អ្នកប្រើប្រាស់:175.100.7.139/My lovely mum, sending to wiki

ពីវិគីភីឌា
                    ចំណងជើងរួម‹ព្រះគុណម៉ែ› (ដោយ  វ៉ា ប៊ុណ្ណនី)
           សូមឧទ្ទិសជូនអ្នកម្តាយរបស់ខ្ញុំ  និងអ្នកម្តាយទូទាំងព្រះរាជាណាចក្រកម្ពុជា 
                                              ១-«ស្រឡាញ់អ្នកមេ»បទកាកគតិធម្មតា

-កូនស្រឡាញ់ម៉ែ អ្នកធ្លាប់ថ្នមថែ មិនទាន់ដឹងក្តី ឱ្យរៀនឱ្យសូត្រ ប្រៀននិយាយស្តី ផ្តល់សិទ្ធិសេរី ព្យាយាមគិតគូរ។ -កូនស្រឡាញ់អ្នក រាល់ពេលជំពាក់ អាណិតអាសូរ ថ្ងៃស្ទើរតែលិច ឈឺចាប់ម៉ែថ្ងូរ បុត្រតែងសុំប្តូរ ឈឺជួសអ្នកថ្លៃ។ -កូនស្រឡាញ់មេ ធ្លាប់ច្រៀងបំពេ ទាំងយប់ទាំងថ្ងៃ

                ឱ្យកូនដេកលក់			លូតលាស់តាមដៃ		ជីវិតថ្លាថ្លៃ

ដោយស្នាដៃអ្នក។

                                               ២-‹អ្នកមុខអ្នកម៉ែ› បទកាកគតិធម្មតា

-អ្នកមុខអ្នកម៉ែ ថ្នាក់ថ្នមថមថែ តាំងតែតិតាក់ ប្រដែប្រដៅ ហូរហែហិហាក់ ណែនាំណិណាក់ ស័ក្តិសមសួគ៌សុខ។ -ម៉ែមេមានមន្ត លើសលប់លើសលន់ សប្បាយសប្បុក កែកុនកបកល់ ជៀសចាកចាប់ចុក ស្រណមស្រណុក លោកិយលោកា។ -មាសមេមុខមាត់ វក់វីវាយវាត់ ម្តងម្កាលម្តេចម្តា កេរកាលគួរគាប់ សោយសុខសព្វសារ ចាត់ចែងចងចារ រុករានរៀនរស់។ -កកាយកកេះ ចូកចែវចៅចេះ ងីងើងីសងោះ សំណើមសំណាង ពិសាពីរោះ គ្រីមគ្រើមគ្រាតគ្រោះ លូតលាស់លើលោក។ឧសភា២០១២


                                                                ៣-«កូនម៉ែ-កូនម៉ែ»បទនាគកៀវក្រវាត់

-កូនពិតស្រឡាញ់តែអ្នកម៉ែ ម៉ែអ្នកថ្នមថែពីក្រូចឆ្មារ

                                ឆ្មារក្រូចតិតាក់ចេះចរចា			ចារចប្រាថ្នាកូនបានបថ។
                                -បថបានស្គាល់កិច្ចការគ្រប់សព្វ			សព្វគ្រប់គោរពមានអំណត់
                               ណត់អំកតញ្ញូពិតប្រាកដ			កដប្រាមិនក្បត់ពាក្យសំដី។
                               -ដីសំពីរោះញាតិចូលចិត្ត			ចិត្តចូលផ្តេកផ្តិតរែងប្រណី
                              ណីប្រទន់ទាបដែលក្រក្រី			ក្រីក្រសក្ខីខ្នើយជីវិត។
                              -វិតជីម៉ែចែកកូនប្រុសស្រី			ស្រីប្រុសដឹងក្តីរែងរិះគិត
                              គិតរិះជ្រុងជ្រោយតាំងគំនិត			និតគំរឹងរឹតល្អម៉ត់ហ្មង។




                                   ៤-«  ម៉ែមាសមន្តម៉ែ » បទកង្កែបលោតកណ្តាលស្រះ

-មាសមេមាសមន្តទន់ទិព្វមាស ពេញពោរពេញពាសរាស្ត្រហៅពេញ រលេញរលកភ្នករលេញ វិលវក់វិលវិញទិញកូនវិល។ -ម៉ែខ្នះមានខ្នែងបែងចែកម៉ែ ពិលស្រុកពូនស្រែខ្សែពិតពិល រមិលរមូលចាករមិល ណែនាំនាមនិលភិលប្រាប់ណែ។ -បីបាច់បីបមថ្នមដោយបី ថែថាំថែមថីថ្មីអ្នកថែ ស្រងែស្រងាំកម្មស្រងែ សឹងសុទ្ធសមសែខ្មែរសុទ្ធសឹង។ -កូនប្រុសកូនប្រាណបានជាកូន កំហឹងកំហូនក្បូនកំហឹង ដឹងដងដិតដល់ផលដោយដឹង ផ្តាច់ប្តូរផ្តាំប្តឹងប្រឹងឱ្យផ្តាច់។


៥-« សងគុណម៉ែ» បទត្រីពិធព័ន្ធសុ.ឥ

-ស្រឡាញ់ម៉ែ អ្នកម៉ែ ម៉ែផងកូន ដឹកនាំក្បូន អូសក្បូន ក្បូនជីវិត ខំរែកពន់ ស៊ូពន់ ពន់មិនគិត ទោះប្រយិត តោងយិត យិតគ្មានរា។ -ចិញ្ចឹមបុត្រ កុលបុត្រ បុត្រសង្សារ ត្រាច់យាត្រា លុះត្រា ត្រាឈឺជា ក្តៅភ្លៀងខ្យល់ ទ្រាំខ្យល់ ខ្យល់រងា តែងពុះពារ ការពារ ពារដូចដុត។ -ការងារផ្ទះ នៅផ្ទះ ផ្ទះថែទាំ ចិត្តមុតមាំ រឹងមាំ មាំបំផុត មាសទឹកដប់ គ្រប់ដប់ ដប់មាសសុទ្ធ ជួយមិនស្រុត ស្រូបស្រុត ស្រុតអាត្មា។ -ពេលកូនឈឺ តែងឈឺ ឈឺទ្រូងម្តាយ គ្មានរសាយ សះសាយ សាយចិន្តា បៅដោះម៉ែ កូនម៉ែ ម៉ែពើតកាយ មិនចង់ក្លាយ ប្រែក្លាយ ក្លាយស្គមស្គិត។ -ឈឺបត់ជើង ខ្នងជើង ជើងបង្គន់ ឱ្យមាសមន្ត ពៅមន្ត មន្តវរមិត្រ បានស្រាកស្រួល កើតស្រួល ស្រួលរឹងរឹត ម៉ែយោងយិត រែងយិត យិតព្រោះថ្លៃ។ -សងគុណម៉ែ អ្នកម៉ែ ម៉ែមិនគ្រប់ រាប់ទាល់យប់ ថ្ងៃយប់ យប់សម័យ សមុទ្រជ្រៅ ជ្រោះជ្រៅ ជ្រៅអាល័យ មិនអាចច្នៃ កែច្នៃ ច្នៃដូចម៉ែ។ -គុណធំក្រៃ ក្រាស់ក្រៃ ក្រៃកន្លង សមុទ្រឆ្លង ឆ្លើយឆ្លង ឆ្លងឆ្នាំខែ ទៅមិនដល់ ឆ្ងាយដល់ ដល់ព្រះផែ សូមថ្នមថែ ថមថែ ថែលុះសូន្យ។ ០៧-២០១២


                                      ៦-«  អ្នកម៉ែគ្រប់រូប»  បទព្រះចន្ទបាំងឆ័ត្រ

-ម៉ែនឹកកូន កូនតែងនឹក រឹតម៉ែនឹក ពេលថ្ងៃព្រឹក ព្រឹករកហូប ស្រូបពេលថ្ងៃ អាស្រ័យទុក ទុកឱ្យកូន ប្អូនអាស្រ័យ ខិតខំច្នៃ ច្នៃប្រឌិត ពិតខិតខំ។ -ការងារផ្ទះ ផ្ទះសម្បែង បែងការងារ សន្សំជា ជាដ្បិតអ្នក ជាក់សន្សំ លត់ដំជួយ ជួយគ្រួសារ ច្បារលត់ដំ ប្រពៃសម សមប្រកប ស្របប្រពៃ។ -ស្ទូងដកច្រូត ច្រូតស្រូវទុំ គំស្ទូងដក ព្រឹកព្រៃច្រក ច្រកផ្លូវដើរ ថ្មើរព្រឹកព្រៃ លកលៃត្រៀម ត្រៀមបម្រុង ប្រុងលកលៃ ចិត្តរំពៃ ពៃរកផល សល់ទាន់ចិត្ត។ -ក្រោកដាំបាយ បាយក្តៅស្រួយ ត្រួយក្រោកដាំ សិតសស្រាំ ស្រាំគ្មានណាយ កាយសសិត ក្រមក្រឹត្យពន់ ពន់ធ្ងន់ស្រាល ក្រាលក្រមក្រឹត្យ បែងផ្តេកផ្តិត ផ្តិតអម្រែក ជ្រែករកបែង។ -សុខចិត្តហត់ ហត់ព្រោះអ្នក លាក់សុខចិត្ត ស្តែងបេះបិទ បិទឱ្យស្មើ ដើរដេកស្តែង កោតក្រែងទុក្ខ ទុក្ខជាន់ឈ្លី វីកោតក្រែង ជាប់ណងណែង ណែងក្តៅហែង ស្រែងកើតជាប់។ -អ្នកម៉ែអើយ អើយរូបកូន កូនអ្នកម៉ែ រករាប់ថែ ថែអ្នកវិញ ពេញរករាប់ ទោះគាប់ក្តី ក្តីចងចិត្ត ស្និទ្ធទោះគាប់ ប្រឹងប្រែងញាប់ ញាប់សងគុណ ពន់ប្រឹងប្រែង។ ០៧-២០១២

                                         ៧-« កូនបានបថ  មេបិទភ្នែកជិត » បទបថ្យាវត្ត

-មាសមន្តមាសមេបុព្វេមាសមិត្ត ម៉ែកាន់ការគិតគាស់កាយកូនកប់ ជួយដូនប្អូនចៅផ្សែផ្សំប្រសប់ ជេរជុះមិនស្អប់ព្រលឹមព្រលប់។ -ហាមាត់ស្រដីពេកក្តាត់ល្ងាចយប់ បន្ទុកបន្ទប់ថែទាំរក្សា អប់រំណែនាំខួបប្រាំងវស្សា ឱ្យខំសិក្សាក្មេងវ័យងាយពត់។ -ប្រដែប្រដៅរៀនដើររៀនរត់ ស្រទេញដំលត់បែបបទឃ្លោងឃ្លា ក្រក្រីខ្វល់ខ្វាយស្វែងរកវិជ្ជា មិនត្រូវលីលាភ្លើតភ្លើនកោងកាច។ -ប្រគល់អាចារ្យសែងសូត្រខ្លបខ្លាច អំណរអំណាចរៀបរយចំណេះ ពុតគ្រូកុំត្រាប់ក្បួនល្អច្រូតបេះ កើបកោសតម្រិះកុំនឿយជិនណាយ។ -មេគ្មានមាសប្រាក់ចំណូលចំណាយ ទូន្មានបកស្រាយយើងមានក្រៃក្រាស់ បើបុត្រព្យាយាមម៉ែពុកសួគ៌សះ កូននឹងដឹងច្បាស់ដើមដងដឹងក្តី។ -បានបថក្សេមក្សាន្តចាកឆ្ងាយទឹកដី ត្រងត្រាប់ប្រណីរឹងមាំមុតមោះ គោរម្យគោរពទន់ភ្លន់យារយស ចាកចងចិត្តឈ្លោះមានឈ្មោះកូនម៉ែ។ ២០១២

                           ៨-‹នឹកតែម៉ែ  ›បទអើយរ៉ា ស្មូតបែបទំនួញ

-យប់យន់ អើយរ៉ា កូនរែងនឹក រាល់ព្រឹក អើយរ៉ា តែអ្នកថ្លៃ ទោះឆ្ងាយ អើយរ៉ា តែងស្រមៃ អាល័យ អើយរ៉ា ពាក្យសំដី។ -កូនផ្ដាំ អើយរ៉ា តាមខ្សែទឹក រឭក អើយរ៉ា ហាក់ថ្មីៗ តាមខ្យល់ អើយរ៉ា មិនប្រណី មេឃដី អើយរ៉ា មិនទទួល។ -អ្នកមេ អើយរ៉ា មាសមានគុណ ទុក្ខធ្ងន់ អើយរ៉ា ទ្រូងរញ្ជួល ស្រណោះ អើយរ៉ា មិនប្រែប្រួល ខ្សុកខ្សួល អើយរ៉ា ជាប្រចាំ។ -នឹកពេក អើយរ៉ា ច្រៀងបន្លប់ មិនស្កប់ អើយរ៉ា ចិន្ដាស្រាំ ឃ្លាតឆ្ងាយ អើយរ៉ា យូរខែឆ្នាំ ដុតដាំ អើយរ៉ា មិនដែលភ្លេច។ -ហេតុអ្វី អើយរ៉ា ដក់អារម្មណ៍ ផ្សាស្អំ អើយរ៉ា ទោះប្រឹងធ្មេច វិយោគ អើយរ៉ា ពេលថ្ងៃលិច លង់លេច អើយរ៉ា ត្ម័នអង្គួច។ -យប់យន់ អើយរ៉ា ផ្ញើខ្សែចិត្ដ អាណិត អើយរ៉ា កូនព្រឺព្រួច ចងចាំ អើយរ៉ា បំពេរថ្ងួច ចិត្ដគួច អើយរ៉ា លុះសូន្យសុង។

សីហា ២០០៩

                        ៩-‹កូនស្រលាញ់អ្នកម៉ែ ›បទចំណារចាំចង ស្មូតបែបទំនួញ

-ខ្ញុំស្រលាញ់ម៉ែ ធ្លាប់ថ្នាក់ថ្នមថែ កូនពន្លកស្នេហ៍ ស្រមោចវារក្បែរ ក្ដិចខ្ញាំភ្នែកថ្លែ រក្សាពូជខ្សែ ឱ្យរៀនពូកែ។ -កណ្ដៀតឡើងផ្លែ ឱ្យស្ដាប់រៃរ៉ែ មិនឱ្យយំឡែ បីមើលដួងខែ កង្កែបស្រែកវ៉ែ រូងកែងភ្លឺស្រែ ប្រសប់ណាស់ម៉ែ។ -ប្ដឹងអស់ចិកចែ ចិត្ដកូនឥតល្ហែ រាប់ឆ្នាំដុះស្លែ សច្ចាស្បថស្បែ សកវាទ៍ចុះផែ ចាំពាក្យផ្ដាំផ្ដែ ជួយដល់ជាតិខ្មែរ។ -កូនបំផ្លាស់ប្រែ មិនដើរប៉ោឡែ ទំនេរដើរឆែ បើកបរអាយ៉ែ ហ៊ឺហាផឹកតែ ចាំពាក្យថាណែ ហើយមិនតាប៉ែ។ -មិនមែនអង់អែ នឹកចំការស្រែ ត្រកួនស្រងែ កញ្ឆែតផងដែរ ធ្លាប់លឺកញ្ច្រែ ព្រោះជាប់សាច់សែ បំណងបង្វែរ។ -កូនមិនសំរែ តាំងចិត្ដហូរហែ មិនភ្លេចសង្កែ ជនជាតិរដែរ កំហុសកំណែ កំណាព្យត្អូញត្អែរ ប្រាប់ញោមថាបែរ។ កញ្ញា ២០០៩

                                          ១០-‹ដឹងក្ដីកុំភ្លេចម៉ែឪ ›បទព្រហ្មគីតិធម្មតា ស្មូតបែបពិលាប

-ហៃកូនចៅប្រុសស្រី ឃើញរស្មីមានអំណរ ត្រូវតាំងចិត្ដស្មោះសរ កុំលំអលើប្រឹថពី។ -ជីវិតមានតម្លៃ សូមចរណៃកុំខ្ជាខ្ជី រៀនសូត្រគ្រប់នាទី ត្រាប់សំភីច្បាប់បុរាណ។ -បើល្អចូរជ្រើសយក មាសពន្លករឹតថ្កើងថ្កាន ច្បាប់ថ្មីណាកល្យាណ ប្រើប្រាស់បានសមប្រកប។ -ដឹងគុណដល់ពុកម៉ែ ពុំភ្លេចស្រែដើមប៉ខ្លប ជញ្ជាំងមានរណប ចេះខ្លាចខ្លបស្គាល់ខុសត្រូវ។ -ម៉ែឪចាត់ជាព្រះ នៅក្នុងផ្ទះកុំរង៉ូវ

                                                រអ៊ូពាក្យអាស្រូវ		គាត់សក់ស្កូវកុំំមាក់ងាយ។
                                                 -បីបាច់កូនធំធាត់		ជៀសដៀលគាត់ចិត្ដរាយមាយ
                                                ចាស់ក្រោធជាទំនាយ		វេចសំពាយខុសបំណង។
                                               -ពិបាកជួសកូនគ្រប់		ព្រឹកព្រលប់ជូនបុត្រឆ្លង
                                                រៀនសូត្រមានបានផង		ចាស់កោងខ្នងកុំសើយគូថ។

តុលា ២០០៩


                      ១១-‹ ការភ្លេចភ្លាំងរបស់ម្ដាយខ្ញុំ › បទពាក្យ៩ធម្មតា ស្មូតបែបរាប់

-អ្នកម្ដាយខ្ញុំ គាត់ចាស់ហើយ ៗភ្លេចភ្លាំង ប្រៀបមេឃរាំង ក្ដៅក្រៀមស្វិត រែងស្អុះស្អាប់ នៅហូបបាន សុខភាពមាំ មួនចំណាប់ វ៉ៅសាស័ព្ទ និយាយច្រើន ខុសពីក្មេង ។ -សព្វថ្ងៃនេះ មានព្រះជន្ម ចិតសិបប្រាំ គាត់មិនចាំ រឿងឥឡូវ ជារឿងផ្សេង ចាស់ក្លាយក្មេង ជួនកាលយំ ប្ដូរសំឡេង ឈប់ហៅបេង ក៏នាងនួន ក្លាយជាគរ។ -ពីអតីត គាត់ចងចាំ បានយ៉ាងច្បាស់ អារម្មណ៍ដាស់ ក្រោយវិលវល់ សែនវឹកវរ ពិបាកថែ អោយរឹងប៉ឹង ក្រោកឡើងឈរ កូនជំហរ អ្នកម៉ែអ្ហើយ រែងខ្លោចផ្សា។ -ក្នុងមួយថ្ងៃ ម្ភៃបួនម៉ោង មួយម៉ោងចាំ ត្បិតចំណាំ ស្គាល់រាងរៅ បុត្រសង្សារ ភ្លេចអស់ហើយ គ្រាកំសត់ ធ្លាប់កាប់ឆ្ការ តើពេលណា អាចត្រឡប់ ថយក្រោយបាន។ -កូនឈឺចាប់ ឃើញទង្វើ របស់អ្នក ចិត្ដជំពាក់ អ្នកមានគុណ ខ្វាយខ្វល់ប្រាណ ចង់នៅជិត បានធូរស្បើយ អម្បាលម៉ាន ទើបចិត្ដខ្សាន្ដ កតញ្ញូ ចំពោះអ្នក។ ធ្នូ ២០០៩




                           ១២-‹ អ្នកម្ដាយថ្លៃ ›បទកង្កែបលោតស្លាក់ពេជ្រ ស្មូតបែបរាស់

-ត្រូវរៀបការ ត្រារៀបកាយ ត្រាយរៀបគិត ចាស់គំនិត ជិតគំនាប់ ជាប់គំនាប

 ប្ដីរាជការ  ផ្ដារាជកាល  ផ្ដាលរាជគាប		ប្រើបោយរាប ព្រាបបោយរក ព្រកបោយរ៉ិច។

-ជិតចិតប្រាំ ចាំចិតប្រាស ចាស់ចិតព្រើត អស់ចំទើត អឺតចំទើង អ៊ើងចំតិច

 ពួកអាវខ្មៅ ប៉ៅអាវខ្មាំង  ប៉ាំងអាវខ្មិច		ខ្ចប់បង្វិច  ខ្ចិចបង្វែង ខ្ចែងបង្វិល។

-ទៅឯស្រុក តុកឯស្រែ តែឯស្រម យំំមិនសម យ៉ំមិនស៊ាយ យាយមិនសីល

កូនដល់ដប់ កប់ដល់ដី   កីដល់ដិល		ឆាប់ត្រងិល ឆិលត្រងោល ឆោលត្រងាល។

-លក់ខ្ទេចខ្ទី លីខ្ទេចខ្ទាំ លាំខ្ទេចខ្ទា កូនកំព្រា គាកំប្រុក កុកកំប្រាល

 ប្ដីព្រាត់បាត់ ផ្ដាត់ព្រាត់បាន ផ្ដានព្រាត់បាល		ដូរកេរកាល ដាលកេរកោះ ដោះកេរកើយ។

-កូនប្រុសច្បង កងប្រុសច្បាត់ កាត់ប្រុសច្បារ សែនខ្លោចផ្សា សាខ្លោចផ្សៃ សៃខ្លោចផ្សើយ

ជួយប្អូនបង ចងប្អូនបួរ ចូរប្អូនបោយ	  	លាឆ្ងាយហើយ ឡើយឆ្ងាយហោង ឡោងឆ្ងាយហ៊ូ។

-ក្រោយរំដោះ ក្រោះរំដួល ក្រួលរំដង អូសយួរផង អងយួរផល អល់យួរភូ

ចូលក្រុងវិញ ជិញក្រុងវល់ ជល់ក្រុងវូ		មិនរអ៊ូ មូររអ៊ាំល មាំរអាយ។

-លក់បន្លែ ឡែបន្លុក ឡុកបន្លប់ ជីផ្ទីត្រប់ ចប់ផ្ទីត្រាវ ចាវផ្ទីត្រាយ

សែនលំបាក សាកលំបោយ សោយលំបាយ		ជេរជ្រះម្ដាយ ចាយជ្រះម្ដា ចារជ្រះម្ដល់។

-ហៅបាតផ្សារ ហាបាតផ្សោ ហោបាតផ្សាយ មិនចង់ស្រាយ ម៉ាយចង់ស្រួល មួលចង់ស្រល់

ថែទាំកូន ថូនទាំគាំង ធាំងទាំកល់			ជ្រួលច្របល់ ច្រល់ច្របាច់ ច្រាច់ច្របាំង។

-ចេញរកស៊ី ជីរកសែង ចែងរកសុខ រត់តត្រុត រ៉ុកតត្រើយ រ៉ើយតត្រាំង

ទៅជាយដែន ចែនជាយដុះ ចុះជាយដាំង		ស្រុកបារាំង ស្រាំងបារែង ស្រែងបារាប។

-រស់ភ្នំពេញ រេញភ្នំព័ទ្ធ រាត់ភ្នំពាយ ការពង្រាយ គាយពង្រាប់ គាប់ពង្រាប

មានគូគ្រង មងគូគ្រប់ មុបគូគ្រាប			ស្គាល់ខ្ពស់ទាប ស្គាបខ្ពស់ទួល ស្គួលខ្ពស់ទាន។

-ទៅស្រុកក្រៅ តៅស្រុកក្រោម តោមស្រុកក្រឹត្យ បានតាំងចិត្ដ បិទតាំងចារ បាតាំងជាន

ស្គមក្រមិត្ដ ស្គិតក្រមាល់ ស្គាល់ក្រមាន		ត្រូវរុករាន ទ្រានរុករក ទ្រករុករ៉ស់។

-សល់ប្រាំបួន សួនប្រាំបី សីប្រាំបាន ថែម៉ែបាន ថានម៉ែបាច់ ថាច់ម៉ែបោះ

ការរស់នៅ គៅរស់នា គារស់ណោះ		ត្រូវអាឡោះ ត្រោះអាល័យ ត្រៃអាឡ។

-ចៅដប់ប្រាំ ចាំដប់ព្រាត់ ជាត់ដប់ប្រាណ ជួយលំអាន ចានលំឱន ចោនលំអ

ជួយថែយាយ ជាយថែយប់ ជប់ថែយ៉		ចិត្ដស្មោះសរ ចរស្មោះសះ ចាស់ស្មោះសម។
                                                                                  ១១មករា ២០១០


                                    ១៣-‹វាចាម៉ែពេលដឹងខ្លួន › បទវង្សវិចិត្រ ស្មូតបែបរាស់

-នៅក្នុងជាតិនេះ កូនសច្ចា នឹងថែទាំម៉ែ កាន់ពាក្យស្បថស្បែ មិនក្រឡាស់ ធ្លាប់បានប្រណី ទោះមានឬក្រ អ្នកមេអ្ហើយ តាំងពីដឹងក្ដី នឹកពេលថ្នមបី ចិញ្ចឹមកូន គ្មានហ្មងចិន្ដា។ -ទោះនៅជើងមេឃ គេងមិនលក់ ស្រណោះមិនភ្លេច ថ្វីខំប្រឹងធ្មេច នៅនឹកឃើញ រាល់អនុស្សា ដល់ទឹកចិត្ដម្ដាយ ណែនាំបុត្រ ឱ្យចូលសាលា ឱហាតសិក្សា គ្មានសម្បត្ដិ ចែកឱ្យស្ងួនឡើយ។ -ដល់បច្ចិមវ័យ កូនកម្សត់ ឃ្លាតហៅមិនឮ ស្រុកកណើតភ្លឺ ស្រុកគេយប់ ឱរាពុំស្បើយ ចង់នៅជិតអ្នក តែវាសនា លេងសើចផ្ដល់ឱ្យ នួនមាសត្រាណត្រើយ រស់ភពផ្សេង ខុសពីធម្មតា។ -ផ្ញើតែលុយកាក់ ជួនបក់ដៃ តាមទូរស័ព្ទ គ្មានអ្វីចំណាប់ រឿងដែកស្ពាន់ ក្នុងវដ្ដសង្សារ ជួនធាតុអាកាស ឮដាច់ៗ ដ្បិតតែសេវា ស្ដាប់ម៉ែវាចា ពេលដឹងខ្លួន រែងសែនរន្ធត់។ -បុត្រមាសសំណប់ កុំកើតព្រួយ គ្រានេះស័ក្ដិសម បើពោលឱ្យចំ ទៅមុខទៀត ពិតនឹងរលត់ គួរសាងផលបុណ្យ ជៀសប្រមាថ ចរិតត្រូវពត់ វិធីមួយគត់ ឱ្យមេបាន បាំងបិទភ្នែកជិត។ -បានស្ដាប់សំដី ពិតទន់លោង ស្ទើរមិនដឹងខ្លួន ប្រដៅខ្ជាប់ខ្ជួន ទោះវង្វេង ដឹងខុសត្រូវពិត ចង់ឱ្យខ្ពស់មុខ ដើរផ្លូវត្រូវ ធម៌អាថ៌ប្រព្រឹត្ដ ជាតិក្រោយនែបនិត្យ ប្រាថ្នាចង់ ជួបអ្នកជាថ្មី។ -ប្រឹងប្រែងអត់ធ្មត់ តែនេត្រា ជនហូររហូត គំនួចស្រងូត ប្រើអារម្មណ៍ មិនលេបសំដី ទោះឆ្ងាយប៉ុណ្ណា តែងផ្ដល់ជូន ទិញម្ហូបឆ្ងាញ់ខ្មី នៅនាលោកិយ សូមទទួល កិច្ចកតញ្ញូ។

                                                                                ៨មីនា ២០១០


                                ១៤‹ស្រណោះអ្នកមេ › បទរមាំងដើរព្រៃ ស្មូតបែបរាស់

-ម៉ែអើយវេរជ្រេរព្រួយជួយដល់អ្នក ចិត្ដអើយពាក់ជាក់ជាប់លាប់រាល់ថ្ងៃ ញោមអើយក្បូនកូនកើនច្រើនវិស័យ លោកអើយច្នៃដៃទាំទ្រាំពេលចាស់។

-ម៉ែអើយបុត្រសុទ្ធញាំនាំពាក្យផ្ដាំ ថ្លៃអើយចាំត្រាំពាក្យមាឃគ្មានខ្មាស អ្នកអើយស្យង់ចង់ភ្នករកប្រឹងដាស ចិត្ដអើយសះណាស់ត្រងស្នងតបគុណ។

-ម៉ែអើយយប់ឈប់ឆ្ងល់ខ្វល់ពីកូន អ្នកអើយដូនត្រូនភ្លេចធ្មេចទារុណ ញោមអើយហូបស្រូបបានចានដូចមុន ថ្លៃអើយឃុនទុនចាយឆ្ងាយស្គាល់ឡើយ។

-លោកអើយខ្ញុំសុំពេលរេលវេលា ម៉ែអើយមារយាក្ដោងត្រោងដល់ហើយ ថ្លៃអើយប្រាប់ឆាប់ពាសមាសត្រាណត្រើយ អ្នកអើយកើយខ្នើយស្អែកបែកមិនខាន។

-ម៉ែអើយសូន្យកូនច្យុតស្រុតឱរា ចិត្ដអើយផ្សាចារទែងរែងមិនក្សាន្ដ លោកអើយទុក្ខរុកបល់វ៉ល់គ្រប់ប្រាណ ថ្ងៃអើយច្រានស្ថានចងឆ្លងមិនផុត។ ១១មីនា ២០១០


                             ១៥-‹ទឹកចិត្តម៉ែខ្ញុំ› បទពាក្យ៨ធម្មតា ស្មូតបែបរាស់

-ពពោះប្រែប្រាំបួន ខែ១០ថ្ងៃ មិនសំចៃខិតខំ ប្រឹងធ្វើការ ចម្រើនសុខរស្មី នាលោកា ទោះឈឺផ្សាមិនដែល ជូរជិនណាយ។ -ឆ្លងទន្លេមានឈាម ហូរស្ទះស្ទឹង ឮសូរកូនយំវឹង បានរសាយ ប្រុសស្រីធំធាត់សូម បរិយាយ ថ្លោសរីរូបរាងកាយ ក្តៀបបែបណា។ -ឃើញសូរ្យសែងប្រាកដ រែងត្រេកអរ មេពិតមានអំណរ បុត្រសង្សារ ហាក់ហាត់ជួសអ្នកជៀស ជាំសង្កា ល្ងិតល្ងង់ហើយខ្លោចផ្សា ព្រោះតែស្ងួន។ -ម៉ែស៊ូទ្រាំសូមឱ្យ កូនរីករាយ ទោះទូលទុក្ខសំពាយ ចិត្តមាំមួន រែកពន់លីសែងទូល យ៉ាកផ្ទួនៗ សូមឱ្យតែនឹមនួន ក្សេមក្សាន្តចិត្ត។ -ស៊ូទ្រាំស្គមស្គាំងស្គិត នាងធំធាត់ គេពង្រាត់ពីកាយ ក្តីអាណិត ថ្ងៃក្តៅហួតហែងវាល វដ្ដកម្រិត កម្មកំហិតដុនដាប មិនរុញរា។ -ស៊ូទ្រាំអត់ឃ្លាតឃ្លាន កូនឆ្អែតឆ្អន់ កូនឈឺម៉ែបែរបន់ ទិនទិវា ស៊ូស្លាប់ជួសសូមកូន បានសុខជា កូនកំព្រាទុក្ខសោក មានអំណរ។ -ទ្រាំរងាឱ្យតែ កូនកក់ក្តៅ សុខចិត្តខ្លោចផ្សាខ្លៅ ឱ្យកូនស ស្អាតស្អិតស្អាងសមរម្យថ្វីក្រីក្រ វ័យវឌ្ឍស្រស់បវរ ចុះសង្គម។ -ម៉ែធ្វើអ្វីកេរកាល ទុកឱ្យកូន សណ្តោងក្បូនអូសឆ្លង មាំមូលមុំ មានត្រកូលមានមុខ ក្នុងជំនំ ខ្ពស់ទ្រនំថ្កុំថ្កើង បុណ្យលាភស័ក្តិ។ -មានទិសដៅម៉ែពិត រំភើបក្រៃ ញោមញាតិអស់អាល័យ គ្មានថ្នាំងថ្នាក់ មានគូគាប់និស្ស័យ គ្រួសារស័ក្តិ សមបានកាក់កបកាយ ថ្កើងត្រកាល។ តុលា ២០១១