Jump to content

អ្នកប្រើប្រាស់:ហាក់ សឹងលី / Hak Sengly

ពីវិគីភីឌា
Chreao Waterfall, Amleang commune, Thpong district. Kampong Speu province, Cambodia,19.8.2017 នេះជាកន្លែងមួយនៃរមណីយដ្ឋានទឹកធ្លាក់ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
នេះជាកន្លែងមួយនៃរមណីយដ្ឋានទឹកធ្លាក់ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

អត្ថបទទាំងប៉ុន្មានដែលបង្ហាញនៅទីនេះគឺជាសំណេរក្នុងបំណងចែករំលែកចំណេះដឹងនិងការយល់ឃើញ

របស់ខ្ញុំបាទជុំវិញប្រធានបទមួយចំនួនដែលខ្ញុំបាទធ្លាប់បានជួបប្រទះ សង្កេត ស្វែងយល់ និងពិចារណា។

ចំណេះដឹងផ្សេងៗនិងការស្រាវជ្រាវ

[កែប្រែ]

ឯកសារមួយចំនួនដែលមាននិយាយអំពីខេមរយានកម្មក្នុងការសិក្សា

[កែប្រែ]

ការរាប់ពុទ្ធសករាជនៅកម្ពុជា

[កែប្រែ]

      តាមទស្សនាវដ្ដីកម្ពុជសុរិយាឆ្នាំទី២៩​ លេខ៥ ខែឧសភា ព.ស.២៥០០ គ.ស.១៩៥៧ដែលដាក់ថាជាលេខពិសេសនិយាយពីពិធីបុណ្យ ប្រទេសកម្ពុជាយើងប្រារព្ធបុណ្យព.ស.២៥០០ រយៈពេល៧ថ្ងៃ ៧យប់ ពីថ្ងៃអាទិត្យ

១៤កើត ដល់ថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំរកានព្វស័ក ព.ស.២៥០០ (១២ដល់១៨ ឧសភា គ.ស.១៩៥៧)។

      តាមកាលបរិច្ឆេទប្រារព្ធពិធីបុណ្យដែលបង្ហាញខាងលើ យើងឃើញថាថ្ងៃចុងក្រោយនៃពិធីបុណ្យគឺថ្ងៃសៅរ៍

៥រោច ខែពិសាខ ឆ្នាំរកានព្វស័ក ព.ស.២៥០០ ហើយត្រូវនឹងថ្ងៃទី១៨ ខែឧសភា គ.ស.១៩៥៧។ តាមកាលបរិច្ឆេទនេះ ព.ស.ស្មើនឹងគ.ស.បូកនឹង៥៤៣​ ព្រោះ២៥០០ស្មើនឹង១៩៥៧ថែម៥៤៣។ បើថ្ងៃ៥រោច ខែពិសាខ ព.ស.

២៥០០ ត្រូវនឹងគ.ស.១៩៥៧ នោះថ្ងៃ៥រោច ខែពិសាខ ព.ស.២៥៦៣គឺ៦៣ឆ្នាំក្រោយត្រូវត្រូវនឹងគ.ស.១៩៥៧+៦៣=២០២០ ឬស្មើនឹង២៥៦៣-៥៤៣=២០២០។

      ប៉ុន្តែតាមប្រតិទិនបច្ចុប្បន្ន ថ្ងៃ៥រោច ខែពិសាខ ព.ស.២៥៦៣ បែរជាត្រូវនឹងគ.ស.២០១៩ទៅវិញ ពោលគឺ

ព.ស.ស្មើនឹងគ.ស.បូកនឹង៥៤៤ ព្រោះ២៥៦៣ស្មើនឹង២០១៩ថែម៥៤៤ ពោលគឺមិនមែនថែម៥៤៣ដូចកាលពី

៦៣ឆ្នាំមុននោះទេ។ ការខុសគ្នាមួយ(១)ឆ្នាំនេះបង្ហាញថានៅកម្ពុជា បុណ្យព.ស.២៥០០ត្រូវបានប្រារព្ធនៅពេលព្រះពុទ្ធសាសនាមានអាយុគ្រប់២៥០១ឆ្នាំឈានចូល២៥០២ឆ្នាំ បើគិតតាមពុទ្ធសករាជបច្ចុប្បន្នដែលចាប់ពីថ្ងៃ១រោច ខែពិសាខដល់ថ្ងៃដាច់ឆ្នាំគ្រិស្តសករាជស្មើនឹងគ្រិស្តសករាជថែម៥៤៤។ ដោយកាលនោះយើងរាប់យឺត១ឆ្នាំនោះហើយទើបក្រោយមកមានការកែតម្រូវដោយដំឡើងលេខពុទ្ធសករាជ១ឆ្នាំដើម្បីឱ្យត្រូវនឹងរូបមន្ត”ព.ស.=គ.ស.+៥៤៤”។ តើការដំឡើងលេខពុទ្ធសករាជ១ឆ្នាំនេះចាប់ផ្ដើមនៅពេលណា?

    ខាងក្រោមនេះជាការសាកល្បងស្រាវជ្រាវដើម្បីឆ្លើយនឹងសំណួរខាងលើ។

    ការស្រាវជ្រាវរកកាលបរិច្ឆេទនៃការផ្លាស់ប្ដូរពុទ្ធសករាជនេះបានប្រើវិធីចំនួន២ដូចខាងក្រោម៖

     ១-ពិនិត្យនិងផ្គូផ្គងឆ្នាំនៃលេខទស្សនាវដ្ដីកម្ពុជសុរិយា ដោយសារទស្សនាវដ្ដីនេះផ្សាយខាងសាសនានិងអក្សរ

សាស្ត្រ មានកំណើតតាំងពីគ.ស.១៩២៦ នៅមានសេសសល់លេខជាប់ៗគ្នាច្រើន និងមានប្រាប់ខែចេញផ្សាយជាខែរាប់តាមសុរិយគតិនិងមានបញ្ជាក់ឆ្នាំតាមគ្រិស្តសករាជនិងឆ្នាំតាមពុទ្ធសករាជនៅលើក្រប។ ក្នុងការផ្គូគ្នារវាងឆ្នាំពុទ្ធសករាជនិងឆ្នាំគ្រិស្តសករាជ គ្រិស្តសករាជត្រូវបានយកជាគោលដោយផ្ដោតលើបណ្ដាខែចាប់ពីមិថុនាដល់ធ្នូនៃឆ្នាំនីមួយៗដើម្បីធានាភាពត្រឹមត្រូវនិងឯកភាពក្នុងការរកផលដករវាងពុទ្ធសករាជនិងគ្រិស្តសករាជ ព្រោះពីមុនមកធ្លាប់មានការរាប់ចូលពុទ្ធសករាជថ្មីនៅខែមករាដូចគ្នានឹងឆ្នាំសកលឬគ្រិស្តសករាជ ឬនៅខែមេសាដែលជា

ខែចូលឆ្នាំខ្មែរ ឬនៅថ្ងៃ១រោច ខែពិសាខដែលនៅក្នុងខែមេសាឬខែឧសភា ដូចមាននៅក្នុងតារាងសម្រង់ពុទ្ធសករាជដែលចុះនៅលើក្របទស្សនាវដ្ដីប្រចាំខែ ពីឆ្នាំទី២៥ត្រូវនឹងគ.ស.១៩៥៣ ដល់ ឆ្នាំទី៤២ត្រូវនឹងគ.ស.១៩៧០ចុះផ្សាយក្នុងគេហទំព័រ WIKISOURCE ។

      ២-សង្កេតលើខ្លឹមសារមួយចំនួនក្នុងវចនានុក្រមសម្ដេចសង្ឃ ជួន ណាត និងសំណេរមួយចំនួនរបស់សម្ដេចដែលមានចុះកាលបរិច្ឆេទ ទាំងគ្រិស្តសករាជទាំងពុទ្ធសករាជ។

    លទ្ធផលនៃការស្រាវជ្រាវតាមវិធីទាំងពីរខាងលើមានដូចខាងក្រោម៖    

      ១-តាមទស្សនាវដ្ដីកម្ពុជសុរិយាពីគ្រិស្តសករាជ១៩៥៣ដល់គ្រិស្តសករាជ១៩៧០ លេខទាំងឡាយមុនខែកញ្ញា គ្រិស្តសករាជ១៩៦៧សុទ្ធតែ​ចុះពុទ្ធសករាជដែលមានចំនួនលើសគ្រិស្តសករាជតែ៥៤២ឬ៥៤៣ឆ្នាំប៉ុណ្ណោះ។ លេខខែមករា កុម្ភៈ និងមីនា គ.ស.១៩៦៨ ចុះពុទ្ធសករាជព.ស.២៥១១ ពោលគឺលើសគ្រិស្តសករាជ៥៤៣។ លេខខែមេសាគ.ស.១៩៦៨ចុះពុទ្ធសករាជ២៥១២ ពោលគឺលើសគ្រិស្តសករាជ៥៤៤។ ទោះជាមានការបាត់ទស្សនាវដ្ដីចាប់ពីលេខខែឧសភាដល់ខែធ្នូ គ.ស.១៩៦៨ក៏ដោយ ក៏យើងអាចសន្និដ្ឋានថាលេខពីខែឧសភាដល់ខែធ្នូ គ.ស.១៩៦៨ចុះព.ស.២៥១២ ព្រោះនៅលើក្របទស្សនាវដ្ដីលេខ៣ឬខែមីនាគ.ស.១៩៦៨ដាក់ថាពុទ្ធសករាជ២៥១១ ហើយលេខ៤ឬខែមេសាគ.ស.១៩៦៨ដាក់ថាពុទ្ធសករាជ២៥១២។ ទស្សនាវដ្ដីលេខចាប់ពីខែមិថុនាដល់ធ្នូនៃគ.ស.១៩៦៩ ​និង

លេខចាប់ពីខែមិថុនាដល់ធ្នូនៃគ.ស.១៩៧០ សុទ្ធតែចុះពុទ្ធសករាជដែលមានចំនួនលើសគ្រិស្តសករាជ៥៤៤។ ឯលេខខែកញ្ញា តុលា វិច្ឆិកា និងធ្នូ គ.ស.១៩៦៧ដែលបាត់នោះទំនងជាត្រូវបានចុះពុទ្ធសករាជ២៥១១ ដើម្បីឱ្យវាស៊ីគ្នាជាមួយលេខខែមករា គ.ស.១៩៦៨ដែលចុះព.ស.២៥១១ ។

        ដូច្នេះបើតាមការចុះពុទ្ធសករាជនៅលើក្របទស្សនាវដ្ដីកម្ពុជសុរិយា គេអាចសន្និដ្ឋានថាពុទ្ធសករាជត្រូវបានដំឡើងលេខ១ឆ្នាំពី២៥១០ មក២៥១១នៅខែកញ្ញា គ.ស.១៩៦៧ ។

       ២-នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួន-ណាត និងសំណេរមួយចំនួនរបស់សម្ដេចដែលមានចុះកាលបរិច្ឆេទទាំងគ្រិស្តសករាជទាំងពុទ្ធសករាជ មានខ្លឹមសារដែលទាក់ទងនឹងឆ្នាំពុទ្ធសករាជដូចខាងក្រោម៖

         -នៅក្នុងវចនានុក្រមសម្ដេចសង្ឃជួន-ណាត បោះពុម្ពគ្រាទី៥ គ.ស.១៩៦៧ នៅខាងចុងនិទាន(introduction)

សម្រាប់បោះពុម្ពគ្រាទី៥ ព្រះអង្គបានចុះកាលបរិច្ឆេទថា”ថ្ងៃទី១០ ធ្នូ ១៩៦៧(ព.ស .២៥១១)”។ តាមកាលបរិច្ឆេទនេះ យើងឃើញថាព.ស.ស្មើនឹងគ.ស.ថែម៥៤៤ដែលស្របគ្នានឹងការរាប់ពុទ្ធសករាជបច្ចុប្បន្ន។ ក្នុងការពន្យល់ពាក្យ”ពុទ្ធសករាជ”នៅក្នុងមេពាក្យ”ពុទ្ធ” វចនានុក្រមបានប្រាប់ឱ្យដឹងថាពុទ្ធសករាជថ្មីរាប់ចាប់ពីថ្ងៃ១រោច ​ខែពិសាខ

រៀងរាល់ឆ្នាំ។

       -នៅក្នុងសៀវភៅស្នាព្រះហស្តក្រោយបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន-ណាត បោះពុម្ពឆ្នាំ១៩៧០

សម្ដេចជួន-ណាតបានចុះកាលបរិច្ឆេទនៅខាងចុងអត្ថបទមួយចំនួនជាសំណេរផ្ទាល់ព្រះហស្តរបស់ព្រះអង្គដោយមានឆ្នាំជាគ្រិស្តសករាជផងនិងជាពុទ្ធសករាជផង ក្នុងនោះ អត្ថបទសរសេរក្នុងខែកក្កដា តុលា និងធ្នូ គ.ស.១៩៦៨ និងខែមករា គ.ស.១៩៦៩ត្រូវបានចុះព.ស.២៥១២។ នៅក្នុងសៀវភៅដដែលនេះដែរ នៅត្រង់អារម្ភកថារបស់លោក នង-លន់ ដែលជាស្មៀនរបស់សម្ដេចជួន-ណាត មានដាក់កាលបរិច្ឆេទថាថ្ងៃទី៣ មករា ព.ស.២៥១៣ គ.ស.១៩៧០។

      ផ្អែកតាមការចុះកាលបរិច្ឆេទរបស់សម្ដេចសង្ឃជួន​-ណាតនិងការពន្យល់អំពីពុទ្ធសករាជនៅក្នុងវចនានុក្រមនិងការចុះកាលបរិច្ឆេទនៅក្នុងសៀវភៅស្នាព្រះហស្តក្រោយបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតីជួន-ណាត បោះពុម្ពឆ្នាំ១៩៧០ យើងអាចសន្និដ្ឋានបានថារូបមន្តពុទ្ធសករាជ”ស្មើនឹងគ្រិស្តសករាជបូកនឹង៥៤៤សម្រាប់រយៈពេលចាប់ពីថ្ងៃចូលពុទ្ធសករាជថ្មីដល់ដាច់ឆ្នាំគ្រិស្តសករាជនីមួយៗ” ត្រូវបានចាប់អនុវត្តចាប់ពីថ្ងៃ១រោច ខែពិសាខ គ្រិស្តសករាជ១៩៦៧ ពោលគឺនៅក្នុងឆ្នាំដែលវចនានុក្រមខ្មែរត្រូវបានបោះពុម្ពគ្រាទី៥។

     ការសន្និដ្ឋាន

     ដោយផ្អែកតាមឯកសារទាំងឡាយខាងលើនិងដោយសារវចនានុក្រមនិងស្នាព្រះហស្ថសម្ដេចព្រះសង្ឃរាជ ជួន-ណាតមានលក្ខណៈផ្លូវការនិងសាកលជាងទស្សនាវដ្ដីកម្ពុជសុរិយាយើងសន្និដ្ឋានថាពុទ្ធសករាជត្រូវបានដំឡើងលេខ១ឆ្នាំពី២៥១០ មក២៥១១ចាប់ពីថ្ងៃ១រោច ខែពិសាខ គ្រិស្តសករាជ១៩៦៧ ឬថារូបមន្ត”ពុទ្ធសករាជស្មើនឹងគ្រិស្តសករាជបូកនឹង៥៤៤សម្រាប់រយៈពេលចាប់ពីថ្ងៃចូលពុទ្ធសករាជថ្មីដល់ដាច់ឆ្នាំគ្រិស្តសករាជនីមួយៗ” ត្រូវបានចាប់អនុវត្តចាប់ពីថ្ងៃ១រោច ខែពិសាខ គ្រិស្តសករាជ១៩៦៧ ពោលគឺនៅក្នុងឆ្នាំដែលវចនានុក្រមខ្មែរត្រូវបានបោះពុម្ពគ្រាទី៥។


សម្រង់ពុទ្ធសករាជដែលចុះនៅលើក្របទស្សនាវដ្ដីកម្ពុជសុរិយាពីឆ្នាំទី២៥ត្រូវនឹងគ.ស.១៩៥៣ ដល់ ឆ្នាំទី៤២ត្រូវនឹងគ.ស.១៩៧០

ឆ្នាំទី គ.ស. លេខព.ស.តាមខ្សែឬលេខឬខែ ផ្សេងៗ
១.

មករា

២.

កុម្ភៈ

៣.

មីនា

៤.

មេសា

៥.

ឧសភា

៦.

មិថុនា

៧.

កក្កដា

៨.

សីហា

៩.

កញ្ញា

១០.

តុលា

១១.

វិច្ឆិកា

១២.

ធ្នូ

២៥ ១៩៥៣ ២៤៩៥ ២៤៩៥ ២៤៩៥ ២៤៩៥ ២៤៩៦ ២៤៩៦ ២៤៩៦ ២៤៩៦ ២៤៩៦ ២៤៩៦ ២៤៩៦ ២៤៩៦
២៦ ១៩៥៤ ២៤៩៦ ២៤៩៦ ២៤៩៦ ២៤៩៧ ២៤៩៧ ២៤៩៧ ២៤៩៧ ២៤៩៧ ២៤៩៧ ២៤៩៧ ២៤៩៧ ២៤៩៧
២៧ ១៩៥៥ ២៤៩៧ ២៤៩៧ ២៤៩៧ ២៤៩៧ ២៤៩៨ ២៤៩៨ ២៤៩៨ ២៤៩៨ ២៤៩៨ ២៤៩៧ ២៤៩៧ ២៤៩៨
២៨ ១៩៥៦ ២៤៩៨ ២៤៩៨ ២៤៩៨ ២៤៩៩ ២៤៩៩ ២៤៩៩ ២៤៩៩ ២៤៩៩ ២៤៩៩ ២៤៩៩ ២៤៩៩ ២៤៩៩
២៩ ១៩៥៧ ២៤៩៩ ២៤៩៩ ២៤៩៩ ២៥០០ ២៥០០ ២៥០០ ២៥០០ ២៥០០ ២៥០០ ២៥០០ ២៥០០ ២៥០០
៣០ ១៩៥៨ ២៥០០ ២៥០០ ២៥០០ ២៥០០ បាត់ បាត់ បាត់ បាត់ បាត់ បាត់ បាត់ បាត់
៣១ ១៩៥៩ ២៥០១ ២៥០១ ២៥០១ ២៥០១ ២៥០២ ២៥០២ ២៥០២ ២៥០២ ២៥០២ ២៥០២ ២៥០២ បាត់
៣២ ១៩៦០ ២៥០៣ ២៥០៣ ២៥០៣ ២៥០៣ ២៥០៣ ២៥០៣ ២៥០៣ ២៥០៣ ២៥០៣ ២៥០៣ ២៥០៣ ២៥០៣
៣៣ ១៩៦១ ២៥០៣ ២៥០៣ ២៥០៣ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤ បាត់ បាត់ បាត់ បាត់
៣៤ ១៩៦២ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤ ២៥០៤
៣៥ ១៩៦៣ ២៥០៥ ២៥០៥ ២៥០៥ ២៥០៥ ២៥០៥ ២៥០៥ ២៥០៥ ២៥០៥ ២៥០៥ ២៥០៥ ២៥០៥ ២៥០៥
៣៦ ១៩៦៤ ២៥០៦ ២៥០៦ ២៥០៦ ២៥០៦ ២៥០៦ ២៥០៦ បាត់ បាត់ បាត់ បាត់ បាត់ បាត់
៣៧ ១៩៦៥ បាត់ ២៥០៧ ២៥០៧ ២៥០៧ បាត់ ២៥០៧ ២៥០៧ ២៥០៧ ២៥០៧ ២៥០៧ ២៥០៧ ២៥០៧
៣៨ ១៩៦៦ បាត់ ២៥០៨ ២៥០៨ ២៥០៨ ២៥០៩(១)

បាត់

២៥០៨ (២) ២៥០៩ បាត់ ២៥០៩ ២៥០៩ ២៥០៩
៣៩ ១៩៦៧ បាត់ ២៥០៩ ២៥០៩ ២៥០៩ (២) (២) (២) ២៥១០ បាត់ បាត់ បាត់ បាត់
៤០ ១៩៦៨ ២៥១១ ២៥១១ ២៥១១ ២៥១២ បាត់ បាត់ បាត់ បាត់ បាត់ បាត់ បាត់ បាត់
៤១ ១៩៦៩ បាត់ បាត់ បាត់ បាត់ (២) ២៥១៣ ២៥១៣ ២៥១៣ ២៥១៣ ២៥១៣ ២៥១៣ ២៥១៣
៤២ ១៩៧០ ២៥១៣ ២៥១៣ ២៥១៣ ២៥១៤ ២៥១៤ (២) ២៥១៤ ២៥១៤ បាត់ បាត់ បាត់ បាត់


(១)ការដាក់ថា២៥០៩គឺដោយផ្អែកតាមខ្លឹមសារនៅទំព័រ៧៨៦នៃទស្សនាវដ្ដីលេខ៧ ​ខែកក្កដា​ គ.ស.១៩៦៦ដែលមានសរសេរថា៖

    -នៅថ្ងៃ១៥កើត ខែពិសាខ ឆ្នាំមមីអដ្ឋស័ក ព.ស.២៥០៩(៤.៥.៦៦)

    -លុះព្រឹកឡើង ថ្ងៃ១រោច ខែ ឆ្នាំដដែល(៥.៥.៦៦) មានព្រះរាជពិធីដាក់បាត្រព្រះសង្ឃ...

(២)ទស្សនាវដ្ដីនេះបាត់ក្របមុខដែលមានប្រាប់ព.ស.

អត្ថបទជា PDF

ក្បួននិយាយសម្រាប់ប្រើក្នុងកិច្ចការដែលមិនចង់ឱ្យអ្នកផ្សេងស្ដាប់យល់

[កែប្រែ]

ក្នុងការនិយាយអំពីកិច្ចការអ្វីមួយដោយមិនចង់ឲ្យអ្នកដទៃស្ដាប់យល់ ខ្មែរយើងបានប្រើក្បួនមួយចំនួនដូចខាងក្រោម៖

  • របៀបនិយាយដោយប្រើ"ស"

គេយកព្យញ្ជនៈពួក"អ"មកដាក់ពីមុខព្យាង្គដែលផ្សំដោយព្យញ្ជនៈ"ស"។

ឧទាហរណ៍៖

-គេថា"ដសើរ"ដែលគេគន្លាស់មកថា"ដើរស"សម្រាប់សម្គាល់ពាក្យ"ដើរ"

-គេថា"ឡសេង"ដែលគេគន្លាស់មកថា"លេងស"សម្រាប់សម្គាល់ពាក្យ"លេង"

-ហសូប បសាយ ហសើយ រ៉ស៊ឺ ណស៊ៅ?=ហូបបាយហើយឬនៅ?

-សសូម កសុំ ខសឹង=សូមកុំខឹង។

  • របៀបនិយាយដោយប្រើ"លឿង"

ឧទាហរណ៍៖

-តឿងឡើ អឿងឡែង ឈ្មឿងលោះ អ្វឿងឡី?=តើឯងឈ្មោះអ្វី?

-សប្បឿងឡាយ ណឿងឡាស់ = សប្បាយណាស់

  • របៀបនិយាយដោយប្រើ"ក្រហម"

ឧទាហរណ៍៖

-"ដមក្រហេក" គន្លាស់មកថា"ដេកក្រហម" រួចកាត់"ក្រហម"ចោល នៅសល់"ដេក"

-"ខ្ញមក្រហុំ"គន្លាស់មកថា"ខ្ញុំក្រហម" រួចកាត់ពាក្យ"ក្រហម"ចោលនៅសល់"ខ្ញុំ"

-អមក្រហែង ថ្វមក្រហ៊ើ អ្វមក្រហី?=ឯងធ្វើអ្វី?

  • របៀបនិយាយដែលគន្លាស់ចេញ"ខៀវ"

ឧទាហរណ៍៖

-អៀវខែង ធ្វៀវខឺ អ្វៀវខី?=ឯងធ្វើអ្វី?

-ខ្ញៀវខុំ ចៀវខាំ ផ្ទៀវឃះ=ខ្ញុំចាំផ្ទះ

របៀបគណនាអាយុដោយដឹងឆ្នាំកំណើត(ជូត ឆ្លូវ ខាល ថោះ…)និងខ្ទង់អាយុ(ដប់ ម្ភៃ សាម សែ …)

[កែប្រែ]

ខ្មែរយើងនិយមរាប់បញ្ចូលទាំងឆ្នាំកំណើត ទាំងឆ្នាំបច្ចុប្បន្នក្នុងការគណនាអាយុរបស់អ្នកណាម្នាក់។ ដោយហេតុនេះ អាយុដែលខ្មែរយើងប្រាប់ច្រើនតែលើសអាយុដែលគិតដោយយកឆ្នាំបច្ចុប្បន្ន(ឧទាហរណ៍ ២០១៤)ដកឆ្នាំកំណើត(ឧទាហរណ៍១៩៦០)។ ក្បួនមួយដែលខ្មែរយើងប្រើសម្រាប់គណនាអាយុរបស់អ្នកណាម្នាក់ឲ្យបានរហ័សតាមការដឹងឆ្នាំកំណើតនិងខ្ទង់អាយុរបស់អ្នកនោះមាន ជំហានដូចខាងក្រោម ៖

ជំហានទី១ រាប់ចាប់ពីឆ្នាំកំណើតរហូតដល់ឆ្នាំដើមខ្ទង់អាយុរបស់អ្នកនោះតាមការកំណត់ខាងក្រោម៖ -សម្រាប់អ្នកទាំងឡាយណាដែលមានអាយុពី១០ដល់១៩ឆ្នាំ គេត្រូវរាប់១០ឆ្នាំចាប់ពីឆ្នាំកំណើត -សម្រាប់អ្នកទាំងឡាយណាដែលមានអាយុពី២០ដល់២៩ឆ្នាំ គេត្រូវរាប់៨ឆ្នាំចាប់ពីឆ្នាំកំណើត -សម្រាប់អ្នកទាំងឡាយណាដែលមានអាយុពី៣០ដល់៣៩ឆ្នាំ គេត្រូវរាប់៦ឆ្នាំចាប់ពីឆ្នាំកំណើត -សម្រាប់អ្នកទាំងឡាយណាដែលមានអាយុពី៤០ដល់៤៩ឆ្នាំ គេត្រូវរាប់៤ឆ្នាំចាប់ពីឆ្នាំកំណើត -សម្រាប់អ្នកទាំងឡាយណាដែលមានអាយុពី៥០ដល់៥៩ឆ្នាំ គេត្រូវរាប់២ឆ្នាំចាប់ពីឆ្នាំកំណើត -សម្រាប់អ្នកទាំងឡាយណាដែលមានអាយុពី៦០ដល់៦៩ឆ្នាំ គេត្រូវរាប់១២ឆ្នាំចាប់ពីឆ្នាំកំណើត ឬកុំរាប់ក៏បាន -សម្រាប់អ្នកទាំងឡាយណាដែលមានអាយុពី៧០ដល់៧៩ឆ្នាំ គេត្រូវរាប់១០ឆ្នាំចាប់ពីឆ្នាំកំណើត -សម្រាប់អ្នកទាំងឡាយណាដែលមានអាយុពី៨០ដល់៨៩ឆ្នាំ គេត្រូវរាប់៨ឆ្នាំចាប់ពីឆ្នាំកំណើត -សម្រាប់អ្នកទាំងឡាយណាដែលមានអាយុពី៩០ដល់៩៩ឆ្នាំ គេត្រូវរាប់៦ឆ្នាំចាប់ពីឆ្នាំកំណើត . . .។

ជំហានទី២ រាប់បន្តពីឆ្នាំចុងក្រោយដែលបានរាប់ក្នុងជំហានទី១(គឺរាប់បន្តពីឆ្នាំដើមខ្ទង់អាយុក្នុងជំហានទី១) រហូតដល់ឆ្នាំបច្ចុប្បន្នដើម្បីបានចំនួនមួយសម្រាប់ប្រើនៅជំហានទី៣។

ជំហានទី៣ យកចំនួនដើមខ្ទង់អាយុមកបូកនឹងចំនួនរាប់ឃើញក្នុងជំហានទី២ ដើម្បីដឹងអាយុ។

ឧទាហរណ៍ ៖

-ដើម្បីដឹងអាយុមនុស្សម្នាក់ដែលកើតឆ្នាំម្សាញ់អាយុជាង៧០ឆ្នាំ(ខ្ទង់៧០)ក្នុងឆ្នាំមមី(ឆ្នាំបច្ចុប្បន្ន)ដំបូងគេរាប់១០ឆ្នាំចាប់ពីម្សាញ់ទៅ ហើយទី១០ចំឆ្នាំខាល។បន្ទាប់មកគេរាប់ពីថោះទៅដល់មមីដែលជាឆ្នាំបច្ចុប្បន្ន។គេរាប់ឃើញ៤ឆ្នាំ។ចុងក្រោយគេយក៧០ឆ្នាំមកបូក នឹង៤ឆ្នាំឃើញ៧៤ឆ្នាំ។ដូច្នេះមនុស្សនោះអាយុ៧៤ឆ្នាំ(៧០+៤)។

-ដើម្បីដឹងអាយុមនុស្សម្នាក់ដែលកើតឆ្នាំមមែអាយុជាង៣០ឆ្នាំ(ខ្ទង់៣០)ក្នុងឆ្នាំមមី(ឆ្នាំបច្ចុប្បន្ន) គេរាប់ ៦ចាប់ពីមមែទៅ ហើយទី៦ចំឆ្នាំជូត។រួចគេរាប់ពីឆ្លូវទៅដល់មមីដែលជាឆ្នាំបច្ចុប្បន្នហើយឃើញមាន៦ឆ្នាំ។ ដូច្នេះមនុស្សនោះអាយុ៣៦ឆ្នាំ(៣០+៦)។

-បើចង់ដឹងអាយុមនុស្សម្នាក់ដែលកើតឆ្នាំរោងអាយុជាង២០ឆ្នាំ(ខ្ទង់២០)ក្នុងឆ្នាំមមី(ឆ្នាំបច្ចុប្បន្ន)គេរាប់ ៨ចាប់ពីរោងទៅ ហើយទី៨ចំឆ្នាំកុរ។រួចគេរាប់ពីជូតដល់មមីដែលជាឆ្នាំបច្ចុប្បន្នហើយឃើញមាន៧ឆ្នាំ។ ដូច្នេះមនុស្សនោះអាយុ២៧ឆ្នាំ(២០+៧)។

ទោះជាពុំបានឃើញឬឮចាស់ៗស្រាយបំភ្លឺឲ្យបានពិស្ដារអំពីក្បួនគណនាអាយុខាងលើនេះក៏ដោយ ក៏យើងសង្កេតឃើញថាក្បួននេះបានផ្អែកតាមខ្ទង់ឬចំនួនជុំឬជួរនៃអាយុដែលមាន១២ឆ្នាំ។ហេតុនេះហើយ បានជាគាត់កំណត់ចំនួនឆ្នាំដែលត្រូវរាប់ដោយផ្អែកតាមខ្ទង់ឬចំនួនជួរនៃអាយុដូចខាងក្រោម ៖

-រាប់ដប់ឬរាប់ធម្មតាពីឆ្នាំកំណើតដល់ឆ្នាំបច្ចុប្បន្នសម្រាប់អ្នកអាយុពី១០ដល់១៩ឆ្នាំ

-រាប់៨សម្រាប់ អ្នកអាយុពី២០ដល់២៩ឆ្នាំព្រោះថា ២០ឆ្នាំ=(១២ឆ្នាំ/ជុំx១ជុំ)+៨ឆ្នាំ

-រាប់៦សម្រាប់ អ្នកអាយុពី៣០ដល់៣៩ឆ្នាំព្រោះថា ៣០=(១២x២)+៦

-រាប់៤សម្រាប់ អ្នកអាយុពី៤០ដល់៤៩ឆ្នាំព្រោះថា ៤០=(១២x៣)+៤

-រាប់២សម្រាប់ អ្នកអាយុពី៥០ដល់៥៩ឆ្នាំព្រោះថា ៥០=(១២x៤)+២

-កុំបាច់រាប់ឬរាប់១២សម្រាប់ អ្នកអាយុពី៦០ដល់៦៩ឆ្នាំព្រោះថា ៦០=(១២x៥)+0ឬ៦០=(១២x៤)+១២

-រាប់១០សម្រាប់ អ្នកអាយុពី៧០ដល់៧៩ឆ្នាំព្រោះថា ៧០=(១២x៥)+១០

-រាប់៨សម្រាប់ អ្នកអាយុពី៨០ដល់៨៩ឆ្នាំព្រោះថា ៨០=(១២x៦)+៨

-រាប់៦សម្រាប់ អ្នកអាយុពី៩០ដល់៩៩ឆ្នាំព្រោះថា ៩០=(១២x៧)+៦។

របៀបរកឆ្នាំកំណើតដោយដឹងអាយុ

[កែប្រែ]

ខ្មែរយើងនិយមរាប់អាយុដោយគិតទាំងឆ្នាំកំណើត ទាំងឆ្នាំបច្ចុប្បន្ន។ ក្បួនមួយដែលខ្មែរយើងប្រើសម្រាប់រកឆ្នាំកំណើត(ជូត ឆ្លូវ ខាល ថោះ…)តាមការដឹងអាយុគឺការប្រើម្រាមដៃឆ្វេងធ្វើជាគំនូសបំព្រួញ សម្រាប់រាប់តាមជំហានខាងក្រោម៖

១.រាប់រំលងមួយៗពីចុងចង្អុលដៃតាមទិសស្របនឹងដំណើរទ្រនិច នាឡិកាឬដង្ហែកឋិនជុំវិញវិហារដោយផ្ដើមពីដប់និងដោយរាប់រៀងកើនតាម ពហុគុណនៃដប់រហូតដល់ខ្ទង់អាយុត្រូវរកឆ្នាំកំណើត។ ឧទាហរណ៍៖សម្រាប់ អាយុ៤២ឆ្នាំ គេរាប់១០, ២០, ៣០ រួច៤០ដែលជាខ្ទង់អាយុត្រូវរកឆ្នាំកំណើត។

២.រាប់បន្តពីទីតាំងខ្ទង់អាយុតាមទិសផ្ទុយនឹងដំណើរទ្រនិចនាឡិកាដោយរាប់ រៀងកើនមួយៗរហូតដល់អាយុត្រូវរកឆ្នាំកំណើត ហើយបើតាមឧទាហរណ៍ខាង លើគឺរាប់រហូតដល់៤២ដែលជាទីតាំងឆ្នាំកំណើត។

៣.រាប់ឆ្នាំតាមលំដាប់ចេញពីទីតាំងឆ្នាំបច្ចុប្បន្នតាមទិសស្របតាមដំណើរទ្រនិច នាឡិការហូតដល់ទីតាំងឆ្នាំកំណើត។តាមឧទាហរណ៍ខាងលើនិងដោយសន្មត ថាមមីជាឆ្នាំបច្ចុប្បន្ន នោះឆ្នាំកំណើតគឺឆ្លូវ។

គួរកត់សម្គាល់ថាចំពោះអ្នកប្រាប់អាយុដោយដកឆ្នាំកំណើតចេញ គេត្រូវរំកិល ទីតាំងឆ្នាំបច្ចុប្បន្នមួយ(១)គន្លាក់តាមទិសស្របនឹងដំណើរទ្រនិចនាឡិកាដូចរូបទី៣ ក្នុងឯកសារជាPDFខាងក្រោម។

ឯកសារជាPDF

របៀបកត់ត្រាកាលបរិច្ឆេទតាមបែបបុរាណ

[កែប្រែ]

កន្លងមកខ្មែរយើងធ្លាប់អនុវត្តរបៀបសរសេរកាលបរិច្ឆេទពិសេសរបស់ខ្លួន។ អ្នកចេះក្បួនទើបមើលទៅដឹងអំពីកាលបរិច្ឆេទដែលបុព្វបុរសយើងបានសរសេរ។

ក្នុងការសរសេរកាលបរិច្ឆេទ បុព្វបុរសយើងបានប្រើសញ្ញាខណ្ឌ(។)ផ្សំជាមួយលេខ សម្រាប់ធ្វើជាអក្សរកាត់តាមការកំណត់ដូចខាងក្រោម៖

  • ត្រូវសរសេរថ្ងៃនៅខាងឆ្វេងសញ្ញាខណ្ឌ(។)ដោយប្រើ៖
    • លេខ១សម្រាប់សម្គាល់ថ្ងៃអាទិត្យ
    • លេខ២សម្រាប់សម្គាល់ថ្ងៃចន្ទ
    • លេខ៣សម្រាប់សម្គាល់ថ្ងៃអង្គារ
    • លេខ៤សម្រាប់សម្គាល់ថ្ងៃពុធ
    • លេខ៥សម្រាប់សម្គាល់ថ្ងៃព្រហស្បតិ៍
    • លេខ៦សម្រាប់សម្គាល់ថ្ងៃសុក្រ
    • លេខ៧សម្រាប់សម្គាល់ថ្ងៃសៅរ៍
  • ត្រូវសរសេរលេខថ្ងៃខាងខ្នើតនៅខាងលើសញ្ញាខណ្ឌ(។)។ដូច្នេះបើឃើញលេខ៥

នៅខាងលើសញ្ញាខណ្ឌ(។)យើងអានថា៥កើត។

  • ត្រូវសរសេរលេខថ្ងៃខាងរនោចនៅខាងក្រោមសញ្ញាខណ្ឌ(។)។ដូច្នេះបើឃើញលេខ

១២នៅ ខាងក្រោមសញ្ញាខណ្ឌ(។)យើងអានថា១២រោច។

  • ត្រូវសរសេរខែនៅខាងស្ដាំសញ្ញាខណ្ឌ(។)ដោយប្រើ ៖
    • លេខ១សម្រាប់សម្គាល់ខែមិគសិរ
    • លេខ២សម្រាប់សម្គាល់ខែបុស្ស
    • លេខ៣សម្រាប់សម្គាល់ខែមាឃ
    • លេខ៤សម្រាប់សម្គាល់ខែផល្គុន
    • លេខ៥សម្រាប់សម្គាល់ខែចេត្រ
    • លេខ៦សម្រាប់សម្គាល់ខែពិសាខ
    • លេខ៧សម្រាប់សម្គាល់ខែជេស្ឋ
    • លេខ៨សម្រាប់សម្គាល់ខែអាសាធ
    • លេខ៩សម្រាប់សម្គាល់ខែស្រាពណ៍
    • លេខ១០សម្រាប់សម្គាល់ខែភទ្របទ
    • លេខ១១សម្រាប់សម្គាល់ខែអស្សុជ
    • លេខ១២សម្រាប់សម្គាល់ខែកត្តិក។

ខាងក្រោមនេះជាឧទាហរណ៍២នៃការសរសេរ ៖

-សម្រាប់ថ្ងៃពុធ ១១កើត ខែពិសាខ ព.ស.២៥៤៩ គ.ស.២០០៥ត្រូវសរសរថា៖

                                       ព.ស. ២៥៤៩
               ៤ ᧫ ៦ ឆ្នាំរកា    __________
                                       គ.ស. ២០០៥	

-សម្រាប់ថ្ងៃពុធ ៣រោច ខែស្រាពណ៏ ព.ស.២៥៥៨ គ.ស.២០១៤ត្រូវសរសេរថា៖

                                   ព.ស. ២៥៥៨
               ៤᧳៩ ឆ្នាំមមី   __________
                                   គ.ស. ២០១៤

ដើម្បីអាចអានបានលឿនគេត្រូវចាំឲ្យបានស្ទាត់អំពីការកំណត់ន័យនៃទីតាំងរបស់ លេខធៀបនឹងសញ្ញាខណ្ឌ(។)និងអំពីលេខរៀងកំណត់សម្រាប់សម្គាល់ថ្ងៃនិងខែ។

ការផ្សព្វផ្សាយបោកបញ្ឆោតឱ្យធ្វើសកម្មភាព

[កែប្រែ]
  • ការផ្សព្វផ្សាយបោកបញ្ឆោតឱ្យធ្វើសកម្មភាពមិនមែនជារឿងដែលទើបនឹងមានក្នុងពេលសព្វ

ថ្ងៃនេះទេ។ ខ្លឹមសារនិងរបៀបបញ្ឆោតមិនមានការប្រែប្រួលធំដុំទេ។ តែវិធីផ្សព្វផ្សាយមានការវិវត្ត តាមការវិវត្តខាងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍។

  • ខ្លឹមសារនិងរបៀបបញ្ឆោត គឺការដាក់សំណូមពរឬណែនាំឱ្យធ្វើសកម្មភាពមួយឬច្រើនដោយប្រាប់

អំពីផលចំណេញដែលនឹងទទួលបានពីការធ្វើតាមសំណូមពរនិងផលអាក្រក់ដែលនឹងទទួលបាន ពីការមិនបានធ្វើតាមសំណូមពរឬការណែនាំ។ គេច្រើនប្រាប់ថាអ្នកធ្វើសកម្មភាពតាមគេប្រាប់នឹង ទទួលបានសក្ដិយសខ្ពង់ខ្ពស់ឬមាសប្រាក់ឬទ្រព្យសម្បត្តិយ៉ាងច្រើន ឬរួចផុតពីគ្រោះថ្នាក់ឬការខាតបង់ អ្វីមួយ ហើយអ្នកដែលមិនធ្វើតាមគេប្រាប់នឹងរងការខាតបង់សក្ដិយសឬទទួលគ្រោះថ្នាក់ធំដែលអាច ដល់ថ្នាក់បាត់បង់ជីវិត។

  • នៅចំពោះមុខការប្រាប់អំពីលទ្ធភាពចំណេញឬខាតនេះ អ្នកបានទទួលព័ត៌មានច្រើនតែធ្វើតាម

សំណូមពរឬការណែនាំ ព្រោះម្យ៉ាងវាជាសំណូមពរឬកិច្ចការដែលគេអាចធ្វើបានដោយគេគ្រាន់តែ ចំណាយប្រាក់កាស និងពេលវេលាមួយចំនួនប៉ុណ្ណោះ ហើយការធ្វើតាមអាចនឹងធ្វើឱ្យគេជួបនឹងសំណាង ល្អឬរួចផុតពីគ្រោះថ្នាក់ផ្សេងៗ ហើយម្យ៉ាងទៀត បើគេមិនធ្វើតាមការប្រាប់វិញ នោះគេអាចនឹងមានការ ខាតបង់ទ្រព្យសម្បត្តិឬមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។ ទោះជាការផ្សាយបោកបញ្ឆោតខ្លះមិនមានការប្រាប់ឱ្យផ្សាយបន្តក៏ដោយ ក៏អ្នកទទួលព័ត៌មាន ភាគច្រើនបាននិយាយបន្តឬសរសេរប្រាប់ទៅអ្នកដទៃពិសេសអ្នកជិតស្និទ្ធ។

  • ចំពោះការផ្សាយបោកបញ្ឆោតដោយដាក់សំណូមពរឱ្យធ្វើការផ្សព្វផ្សាយព័ត៌មានបន្តវិញ វិធីផ្សព្វ

ផ្សាយបន្តមានការវិវត្តទៅតាមការវិវត្តខាងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍។ យ៉ាងណាមិញកាលពី សម័យដែលមិនទាន់មានម៉ាស៊ីនថតចម្លង បើគេចង់បានឯកសារសរសេរដើម្បីចែកដល់មនុស្សដប់នាក់ នោះគេត្រូវសរសេរចម្លងមួយចប់ៗដប់ដងប្រសិនបើគេគ្មានក្រដាសកាបោន។ ប៉ុន្តែបើមានក្រដាស កាបោន នោះអ្នកចម្លងចែកអាចធូរកម្លាំងបន្តិចព្រោះគេអាចផលិតបាន២ឬ៣ច្បាប់ដោយគ្រាន់តែសរសេរ ចម្លងមួយចប់។ សព្វថ្ងៃ គេច្រើនប្រើម៉ាស៊ីនថតចម្លងជំនួសការប្រើកម្លាំងសរសេរចម្លងដោយដៃ តែគេ ត្រូវចំណាយលុយកាក់ច្រើនជាងការចម្លងដោយដៃ។ បើផ្សាយអនឡាញវិញ នោះគេកាន់តែមានការ ងាយស្រួល ព្រោះគេគ្រាន់តែប្រើទូរស័ព្ទដៃឬកុំព្យូទ័រឱ្យចម្លងនិងបិទភ្ជាប់(copy and paste)អត្ថបទរួច បញ្ជូនឬឱ្យបញ្ជូនបន្តទៅកាន់មនុស្សតាមចំនួនដែលគេតម្រូវ។

  • នៅក្នុងរឿងផ្សព្វផ្សាយបោកបញ្ឆោតនេះ បញ្ហាសំខាន់ៗដែលយើងគួរដោះស្រាយមានជាអាទិ៍៖
    • ផលវិបាកអវិជ្ជមានដែលបណ្ដាលមកពីការបោកបញ្ឆោត ពិសេសការរំខាននិងមួម៉ៅខាងផ្លូវចិត្តការខាតបង់ពេលវេលានិងការចំណាយ

ប្រាក់កាសទៅលើការធ្វើតាមសំណូមពរឬការណែនាំដូចជា ការទិញក្រដាស ការចំណាយក្នុងការថតចម្លង ការចំណាយលើការប្រើ ទូរស័ព្ទ អ៊ីនធឺណិតសម្រាប់ការផ្សាយបន្តជាជាដើម

    • ការពិបាកដែលទាក់ទងនឹងជម្រើសវិធានការសម្រាប់ទប់ស្កាត់ការផ្សាយបោកបញ្ឆោតនិងសម្រាប់កាត់បន្ថយចំនួនអ្នកចាញ់បោក ជាអាទិ៍៖
      • ការពិបាករកឱ្យឃើញថាតើគេបោកបញ្ឆោតក្នុងបំណងអ្វី
      • ការពិបាកកំណត់ប្រភពដំបូងនៃការបោកបញ្ឆោត
      • ការពិបាកក្នុងការពន្យល់ដើម្បីកុំឱ្យចាញ់បោក។
  • ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួននៃការផ្សព្វផ្សាយបោកបញ្ឆោតឱ្យធ្វើសកម្មភាព។
    • ការផ្សព្វផ្សាយឱ្យដាក់ស្លឹកទន្សែនៅមាត់របងឬមាត់ទ្វារផ្ទះដើម្បីកុំឱ្យខ្មោចចូលយកជីវិតមនុស្ស
    • ការផ្សព្វផ្សាយឱ្យចងអំបោះក្រហមនៅកកូនក្មេងដើម្បីកុំឱ្យគេមកសុំយកទៅបាត់
    • ការផ្សព្វផ្សាយឱ្យនាំគ្នាហូបបបរសណ្ដែកខៀវដើម្បីបានរួចពីគ្រោះថ្នាក់
    • ការផ្សាយថាមានមេរោគនៅក្នុងថ្នាំប៉ារ៉ាសេតាម៉ុលដែលមានសញ្ញាP/500
រូបភាពតូច|alt=|កណ្តាល|ការកុហកថាថ្នាំប៉ារ៉ាសេតាម៉ុលP/500មានផ្ទុកមេរោគ|337x337ភីកសែល
    • ការផ្សាយឱ្យបិទទូរសព្ទចាប់ពីម៉ោង០ៈ៣០ដល់ម៉ោង៣ៈ៣០ យប់ថ្ងៃទី២៥ ខែមករា
កណ្តាល|រូបភាពតូច|228x228ភីកសែល|ការកុហកឱ្យបិទទូរសព្ទ
    • ការផ្សាយប្រាប់ឱ្យផ្សាយបន្តថាខែកុម្ភៈខាងមុខជាខែកម្រ ព្រោះក្នុងខែនេះ ថ្ងៃទាំង៧សុទ្ធតែមាន៤ថ្ងៃដូចៗគ្នា
រូបភាពតូច|alt=|កណ្តាល|ការបំភ័ន្តថាខែកុម្ភៈដែលថ្ងៃទាំង៧សុទ្ធតែមាន៤ដងជាខែកម្រ
    • ការផ្សាយប្រាប់កុំឱ្យហៅត្រឡប់ទៅលេខទូរសព្ទមួយចំនួន
alt=|កណ្តាល|189x189px
    • ការផ្សាយថាមានការបញ្ចូលឈាមដែលផ្ទុកមេរោគអេដស៍ទៅក្នុងផ្លែឈើ
រូបភាពតូច|100x100ភីកសែល|alt=|កណ្តាល
    • ការផ្សាយបោកបញ្ឆោតផ្សេងៗទៀត
កណ្តាល|រូបភាពតូច|120x120ភីកសែល
កណ្តាល|រូបភាពតូច|141x141ភីកសែល

អត្ថបទជាpdf

អក្សរសាស្ត្រ

[កែប្រែ]

ភាសា

[កែប្រែ]

កំណត់សម្គាល់ខ្លះៗអំពីការប្រើប្រាស់ភាសាខ្មែរ

[កែប្រែ]

សព្វថ្ងៃនេះមានការនិយាយនិងសរសេរដែលពុំស្របតាមវេយ្យាករណ៍ឬពុំស្របតាមការកំណត់កន្លងមក។ការនិយាយនិងសរសេរ មិនសមស្របទាំងនោះមានជាអាទិ៍៖

-"គាត់បានឯកភាពតាមទស្សនៈរបស់ខ្ញុំ"។

បើតាមក្បួនវេយ្យាករណ៍គេមិនគាប្បីយកពាក្យឯកភាពដែលជាពាក្យនាមមកដាក់កន្លែងកិរិយាស័ព្ទទេ។គេគួរនិយាយថា"គាត់បានយល់ស្របតាមទស្សនៈរបស់ខ្ញុំ"។

កន្សោមពាក្យមួយចំនួនដែលត្រូវបានបកប្រែដោយត្រង់ៗពីភាសាបរទេសដោយអ្នកបកប្រែដែលចំណេះដឹង ខាងភាសាខ្មែរនៅមានកម្រិតត្រូវបានប្រើរហូតដល់សព្វថ្ងៃ។ឧទាហរណ៍នៃការប្រើកន្សោមពាក្យទាំងនោះគឺ ៖

-"មានមុខ"ដែលគួរកែថា"មានវត្តមាន"

- "បាត់មុខ"ដែលគួរកែថា"ពុំមានវត្តមាន"

- "ជួសឬជំនួសមុខឲ្យលោកប្រធាន"ដែលគួរកែថា"តាងនាមឬក្នុងនាមលោកប្រធាន"

-"ទំនាក់ទំនងរវាង...ជាមួយ..."ដែលគួរថា"ទំនាក់ទំនងរវាង...និង..."

-"សូមគោរពជូន"ដែលគួរកែថា"សូមជូន"

-"សូមគោរពអញ្ជើញ"ដែលគួរកែថា"សូមអញ្ជើញ"។

បញ្ហាមួយដែលគួរកត់សម្គាល់ដែរគឺការសរសេរច្រឡំគ្នារវាងវិសជ៌នីយ(ស្រៈអះឬរះមុខ)និង យុគលពិន្ទុ(ចំណុចមួយគូឬចំណុចពីរទន្ទឹមគ្នាឬចុចពីរ)ដូចជា៖

-”ស្រៈនិស្ស័យ”សរសេរខុសទៅជា”ស្រះនិស្ស័យ”

”ចិត្តមានះ”សរសេរខុសទៅជា”ចិត្តមានៈ”

-”វណ្ណៈ សុខៈ ពលៈ”សរសេរខុសទៅជា”វណ្ណះ សុខះ ពលះ” ។

ការនិយាយឬសរសេរឆ្គងមួយចំនួនទៀតមានដូចជា៖

-”សេចក្ដីអធិប្បាយផ្ដោតអំពី“ដែលគួរកែថា”សេចក្ដីអធិប្បាយផ្ដោតលើ“

-”មានគ្នាជាងម្ភៃបីនាក់“ដែលគួរកែថា”មានគ្នាម្ភៃបីនាក់“ឬ”មានគ្នាជាងម្ភៃនាក់“

-”ពីប្រាំទៅប្រាំមួយនាក់“ដែលគួរកែថា”ប្រាំឬប្រាំមួយនាក់“

-“បន្ថែមពីការស្ដាប់”ដែលគួរកែថា“បន្ថែមលើការស្ដាប់”

-”តំណាងឲ្យក្រុមទី១“ដែលគួរកែថា”តំណាងក្រុមទី១“

វចនានុក្រមជួន ណាតពន្យល់ពាក្យ”តំណាង“ថា៖

តំណាង

រូបតាង, រូបជំនួស ។ អ្នកដែលធ្វើអ្វីៗតាងគេ, តាងក្រុម ឬតាងអំណាចអ្វីនីមួយៗ : ចាត់តំណាង,

តំណាងរាស្ត្រ, លោកនេះ ជាតំណាងលោករដ្ឋមន្រ្តី ។ ( រ. ស. ) ព្រះរាជតំណាង ( ព្រះរាជៈ- )

ក្នុងវចនានុក្រមជួន ណាត ពាក្យ”តំណាង”មានប្រើក្នុងមេពាក្យចំនួន៤០ ហើយនៅក្នុងការពន្យល់មេពាក្យទាំង៤០នោះ ពុំឃើញមានការសរសេរថា”តំណាងឲ្យ”ទេ។មេពាក្យទាំង៤០ដែលមានពាក្យ”តំណាង”នៅក្នុងការពន្យល់ មាននៅក្នុងតំណភ្ជាប់ http://dictionary.tovnah.com/?q=%E1%9E%8F%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%84&btnG=Search&dic=chuon&criteria=fulltext

-“ទាក់ទងជាមួយគ្រប់រាល់ភាគីទាំងអស់”ដែលគួរកែថា“ទាក់ទងជាមួយភាគីទាំងអស់”ឬ“ទាក់ទងជាមួយគ្រប់ភាគី”ឬ“ទាក់ទងជាមួយរាល់ភាគី”។

វចនានុក្រមជួន ណាតពន្យល់ពាក្យ”រាល់“ថា៖

រាល់

សព្វ, គ្រប់, ទួទៅទាំងអស់: រាល់កន្លែង, រាល់កាល, រាល់ខ្លួន, រាល់ដៃ, រាល់ថ្ងៃ, រាល់ភូមិ,រាល់

វេលា, រាល់ស្រុក ។ល។

ការបំបែកពាក្យខ្មែរដែលមិនអាចសរសេរអស់នៅចុងបន្ទាត់

[កែប្រែ]

ក្នុងការសរសេរអត្ថបទជាខ្មែរនៅលើក្រដាស ឬវាយអត្ថបទជាខ្មែរនៅក្នុងកុំព្យូទ័រ យើងអាច

មានតម្រូវការសរសេរពាក្យមួយដោយបំបែកវាជាពីរផ្នែកគឺផ្នែកខាងដើមសរសេរនៅចុងខាងស្ដាំនៃ

បន្ទាត់លើ ឯផ្នែកខាងចុងសរសេរនៅចុងខាងឆ្វេងនៃបន្ទាត់ក្រោមបន្ទាប់។

តាមការសង្កេតយើងដូចជាមិនទាន់មានវិធានវេយ្យាករណ៍ដែលកំណត់របៀបសរសេរតផ្នែក

របស់ពាក្យខ្មែរពីចុងខាងស្ដាំនៃបន្ទាត់មួយទៅចុងខាងឆ្វេងនៃបន្ទាត់បន្ទាប់នៅឡើយទេ។

ដើម្បីឱ្យអ្នកអានអានបានត្រឹមត្រូវតាមសំណូរនិងយល់បានត្រឹមត្រូវតាមន័យរបស់ពាក្យដែល

ត្រូវសរសេរតផ្នែកពីចុងខាងស្ដាំនៃបន្ទាត់លើទៅចុងខាងឆ្វេងនៃបន្ទាត់ក្រោមបន្ទាប់

និងដើម្បីឱ្យមានឯកភាពក្នុងការបំបែកពាក្យ យើងគួរមានវិធានសម្រាប់ការបំបែកពាក្យឬ

ការតផ្នែកនៃពាក្យ។

ខាងក្រោមនេះគឺជាយោបល់មួយចំនួនសម្រាប់ការបំបែកពាក្យខ្មែរដែលមិនអាចសរសេរអស់

នៅចុងបន្ទាត់ ឬរបៀបសរសេរតផ្នែករបស់ពាក្យខ្មែរពីចុងខាងស្ដាំនៃបន្ទាត់មួយទៅចុងខាងឆ្វេង

នៃបន្ទាត់បន្ទាប់ ដោយយកតាមបទពិសោធក្នុងការរៀបចំអត្ថបទជាភាសាបារាំងនិងអង់គ្លេស៖

១-ប្រើរជ្ជុស​ញ្ញាឬ​សហសញ្ញា (-) “Trait d’union”សម្រាប់​តភ្ជាប់​ផ្នែកទាំងពីររបស់ពាក្យ

២- រជ្ជុស​ញ្ញាឬ​សហសញ្ញាត្រូវដាក់នៅចុងខាងស្ដាំនៃបន្ទាត់លើ

៣-ត្រូវបំបែកពាក្យជាពីរផ្នែកដែលផ្សំដោយព្យាង្គ ពោលគឺមិនត្រូវបំបែកពាក្យមួយព្យាង្គ

ជាពីរផ្នែកដើម្បីតទេ

ឧទាហរណ៍៖- ត្រូវបំបែកបែបនេះ៖ រកាំ/រកូស ការ/ងារ បដិ/សណ្ឋារកិច្ច

-មិនត្រូវបំបែកបែបនេះទេ៖ ស/ន្និដ្ឋាន បដិស/ណ្ឋារកិច្ច ប/ណ្ដោយ ចា/យ ស្ដា/ប់

៤-ត្រូវចៀសវាងការបំបែកដែលអាចឲ្យគេអានខុសសំណូររបស់ពាក្យ

ឧទាហរណ៍៖ មិនត្រូវបំបែកបែបនេះ៖ មី/នា ស្រ/វឹង ពេទ្យ/សាស្ត្រ វិទ្យា/ល័យ អ/ចិន្ត្រៃយ័​

ស/មានចិត្ត សមាន/ចិត្ត

៥-ក្នុងការតពាក្យផ្សំ មិនត្រូវបំបែកពាក្យបន្ថែមដើមឬពាក្យបន្ថែមចុង និងពាក្យឫសទេ

ឧទាហរណ៍៖ -មិនត្រូវបំបែកបែបនេះ៖ ការប៉ិន/ប្រសប់ តែអាចបំបែកបែបនេះ៖ ការ/

ប៉ិនប្រសប់

-មិនត្រូវបំបែកបែបនេះ៖ ការចាំ/បាច់ តែអាចបំបែកបែបនេះ៖ ការ/ចាំបាច់

-មិនត្រូវបំបែកបែបនេះ៖ សេចក្ដីថ្លៃ/ថ្នូរ តែអាចបំបែកបែបនេះ៖សេចក្ដី/

ថ្លៃថ្នូរ

៦-ចំពោះពាក្យដែលមានបីព្យាង្គឬច្រើនជាង គួរចៀសវាងការបំបែកពាក្យជាព្យាង្គដែល

អាចឲ្យអានខុសសំណូរព្យាង្គបន្ថើរនិងព្យាង្គសង្កត់ក្នុងពាក្យ

ឧទាហរណ៍៖-គួរកុំបំបែកបែបនេះ៖ រ/កាកោង​ រ/លីងឈូក រ/លីងរលោង

-គួរបំបែកបែបនេះ៖ រកា/កោង រលីង/ឈូក រលីង/រលោង។

៧-បើមិនផ្ទុយនឹងវិធានទាំងឡាយខាងលើទេ នោះផ្នែកដែលនៅបន្ទាត់លើគួរឲ្យខ្លីជាង

ផ្នែកដែលនៅបន្ទាត់ក្រោម

ឧទាហរណ៍៖- គួរបំបែកបែបនេះ៖ ការ/ធ្វើដំណើរ ជាជាងការបំបែកបែបនេះ៖ ការធ្វើ/

ដំណើរ

– គួរបំបែកបែបនេះ៖ ការ/ផ្ទេរតំណែង ជាជាងការបំបែកបែបនេះ៖ ការផ្ទេរ/

តំណែង

៨-កុំបំបែកពាក្យដែលជានាមឬគុណនាមអសាធារណ៍

ឧទាហរណ៍៖ កុំបំបែក បារាំង សូវៀត អាមេរិក

៩-កុំបំបែកពាក្យកាត់ ពាក្យដែលជាអក្សរកាត់ និងអក្សរសង្ខេប

ឧទាហរណ៍៖ កុំបំបែក ផ.ស.ស. ស.ប.ស.ខ. បា.សំ.ក្ល. សំ.បា.​ក្ល.

១០-កុំបំបែកចំនួនសរសេរជាលេខចេញពីឯកតាដែលសរសេរជាអក្សរកាត់

ឧទាហរណ៍៖ កុំបំបែក ២ ០០០ ០០០៛ ៧៨គម ៩០%

១១-កុំបំបែកចំនួនសរសេរជាលេខចេញពីនាមដែលនៅពីមុខវា

ឧទាហរណ៍៖ កុំបំបែក មាត្រា១០ ប្រការ២ ឆ្នាំ២០១៨

១២-កុំបំបែកពាក្យដែលកំណត់ប្រើក្នុងគណិតវិទ្យា

ឧទាហរណ៍៖ កុំបំបែក ត្រីកោណកខគ បន្ទាត់កខ

១៣-បើជាពាក្យដែលសរសេរដោយមានរជ្ជុសញ្ញា នោះត្រូវបំបែកដោយប្រើរជ្ជុសញ្ញាដែល

មានស្រាប់

ឧទាហរណ៍៖ រលឹបរ-/ល កុកស-/ក (វចនានុក្រម)ខ្មែរ-/បារាំង (មិត្តភាព) កម្ពុជា-/ចិន

១៤-កុំបំបែកពាក្យមួយនៅខាងចុងបន្ទាត់ បើផ្នែកបន្តរបស់វាត្រូវឆ្លងទៅទំព័រថ្មី។

ឯកសារជាPDF

អក្សរសិល្ប៍

[កែប្រែ]

កំណាព្យ

[កែប្រែ]

ប្រាជ្ញាមនុស្ស ( រំលឹកមេសូត្រដែលធ្លាប់រៀន )

[កែប្រែ]

អ្នកស្រែវាយក្របី វារងក្ដីិទុក្ខវេទនា

ស្រាប់តែមានសត្វខ្លា មកសួរថាបងក្របី។

ជាតិមនុស្សតូចជាងអ្នក ឲ្យវាយបានព្រោះហេតុអ្វី

ពេលនោះសត្វក្របី ឆ្លើយថាមនុស្សមានប្រាជ្ញា។

សត្វខ្លាក៏ងាកបែរ សួរអ្នកស្រែទុកឯណា

អ្នកស្រែក៏ឆ្លើយថា ប្រាជ្ញាអញទុកឯផ្ទះ។

ខ្លាថាទៅយកមើល យើងចង់ឃើញឲ្យបានច្បាស់

មនុស្សថាបើទៅផ្ទះ មុខជាឯងពាំក្របី។

បើចង់ឃើញប្រាជ្ញា ឲ្យចងអាបានឬអ្វី

សត្វខ្លាល្ងង់អប្រីយ៍ ក៏បើកដៃឲ្យមនុស្សចង។

អ្នកស្រែក៏ចងខ្លា រឹតខ្លួនវាច្រើនចំណង

រួចហើយវាយសំពង ប្រាប់ថាហ្នឹងប្រាជ្ញាមនុស្ស។

ខ្លានិងកូនគោ

[កែប្រែ]

(៣វគ្គដំបូងគឺជាខ្លឹមសាររំឭកឡើងវិញតាមការចងចាំ។ ឯវគ្គបន្តបន្ទាប់គឺជាខ្លឹមសារសាកល្បងតែងតាមល្បើក របស់La Fontaineដែលមានចំណងជើងថា Le loup et l'agneau)

វិចារណញ្ញាណ នៃអ្នកដែលមាន ពលឫទ្ធជាងគេ

សមហេតុសមផល មិនដែលខុសទេ រឿងពីបុព្វេ

បាននិទានថា។

កូនគោស្រេកទឹក កំពុងតែផឹក ក្នុងជ្រោះមួយថ្លា

ស្រាប់តែមានខ្លា មួយមកពីណា ពោលបោះវាចា

ដោយឃ្លានមួខ្នាញ់។

“នរណាញ៉ាំងអា ព្រហើនហានក្លា មកធ្វើទឹកអញ

ទាល់តែល្អក់អស់ ផឹកទៅលែងឆ្ងាញ់ សមមើលងាយអញ

ជាម្ចាស់ទឹកដី”។

កូនគោឆ្លើយថា “សូមលោកម្ចាស់ខ្លា មេត្តាប្រណី

ព្រោះខ្ញុំផឹកទឹក ដែលហូរនៅអាយ ក្រោមលោកម្ចាស់ថ្លៃ ជាងម្ភៃជំហាន។

ទោះជាយ៉ាងណា ក៏មិនអាចថា ខ្ញុំបាទបំពាន

ធ្វើឲ្យល្អក់ទឹក នៅខាងលើបាន សូមលោកម្ចាស់មាន

តម្រិះឡើងវិញ”។

ខ្លាគំហកថា “គឺឯងនេះណា ធ្វើឲ្យល្អក់ស្ទេង

ម្យ៉ាងទៀតអញដឹង ពីអញជាក់ស្ដែង ថាឆ្នាំមុនឯង

និយាយដើមអញ”។

កូនគោតបថា “សូមលោកម្ចាស់ខ្លា មេត្តាគិតកាញ់

ខ្ញុំពុំទាន់កើត ទេឆ្នាំមុនមិញ ធ្វើម្ដេចអាចចេញ

រិះគន់គម្ដែង?”។

ខ្លាសន្ធាប់ថា “បើមិនមែនអា ក៏គឺបងឯង”

“ខ្ញុំគ្មានបងទេ” កូនគោតបថ្លែង ខ្លាថា”ច្នោះឯង

គឺអ្នកសាច់ញាតិ។

គេប្រាប់អញថា អ្នកឃ្វាលពួកអា ព្រមពួកឆ្កែទៀត

បរិហារកេរ្ដិ៍អញ ពុំដែលឃ្លាឃ្លាត ដូច្នេះដាច់ខាត

អញត្រូវសងសឹក”។

ភ្លាមខ្លាលោតលោ កាច់កកូនគោ ពាំចូលព្រៃព្រឹក្ស

រួចក៏ហែកស៊ី យ៉ាងឆ្ងាញ់សន្ធឹក ដោយលែងរំលឹក

ហេតុផលទៀតឡើយ។

ប្រស្នាចម្លងទូក

[កែប្រែ]

(សរសេរ​តាម​ការ​ចង​ចាំ​)

មានយក្សបីនាក់មនុស្សបីដែរ ជួបគ្នានៅក្បែរឆ្នេរគង្គា

ត្រូវការឆ្លងទូកទាំងអស់គ្នា ទូកចំណុះវាតែពីរនាក់។

យក្សមួយមិនចេះអុំទូកសោះ សល់ក្រៅពីនោះចេះស្ទាត់ជាក់

ពេលឆ្លងខ្លាចក្រែងមានគ្រោះថ្នាក់ មនុស្សតិចជាងយក្សយក្សស៊ីហោង។

ហេតុនេះសូមឲ្យអស់លោកអ្នក មានមេត្តាស្ម័គ្រជួយចម្លង

ឲ្យបានដល់ត្រើយ​ដូច​បំណង​ មនុស្សផងយក្សផងបានផុតទុក្ខ។

ចិត្ត-គរុកោសល្យ

[កែប្រែ]

វិធីរៀនបុរាណនិងវត្ថុបំណងបច្ចុប្បន្ននៃការសិក្សា

[កែប្រែ]

តាំងពីយូរមកហើយ នៅកម្ពុជា យើងច្រើនឮការណែនាំឲ្យអនុវត្តការរៀនសូត្រតាមសកម្មភាព៤គឺស្ដាប់ គិត សួរ និងកត់។ ដើម្បីជាជំនួយស្មារតី មានការតាក់់តែងកំណាព្យសម្រាប់ណែនាំអំពីរបៀបឬវិធីរៀនដូចនេះ ៖

"អ្នកដែលរៀនវិជ្ជា ប្រុសស្រីគ្រប់គ្នាតាមចំនួន ប្រកបដោយអង្គបួន គឺ “សុចិបុលិ”ចាំ។ “សុ”ប្រែថាស្ដាប់គេ “ចិ”គ្នាន់គ្នេរគិតចំណាំ “បុ”សាកសួរសាំ “លិ”ចម្លងកត់ត្រាទុក"។

ពាក្យសុចិបុលិ នេះត្រូវបានអ្នកសិក្សាខ្មែរយើងចាត់ថាជាក្បួនសម្រាប់អនុវត្តក្នុងការរៀនសូត្រឲ្យសម្រេចបានលទ្ធផលល្អ។ ក្មុងសាលារៀនជាច្រើន គេឃើញមានសរសេរពាក្យស្លោកថា”សុ ចិ បុ លិ “។

សព្វថ្ងៃនេះ ទន្ទឹមនឹងការនិយមពាក្យស្លោកសុ ចិ បុ លិ ក៏មានការនិយមណែនាំឲ្យយកចិត្តទុក ដាក់ចំពោះសសរស្ដម្ភទាំង៤នៃការអប់រំឬការរៀនគឺ៖

  1. រៀនដើម្បីដឹង (Learn To Know)
  2. រៀនដើម្បីធ្វើ (Learn To Do)
  3. រៀនដើម្បីបានទៅជាមនុស្សល្អ (Learn To Be) និង
  4. រៀនដើម្បីរួមរស់ជាមួយគ្នា (Learn To Live Together)។

បើតាមខ្លឹសារសង្ខេបនៃសសរស្ដម្ភនីមួយៗដូចការបង្ហាញខាងលើ គេអាចយល់បានថាការកំណត់សសរស្ដម្ភទាំង៤គឺជាការឆ្លើយទៅនឹង សំណួរថា”រៀនដើម្បីអ្វី?” ឬជាការកំណត់គោលបំណងនៃការអប់រំបច្ចុប្បន្ននេះឯង។

ជាមួយគ្នានេះដែរ ក្នុងការបង្រៀននិងរៀនឬក្នុងការសិក្សា ចិត្តវិទូខាងអប់រំនិយមប្រើចំណាត់ ថ្នាក់របស់លោកប្ល៊ូម( Benjamin S. Bloom) ក្នុងការចាត់ថ្នាក់វត្ថុបំណងនៃការរៀន (Bloom’s Taxonomy of Learning Objectives)។ ចំណាត់ថ្នាក់ប្ល៊ូមនេះថ្វីបើវានៅរក្សាទុកឈ្មោះលោក Benjamin S. Bloom ប៉ុន្តែវាត្រូវបានចិត្តវិទូខាងអប់រំក្រោយៗមកកែលម្អជាបន្តបន្ទាប់ ហើយនិយមចែកវត្ថុបំណងនៃការរៀនដោយផ្អែកតាមវិស័យទាំងបីនៃជីវិតផ្លូវចិត្តរបស់មនុស្សគឺ៖

  • វិស័យពុទ្ធិឬចំណេះដឹង(Cognitive Domain)
  • វិស័យសញ្ចេតនា(Affective Domain) និង
  • វិស័យឆន្ទ:ឬចិត្តចលនា(Psychomotor Domain)។

វិស័យឬប្រភេទទាំងបីនៃវត្ថុបំណងឬភារកិច្ចនៃការបង្រៀននិងរៀននេះត្រូវបានអ្នកបណ្ដុះ បណ្ដាលគ្រូនិងអ្នកអប់រំនិយមហៅថា K S A ដែល៖

  • K ជាអក្សរកាត់នៃKnowledgeគឺចំណេះដឹងឬពុទ្ធិដែលស៊ីគ្នានឹងវិស័យពុទ្ធិឬចំណេះដឹង(Cognitive Domain)
  • S ជាអក្សរកាត់នៃSkillsគឺបំណិនដែលស៊ីគ្នានឹងវិស័យឆន្ទ:ឬចិត្តចលនា (Psychomotor Domain) និង
  • A ជាអក្សរកាត់នៃAttitudeគឺឥរិយាបថដែលស៊ីគ្នានឹងវិស័យសញ្ចេតនា(Affective Domain)។

សម្រាប់ផ្នែកពុទ្ធិ វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀន តាមចំណាត់ថ្នាក់ប្ល៊ូម គឺ៖

  • ការរំលឹកឡើងវិញឬការចាំ(Remembering)
  • ការយល់(Understanding)
  • ការអនុវត្ត(Applying)
  • ការវិភាគ(Analyzing)
  • ការវាយតម្លៃ(Evaluating) និង
  • ការច្នៃប្រឌិត(Creating)។

សម្រាប់ផ្នែកសញ្ចេតនាឬឥរិយាបថ វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀន តាមចំណាត់ថ្នាក់ប្ល៊ូម គឺ៖

  • ការទទួលបាតុភូតទាំងឡាយ(Receiving Phenomena)
  • ប្រតិកម្មតបទៅនឹងបាតុភូត(Responding to Phenomena)
  • ការឲ្យតម្លៃឬវាយតម្លៃ(Valuing)
  • ការរៀបចំឬការចាត់ចែង(Organization)
  • ការធ្វើមជ្ឈន្តិក:តម្លៃ(Internalizing Values)។

សម្រាប់ផ្នែកឆន្ទ:ឬចិត្តចលនាឬបំណិន ថ្វីបើលោក Benjamin S. Bloom និងអ្នករួមការងារ របស់គាត់មិនបានកំណត់ ប៉ុន្តែអ្នកស្រាវជ្រាវក្រោយៗមកទៀតបានសរសេរអំពីវត្ថុបំណងពី ទាបទៅខ្ពស់នៃការរៀនសម្រាប់ផ្នែកនេះ។

តាមលោកDave(ឆ្នាំ១៩៧០) សម្រាប់ផ្នែកឆន្ទ:ឬចិត្តចលនាឬបំណិន វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀនមាន៖

  • ការធ្វើតាមឬការធ្វើត្រាប់(Imitation)ដែលរួមមានការធ្វើឡើងវិញនូវសកម្មភាពដែលគេបានធ្វើបង្ហាញឬពន្យល់
  • ការចាត់ចែងឬប្រើប្រាស់ដោយប៉ិនប្រសប់(Manipulation)
  • ភាពជាក់លាក់ឬភាពច្បាស់លាស់ឬភាពចំគោលដៅ(Precision)
  • ការថ្លែងដោយវាចាឬដោយលិខិត(Articulation)
  • ការធ្វើឲ្យធម្មតា(Naturalization)

តាមលោកSimson(ឆ្នាំ១៩៧២) សម្រាប់ផ្នែកឆន្ទ:ឬចិត្តចលនាឬបំណិន វត្ថុបំណងពីទាបទៅខ្ពស់នៃការរៀនមាន៖

  • ប្រត្យក្សារម្មណ៍ឬប្រត្យក្សកម្ម ឬការដឹង(Perception or Awareness)
  • ការរៀបចំឬត្រៀមធ្វើសកម្មភាព(Set or Readiness to act)
  • ប្រតិកម្មដោយមានការណែនាំ(Guided Response)
  • យន្តការឬយន្តម័យ ឬភាពប៉ិនប៉ៅជាមូលដ្ឋាន(Mechanism or Basic Proficiency)
  • ប្រតិកម្មចំហស្មុគស្មាញ ឬជំនាញ(Complex Overt Response or Expert)
  • ការសម្រប(Adaptation)
  • ការបង្កើតថ្មីឬការច្នៃប្រឌិត(Origination)

ដោយគិតទៅដល់លទ្ធផលរំពឹងទុកនៃការអនុវត្តវិធីរៀន យើងអាចសន្និដ្ឋានថាការរៀនបែបបុរាណតាម សុ(ស្ដាប់) ចិ(គិត) បុ(សួរ) និងលិ(កត់ត្រាទុក)ទំនងជាមិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើឲ្យអ្នកសិក្សាសម្រេចបាន លទ្ធផលតាមគោលដៅឬសសរស្ដម្ភទាំង៤នៃការអប់រំសព្វថ្ងៃនេះទេ ជាពិសេសសសរស្ដម្ភទីពីរដែលកំណត់ថា "រៀនដើម្បីធ្វើ" សសរស្ថម្ភទីបីដែលកំណត់ថា"រៀនដើម្បីមានសីលធម៌ល្អ" និងសសរស្ដម្ភទីបួនដែលកំណត់ថា "រៀនដើម្បីរួមរស់ជាមួយគ្នា"។

ដោយគិតទៅដល់លទ្ធផលរំពឹងទុកនៃការអនុវត្តវិធីរៀន យើងក៏អាចសន្និដ្ឋានថាការរៀនបែបបុរាណតាម សុ(ស្ដាប់) ចិ(គិត) បុ(សួរ) និងលិ(កត់ត្រាទុក)ក៏ទំនងជាមិនទាន់គ្រប់គ្រាន់សម្រាប់ធ្វើឲ្យអ្នកសិក្សាសម្រេចបាន លទ្ធផលតាមវត្ថុបំណងនៃការសិក្សាដូចមានក្នុងចំណាត់ថ្នាក់ប្ល៊ូម(Bloom’s Taxonomy) ជាពិសេសវត្ថុបំណង កម្រិតខ្ពស់ដូចជាការអនុវត្ត(Applying) ការវិភាគ(Analyzing) ការវាយតម្លៃ(Evaluating) និងការច្នៃប្រឌិត(Creating)នោះទេ។

ឯកសារយោង៖

ទស្សនៈមួយអំពីដំណើរការនៃពុទ្ធិ

[កែប្រែ]

ក្នុងការអភិវឌ្ឍពុទ្ធិរបស់ខ្លួន មនុស្សម្នាក់ៗ(ទោះដោយដឹងខ្លួនក្ដីឬមិនដឹងខ្លួនក្ដី)តែងតែធ្វើសកម្មភាពតាមលំនាំឬដំណើរការដែលរួមមាន៖

  1. ការសង្កេតដ៏រស់រវើក ឬអព្ភន្តរញ្ញាណដ៏រស់រវើក
  2. ការគិត(បែបអរូបី) និង
  3. ការប្រតិបត្តិ

ការសង្កេតដ៏រស់រវើក ឬអព្ភន្តរញ្ញាណដ៏រស់រវើករួមមាន ឥន្ទ្រីយារម្មណ៍និងប្រត្យក្សារម្មណ៍ ៖

  • ឥន្ទ្រីយារម្មណ៍គឺជាការសង្កេតដោយប្រើសរីរាង្គឥន្ទ្រីយ៍ណាមួយ ។ ឥន្ទ្រីយារម្មណ៍មាន៖
    • ចក្វិន្ទ្រីយារម្មណ៍(ការមើល)
    • សោតិន្ទ្រីយារម្មណ៍(ការស្ដាប់)
    • ឃានិន្ទ្រីយារម្មណ៍(ការហិតក្លិន)
    • ជីវ្ហិន្ទ្រីយារម្មណ៍ (ការភ្លក្សដោយប្រើអណ្ដាត)
    • កាយិន្ទ្រីយារម្មណ៍(ការស្ទាបដោយប្រើស្បែក) ។
  • ប្រត្យក្សារម្មណ៍ជាការសង្កេតដោយប្រើសរីរាង្គឥន្ទ្រីយ៍ច្រើនក្នុងពេលតែមួយ ។

ចំណេះដឹងឬពុទ្ធិដែលបានពីការសង្កេតដោយប្រើសរីរាង្គឥន្ទ្រីយ៍ហៅថាពុទ្ធិឥន្ទ្រីយ៍។

គេអាចថាឥន្ទ្រីយារម្មណ៍និងប្រត្យក្សារម្មណ៍គឺជា"ពុទ្ធិឥន្ទ្រីយ៍"ឬជា"អព្ភន្តរញ្ញាណ"ព្រោះពាក្យទាំងនេះក៏សម្រាប់សម្គាល់លទ្ធផលនៃការសង្កេតផងដែរ។

រូប សម្លេង ក្លិន រសជាតិ ការដឹងដោយការស្ទាប លក្ខណៈទាំងស្រុងនៃវត្ថុឬបាតុភូតត្រូវបានចងចាំឬ ផ្ដិតទុកជារូបតំណាងឬនិមិត្តរូបនៅក្នុងខួរក្បាល។លំនាំឬដំណើរការនៃការចងចាំនេះត្រូវបានហៅថាលំនឹក។ដោយសារលំនឹកទើបយើងមានរូបតំណាងសម្រាប់ប្រើក្នុងការគិត និងចាំអ្វីៗដែលយើងបានជួប បានសង្កេត បានគិត បានធ្វើ ។

ភាសាជាឧបករណ៍នៃការគិត ពោលគឺមនុស្សប្រើភាសាសម្រាប់គិត។

ការគិតរបស់មនុស្សប្រព្រឹត្តទៅតាមរយៈប្រមាណវិធីឬប្រតិបត្តិការដែលរួមមាន៖

  • វិភាគ
  • សំយោគ
  • ការប្រៀបធៀប
  • ឱភាសកម្មឬទូទៅកម្ម
  • អរូបីកម្ម
  • រូបបីកម្ម

ផលិតផលនៃប្រមាណវិធីឬប្រតិបត្តិការនៃការគិតគឺ"បញ្ញត្តិ"។

បញ្ញត្តិស្ដែងចេញមកក្រៅតាមរយៈពាក្យ។

ដោយសារបញ្ញត្តិ យើងអាចបង្កើតបានជា"វិនិច្ឆ័យ"និង"វិចារ"។

វិនិច្ឆ័យគឺជាការភ្ជាប់គ្នារវាងបញ្ញត្តិ ៖ឧទាហរណ៍ "មនុស្សមិនអាចចៀសស្លាប់បានទេ"ជាវិនិច្ឆ័យមួយដែលភ្ជាប់បញ្ញត្តិពីរគឺ"មនុស្ស"និង"មិនអាចចៀសស្លាប់បាន"។

វិចារគឺជាការភ្ជាប់គ្នារវាងវិនិច្ឆ័យ ។ ឧទាហរណ៍ ៖

  1. មនុស្សមិនអាចចៀសស្លាប់បានទេ
  2. លោក ក ជាមនុស្ស
  3. ដូច្នេះលោក ក មិនអាចចៀសស្លាប់បានទេ ។

ទ្រឹស្ដី ការគិតឬការយល់ឃើញបែបណាមួយពុំអាចយកជាការឬចាត់ទុកថាត្រឹមត្រូវឬជាសច្ចធម៌បានទេប្រសិនបើវាពុំបាន ទទួលស្គាល់ភាពត្រឹមត្រូវតាមរយៈការប្រតិបត្តិឬការអនុវត្តជាក់ស្ដែង។

ទ្រឹស្ដីត្រូវតែផ្សារភ្ជាប់នឹងការប្រតិបត្តិ។"ទ្រឹស្ដីខ្វះការប្រតិបត្តិគឺជាការឥតប្រយោជន៍ឬទទេ" ឯ"ការប្រតិបត្តិខ្វះទ្រឹស្ដីគឺជាការងងឹតងងល់"។

សរុបមក មាគ៌ានៃពុទ្ធិគឺ "ពីការសង្កេតដ៏រស់រវើកទៅការគិតអរូបី រួច ពីការគិតអរូបីទៅប្រតិបត្តិ"។វាជាដំណើរគ្មានទីបញ្ចប់តាមផ្លូវឡើងដូចរមូរគូទខ្យងឬស្ពៀរ៉ាល់ឬរ៉េស័រ។

ឯកសារយោង៖

  • ញ៉ុង-ហេម៉ា, ចិត្តវិទ្យាភាគ១, សាកលវិទ្យាល័យភ្នំពេញ, ប្រើប្រាស់ផ្ទៃក្នុង, ១៩៨៨។
  • ញ៉ុង-ហេម៉ា, ចិត្តវិទ្យាភាគ២, សាកលវិទ្យាល័យភ្នំពេញ, ប្រើប្រាស់ផ្ទៃក្នុង, ១៩៨៨។
  • ចាន់ រដ្ឋសុផា, ចិត្តវិទ្យាទូទៅសម្រាប់បណ្ដុះបណ្ដាលសាស្ត្រាចារ្យមធ្យមសិក្សា អធិការមធ្យមសិក្សា អធិការបឋមសិក្សា មន្ត្រីអប់រំ, មហាវិទ្យាល័យគរុកោសល្យ, ឆ្នាំ១៩៩៧។

ទេសភាពនិងទីកន្លែង

[កែប្រែ]

ទិដ្ឋភាពកន្លែងអ្នកតាទ្វារនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤

[កែប្រែ]

នៅពេលធ្វើដំណើរតាមផ្លូវជាតិលេខ៣ឆ្លងកាត់តំបន់ភ្នំទ្វារ ហើយប្រសិនបើគេគ្រាន់តែមើលពីលើរថយន្តទៅទីកន្លែងអ្នកតាទ្វារកំពត នោះគេនឹងគិតថាទីនេះមានតែរោងថ្មមួយប៉ុណ្ណោះ។ ប៉ុន្តែតាមការសង្កេតផ្ទាល់ ទីកន្លែងអ្នកតាទ្វារកំពតមានសំណង់ទាំងឡាយដែលមានជាអាទិ៍៖

  • រោងថ្មប្រក់ក្បឿងនៅជាប់នឹងផ្លូវជាតិលេខ៣រួមនឹងតូប(kiosk)នៅខាងស្ដាំផ្នែកខាងក្រោយសម្រាប់ឲ្យភ្ញៀវសម្រាកលម្ហែ។ រោងថ្មនេះបែរមុខមកខាងផ្លូវជាតិ។
  • រោងថ្មប្រក់ក្បឿងមួយទៀតទំហំតូចជាងរោងមុននិងមានខឿនកម្ពស់ប្រហែលមួយម៉ែត្រ។ រោងនេះស្ថិតនៅទីទាបចម្ងាយប្រហែលម្ភៃម៉ែត្រពីខាងក្រោយរោងមុន។ រោងនេះក៏បែរមុខមកខាងផ្លូវជាតិដែរ។ គេអាចទៅកាន់រោងនេះដោយដើរចុះតាមផ្លូវតូចមួយដែលនៅខាងស្ដាំក្បែររោងមុន។
  • រោងមួយទៀតធ្វើពីឈើប្រក់ស័ង្កសីស្ថិតនៅចម្ងាយប្រហែលប្រាំម៉ែត្រពីខាងឆ្វេងផ្នែកខាងមុខនៃរោងថ្មទីពីរ។ រោងនេះបែរមុខមកខាងផ្លូវចុះទៅរោងទីពីរ។

រំលឹកការចងចាំ

[កែប្រែ]

អំពីទីក្រុងភ្នំពេញ

[កែប្រែ]

-នាឆ្នាំ១៩៥៥ ផ្លូវចាប់ពីមហាវិថីព្រះមុនីវង្សមកខាងលិចចំខាងលិចផ្សារថ្មីមានសភាព

ជាផ្លូវដីដែលបែកភក់និងរអិលនៅពេលត្រូវភ្លៀងម្ដងៗ។ ចុះពីមហាវិថីព្រះមុនីវង្ស

ប្រហែលជាងមួយរយម៉ែត្រ មានបន្ទាយប៉េអឹមនៅខាងជើងផ្លូវ។ ប្រហែលបីបួន

ឆ្នាំក្រោយមក ផ្លូវនេះត្រូវបានពង្រ

-កាលពីឆ្នាំ១៩៥៥(ខ្ញុំអាយុ៦ឆ្នាំ)ខ្ញុំបានជិះទូកឆ្លងស្ទឹងមានជ័យ។ កាលនោះខ្ញុំឃើញ

ស្ទឹងនេះមានទឺកច្រើនណាស់។

-កាលពីទសវត្សរ៍ឆ្នាំ១៩៦០ទីតាំងវិទ្យាល័យជា ស៊ីម សាមគ្គីសព្វថ្ងៃគឺជាវាលចាក់

សំរាមមួយយ៉ាងធំ។

-ឈ្មោះរោងភាពយន្តមួយចំនួននៅក្នុងក្រុងភ្នំពេញមុនថ្ងៃ១៧មេសា១៩៧៥ដែលជាថ្ងៃ ដែលពួកខ្មែរក្រហមដណ្ដើមបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែររបស់់លោក

លន់ នល់ គឺ ភ្នំពេជ្រ កំពូលពេជ្រ សុរិយា ព្រហ្មបាយន្ត/បាយ័ន អេដែន ហាវ៉ៃ

ភ្នំពេញ ម៉ាហ្សេស្ទិក កាពីតូល ស៊ីនេលុច្ស ខេមរៈ ហេមជាតិ គិរីរម្យ សរព្រហ្មមាស

បុប្ផាទិព្វ មេគង្គ ចេនឡា បូកគោ ទ្រុងកុក តារា កាស៊ីណូ អង្គរ ប្រាសាទមាស

ក្បាលថ្នល់ …។

អំពីរឿងឈ្មោះរោងភាពយន្តនេះលោក Sokmean Alexandra បានសរសេរថា៖

“តាមខ្ញុំស្រាវជ្រាវ រោងកុនពីដើមមានជិត ៤០ ក្រៅពីរោងកុនដែលបានរៀបរាប់

ខាងលើ នៅមានរោង ម្កុដពេជ្រ រោងខេមរា រោងខេមរាសួស្ដី (គីឡូលេខ៦)

រោងចន្ទ្រារស្មី (ច្បារអំពៅ) រោងសន្តិភាព រោងឋានសួគ៌ រោងមនោរម្យ រោងមនោរ័ត្ន

(មិនទាន់សម្ពោធ) រោងប្រាសាទពេជ្រ -ល-។ មានរោងកុនបុប្ផាទិព្វដែរ?​នៅឯណា?​

ផ្លូវមុនីរ៉េត?ក្បាលថ្នល់តាមខ្ញុំដឹងជារោងល្ខោន ខ្ញុំចង់ដឹងថារោងណាខ្លះបើកមុនឆ្នាំ

១៩៦០? តាមខ្ញុំដឹងមានដូចជា រោងតារា រោងលុច្ស រោងកាស៊ីណូ

រោងភ្នំពេជ្រ (១៩៥៩) រោងវិមានសួស្ដី​ (១៩៥៩) រោងព្រហ្មបាយ័ន អេដេន គឹមសឺង គឹមភុង ទ្រុងកុក ហាវ៉ៃ ជាដើម។”

-នៅសម័យសង្គមរាស្ត្រនិយមក្រុងភ្នំពេញមានរោងល្ខោនឈ្មោះបាក់ស្រេង

ផ្សារស៊ីឡឹប ទួលទំពូង។

-កាលពីចុងទសវត្សរ៍ឆ្នាំ១៩៥០និងដើមទសវត្សរ៍ឆ្នាំ១៩៦០ផ្សារអូរឫស្សីមានសណ្ឋាន ជារោងតូចៗប្រក់ស្លឹក គ្មានជញ្ជាំង តាំងនៅក្បែរៗគ្នាខាងត្បូងប្របមាត់អូរដែលមានរាង

កោងផ្កាប់មកទិសខាងត្បូង។កាលនោះពុំមានផ្ទះថ្មនៅក្បែរផ្សារ

អំពីសម័យរបបប៉ុលពត

[កែប្រែ]

ហេតុការណ៍ក្នុងសម័យរបបប៉ុលពត

[កែប្រែ]

ហេតុការណ៍ដែលកើតមាននៅកម្ពុជាក្នុងរយៈកាលដែលពួកប៉ុលពតត្រួតត្រា ប្រទេស៣ឆ្នាំ៨ខែ២០ថ្ងៃមានដូចជា៖

-ការសម្លាប់ប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃនិងអយុត្តិធម៌។
-ក្នុងរបបនេះពុំមានការចាយលុយទេ។
-នៅតាមសហករណ៍ឬតាមភូមិ អ្នកដែលគេចាត់ឲ្យធ្វើកិច្ចការខាងព្យាបាល

ជំងឺដោយប្រើថ្នាំផ្សំពីរុក្ខជាតិនិងសត្វ ឬខាងផ្សំឧសថដោយផ្សំពីរុក្ខជាតិនិង សត្វត្រូវបានគេហៅថា”តាឬគ្រូសង្គមកិច្ច”។

-អ្នកដែលធ្វើការងារ”រកត្រី” “រកឧស”សម្រាប់ផ្គត់ផ្គង់ដល់រោងបាយ

សហករណ៍ត្រូវបានចាត់ថាជាអ្នកធ្វើការខាង”សេដ្ឋកិច្ច”។

-ក្នុងការនាំមនុស្សទៅសម្លាប់ពួកប៉ុលពតច្រើនតែកុហក់ដោយមិនប្រាប់អំពី

គោលបំណងពិតរបស់ពួកគេនោះទេ។ពួកគេច្រើនកុហក់ថា៖អង្គការឱ្យទៅ រៀនសូត្រឬអង្គការឱ្យយកនង្គ័លទៅកែឬជួសជុលនៅឯរោងសិប្បកម្ម(តាម ពិតគឺដើម្បីឱ្យពួកឈ្លបស្ទាក់ចាប់នៅតាមផ្លូវត្រង់កន្លែងណាដែលស្ងាត់)។

-លាមកមនុស្សត្រូវបានឲ្យឈ្មោះថាជាជីលេខ១។
-ពួកប៉ុលពតបានជំរុញឲ្យប្រជាជនស្លៀកពាក់ខោអាវខ្មៅ។
-ការផ្សំផ្គុំឬប្រកាសបុរសនារីឲ្យធ្វើជាប្ដីប្រពន្ធនឺងគ្នាត្រូវបានគេហៅថាការ

ប្ដេជ្ញា។កូនប្រុសនិងកូនស្រីត្រូវឡើងនិយាយប្ដេជ្ញាក្នុងពេលប្រកាសនោះ។

-ក្នុងការហូបបាយមួយពេលៗអ្នកដែលហូបជាមួយគ្នាច្រើនចែកបាយគ្នាឲ្យ

បានស្រុះស្រួលសិនមុននឹងចាប់ផ្ដើមហូប។នៅពេលហូបគេច្រើនដណ្ដើមគ្នា ហូបសម្លដែលគេត្រូវហូបរួមគ្នា។

-ដែកឆឹកឬថ្មឆឹកនិងបំពង់ប៉ុយជាឧបករណ៍ដ៏សំខាន់សម្រាប់បង្កើតភ្លើង។ថ្ម

ដែកកេះជារបស់ដែលពិបាករកបានណាស់។

-ពាក្យនិងល្បះដែលត្រូវបានប្រើញឹកញាប់មានដូចជា៖សមូហភាព លោកទស្សនៈ

ជីវទស្សនៈ លោកឪពុក អ្នកម្ដាយ ពង្រឹងជំហរ ក្បាលអ្នកណាសក់អ្នកហ្នឹង គ្រុនទន្សាយ មាគ៌ាបក្ស បដិវត្តន៍ លើកទិស ដាក់ទិស លះបង់ ជិះជាន់ពលកម្ម កម្មាភិបាល សតិអារម្មណ៍ អង្គការ វិន័យសីលធម៌ ឯករាជ្យម្ចាស់ការ មហាភ្លឺស្វាង មហាលោតផ្លោះ មហាអស្ចារ្យ ចក្រពត្តិនិយម មូលធននិយម សក្ដិកូមិ ប្រតិកិរិយា នាយទុន អនុធន ទុកក៏មិនចំណេញដកចេញក៏មិនខាត សមមិត្ត មិត្តនារី បុរសកសិករ នារីកសិករ ប្ដេជ្ញា ពុករលួយអាវ៉ាសែ ទស្សនៈចាស់គំរិល សេរី បត់បែន រឹងកំព្រឺស សមស្រប មួយហិកតាបីតោន ប្រាំតោន ប្រាំពីរតោន តស៑ូ លត់ដំ គម្រូវីរភាព សហករណ៍ កងចល័ត បង្កបង្កើនផល កម្ទេច ជម្រុះ ខ្មាំង​ រៀនសូត្រ វ៉ៃចោល វណ្ណៈអធន កង កងកុមារ កងយុវជន ឈ្លប ប្រើយោធា(ប្រើធម៌ក្ដៅ ហិង្សា) មោទនភាព …

-ប្រជាជនត្រូវហូបបាយរួមនៅរោងបាយភូមិឬនៅតាមកងការងារដូចជាកងចល័ត កងនារី កងយុវជន កងកុមារ

និងតាមការដ្ឋាននានា។

-ថ្វីបើកាលនោះអង្គការខ្មែរក្រហមបានបង្កើតបរិយាកាសភ័យខ្លាចនិងមានបណ្ដាញក្ដោបក្ដាប់ឬគ្រប់គ្រង

ប្រជាជនយ៉ាងណែនក៏ដោយក៏នៅតែមានការលេចឮពាក្យរិះគន់ឬប្រឆាំងនឹងអង្គការដែរដូចជាថា៖

-ធ្វើស្រែនឹងទឹកហូបបាយ ធ្វើស្រែនឹងប្រឡាយហូបបបរ
-អៃយ៉ា! អៃយ៉ា! កូនអង្គការពាក់អាវពីរជាន់
-ត្រីអាំងដាក់លើបាយឆ្ងាញ់ឡោញ។

ពាក្យថ្មីកើតសម័យរបបប៉ុល ពត

[កែប្រែ]

ក្នុងរបបប៉ុល ពតមានការកើតឡើងនូវពាក្យនិងកន្សោមពាក្យថ្មីជាច្រើន និងការប្រើពាក្យនិងកន្សោមពាក្យដែលមានស្រាប់តែសម្រាប់សម្គាល់ ន័យផ្សេងទៅវិញ។ពាក្យនិងកន្សោមពាក្យទាំងនោះមានដូចជា៖

-គ្រូសង្គមកិច្ច៖ អ្នកផ្សំឱសថបុរាណ
-ប្ដេជ្ញា ៖ ផ្សំផ្គុំជាប្ដីប្រពន្ធ, យកជាប្ដីឬប្រពន្ធ, ប្រកាសទឹកចិត្តក្នុងការរួមរស់ជាប្ដីប្រពន្ធនិង

បម្រើអង្គការខ្មែរក្រហម

-ពាក់ព័ន្ធ ៖ មានទំនាក់ទំនងជាមួយសមាសភាពមិនល្អ, មានយោបល់វិភាគនិង/ឬប្រៀបធៀប
-ការងារសេដ្ឋកិច្ច ៖ ការងាររកត្រីសម្រាប់ផ្គត់ផ្គង់ឲ្យរោងបាយសមូហភាព, ការរកឧសសម្រាប់រោងបាយ
-សាលាថា ៖ ទ្រឹស្ដី
-សាលាធើ ៖ ប្រតិបត្តិ
-ខុសសីលធម៌ ៖ ខុសដោយសារទំនាក់ទំនងស្នេហារវាងបុរសនិងនារីដោយគ្មានការអនុញ្ញាត
-ក្បាលអ្នកណា សក់អ្នកហ្នឹង ៖ អ្នកប្រព្រឹត្តជាអ្នកទទួលខុសត្រូវ,មិនអាចអាងនរណាម្នាក់ដើម្បី

ប្រព្រឹត្តខុសឡើយ

-តំណាងសិក្សា ៖ អ្នកកាន់ការងារអប់រំ,អ្នកអប់រំនិងបង្រៀនកុមារ
-កម្មាភិបាល ៖ អ្នកគ្រប់គ្រង
-ក្ដោបក្ដាប់ ៖ គ្រប់គ្រង
-ប្រចាំការ ៖ យាម
-កងចល័ត ៖ ក្រុមធ្វើការងារដោយផ្លាស់កន្លែងធ្វើការងារញឹកញាប់តាមការបញ្ជាពីថ្នាក់លើ
-ប្រជាជនពេញសិទ្ធិ ៖ អ្នកដែលនៅតំបន់រំដោះរហូតដោយពុំមានកូនឬឳពុកម្ដាយ

ជាប្រជាជនផ្ញើ

-ប្រជាជនត្រៀម ៖ អ្នកដែលចេញពីតំបន់ត្រួតត្រាដោយរដ្ឋាភិបាលលន់នល់ទៅនៅ

តំបន់រំដោះមុនថ្ងៃរំដោះក្រុងភ្នំពេញឬអ្នកដែលនៅតំបន់រំដោះរហូតតែមានកូនឬឳពុក ម្ដាយជាប្រជាជនផ្ញើ

-ប្រជាជនផ្ញើ ៖ អ្នកដែលរស់នៅក្នុងតំបន់ត្រួតត្រាដោយរដ្ឋាភិបាលលន់ នល់រហូត

ហើយទើបនឹងត្រូវបានជន្លៀសចេញដោយពួកខ្មែរក្រហមបន្ទាប់ពីពួកវាដណ្ដើមបាន ក្រុងភ្នំពេញ

-កាលពីសង្គម ៖ កាលពីសម័យសង្គមរាស្ត្រនិយម
-ម្ចាស់ការ ៖ ធ្វើការងារដោយតាំងខ្លួនជាម្ចាស់
-មើលស្រាល ៖ មើលងាយ
-ជិះអាគើប ៖ ត្រូវគេចងស្លាបសេក
-ជ្រះស្រឡះ ៖ អស់គំនិតចង់មានកម្មសិទ្ធិឯកជន
-សម្ដែងការស្មោះត្រង់ ៖ និយាយឬបង្ហាញការពិត
-កសាង ៖ អប់រំឬនិយាយណែនាំឲ្យឈប់ប្រព្រឹត្តអំពើខុសឆ្គងឬសកម្មភាពផ្ទុយនឹង

វិន័យសីលធម៌ដែលអង្គការកំណត់

-វ៉ៃចោល/វាយចោល ៖ សម្លាប់មនុស្សដោយវាយនឹងដំបង គល់ឫស្សី ត្បូងចប…
-កម្ទេច ៖ សម្លាប់
-ស្មើភាព ៖ មានសមភាព(រវាង)
-ជីលេខមួយ ៖ លាមកមនុស្សឬជីផ្សំដោយលាមកមនុស្ស ដីដំបូក និងស្លឹកឈើ
-និរសា ៖ បេសកជន? អ្នកនាំសារ? ឧទាហរណ៍ ៖ ប្រធានឃុំបានចាត់និរសាម្នាក់ឲ្យទៅមន្ទីរស្រុកដើម្បីសួរនាំអំពីការប្រជុំ
-សភាពការណ៍ ៖ ស្ថានការណ៍
-សម្បូរបែប ៖ សម្បូរហូរហៀរ
-សមស្រប ៖ ត្រឹមត្រូវ, ត្រូវបែប។

អំពីការនិយាយតំណាលរបស់ចាស់ៗអំពីការកកើតភ្នំមួយចំនួនក្នុងស្រុកគិរីវង់

[កែប្រែ]

កាលខ្ញុំនៅក្មេង ខ្ញុំបានឮចាស់ៗតំណាលអំពីកំណើតភ្នំមួយចំនួននៅស្រុកគិរីវង់ខេត្តតាកែវ។ ដោយបច្ចុប្បន្នខ្ញុំពុំឃើញមានឯកសារសរសេរដែលនិយាយអំពីរឿងភ្នំទាំងនេះ ខ្ញុំសូមសាកល្បងសរសេររៀបរៀង តាមការចងចាំផ្ទាល់ខ្លួននូវរឿងដែលចាស់ៗបាននិយាយឱ្យស្ដាប់ ដោយខ្ញុំមានបញ្ចូលខ្លឹមសារខ្លះៗ ជាពិសេសអំពីទិសនិងចម្ងាយចរ ដើម្បីឱ្យអ្នកអានងាយយល់សាច់រឿង។ ខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងទទួលបានការកែលម្អពីលោក អ្នកដែលធ្លាប់ឮការតំណាលអំពីរឿងភ្នំទាំងនេះ។

ចាស់ៗបាននិយាយតំណាលថាកាលពីយូរលង់ណាស់មកហើយ ទីកន្លែងភាគច្រើននៃស្រុកគិរីវង់សព្វថ្ងៃនេះគឺជាសមុទ្រ។ នៅលើភ្នំម្ដុំភ្នំបាយ៉ង់សព្វថ្ងៃ មានស្ដេចគង់នៅ ហើយស្ដេច មានបុត្រីមួយអង្គព្រះនាមសក់ក្រអូប។ ថ្ងៃមួយព្រះនាងសក់ក្រអូបបានចុះមកស្រង់ទឹកនៅជើងភ្នំប៉ែកខាងកើតឈៀងខាងជើងហើយក៏ត្រូវក្រពើលេបហើយហែលឆ្ពោះទៅទិសខាងលិច។ ភ្លាមនោះស្ដេចបាននាំរេហ៍ពលធ្វើដំណើរតាមទូកដេញតាមចាប់ក្រពើ។ ពេលដេញតាមក្រពើដល់កន្លែងមួយដែលមានចម្ងាយប្រមាណប្រាំពីរគីឡូម៉ែត្រពីកន្លែងដែលព្រះនាងសក់ក្រអូបចុះស្រង់ទឹក ក្រពើបានបត់ក្បាលនិងហែលយ៉ាងលឿនទៅទិសខាងត្បូង។ ពេលនោះទូកស្ដេចក៏បត់យ៉ាងរហ័សដេញតាមក្រពើដែរ ធ្វើឱ្យផ្លិតរបស់ស្ដេចធ្លាក់បាត់ទៅក្នុងទឺក។ ពេលទូកបន្តដំណើរតាមក្រពើទៅទិសខាងត្បូងបានប្រមាណប្រាំគីឡូម៉ែត្រក៏បាត់ដានក្រពើ។ ស្ដេចក៏បញ្ជាឱ្យរេហ៍ពលអុំទូករេទៅ រេមកដើម្បីរកក្រពើ រួចក៏ឃើញក្រពើហែលរត់ទៅទិសខាងលិចឈៀងខាងជើង។ ក្បួនទូកបានដេញតាមក្រពើយ៉ាងប្រកិត។ ពេលដេញបានប្រមាណពីរគីឡូម៉ែត្រ ទូកក៏តាមទាន់ក្រពើហើយស្ដេចក៏បញ្ជាឱ្យបោះខ្សែពួរដើម្បីទាក់ក្រពើ តែក្រពើគេចរួច ហើយហែលរត់ទៅទិសខាងត្បូង។ ទូកស្ដេចនិងរេហ៍ពលបន្តដេញតាមក្រពើយ៉ាងប្រកៀកប្រកិតដដែល ហើយពេលដេញតាមបានប្រមាណមួយគីឡូម៉ែត្រ ស្ដេចក៏បញ្ជាឱ្យរេហ៍ពលលើកទំនប់ព័ទ្ធចាប់ក្រពើ តែក្រពើគេចរួចទៀត ហើយហែលរត់ទៅទិស ខាងត្បូងឆៀងខាងលិច។ ទូកស្ដេចនិងរេហ៍ពលក៏បន្តសម្រុកដេញតាមក្រពើទៀត។ ពេលដេញតាមបានប្រមាណកន្លះគីឡូម៉ែត្រ ទូកស្ដេចក៏ជ្រុះតុនិងក្ដារអុកបាត់ទៅក្នុងទឹកទៀតដោយសារការសម្រុកអុំបង្កើនល្បឿនយ៉ាងខ្លាំងក្លាពេក។ ពេលដេញតាមក្រពើបានប្រមាណមួយគីឡូម៉ែត្រទៀតតាមទិសខាងត្បូងឆៀងខាងលិចដដែលក៏ស្រាប់តែលែងមានឃើញដានក្រពើសោះតែម្ដង។ ដោយអស់សង្ឃឹមក្នុងការរកក្រពើនិងរាជបុត្រី ស្ដេចក៏បញ្ជាឱ្យរេហ៍ពលអុំទូកវិលត្រឡប់ទៅរាជដំណាក់វិញ។

លុះចំណេរតមក កន្លែងដែលជ្រុះផ្លិតក៏កដីកើតជាភ្នំមួយរាងដូចផ្លិតហើយគេនាំគ្នាហៅថាភ្នំផ្លិតៗ។ ភ្នំផ្លិត ស្ថិតនៅក្នុងឃុំព្រៃអំពកសព្វថ្ងៃ។ កន្លែងដែលទូកអុំរេទៅ រេមក រកក្រពើនោះ ក៏បានកើតជាភ្នំមួយដែលគេនាំគ្នាហៅឈ្មោះថាភ្នំអុំរេៗ ហើយក្រោយមកហៅក្លាយថាភ្នំអំរ៉ែ។ សព្វថ្ងៃនេះ ភ្នំអំរ៉ែស្ថិតនៅក្នុងឃុំព្រៃអំពកមួយផ្នែក និងនៅក្នុងឃុំព្រៃរំដេងមួយផ្នែក។ កន្លែងដែលរេហ៍ពលរបស់ស្ដេចបោះខ្សែពួរទាក់ក្រពើបានកកើតជាភ្នំមួយដែលគេហៅឈ្មោះថាភ្នំពួរៗ ហើយក្រោយមកត្រូវបានហៅក្លាយមកជាភ្នំបួរ។ កន្លែងដែលរេហ៍ពលលើកទំនប់ព័ទ្ធចាប់ក្រពើបានក្លាយជាភ្នំនិងបឹងដែលគេហៅឈ្មោះថាភ្នំទំនប់និងបឹងទំនប់។ កន្លែងជ្រុះតុនិងក្ដារអុកបានកកើតជាភ្នំមួយដែលត្រូវបានឱ្យឈ្មោះថាភ្នំតុនិងក្ដារអុក ហើយហៅក្លាយមកជាភ្នំតាអុក។ កន្លែងចុងក្រោយដែលបាត់ដានក្រពើបានកកើតជាភ្នំមួយដែលមានរាងដូចក្រពើ ហើយគេនាំគ្នាហៅឈ្មោះថាភ្នំក្រពើ។ ភ្នំបួរ ភ្នំទំនប់ បឹងទំនប់ ភ្នំតាអុក និងភ្នំក្រពើ ស្ថិតនៅក្នុងឃុំព្រៃរំដេងសព្វថ្ងៃ។

អត្ថបទជាPDF