ពោជ្ឈង្គសំយុត្ត
បព្វតវគ្គ ទី១
ហិមវន្តសូត្រទី១
[៣៥៥] ម្នាលភិក្ខុទាំងឡាយ នាគទាំងឡាយ តែងធ្វើរាងកាយឱ្យចម្រើន ឱ្យមានកម្លាំង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះ ហិមវន្ត នាគទាំងនោះ លុះធ្វើរាងកាយឱ្យចម្រើន ឱ្យមានកម្លាំង ក្នុងស្តេចភ្នំឈ្មោះ ហិមវន្តនោះហើយ ទើបចុះក្នុងបឹងតូច លុះចុះក្នុងបឹងតូចហើយ ទើបចុះក្នុងបឹងធំ លុះចុះក្នុងបឹងធំហើយ ទើបចុះក្នុងស្ទឹងតូច លុះចុះក្នុងស្ទឹង តូចហើយ ទើបចុះក្នុងស្ទឹងធំ លុះចុះក្នុងស្ទឹងធំហើយ ទើបចុះកាន់មហាសមុទ្ទសាគរ នាគទាំងនោះ រមែងមានកាយដល់នូវការចម្រើន ធំទូលាយ ក្នុងមហាសមុទ្ទសាគរនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចម្រើននូវពោជ្ឈង្គ (អង្គនៃធម៌ ជាគ្រឿងត្រាស់ដឹង) ទាំង៧ កាលធ្វើឱ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចម្រើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។
[៣៥៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចម្រើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឱ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ តែងដល់នូវការ ចម្រើន ធំ ទូលាយ ក្នុងធម៌ទាំងឡាយ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់ ចម្រើនធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចម្រើនវីរិយសម្ពោជ្ឈង្គ។ ចម្រើនបីតិសម្ពោជ្ឈង្គ។ ចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ។ ចម្រើន សមាធិសម្ពោជ្ឈង្គ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់។ មា្នលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងនៅស៊ប់ក្នុងសីល កាលចម្រើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឱ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចម្រើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។
កាយសូត្រទី២
[៣៥៧] ម្នាលភិក្ខុទាំងឡាយ កាយនេះតាំងនៅដោយសារអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ ទាំង៥ តាំងនៅដោយសារអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។
[៣៥៨] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង ឱ្យកើតឡើង ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ឱ្យរឹតតែកើតធំទូលាយឡើង។ ម្នាលភិក្ខុទាំងឡាយ សុភនិមិត្ត រមែងមានការធ្វើទុកក្នុងចិត្តខុសទំនង និងការធ្វើឱ្យក្រាស់ក្រែល ក្នុងសុភនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង ឱ្យកើតឡើង ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ឱ្យរឹតតែកើតធំទូលាយទៅ។
[៣៥៩] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង ឱ្យកើតឡើង ឬញ៉ាំងព្យាបាទ ដែលកើតឡើងហើយ ឱ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ បដិឃនិមិត្ត (និមិត្តនាំឱ្យចង្អៀតចង្អល់ចិត្ត) រមែងមាន ការធ្វើទុកក្នុងចិត្តខុសទំនង និងធ្វើឱ្យក្រាស់ក្រែល ក្នុងបដិឃនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង ឱ្យកើតឡើង ឬញ៉ាំងព្យាបាទ ដែលកើតឡើងហើយ ឱ្យរឹតតែកើតធំទូលាយទៅ។
[៣៦០] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង ឱ្យកើតឡើង ឬញ៉ាំងថីនមិទ្ធ ដែលកើតឡើងហើយ ឱ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីធុញទ្រាន់ សេចក្តីខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត រមែងមាន ការធ្វើទុកក្នុងចិត្តខុសទំនង និងការធ្វើឱ្យក្រាស់ក្រែល ក្នុងការទាំងនោះ នេះជាអាហារ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង ឱ្យកើតឡើង ឬញ៉ាំងថីនមិទ្ធ ដែលកើតឡើងហើយ ឱ្យរឹតតែកើតធំទូលាយទៅ។
[៣៦១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ច មិនទាន់កើតឡើង ឱ្យកើតឡើង ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើងហើយ ឱ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនស្ងប់ចិត្ត រមែងមាន ការធ្វើទុកក្នុងចិត្តមិនត្រូវទំនង និងការធ្វើឱ្យក្រាស់ក្រែល ក្នុងរឿងនោះ នេះជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ចមិនទាន់កើតឡើង ឱ្យកើតឡើង ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើងហើយ ឱ្យរឹតតែកើតធំទូលាយទៅ។
[៣៦២] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង ឱ្យកើតឡើង ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើងហើយ ឱ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលជាទីតាំង នៃវិចិកិច្ឆា រមែងមាន ការធ្វើទុកក្នុងចិត្តមិនត្រូវទំនង និងការធ្វើឱ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង ឱ្យកើតឡើង ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើងហើយឱ្យរឹតតែកើតធំទូលាយទៅ។
[៣៦៣] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ ទាំង៥នេះ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ ក៏តាំងនៅមិនបានទេ យ៉ាងនោះដែរ។
[៣៦៤] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។
[៣៦៥] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃសតិសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឱ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើនពេញលេញឡើងបាន។
[៣៦៦] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំធម្មវិចយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើន ពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល និងអកុសល ធម៌ដែល ប្រកបដោយទោស និងមិនមានទោស ធម៌ថោកទាប និងឧត្តម ធម៌ជាចំណែកខុសគ្នា គឺធម៌ខ្មៅ និងធម៌ស រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឱ្យក្រាស់ក្រែលក្នុងធម៌ទាំងនោះ នេះជាអាហារ នាំធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំធម្មវិចយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើន ពេញលេញឡើងបាន។
[៣៦៧] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំវីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំវីរិយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើន ពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធាតុ គឺសេចក្តីផ្តួចផ្តើម ធាតុ គឺសេចក្តីព្យាយាម ធាតុ គឺសេចក្តីខ្នះខ្នែង ប្រឹងប្រែង រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឱ្យក្រាស់ក្រែល ក្នុងធាតុទាំងនោះ នេះជាអាហារ នាំវីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំវីរិយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើន ពេញលេញឡើងបាន។
[៣៦៨] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំបីតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃបីតិសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឱ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំបីតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើន ពេញលេញឡើងបាន។
[៣៦៩] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឱ្យក្រាស់ក្រែល ក្នុងសេចក្តីស្ងប់ទាំងនោះ នេះជាអាហារនាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំបស្សទ្ធិសម្ពោជ្ឈង្គដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើន ពេញលេញឡើងបាន។
[៣៧០] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំសមាធិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃការតាំងចិត្តមាំ ហេតុមិនរាយមាយ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងការធ្វើឱ្យក្រាស់ក្រែល ក្នុងហេតុទាំងនោះ នេះជាអាហារ នាំសមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំសមាធិសម្ពោជ្ឈង្គដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើន ពេញលេញឡើងបាន។
[៣៧១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃឧបេក្ខាសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងការធ្វើឱ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារ នាំឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឱ្យកើតឡើង ឬនាំឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែចម្រើន ពេញលេញឡើងបាន។
[៣៧២] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះសោត តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។
សីលសូត្រទី៣
[៣៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយឯណា បរិបូណ៌ដោយសីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយបញ្ញា បរិបូណ៌ដោយផលវិមុត្តិ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការឃើញ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការស្តាប់ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការចូលទៅរកភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរសើរនូវការចូលទៅអង្គុយជិតភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរសើរនូវការរឭករឿយៗ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរសើរនូវការបួសតាមភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន។ ដំណើរនោះ តើព្រោះហេតុអ្វី? ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលបានស្តាប់ធម៌ របស់ពួកភិក្ខុបែបនោះហើយ រមែងឃា្លតចេញ ដោយការឃ្លាតកាយ និងការឃ្លាតចិត្តទាំងពីរ កាលបើភិក្ខុនោះ ឃ្លាតចេញដូច្នោះហើយ រមែងរឭករឿយៗ ត្រិះរិះរឿយៗ នូវធម៌នោះ។
[៣៧៤] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបានឃ្លាតចេញ យ៉ាងនោះ ហើយរឭករឿយៗ ពិចារណារឿយៗ នូវធម៌នោះ សតិសម្ពោជ្ឈង្គ ឈ្មោះថាភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើនសតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើន របស់ភិក្ខុក្នុងសម័យនោះ ភិក្ខុនោះដែលបាននឹករឭកដូច្នោះ ឈ្មោះថា ពិចារណា ត្រិះរិះ គន់រក នូវធម៌នោះ ដោយបញ្ញា។
[៣៧៥] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបាននឹករឭកដូច្នោះ ពិចារណាត្រិះរិះ គន់រកនូវធម៌នោះ ដោយបញ្ញាហើយ ធម្មវិចយសម្ពោជ្ឈង្គ ឈ្មោះថាភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើនធម្មវិចយសម្ពោជ្ឈង្គ ក្នុងសម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលភិក្ខុនោះ ពិចារណា ត្រិះរិះ គន់រកនូវធម៌នោះ ដោយបញ្ញា សេចក្តីព្យាយាមមិនធូរថយ ឈ្មោះថាបានប្រារព្ធហើយ។
[៣៧៦] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុពិចារណា ត្រិះរិះគន់រក នូវធម៌នោះដោយបញ្ញា សេចក្តីព្យាយាមមិនធូរថយ ឈ្មោះថា បានប្រារព្ធហើយ វីរិយសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើន នូវវីរិយសម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើន របស់ភិក្ខុក្នុងសម័យនោះ បីតិដែលប្រាសចាកអាមិស រមែងកើតឡើង ដល់ភិក្ខុដែលមានព្យាយាមបរិបូណ៌ហើយ។
[៣៧៧] ម្នាលភិក្ខុទាំងឡាយ បីតិដែលប្រាសចាកអាមិស កើតឡើងដល់ភិក្ខុ ដែលបរិបូណ៌ ដោយព្យាយាមហើយ ក្នុងសម័យណា បីតិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើន នូវបីតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បីតិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលបើភិក្ខុ មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់បាន។
[៣៧៨] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមានចិត្ត ប្រកបដោយបីតិ កាយក៏ស្ងប់រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់ ក្នុងសម័យណា បស្សទ្ធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើន នូវបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលបើភិក្ខុមានកាយស្ងប់រម្ងាប់ ប្រកបដោយសេចក្តីសុខចិត្ត ក៏តាំងនៅមាំ។
[៣៧៩] ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់ភិក្ខុអ្នកមានកាយស្ងប់រម្ងាប់ មានសេចក្តីសុខ បានតាំងមាំ ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ សមាធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើន នូវសមាធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើន របស់ភិក្ខុ ក្នុងសម័យនោះ ភិក្ខុនោះឈ្មោះថា ធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឱ្យជាឧបេក្ខាបានល្អ។
[៣៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឱ្យជាឧបេក្ខាបានល្អ ក្នុងសម័យណា ឧបេក្ខាសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចម្រើនរបស់ភិក្ខុ ក្នុងសម័យនោះ។
[៣៨១] ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចម្រើនយ៉ាងនេះ ធ្វើឱ្យក្រាស់ក្រែល យ៉ាងនេះហើយ រមែងបានផល៧ អានិសង្ស៧។ ផលទាំង៧ អានិសង្សទាំង៧ តើអ្វីខ្លះ?
[៣៨២] ភិក្ខុរមែងសម្រេច នូវព្រះអរហត្ត ក្នុងបច្ចុប្បន្ននេះឯង មុន (ស្លាប់) បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ រមែងសម្រេចអរហត្ត ក្នុងកាលជិតស្លាប់។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ គង់បានជាអន្តរាបរិនិព្វាយី [ព្រះអនាគាមិ អស់សំយោជនៈខាងក្រោម៥ហើយ សម្រេចអរហត្ត បានបរិនិព្វាន ក្នុងកាលអាយុមិនទាន់ដល់ពាក់កណ្តាល ហៅថា អន្តរាបរិនិព្វាយី ដូចជាលោកដែលកើតក្នុងព្រហ្មជាន់អវិហា មានកំណត់អាយុ ១ពាន់កប្ប បើបានបរិនិព្វាន ក្នុងវេលាអាយុបាន ១រយកប្បក្តី ២រយកប្បក្តី ៤រយកប្បក្តី ក៏ហៅថា អន្តរាបរិនិព្វាយី ដូចគ្នាទាំង៣ពួកនោះ។ តាមន័យសារត្ថប្បកាសិនី។] ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម ៥ ទេ គង់បានជាឧបហច្ចបរិនិព្វាយី [ព្រះអនាគាមិ ដែលទៅកើតក្នុងព្រហ្មជាន់សុទ្ធាវាស សម្រេចអរហត្ត បរិនិព្វាន ក្នុងវេលាអាយុហួសពាក់កណ្តាលហើយ ហៅថា ឧបហច្ចបរិនិព្វាយី។] ព្រោះអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ។ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាអសង្ខារបរិនិព្វាយី [ព្រះអនាគាមិ ដែលបានសម្រេចអរហត្ត ដោយមិនបានប្រឹងប្រកបព្យាយាម ហៅថា អសង្ខារបរិនិព្វាយី។] ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនបានសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជាអសង្ខារបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាសសង្ខារបរិនិព្វាយី [ព្រះអនាគាមិ ក្នុងជាន់សុទ្ធាវាស បានសម្រេចអរហត្ត បរិនិព្វាន ដោយការប្រកបព្យាយាម ហៅថា សសង្ខារបរិនិព្វាយី។] ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាអសង្ខារបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាសសង្ខារបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់នឹងបានជាឧទ្ធំសោតអកនិដ្ឋគាមី [ព្រះអនាគាមី ដែលមិនបានសម្រេចអរហត្តក្នុងភពដែលកើតទេ ក៏ត្រូវទៅកើតក្នុងភពអកនិដ្ឋ បរិនិព្វានក្នុងភពនោះ ហៅថា ឧទ្ធំសោតអកនិដ្ឋគាមី។] ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចម្រើនយ៉ាងនេះ ធ្វើឱ្យរឿយៗ យ៉ាងនេះហើយ ផល៧ អានិសង្ស៧ នេះ ក៏កើតប្រាកដ។
វត្ថសូត្រទី៤
[៣៨៣] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ ដូច្នេះ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពោជ្ឈង្គនេះ មាន៧។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលអាវុសោទាំងឡាយ នេះឯង ពោជ្ឈង្គ ទាំង៧។
[៣៨៤] ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គ ទាំង៧ប្រការនេះឯង បើខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងបុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងបុព្វណ្ហសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងមជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងមជ្ឈន្តិកសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងសាយណ្ហសម័យបាន។
[៣៨៥] ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំដូច្នេះ សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើសតិសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គ របស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។
[៣៨៦] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតដល់ខ្ញុំ ដូច្នេះ សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះជាបច្ច័យ។
[៣៨៧] ម្នាលអាវុសោទាំងឡាយ ដូចទូដាក់សំពត់ ពេញដោយសំពត់ ដែលជ្រលក់ដោយពណ៌ផ្សេងៗ របស់ព្រះរាជាក្តី របស់រាជមហាមាត្យក្តី ព្រះរាជា ឬមហាមាត្យនោះ ប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងបុព្វណ្ហសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកក្នុងបុព្វណ្ហសម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងមជ្ឈន្តិកសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងមជ្ឈន្តិកសម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងសាយណ្ហសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងសាយណ្ហសម័យបាន យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គ ទាំង៧នេះឯង ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងបុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងបុព្វណ្ហសម័យបាន ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងមជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងមជ្ឈន្តិកសម័យបាន ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងសាយណ្ហសម័យបាន ក៏យ៉ាងនោះដែរ។
[៣៨៨] ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះ សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើសតិសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។
[៣៨៩] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះ សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជា
បច្ច័យ។
ភិក្ខុសូត្រទី៥
[៣៩០] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន គេតែងនិយាយថា ពោជ្ឈង្គ ដូច្នេះ តើដោយហេតុប៉ុន្មាន។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីឱ្យត្រាស់ដឹង ហេតុនោះ បានជាហៅថា ពោជ្ឈង្គ ដូច្នេះ។
[៣៩១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ទន់ទោរទៅក្នុងការលះបង់។បេ។
[៣៩២] ភិក្ខុចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅក្នុងការលះបង់។
[៣៩៣] កាលបើភិក្ខុនោះ ចម្រើនពោជ្ឈង្គ ទាំង៧នេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ចបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ហេតុនោះ បានជាហៅថា ពោជ្ឈង្គ។
កុណ្ឌលិយសូត្រទី៦
[៣៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឱ្យអភ័យដល់ម្រឹគ ជិតក្រុងសាកេត។ គ្រានោះឯង បរិព្វាជក ឈ្មោះ កុណ្ឌលិយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះកុណ្ឌលិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ ជាអ្នកចេញចូលក្នុងសួនច្បារ ជាអ្នកអង់អាច ក្នុងបរិស័ទ បពិត្រព្រះគោតមដ៏ចម្រើន ការទៅសួនច្បារនេះ ជាអាហាររបស់ខ្ញុំ ដែលបរិភោគបាយព្រឹក ក្នុងកាលជាខាងក្រោយភត្ត រួចហើយខ្ញុំព្រះអង្គ តែងចង្រ្កម និងត្រាច់រង្គាត់អំពីសួនច្បារមួយ ទៅកាន់សួនច្បារមួយ អំពីឱទ្យានមួយ ទៅកាន់ឱទ្យានមួយ ខ្ញុំព្រះអង្គ តែងឃើញសមណព្រាហ្មណ៍មួយពួក ក្នុងអារាម និងឱទ្យាននោះ ថ្លែងនូវអានិសង្ស នៃការដោះវាទៈរួចផង នូវអានិសង្ស នៃការប្រណាំងប្រជែងផង ដូច្នេះ ចំណែកខាងព្រះគោតមដ៏ចម្រើន តើមានអ្វី ជាអានិសង្សដែរឬ។ ម្នាលកុណ្ឌលិយ ព្រះតថាគត មានវិជ្ជា និងវិមុត្តិ ជាផលានិសង្ស។
[៣៩៥] បពិត្រព្រះគោតមដ៏ចម្រើន ធម៌ទាំងឡាយ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ ញ៉ាំងវិជ្ជា និងវិមុត្តិ ឱ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឱ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ទាំងឡាយ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ ញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ទាំងឡាយ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ ញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឱ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឱ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ទាំងឡាយ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ ញ៉ាំងសុចរិត ទាំង៣ ឱ្យពេញលេញបាន តើដូចម្តេចខ្លះ។
[៣៩៦] ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឱ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចម្រើនហើយ ដូចម្តេច ធ្វើឱ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងសុចរិត ទាំង៣ ឱ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ជាទីគាប់ចិត្ត ដោយចក្ខុហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងតម្រេក ឱ្យកើត នាមកាយរបស់ភិក្ខុនោះ ដំកល់នៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ភិក្ខុឃើញរូប ដែលមិនគាប់ចិត្ត ដោយភ្នែកហើយ ជាអ្នកមិនមានមុខជ្រប់ មានចិត្តមិនតាំងខ្ជាប់ (ដោយអំណាច នៃកិលេស) មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ ដំកល់នៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ មួយទៀត ភិក្ខុឮសំឡេង ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់ នូវធម្មារម្មណ៍ ជាទីគាប់ចិត្ត ដោយមនោហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងសេចក្តីត្រេកត្រអាលឱ្យកើត នាមកាយរបស់ភិក្ខុនោះ តាំងនៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ លុះដឹងច្បាស់ នូវធម្មារម្មណ៍មិនជាទីគាប់ចិត្ត ដោយមនោហើយ មិនមានមុខជ្រប់ មានចិត្តមិនតាំងនៅស៊ប់ មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ កាលណាភិក្ខុ ឃើញរូបដោយភ្នែកហើយ តាំងនៅក្នុងរូប ជាទីគាប់ចិត្ត និងមិនគាប់ចិត្ត មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្សរស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយមនោ កាយរបស់ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំងឡាយ ជាទីពេញគាប់ចិត្ត និងមិនគាប់ចិត្តហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលភិក្ខុចម្រើនយ៉ាងនេះហើយ ធ្វើឱ្យរឿយៗយ៉ាងនេះហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឱ្យពេញលេញបាន។
[៣៩៧] ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចម្រើនហើយ ដូចម្តេច ធ្វើឱ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឱ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ លះបង់ នូវកាយទុច្ចរិត ចម្រើននូវកាយសុចរិត លះបង់ នូវវចីទុច្ចរិត ចម្រើន នូវវចីសុចរិត លះបង់ នូវមនោទុច្ចរិត ចម្រើននូវមនោសុចរិត។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចម្រើនយ៉ាងនេះហើយ ធ្វើឱ្យរឿយៗ យ៉ាងនេះហើយ រមែងញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឱ្យពេញលេញបាន។
[៣៩៨] ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចម្រើនហើយ ដូចម្តេច ធ្វើឱ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចម្រើនយ៉ាងនេះហើយ ធ្វើឱ្យរឿយៗយ៉ាងនេះហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យពេញលេញបាន។
[៣៩៩] ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុចម្រើនហើយ ដូចម្តេច ធ្វើឱ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងវិជ្ជា និងវិមុត្តិ ឱ្យពេញលេញបាន។ ម្នាល
កុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅ ក្នុងការលះបង់។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទំាង៧ ដែលបុគ្គលចម្រើនហើយ យ៉ាងនេះ ធ្វើរឿយៗហើយយ៉ាងនេះឯង រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឱ្យពេញលេញបាន។
[៤០០] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កុណ្ឌលិយបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន (ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ) ដូចជាគេផ្ងារ នូវវត្ថុដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ឬក៏ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេង ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ នឹងមើលឃើញរូបទាំងឡាយ។ ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ក៏ដូច្នោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់ នូវសរណៈ ស្មើដោយជីវិត។
កូដាគារសូត្រទី៧
[៤០១] ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់ នៃផ្ទះមានកំពូលឯណាមួយ បង្កង់ទាំងអស់នោះ បង្អោនទៅរកកំពូល ទេរទៅរកកំពូល ឈមទៅរកកំពូល យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ ជាបុគ្គលមានចិត្តបង្អោនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វានក៏យ៉ាងនោះដែរ។
[៤០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើន នូវពោជ្ឈង្គ ទាំង៧ ធើ្វឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តែងមានចិត្តឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យ នូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចម្រើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យ នូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើន នូវពោជ្ឈង្គ ទាំង៧ ធើ្វឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តែងមានចិត្តឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។
ឧបវានសូត្រទី៨
[៤០៣] សម័យមួយ ព្រះឧបវាណដ៏មានអាយុ និងព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចេញអំពីទីសំងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះឧបវាណដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧបវាណដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីយរាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះឧបវាណដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោឧបវាណ ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួនថា សត្តពោជ្ឈង្គ ដែលអាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅសប្បាយ ដូច្នេះដែរឬ។ ម្នាលអាវុសោ សារីបុត្ត ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួនថា សត្តពោជ្ឈង្គ ដែលអាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីសប្បាយ ដូច្នេះបាន។
[៤០៤] ម្នាលអាវុសោ កាលភិក្ខុចម្រើន នូវសតិសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ ក៏បានគាស់រំលើងល្អហើយ ឧទ្ធច្ចកុក្កុច្ច អាត្មាអញ ក៏បានបន្សាត់បង់ល្អហើយ ព្យាយាម អាត្មាអញ ក៏បានប្រារព្ធហើយ អាត្មាអញ មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយឡើយ។បេ។
[៤០៥] ម្នាលអាវុសោ កាលភិក្ខុចម្រើនឧបេក្ខាសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ បានគាស់រំលើងហើយ ឧទ្ធច្ចកុក្កុច្ច អាត្មាអញ ក៏បានបន្សាត់បង់ល្អហើយ សេចក្តីព្យាយាម អាត្មាអញ ក៏បានប្រារព្ធហើយ អាត្មាអញ មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយឡើយ។
[៤០៦] ម្នាលអាវុសោសារីបុត្ត ភិក្ខុគប្បីដឹង ដោយការធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួន យ៉ាងនេះថា សត្តពោជ្ឈង្គ អាត្មាអញ ធ្វើល្អយ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅសប្បាយ។
បឋមឧប្បន្នសូត្រទី៩
[៤០៧] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើងមិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីការកើតឡើង នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើងមិនបានទេ។
ទុតិយឧប្បន្នសូត្រទី១០
[៤០៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ ដែលមិនដែលកើតឡើង រមែងកើតឡើងបាន តែក្រៅអំពីវិន័យ របស់ព្រះសុគតចេញ កើតឡើងមិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីវិន័យ របស់ព្រះសុគតចេញ កើតឡើងមិនបានទេ។
ចប់ បព្វតវគ្គ ទី១។
ឧទ្ទាននៃបព្វតវគ្គនោះ គឺ
និយាយអំពីស្តេចភ្នំ ឈ្មោះហិមវន្ត១ កាយ១ សីល១ វត្តរបស់ព្រះសារីបុត្ត១ ភិក្ខុសួរនូវពាក្យថា ពោជ្ឈង្គ១ បរិព្វាជកឈ្មោះ កុណ្ឌលិយ ១ ផ្ទះមានកំពូល១ ព្រះឧបវាណ១ និងការកើតឡើង នៃសត្តពោជ្ឈង្គ ២លើក ដទៃទៀត។
គិលានវគ្គ ទី២
បាណសូត្រទី១
[៤០៩] ម្នាលភិក្ខុទាំងឡាយ ដូចសត្វទាំងឡាយណាមួយ សម្រេចឥរិយាបថទាំង៤ គឺដើរតាមកាល ឈរតាមកាល អង្គុយតាមកាល ដេកតាមកាល សត្វទាំងអស់នោះ អាស្រ័យផែនដី តាំងស៊ប់លើផែនដី ទើបសម្រេចឥរិយាបថ ទាំង៤នោះ យ៉ាងនេះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល ទើបចម្រើនពោជ្ឈង្គ ទាំង៧ ធ្វើឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ បាន ក៏យ៉ាងនោះដែរ។
[៤១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល ទើបចម្រើនពោជ្ឈង្គ ទាំង៧ ធ្វើឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ បាន តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល តែងចម្រើនពោជ្ឈង្គ ទាំង៧ ធ្វើឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
បឋមសូរិយូបមសូត្រទី២
[៤១១] ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង (យ៉ាងណា) ភាវៈ នៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យរឿយៗ នូវពោជ្ឈង្គទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែលជាកល្យាណមិត្ត (កុំខាន)។
[៤១២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានកល្យាណមិត្ត រមែងចម្រើនពោជ្ឈង្គ ទាំង៧ធ្វើឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកល្យាណមិត្ត តែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
ទុតិយសូរិយូបមសូត្រទី៣
[៤១៣] ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះ ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង (យ៉ាងណា) ម្នាលភិក្ខុទាំងឡាយ យោនិសោមនសិការ(ការធ្វើទុកក្នុងចិត្ត ដោយឧបាយ) នុ៎ះជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឱ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការ (កុំខាន)។
[៤១៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការ រមែងចម្រើននូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
បឋមគិលានសូត្រទី៤
[៤១៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ គង់នៅក្នុងបិប្ផលិគុហា លោកមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់។
[៤១៦] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចូលទៅរកព្រះមហាកស្សបដ៏មានអាយុ លុះចូទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់មានព្រះពុទ្ធដីកា នឹងព្រះមហាកស្សបដ៏មានអាយុដូច្នេះថា ម្នាលកស្សប សរីរយន្តរបស់អ្នក ល្មមអត់ធន់បានខ្លះដែរឬ ល្មមឱ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាធូរថយ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន សរីរយន្តរបស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ ឱ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ក្លៀវក្លាខ្លាំងណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។
[៤១៧] ម្នាលកស្សប ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រពៃហើយ បានចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ?
[៤១៨] ម្នាលកស្សប សតិសម្ពោជ្ឈង្គ ដែលតថាគត បានសំដែងប្រាប់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។បេ។ ម្នាលកស្សប ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បនិព្វាន។ ម្នាលកស្សប សម្ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។
[៤១៩] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ បានត្រាស់ធម៌នេះចប់ហើយ។ ព្រះមហាកស្សបដ៏មានអាយុ ក៏ត្រេកអរ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។ ឯព្រះមហាកស្សបដ៏មានអាយុ ក៏បានជាសះស្បើយ ចាកអាពាធនោះ មួយទៀត អាពាធនោះ ក៏ព្រះមហាកស្សបដ៏មានអាយុ បានលះបង់ យ៉ាងនោះហើយ។
ទុតិយគិលានសូត្រទី៥
[៤២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់នៅជិតភ្នំគិជ្ឈកូដ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។
[៤២១] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធដីកា នឹងព្រះមហាមោគ្គល្លាន ដ៏មានអាយុ ដូច្នេះថា ម្នាលមោគ្គលា្លន សរីរយន្តរបស់អ្នក ល្មមអត់ធន់បានខ្លះដែរឬ អ្នកល្មមឱ្យប្រព្រឹត្តទៅបានខ្លះដែរឬ ទុក្ខវេទនាធូរថយទៅ មិនចម្រើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចម្រើន សរីរយន្តរបស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមឱ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ពេកណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។
[៤២២] នែមោគ្គលា្លន ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ សម្ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។
[៤២៣] ម្នាលមោគ្គលា្លន សតិសម្ពោជ្ឈង្គ ដែលតថាគតសំដែងប្រាប់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ ម្នាលមោគ្គល្លាន ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគតសំដែងប្រាប់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមោគ្គល្លាន ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[៤២៤] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ធម៌នេះចប់ហើយ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។ ឯព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានជាសះស្បើយ ចាកអាពាធនោះ អាពាធនោះ ក៏ព្រះមហាមោគ្គល្លាន បានលះបង់ យ៉ាងនោះហើយ។
តតិយគិលានសូត្រទី៦
[៤២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។
[៤២៦] គ្រានោះឯង ព្រះមហាចុន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាចុន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគបានត្រាស់ ដូច្នេះថា ម្នាលចុន្ទ ចូរអ្នកសំដែងពោជ្ឈង្គទាំងឡាយ។ បពិត្រព្រះអង្គដ៏ចម្រើន ពោជ្ឈង្គ ទាំង៧នេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។
[៤២៧] បពិត្រព្រះអង្គដ៏ចម្រើន សតិសម្ពោជ្ឈង្គ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបេក្ខាសម្ពោជ្ឈង្គ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចម្រើន ពោជ្ឈង្គ ទាំង៧នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចម្រើនហើយ ធ្វើឱ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[៤២៨] ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះមហាចុន្ទដ៏មានអាយុ សំដែងនូវធម៌នេះចប់ហើយ ព្រះសាស្តា ក៏ទ្រង់ពេញព្រះហឫទ័យ។ ព្រះដ៏មានព្រះភាគ ក៏បានជាសះស្បើយ ចាកអាពាធនោះ អាពាធនោះ ព្រះដ៏មានព្រះភាគ ក៏បានលះបង់ យ៉ាងនោះហើយ។
បារង្គមសូត្រទី៧
[៤២៩] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឱ្យឃ្លាតចាកទី មិនមែនជាត្រើយ ឱ្យដល់ទីជាត្រើយ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឱ្យឃ្លាតចាកទី មិនមែនជាត្រើយ ឱ្យដល់ទីជាត្រើយ។
[៤៣០] បណ្តាមនុស្សទាំងឡាយ ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជនទាំងឡាយនោះ មានចំនួនតិចទេ សត្វក្រៅពីនេះ សសៀរទៅតាមត្រើយ គឺវដ្តៈ។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគត សំដែងប្រាប់ប្រពៃហើយ ពួកជននោះ នឹងឆ្លងផុតទីកន្លែងរបស់មច្ចុ ដែលគេឆ្លងបានដោយលំបាកពេក ហើយដល់នូវត្រើយ គឺព្រះនិព្វានបាន។ បណ្ឌិតលះបង់ នូវធម៌ខ្មៅ ហើយចម្រើនធម៌ស ចេញចាកអាល័យ អាស្រ័យព្រះនិព្វាន ដែលគ្មានសេចក្តីអាល័យហើយ គប្បីលះបង់កាមទាំងឡាយ ជាអ្នកឥតមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរចំពោះ ក្នុងសេចក្តីស្ងប់ស្ងាត់ ដែលសត្វត្រេកអរបាន ដោយកម្រនោះ បណ្ឌិតត្រូវធ្វើខ្លួនឱ្យផូរផង់ ចាកសេចក្តីសៅហ្មងនៃចិត្ត ពួកជនណា បានចម្រើនចិត្ត ដោយប្រពៃ ក្នុងសម្ពោជ្ឈង្គទាំងឡាយ ហើយមិនបានប្រកាន់មាំ ត្រេកអរក្នុងការលះសេចក្តីប្រកាន់ ពួកជននោះ រមែងអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានហើយក្នុងលោក។
វិរទ្ធសូត្រទី៨
[៤៣១] ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧ ហើយ ពួកជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឱ្យអស់ទុក្ខ ដោយប្រពៃដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយ បានប្រារព្ធពោជ្ឈង្គ ទាំង៧ហើយ អ្នកនោះ ក៏ឈ្មោះថា បានប្រារព្ធអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឱ្យអស់ទុក្ខ ដោយប្រពៃដែរ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៣២] ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧នេះ ពួកជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឱ្យអស់ទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ ប្រារព្ធពោជ្ឈង្គ ទាំង៧នេះ ពួកជននោះ ក៏ឈ្មោះថា បានប្រារព្ធ នូវអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឱ្យអស់ទុក្ខ ដោយប្រពៃដែរ។
អរិយសូត្រទី៩
[៤៣៣] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ ជាធម៌ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងប្រព្រឹត្តទៅ ដើម្បីឱ្យអស់ទុក្ខ ដល់អ្នកចម្រើនពោជ្ឈង្គនោះ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីឱ្យអស់ទុក្ខ ដោយប្រពៃ ដល់អ្នកចម្រើនពោជ្ឈង្គនោះ។
និព្វិទាសូត្រទី១០
[៤៣៤] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
ចប់ គិលានវគ្គ ទី២។
ឧទ្ទាននៃគិលានវគ្គនោះ គឺ
និយាយអំពីពួកសត្វ១ ឧបមាដូចព្រះអាទិត្យ មាន២រឿង ជំងឺ មាន៣រឿងដទៃទៀត បុគ្គលដល់ត្រើយ១ លះបង់ពោជ្ឈង្គ១ មគ្គដ៏ប្រសើរ១ ពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន១។
ឧទាយិវគ្គ ទី៣
ពោធាយសូត្រទី១
[៤៣៥] គ្រានោះឯង ភិក្ខុមួយរូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា ពោជ្ឈង្គ តើដោយហេតុដូចម្ដេច? ម្នាលភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ។
[៤៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់។បេ។ ចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ។
ពោជ្ឈង្គទេសនាសូត្រទី២
[៤៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវពោជ្ឈង្គ ទាំង៧ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ តើដូចម្ដេច? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ មាន៧នេះឯង។
ឋានិយសូត្រទី៣
[៤៣៨] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងកាមច្ឆន្ទៈ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឱ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃកាមរាគៈ។
[៤៣៩] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងព្យាបាទ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឱ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃព្យាបាទ។
[៤៤០] ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឱ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃថីនមិទ្ធៈ។
[៤៤១] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឱ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃឧទ្ធច្ចកុក្កុច្ចៈ។
[៤៤២] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏កើតឡើង និងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឱ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃវិចិកិច្ឆា។
[៤៤៣] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញបរិបូណ៌ ដោយភាវនាព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឱ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃសតិសម្ពោជ្ឈង្គ។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញបរិបូណ៌ដោយភាវនា ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឱ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃឧបេក្ខាសម្ពោជ្ឈង្គ។
អយោនិសោមនសិការសូត្រទី៤
[៤៤៤] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងព្យាបាទ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ ឧទ្ធច្ចកុក្កុច្ចៈដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏កើតឡើង និងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៤៥] សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏រលត់ទៅវិញ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏រលត់ទៅវិញ។
[៤៤៦] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏លះចេញបាន។ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងព្យាបាទ ដែលកើតឡើងហើយ ក៏លះចេញបាន។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏លះចេញបាន។ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏លះចេញបាន។ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏លះចេញបាន។
[៤៤៧] សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញ បរិបូណ៌ដោយភាវនា។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញ បរិបូណ៌ដោយភាវនា។
អបរិហានិយសូត្រទី៥
[៤៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអបរិហានីយធម៌ គឺធម៌ ដែលមិនសាបសូន្យ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានីយធម៌ ទាំង៧ប្រការ តើដូចម្ដេច? គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការ តើដូចម្ដេច? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ អបរិហានីយធម៌ មាន៧ប្រការនេះឯង។
តណ្ហក្ខយសូត្រទី៦
[៤៤៩] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា ចូរអ្នកទាំងឡាយ ចម្រើនមគ្គនោះ បដិបទានោះចុះ។ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។ គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការតើអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៥០] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើឱ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញបាន។បេ។ ភិក្ខុចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ កំពុងចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញ ព្រោះការលះបង់តណ្ហាបាន ទើបលះបង់កម្មបាន ព្រោះការលះបង់កម្មបាន ទើបលះបង់សេចក្តីទុក្ខបាន។ ម្នាលឧទាយិ ការអស់ទៅ នៃកម្ម ព្រោះអស់ទៅនៃតណ្ហា ការអស់ទៅ នៃសេចក្តីទុក្ខ ព្រោះអស់ទៅនៃកម្ម ដោយប្រការដូច្នេះឯង។
តណ្ហានិរោធសូត្រទី៧
[៤៥១] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា ចូរអ្នកទាំងឡាយ ចម្រើនមគ្គនោះ បដិបទានោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីរលត់ទៅ នៃតណ្ហា។ គឺពោជ្ឈង្គ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ តើដូចម្ដេច? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៥២] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលភិក្ខុបានចម្រើនដូចម្តេច បានធ្វើឱ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចម្រើនយ៉ាងនេះ ធ្វើឱ្យច្រើនយ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។
និព្វេធភាគិយសូត្រទី៨
[៤៥៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងមគ្គ ជាចំណែក នៃការចាក់ទម្លុះនូវ (រាគាទិក្កិលេស) ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដែលជាចំណែក នៃការចាក់ទម្លុះ នូវ (រាគាទិក្កិលេស) តើដូចម្ដេច? គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ពោជ្ឈង្គ ទាំង៧ប្រការ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៥៤] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពោជ្ឈង្គទាំង៧ ដែលភិក្ខុបានចម្រើនដូចម្តេច បានធ្វើឱ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីការចាក់ទម្លុះ នូវ (រាគាទិក្កិលេស)។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ មានចិត្តអប់រំ ដោយសតិសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយ នូវគំនរលោភៈ ដែលខ្លួនមិនទាន់ចាក់ទម្លុះ មិនទាន់ទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរមោហៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ។បេ។ ភិក្ខុចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ មានចិត្តអប់រំ ដោយឧបេក្ខាសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយ នូវគំនរលោភៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរមោហៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ។ ម្នាលឧទាយិ ពោជ្ឈង្គ ទាំង៧ ប្រការ ដែលភិក្ខុបានចម្រើនយ៉ាងនេះ បានធ្វើឱ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីការចាក់ទម្លុះ នូវ (រាគាទិក្កិលេស)។
ឯកធម្មសូត្រទី៩
[៤៥៥] ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណារកមិនឃើញធម៌ដទៃណាមួយ ដែលភិក្ខុបានចម្រើនយ៉ាងនេះ បានធ្វើឱ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ដូចជាពោជ្ឈង្គ ទាំង៧នេះឡើយ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៥៦] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចម្រើនដូចម្តេច បានធ្វើឱ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីការលះបង់។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីការលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ប្រការ ដែលភិក្ខុបានចម្រើនយ៉ាងនេះ បានធ្វើឱ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។
[៤៥៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ចក្ខុចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនោះ រមែងកើតឡើង ព្រោះចក្ខុនោះ សោតៈ ឃានៈ ជិវ្ហា ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង ព្រោះធម៌ទាំងនោះ មនោ ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង ព្រោះមនោនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។
ឧទាយិសូត្រទី១០
[៤៥៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ សេតកៈ របស់អ្នកស្រុកសុម្ភៈទាំងឡាយ ក្នុងដែនសុម្ភៈ។ គ្រានោះឯង ព្រះឧទាយិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឧទាយិដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ។
[៤៥៩] បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះអស្ចារ្យ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ចំឡែក បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ព្រោះមានឧបការៈច្រើន ដល់ខ្ញុំព្រះអង្គ ដោយពិត បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ កាលពីដើម នៅជាគ្រហស្ថ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះធម៌ទេ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះសង្ឃទេ ខ្ញុំព្រះអង្គ ពិចារណាឃើញ នូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ទើបចេញចាកផ្ទះ មកកាន់ផ្នួស ព្រះដ៏មានព្រះភាគ បានសំដែងធម៌ ដល់ខ្ញុំព្រះអង្គថា រូប ដូច្នេះ ហេតុជាទីកើត នៃរូប ដូច្នេះ សេចក្តីវិនាស នៃរូប ដូច្នេះ វេទនា ដូច្នេះ។បេ។ សញ្ញាដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។ វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ សេចក្តីវិនាស នៃវិញ្ញាណដូច្នេះ។
[៤៦០] បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គ នៅក្នុងផ្ទះដ៏ស្ងាត់ បានប្រែត្រឡប់ឱ្យផ្ងារឡើង និងផ្កាប់ចុះ នូវឧបាទានក្ខន្ធ ទាំង៥នេះ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ ជាទីកើត នៃទុក្ខ បានដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទីរលត់នៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់នៃទុក្ខ។
[៤៦១] បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយផង មគ្គ ខ្ញុំព្រះអង្គ បានចំពោះហើយផង មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ មគ្គនោះ នឹងនាំខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយអាការនោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឱ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន សតិសម្ពោជ្ឈង្គ ខ្ញុំព្រះអង្គ បានចំពោះហើយ សតិសម្ពោជ្ឈង្គឯណា ដែលខ្ញុំព្រះអង្គ បានចម្រើន បានធ្វើឱ្យច្រើនហើយ សតិសម្ពោជ្ឈង្គនោះ នឹងនាំឱ្យខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឱ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបេក្ខាសម្ពោជ្ឈង្គ ខ្ញុំព្រះអង្គ បានចំពោះហើយ ឧបេក្ខាសម្ពោជ្ឈង្គឯណា ដែលខ្ញុំព្រះអង្គ បានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ ឧបេក្ខាសម្ពោជ្ឈង្គនោះ នឹងនាំឱ្យខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឱ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន នេះឯង ជាមគ្គ ដែលខ្ញុំព្រះអង្គ បានចំពោះហើយ មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ មគ្គនោះ នឹងនាំឱ្យខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឱ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
[៤៦២] ម្នាលឧទាយិ ប្រពៃណាស់ហើយ ម្នាលឧទាយិ ប្រពៃណាស់ហើយ ព្រោះថា មគ្គនុ៎ះ អ្នកបានចំពោះហើយ មគ្គឯណា ដែលអ្នកបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ មគ្គនោះ នឹងនាំអ្នកដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឱ្យអ្នកដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ចប់ ឧទាយិវគ្គ ទី៣។
ឧទ្ទាននៃឧទាយិវគ្គនោះ គឺ
ពោលអំពីពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង១ អំពីការសំដែងពោជ្ឈង្គ១ អំពីធម៌ជាហេតុ ជាទីតាំងនៃកាមរាគៈ១ អំពីការធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយប្រាជ្ញា១ អំពីអបរិហានីយធម៌១ អំពីការអស់ទៅ នៃតណ្ហា១ អំពីការរលត់ នៃតណ្ហា១ អំពីការចាក់ទម្លុះ នូវរាគាទិក្កិលេស១ អំពីទ្រង់មិនឃើញធម៌ដទៃ សូម្បីមួយ១ អំពីព្រះឧទាយិដ៏មានអាយុ១។
នីវរណវគ្គ ទី៤
បឋមកុសលសូត្រទី១
[៤៦៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែកកុសល ជាបក្ខពួកកុសល ធម៌ទាំងអស់នោះ មានសេចក្តីមិនប្រមាទ ជាឫសគល់ ជាទីប្រជុំចុះ ក្នុងសេចក្តីមិនប្រមាទ សេចក្តីមិនប្រមាទ ប្រាកដជាកំពូល នៃកុសលធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ នឹងប្រាកដ ដល់ភិក្ខុដែលមិនប្រមាទ ភិក្ខុនោះ នឹងចម្រើន នូវពោជ្ឈង្គ ទំាង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ប្រការ។
[៤៦៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនប្រមាទ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។បេ។ ចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនប្រមាទ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
ទុតិយកុសលសូត្រទី២
[៤៦៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែកនៃកុសល ជាបក្ខពួក នៃកុសល ធម៌ទាំងអស់នោះ មានយោនិសោមនសិការៈ ជាឫសគល់ មានយោនិសោមនសិការៈ ជាទីប្រជុំចុះ យោនិសោមនសិការៈ ប្រាកដជាកំពូល នៃធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ នឹងប្រាកដដល់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចម្រើន នូវពោជ្ឈង្គ ទំាង៧ នឹងធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៤៦៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចម្រើនពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។បេ។ រមែងចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយយោនិសោមនសិការៈ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
ឧបក្កិលេសសូត្រទី៣
[៤៦៧] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាសនេះ មាន៥យ៉ាង ដែលធ្វើឱ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង។ ឧបក្កិលេស ទាំង៥ តើអ្វីខ្លះ?
[៤៦៨] ម្នាលភិក្ខុទាំងឡាយ ដែកជាឧបក្កិលេស របស់មាស ដែលធ្វើឱ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។
[៤៦៩] ម្នាលភិក្ខុទាំងឡាយ ស្ពាន់ ជាឧបក្កិលេសរបស់មាស ដែលធ្វើឱ្យមាសសៅហ្មង។បេ។
[៤៧០] ម្នាលភិក្ខុទាំងឡាយ សំណប៉ាហាំង ជាឧបក្កិលេសរបស់មាស។បេ។
[៤៧១] ម្នាលភិក្ខុទាំងឡាយ សំណភក់ ជាឧបក្កិលេសរបស់មាស។បេ។
[៤៧២] ម្នាលភិក្ខុទាំងឡាយ ប្រាក់ ជាឧបក្កិលេស របស់មាស ដែលធ្វើឱ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។
[៤៧៣] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាស ទាំង៥នេះឯង ដែលធ្វើឱ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។
[៤៧៤] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ឧបក្កិលេស នៃចិត្ត ទាំង៥នេះ ដែលធ្វើឱ្យចិត្តសៅហ្មង ទៅជាធម្មជាតមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។ ឧបក្កិលេស ទាំង៥ គឺអ្វីខ្លះ?
[៤៧៥] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើចិត្តឱ្យសៅហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង១។
[៤៧៦] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ជាឧបក្កិលេស នៃចិត្ត ធ្វើឱ្យចិត្តសៅហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជាអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។បេ។
[៤៧៧] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេសនៃចិត្ត ទាំង៥នេះឯង ដែលធ្វើឱ្យចិត្តសៅហ្មង ជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជាអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។
អនុបក្កិលេសសូត្រទី៤
[៤៧៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ប្រការនេះ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។
[៤៧៩] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។
[៤៨០] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត បុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
[៤៨១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែនជាគ្រឿងរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ បុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
អយោនិសោមនសិការសូត្រទី៥
[៤៨២] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយ ប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបាន ទាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៣] ព្យាបាទ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ទាំងព្យាបាទ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៤] ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ទាំងថីនមិទ្ធៈ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៥] ឧទ្ទច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង រមែងកើតឡើង ទាំងឧទ្ទច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៦] វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបាន ទាំងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព។
យោនិសោមនសិការសូត្រទី៦
[៤៨៧] ម្នាលភិក្ខុទាំងឡាយ ចំណែកឯបុគ្គល កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា។បេ។
[៤៨៨] ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា។
ពុទ្ធិសូត្រទី៧
[៤៨៩] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីមិនសាបសូន្យ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីមិនសាបសូន្យ។
អាវរណនីវរណសូត្រទី៨
[៤៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ មាន៥ប្រការនេះ។ ធម៌៥ប្រការ គឺអ្វីខ្លះ? ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ។
[៤៩១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ ប្រព្រឹត្តទៅដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧នេះឯង មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
[៤៩២] ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវកធ្វើឱ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទ ស្តាប់ធម៌ សម័យនោះ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។
[៤៩៣] ចុះនីវរណធម៌ ទាំង៥ ដែលមិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ តើដូចម្ដេច? កាមច្ឆន្ទនីវរណៈ មិនមានក្នុងសម័យនោះ ព្យាបាទនីវរណៈ មិនមានក្នុងសម័យនោះ ថីនមិទ្ធនីវរណៈ មិនមានក្នុងសម័យនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ មិនមានក្នុងសម័យនោះ វិចិកិច្ឆានីវរណៈ មិនមានក្នុងសម័យនោះ។ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ។
[៤៩៤] ពោជ្ឈង្គ ទាំង៧ ដែលដល់ នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ តើដូចម្ដេច? សតិសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។ ពោជ្ឈង្គ ទាំង៧នេះ រមែងដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។
[៤៩៥] ម្នាលភិក្ខុទាំងឡាយ សម័យណា ដែលអរិយសាវក ធ្វើឱ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទស្តាប់ធម៌ សម័យនោះ នីវរណធម៌ ៥ រមែងមិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧នេះ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។
រុក្ខសូត្រទី៩
[៤៩៦] ម្នាលភិក្ខុទាំងឡាយ មានដើមឈើធំៗ មានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើដែលដើមឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។
[៤៩៧] ម្នាលភិក្ខុទាំងឡាយ ចុះដើមឈើធំៗ ដែលមានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ តើដូចម្ដេច? ដើមឈើទាំងនោះ គឺអ្វីខ្លះ? គឺដើមពោធិ៍បាយ ដើមជ្រៃ ដើមលៀប ដើមល្វា ដើមជ្រៃក្រឹម ដើមត្រាង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើធំៗទាំងនេះឯង មានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។
[៤៩៨] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ កុលបុត្តខ្លះ ក្នុងលោកនេះ លះបង់ពួកកាមបែបណា ហើយចេញចាកផ្ទះ ចូលកាន់ផ្នួស កុលបុត្តនោះ ត្រូវពួកកាមបែបនោះ ឬពួកកាមដ៏លាមកក្រៃលែងជាងនោះទៅទៀត គ្របសង្កត់ រួបរឹតដួលដេកទៅ។
[៤៩៩] ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះរួបរឹតចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ។ ធម៌៥ប្រការ គឺអ្វីខ្លះ? ម្នាលភិក្ខុទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញា ឱ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង៥នេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឱ្យមានកម្លាំងខ្សោយ។
[៥០០] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។បេ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
នីវរណសូត្រទី១០
[៥០១] ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះ ជាធម្មជាតធ្វើឱ្យខ្វាក់ ធ្វើមិនឱ្យមានចក្ខុ ធ្វើមិនឱ្យដឹងជាហេតុ ឱ្យរលត់នៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ នីវរណៈធម៌ ៥ប្រការ គឺអ្វីខ្លះ? ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទនីវរណៈ ជាធម្មជាត ធ្វើឱ្យខ្វាក់ ធ្វើមិនឱ្យមានចក្ខុ ធ្វើមិនឱ្យដឹង ជាហេតុឱ្យរលត់ទៅនៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទនីវរណៈ ជាធម្មជាតធ្វើឱ្យខ្វាក់។បេ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធនីវរណៈ ជាធម្មជាត ធ្វើឱ្យខ្វាក់។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ជាធម្មជាតធ្វើឱ្យខ្វាក់។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆានីវរណៈ ជាធម្មជាតធ្វើឱ្យខ្វាក់ ធ្វើមិនឱ្យមានចក្ខុ ធ្វើមិនឱ្យដឹង ជាហេតុឱ្យរលត់ទៅនៃបញ្ញា ជាបក្ខពួកនៃសេចក្តីចង្អៀតចង្អល់ មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះឯង ជាធម្មជាតធ្វើឱ្យខ្វាក់ ធ្វើមិនឱ្យមានចក្ខុ ធ្វើមិនឱ្យដឹង ជាហេតុឱ្យរលត់ទៅនៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។
[៥០២] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ជាធម៌ធ្វើឱ្យមានបញ្ញាចក្ខុ ធ្វើឱ្យដឹង ជាហេតុឱ្យចម្រើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាធម៌ធ្វើឱ្យកើតបញ្ញាចក្ខុ ធ្វើឱ្យដឹង ជាហេតុឱ្យចម្រើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ជាធម៌ធ្វើឱ្យកើតបញ្ញាចក្ខុ ធ្វើឱ្យដឹង ជាហេតុឱ្យចម្រើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ជាធម៌ធ្វើឱ្យកើតបញ្ញាចក្ខុ ធ្វើឱ្យដឹង ជាហេតុឱ្យចម្រើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។
ចប់ នីវរណវគ្គ ទី៤។
ឧទ្ទាននៃនីវរណវគ្គនោះ គឺ
និយាយអំពីកុសល មាន២លើក អំពីឧបក្កិលេស១ អំពីអយោនិសោមនសិការៈ និងយោនិសោមនសិការៈ ២លើក អំពីពោជ្ឈង្គ ទាំង៧ ប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន១ អំពីពោជ្ឈង្គ ទំាង៧ មិនមែនជាគ្រឿងរារាំង១ អំពីអបរិហានីយធម៌១ អំពីធម៌ជាគ្រឿងបិទបាំង និងធម៌ជាគ្រឿងរារាំង ប្រៀបដូចដើមឈើធំៗ១ អំពីនីវរណធម៌១ រួមទាំងអស់ជា១០។
ចក្កវត្តិវគ្គ ទី៥
វិធាសូត្រទី១
[៥០៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់ នូវមានះ ទាំង៣ប្រការ ចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចម្រើន ជាអ្នកធើ្វឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអនាគត នឹងលះបង់ នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចម្រើន ជាអ្នកធើ្វឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដែលមានក្នុងកាលឥឡូវនេះ រមែងលះបង់ នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ក៏ជាអ្នកចម្រើន ជាអ្នកធើ្វឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ដែរ។
[៥០៤] ពោជ្ឈង្គទាំង៧ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់ នូវមានះ ទាំង៣ ប្រការចេញបាន។បេ។ នឹងលះបង់។បេ។ រមែងលះបង់ ព្រោះពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចម្រើន ជាអ្នកធើ្វឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
ចក្កវត្តិសូត្រទី២
[៥០៥] ម្នាលភិក្ខុទាំងឡាយ ការកើតឡើងប្រាកដ នៃរតនៈ ទាំង៧ ព្រោះការកើតប្រាកដ នៃស្តេចចក្រពត្តិ។ រតនៈ ទាំង៧ គឺអ្វីខ្លះ? គឺការកើតប្រាកដ នៃចក្ករតន៍(ចក្រកែវ)១ ការកើតប្រាកដ នៃហត្ថិរតន៍ (ដំរីកែវ)១ ការកើតប្រាកដ នៃអស្សរតន៍(សេះកែវ)១ ការកើតប្រាកដ នៃមណិរតន៍ (កែវមណី)១ ការកើតប្រាកដ នៃឥត្ថីរតន៍(ស្រីកែវ)១ ការកើតប្រាកដ នៃគហបតីរតន៍ (គហបតីកែវ)១ ការកើតប្រាកដនៃបរិនាយករតន៍ (នាយឃ្លាំងកែវ)១។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃរតនៈទាំង៧នេះ ព្រោះការកើតប្រាកដ នៃសេ្តចចក្រពត្តិ។
[៥០៦] ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃពោជ្ឈង្គ រតនៈ ទាំង៧ ព្រោះការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ពោជ្ឈង្គ រតនៈ ទាំង៧ គឺអ្វីខ្លះ? គឺការកើតប្រាកដ នៃសតិសម្ពោជ្ឈង្គរតនៈ១។បេ។ ការកើតប្រាកដ នៃឧបេក្ខាសម្ពោជ្ឈង្គរតនៈ១។បេ។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃពោជ្ឈង្គរតនៈ ទាំង៧នេះ ព្រោះការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។
មារសូត្រទី៣
[៥០៧] ម្នាលភិក្ខុងទាំងឡាយ តថាគតនឹងសំដែង នូវមគ្គ ជាគ្រឿងញ៉ាំញី នូវមារ និងសេនារបស់មារ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គ ដែលជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ តើដូចម្ដេច? គឺពោជ្ឈង្គ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គ ជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ។
ទុប្បញ្ញសូត្រទី៤
[៥០៨] សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ តើដោយហេតុដូចម្ដេច?
[៥០៩] ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចម្រើន មិនបានធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចម្រើន មិនបានធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
បញ្ញវន្តសូត្រទី៥
[៥១០] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ តើដូចម្ដេច?
[៥១១] ម្នាលភិក្ខុ ដែលហៅថាមនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ ព្រោះបានចម្រើន បានធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ ព្រោះបានចម្រើន បានធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
ទលិទ្ទសូត្រទី៦
[៥១២] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មនុស្សកំសត់ មនុស្សកំសត់ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មនុស្សកំសត់ តើដោយហេតុដូចម្ដេច?
[៥១៣] ម្នាលភិក្ខុ ដែលហៅថា មនុស្សកំសត់ ព្រោះមិនបានចម្រើន មិនបានធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថា មនុស្សកំសត់ ព្រោះមិនបានចម្រើន មិនបានធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
អទលិទ្ទសូត្រទី៧
[៥១៤] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយថា មនុស្សមិនកំសត់ មនុស្សមិនកំសត់ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មនុស្សមិនកំសត់ តើដោយហេតុដូចម្ដេច?
[៥១៥] ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចម្រើន បានធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ? គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចម្រើន បានធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
អាទិច្ចសូត្រទី៨
[៥១៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង ភាវៈនៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃកិរិយាកើតឡើង នៃពោជ្ឈង្គ ទាំង៧យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ដល់ភិក្ខុដែលមានកល្យាណមិត្ត ភិក្ខុនោះ នឹងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៥១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្រល្អ រមែងចម្រើន នូវពោជ្ឈង្គទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចម្រើននូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។
អជ្ឈត្តិកង្គសូត្រទី៩
[៥១៨] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្នុង ឱ្យជាអង្គហើយ ក៏មិនឃើញមានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើពោជ្ឈង្គ ទាំង៧ ឱ្យកើតឡើងបាន ដូចជាយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដដល់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៥១៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។
ពាហិរង្គសូត្រទី១០
[៥២០] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្រៅ ឱ្យជាអង្គហើយ ក៏មិនឃើញមានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីកើតឡើង នៃពោជ្ឈង្គ ទាំង៧ បាន ដូចជាការមានមិត្រល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ដល់ភិក្ខុដែលមានមិត្រល្អ ភិក្ខុនោះ នឹងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៥២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចម្រើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចម្រើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
ចប់ ចក្កវត្តិវគ្គ ទី៥។
ឧទ្ទាននៃចក្កវត្តិវគ្គនោះ គឺ
និយាយអំពីការលះបង់ មាន៣ប្រការ១ អំពីសេចក្តីប្រៀប ដោយសេ្តចចក្រពត្តិ១ អំពីមគ្គ ជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ១ អំពីការប្រៀបដោយមនុស្សឥតប្រាជ្ញា១ ដោយមនុស្សមានប្រាជ្ញា១ ដោយមនុស្សកំសត់១ ដោយមនុស្សមិនកំសត់១ ដោយព្រះអាទិត្យរះឡើង១ អំពីធម៌ជាអង្គ មានពីរលើក រួមជា១០។
ពោជ្ឈង្គឆដ្ឋក ទី៦ (ឆដ្ឋ. សាកច្ឆវគ្គ ទី៦)
អាហារសូត្រទី១
[៥២២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធម៌ជាអាហារ និងធម៌មិនមែនជាអាហារ នៃនីវរណៈ ទាំង៥ផង នៃពោជ្ឈង្គ ទាំង៧ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។
[៥២៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែសុភនិមិត្ត និងការធ្វើឱ្យច្រើន នូវអយោនិសោមនសិការ ក្នុងសុភនិមិត្តនោះ នេះធម៌ជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឱ្យកើតឡើង ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ព្យាបាទ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែបដិឃនិមិត្ត និងការធ្វើនូវអយោនិសោមនសិការឱ្យច្រើន ក្នុងបដិឃនិមិត្តនោះ នេះធម៌ជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតឡើងហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ថីនមិទ្ធ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនត្រេកអរ ខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត និងការធ្វើនូវអយោនិសោមនសិការឱ្យច្រើន ក្នុងសេចក្តីមិនត្រេកអរ ជាដើមនោះ នេះធម៌ជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែការមិនស្ងប់ស្ងាត់ចិត្ត និងការធ្វើនូវអយោនិសោមនសិការឱ្យច្រើន ក្នុងការមិនស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់វិចិកិច្ឆា ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលបណ្តាលឱ្យកើតវិចិកិច្ឆា និងការធ្វើនូវអយោនិសោមនសិការឱ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់វិចិកិច្ឆា ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលនាំឱ្យកើតសតិសម្ពោជ្ឈង្គ និងការធ្វើនូវយោនិសោមនសិការឱ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហាររបស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឱ្យចម្រើនបរិបូណ៌។
[៥២៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ ជាកុសល ឬអកុសល ពួកធម៌ ប្រកបដោយទោស ឬឥតទោស ពួកធម៌ថោកទាប ឬថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ ឬស និងការធ្វើ នូវយោនិសោមនសិការឱ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៣០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហារ របស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង និងការធ្វើនូវយោនិសោមនសិការឱ្យច្រើន ក្នុងសេចក្តីតាំងផ្តើម ជាដើមនោះ នេះធម៌ជាអាហាររបស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៣១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលនាំឱ្យកើតបីតិសម្ពោជ្ឈង្គ និងការធ្វើនូវយោនិសោមនសិការឱ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៣២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានការស្ងប់ស្ងាត់កាយ ការស្ងប់ស្ងាត់ចិត្ត និងការធ្វើ នូវយោនិសោមនសិការឱ្យច្រើន ក្នុងការស្ងប់ស្ងាត់នោះ នេះធម៌ជាអាហារ របស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៣៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែសមាធិនិមិត្ត អព្យគ្គនិមិត្ត និងការធ្វើ នូវយោនិសោមនសិការឱ្យច្រើន ក្នុងនិមិត្តទាំងនោះ នេះធម៌ជាអាហារ របស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៣៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ ដែលនាំឱ្យកើតឧបេក្ខាសម្ពោជ្ឈង្គ និងការធ្វើនូវយោនិសោមនសិការឱ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៣៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហាររបស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែអសុភនិមិត្ត និងការធ្វើ នូវយោនិសោមនសិការឱ្យច្រើន ក្នុងអសុភនិមិត្តនោះ នេះធម៌ដែលមិនមែនជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែចេតោវិមុត្តិ និងការធ្វើ នូវយោនិសោមនសិការឱ្យច្រើន ក្នុងចេតោវិមុត្តិនោះ នេះធម៌ដែលមិនមែនជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែការតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង និងការធ្វើនូវយោនិសោមនសិការឱ្យច្រើន ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌មិនមែនជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែការស្ងប់ស្ងាត់ចិត្ត និងការធ្វើនូវយោនិសោមនសិការឱ្យច្រើន ក្នុងការស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ដែលមិនមែនជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វិចិកិច្ឆា ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ជាកុសល និងអកុសល ពួកធម៌ដែលប្រកបដោយទោស និងឥតទោស ពួកធម៌ដែលថោកទាប និងថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ និងស និងការធ្វើនូវយោនិសោមនសិការឱ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់វិចិកិច្ឆា ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឱ្យរឹងរឹតតែកើតច្រើនឡើង។
[៥៤០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែពួកធម៌ ជាទីតាំងរបស់
សតិសម្ពោជ្ឈង្គ និងការធ្វើ នូវអមនសិការឱ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៤១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែពួកធម៌ ជាកុសល និងអកុសល ពួកធម៌ដែលប្រកបដោយទោស និងឥតទោស ពួកធម៌ដែលថោកទាប និងថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ និងស និងការធ្វើនូវអមនសិការឱ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៤២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានការតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង ការធ្វើ នូវអមនសិការឱ្យច្រើន ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌មិនមែនជាអាហាររបស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៤៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែពួកធម៌ ដែលនាំឱ្យកើតបីតិសម្ពោជ្ឈង្គ និងការធ្វើនូវអមនសិការឱ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៤៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែការស្ងប់ស្ងាត់កាយ ការស្ងប់ស្ងាត់ចិត្ត និងការធ្វើ នូវអមនសិការឱ្យច្រើន ក្នុងការស្ងប់ស្ងាត់ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៤៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែសមាធិនិមិត្ត អព្យគ្គនិមិត្ត និងការធ្វើ នូវអមនសិការឱ្យច្រើន ក្នុងនិមិត្តទាំងនោះ នេះធម៌មិនមែនជាអាហារ របស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
[៥៤៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ ដែលនាំឱ្យកើតឧបេក្ខាសម្ពោជ្ឈង្គ និងការធ្វើ នូវអមនសិការឱ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឱ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឱ្យចម្រើនបរិបូណ៌។
បរិយាយសូត្រទី២
[៥៤៧] លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ រួចចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ ទើបពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) យើងនឹងចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរិ្ថយសិនចុះ ហើយក៏ពួកភិក្ខុទាំងនោះ ចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឱ្យមានកម្លាំងថយ រួចហើយចម្រើនពោជ្ឈង្គ ទាំង៧ ឱ្យកើតមានឡើង។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏សំដែងធម៌ ប្រាប់សាវកទាំងឡាយយ៉ាងនេះថា នែអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញា ឱ្យមានកម្លាំងថយ រួចហើយចម្រើនពោជ្ឈង្គ ទាំង៧ ឱ្យកើតមានឡើង ដូច្នេះដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងរឿងនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតមក្តី របស់យើងក្តី អំពីដំណើរធៀបធម៌ទេសនា នឹងធម៌ទេសនា ធៀបពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។
[៥៤៨] លំដាប់នោះ ភិក្ខុទាំងនោះ មិនត្រេកអរ មិនឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ហើយនិយាយគ្នាថា យើងគង់តែនឹងយល់សេចក្តី នៃភាសិតនោះ ក្នុងសំណាក់ នៃព្រះដ៏មានបុណ្យជាមិនខាន។
[៥៤៩] លំដាប់នោះឯង ភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយ នៃភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងថ្ងៃនេះ ពួកខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) ពួកយើងទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីយរាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចម្រើន លុះពួកខ្ញុំព្រះអង្គ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ និយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់ពួកសាវកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកណេះ ចូរអ្នកទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឱ្យមានកម្លាំងថយ ចម្រើនពោជ្ឈង្គ ៧ ឱ្យកើតមានឡើង។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឱ្យមានកម្លាំងថយ ចម្រើន នូវពោជ្ឈង្គ៧ ឱ្យកើតមានឡើងដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតម និងរបស់យើង អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា ពាក្យប្រៀនប្រដៅ នឹងងពាក្យប្រៀនប្រដៅ។
[៥៥០] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនបានឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក និយាយថា ពួកយើងគង់តែនឹងយល់សេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។
[៥៥១] ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះហេតុដែលនាំឱ្យនីវរណៈ ៥ បែកទៅជា១០ ពោជ្ឈង្គ៧ បែកទៅជា១៤ តើមានឬទេ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជាឆ្លើយមិនរួចផង នឹងដល់នូវសេចក្តីចង្អៀតចង្អល់ចិត្ត តទៅទៀតផង។ ចុះដំណើរនោះ ព្រោះហេតុអ្វី? ម្នាលភិក្ខុទាំងឡាយ ព្រោះថា ដំណើរនោះ មិនជាវិស័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា ដែលគួរដោះស្រាយប្រស្នាទាំងនេះ ឱ្យពេញចិត្តបាន លើកតែព្រះតថាគត ឬសាវករបស់ព្រះតថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់ព្រះតថាគតចេញ។
[៥៥២] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដូចម្តេច ដែលនាំឱ្យនីវរណៈ៥ បែកទៅជា១០។
[៥៥៣] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈណា ជាខាងក្នុង កាមច្ឆន្ទៈនោះ ជានីវរណៈ១ កាមច្ឆន្ទៈណា ជាខាងក្រៅ កាមច្ឆន្ទៈនោះ ជានីវរណៈ១ ព្រោះថាកាមច្ឆន្ទនីវរណៈនេះ តែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនោះឯង។
[៥៥៤] ម្នាលភិក្ខុទាំងឡាយ ព្យាបាទណា ជាខាងក្នុង ព្យាបាទនោះ ជានីវរណៈ១ ព្យាបាទណា ជាខាងក្រៅ ព្យាបាទនោះ ជានីវរណៈ១ ព្រោះថា ព្យាបាទនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៥] ម្នាលភិក្ខុទាំងឡាយ ថីនៈណា ថីនៈនោះ ជានីវរណៈ១ មិទ្ធៈណា មិទ្ធៈនោះ ជានីវរណៈ១ ព្រោះថា ថីនមិទ្ធនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចៈណា ឧទ្ធច្ចៈនោះ ជានីវរណៈ១ កុក្កុច្ចៈណា កុក្កុច្ចៈនោះ ជានីវរណៈ១ ព្រោះថា ឧទ្ធច្ចកុក្កុច្ចនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៧] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង វិចិកិច្ឆានោះ ជានីវរណៈ១ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ វិចិកិច្ឆានោះ ជានីវរណៈ១ ព្រោះថា វិចិកិកិច្ឆានីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៨] ម្នាលភិក្ខុទាំងឡាយ នេះឯង ជាហេតុនាំឱ្យនីវរណៈ៥ បែកទៅជា១០។
[៥៥៩] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឱ្យពោជ្ឈង្គ ៧ បែកទៅជា ១៤ តើដូចម្តេច។
[៥៦០] ម្នាលភិក្ខុទាំងឡាយ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង សតិនោះឯង ជាសតិសម្ពោជ្ឈង្គ១ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ សតិនោះឯង ជាសតិសម្ពោជ្ឈង្គ១ ព្រោះថា សតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ សតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជាធម្មវិចយសម្ពោជ្ឈង្គ១ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជាធម្មវិចយសម្ពោជ្ឈង្គ១ ព្រោះថា ធម្មវិចយសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ ធម្មវិចយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦២] ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ ព្រោះថា វីរិយសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ វីរិយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៣] ម្នាលភិក្ខុទាំងឡាយ បីតិណា ប្រកបដោយវិតក្កៈ និងវិចារៈ បីតិនោះឯង ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ បីតិណា មិនមានវិតក្កៈ និងវិចារៈ បីតិនោះ ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ ព្រោះថា បីតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បីតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់ស្ងាត់កាយណា សេចក្តីស្ងប់ស្ងាត់កាយនោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ សេចក្តីស្ងប់ស្ងាត់ចិត្តណា សេចក្តីស្ងប់ស្ងាត់ចិត្តនោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ ព្រោះថា បស្សទ្ធិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បស្សទ្ធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៥] ម្នាលភិក្ខុទាំងឡាយ សមាធិណា មានវិតក្កៈ មានវិចារៈ សមាធិនោះឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ សមាធិណា មិនមានវិតក្កៈ មិនមានវិចារៈ សមាធិនោះឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ ព្រោះថា សមាធិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ សមាធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៦] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង ឧបេក្ខានោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ឧបេក្ខានោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ព្រោះថា ឧបេក្ខាសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ ឧបេក្ខាសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៧] ម្នាលភិក្ខុទាំងឡាយ នេះឯងជាហេតុ ដែលនាំឱ្យពោជ្ឈង្គ ៧ បែកទៅជា ១៤។
អគ្គិសូត្រទី៣
[៥៦៨] គ្រានោះ ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ (រឿងទាំងអស់ ដូចក្នុងបរិយាយសូត្រ)។ ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ គប្បីសួរ យ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចម្រើនពោជ្ឈង្គអ្វីខ្លះ? សម័យនោះ ជាកាលគួរនឹងចម្រើនពោជ្ឈង្គអ្វីខ្លះ? ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចម្រើនពោជ្ឈង្គអ្វីខ្លះ? សម័យនោះ ជាកាលគួរនឹងចម្រើនពោជ្ឈង្គអ្វីខ្លះ? ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ មុខជាដោះស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់ចិត្ត ដ៏លើសលុបផង។ ដំណើរនោះ ព្រោះហេតុដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ព្រោះថា មិនមែនជាវិស័យ របស់ពួកបរិព្វាជកទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា ដែលគួរដោះស្រាយប្រស្នាទាំងនេះ ឱ្យពេញចិត្តបាន លើកតែតថាគត ឬសាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគតចេញ។
[៥៦៩] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី? ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តដែលរួញរា ចិត្តនោះ មិនងាយនឹងឱ្យស្ទុះឡើង ដោយធម៌ទាំងឡាយនុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូចឱ្យឆេះ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឱ្យឆេះបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងបង្កាត់ឱ្យឆេះបានទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តដែលរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរាហើយ ចិត្តនោះ មិនងាយនឹងឱ្យស្ទុះឡើង ដោយធម៌ទាំងឡាយនុ៎ះបានទេ។
[៥៧០] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចម្រើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តរួញរា ចិត្តនោះ ងាយនឹងឱ្យស្ទុះឡើងបាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូច បុរសនោះ ក៏ដាក់ស្មៅស្ងួតផង ដាក់គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់អំពីមាត់ផង មិនរោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឱ្យឆេះឡើងបាន
ឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងហ្នឹង គួរនឹងបង្កាត់ឱ្យឆេះបាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចម្រើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរា ចិត្តនោះ ងាយនឹងឱ្យស្ទុះឡើងបាន ដោយធម៌ទាំងឡាយនុ៎ះ។
[៥៧១] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចម្រើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនវីរិយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនបីតិសម្ពោជ្ឈង្គទេ។ ដំណើរនោះ ព្រោះហេតុដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ មិនងាយនឹងឱ្យស្ងប់រម្ងាប់ ដោយធម៌ទាំងឡាយនុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងលត់គំនរភ្លើងដ៏ធំ បុរសនោះ ក៏ដាក់ស្មៅស្ងួតផង ដាក់គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់អំពីមាត់ផង មិនរោយអាចម៍ដីផង ទៅក្នុងគំនរភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរភ្លើងធំបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងលត់បានទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចម្រើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនវីរិយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចម្រើនបីតិសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី? ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ មិនងាយនឹងឱ្យស្ងប់រម្ងាប់ ដោយធម៌ទាំងឡាយនុ៎ះបានឡើយ។
[៥៧២] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី? ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ ងាយឱ្យស្ងប់រម្ងាប់បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងលត់គំនរភ្លើងធំ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងគំនរភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរភ្លើងធំបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងនេះ លត់បាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចម្រើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី? ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ ងាយឱ្យស្ងប់រម្ងាប់បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ ជាគ្រឿងសម្រេចប្រយោជន៍គ្រប់យ៉ាង។
មេត្តាសហគតសូត្រទី៤
[៥៧៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងហលិទ្ទវសននិគម របស់ពួកកោលិយ ក្នុងដែនកោលិយ។ គ្រានោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម។ ទើបពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរដែលយើងចូលទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគមនោះ ដូចជានៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរពួកយើង នាំគ្នាចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។
[៥៧៤] លំដាប់នោះឯង ពួកភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូលមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើប្រាជ្ញាឱ្យមានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយមេត្តា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។
[៥៧៥] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយករុណា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយករុណា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។
[៥៧៦] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយមុទិតា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយមុទិតា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។
[៥៧៧] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។
[៥៧៨] នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើប្រាជ្ញា ឱ្យមានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។
[៥៧៩] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះដែរ។
[៥៨០] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងរឿងនេះ មានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតមក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។
[៥៨១] គ្រានោះឯង ពួកភិក្ខុទាំងនោះ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយគិតគ្នាថា យើងគង់នឹងដឹងសេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។
[៥៨២] លំដាប់នោះឯង ភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម លុះកន្លងបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានទូលស្នើសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ដូច្នេះថា
[៥៨៣] សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ បានស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត្រ ក្នុងហលិទ្ទវសននិគម។ សូមទ្រង់ព្រះមេត្តាប្រោស ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរដែលយើងត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម នៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរតែពួកយើង ចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។
[៥៨៤] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចម្រើន លុះពួកខ្ញុំព្រះអង្គ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បាននិយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើប្រាជ្ញា ឱ្យមានកម្លាំងថយ រួចផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។
[៥៨៥] ចិត្ត ប្រកបដោយករុណា។
[៥៨៦] ចិត្ត ប្រកបដោយមុទិតា។
[៥៨៧] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួងតាមទំនងនេះចុះ។
[៥៨៨] នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើប្រាជ្ញាឱ្យមានកម្លាំងថយ ចូរផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។
[៥៨៩] ចិត្ត ប្រកបដោយករុណា។
[៥៩០] ចិត្ត ប្រកបដោយមុទិតា។
[៥៩១] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ដូច្នេះដែរ។
[៥៩២] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគា្នដូចម្តេច របស់ព្រះសមណគោតមក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។
[៥៩៣] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនឃាត់ហាមភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក ដោយគិតគ្នាថា យើងគង់នឹងដឹងសេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។
[៥៩៤] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ ត្រូវចម្រើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្ដេច? ម្នាលអាវុសោទាំងឡាយ ចុះករុណាចេតោវិមុត្តិ ត្រូវចម្រើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្ដេច? ម្នាលអាវុសោទាំងឡាយ ចុះមុទិតាចេតោវិមុត្តិ ត្រូវចម្រើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្ដេច? ម្នាលអាវុសោទាំងឡាយ ចុះឧបេក្ខាចេតោវិមុត្តិ ត្រូវចម្រើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជានឹងដោះស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់ចិត្ត ដ៏ក្រៃលែងផង។ ដំណើរនោះ ព្រោះហេតុដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ មិនជាវិស័យ របស់ពួកអន្យតិរិ្ថយបរិព្វាជកទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា អាចដោះស្រាយប្រស្នាទាំងនេះ ឱ្យពេញចិត្តបានឡើយ លើកលែងតែតថាគត ឬសាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគតមក។
[៥៩៥] ម្នាលភិក្ខុទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ តើត្រូវចម្រើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយមេត្តា។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយមេត្តា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាប់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវធម៌ ជាគ្រឿងរលត់ បង្អោនទៅកាន់ការលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឱ្យអាត្មា មានសេចក្តីសំគាល់ ក្នុងរបស់ដែលមិនគួរខ្ពើម ថាជារបស់គួរខ្ពើមដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់ដែលគួរខ្ពើម ថាជារបស់មិនគួរខ្ពើមវិញ ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះ ថាមិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់មិនគួរខ្ពើម និងគួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យអាត្មាអញមានសេចក្តីសំគាល់ ក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើមដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យ អាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ក្នុងរបស់នោះ ឬក៏បានសម្រេចវិមោក្ខដ៏ល្អ។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅមេត្តាចេតោវិមុត្តិថា ជាគុណជាតិល្អក្រៃលែង។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ បា្រជ្ញាក៏គង់មានក្នុងលោកនេះដែរ។
[៥៩៦] ម្នាលភិក្ខុទាំងឡាយ ករុណាចេតោវិមុត្តិ តើត្រូវចម្រើន ដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយករុណា។ បេ។ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយករុណា ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឱ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ ដែលមិនគួរខ្ពើម ថាជារបស់គួរខ្ពើម ដូច្នេះ ទៅជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឱ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ក្នុងរបស់នោះ ហើយកន្លងបង់នូវរូបសញ្ញាសព្វអន្លើ រលត់នូវបដិឃសញ្ញា មិនយកចិត្តទុកដាក់ នូវនានត្តសញ្ញា ក៏ចូលកាន់អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅករុណាចេតោវិមុត្តិថា មានអាកាសានញ្ចាយតនៈដ៏ឧត្តម។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។
[៥៩៧] ម្នាលភិក្ខុទាំងឡាយ មុទិតាចេតោវិមុត្តិ តើត្រូវចម្រើន ដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយមុទិតា។ បេ ។ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយមុទិតា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាស់ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឱ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់ដែលមិនគួរខ្ពើម ថាជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឱ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ជាអ្នកព្រងើយកន្តើយ មានសតិសម្បជញ្ញៈ ក្នុងរបស់នោះ ក៏កន្លងបង់នូវអាកាសានញ្ចាយតនៈសព្វអន្លើ រួចចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅមុទិតាចេតោវិមុត្តិថា ជា វិញ្ញាណញ្ចាយតនៈដ៏ឧត្តម។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។
[៥៩៨] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ តើត្រូវចម្រើន ដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា។ បេ ។ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឱ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ដែលមិនគួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់គួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើម បើប្រាថ្នាថា សូមឱ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់មិនគួរខ្ពើមផង គួរខ្ពើមផងថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឱ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈក្នុងរបស់នោះ ក៏កន្លងនូវវិញ្ញាណញ្ចាយតនៈសព្វអន្លើ រួចចូលកាន់អាកិញ្ចិញ្ញាយតនៈ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅឧបេក្ខាចេតោវិមុត្តិថា មានអាកិញ្ចិញ្ញាយតនៈដ៏ក្រៃលែង។ បើភិក្ខុមិនចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។
សង្គារវសូត្រទី៥
[៥៩៩] សាវត្ថីនិទាន។ គ្រានោះឯង សគារវព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីយរាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលសួរសេចក្តីនេះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាល មន្តទាំងឡាយ គេស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់បាន មន្តដែលគេមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។ បពិត្រព្រះគោតមដ៏ចម្រើន មួយទៀត ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាលមន្តទាំងឡាយ គេមិនស្វាធ្យាយ អស់កាលយូរអង្វែងទេ តែភ្លឺច្បាស់បាន មន្តដែលគេស្វាធ្យាចំាបាច់និយាយថ្វី។
[៦០០] ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ។
[៦០១] ម្នាលព្រាហ្មណ៍ បាត្រដែលគេដាក់ទឹកលាយដោយល័ក្ខ ឬរមៀត ឬវត្ថុខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ មានឧបមាយ៉ាងណាមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ មិនដឹង មិនឃើញនូវការរលាស់កាមរាគៈ ដែលកើតហើយ ឱ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យយ៉ាងនោះដែរ។
[៦០២] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ មិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឱ្យច្បាស់ លាស់បានទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយអស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលគេមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦០៣] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក កំពុងតែក្តៅ ពុះពោរដោយភ្លើង មានចំហាយទឹកហុយឡើង បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមាយ៉ាងណាមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឱ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍របស់ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ ។ ក្នុងសម័យនោះ មិនដឹង មិនឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យយ៉ាងនោះ។
[៦០៤] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈរួបរឹត ដែលថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ឱ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦០៥] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មានសារាយ និងចក ត្រៀបត្រាជុំជិត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ រមែងមិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលថីនមិទ្ធៈរួបរឹត ដែលថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ឱ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។
[៦០៦] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ឱ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញ នូវប្រយោជន៍របស់ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង ។ បេ ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ។
[៦០៧] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក ត្រូវខ្យល់បក់បោក រំភើប បែកកើតជារលក បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញ នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង ។ បេ ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។
[៦០៨] ម្នាលព្រាហ្មណ៍ មួយវិញទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយអស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦០៩] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកល្អក់ កករ កើតជាកណ្តេង គេទុកដាក់ក្នុងទីងងឹត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍អ្នកដទៃច្បាស់លាស់ផង ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។
[៦១០] ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ បានជាជួនកាលមន្តទាំងឡាយ សូម្បីស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចាំបាច់និយាយថ្វី។
[៦១១] ម្នាលព្រាហ្មណ៍ បើសម័យណា បុគ្គលមានចិត្តដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់កាមរាគៈ ដែលកើតហើយ សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ ទាំង ២ ផង ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី ។
[៦១២] ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹក មិនលាយល័ក្ខ ឬរមៀត ឬវត្ថុមានពណ៌ខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន សេចក្តីនេះ មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា មានឧបមេយ្យ ដូច្នោះដែរ។
[៦១៣] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ព្យាបាទ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦១៤] ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹកមិនក្តៅ មិនពុះពោរដោយភ្លើង មិន មានចំហាយទឹកហុយឡើងទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន យ៉ាងណាមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ព្យាបាទ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង ។ នូវប្រយោជន៍ ទាំង ២ ផង ។ បេ ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចាំបាច់និយាយថ្វី យ៉ាងនោះដែរ។
[៦១៥] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈមិនរួបរឹត ដែលថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយអស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦១៦] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនមានសារាយ និងចកត្រៀបត្រា ជុំជិតទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍បុគ្គលមានចិត្ត ដែលថីនមិទ្ធៈមិនរួបរឹត ដែលថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង ។ នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។
[៦១៧] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង ។ នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។
[៦១៨] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនត្រូវខ្យល់បក់បោក មិនរំភើប មិនបែក មិនកើតទៅជារលកទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង ។ នូវប្រយោជន៍ទាំង ២ ផង ។ បេ ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយអស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ ។
[៦១៩] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់វិចិកិច្ឆាដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ។ បេ ។
[៦២០] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកថ្លា ស្អាតមិនល្អក់ គេទុកដាក់ក្នុងកន្លែងភ្លឺ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយអស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ ។
[៦២១] ម្នាលព្រាហ្មណ៍ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលជួនណា មន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី ។
[៦២២] ម្នាលព្រាហ្មណ៍ ពោជ្ឈង្គទាំង ៧ នេះឯង ជាធម៌មិនរារាំង មិនបាំងបិទមិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឱ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ ពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ សតិសម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបិទបាំង មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឱ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ បេ ។ ម្នាលព្រាហ្មណ៍ ឧបេក្ខាសម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឱ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ ។ ម្នាលព្រាហ្មណ៍ ពោជ្ឈង្គ ទាំង ៧ នេះហើយ ដែលជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត ដែលអប់រំបន្ទុំហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ ។
[៦២៣] កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់។ បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់តាំងអំពីថ្ងៃនេះតទៅ។
អភយសូត្រទី៦
[៦២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង អភយរាជកុមារស្តេចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះអភយរាជកុមារ គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់ត្រាស់សួរព្រះដ៏មានព្រះភាគ ដូច្នេះថា
[៦២៥] បពិត្រព្រះអង្គដ៏ចម្រើន បូរណកស្សប បាននិយាយយ៉ាងនេះថា ហេតុបច្ច័យ នៃការមិនដឹង មិនឃើញ មិនមានឡើយ ការមិនដឹង មិនឃើញ ឥតមានហេតុ ឥតមានបច្ច័យទេ។ ហេតុបច្ច័យនៃការដឹង ការឃើញ មិនមានឡើយ ការដឹង ការឃើញ ឥតមានហេតុ ឥតមានបច្ច័យទេ។ ចុះព្រះអង្គ ទ្រង់ត្រាស់ក្នុងសេចក្តីនេះ ថាដូចម្ដេច?
[៦២៦] ម្នាលរាជកុមារ ហេតុបច្ច័យនៃការមិនដឹង មិនឃើញ រមែងមាន ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ។ ម្នាលរាជកុមារ ហេតុបច្ច័យ នៃការដឹង ការឃើញ មាន ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ។
[៦២៧] បពិត្រព្រះអង្គដ៏ចម្រើន ហេតុ បច្ច័យ នៃការមិនដឹង មិនឃើញ តើដូចម្តេច។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្ដេច?
[៦២៨] ម្នាលរាជកុមារ ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែល កើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។
[៦២៩] ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលព្យាបាទ រួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់ព្យាបាទ ដែលកើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។
[៦៣០] ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលថីនមិទ្ធៈរួបរឹត។
[៦៣១] បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត។
[៦៣២] បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់វិចិកិច្ឆា ដែលកើតហើយទេ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះឯង។
[៦៣៣] បពិត្រព្រះអង្គដ៏ចម្រើន ធម្មបរិយាយនេះ តើឈ្មោះដូចម្ដេច? ម្នាលរាជកុមារ ធម្មបរិយាយទាំងនុ៎ះ ឈ្មោះថា នីវរណៈ ។ បពិត្រព្រះដ៏មានព្រះភាគ ឱ្យឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះសុគត ឱ្យឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះអង្គដ៏ចម្រើន សូម្បីបុគ្គល ដែលមានតែនីវរណៈមួយ ៗ គ្របសង្កត់ គង់មិនគប្បីដឹង មិនគប្បីឃើញច្បាស់ទៅហើយ នឹងបាច់និយាយថ្វី ដល់ទៅនីវរណៈធម៌ ទាំង ៥ គ្របសង្កត់។
[៦៣៤] បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុ បច្ច័យ នៃការដឹង ការឃើញ តើដូចម្ដេច? ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្ដេច?
[៦៣៥] ម្នាលរាជកុមារ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចម្រើនសតិសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។
[៦៣៦] ម្នាលរាជកុមារ មួយទៀត ភិក្ខុ ។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។
[៦៣៧] បពិត្រព្រះអង្គដ៏ចម្រើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច ។ ម្នាលរាជកុមារ ធម្មបរិយាយទាំងនេះ ឈ្មោះថា ពោជ្ឈង្គ ។ បពិត្រព្រះដ៏មានព្រះភាគ ឈ្មោះថាពោជ្ឈង្គសមហើយ បពិត្រព្រះសុគត ឈ្មោះពោជ្ឈង្គ សមហើយ បពិត្រអង្គដ៏ចម្រើន សូម្បីបុគ្គល ដែលប្រកបដោយពោជ្ឈង្គមួយ ៗ ក៏គប្បីដឹងច្បាស់ ឃើញច្បាស់ទៅហើយ នឹងចាំបាច់និយាយថ្វី ដល់ទៅបុគ្គល ប្រកបដោយពោជ្ឈង្គ ទាំង ៧។ បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គឡើងភ្នំគិជ្ឈកូដ ក៏មានសេចក្តីលំបាកកាយ លំបាកចិត្ត( ឥឡូវ ) ខ្ញុំព្រះអង្គ បានរម្ងាប់សេចក្តីលំបាកកាយ និងលំបាកចិត្តនោះហើយ ទាំងធម៌ ខ្ញុំព្រះអង្គ ក៏បានត្រាស់ដឹងច្បាស់ហើយ។
មានឧទានថា
គឺនិយាយអំពីអាហារ អំពីបរិយាយ អំពីភ្លើង អំពីផ្សាយមេត្តា អំពីរឿងសគារវព្រាហ្មណ៍ អំពីរឿងអភយរាជកុមារ សួរប្រស្នានាភ្នំគិជ្ឈកូដ។
ចប់ ពោជ្ឈង្គសំយុត្ត ពោជ្ឈង្គឆដ្ឋក ទី៦។
ពោជ្ឈង្គ អានាបានាទិបេយ្យាល (ឆដ្ឋ. អានាបានវគ្គ ទី៧)
អដ្ឋិកមហប្ផលសូត្រ
[៦៣៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា [ការសំគាល់ថា រាងឆ្អឹង ៗ ហៅថា អដ្ឋិកសញ្ញា។] ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យច្រើនហើយដូចម្តេច ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ យ៉ាងនេះ បានធ្វើឱ្យច្រើនហើយ យ៉ាងនេះ ទើបជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន។
អញ្ញតរផលសូត្រ
[៦៣៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់នឹងបានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើន យ៉ាងនេះហើយ បានធ្វើឱ្យច្រើនយ៉ាងនេះហើយ ទើបបណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។
មហត្ថសូត្រ
[៦៤០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនយ៉ាងនេះហើយ បានធ្វើឱ្យច្រើនយ៉ាងនេះហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។
យោគក្ខេមសូត្រ
[៦៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីក្សេម ចាកយោគៈដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីក្សេម ចាកយោគៈដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនយ៉ាងនេះហើយ បានធ្វើឱ្យច្រើនយ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។
សំវេគសូត្រ
[៦៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យច្រើនហើយដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនយ៉ាងនេះហើយ បានធ្វើឱ្យច្រើនយ៉ាងនេះហើយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។
ផាសុវិហារសូត្រទី១
[៦៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យច្រើនហើយដូចម្តេច រមែងប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសននេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា។ ប។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើន យ៉ាងនេះហើយ បានធ្វើឱ្យច្រើនយ៉ាងនេះហើយ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។
បុឡវកសូត្រទី២
[៦៤៤] ម្នាលភិក្ខុទាំងឡាយ បុឡវកសញ្ញា ដែលបុគ្គលចម្រើនហើយ។ បេ។
វិនីលកសូត្រទី៣
[៦៤៥] ម្នាលភិក្ខុទាំងឡាយ វិនីលកសញ្ញា។
វិច្ឆិទ្ទកសូត្រទី៤
[៦៤៦] ម្នាលភិក្ខុទាំងឡាយ វិច្ឆិទ្ទកសញ្ញា។
ឧទ្ធុមាតកសូត្រទី៥
[៦៤៧] ម្នាលភិក្ខុទាំងឡាយ ឧទ្ធុមាតសញ្ញា។
មេត្តាសូត្រទី៦
[៦៤៨] ម្នាលភិក្ខុទាំងឡាយ មេត្តា ដែលបុគ្គលបានចម្រើនហើយ។
ករុណាសូត្រទី៧
[៦៤៩] ម្នាលភិក្ខុទាំងឡាយ ករុណា ដែលបុគ្គលបានចម្រើនហើយ។
មុទិតាសូត្រទី៨
[៦៥០] ម្នាលភិក្ខុទាំងឡាយ មុទិតា ដែលបុគ្គលបានចម្រើនហើយ។
ឧបេក្ខាសូត្រទី៩
[៦៥១] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខា ដែលបុគ្គលបានចម្រើនហើយ។
អានាបានសូត្រទី១០
[៦៥២] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើនហើយ។
និរោធវគ្គទី៨
អសុភសូត្រទី១
[៦៥៣] ម្នាលភិក្ខុទាំងឡាយ អសុភសញ្ញា ដែលបុគ្គលបានចម្រើនហើយ។
មរណសូត្រទី២
[៦៥៤] ម្នាលភិក្ខុទាំងឡាយ មរណសញ្ញា ដែលបុគ្គលបានចម្រើនហើយ។
អាហារេបដិកូលសូត្រទី៣
[៦៥៥] ម្នាលភិក្ខុទាំងឡាយ អាហារេបដិកូលសញ្ញា។
អនភិរតិសូត្រទី៤
[៦៥៦] ម្នាលភិក្ខុទាំងឡាយ សព្វលោកេ អនភិរតសញ្ញា។
អនិច្ចសូត្រ ទី៥
[៦៥៧] ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញា។
ទុក្ខសូត្រ ទី៦
[៦៥៨] ម្នាលភិក្ខុទាំងឡាយ អនិច្ចេ ទុក្ខសញ្ញា។
អនត្តសូត្រ ទី៧
[៦៥៩] ម្នាលភិក្ខុទាំងឡាយ ទុក្ខេ អនត្តសញ្ញា។
បហានសូត្រ ទី៨
[៦៦០] ម្នាលភិក្ខុទាំងឡាយ បហានសញ្ញា។
វិរាគសូត្រ ទី៩
[៦៦១] ម្នាលភិក្ខុទាំងឡាយ វិរាគសញ្ញា។
និរោធសូត្រទី១០
[៦៦២] ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ ជាគុណជាតិ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យច្រើនហើយ ដូចម្តេច ទើបជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចម្រើនយ៉ាងនេះហើយ បានធ្វើឱ្យច្រើនយ៉ាងនេះហើយ ជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន។
[៦៦៣] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចម្រើនហើយ ដូចម្តេច បានធ្វើឱ្យច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចម្រើនយ៉ាងនេះហើយ បានធ្វើឱ្យច្រើន យ៉ាងនេះហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។
[៦៦៤] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឱ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចម្រើនហើយដូចម្តេច បានធ្វើឱ្យច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចម្រើនយ៉ាងនេះហើយ បានធ្វើឱ្យច្រើនយ៉ាងនេះហើយ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។
[៦៦៥] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឱ្យច្រើនូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុចម្រើន នូវពោជ្ឈង្គទាំង ៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ ចម្រើនសតិសម្ពោជ្ឈង្គ ។ បេ ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើន នូវពោជ្ឈង្គទាំង ៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (គប្បីសម្តែងបាលីឱ្យពិស្តារ ដរាបដល់ការស្វែងរកផងចុះ)។
[៦៦៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចម្រើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។ ចម្រើនពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចម្រើនពោជ្ឈង្គ ទាំង ៧ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។
[៦៦៧] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើនពោជ្ឈង្គ ទាំង ៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើនពោជ្ឈង្គ ទាំង ៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ។ បេ ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈ ជាទីបំផុត មានការលះបង់ទោសៈ ជាទីបំផុត មានការលះបង់មោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចម្រើនពោជ្ឈង្គ ទាំង ៧ ធ្វើឱ្យច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (ត្រូវធ្វើបាលីឱ្យពិស្តារ តាំងអំពី ឯសនា រហូតដល់ការលះបង់រាគៈ ជាទីបំផុត យ៉ាងនេះផងចុះ)។
[៦៦៨] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចម្រើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។ ចម្រើននូវពោជ្ឈង្គ ទាំង ៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ។ បេ ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈជាទីបំផុត មានការលះបង់ទោសៈជាទីបំផុត មានការលះបង់មោហៈជាទីបំផុត ជាធម៌យាងចុះកាន់ព្រះនិព្វាន ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចម្រើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះឯង ។ (មគ្គសំយុត្ត បណ្ឌិតត្រូវធ្វើឱ្យពិស្តារយ៉ាងណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវធ្វើឱ្យពិស្តារយ៉ាងនោះដែរ)។
ឧទ្ទានក្នុងអានាបានាទិបេយ្យាលនោះគឺ
អដ្ឋិកសញ្ញា ១ បុឡវកសញ្ញា ១ វិនីលកសញ្ញា ១ វិច្ឆិទ្ទកសញ្ញា ១ ឧទ្ធុមាតសញ្ញា ១ ជាគំរប់ប្រាំ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ អានាបានៈ ១ រួមទាំងអស់ជា ១០។
ចប់ ពោជ្ឈង្គសំយុត្ត អានាបានវគ្គ ទី៧។
អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ រួមទាំងអស់ ត្រូវជា ១០គត់។
ចប់ ពោជ្ឈង្គសំយុត្ត និរោធវគ្គ ទី៨។
គង្គាបេយ្យាលទី៩
គង្គានទីអាទិសូត្រទី១-១២
[៦៦៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ បេ។
និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មានទំនាបទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុនោះ បានជាលោកឱ្យឈ្មោះថា វគ្គ។
ចប់ គង្គាបេយ្យាល ទី៩។
អប្បមាទវគ្គ ទី១០
តថាគតាទិសូត្រទី១-១០
[៦៧០] ពាក្យថា ម្នាលភិក្ខុទាំងឡាយ រាប់តាំងពីពួកសត្វមិនមានជើងក្តី មានជើង ២ក្តី មានជើង ៤ក្តី មានជើងច្រើនក្តី បណ្ឌិតត្រូវធ្វើឱ្យពិស្តារផងចុះ។
ព្រះតថាគតប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើងសត្វទាំងអស់ ១ កំពូលផ្ទះ ខ្ពស់ជាងគ្រឿងផ្ទះទាំងអស់ ១ ក្លិនឫសស្គា ប្រសើរជាងក្លិនឫសទាំងអស់ ១ ក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិន ខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ ប្រសើរជាងក្លិនផ្កាទាំងអស់ ១ សេ្តចចក្រពត្តិ ប្រសើរជាងស្តេចទាំងអស់ ១ ពន្លឺព្រះចន្ទ ប្រសើរជាងពន្លឺផ្កាយទាំងអស់ ១ ព្រះអាទិត្យរុងរឿង ក្នុងសរទសម័យ ១ សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់ ១ ត្រូវជា ១០ គត់។
( អប្បមាទវគ្គ បណ្ឌិតត្រូវធ្វើឱ្យពិស្តារ តាមទំនងពោជ្ឈង្គ នៃពោជ្ឈង្គសំយុត្តផងចុះ)។
ចប់ ពោជ្ឈង្គសំយុត្ត អប្បមាទវគ្គ ទី១០។
ពលករណីយវគ្គ ទី១១
ពលាទិសូត្រ ទី១-១២
[៦៧១] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ដូចការងារណាមួយ ដែលត្រូវធ្វើដោយ កម្លាំង ដូច្នេះជាដើម បណ្ឌិតត្រូវសម្តែងឱ្យពិស្តារផងចុះ។
ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យផែនដី ទើបលូតលាស់ឡើងបាន ) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចម្រើនកាយបាន ) ១ ដើមឈើទ្រេតទៅទិសខាងកើត កាលបើគេកាត់គល់ រមែងរលំទៅទិសខាងកើត ១ ឆ្នាំងផ្កាប់ ទឹកមិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ គេដាក់មិនស្រួល តែងមុតដៃជើង ១ ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស ១ អកាលមេឃ បក់ផាត់ធូលីឱ្យស្រឡះ ១ ខ្យល់ព្យុះ បក់ផាត់មហាមេឃឱ្យស្រឡះ ១ ចំណងនាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែលមានទំនាបទៅទិសខាងកើត មិនអាចអ្នកណាបំបែរ ឱ្យមានទំនាបទៅរកទិសខាងលិចវិញបាន) ១។
(ពលករណីយវគ្គ បណ្ឌិតត្រូវសំដែងឱ្យពិស្តារ តាមទំនងពោជ្ឈង្គ នៃពោជ្ឈង្គសំយុត្តផងចុះ)។
ចប់ ពលករណីយវគ្គ ទី១១។
ឯសនាវគ្គ ទី១២
ឯសនាទិសូត្រទី១-១០
[៦៧២] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣ យ៉ាង ។ ការស្វែងរក ៣ យ៉ាង តើដូចម្តេចខ្លះ។ ការស្វែងរក ៣ យ៉ាងនោះ គឺ ការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយ ជាមិច្ឆាទិដ្ឋិ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវធ្វើឱ្យពិស្តារផងចុះ។
និយាយអំពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចជាសសរខឿន ១ មន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។
(ឯសនាបេយ្យាល នៃពោជ្ឈង្គសំយុត្ត អ្នកប្រាជ្ញទាំងឡាយ ត្រូវសំដែងឱ្យពិស្តារ តាមវិវេកនិស្សិតផងចុះ)។
ចប់ ឯសនាវគ្គ ទី១២។
ឱឃវគ្គទី១៣
ឱឃាទិសូត្រទី១-៨
[៦៧៣] ពាក្យថា ម្នាលភិក្ខុទាំងឡាយ ឱឃៈនេះ មាន ៤ យ៉ាង ។ ឱឃៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ ឱឃៈ ៤ យ៉ាងនោះ គឺ កាមោឃៈ ១ ភវោឃៈ ១ ទិដ្ឋោឃៈ ១ អវិជ្ជោឃៈ ១ ប៉ុណ្ណេះជាដើម បណ្ឌិតត្រូវធ្វើឱ្យពិស្តារផងចុះ។
ឧទ្ធម្ភាគិយសូត្រទី១០
[៦៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ ឧទ្ធម្ភាគិយសំយោជនៈ ៥ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះ ឈ្មោះ ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ ភិក្ខុត្រូវចម្រើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះឯង។ ចម្រើនពោជ្ឈង្គ ៧ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ បេ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈជាទីបំផុត មានការលះបង់ទោសៈជាទីបំផុត មានការលះបង់មោហៈជាទីបំផុត ចុះស៊ប់ទៅរកព្រះនិព្វាន មានព្រះនិព្វាននៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត ជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ បណ្ឌិតត្រូវចម្រើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។
និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។
ចប់ ឱឃវគ្គ ទី១៣។
បុនគង្គាបេយ្យាលវគ្គ ទី១៤
បុនគង្គានទីអាទិសូត្រ
និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦លើក ទន្លេគង្គា មានទំនាបទៅរកសមុទ្រ ៦លើក ទាំង ៦លើក ២ដងនោះ រួមជា ១២លើក ហេតុនោះ បានជាហៅថា វគ្គ។
(គង្គាបេយ្យាលនៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវសំដែងឱ្យពិស្តារ តាមទំនងរាគៈ ផងចុះ)។
ចប់ វគ្គ ទី១៤។
បុនអប្បមាទវគ្គទី១៥
តថាគតាទិសូត្រ
ព្រះតថាគត ប្រសើរជាងសត្វទាំងអស់ ១ ស្នាមជើងដំរី ធំជាងស្នាមជើងសត្វទាំងអស់ ១ កំពូលផ្ទះ ខ្ពស់ជាងគ្រឿងផ្ទះទាំងអស់ ១ ក្លិនឫសស្គា ប្រសើរជាងក្លិនឫសទាំងអស់ ១ ក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមទាំងអស់ ១ ក្លិនផ្កាម្លិះ ប្រសើរជាងក្លិនផ្កាទាំងអស់ ១ សេ្តចចក្កពត្តិ ប្រសើរជាងស្តេចទាំងអស់ ១ រស្មីព្រះចន្ទ ប្រសើរជាងរស្មីផ្កាយទាំងអស់ ១ ព្រះអាទិត្យ រុងរឿងក្នុងសរទសម័យ ១ សំពត់កាសិកពស្ត្រ ប្រសើរជាងសំពត់ទាំងអស់ ១ ត្រូវជា ១០ គត់។
(អប្បមាទវគ្គ ត្រូវសំដែងឱ្យពិស្តារ តាមទំនងរាគៈផងចុះ)។
ចប់ វគ្គ ទី១៥។
បុនពលករណីយវគ្គទី១៦
បុនពលាទិសូត្រ
ការងារដែលត្រូវធ្វើដោយកម្លាំង ១ ពីជគាម និងភូតគាម (អាស្រ័យដី ទើបលូតលាស់បាន) ១ នាគ (អាស្រ័យភ្នំហិមពាន្ត ទើបចម្រើនធំបាន) ១ ដើមឈើទ្រេតទៅទិសខាងកើត ១ ឆ្នាំងផ្កាប់ ទឹកមិនដែលហូរចូល ១ ចុងស្រួចនៃស្រូវ គេដាក់មិនស្រួល តែងមុតដៃជើង ១ ខ្យល់លើអាកាស រមែងបក់ទៅគ្រប់ទិស ១ អកាលមេឃ បក់ផាត់ផង់ ធូលីឱ្យស្រឡះ ២លើក ចំណងនាវាសមុទ្រ តែងពុកផុយ ១ ផ្ទះសម្រាប់អ្នកដំណើរ ១ ទន្លេគង្គា (ដែលមានទំនាបទៅទិសខាងកើត មិនអាចអ្នកណាបំបែរ ឱ្យមានទំនាបទៅទិសខាងលិចវិញបាន) ១។
(ពលករណីយវគ្គ នៃពោជ្ឈង្គសំយុត្ត បណ្ឌិតត្រូវធ្វើឱ្យពិស្តារ តាមទំនងរាគៈផងចុះ)។
ចប់ វគ្គ ទី១៦។
បុនឯសនាវគ្គ ទី១៧
បុនឯសនាទិសូត្រ
និយាយពីការស្វែងរកផ្សេង ៗ ១ អាសវៈ ១ ភព ១ ទុក្ខតាធម៌ ៣យ៉ាង ១ (កិលេស) ដូចសសរខឿន ១ មិន្ទិល ១ សេចក្តីលំបាក ១ វេទនា ១ តណ្ហា ១។
ចប់ ឯសនាវគ្គ នៃពោជ្ឈង្គសំយុត្ត ទី១៧។
និយាយអំពីឱឃៈ ១ យោគៈ ១ ឧបាទាន ១ គន្ថៈ ១ អនុស័យ ១ កាមគុណ ១ នីវរណៈ ១ ខន្ធ ១ ឧទ្ធម្ភាគិយសំយោជនៈ ១។
(ឱឃវគ្គ បណ្ឌិតត្រូវសំដែងឱ្យពិស្តារ តាមទំនងនៃការលះបង់រាគៈ ទោសៈ មោហៈ ជាទីបំផុតផងចុះ)។
ចប់ វគ្គ ទី១៨។
បុនឱឃវគ្គ
បុនឱឃាទិសូត្រ
(មគ្គសំយុត្ត បណ្ឌិតបានធ្វើឱ្យពិស្តារហើយបែបណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវសំដែងឱ្យពិស្តារបែបនោះដែរ)។
ចប់ពោជ្ឈង្គសំយុត្ត។
ចប់ ភាគ៣៧ ។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > ពោជ្ឈង្គសំយុត្ត (សៀវភៅលេខ ៣៧ ទំព័រទី ១៦៨ ដល់ទំព័រទី ៣៤៥)
พระไตรปิฎก เล่มที่ ๑๙ > พระสุตตันตปิฎก เล่มที่ ๑๑ > สังยุตตนิกาย > มหาวารวรรค > อุปวาณสูตร