Jump to content

អ៊ីវ រ៉ាមូស

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ​លោកអភិបាល​អ៊ីវ រ៉ាមូស)
ឯកឧត្តម
លោកអភិបាល
អ៊ីវ រ៉ាមូស
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ ដែល​មាន​អាសនៈ​ក្នុង​ភូមិភាគ​ពីស៊ីតា
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ក្នុងការិយាល័យ
១២ ខែ​វិច្ឆិកា ឆ្នាំ​១៩៦២ – ៣០ ខែមេសាឆ្នាំ ១៩៧៦
មុន​លោក​អភិបាល រ៉ាបាឡង់
បន្ទាប់​លោក​អភិបាល​​ យ៉ូសែប​ ឆ្មារសាឡាស់
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ក្នុងការិយាល័យ
៦ ខែកក្កដាឆ្នាំ ១៩៩២ – ១៤ ខែមេសាឆ្នាំ ២០០១
មុន​លោក​អភិបាល​​ យ៉ូសែប​ ឆ្មារសាឡាស់
បន្ទាប់​លោក​អភិបាល​​ អេមីល ដេតម្ប
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
Yves Ramousse

២៣ ខែកុម្ភះឆ្នាំ ១៩២៨
Sembadel ប្រទេសបារាំង
ស្លាប់២៦ ខែកុម្ភៈឆ្នាំ ២០២១ (អាយុ ៩៣ ឆ្នាំ)
Monbeton ប្រទេសបារាំង

លោកអភិបាល អ៊ីវ រ៉ាមូស ជាអភិបាល ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ភូមិភាគភ្នំពេញ ពីឆ្នាំ១៩៦៣-ឆ្នាំ២០០១។

ជីវប្រវត្តិ

[កែប្រែ]

លោក អ៊ីវ រ៉ាមូស កើត​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​១៩២៨ នៅ​ភូមិ​សែមបាដែល Sembadel (Haute-Loire-France) ជា​ទីក្រុង​មួយ​ស្ថិត​នៅ​ក្នុង​ភូមិភាគ​ពុយ។ ឪពុក​ឈ្មោះ យ៉ាគ រ៉ាមូស ជា​បុគ្គលិក​ផ្លូវ​ដែក និង​ម្តាយ​ឈ្មោះ យូលី កាលែត។ លោក​ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​៣​នាក់។

ការ​សិក្សានៅក្នុងឧប្បត្តិហេតុ

[កែប្រែ]

នៅ​ឆ្នាំ​១៩៤២ លោក អ៊ីវ រ៉ាមូស ចូល​សិក្សា​នៅ​អនុ​ទេវវិទ្យាល័យ La Chartreuse នៅ Brives-Charensac។ ក្នុង​ឆ្នាំ​១៩៤៧ លោក​បន្ត​ការ​សិក្សា​នៅ​ទេវវិទ្យាល័យ នៃ​ក្រុម​សាសន​ទូត​ក្រៅ​ប្រទេស​នា​ក្រុង​ប៉ារីស។ លោក​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ​នៅ​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​១៩៥៣។ លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីក្រុង​រ៉ូម និង​បាន​ការពារ​និក្ខេប​បទ​លើ​ប្រធាន​បទ The Great Catechesis of Saint Gregory of Nyssa ក្នុង​ឆ្នាំ​១៩៥៧។ លោក​បាន​ចេញ​ដំណើរ​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៥៧។

បេសកកម្នៅប្រទេសកម្ពុជា

[កែប្រែ]

មុនសង្រ្គាម លោកអភិបាល​ព្រះសហគមន៍​កាតូលិក ដែលក្មេងជាងគេនៅលើពិភពលោក

[កែប្រែ]

នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា លោក​បាន​សិក្សា​ភាសា​ខ្មែរ និង​វៀតណាម​នៅ បាណាម Banam ហើយ​បន្ទាប់​មក​នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្តប៉ូល Saint-Pierre-et-Saint-Paul (Xom Bien) ក្នុង​រាជ​ធានី​ភ្នំពេញ។ នៅ​ឆ្នាំ​១៩៦០ លោក​ត្រូវ​បាន​តែងតាំង​ជា​សាស្រ្តាចារ្យ​នៅ​ទេវវិទ្យាល័យ នៃ​ក្រុង​សៃហ្គន មុន​ពេល​ផ្លាស់​មក​បង្រៀន​នៅ​អនុ​ទេវវិទ្យាល័យ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​បន្ទាប់។ នៅ​ឆ្នាំ​១៩៦២ លោក​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​បង្រៀន​រយៈ​ពេល​ខ្លី នៅ​ទេវវិទ្យាល័យ​នៃ​ក្រុម​សាសន​ទូត​ក្រៅ​ប្រទេស​នា​ក្រុង​ប៉ារី​នៅ​ប៊ីវីប្រេស។


នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​១៩៦២ សម្តេច​ប៉ាប​បាន​ជ្រើស​តាំង​លោក​ជា​អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ ដែល​មាន​អាសនៈ​ក្នុង​ភូមិភាគ​ពីស៊ីតា (Titular See of Pisita) ពេល​នោះ​លោក​មាន​វ័យ​ត្រឹម​តែ​៣៥​ឆ្នាំ។ លោក​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​១៩៦៣ ដោយ​លោក​អភិបាល រ៉ាបាឡង់ នៅ​ក្នុង​ព្រះវិហារ​របស់​ទេវវិទ្យាល័យ​សាសន​ទូត​ក្រៅ​ប្រទេស​នា​ក្រុង​បារីស ។


លោក​អភិបាល អ៊ីវ រ៉ាមូស បាន​ចូល​រួម​ក្នុង​មហា​សន្និបាត​វ៉ាទីកង់​ទី​២ នៅ​វគ្គ​ទី​២ ទី​៣ និង​ទី​៤។ លោក​គឺ​ជា​អភិបាល​ម្នាក់​ក្នុង​ចំណោម​អភិបាល​១២​អង្គ ដែល​បាន​ចូល​រួម​អបអរសាទរ​ខួប​លើក​ទី​៥០​នៃ​មហា​សន្និបាត​វ៉ាទីកង់​ទី​២ ដែល​រៀបចំ​ឡើង​ដោយ​សម្តេច​ប៉ាប បេណេឌីក ទី​១៦ នៅ​ទីក្រុង​រ៉ូម កាល​ពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០១២ ក្នុង​ពេល​មហា​សន្និបាត​ក្រុម​លោក​អភិបាល​ទូទាំង​ពិភព​លោក​ស្តី​អំពី «ការ​ប្រកាស​ដំណឹង​ល្អ» ។


នៅ​ក្នុង​មហា​សន្និបាត​វ៉ាទីកង់​ទី​២ លោក​អភិបាល អ៊ីវ រ៉ាមូស បាន​ជួប​លោក​អភិបាល​ព្រះសហគមន៍​ពីរ​រូប​មក​ពី​ប្រទេស​ឡាវ គឺ​លោក​អភិបាល អាណូដ៍ (Arnaud) និង​លោក​អភិបាល លូសដ្រែត៍ (Loosdret)។ នៅ​ឆ្នាំ​១៩៦៨ លោក​បាន​បង្កើត​សភា​លោក​អភិបាល​ព្រះសហគមន៍​ឡាវ-កម្ពុជា (CELAC) ដែល​ជួប​ប្រជុំ​គ្នា​ជា​រៀង​រាល់​ឆ្នាំ ម្តង​ប្រជុំ​នៅ​ប្រទេស​ឡាវ​ម្តង​ប្រជុំ​នៅ​ប្រទេស​កម្ពុជា​រហូត​ដល់​ឆ្នាំ​១៩៧៤។ ប៉ុន្តែ ការ​ជួប​ប្រជុំ​នេះ​ត្រូវ​ផ្អាក ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម​រហូត​ដល់​ឆ្នាំ​១៩៩២។


លោក​អភិបាល​វ័យ​ក្មេង ពេល​ដែល​ត្រឡប់​មក​ពី​មហា​សន្និបាត​វ៉ាទីកង់​ទី​២ គឺ​ពោរពេញ​ដោយ​ភាព​រីករាយ។ ជា​ដំបូង​បង្អស់ លោក​ឈ្វេង​យល់​អំពី​ស្ថានភាព​បេសកកម្ម​នៅ​កម្ពុជា។ លោក​បាន​អញ្ជើញ​លោក​បូជាចារ្យ ប៊ូឡាដ៍ (Boulard) អ្នក​ជំនាញ​សង្គម​វិទូ ជាតិ​បារាំង​ដ៏​ល្បី​ឈ្មោះ ដើម្បី​កំណត់​បញ្ហា​ប្រឈម​នានា ក្នុង​កិច្ចការ​ព្រះសហគមន៍​នៅ​កម្ពុជា និង​ឈ្វេង​យល់​អំពី​គម្លាត​រវាង​ព្រះសហគមន៍​នៅ​តាម​ជនបទ ដែល​ផ្តោត​សំខាន់​ទៅ​លើ​ជនជាតិ​ភាគ​តិច និង​ពី​ស្ថានភាព​ប្រទេស​មួយ​ដែល​មាន​នគរូបនីយកម្ម​ពេញលេញ និង​ការ​ដឹកនាំ​ដោយ​គោល​នយោបាយ​ជាតិ​និយម។


លោក​អភិបាល អ៊ីវ រ៉ាមូស បាន​ដាក់​ចេញ​វិធាន​ការ​ពិសេស ដោយ​គោរព​តាម​ស្មារតី​នៃ​មហា​សន្និបាត​វ៉ាទីកង់​ទី​២ អំពី​ការ​ប្រារព្ធ​ពិធី​បុណ្យ (Sacrosanctum Concilium) ដោយ​ស្នើ​សុំ​ឱ្យ​បូជាចារ្យ​ធ្វើ​ពិធី​បុណ្យ​ជា​ភាសា​ជាតិ។ វិធាន​ការ​នេះ ពិត​ជា​មាន​អត្ថន័យ​នៅ​ផ្លាស់ប្តូរ​ទំនៀម​ទម្លាប់ ដែល​មាន​តាំង​ពី​សម័យ​កាល​លោក​អភិបាល មីស្ស (Miche)។ លោក​បាន​ឲ្យ​លោក​បូជាចារ្យ​ដែល​មក​ថ្មី​ត្រូវ​រៀន​ភាសា​ខ្មែរ ជំនួស​ភាសា​វៀតណាម (១៩៦៦)។ លើល​ពី​នេះ​ទៅ​ទៀត មាន​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​បាន​បក​ប្រែ​ពិធី​បុណ្យ​អភិបូជា​មក​ជា​ភាសា​ខ្មែរ។ ការងារ​បក​ប្រែ​ព្រះគម្ពីរ​បាន​ចាប់​ផ្តើម​នៅ​ពេល​នោះ។


សភា​ក្រុម​លោក​អភិបាល​ព្រះសហគមន៍​ឡាវ-កុម្ពុជា CELAC ក៏​សម្រេច​ចិត្ត​បើក​ទូលាយ​ទ្វារ​ព្រះសហគមន៍ ដើម្បី​ស្វែង​រក​យល់​អំពី​ព្រះពុទ្ធ​សាសនា។ សន្និបាត​មួយ​បាន​រៀបចំ​ឡើង សម្រាប់​លោក​បូជាចារ្យ បព្វជិត​បព្វជិតា និង​គ្រហស្ថ ក្នុង​បំណង​បំភ្លឺ​ដល់​សាសន​ទូត​ទាំង​អស់ ដើម្បី​មើល​ឃើញ​យ៉ាង​ច្បាស់ ចំពោះ​ស្ថានភាព​របស់​បងប្អូន​ឯទៀតៗ​មិន​ទាន់​ជឿ​លើ​គ្រីស្ត​សាសនា ដែល​នៅ​ក្នុង​បេសកកម្ម​ប្រកាស​ដំណឹង​ល្អ​របស់​ពួក​គេ។


ក្នុង​អំឡុង​ទសវត្ស​១៩៥០ និង​១៩៦០ មាន​យុវជន​ខ្មែរ​មួយ​ចំនួន​បាន​ទទួល​អគ្គ​សញ្ញា​ជា​បូជាចារ្យ បន្តិច​ម្តងៗ​លោក​អភិបាល រ៉ាមូស បាន​អនុញ្ញាត​ឲ្យ​អស់​លោក​បំពេញ​មុខងារ​ទទួល​ខុស​ត្រូវ និង​ណែនាំ​ព្រះសហគមន៍។ ដោយសារ​ចំណុច​នេះ​ហើយ លោក​អភិបាល អ៊ីវ រ៉ាមូស បាន​ស្នើ​ទៅ​ក្រុង​រ៉ូម​ដើម្បី​ចែក​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ជា​បី​ផ្នែក ហើយ​នៅ​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​១៩៦៨ សន្ត​អសនៈ​បាន​បង្កើត ព្រះសហគមន៍​ភូមិភាគ​បាត់ដំបង និង​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម។ សន្ត​អសនៈ បាន​ជ្រើស​តាំង​លោក​ឪពុក​ជាតិ​កម្ពុជា ប៉ូល ទេព អ៊ីមសុត្ថា ជា​អភិបាល​ព្រះសហគមន៍​ភូមិភាគ​បាត់ដំបង និង​លោក​ឪពុក អនដ្រេ ឡឺស៊ូអេហ្វ (André Lesouëf) ជា​អភិបាល​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម។ ប៉ុន្តែ ដោយសារ​ខ្វះ​បូជាចារ្យ​ខ្មែរ គឺ​មិន​អាច​ផ្ទេរ​សិទ្ធិ​ទាំង​ស្រុង ទៅ​បូជាចារ្យ​ជនជាតិ​ខ្មែរ ដើម្បី​ណែនាំ​ព្រះសហគមន៍​នោះ​បាន​ទេ។


លោក​អភិបាល អ៊ីវ រ៉ាមូស បាន​សម្រេច​ចិត្ត​បង្កើត​ទេវ​វិទ្យាល័យ​មួយ​នៅ​ជ្រោយចង្វារ ទល់​មុខ​រាជ​ធានី​ភ្នំពេញ ក្នុង​គោល​បំណង​ដើម្បី​អប់រំ​យុវជន​ឱ្យ​កា្លយ​ជា​គង្វាល​ថ្មី នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា ហើយ​ក៏​ស្រប​ពេល​ដែល​មាន​សភាពការណ៍​តានតឹង​ខ្លាំង​នៅ​វៀតណាម​ខាង​ត្បូង​ផង​ដែរ។


លោក​អភិបាល​បាន​តែងតាំង​លោក​ឪពុក វ៉ាំងសង់ រ៉ូលីន និង​លោក​ឪពុក អេមីល ដេតម្ប ជា​សាស្រ្តាចារ្យ ហើយ​លោក​បាន​ណែនាំ​និស្សិត​ទេវវិទ្យាល័យ​ទាំង​អស់ ទៅ​តាម​សភាពការណ៍​ជាក់​ស្តែង​របស់​កម្ពុជាក្នុង​អំឡុង​ឆ្នាំ​១៩៦៨​-​១៩៦៩ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ណែនាំ​របស់​សភា​លោក​អភិបាល​ឡាវ​-​កម្ពុជា។ ប៉ុន្តែ ដោយសារ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ប្រែប្រួល នៅ​ឆ្នាំ​១៩៧០​ទេវវិទ្យាល័យ​នេះ​មិន​អាច​ដំណើរ​ការ​បាន​ឡើង​វិញ​ឡើយ។


នៅ​ពេល​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​សង្រ្គាម​ស៊ីវិល ជនជាតិ​វៀតណាម​ទាំងអស់​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ខែ​មីនា ឆ្នាំ​១៩៧០។ គ្រីស្ត​បរិស័ទ​កាតូលិក​មាន​ជាង​៦៥០០០​នាក់ នៅ​សល់​តែ​ប្រមាណ​៧០០០​នាក់ ហើយ​ដូន​ជី​កាតូលិក​ចំនួន​ប្រមាណ​១៨៥​នាក់ នៅ​សល់​តែ​ពីរ​បី​នាក់ ដែល​បន្ត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ដូន​ជី​ទាំង​នោះ​ភាគ​ច្រើន​បាន​ស្លាប់​នៅ​ក្នុង​របប​ប៉ុល​ពត។


លើស​ពី​នេះ​ទៅ​ទៀត​សង្គ្រាម​ស៊ីវិល បាន​ធ្វើ​ឱ្យ​សកម្មភាព​សាសន​ទូត​នានា​ត្រូវ​គាំង។ លោក​អភិបាល អ៊ីវ រ៉ាមូស ក្នុង​គ្រា​នោះ​បាន​បដិសេធ​ទទួល​ជំនួយ​ពី​អង្គការ ACRS ដើម្បី​កុំ​ព្រះសហគមន៍​មាន​មុខ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ប៉ុន្តែ លោក​ក៏​មិន​ចូល​រួម​ជា​មួយ​ជំរុំ​មួយ​ក្នុង​ចំណោម​ជំរុំ​ទាំង​ពីរ​ដែរ។


ការ​វាយ​សម្រុក​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម​ចូល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​១៩៧៥ បាន​បង្ខំ​ឱ្យ​សាសន​ទូត​ទាំង​អស់​រិះ​គិត​អំពី​អនាគត​ព្រះសហគមន៍​កាតូលិក​នៅ​កម្ពុជា។ លោក​អភិបាល អ៊ីវ រ៉ាមូស បាន​អញ្ជើញ​សាសន​ទូត​ទាំង​អស់​ដែល​នៅ​សល់​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ចាក​ចេញ​តាម​យន្តហោះ​ជម្លៀស​ចុង​ក្រោយ ឬ​ក៏​ស្នាក់​នៅ? រូប​លោក​ផ្ទាល់​បាន​សម្រេច​ចិត្ត​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ជា​មួយ​លោក​ឪពុក រ៉ូប៊ែរ វឺណេ លោក​ឪពុក អេមីល ដេតម្ប និង​លោក​ឪពុក ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ ជា​បូជាចារ្យ​នៃ​ក្រុម​សាសន​ទូត​ក្រៅ​ប្រទេស​នា​ក្រុង​ប៉ារីស។


នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ​១៩៧៥ លោក​បាន​អញ្ជើញ​លោក​ឪពុក យ៉ូសែប ឆ្មារ សាឡាស ដែល​សិក្សា​នៅ​ប្រទេស​បារាំង ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​បន្ទាន់ ហើយ​លោក​អភិបាល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ទីក្រុង​រ៉ូម ដើម្បី​តែងតាំង​លោក យ៉ូសែប ឆ្មារ សាឡាស ជា​អភិបាល​ឧបត្ថម្ភកៈ​នៃ​ព្រះសហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ ដើម្បី​កុំ​ឱ្យ​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​អ្នក​គង្វាល ព្រោះ​ដឹង​ច្បាស់​ថា​គ្រប់​សាសន​ទូត​ទាំង​អស់​នឹង​ត្រូវ​ស្លាប់ ឬ​នឹង​ត្រូវ​បណ្តេញ​ពី​ប្រទេស​កម្ពុជា។


នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មេសា ឆ្នាំ​១៩៧៥ លោក​អភិបាល អ៊ីវ រ៉ាមូស បាន​ប្រារព្ធ​អគ្គ​សញ្ញា​តែង​តាំង​លោក យ៉ូសែប ឆ្មារ សាឡាស ជា​អភិបាល​ព្រះសហគមន៍ នៅ​ព្រះសហគមន៍​ខ្មែរ​ព្រះវិហារ​ព្រះមាតា​រាជធានី​ភ្នំពេញ ដែល​មាន​តែ​លោក​អភិបាល អន់ដ្រេ ឡឺស៊ូអេហ្វ ចូល​រួម​ជា​មួយ​លោក ក្រោម​សន្ធឹក​នៃ​គ្រាប់​រ៉ុក​កែត​ផ្លោង​ចូល​ក្រុង​ភ្នំពេញ។

ក្នុងកំឡុងពេលសង្រ្គាមៈរងទុក្ខវេទនាជាមួយប្រជាជនខ្មែរក្នុងសោកនាដកម

[កែប្រែ]

នៅ​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​១៩៧៥ លោក យ៉ូសែប ឆ្មារ សាឡាស ជា​អភិបាល​ថ្មី បាន​ប្រមូល​លោក​បូជាចារ្យ​បរទេស​បន្ត​ស្នាក់​នៅ​កម្ពុជា និង​លោក​បូជាចារ្យ​ខ្មែរ (ប្អូន​ប្រុស​របស់​លោក គឺ​លោក​ឪពុក សាឡឹម និង​លោក​ឪពុក សំរើន) នៅ​គេហដ្ឋាន​របស់​លោក​អភិបាល។ នោះ​ជា​ពេល​ដែល​បែក​គ្នា មុន​ពេល​កង​កម្លាំង​ខ្មែរ​ក្រហម​វាយ​ចូល​ទីក្រុង​ភ្នំពេញ (១៧ មេសា ១៩៧៥) លោក​អភិបាល​ថ្មី​មាន​ប្រសាសន៍​ថា៖ “សូម​ប្រាប់​ពិភព​លោក​អំពី​ពួក​យើង” លោក​បាន​និយាយ​ទៅ​កាន់​អស់​លោក​បូជាចារ្យ ដែល​ជា​ពាក្យ​ចុង​ក្រោយ​របស់​លោក។


ជន​បរទេស​ទាំងអស់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​ស្ថានទូត​បារាំង ហើយ​៥​សប្តាហ៍​ក្រោយ​មក ខ្មែរ​ក្រហម​បាន​បណ្តេញ​លោក​បូជាចារ្យ​បារាំង​ទាំង​អស់ ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ។ លោក​អភិបាល អ៊ីវ រ៉ាមូស ស្រណោះ​យ៉ាង​ខ្លាំង​ដែល​ខ្លួន​លោក​ត្រូវ​ចាក​ចេញ​ពី​ប្រជាជន​ដ៏​ជាទី​ស្រឡាញ់​របស់​លោក។


ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​អភិបាល រ៉ាមូស បាន​ផ្តល់​សក្ខីភាព​ថា៖ «ការ​និរទេស​ខ្លួន​គឺ​ជា​ការ​បដិសេធ​ការ​ចាត់​ឲ្យ​ទៅ​បំពេញ​បេសកកម្ម។ យើង​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដូច​សម្រាម។ ដូច្នេះ យើង​ប្រឈម​មុខ​នឹង​ការ​ចាត់​ទុក​ថា​គ្មាន​បាន​ការ។ សាសន​ទូត​ជាច្រើន​បាន​ធ្លាក់​ទឹក​ចិត្ត ព្រោះ​ពួក​គេ​មិន​អាច​បំពេញ​ចន្លោះ​ប្រហោង​នៃ​ភាព​គ្មាន​បាន​ការ​នោះ​បាន"។


មួយ​ឆ្នាំប​ន្ទាប់​ពី​ការ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា លោក​អភិបាល អ៊ីវ រ៉ាមូស បាន​លា​ឈប់​ពី​មុខងារ​របស់​លោក ជា​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ។ លោក​បាន​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី (Tanjung Pinang) ដើម្បី​បាន​នៅ​ជិត​ប្រទេស​កម្ពុជា និង​ថែរក្សា​ជន​ភៀស​ខ្លួន​ជា​ច្រើន​ដែល​បាន​ទៅ​ស្នាក់​នៅ​តាម​ឆ្នេរ​នៃ​ប្រទេស​នោះ។ ដោយ​មាន​ការ​ព្រួយ​បារម្ភ អំពី​ជន​ភៀស​ខ្លួន​ជាតិ​កម្ពុជា លោក​បាន​ជូន​ដំណឹង​ទៅ​បុរី​វ៉ាទីកង់​អំពី​អនាគត​គ្រីស្ត​បរិស័ទ​កាតូលិក​ខ្មែរ។ នៅ​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​១៩៨៣ ក្រសួង​ប្រកាស​ដំណឹង​ល្អ​នៃ​ប្រជាជន​ទាំង​ឡាយ បាន​បង្កើត​ការិយាល័យ​គាំ​ទ្រ​ការ​ប្រកាស​ដំណឹង​សម្រាប់​ប្រជាជន​កម្ពុជា និង​បាន​ប្រគល់​មុខងារ​ឱ្យ​លោក​អភិបាល អ៊ីវ ទទួល​ខុស​ត្រូវ​លើ​គ្រីស្ត​បរិស័ទ​ជាតិ​កម្ពុជា នៅ​គ្រប់​ទី​កន្លែង​ដែល​គេ​រស់​នៅ។ លោក​អភិបាល អន់ដ្រេ ឡឺស៊ូអេហ្វ បាន​ជួយ​លោក​ក្នុង​ការ​បំពេញ​បេសកកម្ម​នេះ។ គោល​បំណង​នៅ​ពេល​នោះ គឺ​ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​ជា​គ្រីស្ត​បរិស័ទ​រស់​នៅ​ក្រៅ​ប្រទេស​ឱ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះសហគមន៍​និង​ភូមិភាគ​របស់​គេ។ ក្នុង​ទិស​ដៅ​បង្កើត​ក្រុម​គង្វាល ដើម្បី​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ដល់​ប្រជាជន​ចំណាក​ស្រុក។


ការ​ដួល​រលំ​ប្លុក​កុម្មុយនីស្ត និង​ការ​ដក​កងទ័ព​វៀតណាម​ចេញ (១៩៨៩) ជា​យុគ​សម័យ​ថ្មី​បាន​មក​ដល់​កម្ពុជា។ សន្ធិ​សញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ បាន​ឈាន​ដល់​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល និង​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី (ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣) ដែល​បើក​ផ្លូវ​ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ឡើង​គ្រង​រាជ្យ​ជា​ថ្មី។


នៅ​ឆ្នាំ​១៩៨៩ លោក​អភិបាល អ៊ីវ រ៉ាមូស បាន​មក​ប្រទេស​កម្ពុជា អរគុណ​ដល់​គណៈកម្មាធិការ​កាតូលិក​ប្រឆាំង​នឹង​ភាព​អត់ឃ្លាន និង​ដើម្បី​ការ​អភិវឌ្ឍ។ ពេល​នោះ​ស្ថានភាព ព្រះសហគមន៍​កាតូលិក​គឺ​លំបាក​ណាស់។ ទី​សក្ការៈ​បូជា​ភាគ​ច្រើន ត្រូវ​បាន​បំផ្លាញ​គ្មាន​សល់​ដូចជា​វិសាល​វិហារ​នៅ​ភ្នំពេញ ដែល​ខ្មែរ​ក្រហម​បាន​បំផ្ទុះ​គ្រាប់​បែក​កម្ទេច​ចោល។ គ្រីស្ត​បរិស័ទ​ជា​ច្រើន​បាន​ស្លាប់ ឬ​ត្រូវ​រស់​នៅ​ខ្ចាត់​ខ្ចាយ។


លោក​បូជាចារ្យ និង​បព្វជិត​បព្វជិតា​ខ្មែរ​ទាំង​អស់ បាន​បាត់​ខ្លួន​នៅ​ក្នុង​ពេល​ស្រុក​ច្របូក​ច្របល់។ លើស​ពី​នោះ លោក​អភិបាល​មិន​អាច​រស់​នៅ​ផ្ទះ​លោក​អភិបាល​បាន​ទេ ព្រោះ​ផ្ទះ​នោះ​បាន​ក្លាយ​ទៅ​ជា​សាលា​ក្រុង​ភ្នំពេញ​ទៅ​ហើយ។ លោក​ក៏​មិន​អាច​ជួប​ជា​មួយ​គ្រីស្ត​បរិស័ទ​បាន​ដែរ (មាន​ការ​ហាម​ឃាត់​ប្រជាជន​កម្ពុជា​ទាក់​ទង​ជា​មួយ​ជន​បរទេស) លោក​បាន​ដើរ​តាម​បណ្តោយ​មហា​វិថី​ព្រះមុនីវង្ស ដោយ​សង្ឃឹម​ថា​នឹង​បាន​ជួប​អ្នក​ស្គាល់។ គ្រីស្ត​បរិស័ទ​ម្នាក់ បាន​និយាយ​ជា​មួយ​លោក​តែ​ពីរ​បី​ម៉ាត់​ថា៖ «ពួក​យើង​កំពុង​រង់ចាំ​លោក​នៅ​ភោជនីយដ្ឋាន​ដែល​ប្អូន​ថ្លៃ​ខ្ញុំ​គ្រប់គ្រង»។ លោក​អភិបាល បាន​បង្កើត​គណៈកម្មាធិការ​មួយ​ជា​មួយ​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​តូច ដែល​លោក​បាន​ជួប​នៅ​ក្នុង​ភោជនីយដ្ឋាន​នោះ។ ការ​ទាក់​ជា​មួយ​បងប្អូន​គ្រីស្ត​បរិស័ទ​មាន​ដំណើរ​ទៅ​មុខ​ជា​បណ្តើរៗ​ហើយ។

បន្ទាប់ពីសង្គ្រាម: ការរស់ឡើងវិញ

[កែប្រែ]

នៅ​ឆ្នាំ​១៩៩២ សន្ត​អសនៈ​បាន​ប្រគល់​មុខ​ងារ​ឱ្យ​លោក​អភិបាល អ៊ីវ រ៉ាមូស ធ្វើ​ជា​អភិបាល​ព្រះសហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ​ជា​ថ្មី​ម្តង​ទៀត ប៉ុន្តែ​មិន​មែន​ដោយ​គ្មាន​ការ​លំបាក​នោះ​ទេ។ ការ​ធ្វើ​អន្តរាគមន៍​របស់​ព្រះមហាក្សត្រ សម្តេច​ព្រះនរោត្តម សីហនុ ជាមួយ​លោក​អភិបាល ណែនាំ​ឱ្យ​លោក​សម្រេច​ចិត្ត​នៅ​ទី​នេះ។ ចំណង​ទាក់​ទង​រវាង​ព្រះមហាក្សត្រ​និង​លោក​អភិបាល តែង​តែ​ផ្តល់​ភាព​កក់ក្តៅ​ជានិច្ច។ លោក​អភិបាល អ៊ីវ រ៉ាមូស ក៏​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​មើល​ថែរក្សា​ព្រះសហគមន៍​ភូមិភាគ​បាត់ដំបង រហូត​ដល់​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០០០ នៅ​ពេល​ដែល​លោក គីគេ ហ្វីការេដូ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ភូមិភាគ​បាត់ដំបង។


លោក​អភិបាល អ៊ីវ រ៉ាមូស បាន​សម្រេច​ចិត្ត​អនុញ្ញាត​ឱ្យ​គ្រីស្ត​បរិស័ទ​ខ្មែរ​កសាង​ព្រះវិហារ​របស់​ពួក​គេ​ឡើង​វិញ។ នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៩១ លោក​បូជាចារ្យ អេមីល ដេតម្ប បាន​អញ្ជើញ​គ្រីស្ត​បរិស័ទ​ជា​គណៈកម្មការ​ព្រះសហគមន៍​ចូល​រួម​ក្នុង​មហា​សន្និបាត​ព្រះសហគមន៍។ មាន​៦០២​គ្រួសារ (ប្រហែល​៣០០០​នាក់ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក) រួម​ជា​មួយ​គ្រីស្ត​បរិស័ទ​៣៥០​នាក់​មក​ពី​ជំរុំ​ក៏​ដូច​ជា​ជនជាតិ​វៀតណាម​១​ម៉ឺន​នាក់​ដែល​មក​តាំង​ទី​លំនៅ​និង​ប្រកប​មុខ​របរ​នៅ​ស្រុក​ខ្មែរ។ សន្និបាត​បាន​ធ្វើ​ឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​រៀបចំ​សហគមន៍​ឡើង​វិញ តាម​លំនាំ​នៃ​ព្រះសហគមន៍​ដើម​ដំបូង ក្នុង​កិច្ចការ​គ្រីស្ត​ទូត ដោយ​ព្រះសហគមន៍​បង្កើត​គណៈកម្មការ​ចំនួន​៣ គឺ​គណៈកម្មការ​ពិធី​បុណ្យ គណៈកម្មការ​សង្គហៈ និង​គណៈកម្មការ​អប់រំ​ជំនឿ។


នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​១៩៩៤ លោក​អភិបាល អ៊ីវ រ៉ាមូស បន្ទាប់​ពី​ការ​ចរចា​ជា​ច្រើន​លើក​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ចំណង​ការ​ទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សន្ត​អសនៈ។


នៅ​ឆ្នាំ​១៩៩៧ លោក​អភិបាល រ៉ាមូស បាន​បង្កើត​លក្ខន្តិកៈ​ព្រះសហគមន៍​កាតូលិក​នៅ​កម្ពុជា ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ធម្មការ និង​សាសនា។ លក្ខន្តិកៈ​ទាំង​នេះ ផ្តល់​មូលដ្ឋាន​គតិ​យុត្តិ​ដល់​ព្រះសហគមន៍ បើក​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ថា ជា​សាសនា​មួយ​មាន​សិទ្ធិ​ពេញ​លេញ ហើយ​មិន​មែន​ជា​សមាគម​សាសនា ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឡើយ។


នៅ​ក្នុង​លិខិត​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៩៦ លោក​អភិបាល អ៊ីវ រ៉ាមូស បាន​សរសេរ​ថា៖ “អាទិភាព​ក្នុង​ការ​កសាង​ព្រះសហគមន៍​នៅ​កម្ពុជា គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បង្កើត​ឱ្យ​មាន​បូជាចារ្យ​ភូមិភាគ”។ លោក​បាន​ទៅ​ប្រទេស​កាណាដា ដើម្បី​ជួប​ជា​មួយ​យុវជន សិលា ទម្លាប់ សុផល ដែល​លោក​មាន​សេចក្តី​សោមនស្ស ធ្វើ​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ​នៅ​ឆ្នាំ​១៩៩៥។ បន្ទាប់​មក​មាន​យុវជន​ពី​ជំរុំ​នៅ​ប្រទេស​ថៃ ឬ​ជន​ភៀស​ខ្លួន​នៅ​កាណាដា​បាន​រួម​គ្នា​រស់​នៅ​ជា​ក្រុម​និស្សិត​ទេវ​វិទ្យាល័យ នៅ​ដើម​ឆ្នាំ​១៩៩០។ បូជាចារ្យ​ខ្មែរ​ចំនួន​៤​រូប ត្រូវ​បាន​តែង​តាំង​នៅ​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០០១។


នៅ​ឆ្នាំ​១៩៩៧ លោក​អភិបាល អ៊ីវ រ៉ាមូស ស្នើ​សុំ​ទៅ​រ៉ូម​ឱ្យ​មាន​អភិបាល​ឧបត្ថម្ភកៈ​មួយ​អង្គ។ លោក​បាន​ធ្វើ​អគ្គ​សញ្ញា​តែង​តាំង​លោក​ឪពុក អេមីល ដេតម្ប (Emile Destombes) ជា​អភិបាល​នៅ​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​១៩៩៧ ដែល​ជា​លោក​អភិបាល​ថ្មី​បន្ត​មុខ​ងារ​ពី​លោក ជា​អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ នៅ​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០០១។


លោក​អភិបាល អ៊ីវ រ៉ាមូស បាន​បន្ត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០១៤ នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ខេត្ត​ព្រះសីហនុ ដែល​លោក​គឺ​ជា​គ្រូ​គង្វាល​មិន​ចេះ​នឿយ​ហត់ និង​ជា​ទី​ស្រឡាញ់ ហើយ​លោក​តែង​តែ​ត្រៀម​ខ្លួន​ក្នុង​ការ​ផ្តល់​ដំបូន្មាន។ ជា​មួយ​បូជាចារ្យ​ព្រះសហគមន៍​កាតូលិក គឺ​លោក​ឪពុក វីរៈជ័យ និង​បន្ទាប់​មក​លោក​ឪពុក អ៊ុន សុន លោក​ចូល​ចិត្ត​រៀបចំ​ពិធី​បុណ្យ​ធំៗ​យ៉ាង​ល្អិត​ល្អន់ និង​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត។ លោក​ក៏​បាន​សាង​សង់​អាគារ​សំណាក់​ធម៌​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

ការចូលនិវត្តន៍និងមរណភាពនៅប្រទេសបារាំង

[កែប្រែ]

លោក​បាន​ចូល​និវត្តន៍​ត្រឡប់​ទៅ​នៅ​ម៉ុនបេតុន ប្រទេស​បារាំង នៅ​ថ្ងៃទី​០៦ ខែ​តុលា ឆ្នាំ​២០១៤។ លោក​បន្ដ​អធិស្ឋាន​សម្រាប់​ព្រះសហគមន៍​កាតូលិក​នៅ​ប្រទេស​កម្ពុជា ដែល​លោក​ស្រឡាញ់​និង​បម្រើ​ដោយ​អស់​ពី​ដួង​ចិត្ត ក្នុង​មុខ​លោក​ជា​បូជាចារ្យ និង​ជា​អភិបាល​ព្រះសហគមន៍។


លោក​បាន​ទទួល​មរណភាព​ដោយ​មិន​អស់​ចិត្ត ដោយសារ​ជំងឺកូវីដ-១៩ នៅ​ក្នុង​ភាព​ស្ងៀមស្ងាត់ នៅ​មន្ទីរ​ពេទ្យ​នា​ថ្ងៃទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ ចំ​ពេល​ត្រូវ​ប្រារព្ធ​ខួប​ចម្រើន​ជន្មាយុ​លើក​ទី​៩៣ (ថ្ងៃទី​២៣ ខែ​កុម្ភៈ) និង​ទី​៥៨​ជា​អភិបាល (ថ្ងៃទី​២៤ ខែ​កុម្ភៈ)។


ភាព​អត់ធ្មត់ ចក្ខុ​វិស័យ ទស្សន​វិស័យ ភាព​អង់អាច​ក្លាហាន ការ​លះបង់​របស់​លោក​អភិបាល នាំ​ឱ្យ​ព្រះសហគមន៍​កាតូលិក​នៅ​កម្ពុជា បាន​ងើប​ចេញ​ពី​ផេះផង់​នៅ​ទសវត្ស​ឆ្នាំ​១៩៩០។ មនុស្ស​ជំនាន់​ក្រោយ ដែល​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​មិន​ស្គាល់​លោក​អភិបាល រ៉ាមូស ទេ ប៉ុន្តែ​ពួក​គេ​នៅ​ទី​នេះ​សព្វ​ថ្ងៃ​ដោយ​សេចក្តី​រីករាយ និង​ដើរ​តាម​ព្រះគ្រីស្ត​ដោយ​គុណូបការៈ​របស់​លោក​អភិបាល អ៊ីវ រ៉ាមូស៕

មើលផងដែរ

[កែប្រែ]

ឯកសារ​យោង​

[កែប្រែ]