដាកក្នុងទីគួរដាក់។ ព្រះនាងក៏ដាក់លើគ្រែនោះខាងក្បាលដំណេក។ ទើបព្រះនាងឆ្លើយប្រាប់មហាជនកថាៈ នេះក្បាលដំណេក។ សហស្សថាមធ្នូ (ធ្នូប្រកបដោយកម្លាំងបុរស១ពាន់នាក់)។ ព្រះពោធិសត្វគង់លើបល្ល័ង្គលើកធ្នូនេះរួច ដូចជាធ្នូសម្រាប់ថ្ពេចកប្បាសរបស់ពួកស្រីៗ។ កំណប់ទ្រព្យទាំង១៦។ ព្រះអង្គសួរអាមាត្យទាំងឡាយថាៈ ព្រះរាជារបស់អ្នកទាំងឡាយធ្លាប់រាប់អានព្រះបច្ចេកពុទ្ធឬទេ? - ក្រាបទូលថាធ្លាប់។ - ធ្លាប់ទទួលដំណើរព្រះបច្ចេកពុទ្ធត្រង់ទីណា? - ថាត្រង់ទីនោះ។ - បើដូច្នេះចូរអ្នកទាំងឡាយទៅជីកយកកំណប់អំពីទីនោះមក ទីនោះឯងដែលឈ្មោះថាកន្លែងព្រះអាទិត្យរះ ព្រះរាជាធ្លាប់ជូនដំណើរព្រះបច្ចេកពុទ្ធដល់ត្រង់ណា ចូរអ្នករាល់គ្នាទៅជីកយកកំណប់អំពីត្រង់នោះមក ទីនោះឯងដែលឈ្មោះថាព្រះអាទិត្យលិច។ រាជបុរសទាំងឡាយក៏ជីកយកបានកំណប់មែន។ ទ្រង់ឱ្យយកកំណប់ខាងក្នុងអំពីខាងក្នុងធរណីនៃទ្វារធំក្នុងព្រះរាជដំណាក់ ឱ្យយកកំណប់ខាងក្រៅ អំពីខាងក្រៅធរណីនៃទ្វារនោះ ឱ្យយកកំណប់មិនមែនខាងក្នុង មិនមែនខាងក្រៅ អំពីខាងក្រោមធរណីនោះ ឱ្យយកកំណប់ក្នុងកន្លែងឡើង អំពីកន្លែងឡើងកាន់ដំរី ឱ្យយកកំណប់ក្នុងកន្លែងចុះ អំពីកន្លែងចុះចាកដំរី ឱ្យយកកំណប់ក្រោមមហាសាលព្រឹក្សបួនដើមអំពីខាងក្រោមជើងទាំង៤នៃគ្រែព្រះសិរីសយនាដែលជាងធ្វើដោយឈើសាលព្រឹក្ស ឱ្យយកកំណប់ចម្ងាយមួយយោជន៍ជុំវិញអំពីទីជុំវិញជើងគ្រែមួយជួរនឹម ឱ្យយកកំណប់នាចុងភ្លុកដំរី អំពីទីចំពោះមុខនៃភ្លុកទាំងពីរនៃដំរីមង្គល ឱ្យយកកំណប់នាងចុងកន្ទុយដំរី អំពីទីចំពោះមុខនៃកន្ទុយដំរីមង្គល ឱ្យយកកំណប់ក្នុងទឹកអំពីកំពង់ដែលទ្រង់ធ្លាប់ចុះស្រង់ក្នុងស្រះមង្គលបោក្ខរណី ឱ្យយកកំណប់ឰដ៏ចុងឈើ អំពីទីប៉ុនស្រមោលនៃមែកសាលព្រឹក្សក្នុងព្រះរាជឧទ្យាននៅវេលាថ្ងៃត្រង់។ កាលព្រះពោធិសត្វនាំកំណប់ទាំង១៦ បានមកយ៉ាងនេះហើយ មហាជនកក៏មានចិត្តត្រេកអររីករាយ ថ្វាយរាជសម្បត្តិជាការដាច់ស្រេចដោយការធ្វើព្រះរាជពិធីអភិសេកជាមួយនឹងព្រះនាងសីវលីទេវី។ កំណប់ទ្រព្យដែលគាស់បានមក ទ្រង់ឱ្យយកទៅចាត់ការកសាងសាលាឆទានទាំង៦ខ្នងគឺត្រង់ទីជិតទ្វារនៃព្រះរាជនិវេសន៍២ខ្នង ទៀបទ្វារទាំង៤ នៃនគរ៤ខ្នង ហើយទ្រង់ចំណាយព្រះរាជទ្រព្យព្រះរាជទានដល់សមណៈជីព្រាហ្មណ៍ ស្មូមយាចកអ្នកកំសត់ទុគ៌តរៀងរាល់ថ្ងៃតទៅ។ ទ្រង់ឱ្យស្ដេចសម្ដេចព្រះវររាជជននី ព្រមទាំងអញ្ជើញលោកអាចារ្យទិសាបាមោក្ខ អំពីនគរកាលចម្បាក់មកតម្កល់ទុកជាទីគោរព ជាទីធ្វើសក្ការបូជាដរាបរៀងទៅ។ ព្រះបាទមហាជនកបរមពោធិសត្វ កាលគង់លើរាជាសនៈក្រោមស្វេតច្ឆត្រ ទតឃើញសិរីរាជសម្បត្តិ ដូចជាសិរីនៃព្រះឥន្ទទ្រង់រលឹកឃើញនូវការព្យាយាមដែលទ្រង់ធ្វើនូវមហាសមុទ្រក៏មានព្រះរាជហឫទ័យប្រកបដោយបីតិសោមនស្ស ទ្រង់បន្លឺព្រះឧទានថាៈ បុរសជាបណ្ឌិតត្រូវតែតស៊ូ! មិនត្រូវនឿយណាយ! យើងឃើញច្បាស់ដោយខ្លួនឯងថា យើងប្រាថ្នាយ៉ាងណា បានយ៉ាងនោះ យើងឃើញច្បាស់ដោយខ្លួនឯងថា ទេវតាស្រង់យើងអំពីទឹកដាក់មកលើគោក។ បុរសជាបណ្ឌិតត្រូវតែព្យាយាម! មិនត្រូវនឿយណាយ! អ្នកមានប្រាជ្ញាទោះបីសេចក្ដីទុក្ខប៉ះពាល់ត្រូវ ក៏មិនត្រូវកាត់បំណងខ្លួនដែរ! ចំណេរកាលតមក ព្រះនាងសីវលីទេវីប្រសូតព្រះរាជបុត្រាទ្រង់បានព្រះរាជទានព្រះនាមថា ទីឃាវុកុមារ។ ព្រះរាជបិតា បានព្រះរាជទានឋានៈជាឧបរាជដល់ព្រះរាជបុត្រនេះ។ ព្រះមហាជនកទ្រង់សោយរាជ្យប្រកបដោយទសពិធរាជធម៌ ឥតមានមោះមៃសេចក្ដីអន្តរាយក្នុងនគរឡើយ។ ថ្ងៃមួយទ្រង់ស្ដេចទៅកាន់ឧទ្យាន បានទតឃើញស្វាយមួយដើម រេចស្លឹកបាក់មែកព្រោះតែមានផ្លែ ស្វាយមួយដើមទៀតមានស្លឹកលាស់ខ្ចី សាខាត្រឈឹងត្រឈៃដង្គោលល្អ ព្រោះឥតផ្លែ ទើបទ្រង់ព្រះចិន្ដាថាៈ ស្វាយដែលរេចស្លឹកបាក់មែកព្រោះតែផ្លែ ដូចជាអាត្មាអញជាស្ដេចសោយរាជ្យ ធ្វើប្រយោជន៍ឱ្យកើតឡើងសម្រាប់តែអ្នកត្រូវការ ត្រង់ខ្លួនអាត្មាចេះតែរេចទៅៗ។ ព្រះអង្គទ្រង់ព្រះចិន្ដាដូច្នេះហើយ ទើបទ្រង់សព្វព្រះរាជហឫទ័យក្នុងភេទបព្វជ្ជា ទ្រង់និវត្តមកកាន់ព្រះបរមរាជនិវេសន៍វិញ ទ្រង់បណ្ដេញហាមឃាត់មិនឱ្យមនុស្សដទៃនៅ ឬចូលទៅក្នុងព្រះរាជវេសន៍ឡើយ លើកលែងតែអ្នកបម្រើផ្ទាល់ព្រះអង្គម្នាក់ចេញ។ ព្រះអង្គទ្រង់ធ្វើសមណធម៌ស្មឹងស្មាធិអស់វេលា៤ខែ ឥតឱ្យនរណាដឹងសោះ។ ថ្ងៃមួយនោះ ទ្រង់ឱ្យអ្នកបម្រើទៅហៅខ្មាន់ព្រះកេសមកចម្រើនព្រះកេសា ឱ្យទៅជាសមណបរិក្ខារ (បាត្រចីវរ) មកផ្លាស់គ្រឿងអម្ពរទ្រទ្រង់ភេទបព្វជ្ជា ទ្រង់ព្រះពស្រ្តកាសាយ៍ស្ពាយបាទ្រឰដ៏ព្រះអង្សា ប្រាថ្នានឹងចេញទៅព្រៃហេមពាន្ត។ គ្រានោះព្រះនាងសីវលី និងស្រីស្នំ៧រយនាក់ តាក់តែងអង្គទ្រង់គ្រឿងអលង្ការបំពារាជប្បញ្ញត្តិចូលទៅគាល់ ជួនជាព្រះអង្គចុះចេញអំពីប្រាសាទយាងដោយព្រះបាទា ទោះបីស្រ្តីទាំងនោះអង្វរឃាត់យ៉ាងណា ក៏ទ្រង់ពុំព្រមត្រឡប់វិញសោះ។ មហាជនកក្នុងនគរទាំងអស់ ទាំងស្រ្តីទាំងបុរស ទាំងរាស្រ្តទាំងមន្រ្តី ផ្អើលឆោឡោរត់តាមព្រះចក្រី ថ្លែងសេចក្ដីអង្វរផ្សេងៗជាអនេកប្រការ ក៏ពុំអាចញ៉ាំងព្រះអង្គឱ្យទ្រង់ត្រឡប់បាន។ ព្រះនាងសីវលី នឹងឃើញឧបាយមួយថា “ព្រះរាជាតែងខ្វល់ខ្វាយក្នុងកិច្ចការពារអន្តរាយនៃប្រជាជន” ទើបទ្រង់ចាត់សេនាបតីឈ្មោះមហាសេនាគុត្ត ឱ្យដុតផ្ទះចាស់ៗ ដុតសម្រាម ដុតស្លឹកឈើ ធ្វើឱ្យមានផ្សែងទ្រលោមឡើង ព្រះនាងក៏ទៅឱបព្រះបាទាព្រះស្វាមីទូលថាៈ នគរមិថិលាត្រូវភ្លើងឆេះហើយ។ ព្រះអង្គទ្រង់មានព្រះឱង្ការថាៈ សេចក្ដីខ្វល់ខ្វាយនៃជនណាមាន សេចក្ដីខ្វល់ខ្វាយនោះនៃជននោះតែងឆេះចេញជាភ្លើង ឯយើងឥតមានសេចក្ដីខ្វល់ខ្វាយទេ ឥតភ្លើងឆេះទេ។ល។ ព្រះនាងឱ្យពួកអ្នកកាន់អាវុធសំឡុតអ្នកស្រុកធ្វើហាក់ដូចជាចោរប្លន់។ អ្នកស្រុកទាំងរយទាំងពាន់រត់មកយំស្រែកស្ទាក់ព្រះរាជដំណើរថាៈ ចោរប្លន់ដែនព្រះអង្គហើយ សូមព្រះអង្គត្រឡប់កុំឱ្យដែននេះវិនាស។ ព្រះអង្គទ្រង់ត្រាស់ថាៈ កង្វល់របស់យើងមិនមានទេយើងរស់នៅជាសុខ ទុកជាដែនត្រូវចោរប្លន់ក៏យកសម្បត្តយើងមិនបានដែរ។ ព្រះអង្គទ្រង់ចេញទៅអស់ផ្លូវដ៏ឆ្ងាយ។ មហាជនទាំងឡាយក៏ប្រឹងតែតាមមិនព្រមត្រឡប់ ដល់ផ្លូវប្រហប់ព្រះអង្គទ្រង់ងាកសួរថាៈ រាជ្យនេះជារាជ្យនរណា? នរណាកាន់អំណាចក្នុងប្រទេសនេះ? - ឆ្លើយទូលថាៈ រាជ្យព្រះអង្គ ព្រះអង្គកាន់អំណាច។ ទើបព្រះពោធិសត្វយកព្រះទណ្ឌៈ (ឈើច្រត់) គូសទទឹងផ្លូវប្រហប់ថាៈ យើងជាអ្នកកាន់អំណចគូសគំនូសនេះ នរណាកន្លងគំណូសនេះនឹងត្រូវមានទោស។ មហាមន្រ្តីទាំងរាស្រ្តទាំងមន្រ្តីឥតបីហ៊ានកន្លងផ្គងអញ្ជលីឱនសិរសាក្រាបទល់ត្រឹមគំនូសនេះ។ ព្រះនាងសីវលីផ្ដួលអង្គទ្រង់បម្រះននៀលទាល់តែរលុបគំនូសនោះអស់។ មហាជនឃើញដូច្នេះ ក៏ស្រែកថា “ម្ចាស់គំនូសទម្លាយគំនូសហើយ” ហើយខំរត់ប្រពាក់ប្រពូនតាមទៅទៀត។ ព្រះរាជាពុំអាចញ៉ាំងមហាជនឱ្យត្រឡប់វិញបាន អស់ផ្លូវ៦០យោជន៍។ គ្រានោះតាបសព្រះនាមនារទ នៅនាព្រៃហេមពាន្ត បានឋិតនៅឰដ៏អាកាស ញ៉ាំងសេចក្ដីឧស្សាហ៍នៃព្រះរាជាឱ្យកើតឡើងថាៈ សំឡេងគឹកកងនេះ តើព្រោះហេតុអ្វី? ស្រីៗនោះជាអ្វី មកលេងជាមួយក្នុងព្រៃដូចជាក្នុងស្រុក? - ព្រះពោធិសត្វថាៈ ខ្ញុំលះបង់មហាជនចេញមក បានជាមហាជនតាមមកប្រជុំក្នុងទីនេះ ខ្ញុំកន្លងកិលេសទៅបួសដើម្បីបាននូវមោនធម៌។ - តាបសថាៈ ព្រះអង្គកុំសម្គាល់ថាអញឆ្លងកិលេសរួច កិលេសនេះបុគ្គលមិនងាយឆ្លងបានទេព្រោះអន្តរាយមានច្រើន។ - ព្រះពោធិសត្វថាៈ ខ្ញុំមិនប្រាថ្នាកាមក្នុងមនុស្សលោកក្នុងទេវលោកឡើយ សេចក្ដីអន្តរាយនឹងមានដល់ខ្ញុំដូចម្ដេចបាន។ - តាបសថាៈ សេក្ដីអន្តរាយតាំងឡើងពីប្រភពច្រើនប្រការគឺ ពីការដេកលក់ ពីសេចក្ដីខ្ជិល ពីការមឹតពត់ ពីសេចក្ដីអផ្សុក ពីការពុលអាហារ។ - ព្រះរាជាសួរថាៈ លោកប្រៀនប្រដៅខ្ញុំល្អណាស់ លោកជាអ្វី? - តាបសថាៈ ជនទាំងឡាយស្គាល់ខ្ញុំដោយនាមថា នារទ ដោយគោត្រថាកស្សបខ្ញុំមកដោយការដឹងច្បាស់ថា “សមាគមដោយសប្បុរសជាការប្រពៃ” សេចក្ដីត្រេកអរក្នុងបព្វជ្ជានិងព្រហ្មវិហារចូរកើតដល់ព្រះអង្គ ការខ្វះខាតសីល និងឈានសូមព្រះអង្គបំពេញ សូមព្រះអង្គរំលាយចោលនូវសេចក្ដីមើលងាយនិងសេចក្ដីក្រអឺតក្រអោង (អាងជាតិ) សូមព្រះអង្គគោរពនូវកុសលកម្មបថនិងវិជ្ជាគឺអភិញ្ញា៥ សមាបត្តិ៨ និងសមណធម៌។ នារទតាបសនោះទូន្មានព្រះមហាសត្វយ៉ាងនេះហើយ ក៏ទៅកាន់លំនៅនៃខ្លួនតាមអាកាសវិញហោង។ កាលដែលតាបសនោះទៅបាត់ទៅ មានតាបសផ្សេងទៀតព្រះនាមមិគាជិន ចេញអំពីសមាបត្តិ មកឋិតនៅឰដ៏អាកាសបង្ហាញខ្លួននិយាយថាៈ បពិត្រព្រះជនក ព្រះអង្គលះបង់ដំរី សេះ ពួកអ្នកនគរនិងជនបទដ៏ច្រើន ហើយទ្រង់ព្រះផ្នួសត្រេកអរតែនឹងអម្បែង (បាត្រ) តើពួកអ្នកជនបទមិត្តអាមាត្យ និងព្រះញាតិបានប្រទូស្តជំពោះព្រះអង្គឬ ឬក៏ព្រោះហេតុអ្វី បានជាព្រះអង្គសព្វព្រះរាជហឫទ័យនឹងអម្បែងរបស់ព្រះអង្គឯនេះវិញ? - ព្រះពោធិសត្វឆ្លើយថាៈ បពិត្រមិគាជិន តាំងពីកាលណាមក ខ្ញុំមិនដែលផ្ចាញ់ជនណាមួយដោយអធម៌ទេ ទាំងពួកជនណាមួយក៏មិនដែលផ្ចាញ់ខ្ញុំដែរ ខ្ញុំបានឃើញនូវប្រពៃណីនៃសត្វលោកដែលកិលេសធ្វើឱ្យខ្វល់ខូចដូចជាភក់ លិចចុះក្នុងភក់គឺកិលេស ងងឹតងងល់ហ៊ានដល់ទៅសម្លាប់គ្នា ខ្ញុំយករឿងនេះមកប្រៀបធៀបពិចារណា ទើបបានជាខ្ញុំចូលចិត្តនឹងផ្នួស។ - តាបសសួរថាៈ អ្នកមានជោគណាជាសាស្ដារបស់ព្រះអង្គ? ពាក្យដ៏ពីរោះនេះជាពាក្យរបស់បុគ្គលណា? - ព្រះពោធិសត្វឆ្លើយថាៈ ខ្ញុំអាចនិយាយដូច្នេះបានដោយខ្លនឯង ព្រោះហេតុខ្ញុំបានឃើញដើមស្វាយមានផ្លែ ដែលពួកមនុស្សបៀតបៀនធ្វើឱ្យរេចស្លឹកនិងមែកព្រោះតែផ្លែ ខ្ញុំបានឃើញដើមស្វាយមួយដើមទៀតឥតផ្លែ មានពណ៌ខៀវស្រងាត់ជាទីរីករាយនៃចិត្ត ទើបខ្ញុំគិតថាៈ “អាត្មាអញដែលទ្រទ្រង់នូវឥស្សរភាពនឹងត្រូវសត្រូវទាំងឡាយសម្លាប់មិនខាន ខ្លាដំបងត្រូវគេសម្លាប់ព្រោះស្បែក ដំរីត្រូវគេសម្លាប់ព្រោះភ្លុក អ្នកមានទ្រព្យត្រូវគេសម្លាប់ព្រោះទ្រព្យ តើនរណានឹងសម្លាប់មនុស្សឥតផ្ទះ មិនមានសន្ថវ នឹងថាដើមស្វាយទាំងពីនេះឯង ជាសាស្ដារបស់ខ្ញុំក៏ថាបាន”។ មិគាជិនតាបសឮដូច្នោះក៏ថ្វាយឱវាទដល់ព្រះរាជាថា “សូមទ្រង់កុំធ្វេសប្រហែស” ដូច្នេះហើយ ក៏ត្រឡប់ទៅកាន់ទីឋានរបស់ខ្លួនវិញហោង។ កាលដែលមិគាជិនតាបសនោះទៅបាត់ទៅ ព្រះនាងសីវលីក្រាបទៀបព្រះបាទានៃ ព្រះរាជាជាព្រះស្វាមី ថ្លែងព្រះរាជសវនីយ៍ថាៈ ជនទាំងពួងគឺ សេនាដំរី សេនាសេះ សេនារថ សេនាថ្មើរជើង បានឮថា ព្រះអង្គទ្រង់ព្រះផ្នួសហើយ ក៏តក់ស្លុតរត់តាមមកដល់ទីនេះ សូមព្រះអង្គលួងលោមនុវប្រជុំជន សូមតាំងទុកនូវការរក្សា សូមតាំងព្រះរាជកុមារក្នុងរាជសម្បត្តិហើយសឹមទ្រង់ព្រះផ្នួសក្នុងកាលខាងក្រោយនេះ។ ព្រះពោធិសត្វថាៈ ម្នាលបជាបតិ ពួកអ្នកជនបទ មិត្ត អាមាត្យ និងញាតិទាំងឡាយត្រូវអាត្មាលះបង់ស្រេចហើយ កូនអ្នកវិទេហពស្រ្តឈ្មោះទីឃាវុកុមារនឹងជាងអ្នកញ៉ាំងរដ្ឋឱ្យចម្រើន ចូរកូននោះសោយរាជ្យក្នុងក្រុងមិថិលាចុះ ចូរនាងឯងសោយរាជ្យឈ្មោះថាធ្វើនូវបាបទុច្ចរិតដ៏ច្រើន ដោយកាយវាចាចិត្ត នាងនឹងទៅកាន់ទុគ្គតិដោយកាយវាចាចិត្តទុច្ចរិតមិនខាន ឯអាត្មាញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅដោយដុំបាយដែលបុគ្គលដទៃឱ្យ ដែលបុគ្គលដទៃសម្រេចហើយ នេះជាប្រពៃណីរបស់អ្នកប្រាជ្ញ។ ព្រះពោធិសត្វព្រះរាជទានឱវាទដល់ព្រះនាងសីវលីយ៉ាងនេះបណ្ដើរ យាងទៅបណ្ដើរ។ ព្រះនាងសីវលីស៊ូតែតាមទៅៗដល់វេលាយប់ ទើបទ្រង់ឈប់ឱ្យបោះកងទ័ពក្នុងទីដ៏សមគួរ។ ព្រះមហាសត្វចូលទៅកាន់គល់ឈើ១ដើម ព្រឹកឡើងទ្រង់ស្ដេចទៅស្វែងរកភិក្ខាក្នុងថូណនគរ។ ក្នុងនគរនោះមានបុរសម្នាក់អាំងសាច់១ដុំ។ សុនខមួយលបពាំបោទៅត្រូវម្ចាស់សាច់ដេញតាម ក៏ប្រឹងបោលទៅប្រទះនឹងព្រះពោធិសត្វភ័យស្មានជាព្រះអង្គចាំស្ទាក់ ក៏ទម្លាក់ដុំសាច់ប្រាសចាកទៅខាងម្ខាងបាត់ទៅ។ ព្រះអង្គរង់នៅទីនោះមួយស្របក់ពុំឃើញម្ចាស់ឬឆ្កែមកយកដុំសាច់នេះវិញ ក៏ព្រះអង្គទស់យកជាចង្ហាន់ប័ង្សកូល បោសធូលីស្ងាតដាក់ក្នុងបាត្រ យកទៅពិចារណាបច្ចវេក្ខណវិធី ឆាន់ក្នុងទីមានទឹកដ៏សប្បាយ។ ព្រះនាងទេវីឃើញយ៉ាងនេះ ក៏ទ្រង់ព្រះចិន្ដាថា “បើព្រះស្វាមីនៅត្រូវការដោយរាជសម្បត្តិ ទ្រង់មិនសោយព្រះស្ងោយយ៉ាងនេះទេ នេះប្រាកដជាដាច់អាល័យពីរាជសម្បត្តិហើយ” ទើបព្រះនាងថ្លែងព្រះសវនីយ៍រិះគន់ព្រះរាជាថាៈ បុគ្គលណាឥតអាហារបួនពេល នោះនឹងស្លាប់មិនលែង! ជាតិជាកុលបុត្រមិនគប្បីបរិភោគអាហារដែលប្រឡាក់ដោយធូលីមិនស្អាតទេ ព្រោះការបរិភោគយ៉ាងនោះមិនល្អសោះ មិនប្រពៃសោះ! បពិត្រព្រះមហាជនក គួរបើដែរព្រះអង្គសោយព្រះស្ងោយសល់ពីឆ្កែយ៉ាងហ្នឹង! ព្រះពោធិសត្វថាៈ ម្នាលនាងសីវលី របស់ណាដែលគេលះបង់ហើយ របស់នោះមិនមែនជាអាត្មាមិនគួរឆាន់ទេ របស់ដែលបានដោយធម៌ នោះជាអាហារមិនមានទោស។ ព្រះពោធិសត្វនិងព្រះនាងសីវលី ចរចាទៅវិញទៅមកបណ្ដើរយាងទៅបណ្ដើរ ទ្រង់បានជួបនឹងនាងកុមារិកាម្នាក់កំពុងស្ទៃដីខ្សាច់ដោយកូនកញ្ជ្រែង។ នាងកុមារិកានោះ មានដៃម្ខាងឥតមានសូរ ប្លែកតែកងពីរនាដៃម្ខាងទៀតនោះ ចេះតែឮសូរក្រឹកៗឥតឈប់។ ព្រះរាជាទ្រង់ជ្រាបហេតុនោះហើយ ក៏ទ្រង់ព្រះចិន្ដាថា “នាងសីវលី ចេះតែតាមជាប់ពីក្រោយអាត្មាអញ ធម្មតាស្រ្តីជាមន្ទិលរបស់បព្វជិត អ្នកផងបានឃើញ នឹងរិះគន់ពុំខាន ឯងនាងកុមារិកានេះ អង់អាចឥតខ្លាចនរណា សមជាក្មេងមានប្រាជ្ញា បើដូច្នេះអាត្មាអញនឹងសួរកុមារិកានេះឱ្យវាឆ្លើយ អាត្មាអញនឹងបានចម្លើយវា យកមកបណ្ដេញនាងសីវលីទៅវិញ” ទ្រង់ព្រះចិន្ដាដូច្នោះហើយ ក៏ទ្រង់ចូលទៅជិតនាងកុមារិកា ទ្រង់ព្រះបុច្ឆាថាៈ ម្នាលកុមារិកា តំណូចនាងឯងពិតចាក្មេងនៅដេកឱបម្ដាយនៅឡើយ ហើយនាងមានគ្រឿងប្រដាប់មិនគម្លាតពីខ្លួនជានិច្ច ដៃម្ខាងរបស់នាងលាន់ឮសូរ ដៃម្ខាងទៀតឥតឮសូរសោះ តើព្រោះហេតុអ្វី? នាងកុមារិកាថាៈ បពិត្រសមណៈកងទាំងពីរទង្គិចគ្នាទើបឮសូរ កងមួយនេះឥតកងឯទៀតជាគម្រប់ពីរទើបមិនឮសូរ ដូចអរិយបុគ្គលជាអ្នកស្ងប់ស្ងៀម ឯបុគ្គលមានគ្នា រមែងជជែកគ្នាម្នាក់ឯងជជែកនឹងនរណាកើត ព្រះអង្គជាអ្នកប្រាថ្នានូវឋានសួគ៌សូមទ្រង់ពេញព្រះហឫទ័យនឹងភាពនៃបុគ្គលម្នាក់ឯងចុះ។ ព្រះបរមពោធិសត្វ បែរមកបញ្ជាក់នឹងព្រះនាងសីវលីថាៈ នាងឮទេ នូវពាក្យដែលនាងកុមារិកានិយាយអម្បាញ់មិញ? នាងកុមារិកាដៀលអាត្មាដូចជាខ្ញុំកញ្ជះវា នេះឯងជាគតិនៃបុគ្គលពីរនាក់! ផ្លូវបែកជាពីរនេះ ត្រូវនាងទៅតាមផ្លូវមួយ អាត្មាទៅតាមផ្លូវមួយ នាងកុំហៅអាត្មាថាស្វាមី ទាំងអាត្មាក៏លែងហៅនាងថា បជាបតី ទៀតដែរ។ឮ ព្រះនាងសីវលីទ្រាំពុំបាន ក៏ប្រកាន់យកផ្លូវខាងឆ្វេង ទ្រង់ព្រះវិយោគសោកសង្រេងវង្វេងព្រះស្មារតី ក្សត្រីក៏ងាកមកជួបនឹងព្រះស្វាមីវិញដដែល។ ព្រះពោធិសត្វទ្រង់យាងចូលទៅក្នុងថូណនគរ ដើម្បីបិណ្ឌបាត បានឃើញជាងព្រួញម្នាក់ កំពុងកំដៅព្រួញលើរងើកភ្លើងលើកឡើងធ្មេចសំងេវផ្នែកម្ខាង សម្លឹងមើលរំពត់ព្រួញដោយភ្នែកម្ខាង ក៏ទ្រង់ព្រះបុច្ឆាថាៈ ហេតុអ្វីក៏អ្នកធ្មេចភ្នែកម្ខាង សម្លឹងមើលព្រួញវៀច? អ្នកមើលយ៉ាងនេះស្រួលឬ? ជាងព្រូញថា៖ បពិត្រសមណៈ ការមើលដោយភ្នែកទាំងពីរឃើញទីធំទូលាយណាស់ ពុំអាចដឹងជាព្រួញវៀចត្រង់ណាជាប្រាកដទេ, លុះតែធ្មេចភ្នែកម្ខាង សម្លឹងមើលរំពត់វាដោយភ្នែកម្ខាង ទើបដឹងជាព្រួញរៀចត្រង់នេះត្រង់នោះ។ បុគ្គលមានគ្នាជាគម្រប់ពីរ រវល់តែជជែកគ្នា រកមាគ៌ាដ៏ត្រង់ពុំឃើញទេ។ ព្រះអង្គជាអ្នកប្រាថ្នានូវឋានសួគ៌ សូមទ្រង់ពេញព្រះទ័យចំពោះភាពនៃបុគ្គលម្នាក់ឯងចុះ។ ព្រះពោធិសត្វទ្រង់ព្រះសណ្តាប់ពាក្យដូច្នោះ លុះសន្សំមិសកភត្តបានល្មមួយចម្អែត ទើបទ្រង់ចេញទៅធ្វើកត្តកិច្ចត្រង់ទីមានទឹកនិងម្លប់ដ៏សប្បាយ។ ឯព្រះនាងសីវលីនិងយោធាទាំងឡាយក៏ស៊ូតែតាមពុំព្រមត្រឡប់។ លុះដល់ដងព្រៃមួយ ព្រះអង្គដកស្មៅយាប្លង មកក្តិចមួយកំណាត់ប្រវែងមួយថ្នាំងសុលបញ្ចេញស្នូលមកខាងក្រៅ ហៅព្រះនាងសីវលីមកខាងក្រៅ ហៅព្រះនាងសីវលីមកបញ្ជាក់ថា “នាងឮឬទេ សំដីដែលជាងពត់ព្រួញនិយាយព្រឹកមិញ, នាងឯងនិងអាត្មាត្រូវតែឃ្លាតគ្នា បញ្ចូលគ្នាវិញមិនកើត ដូចជាស្នូលយា ប្លងនេះ, ផ្លូវបែកជាពីរនេះ ចូរនាងប្រកាន់យកផ្លូវមួយ អាត្មាប្រកាន់យកផ្លូវមួយ, ចូរនាងនៅមា្នក់ឯងចុះ ដូចស្មៅយាប្លង ដែលអាត្មាដកហើយនេះ” ថាតែប៉ុណ្ណោះ ក៏គេចចូលព្រៃស៊ុម ទ្រុមបំបាត់ព្រះអង្គបាត់ទៅ។ ព្រះនាងសីវលី ពុំអាចទប់ទល់នូវព្រះសំណោក ទ្រង់ព្រះវិយោគសោកា លើកហត្ថាគក់ព្រះឱរា ទ្រង់បរិទេវនាការបម្រះននៀល ត្រាតែសន្លប់បាត់ព្រះស្មារតី។ ពួកនាម៉ឺនសព្វមុខមន្រ្តីភ័យរចល់រវល់តែរកព្រះសុគន្ធវារី មកប្រោះស្រប់ជប់ចាប់សព្វព្រះអង្គា ទំរាំព្រះនាងទ្រង់ភ្ងារសួររកព្រះភស្តា ក៏ឥតនរណាដឹងថា ព្រះអង្គយាងទៅខាងណាសោះ, អស់ក្តី សង្ឃឹមត្រឹមប៉ុណ្ណោះ។ ព្រះនាងសីវលីរាជពនិតា ទ្រង់ចាត់ការឱ្យសាងចេតីយ៍អនុស្សាវរីយ៍ត្រង់ទីដែលបាត់ ព្រះអង្គ ហើយទ្រង់ធ្វើសក្ការបូជា រួចត្រឡប់មកវិញ។ ចំណែកខាងព្រះពោធិសត្វ ចូលបាត់ទៅក្នុងព្រៃហេមពាន្តមិនយូរប៉ុន្មាន ក៏បាននូវ អភិញ្ញានិងសមាបត្តិក្នុងរវាងមួយសប្តាហ៍លែងយាត្រាមកកាន់ផ្លូវមនុស្សសោះ។ ឯព្រះនាងទេវី និងរាជបរិពារទាំងអស់ ចាត់ការកសាងព្រះចេតីយ៍អនុស្សាវរីយ៍ ត្រង់កន្លែងដែលព្រះអង្គសន្ទនាជាមួយនឹងជាងពត់ព្រួញមួយ, ត្រង់កន្លែងដែលព្រះអង្គសន្ទនាជាមួយនឹងនាងកុមារិកាស្ទៃដីខ្សាច់មួយ, ត្រង់កន្លែងដែលព្រះអង្គឆាន់សាច់សល់ពីឆ្កែមួយ, ត្រង់កន្លែង ដែលព្រះអង្គសន្ទនាជាមួយនឹងមិគាជិនតាបសមួយ, ត្រង់កន្លែងដែលព្រះអង្គសន្ទនាជាមួយនឹងនារទតាបសមួយ, ទ្រង់ធ្វើសក្ការបូជាព្រះចេតិយដោយទៀនធូបភ្ញីផ្កាជាមហោ-ឡារិក ហើយទ្រង់ចាត់ការរៀបពិធីអភិសេកព្រះទីឃាវុកុមារ ឱ្យសោយរាជ្យតអំពីព្រះបរមរាជបិតា ទើបព្រះនាងទ្រង់ព្រះផ្នួសជាឥសី គង់នៅក្នុងព្រៃអម្ពវ័នរាជឧទ្យាន ញ៉ាំងឈានឱ្យ កើតឡើង, ទ្រង់គង់នៅដរាបដល់ជីវិតាវសាន បានទៅកើតក្នុងព្រហ្មលោក។ ឯព្រះបរមពោធិសត្វឋិតនៅក្នុងព្រៃហេមពាន្តដរាបដល់ជីវិតបរិយោសាន បានទៅឧប្បត្តិក្នុងព្រហ្មលោកនាយហោង។ ព្រះសម្ពុទ្ធបរមសាស្តាចារ្យ ទ្រង់នាំព្រះធម៌ទេសនានេះមកសំដែងហើយ ទ្រង់មានព្រះពុទ្ធដីកាថា “ម្នាល់ភិក្ខុទាំងឡាយ មិនត្រឹមតែក្នុងកាលឥឡូវនេះទេ ពីដើមមក តថាគតចេញទៅកាន់មហាភិនិស្រ្កមណ៍យ៉ាងនេះឯង” ទើបព្រះអង្គទ្រង់ប្រជុំជាតកថាៈ ព្រះឥន្ទក្នុង គ្រានោះ គឺជាភិក្ខុអនុរុទ្ធ ក្នុងកាលឥឡូវនេះ, ព្រាហ្មណ៍ទិសាបាមោក្ខ គឺជាភិក្ខុកស្សប ទេវតារក្សាសមុទ្រ គឺជាភិក្ខុនីឧប្បលវណ្ណា នារទតាបស គឺជាភិក្ខុសារីបុត្រ មិគាជិនតាបសគឺភិក្ខុមោគ្គល្លាន នាងកុមារិកា គឺជាភិក្ខុនីខេមា ជាងព្រួញគឺជាអានន្ទ បរិស័ទក្រៅពីនេះ គឺជាពុទ្ធបរិស័ទ នាងសីវលី គឺជាមាតានៃរាហុល ទីឃារុកុមារ គឺជារាហុល ព្រះរាជមាតាបិតា គឺជាមហារាជត្រកូល ឯព្រះនរិន្ទមហាជនក គឺជាអង្គអញតថាគតជាសម្មាសម្ពុទ្ធហ្នឹងឯង ហោង៕

៦.ឯកសារយោង ១. ឈឹម ស៊ុម សង្ខេបទសជាតក បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ ១៩៥៩។