Jump to content

Trichinellosis

ពីវិគីភីឌា

១. សេចក្ដីផ្ដើមៈ

Trichinellosis or Trichinosis ជាជំងឺឆ្លងពីសត្វទៅមនុស្ស រស់នៅក្នុងពោះវៀនតូចរបស់សត្វ និង មនុស្ស (ជ្រូក កណ្ដុរ និង សត្វចិញ្ចឹមកូនដោយទឹកដោះដទៃទៀត )។ ព្រូកពេញវ័យរស់នៅក្នុងពោះវៀនតូច របស់ សត្វ និង មនុស្ស ចំណែកឯកូនព្រូនរស់នៅសាច់ដុំរបស់សត្វ និង មនុស្ស។ តាមការស្រាវជ្រាវបានអោយ ដឹងថាមកទល់បច្នុប្បន្ននេះ គេបានរកឃើញថាព្រូនប្រភេទនេះជា Parasites ចំពោះសត្វមានជាង ១០០ប្រភេទ។ ជំងឺនេះចំពោះមនុស្ស វាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដោយហេតុថា ចំពោះមនុស្សដែលមានជំងឺនេះ ពិបាកនឹង ព្យាបាល ហើយជាទូទៅ អ្នកដែលកើតជំងឺនេះទីបំផុតក៏ត្រូវស្លាប់។ នៅកម្ពុជា​តាមការស្រាវជ្រាវបានអោយដឹងថា ជំងឺនេះមានកើតនៅលើជ្រូក (Trichinella Spiralis)។

២. គោលបំណងៈ

ទីបញ្ចប់នៃមេរៀននេះនិសិ្សត និង អាច ៖

រៀបរាប់ ទំរង់ និង រូបរាង វដ្ដជីវិត ការបង្ករោគ រោគសញ្ញា ការវះកាត់សត្វស្លាប់ រោគវិនិច្ឆ័យ ការព្យាបាល និងវិធានការការពារ ។

៣. ទំរង់ និង រូបរាងៈ

គឺជាព្រូនមូលមានទំហំតូច ព្រូនឈ្មោលមានប្រវែង ១,៤-១,៦ មម ទំហំ ០,១៤ មម ។ ព្រូនញីធំជាង ព្រូនឈ្មោល ២ដង ពោលគឺ មានទំហំ ៣-៤មម វាគឺ ជាពពួកព្រូនដែលកើតជាកូន ។

៤. វដ្ដជីវិតៈ

Trichinella ជាជំងឺដែលសត្វតែមួយអាចជាម្ចាស់បញ្ចប់ ដោយព្រូនរស់នៅក្នុងពោះវៀន បន្ទាប់មក សត្វដដែល ជាម្ចាស់បណ្ដោះអាសន្ន ដោយព្រូនរស់នៅក្នុងសាច់ដុំ។ សត្វឆ្លងជំងឺនៅពេលដែលវាស៊ីសាច់ ដែលមានវត្ដមានកូនព្រូន ដែលព្រូនទាំងនោះបង្កប់នៅក្នុងសាច់ដុំ ។ នៅក្នុង ក្រពះ កូនព្រូនត្រូវបានរំដោះចេញពីសាច់ដុំ ពេលនោះកូនព្រូនមានប្រវែង ១ មម។

តាមការស្រាវជ្រាវបានបង្ហាញអោយឃើញថា (ឯកសារបណ្ឌិត សួន សុធឿន ) ក្នុងរយៈពេលប្រមាណ ២៦ម៉ោង ក្រោយពេលធ្លាក់ចូលក្នុងក្រពះ វាបន្ដលូតលាស់រួចក៏ធ្លាក់ចូលដល់ពោះវៀន វាក៏ក្លាយជាព្រូនពេញវ័យ ក្នុងរយៈពេលតែ ៤ ថ្ងៃប៉ុណ្ណោះ។ ការបន្ដពូជប្រព្រឹត្ដទៅប្រហែល ៤០ម៉ោង ក្រោយពេលឆ្លងជំងឺ។ក្រោយពេល បន្ដពូជ ព្រូនឈ្មោលក៏ងាប់ ចំណែកឯព្រូន ញីជ្រៀតចូលទៅក្នុងភ្នាសសើម ហើយខ្លះទៀតជ្រៀតចូលរហូតដល់ ក្រពេញទឹករងៃ។ នៅទីនោះព្រូនញី បន្ដជីវិតតទៅទៀត ហើយបញ្ចេញនូវព្រូនតូចៗ។ កូនព្រូនដែលកើតមាន ប្រវែង ០,១ មម វាជ្រៀតចូលទៅក្នុងក្រពេញទឹករងៃ រួចក៏ជ្រៀតចូលទៅក្នុងសរសៃឈាម ដែលតាមរយៈចរន្ដឈាមវាក៏ត្រូវបានចែកចាយនាំទៅកាន់ផ្នែកផ្សេងៗនៃសរីរាង្គ។ កូនព្រូនត្រូវទើរនៅសាច់ដុំ លូតលាស់នៅទីនោះ បន្ទាប់មកវាក៏មូរខ្លួនជាស្ពីរ៉ាល ។ កូនព្រូនក្លាយទៅជាកូនព្រូនបង្កជំងឺក្នុងរយៈពេល ៥ ឬ ៧ថ្ងៃ ក្រោយឆ្លងជំងឺ ។ ចាច់ពីអាទិត្យទី ៤ ទៅអាទិត្យ ១២ នៅជំវិញកូនព្រូន បង្កើតបានជាស្រោម (Form a capsule) ចំពោះជ្រូក ក្នុងរយៈពេល ៦ខែ ស្រោមនេះចាប់ផ្ដើមកជាកំបោរបន្ដិចម្ដងៗរហូតដល់ខែទី ១៥-១៦ខែ ទើបស្រោមដែលមាន វត្ដមានកូនព្រូននៅក្នុងនោះត្រូវបានកើតជាកំបោរទាំងស្រុង។ ចលនការរំលាយស្រោម និងកូនព្រូននេះប្រែប្រល ទៅតាមសត្វនិមួយៗ ប្រភេទសត្វអាយុ និង កត្ដាដទៃទៀត ។

កូនព្រូនដែលនៅក្នុងស្រោមរស់បានជាច្រើនឆ្នាំ (កូនព្រូនអាចរស់បានរហូតដល់ ២៤ ឆ្នាំ)។ នៅក្នុង ស្រោម ឬ គីស្ដ កូនព្រូនមិនអាចរីកចំរើនលូតលាស់ទៅទៀតល៉ើយ វាត្រូវរង់ចាំរហូតដល់ពេលដែលវាត្រូវបាន លេបចូលតាមរយៈសាច់ដុំពីសំណាក់ម្ចាស់ (សត្វ)ដទៃទៀត។ ក្រោយពីត្រូវបានលេបចូលក្នុងក្រពះ ក្រោម ឥទ្ធិពលនៃរសរំលាយអាហារកូនព្រូនត្រូវបានរំដោះ ហើយវាក៏ធ្វើដំណើរទៅកាន់ពោះវៀន ធំពេញវ័យ បន្ដពូជបាននៅទីនោះ។ ព្រូនញី អាចរស់ក្នុងពោះវៀនរហូតដល់ ៨ ខែ យ៉ាងយូរ។