​រមណីយ​ដ្ឋា​ន​ស្រះ​គូ

ពីវិគីភីឌា

គូប្រុស_គូស្រី

    គូប្រុសនោះនៅទីណា? រូបសណ្ឋានយ៉ាងដូចម្តេច? ច្បាស់់ជាអ្នកដែលនៅក្រៅពីភូមិ “ បាស្រែ ” ឈ្មោះក៏ពុំដែលឮផង កុំថាឡើយបានទៅដល់ឃើញផ្ទាល់នឹភ្នែក។​ តែបើនិយាយដល់គូស្រីបែរជាគេឮ គេដឹងច្រើនគ្នា។

គូប្រុសនិងគូស្រីនៅខេត្តត្រាវិញយើង តាមរំពឹងគិតទៅឃើញវាកើតដំណាលគ្នា នៅក្នុងជំនាន់ក្សត្របុទុមវង្សមកទីនេះត្រៀមបង្កើតជានគរ (ក្រុង) សម្រាប់រាជវង្សមួយទៀត តែមិនដឹងដោយហេតុភេទអ្វីនោះ ក៏លះបង់ចោលកណ្តាលការ ឥឡូវនៅតែស្លាក់ស្នាមដែលហៅថា បេតិកភណ្ឌ គឺសម្បត្តិជាកេរមត៌កដូនតាប៉ុណ្ណោះ។ មកទល់នឹងពេលនេះ យើងមិនទាន់ប្រទះក្បួនខ្នាតណាចែងបានច្បាស់លាស់ ពីប្រវត្តិគូស្រីនិងគូប្រុសនៅឡើយ ដទៃក្រៅអំពីសេចក្តីសន្និដ្ឋាន ឬ រឿងដំណាលដូចជារឿងព្រេងជីកស្រះប្រណាំងគ្នា រវាងបុរសនិងស្រ្តី លុះបុរសជីកប្រណាំងចាញ់ក៏សុខចិត្តទៅដណ្តឹងស្រ្តីតៗមកដល់សព្វថ្ងៃ។

   ★ គូស្រី​ អ្នកខ្លះហៅថា “ ស្រះស្រី ” ខ្លះហៅថា “ ស្រះស្រង់ ” ភាគច្រើនហៅថា “ ស្រះគូ ” ។ ប៉ុន្តែ បើសរសេរ ឬ និយាយជាផ្លូវការគួរ គូស្រី វាត្រូវជាង។ ហៅថា “ គូស្រី ” នោះ តើគូនោះវានៅត្រង់កន្លែងណា? គឺនៅត្រង់វត្តអង្គររាជបុរី (អង្គ) ឬ នៅកន្លែងស្រះធំស្វពថ្ងៃ។ ព្រោះពាក្យថា “ គូ ” គឺជាស្នាមភ្លោះព័ទ្ធជុំវិញកំពែង ឬ បរមរាជវាំងសម្រាប់ការពារខ្មាំងសត្រូវកុំឲ្យចូលមកយាយីបាន។ វត្តអង្គ សព្វថ្ងៃជុំវិញទួលខ្ពស់នៅចំកណ្តាល ដែលសង់សាលាព្រះវិហារសម្រាប់ព្រះសង្ឃគង់នៅនិងពុទ្ធបរិស័ទប្រារព្ភពិធីបុណ្យទានគឺជាស្នាមភ្លោះ។ រីឯក្បែរនោះគឺស្រះមួយធំដែលយើងសម្គាល់ថាស្រះគូនោះ នេះជាចំណោទមួយគួរបានការបកស្រាយដែរ។ តែទោះជាយ៉ាងណាក្តី គូស្រីយើងសម្គាល់ត្រង់ស្រះធំសព្វថៃ្ងនោះ ក៏មិនទាន់មានដំណោះស្រាយគួរឲ្យចូលចិត្តបានដែរ តើជីកសម្រាប់ធ្វើអ្វី? នរណាជីក? ( បុរស ឬ ស្រ្តី ) ជីកពីឆ្នាំណា? លោកណាជាអ្នកផ្តើមគំនិត?។ ហេតុអ្វីខាងណោះស្រះធំ ម្តុំមានលំនៅឋានអ្នកស្រុកខាងលិចវត្តកោះមានឈ្មោះថា “ កំពង់ទេពី ” ។ វៀតណាមហៅក្លាយយូរទៅៗឥឡូវហៅថា “ ចាយ៉ី ” ។ មែនទេកំពង់នេះ នាងទេវី (ទេពី) ជាមហេសីស្តេចធ្លាប់ចុះទៅស្រង់ទឹកនៅទីនោះទើបអ្នកស្រុកខ្មែរយើងហៅតៗមកថា “ កំពង់ទេពី ” ស្លែះចុះរឿងគូស្រីយើងបែរផ្តោតមករឿងគូប្រុសកម្សត់វិញ។
  ★ ចម្ងាយទៅទិសខាងលិចគូស្រីប្រហែល ១០០០ ម៉ែត្រ គឺដល់គូប្រុស។ គូប្រុសស្ថិតនៅក្នុងភូមិបាស្រែ។ គូនេះ វាមិនមែនជាស្នាមភ្លោះទេ បែរជាកំពែងដីមួយខ្ពស់ចាប់ភ្ជាប់ពីវត្តកំពង់ថ្ម (ធ្លាប់ហៅថា វត្តទ័ពថ្ម) ចេញទៅទិសខាងត្បូងដល់ជិតកណា្តលវាលស្រែ រួចបត់ទៅទិសខាងលិច រួចបត់មកទិសខាងជើង ហើយក៏បត់មកខាងកើតមួយកំណាត់ (មកទិសខាងកើតមិនមាននៅស្លាក់ស្នាមទេ ឮថាមាននៅតែក្នុងផែនទីដីរបស់រដ្ឋ) ចម្ងាយរួមរវាង ៣០០០ ម៉ែត្រ។ កន្លងពីរាប់រយឆ្នាំត្រូវបោះបង់ចោល កំណាត់ដីនៅលើផ្នោរត្រូវអ្នកស្រុកបង្ខិតយកធ្វើជាភូមិកររបស់ខ្លួន កន្លែងដែលនៅត្រូវគេគាស់ជញ្ជូនយកដីទៅប្រើការនៅសល់តែចំណៀរខ្ពស់ក្នុងព្រៃ ចំណៀរខ្ពស់នោះក៏ត្រូវអ្នកស្រុកជិតខាងរានយកជាកម្មសិទ្ធិរបស់ខ្លួនបន្តិចម្តងៗដែរ។ សព្វថៃ្ងដែលនៅទម្រង់ជាគូគឺចាប់ពីជើងផ្នោរចេញទៅកណ្តាលវាលស្រែ។ ក៏ប៉ុន្តែប្រវែងទទឹងត្រូវអ្នកស្រែជិតខាងចាំងចូករបេះបាត់ជាលំដាប់កន្លែងនៅធំគួរសមជាងគេវាស់បានជាង២០ម៉ែត្រ កន្លែងខ្លះនៅតែជាង២ម៉ែត្រ។ រីឯកម្ពស់ក៏ដូច្នោះ រដូវដឹកជញ្ជូនស្រូវផ្ទៃរាបត្រូវម៉ាស៊ីនបរបែកបាក់ខ្ទេចខ្ទាំ កម្ពស់កន្លែងដែលនៅសមគួរ គេវាស់បានប្រវែងជិត ៣ ម៉ែត្រ កន្លែងត្រូវរលេះរលួយនៅទាបស្ទើរស្មើនឹងមុខស្រែ។ រីឯដើមឈើធំតូចពីបូរាណត្រូវកាប់ខ្ទេចគ្មានសល់។

ប៉ុន្មានឆ្នាំមកអាយនេះ បានព្រះចៅអធិការនិងគណៈកម្មការ វត្តបទុមវង្សកំពង់ថ្ម ចេញមុខកាន់កាប់តាមទម្លាប់សង្គម ស្ថានភាពបំផ្លិចបំផ្លាញដោយឥតត្រាប្រណីបានបង្អន់ដំណើរមួយជំហាន ប៉ុន្តែដោយគ្មានច្បាប់បានរដ្ឋប្រគល់សិទ្ធិ ជនទុច្ចរិតមួយចំនួនឥតកោតញញើត ចេះតែបង្ខិតរំកិលពានពារយ៉ាងងងើល។

ថ្មីៗនេះ តាមលិខិតរបស់ព្រះចៅអធិការនិងគណៈកម្មការវត្ត បានការគាំទ្ររបស់រដ្ឋអំណាច ឃុំ ស្រុក គូប្រុសបានមន្ទីរវប្បធម៌-ព័ត៌មានខេត្តត្រាវិញ ដំណើរការពិនិត្យពិច័យហើយបញ្ជាក់ថា គូប្រុសនេះគ្រប់លក្ខណៈដើម្បីធ្វើសំណុំបែបបទឲ្យរដ្ឋទទួលស្គាល់ជា បេតិកភណ្ឌ។ (បទដ្ឋានលេខ ៨៤/ VHTT-BTTH ថ្ងៃ ២៩ ខែ សីហា ឆ្នាំ ២០០៧)។​

គូប្រុសមានលក្ខណៈជាកំពែងការពារ មានពាក់ព័ន្ធដល់វត្តបទុមវង្សកំពង់ថ្ម (ទ័ពថ្ម) ។ វត្តបទុមវង្សកំពង់ថ្ម (ទ័ពថ្ម) ថ្វីបើទើបតែកសាងពី គ.ស.១៨៨៦ ប៉ុន្តែបានបង្ហាញនូវស្នាមសាវតារជាប់ដល់គូប្រុសគឺវត្តកសាងនៅលើគំនរឥដ្ឋដែលមានទំហំប្រហែលមួយរយម៉ែត្របួនជ្រុង (និយាយតែគំនរឥដ្ឋមិននិយាយទំហំផ្ទៃវត្ត) ដែលត្រូវដីលុបពីលើស្ទើរអស់ តែនៅសល់មួយកន្លែងប្រហែល ៥០ ម៉ែត្រ។

កន្លែងដែលមានក្រឡាផ្ទៃប្រហែល ៥០ ម៉ែត្រក្រឡានេះ ដុំឥដ្ឋដែលនៅទីនោះសុទ្ធតែបានប្រកិតហើយជាបែបជញ្ជាំង រីឯឥដ្ឋក្រៅពីនោះសុទ្ធតែនៅរាត់រាយបែបជាគំនរទុកនៅឡើយ។​

ដូច្នេះ បានសេចក្តីថា គូប្រុស នេះ គឺជាកំពែងការពារក្សត្រ បុទុមវង្ស មានពន្លាជ័យស្ថិតនៅកន្លែងវត្តបទុមវង្សកំពង់ថ្ម។

នាមវត្តយកតាមឈ្មោះក្សត្រ បុទុមវង្ស ភ្ជាប់ទៅនឹងកំពង់សម្រាប់ជញ្ជូនឥដ្ឋនិងគ្រឿងកសាងចុះឡើង ស្ថិតខាងជើងវត្តសព្វថ្ងៃ ក៏មានពាក់ព័ន្ឋជាមួយឈ្មោះស្រុក “ បាស្រែ ” ទៀតផង។ ខ្មែរពីដើមពាក្យថា “ បា ” សម្រាប់ហៅទៅលើបុរសដែលមានវ័យ ឬ ឋានៈទាបជាង ដូចម្តាយសួរកូនខ្លួនថា បាទៅណាជាដើម។ ហេតុដូច្នេះ យើងអាចសន្និដ្ឋានស្រែនៅម្តុំនេះ កាលពីដើមសុទ្ឋតែរេហ៍ពលជាបុរសរបស់ព្រះរាជាបង្កបង្កើនផល ទើបជាប់នាមស្រុកថា “ បាស្រែ ” ។ កាលបើឃើញបានទ្រួសៗអំពីគូប្រុសយើងក៏អាចឆ្លុះបញ្ច្រាស់មកវិញទៅលើគូស្រី ឃើញថាគូស្រីគ្រានោះជាពន្លាជ័យរបស់ក្សត្រិយ៍ ទេពី និងមេនំមេនាងព្រមទាំងស្រីបម្រើទាំងអស់សុទ្ធតែជាស្រ្តីភេទ។ បើអញ្ចឹងហើយរឿងដែលបានលើកទៅជាទំនងនិទានប្រុសស្រីជីកស្រះប្រណាំងគ្នានោះ បើតាមខ្ញុំឃើញថាសមហេតុសមផលម្យ៉ាងដែរ គ្រាន់តែមានចំណុចខ្លះនិយាយមិនច្បាស់៖

ចំណុចទី១៖ ខាងស្រីប្រណាំងជីកស្រះនៅឯគូស្រី ខាងប្រុសប្រណាំងទប់កំពែងនៅគូប្រុស មិនមែនប្រណាំងជីកស្រះមួយអន្លើជាមួយគ្នា។

ចំណុចទី២៖ មិនមែនប្រណាំងគ្នា ខាងប្រុសចាញ់ទៅដណ្ដឹងស្រីដូចក្នុងរឿងនិទាននោះទេ ព្រោះប្រុសដណ្ដឹងស្រីក្នុងសង្គមខ្មែរកើតមានមុននោះជាយូរលង់ហើយ។ ប្រវត្តិគូប្រុសគូស្រីវាច្បាស់លាស់យ៉ាងណាទៀត គួរតែមានអ្នកដែលដឹង ឬ មានឯកសារជួយបំភឺ្លតទៅទៀត។ គូប្រុសគូស្រី សម្លឹងមើលពីជ្រុងសាវតារជា “ បេតិកភណ្ឌ ” របស់ប្រជាជនខ្មែរភាគខាងត្បូងវៀតណាម បើសម្លឹងមើលពីជ្រុងភូមិសាស្រ្តវាជា “ បេតិកភណ្ឌ ” របស់ប្រជាជនខ្មែរខេត្តត្រាវិញស្ថិតនៅភូមិបាស្រែ។ ចំជាសំណាងឲ្យខេត្តត្រាវិញ គូប្រុស គូស្រី មូលមីរគ្នាស្ថិតនៅជិតគ្នាមានពាក់ព័ន្ធគ្នាមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន។ ប៉ុនែ្តគួរឲ្យអាសូរ គូប្រុស ដូចជាបុរសអត់បាយក្រហាយទឹក ថ្ពាល់ផត ភ្នែកស្លក់ ស្បែកជ្រីវជ្រួញ ត្រូវត្រមង់ត្រមោចម្នាក់ឯងរាប់សតវត្ស ឥឡូវបុណ្យមានសំណាងដល់មានមន្ទីវប្បធម៌ចាប់ផ្តើមគិតគូរ។ យោងទៅតាមសភាពការពិត រឿងយកចិត្តទុកដាក់របស់រដ្ឋជាសំខាន់ ប៉ុន្តែ “ខ្លួនទីពឹងខ្លួន” ពីនាម៉ឺនមន្រី្តរហូតដល់ប្រជារាស្រ្ត ពីព្រះសង្ឃរហូតដល់គ្រហស្ថខ្មែររាប់រយស្រុក ចំណុះជើងវត្ត ១៤២ ក្នុងខេត្តចំពោះរឿងសម្រេចកំ​ណត់ឲ្យវាសនារបស់គូប្រុសរស់ឡើងនិងពេញសាច់ពេញឈាមដូចគូស្រីឬទេ?។ ចំពោះមុខគូប្រុសត្រូវការជាចាំបាច់ ដំបូងបង្អស់គឺលើកផ្ទៃមុខឲ្យខ្ពស់ ប៉ះទទឹងឲ្យធំ បន្តបណ្តោយឲ្យវែងល្មមតាមទម្រង់ដើមរបស់វានិងកំពុងត្រូវការម្លប់ឈើត្រឈឹងត្រឈៃពីដើមគូចុងគូ។