អ្នកប្រើប្រាស់:Sok thou

ពីវិគីភីឌា

សំណេរពាក្យក្នុងភាសាខ្មែរ សំណេរក្នុងភាសាខ្មែរមានពីរប្រភេទដែលកំពុងតែធ្វើឲ្យមានភាពច្របូកច្របល់។ សំណេរទីមួយគឺសំរាយ សំណេរបែបទី២គឺតម្រួត។ សំណេរបែបសំរាយគឺគេសរសរពាក្យដោយរាយព្យាង្គ ដូចជា ចំរៀង សំដី ជំរាប…។ ចំណែកឯសំណេបែបតម្រួត គឺគេសរសេរពាក្យដោយតម្រួតព្យាង្គ មានដូចជា ចម្រៀង សម្តី ជម្រាប…។ សួរថាតើសំណេរទាំងពីរប្រភេទនេះ មួយណាខុសមួយណាត្រូវ? ចម្លើយមានពីរ៖ ទីមួយៈ បើនិយាយទៅតាមអក្ខរាវិរុទ្ធ សំណេរបែបតម្រួតព្យាង្គត្រឹមត្រូវ។ ទីពីរៈ បើនិយាយទៅតាមការពិតបែបសត្យានុមតិ សំណេរទាំងពីរនេះត្រឹមត្រូវដូចគ្នា។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះសំណេរបែបសំរាយមានភាពងាយស្រួល និង មានសម្ផស្សជាង បើប្រៀបធៀបទៅនឹងសំណេរបែបតម្រួត។ មានអ្នកខ្លះពិតជាឈឺក្បាលនឹងសំណេរបែបតម្រួត ហើយមានអ្នកខ្លះ មិនទាំងស្គាល់ទៀតផងនូវពាក្យមួយចំនួនដូចជា ចម្ការ ជម្រាប ជម្នះ…។ ការប្រកាន់សរសេរបែបនេះ ដោយសារគោលការណ៌អាស្រ័យឫសរបស់សម្តេចសង្ឃរាជ ជួន ណាត ដែលលោកបានកំណត់ថា បើឫសត្រួត ពាក្យកម្លាយក៏ត្រូវត្រួត ច្រាសមកវិញ បើឫសរាយ ពាក្យកម្លាយ ក៏ត្រូវសរសេររាយដែរ។ លោកបណ្ឌិតច័ន្ទ សំណព្វ បានចាត់ទុកគោលការណ៍នេះ ជាគោលការណ៍មួយគ្មានខ្វះលក្ខណៈវិទ្យាសាស្ត្រ និង សកលភាព ហើយលោកបានកំណត់ថា សំណេរត្រួតឬរាយ អាស្រ័យផ្នត់ ហើយហៅគោលការណ៍នោះថា គោលការណ៍ច័ន្ទ សំណព្វ ឬគោលការណ៍អាស្រ័យផ្នត់។ សេចក្តីពឹស្តារនែការពន្យល់របស់លោកអាចរកមើលនៅក្នុងសៀវភៅអន្តរកម្មនិយមរបស់លោក។ ឥឡូវនេះ ខ្ញុំមិននិយាយពីរឿងខុសត្រូវនៃគោលការណ៍ទាំងពីរនេះទេ ហើយខ្ញុំនឹងលើកយកពាក្យមួយចំនួនមកពិចារណា។ ១. ពាក្យ សំអាង ឬ សម្អាង ពាក្យទាំងពីរខាងលើ សម្តេចសង្ឃកំណត់ថាត្រូវទាំងពីរ ក្នុងន័យថា៖ ក.(ន.) ដំណើររបស់ដែលគួរអាងដល់, ភស្តុតាង,តឹកតាងៈ សឹងមានរបស់នេះជាសំអាង។ គុ. ដែលជាគ្រឿងអាងដល់, ពាក្យសំអាង។ ខ.(ន.) ប្រដាប់សម្រាប់ស្អាង, គ្រឿងស្អាង។ ដែលសម្រាប់ស្អិតស្អាងៈគ្រឿងសម្អាង គ្រឿងស្អិតស្អាងកាយ។ សម្រាប់ខ្ញុំសំណេរទាំងពីរ និងខ្លឹមសារទាំងពីរគួរត្រូវបានចែកជាពីរផ្សេងគ្នាទៅតាមសំណេរនិងន័យ។ ព្រោះបើយើងពិនិត្យទៅលើពាក្យឫស យើងឃើញថា ពាក្យថា សំអាង មកពីពាក្យ អាង ដែលមានន័យថាសង្ឃឹមដល់ សង្ឃឹមទៅរក ពោលដល់ ចង្អុលទៅរក យកជាគោល យកជាកសិណ ឬតឹកតាង…។ ចំណែកឯពាក្យថា សម្អាង មកពីពាក្យ ស្អាង ដែលមានន័យថាតាក់តែងឲ្យសមគ្រឿងប្រដាប់ៈ ស្អាងខ្លួន ស្អាងល្ខោន ស្អាងចេតិយ…។ ដូច្នេះ ពាក្យឫស ខុសគ្នា កម្លាយមានពីរផ្សេងគ្នា យើងគួរតែកំណត់ថា ពាក្យទាំងពីរមិនអាចប្រើជំនួសគ្នាបានទេ ព្រោះវាក៏មានន័យផ្សេងគ្នាដែរ។ តែដែលយើងពេលកំណត់ថា ពាក្យនេះ សរសេរបានពីរបែបក្នុងន័យដូចគ្នា ធ្វើបាត់នូវក្បួនខ្នាតនៃគោលការណ៍ពាក្យកម្លាយ ដែលអាចនិយាយបានថាបែបណាក៏បាន ស្រេចតែនឹងថា មិនបាច់លើកហេតុផល ហើយពាក្យផ្សេងទៀតក៏មិនបាច់លើកហេតុផល ក្បួនខ្នាតអ្វីដែរ។ ឧទារណ៍១ៈ ដោយសំអាងលើគោលការណ៍អាស្រ័យឫស ពាក្យ អាង ត្រូវកម្លាយទៅជា សម្អាង ឯពាក្យ ស្អាង កម្លាយទៅជា សម្អាង។ ឧទារណ៍២ៈ កម្ពុជាសព្វថ្ងៃ មានការរីកដុះដាល់ ផ្នែកហាងសម្អាងការ។ សូម បញ្ជាក់ថា ទស្សនៈខាងលើ គឺជាទស្សនៈរបស់ខ្ញុំ មិនមែនទស្សនៈរបស់ខ្មែរទេ។ ថ្ងៃចន្ទ ទី១​ ខែវិច្ឆិកា ឆ្នាំ២០១០។