ឧកញ៉ាចតុរង្គយស (ប្រលោមលោក)
ប្រលោមលោកនេះគឺជារឿងមួយដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរកាលឆ្នាំ១៨៨៤ ដែលសាច់រឿងនិយាយពីមន្ត្រីមួយរូបដែលជាអ្នកស្នេហាជាតិ ប៉ុន្តែហៀបនឹងត្រូវស្លាប់ដោយស្នាដៃនៃព្រះរាជារបស់ខ្លួន ហើយវាក៏ជារឿងប្រវត្តិសាស្ត្រពិតមួយដែលកើតក្នុងសម័យរបស់ក្រឡាហោមគង់ដែរ។ សាច់រឿងប្រលោមលោកនេះត្រូវបានសរសេរឡើងដោយលោកគុយ ឡូត។
សាច់រឿង
[កែប្រែ]ឧកញ៉ាចតុរង្គយស ជាមន្ត្រីរបស់ព្រះបាទនរោត្តម ត្រួតត្រានៅបន្ទាយចាក់អង្ករ ក្នុងស្រុកកងមាស ។ ថ្ងៃមួយ សេនាមុខ ប៉ែន ដែលជាមិត្តស្និទ្ធស្នាលរបស់ ឧកញ៉ាចតុរង្គយស និងជាសេនាការពារប្រចាំរាជវាំង បានធ្វើដំណើរចេញពីរាជធានីចតុមុខ ទៅជួបលោកឧកញ៉ាចតុរង្គយស ដល់បន្ទាយ ។ លោកបាននិយាយពីផែនការរបស់លោកប្រាប់ឧញ៉ាចតុរង្គយស ដែលមានបំណងប្រឆាំងអាណានិគមបារាំង ។ ដោយមានគំនិតដូចគ្នា មិត្តភក្តិទាំងពីរនាក់នេះបានព្រមព្រងគ្នា និងចាប់ផ្តើមអនុវត្តគម្រោង ដោយសេនាមុខ ប៉ែន ទទួលបានទាហាន និងសម្ភារៈសឹកមួយចំនួនពីឧកញ៉ាចតុរង្គយស ហើយបានបោះជំរំកងទ័ពនៅភូមិថ្មី ម្តុំពាមជីកង ។ ទាំងពីរនាក់នេះបានដើរបំបះបំបោរប្រជាជនឱ្យមានស្មារតីស្នេហាជាតិ ងើបឡើងតស៊ូប្រឆាំងបារាំង រហូតបានកម្លាំងមួយចំនួនល្មមនឹងតស៊ូបាន ។ ក្នុងសម័យនោះ លោកមេទ័ពឯក ធាតុ ក៏ជាអ្នកបដិវត្តន៍ប្រឆាំងបារាំងដែរ ។ ថ្ងៃមួយ ឧកញ៉ាចតុរង្គយស ទទួលបានលិខិតមួយច្បាប់ពីឧកញ៉ានគរបាល ប្រចាំរាជវាំង ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ និងប្រគល់សេនាមុខ ប៉ែន ដើម្បីទទួលទោស ។ ប៉ុន្តែឧកញ៉ាចតុរង្គយស បានបដិសេធ ហើយបញ្ជាក់ថា ឥឡូវនេះសេនាមុខ ប៉ែន បានកសាងមូលដ្ឋានទ័ពមួយនៅឯភូមិថ្មី ។
ប៉ុន្មានថ្ងៃក្រោយមក ទាហានបារាំងពីរកប៉ាល់ បានទៅវាយបន្ទាយរបស់លោកសេនាមុខ ប៉ែន ។ ទ័ពសេនាមុខ ប៉ែន ដែលខ្វះបទពិសោធន៍សង្គ្រាម និងសម្ភារៈសឹកមិនគ្រប់គ្រាន់ ក៏ចាញ់ ហើយនាំគ្នាទៅលាក់ខ្លួនក្នុងព្រៃក្រោយភូមិ ហើយសេនាមុខ ប៉ែន បានចាត់ឱ្យស្នើសុំកងទ័ពជំនួយពីឧកញ៉ាចតុរង្គយស ។ នៅពេលដែលទ័ពបារាំងកំពុងឡោមព័ទ្ធ និងបាញ់ប្រហារទៅលើទាហានរបស់សេនាមុខ ប៉ែន នាំឱ្យមានរបួស និងស្លាប់អស់ជាច្រើននោះ កងទ័ពជំនួយរបស់ឧកញ៉ាចតុរង្គយស ក៏បានទៅដល់ ហើយឡោមព័ទ្ធទ័ពបារាំង វាយប្រហារពីក្រោយ ធ្វើឱ្យទ័ពបារាំងបាក់ទ័ពរត់ត្រឡប់មកភ្នំពេញវិញ ។ ប្រជារាស្ត្រក៏មានសន្ទុះចិត្តតស៊ូជាមួយកងទ័ពទាំងពីរក្រុមនេះច្រើនឡើង ។
រដូវវស្សា ទ័ពបារាំងបានលើកគ្នាមកវាយទ័ពរបស់ឧកញ៉ាចតុរង្គយសម្តងទៀត ហើយមួយផ្នែកទៀតទៅឡោមព័ទ្ធវាយកងទ័ពរបស់សេនាមុខប៉ែន ។ ទ័ពបារាំងក៏ត្រូវបរាជ័យក្រោមការវាយបកនៃកងទ័ពបះបោរនោះម្តងទៀត ។ សភាពការណ៍ច្របូកច្របល់បានស្ងប់មកវិញមួយរយៈ ។ ពេលសេនាមុខប៉ែន និងឧកញ៉ាចតុរង្គយសកំពុងជប់លៀង ក៏មានសេនារាជវាំងសុំចូលជួបប្រគល់រាជសារ ។ ក្នុងរាជសារនោះបានបញ្ជាក់ថា សូមឱ្យអ្នកទាំងពីរប្រកាសរំសាយទ័ព ហើយចូលវាំង ដ្បិតបារាំងបានប្រគល់ឯករាជ្យមកឱ្យខ្មែរវិញហើយ ។ គិតពិចារណានឹងគ្នាអស់មួយយប់រួចមក មេដឹកនាំទាំងពីរក៏បានសម្រេចចិត្តប្រកាសរំសាយទ័ព ហើយចូលទៅក្នុងរាជវាំង ។ពេលអ្នកទាំងពីរកំពុងសម្រាកពេលយប់ក្នុងរាជវាំងនោះ ឧកញ៉ានគរបាល និងកម្លាំងរបស់គាត់បាននាំគ្នាមកឡោមព័ទ្ធ ប៉ុន្តែត្រូវឧកញ៉ាចតុរង្គយស និងសេនាមុខប៉ែន វាយទម្លាយការឡោមព័ទ្ធ ហើយរត់ចេញរួចត្រឡប់ទៅផ្ទះ បាននាំគ្នានាំកូនចៅផ្លាស់ទីលំនៅ ហើយរស់នៅជាប្រជារាស្ត្រលុះអស់សង្ខាររៀងៗខ្លួន ៕