Jump to content

​រមណីយដ្ឋាន​ស្អាងភ្នំ

ពីវិគីភីឌា

​រមណីយដ្ឋាន​ស្អាងភ្នំ រមណីយដ្ឋាន​បែប​វប្បធម៌​ធម្មជាតិ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​ពាមសាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល។ រមណីយដ្ឋាន​នេះ ​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូ​ម៉ែត្រ​ពី​ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដាល ​និង​ប្រមាណ​ជា​ ៣០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​ខាង​លើ​នេះ​ ត្រូវធ្វើ​ដំណើរ​តាម​​ផ្លូវ​លេខ​២១ ​កាត់​តាម​ទួល​ក្រសាំង ​ឬ​ក៏​តាម​ផ្លូវ​លេខ​២១A ស្រប​មាត់​ទន្លេ​ក្រុង​តាខ្មៅ​ក៏​បាន​ដែរ ​ព្រោះ​ផ្លូវ​ទាំង​ពីរ​នឹង​ទៅ​ជួប​គ្នា​ត្រង់​ចំណុច​វត្ត​មួយ​ឈ្មោះ​ថា ​វត្ត​ឈូង​លៀប​ ស្រុក​ស្អាង​។ ធ្វើ​ដំណើរ​ហួស​ពី​វត្ត​ឈូង​លៀប​ប្រមាណ​ជាង ​៥​គីឡូ​ម៉ែត្រ ​នឹង​ទៅ​ដល់​ផ្សារ​ទី​រួម​ស្រុក​ស្អាង ​នៅ​ទី​នោះ​មាន​ផ្លូវ​បត់​ស្ដាំ​មួយ​ត្រង់​ចំណុច​ការ៉ាស់​សាំង ​រួច​ចូល​ទៅ​ក្នុង​ប្រមាណ​ជាង ​២​គីឡូ​ម៉ែត្រ​ទៀត ​នឹង​បាន​ឃើញ​ក្លោង​ទ្វារ​វត្ត​ស្អាង​ភ្នំ​នៅ​ខាង​ស្ដាំ​ដៃ ​ហើយ​បន្ត​ដំណើរ​ប្រមាណ​ជាង ​២​គីឡូ​ម៉ែត្រ​ទៀត នឹង​ទៅ​ដល់​រមណីយដ្ឋាន​ស្អាង​ភ្នំ​នោះ​ហើយ​។ រមណីយដ្ឋាន​ស្អាងភ្នំ ត្រូវ​បាន​កសាង​ឡើង​វិញ នៅ​អំឡុង​ឆ្នាំ​១៩៨៥-១៩៨៦ បន្ទាប់​ពី​កន្លែង​នេះ ​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ក្នុង​សម័យ​ប៉ុលពត​។ ហើយ​សព្វ​ថ្ងៃ​នេះ ស្អាង​ភ្នំ​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​កម្សាន្ត​បែប​វប្បធម៌​ធម្មជាតិ​មួយ​ដ៏​ពេញ​និយម សម្រាប់​ភ្ញៀវ​ជាតិ ទៅ​លំហែ​កាយ ​និង​ធ្វើ​បុណ្យទាន​ទៅ​ទី​នោះ​នា​រដូវ​កាល​បុណ្យ​ទាន​ផ្សេង​ៗ​ផង​ដែរ​។