អ្នករៀនដើម្បីជាតិ
ហៃកុមារា
ចូរខំនាំគ្នា
រៀនអក្សរសាស្រ្ត
ចូរកុំរត់លេង
ត្រូវនឹកអៀនខ្មាស
ហាត់អានឲ្យច្បាស់
សរសេរឲ្យត្រូវ ។
រៀនសូត្រឲ្យចេះ
អស់អាថ៌ចំណេះ
កុំឲ្យសត្រូវ
ញាំញីលើក្បាល
ចិរកាលតទៅ
នាំឲ្យអាស្រូវ
ថោកដល់ជាតិទៀត ។
រដ្ឋខ្មែរតូចណាស់
ចូរប្រែក្រឡាស់
រិះរេរកស្នៀត
កុំនៅឡែឡ
ខាតពេលបង់សៀត
នាងអើយខំឆ្លៀត
ទាន់នាងនៅក្មេង ។
ចូរនាងជឿថា
រដ្ឋនឹងថ្លៃថ្លា
ដោយសារនាងឯង
ដែលខំស្វាធ្យា
ដើម្បីចាត់ចែង
តាំងផ្ទះសម្បែង
ឲ្យល្អដូចគេ ។
ន. មោ . ក.ខ
ហាត់អានឲ្យល្អ
កុំនៅទំនេរ
ដីសខ្មៅដៃ
ព្យាយាមសរសេរ
កុំចាំគ្រូជេរ
រៀនសោះគេថា ។
កុំដូចមនុស្សខ្វាក់
តាមកែគេញាក់
ឆ្វេងស្ដាំតាមការ
ពួកជនបែបនេះ
មានក្នុងតម្រា
ថានាំអាត្មា
ទៅរកក្ដីទុក្ខ ។
១.២៣.៤
បូកសងតាមក្បួន
គុណចែកតាមមុខ
កុំធ្វេសប្រហែល
ខំឡើងគ្រប់ស្រុក
ទើបរដ្ឋបានសុខ
រស់រានក្សេមក្សាន្ត ។
អនាគតគឺអ្នក
ដូច្នេះត្រូវស្មគ្រ
កុំទំរន់ប្រាណ
នឿយហត់កុំត្អូញ
យកចេះឲ្យបាន
ខ្លួននាងថ្កើងថ្កាន
ពីព្រោះនឿយមុន ។
ខំគូរសំគូរ
អស់ទាំងគំនូរ
ធ្ងន់ស្រាលខំពុន
ចំណេះនេះហើយ
ដែលនាំនូវគុណ
បុណ្យសក្តិទ្រព្យធន
ដល់ជាតិដល់អ្នក ។
ជំនួញជួញប្រែ
ជាតិគេធ្វើតែ
បន្លំលួចលាក់
បិទភ្នែកខ្មែរស៊ី
ព្រោះជាតិខ្មែរខ្វាក់
នាងអើយគួរភ្ញាក់
ខំរុលទៅមុខ ។
រៀនដើម្បីអ្វី
ដើម្បីទឹកដី
ចូរចងចាំទុក
រដ្ឋកម្ពុជា
កេរិ៍ម៉ែឪពុក
សាងបានជាស្រុក
ដោយសារសាច់ឈាម ។
បើជាតិត្រូវការ
នាងកុំសាវ៉ា
ថយក្រោយទីមទាម
ស្ទុះស្មគ្របំរើ
ឲ្យទាន់ពេលភ្លាម
នោះទើបបដល់ពាម
គឺសុខសប្បាយ ។
ទោះរស់ទោះស្លាប់
ស្រីប្រុសប្រញ៉ាប់
ត្រូវបូជាកាយ
ដល់មាតុភូមិ
កុំបីនឿយណាយ
ជីវិតកុំស្ដាយ
ស្ដាយត្រង់តែជាតិ ។
បើសត្រូវជិះជាន់
ព្រួតតកុំគ្រាន់
វាយវាឲ្យឃ្លាត
កុំដេកផ្សងព្រេង
ត្រូវវាយឲ្យព្រាត់
វាយឲ្យខ្ទាយខ្ទាត់
ចាកពីទឹកដី ។
ត្រូវប្ដូរជីវិត
ស្លាប់រស់កុំគិត
ណានាងប្រុសស្រី
រស់នៅខ្ញុំគេ
មិនប្រសើរអី
ស្លាប់ព្រោះបូរី
ជយោស្លាប់ចុះ ។
បើនាងបណ្ដោយ
ដល់ទៅថ្ងៃក្រោយ
គ្មានបញ្ញាឆ្លុះ
ព្រោះខ្ជិលពុំរៀន
គំនិតតុញតុះ
ដល់ដឹងថាខុស
ចាស់ជ្រុលទៅហើយ ។
ពេលកន្លងទៅ
អ្នកនាងស្រែហៅ
ពុំវិលវិញឡើយ
នៅកមេងត្រូវប្រឹង
កុំធ្វើព្រងើយ
នែអ្នកនាងអើយ
មកទៅ ! មកទៅ ! ។
មកទៅសាលា
នាងកណ្ដៀតក្ដារ
ក្រាបលាម៉ែឪ
បបួលមិត្តភក្តិ
កុំគិតកាក់នៅ
ខំរៀនណាពៅ
អ្នកនាងកូនខ្មែរ ។
ម៉ែឪសប្បាយ
ចិត្តលោកខ្វល់ខ្វាយ
ខិតខំធ្វើស្រែ
នាងសង្វាតរៀន
ឲ្យបានពូកែ
កុំយំឡែឡែ
ខ្មាស់ជាតិជិតខាង ។
គុណគ្រូត្រូវស្គាល់
យប់ថ្ងៃនាងគាល់
ផ្ទិតផ្ទង់សំអាង
គឺគ្រូនេះហើយ
ដែលជួយកសាង
វាសនាសំណាង
ឲ្យនាងរាល់គ្នា ។
ចូរនាងចងចាំ
អស់ទាំងបណ្ដាំ
ខាងលើនេះណា
ព្រឹកស្អែកត្រៀមខ្លួន
ចេញចរយាត្រា
ឆ្ពោះទៅសាលា
ខំសិក្សាអឺយ ។
សូមមើលផងដែរ
[កែប្រែ]- Dhamma Libery Archived 2016-03-05 at the វេយប៊ែខ ម៉ាស៊ីន.