លីលាវតី ភាគទី ២
ភាគទី ២
[កែប្រែ]ជីវិត គឺ ការធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ទិសដៅ គឺ សេចក្តីស្លាប់និងសេចក្តីមិនស្លាប់ ពោលគឺ ទិសដៅដោយ ធម្មជាតិដែលរាល់ជីវិតត្រូវតែធ្វើដំណើរដើរទៅដោយមិនអាចចៀសវាងបាន មនុស្សជាតិអាចផ្សេងគ្នាដោយ ពណ៌សម្បុរ ភាសា សាសនា បញ្ញា ឧបនិស្ស័យ ឋានៈ ប៉ុន្តែម្នាក់ៗសុទ្ធតែមានអវសានដូចគ្នា គឺ សេចក្តីស្លាប់ ជីវិតរបស់យើងកំពុងបោះជំហានទៅមុខយ៉ាងគ្រឿនៗប៉ុន្តែជាក់លាក់លើមហាវិថីនៃជីវិតដើម្បីទៅជួបនឹង មច្ចុរាជអ្នកមិនដែលខកណាត់ជាមួយនឹងបុគ្គលណាៗក្នុងលោក ទោះបីជាការណាត់ជួបនឹងសត្វល្អិតល្អោច ដែលសញ្ចរនៅនឹងផ្ទៃដី ឬណាត់ជួបនឹងស្តេចចក្រពត្តិក៏ដោយ មច្ចុរាជកំពុងអែបលាក់ខ្លួននៅក្បែរមហាវិថីនៃ ជីវិតរបស់មនុស្សជាតិឬរបស់សត្វល្អិតទាំងអស់ ត្រង់កន្លែងណាមួយដែលមិនប្រាកដ ប៉ុន្តែមុខជានឹងបានជួប ដោយពិតប្រាកដ នេះគឺ ទិសដៅមួយនៃជីវិត ។
ទិសដៅ ១ ទៀត គឺ សេចក្តីមិនស្លាប់ ជីវិតរាងកាយជារូបធម៌ដែលត្រូវតែបែកធ្លាយទៅជាធម្មតាតាមកាលវេលា គ្មានរូបធម៌ណាដែលមិនត្រូវបែកធ្លាយទៅនោះទេ ព្រោះហេតុនោះ អ្វីដែលមិនស្លាប់តោងតែមិនមែនជា រូបធម៌ ប៉ុន្តែជានាមធម៌ដែលមច្ចុរាជស្វែងរកមិនឃើញ មនុស្សប្លែកពីសត្វត្រង់ចំណុចដែលអាចសាង គុណធម៌ជាអមតៈផ្ញើទុកនឹងពិភពលោកនេះបាន បេះដូងនៃគុណធម៌ដែលមច្ចុរាជមិនអាចឈោងចាប់បាន គឺ ការលះបង់អត្តសុខបំពេញប្រយោជន៍ដល់អ្នកដទៃ ការសាងប្រយោជន៍ដល់ខ្លួនឯងនោះ ទោះបីជាសម្រេចជោគជ័យធំធេងប៉ុនណា ក៏មិនអាចគេចផុតពីកណ្តាប់ដៃមច្ចុរាជបានដែរ យ៉ាងណា ក៏ដោយ ក៏ស្ថិតនៅក្នុលក្ខណៈអត្តទត្ថភាព នៅជាប់ចំពាក់ដោយការបៀតបៀនអ្នកដទៃ មិនដោយផ្ទាល់ ក៏ដោយប្រយោល យើងសាកគិតរំឭកដល់ស្តេចចក្រពត្តិក្នុងប្រវត្តិសាស្ត្រពិភពលោក ២ ឬ ៣ អង្គដែល អាចបង្រ្កាបពិភពលោកភាគច្រើននៅក្នុងកណ្តាប់ដៃបាន ចម្រើនដោយយសសក្តិ ទ្រព្យសម្បត្តិ អំណាច និងបរិវារគ្មានអ្នកណាស្មើ យើងអាចនឹកស្ងើចសរសើរ អស្ចារ្យចំពោះអត្តហិតសម្បត្តិ ប៉ុន្តែនៅពេលជាមួយ គ្នានោះ ក្នុងជម្រៅនៃដួងចិត្ត យើងអាចនឹកខ្លាចញញើតឬដល់ថ្នាក់ស្អប់ផង ព្រោះហេតុនោះ តាមសភាវៈ ពិត មិនមែនទ្រព្យសម្បត្តិ មិនមែនយសសក្តិ មិនមែនអំណាច មិនមែនបរិវារ មិនមែនជម្លាសរបស់មនុស្ស ទេដែលធ្វើឲ្យយើងគោរពបូជាគេ ប៉ុន្តែយើងគោរពបូជាគុណធម៌អំពើល្អដែលគេមាននោះឯង និងបំពេញ ប្រយោជន៍សាធារណៈដល់អ្នកដទៃទេតើ ! មនុស្សបែបនោះទោះបីជាគេជាជនជាតិណា ភាសាណា ក្រីក្រ ឬ ស្តុកស្តម្ភប៉ុនណា យើងក៏គោរពបូជាគេដោយសុទ្ធចិត្ត អំពើល្អនិងការធ្វើល្អដល់អ្នកដទៃតែងស្ថិតនៅ ខ្ពស់ហួសកម្រិតជាតិ សាសនា ឋានៈខាងសង្គមនិងកម្រិតរូបធម៌ណាៗទាំងអស់ ។
ព្រះរេវត្តត្ថេរៈជាអ្នកមើលឃើញគុណតម្លៃនៃអំពើល្អ និងគុណតម្លៃនៃការធ្វើល្អដល់អ្នកដទៃ ដោយប្រកាន់ យកព្រះបរមសាស្តាជាទិដ្ឋានុគតិ ទើបត្រាច់ចរចារឹកក្នុងរឿង "លីលាវតី" ភាគ ២ នេះទៀត ទោះបីជា តម្រាច់ចរក្នុងរយៈពេលខ្លីក៏ដោយ លោកក៏បានបំពេញប្រយោជន៍សាធារណៈដល់អ្នកដទៃតាមសមគួរ ដល់ភាវៈនិងឋានៈរបស់បព្វជិត ការងារធំរបស់លោកស្រដៀងនឹងការងារក្នុងរឿងលីលាវតីភាគ ១ នោះ ដែរ នុះគឺ ការកាន់ធម្មប្បទីបដ៏ភ្លឺចិញ្ចែងចិញ្ចាចបំភ្លឺដួងចិត្តដែលងងឹតងងល់ដោយអវិជ្ជានៃប្រជាជនក្នុង ភារតរដ្ឋដែលជាប់ស្អិតស្ថិតក្នុងសំណាញ់សាញប្រដាញនៃទិដ្ឋិនិងទំនៀមទម្លាប់ប្រពៃណីដែលតាំងនៅ មូលដ្ឋាន គឺ មោហៈ ការងារសំខាន់របស់ព្រះរេវត្តៈក្នុងរឿងលីលាវតីភាគ ២ នេះ គឺ ការជួយរំដោះមគធរដ្ឋ ឲ្យរួចផុតពីហាយនភាពដែលជាអនុផលផ្តល់មកពីព្រះទេវទត្តនិងព្រះបាទអជាតសត្តុ ប្រិយមិត្រអ្នកអាន ទាំងអស់ដែលត្រូវការសេចក្តីស្នេហាល្អូកល្អឹនផ្អែមល្ហែម ឬ សំណោកសោកសង្រេងបែបស្រក់ទឹកភ្នែកដួច យ៉ាងក្នុងរឿងលីលាវតីភាគ ១ នោះ អាចនឹងមិនជួបប្រទះក្នុងលីលាវតីភាគ ២ នេះទេ ព្រោះព្រះរេវត្តៈ បានឆ្លងផុតវ័យនៃអារម្មណ៍មកស្ថិតនៅក្នុងវ័យនៃហេតុផលហើយ ព្រោះហេតុនោះក្នុងភាគទី ២ នេះ ប្រិយមិត្រអ្នកអាននឹងបានជួបតែរឿងរ៉ាវរបស់អ្នកដទៃដែលព្រះរេវត្តៈមានចំណែកចូលទៅពាក់ព័ន្ធក្នុង ឋានៈជាបុគ្គលទី ៣ ប៉ុណ្ណោះ ចំណែកឯហេតុការណ៍ដែលគួរឲ្យចាប់ចិត្តដិតអារម្មណ៍ក្នុងភារតរដ្ឋ និង វិធីដោះស្រាយបញ្ហារបស់ព្រះរេវត្តៈ ប្រិយមិត្រអ្នកអាននឹងបានជួបរាល់ៗចំណងជើងនៃលីលាវតីភាគ ២ នេះ សង្ឃឹមថា ប្រិយមិត្រអ្នកអាននឹងទទួលបានចំណេះដឹង បីតីប្រាមោទ្យ និងធម្មរសពីលីលាវតីភាគ ២ នេះមិនចាញ់លីលាវតីភាគ ១ ឡើយ ។
ដើម្បីឲ្យធម្មរសដ៏ត្រជាក់ស្រឹមនេះបានហូរជញ្ជ្រំទៅបន្ទោបង់ភ្លើងរង្គំងំដោយកិលេសក្នុងបេះដូងមនុស្ស បានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ខ្ញុំ(ព្រះមហាភិរម្យ)នឹងប្រែសម្រាយចែកចាយជាធម្មបតីនិង ធម្មរសដល់ប្រិយមិត្រអ្នកអានប្លគ់ទាំងអស់ជាបន្តបន្ទាប់តទៅ...
អាគន្តុកៈពិសេស
[កែប្រែ]ម្នាលលោកដ៏មានអាយុ ! ប្រហែលជា ៨ ឆ្នាំមុនពេលដែលព្រះបរមសាស្តារបស់យើងស្តេចយាងរលត់ខន្ធ ចូលកាន់បរិនិព្វានបានមានហេតុការណ៍អាក្រក់កើតឡើងក្នុងក្រុងរាជគ្រឹះ ដែលខ្ញុំព្រះករុណាក្នុងឋានៈជា សង្ឃបាមោក្ខនៅក្នុងវេឡុវនារាមបានមានចំណែកចូលទៅពាក់ព័ន្ធដែរ វាជាហេតុការណ៍សោកនាដកម្មមួយ ដែលមិនគួរនឹងកើតឡើងក្នុងសង្ឃមណ្ឌលដ៏បរិសុទ្ធផូរផង់មកតាំងពីបុរាណកាល ប៉ុន្តែហេតុការណ៍នោះក៏ បានកើតឡើងទៅហើយ ប្រព្រឹត្តទៅហើយដោយគ្មានថ្ងៃណានឹងវឹងវិលមកឲ្យកែកុនប៉ះប៉ុនបានទៀតទេ គ្រប់ គ្រាដែលចាប់ភ្លឹករលឹកនឹកដល់ហេតុការណ៍គ្រានោះ ខ្ញុំព្រះករុណានឹកសង្វេគស្លុតចិត្តជាអតិបរមាទាល់តែ មិនចង់នឹងរំឭកនឹកទៅរកវាទៀត ប៉ុន្តែហេតុការណ៍នោះបានសាងស្លាកស្នាមយ៉ាងច្បាស់ក្រឡាញលើផែន ដួងចិត្តរបស់ខ្ញុំព្រះករុណាទាល់តែមិនអាចនឹងបំភ្លេចចោលបានដោយងាយ ខ្ញុំព្រះករុណានឹងលើកយកមក តំណាលល្មមជាគ្រឿងប្រដាប់សតិបញ្ញា សូមលោកដ៏មានអាយុចាំត្រងត្រាប់ស្តាប់មើលចុះ...
ខ្ញុំព្រះករុណានៅចាំបានថា នៅពេលនោះទើបនឹងចាប់ផ្តើមគិម្ហរដូវ ប៉ុន្តែអាកាសធាតុត្រង់ជ្រោះភ្នំបញ្ចគិរីនគរ ឡើងកម្តៅក្តៅរហេងរហាងខុសប្រក្រតី ហាក់នឹងប្រផ្នូលបូលប្រាប់ថា ស្ថានការណ៍អាក្រក់កំពុងនឹងកើតឡើង ព្រះសុរិយទេពចាំងរស្មីក្តៅខ្លាំងរហាំងរហែងមកកាន់ពិភពផែនដីហាក់បីដូចជានឹងដុតកម្ទេចជម្ពូទ្វីបឲ្យឆេះ ខ្ទេចខ្ទីហ្មត់សុងជាផេះផង់ធូលីទៅដូច្នោះ ស្លឹកឫស្សីក្នុងបរិវេណវត្តដែលធ្លាប់តែខៀវខ្ចីក៏ប្រែកាយក្លាយជា ពណ៌លឿងទុំ និងជ្រុះរុះរោយរពុយមកកាន់ផ្ទៃដីជាហូរហែកាលបើត្រូវកម្លាំងខ្យល់បោកបក់ រុក្ខជាតិដទៃ ទៀតក៏ជម្រុះស្លឹកចាស់ឆ្លាស់ស្លឹកថ្មីដែរ សម្លឹងមើលទៅទិសណាក៏ឃើញតែរុក្ខជាតិដែលប្រាសចាកស្លឹក បញ្ឈរដើមរលីងណិលត្រងិលត្រងោលហាក់រូហានបាននឹងរុក្ខជាតិដែលក្ស័យជីវីបន្តមកពីរដូវប្រាំងដូច្នោះ ដំណើរគមនាការទៅមកស្រណុកស្រួល ព្រះសង្ឃភាគច្រើនក្នុងវត្តទើបចេញចេញពីអារាមនិមន្តត្រាច់ចរ សញ្ចរទៅកាន់ទិសានុទិស ធ្វើឲ្យវេឡុវនារាមស្ងប់ស្ងាត់លន្លោចដូចវត្តបុះ បើទុកជាមានព្រះសង្ឃនៅសល់ តិចក៏ដោយ ក៏ប៉ុន្តែនៅថ្ងៃឧបោសថតិថី ៨ កើត ឬ ៨ រោច តិថី ១៥ កើត ឬ ១៥ រោជ វេឡុវ័នក៏នៅអ៊ឹកធឹក ហ៊ឹកហ៊ាក់ដោយឧបាសកឧបាសិកាដែលអញ្ជើញមករក្សាឧបោសថសីល និងស្តាប់ព្រះធម្មទេសនា សូម្បី តែព្រះរាជាធិបតីពិម្ពិសារក៏ស្តេចយាងមកត្រួតពិនិត្យមើលព្រះអារាមនិងសន្ទនាជាមួយនឹងខ្ញុំព្រះករុណា ម្តងម្កាលដែរ ។ ក្នុងសាយណ្ហសម័យនៃថ្ងៃតិថី ៨ នាថ្ងៃមួយ មាននគរវាសីនៃក្រុងរាជគ្រឹះប្រមាណជា ៥០០ នាក់មកស្តាប់ ព្រះធម៌ឯធម្មសាលាត្រង់កណ្តាលនៃវេឡុវនារាម កាលបើជួបជុំព្រមគ្នាហើយ ខ្ញុំព្រះករុណាបានឡើងទៅ កាន់ធម្មាសនៈហើយសម្តែងព្រះធម្មទេសនា មានអត្ថន័យសេចក្តីថា
" បណ្តាសច្ចធម៌ទាំង ៤ នោះ សច្ចធម៌ប្រការទី ១ គឺ ទុក្ខ ចាត់ជាគោលការណ៍ដំបូងដែលគួរយល់ដឹងឲ្យ ច្បាស់លាស់ បើយល់ដឹងយ៉ាងច្បាស់លាស់ហើយ នឹងកើតនិព្វិទាធុញទ្រាន់ កាត់រំសាយតម្រេកត្រេកអរ ក្នុងសង្ខារ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ថា ខន្ធទាំង ៥ ជាទុក្ខ សត្វទាំងឡាយប្រកបដោយខន្ធ ៥ ព្រោះហេតុនោះសត្វទាំងពួងនោះទើបជាគំនរទុក្ខដ៏បរិសុទ្ធ គ្មានសារវត្ថុណាលាយឡំឡើយ ទុក្ខព្រោះ ជាតិ ជរា ព្យាធិ មរណៈ ទុក្ខព្រោះសំណោកសោកសង្រេង ខ្សឹកខ្សួលថ្ងួចថ្ងូរបង្ហូរទឹកភ្នែក ថ្នាំងថ្នាក់រអាក់ រអួលរមួលដើមកព្រោះនិរាសព្រាត់ព្រាសពីរបស់ឬបុគ្គលជាទីស្រឡាញ់ ព្រោះពើបពះប្រទះនឹងរបស់ ឬបុគ្គលជាទីសម្អប់ ព្រោះកំហកបំណងដែលប៉ងប្រាថ្នា" ។ កាលបើទេសនាចប់ហើយ ពុទ្ធបរិស័ទក៏វិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ នៅសល់តែទេវមិត្រឧបាសក អ្នកជាពហុស្សូតនៅសន្ទនាជាមួយនឹងខ្ញុំព្រះករុណា នៅខណៈដែលយើងកំពុងតែអង្គុយសន្ទនាក្នុង ធម្មសាលានោះ ខ្ញុំព្រះករុណាសង្កេតឃើញភិក្ខុ ៣ រូបនិមន្តចូលមកក្នុងវត្ត និងនិមន្តស្លៅសំដៅមកខាង ធម្មសាលា នៅពេលដែលភិក្ខុប្លែកមុខនោះនិមន្តចូលមកក្នុងរយៈជិត ខ្ញុំព្រះករុណាក៏ចាំបានថាព្រះថេរៈដែល និមន្តនាំមុខនោះ គឺ ព្រះទេវទត្ត ជាសហជាតិវង្សសាក្យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯង ដោយមោទកចិត្តដែលបានឃើញព្រះមហាថេរជាសហញាតិជិតស្និទ្ធនិមន្តមកកាន់ព្រះអារាមដូច្នោះ ខ្ញុំព្រះ ករុណាក៏ក្រទីក្រទាចុះពីធម្មសាលាទៅទទួលបរិក្ខាររបស់លោកនាំឡើងកាន់ធម្មសាលា
"បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! "ខ្ញុំព្រះករុណានិយាយឡើងនៅពេលដែលព្រះថេរៈគង់ចុះលើអាសនៈ និងឆាន់ទឹករួចហើយ
"វាជាសំណាងដ៏ប្រសើររបស់ខ្ញុំព្រះករុណានិងអ្នកក្រុងរាជគ្រឹះដែលមានឱកាសបាន ទទួលបដិសណ្ឋារៈព្រះតេជព្រះគុណ ប៉ុន្តែជាដំបូង ខ្ញុំព្រះករុណាសូមទូលសួរព្រះតេជព្រះគុណថានិមន្តមក ពីណា? ចុះហេតុអីបានជានិមន្តមកដូចជាស្ងាត់ម្លេះ?"
"ខ្ញុំកូរណាមកពីក្រុងកោសម្ពី"ព្រះទេវទត្តឆ្លើយហើយដកដង្ហើមធំយ៉ាងរន្ថើនហាក់នឹងថាមានទុក្ខធំងំក្នុងចិត្ត ប៉ុន្តែខ្ញុំព្រះករុណាមិនអើពើទេ ព្រោះយល់ថាលោកទំនងជានឿយហត់ពីដំណើរដើរផ្លូវនោះឯង ។
"បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! "ទេវមិត្រឧបាសកនិយាយឡើងវិញម្តង "រាល់លើកដែលខ្ញុំកណា ឃើញព្រះតេជព្រះគុណ ក៏បានឃើញព្រះបរមសាស្តា រាល់លើកដែលខ្ញុំកណាឃើញព្រះបរមសាស្តា ក៏បានឃើញព្រះតេជព្រះគុណដែរ ប៉ុន្តែលើកនេះ ខ្ញុំកណាមិនបានឃើញព្រះបរមសាស្តាទេ ចុះពេលនេះ ព្រះអង្គទ្រង់ប្រថាប់នៅឯណា?"
"នៅឯឃោសិតារាម ក្រុងកោសម្ពី "ព្រះទេវទត្តឆ្លើយ
"ចុះព្រះអគ្គសាវ័កទាំង ២ អង្គ គឺ ព្រះមោគ្គល្លាន និង ព្រះសារីបុត្រពេលនេះគង់នៅឯណា?" ឧបាសកសួរ ទៀត ខ្ញុំព្រះករុណាសង្កេតឃើញថាព្រះភក្ត្ររបស់ព្រះមហាថេរទេវទត្តស្រពោនស្រពាប់ចុះភ្លាម លោកលើកពែង ទឹកឡើងឆាន់ម្តទៀតទាល់តែអស់ពីពែងហាក់នឹងថាបន្ទោបង់សេចក្តីក្រវល់ក្រវាយចិត្ត ហើយមានថេរដីកា ឡើងថា
"ម្នាលឧបាសក ! អាត្មាសូមសួរបន្តិចទៅមើលថា នៅខណៈពេលដែលយើងត្រូវកិលេសរួបរឹតដាលច្រវាត់ នឹងត្រូវអន្ទោលស្លាប់កើតក្នុងកងចក្រនៃវដ្តសង្សារនោះ តើចាំបាច់ឬទេដែលយើងទៅផ្តេកផ្តួលរវល់ខ្វល់ ខ្វាយនឹងអ្នកដទៃ "
ទេវមិត្រឧបាសកមិនបានឆ្លើយសំណួរនោះទេ គ្រាន់តែសម្លឹងមើលមកខាងខ្ញុំព្រះករុណាដោយក្រសែភ្នែក សម្តែងរម្ងឿងងឿងឆ្ងល់ចំពោះវាទកម្មរបស់ព្រះមហាថេរ ខ្ញុំព្រះករុណាមិនបានគិតអ្វីផ្សេងទេ ក្រៅតែពីជឿ ថា ព្រះមហាថេរទំនងជានិយាយធម៌ជាន់ខ្ពស់ដើម្បីឲ្យឧបាសកត្រដោះឧបាទានសេចក្តីប្រកាន់មាំចំពោះ បុគ្គលប៉ុណ្ណោះ
"ឧបាសកអើយ ! "ព្រះមហាថេរមានថេរដីកាត "ព្រះធម៌រមែងជាសច្ចធម៌ ជាអកាលិកធម៌ មាននៅប្រចាំ លោកនេះជារៀងរហូត ទោះព្រះពុទ្ធជាម្ចាស់ឧប្បត្តិកឡើងឬមិនឧប្បត្តិកឡើងក៏ដោយ ព្រះធម៌ក៏នៅមាន ដែរ អ្នកមានចក្ខុគឺបញ្ញាតែងយល់ឃើញព្រះធម៌បានសព្វកាល ព្រោះហេតុនោះ ព្រះធម៌ទើបសំខាន់ជាង អ្វីៗទាំងអស់ ព្រះពុទ្ធជាម្ចាស់និងព្រះសង្ឃនៅមានជោរមាននាច ប៉ុន្តែព្រះធម៌គង់វង្សស្ថិតស្ថេរនៅក្នុង លោកនេះជារៀងរហូត ព្រោះហេតុនោះសូមឲ្យឧបាសកពិនិត្យពិចារណាព្រះធម៌សព្វកាលចុះ កុំបាននៅ ប្រកាន់ជាប់ស្អិតចំពោះបុគ្គលនេះបុគ្គលនោះឡើយ"
លុះការសន្ទនាប្រព្រឹត្តទៅបានមួយស្របក់ ព្រះទេវទត្តមហាថេរៈមួយអន្លើដោយភិក្ខុសហចរ ២ រូបទៀត ទើប សូមលាទៅសម្រាកឯកុដិដែលខ្ញុំព្រះករុណាប្រើសាមណេរឲ្យចាត់បម្រុងទុក ខ្ញុំព្រះករុណាដើរតាមជូនដំណើរ លោកដល់កុដិហើយក៏វេវិលមកកាន់ធម្មសាលាវិញ ទេវមិត្រឧបាសកនៅតែស្ថិតនៅទីនោះនៅឡើយ ហើយ យើងក៏សន្ទនាគ្នាតទៅ "បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! "ឧបាសកមានប្រសាសន៍ "ព្រះតេជព្រះគុណសង្កេតឃើញអ្វីខុស ប្រក្រតីខ្លះទេ ទាក់ទងនឹងព្រះទេវទត្តមហាថេរៈ"
"អាត្មាមិនឃើញមានអ្វីខុសប្រក្រតីទេ"ខ្ញុំព្រះករុណាឆ្លើយតបឧបាសកតាមការពិត "ក្រៅតែពីថា គ្រានេះ លោកនិមន្តមកវេឡុវ័នតែឯង មិនមកជាមួយនឹងព្រះបរមសាស្តាដូចសព្វដងទេ"
"ចុះអំពីចង្វាក់ថេរដីការបស់លោកវិញ មានអ្វីខុសប្រក្រតីឬទេ?"
"មិនឃើញមានអ្វីដែរ ក្រៅតែពីគ្រានេះលោកនិយាយតែធម៌ជាន់ខ្ពស់ ដើម្បីត្រដោះឧបាទានសេចក្តីប្រកួច ប្រកាន់មាំចំពោះបុគ្គលប៉ុណ្ណោះ"
ទេវមិត្រឧបាសកជ្រប់មុខចុះគិតមួយស្របក់ហើយនិយាយឡើងថា
"ហាក់ដូចជាមានអ្វីខុសប្រក្រតី ថេរដីការបស់លោកទោះបីជាទាក់ទងនឹងបរមត្ថធម៌ក៏នៅមានស្លាកស្នាមនៃ សេចក្តីឈ្នានីសព្យាបាទឈ្មៀតជ្រៀត" "ឧបាសកប្រហែលជាគិតច្រើនពេកទេដឹង"ខ្ញុំព្រះករុណាផ្តល់សេចក្តីសង្កេត
"ប្រហែលជាអញ្ចឹងមើលទៅ" ឧបាសកនិយាយយ៉ាងអល់ឯក "ខ្ញុំកណាជាមនុស្សប៉ិនសង្កេត ប៉ិនគិត និង ប៉ិនវីមវាមពិភាល់ ចួនកាលអាចនឹងមិនមានអ្វីខុសប្រក្រតីដូចយ៉ាងខ្ញុំកណាគិតក៏បាន ចាំជួយគ្នាតាមដាន មើតទៅទៀត ខ្ញុំកណាសូមនមស្ការលាសិនហើយ ប្រហែលជាអ្នកផ្ទះកំពុងតែរងចាំហើយមើលទៅ" ។ នៅពេលដែលឧបាសកត្រឡប់ទៅវិញហើយ ខ្ញុំព្រះករុណាក៏ចុះពីធម្មសាលាដើរទៅត្រួតពិនិត្យមើល វត្តទាំងមូលដូចដែលធ្លាប់ធ្វើមកជាប្រចាំ ទោះបីបើរាត្រីថ្ងៃនោះគ្រាន់តែជាអដ្ឋមីតិថី ៨ កើតប៉ុណ្ណោះ ប៉ុន្តែ ព្រះហិមរង្សីកន្លះដួងលើផ្ទៃនភាកាសដែលស្រឡះធេងចាកពពក ក៏ភ្លឺពព្រិលគួរសមដែរ ខ្ញុំព្រះករុណាដើរ ទៅជារឿយៗតាមផ្លូវដើររវាងគុម្ពឫស្សីរហូតមកដល់ខ្លោងទ្វារធំនៃវត្តវេឡុវ័នដែលជាស្តូបបញ្ចុះអដ្ឋិធាតុ របស់លីលាវតីស្ថិតនៅ ទើបឈប់អង្គុយសម្រាក បណ្តែតចិត្តឲ្យអណ្តែតលឿនលយទៅក្នុងអតីតកាលដ៏ សោកសង្រេងលុះត្រាតែព្រះរជនីករចរបាំងភ្នំវេបុល្លៈទើបវិលត្រឡប់ទៅចូឡកុដិក្នុងជ្រំឫស្សីវិញ ។ អស់រយៈពេល ៧ ឆ្នាំគត់ហើយ រាប់ចាប់តាំងពីលីលាវតីលាចាកលោកនេះទៅ ទោះបីបើជាពេលវេលាយូរ អង្វែងប៉ុនណាក៏ដោយ ប៉ុន្តែខ្ញុំព្រះករុណាក៏នៅមានលំនឹកហាក់ដូចជាថាលីលាវតីទើបនឹងចាកចោល ខ្ញុំព្រះករុណាទៅនៅថ្ងៃម្សិលមិញនេះឯង នាងអាចនឹងកំពុងភ្លើតភ្លើនក្នុងសគ្គាល័យជាន់ណាមួយ ប៉ុន្តែ ជួនកាលនាងអាចនឹងកំពុងភ្លើតភ្លើនក្នុងទិព្វសុខដ៏ប្រណីតហើយភ្លេចខ្ញុំព្រះករុណាឈឹងហើយក៏បាន ប៉ុន្តែ ខ្ញុំព្រះករុណាគ្មានថ្ងៃណានឹងភ្លេចនាងបានទេ រាល់រាត្រីកាលកុំថាឡើយក្នុងរដូវណាៗនៃឆ្នាំ ខ្ញុំព្រះករុណា ត្រូវឆ្លៀតរកពេលវេលាទៅអើតងើតនាងដល់ស្តូបមុននឹងចូលចូឡកុដិសិងសម្រាកជាប្រចាំមិនដែលដាច់ សូម្បីមួយថ្ងៃ រហូតថេរវេលា ៧ ឆ្នាំដ៏យូរអង្វែងនោះ ព្រឹត្តកម្មរបស់ខ្ញុំព្រះករុណាត្រូវបានដឹងឮច្បាស់ក្នុង ចំណោមភិក្ខុសាមណេរក្នុងវត្តរហូតដល់ឧបាសកឧបាសិកា ប៉ុន្តែម្នាក់ៗក៏យល់ចិត្តថ្លើមនិងអាណិតខ្ញុំព្រះ ករុណា យ៉ាងហោចណាស់ក៏ជាវិធីសាស្ត្រមួយដែលខ្ញុំព្រះករុណាបានតបស្នងស្នេហាអមតៈដ៏បរិសុទ្ធ លើសពីដំណក់ទឹកសន្សើមលើស្លឹកឈូករបស់លីលាវតីដែលមានចំពោះខ្ញុំព្រះករុណា ទោះបីជាតំណប តបស្នងក្នុងគ្រាដែលជ្រុលហួសទៅហើយក៏ដោយ ។
សច្ចធម៌និងព្រះសម្ពុទ្ធ
[កែប្រែ]ម្នាលលោកដ៏មានអាយុ ! ចាប់តាំងពីព្រះទេវទត្តមហាថេរៈនិមន្តមកគង់នៅឯវត្តវេឡុវនារាមមក ខ្ញុំព្រះករុណា យល់ឃើញថា វត្តអារាមបែរជាទទួលបានសភាពរស់រវើក ប្រជាជនក្រុងរាជគ្រឹះស្រស់ស្រាយសប្បាយចិត្ត ដែលព្រះមហាថេរជាសហរាជវង្សបានមកគង់វសនាការក្នុងវត្តវេឡុវ័នប្រាកដស្មើនឹងព្រះតំណាងរបស់ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ រាល់ៗសាយណ្ហសម័យ ប្រជាជនក្រុងរាជគ្រឹះគ្រប់ភេទគ្រប់វ័យម្នាក់ៗកាន់យក បុប្ផជាតិទៀនធូបផ្កាភ្ញីដើរទៅកាន់វត្តអារាមជាហ្វូងជាហ្វាយដើម្បីស្តាប់ព្រះធម្មទេសនាដ៏ពីរោះក្បោះក្បាយ របស់ព្រះមហាថេរៈ
"ឧបាសកឧបាសិកាទំាងឡាយអើយ ! "ព្រះមហាថេរៈចាប់ផ្តើមសម្តែងធម៌ក្នុងរសៀលថ្ងៃមួយ "សច្ចធម៌ ៤ ប្រការ គឺ ទុក្ខ ១ មូលហេតុនាំឲ្យទុក្ខ ១ សេចក្តីរំលត់ទុក្ខ ១ ផ្លូវបដិបត្តិដើម្បីឲ្យដល់សេចក្តីរំលត់ទុក្ខ ១ ជាធម៌ មាននៅជាប្រចាំក្នុងលោកនេះ ព្រះសម្ពុទ្ធជាម្ចាស់ទោះនឹងឧប្បត្តិកឡើងឬមិនឧប្បត្តិកឡើងក្នុងលោក ក៏ដោយ សច្ចធម៌ទាំង ៤ ប្រការនេះក៏នៅស្ថិតស្ថេរដដែល ទុក្ខ គឺ កើត ចាស់ ឈឺ ស្លាប់ជាដើមក៏មាននៅ ពាសពេញទាំងពិភពលោក មូលហេតុនាំឲ្យកើតទុក្ខ គឺ ចំណង់តណ្ហាក៏មាននៅក្នុងសន្តានរបស់សត្វ សេចក្តីរំលត់ទុក្ខក៏ជាសភាពដែលអាចធ្វើឲ្យកើតមានឡើងបាន មគ្គ គឺ ផ្លូវមានអង្គ ៨ សម្រាប់នាំទៅរក សេចក្តីរំលត់ទុក្ខក៏មាន ព្រះសម្ពុទ្ធជាម្ចាស់គ្រាន់តែជាអ្នករុករកឃើញសច្ចធម៌ទាំង ៤ ប្រការហើយបង្ហើប បង្ហាញដល់សព្វសត្វឲ្យយល់ដឹងតាមសភាពពិតប៉ុណ្ណោះ មុនពុទ្ធុប្បាទក៏មានមុនីអ្នកមានបញ្ញាជាច្រើន ដែលមើលឃើញទុក្ខប៉ុន្តែរកមិនឃើញសច្ចធម៌ ៣ ប្រការទៀត មុនីខ្លះអាចមើលឃើញទុក្ខនិងមូលហេតុ នៃទុក្ខ ប៉ុន្តែមើលមិនឃើញនិរោធនិងមគ្គ មុនីខ្លះអាចមើលឃើញទុក្ខ មូលហេតុនៃទុក្ខ និង សេចក្តីរំលត់ ទុក្ខ ប៉ុន្តែមិនដឹងវិធីបដិបត្តិដើម្បីឲ្យដល់សេចក្តីរំលត់ទុក្ខនោះ មុនីខ្លះអាចមើលឃើញសច្ចធម៌ទាំង ៤ ហើយក្លាយជាព្រះបច្ចេកពុទ្ធជាម្ចាស់ ប៉ុន្តែមិនប្រកាសដល់អ្នកដទៃ ឬប្រកាសដែរប៉ុន្តែមិនស្ថាបនា សាសនា"
"កាលបើសច្ចធម៌ជាសភាពមាននៅជាប្រចាំក្នុងលោកបែបនេះ សច្ចធម៌ទើបជាធម៌ចាស់ទុំជាងព្រះពុទ្ធជា ម្ចាស់និងព្រះសង្ឃ ព្រះពុទ្ធជាម្ចាស់គ្រាន់តែរកឃើញសច្ចធម៌ហើយចង្អុលប្រាប់អ្នកដទៃ ព្រះសង្ឃគ្រាន់តែ ជាអ្នកជឿកាន់តាមពាក្យតំណាលប្រាប់របស់ព្រះពុទ្ធជាម្ចាស់ ហើយបដិបត្តិតាមផ្លូវទៅកាន់សេចក្តីរំលត់ ទុក្ខប៉ុណ្ណោះ ទោះបីជាព្រះពុទ្ធជាម្ចាស់នឹងបរិព្វានទៅក្តី ព្រះសង្ឃនឹងសូន្យសោះអស់រលីងពីជម្ពូទ្វីបទៅក្តី ព្រះធម៌ដែលជាសច្ចធម៌ជាអកាលិកធម៌ក៏នៅមានដែរ គ្មានថ្ងៃណាវិនាសសាបសូន្យពីលោកនេះបានទេ ប៉ុន្តែអាចនឹងរលស់រលុបចេញពីស្មារតីចងចាំរបស់សត្វលោកដែលក្រាស់ក្រែលដោយអវិជ្ជា សត្វទាំងនេះ ទោះជារស់នៅជាមួយនឹងសច្ចធម៌គ្រប់ចង្វាក់នៃខ្យល់ដកដង្ហើមចេញចូលក៏ដោយ ក៏នៅតែមិនស្គាល់ សច្ចធម៌ដដែលប្រៀបដូចជាវែកមិនស្គាល់រសជាតិសម្លដូច្នោះ" ។
"ម្នាលឧបាសកឧបាសិកាទាំងឡាយ ! ព្រះពុទ្ធក្តី ព្រះបច្ចេកពុទ្ធក្តី ព្រះអរិយសាវ័កក្តីសុទ្ធតែចូលដល់សេចក្តី រំលត់ទុក្ខ ព្រោះដឹងច្បាស់ឃើញច្បាស់ក្នុងសច្ចធម៌នោះ មិនមែនព្រោះប្រការផ្សេងឡើយ ប្រសិនបើញាតិ ញោមត្រូវការចូលដល់សេចក្តីរំលត់ទុក្ខ ញាតិញោមត្រូវដឹងច្បាស់ឃើញច្បាស់ក្នុងសច្ចធម៌នោះដែរ កាលបើដូច្នេះ ទើបសមគួរនឹងត្រដកត្រដោះសេចក្តីប្រកាន់ខ្ជាប់ចំពោះព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអរិយសាវ័ក ទាំងឡាយចោលហើយងាករេបែរមករកព្រះធម៌វិញដោយផ្ទាល់ ប្រសិនបើញាតិញោមនៅប្រកាន់ស្អិត ចំពោះបុគ្គលទេ គ្មានថ្ងៃណាញាតិញោមនឹងចូលដល់ព្រះធម៌និងដែនក្សេមក្សាន្ត គឺ ព្រះនិព្វានបានទេ" ។ វោហារយ៉ាងក្លៀវក្លាហាវហានរបស់ព្រះមហាថេរៈបានបង្កបង្កើតសម្លេងរិះគន់យ៉ាងផុសផុលក្នុងចំណោម ពុទ្ធបរិស័ទ ពួកខ្លះក៏យល់ស្របនឹងព្រះមហាថេរៈ ប៉ុន្តែពួកខ្លះក៏មិនយល់ស្របដែរ ពួកដែលយល់ស្របអាងថា ក្នុងការចូលដល់អមតធម៌ដ៏ខ្ពង់ខ្ពស់នោះ ធម្មចារីគប្បីត្រដកត្រដោះឧបាទានចំពោះសត្វបុគ្គលខ្លួនយើងគេ បានយ៉ាងអស់រលីង មិនត្រូវតោងទាមឬជាប់ចំពាក់ចំពោះបុគ្គលឬអ្វីណានីមួយទាំងអស់ ភាគីដែលមិនយល់ ស្របភាគច្រើនជាអ្នកចម្រើនដោយវយវុឌ្ឍិ បានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធជាម្ចាស់យ៉ាងខ្ជាប់ខ្ជួន
"ម្នាលឧបាសកឧបាសិកាទាំងឡាយ ! "ព្រះទេវទត្តមហាថេរៈសម្តែងធម៌ក្នុងថ្ងៃតមក "សាសនាណាក៏ដោយ តែងមានធាតុផ្សំសំខាន់ ២ ប្រការ គឺ ពាក្យប្រៀនប្រដៅ និង អ្នកប្រៀនប្រដៅ(សាស្តា) មនុស្សពួកខ្លះតែងជ្រះថ្លាក្នុងពាក្យប្រៀនប្រដៅ កាលបើឃើញថាពាក្យប្រៀន ប្រដៅត្រឹមត្រូវមានហេតុផល គួរឲ្យជឿកាន់បានក៏ជ្រះថ្លានិងបដិបត្តិតាម មិនប្រកាន់ខ្ជាប់អ្នកប្រៀនប្រដៅ ជាសម្លាក់សំខាន់ទេ ប៉ុន្តែមនុស្សពួកខ្លះតែងជ្រះថ្លាចំពោះបុគ្គលអ្នកប្រៀនប្រដៅ និយមចូលចិត្តជាតិ កំណើតពណ៌សម្បុរស្បែក លក្ខណៈបែបបទ សណ្តាប់ភាសារបស់អ្នកប្រៀនប្រដៅដោយឥតបើគិតដល់ ពាក្យប្រៀនប្រដៅថាជាយ៉ាងណានោះទេ មនុស្សប្រភេទក្រោយនេះប្រសិនបើអ្នកប្រៀនប្រដៅដែលខ្លួន ជ្រះថ្លាផុតរលត់ទៅឬភៀសផាយឬរសាយព្យាយាមវិលវេបែរទៅជាហីនភេទវិញ ក៏អស់សទ្ធាជ្រះថ្លាដែរ ព្រោះហេតុនោះសទ្ធារបស់មនុស្សប្រភេទនេះទើបមិនទៀងទាត់ជាក់លាក់ទេ វិធីល្អគួរប្រកាន់យកពាក្យ ប្រៀនប្រដៅជាសម្លាក់សំខាន់ បើពាក្យប្រៀនប្រដៅល្អមានហេតុផល ស៊ូទ្រាំនឹងការពិសោធសាកល្បង បាន ជាមូលភាពនៃសច្ចធម៌ ទោះបីជាពាក្យប្រៀនប្រដៅនោះចេញពីបបូរមាត់របស់ស្មូមយាចកក៏គួរ ជឿកាន់និងបដិបត្តិតាម" ។
ទេសនាគ្រាក្រោយៗមករបស់ព្រះមហាថេរៈធ្វើឲ្យពុទ្ធបរិស័ទភាគច្រើនបែរទៅជឿកាន់ពាក្យប្រៀនប្រដៅ សំខាន់ជាងអ្នកប្រៀនប្រដៅនៅពេលជាមួយគ្នានោះ ក៏កើតមានសទ្ធាជ្រះថ្នាចំពោះព្រះមហាថេរៈយ៉ាង ខ្លាំង ចំនួនអ្នកមកស្តាប់ធម៌ក្នុងធម្មសាលាកើនច្រើនឡើងរាល់ថ្ងៃរហូតដល់ហៀរពេញចេញទៅដល់ ព្រៃឫស្សីជុំវិញធម្មសាលា ខ្ញុំព្រះករុណាក្នុងឋានៈជាប្រធានសង្ឃក្នុងវត្តវេឡុវនារាម នឹកត្រេកអរសាទរ ដែលបានឃើញ ប្រជាជនភ្លូកភ្លឹកមកកាន់វត្តអារាមនិងរឹតតែត្រេកអរសាទរទៀត នៅពេលបានដំណឹង ថាព្រះមហាថេរៈអាចទេសនាឲ្យព្រះរាជកុមារអជាតសត្តុជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបាន ព្រោះតាមធម្មតា ព្រះរាជកុមារមិន ដែលចាប់ព្រះទ័យក្នុងព្រះសាសនា មិនដែលយាងមកកាន់វត្តអារាមដើម្បីស្តាប់ធម៌ទេ បង្អស់ពេលវេលា ឲ្យអស់ទៅដោយការលេងស្រណុកជាមួយនឹងមិត្រសម្លាញ់ជាបុត្ររបស់សព្វមុខមន្ត្រី ព្រះរាជាធិបតីធ្លាប់ ព្យាយាម បញ្ជូនព្រះរាជឱរសទៅសិក្សាសិល្បវិទ្យាក្នុងសម្នាក់ នៃវិទ្យាចារ្យទិសាបោមោក្ខនៃក្រុងតក្កសិលា ដែរ ប៉ុន្តែព្រះរាជកុមារទ្រង់មិនព្រម អត្តចរិយារបស់ព្រះរាជកុមារមិនត្រឹមតែសាងសេចក្តីមិនសព្វព្រះទ័យ ចំពោះព្រះរាជបិតាប៉ុណ្ណោះទេ ប៉ុន្តែនៅសាងកង្វល់ខ្វល់ព្រួយដល់សព្វមុខមន្រ្តីរាជការនិង អាណាប្រជា- រាស្ត្រជាទូទៅផង កាលបើព្រះរាជឱរសងាករេបែរមកជ្រះថ្លាក្នុងព្រះសាសនា ព្រះរាជជនកនិងព្រះរាជ ជននីនូវអស់អាណាប្រជារាស្ត្រទើបស្រស់ស្រាយសប្បាយចិត្ត ព្រះរាជាធិបតីពិម្ពិសារទ្រង់សព្វព្រះរាជ ហឫទ័យជាពិសេស ដល់ថ្នាក់ទ្រង់ព្រះរាជទានពរថា បើព្រះរាជកុមារត្រូវការបើកយកព្រះរាជទ្រព្យពី ឃ្លាំងហ្លួងដើម្បីយកទៅធ្វើកងការកុសលក៏អាចបើកយកបានតាមបំណង ព្រះរាជកុមារអជាតសត្តុលុះ ទទួលបានពរនោះហើយក៏ប្រើគេឲ្យចាត់រៀបរណ្តាប់ ៥០០ យកទៅប្រគេនព្រះទេវទត្តមហាថេរៈ ហើយសន្ទនាប្រាស្រ័យគ្នាអស់ពេលជាយូរ សម្ពន្ធភាពរវាងព្រះរាជកុមារនិងព្រះមហាថេរៈប្រព្រឹត្តទៅ យ៉ាងស្និទ្ធស្នាល ជួលកាលទាំង ២ អង្គ ចូលទៅសន្ទនាគ្នាមួយទល់នឹងមួយក្នុងព្រៃឫស្សី បណ្តោយឲ្យ រាជបរិពាររងចាំនៅខាងក្រៅ ថ្ងៃខ្លះ ព្រះមហាថេរៈក៏និមន្តចូលទៅគាល់ព្រះរាជកុមារដល់សម្នាក់ផ្ទាល់ ព្រះអង្គនិងសន្ទនាគ្នាជាឧភតោ រហូតដល់កាលកន្លងចូលដល់មជ្ឈិមយាមទើបនិមន្តត្រឡប់មកវត្ត អារាមវិញ ។
ម្នាលលោកដ៏មានអាយុ ! ចំណែកឯខ្ញុំព្រះករុណាក្នុងឋានៈជាសង្ឃបាមោក្ខក្នុងវេឡុវនារាម កាលបើ សម្លឹងឃើញស្ថានភាពថ្កុំថ្កើងរុងរឿងនៃព្រះសាសនា មើលឃើញការរស់ឡើងវិញនៃសទ្ធារបស់មហាជន និងមើលឃើញការយកព្រះទ័យទុកដាក់របស់ព្រះរាជកុមារជារជ្ជទាយាទក្នុងព្រះសាសនា ក៏អត់នឹងកើត បីតិប្រាមោទ្យពុំបាន នៅខណៈជាមួយគ្នានោះ ក៏ងាករេបែរមកពិចារណាដល់ខ្លួនឯង រហូតថេរវេលាដែល ព្រះទេវទត្តមហាថេរៈនិមន្តមកគង់នៅក្នុងវេឡុវនារាម ឃើញថា កិត្តិយសឈ្មោះសម្លេងរបស់ខ្លួនឯងបាន ថមថយខ្សោយចុះបីដូចជាពន្លឺផ្កាយកាលបើត្រូវរស្មីព្រះអាទិត្យចាំងប្រភាយឡើងកាន់នភាល័យដូច្នោះ បុញ្ញាភិនីហាររបស់ព្រះមហាថេរៈធ្វើឲ្យប្រជាជនក្រុងរាជគ្រឹះភ្លេចខ្ញុំព្រះករុណាទៅមួយរយៈកាល ធ្វើឲ្យខ្ញុំ ព្រះករុណាមានពេលទំនេរពីការគ្រប់គ្រងគណៈសង្ឃនិងការសម្តែងធម៌ច្រើនឡើង ព្រោះហេតុនេះ វិញ្ញាណនៃការត្រាច់ចរបានវិលត្រឡប់មករកខ្ញុំព្រះករុណាម្តងទៀតក្រោយពីរលុបបាត់ទៅអស់រយៈពេលជិត ១០ ឆ្នាំ ។
ចរចាកវេឡុវនារាម
[កែប្រែ]ម្នាលលោកដ៏មានអាយុ ! ការដែលព្រះទេវទត្តមហាថេរៈនិមន្តមកកាន់វេឡុវនារាមស្មើនឹងនិមន្តមកជួយទម្លាក់ បន្ទុកដ៏ធ្ងន់កណ្តក់ចេញពីស្មារបស់ខ្ញុំព្រះករុណា ព្រោះថាព្រះមហាថេរៈបានទទួលភារៈភ្នាក់ងារជាអ្នកបង្ហាត់ បង្រៀនប្រៀនប្រដៅប្រជាជនដោយទទួលបានសមិទ្ធផលដ៏ល្អត្រកាល ព្រះមហាថេរៈបានដឹកនាំពាំយូរលាភ សក្ការៈយ៉ាងច្រើនសន្ធឹកសន្ធាប់មកកាន់ភិក្ខុសង្ឃ កម្ចាត់បង់កង្វះខ្វះខាតផ្នែកភត្តាហារឲ្យអស់ទៅ ប្រការ សំខាន់បំផុត គឺ ព្រះមហាថេរៈបានដាំបណ្តុះពូជសទ្ធាដ៏ស្វិតស្រពោនក្នុងព្រះពុទ្ធសាសនារបស់ប្រជាជនក្រុង រាជគ្រឹះឲ្យរស់រវើកកម្រើកសស្រាក់សស្រាំឡើងវិញ នាកាលមានពេលទំនេរច្រើនឡើង ខ្ញុំព្រះករុណាក៏ងាក មកពិចារណាខ្លួនឯង តាមការពិត ខ្លួនខ្ញុំព្រះករុណានោះបើទុកជាឧបសម្ប័ទក្នុងព្រះពុទ្ធសាសនាជាង ១០ វស្សាហើយក៏ដោយ ប៉ុន្តែក៏នៅតែមិនទាន់សម្រេចមគ្គផលសូម្បីថ្នាក់ទាបបំផុត គឺ សោតាប័ននៅឡើយ នៅ មានសន្តានចិត្តក្រាស់ក្រែលដោយអវិជ្ជា តណ្ហា និង ឧបាទាន នៅពុំទាន់រួចផុតស្រឡះពីកងចក្រនៃវដ្តសង្សារ នៅឡើយ ប៉ុន្តែព្រោះអាស្រ័យការប្រិតប្រៀងក្នុងសីលនិងបំពេញសាសនកិច្ចផ្នែកបរហិតបដិបត្តិដែលជា កុសលកម្មជាប្រចាំគ្មានថ្ងៃណាលស់ សង្ឃឹមថា ផលានិសង្សនេះនឹងហុចផលផ្តល់ឲ្យទៅកើតក្នុងសុគតិភព ឃ្វាងឃ្លៀងឃ្លាចាកអបាយភូមិបាន ប៉ុន្តែក្នុងជម្រៅនៃដួងចិត្តរបស់ខ្ញុំព្រះករុណានោះនៅនឹកអៀនខ្មាស ចំពោះបណ្តាព្រះអរិយសង្ឃដែលខ្លួនកើតរួមជាមួយក្នុងសាសនានាកាលដែលព្រះបរមសាស្តានៅទ្រង់ធរមាន នៅឡើយ ប៉ុន្តែខ្លួនឯងមិនអាចសម្រេចសូម្បីមគ្គផលជាន់ទាបបាន នេះឯងគឺជាមន្ទិលដួងចិត្តដែល ខ្ញុំព្រះករុណាមិនដែលភ្លេច និងតាំងចិត្តទុកជារៀងរហូតមកថា កាលណាមានឱកាស នឹងអែបគេចទៅ នៅក្នុងវិវេកដ្ឋាន បដិបត្តិសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានដើម្បីសេចក្តីបរិសុទ្ធរួចផុតជាបច្ចេកត្តភាព ម្តង ប៉ុន្តែឱកាសដែលរំពឹងទុកនោះឥតកើតឡើងសោះ យប់ថ្ងៃកន្លងទៅដោយឥតឈប់ឈរ ថ្ងៃឆ្លងទៅជា សប្តាហ៍ សប្តាហ៍ឆ្លងទៅជាខែ ខែឆ្លងទៅជាឆ្នាំ ខ្ញុំព្រះករុណាក៏គង់នៅក្នុងវេឡុវនារាមពេញប្រៀបដោយ ភារកិច្ចចងឆ្វាក់ផ្សេងៗដែលកពូនឡើងជារឿយៗ ។ ព្រោះហេតុនោះ ការដែលព្រះទេវទត្តមហាថេរៈនិមន្តមកគង់វសនាការក្នុងវេឡុវនារាមព្រមទាំងបណ្ពុះ បណ្តាលអចលសទ្ធាឲ្យដុះដាលដល់ភិក្ខុបរិស័ទនិងឧបាសកឧបាសិកា ខ្ញុំព្រះករុណាទើបសម្លឹងឃើញ ឱកាសដ៏ប្រសើរនេះដើម្បីនឹងភៀសទៅបំពេញព្យាយាមក្នុងទីស្ងាត់ណាមួយ កាលបើសម្រេចចិត្តដោយល្អ ហើយក៏ចូលទៅរកព្រះមហាថេរៈទូលប្រាប់គោលបំណងឲ្យលោកជ្រាបហើយក៏ក្រាបបង្គំលា ព្រះមហាថេរៈមុខជាយល់ចេតនារបស់ខ្ញុំព្រះករុណាច្បាស់ទើបមិនហាមប្រាមខ្ញុំព្រះករុណា ផ្ទុយទៅវិញ ត្រឡប់ជាលើកស្ទួយឲ្យកម្លាំងចិត្តថែមទៀត ព្រះមហាថេរៈសន្យាថានឹងគ្រប់គ្រងវេឡុវនារាមជំនួស ខ្ញុំព្រះករុណាឲ្យបានល្អជាទីបំផុត ធ្វើឲ្យខ្ញុំព្រះករុណាធូរស្បើយនិងសប្បាយចិត្តជាអតិបរមា ។ ដោយសារតាំងចិត្តថានឹងទៅស្ងាត់ៗមិនឲ្យលេចឮខ្ចរខ្ចាយ ខ្ញុំព្រះករុណាទើបមិនលាកលាអ្នកណាទាំង អស់ សូម្បីតែព្រះរាជាធិតីជាអារាមិកក៏ដោយ វត្ថុមួយដែលខ្ញុំព្រះករុណាត្រូវតែលាគឺ ស្តូបបញ្ចុះអដ្ឋិធាតុ របស់លីលាវតី ប៉ុន្តែជាហេតុចៃដន្យក្រៃលែងដែលទេវមិត្រឧបាសកអញ្ជើញចូលមកឃើញក្នុងខណៈដែល ខ្ញុំព្រះករុណាកំពុងស្ពាយបាត្រលីក្លស់ចេញពីទ្វារខាងក្រោយវត្ត "ព្រះតេជគុណ ! និមន្តទៅណាហ្នឹង?" ឧបាសកស្រែកសួរទាំងរត់តម្រង់មករកខ្ញុំព្រះករុណា គាត់មកឈប់ ឈរនៅខាងមុខខ្ញុំព្រះករុណាដោយកែវភ្នែកបើកក្រលួង សម្តែងសេចក្តីភ្ញាក់ផ្អើលនិងចម្លែកចិត្ត ខ្ញុំព្រះករុណានំាគាត់ទៅអង្គុយលើរានហាលក្រោមដើមផ្អាវដែលកំពុងចេញផ្កាក្រហមច្រាលពេញទាំងដើម ហើយក៏ប្រាប់គោលបំណងឲ្យគាត់ដឹង គាត់ព្យាយាមរំអែរំអុកខ្ញុំព្រះករុណាឲ្យវិលត្រឡប់ទៅវេឡុវនារាម វិញឲ្យបាន "ម្នាលឧបាសក ! អាត្មាត្រឡប់ទៅវិញមិនបានទេ ព្រោះបានសម្រេចចិត្តដាច់ខាតហើយថានឹងទៅ តាមការ ពិត មិនមែនជាការសម្រេចចិត្តទាន់ហន់ទេ ប៉ុន្តែជាគោលបំណងដែលកប់ទុកក្នុងចិត្តរបស់អាត្មាជារៀង រហូតមក កាលបើបានឱកាសអាត្មាត្រូវប្រញាប់ធ្វើតាមគោលបំណងនោះ" "ព្រះតេជគុណមានព្រះទ័យអាក្រក់សោកៀដែលគេចយករួចខ្លួន បោះបង់វត្តអារាមនិងពុទ្ធបរិស័ទចោល ខាងក្រោយដោយឥតនឹកស្តាយស្រណោះម្លោះឬ?"ទេវមិត្រឧបាសកមានប្រសាសន៍ដោយសម្លេងកម្សត់
"ម្នាលឧបាសក ! អាត្មាបានរស់នៅបំពេញប្រយោជនដល់មហាជនអស់ជាង ១០ វស្សាហើយ ឥឡូវនេះដល់ ពេលដែលអាត្មាត្រូវគិតដល់ខ្លួនឯងខ្លះហើយ អាយុរបស់អាត្មាចាប់ឈានចូលដល់មជ្ឈិមវ័យហើយ ប៉ុន្តែ អាត្មានៅជាបុថុជ្ជននៅឡើយ អាត្មានឹកខ្មាសចិត្តខ្លួនឯងចំពោះរឿងនេះណាស់ ទើបចង់នឹងចេញទៅបដិបត្តិ សង្ខុញចូលកាន់មគ្គផលម្តង សូមឧបាសកកុំបានឃាត់ឃាំងអាត្មាឡើយ ម្យ៉ាងទៀត ឥឡូវនេះ ព្រះទេវទត្ត មហាថេរៈក៏គង់នៅឯវេឡុវនារាម អាត្មាបានប្រគល់សង្ឃាភិបាលកិច្ចដល់លោកហើយ ហើយលោកក៏ទទួល ដោយរន្តិភាព ព្រោះហេតុនោះ វត្តវេឡុវ័នមិនសោះសូន្យពីព្រះមហាថេរៈជាមគ្គុទេសក៍របស់មហាជនទេ" "ប៉ុន្តែព្រះទេវទត្តមហាថេរៈគ្រាន់តែជាអាគន្តុកៈត្រាច់ចរមកស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ ខ្ញុំកណានៅមិន ទាន់ជឿទុកចិត្តលោកថានឹងគង់នៅជាមួយនឹងពួកយើងជារៀងរហូតទេ"ឧបាសកប្រកែក និងព្យាយាមទទូច ទទែតទៅ ចំណែកឯខ្ញុំព្រះករុណាវិញក៏នៅតែអះអាងថានឹងទៅឲ្យបាន កាលបើឃើញថាគ្មានផ្លូវណានឹងយក ឈ្នះខ្ញុំព្រះករុណាបាន ឧបាសកទើបមានប្រសាសន៍ឡើងថា "បើព្រះតេជគុណសម្រេចចិត្តដាច់ខាតហើយថានឹងទៅ ខ្ញុំកណាក៏មិនថាអ្វីដែរ ប៉ុន្តែស្នើសុំឲ្យព្រះតេជគុណធ្វើ កិច្ចការមួយ ជាសំណើចុងក្រោយ ព្រះតេជគុណនឹងធ្វើបានទេ?" "បើសំណើរបស់ញោមមិនជាឧបសគ្គរារាំងចំពោះការបដិបត្តិដើម្បីមគ្គផលរបស់អាត្មាទេ អាត្មាត្រេកអរនឹង ព្រមធ្វើតាម" "ខ្ញុំកណាធានាថានឹងមិនរារាំងដោយពិត"ទេវមិត្រឧបាសកអះអាង "បើអញ្ចឹង ប្រាប់មកចុះ" "តាមចង្កេះភ្នំជុំវិញជាយក្រុងរាជគ្រឹះនេះ មានល្អាងថ្មទានិងព្រៃស្ងប់ស្ងាត់គួរដល់ការបំពេញព្យាយាម ជាខ្លាំង ខ្ញុំកណាស្នើសុំឲ្យព្រះតេជព្រះគុណគង់នៅត្រង់បរិវេណជុំវិញក្រុងរាជគ្រឹះនេះ សូមកុំនិមន្តត្រាច់ ចរទៅឆ្ងាយពីនេះឡើយ កាលបើព្រះតេជព្រះគុណបានលំនៅស្នាក់នៅសមរម្យហើយ សូមបញ្ជូនមនុស្ស មកប្រាប់ដំណឹងដល់ខ្ញុំព្រះកណាផងថាព្រះតេជព្រះគុណគង់នៅទីណា ដើម្បីងាយស្រួលក្នុងការទាក់ទង ខ្ញុំកណាស្នើសុំប៉ុណ្ណេះទេ" ខ្ញុំព្រះករុណាពិចារណាឃើញថាសំណើរបស់ទេវមិត្រឧបាសកមិនទទឹងទាស់នឹងការបំពេញព្យាយាម ល្មម បដិបត្តិតាមបានដោយស្រួល ទើបយល់ព្រមទទួលថានឹងធ្វើតាម ឧបាសកថ្វាយបង្គំខ្ញុំព្រះករុណាដោយ មោទកភាព ហើយទទួលយកបាត្រនិងក្លស់ទៅកាន់ ប្រាប់ថានឹងដើរតាមជូនដំណើរខ្ញុំព្រះករុណាក្នុង រយៈផ្លូវសមគួរ ខ្ញុំព្រះករុណាដើរត្រង់តម្រង់ទៅកាន់ទ្វារក្រោយវត្តដែលច្រូងច្រាងដោយដើមឫស្សីនិងហ្វូងសត្វកង្ហែនដែល រត់ប្រសេចប្រសាចទៅមកតាមដើមឫស្សីនិងមែកឫស្សី បែរមុខមកសម្លឹងមើលខ្ញុំព្រះករុណាស្រែកលាន់ឮ សម្លេងចេចចាចទាំងបក់កន្ទុយរវិចរវើកហាក់បីដូចជាសម្តែងសេចក្តីស្តាយស្រណោះអាឡោះអាល័យចំពោះ ខ្ញុំព្រះករុណាក្នុងការដែលចាកចេញទៅ កង្ហែនទាំងនេះជាសម្បត្តិរបស់ផែនដី គ្មានអ្នកណាអាចធ្វើអន្តរាយ បានទេ ព្រះកំពូលរាស្ត្រពិម្ពិសារតែងស្តេចយាងមកប្រទានចំណីដល់សត្វកង្ហែនទាំងនេះម្តងម្កាល ។
ខ្ញុំព្រះករុណានិងទេវមិត្រឧបាសកដើរចូលទៅកាន់ទ្វារក្រុងទិសឧត្តរដែលជាចន្លោះភ្នំវេបុល្លៈនិងវេភារៈ ហើយក៏ដើរតាមថ្នល់ឆ្លងកាត់ទីក្រុងតម្រង់ត្រង់ទៅទិសទក្សិណ លុះមកដល់មាត់ផ្លូវចន្លោះភ្នំរវាងភ្នំសោនៈ និង ភ្នំឧទ័យ ខ្ញុំព្រះករុណាមានបំណងនឹងសួឡើងភ្នំ ដោយមិនចេញតាមទ្វារទិសទក្សិណ ហើយបានស្នើ គំហើញនេះដល់ទេវមិត្រឧបាសក កាលបើគាត់មិនជំទាស់ទេ ខ្ញុំព្រះករុណាក៏ចាប់ប្រវារឡើងភ្នំឧទ័យ ឡើងខ្ពស់ទៅៗតាមលំដាប់ ដោយហេតុតែជាគិម្ហរដូវ ដើមឈើលើភ្នំភាគច្រើនរុះជ្រុះស្លឹកអស់ ធ្វើឲ្យថ្ទាំងថ្ម ដែលត្រូវកម្តៅថ្ងៃចាំងរោលបៀមកម្តៅទុកណាស់សា ទោះបីជានឿយហត់ក្នុងការប្រវារតោងឡើងក៏ដោយ ខ្ញុំព្រះករុណាក៏នៅធូរស្បើយរហើយចិត្តដែលបានមកនៅនែបនិត្យជិតនឹងធម្មជាតិដ៏គ្មានតែមម៉ិតប្រាយ កលោបាយណាៗ ហ្វូងសត្វរៃប្រឹងស្រែកយំរងំអឺងអាប់ស័ព្ទស៊ានហាក់នឹងថាទទួលស្វាគមន៍ពួកយើងចូល កាន់អាណាចក្រត្រជាក់ត្រជុំនៃភ្នំធម្មជាតិ ។ នៅទីបំផុត ពួកយើងទាំងពីរនាក់ក៏ឡើងទៅដល់កំពូលភ្នំឧទ័យ ងាកសម្លឹងទៅមើលទស្សនីយភាពនៃ ក្រុងរាជគ្រឹះដែលលាតសន្ធឹងល្វឹងល្វើយនៅខាងក្រោម ខ្ញុំព្រះករុណាអាចសម្លឹងឃើញគេហដ្ឋាន អាគារ វិល្លាប្រាសាទនិងទេវាល័យរបស់ក្រុងរាជគ្រឹះបានយ៉ាងស្រពិលពព្រិល ព្រោះទស្សនីយភាពភាគច្រើនត្រូវ បានអ័ព្ទផ្សែងហុយហមឡោមព័ទ្ធ នៅខាងស្តាំដៃ ឃើញជួរភ្នំរតនៈ ឈរទទុងនៅក្នុងពិដានអ័ព្ទយ៉ាងខ្ពស់ សន្លឹមស្កឹមស្កៃ នៅខណៈដែលកំពុងតែឈរគន់មើលទិដ្ឋភាពនោះឯង ខ្ញុំព្រះករុណាក៏កើតសំណោកសោក សង្រេងចិត្តយ៉ាងចម្លែក ហាក់នឹងថាចំណាកទៅនៅគ្រានេះជាចំណរចរចាកទៅជានិរន្តរ បង្កបង្កើតសេចក្តី ស្តាយស្រណោះអាឡោះអាល័យវេឡុវនារាម ឧបាសកឧបាសិកានិងក្រុងរាជគ្រឹះយ៉ាងខ្លាំង នេះឯងឬ គឺ សេចក្តីព្រាត់ប្រាសចាករបស់ឬបុគ្គលជាទីស្រឡាញ់ ព្រះបរមសាស្តាទើបចាត់ទុកថាជាទុក្ខម្យ៉ាង ។ "យើងប្រហែលជាត្រូវព្រាត់គ្នានៅត្រង់នេះហើយ ! "ខ្ញុំព្រះករុណាប្រាប់ទេវមិត្រឧបាសក គាត់សម្លឹងមើល ខ្ញុំព្រះករុណាដោយសេចក្តីស្តាយស្រណោះ ប៉ុន្តែមិនបានឆ្លើយតបអ្វីទេ "ជីវិតរបស់មនុស្សយើងតែងមានកិរិយាព្រាត់ប្រាសពីគ្នាទៅជាធម្មតា ជីវិតរបស់អាត្មាពោរពេញទៅដោយ បម្រាត់ព្រាត់ប្រាស ព្រាត់ប្រាសពីញោមប្រុសញោមស្រី ពីស្រុកកំណើត និង ព្រាត់ពី..."គ្រាន់តែនិយាយ មកដល់ត្រង់នេះ ខ្ញុំព្រះករុណាហាក់អួលអាក់រតាក់រតុបនិយាយអ្វីមិនចេញ បានតែរលឹកនឹកឃើញនៅក្នុង ចិត្តថា "លីលាវតី" ប៉ុន្តែបម្រាត់បម្រាសជារឿយៗក៏ជាការល្អដែរ ព្រោះនឹងធ្វើឲ្យឃើញការព្រាត់ប្រាស នោះទៅជារឿងធម្មតា "អាត្មាសូមចម្រើនពរលាសិនហើយ សូមឲ្យញោមរស់នៅជាសុខដុមរមនាជារៀង រហូតទៅកុំបីខាន" ទេវមិត្រឧបាសកក្រាបបង្គំខ្ញុំព្រះករុណាទៀបបាទមូល ក្រើនរំលឹកខ្ញុំព្រះករុណាឲ្យរក្សាពាក្យសន្យាម្តង ទៀត ហើយក៏ដើរចុះភ្នំត្រឡប់ទៅកាន់គេហដ្ឋានរបស់គាត់វិញ ខ្ញុំព្រះករុណាតាមសម្លឹងមើលគាត់រហូត ដល់បាំងបាត់ទៅនៅក្នុងភូមិនិងផ្ទាំងថ្មដាខាងក្រោម ហើយក៏បែរខ្នងទៅសម្លឹងមើលទស្សនីភាពខាងទិស ទក្សិណសឹងជាទិសដែលខ្ញុំព្រះករុណាប្រុងនឹងធ្វើដំណើរដើរតទៅ ។
ប្រុសចម្លែកក្នុងសុញ្ញាគារ
[កែប្រែ]ម្នាលលោកដ៏មានអាយុ ! តពីចំណុចដែលខ្ញុំព្រះករុណាឈរនោះ ខ្ញុំព្រះករុណាអាចមើលឃើញទេសភាព ដ៏ស្រស់បំព្រងរៀងរាយល្វឹងល្វើយនៅខាងមុខ រុក្ខជាតិភាគច្រើនត្រងិលក្បិលចាកសន្លឹក បញ្ឈរដើមឆ្លាស់គ្នា ជាអណ្តាក់អណ្តុបចាប់ពីលើកំពូលភ្នំទៅរហូតដល់ជើងភ្នំ នៅប្របជាប់នឹងជើងភ្នំ ខ្ញុំព្រះករុណាសង្កេតឃើញ ដំបូលផ្ទះជាច្រើនខ្នង រមូរចូលគ្នាជាកំប៉ូតកំប៉ុក ហែហមឡោមព័ទ្ធដោយរុក្ខជាតិខៀវខ្ចី ហួសពីភូមិទៅ ជាក្សេត្រភូមិដ៏ធំល្វឹងល្វើយល្ហល្ហេវ តពីនោះជាព្រៃឈើពណ៌ខៀវបំព្រង ហើយក៏ជាក្សេត្រភូមិទៀត ក្សេត្រភូមិ និងព្រៃឈើលាយឆ្លុះឆ្លាស់គ្នា ពង្រីកពង្រាយរហូតដល់ទល់មណ្ឌលមេឃ ខ្ញុំព្រះករុណានឹកធូរស្បើយរហើយ ចិត្តយ៉ាងចម្លែក នៅពេលបានឃើញទស្សនីយភាពដ៏រហរហេវបែបនោះ មានឥស្សរភាពបីដូចជាបក្សីដែល ទើបនឹងរួចពីទ្រុងដូច្នោះ ប៉ុន្តែកាលបើសម្លឹងទៅឃើញហ្វូងគោក្របីតូចកញ្ច្រឹបកញ្ច្រកដូចសត្វស្រមោចដែល កំពុងតែដើរក្នុងវាលស្រែសំដៅទៅកាន់ភូមិ ខ្ញុំព្រះករុណាក៏កើតសំណោកសោកសៅភ្លាម ព្រោះវាក្រើនរំលឹក ឲ្យខ្ញុំព្រះករុណានឹកឃើញដល់អតីតកាលក្នុងគ្រាដែលខ្ញុំព្រះករុណានៅជាក្មេងឃ្វាលគោគូកម្សត់តាមមាត់ ស្ទឹងអចិរវតីក្នុងដែនដីកោសលរដ្ឋដ៏សែនឆ្ងាយលន្លោចឯណោះ ខ្ញុំព្រះករុណាដកដង្ហើមធំស្រូបយកខ្យល់ អាកាសបរិសុទ្ធហើយក៏ដើរចុះពីភ្នំទៅ កាលដែលខ្ញុំព្រះករុណាដើរចុះមកដល់ភូមិត្រង់ជើងភ្នំនោះក៏ពេលវេលាសឹងងងឹតឈឹងទៅហើយ អ្នកស្រុក ចាប់ផ្តើមទ្រោលបំភ្លឺប្រទីបជ្វាលា ខ្ញុំព្រះករុណាដើរទៅជារឿយៗតាមផ្លូវលំចង្អៀតៗកណ្តាលភូមិ សង្ខាងផ្លូវដេរដាសទៅដោយផ្ទះសម្បែងដែលជាខ្ទមគោម័យសង់ជាប់នឹងផ្ទៃដី ខ្ទមខ្នងខ្លះក៏មានគោនិង ពពែចងភ្ជាប់នឹងបង្គោលខាងមុខផ្ទះ ខ្នងខ្លះក៏មានប្រុសបច្ឆិមវ័យអង្គុយចងវង់សន្ទនាគ្នានៅលើកន្ទេល ចចូតខាងមុខខ្ទម លើផ្លូវលំសង្កាត់ខ្លះក៏មានក្មេងក្មាងប្រលេងប្រឡែងដេញចាប់គ្នាឮសម្លេងទ្រហឹងខ្ញៀវ ខ្ញារ សម្លេងមនុស្សធំស្រែកដេញក្មេងក្មាងឲ្យទៅលេងកន្លែងដទៃ សម្លេងម្តាយដង្ហោយហៅកូនឲ្យទៅ ពិសាបាយ និងសម្លេងកណ្តឹងត្រដោកពីកគោធ្វើឲ្យបរិយាកាសខាងក្នុងភូមិអ៊ឹកធឹកគគ្រឹកគគ្រេងគួរសម ។ ដោយនឿយហត់រសេះរសោះអស់ដៃអស់ជើងពីការសួចុះភ្នំ ខ្ញុំព្រះករុណាក៏សម្រេចសិងសម្រាកយប់ ក្នុងភូមិនេះ ប៉ុន្តែមិនដឹងថានឹងទៅសម្រាកទីណាទេ តាមធម្មតា ក្នុងភូមិនីមួយៗទូទាំងដែនដីមគធៈ សុទ្ធតែមានសាលាសម្នាក់ ១ ខ្នងដែលអ្នកស្រុកជួយគ្នាកសាងឡើងនៅចិញ្ចើមផ្លូវកណ្តាលភូមិ ដើម្បីជាទី ស្នាក់អាស្រ័យរបស់បាទចារី និងពួកអនាគារិកដែលត្រាច់ចរមកពីទិសទាំង ៤ ដើម្បីសួរមើលឲ្យដឹងថា សាលាសម្នាក់នោះនៅឯណា ខ្ញុំព្រះករុណាបានឈាងចូលទៅសួរព្រឹធជនម្នាក់ ដែលកំពុងចងគោនៅ ខាងមុខខ្ទម "បពិត្រលោកសមណៈ ! ភូមិរបស់យើងនៅមិនទាន់មានសាលាសម្នាក់សម្រាប់ថ្មើរជើងនៅឡើយទេ ប៉ុន្តែគ្រាមភោជកបានចាត់ត្រៀមផ្ទះ ១ ខ្នងសម្រាប់រឿងនេះ ប្រសិនបើលោកម្ចាស់និមន្តដើរទៅហួសផ្ទះ ៤ ខ្នងទៀត ហើយសម្លឹងមើលទៅខាងស្តាំដៃ លោកម្ចាស់នឹងឃើញផ្ទះទំនេរ ១ ខ្នងធំតាំងនៅចិញ្ចើមផ្លូវ សូមនិមន្តចូលទៅសម្រាកតាមសម្រួលចុះ" ។
ខ្ញុំព្រះករុណាពោលអរគុណព្រឹធជននោះហើយក៏បែរខ្នងចេញធ្វើដំណើរដើរទៅតាមផ្លូវលំ លុះដល់ខ្ទមខ្នងទី ៤ ក៏បានប្រទះឃើញសុញ្ញាគារ ១ ខ្នងនៅខាងស្តាំដៃតាមពាក្យណែនាំរបស់ព្រឹធជននោះមែន ខ្ញុំព្រះករុណា ដើរទៅឈប់ត្រង់ទ្វារហើយបន្ទោរក្បាលចូលទៅមើលខាងក្នុង ឃើញបន្ទប់ល្វែងល្វឹងល្វើយទាំងខ្នង លើផ្ទៃ បន្ទប់ដែលជាដីគោម័យមានកន្ទេលចចូតក្រាលទុកដោយអន្លើៗ ខាងក្នុងបន្ទប់មានប្រុសម្នាក់បានចូលមក ស្នាក់នៅមុនហើយ គេអង្គុយលើកន្ទេលចចូតក្បែរចង្កៀងដែលចាំងពន្លឺភ្លឺភ្លឹបភ្លែត ធ្វើកិច្ចធុរៈរញ៉ិករញ៉ុកតែ ម្នាក់ឯង ខ្ញុំព្រះករុណាបានចូលទៅក្នុងបន្ទប់ដាក់បាត្រនិងបរិក្ខារចុះលើកន្ទេលត្រង់ជ្រុងម្ខាងនៃបន្ទប់ហើយក៏ អង្គុយចុះសម្រាក នៅខណៈដែលខ្ញុំព្រះករុណាកំពុងអង្គុយនោះឯង បុរសដែលស្នាក់នៅមុនបែរមកសម្លក់ មើលខ្ញុំព្រះករុណា ផ្ចង់ពិនិត្យមើលអស់ពេលជាយូរ បន្ទាប់មកគេក៏ដើរតម្រង់មករកខ្ញុំព្រះករុណា អង្គុយចុះ ត្រង់រឹមកន្ទេលហើយនិយាយឡើងថា "បពិត្រលោកអនាគារិក ! ខ្ញុំកណាត្រេកអរណាស់ដែលមានមិត្ររួមសម្នាក់ក្នុងសុញ្ញាគារនេះ សង្កេតមើលលក្ខណៈឫកពានិងរូបបែបតែងកាយ ខ្ញុំកណាយល់ថាលោកម្ចាស់ជាអ្នកបួសក្នុងព្រះ ពុទ្ធសាសនាមែនទេ?" "មែន អាត្មាជាព្រះភិក្ខុក្នុងព្រះពុទ្ធសាសនា"ខ្ញុំព្រះករុណាឆ្លើយតបទាំងគិតគ្នេរគ្នាន់ក្នុងចិត្តថាប្រុសចម្លែកម្នាក់ នេះនឹងសម្តែងចេញក្នុងលក្ខណៈណាទេ ដោយពន្លឺភ្លឺរហឹមក្នុងបន្ទប់ ខ្ញុំព្រះករុណាសង្កេតឃើញគេជា យុវកម្លោះអាយុមិនហួស ២0 ឆ្នាំទេ សម្បុរសណ្តែកបាយ មុខមាត់មុតមាំ ទោះបីជាគេមានឫកពាសម្តែងថា ត្រេកអរ ប៉ុន្តែក៏មានស្នាកស្នាមនៃសំណោកដិតដាមក្នុងកែវភ្នែកនិងទឹកមុខយ៉ាងឃើញបានច្បាស់ "ចុះញោមវិញជាអ្នកណា មកពីណា?"ខ្ញុំព្រះករុណាសួរ "ខ្ញុំកណាឈ្មោះចុល្លពល ជាបុត្ររបស់ព្រាហ្មណ៍មហាសាលនៃក្រុងចម្បាដែនអង្គៈ ខ្ញុំកណាធ្វើដំណើរ ចេញពីមាតុភូមិមកអស់រយៈពេល ៧ រាត្រីថ្ងៃនេះហើយ"គេឈប់មួយស្របក់ហើយក៏សួរឡើងថា "ចុះលោកម្ចាស់វិញនិមន្តមកពីណា ហើយទៅណា? " "អាត្មាទើបនឹងធ្វើដំណើរចេញពីវេឡុវ័នមហាវិហារក្នុងក្រុងរាជគ្រឹះ..." "ឱ ! វេឡុវ័នឬ?"ប្រុសកម្លោះឧទានកាត់ស្លាបកែវដោយសម្លេងឮមុននឹងខ្ញុំព្រះករុណាឆ្លើយសំណួររបស់ គេចប់ "ព្រះវេឡុវ័ន អីយ៉ា ! សំណាងល្អណាស់តើសម្រាប់ខ្ញុំកណាដែលបានជួបនឹងលោកម្ចាស់ដែលទើបនឹង និមន្តមកពីព្រះវេឡុវ័ន" "ញោមមានធុរៈអ្វីទាក់ទងនឹងព្រះវេឡុវ័នឬ? ឧបាសក ! "ខ្ញុំព្រះករុណាសួរដោយពិភាល់លាយចម្លែកចិត្ត ចំពោះកិរិយាអាការខុសប្រក្រតីរបស់គេ
"វេឡុវ័ន គឺជា គោលដៅនៃដំណើរដើរផ្លូវឆ្ងាយរបស់ខ្ញុំកណា ខ្ញុំកណាកំពុងនឹងធ្វើដំណើរទៅវេឡុវ័ន ប្រជាជន ឯជាតិភូមិរបស់ខ្ញុំកណាប្រាប់ថា ឯវេឡុវ័នព្រៃឫស្សីដែលព្រះបាទពិម្ពិសារទ្រង់ប្រទានភក្សាហារដល់សត្វ កង្ហែននោះ ព្រះសក្យមុនីសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រថាប់នៅ ព្រះមហាសមណៈព្រះអង្គនោះជាសព្វញ្ញូ ទ្រង់ដឹងសព្វគ្រប់ចំពោះអ្វីៗទាំងពួង អាចរំដោះទុក្ខដល់អ្នកដែលកំពុងតែរងទុក្ខបាន អាចបន្ធូរបន្ថយ សំណោកដល់អ្នកដែលកំពុងតែសោយសោកបានយ៉ាងពិសិដ្ឋ គួរនាដូចជារោគហារីដែលស្ទាត់ជំនាញជាញ ជាក់ក្នុងសព្វរោគាព្យាធិព្រមទាំងសមុដ្ឋាន និងអាចផ្សែផ្សំឱសថកម្ចាត់បំបាត់រោគបានគ្រប់ប្រភេទ ខ្ញុំកណា កំពុងត្រូវភ្នំមហាទុក្ខកិនសង្កត់ដួងចិត្ត ហេតុនោះទើបមានបំណងនឹងទៅគាល់ព្រះដ៏មានព្រះភាគជាម្ចាស់ ព្រះអង្គនោះដោយរួសរាន់បំផុត ហេតុនេះឯងខ្ញុំកណាទើបត្រេកអរចិត្តដែលបានដឹងថាលោកម្ចាស់និមន្តមក ពីវេឡុវនារាម យ៉ាងហោចណាស់ ខ្ញុំកណាក៏បានស្តាប់ពត៌មានអំពីព្រះមហាសមណៈព្រះអង្គនោះដែរ ខ្ញុំកណាមានប្រស្នាជាច្រើនចំណុចដែលត្រូវការទូលសួរលោកម្ចាស់ ប៉ុន្តែលោកម្ចាស់កំពុងតែនឿយហត់ ពីដំណើរផ្លូវឆ្ងាយ បើអញ្ចឹងសូមនិមន្តឆាន់ទឹកនិងសិងសម្រាកឲ្យស្រួលព្រះកាយសិនចុះ យើងនឹងសន្ទនាគ្នា តទៅ" លុះនិយាយចប់ ប្រុសកម្លោះក៏ដើរទៅឆ្ពាមយកពិដុងទឹកមកថ្កល់ខាងមុខខ្ញុំកណា ហើយក៏និមន្តឲ្យ ឆាន់ ។ ខ្ញុំព្រះករុណាជឿថា គេមុខជាសប្បាយចិត្តដែលបានដឹងថាខ្ញុំព្រះករុណាមកពីសម្នាក់របស់ព្រះបរមសាស្តា ប៉ុន្តែគេនឹងស្រយង់ចិត្តប៉ុនណា បើបានជ្រាបពំនិតថា ព្រះបរសាស្តាទ្រង់មិនបានប្រថាប់នៅឯវេឡុវ័នទេ ប៉ុន្តែទ្រង់ប្រថាប់នៅឯក្រុងកោសម្ពី ឆ្ងាយដាច់ស្រយាលទៅទិសបស្ចឹមជាច្រើនរយយោជន៍ ខ្ញុំព្រះករុណា នឹកវឹកវរចិត្តនៅពេលគិតឃើញថា គេនឹងខកខុសបំណងដែលប៉ងប្រាថ្នា និងរងទុក្ខធំសន្ធំសន្ធៃក្រៃលែង ឡើងពីទុក្ខដែលមានស្រាប់យ៉ាងលើសលន់ពន់ប្រមាណ ដើម្បីអបស្ទបគេមិនឲ្យពើបពះប្រទះនឹង កំហកបំណង ខ្ញុំព្រះករុណាទើបរិះរកមធ្យោបាយបង្វែរចំណាប់អារម្មណ៍របស់គេឲ្យងាករេបែរចេញពី ព្រះបរមសាស្តាបណ្តោះអាសន្ន មធ្យោបាយល្អបំផុតតាមដែលអាចរិះគិតបាននៅខណៈនោះ គឺ ស្ទូចអន្ទង គេឲ្យអធិប្បាយរ៉ាយរ៉ាប់ប្រាប់សាទុក្ខរបស់គេ ព្រោះតាមមូលភាពធម្មតានោះ មនុស្សគ្រាន់តែរ៉ាយរ៉ាប់ប្រាប់ សាទុក្ខដោយវាចាដល់បុគ្គលដែលទុកចិត្តបាន ក៏អាចជួយបន្ទោបង់ទុក្ខទំសន្ធំនោះបានខ្លះ លុះគិតឃើញ ដូច្នេះហើយទើបនិយាយឡើងថា "ម្នាលឧបាសក ! ព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់នោះទ្រង់មានព្រះទ័យពេញប្រៀបដោយព្រះ មហាករុណាចំពោះសព្វសត្វ រៀងរាល់បច្ចូសសម័យ ព្រះអង្គតែងបង់បាញ់សំណាញ់គឺព្រះញាណគ្រប ដណ្តប់សកលលោកដើម្បីប្រមើលមើលថាតើសត្វណាខ្លះដែលកំពុងតែរងទុក្ខសន្ធំល្មមសមនឹងទទួលបាន សេចក្តីប្រោសប្រាណ កាលបើទ្រង់ទតព្រះនេត្រឃើញសត្វដូច្នោះហើយក៏ស្តេចយាងទៅប្រោសភ្លាម ដោយឥតរើសអើងថាបុគ្គលនោះស្ថិតនៅក្នុងវណ្ណៈត្រកូលណានោះទេ ពិតប្រាកដណាស់ សត្វដែល ស្ថិតនៅក្នុងអន្លង់នៃទុក្ខមានចំនួនច្រើនជាអនេក ព្រោះហេតុនោះព្រះអង្គទើបមិនទំនេរពីការប្រោស សត្វឡើយ" "បើអញ្ចឹង ហេតុអ្វីបានជាព្រះអង្គមិនយាងមកប្រោសខ្ញុំកណាផង ព្រោះខ្ញុំកណាកំពុងតែស្ថិតនៅក្នុងអន្លង់ មហាទុក្ខ?"កម្លោះចុល្លពលសួរឡើង "អាត្មាជឿថាទុក្ខរបស់ញោមបើប្រៀបផ្ទឹមនឹងទុក្ខរបស់អ្នកដទៃ ប្រហែលជានៅមានបរិមាណតិចនៅ ឡើយ ហេតុនោះបានជាញោមនៅមិនទាន់ប្រាកដចូលក្នុងសំណាញ់ញាណរបស់ព្រះបរមសាស្តា សូមតំណាលឲ្យអាត្មាស្តាប់បានទេថា ទុក្ខរបស់ញោមនោះដូចម្តេច? ក្រែងលោអាត្មាអាចនឹងមានផ្លូវជួយ ស្រោចស្រង់ញោមបាន" ។
មហាវិវាហមង្គល
[កែប្រែ]ចុល្លពលដកដង្ហើមធំយ៉ាងគឃូសហើយនិយាយឡើងថា"បពិត្រអនាគារិក ! ទុក្ខរបស់ខ្ញុំកណាធំធេងណាស់ សា ឈឺចាប់ខ្លោចផ្សា រហូតដល់បេះដូងដ៏សែនតូចរបស់ខ្ញុំកណានេះសឹងតែបែកធ្លាយទៅ វាជាសេចក្តីទុក្ខ ដែលកើតចេញពីការបាត់បង់ភរិយាជាទីស្រឡាញ់របស់ខ្ញុំកណាបន្ទាប់ពីរៀបការបានត្រឹម ១ ខែ នាងក៏ ចាកចោលខ្ញុំព្រះករុណាទៅដោយគ្មានថ្ងៃណានឹងវិលត្រឡប់មកវិញបាននៅខណៈពេលដែលយើងកំពុងតែ មានសុភមង្គលយ៉ាងពេញរបុងនោះឯង" "បពិត្រលោកសមណៈ ! កាលពីដើមឆ្លាំកន្លងមកនេះ ម្តាយរបស់ខ្ញុំកណាបានមានប្រសាសន៍នឹងខ្ញុំកណា ក្នុងល្ងាចថ្ងៃមួយថាខ្ញុំកណាគួរតែចូលកាន់ពិធីមង្គលការមានគូគ្រង ព្រោះអាយុរបស់ខ្ញុំកណាក៏គ្រប់ ២០ ឆ្នាំ ហើយ ចាត់ទុកបានថាជាមនុស្សធំពេញវ័យហើយ មនុស្សពេញវ័យដែលគ្មានគូគ្រង មិនឈ្មោះថាជាមនុស្ស ពេញវ័យបរិបូរទេ តែងទទួលបានដំណៀលដៀលត្មះពីអ្នកដទៃ មិនគួរជាទីជឿទុកចិត្តក្នុងការងារបាន លើសពីនោះទៀត បើមានគ្រោះគ្រាត្រូវពើបពះប្រទះលើមរណកម្មជាមុន ក៏គ្មានកុលទាយាទបន្តត្រកូល ថែមទាំង ទៅសោយទុក្ខក្នុងបុត្តនរកទៀត ខ្ញុំកណាប្រាប់ម្តាយថា បើបានកុលស្ត្រីសមរម្យមានកុលជាតិស្មើគ្នា ឆើត ឆោមដោយរូបសម្បត្តិ ខ្ញុំកណាត្រេកអរនឹងរៀបការជាមួយ ម្តាយរបស់ខ្ញុំកណាញញឹមដោយមោទកភាព ហើយប្រាប់ថា ឥឡូវនេះ គាត់បានប្រទះឃើញកុលស្រ្តីបែបនោះហើយ ជាយុវតីស្រីក្រមុំអាយុ ១៦ ឆ្នាំ ឈ្មោះ បទុមាវតី កុលធីតារបស់សេដ្ឋីម្នាក់ក្នុងនគរចម្បានេះឯង គ្រាន់តែស្តាប់ឮដំណឹងនេះ ខ្ញុំកណាក៏អត់ នឹងរំភើបញាប់ញ័រចិត្តពុំបាន" នៅថ្ងៃតមក ខ្ញុំកណាក៏បានមានឱកាសយល់ឆោមនៃអនាគតភរិយារបស់ខ្ញុំកណានៅខណៈដែលនាងទៅ ងូតទឹកក្នុងស្ទឹងចម្បាមួយអន្លើដោយនាងទាសីជាច្រើន សម្រស់របស់នាងទោះបីជាឃើញបានមួយភ្លែត ក៏ដោយ ក៏ធ្វើឲ្យខ្ញុំកណាភ័ន្តភាំងស្មារតីគិតអ្វីមិនលេច ខ្ញុំកណាម្នីម្នាត្រឡប់ទៅគេហដ្ឋានវិញ ប្រថុចប្រថំ ម្តាយរបស់ខ្ញុំកណាឲ្យប្រញាប់ទៅស្តីដណ្តឹង និងរៀបចំពិធីអាវាហមង្គលដោយរួសរាន់ទាន់ចិត្ត ព្រោះ ខ្ញុំកណាបានបាក់ចិត្តស្រឡាញ់បទុមាវតីយ៉ាងជ្រប់ជ្រុលទៅហើយ ជាស្នេហាបឋមទស្សន៍ដោយអំណាច នៃបុព្វេសន្និវាសយ៉ាងពិតប្រាកដ លុះម្តាយរបស់ខ្ញុំកណាបានស្តាប់ហើយក៏ពេញចិត្តយ៉ាងខ្លាំង កាលបើ ដល់ខែនិងថ្ងៃជាមង្គលតាមដែលបុរោហិតាចារ្យកំណត់ឲ្យ ទើបឲ្យម្តាយនិងញាតិសន្តានទៅត្រកូលរបស់ បទុមាវតីដើម្បីធ្វើពិធីស្តីដណ្តឹងកញ្ជាប់ពាក្យព្រមទាំងបណ្ណាការតាមទំនៀមទម្លាប់ ដូចជា សំពត់ស ១ ផ្ទាំង ដូង ១ ផ្លែ ចែក ៥ ស្និត និងផង់ចន្ទក្រអូប ប៉ុន្តែហាក់ដូចជាប្រផ្នូលអាក្រក់ប្រាប់ហេតុការណ៍អនាគត ប្រាកដឃើញថា មានពស់ ១ ក្បាលលូនកាត់មុខ សម្តីដណ្តឹងត្រូវពន្យារពេលទៅជាច្រើនថ្ងៃ លុះដល់ថ្ងៃ មានឫក្សលើកទី ២ ក្រុមញាតិសាច់សាលោហិតចេញធ្វើដំណើរទៅស្តីដណ្តឹងម្តងទៀត ប្រាកដឃើញថា ឆ្មា ១ ក្បាលរត់ឆ្លងផ្លូវកាត់មុខ ក្រុមញាតិត្រូវធ្វើដំណើរវិលត្រឡប់មកវិញ លុះដល់គ្រាទី ៣ ការធ្វើដំណើរ ទៅស្តីដណ្តឹងទើបបានសម្រេចដោយគ្មានប្រផ្នូលអាក្រក់ណាៗ នាកាលទៅដល់គេហដ្ឋានបទុមាវតីនិង បានទទួលបដិសណ្ឋារៈរាក់ទាក់យ៉ាងចៅរ៉ៅហើយ ក្រុមមេអណ្តើករបស់ខ្ញុំកណាក៏ប្រាប់វត្ថុបំណង ដល់ម្តាយរបស់បទុមាវតី សេដ្ឋីជាបិតាមិនបានទទួលឬបដិសេធភ្លាមទេ ប៉ុន្តែអង្គុយបែរមុខទៅទិសខាង ត្បូង សម្លឹងភ្នែកមើលជញ្ជាំងគេហដ្ឋានដែលមានជីងចក់ ១ ក្បាលទំនៅ សូម្បីតែក្រុមញាតិរបស់ខ្ញុំកណា ក៏សំឡក់ភ្នែកមើលជីងចក់នោះដោយសេចក្តីក្រវល់ក្រវាយចិត្តដែរ ភ្លាមនោះ អ្នករាល់គ្នាក៏ញញឹមចេញ មកដោយសេចក្តីធូរស្បើយចិត្ត ព្រោះជីងចក់នោះបានយំសម្លេងចក់ៗឡើង ៦ ដង សម្តែងថា ជំនាងផ្ទះ យល់ព្រមហើយ អំណស់ពីនោះមក សេដ្ឋីក៏សុខចិត្តឲ្យបទុមាវតីរៀបការជាមួយនឹងខ្ញុំកណា ហើយព្រម ទទួលយកជំនូនផ្សេងៗដែលក្រុមញាតិរបស់ខ្ញុំកណានាំយកទៅ ។
បពិត្រលោកសមណៈ ! ខ្ញុំកណាអាចអះអាងបានថា ពិធីអាពាហ៍ពិពាហ៍របស់យើងជាពិធីកម្មដ៏ឱឡារិក អធិកអធមនិងត្រឹមត្រូវតាមទំនៀមទម្លាប់សព្វគ្រប់ប្រការ ជាទីស្ងើចសរសរសើររបស់នគរវាសីអស់កាលជា យូរ ពពួកញាតិរបស់យើងទាំងសងខាងបានសាងបារាំយ៉ាងស្អាតត្រង់វាលខាងមុខគេហដ្ឋាន ស្អិតស្អាង ដោយក្រណាត់សនិងកម្រងផ្កាយ៉ាងស្រស់បំព្រង លុះបានឫក្សជាវេលាល្អហើយ ក៏អញ្ជើញទេវរូបរបស់ព្រះ ពិឃនេស្វរៈចូលកាន់បារាំពិធីហើយក៏ធ្វើពិធីបូជាដើម្បីសូមឲ្យព្រះអង្គជួយកម្ចាត់កម្ចោកឧបសគ្គនិងភយន្តរាយ ទាំងពួងដែលអាចនឹងកើតឡើងដល់ពិធីមង្គលការនោះបាន ព្រាហ្មណ៍បុរោហិតជាម្ចាស់ពិធីកម្មបានអញ្ជើញ ចូលកាន់បារាំពិធី ហែហមដោយព្រាហ្មណ៍ ១០៨ នាក់ដែលត្រូវបានអញ្ជើញចូលមកកាន់ពិធីកម្ម លោកសេដ្ឋី ជាបិតារបស់បទុមាវតីបានយកស្បូវភ្លាំង ១ ក្តាប់ និង ក្រមរឈើពីដើមឈើសក្តិសិទ្ធិ ៧ ប្រភេទហុចឲ្យ ព្រាហ្មណ៍បុរោហិតដើម្បីប្រារព្ធយញ្ញពិធីដល់ទេវតាជំនាងផ្ទះ ពពួកព្រាហ្មណ៍បានចូលរួមពិធីកម្មដោយយក ប្រេងល្ងលាបលនសីសៈរបស់ខ្លួន ស្ត្រីទាំងឡាយបានកាន់ថាសដើរដង្ហែគ្នាជាជួរទាំងច្រៀងចម្រៀងដ៏សែន ពីរោះទៅតម្កល់ទុកក្នុងបារាំពិធីដើម្បីបួងសួងទេវតា បន្ទាប់ពីនោះ ក៏មានពិធីជុបលៀងភ្ញៀវដោយ ភោជនាហារដ៏ប្រណីតផ្សេងៗ រហូតដល់ម្នាក់ៗឆ្អែតឆ្អន់សម្រន់គម្លានអស់ហើយ បន្ទាប់ពីជុបលៀងរួច ក៏ចែកស្លឹកម្លូដល់ភ្ញៀវម្នាក់ៗតាមទំនៀមទម្លាប់ ។
លុះថ្ងៃព្រឹកឡើង ព្រាហ្មណ៍អ្នកស្ទាត់ជំនាញក្នុងព្រះវេទ ៣ នាក់ ត្រូវបានអញ្ជើញឲ្យចូលទៅកាន់បារាំពិធី ដើម្បីប្រកបយញ្ញពិធីបូជាព្រះអគ្និនិងផ្កាយនព្វគ្រោះ នៅពេលចាប់ផ្តើមពិធីកម្ម ស្រីក្រមុំ ២ នាក់ បានអញ្ជើញព្រះភ្លើងដ៏សក្តិសិទ្ធិទៅថ្កល់លើធ្នើរដីពិសេស ដែលគេចាត់ត្រៀមទុកកណ្តាលបារាំពិធី ទាំងច្រៀងចម្រៀងសរសើរព្រះអគ្និទេពដោយសម្លេងនិងទំនុកទំនងដ៏ពីរោះរណ្តំ នាកាលយកភ្លើងទៅ ថ្កល់ទុករួចហើយ ស្រីក្រមុំទាំង ២ នាក់ក៏ទទួលរង្វាន់ជាសំពត់ថ្មីម្នាក់ ១ ផ្ទាំង និងអាវរវិកាយម្នាក់មួយ បន្ទាប់ពីនោះ មនុស្សទាំងអស់ដែលនៅក្នុងពិធីកម្ម ក្រោកឡើងដើរបទក្សិណជុំវិញភ្នក់ភ្លើង ៣ ជុំ ខណៈកំពុងដើរក៏សូធ្យមន្តនិងរាយប្រាយស្បូវភ្លាំងចូលទៅក្នុងភ្លើង លុះចប់ពិធីកម្មក៏ជុបលៀងភ្ញៀវ ទាំងពួង និងជួនទេយ្យទានដល់ព្រាហ្មណ៍ទាំង ៩ នាក់ ។ បពិត្រលោកសមណៈ ! ថ្ងៃទី ៣ ចាត់ជាថ្ងៃសំខាន់បំផុតក្នុងពិធីអាពាហមង្គលរបស់ខ្ញុំកណា ព្រោះជាថ្ងៃដំបូងដែលខ្ញុំកណាបានផ្ទឹមផ្ទូរកៀកកើយនឹងបទុមាវតីក្នុងបារាំពិធី ខ្ញុំកណាត្រូវបានចាស់ទុំដាស់ឲ្យភ្ញាក់ តាំងពីព្រលឹមស្រាងៗ លុះងូតទឹកជម្រះកាយហើយ ពួកញាតិក៏ស្ទុះចូលមកឡោមចោមជួយតាក់តែង លម្អ ស្អិតស្អាងដោយភូសាកោសេយ្យពស្ត្រនិងត្បូងពេជ្រ រហូតដល់ខ្ញុំកណាសឹងតែកម្រើកកាយមិនបាន លុះបានមង្គលជាវេលាល្អហើយ ខ្ញុំកណាក៏ត្រូវបានក្រុមញាតិនាំទៅកាន់បារាំពិធី ឲ្យអង្គុយលើអាសនៈ ក្រាលដោយក្រណាត់ស បែរមុខទៅទិសបូព៌ មិនយូរប៉ុន្មាន បទុមាវតីក៏ត្រូវបានពួកញាតិនាំមកអង្គុយផ្ទឹម កៀកនឹងខ្ញុំកណា បែរមុខទៅទិសបូព៌ដែរ នៅពេលនោះ ខ្ញុំកណានឹករំភើបរំភើយចិត្តជាខ្លាំងក្នុងជីវិត នៅខណៈដែលពិធីកម្មកំពុងតែប្រព្រឹត្តទៅនោះ ខ្ញុំកណាក៏អត់នឹងមៀងភ្នែកទៅសម្លឹងមើលបទុមាវតី មួយដងមួយកាលមិនបាន ជួនកាលក្រសែភ្នែករបស់ខ្ញុំកណាទៅប៉ះខ្ទប់នឹងក្រសែភ្នែករបស់បទុមាវតី ដែលលួចចោលកន្ទុយភ្នែកសម្លឹងមើលខ្ញុំកណាដែរ យើងម្នាក់ៗក៏គេចក្រសែភ្នែកគ្នាដោយរហ័ស និង ញញឹមរកគ្នាដោយសម្រើបស្រើបស្រាលចិត្ត គ្រាន់តែលួចសម្លឹងមើល ខ្ញុំកណាក៏ជឿជាក់ថា អនាគតភរិយារបស់ខ្ញុំកណាពេញជាស្រស់ស្អាតដូចទេពអប្សរ ខ្ញុំកណានឹកស្ងើចម្តាយក្នុងចិត្តដែល រើសស្រាល់កុលស្ត្រីដែលស្រស់ស្អាតបែបនោះឲ្យជាគូសមរកំដរជីវិតរបស់ខ្ញុំកណា ។
ពិធីកម្មបានប្រារព្ធឡើងដោយស្ត្រីដែលរៀបការហើយ ៣ នាក់ ដើរបណ្តើរច្រៀងបណ្តើរចូលមករកខ្ញុំកណា ម្នាក់ៗកាន់ថាសដាក់ប្រេងល្ងក្នុងដៃ កាលបើមកដល់ខ្លួនពួកយើង ទាំង ៣ នាក់ក៏យកប្រេងល្ងត្រដុសសីសៈ និងចើមក្បិតតាមដងខ្លួនរបស់យើងដោយផង់ខ្ចែះ(sachet) ស្ត្រីទាំង ៣ នាក់ប្រកបពិធីកម្មបណ្តើរច្រៀង ចម្រៀងបន្ទរតាមភ្លេងបណ្តើរអស់រយៈពេលយូរបង្គួរ លុះពិធីកម្មចប់សព្វគ្រប់ហើយ យើងក៏ញែកគ្នាត្រឡប់ ទៅផ្ទះងូតទឹកជម្រះកាយក្នុងវេលាល្ងាចនោះឯង ស្ត្រីទាំង ៣ នាក់នោះបានយកថ្មោងមូលមកលាបដោយ កំបោរសហើយលាបលនដោយពណ៌ក្រហមជារង្វង់មូលជាច្រើនវង់ ក្នុងខណៈដែលកំពុងតែធ្វើនោះក៏ច្រៀង ចម្រៀងកំដរទៅបណ្តើរ រួចហើយក៏យកមែកស្វាយតូចៗ ២ ឬ ៣ មែកមកចងភ្ជាប់នឹងថ្មោងនោះ ហើយក៏ ប្រោះព្រំដោយផង់ខ្ចែះក្រអូប បន្ទាប់ពីនោះក៏យកថ្មោងនោះទៅត្រាំទុកក្នុងឆ្នាំងដីថ្មីមួយ រួចហើយក៏នាំយក ឆ្នាំដីនោះចូលទៅកាន់បារាំពិធី តម្កល់ទុកនៅកណ្តាលបារាំ ហើយធ្វើសក្ការៈបូជាដោយផ្កានិងគ្រឿងក្រអូប ផ្សេងៗ ម្នាក់ៗក្នុបារាំពិធីនោះក៏នាំគ្នាធ្វើដោយពិធីបូជាបែបនោះដែរ ។
បពិត្រលោកសមណៈ ! តាមការពិត ពិធីកម្មទាំងអស់ដូចដែលខ្ញុំកណារៀបរាប់មកនោះគ្រាន់តែជាពិធីកម្ម ខាងដើមនៃអាពាហមង្គលរបស់ខ្ញុំកណាប៉ុណ្ណោះ ពិធីកម្មពិតប្រាកដបានចាប់ផ្តើមឡើងនៅថ្ងៃបន្ទាប់ ហើយ ប្រព្រឹត្តទៅអស់រយៈពេល ៥ ថ្ងៃ រហូតដល់ខ្ញុំកណានិងកូនក្រមុំនឿយហត់រហិតរហៃស្ទើរខ្យល់គ ប៉ុន្តែដើម្បី មោទនភាពរបស់មាតាបិតាដែលប្រិតប្រៀងចំពោះប្រពៃណីបុរាណ ពួកយើងត្រូវតែស៊ូទ្រាំអត់ធ្មត់ ។ ថ្ងៃដំបូងនៃពិធីកម្មពិតប្រាកដនោះហៅថា ថ្ងៃមុហុរតា ឬ ថ្ងៃមហាមង្គល មាតាបិតារបស់ខ្ញុំកណាភ្ញាក់ពី ដំណេកតាំងពីព្រលឹម ដើម្បីទៅអញ្ជើញញាតិសន្តានបងប្អូននិងភ្ញៀវពន្លឺមកចូលរួមពិធីកម្ម នៅពេលជា មួយគ្នានោះ ស្ត្រីទាំងឡាយក៏នាំគ្នាបោសសម្អាតគេហដ្ឋាននិងបារាំពិធីដោយឧយ្យាមភាព ទោះបីជាធ្វើការ ងារធ្ងន់ ម្នាក់ៗមើលទៅក៏ដូចជាមានសេចក្តីសុខ ញញឹមញញែមស្រស់ស្រាយរអាករពាយ និយាយសា សងជន្លជន្លេញគ្នាលេង សើចកក្អាកកក្អាយរីករាយ មិនយូរប៉ុន្មាន ភ្ញៀវពន្លឺទាំងឡាយក៏អញ្ជើញមកដល់ ហើយឈររៀងជួរគ្នាយ៉ាងវែងអន្លាយ មានមនុស្សនាំយកថាសលាជលាបដោយពណ៌លឿងនិងផង់ខ្វែះ ទៅរកភ្ញៀវទាំងនោះ ភ្ញៀវម្នាក់ៗយកដៃថ្ពិចវត្ថុទាំង ២ នោះគោះថ្ងាសរបស់ខ្លួនៗ បន្ទាប់មកក៏ត្រូវគេចែក ប្រេងល្ងឲ្យម្នាក់បន្តិចៗ រួចក៏យកទៅលាបសីសៈរបស់ខ្លួនៗ រួចហើយក៏ត្រឡប់ទៅគេហដ្ឋានវិញ ដើម្បី ប្រកបពិធីងូតទឹកជម្រះកាយពេលព្រឹក នៅពេលងូតទឹករួចហើយ ម្នាក់ៗក៏វិលត្រឡប់មកកាន់បារាំពិធីវិញ ។
ក្សិណនោះ ព្រាហ្មណ៍បុរោហិតបានចាប់ផ្តើមពិធីកម្មសង្កប្បៈ គឺ ការអារាធនាព្រះអភិទេពទាំងឡាយ គឺ ព្រះ ព្រហ្ម ព្រះវិស្ណុ ព្រះរុទ្រ ព្រះអាទិត្យទាំង ១២ ព្រះវាសុទាំង ៨ ព្រះព្រហ្មទាំង ៩ ព្រះរុទ្រទាំង ១១ គន្ធព្វ សិទ្ធា សធ្យា នារទៈ មហាមុនីទាំង ៧ ព្រះគ្រោះទាំង ៩ និងអភិទេពជាច្រើនទៀត ដែលខ្ញុំកណាមិនអាចចាំបាន ព្រាហ្មណ៍បុរោហិតបានធ្វើសក្ការៈចំពោះអភិទេពទាំងនេះដោយសេចក្តីគោរពឱនអង្គ អារាធនាឲ្យអភិទេព ទាំងនោះមកសណ្ឋិតនៅប្រចាំក្នុងបារាំពិធីរហូត ៥ ថ្ងៃដើម្បីសិរីសួស្តីដល់មង្គលការ ។
បន្ទាប់ពីនោះ ក៏ចូលដល់ពិធីកម្មអញ្ជើញវិញ្ញាណបុព្វបុរសឲ្យមកកាន់បារាំពិធី ខ្ញុំកណានិងបទុមាវតីត្រូវបាន នាំទៅអង្គុយក្នុងបារាំពិធី មាតាបិតារបស់យើងទាំងសងខាងអង្គុយអបអង ម្នាក់ៗបែរមុខទៅទិសបូព៌ ពិធីកម្ម ចាប់ផ្តើមដោយបិតារបស់បទុមាវតីក្រោកឈរឡើង ឈោងចាប់យកចិញ្ចៀនស្នូលស្បូវដែលហៅថា បវិត្រ មកពាក់ត្រង់នាងដៃស្តាំ ឈររលឹកនឹកដល់អភិទេពរាល់អង្គ យកអង្ករមួយចំនួនដាក់ក្នុងថាសស្ពាន់ ចាប់យក ផ្លែដូងដែលលាបដោយពណ៌លឿង ១ ផ្លែ ផ្លែស្លាព្រមទាំងសម្បក ៣ ផ្លែ និងស្លាឥតសម្បក ៥ ផ្លែទៀត ថ្កល់លើអង្ករក្នុងថាសនោះ ចាប់យកផ្លែស្លា ១ ផ្លែមកកាន់ក្នុងដៃឆ្វេងក្នុងខណៈដែលដៃស្តាំកាន់ថាស ហើយ ក៏ដង្ហោយហៅឈ្មោះបិតា ជីដូនជីតា ជីទួត ជីលួត ជីលា ជីប៉ា ចុងកុល របស់ខ្លួនដោយសម្លេងឮ រាល់លើក ដែលដង្ហោយហៅឈ្មោះក៏យកផ្លែស្លាគោះនឹងថាសស្ពាន់យ៉ាងខ្លាំង រួចហើយក៏ពោលពាក្យអញ្ជើញព្រលឹងបុព្វបុរសទាំងនោះមកចូលរួមមង្គលពិធីដើម្បីសិរីសួស្តីដល់កូនចៅ លុះពោលចប់ហើយក៏ហុចថាសស្លាដល់បុរោហិតាចារ្យ ។
បន្ទាប់ពីនោះ ស្រ្តីដែលមានប្តីហើយ បានដើរច្រៀងចម្រៀងកាន់កុលាភាជន៍ដាក់ភ្លើងមកថ្កល់នៅកណ្តាល បារាំ ព្រាហ្មណ៍បុរោហិតបានឆ្ពាមយកស្បូវបាចរាយលើភ្លើងនោះហើយយកបំណាក់ម្កាក់ដ៏សក្តិសិទ្ធិ ២ ឬ ៣ ចម្រៀក ដាក់ថ្កល់ត្រង់ទិសខាងជើងរបស់ភ្នក់ភ្លើង ក្បែរខាងម្កាក់មានភាជនៈ ៤ តាំងនៅ ភាជនៈ ៣ ធ្វើដោយដី ភាជនៈមួយទៀតធ្វើដោយស្ពាន់ ភាជនៈទី ១ ដាក់ទឹកដោះថ្លា ភាជនៈទី ២ ដាក់ទឹកដោះរាវ ភាជនៈទី ៣ ដាក់ទឹកដោះជូរ និងភាជនៈទី ៤ ដាក់បាយឆ្អិននិងអង្ករលាយគ្នា នៅទិសខាងត្បូងនៃភ្នក់ភ្លើង មានបាយឆ្អិន ៩ ពំនូក លើស្លឹកចេក ៩ សន្លឹក សម្រាប់ជាតង្វាយថ្វាយដល់ផ្កាយនព្វគ្រោះទាំង ៩ ព្រាហ្មណ៍ បុរោហិតបានធ្វើពិធីបូជាដល់ព្រះទេវៈនៃផ្កាយនព្វគ្រោះនីមួយៗដោយចេកទុំនិងស្លាម្លូ ហើយបានត្រូវអញ្ជើញ ឲ្យមកធ្វើជាបន្ទាល់(សាក្សី)នៃវិវាហមង្គលរបស់យើងដូចនឹងព្រះទេវៈអង្គដទៃទៀតនិងបុព្វបុរសរបស់យើង ។
ឰដ៏ទិសបូព៌នៃគំនរភ្លើង ព្រាហ្មណ៍បុរោហិតបានចាត់ត្រៀមរណ្តាប់ស្លឹកចេកទុកមួយឈុត លើស្លឹកចេក មានស្គា បាយជ្រល់ពណ៌ ស្ករត្នោត និងស្លាម្លូ រណ្តាប់នេះចាត់ត្រៀមទុកឧទ្ធិសចំពោះព្រះព្រហ្ម បន្ទាប់ពីនោះ ក៏មានពិធីអញ្ជើញអស្តទិសបាលកទេពទាំង ៨ គឺ ទេពរក្សាទិសទាំង ៨ របស់សកលលោក ហើយក៏ថ្វាយ គ្រឿងបូជាដោយស្លឹកចេកដែរ មានការអញ្ជើញអស្តទេពនិងពិធីមុទ្ធាភិសេកឆ្នាំងតូចៗ ៥ ឲ្យជាអាទិទេព រួចហើយបិតារបស់បទុមាវតីក៏ឈរធ្វើពិធីដល់អាទិទេពទាំងឡាយមានព្រះព្រហ្មជាដើម ដោយពោលហៅ ព្រះនាមអាទិទេពនីមួយៗព្រមទាំងរាយមន្តផ្សេងៗអបស្ទបផង មានមនុស្សនាំភាជនៈ ដីថ្មីស្រឡាងចងដោយអំបោះក្លុកពណ៌លឿងហើយក៏យកភ្លើងដ៏សក្តិសិទ្ធិនោះចេញទៅតម្កល់ទុកដោយ ឡែកដោយឡាន់ ព្រមទាំងច្រៀងចម្រៀងយ៉ាងពីរោះកំដរផង ម្នាក់ៗត្រូវប្រុងប្រយ័ត្នយ៉ាងផ្ចិតផ្ចង់ដើម្បីមិន ឲ្យភ្លើងរលត់ បើភ្លើងរលត់កណ្តាលទី ចាត់ទុកថាជាប្រផ្នូលអាក្រក់សម្រាប់មង្គលការរបស់យើង បពិត្រលោកម្ចាស់ដ៏ចម្រើន ! មិនដឹងជាហេតុចៃដន្យឬប្រផ្នូលអាក្រក់យ៉ាងណានោះទេ ប្រាកដឃើញថា ខណៈដែលស្រ្តីទាំង ៣ នាក់កំពុងអញ្ជើញភ្លើងទៅនោះ ភ្លើងដ៏សក្តិសិទ្ធិនោះក៏រលត់ពិតមែន ធ្វើឲ្យម្នាក់ៗ ក្នុងបារាំពិធីដល់ថ្នាក់ភាំងឡិងឡាំងដោយភ័យតក់ប្រមា សេចក្តីស្ងប់ស្ងាត់បាត់សម្លេងគ្របដណ្តប់ទូទៅ មួយស្របក់ ម្នាក់ៗសម្លឹងមើលមុខគ្នាដោយអាក្រោធន៍ ខ្ញុំកណាក៏នឹកមិនសប្បាយចិត្តដែរ ចំណែកឯ បទុមាវតីវិញដល់ថ្នាក់ទ្រហ៊ោយំ ព្រាហ្មណ៍បុរោហិតបានដោះស្រាយស្ថានការណ៍ដោយប្រកាសថា ភ្លើងរលត់ព្រោះស្ត្រីអ្នកអញ្ជើញភ្លើងនោះមិនប្រុងប្រយ័ត្ន ពុំមែនមានន័យថាជាប្រផ្នូលអាក្រក់នោះទេ គាត់បានអុជភ្លើងជាថ្មីម្តងទៀត ហើយក៏ធ្វើពិធីសូធ្យមន្តអស់ពេលជាយូរ ពិធីដ៏សំខាន់ដែលហៅថា មុហុរតា នេះទើបប្រារព្ធឡើង ។
នៅពេលដែលយើងកំពុងអង្គុយលើទែនក្នុងបារាំពិធី ព្រាហ្មណ៍បុរោហិតបានធ្វើពិធីដល់ព្រះពិឃនេស្វរ និង ស្ត្រី ៣ នាក់បានមកសម្អាតកាយដល់ពួកយើង ដោយយកប្រេងល្ងលាបរឺតសីសៈដូចសព្វមួយដង នៅពេល ដែលងូតទឹកតែងខ្លួនហើយ ខ្ញុំកណាបានក្រោកឡើងធ្វើពិធីបូជាទេវតា សូមឲ្យទេវតាទាំងឡាយជួយលាង ជម្រះខ្ញុំកណាឲ្យស្អាតបរិសុទ្ធពីបាបទាំងពួងដែលខ្ញុំកណាបានធ្វើមក ចាប់តាំងពីថ្ងៃដំបូងដែលបានពាក់ អំបោះក្លុកសក្តិសិទ្ធិរបស់ព្រាហ្មណ៍ ហើយបានជូនប្រាក់ ១៥ កហាបណៈដល់ព្រាហ្មណ៍ជាទាន បន្ទាប់ពីនោះ ខ្ញុំកណាបានទទួលបម្រាប់ឲ្យតែងខ្លួនឲ្យជាបូជនីយេសក៍ព្រមទាំងថង់យាមដែលផ្ទុកពេញដោយស្បៀងគ្រប់ ប្រភេទ ខ្ញុំកណាបានប្រកាសនៅចំពោះមុខទីប្រជុំថានឹងធ្វើដំណើរទៅកាន់ក្រុងពារាណសីដ៏សក្តិសិទ្ធិ ហើយ ក៏ចាប់ផ្តើមចេញធ្វើដំណើរភ្លាម តាមពីក្រោយដោយឪពុករបស់ខ្ញុំកណាមួយអន្លើដោយមិត្រភក្តិ និងស្រ្តីដែល ច្រៀងចម្រៀងជាក្បួនធំ កាលបើចេញមកដល់ព្រំខណ្ឌខាងក្រៅភូមិ ខ្ញុំកណាក៏បែរមុខទៅទិសខាងកើត ។ នៅខណៈនោះឯង ខ្ញុំកណាក៏បានជួបនឹងបិតារបស់បទុមាវតី គាត់បានសួរខ្ញុំកណាតាមទំនៀមទម្លាប់ថា ទៅណា ខ្ញុំកណាក៏ឆ្លើយតាមមូលភាពថាទៅក្រុងពារាណសី គាត់បានហាមាត់ហាមខ្ញុំកណាហើយស្នើថា គាត់មានកូនក្រមុំស្រស់ស្អាតម្នាក់ បើខ្ញុំកណាត្រូវការ គាត់រីករាយនឹងប្រគល់ឲ្យជាភរិយា ខ្ញុំកណាឆ្លើយយល់ ព្រមដោយមោទកភាព ហើយក៏នាំក្បួនត្រឡប់ចូលបារាំពិធីវិញ ទាំងអស់នេះគ្រាន់តែជាចំណែកមួយនៃពិធី រៀបការប៉ុណ្ណោះឯង ។ បពិត្រព្រះតេជគុណដ៏ចម្រើន ! កាលដែលវិលត្រឡប់មកដល់បារាំពិធីហើយ ពួកស្ត្រីក៏ប្រកបពិធីរំដោះ គ្រោះ បង្វិលពពិល កម្ចាត់កំចោកឧបទ្របចង្រៃដែលខ្ញុំកណាអាចនឹងបានទទួលក្នុងការចេញធ្វើដំណើរ អម្បាញ់មិញនេះ បន្ទាប់ពីនោះ យើងទាំង ២ នាក់ដែលអង្គុយលើទែនដី បែរមុខទៅទិសបូព៌ ចាប់ផ្តើមពិធី ចង់ដៃឲ្យគ្នាទៅវិញទៅមក មានគេយកថាសស្ពាន់មកថ្កល់នៅចំពោះមុខពួកយើង លើថាសមានធារអង្ករ មានដូងលាបពណ៌លឿងថ្កល់នៅលើធារអង្ករ និងអំបោះមង្គលថ្កល់នៅលើដូងមួយជាន់ទៀត មានការ សូធ្យសម្បូងសង្រូងព្រះអភិទេពទាំងពួង ឲ្យចូលមកសណ្ឌិតក្នុងអំបោះមង្គលនោះរហូតរយៈពេល ៥ ថ្ងៃ នៃអាពាហមង្គលនោះ បន្ទាប់ពីនោះ ខ្ញុំកណាក៏បានឈោងចាប់យកអំបោះមង្គល ១ កំណាត់ឡើងមកចង ដៃឆ្វេងរបស់បទុមាវតី ចំណែកឯបទុមាវតីវិញក៏ចាប់យកអំបោះមង្គល ១ កំណាត់ទៀតឡើងមកចងដៃ ស្តាំរបស់ខ្ញុំកណា រួចហើយខ្ញុំកណាក៏ហុចបណ្តាក់ទៅឲ្យព្រាហ្មណ៍បុរោហិត ។
លំដាប់តទៅ ម្តាយរបស់បទុមាវតីមួយអន្លើដោយស្ត្រីដទៃទៀតនិងពួកព្រាហ្មណ៍ដែលនៅទីនោះទាំងអស់ បានទៅយកឆ្នាំងស្ពាន់ដែលសន្មតថាជាតំណាងរបស់អស្តទេវតាមក ហើយក៏រៀបចំក្បួនដង្ហែកំដរដោយតន្ត្រី និងចម្រៀង ចេញទៅតាមថ្នល់ហើយទើបឈប់សំចត កាលបើជ្រាសរកកន្លែងស្អាតបាតបានហើយ ក៏ស្រិត ទឹកចេញបន្តិចពីក្អមស្ពាន់នោះ ហើយក៏យកទៅថ្កល់នៅលើផ្ទៃដី បន្ទាប់ពីនោះក៏ធ្វើសក្ការៈបូជា ហើយក៏នាំ ត្រឡប់ទៅកាន់បារាំពិធីដោយក្បួនដង្ហែដដែល បន្ទាប់ពីនោះក៏ចូលដល់ពិធីកម្មដ៏សំខាន់មួយទៀត ហៅថា កានិយទាន បិតារបស់បទុមាវតីធ្វើពិធីបូជាព្រះអភិទេពរួចហើយក្រោកឈរឡើង សម្លក់សម្លឹងមើលមុខខ្ញុំ កណាអស់ពេលជាយូរ ប៉ុន្តែមិននិយាយស្តីអ្វីទេនៅខណៈដែលសម្លឹងមើលនោះ គាត់ត្រូវពិចារណាក្នុងចិត្តថា បានឃើញព្រះវិស្ណុដ៏មានសក្តានុភាពក្នុងខ្លួនខ្ញុំកណា ហើយក៏បូជាដោយគ្រឿងសក្ការៈផ្សេងៗ បន្ទាប់ពីនោះ ក៏មានមនុស្សនាំយកថាសស្ពាន់មកថ្កល់ខាងមុខខ្ញុំកណា ខ្ញុំកណាយកជើងទាំងពីរដាក់ថ្កល់លើថាសនោះ ហើយបិតារបស់បទុមាវតីក៏លាងជើងរបស់ខ្ញុំកណាដោយទឹកធម្មតា ដោយទឹកដោះរាវ និងដោយទឹកធម្មតា មួយទឹកទៀតខណៈដែលលាងជើងក៏សូធ្យមន្តទៅភ្លាង លុះចប់ពិធីលាងជើងហើយ ក៏ចាប់ផ្តើមពិធីសូធ្យ ព្រះនាមរបស់ព្រះអភិទេពនិងបុញ្ញដ្ឋានផ្សេងៗ ពោលគឺ ឧទ្ទិសនាម និងពិពណ៌នាគុណលក្ខណៈរបស់ មហាភារវណ្ណសាលិវាហនៈ កោះទាំង ៧ សមុទ្ទសាគរទាំង ៧ នគរទាំង ៧ ឥសីទាំង ៧ បព៌តទាំង ៧ បុញ្ញដ្ឋាន និង បុញ្ញនគរជាលំដាប់លំដោយតទៅ រលឹកនឹកដល់វិញ្ញាណក្ខន្ធជីដូនជីតាម៉ាកុងចុងកុលរបស់ខ្លួន ហៅចេញឈ្មោះដោយសម្លេងកងរំពងហើយ សូមឲ្យវិញ្ញាណក្ខន្ធទាំងនោះសម្រេចមោក្ខធម៌ រួចហើយគាត់កាន់ស្លឹកម្លូក្នុងដៃម្ខាង និងចាប់ដៃបទុមាវតីជា កុលធីតាក្នុងដៃម្ខាងទៀត ហើយក៏សូធ្យបួងសួងព្រះវិស្ណុ សូមឲ្យព្រះអង្គទ្រង់ព្រះមេត្តាប្រោសឃុំគ្រង កុលធីតារបស់ខ្លួន ដែលគាត់កំពុងនឹងប្រគល់ឲ្យជារង្វាន់ខាន់ខៅដល់ព្រះអង្គក្នុងខណៈនោះ រួចហើយគាត់ក៏ចាប់ដៃរបស់បទុមាវតីមកដាក់ថ្កល់លើដៃរបស់ខ្ញុំកណាព្រមទាំងស្លឹកម្លូនិងតំណក់ទឹកលើ ដៃនោះ ជានិមិត្តរូបបង្ហាញថាបានប្រគល់ឲ្យហើយ បន្ទាប់ពីនោះក៏មានពិធីកម្មឲ្យគោ ដែលហៅថា គោទានៈ ពិធីកម្មឲ្យផែនដី ហៅថា ភូទានៈ និងពិធីកម្មឲ្យដុំថ្មសក្តិសិទ្ធិ ហៅថា សាលគ្រាមទាន ។ បពិត្រព្រះតេជគុណដ៏ចម្រើន ! ខ្ញុំកណារៀបរាប់ពិធីមង្គលការឲ្យព្រះតេជព្រះគុណស្តាប់យ៉ាងពិស្តារនេះ ព្រះតេជព្រះគុណប្រហែលជានឿយណាយទេដឹង? ខ្ញុំព្រះករុណាឆ្លើយតបចូឡពលកុមារថា "អាត្មាមិននឿយណាយទេ ឃើញថាជាពិធីកម្មគួរឲ្យចាប់ចិត្តដិត អារម្មណ៍ដែរ អាត្មាមិនដែលបានស្តាប់ឮទាល់តែសោះ សូមអញ្ជើញតំណាលតទៅទៀតចុះ"
បពិត្រលោកសមណៈ ! ពិធីកម្មតអំពីនេះទៅជាពិធីមង្គលស្តៈ ឬមង្គលពិធី ៨ ប្រការ ក្នុងពិធីនេះ គេចាត់ឲ្យ ខ្ញុំកណានិងបទុមាវតីបែរមុខចូលមករកគ្នា ប៉ុន្តែមានព្រាហ្មណ៍ ១២ នាក់ជួយកាន់ផ្ទាំងសំពត់សូត្របាំងរាំង រវាងយើងទាំងពីរនាក់ នៅខណៈដែលកាន់ផ្ទាំងសំពត់សូត្រនោះ ព្រាហ្មណ៍ទាំង ១២ នាក់ក៏ឧទេ្ទសនាម ព្រះអភិទេពនិងព្រះជាយាជាគូៗដោយសម្លេងកងរំពង ដូចជា ព្រះវិស្ណុនិងព្រះនាងលក្ម្សី ព្រះព្រហ្មនិងព្រះ នាងស្រស្វតីជាដើម គ្រាន់តែពិធីមង្គលស្តៈសូរេចស្រេចបាច់ ក៏ចូលដល់ពិធីចងតាលិ ឬ គ្រឿងប្រដាប់មាស សម្រាប់ស្ត្រីដែលរៀបការហើយ ប្រើពាក់ក មុននឹងចងតាលិ គេត្រូវយកតាលិចងនឹងខ្សែឆ្មារលឿង ប្រកប ដោយអំបោះល្អិត ១0៨ សរសៃ គេយកតាលិដាក់ថ្កល់លើដូងពណ៌លឿង ដែលដាក់ថ្កល់នៅលើផ្នូកអង្ករក្នុង ថាសស្ពាន់មួយជាន់ទៀត មានការប្រោះព្រំទឹកអប់លើតាលិ មានមនុស្សកាន់ថាសបង្វិលពពិលទៅមកដើម្បី ឲ្យភ្ញៀវនិងអ្នកផងទាំងប្រុសទាំងស្រីចាប់ពាល់និងស្តោះផ្លុំ ។ បន្ទាប់ពីនោះ ប្រទីបលោហៈ ៤ ដួង ប្រទីបនីមួយៗមានប្រឆេះ ៤ ត្រូវបាននាំយកមកថ្កល់លើជើងតាំង ធ្វើដោយលោហៈប្រភេទដូចគ្នា ប៉ែកខាងលើនៃប្រទីបទាំង ៤ នេះ មានប្រទីបធ្វើដោយម្សៅពោរពេញដោយ ប្រេងព្យួរសំយុងចុះ ក្រៅពីនេះក៏មានប្រទីបគោមភ្លើងព្យួរពាសពេញបារាំពិធី សម្លឹងមើលទៅភ្លឺច្រាលរន្ទាល ដាលច្រវាត់ លុះដល់ពេលវេលាក៏កើតសម្លេងគគ្រឹកគគ្រេងជាឱឡារិកឡើង ស្រ្តីទាំងឡាយស្រែកច្រៀង ចម្រៀងទាល់តែផុតចុងសម្លេង តន្ត្រីករក៏ប្រគុំតន្ត្រី មានការអង្រួនកណ្តឹងវាយគង ទោះអ្វីក៏ដោយឲ្យតែនៅ ក្បែរដៃម្នាក់ៗត្រូវតែវាយដំផ្លុំកូតឲ្យកើតជាសម្លេងគគ្រឹមគគ្រេងលាន់ឮរំពងឡើងឲ្យបានច្រើនបំផុតតាម ដែលអាចធ្វើទៅបាន នៅកណ្តាលសម្លេងទ្រហឹងអឺងអាប់ស័ព្ទស៊ាននេះ ខ្ញុំកណាបានដើរទៅរកបទុមាវតី ដែលកំពុងអង្គុយបែរមុខទៅទិសខាងកើត ផ្ចិតផ្ចង់យកតាលិចងក្រពាត់កបទុមាវតីនិងសូធ្យមន្តតាម មេសូត្រដែលព្រាហ្មណ៍បុរោហិតកំណត់ឲ្យ ។ បពិត្រលោកសមណៈ ! ពិធីរៀបការថ្ងៃដំបូងរបស់ខ្ញុំកណាចប់ទៅដោយការជុបលៀងបណីតាហារដល់ ព្រាហ្មណ៍និងភ្លៀវពន្លឺដែលបានអញ្ជើញមក ខ្ញុំកណានិងបទុមាវតីក៏ត្រូវបានជុបលលៀងដែរ ប៉ុន្តែនៅ មានពិធីកម្មបន្ទាប់បន្សំជាច្រើនទៀត ពិធីកម្មទាំងអស់តាមដែលខ្ញុំកណារៀបរាប់មកនេះ គ្រាន់តែជា ពិធីកម្មក្នុងថ្ងៃដំបូងប៉ុណ្ណោះ ប៉ុន្តែខ្ញុំយល់ឃើញថាបានអធិប្បាយរាយលម្អិតមកគ្រប់គ្រាន់ហើយ ទើបសូម ផ្អាកមិនបាច់អធិប្បាយរាយលម្អិតពិធីកម្មក្នុងថ្ងៃដទៃទៀត ព្រោះភាគច្រើនក៏ជាពិធីកម្មសាំដែលនឹងថ្ងៃ ដំបូងនោះឯង ខ្ញុំកណានិងបទុមាវតីនឿយហត់រហិតរហៃរហូតដល់គ្មានកម្លាំងចិត្តនឹងចងចាំអ្វីបានទៀត ទេ បានត្រឹមតែធ្វើទៅដោយចៀសមិនបានតាមពាក្យណែនាំរបស់ព្រាហ្មណ៍បុរោហិតប៉ុណ្ណោះ ប៉ុន្តែបានខាំ មាត់សង្កត់ចិត្តអត់ធ្មត់ចំពោះលំនឿយលំហត់ទាំងពួងយ៉ាងល្អ ព្រោះដឹងច្បាស់ថាពិធីកម្មទាំងពួងនេះ ប្រារព្ធឡើងដោយចេតនាល្អរបស់ញាតិសន្តានដើម្បីសុភមង្គលរបស់យើងទាំងពីរនោះឯង ។ ពិធីកម្មក្នុងថ្ងៃចុងក្រោយបញ្ចប់ទៅដោយក្បួនដង្ហែដ៏ឱឡារិក ខ្ញុំកណានិងបទុមាវតីបានឡើងកាន់ សលៀងដ៏វិចិត្រត្រូវបានសែងចូលកាន់ក្បួនដង្ហែទៅពេញទាំងទីក្រុងតាមដងវិថីនានា មានញាតិមិត្រនិង សុភាសង្សីចាំទទួលស្វាគមន៍ ប្រាយលាជផ្កានិងជូនចំណងដៃផ្សេងៗដល់ពួកយើង នៅទីបំផុត ពិធីអាវាហមង្គលដ៏ឱឡារិករបស់យើងនេះក៏បញ្ចប់ទៅព្រមដោយរន្តិភាពយ៉ាងស្មើមុខរាល់គ្នា ។
អ្នកជួយសម្រាលទុក្ខ
[កែប្រែ]"បពិត្រលោកសមណៈ ! "ចូឡពលនិយាយតទៅទៀត "ក្រោយពីពិធីអាវាហមង្គលហើយ បទុមាវតីស្រី ស្រស់សោភាបានមករស់នៅជាមួយនឹងខ្ញុំកណា យើងរស់នៅក្នុងប្រាសាទមួយខ្នងដោយឡែកដែលបិតា សាងឲ្យដោយចំពោះនៅខណៈនោះ ខ្ញុំកណាមានសេចក្តីសុខជាទីបំផុតក្នុងជីវិត បិតាអនុញ្ញាតឲ្យខ្ញុំកណា សម្រាកពីការងារទាំងពួងអស់រយៈពេល ៧ ថ្ងៃ យើងចំណាយពេលវេលាឲ្យអស់ទៅដោយការស៊ីផឹក លេង ដេក និង អ្វីៗគ្រប់យ៉ាងដែលយើងប្រាថ្នា ពេលរសៀល យើងឡើងជិះអស្សរថទៅធ្វើទស្សនាចរកំសាន្តក្នុង សួនឧទ្យានក្បែរច្រាំងស្ទឹងចម្បា ពេលយប់ យើងស៊ីផឹកនិងស្តាប់ចម្រៀងនិងតូរ្យតន្ត្រីរបស់ក្រុមនាដការី ល្បីឈ្មោះបំផុតក្នុងអង្គរដ្ឋដែលបិតាជួលមកឲ្យសម្តែងដោយចំពោះដើម្បីកំដរពួកយើង ខ្ញុំកណាអាចនិយាយ បានថានៅខណៈនោះ ខ្ញុំកណាជាវីរបុរសដែលមានសេចក្តីសុខបំផុតក្នុងលោក បើទុកជាក្នុងពេលនោះ សក្កទេវរាជយាងមកស្នើទិព្វសម្បត្តិដល់ខ្ញុំកណាក៏ដោយ ខ្ញុំកណាក៏នឹងមិនទទួលយកជាដាច់ខាត ព្រោះ ខ្ញុំកណាមិនប្រាថ្នាសម្បត្តិណាៗទាំងអស់ក្រៅពីបទុមាវតី សូមឲ្យខ្ញុំកណានៅនែបនិត្យជិតខាងបទុមាវតីប៉ុណ្ណេះបានហើយ ខ្ញុំកណាមិនប្រាថ្នាអ្វីដទៃទៀតទេ បទុមាវតីគឺជាទិព្វវារីតំណក់ចុងក្រោយដែលមកប្រស់ ព្រំជីវិតរបស់ខ្ញុំកណាឲ្យស្រស់បស់រស់រវើកឡើង"
"បពិត្រលោកសមណៈ ! នៅពេលដែលកាលវេលានៃសេចក្តីសុខនេះកំពុងតែប្រព្រឹត្តទៅ និង ចំណង់ប្រាថ្នារបស់ខ្ញុំកណានៅមិនទាន់ពេញឆ្អែតនោះឯង ហេតុការណ៍ដែលមិននឹកស្មានដល់ក៏កើតឡើង ពោលគឺ បទុមាវតីបានធ្លាក់ខ្លួនឈឺដោយរោគចម្លែកម្យ៉ាង នៅថ្ងៃដំបូង នាងកើតរោគសញ្ញាគ្រុនក្តៅខ្លួន សន្ធំ ស្រេកទឹកជាខ្លាំង ក្នុងថ្ងៃទី ២ ក៏កើតកន្ទួលក្រហមពេញទាំងសារពាង្គកាយ លុះថ្ងៃទី ៣ នាងក៏ដល់នូវ វិសញ្ញីភាពនិងទទួលមរណកម្មក្នុងល្ងាចថ្ងៃទី ៣ នោះឯង អ្វីៗគ្រប់យ៉ាងពេញជាកើតឡើងទាន់ហន់ណាស់ រហូតដល់ខ្ញុំកណាចាប់ចុងព្រយុងដើមមិនត្រូវ ការរក្សាព្យាបាលបទុមាវតីបានជាភារៈដាក់បន្ទុករបស់បិតា របស់ខ្ញុំកណាទាំងអស់ ខ្ញុំកណាបានត្រឹមតែអង្គុយកើតទុក្ខសន្ធឹកសន្ធៃនៅក្បែរៗគ្រែរបស់បទុមាវតីដោយ លំនឹកស្ទើរលក់ស្ទើរភ្ញាក់ប៉ុណ្ណោះ ទោះបីជាបទុមាវតីផុតរលត់ជីវិតទៅហើយក៏ដោយ ខ្ញុំកណាក៏នៅតែ យល់ថានាងនៅមានជីវិតរស់នៅឡើយ លុះត្រាតែពួកញាតិហែនាំរាងកាយរបស់នាងទៅធ្វើឈាបនកិច្ច ហើយបានឃើញព្រះភ្លើងឆេះពន្លាញរាងកាយរបស់នាងរហូតដល់ក្លាយជាផេះផង់ធូលីហើយនោះឯង ទើបបាក់ចិត្តជឿថានាងស្លាប់ហើយពិតមែន" បពិត្រលោកសមណៈ ! លុះដឹងថាបទុមាវតីបានចាកចោលខ្ញុំកណាទៅដោយគ្មានថ្ងៃណានឹងវឹងវិលវិញ សេចក្តីទុក្ខទោម្នេញដ៏សែនទ្វេបណ្តាមានក្នុងលោកនេះ ក៏សម្រុកបុកចូលរួបរឹតដួងចិត្តរបស់ខ្ញុំកណា រហូតដល់សឹងតែក្លាយជាមនុស្សវិកលចរិតទៅតែម្តង ខ្ញុំកណាបង្ខាំងខ្លួនឯងនៅខាងក្នុងបន្ទប់ បាយមិន ស្រស់ស្រូប ម្ហូបមិនមើល ទឹកមិនផឹក មិននឹកចរចានឹងបុគ្គលណាៗក្នុងលោកអស់រយៈពេល ២ ថ្ងៃគត់ ដល់ថ្ងៃទី ៣ បិតាប្រើគេឲ្យគាស់ទម្លាយទ្វារប្រាសាទចូលទៅលោមទោមខ្ញុំកណាដោយកុសលោបាយ ផ្សេងៗ ប៉ុន្តែមិនបានទទួលលទ្ធផលជាផ្លែផ្កាអ្វីទេ សំណោកសោកសង្រេងដែលទំសន្ធំអួលណែនក្នុង ដួងចិត្តរបស់ខ្ញុំកណាមិនបានស្រាកស្រាលស្កាលចុះបន្តិចសោះឡើយ ខ្ញុំកណាបង្អត់អាហារខ្លួនឯង រហូតដល់ ៤ ថ្ងៃពេញ ទ្រេមទ្រោមរហិតរហៃ អស់ដៃអស់ជើង ងេងងោង ងងឹតមុខធេងធោងសឹងតែដាច់ ខ្យល់ទៅតាមបទុមាវតី លុះដល់ថ្ងៃទី ៥ ខ្ញុំកណាទើបសុខចិត្តបរិភោគអាហារប៉ុន្តែបរិភោគទៅដោយ ចំបែងចិត្ត អាហារមួយម៉ាត់ៗទម្រាំនឹងឆ្លងផុតបំពង់កទៅបានដោយលំបាកសែនទ្វេប្រៀបដូចជាលេប ដុំដែកដែលមានបន្លាស្រួចដោយជុំវិញដូច្នោះ ។
"បពិត្រលោកម្ចាស់ដ៏ចម្រើន ! ទុក្ខទោម្នេញរបស់ខ្ញុំកណា មិនបានខខិតក្រិតក្រមនៅចំពោះតែខ្ញុំកណា ប៉ុណ្ណោះទេ ប៉ុន្តែបានដាលវាលទៅញាំញីពាធាឪពុកម្តាយញាតិសាច់សាលោហិតមិត្រភក្តិរហូតដល់ខ្ញុំបរិវារ ទៀតផង ម្នាក់ៗផ្តោតចិត្តទុកដាក់នឹងខ្ញុំកណាដោយអស់ពីពោះពីពុង រងទុក្ខក្តៅក្រហាយក្រវល់ក្រវាយចិត្ត នឹងខ្ញុំកណា សឹងតែបរិភោគមិនបាន សម្រាន្តមិនលក់ ឬ ធ្វើការងារអ្វីមិនបាន ម្តាយរបស់ខ្ញុំកណាមើលទៅហាក់ដូចជារងទុក្ខធំរងំជាពិសេស អង្គុយកំដរលោមទោមខ្ញុំកណាទាំងថ្ងៃទាំងយប់ ព្រោះតែយោគយល់ដល់ ម្តាយជាទីស្រឡាញ់យ៉ាងត្រឡាំងស្បាន់ ខ្ញុំកណាទើបសុខចិត្តបរិភោគចំណីអាហារ សោតឯឪពុកវិញខំរត់ សស្រាក់សស្រាំតាមស្វះពន្លះរកអ្នកប្រាជ្ញរាជបណ្ឌិតមកទូន្មានប្រៀនប្រដៅលោមទោមខ្ញុំកណា បុគ្គលដំបូង ដែលមកនិយាយលោមទោមខ្ញុំកណា គឺ បុរោហិតាចារ្យប្រចាំត្រកូលជាពិធីករវិវាហមង្គលរបស់ពួកយើងនោះឯង លោកបុរោហិតាចារ្យជាអ្នកមានជំនឿមុតមាំក្នុងលទ្ធិសាង្ខ្យៈ ជាសិស្សសាវ័ករបស់សាស្តាកបីលៈ បានប្រដែប្រដៅខ្ញុំកណាថា "បពិត្រអ្នកកម្លោះ ! ក្នុងសកលចក្រវាលនេះ មានតែសច្ចធម៌ ២ ប្រការប៉ុណ្ណោះ គឺ អាត្ម័ន ឬ ខេត្តកតញ្ញូ (ព្រលឹង) អាត្ម័ននេះជាតួខ្លួនពិតប្រាកដរបស់មនុស្សទាំងអស់ ជាអមតភាពស្ថិតនៅជានិរន្តរ ជាសភាព បរិសុទ្ធស្អាតស្អានគ្មានមន្ទិល មានសេចក្តីសុខជានិរន្តរ នេះគឺសច្ចធម៌ប្រការទី ១ សច្ចធម៌ប្រការទី ២ គឺ ប្រក្ឬតិ (ប្រក្រឹត) បានដល់ សព្វសារពើវត្ថុដែលចូលមកផ្សែផ្សំលាយឡំនឹងអាត្ម័ន ធ្វើឲ្យអាត្ម័នខូចគុណភាព ត្រូវត្រាច់រង្គត់រលត់កើត ត្រូវសាងកម្ម និងផលរបស់កម្ម កាលបើប្រក្ឬតិចូលទៅ ផ្គុំនឹងអាត្ម័នហើយ តត្លៈ ៧ ប្រការក៏កើតឡើង តើតត្លៈ ៧ ប្រការនោះមានអ្វីខ្លះ? គឺ ពុទ្ធិ ឬ បញ្ញា ១ អហង្ការ សេចក្តីសម្គាល់ថាជាយើង ១ និង តន្មាត្រ ៧ ប្រការទៀត គឺ ធាតុល្អិតរបស់សម្លេង សម្ផស្ស រូប រស និង ក្លិន ធាតុសំខាន់បំផុត គឺ អហង្ការ សេចក្តីសម្គាល់ថាជាយើងជាតួខ្លួនប្រាណដោយឡែកចាកបុគ្គលដទៃ សេចក្តីសម្គាល់នេះជាមូលហេតុនាំឲ្យកើតសេចក្តីរើសអើងនិងធ្វើឲ្យរងទុក្ខក្តៅក្រហាយ ព្រោះហេតុនោះ សូមឲ្យអ្នកកម្លោះពិចារណាឲ្យឃើញថាសង្ខាររាងកាយយើងនេះជាផ្នែកមួយនៃប្រក្ឬតិដែលធ្វើឲ្យអាត្ម័ន ខាងក្នុងសៅហ្មង ជាសភាពដែលយើងមិនគួរច្រឡំប្រកាន់ខ្ជាប់ងាប់ក្រឡាថាជាខ្លួនយើង ប្រសិនបើយើង ទៅច្រឡំប្រកាន់មាំ យើងនឹងរងទុក្ខអង្គុកអង្គុលមិនខាន បើទុកជារាងកាយរបស់អ្នកដទៃក៏ដោយ ក៏គ្រាន់តែជាប្រក្ឬតិមួយដែរ បើយើងភាន់ទៅប្រកួចប្រកាន់ យើងក៏នឹងទទួលរងមហន្តទុក្ខដោយពិត ការដែលអ្នកកម្លោះពើបពះប្រទះនឹងមហាទុក្ខនៅពេលនេះ ក៏ព្រោះតែអ្នកកម្លោះច្រឡំទៅប្រកាន់ស្អិត ក្នុងសង្ខាររាងកាយរបស់បទុមាវតី កាលបើរាងកាយនោះដល់នូវសភាពបែកធ្លាយទៅព្រោះមរណៈ អ្នកកម្លោះទើបរងទុក្ខសន្ធំបែបនេះឯង ព្រោះហេតុនោះសូមឲ្យអ្នកកម្លោះគិតសាជាថ្មីថា ទោះបីជាបទុមាវតី ផុតរលត់សង្ខារទៅហើយក៏ដោយ ក៏ប៉ុន្តែអាត្ម័នរបស់នាងស្ថិតនៅនៅឡើយ ព្រោះអាត្ម័នជាអមតភាព ស្ថិតនៅជានិរន្តរ អាត្ម័នរបស់អ្នកកម្លោះក៏ស្ថិតនៅជានិរន្តរ តាមសភាពពិត មិនមានអាត្ម័នរបស់អ្នកកម្លោះ មិនមានអាត្ម័នរបស់បទុមាវតី មិនមានអាត្ម័នរបស់យើងទេ មានតែមហាអាត្ម័ន(ព្រលឹងធំ)តែមួយគត់ដែល ស្ថិតនៅជានិរន្តរ ព្រោះហេតុនោះ សេចក្តីស្លាប់ជាធម្មជាតិអសារបង់សម្រាប់អាត្ម័ន ក្នុងវារៈចុងក្រោយ អ្នកកម្លោះ បទុមាវតី និងមនុស្សទាំងពួងនឹងវិលត្រឡប់ចូលទៅរួមនឹងមហាអាត្ម័នវិញទាំងអស់ សូមឲ្យអ្នក កម្លោះខិតខំពិនិត្យពិចារណាលុះត្រាតែឃើញពំនិតនេះពេលនោះឯងនឹងបានសុខក្សេមក្សាន្តមិនខាន" "បពិត្របុរោហិតាចារ្យ ! "ខ្ញុំកណាស្រដីឡើង "ខ្ញុំបាទគ្មានឆន្ទៈនឹងពិនិត្យពិចារណាអ្វីទាំងអស់ ព្រោះដុំពពកខ្មៅនៃទុក្ខបានបិទបាំងដួងបញ្ញារបស់ខ្ញុំបាទអស់ហើយ ខ្ញុំបាទមិនអាចពិចារណាអ្វីដែលល្អិតជ្រាលជ្រៅ បានទេ តើលោកបុរោហិតមានវិធីដែលអាចបន្ទោបង់ទុក្ខសោករបស់ខ្ញុំបាទដោយមិនចាំបាច់គិតច្រើន បានទេ?" បុរោហិតាចារ្យអង្គុយទ្រឹងមួយស្របក់ហើយស្រដីឡើងដោយទឹកមុខមិនសូវជាពេញចិត្តថា "នែអ្នកកម្លោះ ! ទុក្ខសោករបស់អ្នកកម្លោះជារឿងធំធេងណាស់ ពិបាកនឹងបន្ទោបង់ដោយធម៌ដទៃណា ក្រៅតែពីបញ្ញា បើទុកជាប្រើបញ្ញាពិចារណាហេតុផលជាកិច្ចពិបាកធ្វើក៏ដោយ ក៏គប្បីព្យាយាមធ្វើ បើអ្នកកម្លោះត្រូវការរម្ងាប់ទុក្ខសោក" "ខ្ញុំបាទដឹងច្បាស់ថាទុក្ខសោករបស់ខ្ញុំបាទធំធេង ដោយសារតែទុក្ខសោកធំធេងនេះឯងបានជាខ្ញុំបាទត្រូវ ការបន្ទោបង់ដោយវិធីងាយស្រួលនិងឆាប់រហ័ស មិនត្រូវការវិធីស្មុគស្មាញនិងប្រើពេលយូរនោះទេ បើប្រៀបធៀបស្ថានភាពរបស់ខ្ញុំបាទនៅពេលនេះគួរនាដូចជាមនុស្សកំពុងតែហេវខ្លាំង ដេកដកដង្ហើម ចង្រិតប៉ផ្តើតប៉ផ្តក់ដោយលំហត់ អ្វីដែលគេត្រូវការទាន់ហន់ គឺ អាហារស្រាប់ ដែលអាចបរិភោគបានភ្លាម បើមានអ្នកបញ្ចុកទៀតក៏កាន់តែល្អ ការដែលណែនាំគេឲ្យទៅសិក្សារឿងភោជនាហារយ៉ាងល្អិតល្អន់ ហើយសឹមឲ្យគេទៅរៀបចំអាហារបរិភោគខ្លួនឯងនោះមុខជាមិនអាចធ្វើទៅបានទេ ព្រោះហេតុនេះបាន ជាខ្ញុំបាទអញ្ជើញលោកគ្រូមកដើម្បីជួយបន្ទោបង់ទុក្ខសោកឲ្យខ្ញុំបាទដោយវិធីងាយស្រួលនិងឆាប់រហ័សដោយប្រការដែលខ្ញុំបាទមិនចាំបាច់ប្រើបញ្ញាក្នុងការពិចារណាឲ្យជ្រាលជ្រៅពេក តើលោកគ្រូមានវិធីណា ទេ សូមមេត្តាណែនាំខ្ញុំបាទផង" កាលបើខ្ញុំកណាទទូចអង្វរបែបនោះ លោកបុរោហិតាចារ្យក៏ដល់នូវសភាពភីងភាំងមីងមាំង អង្គុយរសាប់ រសល់វិលវល់មួយស្របក់ហើយក៏ក្រោកឡើងដើរចេញពីបន្ទប់ទៅ បណ្តោយឲ្យខ្ញុំកណាស្ថិតនៅក្នុងអន្លង់ ទុក្ខដូចសព្វដងដដែល" ។
បពិត្រលោកសមណៈដ៏ចម្រើន ! ការបរាជ័យរបស់សាវ័កនៃសាស្តាកបិលៈញ៉ាំងកំហកបំណងឲ្យកើតឡើង ដល់ឪពុករបស់ខ្ញុំកណាជាអតិបរមា គាត់ដើរស្លៅសំដៅចូលមកសាកសួរខ្ញុំកណាម្តងទៀតថា លោកបុរោហិត ណែនាំបង្រៀនយ៉ាងណាខ្លះ? នៅពេលបានស្តាប់រឿងដែលខ្ញុំតំណាលឲ្យស្តាប់ហើយ គាត់ក៏ក្រោកឡើង ដើរតត្រុកទៅមកក្នុងបន្ទប់ដោយចិត្តអន្ទះអន្ទែង ដកដង្ហើមធំហ៊ឺម្តងម្កាល មួយស្របក់ធំកន្លងទៅ ទើបមកអង្គុយចុះក្បែរខ្ញុំកណា ហើយនិយាយថា "កូនអើយ ! កុំព្រួយឡើយ ពុកនឹងព្យាយាមជួយកូនឲ្យរួចផុតពីអន្លង់ទុក្ខនេះយ៉ាងអស់សមត្ថភាព ពុកស្គាល់យោគីដែលប្រិតប្រៀងក្នុងសីលនិងព្រតមួយអង្គ បំពេញឈាននៅក្នុងអាស្រមប្របច្រាំងស្ទឹងចម្បា ពុកនឹងបញ្ជូនមនុស្សឲ្យទៅអញ្ជើញគាត់មកទេសនាឲ្យស្តាប់" ខ្ញុំកណាទទួលសម្នើរបស់គាត់ដោយតុណ្ហីភាព ដោយទឹកចិត្តពិត ខ្ញុំកណាគ្មានលំនឹកសង្ឃឹមនឹងយោគីនោះទេ ព្រោះខ្ញុំកណាធ្លាប់ដឹងមកខ្លះថា ពួកយោគីជាអ្នកប្រកាន់មាំក្នុងការបដិបត្តិយោគៈដើម្បីរំដោះជីវាត្ម័ន(ព្រលឹង តូច)របស់មនុស្សម្នាក់ៗឲ្យមានសេរីភាពពីមន្ទិលនិងទៅចូលរួមនឹងវិញ្ញាណសកល(ព្រលឹងធំ) ដែលហៅថា បរមាត្ម័ន(បរមត្តា) បើទុកជាមិនដឹងសេចក្តីលម្អិតប៉ុន្មាន ប៉ុន្តែល្មមនឹងសន្និដ្ឋានបានថាគង់នឹងមិនផ្សេងពីទស្សនៈរបស់បុរោហិតាចារ្យប៉ុន្មានទេ ។ នៅទីបំផុត យោគីឈ្មោះថា ទេវេន្ទ្រ ក៏ដើរកាន់ទំពក់ចូលមកក្នុងបន្ទប់របស់ខ្ញុំកណា លក្ខណៈមុខមាត់ របស់គាត់មើលទៅគួរឲ្យស្បើមរអាជាជាងគួរឲ្យគោរពបូជា គាត់បួងសក់ជាផ្នួងទុកខាងលើ មានពុកចង្កា ស្រមូមស្រមាម យកផេះលាបលនតាមដងខ្លួន ស្លៀកសម្លៀករយាករយាក ដៃស្តាំកាន់ទំពក់ ដៃឆ្វេងកាន់ ក្អមស្ពាន់ មានរូបរាងស្គមកំព្រយថ្ពាល់ផត កែវភ្នែកមុតស្រួចស្រដៀងភ្នែកស្ទាំង គ្រាន់តែចូលមកក្នុងបន្ទប់ គាត់ក៏ចាប់ផ្តើមស្វាធ្យាយមន្ត ចាប់ផ្តើមដោយពាក្យថា " ឱម ! " ភ្លាម ហាក់នឹងថាស្វាធ្យាយកញ្ចាត់កញ្ចោក ខ្មោចព្រាយបិសាចឲ្យចេញពីបន្ទប់និងខ្លួនរបស់ខ្ញុំកណា ។ យោគីទេវេន្ទ្រអង្គុយចុះខាងមុខខ្ញុំកណាដោយឥរិយាបថសមាធិ ពើងខ្លួនត្រង់ ដៃទាំងសងខាងដាក់ថ្កល់ លើជង្គង់ទាំងទ្វេ បិទភ្នែកជិត ហើយស្វាធ្យាយពាក្យថា ឱម ៗ នេះមិនដាច់ពីមាត់ មួយស្របក់ធំកន្លងទៅ ទើបបើកភ្នែកឡើងហើយនិយាយថា "នែអ្នកកម្លោះ ! ទុក្ខសោកក្នុងលោកនេះមាន ៣ ប្រការ គឺ អាធ្យាតមិកទុក្ខ ទុក្ខដែលកើតចេញពីហេតុខាងក្នុងកាយចិត្តរបស់ខ្លួន ១ អាធិភេតិកទុក្ខ ទុក្ខដែលកើត ចេញពីហេតុខាងក្រៅ ១ អាធិទៃវិកទុក្ខ ទុក្ខដែលកើតចេញពីហេតុខាងលើ ដូចជា អំណាចរបស់ផ្កាយព្រះគ្រោះជាដើម ១ សម្រាប់ទុក្ខរបស់អ្នកកម្លោះនេះល្មមចាត់ទុកថាជាទុក្ខប្រការទី ២ ព្រោះកើតចេញពីមរណកម្មរបស់ភរិយា ការដែលនឹងឲ្យរួចផុតពីទុក្ខប្រការនេះបាន បុរាណាចារ្យណែនាំ ឲ្យធ្វើចិត្តឲ្យបរិសុទ្ធដោយការបដិបត្តិតាមគោលយោគៈ ៨ ប្រការ គឺ យមៈ សម្រួមកិរិយាប្រព្រឹត្ត ១ និយមៈ បំពេញតាមខបដិបត្តិដែលកំណត់ ១ អាសនៈ អង្គុយឲ្យត្រូវវិធី ១ ប្រាណាយមៈ បង្គាប់ខ្យល់ ដង្ហើម ១ បរត្យាហារៈ សម្រួមភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ១ ធារណៈ ធ្វើចិត្តឲ្យមូលស្លុង ១ ធ្យានៈ សម្លឹងអារម្មណ៍ ១ សមាធិ ធ្វើចិត្តឲ្យខ្ជាប់ខ្ជួន ១..." "បពិត្រអ្នកទ្រទ្រង់ព្រតដ៏ចម្រើន !" ខ្ញុំកណានិយាយកាត់ទាំងកណ្តាលទី ១១"ដូចដែលលោកម្ចាស់ដឹង ស្រាប់ហើយថា នៅពេលនេះខ្ញុំបាទកំពុងប្រឡឹម-កក្នុងសមុទ្រនៃទុក្ខ ហៀបនឹងលង់ទឹកស្លាប់ សូមមេត្តា បោះដៃឲ្យខ្ញុំបាទចាប់ហើយទាញខ្ញុំបាទចេញពីសមុទ្រទុក្ខដោយរួសរាន់ មិនមែនឬ? ពាក្យណែនាំដ៏វែង អន្លាយតាមគោលយោគៈរបស់លោកម្ចាស់នោះប្រៀបដូចជាណែនាំឲ្យមនុស្សទៅកាប់ដើមឈើហើយ ចាំង ធ្វើទូកមកជួយខ្លួន ខ្ញុំបាទមិនអាចបដិបត្តិតាមបានទេ" ។
បន្លាមុតយកបន្លាជោះ
[កែប្រែ]យោគីទេវេន្ទ្រសម្លឹងមើលខ្ញុំកណាដោយភ្នែកក្រឡួង សម្តែងសេចក្តីភ្ញាក់ផ្អើល រួចហើយក៏ងាកទៅសម្លឹង មើលឪពុករបស់ខ្ញុំកណាដែលនៅអង្គុយក្បែរៗនោះ មួយស្របក់ធំកន្លងទៅ ទើបបែរមុខមកខាងខ្ញុំកណាវិញ ឈ្ងោកមុខបិទភ្នែកហើយស្វាធ្យាយពាក្យថា "ឱម ! " ម្តងទៀតដោយសម្លេងឮខ្ទ័រពេញទាំងបន្ទប់ គាត់ប្រហែល ជាមានជំនឿជឿជាក់ថា ត្រឹមតែពាក្យថា ឱម ! មួយម៉ាត់បុណ្ណោះក៏អាចកម្ចាត់បង់នូវទុក្ខសោករបស់ខ្ញុំកណាបានហើយ
"នែអ្នកកម្លោះ ! "យោគីនិយាយម្តងទៀត "អ្នកកម្លោះចូរកុំភ្លេចថាពេលនេះអ្នកកម្លោះប្រៀបដូចជាអ្នកជម្ងឺដែល ឈឺដុនដាប ដេកសន្ធឹកសន្ធៃនៅលើធរណីនៃមរណៈ ឪពុកអ្នកកម្លោះបានទៅតាមរកពេទ្យអ្នកជំនាញការ ផ្នែកយជ្ជុវេទមកធ្វើវេជ្ជកម្ម ឥឡូវនេះពេទ្យបានមកដល់ហើយមួយអន្លើដោយឱសថសម្រាប់ព្យាបាលផង កំពុងតែចាប់យកឱសថគឺយោគៈដ៏ឆុតចំហុតឲ្យអ្នកកម្លោះបរិភោគ ម្តេចឡើយក៏អ្នកកម្លោះបដិសេធទៅវិញ? " ខ្ញុំកណាឆ្លើយប្រាប់យោគីថា "បពិត្រយោគាចារ្យ ! មូលហេតុដែលខ្ញុំបាទមិនអាចបរិភោគឱសថរបស់លោក គ្រូបាន ព្រោះឱសថរបស់លោកគ្រូមានដល់ទៅ ១២ មុខឯណោះ ត្រូវប្រើថាមពលច្រើន សេចក្តីព្យាយាម ច្រើនក្នុងការបរិភោគ ខណៈនេះ ខ្ញុំបាទកំពុងស្ថិតក្នុងសភាពឆ្អែតឆ្អន់ គ្មានទាំងកម្លាំងកាយទាំងកម្លាំងចិត្តនឹង បរិភោគឱសថរបស់លោកគ្រូទេ តើលោកគ្រូមិនមានវិធីផ្សេងណាដែលនឹងបន្ទោបង់ទុក្ខសោករបស់ខ្ញុំបាទដោយមិនបដិបត្តិតាមគោល យោគៈទាំង ១២ យ៉ាងបានទេ? " យោគីទេវេន្ទ្រងាកទៅសម្លឹងមុខរបស់ឪពុកខ្ញុំកណា គ្រវីសីសៈតិចៗហើយក៏ស្រវាចាប់យកក្អមស្ពាន់ក្រោក ដើរចេញពីបន្ទប់ទៅដោយពុំបានលាមួយម៉ាត់ឡើយ ឪពុករបស់ខ្ញុំកណាសម្លឹងមើលខ្ញុំកណាដោយក្រសែ ភ្នែកសម្តែងកំហកចិត្ត ហើយក៏ក្រោកឡើងដើរចេញទៅ បណ្តោយឲ្យខ្ញុំកណាប្រឈមមុខនឹងទុក្ខសោកក្នុង បន្ទប់តែម្នាក់ឯង ប៉ុន្តែការនៅក្នុងបន្ទប់ស្ងាត់ៗតែម្នាក់ឯងត្រឡប់ជាការល្អសម្រាប់ខ្ញុំកណាវិញ ព្រោះធ្វើ ឲ្យធូរស្បើយរហើយចិត្តច្រើនជាងមានមនុស្សមកអុកឡុករំខាន ។ បិតារបស់ខ្ញុំកណាវិលត្រឡប់មកវិញនៅពេលល្ងាចណាស់ទៅហើយ ម្តងនេះគាត់មិនបានមកម្នាក់ឯងទេ ប៉ុន្តែមានស្រីក្រមុំរូបស្រស់ម្នាក់ជាប់តាមមកជាមួយផង ដោយការសម្លឹងមើលត្រឹមមួយក្រឡេកភ្នែក ខ្ញុំកណាល្មមនឹងដឹងបានភ្លាមថា នាងជាស្រីក្រមុំស្រស់បស់ម្នាក់ គាត់នាំស្រីក្រមុំនោះមកក្នុងបន្ទប់របស់ ខ្ញុំកណាហើយក៏វិលត្រឡប់ទៅវិញ បណ្តោយឲ្យខ្ញុំកណានៅជាមួយនឹងស្រីក្រមុំប្លែកមុខម្នាក់នោះមួយ ទល់នឹងមួយ ខ្ញុំកណាគិតក្នុងចិត្តថាបិតាប្រហែលជាប្រើយុទ្ធសាស្រ្តបន្លាមុតយកបន្លាជោះនឹងខ្ញុំកណា ដោយពិត ព្រោះខ្ញុំកណាកំពុងតែសោកសង្រេងនិមិត្តបាត់បង់ភរិយាជាទីស្រឡាញ់ គាត់ទើបចាត់រកស្រី ក្រមុំស្រស់ស្អាតប្រហាក់ប្រហែលគ្នាដើម្បីយកមកបម្រើខ្ញុំកណាជាជំនួស ។
ស្រីក្រមុំប្លែកមុខដែលស្ម័គ្រចិត្តមកបន្ទោបង់ទុក្ខសោករបស់ខ្ញុំកណា ខិតចូលមកកៀកខ្ញុំកណាដែលកំពុងអង្គុយឈ្ងោកមុខព្រងើយដោយឥតសម្តែងចំណាប់អារម្មណ៍បន្តិចឡើយ រួចនាងក៏និយាយឡើងដោយសម្លេង ដ៏ពីរោះថា "បពិត្រអ្នកប្រុស ! កុំសោកសង្រេងឡើយគ្មានប្រយោជន៍ទេ ការស្លាប់ ការបាត់បង់ ការព្រាត់ប្រាស ជារឿងដែលគ្មានអ្នកណាចៀសវាងបាន ជារឿងទៀងទាត់ដែលតែងតែកើតឡើងដល់មនុស្សគ្រប់គ្នា ឥឡូវនេះភរិយារបស់អ្នកប្រុសបានស្លាប់ទៅហើយ គ្មានថ្ងៃណានាងនឹងវិលមកវិញទេ ទោះបីបើអ្នកប្រុសយំយែក ស្រែកទ្រហោទាល់តែទឹកភ្នែកក្លាយជាឈាមក៏ដោយ ក៏គ្មានបានម្សៀតអ្វីដែរ សូម្បីតែនាងខ្ញុំនិងអ្នកប្រុសទៀងតែនឹងផុតរលត់ទៅនៅថ្ងៃណាមួយខាងមុខ ជួនកាលអាចជាថ្ងៃស្អែកនេះក៏បាន ឃើញថា ជីវិតមនុស្សនេះ ខ្លីណាស់ យើងគួរតែស្វែងរកសេចក្តីសុខស្រួលពីជីវិតដ៏ខ្លីនេះឲ្យឆ្អែតឆ្អន់ មុននឹងវាបែកធ្លាយទៅ សូមអញ្ជើញ អ្នកប្រុស ! នាងខ្ញុំនឹងជួយឲ្យអ្នកប្រុសមានសេចក្តីសុខ នាងខ្ញុំនឹងបម្រើអ្នកប្រុសដោយសម្រស់ទន់ល្វន់នៃ កាមរស និងអ្វីៗដែលស្រ្តីគប្បីមាន"
និយាយហើយស្រីក្រមុំប្លែកមុខនោះក៏ខិតចូលមកប្រកៀកខ្ញុំកណា យកដៃផ្ងើយចង្ការបស់ខ្ញុំកណា យកថ្ពាល់របស់នាងចូលផ្អឹបថ្ពាល់របស់ខ្ញុំកណា និងធ្វើអ្វីៗដទៃទៀតដើម្បី អន្ទោកអន្ទោលខ្ញុំកណាឲ្យភ្លេចសេចក្តីទុក្ខសោកប៉ុន្តែខ្ញុំកណាមិនកើតតម្រេកត្រេកអរទេ ផ្ទុយទៅវិញបែរជា មួមៅក្តៅចិត្តហាក់នឹងថាកំពុងត្រូវពានររប៉ិលរប៉ូចធ្វើអុកឡុករំខានដូច្នោះ ខ្ញុំកណាមិនបានមើលសូម្បីតែមុខ របស់ស្រីក្រមុំនោះទេ ចោលក្រសែភ្នែកចុះទាបហើយក៏បញ្ជូនចិត្តឲ្យអណ្តែតលឿនលយទៅក្នុងពិភព មួយទៀតរបស់ខ្ញុំកណា ។ បពិត្រព្រះតេជគុណដ៏ចម្រើន ! រង្វោះរង្វើយរបស់ខ្ញុំកណាធ្វើឲ្យស្រីក្រមុំប្លែកមុខនោះបញ្ឈប់បម្រឹងនឹងបម្រើខ្ញុំកណាដោយសម្រស់កាយរបស់នាងភ្លាម នាងដកថយចេញពីខ្ញុំកណាទៅអង្គុយជ្រលៀកមើលខ្ញុំកណាមួយស្របក់ហើយក៏និយាយឡើងថា
"បពិត្រអ្នកប្រុស ! អ្នកប្រុសប្រហែលជាមិនចូលចិត្តសម្ផស្សកាយរបស់ស្ត្រីទេ ប៉ុន្តែប្រហែលជាចូលចិត្ត សម្លេងរបស់ស្រ្តី នាងខ្ញុំនឹងច្រៀងចម្រៀងឲ្យអ្នកប្រុសស្តាប់" និយាយហើយនាងក៏ចាប់យកពិណដែល ត្រៀមមកឡើងដេញជាតន្ត្រីដ៏ពីរោះរណ្តំដោយម្រាមដៃដ៏ស្ទាត់ជំនាញ លុះតមកមួយស្របក់ នាងក៏ច្រៀង ចម្រៀងប្រជាប្រិយរបស់អង្គរដ្ឋ ដែលមានលំនាំសេចក្តីពីរោះរណ្តំដូចយ៉ាងរគាំងប្រាក់ នាងច្រៀងរៀបរាប់ដល់សម្រស់ព្រៃភ្នំគ្រាំថ្មនៃអង្គរដ្ឋ សុភមង្គលរបស់អង្គរដ្ឋវាសីក្នុងអតីតកាល ស្នេហារបស់ប្រុសកម្លោះ និង ស្រីក្រមុំ ទិព្វសុខរបស់ទេពនិកាយក្នុងសគ្គាល័យ សភាពមិនទៀងទាត់នៃជីវិត បើទុកជាខ្ញុំកណាកំពុងស្ថិតក្នុងអន្លង់ទុក្ខក៏ដោយ ខ្ញុំកណាក៏ត្រូវតែទទួលស្គាល់ថាភ្ញៀវប្លែកមុខរបស់ខ្ញុំកណានេះច្រៀងចម្រៀងបានពេញជាពីរោះដូចសិល្បករចម្រៀងដូច្នោះ ។
"អ្នកប្រុសចូលចិត្តចម្រៀងរបស់នាងខ្ញុំទេ?"នាងសួរក្រោយពីច្រៀងហើយ កាលមិនបានចម្លើយពីខ្ញុំកណា នាងក៏និយាយតទៅទៀតថា "ជួនកាល អ្នកប្រុសអាចមិនចូលចិត្តសម្លេងរបស់ស្ត្រី ប៉ុន្តែអាចចូលចិត្តក្បាច់ រាំល្គាយល្គងរបស់ស្ត្រីក៏បាន នាងខ្ញុំនឹងរាំឲ្យអ្នកប្រុសទស្សនា" និយាយហើយនាងក៏ក្រោកឡើងដើរទៅ កណ្តាលបន្ទប់ ហើយក៏ចាប់ផ្តើមរាយរាំរលាក់រលែកដោយចង្វាក់យាងក្រាយដ៏ប៉ិនប្រសប់ រូហានបាននឹង នាដការិនីស្រីរបាំប្រចាំទេវាល័យដូច្នោះ ខ្ញុំកណាមៀងភ្នែកមើលដោយកែវភ្នែកកន្លះមាត្រាហើយក៏ឱនមុខ ចុះទ្រមុយ ខ្ញុំកណាមិនបានទទួលនន្ទនាការពីសិល្បៈរបាំដ៏ត្រឡុងត្រឡាយរបស់នាងបន្តិចណាទេ ថ្វីបើ កាលពីមុនខ្ញុំកណាចូលចិត្តរបាយរបាំសឹងស្មើជីវិត ធ្វើឲ្យកើតគតិធម៌មួយឡើងថា បើចិត្តមិនបើកទ្វារទទួល ទេអារម្មណ៍ខាងក្រៅទោះបីជាល្អល្អះត្រចះត្រចង់ប៉ុនណាក៏គ្មានន័យអ្វីដែរ ។
"បពិត្រព្រះតេជគុណដ៏ចម្រើន ! មរណកម្មរបស់បទុមាវតីបានប៉ះទង្គិចចិត្តរបស់ខ្ញុំកណាយ៉ាងដំណំ រហូតដល់ធ្វើឲ្យខ្ញុំកណាមើលឃើញអ្វីៗទាំងពួងជាមរណៈ សម្លេងចម្រៀងដ៏ពីរោះរបស់ស្រីក្រមុំគឺជា សម្លេងនៃមរណៈ ចង្វាក់របាយរបាំរបស់នាងគឺជាចង្វាក់នៃមរណៈ សូម្បីតែស្រីក្រមុំម្នាក់នោះក៏ប្រាកដស្មើនឹងទូតនៃមរណៈដែលមកលងបន្លាចខ្ញុំកណា ព្រោះហេតុនេះបានជាខ្ញុំកណាគ្មានសេចក្តីត្រេកអរ បន្តិចណាឡើយ" ។
នៅទីបំផុត ស្រីក្រមុំឆើតឆោមនោះក៏ដោះដៃចោលខ្ញុំកណាទៅដោយបរាជ័យដូចយ៉ាងអ្នកមុនៗដែរ ប៉ុន្តែឪពុក របស់ខ្ញុំកណាក៏នៅតែមិនលះបង់កំហំព្យាយាមនឹងជួយរំលស់ភ្លើងទុក្ខរបស់ខ្ញុំកណា នៅថ្ងៃក្រោយមក គាត់នាំបរិព្វាជកចំណាស់ម្នាក់ឈ្មោះថា ខិត្តធុលី ចូលមកក្នុងបន្ទប់របស់ខ្ញុំកណា គ្រាន់តែមកដល់និងអង្គុយចុះ ខាងមុខខ្ញុំកណាហើយ បរិព្វាជកនោះក៏ស្វាធ្យាយឥរុវេទជាភាសាសំស្ក្រឹតយ៉ាងវែងអន្លាយ ខ្ញុំកណាស្តាប់យល់ ខ្លះមិនយល់ខ្លះ ប៉ុន្តែល្មមនឹងសង្ខេបសេចក្តីបានថាគាត់សូធ្យសរសើរព្រះព្រហ្មដែលជាអ្នកសាងលោក និង មនុស្សទាំងជាអ្នកលិខិតជីវិតមនុស្សនិងសត្វទាំងពួងដែលហៅថាព្រហ្មលិខិតនោះឯង ។
"បពិត្រអ្នកកម្លោះ ! "គាត់និយាយឡើងក្រោយពីស្វាធ្យាយចប់ "អ្នកកម្លោះចូរជ្រាបថា ក្នុងសកលចក្រវាលនេះព្រះព្រហ្មជាព្រះអាទិទេពទ្រង់សាងនិងថែរក្សាអ្វីៗទាំងពួងដោយមេត្តាឈឺឆ្អាលស្រឡាញ់សព្វសត្វដូច មាតាថែរក្សាបុត្រតូចជាទីស្រឡាញ់របស់ខ្លួនដូច្នោះ ព្រះអង្គទ្រង់សាងមនុស្សគ្រប់គ្នាឡើងមក ហើយទ្រង់លិខិតកម្រិតជីវិតមនុស្សគ្រប់គ្នាទុកជាមុនថា ពេលណា ឱកាសណា ជីវិតរបស់មនុស្សទាំងពួងនឹងបានល្អ អាក្រក់ សុខ ទុក្ខ ចម្រើន វិនាស ស្រេចតែទ្រង់កម្រិតឲ្យ ការគូសវាស ឬ លិខិតជីវិតរបស់ព្រះអង្គជាធម្មជាតិ ទៀងទាត់ពិតប្រាកដ គ្មានសត្វណាល្មើសបំពានបានទេ ត្រូវតែឱនមុខទទួលយកព្រហ្មលិខិតនេះលុះត្រាតែ នឹងផុតកំណត់ ការដែលអ្នកកម្លោះកំពុងតែជួបប្រទះទុក្ខសោកនៅពេលនេះក៏ព្រោះតែជាចង្វាក់វេលាដែល ព្រះអង្គកំណត់ឲ្យអ្នកកម្លោះមានសេចក្តីទុក្ខ ការដែលបទុមាវតីស្លាប់បាត់បង់ជីវិតក៏ព្រោះតែព្រះអង្គដាក់លិខិតកម្រិតឲ្យស្លាប់ គ្មានជម្រើសណានឹងកម្ចាត់បំបាត់ទុក្ខនៅពេលនេះបានទេ ក្រៅតែពីឱនមុខទទួល ព្រះព្រហ្មលិខិតនេះតទៅលុះត្រតែផុតកំណត់កាលបរិច្ឆេទ កាលបើផុតកំណត់ហើយ ទុក្ខនេះក៏ស្បើយទៅ ដោយឯកឯងដោយអ្នកកម្លោះមិនបាច់ធ្វើអ្វីទាំងអស់ ព្រោះហេតុនោះ សូមឲ្យអ្នកកម្លោះស៊ូទ្រាំបង្អង់រង់ចាំ ល្គឹកណាតែផុតព្រះព្រហ្មលិខិតតទៅ" បពិត្រព្រះតេជគុណដ៏ចម្រើន ! ពាក្យអត្ថាធិប្បាយរ៉ាយរ៉ាប់របស់បរិព្វាជក ជួសនឹងធ្វើឲ្យខ្ញុំកណាកើតបញ្ញាយល់ច្បាស់និងធូរស្បើយរហើយចាកទុក្ខ ប៉ុន្តែត្រឡប់ជាធ្វើឲ្យខ្ញុំកណាកើតពិភាល់សង្ស័យនិងបន្ថែមទម្ងន់ ទុក្ខកាន់តែខ្លាំងឡើង ខ្ញុំកណាទើបហើបមាត់សួរបរិព្វាជកអ្នកស្ទាត់ជំនាញក្នុងឥរុវេទថា
"បពិត្រវេទាចារ្យ ! កាលពីខាងដើម លោកគ្រូបានពោលថា ព្រះព្រហ្មជាព្រះអាទិទេពទ្រង់មានមេត្តាករុណាចំពោះសព្វសត្វដូចមាតាស្រឡាញ់អាណិតបុត្រតូចរបស់ខ្លួនដូច្នោះ មិនមែនឬ?"
"ត្រឹមត្រូវហើយ អ្នកកម្លោះ ! " លោកបរិព្វាជកឆ្លើយតបដោយមោទកភាព "ក៏ព្រោះតែមេត្តាករុណារបស់ព្រះអង្គ ព្រះអង្គទើបសាងយើងមក និងទ្រង់ថែរក្សាយើ់ងដោយល្អ"
"បពិត្របរិព្វាជក ! "ខ្ញុំកណានិយាយតទៅទៀត "ខ្ញុំបាទជឿថាបើព្រះព្រហ្មជាព្រះអាទិទេព ទ្រង់មានមេត្តា ករុណាចំពោះសព្វសត្វមែន ខ្ញុំបាទសូមសួរលោកគ្រូថា ឧបមាថា លោកគ្រូស្ថិតក្នុងឋានៈជាបិតា ហើយមានបុត្រក្នុងបន្ទុក ១០ នាក់ តើលោកគ្រូស្រឡាញ់បុត្រទាំង ១០ នាក់និងឧបត្ថម្ភគេទាំងអស់គ្នាដោយស្មើភាពទេ?"
"បិតាដែលល្អត្រូវតែស្រឡាញ់និងឧបត្ថម្ភបុត្រទាំងអស់ដោយស្មើមុខគ្នា"បរិព្វាជកឆ្លើយដោយជំនឿជឿជាក់
"កាលបើព្រះព្រហ្មទ្រង់ស្ថិតនៅក្នុងឋានៈជាព្រះបិតារបស់សត្វលោកដូច្នេះ ចុះហេតុអ្វីបានជាព្រះអង្គមិនស្រឡាញ់បុត្រក្នុងលោកនេះឲ្យស្មើមុខគ្នាផង?"
"ហេតុអីក៏អ្នកកម្លោះនិយាយអញ្ចឹង?" បរិព្វាជកសួរដោយកិរិយាអាការងឿងងល់ "ម៉េចក៏អ្នកកម្លោះហ៊ាន និយាយចោទប្រកាន់ព្រះអង្គដោយពាក្យទ្រគោះបែបនោះ?"
"ការដែលខ្ញុំបាទនិយាយដូច្នេះក៏ព្រោះតែមើលឃើញអសមភាពជាច្រើនមាននៅក្នុងលោក លោកគ្រូក៏ដឹងច្បាស់ដល់ចិត្តហើយថាមនុស្សខ្លះក្នុងលោកនេះជាសេដ្ឋី ឧកញ៉ា ឬ រាជា មានទ្រព្យមហាសាល ចាយវាយ តពូជតត្រកូលក៏មិនអស់ ប៉ុន្តែអ្នកខ្លះបែរជាក្រីក្រតោកយ៉ាក ជាស្មូមវណិព្វកចិញ្ចឹមជីវិតដោយការសុំគេ បរិភោគទៅមួយថ្ងៃៗ អ្នកខ្លះមានយសសក្តិមានអំណាច ដើរសង្កត់សង្កិនបៀតបៀនអ្នកដទៃ ប៉ុន្តែអ្នកខ្លះ បែរជាទន់ទាបតូចល្អោចត្រូវគេធ្វើទុក្ខបុកម្នេញ អ្នកខ្លះមានសុខភាពល្អគ្មានរោគាព្យាធិ ប៉ុន្តែអ្នកខ្លះសម្បូរដោយរោគាព្យាធិ ឈឺប៉ផ្តើតប៉ផ្តក់ជានិច្ចកាល អ្នកខ្លះក៏មានអាយុវែងរាប់រយឆ្នាំ ប៉ុន្តែអ្នកខ្លះបែរជាមាន អាយុខ្លីកើតមកមិនបានប៉ុន្មានក៏ស្លាប់ទៅវិញ អសមភាព អសមានភាព និងអយុត្តិធម៌ទាំងអស់នេះជាលទ្ធផលនៃការកំណត់ទុកមុនរបស់ព្រះព្រហ្មឬ?"
"ត្រូវហើយ"បរិព្វាជកឆ្លើយដោយទឹកមុខមិនសូវស្រស់
"បើដូច្នេះ ការដែលខ្ញុំបាទនិយាយថា ព្រះព្រហ្មស្រឡាញ់បុត្រក្នុងលោកមិនស្មើគ្នានោះ មិនខុសពីការពិតដែលយើងយល់ឃើញនៅសព្វថ្ងៃនេះទេ ការដែលព្រះអង្គមានអគតិបែបនេះ សម្តែងឲ្យឃើញថា ព្រះអង្គនៅមានសេចក្តីលម្អៀង នៅប្រកាន់រើសអើង ហេតុដូច្នេះ ព្រះអង្គមិនសមជាអ្នកដែលមហាជនគោរពបូជាទេ ខ្ញុំបាទមានទស្សនៈយល់ឃើញយ៉ាងនេះ អ្នកណាយល់ឃើញយ៉ាងណាក៏ស្រេចតែគេចុះ"
បរិព្វាជកអង្គុយឱនមុខចុះកំប៉្រោន ដោយទញ់ទាល់ចំពោះហេតុផលរបស់ខ្ញុំកណា មួយស្របក់ធំកន្លងទៅ ទើបនិយាយឡើងដោយសម្លេងខ្សាវៗថា "ក្នុងទស្សនៈរបស់សាមញ្ញជន ព្រហ្មលិខិតអាចមើលទៅមិនយុត្តិធម៌ប៉ុន្តែក្នុងឋានៈជាព្រះអាទិទេពក្នុងសកលចក្រវាល ព្រះអង្គតែងមិនធ្វើអ្វីដោយមិនសមហេតុផល នោះទេ ព្រះអង្គមុខជាមានហេតុផលរបស់ព្រះអង្គផ្ទាល់ក្នុងការកំណត់វិថីជីវិតរបស់មនុស្សឲ្យប្រព្រឹត្តទៅផ្សេងៗគ្នា ប៉ុន្តែបញ្ញាញាណដ៏មានកម្រិតរបស់មនុស្សមិនអាចស្ទាបស្ទង់ដឹងដល់ហេតុផលរបស់ព្រះអង្គបានទេ"
"ខ្ញុំបាទមិនចាប់អារម្មណ៍ថាព្រះអង្គមានហេតុផលអ្វីជារបស់ផ្ទាល់ខ្លួនទេ ប៉ុន្តែខ្ញុំបាទដឹងច្បាស់ថា ទង្វើរបស់ ព្រះអង្គជាអគតិព្រោះកំណត់ឲ្យជីវិតពេលនេះរបស់ខ្ញុំបាទពោរពេញទៅដោយសេចក្តីទុក្ខ នៅខណៈដែល ជីវិតរបស់អ្នកដទៃពោរពេញទៅដោយសេចក្តីសុខនោះ សូមលោកគ្រូនាំយកព្រះព្រហ្មត្រឡប់ទៅវិញចុះ ខ្ញុំបាទស៊ូទ្រាំសេចក្តីទុក្ខនេះដោយខ្លួនឯង ប្រសើរជាងបានជំនួយពីព្រះព្រហ្មដែលអយុត្តិធម៌" ។
ដំណឹងល្អមកពីសម្លាញ់របស់ឪពុក
[កែប្រែ]បពិត្រអ្នកទ្រង់ព្រត ! ក្រោយពីខិតខំព្យាយាមស្វះស្វែងរកអ្នកប្រាជ្ញនិងប្រើមធ្យោបាយផ្សេងៗក្នុងការជួយសម្រាលទុក្ខរបស់ខ្ញុំកណាមិនបានជោគជ័យមក ឪពុករបស់ខ្ញុំកណាក៏តុះតុញសុញសាញ គាត់មិនបានធ្វើអ្វីទៀតទេ ក្រៅតែពីផ្ញើលំនឹកសង្ឃឹមទៅនឹងកាលវេលាតែម៉្យាង ព្រោះគាត់ជឿថា អ្វីដទៃណានីមួយមិនអាចជួយស្រោចស្រង់បានទេ មានតែពេលវេលាប៉ុណ្ណោះដែលអាចជួយបាន ចំណុចនេះហាក់បីដូចជាការពិត ព្រោះខ្ញុំកណាសង្កេតមើលខ្លួនឯង ឃើញថា សេចក្តីទុក្ខបានស្រាកស្រាលចុះតាមកាលវេលាដែលកន្លងហួសទៅ បើទុកជាថយចុះមួយថ្ងៃបន្តិចៗក៏ដោយ ។
ខ្ញុំកណានិយាយរៀបរាប់មកយ៉ាងវែងអន្លាយរហូតដល់ពេលវេលាកន្លងចូលមជ្ឈិមយាមហើយ ក៏នៅមិនទាន់បានប្រាប់ព្រះតេជគុណពីមូលហេតុដែលធ្វើឲ្យខ្ញុំកណាចាកចេញពីស្រុកកំណើត ធ្វើដំណើរមកក្រុងរាជគ្រឹះនេះនៅឡើយ ព្រះតេជគុណប្រហែលជានឿយហត់ពីដំណើរដើរផ្លូវ ត្រូវការនឹងសិងសម្រាកយកកម្លាំងជាជាងនឹងស្តាប់រឿងរ៉ាវដ៏វែងអន្លាយរបស់ខ្ញុំកណាទេដឹង? ខ្ញុំព្រះករុណាបានឆ្លើយតបចូឡពលថា "មិនថ្វីទេ ឧបាសក ! អាត្មាមិននឿយហត់ទេ រឿងរ៉ាវរបស់ញោមជា រឿងគួរឲ្យចាប់អារម្មណ៍ណាស់ អាត្មាចង់ស្តាប់តទៅទៀត" ការដែលខ្ញុំព្រះករុណាឆ្លើយតបប្រាប់គេបែបនោះ ក៏ព្រោះតែមានចេតនាចង់ជួយសង្គ្រោះគេដោយបច្ចេក ត្បិតថាបុគ្គលដែលកំពុងតែមានចិត្តអួលណែនដោយទុក្ខនោះ បើគ្រាន់តែបាននិយាយបូរបាច់ប្រាប់ដំណើររឿងទុក្ខរបស់ខ្លួនឲ្យអ្នកដទៃស្តាប់ ក៏នាំឲ្យធូរស្បើយរហើយចិត្តបាន ។
"បពិត្រសមណៈដ៏ចម្រើន ! "ចូឡពលនិយាយតទៅទៀត "នាល្ងាចថ្ងៃមួយ នៅពេលដែលខ្ញុំកណាជាប់ផុងក្នុងអន្លង់មហាទុក្ខនោះឯង បុណ្ណកសេដ្ឋីដែលជាសម្លាញ់ជំនិតរបស់ឪពុកបានទៅអើតងើតខ្ញុំកណា ឪពុករបស់ខ្ញុំកណាបានសាសព្ទប្រាប់ដំណើរដើមទងនៃសេចក្តីទុក្ខរបស់ខ្ញុំកណានិងកលោបាយផ្សេងៗដែលគាត់បានធ្វើដើម្បីបន្សាត់បង់នូវទុក្ខរបស់ខ្ញុំកណាដល់លោកបុណ្ណកសេដ្ឋីស្តាប់តាំងពីអាទិកាលដល់អវសានកាល រួចក៏សួរលោកសេដ្ឋីថា មានបានស្គាល់ឬបានដំណឹងពីមុនីឥសីឯណាខ្លះទេដែលឈ្លាសវៃក្នុងកុសលោបាយត្រដោះទុក្ខសោក និង អាចជួយទេសនាខ្ចាត់បំបាត់ទុក្ខរបស់កូនប្រុសលោកបានខ្លះ"
"សម្លាញ់អើយ !" លោកបុណ្ណកសេដ្ឋីនិយាយឡើងក្រោយពីអង្គុយគិតមួយស្របក់ "ខ្ញុំបានឮដំណឹងមកថា ឯក្រុងរាជគ្រឹះមានមហាមុនី ១ ព្រះអង្គ ព្រះនាមថា សមណគោត្តម ព្រះអង្គយាងចេញសាងផ្នួសចាកសក្យត្រកូលនៃសក្កជនបទ មហាមុនីព្រះអង្គនោះទ្រង់ជាព្រះអរហន្តសម្មាសម្ពុទ្ធជាម្ចាស់ បរិបូរដោយ ព្រះបញ្ញាគុណ ព្រះវិសុទ្ធិគុណ និង ព្រះមហាករុណាគុណ ព្រះអង្គទ្រង់ឈ្លាសវៃក្នុងទេសនាវិធីនិងមធ្យោបាយក្នុងការកម្ចាត់ទុក្ខរបស់មនុស្សលោកបានយ៉ាងឆ្នើម គ្មានសាស្តាណាក្នុងជម្ពូទ្វីបប្រៀបស្មើបានទេ " ។
"ដើម្បីសម្តែងឲ្យឃើញថា ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ឈ្លាសវៃក្នុងទេសនាវិធី អាចបន្ទោបង់ទុក្ខសោកដល់ អ្នករងទុក្ខដោយព្រះតម្រាស់ខ្លីៗយ៉ាងណា ខ្ញុំនឹងតំណាលរឿងខ្លះឲ្យសម្លាញ់ស្តាប់តាមដែលខ្ញុំបានស្តាប់ឮមក នៅសម័យមួយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រថាប់នៅក្នុងវត្តជេតវ័នមហាវិហារ ក្បែរក្រុងសាវត្ថីដែល ជារាជធានីនៃកោសលរដ្ឋ នៅសម័យនោះ មានធីតានៃសេដ្ឋីក្នុងក្រុងសាវត្ថីម្នាក់ ឈ្មោះថា បដាចារា បានរត់តាមខ្ញុំបម្រើប្រុសរបស់ខ្លួនទៅនៅក្នុងស្រុកស្រែដោយអំណាចនៃសេ្នហា លុះកាលវេលាកន្លងទៅ រហូតដល់ នាងមានកូនប្រុសម្នាក់និងកំពុងពពោះកូនប្រុសម្នាក់ទៀតជិតគ្រប់ខែនឹងសម្រាល អ្នកទាំងពីរទើបសម្រេច ចិត្តធ្វើដំណើរទៅកាន់ត្រកូលមាតាបិតា នៅខណៈដែលអ្នកទាំងពីរនិងកូនតូចធ្វើដំណើរមកដល់កណ្តាល ព្រៃស្រោង ក៏ស្រាប់តែដល់ពេលជិតព្រលប់ នៅខណៈនោះកើតខ្យល់ព្យុះបក់ផាត់ដងព្រៃកញ្រ្ជោកបោកបាច លាន់ឮសម្លេងសព្ទស៊ានគួរឲ្យព្រឺខ្លាច មិនយូរប៉ុន្មាន សរសៃភ្លៀងក៏បង្អុរហូរចុះមកដូចគេហែកមេឃ នៅកណ្តាលទារុណភាពនៃធម្មជាតិនេះឯង ខ្យល់កម្មជ្ជវាតក៏ចាប់បោកបក់ខ្មួលខ្មាញ់ឡើងក្នុងផ្ទៃរបស់នាង សបញ្ជាក់ថាបុត្រក្នុងឧទរហៀបនឹងសម្រាលចាកផ្ទៃហើយ នាងបានប្រាប់ឲ្យស្វាមីរៀបចំកន្លែងជ្រកបាំងភ្លៀង ដើម្បីនឹងសម្រាលកូន ស្វាមីកាន់កាំបិតដើរចូលទៅក្នុងព្រៃ ប៉ុន្តែគ្រាន់តែគេដើរមកដល់ដំបូកមួយក៏ស្រាប់តែ ត្រូវពស់វែកអាសិរពិសលូនចេញពីដំបូកមកចឹកគេឲ្យដួលស្លាប់នៅក្បែរដំបូកនោះឯង"
"នៅទីបំផុត នាងបដាចារាក៏សម្រាលកូននៅកណ្តាលសរសៃភ្លៀងក្នុងព្រៃស្រោងនោះឯង លុះព្រឹកព្រាងឡើងនៅពេលខ្យល់និងភ្លៀងស្រាកស្រន់អន់កម្លាំងហើយ នាងក៏បានបីពកូនទាំងពីរចូលទៅក្នុងព្រៃដើម្បីតាមរកស្វាមី នៅទីបំផុត នាងក៏ជួបប្រទះរាងកាយដែលឥតវិញ្ញាណរបស់ស្វាមីដេកដួលនៅក្បែរដំបូក នាងស្រងោចខូចចិត្ត យំបណ្តើរបីពកូនតូចបណ្តើរធ្វើដំណើរដើរផ្លូវតទៅ លុះធ្វើដំណើរដើរផុតព្រៃស្រោង ក៏មកដល់ទន្លេមួយដែលមានទឹកជន់ឡើងពេញច្រាំង ព្រោះតែនៅទន់ដៃទន់ជើងនិមិត្តការសម្រាលកូន នាងមិនអាចនាំកូនទាំងពីរលុយទឹកឆ្លងទៅដំណាលគ្នាបានទេ នាងបានយកកូនតូចទុកនៅលើច្រាំងទន្លេ ហើយព្រនរកូនច្បងលុយទឹកឆ្លងទៅរហូតដល់ច្រាំងម្ខាងទៀត ប្រាប់ឲ្យកូនច្បងរង់ចាំនៅទីនោះ ហើយក៏លុយទឹកឆ្លងមកដើម្បីនឹងយកកូនតូច នៅខណៈដែលនាងកំពុងស្ថិតនៅកណ្តាលទន្លេនោះឯង មានសត្វ ខ្លែងធំមួយដែលហើរឆ្វែលរកស៊ីនៅច្រាំងទន្លេនោះ យល់ថាជាដុំសាច់ ទើបសម្លបស្លាបចុះឆាបយក កូនតូចរបស់នាងទៅស៊ីជាអាហារ នាងស្រែកបន្លឺសម្លេងដេញសត្វខ្លែងរហូតផុតសម្លេងប៉ុន្តែនៅតែដេញមិនឈ្នះ ឯកូនច្បងកាលបើបានឮសម្លេងម្តាយក៏យល់ថាម្តាយស្រែកហៅឲ្យទៅរក ទើបរត់ចុះទៅក្នុងទន្លេ ហើយត្រូវក្រសែទឹកខ្មួលខ្មាញ់បោកផាត់រសាត់បាត់ទៅ ទុក្ខសោកព្រោះការបាត់បង់ស្វាមីនៅមិនទាន់រលស់ ចុះនៅឡើយ ទុក្ខសោកព្រោះការបាត់បង់កូនតូចទាំងពីរក៏ចូលមករួបរឹតដួងចិត្តបន្ថែមទៀតទាល់តែដួងចិត្តរបស់នាងមិនអាចស៊ូទ្រាំនឹងទុក្ខសោកផ្ទួនៗនោះបាន នាងទ្រហោយំបណ្តើរដើរទ្រេតទ្រោតទៅបណ្តើរ ហាក់ដូចជាមនុស្សឆ្កួតដូច្នោះ ធ្វើដំណើរតម្រង់ទៅកាន់ក្រុងសាវត្ថីដើម្បីស្វែងរកទីពឹងចុងក្រោយគឺ មាតាបិតា ក្នុងចន្លោះផ្លូវហៀបនឹងចូលដល់ក្រុងសាវត្ថីនោះ នាងបានជួបនឹងប្រុសម្នាក់ដែលដើរប្រជ្រួសផ្លូវ មក ទើបសាកសួរដំណឹងដល់មាតាបិតាថាពួកគាត់នៅសុខសប្បាយឬទេ ប្រុសម្នាក់នោះគ្រវីក្បាលយ៉ាង ប៉កល្វើយ ឆ្លើយថា ប្អូនស្រីកុំសួររកគាត់អី កាលពីយប់មិញនេះ មានព្យុះភ្លៀងមួយមេធំ ប្រាសាទរបស់ លោកសេដ្ឋីបានដួលរលំហើយសង្កត់លោកសេដ្ឋីភរិយានិងបុត្រម្នាក់គត់របស់គាត់ឲ្យដល់នូវអកាលមរណៈហើយមនុស្សមនាបាននាំយកសពរបស់អ្នកទាំង ៣ ទៅបូជាភ្លើងលើជើងថ្ករតែមួយ ឥឡូវនេះ ផ្សែងកំពុងហុយថ្គោលឡើងចេញពីជើងថ្ករនៅឡើយ កំពុងតែមើលឃើញនោះឯង គ្រាន់តែឮដំណឹងអាក្រក់នោះភ្លាម នាងបដាចារាក៏ដល់នូវអាការវិបល្លាស(វិកលចរិត) មិនអាចគ្រប់គ្រងសតិសម្បជញ្ញៈតទៅទៀតបាន សូម្បី តែសម្លៀកបំពាក់ក៏របូតរបាញចេញពីខ្លួនដោយមិនដឹងខ្លួន នាងបានដើរជ្រហិតជ្រហមទៅកាន់ទីផ្សេង ៗដោយខ្លួនទទេ អាប់ប៉ត្រាប់ស្រមកស្រមូញ ពិលាបរៀបរាប់ឥតសព្ទឥតសារ ជួនកាលក៏សើចកក្អឹក ជួនកាលក៏ខ្សឹកខ្សួល ទោះបីនាងដើរទៅកន្លែងណា ក៏មានហ្វូងមនុស្សដើរទៅតាមជន្លជន្លេញ ញក់ញល់ យាយីជាទីក្អាកក្អាយសប្បាយអារម្មណ៍ជាហូរហែ" ។
នៅរសៀលថ្ងៃមួយ ខណៈដែលព្រះសមណគោត្តមបរមសាស្តាទ្រង់កំពុងសម្តែងធម៌ដល់ពុទ្ធបរិស័ទក្នុងវត្តជេតវ័ន បដាចារាស្រីវិកលចរិតក៏ចូលមកដល់ ហ្វូងមហាជនដែលនៅជួរក្រោយប្រាប់ថា ស្រីឆ្កួតមកហើយ ! ស្រីឆ្កួតមកហើយ ! ព្យាយាមរារាំងមិនឲ្យនាងចូលទៅជិតព្រះបរមសាស្តា រំពេចនោះឯង ព្រះបរមសាស្តាទ្រង់ មានមហាករុណាចំពោះសព្វសត្វបានជ្រាបដោយព្រះញាណថា បដាចារាខូចសតិសម្បជញ្ញៈទៅព្រោះត្រូវមហាទុក្ខគ្របសង្កត់ ទើបត្រាស់ថា កុំឃាត់បដាចារាឡើយ បណ្តោយឲ្យនាងចូលមករកតថាគតចុះ ភ្លាមនោះក៏មានឧបាសកចិត្តបុណ្យម្នាក់បោះក្រណាត់មួយផ្ទាំងឲ្យនាងគ្របដណ្តប់កាយ កាលបដាចារាចូល មកជិតហើយ ព្រះបរមសាស្តាទើបត្រាស់ថា
"បដាចារាអើយ ! នាងចូរត្រឡប់បានសតិសម្បជញ្ញៈវិញចុះ កុំសោកសង្រេងស្រមុតចិត្តឡើយ ទឹកក្នុងមហាសមុទ្រទាំង ៤ បើយកមកប្រៀបធៀបនឹងទឹកភ្នែករបស់នាងដែលហូរចេញមកព្រោះការបាត់បង់បុគ្គលឬរបស់ជាទីស្រឡាញ់អស់កាលដ៏យូរអង្វែងដែលនាងត្រាច់រង្គត់ទៅក្នុងសង្សារវដ្តនេះឃើញថាតិចតួចណាស់"ដោយព្រះតម្រាស់ត្រឹមប៉ុណ្ណេះ បដាចារាក៏ត្រឡប់បានសតិសម្បជញ្ញៈវិញ តមក កាលបើបានស្តាប់ធម្មទេសនាបន្ថែមទៀត នាងក៏បានសម្រេចមគ្គផលជាព្រះអរហន្តហើយបានបួសជាភិក្ខុណីក្នុងព្រះព្រះពុទ្ធសាសនា ។
"សម្លាញ់អើយ ! ចំពោះរឿងដែលខ្ញុំបានតំណាលឲ្យសម្លាញ់ស្តាប់នេះ សម្លាញ់បានឃើញហើយថា ព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គនោះទ្រង់ឈ្លាសវៃក្នុងទេសនាវិធីយ៉ាងណា នៅមានរឿងមួយទៀតដែលសម្តែងដល់ប្រាជ្ញាញាណរបស់ព្រះអង្គដែលខ្ញុំបានស្តាប់ឮមក បើសម្លាញ់ត្រូវការស្តាប់ ខ្ញុំរីករាយនឹងតំណាលឲ្យស្តាប់"
"តំណាលទៅចុះ សម្លាញ់ ! "បិតារបស់ខ្ញុំកណាឆ្លើយតបដោយចំណាប់អារម្មណ៍ ខ្ញុំកណាហាក់ដូចជាចាប់ អារម្មណ៍ចំពោះព្រះបរមសាស្តាអង្គនេះខ្លាំងឡើង
"សម្លាញ់អើយ ! កាលពីពេលថ្មីៗនេះ ព័ត៌មានធំមួយដែលឮខ្ទរខ្ចាយពេញជម្ពូទ្វីប គឺ ព័ត៌មានចោរអង្គុលីមាល៍អ្នកត្រេកអរក្នុងនរឃាតកម្ម អ្នកមានបាតដៃប្រឡាក់ឈាមសព្វកាល អ្នកកាត់យកម្រាមដៃមនុស្សក្រងជាកម្រងប្រហកពាក់ក ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គនេះឯងជាអ្នកបង្រា្កបមហាចោរនេះ ឲ្យអស់ព្យសន៍ពុតត្បុតអាក្រក់ ប៉ុន្តែព្រះអង្គមិនមែនបង្រា្កបដោយកម្លាំងរេហ៍ពលឬសស្រ្តាវុធណាៗទេ ប៉ុន្តែទ្រង់បង្រាបដោយព្រះតម្រាស់មិនប៉ុន្មានម៉ាត់ប៉ុណ្ណោះ មានដំណើររឿងថា នៅថ្ងៃមួយ ខណៈដែល អង្គុលីមាល៍ពិឃាតមនុស្សមកហើយបាន ៩៩៩ នាក់ នៅសល់ម្នាក់ទៀតនឹងគ្រប់ ១០០០ កាលបើគ្រប់ហើយគេនឹងឈប់សម្លាប់តទៅទៀត លោជាមនុស្សដែលគ្រប់ ១០០០ នោះជាម្តាយរបស់គេ ព្រោះក្នុងថ្ងៃ នោះ ព្រះមហាក្សត្រទ្រង់កំពុងត្រៀមព្រះរាជកិច្ចនឹងបញ្ជូនរេហ៍ពលទៅបង្រ្កាបអង្គុលីមាល៍ ចំណែកឯម្តាយព្រោះតែទឹកចិត្តស្រឡាញ់អាណិតកូន ខ្លាចក្រែងកូននឹងមានគ្រោះថ្នាក់ដល់ជីវិត ទើបបានលបចូលទៅក្នុងព្រៃ ដើម្បីជួបកូន និងប្រាប់ដំណឹងឲ្យកូនដឹង ប៉ុន្តែព្រះបរមសាស្តាទ្រង់ជ្រាបដោយព្រះញាណថា បើព្រះអង្គមិនយាងទៅជួយអង្គុលីមាល៍អ្នកវង្វែងស្មារតីខ្វះសតិសម្បជញ្ញៈ ខ្វះហេតុផលនោះទេ អង្គុលីមាល៍អាចនឹងសម្លាប់សូម្បីតែម្តាយរបស់ខ្លួនបាន លុះទ្រង់ចិន្តាដូច្នេះហើយ ព្រះអង្គក៏យាងទៅ ក្នុងព្រៃដែលអង្គុលីមាល៍លាក់ខ្លួនពួនអាត្មា សោតឯអង្គុលីមាល៍គ្រាន់តែបានឃើញបុរសប្លែកមុខដែលធ្វើដំណើរមកក៏ត្រេកអរ ព្រោះគិតថានឹងបានម្រាមដៃគ្រប់ ១០០០ នៅគ្រានេះឯង គេស្រវាចាប់អាវុធ គឺ ដាវពិឃាតរត់ដេញតាមភ្លាម ប៉ុន្តែដោយពុទ្ធានុភាព ប្រាកដឃើញថា អង្គុលីមាល៍រត់ទាល់តែហត់នឿយខ្សោយកម្លាំង មិនអាចនឹងដេញទាន់ព្រះអង្គបាន នៅទីបំផុត ទើបស្រែកដង្ហោយហៅឲ្យព្រះអង្គឈប់
"ព្រះអង្គត្រាស់ឆ្លើយថា 'យើងតថាគតឈប់ហើយ លោកវិញទេដែលនៅមិនទាន់ឈប់ !' អង្គុលីមាល៍សួរឡងវិញថា 'ព្រះអង្គនិយាយកុហក ព្រោះព្រះអង្គនៅរត់នៅឡើយ ឈ្មោះថា ឈប់យ៉ាងម៉េចបាន?'ព្រះបរមសាស្តាឆ្លើយថា 'យើងតថាគតឈប់ហើយចាកបាបអកុសល ទាំងពួង ចំណែកលោកវិញនៅមិនទាន់ឈប់ធ្វើបាបអកុសលទេ'ដោយព្រះតម្រាស់ត្រឹមប៉ុណ្ណេះ អង្គុលីមាល៍ក៏ត្រឡប់បានសតិសម្បជញ្ញៈវិញ គេបានគ្រវែងដាវកម្រងម្រាមដៃមនុស្សចោល ហើយចូលទៅថ្វាយបង្គំព្រះបរមសាស្តា ហើយសូមប្រគល់កាយថ្វាយខ្លួនជាសិស្សសាវ័ក សម្លាញ់អើយ ! នេះជារឿងមួយទៀតដែលសម្តែងឲ្យឃើញទេសនាវិធីដ៏ឆ្នើមឆ្នៃរបស់ព្រះអង្គ" ។
នៅមានរឿងមួយទៀតដែលសម្តែងឲ្យឃើញដល់កុសលោបាយរំលស់ទុក្ខដ៏វាងវៃរបស់ព្រះអង្គ គឺ រឿងនាង កីសាគោតមី មានដំណើររឿងថា កូនតូចរបស់នាងកីសាគោតមីបានស្លាប់បាត់បង់ជីវិត នាងកើតទោមនស្ស ស្រមុតចិត្ត ទ្រហោយំបីរាងកាយឥតវិញ្ញាណរបស់កូនតូចដើរសាត់អណ្តែតសែតអញ្ជង់ទៅក្នុងតំបន់ផ្សេង ៗ ជួបគេឯងក៏ហាមាត់សុំថ្នាំប្រស់ជីវិតកូនតូចរបស់ខ្លួន មនុស្សមនាសើចចំអកទង្វើឆ្លែករបស់នាង ថ្ងៃមួយ នាងបានជួបនឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយបានទូលសុំថ្នាំប្រស់កូនរបស់នាង ព្រះអង្គត្រាស់ថា ថ្នាំប្រស់មានហើយថ្នាំនេះត្រូវមានការផ្សំជាមួយនឹងគ្រាប់ស្ពៃសដែលបានមកពីត្រកូលដែលគ្មានមនុស្សស្លាប់ សូមឲ្យ នាងទៅស្វែងរកគ្រាប់ស្ពៃសចាកត្រកូលដែលគ្មានមនុស្សស្លាប់សិន ព្រះអង្គនឹងផ្សំថ្នាំឲ្យ នាងប្រញាប់បីសព កូនតូចដើរក្រវែលស្វែងរកគ្រាប់ស្ពៃសតាមពាក្យណែនាំរបស់ព្រះអង្គ ចេញពីផ្ទះមួយទៅផ្ទះមួយពេញមួយថ្ងៃ ក៏នៅតែរកគ្រាប់ស្ពៃសចាកត្រកូលដែលគ្មានមនុស្សស្លាប់មិនបាន ព្រោះផ្ទះរាល់ខ្នងដែលនាងបានចូលទៅរក នោះសុទ្ធតែមានមនុស្សស្លាប់មកទាំងអស់ នៅទីបំផុត នាងក៏ត្រឡប់ទៅចូលគាល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់វិញដោយដៃទទេ ព្រះអង្គបានសម្តែងធម៌ឲ្យនាងស្តាប់ នាងក៏ស្រាកស្រាលរយាលចាកសំណោក ក្រោយមក នាងបានបួសជាភិក្ខុណីហើយបានសម្រេចជាព្រះអរហន្ត ។
"បពិត្រលោកសមណៈ ! ក្រោយពីបានស្តាប់រឿងរ៉ាវទាំងអស់នេះហើយ ខ្ញុំកណាបានចាប់ចិត្តដិតអារម្មណ៍ចំពោះព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គនេះយ៉ាងខ្លាំង មានបំណងចាស់ក្លានឹងទៅជួបព្រះអង្គឲ្យបាន ហើយសូមឲ្យព្រះអង្គសម្តែងធម៌ឲ្យស្តាប់ លុះជ្រាបព័ត៌មានថាព្រះអង្គប្រថាប់នៅក្នុងវេឡុវ័ននៃក្រុង រាជគ្រឹះ ខ្ញុំកណាទើបប្រញាប់លាបិតាចេញធ្វើដំណើរមក មាតាបិតារបស់ខ្ញុំកណាក៏អនុញ្ញាតដោយ មោទកភាព ព្រោះហេតុនោះ ខ្ញុំកណាទើបបានជួបព្រះតេជគុណនៅថ្ងៃនេះឯង ថ្ងៃស្អែកនេះ ខ្ញុំកណានឹង ប្រញាប់ទៅជួបព្រះអង្គភ្លាម"
ទុក្ខ ១០ ប្រការ
[កែប្រែ]ម្នាលលោកដ៏មានអាយុ ! យុវជនចូឡពលបានតំណាលរឿងរ៉ាវរបស់ខ្លួនចប់ហើយ ក៏សម្លឹងមើលមុខខ្ញុំព្រះករុណាដោយទឹកមុខមានសង្ឃឹម គេសង្ឃឹមយ៉ាងមុតមាំថានៅថ្ងៃស្អែកនេះ គេនឹងបានជួបព្រះបរមសាស្តានិងបានស្តាប់ព្រះធម្មទេសនារបស់ព្រះអង្គ ហើយគេនឹងអស់ទុក្ខភ្លាមដូចយ៉ាងអ្នកដទៃទៀតដែលគេបានស្តាប់ឮមក ប៉ុន្តែបើគេដឹងថាព្រះបរមសាស្តាមិនបានប្រថាប់នៅក្នុងក្រុងរាជគ្រឹះទេ គេមុខជានឹងខកចិត្ត និង រងទុក្ខផ្ទួនថែមទៀត ហេតុនោះ ខ្ញុំព្រះករុណាទើបមិនទាន់ប្រាប់ការពិតដល់គេទេ លុះត្រាតែគេបានសប្បាយចិត្តច្រើនជាមុនសិន ។
"ម្នាលឧបាសក ! សេចក្តីទុក្ខរបស់ញោមពេញជាធំធេងណាស់ ចាត់ជារឿងគួរឲ្យយល់ចិត្តអាណិតអាសូរ អ្នកដែលរងទុក្ខធ្ងន់ដោយខ្លួនឯងប៉ុណ្ណោះទើបដឹងច្បាស់ថាទុក្ខរបស់ខ្លួនធំប៉ុនណា ប៉ុន្តែបើនិយាយដោយយុត្តិធម៌ ឃើញថា ទុក្ខរបស់ញោមប្រហែលជាមិនច្រើនជាងទុក្ខរបស់នាងបដាចារាដែលបុណ្ណកសេដ្ឋីតំណាលឲ្យញោមស្តាប់នោះទេ"
"ហេតុអីបានជាតេជគុណមានថេរដីកាដូច្នោះ?" ចូឡពលសួរជ្រែកឡើង
"ម្នាលឧបាសក ! ការដែលអាត្មានិយាយដូច្នោះព្រោះមើលឃើញថា ការបាត់បង់របស់ញោមតិចជាងការបាត់ បង់របស់នាងបដាចារា ញោមបាត់បង់ភរិយាជាទីស្រឡាញ់ តែម្នាក់ ប៉ុន្តែនាងបដាចារាបាត់បង់ស្វាមីជាទីស្រឡាញ់ បាត់បង់កូនប្រុសជាទីស្រឡាញ់ទាំងពីរ បាត់បង់មាតាបិតា និងបាត់បង់បងប្រុស បើនិយាយដល់បរិមាណនៃទុក្ខ ឃើញថាទុក្ខរបស់ញោមដូចជាតិចជាងទុក្ខរបស់នាងបដាចារា ព្រោះថានាងបដាចារាដល់ថ្នាក់បាត់បង់សតិសម្បជញ្ញៈ ក្លាយជាមនុស្សវិកលចរិត ប៉ុន្តែញោមនៅអាចគ្រប់គ្រងសតិសម្បជញ្ញៈរបស់ខ្លួនបានល្អនៅឡើយ បើដូច្នេះ សម្តែងថា ទុក្ខរបស់ញោម មានបរិមាណតិចជាងទុក្ខរបស់នាងបដាចារានិងអ្នកដទៃទៀតជាច្រើន"
"ព្រះតេជគុណចង់មានថេរដីកាថានៅមានមនុស្សជាច្រើនទៀតដែលរងទុក្ខដូចយ៉ាងខ្ញុំកណា ឬ ធ្ងន់ធ្ងរជាង ខ្ញុំកណាដូច្នោះឬ ? "
"ពិតមែនហើយ ឧបាសក ! ញោមមិនមែនរងទុក្ខតែម្នាក់ឯងទេ មានមិត្ររួមទុក្ខពាសពេញពិភពលោក នៅខណៈដែលយើងកំពុងតែសន្ទនាគ្នានេះ នៅមានមនុស្សជាច្រើនទៀតក្នុងជម្ពូទ្វីបដែលកំពុងយំសោក ខ្សឹកខ្សួលដោយសេចក្តីទុក្ខ អាត្មាក៏កំពុងតែរងទុក្ខ ញោមក៏កំពុងតែរងទុក្ខ និងអ្នកដទៃទៀតក៏កំពុងតែ រងទុក្ខ កាលបើយើងមានមិត្ររួមទុក្ខច្រើនជាអនេកបែបនេះ យើងមិនមែនជាបុគ្គលពិសេសដែលទទួលរង ទុក្ខអង្គុកអង្គុលច្រើនជាងអ្នកដទៃទៀតនោះទេ កាលបើដូច្នេះ ទុក្ខទើបមិនមែនជាធម្មជាតប្លែកឡើយ ប៉ុន្តែជាធម្មជាតសកលដែលមនុស្សជាតិត្រូវតែទទួលរងគ្រប់ទិវារាត្រី" ។
កាលបើចូឡពលនៅអង្គុយឈ្ងោកមុខនឹងធ្មឹងដោយលំនឹកគិតជញ្ជឹង ព្រះថេរៈទើបមានថេរដីកាតទៅទៀតថា
"ម្នាលឧបាសក ! ព្រះបរមសាស្តារបស់អាត្មាបានត្រាស់ថាជីវិតរបស់សព្វសត្វមិនដែលឃ្លាតរវាតចាកទុក្ខម្តងណាឡើយ ទុក្ខមានដល់ទៅ ១០ ប្រការ គឺ និពទ្ធទុក្ខ គឺ ទុក្ខជាប្រចាំដែលកើតមកពីកម្តៅឬរងារបស់អាកាសធាតុ កាលបើក្តៅក៏ស្វែងរកអ្វីៗមកបក់ផាត់ឲ្យត្រជាក់ កាលបើរងាក៏ស្វែងរកភួយឬក្រណាត់មកដណ្តប់ អាកាសធាតុគ្មានថ្ងៃណាល្មមសមសាក់បើសម្រាប់មនុស្សនោះទេ អាចមានពេលខ្លះសោយដឹងថា ល្មាក់ល្មម ប៉ុន្តែមិនយូរប៉ុន្មាន ក៏ប្រែប្រួលទៅកាន់សភាពផ្សេង ឧបមាថា អាកាសធាតុល្មាក់ល្មម ក៏ចៀសមិន ផុតពីនិពទ្ធទុក្ខដែរ គម្លានតែងកើតឡើងឆាឆៅសម្ងប់ស្ងប់សុខគ្រប់ពេលវេលា ត្រូវពិសាអាហារដោះគម្លាន មួយថ្ងៃ ៣ ឬ ៤ ដង ព្រះបរមសាស្តាត្រាស់ថា គម្លានចាត់ជាកំពូលនៃរោគ រោគខ្លះកាលបើកើតឡើងហើយ យើងបរិភោគឱសថព្យាបាលក៏ស្រាកស្រាលទៅជាច្រើនខែឬច្រើនឆ្នាំ ប៉ុន្តែរោគហេវ ឬ រោគឃ្លាននេះយើង ត្រូវព្យាបាលមួយថ្ងៃ ៣ ឬ ៤ ដង ហើយត្រូវដោះគម្លានយ៉ាងនេះរហូតដល់ថ្ងៃស្លាប់ រោគស្រេកក៏ដាបខ្លាំង ប្រហាក់ប្រហែលនឹងរោគឃ្លានដែរ យើងត្រូវផឹកទឹកព្យាបាលរោគស្រេកនេះមួយថ្ងៃៗជាច្រើនដង នៅពេល ជាមួយគ្នានោះ កាលបើមិនហេវ ឬ មិនស្រេក ក៏មិនមែនមានន័យថាអាចចៀសផុតពីនិពទ្ធទុក្ខនេះបានទេ បើទុកជាបុគ្គលមានរាងកាយមាំទាំ គ្មានរោគបៀតបៀនក៏ដោយ ក៏មិនផុតស្រឡះចាកការឈឺចាប់ដែរ ការឈឺចាប់តែងមានជាប្រចាំគ្រប់អវយវៈនៃរាងកាយ អង្គុយយូរពេកក៏ឈឺ ត្រូវដេកបណ្តោះ ដេកយូរពេក ក៏ត្រូវឈរបណ្តោះ ឈរយូរពេកក៏ត្រូវដើរបណ្តោះ មួយថ្ងៃៗយើងត្រូវផ្លាស់ប្តូរឥរិយាបថរាប់ដងមិនអស់ មិនមែនដើម្បីសុខស្រួលទេ ប៉ុន្តែដើម្បីកាត់បន្ថយទុក្ខនោះឯង ទោះបីបើមិនឈឺចាប់ក្នុងរឿងផ្សេង ក៏ឈឺបត់ ជើងតូចធំដែរ យើងត្រូវបន្សាត់បង់កាកសំណល់ចាស់ចេញពីរាងកាយជារឿយ ៗ ព្រោះអ្វី ? ព្រោះដើម្បី បន្ធូរបន្ថយទុក្ខហ្នឹងឯង ម្នាលឧបាសក ! គ្រាន់តែនិពទ្ធទុក្ខមួយប៉ុនណោះ ញោមបានឃើញហើយថា សង្ខារ គឺ រាងកាយរបស់យើងនេះជាសម្បុកនៃទុក្ខយ៉ាងណា"
"បពិត្រលោកសមណៈ ! ជាលើកដំបូងហើយដែលខ្ញុំកណាបានស្តាប់សច្ចភាពនេះ ពីមុន ខ្ញុំកណាមិនដែល នឹកគិតចាប់ភ្លឹកថាជាទុក្ខទេ លុះត្រាតែឈឺចុកចាប់ខ្លាំងមែនទែនហើយគ្មានវិធីណានឹងរំលស់បង់បាន ដូចជា ឈឺពោះដោះទុក្ខសត្វយ៉ាងខ្លាំងនៅកន្លែងដែលគ្មានទីជុះជាដើម ទើបដឹងថានេះជាទុក្ខ ប៉ុន្តែឥឡូវ នេះបានដឹងសេចក្តីលម្អិតនៃទុក្ខហើយ សូមនិមន្តព្រះតេជគុណបកស្រាយទុក្ខប្រការផ្សេងៗតទៅទៀតចុះ"
"ម្នាលឧបាសក ! ទុក្ខប្រការតទៅ គឺ ព្យាធិទុក្ខ បានដល់ ជម្ងឺឈឺចុកចាប់ ឬ ជម្ងឺដង្កាត់ផ្សេងៗ រួមទាំង ទំនើសទំនាស់មិនស្រណុកសុខស្រួលដែលកើតមកពីការស្មុតទ្រុឌទ្រោមនៃអវយវៈវោការខ្លះ ព្រះបរមសាស្តាត្រាស់ថា រាងកាយរបស់មនុស្សគឺជាសម្បុកនៃរោគ អវយវៈស្ទើរគ្រប់វោការរបស់មនុស្ស តែងមានរោគនិងជម្ងឺឈឺចុកចាប់ជាប្រចាំ ដូចជា ភ្នែកមានរោគភ្នែក ត្រចៀកមានរោគត្រចៀក ច្រមុះមាន រោគច្រមុះ ធ្មេញមានរោគធ្មេញ តម្រងនោមមានរោគតម្រងនោម ជាដើម មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែមាន រោគយ៉ាងណានីមួយប្រចាំខ្លួនដែលកម្រើករំពើកឡើងម្តងម្កាល សោះសាម្តងម្កាល គ្មានអ្នកណាស្រឡះធេងចាករោគនោះទេ ប្រសិនបើបុគ្គលណាគ្មានរោគបៀតបៀនសោះ បុគ្គលនោះឈ្មោះថាបានបំណាន យ៉ាងឆ្នើមព្រោះព្រះបរមសាស្តាត្រាស់ថា អរោគ្យា បរមា លាភា ការមិនមានរោគចាត់ជាបំណានយ៉ាង ឆ្នើម"
"បពិត្រសីលធរ ! ព្យាធិទុក្ខនេះ ខ្ញុំកណាល្មមនឹងមើលឃើញបានច្បាស់ខ្លះ ព្រោះខ្លួនឯងក៏ត្រូវព្យាធិបៀតបៀនម្តងម្កាលដែរ សូមនិមន្តបកស្រាយទុក្ខប្រភេទផ្សេងតទៅទៀត "
" ម្នាលឧបាសក ! ទុក្ខប្រការតទៅ ហៅថា អាហារបរិយេដ្ឋិទុក្ខ បានដល់ ការលំបាកលំបិនក្នុងការប្រកបការ ងាររកទទួលទានចិញ្ចឹមជីវិត ស្វែងរកបច្ច័យគ្រឿងទ្រទ្រង់ជីវិតដើម្បីប្រដុងប្រជាខ្លួនឯង បុត្រធីតា ភរិយា មាតាបិតា និងបុគ្គលដែលខ្លួនទទួលខុសត្រូវចិញ្ចឹមបីបាច់ គ្មានទ្រព្យណាដែលនឹងស្វែងរកមកបានដោយងាយស្រួលដោយមិនបាច់បញ្ចេញកម្លាំងកាយ កម្លាំងវាចា និង កម្លាំងចិត្តឡើយ ការងារខ្លះត្រូវផ្សងព្រេង នឹងគ្រោះថ្នាក់ ត្រូវតស៊ូពុះពារ រហូតដល់ពេលខ្លះត្រូវបាត់បង់ជីវិតថែមទៀត ព្រោះតែការស្វែងរកអាហារមក ចិញ្ចឹមក្រពះចម្អែតពោះនោះឯង " ។ "គួរឲ្យចាប់អារម្មណ៍ណាស់ ព្រះតេជគុណ ! សូមនិមន្តមានថេរដីកាតទៅទៀត"
"ទុក្ខប្រការទី ៤ គឺ សភាវទុក្ខ ឬ ទុក្ខប្រចាំសង្ខារ បានដល់ទុក្ខដែលបណ្តាលមកពីការកើត ចាស់ ឈឺ និង ស្លាប់ "
"បពិត្រព្រះតេជគុណ ! " ចូឡពលនិយាយកាត់ឡើង "ចំណុចដែលថា ការឈឺ និង ការស្លាប់ជាហេតុនាំឲ្យ កើតទុក្ខនោះ ខ្ញុំកណាល្មមនឹងយល់បាន ប៉ុន្តែចំណុចដែលថា ការកើតជាហេតុនាំឲ្យកើតទុក្ខនោះ ខ្ញុំកណាដូច ជាមិនទាន់យល់ទេ ព្រោះតាមធម្មតា លោកិយជនតែងប្រកាន់ថា ការកើតជាការបានលាភ ជាមហាមង្គល ជាឱកាសដែលគួរត្រេកអរសាទ មនុស្សវណ្ណៈព្រាហ្មណ៍តែងមានពិធីឆ្លងកំណើត ចាប់តាំងពីពេលដឹងថា នាង ព្រាហ្មណីបានតាំងគភ៌ដំបូងម្លេះ ដែលហៅថា គព្ភលព្វនពិធី កាលបើមាន សន្ទស្សន៍ដឹងថាទារកក្នុងគភ៌ជាភេទប្រុស ក៏ប្រារព្ធបុំសវនពិធី លុះដល់ខែទី ៤ ទី ៦ និង ទី ៨ ក៏មានពិធី កាត់សក់ម្តាយ នៅពេលដែលទារកសម្រាលចេញមកហើយ ក៏ប្រារព្ធពិធីជាតកម្ម ពិធីករនិងពិធីចរម្នាក់ៗ សុទ្ធតែមានចិត្តរីករាយរអាករពាយ កាលបើដូច្នេះ ខ្ញុំកណាទើបនៅមិនទាន់យល់ថា ការកើតនាំឲ្យកើត សេចក្តីទុក្ខនោះទេ"
"ម្នាលឧបាសក ! ចំណុចដែលញោមងឿងឆ្ងល់ពិភាល់សង្ស័យនោះ វាជាការសមហេតុសមផលហើយ ព្រោះមនោសញ្ចេតនានិងប្រពៃណីរបស់សត្វលោកសបញ្ជាក់ឲ្យឃើញថា ការកើតនាំឲ្យមានសេចក្តីសុខ ច្រើនជាងសេចក្តីទុក្ខ ប៉ុន្តែយើងមិនអាចយកមនោសញ្ចេតនានិងប្រពៃណីរបស់សត្វលោកមកជាគ្រឿងជំនុំ ជម្រះសច្ចភាពណាមួយបានទេ គំហើញរបស់មនុស្សភាគច្រើនក៏អាចខុសឆ្គងដូចនឹងគំហើញរបស់មនុស្ស ម្នាក់បានដែរ ព្រះបរមសាស្តារបស់អាត្មាបានសម្តែងថា ការកើតជាហេតុនាំឲ្យមានសេចក្តីទុក្ខ សមដូច ហេតុផលដែលអាត្មានឹងបកស្រាយដូចតទៅនេះ ប៉ុន្តែមុននឹងបកសា្រយអាត្មាចង់សួរញោមជាមុនថា ការយំរបស់មនុស្ស ទោះក្មេងឬមនុស្សធំ តើជាសញ្ញានៃសេចក្តីសុខឬសេចក្តីទុក្ខ?"
"ជាសញ្ញានៃសេចក្តីទុក្ខ ព្រះតេជគុណ ! "
"ការសើចញញឹមញញែម តើជាសញ្ញានៃសេចក្តីសុខឬសេចក្តីទុក្ខ?"
"ជាសញ្ញានៃសេចក្តីសុខ"
"តើញោមធ្លាប់សង្កេតឃើញទេថាតើទារកដែលមិនទាន់ដឹងក្តី មិនទាន់ចេះនិយាយកកែកករ នៅពេលដែល កើតចេញមកដំបូងនោះ តើទារកនោះសើចឬយំ? "
"យំហ្នឹងឯង ព្រះតេជគុណ ! ខ្ញុំកណាមិនដែលឃើញទារកណាសើចទេ"
"បើការយំជាសញ្ញានៃសេចក្តីទុក្ខ និង ទារកទើបនឹងកើតថ្មីស្រែកយំ តើញោមសម្គាល់គេថាមាន សេចក្តីសុខ ឬ មានសេចក្តីទុក្ខ?"
"ច្បាស់ជាមានសេចក្តីទុក្ខ ព្រះតេជគុណ ! "
"អាតា្មសូមសួរសំណួរមួយទៀត ញោមយល់ឃើញយ៉ាងណា ក៏ឆ្លើយយ៉ាងនោះចុះ ការឈឺចាប់ពើតផ្សា ក្នុងរាងកាយយ៉ាងខ្លាំងចាត់ថាជាសុខឬជាទុក្ខ?"
"ពិតជាទុក្ខ ព្រះតេជគុណ !" ๋ "ញោមដឹងទេថាតើម្តាយនៅខណៈដែលឲ្យកំណើតដល់បុត្រធីតានោះ បានទទួលការឈឺចាប់ឬទេ?"
"ឈឺចាប់ខ្លាំងណាស់ ព្រះតេជគុណ ! ម្តាយរបស់ខ្ញុំកណាតំណាលឲ្យស្តាប់ជារឿយ ៗ ដល់ការឈឺចាប់ របស់គាត់នៅខណៈដែលឲ្យកំណើតដល់ខ្ញុំកណា គាត់ប្រាប់ថា គ្មានការឈឺចុកចាប់ណាស្មើនឹងការឈឺ ពោះសម្រាលកូននោះទេ ខ្ញុំកណាក៏យល់ស្របនឹងគាត់ ព្រោះធ្លាប់ឃើញស្ត្រីជាច្រើននាក់ស្រែកថ្ងូរឈឺចាប់ និងប្រឹងត្រដរយ៉ាងទុរន់ទុរាគួរឲ្យអាណិតក្នុងខណៈដែលហៀបនឹងសម្រាលកូន"
"ត្រឹមត្រូវហើយ ឧបាសក ! កាលបើសេចក្តីឈឺចាប់ជាសេចក្តីទុក្ខ ហើយម្តាយបានទទួលការឈឺចាប់យ៉ាង ខ្លាំងក្នុងខណៈសម្រាលបុត្រ ការកើតទើបជាហេតុនាំឲ្យមានសេចក្តីទុក្ខដោយឥតសង្ស័យ ការកើតមិនត្រឹមតែធ្វើឲ្យឈឺចាប់ប៉ុនណោះទេ ប៉ុន្តែមានម្តាយជាច្រើនត្រូវបាត់បង់ជីវិតព្រោះតែការឲ្យ កំណើតដល់បុត្រធីតានេះឯង"
"បពិត្រព្រះតេជគុណដ៏ចម្រើន ! ឥឡូវនេះ ខ្ញុំកណាល្មមយល់បានហើយថា ជាតិ គឺ ការកើតជាហេតុនាំឲ្យ មានសេចក្តីទុក្ខយ៉ាងណា "
"នៅមានចំណុចគួរនិយាយបន្ថែមទៀត ឧបាសក ! អម្បាញ់មិញនេះ ញោមក៏ទទួលស្គាល់ហើយមែនទេថា ការចាស់ និង ការស្លាប់ជាសេចក្តីទុក្ខ បើអញ្ចឹង អាត្មាសូមសួរថា បើមិនមានការកើត តើមានការចាស់និង ការស្លាប់ទេ?"
"មិនមានទេ ព្រះតេជគុណ ! ព្រោះតែមានការកើតទើបមានការចាស់និងការស្លាប់"
"ត្រឹមត្រូវហើយ ឧបាសក ! ការចាស់និងការស្លាប់តែងកើតមានព្រោះការកើតនោះឯង ព្រោះហេតុនោះ ការកើតទើបជាហេតុនៃទុក្ខទាំង ២ ប្រការ គឺ ការចាស់ និង ការស្លាប់ ប្រៀបដូចជាទ្វារនាំចូលទៅរក សេចក្តីទុក្ខដូច្នោះ ហេតុនោះការកើតទើបចាត់ជាហេតុនាំឲ្យមានសេចក្តីទុក្ខស្មើៗនឹងការចាស់និង ការស្លាប់ ឬជួនកាលអាចជាហេតុសំខាន់ជាងក៏បាន" ម្នាលលោកដ៏មានអាយុ ! នៅពេលដែលខ្ញុំព្រះករុណានិងចូឡពលសន្ទនាគ្នាមកដល់ត្រង់នេះ ពេលវេលា ក៏កន្លងចូលដល់មជ្ឈិមយាម គាមនិគមនិងអ្នកស្រុកស្ថិតក្នុងសមន្ធការនៃរាត្រីនិងសភាពស្ងាត់លន្លោច យូរៗម្តង ទើបមានសម្លេងសុនខលូឮមកអំពីចម្ងាយ អាកាសធាតុចាប់ផ្តើមត្រជាក់ស្រិប គាប់ជួនចង្កៀង ដែលចាំងពន្លឺបំភ្លឺយើងឲ្យសន្ទនាគ្នាក៏រលត់ភ្លឹបទៅព្រោះអស់ប្រេង យើងទើបយល់ព្រមគ្នាស្លេះការសន្ទនា ទុកប៉ុនណេះសិន
"បពិត្រព្រះតេជគុណដ៏ចម្រើន ! " ចូឡពលនិយាយឡើងមុនពេលចេញទៅសម្រាន្តត្រង់មុមរបស់ខ្លួន
"ខ្ញុំកណាបានទទួលចំណេះដឹងជាច្រើនពីការសន្ទនាគ្នាជាមួយនឹងព្រះតេជគុណ ថែមទាំងសោយអារម្មណ៍ ថា សេចក្តីទុក្ខរបស់ខ្ញុំកណាធូរស្បើយទៅយ៉ាងចម្លែកទៀតផង បើព្រះតេជគុណមិនប្រញាប់ប្រញាល់ ក្នុងការធ្វើដំណើរទេ ថ្ងៃស្អែក ខ្ញុំកណាចង់សន្ទនាជាមួយនឹងព្រះតេជគុណទៀត" ។
លុះព្រឹកព្រលឹមឡើង ខ្ញុំព្រះករុណាតើនពីព្រឹកបំព្រាង អង្គុយធ្វើសមាធិតាមដែលធ្លាប់បដិបត្តិមករាល់ថ្ងៃ នៅពេលអរុណភ្លឺស្រឡះហើយ ក៏ចេញចាកសមាធិ ផ្សាយមេត្តាចិត្តឥតប្រមាណទៅកាន់សព្វសត្វហើយក៏ ធ្វើសរីរកិច្ចមានការលុបមុខជាដើម កាលខ្ញុំព្រះករុណាសម្លឹងមើលទៅជ្រុងបន្ទប់របស់ចូឡពល ក៏មិនបានឃើញគេទេ ប៉ុន្តែរបស់អ្វីៗតាំងនៅកន្លែងដដែលតាមធម្មតា គេប្រហែលជាចេញទៅធ្វើកិច្ចការនៅខាងក្រៅ កាលបើដល់ពេលវេលា ខ្ញុំព្រះករុណាក៏ឃ្លុំចីពរបង់សង្ឃាដី ស្ពាយបាត្រដើរទៅតាមផ្លូវក្នុងភូមិដើម្បីភិក្ខាចារ ខ្ញុំព្រះករុណាឈប់ឈរឱនមុខចុះប្រមាណជា ៤ ហត្ថ ត្រង់ខាងមុខផ្ទះខ្នងនីមួយ ៗ ឈរមួយស្របក់ ល្មមនឹងឲ្យមនុស្សក្នុងផ្ទះមើលឃើញបាន បើគេនិមន្តឲ្យចាំទទួលចង្ហាន់សិន ក៏ឈរចាំតទៅ ប៉ុន្តែបើគេនិមន្តឲ្យទៅ ប្រោសសត្វខាងមុខ ខ្ញុំព្រះករុណាក៏ដើរទៅកាន់ផ្ទះខ្នងតទៅ ប៉ុន្តែបើឈរយូរអម្បាយ ហើយមនុស្សក្នុងផ្ទះក៏មើលឃើញ ប៉ុន្តែគ្មានអ្នកណាហាមាត់និមន្តឲ្យនៅឬឲ្យទៅ ខ្ញុំព្រះករុណាក៏ដឹងភ្លាមថាផ្ទះខ្នងនោះជាពាហិរជន ក្រៅព្រះពុទ្ធសាសនា រួចក៏ដើរចាកចេញទៅកាន់ផ្ទះខ្នងដទៃ នៅព្រឹកថ្ងៃនោះ ខ្ញុំព្រះករុណាបានចង្ហាន់ត្រឹមតែ បន្តិចបន្តួច ព្រោះបានដំណឹងថា ប្រជាជនក្នុងភូមិនោះភាគច្រើនជាសាវ័ករបស់សាស្តាមហាវីរៈជាស្វ័យស្ថាបនិកបដិបក្ខនឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់ ប្រជាជនបានទទួលពាក្យបញ្ជាមិនឲ្យធ្វើសាមីចិកម្មចំពោះ បព្វជិតក្រៅសាសនារបស់ខ្លួន និងមិនឲ្យទំនុកបម្រុងបព្វជិតដទៃដោយបច្ច័យ ៤ ព្រោះហេតុនេះទើបមានអ្នក ដាក់បាត្រតិច ។
ខ្ញុំព្រះករុណាត្រឡប់ទៅកាន់សុញ្ញាគារវិញដើម្បីធ្វើភត្តកិច្ចតទៅ គ្រាន់តែចូលមកដល់ទីស្នាក់ ក៏បានជួប នឹងចូឡពលដែលកំពុងធ្វើកិច្ចការនៅខាងក្រោយផ្ទះ គ្រាន់តែឃើញខ្ញុំព្រះករុណាអង្គុយចុះ ត្រៀមនឹងធ្វើ ភត្តកិច្ច គេក៏នាំយកអាហារយ៉ាងសំពីងសំពោងចូលមកប្រគេនខ្ញុំព្រះករុណា គេប្រាប់ថាគេប្រញាប់ភ្ញាក់ តាំងព្រលឹមអុលចេញទៅដើររកជាវអាហារមកធ្វើបម្រុងទុកដើម្បីប្រគេនខ្ញុំព្រះករុណាមួយផ្នែក មួយផ្នែកទៀត ដើម្បីបរិភោគខ្លួនឯង ខ្ញុំព្រះករុណានឹកស្ងើចនិងអនុមោទនាកុសលចេតនាព្រមទាំងសេចក្តីខ្វល់ ខ្វាយរបស់គេនៅក្នុងចិត្ត ។ នាកាលធ្វើភត្តកិច្ចហើយ គេក៏ប្រញាប់យកបាត្ររបស់ខ្ញុំព្រះករុណាទៅលាង ជូតសម្ងួតហើយក៏យកមកទុក ត្រង់កន្លែងដើមវិញ ឃើញថាគេជាយុវជនឈ្លាសវៃមានទឹកចិត្តល្អប្រពៃ ។
"បពិត្រព្រះតេជព្រះគុណដ៏ចម្រើន ! "ចូឡពលនិយាយឡើងនៅពេលដែលខ្ញុំព្រះករុណាធ្វើ អនុមោទនាកថាផ្សាយចំណែកបុណ្យដល់ទាយកទាយិកាអ្នកឲ្យទាន
"ខ្ញុំកណានៅចង់ស្តាប់ព្រះតេជព្រះគុណបកស្រាយរឿងទុក្ខតទៅទៀត កាលពីយប់មិញ ព្រះតេជគុណបានបកស្រាយដល់សភាវទុក្ខដែលកើតពីជាតិ ជរា និង មរណៈ លុះយើងញែកគ្នាទៅសម្រាកសិងរៀងៗខ្លួនហើយ ខ្ញុំកណានៅយករឿងទុក្ខ នេះទៅគិតដង្វិនទៀត រហូតដល់រាត្រីកាលឈានចូលដល់បច្ឆិមយាម ទើបចូលដំណេក ប្លែកមែនទែន ព្រះតេជគុណ ! នៅពេលបានស្តាប់រឿងទុក្ខពីព្រះតេជគុណហើយយកទៅត្រិះរិះពិចារណាថែមទៀតដរាបដល់យល់ដឹងច្បាស់ដោយខ្លួនឯងហើយ ខ្ញុំកណាហាក់ធូរស្បើយចិត្តយ៉ាងខ្លាំង ព្រោះហេតុថា ទុក្ខជា របស់ធម្មតាសម្រាប់ជីវិត ដែលអ្នកណាៗក៏ទទួលបានជាប្រចាំ គ្មានអ្នកណាគេចផុតបានទេ កាលពីមុន ខ្ញុំកណាខ្លាចញញើតទុក្ខ ស្អប់ទុក្ខ សូម្បីតែពាក្យថា ទុក្ខ ក៏មិនចង់ឮផង ខ្ញុំកណាព្យាយាមចៀសវាងទុក្ខ ដោយកាយ ដោយមិននិយាយដល់ទុក្ខ ព្យាយាមចៀសវាងដោយចិត្ត ដោយមិនគិតដល់ទុក្ខ ប៉ុន្តែថ្វីបើខ្ញុំកណាខំព្យាយាមគេចវេះយ៉ាងណាក៏ដោយ ខ្ញុំកណាក៏នៅតែគេចមិនផុត ត្រូវជួបប្រទះទាល់តែបាន នៅពេលជួបប្រទះលើកដំបូង ឃើញថា ធ្ងន់ធ្ងរមែនទែនសឹងតែទ្រាំរស់នៅតទៅទៀតមិនបាន"
"ម្នាលឧបាសក ! មនុស្សជាតិតែងតែខ្លាចញញើតចំពោះសេចក្តីទុក្ខ និងខំព្យាយាមចៀសវាងទុក្ខ ដោយកាយ ដោយវាចា និង ដោយចិត្ត ដូចនឹងញោមដែរ កាលបើដូច្នេះ គេក៏មិនស្និទ្ធស្នាលនឹងទុក្ខ មិនស៊ប់ស៊ាំនឹងទុក្ខ អាត់តែសប្បាយភ្លើតភ្លើននឹងសុខ កាលបើទុក្ខកើតឡើង គេក៏កើតទុក្ខព្រួយរងួយចិត្តឥតឧបមា ទាល់តែមិនអាចនឹងស៊ូទ្រាំបាន រហូតដល់អ្នកខ្លះត្រូវបញ្ចប់ជីវិតខ្លួនឯងទៅដើម្បីគេចវេះទុក្ខ"
ម្នាលឧបាសក ! អ្វីណាក៏ដោយឲ្យតែយើងមិនថ្នឹកថ្នាត់ យើងតែងកើតកើតសេចក្តីព្រឺព្រួចតក់ប្រមា ប៉ុន្តែបើយើងមានតម្នឹកថ្នឹកថ្នាត់ កម្លាចខ្លាចរអាក៏រលាយខ្សុលទៅ ព្រះបរមសាស្តាទ្រង់បង្រៀនពុទ្ធបរិស័ទឲ្យ ប្រឈមមុខនឹងទុក្ខ ឲ្យស៊ប់ស៊ាំនឹងទុក្ខដោយកាយខ្លះ ដោយវាចាខ្លះ ដោយចិត្តខ្លះ តើព្រះអង្គបង្រៀនឲ្យ វាយស្និទ្ធជិតកៀកនឹងទុក្ខដោយកាយនោះយ៉ាងណា? ព្រះអង្គបង្រៀនថា ពុទ្ធបរិស័ទត្រូវមានសតិកំណត់ដឹង ទុក្ខវេទនាគ្រប់ប្រភេទដែលកើតឡើងនឹងកាយគ្រប់ពេលវេលា ដូចជា នៅពេលឈឺ ក៏ឲ្យដឹងថាឈឺ នៅពេល ពើត ក៏ឲ្យដឹងថាពើត នៅពេលហេវ ក៏ដឹងថាហេវ នៅពេលរួយស្រពន់ ក៏ឲ្យដឹងថារួយស្រពន់ ជាដើម ព្រះអង្គទ្រង់បង្រៀនឲ្យជិតស្និទ្ធនឹងទុក្ខដោយវាចា ដោយទ្រង់ណែនាំធ្វើធម្មសាកច្ឆា សន្ទនាធម៌ពិពណ៌នាដល់ ទុក្ខ មូលហេតុនាំឲ្យកើតទុក្ខ សេចក្តីរំលត់ទុក្ខ និង វិធីបដិបត្តិដើម្បីឲ្យដល់នូវសេចក្តីរំលត់ទុក្ខ ជាដើម ព្រះអង្គបង្រៀនឲ្យធ្វើសិនិទ្ធភាពនឹងទុក្ខដោយចិត្ត ដោយទ្រង់ណែនាំឲ្យគិតពិចារណាដល់ទុក្ខផ្សេង ៗ មាន ជាតិ ជរា ព្យាធិ មរណៈជាដើមជារឿយ ៗ កាលបើធ្វើបានដូច្នេះ ក៏ឈ្មោះថា បានសិទ្ធស្នាលនឹងទុក្ខ និងស្គាល់មុខមាត់របស់ទុក្ខហើយ កាលបើទុក្ខកើតឡើងមែនទែន តែងមិនភ្ញាក់ផ្អើល ភ័យខ្លាចនោះទេ កាលបើមិនតក់ស្លុតរន្ធត់ចិត្ត ក៏កើតមានកម្លាំងចិត្តនិងកម្លាំងបញ្ញាសម្រាប់រាវរកវិធីដោះស្រាយទុក្ខដោយកុសលោបាយ អាចរំដោះខ្លួនឲ្យរួចផុតពីទុក្ខទៅកាន់សុខសួស្តីបាន ព្រោះហេតុនោះ ការស្គាល់ស៊ប់ស៊ាំនឹង ទុក្ខ ជួសនឹងកើតទោសភ័យ ប៉ុន្តែត្រឡប់ជាបានគុណនិរន្តរាយថែមទៀតផង ។ ចូឡពលអង្គុយស្តាប់ដោយតាំងចិត្តគ្រប់ខណៈ ហើយនិយាយឡើងថា
"ចំណង់បើខ្ញុំកណាស្គាល់ទុក្ខពីព្រះតេជព្រះគុណតែ ៤ យ៉ាងប៉ុនណោះ ខ្ញុំកណាបានធូរស្បើយដល់ថ្នាក់នេះ ចុះទម្រាំនឹងបានស្គាល់គ្រប់ទាំងអស់ ច្បាស់ជាស្បើយរហើយចិត្តជាអតិបរមាមិនខាន សូមនិមន្តបក ស្រាយទុក្ខប្រការផ្សេងតទៅទៀតចុះ"
"ម្នាលឧបាសក ! ទុក្ខប្រការទី ៥ ហៅថា សន្តាបទុក្ខ ចាត់ជាទុក្ខផ្លូវចិត្ត កិរិយាដែលចិត្តក្តៅផ្សាអន្ទះអន្ទែង ក្រវល់ក្រវាយ ព្រោះត្រូវភ្លើង គឺ កិលេសផ្សេង ៗ ឆេះរោលរាល ដូចជា ភ្លើងលោភៈ ភ្លើងទោសៈ ភ្លើងមោហៈជាដើម បុថុជ្ជនអ្នកនៅមានកិលេសតែងត្រូវកិលេសយ៉ាងណានីមួយដុតបញ្ឆួលរោលចិត្ត ជាប្រចាំឥតលោះពេលឡើយ បើកិលេសមានកម្លាំងតិចក៏ក្តៅក្តួលតិច បើមានកម្លាំងខ្លាំងក៏ក្តៅក្តួលខ្លាំង ញោមប្រហែលជាធ្លាប់ត្រូវកិលេសណាមួយរោលរាលមកហើយទេដឹង" ចូឡពលញញឹមយ៉ាងអឹមអៀន ហើយនិយាយថា "ធ្លាប់មែន ព្រះតេជព្រះគុណ ! ខ្ញុំកណានៅចាំបានច្បាស់ដល់ថ្ងៃដែលខ្ញុំកណាគយគន់រូបឆោមរបស់បទុមាវតីជាលើកដំបូងត្រង់កំពង់ទឹក ក្រោយពីឃើញនាងហើយ ខ្ញុំកណាក៏ត្រឡប់ទៅផ្ទះវិញ ហើយដេកគិតដោយចិត្តអន្ទះសាព្រោះរាគៈ រហូតដល់ដេកមិនលក់បក់មិនល្ហើយ"
"នេះឯង គឺ សន្តាបទុក្ខ "ខ្ញុំព្រះករុណានិយាយត "ជាទូទៅ កាលបើបុគ្គលត្រូវរាគៈ ទោសៈ មោហៈដ៏មាន កម្លាំងគ្របសង្កត់ហើយ តែងធ្វើអំពើអាក្រក់ខូចខុសដល់ខ្លួននិងអ្នកដទៃ ដោយកាយខ្លះ ដោយវាចាខ្លះ ដោយចិត្តខ្លះ កាលបើធ្វើអំពើអាក្រក់ហើយ តែងទទួលរងផលទុក្ខដែលជាផលនៃអំពើអាក្រក់នោះ នេះចាត់ជាវិបាកទុក្ខ ដែលជាទុក្ខប្រការទី ៦ ញោមធ្លាប់ជួបប្រទះទុក្ខបែបនេះទេ?"
"ធ្លាប់ដែរ លោកម្ចាស់ ! "ចូឡពលនិយាយឡើងយ៉ាងរំភើប ក្រោយពីអង្គុយគិតមមួយស្របក់មក "នៅគ្រាមួយនោះ នាខណៈដែលខ្ញុំកណាប្រញឹកជួយការងារឪពុករបស់ខ្ញុំកណា បម្រើម្នាក់របស់ខ្ញុំកណាបានធ្វើខុសធ្ងន់ធ្ងរ ខ្ញុំកណាខឹងខ្លាំងណាស់ដល់ថ្នាក់ខាតសតិសម្បជញ្ញៈ ហើយបានប្រើកម្លាំងបាយវាយដំបម្រើនោះទាល់តែរងរបួសធ្ងន់ ប៉ុន្តែលុះកំហឹងស្ងប់ហើយ ខ្ញុំកណារងទុក្ខចំបែងចិត្តយ៉ាងខ្លាំងព្រោះនឹកសោកស្តាយចំពោះទង្វើដែលខ្លួនបានធ្វើដោយអំណាចនៃកំហឹង នឹកអាណិតអាសូរបម្រើម្នាក់នោះយ៉ាងខ្លោចចិត្ត លើស ពីនោះគេត្រូវឪពុករបស់ខ្ញុំកណាជេរស្តីមួយជាន់ទៀត ទុក្ខនៅពេលនោះធ្វើឲ្យខ្ញុំកណាដេកមិនលក់រហូតមួយយប់" "ម្នាលឧបាសក ! នៅខណៈដែលបុគ្គលត្រូវកំហឹងឬវង្វេងគ្របសង្កត់ហើយ គេតែងបង្កជម្លោះទាស់ទែងនឹង អ្នកដទៃ បន្ទាប់ពីនោះ កម្តួលកម្តៅ កង្វល់កង្វាយ ឬ កង្ហល់កង្ហាយ ដែលកើតចេញពីវាទប្បដិវាទនោះក៏កើតឡើង នេះចាត់ជាទុក្ខប្រការទី ៧ ដែលហៅថា វិវាទមូលកទុក្ខ អាត្មាជឿថា ញោមមុខជាធ្លាប់ជួប ប្រទះទុក្ខប្រភេទនេះមកខ្លះមិនខាន " "ធ្លាប់ជួបប្រទះជារឿយ ៗ លោកម្ចាស់ ! ខ្ញុំកណាព្យាយាមនឹងមិនឈ្លោះជាមួយនឹងអ្នកដទៃទេ ប៉ុន្តែបើទុកជាម្លឹងក៏នៅមិនផុតពីការមានសត្រូវ សត្រូវរបស់ខ្ញុំកណាជាកូនរបស់ឧកញ៉ាម្នាក់(គ្រហបតីបុត្រ)ក្នុងនគរចម្បានេះឯង គេជាយុវកម្លោះមានអាយុស្របាក់ស្របាលនឹងខ្ញុំកណាដែរ កាលពីមុន យើងជាមិត្រសម្លាញ់នឹងគ្នា ប៉ុន្តែក្រោយមកក៏ទាស់ចិត្តគ្នាអំពីជំនួញ គេទើបមិននិយាយរកខ្ញុំកណា រាល់លើកដែលយើងជួបមុខគ្នា យើងព្យាយាមគេចចេញពីគ្នា នៅពេលជាមួយគ្នានោះក៏ស្អុះស្អាប់មិនស្រួលចិត្តជាខ្លាំង" "ម្នាលឧបាសក ! ជីវិតរបស់មនុស្សក្នុងលោកនេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រៀបធៀបទៅនឹងដំរីសឹក ដែលចូលសង្វៀងសង្រ្គាម តាមធម្មតា ដំរីសឹកលើសមរភូមិសង្រ្គាមត្រូវស៊ូទ្រាំងអត់ធ្មត់នឹងគ្រាប់ព្រួញដែលបាញ់ចេញមកពីទិសទាំង ៤ ជីវិតមនុស្សក្នុងលោកក៏ដូច្នោះដែរ ត្រូវតស៊ូអត់ធ្មត់នឹងគ្រាប់ព្រួញដែរ គ្រាប់ព្រួញ គឺ អ្វី ? គឺ បានលាភ បាត់បង់លាភ បានយស បាត់បង់យស បានសរសើរ ត្រូវនិន្ទា បានសុខ បានទុក្ខ គ្រាប់ព្រួញទាំងនេះចាំឆាឆៅធ្វើឲ្យមនុស្សរងទុក្ខក្តៅក្រហាយមិនចេះចប់ ទុក្ខក្តៅក្រហាយដោយមកជាមួយនឹងលោកធម៌ទាំង ៨ នេះឯង ទុក្ខប្រភេទទី ៨ នេះ ហៅថា សហគតទុក្ខ"
"បពិត្រព្រះតេជគុណដ៏ចម្រើន ! ចំណុចដែលព្រះតេជគុណចាត់ទុកការបាត់បង់លាភ ការបាត់បង់យស និន្ទា ទុក្ខ ជាទុក្ខនោះ ខ្ញុំកណាល្មមនឹងយល់បាន ប៉ុន្តែខ្ញុំកណាមិនទាន់យល់ឃើញថា លាភ យស សរសើរ សុខ ជាទុក្ខដូចម្តេចកើតទេ" "ម្នាលឧបាសក ! ចំណុចនេះសមគួរហើយដែលញោមសង្ស័យ ព្រោះមនុស្សភាគច្រើនប្រាថ្នាត្រូវការលាភ យស សរសើរ សុខ កាលបើបានលាភ យស សរសើរ សុខសមបំណង ក៏មានសេចក្តីសុខផ្លូវចិត្ត ប៉ុន្តែញោមមិនត្រូវ ភ្លេចថា លាភ យស សរសើរ សុខដែលយើងបានមកនោះ វាជាអនិច្ចំ មិនទៀងទាត់ស្ថិតស្ថេរទេ ឧទាហរណ៍ ដូចជា បុរសម្នាក់នៅពេលមិនទាន់មានរទេះសេះ គេក៏ធ្វើដំណើរទៅកាន់ទីកន្លែងផ្សេង ៗ ដោយជើង ហើយគេក៏សប្បាយចិត្ត ព្រោះគ្មានបន្ទុកដែលត្រូវនាំពានិងថែរក្សា ជួសជុល មើលរទេះ និង ឃ្វាលសេះនោះទេ ប៉ុន្តែនៅពេលដែលគេមានរទេះសេះហើយ គេត្រូវមានអំពល់ខ្វល់ចិត្តនឹងរទេះសេះ ត្រូវខាតពេលវេលា និង ខាតបង់ទ្រព្យក្នុងការមើលថែរក្សា និង ជួសជុលចំណែកផ្សេង ៗ របស់រទេះសេះដែលស្មុតទ្រុឌទ្រោមទៅរាល់ថ្ងៃ គេត្រូវខាតពេលនិងខាតបង់ទ្រព្យក្នុងការឃ្វាលចិញ្ចឹមសេះ ព្រោះហេតុនោះទ្រព្យទាំងឡាយទើប មានបញ្ហាក្តៅក្រហាយប្រចាំសន្តានរបស់វា កាលបើមានទ្រព្យក៏តោងតែមានបញ្ហាដែលត្រូវដោះស្រាយ កាន់តែមានទ្រព្យច្រើន ក៏កាន់តែមានបញ្ហាច្រើនដែរ ព្រោះហេតុនោះ សេដ្ឋី គ្រហបតី អ្នកមានទ្រព្យច្រើន តែងមានកង្វល់ខ្វល់ព្រួយច្រើនជាងអ្នកមានទ្រព្យតិច ត្រូវបរិភោគតិច សម្រាកបានតិចជាងអ្នកក្រ អាយុខ្លី ជាងអ្នកក្រ ធ្វើការងារធ្ងន់ជាងអ្នកក្រ បើពិចារណាឲ្យល្អិត ញោមនឹងឃើញថាសេដ្ឋី គ្រហបតី អ្នកមានទ្រព្យច្រើនតែងធ្វើការងារធ្ងន់ ដើម្បីរក្សាទ្រព្យឲ្យគង់វង្ស និងស្វែងរកឲ្យបានកាន់តែច្រើន រហូតដល់គ្មានពេល នឹងស្វែងរកសេចក្តីសុខដែលកើតចេញពីទ្រព្យយ៉ាងពេញលេញនោះទេ ព្រោះហេតុនោះសេចក្តីសុខ ដែលកើតពីទ្រព្យប្រៀបដូចជាបុរសអាស្រ័យទូកធ្លាយឆ្លងច្រាំងដូច្នោះ គេត្រូវខាតពេលក្នុងការបិទរន្ធធ្លាយ មិនឲ្យទូកលិច រហូតដល់ភ្លេចសេចក្តីសុខស្រួលផ្លូវចិត្តទៅ ប៉ុន្តែទីបំផុត ទូករបស់គេក៏នៅតែលិចមុនពេលដល់ច្រាំងដដែល ព្រោះហេតុនេះឯងបានជាព្រះបរមសាស្តាត្រាស់ថា សូម្បីតែលាភ យស សរសើរ សុខ ក៏ជាហេតុនាំឲ្យកើតទុក្ខបានដែរ ញោមល្មមនឹងចាប់សេចក្តីបានហើយឬនៅ?" "បពិត្រព្រះតេជគុណដ៏ចម្រើន ! ព្រះតេជគុណមានថេរដីកាត្រឹមត្រូវណាស់ ប្រសិនបើពិចារណាតែសើៗសម្បកក្រៅ ហាក់ដូចជាឃើញថា លាភ យស សរសើរ សុខឲ្យតែសេចក្តីសុខប៉ុណ្ណោះ ប៉ុន្តែបើពិចារណា ឲ្យល្អិតជ្រាលជ្រៅ នឹងឃើញថា អ្វីទាំងអស់នេះនាំយកសុខលាយទុក្ខមកជាមួយផង ខ្ញុំកណាយល់ស្របទាំងស្រុង សូមនិមន្តបកស្រាយតទៅទៀត"
សហចរកំដរដំណើរដើរផ្លូវ
[កែប្រែ]"ម្នាលឧបាសក ! ជីវិតនេះជាធម្មជាតដែលយើងមិនអាចរើសយកបានដូចចិត្តប្រាថ្នាទេ ជួនកាល យើងត្រូវ ព្រាត់ប្រាសចាកបុគ្គលដែលយើងស្រឡាញ់ បើទុកជាយើងមិនព្រាត់ព្រាកចាកគេ ក៏គេព្រាត់ព្រាកចាកយើងដែរ ដូចយ៉ាងញោមព្រាត់ប្រាសចាកបទុមាវតីជាដើម ជួនកាល យើងក៏ព្រាត់ប្រាសចាករបស់ឬហេតុការណ៍ ដែលយើងស្រឡាញ់ចូលចិត្ត កាលបើកើតមានសេចក្តីព្រាត់ប្រាសហើយ សំណោកសោកសង្រេងក៏កើតឡើង នេះចាត់ជាទុក្ខប្រការ ១ ក្នុងលោកនេះ អាចមានបុគ្គល របស់ ឬ ស្ថានការណ៍ជាច្រើនដែលយើងស្អប់ មិនចូលចិត្ត យើងព្យាយាមគេចវេះ ប៉ុន្តែទីបំផុត យើងត្រូវជួបប្រទះទាល់តែបាន កាលបើជួបប្រទះហើយ ក៏កើតមានសំណោកសោកសៅ បរិទេវនាការ នេះចាត់ជាទុក្ខប្រការមួយទៀត មនុស្សដែលស្ថិតនៅក្រោមអំណាចរបស់តណ្ហា តែងប្រាថ្នាចង់បានអ្វីៗជានិច្ច ចំណង់ដែលកើតឡើងដុតរោលចិត្តឲ្យក្តៅក្រហាយក្រវល់ក្រវាយនោះ ក៏ចាត់ជាសន្តាបទុក្ខដែរ ប្រសិនបើយើងទទួលបាននូវអ្វីដែល យើងត្រូវការចង់បានសមបំណងហើយ ក៏ល្មមនឹងជាសុខបានខ្លះ ប៉ុន្តែបើមិនសមបំណងវិញ តែងរងកំហកបំណង សោយទុក្ខសន្ធឹកសន្ធៃពន់ប្រមាណ នេះចាត់ជាទុក្ខប្រការ ១ ម្នាលឧបាសក ! ការព្រាត់ប្រាសចាកបុគ្គលឬរបស់ជាទីស្រឡាញ់ក្តី ការពើបប្រទះនឹងបុគ្គលឬរបស់មិនជាទី ស្រឡាញ់ក្តី ការប៉ងប្រាថ្នាអ្វីណានីមួយមិនបានសមបំណងក្តី ទាំង ៣ ប្រការនេះក៏នាំមកនូវសេចក្តីទុក្ខ ដែលហៅថា បកិណ្ណកទុក្ខ ដែលជាទុក្ខប្រការទី ៩ បុថុជ្ជនគ្រប់រូប ដែលនៅមានសេចក្តីស្រឡាញ់ សម្អប់ ឬ លំនឹកសង្ឃឹម គ្មានផ្លូវណានឹងគេចវេះសេចក្តីទុក្ខប្រភេទនេះ បានទេ ចំណង់បើជាមហាសេដ្ឋីមានទ្រព្យពេញផែនដីក៏ដោយចុះក៏មិនអាចគេចផុតពីបកិណ្ណកទុក្ខនេះ បានដែរ ម្នាលឧបាសក ! បើនិយាយដោយសរុប ជីវិតរាងកាយដែលប្រកបដោយខន្ធទាំង ៥ នេះ គឺជាគំនរនៃទុក្ខ ព្រោះថាទុក្ខដទៃទៀតដែលអាត្មារៀបរាប់មកនោះ កាលបើកើតឡើងក៏កើតឡើងព្រោះអាស្រ័យជីវិតរាងកាយនេះឯង ប្រសិនបើមិនមានជីវិតរាងកាយនេះទេ ទុក្ខប្រភេទផ្សេងក៏គ្មានដែរ ព្រោះហេតុនោះ ខន្ធទាំង ៥ ទើបចាត់ជាទុក្ខប្រការចុងក្រោយ ដែលហៅថា ទុក្ខក្ខន្ធ ចាត់ជាបន្ទុកធ្ងន់ដែលយើងត្រូវពន់រែក តាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់ មនុស្សភាគច្រើនពន់រែកខន្ធ ៥ របស់ខ្លួនមិនទាន់ល្មមទេ ថែមទាំងជួយ ពន់រែកខន្ធ ៥ របស់អ្នកដទៃទៀត បូកសរុបទៅជា ១០ ខន្ធខ្លះ ២០ ខន្ធខ្លះ ៤០ ខន្ធខ្លះ ហេតុនោះទើប ទទួលរងនូវសេចក្តីទុក្ខលំបាក សេចក្តីនឿយហត់ និង ទុក្ខវេទនាពន់ពេក ម្នាលឧបាសក ! ព្រះដ៏មានព្រះភាគជាម្ចាស់បានត្រាស់សម្តែងទុក្ខ ១០ ប្រការដូចដែលអាត្មាបានរៀបរាប់មកដោយ ប្រការដូច្នេះឯង"
"បពិត្រលោកម្ចាស់ដ៏ចម្រើន ! នៅពេលបានស្តាប់លោកម្ចាស់បកស្រាយទុក្ខ ១០ ប្រការយ៉ាងល្អិតល្អន់ចប់ហើយ ខ្ញុំកណាក៏កើតមានគំនិតឡើងថា ជីវិតទាំងពួងនេះចាត់ជាគំនរនៃទុក្ខ ចាត់ជាដំណើរការយូរអង្វែងនៃទុក្ខ គ្មានពេលណាដែលនឹងទំនេរចាកទុក្ខបានទេ ប៉ុន្តែខ្ញុំកណាក៏នៅមានសេចក្តីសង្ស័យខ្លះៗថា ហេតុអ្វីបានជាមនុស្សខ្លះក្នុងលោកនេះនៅតែនិយាយថាខ្លួនមានសេចក្តីសុខ ថ្វីបើខ្លួនកំពុងតែសោយទុក្ខក៏ដោយ គេនិយាយបែបនោះព្រោះអាស្រ័យអ្វីជាហេតុ? " "ម្នាលឧបាសក ! អាត្មាក៏ធ្លាប់បានស្តាប់ឮមកដែរថា បុគ្គលឈ្មោះនោះ ៗ តែងបន្លឺឧទានចេញមកថា ខ្លួនមានសេចក្តីសុខ ប៉ុន្តែលុះត្រួតពិនិត្យមើលតាមសភាពពិតទៅ ត្រឡប់ជាឃើញថា គេមិនបានទទួលសេចក្តីសុខពិតទេ ផ្ទុយទៅវិញ គេសោយអារម្មណ៍ថាជាសុខ ព្រោះគេអាចបន្ទោបង់សេចក្តីទុក្ខដែលមានឲ្យថយចុះបានខ្លះប៉ុណ្ណោះ មានន័យថា មនុស្សយើងសោយដឹងថាសុខព្រោះទុក្ខថមថយចុះនោះឯង ឧទាហរណ៍ដូចជា បុរសម្នាក់អត់បាយមកជាច្រើនថ្ងៃហើយ គេត្រូវគម្លានដុតរោល បានទទួលសេចក្តីទុក្ខពន់ប្រមាណ នៅខណៈ នោះគេក៏បានរងទុក្ខដែលកើតពីគម្លាននោះ នៅពេលដែលគេបានបរិភោគអាហារទាល់តែឆ្អែតស្កប់ស្កល់ហើយ គម្លានរបស់គេក៏សោះសាធូរស្បើយទៅ ពេលនោះឯងគេក៏សោយដឹងថាសុខ ប៉ុន្តែនោះគ្រាន់តែជា សំណោយបណ្តោះអាសន្នដែលកើតឡើងនៅពេលគម្លានត្រូវកម្ចាត់បង់បានប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលអាហារដែលគេបរិភោគទៅនោះត្រូវរំលាយអស់ទៅ គម្លានក៏វិលត្រឡប់មកឆាឆៅគេទៀត ធ្វើឲ្យគេរងទុក្ខ តទៅទៀត ព្រោះហេតុនោះ សេចក្តីទុក្ខទើបចាត់ជាគ្រឹះស្ថានដើមរបស់ជីវិត សេចក្តីសុខគ្រាន់តែជា សេចក្តីទុក្ខដែលត្រូវបានបន្ទោបង់ឲ្យថយចុះប៉ុណ្ណោះ" ម្នាលលោកដ៏មានអាយុទាំងឡាយ ! ខ្ញុំព្រះករុណានិងចូឡពលបានសន្ទនាគ្នាតទៅទៀតអំពីរឿងទុក្ខ រហូតដល់រសៀលណាស់ហើយទើបឈប់ ខ្ញុំព្រះករុណាសង្កេតឃើញថា ចូឡពលសោយអារម្មណ៍ស្រស់ ស្រោងជាងមុន មានសេចក្តីសុខឃើញបានយ៉ាងច្បាស់ មនុស្សក្នុងលោកតែងរងទុក្ខព្រោះមិនស្គាល់ទុក្ខ សម្លឹងមើលជីវិតក្នុងជ្រុងនៃសុខតែម្យ៉ាង មិនត្រៀមខ្លួនទទួលស្វាគមន៍ទុក្ខ នៅពេលទុក្ខកើតឡើង ក៏ស្រមុតចិត្ត ខូចចិត្ត ចំបែងចិត្ត ខ្ញុំព្រះករុណាសង្កេតឃើញថា ចូឡពលជាយុវជនឈ្លាសវៃ និងមានបុណ្យ បារមីគួរសម ព្រោះគ្រាន់តែស្តាប់ខ្ញុំព្រះករុណាបកស្រាយរឿងទុក្ខ គេក៏អាចបន្ទោបង់សេចក្តីទុក្ខរបស់ខ្លួនឯងបានយ៉ាងច្រើន ។
"បពិត្រព្រះតេជគុណដ៏ចម្រើន ! " ចូឡពលនិយាយនឹងខ្ញុំព្រះករុណា "គ្រាន់តែបានស្គាល់ទុក្ខ ១០ យ៉ាង ដែលព្រះតេជគុណសម្តែងឲ្យស្តាប់ ខ្ញុំកណាក៏ធូរស្បើយចិត្តយ៉ាងច្រើន ព្រោះហេតុផល ២ យ៉ាង គឺ ទី ១ ខ្ញុំកណាបានដឹងថា ជីវិតពោរពេញទៅដោយទុក្ខ នៅពេលដែលខ្ញុំកណារងទុក្ខនោះ វាមិនមែនជារឿងចម្លែក អស្ចារ្យ ឬ ពិសេសអ្វីទេ ប៉ុន្តែជារឿងធម្មតាសុទ្ធសាធ នៅពេលឃើញថាជារឿងធម្មតា ខ្ញុំកណាក៏មិននាំពា នឹងទុក្ខ ធ្វើឲ្យសប្បាយចិត្តច្រើនឡើង ទី ២ នៅពេលដឹងថាសាមញ្ញជនគ្រប់រូបក្នុងលោកសុទ្ធសឹងតែពុនរែក ទុក្ខ ១០ ប្រការស្មើៗទាំងអស់ ធ្វើឲ្យខ្ញុំកណាធូរស្បើយចិត្តថា ខ្លួនមិនមែនរងទុក្ខតែម្នាក់ឯងទេ ប៉ុន្តែមានសមមិត្ររួមទុក្ខពេញផែនដី ខ្លួនមិនមែនជាបុគ្គលពិសេសដែលអភព្វជាងអ្នកដទៃនោះទេ ផ្ទុយទៅវិញ ថែមទាំងល្អប្រសើរជាងអ្នកដទៃជាច្រើនទៀត ត្បិតថាខ្ញុំកណាបាត់បង់បទុមាវតីតែម្នាក់ ប៉ុន្តែនាងបដាចារាបាត់បង់ ទាំងស្វាមី ទាំងកូនតូច ទាំងមាតាបិតា ទាំងបងប្រុស ទាំងផ្ទះសម្បែង នៅពេលគិតឃើញបានយ៉ាងនេះ ខ្ញុំកណាក៏យល់ឃើញថា ទុក្ខរបស់ខ្លួនឯងជារឿងតូចតាចមិនធំដុំអ្វីទេ ទើបបានសប្បាយចិត្តឡើង" កាលបើឃើញថា សប្បាយចិត្តច្រើនហើយ ខ្ញុំព្រះករុណាទើបសួរចូឡពលថា "ឧបាសក ! ញោមនៅមាន បំណងនឹងចូលគាល់ព្រះបរមសាស្តាទៀតទេ? " "នៅមាន ព្រះតេជគុណ ! ខ្ញុំកណានៅមិនទាន់ត្រឡប់ទៅផ្ទះវិញទេ លុះត្រាតែបានចូលគាល់និងបានស្តាប់ព្រះ ធម្មទេសនានៅចំពោះព្រះភក្ត្ររបស់ព្រះបរមសាស្តាព្រះអង្គនោះសិន ខ្ញុំកណាជឿជាក់ថា បើបានស្តាប់ព្រះធម៌របស់ព្រះអង្គ សេចក្តីទុក្ខរបស់ខ្ញុំកណាមុខជានឹងបាត់អស់ទៅមិនខាន ព្រោះគ្រាន់តែបានសន្ទនាជា មួយនឹងព្រះតេជគុណដែលជាសាវ័ករបស់ព្រះអង្គ ក៏អាចបន្ទោបង់ទុក្ខបានច្រើនដល់ម្លេះទៅហើយ" បើឧបមាថា ពេលនេះ ព្រះអង្គប្រថាប់នៅក្នុងនគរផ្សេងដ៏ឆ្ងាយលន្លោច តើញោមនឹងធ្វើយ៉ាងណា? ញោមនឹងធ្វើដំណើរទៅចូលគាល់ព្រះអង្គដល់នគរនោះឬរង់ចាំរហូតដល់ព្រះអង្គយាងត្រឡប់មកក្រុង រាជគ្រឹះវិញ? យុវកម្លោះមើលទៅដូចជាមុខស្រងូតបន្តិច សម្លឹងមើលមុខខ្ញុំព្រះករុណាយ៉ាងងឿងឆ្ងល់ ហើយនិយាយថា "ព្រះតេជគុណចង់មានថេរដីកាថា ពេលនេះព្រះបរមសាស្តាមិនបានប្រថាប់នៅឯវត្តវេឡុវ័នអញ្ចឹងឬ?" "ត្រឹមត្រូវហើយ ឧបាសក ! ពេលនេះ ព្រះអង្គប្រថាប់នៅឯក្រុងកោសម្ពីឯទិសនិរតីជាច្រើនរយយោជន៍ ប៉ុន្តែបានដំណឹងមកថា ព្រះអង្គនឹងយាងមកក្រុងរាជគ្រឹះនៅមុនរដូវវស្សាឆ្នាំនេះ " ចូឡពលអង្គុយឈ្ងោកមុខចុះស្រមឹម ដកដង្ហើមធំដោយកំហកបំណង មួយស្របក់ធំកន្លងទៅ ទើបងើយ មុខឡើងសម្លឹងមើលខ្ញុំកណានិងនិយាយយ៉ាងញឹម ៗថា "បពិត្រព្រះតេជគុណដ៏ចម្រើន ! ប្រសិនបើព្រះតេជគុណប្រាប់ពត៌មាននេះដល់ខ្ញុំកណាតាំងពីជួបគ្នាដំបូង ម្លេះ ខ្ញុំកណាប្រហែលនឹងខកបំណងនិងរងទុក្ខទ្វេឡើង ប៉ុន្តែឥឡូវនេះខ្ញុំណាយល់ច្បាស់ហើយថា កំហកបំណងជារឿងធម្មតាសម្រាប់ជីវិត នៅពេលបានដំណឹងខកបំណងនេះ ទើបធ្វើខ្ញុំកណាខកចិត្តតិច តួចប៉ុណ្ណោះ ណ្ហើយចុះ ! ខ្ញុំកណានឹងនៅរង់ចាំព្រះអង្គឯក្រុងរាជគ្រឹះ ទម្រាំនឹងព្រះអង្គយាងត្រឡប់មកវិញ ខ្ញុំកណាមិនអាចធ្វើដំណើរទៅក្រុងកោសម្ពីបានទេ ព្រោះខ្ញុំកណាមិនស្ទាត់ជំនាញក្នុងការធ្វើ ដំណើរផ្លូវឆ្ងាយ ម្យ៉ាងទៀត នៅពេលដែលខ្ញុំកណាធ្វើដំណើរទៅក្រុងកោសម្ពី អាចនឹងមិនបានចូលគាល់ ព្រះអង្គក៏បាន ព្រោះព្រះអង្គអាចយាងទៅកាន់ទីផ្សេងមុន នៅឯក្រុងរាជគ្រឹះខ្ញុំកណាក៏មានញាតិ ១ ផៅដែរ ខ្ញុំកណានឹងទៅស្នាក់នៅជាមួយនឹងញាតិនោះរង់ចាំលុះត្រាតែព្រះបរមសាស្តានឹងយាងមក"
ការងារស្រាវជ្រាវរបស់វិន្ទុកៈ
[កែប្រែ]ពួកយើងបានធ្វើដំណើរមកឈប់សម្រាកត្រង់អណ្តូងទឹកក្រោមដើមស្តៅធំមួយដើមកណ្តាលវាលស្រែ មានភូមិមួយតាំងនៅក្នុងទិសឧត្តរនៃអណ្តូងទឹកនោះ មានកុលស្ត្រីអ្នកភូមិយកក្អមទឹកមកដងទឹកពីអណ្តូងនេះ បន្ទូលលើក្បាលដើរត្រឡប់ទៅភូមិវិញម្តងម្កាល ហួសពីភូមិទៅទិសឧត្តរ ខ្ញុំព្រះករុណាសង្កេតឃើញជួរភ្នំសោនៈនិងភ្នំឧទ័យដែលជាប្រាការធម្មជាតិក្នុងទិសទក្សិណនៃក្រុងរាជគ្រឹះបានយ៉ាងច្បាស់ក្រឡែត ។ ចូឡពលបានដងទឹកយកមកប្រគេនខ្ញុំព្រះករុណា ខ្ញុំព្រះករុណាឆាន់ លុបមុខ ស្រឡាបខ្លួនដោយទឹកនោះ ហើយក៏អង្គុយសម្រាកក្នុងម្លប់់របស់ដើមស្តៅធំ គ្មានអ្វីដែលមានតម្លៃសម្រាប់អ្នកស្រេកទឹកស្មើនឹងទឹកថ្លា ត្រជាក់ពីអណ្តូង គ្មានអ្វីដែលមានតម្លៃសម្រាប់ថ្មើរជើងផ្លូវឆ្ងាយក្នុងថ្ងៃដែលមានកម្តៅថ្ងៃក្តៅចែសស្មើនឹងដើម ឈើធំដែលមានម្លប់ត្រជាក់ត្រជុំនោះទេ នៅខណៈដែលពួកយើងកំពុងអង្គុយសម្រាកនោះឯង មានប្រុស កម្លោះម្នាក់ដែលធ្វើដំណើរមកពីទិសបស្ចឹមបានឈាងចូលមកពិសាទឹក និងឈប់សម្រាកដែរ សង្កេតមើលទៅគេ ឃើញថាជាកម្លោះមានរូបរាងសង្ហាហំហែង ឫកពាឆ្លៀវឆ្លាត បើទុកជាមានស្លាកស្នាមនៃ លំនឿយលំហត់ព្រោះដើរកាត់កម្តៅថ្ងៃមកក៏ដោយ ក្រោយពីពិសាទឹក លុបមុខរួចហើយ គេក៏ដើរស្លៅសំដៅ ចូលមករកពួកយើង ថ្កល់កញ្ចប់អីវ៉ាន់ទុកហើយអង្គុយចុះទល់មុខខ្ញុំព្រះករុណា "បពិត្រសមណៈ ! "គេស្រដីឡើងក្រោយពីអង្គុយចុះទាំងលើកដៃសំពះ "ខ្ញុំកណាឈ្មោះ វិន្ទុកៈ ជាកូនរបស់ភារទ្វាជគោត្រ ធ្វើដំណើរមកពីទីក្រុងគយា តាំងចិត្តថានឹងធ្វើដំណើរ ទៅទីក្រុងរាជគ្រឹះ បើលោកម្ចាស់មិនទើសទាល់ទេ ខ្ញុំកណាចង់នឹងសន្ទនាជាមួយនឹងលោកម្ចាស់" "អាត្មាគ្មានទំនើសទំនាស់អ្វីទេ ត្រឡប់ជាត្រេកអរទៀតដែលបានសន្ទនាជាមួយនឹងញោមអំពីរឿងដែល មានសារៈសំខាន់" "ខ្ញុំកណាបានដឹងថា ក្រុងរាជគ្រឹះជាតំបន់សហគមរបស់អ្នកប្រាជ្ញរាជបណ្ឌិតសាស្តាចារ្យជាច្រើន រួមទាំង ព្រះសមណគោតមពីសក្យត្រកូលនោះផង ខ្ញុំកណាប្រុងនឹងទៅទីនោះដើម្បីនឹងសំណេះសំណាលជាមួយនឹងអ្នកប្រាជ្ញទាំងនោះ ជួនកាលលោកអាចជួយដោះស្រាយបញ្ហារបស់ខ្ញុំកណាបានខ្លះ" សំដីរបស់វិន្ទុកៈធ្វើឲ្យខ្ញុំព្រះករុណានិងចូឡពលដែលកំពុងតែអង្គុយស្តាប់ចាប់ចិត្តដិតអារម្មណ៍ភ្លាម ខ្ញុំព្រះករុណានិយាយឡើងថា "ម្នាលវិន្ទុកៈ ! លាក់បាំងអី អាត្មាមិនមែនជាអ្នកប្រាជ្ញ មិនមែនជាសាស្តាចារ្យ ទេ អាត្មាគ្រាន់តែជាភិក្ខុសាវ័កធម្មតារបស់ព្រះសមណគោតម..." "ពិតមែនឬ លោកសមណៈ ! " វិន្ទុកៈនិយាយឡើងដោយកិរិយាអាការរំភើបចិត្តយ៉ាងសស្រ៊ាស "ពេញជាភព្វសំណាងរបស់ខ្ញុំកណាមែនដែលបានមកជួបសាវ័ករបស់ព្រះមហាសាស្តាព្រះអង្គនោះ ខ្ញុំកណាបានឮដំណឹងមកថា ព្រះអង្គទ្រង់ជាព្រះបរមសាស្តាត្រាស់ដឹងដោយខ្លួនឯងយ៉ាងប្រពៃ ប្រកបដោយវិជ្ជានិងចរណៈ ទ្រង់ឈ្លាសវៃក្នុងធម៌ទាំងពួង អាចដោះស្រាយបញ្ហាបានគ្រប់ប្រភេទ ខ្ញុំកណាស្រមៃ ជាប់ជានិច្ចថានឹងបានជួបព្រះអង្គ ប៉ុន្តែនៅមិនទាន់មានឱកាស ខ្ញុំកណាទំនងជាមានបុណ្យតិចទើបមិនបាន ចូលគាល់និងសន្ទនាជាមួយនឹងព្រះអង្គ ប៉ុន្តែខ្ញុំកណាត្រេកអរដែលបានជួបសាវ័ករបស់ព្រះអង្គ មុននឹង បានជួបព្រះបរមសាស្តាពិត" "ញោមមានបញ្ហាពិភាល់សង្ស័យអ្វីក៏សួរមកចុះ បើអាត្មាល្មមនឹងជួយឆ្លើយបានក៏ឆ្លើយ ប៉ុន្តែបើបញ្ហាមាន អត្ថន័យជ្រាលជ្រៅហួសវិស័យដែលអាត្មានឹងឆ្លើយបានភ្លាម អាត្មានឹងយកទៅសិក្សាស្រាវជ្រាវគ្នេរគ្នាន់ ជញ្ជាន់ស្លាញល្គឹកណាតែនឹងរកចម្លើយឃើញនៅពេលក្រោយ" ។
"ដំណើររឿងរបស់ខ្ញុំកណាជារឿងវែងឆ្ងាយណាស់" វិន្ទុកៈនិយាយដោយឫកពាសំណំសំនួន "ខ្ញុំកណាត្រូវតំណាលរឿងឲ្យតេជគុណស្តាប់តាំងពីដំបូង ដើម្បីឲ្យសាច់រឿងប្រដិតប្រជីស៊ីគ្នា គឺថា កាលពី ច្រើនឆ្នាំកន្លងមកហើយ ខ្ញុំកណាបានទៅសិក្សាសិល្បវិទ្យាក្នុងសម្នាក់នៃអាចារ្យទិសាបាមោក្ខក្នុងក្រុង តក្កសិលា ខ្ញុំកណាខំតាំងចិត្តរៀនដោយវីរិយភាព ព្រមទាំងប្រណិប័តន៍បម្រើវិទ្យាចារ្យដោយគារវភាពក្រែងរអែង រហូតដល់ជាទីពេញចិត្តពេញថ្លើមរបស់វិទ្យាចារ្យ ខាងក្នុងរយៈពេល ៦ ឆ្នាំ ខ្ញុំកណាក៏រៀនចប់ចំណេះដឹងតាមដែលវិទ្យាចារ្យមាន ក្នុងថ្ងៃដែលខ្ញុំកណាជម្រាបលាវិទ្យាចារ្យត្រឡប់ទៅមាតុភូមិខ្លួនវិញនោះ ខ្ញុំកណាបានជម្រាបសួរវិទ្យាចារ្យថា 'បពិត្រលោកគ្រូ ! លោកគ្រូនៅមានវិជ្ជាណាសល់ទៀតទេ ដែលខ្ញុំ មិនទាន់បានរៀន ហើយលោកគ្រូមិនទាន់បានបង្រៀនដល់អ្នកណា' លោកគ្រូប្រាប់ថា 'នៅមាន វិន្ទុកៈ ! ប៉ុន្តែវិជ្ជានេះពិបាករៀនពិបាកធ្វើណាស់ តោងតែបដិបត្តិតាមលក្ខខណ្ឌដ៏ស្មុគស្មាញជាច្រើនទើបអាចរៀនបាន ' ខ្ញុំកណាឆ្លើយប្រាប់វិទ្យាចារ្យថា 'ខ្ញុំសុខចិត្តបដិបត្តិតាមលក្ខខណ្ឌគ្រប់យ៉ាងដែលលោកគ្រូកំណត់ឲ្យ សូមឲ្យ តែមានឱកាសបានរៀនវិជ្ជានេះ' លោកគ្រូសម្លឹងមើលមុខខ្ញុំកណាដោយឫកពាម៉ឺងម៉ាត់ ហើយនិយាយថា 'វិន្ទុកៈ ! ឯងនៅមិនទាន់ដឹងថា វិជ្ជាដែលនឹងរៀននោះ គឺ អ្វី មានគុណទោសអ្វីខ្លះផង មិនសមបីបើសុខចិត្តបដិបត្តិតាមលក្ខខណ្ឌគ្រប់យ៉ាង ដូច្នេះសោះ' ខ្ញុំកណាដឹងថា ខ្លួនចាញ់ល្បិចវិទ្យាចារ្យហើយ ទើបអង្គុយឈ្ងោកមុខទ្រមឹង 'វិន្ទុកៈ ! ណ្ហើយចុះ បើឯងតាំងចិត្តថានឹងរៀនមែន យើងនឹងប្រាប់ឲ្យក៏បាន យើងឃើញថាឯងជាសិស្សតែម្នាក់គត់ដែលអាចបដិបត្តិតាមលក្ខខណ្ឌបាន ទើបប្រាប់វិជ្ជានេះ វិជ្ជានេះហៅថា សព្វសិទ្ធិមន្ត អ្នកណាបានរៀន វិជ្ជានេះ អ្នកនោះនឹងបានសម្រេចគោលបំណងដែលខ្លួនប៉ងប្រាថ្នាគ្រប់យ៉ាង ទោះបីបើប្រាថ្នាយកសម្បត្តិ ទាំងពួងក្នុងលោក ឬ ទិព្វសម្បត្តិរបស់សក្កទេវរាជក៏ដោយ នឹងបានសម្រេចសមដូចបំណង យើងនឹងឲ្យវិជ្ជានេះដល់ឯង បើឯងសុខចិត្តបដិបត្តិតាមលក្ខខណ្ឌរបស់យើង' នៅពេលបានឮចំហុតឆុតសក្តិសិទ្ធិរបស់សព្វសិទ្ធិមន្ត ខ្ញុំកណាអន្ទះសាចង់រៀនយ៉ាងខ្លាំង បពិត្រសមណៈ ! ខ្ញុំកណាប្រញាប់ហាមាត់ទទួលសំដីវិទ្យាចារ្យភ្លាមថា 'សុខចិត្តនឹងបដិបត្តិតាមលក្ខខណ្ឌគ្រប់យ៉ាង' 'ម្នាលវិន្ទុកៈ ! ឯងនៅមិនទាន់ឈ្លាសវៃដដែល' វិទ្យាចារ្យតវ៉ាខ្ញុំកណាម្តងទៀត 'មនុស្សដែលឈ្លាសវៃ គេមិនដែលសុខចិត្តទទួលយកលក្ខខណ្ឌណាៗទេលុះត្រាតែដឹងថា លក្ខខណ្ឌនោះ ពិបាកឬស្រួលប៉ុនណាសិន' ខ្ញុំកណាដឹងថាខ្លួនបានចាញ់ស្នៀតវិទ្យាចារ្យជាលើកទី ២ ម្តងទៀត ទើបអង្គុយស្រតឹកដោយងអាការអៀន ប្រៀន ប៉ុន្តែក៏និយាយថា 'ខ្ញុំបានសម្រេចចិត្តហើយថានឹងបដិបត្តិតាមលក្ខខណ្ឌផ្សេង ៗដើម្បីដូរយកមន្តវិសេសនោះ'"
"ចុះបើលក្ខខណ្ឌនោះត្រូវប្រថុយគ្រោះថ្នាក់ រហូតដល់អាចរងគ្រោះដល់ជីវិតទៅទៀត តើឯងសុខចិត្តនឹង បដិបត្តិតាមទេ "វិទ្យាចារ្យបង្អក់បន្តិចហើយក៏និយាយតទៅទៀតដោយមិនសូវឲ្យខ្ញុំកណាឆ្លើយសំណួររបស់ គាត់ទេ" "វិន្ទុកៈ ! ក្នុងលោកនេះជីវិតរបស់ឯងមានតម្លៃខ្ពង់ខ្ពស់ណាស់ ទ្រព្យសម្បត្តិទាំងឡាយមានតម្លៃបានព្រោះឯង នៅមានជីវិត បើឯងស្លាប់ទៅហើយ ទោះបីបើមានទ្រព្យសម្បត្តិគរគោកគរដីយ៉ាងណា ទ្រព្យសម្បត្តិទាំងនោះ ក៏គ្មានប្រយោជន៍អ្វីដែរ ណ្ហើយចុះ ! យើងនឹងប្រាប់លក្ខខណ្ឌឲ្យ សូមឲ្យឯងធ្វើដំណើរត្រាច់ចរទៅក្នុងលោក ដ៏ល្វឹងល្វើយនេះ ស៊ើបសួររកមើលតាមក្រុងតូចធំទូទៅថា មានអ្នកណាខ្លះដែលហ៊ានប្រកាសដល់ពិភពលោកថា ខ្ញុំជាអ្នកមានសេចក្តីសុខពេញលេញហើយ បើជួបបុគ្គលបែបនោះ សូមឲ្យចូលទៅរកគេ ប្រគល់កាយថ្វាយ ខ្លួនជាសិស្សរបស់គេ រស់នៅជាមួយនឹងគេរហូតរយៈកាល ៣ ខែ បើរហូតរយៈកាល ៣ ខែនោះ ឯងនៅឃើញ បុគ្គលនោះមានសេចក្តីសុខសស្រាញ់សស្រាំ ស្រស់ស្រាយសប្បាយចិត្តជារៀងរហូត គ្មានកិរិយាអាការសម្តែងថារងទុក្ខក្តៅក្រហាយបន្តិចណាទេ សូមឲ្យវិលត្រឡប់មកប្រាប់យើងហើយយើងនឹងប្រាប់សព្វសិទ្ធិមន្ត ឲ្យ ប៉ុន្តែបើឯងនៅជាមួយនឹងគេអស់មួយរយៈកាល ១ ឬ ២ ថ្ងៃហើយ គេសម្តែងកិរិយាអាការរងទុក្ខឲ្យឃើញ ប្រាកដ ឯងចូរគេចចេញពីគេទៅ ហើយស្វែងរកអ្នកដទៃទៀត លក្ខខណ្ឌមានត្រឹមប៉ុនណេះឯង តើឯងអាច បដិបត្តិបានទេ? " ខ្ញុំកណាទទួលយកលក្ខខណ្ឌរបស់វិទ្យាចារ្យហើយក៏ជម្រាបលាគាត់ ធ្វើដំណើរត្រាច់រង្គត់ទៅតាមនិគម ជនបទផ្សេង ៗ ឬទៅដល់កន្លែងណាក៏ចូលទៅស៊ើបសួរមើលថាមានអ្នកណាខ្លះនៅក្នុងស្រុកភូមិនេះប្រកាសថាខ្ញុំមានសេចក្តីសុខហើយ បើជួបខ្ញុំកណា នឹងទៅអាស្រ័យនៅបម្រើគេ នៅពេលជាមួយគ្នានោះ ខ្ញុំកណាក៏ចាំថ្កោលមើលថា តើគេមានសេចក្តីសុខពិតឬទេ បើឃើញថាគេមានសេចក្តីសុខពិត ក៏ទៅនៅ នឹងគេច្រើនថ្ងៃ ប៉ុន្តែនៅទីបំផុត គេក៏សម្តែងសភាពជាទុក្ខឲ្យឃើញប្រាកដ ខ្ញុំកណាក៏ជម្រាបលាគេធ្វើ ដំណើរតទៅ "ម្នាលវិន្ទុកៈ ! មើលទៅការងាររបស់ញោមហាក់ដូចជាការងារគួរឲ្យស្រណុក នៅខណៈដែលមនុស្សជាតិ តែងស្វែងរកទ្រព្យ យស អំណាច បរិវារ ញោមត្រឡប់ជាស្វែងរកបុគ្គលដែលប្រកាសខ្លួនថា មានសេចក្តី សុខ ចុះញោមបានជួបមនុស្សដែលមានសេចក្តីសុខពិតរហូតរយៈកាល ៣ ខែដូចពោលមកខាងលើ ហើយឬនៅ" "នៅមិនទាន់ជួបទេ លោកសមណៈ ! ខ្ញុំកណាបានជួបនឹងសេដ្ឋីគ្រហបតីជាច្រើនដែលមានទ្រព្យរាប់ ដោយកោដិ នៅក្នុងវ៉ិល្លាប្រាសាទ ៧ ជាន់ មានដំរី សេះ និង គោឆ្មាត់រាប់រយ មានបរិវាររាប់ពាន់ ហើយ ប្រកាសថាខ្លួនមានសេចក្តីសុខ ប៉ុន្តែនៅពេលដែលខ្ញុំកណាទៅរស់នៅជិតដិតហើយ ឃើញថា អ្នកទាំង នោះគ្មានសេចក្តីសុខពិតទេ គេអាចទៅណាមកណាបានដោយយានវិសេសទឹមដោយសេះ អាចបរិភោគ បណីតាហារបាន អាចសម្រាន្តលើគ្រែពូកធំ ក្រាលដោយស្បែកឈ្មូស អាចមានខ្ញុំបរិវាររងចាំធ្វើតាម ពាក្យបញ្ជា ប៉ុន្តែអ្វីទាំងអស់នោះ ខ្ញុំកណាឃើញថា គ្រាន់តែជាសេចក្តីស្រួលប៉ុណ្ណោះ ប៉ុន្តែមិនមែនជា សេចក្តីសុខទេ អ្នកមានទ្រព្យច្រើនអាចមានសេចក្តីស្រួលក្នុងការទ្រទ្រង់ជីវិត ប៉ុន្តែមិនមែនជាសេចក្តីសុខ ពិតទេ ព្រោះខ្ញុំកណានៅឃើញគេក្តួលក្តៅមួម៉ៅដែរ រងទុក្ខទោម្នេញ រអ៊ូរទាំទ្រាំថ្ងូរម្តងម្កាលដែរបើទុកជា មានសេចក្តីស្រណុកស្រួលគ្រប់យ៉ាងក៏ដោយ"
ខ្ញុំកណាបានជួបអ្នកបួសគ្រប់ប្រភេទ ដូចជា បរិព្វាជក ជដិល និគ្រន្ថ ជាដើម អ្នកដែលប្រកាសខ្លួនថាជាអ្នក ទ្រទ្រង់ជិវិតសេរី មិនជាប់ចំពាក់នឹងភាពច្របូកច្របល់របស់ពិភពលោក ចំណាយពេលក្នុងការបំពេញតបៈ តាមរូបបែបផ្សេង ៗ ជាអ្នកមានអាហារតិច មានសេចក្តីប្រាថ្នាតិច ប៉ុន្តែគ្រាន់តែខ្ញុំកណាចូលទៅប្រគល់កាយថ្វាយខ្លួនរស់នៅជាមួយយ៉ាងជិតដិត ក៏បានឃើញថា អ្នកបួសទាំងនោះមានតែសេចក្តីសប្បាយកាយនិង សប្បាយចិត្តព្រោះឥតកង្វល់ខ្វល់ខ្វក់ប៉ុណ្ណោះ មិនទាន់មានសេចក្តីសុខពិតទេ ព្រោះលោកទាំងនោះនៅមាន សេចក្តីប្រាថ្នាទិព្វសម្បត្តិក្នុងសគ្គាល័យ ត្រដរត្រដះស្វះស្វែងរកឲ្យបាននូវទិព្វសម្បត្តិដ៏ត្រឡុងត្រឡាយនោះ លោកទាំងនោះប្រៀបប្រដូចទៅនឹងជនទីទ័លក្រឥតទ្រព្យប្រាថ្នាចង់បានទ្រព្យយ៉ាងចាស់ក្លាដូច្នោះ សូម្បីបើមិនអាចស្វែងរកបានក្នុងបច្ចុប្បន្នជាតិ ក៏ផ្តេកផ្តួលលំនឹកសង្ឃឹមទៅទុកនឹងអនាគតជាតិ ទើបសុខចិត្តចេញ បួសជាបព្វជិតបំពេញតបធម៌ផ្សេង ៗដើម្បីឈោងយកទិព្វសម្បត្តិក្នុងឋានសួគ៌ ។ ខ្ញុំកណាបានជួបនឹងព្រះមហាក្សត្រជាច្រើនអង្គ ទ្រង់មានទ្រព្យច្រើន មានយស មានអំណាច មានបរិវារច្រើន ព្រះរាជាទាំងនោះនៅពេលស្ងប់ចាកសឹកសង្គ្រាមក៏ចិញ្ចឹមជីវិតទៅក្នុងរាជវាំង សោយព្រះក្រយាហារដ៏មានរសជាតិប្រណីត ជ្រើមពព្រើមភ្លើតភ្លើនដោយរបាយរបាំរាំរែករបស់ស្រីរបាំ ដោយចម្រៀងនិងតន្ត្រីដ៏ពីរោះរបស់ តន្ត្រីករប្រចាំរាជវាំង ព្រះរាជាទាំងនោះនៅពេលថ្ងៃក៏ស្វែងរកសេចក្តីភ្លើតភ្លើនដោយការប្រពាតព្រៃដេញបាញ់ សត្វ ទតព្រះនេត្រកីឡានានាមានកីឡាប្រដាល់ជាដើម ខ្ញុំកណាពិចារណាមើលដោយល្អិតល្អន់ទៅ ឃើញថា មហាក្សត្រទាំងនោះមានតែសេចក្តីស្រណុកប៉ុណ្ណោះប៉ុន្តែមិនទាន់មានសេចក្តីសុខពិតប្រាកដទេ ។ បពិត្រលោកសមណៈ ! ខ្ញុំកណាធ្វើដំណើរចច្រប់អារ៉ប់មកដោយវិធីនេះអស់រយៈកាល ៣ ឆ្នាំពេញហើយ ប៉ុន្តែនៅមិនទាន់ជួបបុគ្គលណាដែលមានសេចក្តីសុខពេញលេញតាមដែលខ្លួនប្រកាសនោះទេ អ្វីដែលគេប្រកាសថាជាសុខសុភមង្គលនោះ នៅពេលអង្កេតរកមែនទែន ឃើញថាវាគ្រាន់តែជាសេចក្តីស្រួល ស្រណុក សប្បាយប៉ុណ្ណោះ ព្រោះហេតុនោះ ខ្ញុំកណាទើបប្រាថ្នាចង់ជួបព្រះបរមសាស្តាសម្មាសម្ពុទ្ធជា ម្ចាស់ដែលល្បីរន្ទឺឮតគ្នាមក ប៉ុន្តែខ្ញុំកណាខ្លាចក្រែងថានឹងខកបំណងដែលប៉ងទុកម្តងទៀត ព្រះតេជគុណ ក្នុងឋានៈជាសាវ័ករបស់ព្រះអង្គ ល្មមនឹងអះអាងប្រាប់ខ្ញុំកណាបានទេថាព្រះសមណគោតមទ្រង់មាន សេចក្តីសុខពិតមែន ។ "អាត្មាសូមអះអាងថាព្រះអង្គមានសេចក្តីសុខពិតប្រាកដមែន" ទឹកមុខរបស់វិន្ទុកៈមើលទៅស្រស់ស្រាយរីករាយដោយលំនឹកសង្ឃឹម គេញញឹមប៉ប្រិមប៉ប្រិយហើយសួរថា "បពិត្រលោកសមណៈ ! ចុះព្រះតេជគុណវិញមានសេចក្តីសុខពិតប្រាកដហើយឬនៅ?"
សាប៊ូលាងទុក្ខ
[កែប្រែ]ម្នាលលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាតានតឹងចិត្តខ្លះដែរនៅពេលដែលត្រូវវិន្ទុកៈសួរដោយបញ្ហាកម្មបែបនោះ ព្រោះថាតាមសេចក្តីពិតទៅ ខ្ញុំព្រះករុណានៅជាបុថុជ្ជននៅឡើយ ជីវិតនៅមានសេចក្តីទុក្ខ បើឆ្លើយថាមាន សេចក្តីសុខហើយ ក៏ខុសចាកសេចក្តីពិត ប៉ុន្តែបើឆ្លើយថាមិនទាន់មានសេចក្តីសុខទេ គេអាចនឹងមើលងាយបានថា បង់ម្សៀតដែលបានជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អ្នកមានសេចក្តីសុខពិតប្រាកដហើយ ប៉ុន្តែខ្លួនឯងត្រឡប់ជាគ្មានសេចក្តីសុខពិតដូចយ៉ាងព្រះបរមសាស្តា នៅទីបំផុត ខ្ញុំព្រះករុណាទើបឆ្លើយប្រាប់ គេទៅសភាពពិតថា "ម្នាលវិន្ទុកៈ ! អាត្មាកំពុងនៅបដិបត្តិដើម្បីចូលដល់សេចក្តីសុខពិតដូចយ៉ាងព្រះបរមសាស្តា បើទុកជាមិនទាន់ដល់កម្រិតក៏ដោយ ប៉ុន្តែអាត្មាដឹងថា សេចក្តីសុខពិត គឺ អ្វី និងស្គាល់ផ្លូវបដិបត្តិដើម្បីចូលដល់សេចក្តីសុខពិតនោះ" វិន្ទុកៈញញឹមញញែមដោយរន្តិភាព ហើយនិយាយថា "បពិត្រលោកសមណៈ ! យ៉ាងហោចណាស់ ខ្ញុំកណាក៏បានដឹងនៅថ្ងៃនេះថា សេចក្តីសុខពិតនោះគឺអ្វីដែរ ព្រោះបញ្ហាកម្មនេះខ្ញុំកណាក៏នៅមិនទាន់ដឹងដែរទាំង អ្នកដទៃក៏មិនដឹងដែរ ភាគច្រើនយល់ថា សេចក្តីស្រណុក ស្រួល សប្បាយជាសេចក្តីសុខ ហើយក៏រត់សស្រាញ់ប្រមាញ់ស្វែងរកសេចក្តីស្រណុក ស្រួលសប្បាយនោះទីបំផុត ក៏បានត្រឹមតែសេចក្តីស្រណុក ស្រួល សប្បាយប៉ុណ្ណោះ ប៉ុន្តែមិនពើបប្រទះសេចក្តីសុខពិតទេ សូមព្រះតេជគុណប្រោសប្រាប់ខ្ញុំកណាផងថា តើសេចក្តីសុខពិតនោះ គឺ អ្វីទៅ? "
"ម្នាលវិន្ទុកៈ ! បើអាត្មាប្រាប់ថា សេចក្តីសុខ គឺ អ្វីទៅត្រង់ ៗ អាចជាការពិបាកយល់ដល់ញោម ព្រោះរឿងរបស់សេចក្តីសុខជារឿងល្អិតល្អន់ជ្រាលជ្រៅ ព្រោះហេតុនោះ អាត្មាសូមសួរញោមសិន ញោមយល់ឃើញ យ៉ាងណាក៏ឆ្លើយយ៉ាងនោះចុះ ឧបមាថា មានមនុស្សម្នាក់យកក្រណាត់ប្រឡាក់ដោយទឹកមូត្រនិងលាមក និងរបស់កខ្វក់ស្មោកគ្រោកជាច្រើនឲ្យញោមមើល តើញោមដឹងថាក្រណាត់នោះស្មោកគ្រោកទេ?" វិន្ទុកៈសម្លឹងមើលខ្ញុំព្រះករុណាយ៉ាងងឿងងាំងហើយឆ្លើយថា "ពិតជាដឹង តេជគុណ ! អ្នកផងតែងដឹងបានដោយងាយថា ក្រណាត់នោះស្មោកគ្រោក"
"ណ្ហើយចុះ ! បើក្រណាត់នោះស្មោកគ្រោក ចុះញោមដឹងថាវាស្មោកគ្រោកព្រោះមានភាពស្មោកគ្រោកនៅក្នុងនោះមែនទេ?"
" មែន ! "វិន្ទុកៈឆ្លើយទាំងមានអាការមិងមាំង
"អាត្មាសូមសួរតទៅទៀតថា ខាងក្នុងក្រណាត់ដែលស្មោកគ្រោកនោះ តើមានភាពស្អាតស្អានឬទេ?"
"គ្មានទេ តេជគុណ ! ព្រោះវាជាក្រណាត់ដែលមានតែភាពស្មោកគ្រោកប៉ុណ្ណោះ"
"បានសេចក្តីថា ក្រណាត់នោះមានតែភាពស្មោកគ្រោក និងពោរពេញទៅដោយវត្ថុស្មោកគ្រោក តើមានវិធីណាទេដែលយើងអាចនាំយកភាពស្អាតបាតចូលទៅក្នុងក្រណាត់នោះហើយវាក៏ក្លាយទៅជាក្រណាត់ស្អាត ស្អានភ្លាម" ។
ิ"បពិត្រលោកសមណៈ ! ខ្ញុំកណាយល់ឃើញថា គ្មានវិធីណានឹងធ្វើឲ្យក្រណាត់នោះស្អាតស្អានដោយនាំយកភាពស្អាតស្អានចូលទៅបានទេ ប៉ុន្តែយើងអាចធ្វើឲ្យក្រណាត់នោះស្អាតស្អានបានដោយការនាំយកវាទៅបោកគក់ជម្រះដោយទឹករហូតដល់វត្ថុស្មោកគ្រោកទាំងឡាយអស់រលីងទៅ ភាពស្អាតស្អានទើបកើតឡើងដោយស្វ័យប្រវត្តិដោយមិនបាច់នាំយកភាពស្អាតស្អានចូលទៅនោះទេ"
"ម្នាលវិន្ទុកៈ ! បើអញ្ចឹង ភាពស្អាតស្អានបានដល់ ភាវៈដែលគ្មានភាពស្មោកគ្រោកហ្នឹងឯង ព្រោះបើយើងនាំយកវត្ថុស្មោកគ្រោកចេញអស់ហើយ ភាពស្អាតស្អានក៏កើតឡើងឯង បើយើងនាំយកវត្ថុស្មោកគ្រោកទៅ ដាក់ចូល ក្រណាត់នោះក៏កខ្វក់ស្មោកគ្រោក ភាពស្អាតស្អានក៏អន្តរធានបាត់ទៅ បើអញ្ចឹង តើញោមមានគំហើញយ៉ាងណា? តើញោមយល់ឃើញថាភាពស្មោកគ្រោកនិងភាពស្អាតស្អាន មួយណាមានតួខ្លួនល្មម មើលឃើញបានច្បាស់ជាង?"
"ខ្ញុំកណាយល់ឃើញថា ភាពស្មោកគ្រោកមានតួខ្លួនមើលឃើញច្បាស់ជាង យើងអាចយកដាក់ចូលក្នុង ក្រណាត់បាន និងអាចយកចេញបានដោយដៃរបស់យើង ចំណែកឯភាពស្អាតបាតវិញបើទុកជាមាននៅក៏ដោយ ក៏គ្មានតួខ្លួនមើលឃើញបានច្បាស់ដែរ យើងមិនអាចនាំយកចេញឬចូលដោយដៃរបស់យើងបានទេ"
"ត្រឹមត្រូវហើយ វិន្ទុកៈ ! ញោមយល់ឃើញត្រឹមត្រូវហើយ ភាពស្មោកគ្រោកនិងភាពស្អាតស្អានយ៉ាងណា សេចក្តីសុខនិងសេចក្តីទុក្ខក៏យ៉ាងនោះដែរ សេចក្តីទុក្ខជាធម្មជាតិមាននៅពិតមែន យើងអាចមើលឃើញបានជាទូទៅ យើងអាចសាងឡើងនិងទម្លាយចោលបាន ចំណែកឯសេចក្តីសុខវិញមានលក្ខណៈគួរនាដូចជាភាពស្អាតស្អាន គឺ គ្មានខ្លួនប្រាណទេ មិនអាចនាំចូលឬចេញបានទេ ប៉ុន្តែអាចកើតមានឡើងដោយខ្លួនឯង កាលបើយើងកម្ចាត់ទុក្ខបានអស់ហើយ សេចក្តីសុខក៏កើតឡើងឯង ព្រោះហេតុនោះ អាត្មាទើបឆ្លើយសំណួរដំបូងរបស់ញោមថា សេចក្តីសុខបានដល់ភាវៈដែលគ្មានសេចក្តីស្មោកគ្រោកហ្នឹងឯង" ។
វិន្ទុកៈងក់ក្បាលដោយលំអានថាយល់ស្របនឹងទស្សនៈរបស់ខ្ញុំព្រះករុណា ហើយក៏និយាយថា
"បពិត្រព្រះតេជគុណដ៏ចម្រើន ! ចម្លើយរបស់ព្រះតេជគុណពេញជាជាក់ច្បាស់និងត្រូវត្រង់តាមសភាវៈពិត ព្រះតេជគុណឆ្លើយសំណួរបស់ខ្ញុំកណាដោយទំហៀបដ៏ឈ្លាសវៃ ធ្វើឲ្យខ្ញុំកណាស្គាល់មុខមាត់របស់សេចក្តីសុខជាលើកដំបូង ណ្ហើយចុះ ! ខ្ញុំកណានឹងសួរព្រះតេជគុណតទៅទៀត កាលបើសេចក្តីសុខកើតឡើងឯងនៅខណៈដែលទុក្ខរលត់ទៅ ប្រៀបដូចជាភាពស្អាតស្អានកើតឡើងឯងនៅខណៈដែលភាពស្មោកគ្រោកផុតរលត់ទៅដូច្នោះ យើងមិនអាចសាងសេចក្តីសុខបានទេ ករណីកិច្ចរបស់យើង គឺ រំលត់ទុក្ខ ព្យាយាមលាងសម្អាតទុក្ខឲ្យអស់ទៅ មែនទេ?"
"ត្រឹមត្រូវហើយ ! វិន្ទុកៈ ! ញោមមិនបាច់ខ្វល់ដល់សេចក្តីសុខ មិនបាច់សាងសេចក្តីសុខ មិនបាច់ស្វែងរកសេចក្តីសុខទេ ប៉ុន្តែត្រូវខិតខំពន្លត់ទុក្ខទៅបានហើយ បើញោមពន្លត់ទុក្ខបាន សេចក្តីសុខក៏កើតមានឡើងដោយចៀសមិនផុត មនុស្សភាគច្រើនព្រោះហេតុតែមិនស្គាល់សេចក្តីសុខទើបខំសាងសេចក្តីសុខឡើង ដោយឥតបានពន្លត់ទុក្ខទាល់តែសោះ ទើបជាហេតុកពូនសេចក្តីទុក្ខកាន់តែច្រើនឡើង ប្រៀបដូចជាមនុស្សចង់ឲ្យក្រណាត់ជ្រះស្អាត ប៉ុន្តែមិនយល់ដឹងវិធីបោកគត់ ទើបយកវត្ថុផ្សេង ៗមកប្រមោកបន្ថែមដើម្បីឲ្យ ក្រណាត់នោះជ្រះស្អាត ប៉ុន្តែក្រណាត់នោះក៏នៅតែមិនស្អាតដដែល ហេតុនោះ វិធីល្អបំផុត គឺ យើងត្រូវព្យាយាមរំលត់សេចក្តីទុក្ខ លាងសម្អាតសេចក្តីទុក្ខឲ្យជ្រះស្រឡះពីខ្លួនយើង ពេលនោះឯង សេចក្តីសុខក៏កើតឡើងដោយស្វ័យប្រវត្តិ " ។
"បពិត្រលោកសមណៈ ! តើមានវិធីអ្វីខ្លះដែលលាងសម្អាតសេចក្តីទុក្ខ? តើយកអ្វីទៅលាងសម្អាតទុក្ខចេញពីខ្លួនយើងទៅ?"
"ម្នាលវិន្ទុកៈ ! កង្វក់របស់ក្រណាត់កើតចេញពីការប្រឡាក់ប្រឡូសដោយទឹកមូត្រនិងលាមក យ៉ាងណា សេចក្តីទុក្ខរបស់យើងក៏កើតចេញពីការប្រឡាក់ប្រឡូសដោយទង្វើកខ្វក់យ៉ាងនោះដែរ ទង្វើកខ្វក់ដែលជាហេតុធ្វើឲ្យមនុស្សរងទុក្ខមាន ៣ យ៉ាង គឺ ទង្វើកខ្វក់តាមផ្លូវកាយនិងវាចាដែលជាហេតុនាំឲ្យកើតសេចក្តីទុក្ខ ១ កិលេសនិងទង្វើកខ្វក់តាមផ្លូវចិត្តដែលជាហេតុនាំឲ្យចិត្តកខ្វក់ ១ ទង្វើឆោតល្ងង់មិនស្គាល់ការពិតដែលជាហេតុនាំឲ្យវង្វេងប្រកាន់មាំ ១ ម្នាលវិន្ទុកៈ ! ទង្វើកខ្វក់តាមផ្លូវកាយនិងវាចា គឺ អ្វី ? គឺ កាយទុច្ចរិត ៣ បានដល់ ការសម្លាប់ជីវិតមនុស្សសត្វ ការលួចទ្រព្យ និង ការប្រព្រឹត្តមោះមិនគប្បីក្នុងកាម វចីទុច្ចរិត ៤ បានដល់ ការនិយាយពាក្យភូតភរ ការនិយាយពាក្យគំរោះគំរើយ ការនិយាយពាក្យញុះញង់ ការនិយាយពាក្យភរភាយ ទាំងនេះឯងហៅថា ទង្វើកខ្វក់តាមផ្លូវកាយនិងវាចាដែលជាហេតុនាំឲ្យកើតសេចក្តីទុក្ខ ដំបូងបំផុត យើងតោងតែលាងសម្អាត ទង្វើកខ្វក់នេះចេញពីខ្លួនយើងសិន"
"បពិត្រលោកសមណៈ ! តើយើងយកអ្វីជាគ្រឿងលាងសម្អាតទង្វើកខ្វក់ប្រភេទនេះ?"
"ព្រះបរមសាស្តាទ្រង់ណែនាំឲ្យរក្សាសីល គឺ ផ្គងវិរតិចេតនា បានដល់ តំណាំងចិត្តគិតនឹងវៀរបង់ចាកទង្វើ គម្រក់ទាំងនេះ បើយើងវៀរបង់បាន មិនធ្វើទង្វើគម្រក់ទាំងនេះ យើងក៏បរិសុទ្ធសា្អតដោយកាយ និង វាចា កាលបើកាយវាចារបស់យើងស្អាតបរិសុទ្ធហើយ សេចក្តីសុខក៏កើតឡើងឯង"
"ចាត់ជាចម្លើយដែលមានហេតុផលស្រួចស្រាល់ណាស់ បពិត្រតេជគុណដ៏ចម្រើន ! ខ្ញុំកណាមិនដែលបានស្តាប់បានឮអ្នកណានិយាយទេ ចុះកិលេសនិងទង្វើកខ្វក់តាមផ្លូវចិត្តវិញ តើយើងលាងជម្រះដោយអ្វីទៅ !
ម្នាលវិន្ទុកៈ ! ទង្វើកខ្វក់តាមផ្លូវកាយនិងវាចា យើងលាងជម្រះបានដោយការគ្រប់គ្រងកាយវាចាយ៉ាងណា មិញ យើងក៏អាចលាងជម្រះទង្វើកខ្វក់តាមផ្លូវចិត្តដោយការគ្រប់គ្រងចិត្តយ៉ាងនោះដែរ កិលេសទាំងឡាយ មានសេចក្តីលោភ តម្រេកត្រអាល កំហឹងកំហល់ រម្ងង់ជាដើម តែងកើតឡើងនៅពេលដែលប៉ះខ្ទប់នឹង វិសភាគារម្មណ៍គ្រឿងអន្ទោកអន្ទោល ដូចជា ភែ្នកឃើញរូបស្អាតតែងកើតមានតម្រេកត្រេកត្រអាលជាដើម បុគ្គលដែលមិនសម្រួមរវាំងឥន្រ្ទីយ៍គឺ ភែ្នក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត បណែ្តតបណ្តោយឲ្យទ្វារទាំងនោះទទួលអារម្មណ៍តាមលំពើងចិត្ត កិលេសទាំងឡាយតែងមានឱកាសកើតឡើងច្រើន ព្រោះហេតុនោះ ព្រះបរមសាស្តារបស់យើងទើបទ្រង់បង្រៀនឲ្យសម្រួមរវាំងឥន្រ្ទីយ៍ជាប្រការទីមួយ កាលបើសង្រួមរវាំងឥន្ទ្រីយ៍បានល្អហើយ កិលេសទាំងឡាយក៏កើតឡើងតិច នៅពេលដែលកិលេសកើតឡើង មិនមានសេចក្តីដឹងខ្លួន ទាំងបណ្តោយឲ្យវាកើតឡើងដោយសេរី កិលេសតែងមានកម្លាំងខ្លាំងក្លាឡើង ភាវៈជាជនគម្រក់តាមផ្លូវចិត្ត ដូចជា គិតរំពៃចង់បានទ្រព្យអ្នកដទៃ គិតព្យាបាទចងអាឃាតអ្នកដទៃ យល់ឃើញខុសចាកគន្លងធម៌ជាដើម ប្រៀបដូចជាចោរដែលចូលទៅតាមទ្វារលួចយកទ្រព្យក្នុងផ្ទះដូច្នោះ បើទ្វារគ្មានឆ្មាំយាមការពារទេ ចោរតែង ចូលទៅធ្វើអំពើទុច្ចរិតបានដោយស្រួល តើអ្វីទៅ គឺ ឆ្មាំយាមសម្រាប់ចាំការពារទ្វារចិត្តមិនឲ្យកម្រើករំពើកបាន ? ឆ្មាំយាមរបស់ចិត្ត គឺ សតិ សេចក្តីភ្ញាក់រលឹកដឹងខ្លួន មិនទ្វេធ្វេស និង សម្បជញ្ញៈ សេចក្តីដឹងខ្លួនហ្នឹងឯង មនុស្សដែលមានសតិសម្បជញ្ញៈចាស់ក្លា កាលបើកិលេសកើតឡើងក៏ដឹងថា កិលេសកើតឡើង ហើយរិះ រកផ្លូវទប់ស្កាត់ ព្រោះហេតុនេះ ព្រះបរមសាស្តារបស់យើងទើបទ្រង់ណែនាំបង្ហាត់បង្រៀនឲ្យហ្វឹកហាត់ សតិសម្បជញ្ញៈ ដោយអប់រំចម្រើនសតិបដ្ឋាន ៤ គឺ កំណត់ដឹងចលនារបស់កាយគ្រប់ចង្វាក់ កំណត់ដឹង វេទនាក្នុងចិត្តគ្រប់ចង្វាក់ កំណត់ដឹងចលនារបស់ចិត្តគ្រប់ចង្វាក់ កំណត់ដឹងគុណភាពនៃចិត្តគ្រប់ចង្វាក់ នេះជាដំណាក់ទី ១ នៅពេលដែលកិលេសកើតឡើងហើយ មនោទុច្ចរិតកើតឡើងហើយ យើងត្រូវលះបង់ចោលដោយការទប់សង្កត់ចិត្តឲ្យស្ងួតស្ងប់ជាក់ប្រាកដទៀងទាត់មានអារម្មណ៍តែមួយ ខ្ជាប់ខ្ជួន បន្ទាប់ពី នោះកិលេសផ្សេង ៗក៏ថ្ងបចុះ ចិត្តក៏ស្អាតបរិសុទ្ធ សេចក្តីសុខក៏កើតឡើងឯង ។
"បពិត្រព្រះតេជគុណដ៏ចម្រើន ! ព្រះតេជគុណពេញជាមានវិធីឈ្លាសវៃអ្វីម្លេះទេ ខ្ញុំកណាកើតបសាទៈសទ្ធានឹងវិធីសាស្រ្តលាងជម្រះកាយនិងចិត្តរបស់ព្រះតេជគុណហើយ ខ្ញុំកណាមុខជានឹងបដិបត្តិតាមវិធីសាស្ត្ររំលត់ទុក្ខទាំងនេះយ៉ាងពិតប្រាកដ ចុះភាពកខ្វក់ប្រការទី ៣ គឺ កម្លៅមិនដឹងការពិតដែលជាហេតុនាំឲ្យច្រឡំប្រកួចប្រកាន់វិញ តេជគុណ ! តើយើងមានវិធីសាស្ត្រលាងជម្រះយ៉ាងណាដែរ ? "
"អវិជ្ជា ឬ កម្លៅមិនដឹងការពិតជាកង្វក់របស់ចិត្តយ៉ាងល្អិត ចំពោះតែសីល ការសម្រួមរវាំងឥន្ទ្រីយ៍ និងសមាធិមិនអាចលាងជម្រះអវិជ្ជាបានទេ ធម្មជាតិដែលអាចលាងជម្រះអវិជ្ជាបាន គឺ បញ្ញា ឬ សេចក្តីយល់ដឹងធម្មជាតិផ្សេង ៗ តាមសភាពពិត យើងត្រូវព្យាយាមបណ្តុះបញ្ញាឲ្យដុះឡើងដោយការស្តាប់ ដោយការគិតពិចារណា និងដោយការអប់រំភាវនា ប្រសិនបើយើងធ្វើបានដូច្នេះជាប្រចាំ យើងនឹងដឹង ការពិតថា ធម្មជាតិទាំងឡាយមិនទៀងទាត់ជាទុក្ខ ជាអនត្តា មិនមែនតួខ្លួនរបស់គេរបស់យើងទេ នៅពេលយល់ដឹងការពិតបែបនេះ ចម្ហោតរម្ងង់ក៏បាត់ទៅឯង បន្ទាប់ពីនោះ យើងក៏លែងភាន់វង្វេងប្រកួច ប្រកាន់ធម្មជាតិអ្វីៗតទៅទៀត កាលបើធម្មជាតិណានីមួយកើតឡើង តាំងនៅ រលត់ទៅតាមសភាវធម៌របស់វា ចិត្តយើងក៏មិនញាប់ញ័រ ចិត្តរបស់យើងក៏ស្អាតបរិសុទ្ធ និងមានសេចក្តីសុខ សរុបសេចក្តីថា ទង្វើកខ្វក់តាមផ្លូវកាយ វាចា និង ចិត្ត បណ្តាលឲ្យកើតមានសេចក្តីទុក្ខ ប្រសិនបើយើងលាងជម្រះទង្វើកខ្វក់តាមផ្លូវកាយវាចាចេញអស់បានដោយសីល លាងសម្អាតទង្វើកខ្វក់តាមផ្លូវចិត្តបានដោយការសម្រួមឥន្ទ្រីយ៍ សតិសម្បជញ្ញៈ និង សមាធិ លាងសម្អាតទង្វើកខ្វក់នៃសន្តានឆោតល្ងង់បានដោយបញ្ញា យើងក៏ស្អាតបរិសុទ្ធរួចផុតចាកទង្វើកខ្វក់ សល់តែកាយវាចាចិត្តដែលស្អាតស្អាន បន្ទាប់ពីនោះ សេចក្តីសុខដ៏បរិសុទ្ធមិនប្រែប្រួលក៏កើតឡើងឯង បុគ្គលបែបនោះទើបអាចប្រកាសឲ្យមនុស្សជាតិទាំងមូល បានដឹងថា ខ្ញុំមានសេចក្តីសុខពេញលេញហើយ"
"អស្ចារ្យមែន ! លោកសមណៈ ! អស្ចារ្យមែន ខ្ញុំកណាមិនដែលបានចូលដល់សេចក្តីស្អាតស្អានតាមផ្លូវកាយ វាចាចិត្តម្តងណាទេ នៅមិនទាន់ចូលដល់សេចក្តីសុខពិតទេ ប៉ុន្តែខ្ញុំកណាក៏យល់ស្របយ៉ាងពេញទំហឹងថា វិធីសាស្ត្ររំដោះទុក្ខរបស់ព្រះតេជគុណពេញជាវិធីសាស្រ្តដ៏ប្រសើរណាស់ អាចយកទៅរំលត់ទុក្ខបានពិតមែន ចាប់ពីថ្ងៃនេះតទៅ ខ្ញុំកណាសូមប្រគល់កាយថ្វាយខ្លួនជាសិស្សរបស់ព្រះតេជគុណ សូមគោរពបូជា ព្រះតេជគុណជាសរណៈទីពឹងផ្លូវចិត្តជារៀងរហូត"
"កុំឡើយ វិន្ទុកៈ ! ពាក្យសម្តីទាំងអម្បាលម៉ានដែលអាត្មាអធិប្បាយបកស្រាយមកនោះ មិនមែនជាគំនិតគិតឃើញរបស់អាត្មាទេ ប៉ុន្តែជាសាសនោវាទរបស់ព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ជាព្រះបរមគ្រូរបស់អាត្មា សូមឲ្យញោមលំឱនចិត្តគិតដល់ព្រះដ៏មានព្រះភាគជាម្ចាស់ព្រះអង្គនោះថាជាទីពឹងទីរលឹកចុះ" ។
មាត់ច្រាំងស្ទឹងស្រ័សវតី
[កែប្រែ]បពិត្រលោកដ៏មានអាយុ ! វិន្ទុកៈបានបន្លឺវាចាដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក ហើយក៏ពោលពាក្យលាដើម្បីធ្វើដំណើរទៅតទៅកាន់ព្រះនគររាជគ្រឹះដើម្បីអើតងើតញាតិសន្តាននិងដើម្បីសិក្សាព្រះធម្មវិន័យបន្ថែមពីសម្នាក់ព្រះទេវទត្តមហាថេរតាមពាក្យណែនាំរបស់ខ្ញុំព្រះករុណា ចំណែកឯចូឡពលវិញក៏មាន បំណងនឹងធ្វើដំណើរទៅក្រុងរាជគ្រឹះដែរ ទើបពោលពាក្យលាខ្ញុំព្រះករុណាដើម្បីរួមធ្វើដំណើរទៅជាមួយនឹងវិន្ទុកៈ ខ្ញុំព្រះករុណាត្រេកអរណាស់ដែលគេអាចក្រឡាស់ចិត្តបាន ព្រោះបើគេនៅធ្វើដំណើរទៅជាមួយនឹងខ្ញុំព្រះករុណា គេនឹងត្រូវលំបាក ខ្ញុំព្រះករុណាបានទេសនាឲ្យអ្នកកម្លោះទាំងពីរនាក់ស្តាប់ញ៉ាំងពួកគេឲ្យត្រេកអរសាទរក្នុងធម្មប្បដិបត្តិ ហើយពួកគេក៏ចេញធ្វើដំណើរតម្រង់ទៅកាន់ក្រុងរាជគ្រឹះ ចំណែកឯខ្ញុំព្រះករុណាវិញកាលបើឈប់សម្រាកពេញចំណង់ហើយ ទាំងមើលឃើញថាដួងអាទិត្យជ្រៀលជ្រេទេរទៅច្រើនហើយ មានរស្មីនិងកម្តៅស្រទំចុះហើយទើបចេញដំណើរតម្រង់ទៅទិសខាងកើត ។
លុះដល់ពេលហៀបនឹងព្រលប់ ដួងអាទិត្យអស្តង្គតរលត់ផុតដងព្រៃទៅហើយ ខ្ញុំព្រះករុណាបានមកដល់ភូមិធំមួយក្បែរមាត់ស្ទឹងស្រ័សវតី ខ្ញុំព្រះករុណាសម្រេចចិត្តថានឹងសិងសម្រាកយប់នៅក្នុងភូមិនេះ អាស្រ័យជាទីគោចរបិណ្ឌបាតនៅពេលព្រឹក មុននឹងចេញដំណើរតទៅទៀត ស្រង់ស្រពរាងកាយក្នុងស្ទឹងហើយក៏ធ្វើដំណើរ ចូលទៅក្នុងភូមិ ហើយបានសួរអ្នកស្រុកថា មានកន្លែងសម្រាប់ឲ្យសមណៈថ្មើរចរមកស្នាក់អាស្រ័យឬទេ ព្រោះជាទូទៅ នៅតាមភូមិស្រុកទូទាំងដែនដីមគធរដ្ឋ អ្នកស្រុកតែងកសាងសាលាសម្នាក់ទុកសម្រាប់ទទួលអ្នកដំណើរផ្លូវឆ្ងាយ នៅក្បែរផ្សារក្នុងភូមិ គេប្រាប់ថាមាន ខ្ញុំព្រះករុណាទើបដើរតម្រង់ទៅកាន់សាលាសម្នាក់ដែលគេណែនាំនោះ ប៉ុន្តែចាត់ជា សំណាងមិនល្អក៏មិនដឹងព្រោះនៅក្នុងសាលា មានអ្នកស្នាក់នៅមុនហើយទាល់តែកកកុញ គ្មានកន្លែងទំនេរសោះ ខ្ញុំព្រះករុណាទើបសួរអ្នកស្រុកថា មានកន្លែងណាទៀតទេដែលល្មមនឹងសមណៈអាចស្នាក់សិងយប់បាន គេណែនាំថានៅទិសខាងជើងនៃភូមិនេះ មានអារាមជាទីមនោរម្យមួយជាទីអាស្រ័យរបស់សន្យាសី អ្នកលះបង់ភេទឃរាវាសចេញរកសេចក្តីស្ងប់ចិត្តក្នុងអវសានកាលនៃជីវិត ខ្ញុំព្រះករុណាទើបសម្រេចចិត្ត ទៅសុំស្នាក់អាស្រ័យភ្លាម ។ លុះខ្ញុំព្រះករុណាដើរមកដល់អារាមរបស់សន្យាសីនោះ ឃើញថាជារមណីយដ្ឋានល្អល្អះពិតតាមពាក្យតំណាលប្រាប់ ព្រោះទីកន្លែងនោះជាទួលខ្សាច់ស្អាតស្រឡះ មានដើមស្វាយជាព្រៃទ្រុបទ្រុល មានមែកនិងស្លឹកបិទបាំងរាំងជាដំបូលខាងលើ ខ្ញុំព្រះករុណាបានសង្កេតឃើញខ្ទមរប៉ិករប៉ុករបស់ពួកសន្យាសីតាំងនៅរតិបរតុបត្រង់ចន្លោះដើមស្វាយ ខ្ញុំព្រះករុណាដើរតម្រង់ទៅរកសន្យាសី ១ រូប ដែលកំពុងអង្គុយបូជាភ្លើងដោយឈើចន្ទន៍នៅខាងមុខខ្ទមហើយសួរថា
"បពិត្រអ្នកទ្រទ្រង់ព្រត ! ខ្ញុំកូរណាជាអ្នកដើរផ្លូវឆ្ងាយមកដល់អារាមនេះក្នុងពេលជិតក្បាលព្រលប់ តាំងចិត្ត ថានឹងឈប់សម្រាកនៅទីនេះ បើលោកម្ចាស់មិនយល់ទាស់ទេ ខ្ញុំកូរណាចង់នឹងឈប់សម្រាកនៅទីនេះមួយយប់" ។
សន្យាសីជរាម្ចាស់ខ្ទមឆ្លើយដោយមិនមើលមុខខ្ញុំព្រះករុណាថា "សូមនិមន្តទៅចរចាជាមួយនឹងសន្យាសីយមទគ្នីជាប្រធានរបស់យើងឯខ្ទមនោះចុះ"ពោលហើយក៏ចង្អុលដៃទៅ កាន់ខ្ទមធំ ១ ខ្នងដែលតាំងនៅលើទួលខ្សាច់ខ្ពស់ជាងគេ ។ នៅពេលដើរទៅដល់ខ្ទមខ្នងនោះ ក៏បានជួបនឹងសន្យាសីយមទគ្នីកំពុងអង្គុយបូជាភ្លើងដូចគ្នា គាត់ជាអ្នកព្រតជរាមានសក់និងពុកមាត់ពុកចង្កាពណ៌សសំពោង មានខ្លួនននលគក បិទបាំងអវយវៈខាងក្រោមដោយក្រណាត់ជ្រលក់ទឹកអម្ចត់ផ្ទាំងតូច អង្គុយវាចវីផេះ បរិកម្មរអិចរអូចនូវអ្វីម្យ៉ាង កាលបើបានឮសម្លេងខ្ញុំព្រះករុណាដើរចូលមកជិត គាត់ទើបបើកភ្នែកឡើង ហើយក៏សម្លឹងមើលខ្ញុំព្រះករុណាដោយកែវភ្នែកដ៏មុតស្រួចដូចភ្នែកស្ទាំង
"តើលោកជាអ្នកណា? មកពីណា?" អ្នកព្រតជរាសួរដោយសម្លេងតឹងក
"ខ្ញុំកូរណាជាសមណៈសក្យបុត្រ ធ្វើដំណើរដើរផ្លូវមកពីក្រុងរាជគ្រឹះ តាំងចិត្តថានឹងសុំអនុញ្ញាតលោកម្ចាស់សម្រាកក្នុងអារាមនេះបាន ១ យប់ មុននឹងចេញធ្វើដំណើរតទៅទៀត" យមទគ្នីចាប់ច្បាមមូលគោស្ងួតដាក់ចូលទៅក្នុងភ្លើង សូធ្យគាថា លើកដៃសំពះហើយពោលថា ៖
"លោកជាអ្នកបួសក្រៅលទ្ធិរបស់យើង ជាសិស្សរបស់សាស្តាអង្គផ្សេង មិនអាចសម្រាកនៅទីនេះបានទេ សូមនិមន្តចៀសចេញទៅស្វែងរកទីស្នាក់ដទៃតាមបំណងចុះ" ពោលហើយក៏សូធ្យបរិកម្មគាថាតទៅ
"បពិត្រអ្នកទ្រទ្រង់ព្រត ! " ខ្ញុំព្រះករុណានិយាយតទៅទៀត "បើទុកជាខ្ញុំកូរណាជាអ្នកបួសក្នុងសាសនាដទៃ ប៉ុន្តែខ្ញុំកូរណាក៏ជាអ្នកបួសលះបង់លោកិយវិស័យស្វែងរកសេចក្តីស្ងប់ផ្លូវចិត្តដូចយ៉ាងលោកម្ចាស់ដែរ គោតែងរត់ទៅរកហ្វូងគោ ដំរីតែងរត់ទៅរកហ្វូងដំរី សមណៈក៏តែងតែរត់ទៅរកសមណៈដូចគ្នាដែរ សូមមេត្តាអនុញ្ញាតឲ្យខ្ញុំកូរណាបានសម្រាកផងចុះ អ្នកទ្រទ្រង់ព្រត ! ព្រោះពេលថ្មើរនេះហៀបនឹងព្រលប់ហើយ" សន្យាសីជរាបើកភ្នែកឡើងសម្លឹងមើលខ្ញុំព្រះករុណាដោយកែវភ្នែកសម្តែងបដិឃចិត្ត ហើយពោលថា ៖
"អារាមរបស់យើងមានបទបញ្ជាថា មិនអនុញ្ញាតឲ្យអ្នកបួសខាងក្រៅចូលមកស្នាក់អាស្រ័យជាដាច់ខាត សន្យាសីជាប្រមុខនៃអារាមនេះកាលពីមុនបានបញ្ញត្តបទបញ្ជានេះទុក ព្រោះអាស្រ័យស្រុតិ (message) ដែលបានស្តាប់មកពីព្រះព្រហ្មជាម្ចាស់របស់យើងមួយតំណទៀត ព្រោះហេតុនោះ បទបញ្ជានេះទើបមិនមែនជាបទបញ្ជារបស់មនុស្សទេ ប៉ុន្តែជាបទបញ្ជារបស់ព្រះព្រហ្មជាម្ចាស់ហ្នឹងឯង"
លុះបានស្តាប់ពាក្យបរិយាយរាយរាប់របស់សន្យាសីជរាហើយ ខ្ញុំព្រះករុណាក៏បានដឹងភ្លាមថា អ្នកបួសទាំងនេះ គោរពរាប់អានព្រះព្រហ្មជាសរណៈ បំពេញតបធម៌ដើម្បីចូលដល់ព្រះព្រហ្មតទៅទៀត ខ្ញុំព្រះករុណាទើបសួរថា "បពិត្រអ្នកទ្រទ្រង់ព្រត ! ខ្ញុំកូរណាបានចេះមកពីឫគវេទបុរាណថា ព្រះព្រហ្មជាម្ចាស់ទ្រង់ជាអភិទេព ទ្រង់ស្ថិតនៅជានិរន្តរ គ្មានខាងដើម គ្មានខាងចុងទេ ទ្រង់ជាអ្នកបង្កើតអ្វីៗទាំងពួង អញ្ចឹងមែនទេ?"
"អញ្ចឹងមែន លោកសមណៈ ! លោកយល់ហ្នឹងត្រឹមត្រូវហើយ ព្រះព្រហ្មជាម្ចាស់ទ្រង់បង្កើតអ្វីៗទាំងពួងរួមទាំងមនុស្សនិងសត្វ ព្រមទាំងខ្ញុំកូរណានិងលោកផង" នៅពេលដែលសន្យាសីជរាបើកឱកាសឲ្យខ្ញុំព្រះករុណាបែបនោះ ខ្ញុំព្រះករុណាទើបនិយាយឡើងថា ៖
"ប្រសិនបើព្រះព្រហ្មជាម្ចាស់ទ្រង់បង្កើតខ្ញុំកូរណានិងលោកម្ចាស់មក នុះសម្តែងថា ខ្ញុំកូរណានិងលោកម្ចាស់ ក៏ជាបុត្ររបស់ព្រះព្រហ្មដែរ មានព្រះបិតាជាមួយគ្នា កាលបើដូច្នេះ យើងក៏អាចរស់នៅក្នុងកន្លែងរួមគ្នាបាន ខ្ញុំកូរណាគួរនឹងស្នាក់នៅក្នុងអារាមរបស់លោកម្ចាស់បាន" សន្យាសីជរាអង្គុយទ្រមឹងសម្លឹងមើលមុខខ្ញុំព្រះករុណាមួយស្របក់ហើយពោលថា ៖
"ថ្វីបើយើងទាំងពីរជាបុត្ររបស់ព្រះបិតាអង្គតែមួយក៏ដោយ ប៉ុន្តែថាលោកជាបុត្ររមិលគុណ មិនគោរពរាប់អានព្រះបិតា ហេតុនោះមិនគួរនឹងស្នាក់អាស្រ័យក្នុងអារាមរបស់ព្រះអង្គទេ"
"បពិត្រអ្នកទ្រទ្រង់ព្រត ! លោកម្ចាស់អាស្រ័យហេតុផលអ្វីបានជាអះអាងថាខ្ញុំកូរណាជាបុត្ររមិលគុណ មិនគោរពរាប់អានព្រះបិតា?"
"ចុះលោកជាសមណសក្យបុត្រ សាវ័ករបស់ព្រះសមណគោត្តមមែនទេ?"សន្យាសីយមទគ្នីសួរឡង
"មែន ខ្ញុំកូរណាជាសាវ័ករបស់ព្រះសមណគោត្តម ជ្រះថ្លានិងបដិបត្តិតាមពាក្យប្រាមប្រៀនរបស់ព្រះសមណគោត្តម ប៉ុន្តែនៅពេលជាមួយគ្នានោះ ខ្ញុំកូរណាក៏បដិបត្តិតាមព្រះបំណងរបស់ព្រះព្រហ្មជាម្ចាស់ដែរ"
"បដិបត្តិយ៉ាងម៉េច?" យមទគ្នីសួរដោយចម្លែកចិត្ត
"ខ្ញុំកូរណាសូមសួរលោកម្ចាស់សិនថា ពិភពលោកនេះតែងកើតឡើងនិងប្រព្រឹត្តទៅតាមព្រះបញ្ជារបស់ព្រះព្រហ្មជាម្ចាស់មែនទេ?"
"មែន គ្មានអ្វីណានីមួយដែលកើតឡើងដោយខ្លួនឯងនិងប្រព្រឹត្តទៅដោយខ្លួនឯងក្រៅតែពីអំណាចរបស់ព្រះអង្គទេ"
"បើអញ្ចឹង អ្វីៗដែលកើតឡើងរួចហើយ ទោះល្អក្តី អាក្រក់ក្តី ត្រូវក្តី ខុសក្តីសុទ្ធតែកើតឡើងតាមអំណាចនិម្មិតរបស់ព្រះព្រហ្មទាំងអស់ ដូចជា គោជាសត្វមានគុណចំពោះមនុស្ស ឲ្យបញ្ចគោរសដល់មនុស្ស ក៏កើតឡើងព្រោះការនិម្មិតរបស់ព្រះព្រហ្មដែរ ខ្លាជាសត្វគ្រោះថ្នាក់ដល់មនុស្សក៏កើតឡើងព្រោះការនិម្មិតរបស់ព្រះព្រហ្មមែនទេ ឬថា ព្រះអង្គទ្រង់បង្កើតតែអ្វីដែលល្អមានប្រយោជន៍សុខដល់មនុស្សប៉ុណ្ណោះឬ?"
"ព្រះអង្គទ្រង់បង្កើតអ្វីៗសព្វយ៉ាងទាំងមានគុណតម្លៃដល់មនុស្សទាំងមានគ្រោះថ្នាក់ដល់មនុស្ស" យមទគ្នីអះអាង
"ប្រពៃណាស់ អ្នកព្រត ! សូមចាំពាក្យសម្តីរបស់លោកម្ចាស់ឲ្យបានល្អ កាលបើអ្វីៗសព្វយ៉ាងកើតឡើងពីព្រះ ព្រហ្មជាម្ចាស់ ព្រះពុទ្ធសាសនាចាត់ជាពាក្យប្រាមប្រៀនមួយបែបដែលកើតឡើងហើយតាំងនៅ ក៏កើតឡើងពីការនិម្មិតរបស់ព្រះព្រហ្មជាម្ចាស់ដែរមែនទេ?"
អ្នកព្រតជរាទំនងជាទញ់ទាល់នឹងហេតុផលរបស់ខ្ញុំព្រះករុណាឬយ៉ាងណាក៏មិនដឹង ប្រាកដឃើញថា អ្នកព្រតនោះយកកំណាត់ឈើចន្ទន៍ខ្នាតតូចវីវាចភ្លើងលេងទៅមក បើទុកជាខ្ញុំព្រះករុណាសួរបញ្ជាក់ដល់ទៅ ២ ដងក៏ដោយ ក៏មិនឆ្លើយដែរ ខ្ញុំព្រះករុណាទើបឆ្លើយថា "បពិត្រអ្នកទ្រទ្រង់ព្រត ! ណ្ហើយចុះ ! ខ្ញុំកូរណាប្រកាន់ យកតុណ្ហីភាពរបស់លោកម្ចាស់ជាចម្លើយថា ព្រះពុទ្ធសាសនាក៏ជាសមិទ្ធផលនិមិ្មតរបស់ព្រះព្រហ្មដែរ កាលបើ ព្រះព្រហ្មបង្កើតព្រះពុទ្ធសាសនាមក ព្រះអង្គប្រហែលជាមានគោលបំណងណាមួយក្នុងព្រះទ័យ ការដែលព្រះពុទ្ធសាសនាស្ថិតនៅបាន សបញ្ជាក់ឲ្យឃើញថា ព្រះព្រហ្មទ្រង់នៅជួយថែរក្សា ការដែលខ្ញុំកូរណាបែរមកជ្រះថ្លា និងបួសក្នុងព្រះពុទ្ធសាសនា ក៏ព្រោះតែការនិម្មិតរបស់ព្រះអង្គ ការដែលខ្ញុំកូរណាបដិបត្តិតាមគោលបំណងរបស់ ព្រះព្រហ្មយ៉ាងប្រិតប្រៀងយ៉ាងនេះ ម៉េចក៏ហៅខ្ញុំកូរណាថាជាបុត្ររមិលគុណទៅបាន? "
អ្នកព្រតជរាលើកដៃស្បូតពុកចង្កាដ៏សសំព្រុស សម្លឹងភ្នែកមើលមែកស្វាយខាងលើជាឧបាយគិតដង្វិន ហើយពោលថា "ពិតដូចពាក្យលោកមែន ខ្ញុំកូរណាភ្លេចគិតដល់ចំណុចនេះទៅ ព្រះព្រហ្មជាម្ចាស់មានសក្តានុពល និងជ្រៅជ្រុលហួសវិស័យមនុស្សនឹងកាត់យល់បាន ព្រះអង្គបង្កើតអំពើល្អ ប៉ុន្តែព្រះអង្គក៏បង្កើតអំពើអាក្រក់ជាធម្មជាតិគូនឹងគ្នា ព្រះអង្គទ្រង់បង្កើតអ្នកប្រាជ្ញប៉ុន្តែព្រះអង្គក៏មិនភ្លេចបង្កើតមហាចោរដែរ ព្រះអង្គបង្កើតមនុស្សដែលគោរពបូជាសរសើរព្រះអង្គ ប៉ុន្តែព្រះអង្គក៏មិនភ្លេចបង្កើតមនុស្សដែលជេរព្រះអង្គដែរ ទាល់តែអញ្ចឹងទៅខ្ញុំកូរណាក៏មិនយល់ដែរ "ពោលហើយយមទគ្នីគ្រវីក្បាលយ៉ាងទន់រងួយ
"ណ្ហើយចុះ ! លោកសមណៈ ! យ៉ាងណាយ៉ាងណីលោកក៏ជាបុត្ររបស់ព្រះព្រហ្មដែរ ទោះបីជាអ្នកបួសក្រៅសាសនាក៏ដោយក៏ប្រព្រឹត្តទៅតាមការនិម្មិតរបស់ព្រះព្រហ្ម ចាត់ទុកបានថាលោកបានបដិបត្តិខ្លួនតាម សេចក្តីបា្រថ្នារបស់ព្រះអង្គដែរ ខ្ញុំកូរណាអនុញាតឲ្យលោកស្នាក់នៅក្នុងអារាមរបស់យើងតាមបំណងចុះ នៅឯជ្រុងខាងណោះមានកុដិនៅទំនេរមួយខ្នងសូមនិមន្តលោកទៅសិងសម្រាកតាមអធ្យាស្រ័យចុះ" ខ្ញុំព្រះករុណាពោលពាក្យអរគុណអ្នកព្រតជរា ពោលពាក្យនមស្ការលាហើយក៏ដើរទៅសម្រាកនៅឯកុដិទំនេរនោះ នាកាលដែលខ្ញុំព្រះករុណាទុកបាត្រនិងចីពរនៅកន្លែងសមគួរហើយ ខ្ញុំព្រះករុណាក៏អង្គុយបង្អោនចិត្តគិតនឹកភ្នកដល់ព្រះបរមសាស្តា បន្លឺវាចាសរសើរព្រះពុទ្ធគុណ ព្រះធម្មគុណ និង ព្រះសង្ឃគុណដោយខ្សឹបៗ ហើយក៏ផ្តោតសម្រួមចិត្តត្រួតពិនិត្យមើលកិច្ចវត្ត និងការរក្សាសីលរបស់ខ្លួនពេញមួយថៃ្ងនោះថា តើមានអ្វីខ្ចោះខ្វះចន្លោះខ្លះ កាលបើឃើញថាគ្មានអ្វីខូចខាតទេក៏កើតបីតិបា្រមោទ្ធឡើងក្នុងចិត្ត ខ្ញុំព្រះករុណា តាំងចិត្តឧទ្ទិសចំណែកបុណ្យកុសលនោះជូនដល់ញោមប្រុសញោមស្រី គ្រូវិទ្យាចារ្យ រុក្ខទេវតាដែលអាចសណ្ឋិតនៅក្នុងព្រៃស្វាយនេះរហូតដល់សព្វសត្វក្នុងត្រៃភពហើយក៏ទម្រេតកាយចុះសិងផ្អៀងខាងស្តាំ ដោយយកជើងទាំងពីរផ្ទឹមលើគ្នាបែបសីហសេយ្យាសន៍ តាំងចិត្តថានឹងក្រោកឡើងដើម្បីបំពេញព្យាយាម ក្នុងខាងដើមនៃបច្ឆិមយាម
ម្នាលលោកដ៏មានអាយុ ! នៅពេលដែលខ្ញុំព្រះករុណាហៀបនឹងសិងលក់នោះឯង ខ្ញុំព្រះករុណាក៏ភ្ញាក់ព្រើតឡើងនិងស្ទុះក្រោកអង្គុយ ព្រោះបានឮសម្លេងអ្នកណាម្នាក់មកឈរស្រែកហៅនៅខាងមុខកុដិ ខ្ញុំព្រះករុណាយកដៃញីភ្នែក សម្លឹងមើលជ្រែកសមន្ធការចេញទៅរកសម្លេងនោះ ក៏ប្រទះឃើញប្រុសជរាសក់សសំព្រុស ពុកមាត់ពុកចង្កាស្រមូមស្រមាម ឈរនៅឯទ្វារកុដិ ។
ជីវិតសន្យាសី
[កែប្រែ]ម្នាលលោកដ៏មានអាយុ ! នៅពេលដឹងថាភ្ញៀវរាត្រីកាលជាសន្យាសីយមទគ្នី ខ្ញុំព្រះករុណាក៏ហាមាត់អារាធនា ឲ្យលោកចូលមកអង្គុយខាងក្នុង អ្នកព្រតជរាផ្តេកឈើច្រត់ទុកក្បែរខាងកុដិ ក្រាលកម្រាលស្បែកខ្លាលើផ្ទៃហើយក៏អង្គុយចុះដោយអាការល្វតល្វើយបែបមនុស្សចាស់ "ខ្ញុំកូរណានៅជាប់ចិត្តដិតអារម្មណ៍នឹងពាក្យសម្តីរបស់លោកពេលមកសុំស្នាក់អាស្រ័យ ចង់នឹងសន្ទនាប្រាស្រ័យជាមួយ ទើបមកជួបនឹងលោកម្តងទៀត"
"ខ្ញុំកូរណាក៏ត្រេកអរនឹងសន្ទនាជាមួយនឹងលោកម្ចាស់ដែរ" ខ្ញុំព្រះករុណាឆ្លើយតប "ព្រោះយូរៗម្តងទើបមានឱកាសបានជួបនិងសន្ទនាជាមួយនឹងអ្នកព្រតដែលចម្រើនដោយគុណវុឌ្ឍិ និងបញ្ញាវុឌ្ឍិអម្បាលយ៉ាងលោកម្ចាស់ បើទុកជាយើងផ្សេងគ្នាដោយភេទនិងសាសនាក៏ដោយ ប៉ុន្តែយើងក៏ជាសមណៈដែលវៀរបង់ចាកបាបអកុសលនិងកង្វល់លោកីយ៍ដែរ ជួនកាលយើងអាចផ្តោះផ្តូរចំណេះដឹងដ៏មានតម្លៃចំពោះគ្នានិងគ្នាក៏បាន លោកម្ចាស់មានអ្វីនឹងសន្ទានសាកសួរខ្ញុំកូរណា ក៏សូមនិមន្តសួរមកចុះ"
"អរគុណលោក" អ្នកព្រតជរាឆ្លើយតប មានសញ្ញានៃបីតិកើតឡើងលើផ្ទៃមុខដ៏ជ្រីវជ្រួញ
"ដោយការសង្កេតមើលការគ្រងសំពត់កាសាវពស្តុរបស់លោក ខ្ញុំកូរណាល្មមនឹងទស្សន៍ទាយបានថា លោកជាសមណសក្យបុត្របួសឧទិ្ទសព្រះសមណគោត្តមមែនទេ?" នៅពេលដែលខ្ញុំព្រះករុណាឆ្លើយថាមែន សន្យាសីជរាក៏និយាយតទៅទៀតថា "ខ្ញុំកូរណាបានស្តាប់ឮមកជាច្រើនទាក់ទងនឹងកិត្តិគុណរបស់ព្រះសមណគោត្តមព្រះអង្គនោះ ប៉ុន្តែខ្ញុំកូរណាមិនទាន់មានឱកាសបានជួបព្រះភក្ត្រនិងបានស្តាប់ពាក្យប្រៀនប្រដៅរបស់ព្រះអង្គទេ ព្រោះខ្ញុំកូរណាចាស់ទុរន់ទុរាច្រើនហើយ គ្មានកម្លាំងល្មមនឹងធ្វើដំណើរទៅគាល់ព្រះអង្គបានទេ ម្យ៉ាងទៀត ខ្ញុំកូរណាខ្លួនឯងក៏នៅមិនទាន់ប្រាកដក្នុងចិត្តថាពាក្យប្រៀនប្រដៅរបស់ព្រះអង្គល្អត្រឹមត្រូវដូចយ៉ាងពាក្យប្រៀនប្រដៅរបស់យើងដែលបណ្តាមុនីឥសី តាំងពីបុរាណស្តាប់ឮពីព្រហ្ម័នដោយផ្ទាល់ឬអត់ទេ" កាលបើបានស្តាប់ឮពាក្យសម្តីវគ្គចុងក្រោយរបស់អ្នកព្រតជរា ខ្ញុំកូរណាក៏ដឹងបានភ្លាមថា លោកនិយាយដោយអំណាចទិដ្ឋិមានះ ដោយគំហើញថាលទ្ធិរបស់ខ្លួនរមែងប្រសើរជាង ត្រឹមត្រូវជាង ខ្ពង់ខ្ពស់ជាងលទ្ធិ ដទៃជាដរាប ខ្ញុំព្រះករុណាមិនត្រូវការនឹងប្រណាំងប្រជែងពាក្យសម្តីជាមួយនឹងសន្យាសីយមទគ្នីនៅពេលនោះទេ ប៉ុន្តែត្រូវការយល់ដឹងសេចក្តីលម្អិតអំពីលទ្ធិរបស់លោកសិន ទើបនិយាយឡើងថា
"បពិត្រអ្នកទ្រទ្រង់ព្រត ! ខ្ញុំកូរណាខ្លួនឯងសូមសារភាពថា ខ្ញុំកូរណាមានចំណេះយល់ដឹងតិចតួចក្នុងលទ្ធិ ចាស់ទុំរបស់លោកម្ចាស់ ហើយមិនសូវមានឱកាសបានសិក្សាទេកាលពីនៅក្នុងវ័យព្រហ្មចារីគួរតែបានសិក្សា ជីវិតរបស់ខ្ញុំកូរណាពេលនោះរសាត់អណ្តែងសែតអញ្ជង់ត្បិតកើតក្នុងគ្រួសារកម្សត់ទុគ៌ត នៅពេលចូលបួស ក្នុងព្រះធម្មវិន័យរបស់ព្រះបរមសាស្តាហើយ ក៏សំភីរៀនសូធ្យនិងបដិបត្តិខ្លួនតែក្នុងលទ្ធិនោះតែម្យ៉ាង ចាត់ទុកបានថាជាលាភរបស់ខ្ញុំកូរណាដែលបានមកជួបនឹងលោកម្ចាស់នៅយប់នេះ បើលោកម្ចាស់មិនយល់ទាស់ទេ ខ្ញុំកូរណាសូមសួរសំណួរអំពីលទ្ធិរបស់លោកម្ចាស់ដើម្បីសិក្សាប្រៀបធៀបនឹងលទ្ធិរបស់ខ្ញុំកូរណា" អ្នកព្រតជរាពោលដោយទឹកមុខញញឹមញញែមថា
"សូមនិមន្តសួរតាមអធ្យាស្រ័យចុះ លោកដ៏មានអាយុ ! ខ្ញុំកូរណាត្រេកអរនឹងស្វាធ្យាយឲ្យស្តាប់តាមចំណេះដឹងនិងសមត្ថភាព" ខ្ញុំព្រះករុណាអរគុណយមទគ្នីហើយសួរសំណួរដំបូងថា "ខ្ញុំកូរណាចង់ដឹងរឿងខ្លះអំពីប្រវត្តិលោកម្ចាស់ តើលោកម្ចាស់លះបង់ឃរាវាសវិស័យ ចេញទ្រទ្រង់ជីវិតបរិសុទ្ធនេះតាំងពីអង្កាល់មក?"
អ្នកព្រតជរាអង្គុយទ្រឹងស្ងៀមជាឧបាយគិតជញ្ជឹងរំលឹកស្មារតីចងចាំមួយស្របក់ហើយក៏ឆ្លើយថា
"យូរក្រែលមកហើយ លោកមានអាយុ ! តាំងពីខ្ញុំកូរណាអាយុ ១៦ ឆ្នាំម្លេះ ពេលនេះ ខ្ញុំកូរណាអាយុ ៨០ ឆ្នាំហើយ ព្រោះហេតុនោះខ្ញុំកូរណាទើបស្ថិតនៅក្នុងសមណភេទមកហើយមិនតិចជាង ៦០ ឆ្នាំទេ លោកអាចនឹងចម្លែកចិត្តថាហេតុអ្វីបានជាខ្ញុំកូរណាលះបង់លោកិយវិស័យតាំងពីយុវភាពបែបនេះ ព្រោះតាមធម្មតា កុលបុត្រនឹងចេញទៅកាន់សមណវិស័យលុះណាតែចូលដល់វ័យជរា មានភរិយានិងបុត្រជាហ្លាក់ឋានមាំមួនហើយតាមគោលការណ៍របស់ព្រះមនូ បុរសត្រូវឆ្លងកាត់រយៈកាលទាំង ៤ របស់ជីវិត គឺ ព្រហ្មចារី គ្រហស្ថ វនប្រ័ស្ថ និង សន្យាសី ប៉ុន្តែដោយហេតុតែខ្ញុំកូរណាជាមនុស្សវណ្ណៈព្រាហ្មណ៍ទើបលោតរំលងគ្រហស្ថនិងវនប្រ័ស្ថមកជាសន្យាសីតែម្តង មូលហេតុដែលខ្ញុំកូរណាលះបង់ឃរាវាសវិស័យតាំងពីតរុណភាព ក៏ព្រោះមានហេតុភេទគួរឲ្យ សង្វេគចិត្តកើតឡើងក្នុងជីវិតរបស់ខ្ញុំកូរណា ពោលគឺ នៅពេលនោះ ព្រះអាទិទេពបានដាក់ទោសភូមិរបស់យើង ដោយបញ្ជូនខ្មោចព្រាយបិសាចកំណាចចុះមកផ្តាច់ផ្តិលជីវិតមនុស្ស មាតាបិតារបស់ខ្ញុំកូរណាបានទទួលអនិច្ចកម្មនៅពេលាស្របាក់ស្របាលគ្នា ញ៉ាំងសោកនាដកម្ម សង្វេគស្លុតចិត្តនិងធុញទ្រាន់លោកិយវិស័យឲ្យកើតឡើងដល់ខ្ញុំកូរណាយ៉ាងខ្លាំង ខ្ញុំកូរណាទើបសម្រេចចិត្តចេញបួសជាសន្យាសីតាំងពីពេលនោះមក"
"ឃើញថា ជីវិតរបស់លោកម្ចាស់មានប្រវត្តិស្រដៀងនឹងជីវិតរបស់ខ្ញុំកូរណាដោយច្រើន"ខ្ញុំព្រះករុណានិយាយបន្ទរ "មានចំណុចខ្លះផ្សេងគ្នាត្រង់ចេញកាន់សមណភេទ លោកម្ចាស់ចេញបួសព្រោះសេចក្តីសង្វេគស្លុតចិត្ត ហើយចេញបួសដោយខ្លួនឯង ប៉ុន្តែខ្ញុំកូរណាចេញបួសព្រោះបានស្តាប់អនុសាសនីរបស់អ្នកដទៃ ប៉ុន្តែខ្ញុំកូរណាចង់ទូលសួរតទៅទៀតថា ក្នុងការកាន់ភេទជាសន្យាសីនោះ តើមានពិធីបដិបត្តិដូចម្តេចខ្លះ?" អ្នកព្រតជរាសម្លឹងមើលមុខខ្ញុំព្រះករុណាយ៉ាងញឹមៗហើយនិយាយថា
"ឃើញថា លោកគ្មានចំណេះដឹងអំពីពិធីកម្មចាស់ទុំរបស់យើងសោះ ប៉ុន្តែណ្ហើយចុះ កាលបើលោកមិនដឹង ខ្ញុំកូរណានឹងតំណាលឲ្យស្តាប់"
"ខ្ញុំកូរណាមិនដឹងពិតមែន ព្រោះមិនដែលរៀនមក"ខ្ញុំព្រះករុណាអះអាង
"កាលបើសម្រេចចិត្តលះបង់លោកិយវិស័យពិតប្រាកដហើយ ខ្ញុំកូរណាក៏ទៅរកគ្រូពិធីកម្មនិងអញ្ជើញ ព្រាហ្មណាចារ្យក្នុងភូមិរបស់ខ្លួននិងភូមិជិតខាងមកជាកសិណសាក្សី ខ្ញុំកូរណាត្រូវចាត់ត្រៀមកាសាវពស្តុ ពណ៌លឿងទុំ ១០ ផ្ទាំង ហើយ ៤ ផ្ទាំងសម្រាប់ខ្លួនឯងគ្រង ៦ ផ្ទាំទៀតឲ្យជាទានដល់ព្រាហ្មណ៍ ខ្ញុំកូរណាត្រូវ ចាត់ត្រៀមធ្វើទំពក់ឫស្សីដែលមាន ៧ ថ្នាំង មានប្រវែងស្មើនឹងកម្ពស់របស់ខ្ញុំកូរណា ១ កង់សម្រាប់កាន់ ភ្ជាប់ទៅជាមួយនឹងខ្លួនសព្វកន្លែង ខ្ញុំកូរណាត្រូវចាត់ត្រៀមរកកម្រាលខ្លារខិន ខ្លាល្មង់ និងខ្លាំដំបង ១ ផ្ទាំងសម្រាប់ក្រាលគង់និងសិង ចាត់រកទ្រនាប់ជើងឈើនិងឆ្នាំងស្ពាន់ ១ សម្រាប់ដួសទឹកប្រើនិងទឹកឆាន់ ឈើច្រត់ ស្បែកខ្លា និង ឆ្នាំងស្ពាន់នេះចាត់ទុកថាជាបរិក្ខារប្រចាំខ្លួនរបស់សន្យាសីដោយផ្ទាល់ ខ្វះយ៉ាងណា នីមួយមិនបានទេ បើខូចបង់ឬខាតបង់ទៅត្រូវប្រញាប់រកថ្មីមកជំនួស ក្នុងកំលុង ៧០ ឆ្នាំប្លាយក្នុង សមណភេទនេះ ខ្ញុំកូរណាត្រូវផ្តាស់ប្តូរបរិក្ខារជាច្រើនដង កាលបើចាត់ត្រៀមបរិក្ខារសំខាន់ ៣ យ៉ាងនេះរួច រាល់ហើយ ក៏ត្រូវចាត់រកគ្រឿងសម្ភារៈរាយរងដែលនឹងធ្វើជាពិធីទៀត ដូចជា កាសប្រាក់ ឬ កាសស្ពាន់ ផ្កាក្រអូម ឈើចន្ទន៍ និងវត្ថុដែលមិនអាចខ្វះបាន គឺ បញ្ចគាវី"
នៅពេលដែលថ្ងៃពិធីមកដល់ ខ្ញុំកូរណានឹងចូលទៅកាន់បារាំពិធីនៅកណ្តាលជំនុំគ្រូនិងព្រាហ្មណ៍ជាច្រើន ពិធីចាប់ផ្តើមដោយគ្រូព្រាហ្មណ៍ប្រកបពិធីបូជាភ្លើង ហើយសូធ្យគាថានិងពាក្យណែនាំផ្សេងៗអំពីជីវិតសន្យាសី ដោយសម្លេងខ្សេវៗត្រង់ត្រចៀករបស់ខ្ញុំកូរណា រួចហើយគ្រូព្រាហ្មណ៍ក៏បញ្ជាឲ្យខ្ញុំកូរណាដោះសម្លៀកបំពាក់គ្រហស្ថចេញ ឲ្យស្លៀកដណ្តប់សំពត់កាសាវពស្តុរបស់សន្យាសីជំនួសវិញ បន្ទាប់ពីនោះ ខ្ញុំកូរណាក៏ត្រដោះខ្សែស្ពាយរបស់ព្រាហ្មណ៍និងកំប៉ោយលើសីសៈដែលជាសញ្ញាសម្គាល់របស់ព្រាហ្មណ៍ចេញ សម្តែងថាខ្ញុំកូរណាមិនជាប់ចំពាក់ក្នុងវណ្ណៈណាៗទៀតទេ ប៉ុន្តែជាសន្យាសីដែលខ្ពស់ជាងភេទណាៗទាំងអស់ ក្នុងកំលុងដែលខ្ញុំកូរណាធ្វើកិច្ចទាំងនេះ គ្រូព្រាហ្មណ៍ក៏សូធ្យមន្តផ្សេងៗកំដរផងដើម្បីសេចក្តីសក្តិសិទ្ធិរបស់ពិធី បន្ទាប់មក ខ្ញុំកូរណាក៏យកឈើច្រត់មកកាន់ក្នុងដៃម្ខាង ដៃម្ខាងទៀតកាន់ឆ្នាំងស្ពាន់ដែលមានទឹកពេញ ត្បៀតកម្រាលស្បែកខ្លាក្រោមដៃម្ខាង ឆាន់បញ្ចគាវី ៣ ដង ហើយឆាន់ទឹកពីឆ្នាំងទឹកខ្លះ រួចហើយគ្រូព្រាហ្មណ៍បង្រៀនឲ្យខ្ញុំកូរណាសូធ្យមន្តបទខ្លះ ក៏ចប់ពិធី តាំងពីពេលនោះមក ខ្ញុំកូរណាក៏ក្លាយទៅជាសន្យាសីរហូតមួយជីវិត ពិធីទាំងអស់ចប់ទៅដោយការជូនទេយ្យវត្ថុផ្សេងៗដល់គ្រូព្រាហ្មណ៍និងព្រាហ្មណ៍ជាកសិណសាក្សីទាំងឡាយ ។ អ្នកព្រតជរាសម្តែងអាការរាងដូចជានឿយហត់បន្តិច ក្រោយពីតំណាលពិធីឧបសម្បទាជាសន្យាសីរបស់ខ្លួនចប់ហើយ
"ខ្ញុំកូរណាសូមអភ័យទោសដែលធ្វើឲ្យលោកម្ចាស់នឿយហត់" ខ្ញុំព្រះករុណានិយាយឡើង
"មិនថ្វីទេ លោកសក្យបុត្រ ! ខ្ញុំកូរណាមិននឿយហត់អ្វីទេ លោកចង់ដឹងរឿងអ្វីក៏សួរមកចុះ"
"ខ្ញុំកូរណាចង់សួរសំណួរសំខាន់ ១ គឺ ចង់ដឹងថាតើគោលបំណងខ្ពស់បំផុតក្នុងលទ្ធិរបស់លោកម្ចាស់ គឺ អ្វី? "
" គឺ ការដែលព្រលឹងតូច(អាត្ម័ន)របស់មនុស្សម្នាក់ៗចូលទៅរួមជាឯកភាពជាមួយនឹងព្រលឹងធំ(បរមាត្ម័ន) ហើយក៏សោយសុខជានិរន្តរក្នុងព្រលឹងធំនោះ"
"វិធីបដិបត្តិដើម្បីចូលដល់ព្រលឹងធំនោះមានអ្វីខ្លះទៅ?"ខ្ញុំព្រះករុណាសួរត
"បពិត្រលោកសាក្យបុត្រ ! វិធីបដិបត្តិក្នុងលទ្ធិរបស់យើងល្មមញែកជា ២ ផ្លូវ គឺ ផ្លូវកាយ និង ផ្លូវចិត្ត ការបដិបត្តិតាមផ្លូវកាយត្រូវប្រកបដោយការងូតទឹកជម្រះកាយយ៉ាងហោចណាស់មួយថ្ងៃម្តង គឺ នៅពេល ព្រឹក នេះជាកិច្ចដែលមិនអាចខ្វះបាន ព្រោះហេតុនោះ អាស្រមរបស់យើងទើបច្រើនតែតាំងនៅក្បែរទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ ត្រពាំងជាដើម"
"ការងូតទឹកនេះដើម្បីវត្ថុបំណងអ្វីទៅ?"
"ប្រការទី ១ គឺ ដើម្បីដុសជម្រះកាយឲ្យស្អាតបាត ប្រការទី ២ គឺ ដើម្បីដុសខាត់ចិត្តឲ្យស្អាតបរិសុទ្ធ ព្រោះបើកាយស្អាតបាតហើយ ចិត្តក៏រមែងស្រឡះស្រឡំស្អាតស្អានដែរ"
"ក្រៅពីងូតទឹកដុសជម្រះកាយ តើមានអ្វីទៀតទេ?"
"ក្រៅពីងូតទឹក ត្រូវយកផេះមកលាបលនពាសពេញទាំងខ្លួន"
"អូ ! កាលបើលោកម្ចាស់ងូតទឹកដុសជម្រះកាយស្អាតបាតហើយ ហេតុអ្វីក៏ត្រូវយកផេះមកលាបខ្លួនទៀត មិនជាការធ្វើឲ្យរាងកាយប្រឡាក់ប្រឡូសជាងមុនទៀតទេឬ?"
អ្នកព្រតជរាសើចកខឹកចំពោះការមិនដឹងសេចគ្រេចរបស់ខ្ញុំព្រះករុណាហើយនិយាយថា
"បើសម្លឹងមើលសើៗតែសម្បកក្រៅទៅប្រហែលដូចយ៉ាងលោកនិយាយមែន ប៉ុន្តែតាមការពិតទៅ ផ្ទុយគ្នា ស្រឡះ ផេះនោះជាវត្ថុស្អាតបរិសុទ្ធជាងវត្ថុណាៗ ព្រោះជាវត្ថុដែលបន្សុសហើយដោយព្រះអគ្នី កាលបើយកផេះមកលាបខ្លួន ក៏ធ្វើឲ្យធូរស្បើយរហើយចិត្ត លើសពីនោះទៀត ផេះថែមទាំងជួយសម្អាតរាងកាយបានដូច ជាជួយបំបាត់ក្លិនញើសជាដើម របោមមូសនិងសត្វល្អិតទាំងឡាយតែងតោងទុំរាងកាយមិនបាន វត្ថុណាក៏ដោយឲ្យតែធ្លាក់ទៅលើរាងកាយតែងរមៀលធ្លាក់ទៅផែនដីវិញទាំងអស់ ក្រៅពីគុណប្រយោជន៍ទាំងនេះហើយ ការយកផេះលាបខ្លួនថែមទាំងមានអត្ថន័យតាមផ្លូវចិត្តទៀតផង ព្រោះផេះជាគ្រឿងក្រើនរំលឹកយើងឲ្យដឹងខ្លួនថា សូម្បីជីវិតរាងកាយរបស់យើងនេះនៅទីបំផុតក៏ក្លាយទៅជាផេះដែរ ហេតុនោះ ការយកផេះលាបខ្លួនទើប ជាគ្រឿងដាស់តឿនយើងឲ្យសុភំសុភាពរាបសា មិនរឹងរបឹងរបាញចំពោះព្រះអាទិទេព មិនជាប់ចំពាក់ក្នុងរាងកាយ"
"ចាត់ទុកថាមានហេតុផលគួរឲ្យស្តាប់ណាស់ លោកម្ចាស់ !" ខ្ញុំព្រះករុណានិយាយចាក់ចេកចាក់ស្ករ(សរសើរ) ហើយសួរតទៅទៀតថា
"ក្រៅពីនេះតើមានការបដិបត្តិអ្វីខ្លះទៀត?"
"ចំពោះការបរិភោគអាហារ សន្យាសីត្រូវបរិភោគអាហារមួយថ្ងៃមួយដងប៉ុណ្ណោះ បើមានសទ្ធាចាស់ក្លា ក៏អត់អាហារ ៣ ថ្ងៃក៏មាន ៧ ថ្ងៃក៏មាន កន្លះខែក៏មាន អាហារដែលបរិភោគគួរជាអាហារសៅហ្មង ដូចជា បន្លែជ្រក់ ស្រងែ ស្កួយ កាកបាយ ជ័រ សារាយ បាយក្តាំង កំញាន ស្មៅ គោម័យ ផ្លែឈើ មើមឈើជាដើម ក្នុងការត្រាច់ទៅស្វែងរកភិក្ខាហារ គួរទទួលភិក្ខាហារពីផ្ទះមួយខ្នង ទោះបីជាបានមួយម៉ាត់ក៏ត្រឡប់មក បរិភោគដែរ ប៉ុន្តែយ៉ាងច្រើនមិនឲ្យទទួលភិក្ខាហារពីផ្ទះមិនហួស ៧ ខ្នងទេ ក្រៅពីនេះ នៅមានបម្រាមទាក់ទងនឹងភិក្ខាចារជាច្រើនទៀត ដូចជាមិនឲ្យទទួលភិក្ខាហារពីស្ត្រីមានគភ៌ មិនទទួលភិក្ខាហារពីស្រ្តីដែលកំពុង បំបៅទឹកដោះកូន មិនទទួលភិក្ខាហារពីទីដែលមានសុនខជាដើម សូម្បីបើក្នុងការបរិភោគភត្ត ក៏ត្រូវឈរបរិភោគ មិនអាចអង្គុយបរិភោគដូចយ៉ាងមនុស្សទូទៅបានទេ"
អដ្ឋយោគៈ
[កែប្រែ]ម្នាលលោកដ៏មានអាយុ ! កាលបើបានស្តាប់របៀបបដិបត្តិដែលសន្យាសីយមទគ្នីបកស្រាយឲ្យស្តាប់ហើយ ខ្ញុំព្រះករុណាគិតថា សន្យាសីទាំងឡាយមានវត្តប្រតិបត្តិដែលតឹងរ៉ឹងណាស់ ដើម្បីឈ្លេចយកការពិតក្នុងផ្នែក ផ្សេងៗទៀត ខ្ញុំព្រះករុណាទើបពោលថា "បពិត្រអ្នកទ្រទ្រង់ព្រត ! ឃើញថាលោកម្ចាស់មានវត្តបដិបត្តិដែលគួរឲ្យជ្រះថ្លាណាស់ តើក្រៅពីនេះនៅមានទៀតទេ?"
"នៅមានច្រើនទៀត លោកសក្យបុត្រ ! "អ្នកព្រតជរាពោលដោយសម្លេងសម្តែងមោទកភាព "ក្នុងផ្នែកទាក់ទងនឹងអាហារ សន្យាសីត្រូវបរិភោគអាហារតាមដែលកំណត់ទុកនេះប៉ុណ្ណោះ ចណីចំណុកផ្សេងៗដែលធ្លាប់ញៀនញ៉ាមមកពីមុន ដូចជា ស្លាម្លូជាដើមត្រូវលះបង់ចោលទាំងអស់ ក្នុងផ្នែកទាក់ទងនឹងស្ត្រីភេទ សន្យាសីមិនត្រូវមានសម្ពន្ធភាពណាៗទាំងអស់ជាមួយនឹងស្ត្រីភេទជាដាច់ខាត ដោយហោចទៅសូម្បីតែសម្លឹងមើលក៏មិនបានដែរ រាល់ៗមួយខែម្តង សន្យាសីត្រូវកោរសក់និងពុកចង្កាចេញ ប៉ុន្តែដើម្បីមិនឲ្យខាតពេលក្នុងការកោរញឹកញយពេក សន្យាសីភាគច្រើនទើបប្រើវិធីដកសក់និងពុកចង្កាចោល"
"ប៉ុន្តែខ្ញុំកូរណាធ្លាប់ឃើញសន្យាសីខ្លះមិនកោរសក់ទេ ប៉ុន្តែបួងសក់ជាផ្នួងទុកខាងលើក៏មាន ត្រកួញជាធ្លុងសំយាកសំយុងចុះក្រោមក៏មាន... "
"សន្យាសីពួកនោះមិនមែនមកពីវណ្ណៈព្រាហ្មណ៍ទេ ប៉ុន្តែមកពីវណ្ណៈផ្សេងដូចជា ព្រៃងារ អ្នកងារជាដើម ប៉ុន្តែវត្តបដិបត្តិផ្សេងៗក៏ចុះរបៀបបែបផែនដូចគ្នានោះឯង ដូចជា ត្រូវប្រើទ្រនាប់ជើងឈើប៉ុណ្ណោះ មិនអាចប្រើ ទ្រនាប់ជើងស្បែកសត្វបានទេ ទោះបីបើត្រូវធ្វើដំណើរទៅទីណាក៏ដោយ សន្យាសីត្រូវនាំយកបរិក្ខារទាំង ៣ គឺ ឈើច្រត់ ៧ ថ្នាំង ឆ្នាំងស្ពាន់និងកម្រាលស្បែកខ្លាទៅជាមួយផង ក្នុងកំលុងធ្វើដំណើរ ត្រូវឈប់សម្រាកក្នុងអជនប្រទេស គឺ ទីកន្លែងដែលគ្មានមនុស្សនៅ ក្រៅពីនេះនៅមានវត្តបដិបត្តិផ្លូវកាយរប៉ិចរប៉ីរាយរងជាច្រើនទៀតដែលខ្ញុំកូរណាមិនអាចនឹងរៀបរាប់ឲ្យអស់បាន"
"តាមដែលលោកម្ចាស់សាសព្ទរៀបរាប់មកនេះ ចាត់ទុកថាជាគោលបដិបត្តិសំខាន់ដែលគួរឲ្យចាប់អារម្មណ៍ល្មាក់ល្មមហើយ ខ្ញុំកូរណាមិនត្រូវការបកិណ្ណកវត្តបន្ទាប់បន្សំដទៃទៀតទេ ប៉ុន្តែខ្ញុំកូរណាចង់ដឹងថាតើមានអ្វីខ្លះទៀតទេដែលលោកម្ចាស់គោរពបូជា? "
"មាន លោកសក្យបុត្រ ! "យមទគ្នីឆ្លើយយ៉ាងរួសរាន់ "នៅក្នុងកុដិដែលជាលំនៅរបស់សន្យាសី ត្រូវមានភ្លើង ១ ភ្នក់ ឆេះថ្គោលឡើងរហូត សន្យាសីត្រូវបូជាភ្លើងនោះជាប្រចាំ ដោយយកសប្បិ ប្រេង ឈើចន្ទន៍និងគ្រឿងក្រអូបផ្សេងៗដាក់ចូលទៅក្នុងភ្លើងនោះ "
"តើភ្លើងមានសារៈសំខាន់ដូចម្តេចទៅបានជានៅចាំបម្រើដោយយកចិត្តទុកដាក់ដល់ម្លឹង?" ខ្ញុំព្រះករុណាសួរដោយវិមតិកង្ខា
"សំខាន់ណាស់ ព្រោះភ្លើងជាថាមពលរបស់ចក្រវាល ជាតំណាងរបស់ព្រះសុរិយទេវបុត្រលើផែនដី ជាគុណលក្ខណៈរបស់ព្រះអាទិទេព បុគ្គលណាបានបម្រើភ្លើង ក៏ស្មើនឹងបានបម្រើព្រះអាទិទេព"
"ណ្ហើយចុះ ! អ្នកទ្រទ្រង់ព្រត ! ខ្ញុំកូរណាបានសួរលោកម្ចាស់ដល់វត្តប្រតិបត្តិតាមផ្លូវកាយល្មមសមគួរហើយ តទៅនេះ ចង់សួរអំពីវត្តបដិបត្តិខាងផ្លូវចិត្តវិញម្តង ក្នុងផ្នែកផ្លូវចិត្ត តើលោកម្ចាស់មានវិធីបដិបត្តិដូចម្តេចខ្លះទៅ? "
"ក្នុងផ្នែកផ្លូវចិត្ត សន្យាសីត្រូវការបញ្ជាប់ព្រលឹងតូចរបស់ខ្លួនទៅចូលរួមនឹងព្រលឹងធំ ប៉ុន្តែការដែលនឹងបញ្ជាប់ចូលព្រលឹងធំនោះមិនមែនចេះតែធ្វើបានងាយៗទេព្រោះថាព្រលឹងតូចរបស់មនុស្សជាព្រលឹងមិនបរិសុទ្ធ ត្រូវគ្របដណ្តប់យ៉ាងណែនណាន់ដោយកិលេសផ្សេងៗ ហេតុនោះត្រូវអាស្រ័យការបដិបត្តិតាមគោលយោគៈយ៉ាង ប្រិតប្រៀងអស់កាលយូរអង្វែង ជួនកាលជាតិនេះទាំងមូលអាចមិនសម្រេចក៏បាន ត្រូវបដិបត្តិប្រដិតប្រជីទៅរាប់រយពាន់ជាតិ កាលបើបដិបត្តិបានជាប់លាប់ ព្រលឹងតូចក៏ឆ្លងកាត់ដំណាក់កាលផ្សេងៗ ៤ ដំណាក់កាល គឺ ដំណាក់កាលដំបូង ហៅថា សាលោក្យៈ ក្នុងដំណាក់កាលនេះ ព្រលឹងតូចរបស់យើងក៏ចូលទៅសណ្ឋិតនៅក្នុង លោកតែមួយនឹងព្រលឹងធំ បើបដិបត្តិតទៅទៀត ក៏ចូលដល់ដំណាក់កាលទី ២ ហៅថា សាមីប្យៈ ក្នុងដំណាក់កាលនេះ ព្រលឹងតូចក៏ចូលទៅជិតនែបនិត្យនឹងព្រលឹងធំខ្លាំងឡើង ចិត្តរបស់យើងក៏កាន់តែស្អាតបរិសុទ្ធឡើង មើលឃើញព្រលឹងធំបានកាន់តែច្បាស់ នៅពេលបដិបត្តិតទៅទៀត ព្រលឹងតូចរបស់យើងក៏ស្ទុះ ចូលដល់ដំណាក់កាលទី ៣ ហៅថា សារូប្យៈ គឺ មានរូបរាងស្រដៀងនឹងព្រលឹងធំ មានគុណលក្ខណៈខ្លះរបស់ ព្រលឹងធំ កាលបើបដិបត្តិតទៅទៀត ព្រលឹងតូចរបស់យើងក៏ចូលដល់ដំណាក់កាលទី ៤ដែលជា ដំណាក់កាលចុងក្រោយ ហៅថា សាយុជ្យៈ គឺ បរិសុទ្ធស្អាតស្អាន ចូលរួមជាមួយនឹងព្រលឹងធំបាន គ្មានថ្ងៃណានឹងញែកចេញមកអន្ទោលលីលាប់សោយទុក្ខទៀតទេ ប៉ុន្តែការដែលនឹងចូលដល់ដំណាក់កាលទី ៤ នេះមិនមែនជាការងាយដូចយ៉ាងខ្ញុំកូរណានិយាយទេ ព្រោះព្រលឹងតូចរបស់យើងមិនបរិសុទ្ធ ត្រូវស្តារជម្រះ ដោយការបដិបត្តិយោគៈយ៉ាងច្រើនជាន់ថ្នាក់ បើប្រៀបធៀបទៅក៏ស្រដៀងនឹងមាសដែលលាយឡំក្នុង លោហៈ ៥ ប្រភេទដូច្នោះ ការដែលនឹងដេញសម្រាំងយកមាសសុទ្ធបាននោះត្រូវយកទៅស្លរំលាយរំលាងដេញលោហៈដែលមិនត្រូវការចេញជាច្រើនលើកច្រើនគ្រា ឬប្រៀបដូចជាការបន្សុទ្ធទឹកដោះថ្លាសុទ្ធពីទឹកក្សីរ ត្រូវមានការស្លចម្រាញ់ជាច្រើនទឹក"
"វត្តបដិបត្តិផ្លូវចិត្តក្នុងលទ្ធិរបស់លោកម្ចាស់ចាត់ទុកថាមានហេតុផលគួរឲ្យស្តាប់ណាស់ លោកម្ចាស់ប្រាប់ថា ការដែលបញ្ជាប់ព្រលឹងតូចតាមដំណាក់កាលផ្សេងៗទៅចូលរួមនឹងព្រលឹងធំនោះត្រូវអាស្រ័យការបដិបត្តិតាមគោលយោគៈ ប៉ុន្តែលោកម្ចាស់មិនបានអធិប្បាយឲ្យខ្ញុំកូរណាស្តាប់ទេថាតើការបដិបត្តិយោគៈនោះត្រូវ បដិបត្តិដូចម្តេចខ្លះ"
"ខ្ញុំកូរណាត្រៀមអធិប្បាយហើយ ប៉ុន្តែលោកសួរមកក៏ល្អដែរ សូមតាំងចិត្តស្តាប់ចុះ យោគៈមានច្រើនប្រភេទ ហៅឈ្មោះផ្សេងៗគ្នា ប៉ុន្តែយោគៈដែលមានអំណាចក្នុងការកម្ចាត់បាបអកុសលបានយ៉ាងឆុតឆាប់ ហៅថា អដ្ឋយោគៈ ឬ យោគៈ ៨ ប្រការ បាបណាៗក៏ដោយឲ្យតែបុគ្គលធ្វើហើយទោះជាបាបកម្រិតធ្ងន់ធ្ងរ ដូចជា សម្លាប់ព្រាហ្មណ៍ឬគោ ការលួចមាសប្រាក់ ការផឹកទឹកស្រវឹង ការប្រព្រឹត្តមោះមិនគប្បីនឹងភរិយារបស់គ្រូ ការសម្លាប់បុត្រក្នុងគភ៌ ការបោកប្រាស់ព្រាហ្មណ៍ ការក្បត់ពាក្យសន្យាដែលខ្លួនបានធ្វើជាមួយនឹងព្រាហ្មណ៍ជាដើម អាចលុបលាងជម្រះចេញបានដោយការបដិបត្តិអដ្ឋយោគៈ អ្នកដែលបដិបត្តិអដ្ឋយោគៈត្រូវតមអាហារជាប់ៗគ្នាអស់រយៈពេល ៣ ថ្ងៃ ហើយទៅកាន់ទេវាល័យ ឬ ប៉ាឆា ឬ ក្រោមដើមពិល្វា កាលបើជ្រើស រើសទីកន្លែងសមរម្យបានហើយ ត្រូវលាងបាបដោយទឹកតាមពិធីកម្មសិន ហើយទើបយកពណ៌ខៀវចុចដែលហៅថា ក្បិតលើថ្ងាស បន្ទាប់ពីនោះ ឲ្យយកសីសៈថ្កល់លើផ្ទៃដី បញ្ឈរជើងទាំង ២ បាញ់ឆ្ពោះទៅកាន់អាកាស ខណៈដែលស្ថិតនៅក្នុងឥរិយាបថនេះ ត្រូវធ្វើ ប្រាណាយាមៈ គឺ ការយកដៃបិទរន្ធច្រមុះម្ខាង ដកដង្ហើមចូលតាមរន្ធច្រមុះដែលបើក រួចហើយយកដៃបិទច្រមុះខាងនោះហើយដកដង្ហើមឲ្យខ្លាំងៗតាម រន្ធច្រមុះម្ខាងទៀត ធ្វើយ៉ាងនេះឆ្លាស់គ្នាទៅមក ៦ ដង នៅខណៈដែលដកដង្ហើមចេញ ត្រូវសូធ្យគាថា ថា 'ប្រសាទអើយ ! ឯងជាទេពធីតា បាបអាស្រ័យនៅនឹងឯង ខ្ញុំកំពុងលាងបាបចេញពីឯង ឯងចូរចេញមកឥឡូវនេះ ' តួបាបនេះអាស្រ័យនៅក្នុងប្រសាទ ដែលស្ថិតនៅខាងក្នុងលលាដ៍ក្បាលខាងឆ្វេង បាបត្រូវកម្ចាត់ចេញដោយវិធីប្រាណាយាមៈនោះឯង នៅពេលបាបចេញហើយ ត្រូវយកទៅលាងក្នុងទឹកឧណ្ហៗហើយធ្វើការបូជា បន្ទាប់ពីនោះត្រូវបញ្ជាប់ប្រសាទដែលស្អាតបរិសុទ្ធចូលកាន់ទីដើមវិញ ដោយដកដង្ហើមវែងៗតាមរន្ធច្រមុះ ខាងស្តាំ ព្រមទាំងសូធ្យគាថាថា 'បពិត្រទេពធីតាក្លាហានអើយ ! ឥឡូវនេះឯងស្អាតបរិសុទ្ធចាកបាបហើយ ឯងជាមាតារបស់លោក ខ្ញុំបានធ្វើការបូជាដល់ឯងហើយ សូមអញ្ជើញឯងត្រឡប់ចូលកាន់លំនៅដើមរបស់ឯងវិញចុះ ' "
"គួរឲ្យចាប់អារម្មណ៍ណាស់ លោកអ្នកទ្រទ្រង់ព្រត ! គួរឲ្យចាប់អារម្មណ៍ណាស់ ខ្ញុំកូរណាទើបតែដឹងរឿងរ៉ាវរបស់យោគៈពីលោកម្ចាស់លើកដំបូងក្នុងជីវិត មានយោគៈអ្វីខ្លះទៀត សូមនិមន្តលោកម្ចាស់រៀបរាប់ឲ្យ ខ្ញុំកូរណាស្តាប់ផង"
"នៅមានជាច្រើនទៀត" សន្យាសីជរានិយាយដោយកិរិយាការសម្តែងមោទនភាព "ប៉ុន្តែយោគៈមួយទៀតដែលខ្ញុំកូរណាចង់និយាយដល់ គឺ សន្តិយោគៈ ក្នុងការបដិបត្តិសន្តិយោគៈ សន្យាសីត្រូវទន្ទេញគាថាថា 'យើងជាអាទិទេពដែលត្រូវបូជាឥឡូវនេះ ' ក្រោយពីនេះ ត្រូវខំនឹកខាបយកព្រលឹងតូចផ្ទាល់របស់ខ្លួនដែលស្ថិតនៅនឹងបរិវេណផ្ចិតឲ្យទៅចូលផ្សំនឹងព្រលឹងធំដែលស្ថិតនៅនឹងដើមទ្រូង ជាលំដាប់តទៅ ត្រូវនឹកបញ្ជាប់ធាតុដែលជាគ្រឿងផ្សំរបស់រាងកាយឲ្យចូលគ្នា ដូចជា យកធាតុដីរួមផ្សំនឹងធាតុទឹក យកធាតុទឹករួមផ្សំនឹងធាតុភ្លើង យកធាតុភ្លើងរួមផ្សំនឹងធាតុខ្យល់ បន្ទាប់ពីនោះយកម្រាមមេដៃសង្កត់បិទរន្ធច្រមុះខាងស្តាំ ប្រឹងដកដង្ហើមចូលឲ្យខ្លាំងដោយរន្ធច្រមុះខាងឆ្វេង ព្រមទាំងសូធ្យពាក្យសក្តិសិទ្ធិថា 'ជោន !' ១៦ ដង ដោយវិធីសរីរកាយ ដែលមានកិរិយាត្រូវផុតរលត់ទៅជាធម្មតានឹងស្ងួតហួតហែងទៅ បន្ទាប់ពីនោះ យកម្រាមមេដៃនិងចង្អុលដៃបិទច្រមុះទាំងសងខាង ខំអត់ដង្ហើមគិតបណ្តើរទាំងបរិកម្មពាក្យថា 'រោន !' ៦ ដង នេះជាវិធីដុតកម្លោចសរីរកាយឲ្យឆេះខ្លោច ខ្លោញលាញជាផេះទៅ បន្ទាប់មកក៏បើករន្ធច្រមុះខាងស្តាំ ប្រឹងដកដង្ហើមចេញឲ្យខ្លាំង ទាំងបរិកម្មពាក្យថា 'លោម ! ' ៣២ ដង ដើម្បីផ្លុំបំប៉ើងកម្ទេចផេះផង់របស់សីសៈដែលឆេះខ្ទេចអស់ហើយឲ្យប៉ើងខ្ចាត់ខ្ចាយរប៉ាត់រប៉ាយទៅ ទន្ទឹមនឹងនោះ ក៏ខំគិតខាបយកប្រសាទនិងអាយតនៈថ្មីៗឲ្យចូលមកក្នុងខ្លួនដើម្បីឲ្យរាងកាយពេញលេញឡើង បន្ទាប់ពីនោះឲ្យបរិកម្មពាក្យថា ' ឱម ! ' ព្រមទាំងលំអោនចិត្តនឹកភ្នកយកទឹកអម្រឹតពីដួងចន្ទ ឲ្យបង្អុរហូរចុះមកផ្សព្វផ្សើមរាងកាយទាំងមូល លំដាប់តទៅ បរិកម្មពាក្យថា 'ជោម ! ' ទាំងនឹកខាបធាតុទាំង ៤ ឲ្យចូលមកកាន់ខ្លួនតាមវោការផ្សេងៗរបស់រាងកាយយ៉ាងចុះរបៀបរៀបរយដូចមុន ក្នុងវារៈចុងក្រោយ បរិកម្មគាថាថា 'យើងជាអាទិទេពដែលត្រូវបូជាឥឡូវនេះ ' នោះម្តងទៀត ហើយក៏នឹកខាបព្រលឹងតូចរបស់ខ្លួនដែលទៅចូលរួមនឹងព្រលឹងធំនោះឲ្យត្រឡប់មកសណ្ឋិតត្រង់បរិវេណផ្ចិតដូចដើមវិញ រួចហើយក៏សូធ្យគាថាថា 'សូមលំអុតលំឱនចំពោះព្រះមុនីនារទៈ ' ហើយភ្នកនឹកថា ពេលនោះព្រះមុនីនារទៈបានសណ្ឋិតនៅលើសីសៈរបស់ខ្លួនហើយ បន្ទាប់ពីនោះយកដៃដាក់ថ្កល់លើឆ្នាំងទឹកដែលនៅក្បែរៗខ្លួន ហើយក៏សូធ្យមន្តគយាត្រី យកដៃផ្ទឹមផ្ទាប់ដើមទ្រូង ហើយក៏សូធ្យបញ្ចេញសម្លេងព្យញ្ជនៈនីមួយៗតាមគោលអក្ខរវិធី ជាការឲ្យពរដល់ជីវិតរាងកាយថ្មីដែលបានទទួលមក"
"លោកសាក្យបុត្រ ! នេះហៅថា សន្តិយោគៈ មិនចំពោះតែសន្យាសីប៉ុណ្ណោះទេដែលប្រកបយោគៈនេះ បើទុកជាព្រាហ្មណ៍ដែលនៅជាគ្រហស្ថក៏ត្រូវប្រកបជាប្រចាំថ្ងៃដែរ"
"បពិត្រអ្នកទ្រទ្រង់ព្រត ! យោគៈបែបផ្សេង ៗដែលលោកម្ចាស់សាសព្ទរៀបរាប់មកនោះ ទំនងជាការរៀបរាប់តាមគោលការណ៍ ខ្ញុំកូរណាចង់ដឹងការប្រព្រឹត្តបដិបត្តិរបស់លោកម្ចាស់ថាតើលោកម្ចាស់បដិបត្តិយោគៈផ្សេងៗទាំងនោះបានប៉ុនណាដែរ?"
"បពិត្រលោកសាក្យបុត្រ ! អស់រយៈកាយដ៏យូរអង្វែងដែលខ្ញុំកូរណាស្ថិតនៅក្នុងភេទសន្យាសី ខ្ញុំកូរណាបានបដិបត្តិយោគៈមកហើយគ្រប់ប្រភេទ ទោះបីជាយោគៈដែលពិបាកធ្វើតឹងជាងអដ្ឋយោគៈនិងសន្តិយោគៈក៏ដោយ ខ្ញុំកូរណាក៏ធ្លាប់បដិបត្តិមកហើយ"
"យោគៈដែលតឹងជាងយោគៈទាំង ២ បែបនោះនៅមានទៀតឬ?"
"នៅមានទៀត ឧទាហរណ៍ដូចជា ក្នុងគិម្ហន្តរដូវ នៅពេលដែលព្រះអាទិត្យមានកម្តៅក្តៅរហែងបំផុត ខ្ញុំកូរណាធ្លាប់បង្កាត់ភ្លើងទុកជុំវិញខ្លួន ហើយឈរហាលកម្តៅថ្ងៃដោយខ្លួនទទេពេញមួយថ្ងៃ ក្នុងហេមន្តរដូវ កាលបើអាកាសធាតុត្រជាក់ដូចទឹកកក ខ្ញុំកូរណាក៏ចុះទៅត្រាំក្នុងទឹក យកក្រណាត់ជ្រលក់ទឹកជួតសីសៈរហូតមួយថ្ងៃមួយយប់ ជួនកាល ខ្ញុំកូរណាធ្លាប់ឈរជើងម្ខាងអស់ពេលជាច្រើនថ្ងៃ រហូតដល់ជើងហើមស្ពុរ ស្បែកបែកក្រហែង ឈឺសន្ធំងំពេញខ្លួន ជួនកាល ខ្ញុំកូរណាធ្លាប់អត់ដង្ហើមរហូតដល់ងងឹតមុខធេងធោង ត្រចៀកហ៊ឹងង៉ឺងខ្យល់គសន្លប់ទៅ ខ្ញុំកូរណាធ្លាប់ឈរសម្លឹងមើលព្រះអាទិត្យ មិនពព្រិចភ្នែករហូតពេញមួយថ្ងៃ ដរាបដល់ភ្នែកខ្វាក់ម្ខាងដូចយ៉ាងលោកឃើញនៅខណៈនេះឯង ខ្ញុំកូរណាធ្លាប់បិទទ្វារទាំង ៦ ដើម្បីមិនឲ្យប្រាណទាំង ៥ ចេញពីរាងកាយបាន លុះត្រាតែសន្លប់សន្លិនទៅ ទាំងអស់នេះ គឺ យោគៈនិងតបៈដែលខ្ញុំកូរណាធ្លាប់បដិបត្តិមក "
អ្នកវង្វេងផ្លូវ
[កែប្រែ]"បពិត្រអ្នកទ្រទ្រង់ព្រត ! " ខ្ញុំព្រះករុណានិយាយឡើងក្រោយពីស្តាប់សន្យាសីយមទគ្នីរៀបរាប់វត្តប្រតិបត្តិរបស់ សន្យាសីចប់ហើយ
"តាមដែលខ្ញុំកូរណាបានស្តាប់លោកម្ចាស់និយាយរៀបរាប់មកតាំងពីដើមទី យល់ថា វត្តប្រតិបត្តិខ្លះក៏ស្រដៀងនឹងលទ្ធិរបស់ខ្ញុំកូរណា ប៉ុន្តែវត្តប្រតិបត្តិខ្លះផ្សេងគ្នាឆ្ងាយណាស់ ប្រសិនបើលោកម្ចាស់ មិនយល់ទាស់នឹងការស្តាប់លទ្ធិរបស់ខ្ញុំកូរណាទេ ខ្ញុំកូរណាព្រមនឹងតំណាលឲ្យស្តាប់"
"មិនយល់ទាស់ទេ លោកសាក្យបុត្រ ! " អ្នកព្រតជរាអះអាងយ៉ាងម៉ឺងម៉ាត់ "ក៏ព្រោះតែចង់ស្តាប់លទ្ធិរបស់លោកហ្នឹងឯង ខ្ញុំកូរណាទើបខំដើរតាមមកសន្ទនាជាមួយនឹងលោកដល់ខ្ទមនេះ សូមនិមន្តលោកតំណាលចុះ"
"ជាបឋម ខ្ញុំកូរណាសូមប្រកាសខ្លួនទុកជាមុនថា ខ្ញុំកូរណាមានចំណេះដឹងក្នុងព្រះធម្មវិន័យរបស់ព្រះបរមសាស្តាតិចតួចទេ គង់នឹងមិនអាចបកស្រាយឲ្យលោកម្ចាស់ស្តាប់យ៉ាងល្អិតល្អន់បានទេ ម្យ៉ាងទៀត ខ្ញុំកូរណាមិនស្ទាត់ជំនាញក្នុងការរៀបរាប់ផង ណ្ហើយយ៉ាងនេះទៅចុះ លោកម្ចាស់ត្រូវការយល់ដឹងអ្វី សូមសួរមកចុះ ខ្ញុំកូរណានឹងដោះស្រាយម្តងមួយៗតទៅ"
"ក៏ជាការល្អដែរ "យមទគ្នីរ៉ាប់រង "ខ្ញុំកូរណាសូមសួរសំណួរដំបូង គឺថា គោលបំណងខ្ពង់ខ្ពស់បំផុតក្នុងលទ្ធិរបស់លោក គឺ អ្វី? "
"គោលបំណងខ្ពង់ខ្ពស់ក្នុងព្រះធម្មវិន័យរបស់ព្រះបរមសាស្តា គឺ ការរំលត់ទុក្ខព្រមទាំងហេតុនៃទុក្ខដោយឥតសេសសល់"
"ប៉ុណ្ណេះឯងឬ ! ឬមានអ្វីទៀតទេ?"យមទគ្នីសួរដោយវិមតិកង្ខា
"ប៉ុណ្ណេះឯង គ្មានអ្វីទៀតទេ" ខ្ញុំព្រះករុណាអះអាង
"ការរំលត់ទុក្ខ" អ្នកព្រតជរានិយាយផ្ទួនពាក្យដោយសម្លេងតិចៗ ឈ្ងោកមុខចុះជាឧបាយគិតដង្វិន អង្គុយស្ងៀមមួយស្របក់ហើយនិយាយឡើងថា"ចុះលោកមានវិធីសម្រាប់រំលត់ទុក្ខយ៉ាងណាខ្លះ?"
"មុននឹងដឹងវិធីសម្រាប់រំលត់ទុក្ខ លោកម្ចាស់ត្រូវស្គាល់ដើមហេតុដែលនាំឲ្យកើតទុក្ខសិន ព្រោះការរំលត់ទុក្ខនោះ មិនមែនរំលត់នៅត្រង់តួទុក្ខទេ ប៉ុន្តែរំលត់នៅត្រង់ដើមហេតុរបស់ទុក្ខ កាលបើរំលត់ដើមហេតុបានហើយ តួទុក្ខក៏រលត់ទៅដោយស្វ័យប្រវត្ត ដើមហេតុនៃទុក្ខមាន ២ យ៉ាង គឺ តួដើមហេតុពិត ហៅថា អវិជ្ជា បានដល់ កម្លៅ ព្រោះមិនដឹងពំនិតទើបកើតមានមិច្ឆាទិដ្ឋិ គឺ គំហើញខុសចាកពំនិត ព្រោះយល់ឃើញខុស ទើបកើតមោហៈ គឺ វង្វេង ព្រោះវង្វេង ទើបកើតតណ្ហា គឺ ចំណង់ ព្រោះចំណង់ទើបកើតការត្រដរតស៊ូទាំងផ្លូវកុសលនិងអកុសល ព្រោះការត្រដរតស៊ូទើបកើតការប្រកាន់មាំ ព្រោះមានការប្រកាន់មាំ ទុក្ខទើបកើតឡើង នេះឯង គឺជាវិថីនៃទុក្ខដែលព្រះបរមសាស្តាទ្រង់បានសម្តែង" អ្នកព្រតជរាអង្គុយឈ្ងោកមុខ ស្ងៀមមួយស្របក់ធំ ហើយទើបនិយាយរំលឹកចំណាំរបស់ខ្លួនតិចៗ ព្រោះមិនដឹងទើបយល់ឃើញខុស ព្រោះយល់ឃើញខុសទើបវង្វេង ព្រោះវង្វេងទើបចង់ ព្រោះចង់ទើបត្រដរតស៊ូ ព្រោះត្រដរតស៊ូ ទើបប្រកួចប្រកាន់ ព្រោះប្រកួចប្រកាន់ទើបកើតទុក្ខ ជាវិធីដែលមានហេតុផលខ្លាំងណាស់ លោកសមណៈ ! ប៉ុន្តែខ្ញុំកូរណាគិតថា ជ្រាលជ្រៅពិបាកនឹងយល់បានដោយងាយណាស់ ខ្ញុំកូរណាចង់សួរតទៅទៀតថា ដែលថាមិនដឹងនោះ គឺ ដូចម្តេច? តើមិនដឹងអ្វីទៅ?
"មិនដឹងការពិតហ្នឹងឯង អ្នកទ្រទ្រង់ព្រត ! មិនដឹងការពិតរបស់ខ្លួនឯង មិនដឹងការពិតរបស់អ្នកដទៃ សត្វដទៃ មិនដឹងការពិតរបស់លោក កាលបើមិនដឹងការពិត ក៏យល់ខុស ឃើញខុស ទាំង វង្វេង យល់ថា មានខ្លួនមានប្រាណ មានយើងមានគេ មានសត្វ មានបុគ្គល មានទ្រព្យ មានយស មានកេរ្មិ៍ឈ្មោះ មានសម្រស់ មានលម្អ កាលបើវង្វេងថា អ្វីទាំងអស់នេះមាន ក៏កើតចំណង់ ចង់កើត ចង់ក្លាយជា ចង់មាន ចង់បាន កាលបើកើតចំណង់ ក៏អភិវឌ្ឍ កសាង ប្រឌិត ផលិតឡើង ស្វែងរក ត្រដរតស៊ូគ្រប់មធ្យោបាយទាំងផ្លូវល្អទាំងផ្លូវអាក្រក់ កាលបើបាន មាន ក្លាយជាហើយ ក៏ប្រកាន់ខ្ជាប់ កាលបើប្រកាន់ខ្ជាប់មិនបាន ក៏កើតទុក្ខ" ។
ពិតមែនហើយ លោកសន្យាសី ! ពំនិតប្រាកដរមែងជាធម្មជាតិពិបាកយល់ដឹងជានិច្ច ពីព្រោះយើងគិតស្មានមិនដល់ទាំងមិនដែលនឹកគិតផង មនុស្សធម្មតាទូទៅច្រើនតែយល់ចូលចិត្តពំនិតស្រទាប់ក្រៅប៉ុណ្ណោះ ប្រៀបដូចជាបុរសដែលកំពុងតែឈ្លក់វង្វេងនឹងស្រីក្រមុំរូបស្រស់នោះដូច្នោះ បើទុកជាមានអ្នកណាមួយមកប្រាប់បុរសនោះថាហ្នឹងមិនមែនជាស្រីក្រមុំទេឲ្យប្រយ័ត្នខ្លួន ប៉ុន្តែជាយក្ខិណី បុរសនោះមុខជានឹងមិនជឿឡើយ ព្រោះរូបភាពដែលគេមើលឃើញនៅចំពោះមុខនោះគឺស្រីក្រមុំយ៉ាងច្បាស់ក្រឡែត ព្រោះហេតុនោះ ការយល់ដឹងបរមត្ថសច្ចៈទើបជាការទទឹងទាស់នឹងក្រសែវដ្តលោក ជាកំណែទម្រង់ខាងគំនិត ជំនឿ គំហើញដែលពិបាកនឹងធ្វើបានណាស់ ទោះបីបើក្នុងព្រះធម្មវិន័យរបស់ព្រះបរមសាស្តា អ្នកដែលស្តាប់ធម្មទេសនារបស់ព្រះបរមសាស្តា ចប់ហើយយល់ដឹងបានភ្លាមលុះណាតែបុគ្គលនោះបានមានបញ្ញាបារមីចាស់ក្លានិងបានអប់រំបន្ទំនិស្ស័យមកយ៉ាងពេញលេញហើយ ប្រៀបបីដូចជាមុខបូសដែលចាស់ដល់កម្រិតហើយ គ្រាន់តែមានអ្វីមកប៉ះខ្ទប់បន្តិច ប៉ុណ្ណោះ ក៏បែកធ្លាយមកភ្លាម ហើយបុគ្គលដែលយល់ដឹងបរមត្ថសច្ចៈបានច្បាស់លាស់ ក៏សម្តែងថាបានសម្រេចមគ្គផលថ្នាក់ដំបូងជាសោតាប័នហើយ ។
"បពិត្រលោកសមណៈ ! ខ្ញុំកូរណាចង់នឹងសន្ទនាជាមួយនឹងលោកឲ្យបានយូរទៀត ប៉ុន្តែឃើញថាឥឡូវនេះ យប់ជ្រៅណាស់ហើយ លោកប្រហែលជានឿយហត់ពីដំណើរផ្លូវឆ្ងាយហើយត្រូវការសម្រាក ហេតុនោះ ខ្ញុំកូរណាទើបទូលសួរសំណួរចុងក្រោយថា កាលបើដឹងថាហេតុរបស់ទុក្ខ គឺ កម្លៅ គំហើញខុស វង្វេង ចំណង់ ការកសាងប្រឌិត និង កំណួចកំណាន់នោះហើយ ចុះនឹងបំពេញយោគៈដូចម្តេចទើបអាចកម្ចាត់ហេតុ នៃទុក្ខទាំងនេះបាន"
"វិធីបដិបត្តិក្នុងលទ្ធិរបស់ខ្ញុំកណាតាមដែលព្រះបរមសាស្តាទ្រង់សម្តែងទុកមានច្រើនណាស់ ប៉ុន្តែបើនិយាយ ដោយសង្ខេបមានគោលសំខាន់ ៣ ប៉ុណ្ណោះ គឺ អធិសីលសិក្ខា ការសិក្សាបដិបត្តិតាមសិក្ខាបទវិន័យដែលព្រះបរមសាស្តាទ្រង់បញ្ញត្តទុក គោលបំណងសំខាន់ គឺ ដើម្បីវៀរតមចាកអំពើអាក្រក់ដោយកាយនិងវាចា ទី ២ ហៅថា អធិចិត្តសិក្ខា គឺ ការហ្វឹកហាត់អប់រំចិត្តរហូតដល់ចិត្តជ្រះស្អាតចាកគ្រឿងសៅហ្មង តម្កល់នៅមាំជាសមាធី គួរដល់ការងារ ប្រៀបដូចជាសេះផ្លាងដែលបង្វឹកបង្ហាត់ឲ្យសាំងបានហើយ ទី ៣ ហៅថា អធិបញ្ញាសិក្ខា គឺ ការអភិវឌ្ឍបញ្ញាឬពន្លឺខាងក្នុងឲ្យកើតឡើងក្នុងចិត្ត ហើយលំឱននាំយកពន្លឺនោះទៅឆ្លុះពិចារណាមើលស្ថានភាពអ្វីៗទាំងពួងរហូតដល់ដឹងបរមត្ថសច្ចៈរបស់អ្វីៗទាំងពួងនោះ ពេលនោះឯង អវិជ្ជា ត្រូវបញ្ញាកម្ចាត់បង់ទៅ កាលបើអស់អវិជ្ជាហើយ វិជ្ជា គឺ ចំណេះដឹងក៏ចូលមកជំនួស កាលបើចំណេះដឹងពិតដុះឡើងហើយ ក៏ធ្វើឲ្យមានរំយល់ត្រូវតាមសភាពពិត កាលបើយល់ត្រឹមត្រូវក៏មិនភាន់វង្វេង កាលបើមិនភាន់វង្វេងក៏មិនចង់ កាលបើមិនចង់ក៏មិនត្រដរតស៊ូឬប្រកួចប្រកាន់ លះលែងរវែងបង់ក្នុងអ្វីៗទាំងពួង មានតែឥស្សរភាពនិងសេរីភាព សោយសុខសព្វកាលហោង"
"បពិត្រសមណៈ ! តាមដែលខ្ញុំកូរណាបានស្តាប់លោកមក ឃើញថា ការបដិបត្តិតាមបែបបទរបស់លោក គ្មានយោគៈតឹងរ៉ឹងដែលជាការទូន្មានបង្រៀនកាយដូចយ៉ាងលទ្ធិរបស់យើងទេ"
"គ្មានទេ លោកសន្យាសី ! ការបំពេញតបៈឬយោគៈទូន្មានបង្រៀនកាយនោះ ព្រះបរមសាស្តារបស់យើង ទ្រង់ធ្លាប់បដិបត្តិសាកល្បងមុនត្រាស់ដឹងមកហើយ ប៉ុន្តែគ្មានបានផលជាផ្លែផ្កាអ្វីទេ ជាការបង្វឹកខ្លួនឲ្យរងការ លំបាកចោលទទេៗ សង្ខាររាងកាយនេះជាតួទុក្ខ តាមប្រក្រតី វាឈឺចុកចាប់ទៅហើយ នឹងទៅធ្វើឲ្យឈឺចុកចាប់ថែមទៀតដើម្បីអ្វី? រាងកាយជាតួផលដែលកើតពីហេតុ វាគ្មានដឹងងោះអ្វីទេ បើទុកជាយើងបង្វឹកវាឲ្យ លំបាកប៉ុនណាក៏មិនអាចរំលត់ទុក្ខបានដែរ បើចង់បង្វឹក គួរបង្វឹកអវិជ្ជា តណ្ហា ឧបាទានដែលជាដើមហេតុទើបត្រឹមត្រូវជាង ឧបមាដូចជាម្ចាស់គោឃើញគោស្គមព្រោះមានភ្រូណនៅក្នុងពោះ គេចង់ឲ្យភ្រូណបាត់ទៅ ប៉ុន្តែបែរជាទៅវាយសំពងគោទៅវិញ គ្មានបានប្រយោជន៍អ្វីទេ មានតែសត្វគោស្លាប់ទៅទទេៗប៉ុណ្ណោះ"
"បពិត្រលោកសមណៈ ! ខ្ញុំកូរណាបានរៀនសូធ្យយល់ដឹងអំពីលទ្ធិរបស់លោកច្រើនបង្គួរហើយ ឃើញថា មានអ្វីជាច្រើនយ៉ាងដែលធ្វើឲ្យខ្ញុំកូរណាចាប់ចិត្តដិតអារម្មណ៍បើទុកជាមិនទាន់យល់ច្បាស់ក៏ដោយ ខ្ញុំកូរណា នឹងយកទៅគិតកាញ់ឲ្យល្អិតល្អន់ម្តងទៀត បើមានចំណុចណានៅសង្ស័យ ព្រឹកស្អែកនេះ មុននឹងលោកចាកចេញទៅ ខ្ញុំកូរណានឹងសួរបន្ថែមទៀត សម្រាប់យប់ថ្ងៃនេះ ខ្ញុំកូរណាសូមលាត្រឡប់ទៅវិញសិន សូមនិមន្តសម្រាកតាមសប្បាយចុះ" ពោលហើយសន្យាសីយមទគ្នីក៏ក្រោកឡើង ឈោងចាប់ឈើច្រត់មកកាន់ក្នុងដៃស្តាំ ចាប់យកកម្រាលស្បែកខ្លាមកត្បៀតក្រោមដៃឆ្វេង ហើយកីដើរចេញពីខ្ទមរបស់ខ្ញុំកូរណាបាត់ទៅក្នុង ទីសមន្ធការ ។
ជួបប្រទះបិសាច
[កែប្រែ]បពិត្រលោកដ៏មានអាយុទាំងឡាយ ! ក្រោយពីសន្យាសីយមទគ្នីចាកចេញទៅ ខ្ញុំព្រះករុណាត្រៀមខ្លួននឹងសិងសម្រាក ព្រោះនឿយហត់រហិតរហៃពីដំណើរផ្លូវឆ្ងាយជាខ្លាំង ខ្ញុំព្រះករុណាក្រាលសំពត់ស្រង់ទឹកភ្លៀងលើផ្ទៃខ្ទម យកបង្វេចក្រណាត់ធ្វើជាខ្នើយ ពន្លាតសង្ឃាដីដណ្តប់កាយ គង់សណ្តូកជើងទាំងសងខាងចេញទៅមុខ ហើយយកដៃទាំងពីររឺតច្របាច់បំបាត់អាការស្ពឹកស្រពន់ ពន្លឺប្រទីបសប្បិនៅចោលពន្លឺភ្លឺផ្លុងៗភ្លឹបភ្លែតក្បែរៗ ជញ្ជាំងរឆេតរឆូតដែលធ្វើដោយដីស្អិតលាយចំបើងលាបលនដោយមូលគោ(អាចម៍គោ) បរិយាកាសជុំវិញស្ងប់ស្ងាត់កណ្តោចកណ្តែង យូរៗម្តងទើបឮសូរជំនោរខ្យល់រំលងអធ្រាតប៉ះខ្ទប់ស្លឹកស្វាយឮសូរភឹបៗខាងលើ ក្នុងពេលវេលាបែបនេះ ខ្ញុំព្រះករុណាអត់នឹងនឹកភ្នកវិលទៅរករឿងចាស់មិនបាន ប៉ុន្តែការគិតដល់រឿងចាស់ គ្មានបានជួយសម្រួលចិត្តឲ្យសប្បាយឡើងទេ ផ្ទុយទៅវិញមានតែធ្វើឲ្យចិត្តស្រងេះស្រងោចខ្លោចផ្សាថែមទៀត ខ្ញុំព្រះករុណាព្យាយាមរម្ងាប់ចិត្តដោយនឹកគិតដល់អារម្មណ៍ផ្សេង ដូចជា លើកយកគោលធម៌ណាមួយ មកត្រិះរិះពិចារណាជាដើម ។ នៅខណៈដែលខ្ញុំព្រះករុណាកំពុងតែគិតកាញ់ចម្រាញ់គោលធម៌បណ្តើររឺតច្របាច់ជើងបណ្តើរទាំងភ្នែកសម្លឹងមើលទៅអណ្តាតភ្លើងព្រាលៗរបស់ប្រទីបដែលថ្កល់នៅលើផ្ទៃនោះឯង ស្រាប់តែមានពស់ ១ ក្បាលធ្លាក់ខ្ពោក ចុះមកពីដំបូលខ្ទម វេនពេននៅលើផ្ទៃក្បែរៗចុងជើងរបស់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាភ្ញាក់ព្រើតសឹងតែរឹងខ្លួន មួយស្របក់ នៅពេលបានសតិស្មារតីមកវិញហើយក៏សង្ខុញជើងទាំងពីរចូលមករកខ្លួន គិតមើលថានឹងធ្វើយ៉ាង ណាអេះ ចិត្តមួយចង់នឹងរត់ចេញពីខ្ទមភ្លាម ប៉ុន្តែខ្ញុំព្រះករុណាក៏ទប់សង្កត់ចិត្តបានមិនរត់គេចទេ ពស់ធំនោះពេនជាភ្នេននៅលើផ្ទៃខ្ទម អើតកឡើងលើដកពពារសម្លឹងមើលមកខាងខ្ញុំព្រះករុណា លឹបលៀនអណ្តាតភ្លឹបភ្លែត ខ្ញុំព្រះករុណាក៏សម្លឹងមើលវាដោយឥតពព្រិចភ្នែកដែរ នៅទីបំផុត ខ្ញុំព្រះករុណាក៏រលឹកនឹកឃើញបានថាព្រះបរមសាស្តាទ្រង់ណែនាំភិក្ខុការពារពស់ដោយផ្សាយមេត្តាចិត្តដល់ត្រកូលពស់ទាំង ៤ គឺ វិរូបក្ខៈ ឯរាបថៈ ឆព្យាបុត្តៈ និង កណ្ហាគោតមកៈ ខ្ញុំព្រះករុណាទើបពោលខ្សឹប ៗ ថា អាត្មាសូមផ្សាយបំណងល្អដល់ត្រកូលពស់ទាំង ៤ អាត្មាមកទីនេះដោយចេតនាល្អ មិនមែនមកដើម្បីគង្គានព្យាបាទអ្នកណាទេ បើលោកគ្មានពៀរវេរាគង្គួនទុកនឹងអាត្មា ក្នុងបុព្វជាតិទេ សូមចៀសចេញទៅតាមផ្លូវរបស់លោកចុះ ប៉ុន្តែបើអាត្មាដល់គ្រាដែលត្រូវទូទាត់កម្មចាស់ ឲ្យអស់ទៅនៅគ្រានេះ សូមធ្វើអន្តរាយចំពោះអាត្មាចុះ ។ បពិត្រលោកដ៏មានអាយុទាំងឡាយ ! គ្រាន់តែខ្ញុំព្រះករុណានិយាយផុតពីមាត់ប៉ុណ្ណោះ ពស់ធំនោះក៏លារង្វេនចេញហើយក៏លូនចេញពីខ្ទមទៅយ៉ាងគ្រឿន ៗ កាលបើវាលូតទៅផុតក្រសែភ្នែកហើយ ខ្ញុំព្រះករុណា ក៏ដកដង្ហើមធំដោយធូរទ្រូង រួចក៏ត្រៀមនឹងផ្តួលខ្លួនចុះសិង ប៉ុន្តែគ្រាន់តែសីសៈដល់បង្វេចក្រណាត់ភ្លាម ក៏នឹកបានថានៅមិនទាន់ពន្លត់ភ្លើង ទើបក្រោកឡើងអង្គុយប្រុងនឹងពន្លត់ភ្លើង ប៉ុន្តែរំពេចនោះស្រាប់តែ ខ្ញុំព្រះករុណាភ្លាក់ព្រើតស្រឡាំងកាំងជាខ្លាំងលើកទីពីរ ព្រោះឃើញថាមានដៃស្រមោលខ្មៅៗស្គមកំព្រឹងកំព្រយសល់តែស្បែកដណ្តប់ឆ្អឹង ផុសចេញមកពីក្នុងជញ្ជាំងយឺតៗ ហើយឈោងទៅចាប់ប្រទីប ពន្លត់ ប្រទីបចុះភ្លាម ធ្វើឲ្យស្ថានភាពក្នុងខ្ទមងងឹតសូន្យសុង ប៉ុន្តែមានពន្លឺភ្លឺព្រាលៗចាំងចូលមកតាមបង្អួច បានខ្លះ ខ្ញុំព្រះករុណាមិនដឹងថាដៃចម្លែកនោះជាដៃរបស់អ្នកណាទេ ហេតុអ្វីបានជាទម្លុះជញ្ជាំងចេញមក បាន ហេតុអ្វីបានជាអាចពន្លត់ភ្លើងបាន បើនិយាយថាខ្ញុំព្រះករុណាស្រវាំងភ្នែកក៏មិនមែន ព្រោះឃើញថា ភ្លើងប្រទីបរលត់ទៅពិតមែនថ្វីបើនៅមានសប្បិជាចំហេះសល់ជិតពេញក៏ដោយ ប៉ុន្តែបើនិយាយថាភ្លើង រលត់ព្រោះខ្យល់ក៏មិនមែន ព្រោះខាងក្នុងខ្ទមស្ងប់ឈឹងមិនកម្រើករំពើកអ្វីទេ ខ្ញុំព្រះករុណាគិតដង្វិនវិល វល់នឹងដៃអាថ៌កំបាំងនោះអស់ពេលជាយូរ ប៉ុន្តែមិនជួបចម្លើយដែលគួរឲ្យពេញចិត្តបាន ទើបផ្តួលខ្លួនចុះ សិងទៀត ។
មួយស្របក់ធំកន្លងទៅ ខ្ញុំព្រះករុណានៅមិនទាន់សិងលក់ទេ ពស់និងដៃអាថ៌កំបាំងធ្វើឲ្យខ្ញុំព្រះករុណាសិង បើកភ្នែកក្រឡួង គិតកាញ់រាត់រាយភ្លីនភ្លនទៅមកក្នុងដួងចិត្ត ខ្ញុំព្រះករុណាត្រូវស្លន់រអឹកចិត្តម្តងទៀតជាលើកទី ៣ កាលបើដឹងថាមានកំសួលខ្យល់ខ្លាំងបក់ផាត់មួយវូបចូលមកតាមមាត់ទ្វារ ហើយក៏ទច់ង៉ក់ ខ្ញុំព្រះករុណាដឹងបានភ្លាមថាខ្យល់នេះមិនមែនជាខ្យល់ធម្មតាទេ ព្រោះតាំងពីក្បាលព្រលប់រហូតមកដល់ពេលថ្មើរណេះ មិនធ្លាប់មានខ្យល់បក់ផាត់ចូលមកក្នុងខ្ទមទេ បើជាខ្យល់ធម្មតា គួរតែបក់ផាត់មកជារឿយៗទាំងស្លឹកស្វាយខាងលើក៏ឮសូរឈូឆរខ្លះ ប៉ុន្តែនេះគ្មានទេក្រៅតែពីខ្យល់មួយវូបនោះប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាក៏នៅតែសិងគិតតទៅទៀតដោយមិនក្រោកឡើងពិនិត្យមើលអ្វីទេ។ បន្ទាប់ពីនោះមិនយូរប៉ុន្មានក៏មានមនុស្សម្នាក់មកឈរធ្មឹងទ្រមាំងនៅឯមាត់ទ្វារខ្ទម ដោយសារតែស្ថិតក្នុងទីងងឹតអន្ធការ ខ្ញុំព្រះករុណាមិនអាចមើលឃើញមុខមាត់គេទេ មើលឃើញតែរូបរាងឈរពាំងមាត់ទ្វារយ៉ាង ស្ងប់ សង្កេតមើលពីឈើច្រត់និងឆ្នាំងស្ពាន់ក្នុងដៃ ខ្ញុំព្រះករុណាក៏អាចទាយបានភ្លាមថា បុរសអាថ៌កំបាំងនោះ ជាសន្យាសី ជួនកាលអាចជាយមទគ្នីដែលវិលត្រឡប់មកសន្ទនាដេញដោលអ្វីម៉្យាងទៀតក៏បាន ខ្ញុំព្រះករុណា ក្រោកឡើងអង្គុយហើយស្រែកសួរថា "អ្នកណាគេហ្នឹង?" សន្យាសីអាថ៌កំបាំងនោះមិនឆ្លើយតបទេ ប៉ុន្តែដើរ ចូលមកតាមទ្វារទៅខាងចុងជើងរបស់ខ្ញុំព្រះករុណា វាងទៅស្តាំដៃថ្កល់ឆ្នាំងស្ពាន់ទុកលើផ្ទៃខ្ទម និងផ្អែកឈើច្រត់ទល់ជញ្ជាំងហើយក៏អង្គុយចុះ ខ្ញុំព្រះករុណាអាចឮសម្លេងឆ្នាំងស្ពាន់ប៉ះផ្ទៃដីហើយឮឈើច្រត់ ប៉ះជញ្ជាំងបានយ៉ាងច្បាស់ ខ្ញុំព្រះករុណាសម្លឹងមើលបុរសអាថ៌កំបាំងនោះគ្រប់ចង្វាក់ ខ្ញុំព្រះករុណា ស្រែកសួរជាច្រើនដងថា "អ្នកណាគេហ្នឹង មានកិច្ចការអីដែរ" ប៉ុន្តែក៏នៅតែមិនបានចម្លើយដដែល ។ បពិត្រលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាយល់ឃើញជាលើកដំបូងថា បុរសអាថ៌កំបាំងនោះក្តី ដៃអាថ៌កំបាំងនោះក្តី ពស់ធំចម្លែកនោះក្តីសុទ្ធតែជាទង្វើរបស់បិសាច ត្បិតថាបុរសអាថ៌កំបាំងដែលអង្គុយនៅក្បែរជញ្ជាំងនោះស្រាប់តែរលុបខ្លួនបាត់ទៅនៅចំពោះមុខខ្ញុំព្រះករុណាព្រមទាំងឈើច្រត់និងឆ្នាំងស្ពាន់ បុរសនោះមិនបានដើរទៅណា មិនបានដើរចេញតាមច្រកទ្វារទេ ពីព្រោះខ្ញុំព្រះករុណាអង្គុយសម្លឹងមើល បុរសនោះគ្រប់ពេលវេលា បុរសនោះមិនបានអែបចូលកន្លៀតបន្ទប់ខ្ទមនោះទេ ព្រោះខ្ទមនោះមានបន្ទប់ចង្អៀតតែមួយ ហើយគ្មានអ្វីនៅខាងក្នុងទេ ក្រៅពីចំបើងស្ងួតតាំងនៅរាត់រាយរប៉ាត់រប៉ាយលើផ្ទៃខ្ទម ទោះបីបើងងឹតក៏ដោយ ក៏នៅមានពន្លឺព្រាងៗដែលល្មមនឹងសម្លឹងមើលខាងក្នុងបន្ទប់បានច្បាស់ដែរ ប៉ុន្តែគ្មានឃើញបុរសអាថ៌កំបាំងនោះទៀតទេ ខ្ញុំព្រះករុណាយល់បានភ្លាមថា បុរសនោះគ្មានអ្វីដទៃក្រៅពី បិសាចទេ គ្រាន់តែដឹងថាជាបិសាច ខ្ញុំព្រះករុណាក៏ខ្លាចញញើតព្រឺរោមពេញទាំងខ្លួន គំនិតដែលចង់រត់គេចចេញពីខ្ទមបិសាចនោះក៏ផុសឡើងទៀត ប៉ុន្តែខ្ញុំព្រះករុណាក៏ខំទប់សង្កត់ចិត្តឲ្យជាប្រក្រតីម្តងទៀត ទម្រាំនឹងទប់សង្កត់ចិត្តបាន ឃើញថាបែកញើសជោកពេញទាំងដងខ្លួនព្រោះសេចក្តីភ័យខ្លាច គ្រាន់តែចិត្ត ក្លាយជាប្រក្រតីហើយ ខ្ញុំព្រះករុណាក៏ផ្តួលខ្លួនចុះសិងម្តងទៀត ប៉ុន្តែក៏ត្រូវក្រោកឡើងម្តងទៀត ព្រោះត្រចៀកបានឮសម្លេងឈើច្រត់ប៉ះទង្គិចផ្ទៃខ្ទមឮសូរប៉ុកៗជាចង្វាក់ជុំវិញបន្ទប់ ស្រដៀងនឹងមនុស្សដើរកាន់ ឈើច្រត់ក្រឡឹងជុំវិញបន្ទប់ ក្រៅពីសម្លេងឈើច្រត់ នៅមានសម្លេងប៉ះខ្ទប់ផ្ទៃខ្ទមជាចង្វាក់ និងសម្លេងភឹបផាប់នៃក្រណាត់ដែលកើតចេញពីការឈានដើរ ខ្ញុំព្រះករុណាអង្គុយស្តាប់សម្លេងនោះដោយតំណាំងចិត្ត សម្លេងនោះឮបានយ៉ាងច្បាស់ រហូតដល់ពិបាកនឹងគិតថាជាសម្លេងលងបន្លាចដោយអំណាចនៃឧបាទាន ខ្ញុំព្រះករុណាព្យាយាមសម្លឹងភ្នែកមើលជុំវិញបន្ទប់តាមចង្វាក់សម្លេងនោះ ប៉ុន្តែគ្មានបានឃើញអ្វីផ្សេងក្រៅតែពីទំហេងទទេនោះទេ ។
បពិត្រលោកក៏មានអាយុ ! សម្លេងចម្លែកនោះលាន់ឮមួយស្របក់ធំហើយក៏ស្ងប់ស្ងាត់ទៅ សម្ងប់បានវិលត្រឡប់ មកម្តងទៀត នៅខណៈនោះ ខ្ញុំព្រះករុណាគិតឃើញថាពេលវេលាឈានចូលដល់បច្ឆិមយាមហើយ ព្រោះបានឮសម្លេងមាន់រងាវឮល្វើយមកពីភូមិដែលតាំងនៅឆ្ងាយសន្លឹម ទោះបីបើរហិតរហៃនឿយហត់បន្តិចក៏ដោយ ប៉ុន្តែហាក់ដូចជាមិនងងុយសិងសោះ ការនេះប្រហែលជាមកពីកម្លាចខ្លាចញញើតចំពោះហេតុការណ៍ចម្លែកនេះក៏បាន ពេលវេលាកន្លងទៅយូរអម្បាយ ប៉ុន្តែនៅមិនមានអ្វីកើតឡើងទេ ទាំងជឿថា នឹងគ្មានអ្វីទៀតទេ ខ្ញុំព្រះករុណាទើបផ្តួលខ្លួនចុះសិង ប៉ុន្តែគ្រាន់តែលក់រលីវមួយភាំង ក៏ស្រាប់តែប្រាកដឃើញថា មានបុរសរាងស្គមកំព្រឹងកំព្រយ អាយុប្រហែល ៦០ ឆ្នាំ សីសៈត្រងោល មុខមាត់គួរឲ្យខ្លាចញញើតម្នាក់លោតមកសង្គ្រប់លើខ្លួនរបស់ខ្ញុំព្រះករុណា អង្គុយសង្កត់ដើមទ្រូងហើយយកដៃទាំងពីរច្របាច់កខ្ញុំព្រះករុណាយ៉ាងមាំ ខ្ញុំព្រះករុណាស្លុតស្លន់ពន់ប្រមាណ ខំត្រដរតស៊ូដើម្បីបានសេរីភាព និងព្យាយាមស្រែកសុំជំនួយ ប៉ុន្តែស្រែកមិនចេញទេព្រោះត្រូវបិសាចច្របាច់កយ៉ាងណែន ត្រដរតស៊ូយ៉ាងណាក៏នៅតែមិនរបូត ឃើញថា សន្យាសីចម្លែកនោះមានកម្លាំងខ្លាំងក្លាណាស់ថ្វីបើរាងកាយស្គមកំប៉េវអារ៉េវសល់តែស្បែកដណ្តប់ ឆ្អឹងក៏ដោយ ។ ម្នាលលោកក៏មានអាយុទាំងឡាយ ! ធម្មតាមនុស្សយើងនោះ បើកាលណារស់នៅសុខសប្បាយ មិនសូវជាមើលឃើញសារៈសំខាន់នៃទីពឹងផ្លូវចិត្តទេ លុះត្រាតែស្ថិតក្នុងស្ថានភាពអាសន្នអន្តករ ជីវិតស្ថិតនៅរវាងរស់និងស្លាប់ ពេលនោះឯងទើបរលឹកនឹកដល់សរណៈទីពឹង ខ្ញុំព្រះករុណាក៏ដូចគ្នាដែរ នៅខណៈដែលត្រូវបិសាចច្របាច់កខ្ទប់ដង្ហើមនៅពេលនេះ ខ្ញុំព្រះករុណាទើបបានលំឱនចិត្តរលឹកនឹកដល់ព្រះបរម សាស្តាសម្មាសម្ពុទ្ធជាម្ចាស់ដែលជាព្រះបរមគ្រូ សូធ្យព្រះពុទ្ធមន្តដែលចាប់ផ្តើមដោយពាក្យថា ឥតិបិ សោ ភគវា ជាដើមនៅក្នុងចិត្ត គ្រាន់តែខ្ញុំព្រះករុណាសូធ្យចប់ភ្លាម ក៏ប្រាកដឃើញថា កើតពន្លឺមួយភ្លែតឡើង ពេញទាំងបន្ទប់ ទន្ទឹមនឹងនោះ រាងកាយបិសាចដែលអង្គុយសង្កត់លើដើមទ្រូងរបស់ខ្ញុំព្រះករុណា ក៏រលុប បាត់ខ្លួនទៅ ខ្ញុំព្រះករុណាត្រឡប់ជាដកដង្ហើមបាននិងស្រាលខ្លួនដូចដើមវិញ កាលបើដឹងថាមានសេរីភាពហើយ ខ្ញុំព្រះករុណាក៏ក្រោកអង្គុយ គិតរិះរកវិធីធ្វើយ៉ាងណាតទៅទៀត នៅទីបំផុត ខ្ញុំព្រះករុណាក៏សន្និដ្ឋានបានថា ជួនកាលបិសាចដែលជាម្ចាស់ខ្ទមនេះមិនពេញចិត្តដែលឃើញមនុស្សចម្លែកចូលមកស្នាក់ក្នុងខ្ទម របស់ខ្លួន ទើបឆាឆៅបណ្តេញដោយប្រការផ្សេងៗ ប្រសិនបើខ្ញុំព្រះករុណាចិត្តទន់បន្តិច ប្រហែលជារត់គេច ចេញពីខ្ទមតាំងពីឃើញពស់ធ្លាក់ចុះពីលើដំបូលម្លេះ ជួនកាលអាចមានបរទត្តូបជីវីប្រេតខ្លះដែលអាស្រ័យនៅបរិវេណខ្ទមនេះកំពុងស្រេកឃ្លាន គ្រាន់តែឃើញភិក្ខុអ្នកទ្រទ្រង់សីលចូលមកស្នាក់ ទើបសម្តែងខ្លួនឲ្យ ប្រាកដដើម្បីសុំចំណែកបុណ្យក៏បាន ។
កាលបើគិតសន្និដ្ឋានបានដូច្នេះហើយ ខ្ញុំព្រះករុណាក៏សម្រួមចិត្តឲ្យស្ងប់ហើយក៏ពោលដោយសម្លេងឮបង្គួរថា "អាត្មាមកស្នាក់ក្នុងខ្ទមនេះដោយចេតនាល្អទេ គ្មានចេតនាអាក្រក់ចំពោះអ្នកណាឡើយ មិនបានតាំងចិត្តនឹង នាវយកខ្ទមនេះជាសម្បត្តិរបស់ខ្លួនទេ សូមស្នាក់តែមួយយប់នេះប៉ុណ្ណោះព្រឹកឡើងនឹងចាកចេញទៅ អាត្មាមិនដឹងថាខ្ទមនេះមានម្ចាស់ទើបចូលមកស្នាក់នៅដោយមិនបានសុំអនុញ្ញាត ឥឡូវនេះអាត្មាដឹងហើយ ទើប សុំអនុញ្ញាតស្នាក់មួយយប់សិន អាត្មាមិនបង្កហានីយាការណាៗដល់ខ្ទមរបស់លោកទេ ម្យ៉ាងទៀត អាត្មាសូមឧទ្ទិសចំណែកបុណ្យជូនដល់លោក បុណ្យកុសលណាៗដែលអាត្មាបានសន្សំមកដោយការឧបសម្ប័ទក្នុងព្រះធម្មវិន័យរបស់ព្រះបរមសាស្តាក្តី ដោយការបដិបត្តិតាមព្រះធម្មវិន័យយ៉ាងប្រិតប្រៀងក្តី ដោយការទេសនា ប្រៀនប្រដៅមនុស្សឲ្យកើតសម្មាទិដ្ឋិយល់ដឹងអាក្រក់ល្អសខ្មៅតាមសភាពពិតក្តី អាត្មាសូមឧទិ្ទសបុណ្យកុសលទាំងអស់នោះជូនលោក សូមលោកអនុមោទនាទទួលយកហើយសោយសុខក្នុងគតិភពរបស់លោកចុះ" ពោលចប់ហើយ ខ្ញុំព្រះករុណាក៏ផ្តួលខ្លួនចុះសិង បពិត្រលោកដ៏មានអាយុទាំងឡាយ ! ទង្វើរបស់ខ្ញុំព្រះករុណាបានផលយ៉ាងប្រត្យក្ស ព្រោះក្រោយពីនោះទៅ គ្មានអ្វីកើតឡើងទៀតទេ ខ្ញុំព្រះករុណាសិងលក់យ៉ាងស្រួលដោយគ្មានអ្វីមករុកកួនអុកឡុករហូតដល់ព្រឹកព្រលឹម ។ នៅពេលដែលខ្ញុំព្រះករុណាតើនឡើង សន្យាសីទាំងឡាយស្រង់ទឹកក្នុងស្ទឹងនិងយកផេះលាបខ្លួនរួចហើយ កំពុងតែត្រៀមខ្លួននឹងចូលទៅកាន់ភូមិដើម្បីភិក្ខាចារ ខ្ញុំព្រះករុណាលុបលាងមុខមាត់ហើយក៏ត្រៀមខ្លួនចូលទៅបិណ្ឌបាតដែរ ប៉ុន្តែតាំងចិត្តថាលុះបិណ្ឌបាតហើយនឹងចេញដំណើរដើរចារិកតទៅ ដោយមិនវិលត្រឡប់មកកាន់អាស្រមរបស់សន្យាសីទៀតទេ ទើបដើរទៅកុដិសន្យាសីយមទគ្នីដើម្បីសុំលា
"លោកសិងលក់ស្រួលទេមួយយប់នេះ?" អ្នកព្រតជរាសួរ ខ្ញុំព្រះករុណាឆ្លើយថាសិងលក់ស្រួលធម្មតា លោកសម្លឹងមើលខ្ញុំព្រះករុណាដោយវិមតិសង្ស័យមួយសន្ទុះហើយនិយាយថា "ខ្ញុំកូរណាភ្លេចប្រាប់លោកថា ខ្ទមនោះជាលំនៅរបស់សន្យាសីវាសេដ្ឋៈដែលទើបនឹងទទួលអនិច្ចធម្មទៅកាលពីឆ្នាំទៅមិញនេះឯង តាមធម្មតា គ្មានអ្នកណាអាចនៅក្នុងខ្ទមនេះបានទេ ព្រោះត្រូវបិសាចលងបន្លាចដោយប្រការផ្សេង ៗ លោកអាចនៅបានរហូតមួយយប់ ចាត់ទុកថាពូកែណាស់ " ខ្ញុំព្រះករុណាមិនបានតំណាលរឿងដែលកើតឡើងដល់សន្យាសីយមទគ្នីស្តាប់ទេ គ្រាន់តែសុំលាតាមសណ្តាប់ យមទគ្នីបាននិយាយមុនពេលខ្ញុំព្រះករុណាចាកចេញទៅថា
"កាលពីយប់មិញនេះ ខ្ញុំកូរណាបានគិតត្រិះរិះលទ្ធិរបស់លោកម្នាក់ឯងហើយយង់យល់ជ្រួតជ្រាបនឹងមូលភាពអនុសាសនីរបស់ព្រះសមណគោត្តមដោយច្រើន ប្រសិនបើខ្ញុំកូរណានៅក្មេងវ័យមិនចាស់ជរា ទាំងមិនជាប្រមុខរបស់សន្យាសីទាំងឡាយដូចឥឡូវនេះទេ ខ្ញុំកូរណាអាចនឹងទៅផ្ញើកាយថ្វាយខ្លួនជាសាវ័ករបស់ព្រះមហាសមណៈព្រះអង្គនោះមិនខាន ប៉ុន្តែឥឡូវនេះ អ្វីៗជ្រុលពេលទៅហើយ សូមឲ្យលោកធ្វើដំណើរទៅប្រកបដោយសុវត្ថិភាពចុះ ខ្ញុំកូរណាសូមរស់នៅតាមផ្លូវរបស់ខ្លួនលុះត្រាតែផុតរលត់ដង្ហើមតរៀងទៅ" ។
ពិធីសតី
[កែប្រែ]ម្នាលលោកដ៏មានអាយុទាំងឡាយ ! អស់រយៈពេលជាច្រើនថ្ងៃហើយតាំងពីខ្ញុំព្រះករុណាបានចាកចេញពីវេឡុវនារាមមក មិនទាន់បានបញ្ជូនដំណើរដំណឹងដល់ទេវមិត្តឧបាសកជ្រាបនៅឡើយទេ ត្បិតខ្ញុំព្រះករុណា នៅមិនទាន់មានលំនៅស្ថិតស្ថេរនៅឡើយម្យ៉ាង ម្យ៉ាងទៀត ខ្ញុំព្រះករុណាមិនទាន់ចង់នៅជាលំនៅស្ថិតស្ថេរទេ ចង់នឹងត្រាច់ចរទៅមួយរយៈសិន កាលបើជួបបដិរូបដ្ឋានសមគួរហើយ សឹមតាំងទីសម្នាក់ជាក់លាក់ ហើយនឹងបញ្ជូនមនុស្សទៅជម្រាបប្រាប់ទេវមិត្តឧបាសកឲ្យបានដឹងតាមពាក្យសន្យា ។ នាថ្ងៃមួយ ខ្ញុំព្រះករុណាបានធ្វើដំណើរដើរមកដល់ភូមិមួយឈ្មោះថា បិណ្ឌុលគ្រាម ជាភូមិនខ្នាតធំ មានប្រជាជនរស់នៅកុះករ ស្ថិតនៅទិសខាងលិចនៃក្រុងរាជគ្រឹះប្រហែល ១ យោជន៍ អ្នកស្រុកក្នុងភូមិនេះ មិនស្គាល់ព្រះពុទ្ធសាសនាទេ ប៉ុន្តែគោរពបូជាព្រះឥន្ទជាសរណៈទីពឹង នៅទិសខាងកើតនៃភូមិ មានទេវាល័យមួយសាងឧទិសព្រះឥន្ទ ហើយម្តុំជុំវិញទេវាល័យនោះ ជាព្រៃរលួស កំពុងចេញផ្កាសំពោងព្រោងព្រាតពេញដើម ខ្ញុំព្រះករុណាពិចារណាឃើញថាជាទីមនោរម្យសមគួរដល់ការបំពេញសមណធម៌ នៅមិនជិតមិនឆ្ងាយពីភូមិដែលជាទីគោចរ ខ្ញុំព្រះករុណាទើបកួចកាន់យកដើមរលួសធំក្បែរៗនឹងទេវាល័យនោះជាទីសម្នាក់ រាល់ព្រឹកល្ងាចតែងមានអ្នកស្រុកនាំយកគ្រឿងសក្ការៈផ្សេងៗមកបូជាព្រះអភិទេពក្នុងទេវាល័យជាហ្វូងជាហ្វាយ មានព្រាហ្មណ៍វ័យចាស់ខ្លះដែលចាប់អារម្មណ៍ក្នុងផ្លូវធម៌មកសន្ទនាជាមួយនឹងខ្ញុំព្រះករុណាម្តងម្កាល ខ្ញុំព្រះករុណាបានណែនាំប្រៀនប្រដៅគាត់ឲ្យកើតសម្មាទិដ្ឋិ គំហើញឃើញត្រឹមត្រូវតាមគន្លងធម៌ ដឹកនាំពាំយួរឲ្យកើតឧយ្យាមភាពក្នងទានសីលនិងភាវនារហូតដល់មានអ្នកជ្រះថ្លាចូលដល់ព្រះរតនត្រ័យជាសរណៈ ទីពឹងជាច្រើននាក់ ។ នៅពេលយប់ កាលបើអ្នកស្រុកបូជាព្រះអភិទេពក្នុងទេវាល័យត្រឡប់ទៅគេហដ្ឋានវិញអស់ហើយ បរិវេណទេវាល័យក៏ស្រឡះគ្មានមនុស្សមនា តាំងនៅក្នុងសភាពស្ងប់ស្ងាត់ ក្នុងពេលវេលាបែបនោះ ខ្ញុំព្រះករុណាច្រើនតែឆ្លៀតឱកាសទៅដើរកំសាន្តលើទំនួលថ្មជុំវិញទេវាល័យ ជួនកាលក៏ចូលទៅក្នុងទេវាល័យ ទស្សនាទេវរូបនិងផ្កាឈើដែលមនុស្សយកមកបូជា ថ្កល់នៅរប៉ាត់រប៉ាយលើទែនបូជាខាងមុខទេវរូប ទេវរូបឆ្លាក់ដោយសិលាខ្មៅ តាំងនៅលើជើងទម្រខ្ពស់កណ្តាលបន្ទប់ ខាងមុខទេវរូបមានប្រទីបប្រេងទ្រោលបំភ្លឺទាំងថ្ងៃទាំងយប់ ២ គ្រឿង រាល់ៗថ្ងៃតែងមានព្រាហ្មណ៍ម្នាក់ដែលមានមុខងារថែមប្រេងយកប្រេងមកដាក់បញ្ចូលក្នុងភាជនៈប្រទីបជាប្រចាំ ។
នៅយប់ថ្ងៃមួយ ខណៈដែលអ្នកស្រុកវិលត្រឡប់ទៅគេហដ្ឋានវិញអស់ហើយ ខ្ញុំព្រះករុណាបានចេញពីទីសម្នាក់ទៅដើរលំហែកាយត្រង់បរិវេណទេវាល័័យតាមទម្លាប់ កាលបើដើរក្រឡឹងឆ្វាត់ឆ្វែលនៅជុំវិញស្កប់ស្កល់ដល់ចិត្តហើយ ក៏ចូលទៅដើរក្នុងទេវាល័យជុំវិញទេវរូបរបស់ឥន្ទទេព គ្រាន់តែដើរមកដល់ខាងក្រោយទេវរូបភ្លាម ខ្ញុំព្រះករុណាក៏សង្កេតឃើញមនុស្សម្នាក់កំពុងដើរឡើងកាំជណ្តើរមកយ៉ាងរហើតរហាំង ដើម្បីមិនឲ្យគេឃើញថាខ្ញុំព្រះករុណាកំពុងតែស្ថិតនៅបរិវេណនោះ ទើបអែបទៅពួននៅខាងក្រោយទេវរូប ហើយចាំមើលថាតើអ្វីនឹងកើតឡើងដោយអាស្រ័យប្រឡោះទទេនៅចន្លោះដងដៃនិងដងខ្លួនទេវរូបដែលដេរដាសទៅដោយផ្កា ឈើដែលមនុស្សមនានាំយកមកតម្កល់បូជា ប៉ុន្តែមានប្រឡោះតូចៗល្មមនឹងសម្លឹងមើលទៅខាងមុខទេវរូបបានយ៉ាងច្បាស់ កាលបើបុគ្គលនោះចូលមកឈរនៅខាងមុខទេវរូបហើយ ខ្ញុំព្រះករុណាក៏ប្រទះឃើញថាជាស្ត្រីភេទ មានអាយុប្រហែល ១៨ ឆ្នាំយ៉ាងច្រើន នាងឈប់ឈរនៅខាងមុខទេវរូបដោះស្បៃបិទមុខចេញ យកផ្កាឈើទៅថ្កល់លើទែនបូជា ភ្នែកសម្លឹងមើលព្រះភក្ត្ររបស់ទេវរូបដោយឥតពព្រិច ខ្ញុំព្រះករុណាសង្កេតឃើញថាទឹកមុខរបស់នាងមានសញ្ញាបង្កប់នៃសំណោកសោកសង្រេងទំតោង នាងលើកដៃទាំងពីរឡើងស្រាក់គ្នាក្រោមចង្កា សម្លឹងមើលទេវរូបហើយក៏ជ្រប់មុខចុះនឹងបាតដៃ យំខ្សឹកខ្សួលហឹះៗមួយស្របក់ធំ ហើយទើបងើបមុខឡើង សម្លឹងមើលទេវរូបម្តងទៀត ខ្ញុំព្រះករុណាសង្កេតឃើញទឹកភ្នែកនាងហូររហេញជាទជោកផែនថ្ពាល់ នាងមុខជាមានទុក្ខសន្ធំទំអួលណែនក្នុងទ្រូងជាមិនខាន ខ្ញុំព្រះករុណាចាំសង្កេតមើលស្ថានការណ៍តទៅ ពេញដោយចិត្តដែលធ្ងន់កណ្តក់ដោយសេចក្តីអាណិតអាសូរ បើគេចវេះចេញ បណ្តោយឲ្យនាងបូជាម្នាក់ឯងក៏គ្មានផ្លូវទៅបាន ព្រោះបន្ទប់របស់ទេវរូបនោះមានទ្វារចេញ តែម្ខាង បើដើរចេញទៅតាមទ្វារនោះ ស្រីក្រមុំនោះប្រាកដជាឃើញ ខ្ញុំព្រះករុណាទើបសម្រេចចិត្តនៅខាងក្រោយទេវរូបនោះតទៅ លុះយំយែកទាល់តែស្ងួតទឹកភ្នែកហើយ ស្រីក្រមុំនោះក៏និយាយឡើងដោយសម្លេងញ័រចំប្រប់ថា
"បពិត្រឥន្ទទេពជាម្ចាស់ជីវិត ! សូមមេត្តាអាណិតនាងខ្ញុំផង នាងខ្ញុំកំពុងតែរងទុក្ខអង្គុកអង្គុល សូមជួយសង្រ្គោះនាងខ្ញុំផង ឥន្ទទេពជាម្ចាស់ ! " ពោលហើយនាងក៏ផ្ងប់មុខលើបាតដៃ យំអណ្តឺតអណ្តក់តទៅសឹងតែផុតដង្ហើម បពិត្រលោកដ៏មានអាយុ ! នៅពេលនោះ ខ្ញុំព្រះករុណាក៏នឹកឃើញគំនិតចម្លែកមួយ វាជាគំនិតចម្លែកចំណង់បើខ្ញុំព្រះករុណាក៏មិនចង់យកមកប្រើដែរ ពោលគឺ ខ្ញុំព្រះករុណាគិតថា ខ្ញុំព្រះករុណាខ្លួនឯងធ្វើជាទេវរូបនិយាយឆ្លើយឆ្លងជាមួយនឹងស្រីក្រមុំនោះដើម្បីសង្គ្រោះនាង ដើម្បីប្រឡោមលួងលោមនាងឲ្យរសាយចាកទុក្ខ វាជាគំនិតដែលកើតឡើងដោយអំណាចនៃការុញ្ញចិត្តអាណិតអាសូរសត្វដែលកំពុងតែរងទុក្ខវេទនាជាជាងនឹងបញ្ឆបញ្ឆោតគេ បើនិយាយតាមសភាពពិត ទេវរូបនោះគ្រាន់តែជាវត្ថុធាតុដែលឥតវិញ្ញាណប៉ុណ្ណោះ មិនអាចជួយសង្គ្រោះអ្នកណាបានទេ ប៉ុន្តែខ្ញុំព្រះករុណាអាចជួយបាន យ៉ាងហោចណាស់ ក៏ជួយផ្តល់ពាក្យណែនាំដែលមានប្រយោជន៍ដែរ ប៉ុន្តែដោយសារតែប្រជាជនជ្រះថ្លាក្នុងទេវរូបសិលាដែលឥតវិញ្ញាណនោះ បើខ្ញុំព្រះករុណាអែបធ្វើទេវរូបនោះហើយអាចជួយសង្គ្រោះមនុស្សបាន ប្រហែលជាមិនបំបាក់មុខព្រះអាទិទេពអង្គណាទេ កាលបើគិតគន់មើលល្អិតល្អន់ហើយ ខ្ញុំព្រះករុណាទើបនិយាយដោយសម្លេងរាបទាបថា "ធីតាអើយ ! កុំសោកសង្រេងឡើយ ព្រះបិតានឹងជួយឯង"
ពាក្យសម្តីរបស់ខ្ញុំព្រះករុណាធ្វើឲ្យស្រីក្រមុំនោះភ័យតក់ប្រមា នាងងើយមុខឡើងសម្លឹងមើលទេវរូបដោយភ្នែកបើកគ្រលួង ហាមាត់ចង្គ្រង់ សម្តែងអាការតក់ស្លុតយ៉ាងពេញរបុង នាងងាកមុខទៅសម្លឹងមើលខាងនេះម្តងខាងនោះម្តង ដោយកិរិយាស្លុតស្លន់រហន់ចិត្ត
"ធីតាអើយ ! កុំភិតភ័យឡើយ នាងកំពុងតែនៅក្នុងទីនិរន្តរាយហើយ" ខ្ញុំព្រះករុណានិយាយសម្រួលចិត្តនាង ស្រីក្រមុំលើកដៃឡើងសំពះទេវរូបដោយអាការញ័រទទ្រាក់ទទ្រើក ទឹកមុខរបស់នាងខណៈនេះសម្តែងអាការភ័យរអឹករអាំរកកល់នឹងយំឬសើច នាងមុខជាភ័យអរញាប់ញ័រពន់ប្រមាណដែលព្រះឥន្ទទេពអាចនិយាយជាមួយនឹងនាងបានហាក់នឹងថាមនុស្សដែលនាងមិនធ្លាប់ជួបប្រទះឡើយក្នុងជីវិត
"បពិត្រព្រះបិតា ! បពិត្រទេពបិតា ! សូមព្រះអង្គប្រោសនាងខ្ញុំផង នាងខ្ញុំត្រេកអរពន់ប្រមាណ" នាងនិយាយយ៉ាងរលះរលាំង លើកដៃសំពះប៉ូតៗដោយអាការគួរឲ្យអាណិត
"ิចូរប្រាប់ព្រះបិតាមកមើល កូនស្រី ! ថាតើកូនមានទុក្ខអ្វីនៅក្នុងចិត្ត?" ខ្ញុំព្រះករុណាសួរ
"ទុក្ខរបស់នាងខ្ញុំធំធេងណាស់ ពោលគឺ កាលពីមួយឆ្នាំកន្លងមកនេះ នាងខ្ញុំត្រូវបានឪពុកម្តាយបង្ខំឲ្យរៀបការជាមួយនឹងព្រាហ្មណ៍ចាស់ម្នាក់អាយុ ៦០ ឆ្នាំដែលមានឋានៈស្តុកស្តម្ភ ប៉ុន្តែថារូបរាងមុខមាត់គួរឲ្យខ្ពើមរអើមណាស់សម្រាប់នាងខ្ញុំ ប៉ុន្តែដើម្បីជាការតបស្នងសងគុណឪពុកម្តាយ នាងខ្ញុំទើបសុខចិត្តរៀបការជាមួយនឹងព្រាហ្មណ៍ចាស់នោះ យើងរួមរស់នៅជាមួយគ្នាជាសុខដុមរមនាអស់រយៈពេល ១ ឆ្នាំ លុះកាលពីម្សិលមិញនេះ ស្វាមីរបស់នាងខ្ញុំក៏ទទួលអនិច្ចធម្មទៅដោយរោគគាំងបេះដូង..." នាងនិយាយបានប៉ុនណេះក៏ផ្ងប់មុខចុះនឹងបាតដៃ យំអណ្តឺតអណ្តក់ទៀត ។ បពិត្រលោកក៏មានអាយុ ! កាលបើស្តាប់រឿងរ៉ាវរបស់ស្រីក្រមុំនោះបានប៉ុនណេះ ខ្ញុំព្រះករុណាក៏ល្មមទស្សន័ទាយបានថា នាងកំពុងតែរងទុក្ខធ្ងន់ព្រោះស្រណោះអាល័យស្នេហាដែលមកកាត់ផ្តាច់ទៅយ៉ាងទាន់ហន់ដោយគ្មានថ្ងៃណានឹងវិលវិញ ដើម្បីលួងលោមនាងឲ្យរសាយសំណោកសោកសង្រេង ខ្ញុំព្រះករុណាទើបនិយាយឡើងដោយសម្លេងរាបទាបថា "កូនស្រីអើយ ! កុំសោកសង្រេងចំបែងចិត្តឡើយ ការកើត និង ការស្លាប់គឺជារឿងធម្មតា ព្រមទទួលយកគោលធម្មតាចុះ កូននឹងស្បើយចិត្ត ប៉ុន្តែកូនមិនព្រមទទទួលយកគោលធម្មតា កូនត្រូវការឲ្យអ្វីៗប្រព្រឹត្តទៅតាមគោលបំណងរបស់កូន ប៉ុន្តែគោលធម្មតានោះវាប្រព្រឹត្តទៅតាមផ្លូវរបស់វា កូនទើបខកបំណងកើតទុក្ខព្រួយចិត្ត" ស្រីក្រមុំនោះងើយមុខឡើងសម្លឹងមើលទេវរូបយ៉ាងច្រឡោ ហើយនិយាយឡើងថា
"បពិត្រព្រះបិតា ! នាងខ្ញុំមិនសោកសង្រេងចំបែងចិត្តព្រោះមរណកម្មរបស់ស្វាមីទេ"
"បើអញ្ចឹង នាងព្រួយចិត្តរឿងអ្វីឬ?" ខ្ញុំព្រះករុណាសួរដោយចម្លែកចិត្តបន្តិចនិងនឹកគួរឲ្យផ្ទុះសំណើចដែលច្រឡំទេសនាណែនាំយ៉ាងវែងអន្លាយ ។
"ចុះព្រះបិតាមិនជ្រាបទេឬថាភូមិរបស់យើងជាភូមិចាស់បុរាណ អ្នកស្រុកមានទម្លាប់ដក់ជាប់ក្នុងប្រពៃណីបុរាណ មិនព្រមផ្លាស់ប្តូរអ្វីងាយៗទេ អ្វីណានីមួយដែលបុព្វបុរសធ្លាប់គោរពបដិបត្តិមក ត្រូវតែបដិបត្តិតទៅ ដោយឥតពិនិត្យពិចារណាឡើយ"
"ចុះគំនិតចាស់គំរិលរបស់អ្នកស្រុកហ្នឹង វាពាក់ព័ន្ធអ្វីនឹងទុក្ខសោករបស់នាងទៅ?" ខ្ញុំព្រះករុណាសួរ
"ទាក់ទិនដោយផ្ទាល់តែម្តង ទេពបិតា ! នៅក្នុងភូមិរបស់យើងមានប្រពៃណីម្យ៉ាង ឈ្មោះថា សតី ពោលគឺ កាលបើស្វាមីរបស់ស្ត្រីណាស្លាប់បាត់បង់ជីវិតទៅ ស្ត្រីនោះក៏តោងតែដុតខ្លួនឲ្យស្លាប់ទៅតាមស្វាមីដែរ ដើម្បី សម្តែងស្នេហាស្មោះស្ម័គ្រភក្តីចំពោះស្វាមី ស្រី្តណាអាចដុតសម្លាប់ខ្លួនឯងតាមស្វាមីបាន ស្ត្រីនោះនឹងទទួលបានពាក្យកោតសរសើរយ៉ាងខ្លាំងពីអ្នកភូមិ មិនត្រឹមតែស្ត្រីនោះប៉ុណ្ណោះទេដែលបានទទួលកំណោតកោតសរសើរសូម្បីតែឪពុកម្តាយរបស់ស្ត្រីនោះក៏បានទទួលការគោរពរាប់អានយ៉ាងខ្ពង់ខ្ពស់ទៀតផង បើស្ត្រីណាមិនដុតខ្លួនសម្លាប់តាមស្វាមីទេ ស្ត្រីនោះនឹងបានទទួលតំណិះតិះដៀលនិងពាក្យមើលងាយមើលថោកយ៉ាងខ្លាំងពីអ្នកភូមិ"
"បើអញ្ចឹង មានន័យថា កូនមិនចង់ដុតខ្លួនសម្លាប់តាមស្វាមីមែនទេ?"
"ពិតមែនហើយ, ទេពបិតា ! នាងខ្ញុំមិនទាន់ចង់ស្លាប់ទេ នាងខ្ញុំទើបតែកើតមកឃើញលោកនេះត្រឹមតែអាយុ ១៨ ឆ្នាំប៉ុណ្ណោះ នាងខ្ញុំចង់នៅរស់មើលពិភពលោកនេះតទៅយូរអង្វែងទៀត នាងខ្ញុំភ័យតក់ស្លុតចំពោះការស្លាប់ក្នុងភ្នក់ភ្លើងដ៏សែនកំណាចនោះណាស់ នាងខ្ញុំយល់ឃើញថា វាមិនយុត្តិធម៌ឡើយដែលឲ្យនាងខ្ញុំនៅវ័យក្មេងទៅស្លាប់តាមមនុស្សចាស់អាយុដល់ទៅ ៦០-៧០ ឆ្នាំ នាងខ្ញុំមិនព្រម... មិនព្រមជាដាច់ខាត" ស្រីក្រមុំនោះពោល ២ ប្រយោគចុងក្រោយដោយសម្លេងដាច់ណាត់ ។
"កាលបើកូនស្រីមិនចង់ស្លាប់តាមតាចាស់នោះ កូនមិនបាច់ស្លាប់ក៏បានដែរមែនទេ?"
"មិនអញ្ចឹងទេ ទេពបិតា ! ឪពុកម្តាយនិងជ័រជាតិញាតិសន្តានទទូចទទរអង្វរនាងខ្ញុំឲ្យសម្រេចចិត្តស្លាប់ទៅតាមស្វាមីដើម្បីជាថ្នូរនឹងពាក្យសរសើរសម្ងើចរបស់អ្នកភូមិ កាលបើនាងខ្ញុំសម្តែងចេតនាមិនចង់ស្លាប់ ពួកគេក៏អន្ទោកអន្ទោលឲ្យនាងខ្ញុំស្លាប់ដោយវិធីលួងលោមខ្លះ ជំលាបសំឡុតខ្លះ វីអៃភីសំខាន់បំផុត គឺ ឪពុកម្តាយរបស់នាងខ្ញុំហ្នឹងឯង ពួកគាត់ប្រាប់ថាបើនាងខ្ញុំស្លាប់ទៅតាមស្វាមី វិញ្ញាណរបស់នាងខ្ញុំនឹងក្លាយជាទេពធីតា ប្រជាជននឹងគោរពបូជា គ្រួសារឪពុកម្តាយនឹងបានមុខបានមាត់ ពួកគាត់អង្វរឲ្យនាងខ្ញុំយោគយល់ដល់ពួកគាត់ជាលើកចុងក្រោយផង ដើម្បីជាការតបស្នងសងគុណមាតាបិតា នេះឯងជាមូលហេតុនៃ ទុក្ខសន្ធំរបស់នាងខ្ញុំ បពិត្រទេពបិតា ! សូមជួយប្រោសសត្វអ្នកកំពុងរងទុក្ខទោម្នេញផងចុះ" បពិត្រលោកដ៏មានអាយុ ! កាលបើបានស្តាប់រឿងរ៉ាវរបស់ស្រីក្រមុំនោះហើយ ខ្ញុំព្រះករុណាស្ទើរតែមិនជឿថាជាការពិត ខ្ញុំព្រះករុណាមិនធ្លាប់បានគិតនឹកនាថាប្រពៃណីដ៏ព្រៃផ្សៃយង់ឃ្នងបែបនេះនៅមានក្នុងដែនដីមគធរដ្ឋដ៏រុងរឿងនេះទេ ប៉ុន្តែប្រពៃណីនេះនៅតែមាន ខ្ញុំព្រះករុណាកើតប្រណិធានឡើងក្នុងចិត្តយ៉ាងដាច់ខាតថានឹងព្យាយាមលុបបំបាត់ប្រពៃណីព្រៃផ្សៃនេះឲ្យអស់ពីភូមិបិណ្ឌុលគ្រាមឲ្យបានដោយវិធីណាមួយ ទោះបីបើវិធីនោះត្រូវខ្ចីដៃទេវរូបដែលឥតវិញ្ញាណក៏ដោយ ខ្ញុំព្រះករុណាប្រាប់ស្រីក្រមុំនោះថា
"កូនស្រីអើយ ! កុំព្រួយបារម្ភឡើយ ព្រះបិតានឹងជួយកូន ព្រះបិតាយល់ឃើញថាបញ្ហាចាក់ស្មុគទាំងអស់នេះបណ្តាលមកពីឪពុកម្តាយរបស់កូនហ្នឹងឯង បើអាចបង្វែរចិត្តរបស់លោកទាំងពីរនោះបាន អ្វីៗនឹងចុះរបៀបរៀបរយគ្មានបញ្ហាទេ ប៉ុន្តែព្រះបិតាគ្រាន់តែជាទេវរូបដែលមិនអាចធ្វើអ្វីបានយ៉ាងថ្នាត់ដៃថ្នាត់ជើង ព្រះបិតាសូមប្រាប់រឿងមួយ ខណៈនេះមានព្រះភិក្ខុក្នុងព្រះពុទ្ធសាសនា ១ អង្គនិមន្តមកស្នាក់អាស្រ័យក្រោមដើមរលួសក្បែរៗទេវាល័យនេះឯង លោកជាអ្នកមានគុណធម៌ខ្ពស់ គួរគោរពបូជានិងជឿស្តាប់ ចាប់ពីពេលនេះជាដើមទៅ ព្រះបិតានឹងប្រគេនអំណាចដល់ព្រះភិក្ខុអង្គនោះ ហើយព្រះបិតានឹងមិននិយាយជាមួយនឹងអ្នកណាទៀតទេរួមទាំងកូនផង ព្រឹកស្អែកនេះ សូមឲ្យកូននាំឪពុកម្តាយរបស់កូនមកជួបនឹងភិក្ខុរូបនោះចុះ ថ្មើរណេះយប់ជ្រៅហើយ សូមកូនវិលត្រឡប់ទៅផ្ទះវិញចុះ"
គង្គាសយម្ពរ
[កែប្រែ]លុះដល់ព្រឹកស្អែកឡើង ស្រីក្រមុំនោះក៏នាំឪពុកម្តាយមកជួយខ្ញុំព្រះករុណាតានពាក្យសន្យា កាលបើអ្នកទាំង ៣ អង្គុយចុះលើកដៃសំពះហើយ ខ្ញុំព្រះករុណាក៏និយាយឡើងមុនថា
"ញោម គឺ ឪពុកម្តាយរបស់ស្រីក្រមុំរងគ្រោះនោះមែនទេ? "
"មែន តេជគុណ ! "ប្រុសជាប្តីឆ្លើយតប សម្តែងកិរិយាអាការភ្ញាក់ផ្អើលយ៉ាងខ្លាំង "តេជគុណដឹងបានយ៉ាងណាថាពួកយើងជាឪពុកម្តាយរបស់ស្រីក្រមុំនេះ?"
"កាលពីអធ្រាតយប់មិញ ព្រះឥន្ទទេពប្រចាំទេវាល័យបានមកជួបអាត្មា លោករៀបរាប់ឲ្យស្តាប់ថាមានស្រីក្រមុំម្នាក់ចូលទៅរកលោកដល់ទេវាល័យប្រាប់ថាកំពុងត្រូវឪពុកម្តាយបង្ខំឲ្យដុតខ្លួនឲ្យស្លាប់ទៅតាមស្វាមី ហើយសុំឲ្យលោកជួយ លោកមិនចូលចិត្តប្រពៃណីឃោរឃៅនេះទេ លោកចង់ឲ្យលះលើកចោល ហើយលោកមើលឃើញថាអាត្មាល្មមនឹងជួយណែនាំប្រដែប្រដៅញោមទាំងពីរបាន ទើបប្រគល់អំណាចឲ្យអាត្មាធ្វើការជំនួស ចំណែកឯលោកវិញក៏វិលត្រឡប់ទៅសោយទិព្វសុខក្នុងសគ្គាល័យ នឹងមិនវិលត្រឡប់មកកាន់មនុស្សលោកនេះវិញទេ ព្រោះមនុស្សបង្កបញ្ហាវឹកវរដល់លោកមិនចេះចប់ អាត្មាទើបទទួលពាក្យសម្តីរបស់លោក"
ព្រាហ្មណ៍ជាស្វាមីសម្លឹងមើលមុខភរិយាដោយអាការមិងមាំងមួយស្របក់ហើយក៏បែរមុខមកខាងខ្ញុំព្រះករុណានិយាយឡើងដោយអាការរសាប់រសល់ថា
"បពិត្រលោកសមណៈ ! ប្រពៃណីសតីនេះចាត់ជាប្រពៃណីស័ក្តិសិទ្ធិដែលពួកយើងនាំគ្នាគោរពបដិបត្តិតៗគ្នាមកតាំងពីបុព្វកាល យើងមិនអាចលះលើកចោលបានទេ ព្រោះបើលះលើកចោលក៏ស្មើនឹងបំផ្លាញប្រពៃណី ជាការរមិលគុណចំពោះបុព្វបុរស" ម្នាលលោកដ៏មានអាយុ ! នៅពេលបានស្តាប់សម្តីរបស់ព្រាហ្មណ៍ជាបិតាហើយ ខ្ញុំព្រះករុណាក៏យល់ដឹងបានភ្លាមថា ក្នុងការបដិបត្តិតាមប្រពៃណីនោះ គេគ្មានហេតុផលអ្វីសោះ គ្រាន់តែជឿកាន់តៗគ្នាមកដូចយ៉ាងមនុស្សភ្នែកខ្វាក់ ខ្ញុំព្រះករុណាទើបចាប់ផ្តើមណែនាំគាត់ក្នុងផ្លូវនៃហេតុផលដូចតទៅ
"ម្នាលឧបាសក ! បើការលះលើកចោលប្រពៃណីខ្លះជាការរមិលគុណបុព្វបុរស មនុស្សទាំងអស់ក្នុងជម្ពូទ្វីបនេះសុទ្ធសឹងតែជាមនុស្សរមិលគុណ ព្រោះមានប្រពៃណីនិងការបដិបត្តិជាច្រើនអនេកដែលបុព្វបុរសរបស់យើងធ្លាប់បដិបត្តិមក ប៉ុន្តែនៅពេលនេះមនុស្សបានលះលែងរវែងបង់អស់ហើយ ឧទាហរណ៍ដូចជា កាលពីប្រមាណ ៥០ ឆ្នាំមុននេះ នគរផ្សេង ៗដែលតាំងនៅលើច្រាំងស្ទឹងគង្គា ក្នុងរដូវដែលទឹកឡើងហៀរពេញច្រាំង នឹងមានប្រារព្ធពិធីគង្គាសយម្ពររាល់ៗឆ្នាំ ពោលគឺ ក្នុងតិថី ១៥ កើតខែភទ្របទ គេនឹងជ្រើសរើសយកស្រីក្រមុំព្រហ្មចារីម្នាក់ដែលជាទីប្រាថ្នារបស់ព្រះមេគង្គាមកសម្អិតសម្អាងយ៉ាងស្អាតស្អាន បញ្ជិះលើសាលៀងសែងហែពេញទាំងព្រះនគរ ហើយក៏យកទៅបោះចូលក្នុងក្រសែទឹកដែលកំពុងហូរខ្មួលខ្មាញ់នៃស្ទឹងគង្គាឲ្យលង់ទឹកស្លាប់នៅចំពោះមុខមនុស្សមនារាប់ម៉ីនសែននាក់ដែលឈរសង្កេតមើលនៅលើមាត់ច្រាំង ជឿថា ស្រីក្រមុំនោះនឹងទៅប្រណិប័តន៍បម្រើព្រះមេគង្គា កាលបើព្រះមេគង្គាពេញចិត្តពេញថ្លើមហើយ ក៏មិនធ្វើឲ្យកើតឧទកភ័យ(ទឹកជំនន់) មិនធ្វើឲ្យអ្នកដទៃលង់ទឹកស្លាប់ ស្រីក្រមុំដែលត្រូវបោះចូលទៅក្នុងទឹកឲ្យស្លាប់នោះ តែងទទួលបានការលើកតម្កើងគោរពរាប់អានពីអ្នកស្រុកថាជាវីរស្ត្រី ជាអ្នកពលីជីវិតដើម្បីប្រយោជន៍រួម ប៉ុន្តែបើទុកជាទទួលបានកិត្តិយសខ្ពស់ធំធេងប៉ុនណាក៏ដោយ ក៏មិនឃើញថាមានស្រីក្រមុំណាសុខចិត្តពលីជីវិតដើម្បីជាតង្វាយដល់ព្រះមេគង្គាណាស់ គ្រាន់តែដល់ខែភទ្របទម្តងៗ ស្រីក្រមុំព្រហ្មចារីទូទាំងនគរនាំគ្នាភ័យតក់ស្លុត ដេកបិទភ្នែកមិនជិត អ្នកខ្លះដល់ថា្នក់ ភៀសខ្លួនទៅនៅតំបន់ផ្សេងបណ្តោះអាសន្ន អ្នកខ្លះក៏សុខចិត្តរៀបការជាមួយនឹងអ្នកណាម្នាក់មុននឹងដល់ថ្ងៃគង្គាសយម្ពរ ពិធីកម្មនោះបានបង្កបញ្ហាក្តៅក្រហាយដល់មនុស្សជាច្រើន ប៉ុន្តែឥឡូវនេះពិធីនោះបានលុបបំបាត់ចោលទៅហើយ មិនបដិបត្តិទៀតទេ មនុស្សជាច្រើនជួសនឹងព្រួយចិត្ត កាលបើលះបង់ប្រពៃណីដែលបុព្វបុរសរបស់ខ្លួនធ្លាប់បដិបត្តិមកអស់រាប់ពាន់ឆ្នាំ ត្រឡប់ជាត្រេកអរសាទរទៅទៀតដែលអាចលះបង់បាន ហើយគ្មានអ្នកណាយល់ថាជាការរមិលគុណចំពោះបុព្វបុរសអ្វីទេ" ។
" ម្នាលឧបាសក ! ក្រៅពីពិធីគង្គាសយម្ពរនេះ នៅមានពិធីដទៃជាច្រើនទៀតដែលបុព្វបុរសរបស់យើងបានបដិបត្តិមក ប៉ុន្តែយើងបានលើកលះចោលអស់ហើយ ព្រោះហេតុនោះ បើញោមអាចលះបង់ពិធីសតីនេះចោលបាន គង់នឹងមិនមែនជាការរមិលគុណនោះទេ "
ព្រាហ្មណ៍អ្នកប្រិតប្រៀងចំពោះប្រពៃណីបុរាណអង្គុយឱនមុខគិតមួយសន្ទុះហើយនិយាយឡើងដោយសម្លេង អែះមែះថា "បពិត្រលោកសមណៈ ! ខ្ញុំកណាល្មមនឹងយល់ស្របនឹងលោកបានថាបើលះបង់ប្រពៃណីនេះចោលទៅ គង់នឹងមិនរមិលគុណចំពោះបុព្វបុរសទេ ប៉ុន្តែលោកប្រហែលជាមិនយល់ទេថាប្រពៃណីនេះជាបុញ្ញពិធីខ្ពង់ខ្ពស់សម្រាប់ស្ត្រីភេទ ជាការលះបង់យ៉ាងខ្ពង់ខ្ពស់ កាលបើស្លាប់ទៅនឹងបានទៅកើតក្នុងឋានសួគ៌ភ្លាម"
"ម្នាលឧបាសក ! ញោមនៅមិនទាន់យល់អត្ថន័យនៃពាក្យថា បុណ្យ នេះ ទេ អាត្មានឹងអធិប្យាយឲ្យញោមស្តាប់ ពាក្យថា បុណ្យ ជាឈ្មោះនៃសេចក្តីសុខ សេចក្តីត្រជាក់ត្រជុំ កើតកាលវាលគុម្ពមានម្សៀតប្រយោជន៍ អ្វីណាក៏ដោយឲ្យតែញោមគិតហើយ និយាយហើយ ធ្វើហើយពាំនាំមកនូវសេចក្តីសុខស្ងប់ចិត្តចំពោះញោម និង អ្នកដទៃ មានប្រយោជន៍ដល់ខ្លួនញោមនិងអ្នកដទៃ អ្វីណានីមួយនោះហៅថា បុណ្យ ប៉ុន្តែអ្វីក៏ដោយឲ្យតែញោមគិត និយាយ ធ្វើទៅ នាំមកនូវទុក្ខក្តៅក្រហាយដល់ខ្លួននិងអ្នកដទៃ មិនកើតប្រយោជន៍ដល់អ្នកណា អ្វីណា នីមួយនោះចាត់ជា បាប អាត្មាពិចារណាឃើញថាប្រពៃណីដុតខ្លួនសម្លាប់តាមប្តីនេះមិនកើតប្រយោជន៍ដល់អ្នកណាទេ មានតែបង្កទុក្ខក្តៅក្រហាយដល់អ្នកស្លាប់ បង្កសេចក្តីស្លុតរន្ធត់ចិត្តដល់សាច់ញាតិបងប្អូន អ្នកស្លាប់គ្នាក៏ស្លាប់ទៅទាំងមិនពេញចិត្ត ស្លាប់ដោយសេចក្តីទុក្ខ កាលបើអ្នកស្លាប់នោះមានចិត្តសៅហ្មងមុនស្លាប់បែបនេះ លុះស្លាប់ទៅហើយតើគេអាចនឹងទៅកើតក្នុងឋានសួគ៌សោយទិព្វសុខបានទេ? ព្រោះហេតុនោះ ពិធីសតីនេះជួសនឹងបានបុណ្យត្រឡប់ជាបានបាបយ៉ាងពិតប្រាកដ"
ម្នាលលោកដ៏មានអាយុ ! អ្នកទាំង ៣ អង្គុយស្តឹកនៅស្ងៀមអស់ពេលជាយូរ ខ្ញុំព្រះករុណាជឿថា ចិត្តរបស់គេចាប់ផ្តើមចូលកាន់គន្លងនៃហេតុផលហើយ ទីបំផុត នាងព្រាហ្មណីជាម្តាយបាននិយាយឡើងថា
"បពិត្រលោកសមណៈ ! កណាម្ចាស់យល់ស្រប់នឹងលោកគ្រប់យ៉ាង កណាម្ចាស់អាណិតកូនស្រីដែលនៅវ័យក្មេង មិនចង់ឲ្យកូនស្លាប់តាមព្រាហ្មណ៍ចាស់ជាប្តីទេ សូម្បីតែបិតារបស់គេក្នុងជម្រៅដួងចិត្តវិញក៏អាណិតកូន មិនចង់ឲ្យកូនស្លាប់ដែរ ប៉ុន្តែបើយើងមិនឲ្យកូនធ្វើសតី ប្រជាជននឹងជេរច្រាសឆ្អេះយើង ប្រទេចផ្តាសាយើង មើលងាយមើលថោកប្រមាថកាតទានយើង យើងនឹងបោរមុខខ្មាសខ្មូរមើលមុខគេមិនត្រង់ យើងខ្លាចក្រែងរអែងរឿងនោះណាស់ បពិត្រទានម្ចាស់ សូមមេត្តាជួយណែនាំវិធីបដិបត្តិដល់ពួកយើងផងថាតើនឹងធ្វើយ៉ាងណាបាន"
"ម្នាលឧបាសិកា ! តាមធម្មតា មនុស្សយើងនោះតែងមានប្រក្រតីរិះគន់តិះដៀលអ្នកដទៃ យើងធ្វើក៏ត្រូវគេ រិះគន់ យើងមិនធ្វើក៏ត្រូវគេរិះគន់ ក្នុងការធ្វើអំពើណានីមួយនោះ យើងមិនត្រូវប្រកាន់យកខ្យល់មាត់របស់អ្នកដទៃជាប្រមាណទេ បើយើងពិចារណាមើលយ៉ាងល្អិតល្អន់ហើយឃើញថា អំពើដែលយើងធ្វើនោះល្អ ជាកុសលជាប្រយោជន៍ជាសេចក្តីសុខទាំងដល់ខ្លួនឯងនិងអ្នកដទៃ បណ្ឌិតលើកសរសើរ យើងគួរធ្វើអំពើនោះភ្លាម ទោះបីជាបានទទួលពា្យរិះគន់តិះដៀល ផ្តន្ទាទោស បន្ទុះបង្អាប់ ប្រមាថកាតទាន ជំនេរជេរស្តីដោយផរុសវាចាក៏ដោយ ចូរកុំប្រកាន់យកជាប្រមាណឡើយ ព្រោះការដែលគេរិះគន់ ថ្កោលទោស ប្រមាថកាតទាន ជេរស្តីនោះ គេរិះគន់ព្រោះសេចក្តីភាន់ច្រឡំ ព្រោះរម្ងង់ ព្រោះចំហោត ចាំបាច់ឬដែលយើងត្រូវយកមនុស្សល្ងង់ខ្លៅ មនុស្សវង្វេងមកជាអ្នកដឹកនាំជីវិតយើង ជាអ្នកបញ្ជាការឲ្យយើងធ្វើអំពើនេះអំពើនោះ ផ្ទុយទៅវិញ អំពើណាក៏ដោយឲ្យតែជាអកុសល ឬ បាប បណ្ឌិតរិះគន់ថ្កោលទោស បើធ្វើទៅនឹងនាំទុក្ខក្តៅក្រហាយ និងហាយនភាពដល់ខ្លួននិងអ្នកដទៃ អំពើនោះចូរកុំធ្វើឡើយ ទោះបីបើអ្នកដទៃញុះញង់ ចាក់ចុចអុជអាល អន្ទោកអន្ទោលយ៉ាងណាក៏ដោយ ព្រោះគេញុះញង់អុជអាលដោយរម្ងង់ ដោយកម្លៅ ដោយរំយល់ខុស កាលបើយើងដឹងជាក់ដល់ចិត្តថា គេកំពុងតែវង្វេងផ្លូវដើរលើផ្លូវខុស មិនសមបីបើយើងដើរតាមគេឡើយ យើងគួរតែដើរតាមផ្លូវត្រូវមិនល្អជាងឬ? "
បពិត្រលោកដ៏មានអាយុ ! កាលបើខ្ញុំព្រះករុណានិយាយចប់ ពីរនាក់ប្តីប្រពន្ធក៏កើតបញ្ញាយល់ដឹងផ្លូវខុស ផ្លូវត្រូវយ៉ាងជាក់ច្បាស់ក្នុងចិត្ត ទើបឱនក្រាបបង្គំទៀបបាទមូលរបស់ខ្ញុំព្រះករុណា ហើយព្រាហ្មណ៍ជាស្វាមីបានស្រដីឡើងថា
"ខ្ញុំកណាយល់ស្របនឹងព្រះតេជគុណគ្រប់យ៉ាង ពាក្យណែនាំប្រដែប្រដៅរបស់ព្រះតេជគុណស្តាប់ទៅគួរឲ្យចាប់ចិត្តដិតអារម្មណ៍ណាស់ មានហេតុផលត្រឹមត្រូវតាមស្ថានភាពពិត ព្រោះតែបានស្តាប់ពាក្យទូន្មានរបស់ព្រះតេជគុណ ខ្ញុំកណាទើបកើតពន្លឺ គឺ បញ្ញាឡើងក្នុងចិត្ត ស្គាល់ផ្លូវត្រូវ ខ្ញុំព្រះករុណានឹងមិនបង្ខំកូនស្រីរបស់ខ្ញុំកណាឲ្យធ្វើពិធីសតីដ៏ឃោរឃៅនេះទេ"
"គំហើញរបស់ញោមល្អប្រពៃហើយ ឧបាសក ! អាត្មាសូមអនុមោទនា សូមឲ្យញោមប្រកាន់ខ្ជាប់គោលហេតុផល គោលត្រឹមត្រូវក្នុងការដឹកនាំខ្សែជីវិតតរៀងទៅ " ។
ម្នាក់ៗមានទឹកមុខស្រស់ស្រាយរីករាយ ជាពិសេស ស្រីក្រុមដែលវិះនឹងស្លាប់ព្រោះប្រពៃណីព្រៃផ្សៃ មើលទៅនាងដូចជាមានសេចក្តីសុខជាខ្លាំង នាងឱនក្រាបបង្គំខ្ញុំព្រះករុណាដោយទឹកភ្នែកនៃរន្តិភាព និង អំណរអរគុណជាអនេក ហើយនិយាយថា "បពិត្រព្រះគុណម្ចាស់ ! កណាម្ចាស់មិនដឹងជារកពាក្យពេចន៍ណានឹងមកពោលពាក្យអរគុណឲ្យសមរម្យ សម្រាប់គុណោបការៈដ៏ឧត្តុង្គឧត្តមដែលព្រះគុណម្ចាស់បានធ្វើចំពោះកណាម្ចាស់ បានជួយស្រោចស្រង់ជីវិតរបស់កណាម្ចាស់បានទេ" "មិនចាំបាច់អរគុណបុណ្យស្រ័យអ្វីទេ" ខ្ញុំព្រះករុណាឆ្លើយតប "ការជួយប្រោសសត្វដែលរងទុក្ខឲ្យរួចផុតចាកទុក្ខ ចាត់ជាកុសលកម្មដ៏ឧត្តុង្គឧត្តម ដែលនាំឲ្យកើតសេចក្តីសុខផ្លូវចិត្តដល់អាត្មា លើសពីពាក្យអរគុណណាៗទាំងអស់" ខ្ញុំព្រះករុណាបានសម្តែងធម៌ប្រោសអ្នកទាំង ៣ រហូតដល់ម្នាក់ៗបានកើតសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រ័យ និង សម្មាទិដ្ឋិ អ្នកទាំង ៣ ក៏ក្រាបបង្គំលាខ្ញុំព្រះករុណាត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ ។ បពិត្រលោកដ៏មានអាយុ ! នៅពេលរសៀលថ្ងៃនោះឯង នៅខណៈដែលខ្ញុំព្រះករុណាកំពុងគង់ពិចារណាធម៌ នៅក្រោមដើមរលួស ខ្ញុំព្រះករុណាក៏សង្កេតឃើញមនុស្សមួយក្រុមគ្នាប្រហែលជា ៧-៨ នាក់ ដើរត្រង់តម្រង់មករកខ្ញុំព្រះករុណាដោយកិរិយាការរហើតរហាំង នៅពេលមកដល់ អ្នកទាំងអស់គ្នាក៏អង្គុយចុះដោយមិនសម្តែងការគោរពណាៗ ហើយប្រុសម្នាក់ដែលមានចំណាស់ជាងគេ មានកិរិយាការសន្និដ្ឋានបានថាជាមេលំ ក៏និយាយឡើងយ៉ាងច្រឡោងខាមថា "លោកសមណៈ ! លោកឯងហ្នឹងឬដែលមកបំផ្លាញប្រពៃណីធ្វើសតីចាស់ទុំរបស់យើង?" ខ្ញុំព្រះករុណាខំទប់សង្កត់ចិត្តឲ្យជាប្រក្រតីហើយនិយាយឡើងថា "អាត្មាមិនបានបំផ្លាញប្រពៃណីសតី ឬប្រពៃណីស្អីរបស់អ្នកណាទេ" ប្រុសម្នាក់នោះយកដៃចង្អុលមុខខ្ញុំព្រះករុណាហើយនិយាយឡើងដោយសម្លេងឮៗថា "លោកឯងនិយាយកុហក លោកឯងហ្នឹងឬដែលណែនាំឲ្យភរិយារបស់បងប្រុសកណាព្រមទាំងឪពុកម្តាយរបស់នាងឈប់ធ្វើសតី" "អាត្មាមិនបានណែនាំពួកគេឲ្យឈប់ទេ គ្រាន់តែណែនាំឲ្យពួកគេលះបង់គំហើញខុសចោលហើយផ្តល់ចំណេះដឹងដែលត្រឹមត្រូវជំនួសវិញ" "ចឹងលោកឯងយល់ថាការធ្វើសតីហ្នឹងជាការធ្វើខុសឬ?" ប្រុសម្នាក់ទៀតសួរឡើង "ម្នាលឧបាសក ! វត្ថុតែមួយ មនុស្សម្នាក់អាចយល់ឃើញថាខុស មនុស្សម្នាក់ទៀតអាចយល់ឃើញថាត្រូវ អាត្មាមិនខ្វល់ថាអ្វីខុសអ្វីត្រូវទេ ខ្វល់តែថា អ្វីណានីមួយគួរធ្វើ និងមិនគួរធ្វើ" "តើអ្វីទៅគួរធ្វើ អ្វីទៅមិនគួរធ្វើ?"ប្រុសជាមេខ្លោងឈ្លេចសួរ "អ្វីក៏ដោយឲ្យតែធ្វើទៅហើយនាំទុក្ខក្តៅក្រហាយមកដល់ខ្លួននិងអ្នកដទៃ មិនមានប្រយោជន៍ដល់គេឯង អ្វីនោះមិនគួរធ្វើ អ្វីក៏ដោយឲ្យតែធ្វើទៅនាំមកនូវសុខសន្តិភាពដល់ខ្លួននិងអ្នកដទៃ ប្រព្រឹត្តទៅដើម្បីប្រយោជន៍លើកស្ទួយខ្លួននិងអ្នកដទៃ អ្វីនោះគួរធ្វើ សូមពិចារណាមើលដោយចិត្តទៀងត្រង់ទៅមើលថា ការដុតសម្លាប់ខ្លួនឯងតាមស្វាមីនោះ តើអ្នកស្លាប់បានទទួលប្រយោជន៍អ្វី? តើស្វាមីដែលស្លាប់ទៅនោះបានទទួលប្រយោជន៍អ្វី? ឪពុកម្តាយ ញាតិមិត្ររបស់អ្នកដុតសម្លាប់ខ្លួននោះបានទទួលប្រយោជន៍អ្វី អ្នកស្រុកទាំងអស់បានទទួលប្រយោជន៍អ្វី?" បពិត្រលោកដ៏មានអាយុ ! លទ្ធផលស្តែងឲ្យឃើញថា គ្មានអ្នកណាឆ្លើយសំណួររបស់ខ្ញុំព្រះករុណាបានទេ ព្រោះម្នាក់ៗយល់ដល់ចិត្តថា ប្រពៃណីដ៏ព្រៃផ្សៃបែបនេះគ្មានបានប្រយោជន៍អ្វី មិននាំមកនូវសេចក្តីសុខស្ងប់ចិត្តដល់អ្នកណាៗឡើយ ផ្ទុយទៅវិញ មានតែនាំទុក្ខធំសន្ធំចិត្ត ការបាត់បង់ ការនិរាសព្រាត់ប្រាស់ដោយមិនចាំបាច់មកកាន់ញាតិពន្ធគ្រប់ភាគី ប្រយោជន៍តែម្យ៉ាងដែលគប្បីបាន គឺ រក្សាទុកប្រពៃណីដ៏យង់ឃ្នងនោះឲ្យគង់វង្សប៉ុណ្ណោះឯង កាលបើឃើញថាម្នាក់ៗទញ់ទាល់ចំពោះហេតុផលរបស់ខ្ញុំព្រះករុណាហើយ ខ្ញុំព្រះករុណាក៏ទេសនាតាមលំអាននៃទេសនាវិធីដែលខ្ញុំព្រះករុណាបានណែនាំឪពុកម្តាយស្រីក្រមុំនោះឯង រហូតដល់ម្នាក់ៗយល់ឃើញទោសរបស់សតី ហើយបានប្តេជ្ញាចូលដល់ព្រះរតនត្រ័យជាទីពឹងទីរលឹក ។ បពិត្រលោកដ៏មានអាយុ ! ប្រុសជាមេលំបាននិយាយឡើងមុនពេលលាត្រឡប់ទៅវិញថា "វាជារឿងគួរឲ្យចម្លែកណាស់ដែលមនុស្សជាច្រើនជឿខុសហើយធ្វើអំពើឆោតល្ងង់ដោយគ្មានការពិចារណា អស់រយៈពេលជាច្រើនរយឆ្នាំ ខ្ញុំកណាទាំងឡាយបើមិនបានពឹងអាស្រ័យព្រះតេជគុណទេមុខជាជាប់ផុងក្នុងអន្លង់នៃកម្លៅ គឺ អវិជ្ជានោះរហូតទៅ ព្រះតេជគុណប្រៀបដូចជាដួងប្រទីបជ្វាលាជួយបំបាត់កម្ចាត់ មោហន្ធការ គឺ រម្ងឹតសូន្យសុងរបស់ខ្ញុំកណាទាំងឡាយដោយពិត" ។
និមិត្តចម្លែក
[កែប្រែ]បពិត្រលោកដ៏មានអាយុ ! សឹងតែនិយាយបានថារាល់ពេលវេលាដែលកន្លងផុតទៅ ខ្ញុំព្រះករុណានៅមិនទាន់ឆ្លៀតឱកាសបំពេញព្យាយាមផ្លូវចិត្តដើម្បិឲ្យកើតបញ្ញាកម្ចាត់បំបាត់កិលេសចេញពីចិត្តសន្តានពិតប្រាកដនៅឡើយ ហេតុផលទី ១ គឺ ខ្ញុំព្រះករុណាអាល័យតែឈ្មុះឈ្មុលវល់វក់នឹងការទេសនាប្រៀនប្រដៅអ្នកដទៃ និង គ្រប់គ្រងសង្ឃកិច្ច នៅច្របូកច្របល់នឹងឧបាសកឧបាសិកា និងសមមិត្រប្រព្រឹត្តធម៌ច្រើនពេករហូតដល់គ្មានពេលវេលាបដិបត្តិ ហេតុផលទី ២ គឺ ទាក់ទងនឹងកម្មចាស់របស់ខ្ញុំព្រះករុណា ពោលគឺ គ្រប់គ្រាដែលខ្ញុំព្រះករុណាអង្គុយចុះចម្រើនសមថកម្មដ្ឋាន គ្រាន់តែចិត្តស្ងប់ស៊ប់ចុះកាន់ភវង្គ និមិត្តអាក្រក់ផ្សេងៗក៏កើតប្រាកដឡើងក្នុងចិត្ត ដូចជា រូបភាពនៃជនរងគ្រោះដែលត្រូវបានខ្ញុំព្រះករុណាកាប់សម្លាប់យ៉ាងព្រៃផ្សៃនៅខណៈដែលខ្ញុំព្រះករុណានៅធ្វើជាចោរខ្លះ រូបភាពរបស់លីលាវតីកំពុងសំពះអង្វរសុំសមានចិត្តអាណិតអាសូរពីខ្ញុំព្រះករុណាខ្លះ និមិត្តផ្សេងៗទាំងនោះធ្វើឲ្យខ្ញុំព្រះករុណាខូចសមាធិ ធ្វើឲ្យចិត្តមិនស្រស់ស្រោង កាលបើកើតឡើងជាញឹកញយ ទើបធ្វើឲ្យខ្ញុំព្រះករុណាក្លាយជាមនុស្សខ្លាចរអាមិនហ៊ានធ្វើសមាធិ ព្រោះការធ្វើសមាធិស្មើនឹងការបើកទ្វារនាំខ្លួនឯងចូលកាន់បន្ទប់ដ៏ពេញទៅដោយរូបភាពលងបន្លាចផ្សេង ៗ ប៉ុន្តែលុះបើឈប់ត្រឹមរក្សាសីល សម្រួមឥន្ទ្រីយ៍ និងទេសនាប្រៀនប្រដៅប្រជាជន ខ្ញុំព្រះករុណាមុខជានឹងជាប់គាំងត្រឹមសម្បកក្រៅរបស់សាសនា មុខជាមិនចម្រើនលូតលាស់ឆ្ពោះកាន់ខ្លឹមសាសនាដែលជាគោលបំណងខ្ពង់ខ្ពស់បានទេ កាលបើដូច្នេះ ការបួសឧទ្ទិសជីវិតក្នុងព្រះធម្មវិន័យរបស់ខ្ញុំព្រះករុណាគង់នឹងទទួលបានផលានិសង្សតិចតួច ។ លុះគិតឃើញដូច្នេះហើយ ខ្ញុំព្រះករុណាក៏សម្រេចចិត្តបំពេញព្យាយាមផ្លូវចិត្តម្តងទៀត តាំងចិត្តថានឹងបដិបត្តិយកមែនទែនដើម្បីសម្រេចមគ្គផលយ៉ាងពិតប្រាកដ ទោះបីជាមានឧបសគ្គអ្វីមករារាំងឬមាននិមិត្ត អាក្រក់ណាៗមកកើតប្រាកដរុកកួនរំខានក៏ដោយ ខ្ញុំព្រះករុណានឹងពុះពារយកឈ្នះឲ្យទាល់តែបាន ហើយទីកន្លែងសមគួរសម្រាប់ការបដិបត្តិផ្លូវចិត្តតាមដែលមើលឃើញនោះ គឺ ព្រៃរលួសក្បែរភូមិនបិណ្ឌុគ្រាមនេះឯង ។ នៅល្ងាចថ្ងៃមួយ កាលបើបរិវេណទេវាល័យបានវិលត្រឡប់ទៅកាន់វិវេកភាពនៃរាត្រីកាលហើយ ខ្ញុំព្រះករុណាក៏ចូលកាន់ទីធ្វើសមាធិ ដោយផ្តើមចម្រើនអនាបានុស្សតិ តម្កល់សតិផ្ចង់ត្រង់ខ្យល់ដកដង្ហើម កាលបើដកដង្ហើមចេញក៏ដឹងថាដកដង្ហើមចេញ កាលបើដកដង្ហើមចូលក៏ដឹងថាដកដង្ហើមចូល កាលបើដកដង្ហើមចេញខ្លីឬវែងក៏ដឹងថាដកដង្ហើមចេញខ្លីឬវែង កាលបើដកដង្ហើមចូលខ្លីឬវែងក៏ដឹងថាដកដង្ហើមចូលខ្លីឬវែង ដោយហេតុតែខ្ញុំព្រះករុណាបណ្តែតបណ្តោយចិត្តចោលមកយូរ ទើបឃើញថា ពិបាកនឹងគ្រប់គ្រងសតិបានណាស់ខណៈដែលកំណត់ខ្យល់ដកដង្ហើម ជួនកាលចិត្តក៏អណ្តែតលឿនលយទៅកាន់អារម្មណ៍ផ្សេង ៗដោយមិនដឹងខ្លួន នៅពេលដឹងខ្លួនក៏ប្រញាប់ទាញត្រឡប់មកចងទុកនឹងខ្យល់ដកដង្ហើមវិញ ចិត្តរបស់ខ្ញុំព្រះករុណានៅខណៈនោះប្រៀបដូចជាសេះផ្លាងដែលមិនធ្លាប់មានគេចាប់មកចងបង្វឹកឲ្យធ្វើការ កាលបើមានគេចាប់ចង ចិត្តក៏តស៊ូរើបម្រះទាល់តែរួចផុតរត់គេចទៅ ត្រូវរត់ដេញចាប់យកមកចងទៀត ខ្ញុំព្រះករុណាច្បាំងតតាំងនឹងចិត្តដែលត្រដរខ្វាត់ខ្វែងទាល់តែនឿយហត់អស់កម្លាំង ប៉ុន្តែនៅពេលជាមួយគ្នានោះ ចិត្តក៏ហាក់នឹងថាទន់ល្ងមដែរ ព្រោះឃើញថាការត្រដរតស៊ូរបស់ចិត្តចាប់ផ្តើមថមថយខ្សោយកម្លាំងចុះបន្តិចម្តងៗទាល់តែមិនអាចនឹងរួចរត់ទៅបាន លុះចូលដល់មជ្ឈិមយាម ចិត្តរបស់ខ្ញុំព្រះករុណាក៏នឹងធឹងជាអប្បនាសមាធិ មានអារម្មណ៍មូលស្លុងតែមួយ ស្ងប់នឹងធឹងនៅនឹងខ្យល់ដកដង្ហើម គួរនាដូចជាសេះផ្លាងដែលអស់កម្លាំងហើយ ឈរនៅយ៉ាងស្ងប់ជាប់នឹងបង្គោលដូច្នោះ នៅខណៈដែលចិត្តរបស់ខ្ញុំព្រះករុណាមូលស្លុងនឹងននោះ និមិត្តផ្សេង ៗក៏កើតប្រាកដឡើងដូចដែលធ្លាប់កើតមកកាលបើធ្វើសមាធិរាល់លើក រូបភាពដំបូងដែលឃើញនោះ គឺ រូបភាពរបស់ម្ចាស់ទ្រព្យដែលមានរាងកាយជោកគគុលដោយលោហិត យំយែកស្រែកថ្ងួចថ្ងូរសុំជីវិតពីខ្ញុំព្រះករុណា រូបភាពបន្តបន្ទាប់ ជារូបភាពស្រដៀងគ្នាគ្រាន់តែផ្លាស់រូបរាងមុខមាត់របស់បុគ្គលប៉ុណ្ណោះ ខ្ញុំព្រះករុណាចាំបានយ៉ាងច្បាស់ថា រូបភាពទាំងអស់នោះ គឺ ហេតុការណ៍ពិតដែលខ្ញុំព្រះករុណាបានជួបប្រទះក្នុងកំលុងធ្វើជាចោរ ចេញធ្វើចោរកម្មឆក់ប្លន់អ្នកស្រុកតាមតំបន់ផ្សេង ៗត្រង់ម្តុំទិសខាងជើងនៃដែនកោសល ខ្ញុំព្រះករុណាព្យាយាមបង្ហួសរូបភាពមាយាគួរឲ្យសង្វេគចិត្តទាំងនេះទៅយ៉ាងឆាប់រហ័ស ប៉ុន្តែឃើញថារូបភាពនេះមានច្រើនពោរពាសមិនចេះចប់ រូបភាពមួយបាត់ទៅ រូបភាពថ្មីក៏ចូលមកជំនួស ។
បពិត្រលោកដ៏មានអាយុ ! ប្រសិនបើលោកធ្លាប់ធ្វើសមាធិ រហូតដល់ថ្នាក់បាននិមិត្តដូចយ៉ាងខ្ញុំព្រះករុណា លោកមុខជាយល់ដឹងដោយខ្លួនឯងថា និមិត្តទាំងនោះច្បាស់ក្រឡែតពិតប្រាកដយ៉ាងណា នៅខណៈដែលតួខ្លួនរបស់យើងសល់តែដួងចិត្តមិនចំពាក់នឹងរាងកាយ និងមិនទទួលដឹងអារម្មណ៍ខាងក្រៅដោយប្រសាទណាៗ ទាំងអស់ យើងសោយដឹងខ្លួនឯងហាក់នឹងថាកំពុងស្ថិតនៅក្នុងពិភពមួយដោយឡែក មិនទាក់ទិននឹងពិភពយើងនេះទេ ស្ថិតនៅក្នុងបរិស្ថានមួយទៀតដែលមើលទៅដូចជារឿងពិតដោយឥតសង្ស័យ បើយើងភ្លាត់សតិតែបន្តិចប៉ុណ្ណោះ យើងនឹងយល់ថានិមិត្តទាំងនោះជារបស់ពិត ហើយយើងក៏កើតអារម្មណ៍និងលំនឹកគិតផ្សេង ៗតាមលក្ខណៈរបស់និមិត្តនោះ ដូចជា បើនិមិត្តល្អ ស្រស់ស្អាត យើងក៏កើតពំនេញចិត្ត គំនាប់ចិត្ត បើជានិមិត្តអាក្រក់ យើងក៏កើតសេចក្តីរំភើបភិតភ័យ ញាប់ញ័រ ព្រោះហេតុនោះ ព្រះយោគាវចរទាំងឡាយទើបបង្រៀនឲ្យប្រុងប្រយ័ត្ននឹងនិមិត្តផ្សេង ៗ កុំភ្លាត់សតិគិតថាជារបស់ពិតឲ្យសោះ ចូររលឹកដឹងជានិច្ចថា នោះគឺ រូបភាពមាយា មានយោគាចរអ្នកបដិបត្តិផ្លូវចិត្តជាច្រើនដែលយល់ច្រឡំថារូបភាពទាំងនោះជារបស់ពិត កើតអារម្មណ៍ផ្សេងៗ ដូចជា ភ័យតក់ប្រមាញ័រខ្លួនចំពោះនិមិត្តដ៏គួរឲ្យព្រឺរោម ហើយក៏ភ្លាត់សតិ ស្រែកដោយសេចក្តីតក់ស្លុត ចេញពីពិភពនៃនិមិត្តនោះមកកាន់ពិភពនៃជីវិតពិតយ៉ាងឆាប់រហ័ស ធ្វើឲ្យបាត់ព្រលឹងរហូតដល់ក្លាយទៅជាមនុស្សវិកលចរិតទៅក៏មាន ខ្ញុំព្រះករុណាបានទទួលដំណាស់តំនឿនទាក់ទងនឹងរឿងនិមិត្តនេះយ៉ាងច្រើន ទើបខំហាមប្រាមចិត្តមិនឲ្យភាន់វង្វេងទៅតាម ខំទប់សង្កត់សោមនស្ស ទោមនស្ស សង្វេគផ្សេងៗដែលកើតឡើងព្រោះការអន្ទោកអន្ទោលរបស់និមិត្តទាំងនោះ តាមការពិត ការទប់សង្កត់សំណោយវេទនារបស់ខ្ញុំព្រះករុណានេះជាការធ្វើបានដោយលំបាកណាស់ ប៉ុន្តែខ្ញុំព្រះករុណាក៏ព្យាយាមទាញចិត្តចេញពីនិមិត្ត នាំទៅចងទុកនឹងខ្យល់ដកដង្ហើមម្តងទៀត នៅទីបំផុត និមិត្តទាំងនោះក៏រលុបបាត់ទៅ ។ បពិត្រលោកដ៏មានអាយុ ! កាលបើនិមិត្តគួរឲ្យខ្លាចនោះបាត់ទៅមិនយូរប៉ុន្មាន និមិត្តថ្មីក៏កើតឡើងទៀត និមិត្តថ្មីនេះធ្វើឲ្យខ្ញុំព្រះករុណាក្តុកក្តួលរំជួលចិត្តជាអតិបរមា ព្រោះជានិមិត្តរបស់លីលាវតី ខ្ញុំព្រះករុណានឹងតំណាលដំណើររឿងនេះឲ្យស្តាប់ដូចតទៅ រូបភាពរបស់លីលាវតីបានកើតប្រាកដឡើងមកយ៉ាងព្រិល ៗរួចហើយក៏ប្រាកដច្បាស់ឡើង ៗ រហូតដល់មើលទៅដូចជាលីលាវតីពិតមែន ទោះបីបើគ្រាន់តែជានិមិត្ត ប៉ុន្តែវាក៏មានឥទ្ធិពលលើដួងចិត្តរបស់ខ្ញុំព្រះករុណាជាអតិបរមា ខ្ញុំព្រះករុណាខំទប់សតិស្មារតី សាងលំនឹកដឹងត្រឹមថាជានិមិត្ត ប៉ុន្តែក៏បានទទួលផលតិចណាស់ នៅទីបំផុត សតិរបស់ខ្ញុំព្រះករុណាក៏របូតចេញពីខ្យល់ដកដង្ហើមដែលកំពុងកំណត់ ទៅចូលរួមក្នុងពិភពនៃនិមិត្តជាមួយនឹងលីលាវតីទាំងស្រុង ឥឡូវនេះខ្ញុំព្រះករុណាទៅបង្ហាញខ្លួនឈរនៅចំពោះមុខលីលាវតី ហើយលីលាវតីក៏ឈរនៅចំពោះមុខខ្ញុំព្រះករុណាដែរ ប៉ុន្តែតាមដែលសង្កេតមើលយ៉ាងប្រជិត ខ្ញុំព្រះករុណាក៏ដឹងបានថាលីលាវតីនេះមិនមែនជាលីលាវតីដើមទេ មើលទៅឫកពានាងនៅជាយុវតីអាយុ ១៥ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានឫកពាជាមនុស្សធំពេញវ័យ មុខមាត់រូបរាងរបស់នាងមិនដូចដើមទេ ប៉ុន្តែមានអ្វីៗជាច្រើនយ៉ាងដែលសម្តែងឲ្យដឹងថាជាលីលាវតីមុននោះមែន ។ បពិត្រលោក៏មានអាយុ ! តាមហេតុការណ៍ដែលប្រាកដក្នុងនិមិត្តនោះ ខ្ញុំព្រះករុណាទាំងត្រេកអរទាំងស្តាយស្រណោះលាយឡំគ្នា ត្រេកអរដែលបានជួបលីលាវតីទៀត ប៉ុន្តែស្តាយស្រណោះកាលបើនឹករលឹកទៅរកសាវតារដ៏កម្សត់ជូរចត់របស់យើងទាំងពីរ ជាពិសេស ភាពជូរចត់ដែលខ្ញុំព្រះករុណាជាអ្នកបង្កឡើង ខ្ញុំព្រះករុណានិយាយឡើងក្នុងនិមិត្តនោះថា "លីលាវតី ! ហ្នឹងលីលាវតីមែនទេ?" "មែន" លីលាវតីឆ្លើយតបយ៉ាងខ្លីកំបុត ថែមទាំងសម្តែងមុខមាត់ឫកពាហាក់នឹងថាមិនពេញចិត្តក្នុងការដែលបានជួបខ្ញុំព្រះករុណាផង គ្មានស្នាមញញឹមប្រាកដលើផ្ទៃមុខរបស់នាងទេ មិនតែប៉ុណ្ណោះថែមទាំងទ្រមឹងទ្រមើយទៀត ខ្ញុំព្រះករុណានឹកចម្លែកចិត្តយ៉ាងញញើតញញើម ប៉ុន្តែនៅទប់សង្កត់ចិត្តសួរតទៅទៀតថា "លីលាវតី ! ហ្នឹងលីលាវតីមែនទេ ឬគ្រាន់តែជានិមិត្ត ចូរប្រាប់លោកបងផង" "ពិតមែន" នាងឆ្លើយតបយ៉ាងខ្លីកំបុតដូចមុន "ចុះពេលនេះនាងនៅឯណា? នាងកើតហើយមែនទេ កើតនៅឯណា? " ខ្ញុំព្រះករុណាសួរដោយរំភើបចិត្ត លីលាវតីមិនឆ្លើយតបទេ នាងឈរសម្លឹងមើលមុខខ្ញុំព្រះករុណាអស់ពេលជាយូរ ទើបនិយាយឡើងថា "តាមខ្ញុំកណាមកចឹង" និយាយហើយក៏បែរមុខចេញដើរទៅយ៉ាងឆាប់រហ័ស នៅខណៈនោះ ខ្ញុំព្រះករុណាឃើញថាខ្លួនហាក់បីដូចជាត្រូវមន្តសណ្តំ គ្មានអំណាចណាៗនឹងបង្គាប់បញ្ជាខ្លួនឯងបានទាំងអស់ ដើរតាមក្រោយលីលាវតីទៅដោយស្វ័យប្រវត្ត ។
មួយស្របក់ធំកន្លងទៅ លីលាវតីក៏នាំខ្ញុំព្រះករុណាមកដល់នគរមួយដែលខ្ញុំព្រះករុណាមិនដែលឃើញមកពីមុនប៉ុន្តែជានគរដែលរុងរឿងណាស់ ស្ថិតនៅលើច្រាំងស្ទឹងល្វឹងល្វើយ តាមមាត់ស្ទឹងដេរដាសរៀងរាយដោយចេតីយ៍ ស្ថូប ទេវាល័យ និងប្រាសាទរបស់គ្រហបតី សេដ្ឋី ចាប់ពីលើច្រាំងទៅរហូតដល់មាត់ទឹកខាងក្រោម គេធ្វើជណ្តើរថ្មគន្លិកគន្លាក់គគ្លាក់គគ្លើនចុះទៅល្អល្អះកន្លង តាមកាំជណ្តើរមានតាបសឥសី យោគី សន្យាសី និង អ្នកបួសក្នុងលទ្ធិផ្សេង ៗ កំពុងអង្គុយសូធ្យមន្តភាវនា ក្នុងទឹកក្បែរមាត់ស្ទឹងមានមនុស្សគ្រប់ភេទគ្រប់វ័យ កំពុងងូតទឹក ស្នានកាយរដេររដាសពាសពេញ លីលាវតីនាំខ្ញុំព្រះករុណាដើរទៅតាមផ្លូវថ្នល់ដ៏ល្អស្អាត ទាំងសងខាងផ្លូវស្អេកស្កះទៅដោយអាគារផ្ទះល្វែង ហាងលក់ទំនិញ កម្មន្តសាល ទេវស្ថាន លាយឆ្លុះឆ្លាស់ដោយសួនផ្កាដោយអន្លើៗ លីលាវតីនាំខ្ញុំព្រះករុណាដើរមកដល់កំពែងខ្ពស់មួយដែលមានទ្វារធំនៅចំកណ្តាល មានប្រុស ម្នាក់ឈរចាំយាមនៅទ្វារនោះ គ្រាន់តែឃើញលីលាវតីដើរមក ប្រុសម្នាក់នោះក៏បើកទ្វារចំហ ប៉ុន្តែគ្រាន់តែខ្ញុំព្រះករុណាប្រុងនឹងដើរចូលទៅតាមទ្វារដែរ ឆ្មាំទ្វារក៏ចេញមកឈរពាំងភ្លាម មិនព្រមឲ្យខ្ញុំព្រះករុណាដើរឆ្លងចូលទៅបានទេ បើទុកជាខ្ញុំព្រះករុណាទទូចអង្វរសុំអនុញ្ញាយ៉ាងណាក៏ដោយ ក៏ឆ្មាំទ្វារមិនព្រមបើកផ្លូវឲ្យដែរ ឥឡូវនេះលីលាវតីបានដើរតាមថ្នល់តូចៗតម្រង់ទៅកាន់ប្រាសាទខ្នងធំតាំងនៅច្រងោខាងក្នុងកំពែងនោះ មុននឹងចូលប្រាសាទ នាងបែរខ្នងមកញញឹមដាក់ខ្ញុំព្រះករុណាមួយក្រឡេកភ្នែកហើយក៏ដើរចូលទៅតាមទ្វារបាត់ទៅ បពិត្រលោកដ៏មានអាយុ ! គ្រាន់តែលីលាវតីលឹបបាត់ទៅក្នុងទ្វារប៉ុណ្ណោះ រូបភាពផ្សេង ៗ ដូចជា ប្រាសាទ កំពែង ទ្វារ ឆ្មាំទ្វារ និងនគរទាំងអស់នោះក៏បាត់ស្រមោលទៅដែរ ឥឡូវនេះ សតិរបស់ខ្ញុំព្រះករុណាបានវិល ត្រឡប់មកចតចំនឹងខ្យល់ដកដង្ហើមចេញចូលម្តងទៀត គ្មាននិមិត្តណាៗនៅសល់ទៀតទេ ខ្ញុំព្រះករុណានឹកសោកស្តាយពន់ពេក ដែលរូបភាពលីលាវតីរលុបបាត់ទៅយ៉ាងអាថ៌កំបាំងទាន់ហន់បែបនោះ ខ្ញុំព្រះករុណាព្យាយាមភ្នកនឹកឲ្យកើតនិមិត្តរបស់លីលាវតីទៀត ប៉ុន្តែមិនមានផលណាៗកើតឡើងទេ កាលបើធ្វើឲ្យនិមិត្តកើតឡើងមិនបាន ខ្ញុំព្រះករុណាក៏ព្យាយាមវិលត្រឡប់មកកាន់ខ្យល់ដកដង្ហើមវិញ ខំធ្វើចិត្តឲ្យស្ងប់ឡើង ប៉ុន្តែក៏នៅតែមិនសម្រេចទៀត ព្រោះខណៈនោះ ធម្មារម្មណ៍ទាក់ទិននឹងនិមិត្តរបស់លីលាវតីបានបាញ់ផុសផ្ទុះឡើងមកបំផ្លាញសមាធិចោលទាំងអស់ នៅទីបំផុត ខ្ញុំព្រះករុណាក៏សម្រេចចិត្តចេញពីសមាធិ ។ បពិត្រលោកដ៏មានអាយុ ! បើទុកជាចេញពីសមាធិហើយក៏ដោយ និមិត្តដែលឃើញក្នុងសមាធិទាក់ទិននឹងលីលាវតី នៅដក់ជាប់ក្នុងចិត្តរបស់ខ្ញុំព្រះករុណាយ៉ាងច្បាស់ក្រឡែត អាចមើលឃើញរូបភាពរបស់ នគរ ថ្នល់ កំពង់ទឹក អាគារផ្ទះល្វែង និងទម្រង់មុខរបស់លីលាវតីបានយ៉ាងច្បាស់ក្រឡាញ រៀងលំដាប់ហេតុ ការណ៍បានយ៉ាងត្រឹមត្រូវ វាជានិមិត្តដែលឆ្លែកចម្លែកជាងរាល់ដងកន្លងមក កាលពីមុន និមិត្តរបស់លីលាវតីដែលឆ្លុះបញ្ចាំងក្នុងដួងចិត្តរបស់ខ្ញុំព្រះករុណាជាលីលាវតីនៃក្រុងសាវត្ថី ប្រាកដឲ្យឃើញជារូបកុមារីខ្លះ ស្រីក្រមុំពេញរូបពេញរាងខ្លះ ភិក្ខុណីខ្លះ ប្រាកដឲ្យឃើញចំពោះតែទម្រង់មុខខ្លះ ពាក់កណ្តាលខ្លួនខ្លះ ពេញដងខ្លួនខ្លះ យំទទូចអង្វរមួយស្របក់ហើយក៏បាត់ទៅ គ្មានហេតុការណ៍ ទីកន្លែងអ្វីប្រកបទេ ប៉ុន្តែនិមិត្តលើកនេះជាលីលាវតីម្នាក់ទៀត មានហេតុការណ៍ ទីកន្លែងប្រកបយ៉ាងច្បាស់ទែង ហាក់នឹងថាជារឿងពិតច្រើនជាងសេចក្តីស្រមើស្រមៃ តើនិមិត្តនោះមានន័យយ៉ាងណាអេះ អាចទៅរួចទេថា រូបភាពនិមិត្តនោះ ជាពន្លឺឆ្លុះបញ្ចាំងឲ្យឃើញការពិត ដែលមាននៅក្នុងលោកនេះ ឆ្លងចូលមកប្រាកដឲ្យឃើញក្នុងដួងចិត្តរបស់ខ្ញុំព្រះករុណា ដែលល្អិតល្អន់ធួនល្មមនឹងទទួលរូបភាពនោះបានក្នុងខណៈចូលសមាធិ បើជារឿងពិត ដូច្នោះសម្តែងថានគរបែបនោះមានពិតមែន ប្រាសាទបែបនោះមានពិតមែន ទាំងលីលាវតីក៏បានកើត ជាស្រីក្រមុំបែបនោះមែន ព្រោះតាំងតែពីនាងផុតរលត់ទៅរហូតមកដល់ពេលនេះអស់រយៈពេលជាង ១០ ឆ្នាំហើយ ខ្ញុំព្រះករុណាគិតជញ្ជឹងបញ្ហាទាំងអស់នេះយ៉ាងធ្ងនកណ្តក់សឹងតែរហូតរាត្រីកាល ។
ការដែលត្រូវបណ្តេញចេញពីវណ្ណៈ
[កែប្រែ]បពិត្រលោកដ៏មានអាយុ ! លោកមុខជាធ្លាប់កើតលំនឹកគិតដូចយ៉ាងខ្ញុំព្រះករុណាមិនខាន គឺថា កាលបើយើងតាំងចិត្តថានឹងធ្វើការងារអ្វីមួយដោយវីរិយភាព ប៉ុន្តែការងារនោះគ្មានលទ្ធផលជឿនលឿនណាៗទាំងអស់ គ្រាន់តែធ្វើទៅបានបន្តិច ក៏កើតឧបសគ្គរាំងស្ទាក់ជារឿយ ៗ លោកច្បាស់ជាញូញញាញរអាញរអាអស់កម្លាំងចិត្ត ខ្ញុំព្រះករុណាឱហាតបំពេញព្យាយាមផ្លូវចិត្តនៅឯភូមិបិណ្ឌុលគ្រាមតមកមួយសប្តាហ៍ទៀតដោយ ឧយ្យាមភាពយ៉ាងពេញទំហឹង ប៉ុន្តែមិនអាចនាំចិត្តចូលដល់សមាធិថ្នាក់ខ្ពស់បានទេ គ្រាន់តែចិត្តនឹងធឹងជាអប្បនាសមាធិ និមិត្តចាស់ក៏កើតឡើងមករាំងស្ទាក់ជារឿយ ៗ និមិត្តទាក់ទងនឹងលីលាវតីក៏កើតឡើងម្តងម្កាល ហើយកើតឡើងស្រដៀងនឹងថ្ងៃដំបូងដូចដែលខ្ញុំព្រះករុណាបានតំណាលប្រាប់ឲ្យស្តាប់នោះបេះបិទ ចាប់ផ្តើមតាំងពីលីលាវតីបង្ហាញខ្លួនឲ្យឃើញរហូតដល់ចូលបាត់ទៅក្នុងប្រាសាទនោះ បន្ទាប់ពីនោះ ចិត្តរបស់ខ្ញុំព្រះករុណាក៏ជាប់គាំងត្រឹមនោះឯង នៅទីបំផុត ខ្ញុំព្រះករុណាទើបគិតថា ឧបនិស្ស័យបារមីរបស់ខ្ញុំព្រះករុណាប្រហែលជាអប់រំបន្ទំមកបានប៉ុណ្ណេះឯង វិបាកកម្មចាស់មានកម្លាំងរាំងស្ទាក់ខ្លាំងក្លា បើទុកជាព្យាយាមតទៅទៀតក៏អសារឥតការដែរ ហេតុនោះខ្ញុំព្រះករុណាទើបសម្រេចចិត្តដឹកនាំជីវិតដូចដើម គឺ តម្កល់មាំក្នុងសីលាចារវត្ត ហើយបង្ហាត់បង្រៀនប្រជាជនឲ្យកើតសម្មាទិដ្ឋិនិងសម្មាបដិបត្តិតទៅ ។ នៅទីបំផុត ខ្ញុំព្រះករុណាក៏លាអ្នកភូមិបិណ្ឌុគ្រាមដើម្បីចេញដំណើរដើរផ្លូវតទៅ អ្នកស្រុកជាឧបាសកឧបាសិកាមានសទ្ធាជ្រះថ្លាខ្ជាប់ខ្ជួនក្នុងព្រះរតនត្រ័យនឹកស្តាយអាល័យខ្ញុំព្រះករុណាពន់ពេក ទទូចអង្វរឲ្យខ្ញុំព្រះករុណាគង់នៅប្រោសណែនាំពួកគេតទៅទៀត ប៉ុន្តែខ្ញុំព្រះករុណាមិនអាចទទួលពាក្យអារាធនានោះបានទេ ព្រោះជីវិតរបស់ខ្ញុំព្រះករុណា គឺ ការធ្វើដំណើរដើរផ្លូវទៅជារឿយ ៗលុះត្រាតែដល់វារៈចុងក្រោយនៃជីវិត ។ ខ្ញុំព្រះករុណាបានមកបោះទីតាំងសម្នាក់នៅភូមិមួយទៀត ឆ្ងាយពីភូមិបិណ្ឌុគ្រាមទៅទិសបច្ចិមប្រមាណកន្លះយោជន៍ ខ្ញុំព្រះករុណាបានចូលទៅអាស្រ័យនៅក្នុងប៉ាឆាដែលស្ថិតនៅទិសឧត្តរនៃភូមិ ពេលព្រឹកក៏ចូលទៅបិណ្ឌបាតក្នុងភូមិ កាលបើបានអាហារល្មមញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅបានហើយក៏វិលត្រឡប់ចេញមកឆាន់ ប៉ាឆាដែលខ្ញុំព្រះករុណាគង់នៅនោះច្រូងច្រាងទៅដោយដើមពពេលមានស្លឹកក្រាស់ទ្រុបទ្រុល ម្លប់ត្រជាក់ត្រឈឹងត្រឈៃគួរជាទីមនោរម្យ ប៉ុន្តែជាទីគួរឲ្យខ្លាចញញើតសម្រាប់ប្រជាជនទូទៅ ប្រសិនបើគ្មានកិច្ចការចាំបាច់ទេ ច្បាស់ជាគ្មានអ្នកណាដើរឆ្លងកាត់ផ្លូវនោះជាដាច់ខាត ប៉ុន្តែសម្រាប់ខ្ញុំព្រះករុណាដែលលែងស្តាយស្រណោះក្នុងជីវិតហើយ ឥតខ្លាចញញើតទាល់តែសោះ កម្លាចខ្លាចរអាទាំងឡាយកើត មកពីសេចក្តីស្រឡាញ់និងសេចក្តីប្រកួចប្រកាន់ ហើយកំពូលនៃសេចក្តីស្រឡាញ់និងសេចក្តីប្រកួចប្រកាន់របស់មនុស្ស គឺ ជីវិតខ្លួនឯង កាលបើលះលែងរវែងបង់ចំពោះសេចក្តីស្រឡាញ់និងកំណួចកំណាន់ក្នុងជីវិតបានហើយ កម្លាចខ្លាចរអាទាំងអម្បាលម៉ានក៏មិនមាន ។ នៅថ្ងៃទី ២ បន្ទាប់ពីថ្ងៃដែលខ្ញុំព្រះករុណាចូលទៅនៅក្នុងព្រៃពពេលនោះក៏មានយុវជនអ្នកភូមិម្នាក់ចូលមករកខ្ញុំព្រះករុណាដោយទឹកមុខស្រពាប់ស្រពោន សម្តែងថាកំពុងរងទុក្ខចំបែងចិត្ត ជីវិតរបស់ខ្ញុំព្រះករុណា ជាជីវិតចម្លែកប្លែកខុសគេ អ្នកដែលមកជួបខ្ញុំព្រះករុណារាល់គ្នាច្រើនតែស្ពាយយកមកនូវទុក្ខមកឲ្យខ្ញុំព្រះករុណាជួយដោះស្រាយកម្ចាត់កម្ចាយឲ្យទាំងអស់ កាលបើគេមានសេចក្តីសុខស្រណុកស្រណាន មើលទៅដូចជាគ្មានអ្នកណានឹកនាដល់ខ្ញុំព្រះករុណាទេ ប៉ុន្តែគ្រាន់តែត្រូវសមុទ្រនៃមហន្តទុក្ខគ្របសង្កត់ដួងចិត្តក៏រត់ស្រមករកខ្ញុំព្រះករុណាភ្លាម ប៉ុន្តែខ្ញុំព្រះករុណាក៏ត្រេកអរនិងពេញចិត្តក្នុងការជួយរំដោះទុក្ខឲ្យដល់គ្រប់គ្នា ថ្វីបើខ្ញុំព្រះករុណាខ្លួនឯងនៅមិនទាន់រំដោះទុក្ខរបស់ខ្លួនឯងបាននៅឡើយ ។
"បពិត្រសមណៈ ! "យុវកម្លោះចាប់ផ្តើមសន្ទនា "ខ្ញុំកណា ឈ្មោះ បាលកៈ កើតក្នុងត្រកូលព្រាហ្មណ៍នៃភូមិមាលវគ្រាមនេះឯង ខ្ញុំកណាមានមាតាបិតា ញាតិបងប្អូន មិត្តភក្តិ ប៉ុន្តែពួកគេទាំងនោះគ្មានន័យអ្វីសម្រាប់ខ្ញុំកណាទេ ខ្ញុំកណាមានលំនឹកគិតគួរនាដូចជាមនុស្សឯកោអនាថោក្នុងលោកដ៏ល្វឹងល្វើយល្ហល្ហេវនេះ សូម្បីតែបុត្រភរិយារបស់ខ្ញុំកណាក៏មិនឲ្យខ្ញុំកណាចូលផ្ទះដែរ ម្នាក់ៗយល់ឃើញថាខ្ញុំកណាជាកាឡកណ្ណីចង្រៃ អ្នកផងដែលជួបខ្ញុំកណាតែងតែខ្ទប់មុខបិទភ្នែកខាកស្តោះទឹកមាត់ សម្តែងសម្អប់រើសអើង សូមតេជគុណជួយជាទីពឹងដល់ខ្ញុំកណាផង"និយាយចប់ គេក៏អង្គុយឱនមុខសុបសៅស្រតឹកយ៉ាងគួរឲ្យអាណិត "មានរឿងអីឬ ឧបាសក ! " ខ្ញុំព្រះករុណាសួរ "សាកតំណាលរឿងរ៉ាវឲ្យអាត្មាស្តាប់បន្តិចមើល ក្រែងលោអាត្មានឹងអាចជួយបានខ្លះ" "រឿងនោះមានដូចតទៅនេះ តេជគុណ !" កម្លោះបាលកៈចាប់ផ្តើមតំណាលរឿងរបស់ខ្លួន "កាលពី ១ ខែកន្លងមក ខ្ញុំកណាព្រមទាំងព្រាហ្មណ៍កម្លោះ ១០ នាក់ទៀត បានធ្វើដំណើរទៅធ្វើជំនួញជួញដូរឯដែនអវន្តី ក្នុងកំលុងធ្វើដំណើរ ថ្ងៃមួយ ពួកយើងត្រូវដើរឆ្លងកាត់វាលស្រែធំល្វឹងល្វើយផុតកន្ទុយភ្នែក គ្មានភូមិអ្នកស្រុកទេ គ្មានអណ្តូងទឹក គ្មានអ្វីទាំងអស់ បើទុកជាយើងមានអង្ករក្នុងស្បោងក៏មិនអាចធ្វើអ្វីបានដែរ ព្រោះគ្មានឆ្នាំងដាំ លុះដល់ពេលល្ងាច យើងក៏ធ្វើដំណើរមកដល់ភូមិបុះមួយជិតវាលស្រែ យើងយល់ព្រមគ្នាថានឹងឈប់សម្រាកក្នុងភូមិបុះនោះ ដើម្បីដាំបាយបរិភោគ យើងបានដើរពិនិត្យមើលតាមសំណាកបាក់បែករបស់ភូមិ ក្រែងលោមានភាជនៈសម្រាប់ដាំស្លនៅសេសសល់ខ្លះ ពួកយើងចច្រប់ស្វែងរកទាល់តែសព្វក៏នៅតែមិនឃើញអ្វី លុះហៀបនឹងបោះបង់ចោលសេចក្តីព្យាយាមទៅហើយ ក៏ស្រាប់តែមកដល់សំណាកផ្ទះរបស់ជាងលត់ស្បែក ពួកយើងដឹងថាជាជាងលត់ស្បែក ព្រោះសង្កេតឃើញគ្រឿងសំណល់បន្ទះស្បែកតាំងនៅរកេតរកូត តាមធម្មតា ជាងលត់ស្បែកជាមនុស្សចណ្ឌាល ដែលយើងរស់នៅក្នុងវណ្ណៈព្រាហ្មណ៍ស្អប់ឆ្អើមយ៉ាងខ្លាំង ប៉ុន្តែគ្រោះជាដែលផ្ទះជាងលត់ស្បែកនេះឯងមានឆ្នាំងនៅសល់មួយ ពួកយើងសម្លឹងមើលមុខគ្នាអេះអុញ ព្រោះមិនដឹងជាធ្វើយ៉ាងណា ត្បិតថាតាមគោលបដិបត្តិក្នុងវណ្ណៈព្រាហ្មណ៍របស់យើង សម្បត្តិណាៗក៏ដោយឲ្យតែជារបស់ចណ្ឌាល យើងមិនអាចប៉ះពាល់បានទេ បើអ្នកណាពឺតរឹងប៉ះពាល់ អ្នកនោះនឹងមានមន្ទិលជាប់ខ្លួនទៅរហូតមួយជីវិត ហើយបើមនុស្សវណ្ណៈដូចគ្នាដឹង អ្នកនោះនឹងទទួលទោសទណ្ឌកម្រិតធ្ងន់ គឺ ត្រូវបណ្តេញចេញពីវណ្ណៈព្រាហ្មណ៍ភ្លាម" ។ "មានន័យថា ញោមទៅប៉ះពាល់ឆ្នាំងនោះហើយត្រូវគេបណ្តេញចេញពីវណ្ណៈមែនទេ?" ខ្ញុំព្រះករុណាសួរជ្រែក "ឃើញថានៅសាញប្រដាញមិនច្បាស់ទេ សូមអញ្ជើញតំណាលបន្តទៀត" "នៅទីបំផុត មនុស្សម្នាក់ក្នុងចំណោមពួកយើងបាននិយាយឡើងថា សម្លាញ់ទាំងអស់គ្នា ! ខ្ញុំដឹងថាការ ចាប់ពាល់គ្រឿងប្រើប្រាស់របស់ចណ្ឌាលជាវិឃ្រភាពយ៉ាងធ្ងន់ធ្ងរសម្រាប់ពួកយើងដែលរស់នៅក្នុងវណ្ណៈព្រាហ្មណ៍ ប៉ុន្តែឥឡូវនេះអស់លោកដឹងច្បាស់ហើយថា យើងកំពុងតែស្ថិតនៅក្នុងស្ថានភាពអាសន្ន យើងកំពុងតែស្រេកឃ្លានស្ទើរតែខ្យល់ចាប់ទៅហើយ យើងមានអង្ករប៉ុន្តែគ្មានឆ្នាំងសម្រាប់ដាំ គាប់ជួនយើងបានជួបឆ្នាំងនេះក្នុងផ្ទះរបស់ចណ្ឌាលលត់ស្បែក យើងនឹងយកឆ្នាំងនេះដាំបាយបរិភោគ ប៉ុន្តែយើងត្រូវជួយគ្នាលាក់ទុករឿងនេះជាការសម្ងាត់ កុំបង្ហើបការសម្ងាត់នេះឲ្យអ្នកណាដឹងជាដាច់ខាត បើគេដឹង ពួកយើងនឹងត្រូវគេបណ្តេញចេញពីវណ្ណៈ តើអស់លោកគិតយ៉ាងណាដែរ? លទ្ធផលឃើញថាអ្នកទាំងអស់ក្នុងទីនោះយល់ស្របនឹងសម្នើរបស់គេ ហើយសន្យាថានឹងលាក់ទុករឿងនេះជាការសម្ងាត់ មិនហែកពោះឲ្យក្អែកស៊ីជាដាច់ខាត" "បពិត្រលោកសមណៈ ខ្ញុំកណាបានទទួលការបណ្តុះបណ្តាលក្នុងទំនឹមទំនៀមព្រាហ្មណ៍យ៉ាងប្រិតប្រៀង មាតាបិតារបស់ខ្ញុំកណាបង្រៀនឲ្យរក្សាសេចក្តីស្អាតបរិសុទ្ធហ្មត់ចត់របស់វណ្ណៈព្រាហ្មណ៍សូម្បីដោយជីវិត ព្រោះហេតុនោះ កាលបើមិត្តបបួលឲ្យធ្វើអំពើខុសចាកទំនៀមទម្លាប់ព្រាហ្មណ៍ ខ្ញុំកណាទើបបដិសេធមិនចូលរួម មិត្តទាំង ១០ នាក់ខឹងខ្លាំងណាស់ដែលខ្ញុំកណាមិនសមគំនិតធ្វើអំពើអាក្រក់ជាមួយនឹងពួកគេ ប៉ុន្តែពួកគេក៏មិនបង្ខិតបង្ខំដែរ បើពួកគេបង្គាប់ខ្ញុំកណា ពួកគេក៏អាចធ្វើបានយ៉ាងងាយ ព្រោះខាងគេមានគ្នាដល់ទៅ ១០ នាក់ ឯខ្ញុំកណាមានតែម្នាក់ឯង ប៉ុន្តែពួកគេបង្គាប់ឲ្យខ្ញុំកណាផ្តល់ពាក្យសន្យាថាមិនត្រូវលាតត្រដាងរឿងនេះឲ្យគេដឹងជាដាច់ខាត ខ្ញុំកណាយល់ឃើញថាគួរជួយសង្គ្រោះមិត្តបានខ្លះ ទើបយល់ព្រមផ្តល់ពាក្យសន្យាដល់ពួកគេ នៅទីបំផុត មិត្រភក្តិរបស់ខ្ញុំកណាក៏យកឆ្នាំងនោះទៅលាងនៅឯអណ្តូងទឹក ដុសខាត់ដោយដីខ្សាច់ ស្លឹកឈើ និង មូលគោ ខាត់ហើយខាត់ទៀត លាងហើយលាងទៀតប្រហែលជាង ១០០ ដង កាលបើជឿជាក់ថាស្អាតហ្មត់ចត់ទាំងខាងក្នុងទាំងខាងក្រៅហើយ ពួកគេក៏យកឆ្នាំងនោះទៅដាំបាយបរិភោគយ៉ាងពេញចំណង់" ។
"បពិត្រលោកសមណៈ ! ខ្ញុំកណានោះទោះបីបើហេវខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែមិនព្រមប៉ះពាល់បាយពីឆ្នាំងនោះដែរ មិត្រភក្តិនិយាយជន្លជន្លេញខ្ញុំកណាដោយប្រការផ្សេង ៗ អ្នកខ្លះក៏បបួលខ្ញុំកណាឲ្យបរិភោគអាហារ អ្នកខ្លះក៏យកដុំបាយមកញល់មាត់ខ្ញុំកណា ធ្វើឲ្យខ្ញុំកណាត្រូវគេចចេញពីបរិវេណដែលពួកគេកំពុងអង្គុយបរិភោគអាហារ ព្រោះមិនអាចស៊ូទ្រាំនឹងការលលេងរបស់មិត្រភក្តិបាន ហើយក៏មិនអាចស៊ូទ្រាំមើលការបរិភោគអាហារចេញពីឆ្នាំងរបស់ចណ្ឌាលលត់ស្បែកគួរឲ្យខ្ពើមរអើមនោះបាន " "តាមដែលអាត្មាស្តាប់ញោមតំណាលរឿងនោះមកឃើញថា ញោមជាមនុស្សបរិសុទ្ធទេប៉ុន្តែហេតុអ្វីបានជាញោមត្រូវគេបណ្តេញចេញពីវណ្ណៈទៅវិញ?" ខ្ញុំព្រះករុណាសួរឡើង "ហ្នឹងឯង លោកសមណៈ ! ខ្ញុំកណាកំពុងនឹងតំណាលមូលហេតុឲ្យតេជគុណស្តាប់ នៅទីបំផុត អ្នកទាំងអស់គ្នាក៏វិលត្រឡប់ទៅផ្ទះវិញបានដោយសុវត្ថិភាព ម្នាក់ៗនៅស្ងប់ស្ងៀម គ្មានអ្នកណានិយាយដល់ទង្វើឡូយថូយនោះទេ ប៉ុន្តែតេជគុណម្ចាស់ដ៏ចម្រើន ! សម្រាប់ខ្ញុំកណានោះ ថ្វីបើខ្លួនមិនបានសមគំនិតធ្វើអំពើអាក្រក់ជាមួយនឹងពួកគេក៏ដោយ ប៉ុន្តែក្តៅក្រហាយខ្វល់ខ្វាយចិត្តខ្លាំងជាងអ្នកធ្វើអំពើអាក្រក់នោះទៅទៀត ព្រោះខ្ញុំកណាបានកើតមនោគតិឡើងថា ខ្ញុំកណាបានធ្វើបទល្មើសធ្ងន់ធ្ងរជាងមិត្រទាំងដប់នាក់ទៅទៀត ព្រោះខ្ញុំកណាបានឃើញពួកគេធ្វើទង្វើអាក្រក់ជាវិឃ្រភាពធ្ងន់ធ្ងរ ថែមទាំងជួយបិទបាំងទង្វើអាក្រក់របស់ពួកគេទៀត ធ្វើឲ្យមនុស្សទាំងដប់នាក់បាននិទណ្ឌភាពដោយគ្មានការដាក់ទោសទណ្ឌ បើនិយាយតាមគោលការណ៍ អ្នកទាំងដប់នាក់នោះខាតចាកភាវៈជាព្រាហ្មណ៍ហើយ ពេលនេះទោះបីជាគ្មានអ្នកណាដឹងរឿងរបស់ពួកគេក៏ដោយ ប៉ុន្តែពួកគេបានក្លាយជាកាឡកណ្ណីចង្រៃរួចទៅហើយ ការដែលពួកគេនៅរួមរស់ជាមួយនឹងមនុស្សវណ្ណៈព្រាហ្មណ៍ក្នុងគេហដ្ឋាន ក៏ស្មើនឹងនាំយកកាឡកណ្ណីចង្រៃមកសាយភាយឲ្យដល់អ្នកភូមិ នៅទីបំផុត វណ្ណៈព្រាហ្មណ៍ដ៏សក្តិសិទ្ធិរបស់ភូមិនឹងទៅជាមន្ទិលទាំងអស់ លើសពីនោះទៀត កាលបើខ្ញុំកណាត្រូវគេចាប់បាននៅពេលណាមួយ ខ្ញុំកណានឹងទទួលទោសទណ្ឌយ៉ាងដំណំពីបទបិទបាំងអំពើអាក្រក់របស់អ្នកដទៃ ខ្ញុំកណាគិតដង្វិនយ៉ាងខ្លាំងក្នុងបញ្ហាទាំងអស់នេះជាច្រើនថ្ងៃ" "បពិត្រលោកសមណៈ ! នៅទីបំផុត ខ្ញុំកណាក៏សម្រេចចិត្តបកអាក្រាតរឿងរ៉ាវទាំងអម្បាលម៉ានឲ្យមនុស្សមនាដឹង ដើម្បីកម្ចាត់បំបាត់កាឡកណ្ណីចង្រៃទាំងដប់នាក់នោះឲ្យចេញផុតពីភូមិ ខ្ញុំកណាទើបតំណាលរឿងរ៉ាវទាំងអស់នេះឲ្យភរិយាស្តាប់ ភរិយារបស់ខ្ញុំកណាស្លន់ចិត្តស្ទើរខ្យល់គ នាងបានផ្សាយដំណឹងនោះដល់អ្នកផ្សេងៗទៀត ដំណឹងនោះបានហុយហាយផ្សព្វផ្សាយទៅពាសពេញទាំងភូមិហាក់បីដូចជាភ្លើងឆេះព្រៃ បន្ទាប់ពីនោះ កោលាហលចលាចលក៏កើតឡើងពេញទាំងភូមិ នៅទីបំផុត ព្រាហ្មណ៍ជាប្រមុខវណ្ណៈក្នុងភូមិ ក៏កោះហៅប្រជុំព្រាហ្មណ៍ចាស់ទុំដើម្បីស៊ើបអង្កេតរឿងរ៉ាវរបស់យើង ពួកយើងទាំង ១១ នាក់ត្រូវបានកោះហៅខ្លួនទៅកាន់ទីប្រជុំ កាលបើអ្នកទាំងអស់មកប្រជុំព្រមគ្នាហើយ ព្រាហ្មណ៍ជាប្រមុខក៏សួរខ្ញុំកណា ខ្ញុំកណាក៏តំណាលរឿងរ៉ាវទាំងអស់តាមសភាពពិតឲ្យអង្គប្រជុំស្តាប់ រួចហើយព្រាហ្មណ៍ជាប្រធានងាកទៅប្រាប់មិត្រម្នាក់ក្នុងចំណោម ១០ នាក់ឲ្យតំណាលរឿងនោះឲ្យស្តាប់ដែរ បពិត្រលោកដ៏មានអាយុ ! ខ្ញុំកណាសឹងតែមិនជឿងត្រចៀកខ្លួនឯងថារឿងដែលគេតំណាលនោះចេញមកពីមាត់របស់មិត្រភក្តិអ្នករួមដំណើររបស់ខ្ញុំកណាទេ ព្រោះគេតំណាលថា ខ្ញុំកណាជាអ្នកយកឆ្នាំងនោះទៅដាំបាយបរិភោគម្នាក់ឯង ដោយមនុស្សទាំងដប់នាក់នោះមិនបានប៉ះពាល់ឆ្នាំងនោះទាល់តែសោះ កាលបើត្រឡប់មកដល់ផ្ទះវិញ គេប្រាប់ថាខ្ញុំកណាប្រហែលជាកើតវិប្បដិសារក្តៅក្រហាយចិត្ត ខ្លាចក្រែងនឹងទទួលទោសទណ្ឌ ទើបនិយាយបង្កាច់បង្ខូចពួកគេទាំងដប់នាក់ជាមុន កាលបើព្រាហ្មណ៍សួរអ្នកឯទៀត ម្នាក់ៗក៏ឲ្យការដូចគ្នាទាំងអស់ហាក់នឹងថាណាត់គ្នាទុកមុនដូច្នោះ នៅទីបំផុត ក្រោយពីពិចារណាអស់ពេលដ៏យូរ ប្រធានក៏សម្រេចសេចក្តីថា ខ្ញុំកណាជាភាគីមានកំហុស ទោះបីបើខ្ញុំកណាជជែកតវ៉ាយ៉ាងណាក៏មិនអាចស៊ូនឹងទម្ងន់ភស្តុតាងរបស់មនុស្សទាំងដប់នាក់នោះបានដែរ ផលចុងក្រោយ ខ្ញុំកណាត្រូវបានគេជេរស្តី ថ្កោលទោសពីព្រាហ្មណ៍ជាប្រធាន និងមនុស្សវណ្ណៈព្រហ្មណ៍គ្រប់ៗគ្នាក្នុងភូមិ ខ្ញុំកណាត្រូវគេបណ្តេញចេញពីវណ្ណៈព្រាហ្មណ៍ ត្រូវបុត្រភរិយាបណ្តេញចេញពីផ្ទះអស់ពេលជាច្រើនថ្ងៃហើយ ខ្ញុំកណាត្រូវទៅលាក់ខ្លួនពួនសម្ងំតាមក្រោមម្លប់ឈើ កាលបើហេវបាយ ក៏ទៅសុំអាហារពីក្មេងឃ្វាលគោ បពិត្រតេជគុណដ៏ចម្រើន ! សូមមេត្តាជួយខ្ញុំកណាផង"
អ្នកដែលកើតពីព្រះឱស្ឋព្រហ្ម
[កែប្រែ]បពិត្រលោកដ៏មានអាយុ ! កាលបើបានស្តាប់រឿងរ៉ាវរបស់បាលកៈចប់ហើយ ខ្ញុំព្រះករុណានឹកសង្វេគស្លុតចិត្តចំពោះគេនៅក្នុងចិត្ត ទោះបីបើគេជាមនុស្សបរិសុទ្ធមែនក៏ដោយ ប៉ុន្តែគេគួរតែទទួលទោសនេះយ៉ាងជាក់ស្តែង ត្បិតគេប្រកាន់តឹងងប់ងល់ក្នុងរឿងដែលមិនគួរប្រកាន់តឹង ថែមទាំងប្រទូស្តរ៉ាយមិត្តដោយការបកអាក្រាតការសម្ងាត់របស់មិត្ត ថ្វីបើខ្លួនបានផ្តល់ពាក្យសន្យាទុកហើយក៏ដោយ ប៉ុន្តែយ៉ាងណាក៏ដោយគេក៏ឧស្សាហ៍ពុះពារមកសុំជំនួយអនុគ្រោះហើយ បើផាត់ចោលទៅក៏ខុសវិស័យនៃអ្នកមានចិត្តប្រកបដោយមេត្តាករុណា ប៉ុន្តែមុននឹងគិតរកវិធីជួយគេ ខ្ញុំព្រះករុណាចង់នឹងបង្រៀនគេឲ្យស្មារលាទោសជាមុនសិន "ម្នាលឧបាសក ! តាមដែលអាត្មាស្តាប់រឿងរ៉ាវរបស់ញោមមកតាំងពីដើមទី អាត្មាក៏បានដឹងថាញោមជាមនុស្សប្រិតប្រៀងទំនៀមទម្លាប់ព្រាហ្មណ៍ខ្លាំងណាស់ ញោមមិនព្រមចូលរួមបរិភោគអាហារចេញពីឆ្នាំងរបស់ចណ្ឌាល ជាមួយនឹងមិត្រភក្តិទាំង ១០ នាក់នោះទេ បើទុកជាខ្លួនឯងឃ្លានបាយស្ទើរដាច់ខ្យល់ក៏ដោយ លុះវិលត្រឡប់ដល់គេហដ្ឋានវិញហើយក៏គិតក្នុងចិត្តថាខ្លួនមានកំហុសដែលបានជួយបិទបាំងទង្វើអាក្រក់របស់មិត្ត នៅទីបំផុត ញោមក៏ក្បត់ពាក្យសន្យា បង្ហើបបង្ហាញកំហុសរបស់មិត្ត រហូតដល់ខ្លួនឯងត្រូវគេបណ្តេញចេញពីវណ្ណៈ " "ពិតប្រាកដណាស់ លោកសមណៈ ! ខ្ញុំកណាត្រូវប្រិតប្រៀងចំពោះទំនៀមទម្លាប់ព្រាហ្មណ៍ ព្រោះថាវណ្ណៈព្រាហ្មណ៍ជាវណ្ណៈស្អាតបរិសុទ្ធនិងខ្ពស់ជាងវណ្ណៈដទៃទៀតក្នុងជម្ពូទ្វីប" បាលកៈនិយាយអះអាងដោយមោទនភាពក្នុងវណ្ណៈរបស់ខ្លួន "ម្នាលឧបាសក ! អាត្មានៅមានការយល់ដឹងតិចតួចអំពីរឿងវណ្ណៈ ចង់សួរសំណួរខ្លះចំពោះញោម ជំនឿជឿកាន់ថាវណ្ណៈព្រាហ្មណ៍ជាវណ្ណៈខ្ពង់ខ្ពស់ បរិសុទ្ធនិងប្រសើរជាងវណ្ណៈដទៃទៀតនេះ តើអ្នកណាជាអ្នកបញ្ញត្តឡើង?" ព្រាហ្មណ៍កម្លោះសើចហសន៍ចំពោះការមិនដឹងសេចគ្រេចរបស់ខ្ញុំព្រះករុណា ហើយនិយាយថា "លោកសមណៈ ! ខ្ញុំកណាយល់ថាលោកម្ចាស់ប្រហែលជាមិនធ្លាប់អានគម្ពីរព្រះវេទដ៏សក្តិសិទ្ធិរបស់យើងទេមើលទៅ ក្នុងបុរុសសូកតៈនៃព្រះវេទមានពាក្យពោលទុកយ៉ាងច្បាស់លាស់ថា កាលបើព្រះព្រហ្មបង្កើតពិភពផែនដីនិងមនុស្សនោះ វណ្ណៈព្រាហ្មណ៍ចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ ក្សត្រចេញមកពីព្រះហស្ថ ព្រៃងារ(វេសយៈ)ចេញមកពីព្រះឧទរ និងអ្នកងារ(សូទ្រ)ចេញមកពីព្រះបាទរបស់ព្រះអង្គ ព្រោះហេតុថាព្រាហ្មណ៍ចេញមកពីព្រះឱស្ឋដែលជាអវយវៈខ្ពង់ខ្ពស់ ទើបចាត់ទុកថាជាវណ្ណៈខ្ពង់ខ្ពស់ ព្រោះហេតុនោះ វណ្ណៈទាំង ៤ គ្មានអ្នកណាបញ្ញត្តឡើងទេ ប៉ុន្តែមានមកមួយអន្លើដោយការបង្កើតពិភពផែនដីនោះឯង" "ម្នាលឧបាសក ! "ខ្ញុំព្រះករុណាសួរដេញដោលតទៅទៀត "បើអញ្ចឹង វណ្ណៈព្រាហ្មណ៍ចាត់ថាជាវណ្ណៈខ្ពង់ខ្ពស់ ព្រោះចេញមកពីអវយវៈដ៏ខ្ពង់ខ្ពស់របស់ព្រះព្រហ្មមែនទេ? " "មែន លោកសមណៈ ! " បាលកៈអះអាង "តាមធម្មតា មាត់របស់មនុស្សនោះ បើស្ថិតនៅក្នុងឥរិយាបថអង្គុយឬឈរ ល្មមនឹងចាត់ទុកបានថា នៅខ្ពស់ជាងអវយវៈដទៃ ប៉ុន្តែបើមនុស្សស្ថិតនៅក្នុងឥរិយាបថដេកវិញ ឧបាសក ! តើញោមអាចនិយាយបានថាមាត់នៅខ្ពស់ជាងអវយវៈដទៃបានទេ?" "មិនបានទេ" បាលកៈនិយាយទាំងសម្លឹងមើលខ្ញុំព្រះករុណាយ៉ាងងឿងងាំង "ចុះញោមដឹងបានទេថានៅខណៈដែលមនុស្សទាំង ៤ វណ្ណៈចេញពីអវយវៈផ្សេង ៗរបស់ព្រះព្រហ្មនោះ តើព្រះព្រហ្មព្រះអង្គស្ថិតនៅក្នុងឥរិយាបថណា ឈរ អង្គុយឬក៏ដេក?" "យី ! លោកសមណៈនេះចំជាប៉ិនសួរចាក់រុកមែន " បាលកៈនិយាយយ៉ាងឆួលអារម្មណ៍ "ខ្ញុំកណាមិនដឹងទេ បើគម្ពីរមិនបានចារទុកផង" "ម្នាលឧបាសក ! អាត្មាយល់ឃើញថា ការដែលមនុស្សទាំង ៤ វណ្ណៈជាចំនួនច្រើនសន្ធឹកសន្ធាប់ចេញមកពីអវយវៈផ្សេង ៗរបស់ព្រះព្រហ្មបាននោះ សម្តែងថាព្រះព្រហ្មព្រះអង្គមានរូបរាងធំសម្បើមណាស់ ពុំនោះសោតទេ មនុស្សច្រើនសន្ធឹកសន្ធាប់ដល់ម្លឹងគង់នឹងនៅក្នុងខ្លួនព្រះអង្គនិងចេញពីព្រះអង្គមិនបានទេ" "ពិតប្រាកដណាស់ លោកសមណៈ ! ព្រះអង្គមុខជាធំសម្បើមណាស់ ទើបអាចបង្កើតពិភពផែនដីនិងមនុស្សបាន" "បើព្រះអង្គមានរូបរាងធំសម្បើមបែបនោះ ប្រសិនបើព្រះអង្គស្ថិតនៅក្នុងឥរិយាបថឈរ នៅខណៈដែលវណ្ណៈផ្សេង ៗចេញមកពីខ្លួនព្រះអង្គ ព្រះអង្គមុខជាខ្ពស់សន្លឹមស្កឹមស្កៃ កាលបើដូច្នេះ វណ្ណៈព្រាហ្មណ៍ដែលចេញមកពីព្រះឱស្ឋរបស់ព្រះអង្គក្តី វណ្ណៈក្សត្រដែលចេញមកពីព្រះហស្ថរបស់ព្រះអង្គក្តី វណ្ណៈព្រៃងារដែលចេញមកពីព្រះឧទររបស់ព្រះអង្គក្តី មុខជាធ្លាក់ចុះមកស្លាប់អស់គ្មានសល់ទេ គង់សល់តែវណ្ណៈអ្នកងារដែលចេញមកពីព្រះបាទរបស់ព្រះអង្គប៉ុណ្ណោះដែលនៅរស់ ប៉ុន្តែតាមសភាពពិតដែលប្រាកដឲ្យឃើញក្នុងពិភពផែនដីឥឡូវនេះ មនុស្សវណ្ណៈទាំង ៤ ស្ថិតនៅពាសពេញជម្ពូទ្វីប សម្តែងឲ្យឃើញច្បាស់ថា ក្នុងខណៈដែលឲ្យកំណើតដល់មនុស្សទាំង ៤ វណ្ណៈនោះ ព្រះព្រហ្មព្រះអង្គគង់មានមេត្តាធម៌ចំពោះមនុស្ស ព្រះអង្គទើបសិងរាបនៅនឹងផ្ទៃដី ហើយក៏ប្រលែងមនុស្សទាំង ៤ វណ្ណៈនោះឲ្យដើរចេញពីខ្លួនព្រះអង្គទៅ កាលបើដូច្នេះ សម្តែងឲ្យឃើញថា មនុស្សទាំង ៤ វណ្ណៈនោះមានដើមកំណើតក្នុងកម្រិតស្មើគ្នា គ្មានអ្នកណាខ្ពស់ជាងអ្នកណាទេ តើញោមមានសេចក្តីយល់ឃើញយ៉ាងណាដែរអំពីរឿងនេះ"
ព្រាហ្មណ៍កម្លោះអង្គុយធ្មឹងជាឧបាយគិតជញ្ជឹងមួយស្របក់ហើយនិយាយឡើងថា
"សមណៈនេះពេញជាប៉ិនគិតរុករុលរាយមាយមែន ខ្ញុំកណាមិនដឹងថាការពិតនោះយ៉ាងណាទេព្រោះគម្ពីរមិនបានចារសេចក្តីលម្អិតទុក ប៉ុន្តែបើនិយាយទៅតាមហេតុផល តាមហេតុការណ៍ដែលកើតឡើង ប្រហែលជាដូច យ៉ាងលោកម្ចាស់និយាយចឹងមែន"
"បើអញ្ចឹង ញោមក៏ទទួលស្គាល់ហើយថា មនុស្សទាំង ៤ វណ្ណៈមានកំណើតស្មើគ្នា គ្មានអ្នកណាខ្ពស់ជាងអ្នកណាទេ"ខ្ញុំព្រះករុណានិយាយដេញជើងយ៉ាងបានចង្វាក់ "ប៉ុន្តែព្រាហ្មណ៍ក៏នៅតែជាវណ្ណៈខ្ពស់ជាងវណ្ណៈដទៃហ្នឹងឯង ព្រោះព្រាហ្មណ៍បានទទួលកិត្តិយសឲ្យចេញពីព្រះឱស្ឋ ដែលចាត់ទុកថាជាអវយវៈសំខាន់ជាងអវយវៈដទៃ" "ញោមដឹងបានយ៉ាងណាថា មាត់សំខាន់ជាងអវយវៈដទៃ ព្រះគម្ពីរបានចារទុកដូច្នោះឬ?"
"ខ្ញុំកណានិយាយដោយសុភនិច្ឆ័យ ព្រោះយើងបរិភោគអាហារដោយមាត់ បើយើងមិនបរិភោគអាហារទេ ជីវិតមិនអាចរស់នៅបានទេ លើសពីនោះទៀត យើងប្រើមាត់និយាយប្រាស្រ័យទាក់ទងគ្នា"
"អាត្មាយល់ស្របនឹងញោមថាយើងបរិភោគអាហារនិងនិយាយដោយប្រើមាត់ ប៉ុន្តែបើអាត្មាកាត់ដៃញោមចេញ កាត់ជើងញោមចេញ បារពោះញោមចេញ តើញោមនឹងបរិភោគអាហារបានទៀតទេ? តើញោមនឹងមានជីវិតរស់នៅបានទៀតទេ?"
ព្រាហ្មណ៍អេះអុញទញ់តាន់ជាខ្លាំងដែលត្រូវខ្ញុំព្រះករុណាឈ្លេចសួរដេញដោលសឹងតែទាល់ច្រក គេឈ្ងោកមុខចុះសម្លឹងមើលផែនដី យកដៃត្រដុសគ្នាមួយស្របក់ហើយក៏ឆ្លើយតបដោយសម្លេងតយង៉យថា
"នៅមិនបានទេ លោកសមណៈ ! "
"កាលបើមាត់នៅតែឯងមិនបានត្រូវអាស្រ័យអវយវៈដទៃបែបនេះ ក៏សម្តែងឲ្យឃើញថា អវយវៈគ្រប់វោការត្រូវអាស្រ័យគ្នានិងគ្នាគ្មានអវយវៈណាសំខាន់ជាងអវយវៈណាទេ មានឋានៈស្មើគ្នាទាំងអស់ អវយវៈនីមួយៗធ្វើមុខងាររបស់ខ្លួន ដើម្បីឲ្យជីវិតរាងកាយទាំងមូលស្ថិតនៅបាន កាលបើដូច្នេះ សម្តីដែលញោមពោលថាមាត់សំខាន់ជាងអវយវៈដទៃនោះទើបជាការពោលឃ្វាងឃ្លៀងចាកការពិត និងការប្រកាន់ថាព្រាហ្មណ៍កើតមកពីព្រះឱស្ឋរបស់ព្រះព្រហ្មហើយជាវណ្ណៈខ្ពស់ជាងវណ្ណៈដទៃនោះចាត់ជាការប្រកាន់ខុស ឬក៏ញោមមានទស្សនៈយ៉ាងណាទៀត?" ប្រាកដឃើញថា បាលកៈអង្គុយឈ្ងោកមុខស្ងៀមឈឹងត្បិតទញ់ទាល់ចំពោះហេតុផលរបស់ខ្ញុំព្រះករុណា កាលបើគេអង្គុយនៅស្ងៀមមិនឆ្លើយឆ្លងដូច្នោះ ខ្ញុំព្រះករុណាក៏និយាយតទៅទៀតថា
"ម្នាលឧបាសក ! ទាក់ទងនឹងរឿងរ៉ាវដែលយើងបានសន្ទនាគ្នាមកនោះ ញោមមុខជាបានឃើញហើយថា មនុស្សទាំង ៤ វណ្ណៈមានឋានៈស្មើគ្នាដោយកំណើត ព្រោះកើតក្នុងកម្រិតស្មើគ្នា ចេញមកពីព្រះព្រហ្មអង្គ តែមួយ ហើយចេញពីអវយវៈផ្សេងៗដែលមានសេចក្តីសំខាន់ស្របាក់ស្របាលគ្នា សូម្បីក្នុងខណៈដែលនៅ ក្នុងខ្លួនរបស់ព្រះព្រហ្ម ក៏នៅក្នុងទីតែមួយ ការដែលមនុស្សទាំង ៤ វណ្ណៈរួមរស់ រួមសម្ភោគក្នុងកន្លែងតែមួយ បាន ក៏សម្តែងឲ្យឃើញថាមនុស្សទាំង ៤ ពួកនោះមានឋានៈស្មើគ្នាក្នុងក្រសែចក្ខុរបស់ព្រះព្រហ្មជាម្ចាស់ បើមានឋានៈផ្សេងៗគ្នា ព្រះអង្គមុខជាមិនអនុញ្ញាតឲ្យនៅរួមគ្នាក្នុងទីតែមួយនោះទេ ការដែលមនុស្សវណ្ណៈ ព្រាហ្មណ៍ប្រកាន់ថាខ្លួនខ្ពស់ជាងវណ្ណៈដទៃចាត់ជាការប្រកាន់ដោយទិដ្ឋិមានះ ប្រកាន់ដោយមោហៈ ប្រកាន់ខុសពីគោលបំណងដើមរបស់ព្រះព្រហ្ម ការដែលវណ្ណៈព្រាហ្មណ៍ចេញមកកាន់ពិភពផែនដីតាមព្រះឱស្ឋរបស់ព្រះព្រហ្ម មិនមានហេតុផលគ្រប់គ្រាន់ល្មមប្រកាន់បានថាខ្ពស់ជាងវណ្ណៈដទៃទេ ប្រៀបដូចជាមនុស្សមួយចំនួនមានសមដ្ឋាន ឬ សហវាសក្នុងបន្ទប់មួយ តមក ម្ចាស់ផ្ទះបានបើកទ្វារបន្ទប់ទាំង ៤ ខាងព្រមគ្នា ដើម្បីឲ្យមនុស្សនៅខាងក្នុងចេញមក អ្នកខ្លះចេញតាមទ្វារមុខ ព្រោះខណៈដែលទ្វារបើកនោះ ខ្លួននៅក្បែរទ្វារមុខ អ្នកខ្លះចេញតាមទ្វារខាងទាំង ២ ព្រោះខ្លួននៅក្បែរទ្វារខាង អ្នកខ្លះចេញតាមទ្វារក្រោយ កាលបើចេញអស់ហើយ ពួកដែលចេញតាមទ្វារមុខក៏ប្រកាសថា ពួកខ្លួនប្រសើរជាងពួកដទៃ ព្រោះហេតុផលម្យ៉ាង គឺ ខ្លួនបានចេញតាមទ្វារមុខ យ៉ាងនេះមិនយុត្តិធម៌ទេ" ។
"ម្នាលឧបាសក ! អាត្មានៅមានចំណុចខ្លះដែលចង់សួរញោមតទៅទៀតថា បើឧបមាថា មនុស្សវណ្ណៈផ្សេង ដូចជា ព្រៃងារ ឬ អ្នកងារកើតទំហុញទម្រាន់ឡើងក្នុងវណ្ណៈរបស់ខ្លួន ហើយកើតសេចក្តីជ្រះថ្លាឡើងក្នុងវណ្ណៈ ព្រាហ្មណ៍ ចង់ធ្វើជាព្រាហ្មណ៍នឹងគេដែរ ទើបសុំចូលជាសមាជិកព្រាហ្មណ៍ជាមួយនឹងញោម យ៉ាងនេះ តើញោមឬមនុស្សក្នុងវណ្ណៈព្រាហ្មណ៍ដទៃទៀតយល់ព្រមទេ?"
"មិនព្រមទេ លោកម្ចាស់ ! បើយល់ព្រមបាន ឥឡូវនេះមនុស្សវណ្ណៈផ្សេងមុខជាគ្មានក្នុងជម្ពូទ្វីបទេ មានតែវណ្ណៈព្រាហ្មណ៍មួយប៉ុណ្ណោះ ព្រោះម្នាក់ៗសុទ្ធតែចង់ក្លាយជាវណ្ណៈព្រាហ្មណ៍ទាំងអស់"
"បើអញ្ចឹង មានន័យថា ការធ្វើជាមនុស្សក្នុងវណ្ណៈណាមួយនោះមិនមែនធ្វើដោយការសុំចូលជាសមាជិកទាំងមិនមែនដោយពិធីកម្មនោះទេ អាត្មាចង់ដឹងថាតើមានវិធីណាទៀតទេដែលអាចធ្វើមនុស្សវណ្ណៈអ្នកងារឲ្យក្លាយជាមនុស្សវណ្ណៈព្រហ្មណ៍បាន"
"គ្មានវិធីណាទេ លោកម្ចាស់ ! ខ្ញុំកណាឃើញតែវិធីមួយប៉ុណ្ណោះ គឺ ស្លាប់ហើយទៅកើតថ្មីក្នុងវណ្ណៈព្រាហ្មណ៍ប៉ុណ្ណោះ "និយាយហើយបាលកៈក៏ផ្ទុះសំណើចយ៉ាងពេញចិត្ត ។ "ការដែលធ្វើជាព្រាហ្មណ៍នេះត្រូវតែបានមកអំពីកំណើត ត្រូវបានមកដោយតំណសាលោហិត អ្នកណាកើតក្នុងវណ្ណៈណា តោងតែជាវណ្ណៈនោះ មិនអាចកែប្រែបានទេ មែនទេ?"
"មែន លោកម្ចាស់ ! ភាវៈជាព្រាហ្មណ៍នេះជាភាវៈដែលស័ក្តិសិទ្ធិកើតមានឡើងតាំងពីលើកដំបូងដែលបុព្វបុរសរបស់យើងចេញមកពីព្រះឱស្ឋរបស់ព្រះព្រហ្មម្លេះ តាំងពីពេលនោះរៀងដរាបមក អ្នកណាក៏ដោយ ឲ្យតែកើតក្នុងវណ្ណៈព្រាហ្មណ៍តោងតែជាព្រាហ្មណ៍រហូតទៅ"
"ម្នាលឧបាសក ! បើអាត្មានិយាយថា ព្រះព្រហ្មជាម្ចាស់មានបំណងចង់ឲ្យវណ្ណៈព្រាហ្មណ៍ ក្លាយជាព្រាហ្មណ៍ រហូតទៅ តើត្រឹមត្រូវទេ?"
"ត្រឹមត្រូវណាស់ លោកម្ចាស់ ! ព្រះអង្គមានព្រះបំណងចង់ឲ្យព្រាហ្មណ៍ជាប្រតិភូរបស់ព្រះអង្គ ជាអ្នកបំពេញបេសកកម្មរបស់ព្រះអង្គក្នុងមនុស្សលោក"
"កាលបើភាវៈជាព្រហ្មណ៍ជាភាវៈស័ក្តិសិទ្ធិតពូជពង្សវង្សសន្តានមកពីព្រះព្រហ្មទាំងជាបំណងរបស់ព្រះអង្គ ដែលចង់ឲ្យព្រាហ្មណ៍ក្លាយជាព្រាហ្មណ៍រហូតទៅបែបនេះ ក៏គ្មានអ្វីណានីមួយឬបុគ្គលណាម្នាក់ក្នុងលោក មកបង្វិលបង្វែរញោមឲ្យក្លាយជាមនុស្សវណ្ណៈផ្សេងបានទេ សូម្បីតែព្រាហ្មណ៍ជាប្រមុខក្នុងភូមិរបស់ញោមក៏ មិនអាចធ្វើឲ្យញោមបាត់បង់ភាវៈជាព្រាហ្មណ៍បានដែរ បើបុគ្គលណារឹងទទឹងធ្វើឲ្យញោមមិនមែនជាព្រាហ្មណ៍ បុគ្គលនោះឈ្មោះថា កំពុងបំពារបំពានព្រះបំណងរបស់ព្រះព្រហ្មជាម្ចាស់ហើយ"
បពិត្រលោកដ៏មានអាយុ ! លុះបាលកៈបានស្តាប់ហេតុផលរបស់ខ្ញុំព្រះករុណាដល់ត្រង់នេះ គេក៏សម្តែងកិរិយាអាការរំភើបរីករាយចិត្តមកយ៉ាងច្បាស់ គេញញឹមញញែមដោយលំនឹកសង្ឃឹម ហើយនិយាយថា
"ពិតប្រាកដមែនដូចយ៉ាងលោកម្ចាស់ថាអញ្ចឹង ពិតប្រាកដណាស់ ខ្ញុំកណាភ្លេចចំណុចនេះឲ្យឈឹង" ប៉ុន្តែក៏ស្រាប់តែទឹកមុខរបស់គេស្រពោនទៅវិញព្រមទាំងនិយាយថា "ចុះបើខ្ញុំកណាបានប្រព្រឹត្តកន្លងទំនៀមទម្លាប់ព្រាហ្មណ៍ ដូចជា ទៅរួមបរិភោគអាហារជាមួយនឹងចណ្ឌាលវិញ, លោកម្ចាស់ ! "
"ញោមក៏ព្រមទទួលហើយថាភាវៈជាព្រាហ្មណ៍ជាភាវៈស័ក្តិសិទ្ធិបានមកពីព្រះព្រហ្មដោយផ្ទាល់ គ្មានអ្វីណានីមួយនឹងមកកែប្រែបានទេ ប្រៀបដូចជាមាសសុទ្ធទោះបីធ្លាក់ទៅក្នុងភក់ជ្រាំ ក៏នៅតែជាមាសសុទ្ធហ្នឹងឯង មិនអាចក្លាយទៅជាដែកជាស្ពាន់បានទេ គ្រាន់តែមាសនោះអាប់ប៉ត្រាប់ខ្លះ ប៉ុន្តែកាលបើដុសខាត់បន្តិចទៅ ក៏ចាំងពន្លឺភ្លឺផ្លេកបានដដែល ញោមក៏ដូចគ្នា កាលបើទៅរួមបរិភោគជាមួយនឹងចណ្ឌាល ភាវៈជាព្រាហ្មណ៍របស់ញោមអាចសៅហ្មងទៅខ្លះ ប៉ុន្តែកាលបើធ្វើពិធីលាងជម្រះហើយ ញោមក៏ក្លាយជាព្រាហ្មណ៍ស្អាតបរិសុទ្ធវិញបាន"
ទេវកិច្ច
[កែប្រែ]"បពិត្រលោកម្ចាស់ដ៏ចម្រើន ! "ព្រាហ្មណ៍កម្លោះបាលកៈនិយាយឡើងដោយសម្លេងច្បាស់ស្រឡះឡើង "ហេតុផលរបស់លោកម្ចាស់ស្រួចស្រាល់ណាស់ បើព្រាហ្មណ៍រាល់គ្នាគិតឃើញដូចយ៉ាងលោកម្ចាស់ យល់ឃើញដូចយ៉ាងលោកម្ចាស់ រឿងស្មុគស្មាញទាំងអម្បាលម៉ានមុខជាមិនកើតឡើងទេ ទាំងការប្រកាន់រើសអើងរវាងវណ្ណៈក៏គ្មានដែរ តើធ្វើយ៉ាងណាហ្ននឹងអាចត្រដោះសេចក្តីយល់ឃើញខុសដោយអំណាចនៃរម្ងឹតរម្ងង់របស់ ព្រាហ្មណ៍ទាំងនេះបាន ជាពិសេសក្នុងសំណុំក្តីរបស់ខ្ញុំកណា លោកម្ចាស់ក៏ដឹងហើយថាខ្ញុំកណាមានសេចក្តីបរិសុទ្ធយ៉ាងពេញលេញ ប៉ុន្តែដោយហេតុតែត្រង់ពេក និងព្រោះកម្លៅរបស់ខ្លួនឯង ទើបត្រូវព្រាហ្មណ៍ជាសម្លាញ់ទាំង ១០ នាក់មួលបង្កាច់ទម្លាក់កំហុស រហូតដល់ក្លាយទៅជាអ្នកខុស ធ្វើយ៉ាងណាហ្នខ្ញុំកណាទើបអាចបញ្ជឿព្រាហ្មណ៍ចាស់ទុំទាំងឡាយក្នុងភូមិឲ្យជឿថាខ្ញុំកណាជាអ្នកបរិសុទ្ធ" បពិត្រលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាកើតមានគំនិតគិតឃើញព្រាងៗថានឹងជួយព្រាហ្មណ៍កម្លោះបាលកៈបានយ៉ាងដូចម្តេច ខ្ញុំព្រះករុណាបានប្រាប់នយោបាយដល់គេថា "ម្នាលឧបាសក ! អាត្មាល្មមនឹងណែនាំវិធីឲ្យបាន សូមឲ្យសាកល្បងវិធីបដិបត្តិយ៉ាងនេះមើល៍ នៅពេលរាត្រីស្ងប់ស្ងាត់ កាលបើអ្នកភូមិលង់លក់ស្កប់ស្កល់អស់ហើយ សូមឲ្យញោមចូលទៅរកភរិយារបស់ញោម អង្វរសុំសមានចិត្តអាណិតអាសូរ ស្បថស្បែនឹងភរិយាថាញោមជាមនុស្សបរិសុទ្ធពិតមែន ទទូចឲ្យនាងជាភរិយាទៅជួបនឹងព្រាហ្មណ៍ជាប្រមុខវណ្ណៈ ឲ្យនាងពន្យល់លោកប្រមុខឲ្យដឹងថាព្រាហ្មណ៍ទាំង ១០ នាក់នោះធ្វើអំពើគម្រក់មែន ចំណែកឯញោមជាមនុស្សបរិសុទ្ធ សូមឲ្យលោកប្រមុខសើរើរឿងនេះមកពិចារណាស៊ើបអង្កេតសាជាថ្មី ប្រាប់ឲ្យភរិយាពន្យល់ដល់ប្រមុខព្រាហ្មណ៍ថា អ្នកទាំង ១០ នាក់នោះជាអ្នកខុសពិតមែន កាលបើពួកគេជាអ្នកខុស ពួកគេក៏ជាឧត្បាតចង្រៃ ទោះអ្នកណាដឹងឬមិនដឹងក៏ដោយ កាលបើពួកគេនៅឡូកឡំនឹងព្រាហ្មណ៍ដទៃក្នុងភូមិក៏ស្មើនឹងនាំយកឧត្បាតចង្រៃមកផ្សព្វផ្សាយដល់អ្នកភូមិ នៅទីបំផុត មនុស្សទាំងភូមិនឹងមានមន្ទិលគ្រប់គ្នា ហេតុនោះ សូមឲ្យជំនុំជម្រះសាឡើងវិញមុននឹងជ្រុលពេល បើភរិយាញោមទៅពន្យល់លើកទី ១ មិនបានសម្រេចទេ សូមឲ្យទៅច្រើនៗដង ព្រោះបើប្រមុខព្រាហ្មណ៍បានឮជារឿយ ៗ ក៏នឹងផុសគំនិតគិតឃើញថា ប្រហែលជាការពិត ហើយក៏នឹងផ្តោតសេចក្តីរង្គៀសសង្ស័យទៅលើព្រាហ្មណ៍ទាំង ១០ នាក់នោះ កាលបើកើតសេចក្តីរង្គៀសសង្ស័យតោងទំចិត្តគំនិតប្រមុខព្រាហ្មណ៍ហើយ គាត់មុខជានឹងរិះរកវិធីពិសោធ ស៊ើបអង្កេតឲ្យទាល់តែបាន ព្រោះគ្មានអ្នកណាទ្រាំឲ្យសេចក្តីរង្គៀសសង្ស័យតោងទំចិត្តអស់ពេលយូរអង្វែងនោះទេ កាលបើព្រាហ្មណ៍ជាប្រមុខសម្រេចចិត្តនឹងស៊ើបអង្កេតរឿងនោះសាថ្មី ទាំងកោះហៅប្រជុំព្រាហ្មណ៍ព្រឹទ្ធាចារ្យក្នុងភូមិព្រមទាំងព្រាហ្មណ៍គូករណីហើយ សូមឲ្យបង្កើតគណៈកម្មការព្រាហ្មណ៍ស៊ើបអង្កេតមួយ សូមឲ្យគណៈកម្មការនោះ កោះហៅព្រាហ្មណ៍ទាំង ១០ នាក់ឲ្យចូលខ្លួនទៅបំភ្លឺឲ្យការជាការសម្ងាត់ម្តងម្នាក់ សូមឲ្យគណៈកម្មការឈ្លេចសួរឲ្យល្អិតថា ក្នុងថ្ងៃកើតហេតុនោះ ប្រសែ្តងទៅជួបឆ្នាំងនៅឯណា? ឆ្នាំងធំឬតូចខ្នាតណា? ធ្វើដោយអ្វី? ប្រស្តែងដណ្តាំទទួលទានដូចម្តេច? ឯណា? ជាដើម មុននឹងហៅទៅសួរចម្លើយ ត្រូវបង្ខាំងព្រាហ្មណ៍ទាំង ១០ នាក់ទុកសិន កុំឲ្យពួកគេមានឱកាសបានប្រឹក្សាណាត់គ្នាជាដាច់ខាត សូម្បីបើក្រោយពីសាកសួរព្រាហ្មណ៍ណាម្នាក់ហើយក៏ដោយ ក៏កុំបណ្តោយឲ្យគេទៅជួបនឹងមិត្តភក្តិដែលមិនទាន់សួរចម្លើយ ឲ្យឃាត់ទុកសិនត្រង់ទីណាមួយដាច់ដោយឡែក បើធ្វើបានដូច្នេះ ព្រាហ្មណ៍ទាំង ១០ នាក់នោះនឹងមិនអាចបំភ្លឺឲ្យការត្រូវគ្នាគ្រប់រឿងនោះបានទេ ព្រោះវាមិនមែនជារឿងពិត កាលបើគេបំភ្លឺឲ្យការមិនត្រូវគ្នា គណៈកម្មការនឹងចាប់កំហុសបានដោយឯកឯង ថាពួកគេបានប្រឌិតរឿងឡើងដើម្បីមួលបង្កាច់ទម្លាក់កំហុសដល់ញោម កាលបើគណៈកម្មការចាប់ចំណុចខុសបានហើយ ពួកគេនឹងក្លាយទៅជាភាគីមានកំហុស ហើយនឹងត្រូវកាត់សេចក្តីឲ្យមានទោស ដោយការត្រូវបណ្តេញចេញពីវណ្ណៈព្រាហ្មណ៍ដូចយ៉ាងញោមឥឡូវនេះអញ្ចឹង សូមឲ្យញោមសាកល្បងធ្វើតាមនយោបាយនេះមើល៍" ។
ព្រាហ្មណ៍កម្លោះបាលកៈឱនចុះក្រាបថ្វាយបង្គំខ្ញុំព្រះករុណាទៀបបាទមូលហើយនិយាយចេញមកដោយសោមនស្សចិត្តថា "បពិត្រលោកម្ចាស់ដ៏ចម្រើន ! គំនិតយោបល់របស់លោកម្ចាស់ស្រួចស្រាល់ណាស់ ហេតុអ្វីបានជាខ្ញុំកណានឹកមិនឃើញរឿងនេះតាំងតែពីមានការស៊ើបអង្កេតរឿងនេះលើកដំបូងហ្ន បើខ្ញុំកណាបានគំនិតយោបល់បែបនេះ ថ្មើរនេះខ្ញុំកណាគង់នឹងរស់នៅសុខសាន្តជាមួយនឹងបុត្រភរិយាទៅហើយ ខ្ញុំកណានឹងបដិបត្តិតាមអនុសាសន៍របស់លោកម្ចាស់តាំងពីយប់នេះជាដើមទៅ ខ្ញុំកណាសូមអរគុណលោកម្ចាស់ជាអនេកដែលជួយប្រោសខ្ញុំកណា" បពិត្រលោកដ៏មានអាយុ ! បាលកៈបាត់មុខទៅប្រហែល ៣ ថ្ងៃ ហើយក៏វិលត្រឡប់មករាយការណ៍ឲ្យខ្ញុំព្រះករុណាដឹងថា "បពិត្រលោកម្ចាស់ដ៏ចម្រើន ! ផែនការរបស់លោកម្ចាស់ជិតនឹងសម្រេចហើយ ខ្ញុំកណាបានអែបទៅជួបភរិយាតាំងពីយប់ថ្ងៃនោះ នាងស្លន់ស្លោណាស់នៅពេលបានជួបនឹងខ្ញុំកណាម្តងទៀត ក្រោយពេលអង្វរសុំចិត្តអាណិតអាសូរអស់ពេលជាយូរ នាងក៏ទទួលសម្តីថានឹងទៅពន្យល់ប្រាប់ប្រមុខព្រាហ្មណ៍ឲ្យ លុះយប់ថ្ងៃតមក ខ្ញុំកណាបានទៅសួរនាងថាបានលទ្ធផលយ៉ាងណាដែរ នាងប្រាប់ថាប្រមុខព្រាហ្មណ៍យល់ចិត្តអាណិតខ្ញុំកណា ហើយជឿថាខ្ញុំកណាជាអ្នកបរិសុទ្ធពិតមែន ប៉ុន្តែរឿងវាចប់ទៅហើយ មិនចង់សើរើឲ្យស្មុគស្មាញម្តងទៀតទេ បើទុកជាសើរើរឿងនោះឡើងវិញ ក៏មិនប្រាកដថាខ្ញុំកណាឈ្នះដែរ ព្រោះមនុស្សម្នាក់មិនអាចទៅស៊ូនឹងមនុស្ស ១០ នាក់បានទេ ប៉ុន្តែកាលបើភរិយារបស់ខ្ញុំកណាណែនាំវិធីសាកសួរជាឯកត្តជនទៅ ម្នាក់ៗក៏យល់ស្រប ហើយទទួលសម្តីថានឹងពិគ្រោះយោបល់ជាមួយនឹងព្រាហ្មណ៍ព្រឹទ្ធាចារ្យក្នុងភូមិមើល កាលពីយប់មិញ ខ្ញុំកណាបានទៅសួរភរិយាម្តងទៀត នាងប្រាប់ថាព្រាហ្មណ៍ទាំងឡាយយល់ព្រមនឹងបើកការស៊ើបអង្កេតសាជាថ្មី និងកំណត់បើកសម័យប្រជុំនៅរសៀលថ្ងៃនេះឯង លទ្ធផលស៊ើបអង្កេតយ៉ាងណានោះ ខ្ញុំកណានឹងវិលត្រឡប់មករាយការណ៍លម្អិតប្រគេនលោកម្ចាស់ម្តងទៀត "និយាយហើយគេក៏លាចាកចេញទៅដោយដំណើររហើតរហាំង ។ នៅល្ងាចថ្ងៃនោះឯង បាលកៈក៏វិលត្រឡប់មកជួបខ្ញុំព្រះករុណាម្តងទៀត ពេលនេះមិនមែនមកម្នាក់ឯងទេ ប៉ុន្តែមានភរិយារបស់គេនិងព្រាហ្មណ៍ចាស់ម្នាក់តាមមកជាមួយផង ឫកពាគេញញឹមញញែមប្រិមប្រិយមាន សេចក្តីសុខស្រស់ស្រាយជាភិយ្យោភាព ខ្ញុំព្រះករុណាជឿជាក់ថាគេមុខជាបានឈ្នះក្តីក្តាំហើយមិនខាន "ជិតំ មេ ភន្តេ បពិត្រព្រះតេជគុណដ៏ចម្រើន ! ខ្ញុំកណាបានឈ្នះហើយ "គេរាយការណ៍យ៉ាងត្រេកអរកខិបកខុប "ខ្ញុំកណានាំភរិយាមកថ្វាយបង្គំអរព្រះគុណលោកម្ចាស់ផង ចំណែកឯលោកអ៊ំម្នាក់នេះ គឺ ប្រមុខព្រាហ្មណ៍ជាប្រធានវណ្ណៈក្នុងភូមិរបស់យើង ខ្ញុំកណាតំណាលរឿងរ៉ាវរបស់លោកម្ចាស់ឲ្យលោកអ៊ំស្តាប់ លោកអ៊ំទើបមានចំណាប់ចិត្តដិតអារម្មណ៍សុំតាមមកសន្ទនាជាមួយនឹងលោកម្ចាស់ដែរ" "អាត្មាត្រេកអរដែលដឹងថាញោមបានឈ្នះក្តី ហើយត្រេកអរដែលបានជួបញោមដែលជាប្រធានវណ្ណៈ" ព្រាហ្មណ៍ចាស់លើកដៃសំពះខ្ញុំព្រះករុណាហើយនិយាយថា "វិធីសួរចម្លើយដែលព្រះតេជគុណណែនាំទៅនោះឃើញថាឆ្លៀវឆ្លាស់ណាស់ សូម្បីតែពួកយើងក៏នឹកស្មានមិនដល់ដែរ បើមិនបានអាស្រ័យព្រះតេជគុណទេ ឥឡូវនេះបាលកៈមុខជាទទួលជតាកម្មនេះដោយអយុត្តិធម៌ ចាត់ទុកថាព្រះតេជគុណបានជួយស្រោចស្រង់គេឲ្យរួចផុតពីទុក្ខ ហើយបានជួយជ្រោមទង់យុត្តិធម៌ឲ្យកើតឡើងក្នុងភូមិស្រុករបស់យើងដោយពិត" "ម្នាលឧបាសក ! ក្នុងការពិចារណាកាត់សេចក្តីណានីមួយនោះមិនសុទ្ធតែប្រើសម្លេងភាគច្រើនជាវិធានវិនិច្ឆ័យនោះទេ ព្រោះជួនកាលសម្លេងភាគច្រើនក៏ជាភាគីមានកំហុសដែរ សមដូចរឿងក្តីដែលប្រាកដឲ្យឃើញនេះឯងជាតួយ៉ាងស្រាប់ គួរប្រើហេតុផល ស្ថានភាពបរិដ្ឋានប្រកបច្រើនយ៉ាង គួរពិចារណាយ៉ាងហ្មត់ចត់ ហើយត្រូវចំណាយពេលយូរបង្គួរ ណ្ហើយចុះ ! រឿងនោះក៏កន្លងហួសទៅហើយ អាត្មាត្រេកអរចិត្តដែលបានជួយបង្កើតយុត្តិធម៌ឲ្យកើតមានឡើងក្នុងភូមិរបស់ញោម ប៉ុន្តែអាត្មាចង់ដឹងជតាកម្មរបស់ព្រាហ្មណ៍ទាំង ១០ នាក់នោះថាតើញោមចាត់ការយ៉ាងណាហើយ?" "បពិត្រលោកសមណៈ ! ខ្ញុំកណានិងព្រាហ្មណ៍ព្រឹទ្ធាចារ្យទាំងឡាយបានកាត់សេចក្តីឲ្យបណ្តេញចេញពីវណ្ណៈរួចហើយ " ព្រាហ្មណ៍ចាស់ឆ្លើយតប "ចុះញោមជឿជាក់ឬថាការសម្រេចសេចក្តីរបស់ញោមប្រកបដោយយុត្តិធម៌?" សំណួររបស់ខ្ញុំព្រះករុណាធ្វើឲ្យព្រាហ្មណ៍ជាប្រធានភីងភាំង ប៉ុន្តែគាត់ក៏ឆ្លើយតបថា "ខ្ញុំកណាយល់ឃើញថាយុត្តិធម៌ល្អហើយ ព្រោះគេមានទោសដល់ទៅ ២ ករណី ករណីដំបូង គេបានប្រព្រឹត្តខុសទំនៀមទម្លាប់ព្រាហ្មណ៍យ៉ាងធ្ងន់ដោយបរិភោគភត្តពីឆ្នាំងរបស់មនុស្សចណ្ឌាល ករណីទី ២ កាលបើខ្លួន ប្រព្រឹត្តខុសហើយបែរជាមួលបង្កាច់មនុស្សបរិសុទ្ធ ដោយអាស្រ័យសម្លេងភាគច្រើនរបស់ខ្លួនជាឧបករណ៍ រហូតដល់ព្រាហ្មណ៍ព្រឹទ្ធាចារ្យភាន់ច្រឡំហើយដាក់ទោសបាលកៈអ្នកបរិសុទ្ធទៅ ខ្ញុំកណាគិតឃើញថាគេមានគរុទោសសមគួរនឹងទទួលបព្វាជនីយកម្មបណ្តេញចេញពីវណ្ណៈ" ។
"ម្នាលឧបាសក ! កាលបើព្រាហ្មណ៍ទាំង ១០ នាក់ត្រូវបានបណ្តេញចេញពីវណ្ណៈដោយសាលក្រមបែបនោះ តើសិទ្ធិជាព្រាហ្មណ៍របស់ពួកគេនៅមានទៀតទេ?" "គ្មានទេ លោកម្ចាស់ ! ព្រោះពួកគេត្រូវបណ្តេញចេញពីវណ្ណៈព្រាហ្មណ៍ ផុតចាកសិទ្ធិជាព្រាហ្មណ៍ហើយទាំងស្រុង ពេលនេះពួកគេមានឋានៈស្មើនឹងចណ្ឌាលដែលគ្មានវណ្ណៈប៉ុណ្ណោះ" "ម្នាលឧបាសក ! ឃើញថាក្នុងរឿងទាក់ទងនឹងវណ្ណៈនេះ ញោមនិងព្រាហ្មណ៍ព្រឹទ្ធាចារ្យទាំងឡាយក្នុងភូមិ ដូចជាមានអំណាចខ្លាំងក្លាណាស់ មានន័យថា ញោមមានអំណាចដល់ថ្នាក់អាចធ្វើឲ្យព្រាហ្មណ៍ក្លាយជាចណ្ឌាលបានអញ្ចឹងមែនទេ? " "មែន លោកសមណៈ ! " ព្រាហ្មណ៍ចាស់ឆ្លើយតបទាំងសម្លឹងមើលមុខខ្ញុំព្រះករុណាថ្លែ "កាលបើញោមមានអំណាចអាចធ្វើព្រាហ្មណ៍ឲ្យក្លាយជាចណ្ឌាលបាន អាត្មាជឿថា ញោមក៏មានអំណាចអាចធ្វើឲ្យចណ្ឌាលក្លាយជាព្រាហ្មណ៍បានដែរ" "មិនបានទេ លោកសមណៈ ! មិនបានទេ" គាត់ប្រញាប់បដិសេធយ៉ាងដាច់អហង្ការ "ខ្ញុំកណាគ្មានអំណាចធ្វើបែបនោះទេហើយនរណាៗក៏គ្មានអំណាចបែបនោះដែរ ក្រៅតែពីព្រះព្រហ្មជាម្ចាស់មួយព្រះអង្គឯង ការធ្វើជាព្រាហ្មណ៍មិនមែនចេះតែធ្វើងាយៗបានទេទោះបីបើចង់ស្ម័គ្រសុំសិទ្ធិជាព្រាហ្មណ៍ក៏ដោយ ការធ្វើជាព្រាហ្មណ៍បានតោងតែកើតក្នុងត្រកូលព្រាហ្មណ៍ លុះត្រាតែមាតាបិតាមានវណ្ណៈព្រាហ្មណ៍បរិសុទ្ធរហូត ៧ ជំនាន់មនុស្សទើបអាចធ្វើជាព្រហ្មណ៍បាន" "បើអញ្ចឹង ព្រាហ្មណសម្បត្តិនេះជាពរពិសេសដែលព្រះព្រហ្មជាម្ចាស់ទ្រង់ប្រទានឲ្យដល់អ្នកកើតក្នុងវណ្ណៈព្រាហ្មណ៍ដោយផ្ទាល់ ចាត់ជាទេវឱង្ការដែលព្រាហ្មណ៍គ្រប់គ្នាបានទទួលជាតិសិទ្ធិមកអំពីកំណើតមែនទេ?" "ត្រឹមត្រូវហើយ លោកសមណៈ ! ជាទេវឱង្ការដែលបានទទួលមកអំពីកំណើត" "កាលបើសិទ្ធិជាព្រាហ្មណ៍ជាទេវង្ការដែលព្រះព្រហ្មប្រទានឲ្យដល់អ្នកកើតក្នុងវណ្ណៈព្រាហ្មណ៍ដោយផ្ទាល់បែបនេះ សិទ្ធិជាព្រាហ្មណ៍ក៏ជារបស់ស័ក្តិសិទ្ធិដែលគ្មានអ្នកណាអាចលុបបំបាត់ចោលបានទេ បើអ្នកណាហ៊ានទៅលុបបំបាត់ទេវឱង្ការរបស់ព្រះជាម្ចាស់ចោល អ្នកនោះក៏ឈ្មោះថា បដិបត្តិបំពារបំពានព្រះបំណងរបស់ព្រះជាម្ចាស់ហ្នឹងឯង" ប្រាកដឃើញថា ព្រាហ្មណ៍ចាស់មិនបានឆ្លើយតបទេ បានតែអង្គុយឈ្ងោកមុខគិតដង្វិនដោយអាការរសាប់រសល់ "សាកគិតពិនិត្យមើលឲ្យច្បាស់ចុះ ឧបាសក ! រឿងរបស់វណ្ណៈជារឿងរបស់ព្រះអាទិទេព មិនមែនជារឿងរបស់មនុស្សទេ" ខ្ញុំព្រះករុណាឆ្លៀតឱកាសនោះនិយាយតទៅ "កាលបើព្រះជាម្ចាស់ជាអ្នកបង្កើតព្រាហ្មណ៍មក ក៏តោងតែឲ្យព្រះជាម្ចាស់ហ្នឹងឯងជាអ្នកដកហូត មនុស្សមិនគួរងងើលទៅជ្រៀតជ្រែកអំណាចឬព្រះបំណងរបស់ព្រះជាម្ចាស់ទេ ព្រះជាម្ចាស់ជាអ្នកបង្កបង្កើតព្រាហ្មណ៍មក ហើយមនុស្សទៅដកហូតរបស់ព្រះអង្គនោះ អាត្មាយល់ឃើញថាធ្វើមិនត្រឹមត្រូវទេ ប៉ុន្តែប្រសិនបើជារឿងរបស់មនុស្ស មនុស្សក៏អាចដកហូតព្រាហ្មណ៍បាន ទាំងអាចតែងតាំងព្រាហ្មណ៍បានទៀត អាត្មាចង់សួរញោមម្តងទៀតថា តើការបង្កបង្កើតព្រាហ្មណ៍ជារឿងរបស់ព្រះជាម្ចាស់ឬរបស់មនុស្ស?" "របស់ព្រះជាម្ចាស់"ព្រាហ្មណ៍ជរាឆ្លើយតបដោយសម្លេងតយង៉យ "បើអញ្ចឹង ញោមគ្រាន់តែជាមនុស្ស ម៉េចក៏ហ៊ានដកហូតសិទ្ធិជាព្រាហ្មណ៍ដ៏ស័ក្តិសិទ្ធិរបស់ព្រះជាម្ចាស់?" "ប៉ុន្តែពួកគេបានប្រព្រឹត្តខុសទំនៀមទម្លាប់ព្រាហ្មណ៍ណៈ លោកម្ចាស់ ! " ព្រាហ្មណ៍ជរានៅមិនព្រមចុះញ៉ម "កាលបើសិទ្ធិជាព្រាហ្មណ៍ជាព្រះបញ្ជារបស់ព្រះជាម្ចាស់ ឃើញថាគ្មានអ្វីអាចលុបបំបាត់សិទ្ធិជាព្រាហ្មណ៍របស់ពួកគេឲ្យរលុបបាត់បានទេ ការធ្វើខុសទំនៀមទម្លាប់ព្រាហ្មណ៍ អាចធ្វើឲ្យសិទ្ធិជាព្រាហ្មណ៍របស់ពួកគេ អាប់ប៉ត្រាប់ទៅខ្លះ ប៉ុន្តែប្រសិនបើយើងឲ្យពួកគេប្រព្រឹត្តវត្តប្រតិបត្តិទៅតាមពិធីលាងជម្រះខ្លួនឲ្យស្អាត បរិសុទ្ធហើយ ពួកគេក៏នឹងត្រឡប់ទៅជាព្រាហ្មណ៍ដែលស្អាតបរិសុទ្ធដូចដើមវិញបាន ប្រៀបដូចជាមាសសុទ្ធធ្លាក់ចូលទៅក្នុងភក់ជ្រាំ កាលបើរើសយកមកលាងសម្អាតឲ្យស្អាតហើយក៏នឹងភ្លឺត្រចះចិញ្ចែងចិញ្ចាចដូចដើមវិញបាន" ម្នាលលោកដ៏មានអាយុ ! កាលបើខ្ញុំព្រះករុណានិយាយមកដល់ត្រង់នេះ ព្រាហ្មណ៍ក៏កើតពន្លឺនៃបញ្ញាឡើង គាត់មានប្រសាសន៍ថា "បពិត្រលោកម្ចាស់ដ៏ចម្រើន ! គំនិតគិតគន់របស់លោកម្ចាស់ពេញជាមានហេតុផលគួរត្រងត្រាប់ស្តាប់ណាស់ ខ្ញុំកណាយល់ស្របទាំងស្រុង ហើយនឹងយកទៅពិភាក្សាយោបល់ជាមួយនឹងព្រាហ្មណ៍ព្រឹទ្ធាចារ្យទាំងឡាយមើល បើព្រាហ្មណ៍ព្រឹទ្ធាចារ្យទាំងអស់យល់ស្រប យើងនឹងឲ្យអភ័យទោសដល់ព្រាហ្មណ៍ទាំង ១០ នាក់នោះ" នាសាយណ្ហសម័យថ្ងៃស្អែកឡើង បាលកៈក៏វិលត្រឡប់មករាយការណ៍ឲ្យខ្ញុំព្រះករុណាស្តាប់ថា អង្គប្រជុំរបស់ព្រាហ្មណ៍ព្រីទ្ធាចារ្យបានយល់ស្របទាំងស្រុងនឹងគំនិតយោបល់របស់ខ្ញុំព្រះករុណា ទាំងបានឲ្យអភ័យទោសដល់ព្រាហ្មណ៍ទាំង ១០ នាក់នោះរួចហើយ ។
និមិត្តអាក្រក់
[កែប្រែ]បពិត្រលោកដ៏មានអាយុ ! ក្រោយពីបានឈប់សម្រាកនៅក្នុងភូមិមាលវគ្រាមទាំងបានទេសនាប្រៀនប្រដៅពួក ព្រាហ្មណ៍ក្នុងភូមិនោះឲ្យបន្ទោបង់ទិដ្ឋិមានះក្នុងសិទ្ធិជាព្រាហ្មណ៍របស់ខ្លួនខ្លះហើយ ខ្ញុំព្រះករុណាក៏ចាកចេញធ្វើ ដំណើរដើរផ្លូវតទៅទៀត ប៉ុន្តែម្តងនោះដើរឆ្ពោះទៅទិសឧត្តរ ព្រោះខ្ញុំព្រះករុណាបានដើរទៅទិសបស្ចឹមបានឆ្ងាយបង្គួរហើយ បើដើរទៅតាមផ្លូវនោះទៀត នឹងនាំឲ្យនៅឆ្ងាយដាច់ស្រយាលពីក្រុងរាជគ្រឹះពេក លោកដ៏មាន អាយុមុខជាមិនទាន់ភ្លេចទេថា ខ្ញុំព្រះករុណាបានផ្តល់ពាក្យសន្យាដល់ទេវមិត្តឧបាសកថា នឹងស្នាក់នៅត្រង់បរិវេណជាយក្រុងរាជគ្រឹះ កាលបើរើសទីកន្លែងសមរម្យសម្រាប់តាំងទីស្នាក់អាស្រ័យបានហើយ ត្រូវជូនដំណឹង ដល់ទេវមិត្តឧបាសកជ្រាប សូម្បីមកដល់ពេលនេះ ខ្ញុំព្រះករុណានៅមិនទាន់រើសបានទីកន្លែងសមរម្យនៅឡើយ ទើបតាំងចិត្តថានឹងធ្វើដំណើរទៅទិសឧត្តរ នៅពេលដើរទៅបានរយៈចម្ងាយឆ្ងាយបង្គួរហើយ ទើបចេរវិលទៅទិសបូព៌ ធ្វើដូច្នេះក៏ដើម្បីឲ្យខ្លួនឯងវិលវង់នៅត្រង់ម្តុំក្បែរៗក្រុងរាជគ្រឹះហ្នឹងឯង ។ បពិត្រលោកដ៏មានអាយុ ! យប់ថ្ងៃមួយ នៅខណៈដែលខ្ញុំព្រះករុណាកំពុងសម្រាកក្នុងព្រៃក្បែរភូមិមួយ ហើយបានចូលកាន់ទីធ្វើសមាធិរហូតដល់ចិត្តស្លុងចុះកាន់សេចក្តីស្ងប់ បានកើតនិមិត្តចម្លែកមួយឡើងក្នុងដួងចិត្ត ពោលគឺ ខ្ញុំព្រះករុណាបានមើលឃើញព្រះវេឡុវនារាមនិងក្រុងរាជគ្រឹះកំពុងត្រូវភ្លើងឆាបឆេះ អណ្តាតភ្លើងឆេះ សន្ធោសន្ធៅបាញ់ឆ្ពោះទៅលើផ្ទៃនភាកាសរហូតដល់ខ្ពស់ជាងភ្នំទាំង ៥ ដែលព័ន្ធព័ទ្ធក្រុងរាជគ្រឹះនោះទៅទៀត ខ្ញុំព្រះករុណាម្នីម្នាចេញពីសមាធិដោយចិត្តក្រវល់ក្រវាយ ក្រែងលោហេតុភេទអាក្រក់នឹងកើតឡើងដល់ព្រះវេឡុវនារាមនិងក្រុងរាជគ្រឹះមែន ប៉ុន្តែខ្ញុំព្រះករុណាព្យាយាមប្រលោមចិត្តខ្លួនឯងថា និមិត្តដែលប្រាកដឲ្យឃើញ ក្នុងសមាធិចិត្តនៅចំពោះមុខយើងនោះ គ្រាន់តែជារូបភាពបញ្ឆោតគ្មានជំនាក់អ្វីទេ ព្រោះហេតុនោះ ព្រះវិបស្សនាចារ្យទាំងឡាយមានព្រះសម្មាសម្ពុទ្ធជាម្ចាស់ជាប្រធានទើបបង្រៀនឲ្យព្រងើយកន្តើយចំពោះ និមិត្តទាំងនោះ កុំយកចិត្តទុកដាក់ កុំឈ្លក់វង្វេងក្នុងនិមិត្តទាំងនោះ បើព្រះយោគាវចរណាឈ្លក់វង្វេងនឹងនិមិត្ត គ្មានថ្ងៃណានឹងទៅដល់គោលដៅ គឺ សេចក្តីបរិសុទ្ធរួចផុតនៃចិត្តបានទេ ប្រៀបដូចជាអ្នកដំណើរដើរកាត់ព្រៃឆ្ពោះទៅកាន់ភូមិរបស់ខ្លួន បើអាល័យតែឈ្លក់វង្វេងភ្លើតភ្លើននឹងបុប្ផាផ្កាឈើក្នុងព្រៃទេ មុខជាគ្មានថ្ងៃណានឹងទៅដល់ភូមិរបស់ខ្លួនបានទេ នៅពេលគិតឃើញបានដូច្នេះ ខ្ញុំព្រះករុណាក៏ធូរស្បើយចិត្តខ្លះ ថ្ងៃមួយ នាខណៈដែលខ្ញុំព្រះករុណាកំពុងគង់សម្រាកក្រោមដើមស្តៅធំប្របផ្លូវដើរ បានមានប្រុសម្នាក់ដើរឈាងចូលមកសម្រាកដែរ ហើយយើងក៏បានសន្ទនាប្រាស្រ័យគ្នាតាមទំនៀមនៃអ្នកដំណើរដែលមកជួបគ្នា គេជាយុវជនអាយុ ៣៥ ឆ្នាំ ឫកពាក្រមាចក្រមាល់មាំមួន ប៉ុន្តែទឹកមុខមានសញ្ញានៃសំណោកសោកសៅ ។
"ខ្ញុំកណា ឈ្មោះ ទេវបិយៈ មកពីកាលិង្គរដ្ឋភាគខាងត្បួងនៃជម្ពូទ្វីប" គេនិយាយណែនាំខ្លួនឯង គ្រាន់តែឮពាក្យថា កាលិង្គរដ្ឋ ខ្ញុំព្រះករុណាក៏ដឹងបានភ្លាមថា គេធ្វើដំណើរដើរផ្លូវមកឆ្ងាយណាស់ កាលបើដឹងថាគេធ្វើដំណើរដើរផ្លូវមកពីដែនឆ្ងាយ ចំណាប់អារម្មណ៍ចំពោះរូបគេក៏កើតឡើង ព្រោះសបញ្ជាក់ឲ្យឃើញថា អ្នកដែលមានកិច្ចការសម្លាក់សំខាន់យ៉ាងក្រៃលែងប៉ុណ្ណោះទើបសុខចិត្តដើរចាកចោលជាតិភូមិរបស់ខ្លួនមកឆ្ងាយបែបនេះ
"តើញោមនឹងអញ្ជើញទៅណា? ក្នុងកិច្ចការអ្វីឬ ឧបាសក ! ទើបចាកចោលស្រុកកំណើតរបស់ខ្លួនមកឆ្ងាយយ៉ាងនេះ? "ខ្ញុំព្រះករុណាសួរដោយចំណាប់ចិត្ត
"ខ្ញុំកណាតាំងចិត្តថានឹងធ្វើដំណើរត្រឡប់ទោស្រុកកំណើតវិញ ព្រោះបានចាកចោលស្រុកកំណើតមកយូររាប់ឆ្នាំហើយ នឹករលឹកដល់បុត្រភរិយាយ៉ាងខ្លាំង ថ្មើរណេះមិនដឹងថាពួកគេយ៉ាងម៉េចយ៉ាងម៉ាទៅហើយទេ ក្រុងរាជគ្រឹះជាកន្លែងចុងក្រោយដែលខ្ញុំកណាត្រូវធ្វើដំណើរទៅ រឿងរបស់ខ្ញុំកណាវែងឆ្ងាយណាស់ ប៉ុន្តែបើលោកម្ចាស់ចង់ស្តាប់ ខ្ញុំកណានឹងតំណាលឲ្យស្តាប់" ។
"តំណាលទៅចុះ ឧបាសក ! អាត្មាកំពុងតែទន្ទឹងរងចាំស្តាប់" ទេវបិយៈស្រិតទឹកពីបំពង់ឈើចេញមកពិសាហើយស្រឡាបមុខ ស្រឡាបសីសៈរួចក៏ចាប់ផ្តើមតំណាលរឿងរបស់ខ្លួន "បពិត្រលោកម្ចាស់ដ៏ចម្រើន ! ខ្ញុំកណាព្រមទាំងកូន ២ នាក់ និង ភរិយាអាស្រ័យនៅក្នុងភូមិមួយ ឆ្ងាយ ពីទីក្រុងកាលិង្គប្រមាណជាកន្លះយោជន៍ គ្រួសាររបស់ខ្ញុំកណាក្រីក្រណាស់ ខ្ញុំកណាបានជួលស្រែរបស់ គ្រហបតីម្នាក់ធ្វើចិញ្ចឹមជីវិត ប៉ុន្តែក្នុងកំលុង ៣-៤ ឆ្នាំកន្លងមកនេះ ទេព្តាមហាមេឃឥតមានការុញ្ញចិត្តអាណិតអាសូរខ្ញុំព្រះករុណាឡើយ អាណាបរិវេណស្រុកភូមិរបស់យើងកើតគ្រោះរាំងស្ងួតហួតហែង មិនបានធ្វើស្រែជាប់ៗគ្នាមកច្រើនឆ្នាំហើយ កាលបើដូច្នេះ គ្រោះទុរ្ភិក្សក៏កើតឡើង ប្រជាជនទទួលរងទុព្ភិក្ខភ័យអត់បាយក្រហាយទឹក ត្រូវដើរស្វែងរកដំឡូងក្តួចមកបរិភោគជំនួសបាយ ត្រូវធ្វើការងារធ្ងន់រកលុយកាក់មកទិញបាយបរិភោគហើយបង់ថ្លៃជួលស្រែដល់ម្ចាស់ស្រែ"
"ស្អីគេ ឧបាសក ! បើទុកជាមិនបានធ្វើ ក៏ញោមត្រូវបង់ថ្លៃជួលស្រែដែរឬ?"
"ត្រូវតែបង់ លោកម្ចាស់ ! ព្រោះយើងជួលស្រែគេធ្វើរាល់ឆ្នាំ ពេលដើមឆ្នាំដំបូងៗ មានភ្លៀងធ្លាក់មកខ្លះ យើងធ្វើស្រែបានខ្លះ ក្រោយមកភ្លៀងក៏រាំងទៅ ទឹកដែលមាននៅខ្លះក៏រីងស្ងួតហួតហែង សន្ទូងដែលស្ទូងទៅក៏ ស្លោកស្លោមរញមងាប់អស់ ហេតុការណ៍ប្រព្រឹត្តទៅបែបនេះអស់រយៈពេល ៣ ឆ្នាំហើយ ម្ចាស់ស្រែគេចាត់ទុកថា យើងបានធ្វើស្រែរបស់គេហើយ គេត្រូវតែទារយកតម្លៃឈ្នួល បើទុកជាយើងទទូចអង្វរសុំសមានចិត្តអាណិតអាសូរឲ្យបណ្តោះបណ្តៃយ៉ាងណា គេក៏មិនស្តាប់ដែរ"
"ឃើញថា ម្ចាស់ស្រែនេះពេញជាឃោរឃៅណាស់"
"ហ្នឹងនៅមិនទាន់ឃោរឃៅប៉ុន្មានទេ លោកសមណៈ ! ទោះបីបើយើងត្រូវបង់ថ្លៃជួលស្រែក៏ដោយ ក៏នៅ តែស្វះពន្លះរកមកបាន បើរកមកបង់មិនទាន់ សូមបណ្តោះពេល គេក៏យល់ព្រមបាន ប៉ុន្តែនៅមានពន្ធចំពោះមួយទៀតដែលឃោរឃៅជាងនោះឆ្ងាយណាស់ ដែលយើងត្រូវតែបង់រាល់ឆ្នាំដែរ"
"ពន្ធចំពោះស្អីគេទៅ?"ខ្ញុំព្រះករុណាសួរ
"ពន្ធចំពោះដែលយើងត្រូវបង់ឲ្យដល់មហាគុរុដែលជាមេលទ្ធិក្នុងសាសនារបស់យើង"
"អ្វីទៅជាមហាគុរុ ឧបាសក ! អាត្មាមិនធ្លាប់ឮសោះ អញ្ជើញតំណាលតទៅទៀត"
"នៅភាគខាងជើងនេះប្រហែលជាគ្មានមហាគុរុទេបានជាលោកម្ចាស់មិនដឹង ក្នុងដែនដីរបស់យើងឯណោះ មានមហាគុរុជាមហិស្សរជនគ្រប់គ្រងអាណាបរិវេណផ្សេង ៗ លោកជាអ្នកបួសស្ថិតនៅក្នុងនគររបស់លោកដែលហៅថា បុញ្ញស្ថាន លោកប្រថាប់គង់លើអាសនៈរូបសីហៈដែលហៅថា សិង្ហាសនៈ លោកជាបុគ្គលស័ក្តិសិទ្ធិ មានវាចាទិព្វ អាចធ្វើឲ្យអ្នកណារស់ឬស្លាប់ក៏បាន"
"តើស័ក្តិសិទ្ធិយ៉ាងម៉េចទៅ" ខ្ញុំព្រះករុណាសួរដោយចំណាប់អារម្មណ៍
"អ្នកផងទាំងពួងតែងជឿថា លោកជាអ្នកមានវាចាទិព្វ លោកអាចប្រទេចបណ្តាសាឲ្យអ្នកណាក្លាយជាសត្វតិរច្ឆាន ឬ ក្លាយជាថ្មក៏បាន មានអ្នកខ្លះធ្វើឲ្យលោកទើសទាស់ចិត្ត ហើយត្រូវលោកដាក់បណ្តាសាឲ្យស្លាប់ក្នុងរយៈពេល ៣ ថ្ងៃ អ្នកខ្លះមិនដល់ថ្នាក់ឲ្យស្លាប់ទេ គ្រាន់តែធ្វើឲ្យពើបពះប្រទះវិបត្តិភ័យផ្សេង ៗ ដូចជា ភ្លើងឆេះផ្ទះ បសុសត្វស្លាប់ ទ្រព្យសម្បត្តិហិនហោចជាដើម ព្រោះហេតុនោះ មនុស្សមនាទើបកោតខ្លាចញញើតមហាគុរុណាស់ គ្មានអ្នកណាហ៊ានល្មើសពាក្យបញ្ជាឬធ្វើឲ្យលោកកើតអំណាក់អំណន់ស្រពន់ចិត្តនោះទេ លោកទាមទារចង់បានអ្វីណានីមួយ ក៏តោងតែស្វះពន្លះរកមកជូនលោកឲ្យទាល់តែបាន ផ្ទុយទៅវិញ បើលោកប្រសាទប្រសិទ្ធពរឲ្យដល់អ្នកណាហើយ អ្នកនោះនឹងជួបតែសិរីសួស្តីជោគជ័យមង្គលក្នុងជីវិត បពិត្រលោកម្ចាស់ដ៏ចម្រើន ! សូម្បីតែរាងកាយរបស់មហាគុរុ និងអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងរាងកាយរបស់លោកក្តី ដែលចេញពីរាងកាយរបស់លោក្តី មនុស្សមនាចាត់ទុកថាជារបស់ស័ក្តិសិទ្ធិទាំងអស់ កាលពី ឆ្នាំទៅមិញនេះ ខ្ញុំកណាធ្លាប់បានទៅនមស្ការលោក ខ្ញុំកណាត្រូវថ្វាយបង្គំលោកដោយអដ្ឋង្គប្រតិស្ឋ គឺ ដេកផ្កាប់មុខរាបនៅនឹងផ្ទៃដី ឲ្យអវយវៈទាំង ៨(ដៃ ២ ជើង ២ ចង្កា ច្រមុះ មាត់ ទ្រូង) ដល់ផ្ទៃដី រួចហើយក្រោកឡើងអង្គុយ យកភាជនៈទឹកទៅលាងត្រង់ជើងរបស់លោក ហើយត្រងយកទឹកនោះមកប្រោះព្រំលើសីសៈរបស់ខ្លួន ហើយទទួលទានទឹកដែលនៅសល់ បន្ទាប់ពីនោះ មនុស្សជឿថា ខ្លួននឹងរស់នៅយ៉ាងសុខដុមរមនា ជួបប្រទះតែសិរីសួស្តីជោគលាភ មានអ្នកខ្លះដល់ថ្នាក់ដណ្តើមគ្នាត្រងយកទឹកបស្សាវៈរបស់មហាគុរុទៅងូតពិសាទៀត សូម្បីតែសំណល់អាហារនិងទឹកលាងដៃរបស់លោកក៏មិនបោះបង់ចោលដែរ អ្នកសទ្ធាជ្រះថ្លានឹងយកទៅពិសា ប្រោះព្រំសីសៈដោយសេចក្តីគោរពបូជា"
"កាលបើញោមបានពិសាទឹកលាងជើងរបស់មហាគុរុនិងបានទទួលពរជ័យពីលោកហើយ ហេតុអីក៏ញោមនៅតែទទួលរងទុក្ខទៀត? ម៉េចក៏ញោមមិនចម្រុងចម្រើនក្នុងជីវិត?"
"រឿងនោះវាមានហេតុ លោកម្ចាស់ ! ខ្ញុំកណានឹងតំណាលតទៅទៀត តាមធម្មតា យើងជាសាវ័ករបស់មហាគុរុ ត្រូវតែបង់ពន្ធដែលហៅថា ទក្ខិណា ឬ បាទកាកណិក ឲ្យដល់មហាគុរុរាល់ឆ្នាំ គ្រាន់តែដាច់ឆ្នាំ ក៏មានភ្នាក់ងារមកពីបុញ្ញស្ថានរបស់មហាគុរុ ចេញទៅទារពន្ធពីសាវ័កដល់ផ្ទះ បើសាវ័កណាមិនអាចបង់ពន្ធបានទេ ភ្នាក់ងារនោះនឹងពន្យារពេលឲ្យមួយឆ្នាំទៀត ប៉ុន្តែនៅឆ្នាំទី ២ ត្រូវតែបង់ពន្ធទ្វេភាគ បើគ្មានប្រាក់បង់ពន្ធនៅឆ្នាំទី ២ នេះទេ ភ្នាក់ងារនឹងពន្យារពេលឲ្យទៅបង់ពន្ធនៅចុងឆ្នាំទី ៣ ប៉ុន្តែត្រូវតែបង់ត្រីភាគ បើគ្រប់ ៣ ឆ្នាំហើយ មហាគុរុ នឹងចេញទៅទស្សនាប្រជាជនដោយក្បួនហែយ៉ាងឱឡារិក មហាគុរុនឹងប្រថាប់គង់នៅក្នុងកញ្ចោងដែលប្រតិស្ថាននៅលើខ្នងដំរីដែលតាក់តែងស្អិតស្អាងយ៉ាងវិចិត្រត្រកាល ខាងមុខនិងខាងក្រោយដំរីមានក្បួនសេះ កិត្តិយសបើកបរដោយអង្គរក្សដែលតែងខ្លួនយ៉ាងសំណំសំនួន សងខាងនៃដំរីជំនិះមានភ្នាក់ងារកាន់អាវុធមួយចំនួន ដើរត្រសងក្បែរខាង បន្ទាប់ពីក្បួនសេះទៅខាងមុខទៀត ជាក្បួនតន្ត្រីករដែលដេញដំផ្លុំកូតចម្រៀងផ្សេង ៗ យ៉ាងអ៊ឹកធឹកគគ្រឹកគគ្រេង ខាងមុខតន្រ្តីករជាក្បួនអ្នកកាន់ទង់ចម្រុះពណ៌ ហើយក្បួនអ្នកកាន់ទង់ចម្រុះពណ៌ទាំងនេះក៏ច្រៀងចម្រៀងសរសើរកិត្តិយសរបស់មហាគុរុជាបណ្តើរ ៗ ខាងមុខក្បួនអ្នកច្រៀងចម្រៀងមានភ្នាក់ងារមួយចំនួនចាំដេញហ្វូងមនុស្សឲ្យបើកផ្លូវដល់ក្បួនហែ ហើយក្រើនព្រមានប្រាប់ឲ្យមនុស្សគ្រប់គ្នាធ្វើសេចក្តីគោរពចំពោះមហាគុរុ នៅសងខាងផ្លូវ ហ្វូងមនុស្សក៏អុជធូបទៀននិងយកផ្កាគ្រឿងក្រអូបមកតាំងបូជា ដល់មហាគុរុ អ្នកខ្លះមានសទ្ធាចាស់ក្លាយកក្រណាត់ថ្មីរបស់ខ្លួនមកក្រាលលើផ្ទៃផ្លូវសម្រាប់ឲ្យដំរីទ្រង់គ្រឿងរបស់មហាគុរុជាន់ ហើយចាត់ទុកថាក្រណាត់នោះជារបស់ស័ក្តិសិទ្ធិ នឹងនាំមកនូវជោគលាភដល់ខ្លួន តាមផ្លូវដែលមហាគុរុឆ្លងកាត់ ប្រជាជនតែងធ្វើខ្លោងទ្វារមែកឈើឬស្លឹកឈើនិងតាក់តែងស្អិតស្អាងយ៉ាងស្រស់ស្អាត
បពិត្រលោកម្ចាស់ដ៏ចម្រើន ! ខ្ញុំកណារៀបរាប់មិនត្រូវដែរថាតើក្បួនហែចេញទស្សនារបស់មហាគុរុនេះធំដុំឱឡារិកអម្បាលណានោះទេ ប៉ុន្តែបើលោកម្ចាស់បានឃើញដោយភ្នែកខ្លួនឯងមុខជាជឿថាក្បួនហែនោះពេញជាពិធីមហោឡារិកពិតមែន"
"តាមដែលញោមរៀបរាប់ឲ្យស្តាប់មកនេះ អាត្មាល្មមនឹងគូរវាសរូបភាពមើលឃើញបានថាជាក្បួនធំសម្បើមណាស់ ប៉ុន្តែចង់សួរញោមថា មហាគុរុចេញទៅដោយក្បួនធំសម្បើមបែបនោះដើម្បីអ្វី?"
"បពិត្រលោកម្ចាស់ ! បើសម្លឹងមើលតាមមូលភាពទៅ មហាគុរុប្រហែលជាចេញទៅដើម្បីសួរសុខទុក្ខសាវ័ក ដើម្បីប្រសិទ្ធពរដល់ពួកគេ ដើម្បីសិរីសួស្តីដល់ពួកគេ ប៉ុន្តែតាមសភាពពិត មិនមែនដូច្នោះទេ ខ្ញុំកណាយល់ឃើញថា មហាគុរុចេញទៅដើម្បីទារពន្ធអាករហ្នឹងឯង កាលបើមហាគុរុឈប់នៅភូមិណាមួយ ពួកសាវ័កជំនិតក៏ចេញល្បាតទារទក្ខិណាភ្លាម បើអ្នកណាមិនអាចបង់ពន្ធចំពោះបានគ្រប់ ៣ ឆ្នាំ នឹងត្រូវនាំខ្លួនទៅជួបមហាគុរុ ហើយមហាគុរុនឹងដាក់បណ្តាសាដល់សាវ័កអ្នករងគ្រោះទាំងនោះឲ្យជួបវិបត្តិភ័យផ្សេង ៗ "
"ម្នាលឧបាសក ! កាលបើសាវ័កអ្នករងគ្រោះទាំងនោះត្រូវបានដាក់បណ្តាសាហើយ តើអ្វីនឹងកើតឡើង? " ខ្ញុំព្រះករុណាសួរ
"បពិត្រលោកម្ចាស់ ! ខ្ញុំកណាក៏មិនដឹងថាអ្វីនឹងកើតឡើងដែរ ប៉ុន្តែម្នាក់ៗភិតភ័យញាប់ញ័រទទ្រាក់ទទ្រើក ហើយប្រញាប់រហើតរហាំងស្វែងរកវិធីដោះបណ្តាសាភ្លាម វិធីដោះបណ្តាសាតាមដែលបញ្ញត្តទុកដូច្នេះ អ្នកត្រូវបណ្តាសាតោងតែធ្វើដំណើរទៅប្រកបបុញ្ញពិធីតាមនគរស័ក្តិសិទ្ធិផ្សេង ៗ ដូចជា គង្គា យមុនា ស្រស្វតី សិន្ធុ គោធាវរីជាដើម ហើយត្រូវផឹកទឹកពីស្ទឹងទាំងនេះផង អ្នកត្រូវបណ្តាសាត្រូវទៅងូតនិងផឹកទឹក ស័ក្តិសិទ្ធិពីស្រះស័ក្តិសិទ្ធិផ្សេង ៗ ដូចជា សូរ្យបុឞ្ករណី(សូរ្យបោក្ខរណី) ចន្ទ្របុឞ្ករណី(ចន្ទបោក្ខរណី) ឥន្ទ្របុឞ្ករណី(ឥន្ទបោក្ខរណី) ជាដើម ម្យ៉ាងទៀត គេត្រូវទៅប្រកបបុញ្ញពិធីក្នុងព្រៃនិងលើសមុទ្រខ្សាច់ស័ក្តិសិទ្ធិ ដូចជា ក្នុងមិឞអរណ្យ ពាទរីអរណ្យ ទណ្ឌកអរណ្យ គោជអរណ្យ ជាដើម ហើយត្រូវប្រតិស្ថានដានជើងរបស់ខ្លួនទុកក្នុងព្រៃទាំងនោះ"
"បពិត្រលោកម្ចាស់ដ៏ចម្រើន ! សម្រាប់ខ្ញុំកណានោះក៏ដូចដែលបានរៀបរាប់ប្រគេនលោកម្ចាស់ស្តាប់ហើយ ព្រោះទុគ្គតភាពនិងភាពរាំងស្ងួននៃអាកាសធាតុ ខ្ញុំកណាទើបគ្មានទក្ខិណាទៅថ្វាយដល់មហាគុរុបាន អស់រយៈពេល ៣ ឆ្នាំជាប់គ្នា ក្នុងឆ្នាំទី ៣ មហាគុរុបានចេញសួរសុខទុក្ខសាវ័កនិងបានឈប់សម្រាកឈប់ក្នុងភូមិរបស់យើង ខ្ញុំកណាត្រូវភ្នាក់ងារនាំខ្លួនទៅជួបមហាគុរុ ហើយត្រូវមហាគុរុដាក់បណ្តាសា ដោយសេចក្តីភ័យខ្លាចចំពោះមរណភ័យ ខ្ញុំកណាទើបចេញដំណើរចាកចោលស្រុកកំណើតតាំងពីថ្ងៃនោះមក បោះបង់បុត្រភរិយាចោល ដើរផ្លូវសាត់អណ្តែងសែតអញ្ជង់ទៅតាមនគរ ស្ទឹង ស្រះទឹក និងព្រៃស័ក្តិសិទ្ធិផ្សេង ៗ ដើម្បីប្រកបបុញ្ញពិធីដោះបណ្តាសា ខ្ញុំកណាបានធ្វើដំណើរមកស្ទើរគ្រប់កន្លែងហើយ នៅសល់តែមួយកន្លែងទៀត គឺ តបោទានទី នៃក្រុងរាជគ្រឹះប៉ុណ្ណោះ"
មហាគុរុដ៏មានឥទ្ធិពល
[កែប្រែ]ម្នាលលោកដ៏មានអាយុ ! កាលបើបានស្តាប់រឿងរ៉ាវរបស់ទេវបិយៈចប់ហើយ ខ្ញុំព្រះករុណាដល់ថ្នាក់នឹកដកដង្ហើមធំដោយសេចក្តីអាណិតអាសូរគេ នៅពេលជាមួយគ្នានោះ ក៏កើតលំនឹកនៃសម្អប់លើមហាគុរុដែលឃោរឃៅនោះ ប៉ុន្តែកាលបើបានសតិសម្បជញ្ញៈត្រឡប់មកវិញ ខ្ញុំព្រះករុណាក៏ប្រញាប់រម្ងាប់លំនឹកនៃសម្អប់នោះ ហើយផ្សាយមេត្តាចិត្តដល់មហាគុរុវិញ ព្រោះសមណៈពិតក្នុងព្រះធម្មវិន័យរបស់ព្រះបរមសាស្តាត្រូវមិនប្រទូស្ត រ៉ាយបុគ្គលណាទាំងអស់សូម្បីដោយការគិត ខ្ញុំព្រះករុណានឹកអាណិតរម្ងង់ងប់ងល់របស់ទេវបិយៈជាអតិបរមា ប៉ុន្តែនឹកស្ងើចចំពោះវីរិយភាពរបស់គេក្នុងការដោះពាក្យបណ្តាសាទាសផ្តាសរបស់មហាគុរុ ។ ដើម្បីជួយកាត់បន្ថយជំនឿងប់ងល់របស់គេខ្លះ ខ្ញុំព្រះករុណាទើបចាប់ផ្តើមសួរគេថា "ម្នាលឧបាសក ! ញោមជឿមែនទែនឬថា មហាគុរុរបស់ញោមនោះជាបុគ្គលស័ក្តិសិទ្ធិ អាចបណ្តាលឲ្យអ្នកណាជាអ្វីក៏បាន?" "ជឿមែន លោកម្ចាស់ ! បើមិនជឿខ្ញុំកណាច្បាស់ជាមិនត្រាច់រង្គត់រត់ចច្រប់ពីស្រុកកំណើត រងទុក្ខលំបាកបែបនេះទេ" "អាត្មាសូមសួរញោមតទៅទៀតថា ការដែលមហាគុរុរបស់ញោមដាក់បណ្តាសាឲ្យមនុស្សទៅជាសត្វក៏បាន ទៅជាថ្មក៏បាននោះ តើញោមបានឃើញដោយផ្ទាល់ភ្នែករបស់ញោមឬគ្រាន់តែស្តាប់ឮគេនិយាយ?" "ខ្ញុំកណាមិនដែលឃើញខ្លួនឯងទេ លោកម្ចាស់ ! បានឮតែគេនិយាយប្រាប់តៗគ្នាមក ប៉ុន្តែខ្ញុំកណាក៏ជឿថាជាការពិត បើមិនមែនជាការពិត តើគេបានអ្វីមកនិយាយ?" "ចឹងមែន ឧបាសក ! ពាក្យចចាមអារ៉ាមរបស់មនុស្សតែងមានដំណើរដើមទងពិតខ្លះ បើគ្មានទងគន្លងពិត គេក៏មិននិយាយចចាមអារ៉ាមដែរ ចុះញោមជឿពាក្យចចាមអារ៉ាមទាំងអស់ជាការពិតឬ? រឿងចចាមអារ៉ាមខ្លះអាចត្រូវគេឆ្នៃឡើងដើម្បីផលប្រយោជន៍ណាមួយ" "មិនមែនជាការពិតទាំងអស់ទេ លោកសមណៈ ! រឿងចចាមអារ៉ាមខ្លះ មិនមានដំណើរដើមទងពិតទេ ប៉ុន្តែអ្នកខ្លះឆ្នៃរឿងឡើងហើយក៏ប្រាប់អ្នកដទៃទៅ អ្នកដទៃបានស្តាប់ឮយល់ថាជារឿងពិត ហើយក៏តំណាលប្រាប់តៗគ្នាទៅ" "កាលបើរឿងចចាមអារ៉ាមខ្លះមានទងគន្លងពិត រឿងខ្លះមិនមានទងគន្លងពិតបែបនេះ ញោមដឹងបានយ៉ាងណាថា រឿងណាមានដំណើរដើមទងពិតឬមិនមាន? តើញោមប្រើអ្វីជាគ្រឿងវិនិច្ឆ័យ?" ទេវបិយៈអង្គុយឈ្ងោកមុខគិតមួយស្របក់ហើយឆ្លើយថា "ប្រហែលជាគ្មានវិធីណាទេ លោកម្ចាស់ ! ខ្ញុំកណាពិចារណាមិនឃើញថាមានគោលអ្វីជាគ្រឿងអារកាត់នោះទេ" "មានណៈ ឧបាសក ! គោលម្យ៉ាងក្នុងការពិចារណាវិនិច្ឆ័យរឿងណាមួយថាពិតឬមិនពិតនោះ គឺ អ្នកនិយាយ ហ្នឹងឯង បើអ្នកនិយាយជាបណ្ឌិត មានគុណធម៌ជាចាស់ព្រេងព្រឹទ្ធ យើងដឹងបានយ៉ាងពិតប្រាកដថា លោកមាននិស្ស័យនិយាយពិត រឿងដែលលោកនិយាយ យើងអាចជឿបានថាជារឿងពិត ប៉ុន្តែបើអ្នកនិយាយជាជនពាល គ្មានគុណធម៌ មាននិស្ស័យចូលចិត្តនិយាយភូតភរ យើងក៏អាចសន្និដ្ឋានបានថា រឿងដែលគេនិយាយនោះមិនមែនជារឿងពិតទេ ម្យ៉ាងទៀត បើអ្នកនិយាយជាជនអព្យាក្រឹត គ្មានចំណែកបាន ចំណែកបង់នឹងរឿងនោះ មិនមែនជាបក្សពួកខាងណេះឬខាងណោះ យើងក៏អាចសន្និដ្ឋានបានថា រឿងដែលគេនិយាយនោះជារឿងពិត អាត្មាចង់សួរញោមថា តើរឿងស័ក្តិសិទ្ធិវិសេសរបស់មហាគុរុនេះ អ្នកណាជាអ្នកនិយាយឲ្យញោមស្តាប់? បើមានមនុស្សនិយាយគ្នាច្រើន តើអ្នកណាជាអ្នកឧស្សាហ៍តំណាលឲ្យញោមស្តាប់ជារឿយ ៗ
"បពិត្រលោកម្ចាស់ ! រឿងស័ក្តិសិទ្ធិរបស់មហាគុរុនេះមើលទៅដូចជាអ្នកណាៗក៏និយាយដែរ គ្រាន់តែហាមាត់ គេក៏ដឹងភ្លាមទាំងទទួលស្គាល់ថាជាការពិតទាំងអស់ ប៉ុន្តែបើសួរថាតើអ្នកណាឧស្សាហ៍តំណាលឲ្យស្តាប់ញឹកញយបំផុត ខ្ញុំកណាគិតឃើញតែភ្នាក់ងារហូតពន្ធរបស់មហាគុរុហ្នឹងឯង រាល់លើកដែលមកទារពន្ធ បើទារបានសមបំណង ភ្នាក់ងារទារពន្ធនោះក៏ច្រើនតែពិពណ៌នាសេចក្តីស័ក្តិសិទ្ធិរបស់មហាគុរុក្នុងផ្លូវល្អ ដូចជា ពាក្យប្រសិទ្ធពរថា 'អាសិរវាទៈ' របស់មហាគុរុមួយម៉ាត់ អាចធ្វើឲ្យអ្នកទទួលពរបានជួបជោគលាភក្នុងកំលុង ៣ ឬ ៧ ថ្ងៃ ប៉ុន្តែបើទារពន្ធមិនបាន ភ្នាក់ងារហូតពន្ធក៏លើកយកសេចក្តីស័ក្តិសិទ្ធិក្នុងផ្លូវអាក្រក់របស់មហាគុរុមកជំលាបថា មហាគុរុអាចនឹងដាក់បណ្តាសាឲ្យក្លាយទៅជាអ្វីមួយផ្សេងៗបាន ហើយលើកយកឧទាហរណ៍រឿងរ៉ាវផ្សេង ៗដែលកើតឡើងឲ្យស្តាប់ អាងថាជារឿងពិត" "ឧបាសកអើយ ! គ្រាន់តែស្តាប់ញោមតំណាលឲ្យស្តាប់បានប៉ុណ្ណេះ អាត្មាក៏ល្មមនឹងដឹងជ្រាបបានភ្លាមថា អ្នកនិយាយប្រាប់នោះសមគួរនឹងជឿបានឬមិនបាន អាត្មាជឿថាភ្នាក់ងារទារពន្ធទាំងនោះមុខជាមានចំណែកបានចំណែកបង់នឹងការហូតពន្ធនោះមិនខាន ហើយគេច្បាស់ជាជនជំនិតរបស់មហាគុរុ បានជាទទួលទំនុកទុកចិត្តពីមហាគុរុឲ្យដើរទារពន្ធយ៉ាងនេះ កាលបើដូច្នេះ តើញោមជឿបានទេថាតើភ្នាក់ងារហូតពន្ធនោះជាជនអព្យាក្រឹតពិត សមនឹងជឿបានឬទេ?" "បើប្រកាន់តាមគោលការណ៍របស់លោកម្ចាស់ មិនអាចជឿបានទេ លោកសមណៈ ! " "កាលបើមិនអាចជឿបាន រឿងស័ក្តិសិទ្ធិផ្សេងៗរបស់មហាគុរុ ផ្តើមតាំងវិមតិកង្ខាទុកជាមុនថា មិនមែនជារឿងពិត ប៉ុន្តែដើម្បីឲ្យបានភស្តុតាងបន្ថែមទៀត អាត្មាចង់សួរញោមតទៅទៀតថា រឿងរ៉ាវផ្សេងៗដែលសម្តែងដល់សេចក្តីស័ក្តិសិទ្ធិរបស់មហាគុរុដែលមានភ្នាក់ងារហូតពន្ធអាងថាកើតឡើងមែននោះ តើគេបា្រប់ញោមឬទេថាតើកើតឡើងនៅឯណា? អង្កាល់ណា? តើគេប្រាប់ឬទេថាតើរឿងបែបនោះធ្លាប់កើតឡើងក្នុងភូមិ របស់ញោមឬក្នុងភូមិក្បែរខាង?" "តាមធម្មតា គេមិនដែលប្រាប់ថាកើតឡើងនៅឯណា ឬ នៅពេលណាទេ បើប្រាប់ ច្រើនតែប្រាប់ថា កើត ឡើងក្នុងភូមិឆ្ងាយដាច់សង្វែងដែលសូម្បីតែឈ្មោះក៏មិនដែលឮផង" "ម្នាលឧបាសក ! ចុះញោមដឹងទេថាហេតុអីបានជាគេអាងថារឿងនោះៗកើតឡើងក្នុងភូមិឆ្ងាយៗដូច្នោះ ម៉េចក៏មិនប្រាប់ថាធ្លាប់កើតឡើងក្នុងភូមិរបស់ញោម?" "ខ្ញុំកណាមិនដឹងទេ ប៉ុន្តែរឿងអាចកើតនៅទីនោះមែនហើយមិនដែលកើតក្នុងភូមិរបស់យើងក៏បាន" "មានន័យថា តាំងពីណាពីណីមក គ្មានអ្នកណាក្នុងភូមិរបស់ញោមត្រូវមហាគុរុដាក់បណ្តាសាទេឬ?" ខ្ញុំព្រះករុណាជជីកសួរតទៅទៀត "ធ្លាប់ត្រូវបណ្តាសាជាដរាប លោកម្ចាស់ ! តាមពិតទៅ ត្រូវបណ្តាសារាល់ឆ្នាំហ្នឹងឯង" "បើអញ្ចឹង ក៏គួរតែមានអ្នកណាម្នាក់ក្នុងភូមិរបស់ញោមក្លាយទៅជាថ្មខ្លះ ប៉ុន្តែនេះឃើញថាគ្មានសោះ ព្រោះភ្នាក់ងារទារពន្ធមិនដែលអាងដល់ តែបែរជាអាងដល់ភូមិឆ្ងាយដាច់សង្វែងទៅវិញ ម្នាលឧបាសក ! អាត្មាសូមប្រាប់ទៅចុះថា ហេតុអីបានជាគេមិនអាងថារឿងធ្លាប់កើតឡើងក្នុងភូមិរបស់ញោម ក៏ព្រោះតែគេដឹងច្បាស់ថា រឿងនោះមិនដែលកើតឡើងទេ ហេតុអីបានជាគេមិនអាងថាកើតឡើងក្នុងភូមិជិតខាង ក៏ព្រោះតែគេខ្លាចក្រែងថាញោមនឹងទៅស៊ើបសួររកមើលថាតើកើតឡើងពិតឬទេ គេត្រូវតែអាងដល់ភូមិដែលនៅឆ្ងាយបំផុត ឬភូមិដែលទំនងជាគ្មានក៏បាន ដើម្បីកុំឲ្យញោមទៅស៊ើបសួររកមើល" ម្នាលលោកដ៏មានអាយុ ! ទេវបិយៈប្រហែលជាវិលក្បុងនឹងហេតុផលរបស់ខ្ញុំព្រះករុណាជាខ្លាំង គេអង្គុយសម្លឹងមើលចេញទៅឆ្ងាយ អៀងសីសៈទៅឆ្វេងម្តងទៅស្តាំម្តងទាំងមានស្នាមញញឹមប្រាកដនៅលើផ្ទៃមុខផង ខ្ញុំព្រះករុណាជឿថា ពន្លឺនៃបញ្ញាប្រាកដជាកើតឡើងក្នុងចិត្តរបស់គេខ្លះហើយ មួយស្របក់ធំកន្លងទៅ គេក៏និយាយឡើងថា "បើអញ្ចឹង មហាគុរុនោះគ្មានសេចក្តីស័ក្តិសិទ្ធិពិតប្រាកដដួចយ៉ាងគេនិយាយចចាមអារ៉ាមនោះទេ" "អាត្មាមិនអាចដឹងបានទេ ឧបាសក ! ថាមហាគុរុរបស់ញោមនោះមានសេចក្តីស័ក្តិសិទ្ធិពិតឬមិនពិត ព្រោះអាត្មាមិនដែលប្រទះឃើញគាត់ ទាំងមិនដែលរួមរស់ជាមួយនឹងគាត់ផង បើអាត្មាបានជួបគាត់ អាត្មានឹងពិសោធឲ្យញោមឃើញភ្លាមថា ស័ក្តិសិទ្ធិមែនឬមិនមែន អាត្មាគ្រាន់តែនិយាយទៅតាមហេតុផលដែលគប្បីមានប៉ុណ្ណោះ ជាតួនាទីរបស់ញោមដែលត្រូវសម្រេចចិត្តដោយខ្លួនឯងថាតើមហាគុរុនោះស័ក្តិសិទ្ធិពិតមែនឬមិនមែន"
ទេវបិយៈនៅអង្គុយគិតដង្វិនតទៅ ដោយមិននិយាយអ្វីចេញមកទេ ខ្ញុំព្រះករុណាបានឆ្លៀតឱកាសនោះនិយាយ តទៅទៀតថា "ម្នាលឧបាសក ! បើញោមនៅមានរំងឿងសង្ស័យ អាត្មាសូមសម្របសម្រួលការយល់ដឹងជាមួយនឹងញោមតទៅទៀត ញោមបានឃើញច្បាស់ហើយថាមានមនុស្សក្នុងភូមិរបស់ញោមជាច្រើនដែលត្រូវមហាគុរុ ដាក់បណ្តាសា ប៉ុន្តែគ្មានអ្នកណាម្នាក់ក្លាយជាសត្វឬជាថ្មឲ្យញោមឃើញទាល់តែសោះ ម្យ៉ាងទៀត មនុស្សក្នុងភូមិរបស់ញោមជាច្រើនបានទទួលពរពីមហាគុរុ សូម្បីតែញោមក៏ធ្លាប់បានទទួលដែរ ប៉ុន្តែឃើញថាគ្មានអ្នកណា ម្នាក់ក្នុងភូមិរបស់ញោមទទួលបានជោគលាភមហិមាទាន់ភ្នែកស្រស់នោះទេ" "គ្មានអ្នកណាបានទេ លោកម្ចាស់ ! ខ្ញុំកណាធ្លាប់ទទួលពរពីមហាគុរុ ប៉ុន្តែនៅក្រីក្រទុគ៌តដដែល" ទេវបិយៈឆ្លើយតប "កាលបើដូច្នេះ សម្តែងឲ្យឃើញច្បាស់ថា សូម្បីតែសេចក្តីស័ក្តិសិទ្ធិផ្នែកការធ្វើល្អរបស់មហាគុរុក៏គ្មានឃើញផលជាក់ស្តែងដែរ ប្រាកដស្មើនឹងសេចក្តីស័ក្តិសិទ្ធិផ្នែកការដាក់បណ្តាសា" ម្នាលលោកដ៏មានអាយុ ! នៅពេលដែលខ្ញុំព្រះករុណានិយាយមកដល់ត្រង់ណេះ ទេវបិយៈក៏សម្តែងអាការចម្លែកចេញមកភ្លាម ពោលគឺ គេបានយំអណ្តឺតអណ្តក់យ៉ាងទាន់ហន់ "ឧបាសក ! ញោមកើតអីហ្នឹង" ខ្ញុំព្រះករុណាសួរដោយស្លន់ចិត្ត "អត់មានអីទេ លោកម្ចាស់" ទេវបិយៈឆ្លើយបណ្តើរជូតទឹកភ្នែកបណ្តើរ "ខ្ញុំកណានឹងតូចចិត្ត សោកស្តាយដែលខ្លួនបានលង់ផុងក្នុងរណ្តៅនៃអវិជ្ជា(រម្ងង់កម្លៅ)អស់ពេលជាយូរអង្វែង ម៉េចក៏ខ្ញុំកណានឹកគិតមិនឃើញ ហេតុផលងាយៗដូចដែលលោកម្ចាស់សម្តែងឲ្យស្តាប់ បើខ្ញុំកណាល្បងគិតស៊ើបសួរមើលខ្លះដូចយ៉ាងលោកម្ចាស់ចង្អុលប្រាប់ ខ្ញុំកណាប្រហែលជាមិនរងទុក្ខលំបាកដល់ថ្នាក់នេះទេ" និយាយហើយក៏យំរហេមរហាមយ៉ាងគួរឲ្យអាណិត ខ្ញុំព្រះករុណាក៏មិនដឹងថានឹងល្បួងលួងចិត្តយ៉ាងណា ក៏អង្គុយមើលដោយតុណ្ហីភាព ។ មួយស្របក់ធំកន្លងទៅ ទេវបិយៈទើបឈប់យំ គេជូតទឹកភ្នែកទាល់ស្ងួតក្រិបល្អហើយ ក៏ក្រាបថ្វាយបង្គំទៀបបាទមូលរបស់ខ្ញុំព្រះករុណា ហើយនិយាយថា "បពិត្រលោកម្ចាស់ដ៏ចម្រើន ! លោកម្ចាស់ជាដួងប្រទីបនាំពន្លឺភ្លឺស្វាងមកឲ្យជីវិតរបស់ខ្ញុំកណាយ៉ាងពិតប្រាកដ លោកម្ចាស់ជាអ្នកបោសធូលីចេញពីដួងចិត្តរបស់ខ្ញុំកណា ធ្វើឲ្យមើលឃើញហេតុផលល្អអាក្រក់ជាលើកដំបូងក្នុងជីវិត ខ្ញុំកណាសូមដល់លោកម្ចាស់ជាទីពឹងទីរលឹករហូតអស់មួយជីវិត" "ម្នាលឧបាសក ! បើញោមបានទទួលពន្លឺ គឺ ដួងបញ្ញា សូមកុំយល់ថាបានមកពីអាត្មាឲ្យសោះ អាត្មាគ្រាន់តែជាអ្នកទទួលពន្លឺនេះពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ជាព្រះបរមសាស្តារបស់អាត្មា ព្រះអង្គជាសាស្តាឯកដែលទ្រង់នាំពន្លឺយ៉ាងពិតប្រាកដមកកាន់ជម្ពូទ្វីប បណ្តេញអវិជ្ជា មោហៈ និង មិច្ឆាទិដ្ឋិឲ្យរត់ចេញពីចិត្តរបស់ប្រជាសត្វ សូមញោមលំឱនចិត្តរលឹកនឹកដល់ព្រះអង្គហើយយកព្រះអង្គជាទីពឹងទីរលឹកចុះ" បន្ទាប់ពីនោះ ខ្ញុំព្រះករុណាក៏ដឹកនាំទេវបិយៈឲ្យប្រកាសខ្លួនជាឧបាសកក្នុងព្រះពុទ្ធសាសនា កាន់ព្រះរតនត្រ័យជាសរណៈទីពឹងរហូតមួយជីវិត ហើយបានទេសនាប្រៀនប្រដៅគេឲ្យមាំមួនខ្ជាប់ខ្ជួនក្នុងសម្មាទិដ្ឋិ និង សម្មាបដិបត្តិ រហូតដល់ដួងអាទិត្យបាក់រសៀលជ្រៀលទៅហៀបនឹងលិចដងព្រៃ គេទើបថ្វាយបង្គំលា ហើយនិយាយថា "បពិត្រលោកម្ចាស់ដ៏ចម្រើន ! ឆ្អែតហើយសម្រាប់ដំណើរដើរផ្លូវដ៏វែងឆ្ងាយរបស់ខ្ញុំព្រះករុណា ចាប់ពីពេលនេះជាដើមទៅ ខ្ញុំកណានឹងធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញ មិនដឹងថាបុត្រភរិយារបស់ខ្ញុំកណាបានសុខទុក្ខយ៉ាងណាទេ ជួនកាលគេអាចដាច់ពោះស្លាប់ហើយក៏បាន តទៅថ្ងៃអនាគត បើលោកម្ចាស់មានពេលវេលា សូមនិមន្តទៅប្រោសសត្វល្ងង់ខ្លៅឯកាលិង្គរដ្ឋខ្លះ" គេក្រាបថ្វាយបង្គំដោយបញ្ចប្រតិស្ឋហើយក៏ចេញធ្វើដំណើរទៅ ប៉ុន្តែភ្លាមនោះ ខ្ញុំព្រះករុណាក៏ភ្នកនឹកឃើញដល់និមិត្តចម្លែកទាក់ទងនឹងលីលាវតីដែលបានកើតឡើងក្នុងខណៈធ្វើសមាធិ ទេវបិយៈអ្នកធ្វើដំណើរដើរផ្លូវមកច្រើន ជួនកាលអាចនឹងជួយពិសោធបានថា និមិត្តនោះជាការពិតឬទេ ខ្ញុំព្រះករុណាបានហៅឲ្យគេឈប់ ហើយនិយាយថា "ម្នាលឧបាសក ! ញោមជាអ្នកធ្វើដំណើរដើរផ្លូវមកជាច្រើនស្រុកភូមិហើយ តើញោមដែលជួបឆ្លងកាត់នគរដែលតាំងនៅមាត់ទឹកខ្លះទេ?" ទេវបិយៈសម្លឹងមើលមុខខ្ញុំព្រះករុណាយ៉ាងភីងភាំងហើយឆ្លើយថា "មានច្រើនណាស់ លោកម្ចាស់ ! មាននគររាប់សិបដែលតាំងនៅលើមាត់ទន្លេ" "អាត្មាសំដៅដល់នគរដែលតាំងនៅលើមាត់ទន្លេដ៏ធំល្វឹងល្វើយ ទន្លេដែលមានច្រាំងខ្ពស់ មានទេវាល័យជាច្រើនតាំងនៅលើច្រាំង ចេញពីច្រាំងទៅដល់មាត់ទឹកមានជណ្តើរថ្មជាកាំៗ វែងទៅតាមដងទន្លេ សម្លឹងមើលទៅស្រស់ស្អាតណាស់ មានមនុស្សគ្រប់ភេទគ្រប់វ័យងូតទឹកក្នុងទន្លេ មានអ្នកបួសអង្គុយសូធ្យមន្តភាវនាតាមកាំជណ្តើរថ្ម" "ឱ ! " ទេវបិយៈឧទានឡើងហើយក៏ឆ្លើយតប "បើអញ្ចឹង សំដៅដល់នគរពារាណសី លោកម្ចាស់ ! នគរពារាណសីជារាជធានីនៃដែនកាសី ពារាណសីមានលក្ខណៈត្រូវតាមដែលលោកម្ចាស់តំណាលមកសព្វគ្រប់ប្រការ ខ្ញុំកណាធ្លាប់ទៅងូតទឹកក្នុងទន្លេគង្គាខាងមុខក្រុងពារាណសីនោះឯង ចុះលោកម្ចាស់សួរធ្វើអី? " "អត់មានអីទេ ឧបាសក !" ខ្ញុំព្រះករុណាឆ្លើយដោយអាការចម្លែកចិត្តដែលនគរក្នុងនិមិត្តរបស់ខ្ញុំព្រះករុណាមានពិតមែន បើអញ្ចឹង លីលាវតីទំនងជាមានតួខ្លួនពិតប្រាកដមែន ។
កក្កឡកម្មរបស់ទេវទត្ត
[កែប្រែ]បពិត្រលោកដ៏មានអាយុ ! ទេវបិយៈដែលបានក្លាយជាទាសកររបស់មនុស្សឆ្លាតកេងប្រវ័ញ្ចបានចាកចេញទៅហើយ ខ្ញុំព្រះករុណាតាមសម្លឹងមើលគេទៅរហូតដល់លឹបបាត់ទៅក្នុងរយៈចម្ងាយផ្លូវ ហើយក៏ងាកមកគិតគូរដល់រឿងរបស់ខ្លួនឯងវិញម្តង ចិត្តរបស់ខ្ញុំព្រះករុណានៅពេលនោះច្របូកច្របល់វិលវល់ ពាក្យបម្រាប់របស់ទេវបិយៈទាក់ទងនឹងនគរពារាណសីនោះឯងធ្វើឲ្យខ្ញុំព្រះករុណាកើតអាការរំភើបចិត្តផ្តិតអារម្មណ៍ មុនពេលដែលបានជួបគេ ខ្ញុំព្រះករុណាយល់ថា នគរដែលប្រាកដជានិមិត្តក្នុងដួងចិត្តរបស់ខ្ញុំព្រះករុណានោះគ្រាន់តែជារូបភាព មាយាដែលកើតឡើងជាធម្មតាកាលបើចិត្តជាប់ស្លុងក្នុងសមាធិ ប៉ុន្តែនៅពេលបានស្តាប់ពាក្យបម្រាប់ពីគេហើយ ខ្ញុំព្រះករុណាក៏ហាក់យល់ថាវាមិនមែនជារូបភាពមាយាទេ ព្រោះរូបភាមាយាមែនទែន វាមិនគួរនឹងមានលក្ខណៈ ត្រូវគ្នានឹងនគរពារណសីដែលទេវបិយៈតំណាលឲ្យស្តាប់ទេ ប៉ុន្តែរូបភាពទាំង ២ នេះត្រូវគ្នាគ្រប់យ៉ាង សម្តែងថា នគរដូចពោលមកនោះមានពិតមែនក្នុងលោក ហើយបើទេវាល័យ កាំជណ្តើរថ្ម កំពង់ទឹកមានពិតមែន ថ្នល់ដែល មាននៅច្រាំងទាំងសងខាង ស្អេកស្អះទៅដោយអាគារ ផ្ទះសម្បែង កំផែងខ្ពស់ ទ្វារមានឆ្មាំយាម ប្រាសាទតាំងនៅកណ្តាលឧទ្យានក៏គួរតែមានពិតមែន បើអ្វីទាំងអស់នេះមានមែន "លីលាវតី"ដែលជាចំណុចលេចធ្លោក្នុងនិមិត្តនោះក៏គួរតែមានដែរ ប៉ុន្តែនឹងទៅរួចទេឬ? បើលីលាវតីបានបែកកាយរំលាយខន្ធពីលោកនេះអស់រយៈពេលជាង ១០ ឆ្នាំកន្លងមកហើយ អាចមានផ្លូវទៅរួចទេថា ក្រោយពីស្លាប់ទៅហើយ នាងក៏បានយោនយកកំណើតកើតជាថ្មីទៀតក្នុងប្រាសាទខ្នងនោះ ខ្ញុំព្រះករុណាព្យាយាមគិតជញ្ជឹងដល់រឿងនេះយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចទទួលបានភាពច្បាស់លាស់ដដែល ខ្ញុំព្រះករុណានិយាយនឹងខ្លួនឯងតិចៗជាឧបាយប្តេជ្ញាចិត្តថា "នៅថ្ងៃណាមួយ យើងនឹងត្រូវធ្វើដំណើរទៅនគរពារាណសីដើម្បីពិសោធការពិតឲ្យបាន" បពិត្រលោកដ៏មានអាយុ ! ខ្ញុំព្រះករុណានៅត្រូវធ្វើដំណើរទៅទិសខាងជើងទៅជារឿយ ៗដោយមិនរួសរាន់ យប់ឯណា ក៏សិងសម្រាកយប់ក្នុងភូមិនោះ នៅពេលយប់ក៏បំពេញព្យាយាមតាមផ្លូវចិត្ត នៅពេលថ្ងៃក៏សន្ទនាប្រាស្រ័យជាមួយនឹងបុគ្គលដែលចូលមករក បន្ទាប់ពីពេលវេលាដ៏វែងឆ្ងាយកន្លងផុតទៅ ខ្ញុំព្រះករុណាក៏បានមកដល់ភូមិដែលគួរឲ្យចាប់ចិត្តមួយទៀត មូលហេតុដែលគួរឲ្យចាប់ចិត្ត ព្រោះថាប្រជាជនក្នុងភូមិនោះសុទ្ធតែជាពុទ្ធសាសនិកជន មានអារាមគួរជាទីមនោរម្យមួយតាំងនៅទិសខាងជើងរបស់ភូមិ ហើយក្នុងអារាមនោះមានភិក្ខុ ១ រូប ឈ្មោះ និម្មល អាស្រ័យនៅ ភិក្ខុនិម្មលនេះគាប់ជួនជាភិក្ខុដែលធ្លាប់ស្ថិតក្រោមអាណាព្យាបាលរបស់ខ្ញុំព្រះករុណាឯព្រះវេឡុវនារាម ការដែលបានជួបគ្នាម្តងទៀតទើបនាំបីតិប្រាមោទ្ធមកកាន់យើងទាំងពីររូបជាខ្លាំង ។ "បពិត្រទានម្ចាស់ ! ក្រោយពីព្រះតេជគុណចាកចេញពីព្រះវេឡុវនារាមមិនយូរប៉ុន្មាន ហេតុការណ៍អាក្រក់មួយក៏កើតឡើងក្នុងក្រុងរាជគ្រឹះ" ភិក្ខុនិម្មលប្រាប់ដោយទឹកមុខស្មុយសុយម៉ុយ "កើតរឿងអីឬ? លោក ! " ខ្ញុំព្រះករុណាសួរដោយតក់ក្រហល់ ទាំងចិត្តនឹកភ្នកទៅរកនិមិត្តភ្លើងឆេះវត្តវេឡុវ័ន និងក្រុងរាជគ្រឹះដែលខ្ញុំព្រះករុណាបានឃើញក្នុងខណៈធ្វើសមាធិភ្លាម "ជារឿងគួរឲ្យសោកសង្រេងណាស់ ទានម្ចាស់ ! រឿងបែបនោះមិនគួរនឹងកើតឡើងក្នុងអរិយវង្សដ៏ស្អាតបរិសុទ្ធនៃព្រះពុទ្ធសាសនាទេ" "ប្រញាប់តំណាលមក៍ ខ្ញុំកូរណាចង់ស្តាប់ណាស់"
"បពិត្រព្រះតេជគុណដ៏ចម្រើន ! ព្រះតេជគុណប្រហែលជានៅចាំបានថា ក្រោយពីព្រះតេជគុណចាកចេញមក ព្រះទេវទត្តក៏ចូលទៅគ្រប់គ្រងអារាមជំនួសព្រះតេជគុណ គ្មានអ្នកណាដឹងថាព្រោះហេតុអ្វីទេបានជាព្រះទេវទត្តក្តោបក្តាប់បសាទៈសទ្ធារបស់អង្គរជ្ជទាយាទអជាតសត្តុបានយ៉ាងរឹងមាំ អ្នកខ្លះនិយាយថា ព្រះទេវទត្តបង្រ្កាបអង្គរជ្ជទាយាទដោយឥទ្ធិបាដិហារ្យដែលកើតពីលោកិយឈានរបស់ខ្លួន ពោលគឺ នៅថ្ងៃមួយ ព្រះទេវទត្តបានដំណែងខ្លួនជាកុមារតូចមានអាសិរពិសព័ទ្ធព័ន្ធជាកង(bangle)ត្រង់ដៃនិងជើងទាំងសងខាង មួយក្បាលព័ទ្ធព័ន្ធជាកម្រង-ក មួយក្បាលទៀតធ្វើជាជដាប្រដាប់សីសៈ មួយក្បាលទៀតធ្វើជាក្រណាត់ឆៀងស្មា ហោះចុះមកពីអាកាស អង្គុយលើព្រះភ្លៅរបស់រាជកុមារអជាតសត្តុ នៅពេលអង្គរជ្ជទាយាទភ្ញាក់ព្រះទ័យ ភ័យខ្លាចនិងត្រាស់សួរ ក៏ក្រឡាភេទជាព្រះទេវទត្តដូចដើមវិញ ញ៉ាំងសទ្ធាជ្រះថ្លាយ៉ាងចាស់ក្លាឲ្យកើតឡើងដល់អង្គរជ្ជទាយាទអជាតសត្តុ បពិត្រព្រះតេជគុណដ៏ចម្រើន ! នៅខណៈដែលព្រះទេវទត្តកំពុងតែឈ្លក់វង្វេងនឹងលាភសក្ការៈដែលកើតចេញពីសទ្ធារបស់អង្គរជ្ជទាយាទនោះ ព្រះបរមសាស្តាព្រមទាំងភិក្ខុសង្ឃជាច្រើនបានយាងមកប្រថាប់នៅឯវេឡុវនារាម ព្រោះតែជម្លក់ឈ្លក់វង្វេងនឹងលាភសក្ការៈ និងព្រោះមហិច្ឆតាហួសហេតុ ព្រះទេវទត្តបានកើតគំនិត គម្រក់មួយឡើងថា ខ្លួននឹងធ្វើជាព្រះពុទ្ធជាម្ចាស់គ្រប់គ្រងភិក្ខុសង្ឃជំនួសព្រះបរមសាស្តា ព្រមជាមួយនឹងការកើតគំនិតអាក្រក់នោះឯង ព្រះទេវទត្តក៏សាបរលាបពីលោកិយឫទ្ធិនោះភ្លាម មិនអាចសម្តែងបាដិហារ្យតទៅទៀតបានទេ " "និម្មលអើយ ! " ខ្ញុំព្រះករុណានិយាយឡើងដោយសេចក្តីសង្វេគចិត្ត "ខ្ញុំកូរណាមិនដែលគិតថា ព្រះទេវទត្តគម្រក់ជួជាតិដល់ថ្នាក់នោះទេ ព្រោះនៅពេលលោកធ្វើដំណើរមកដល់វេឡុវ័នដំបូង មើលទៅហាក់ដូចជាអ្នកប្រិតប្រៀងក្នុងព្រះធម្មវិន័យល្អណាស់ ខ្ញុំកូរណាទើបផ្ទេរអំណាចឲ្យលោកជួយគ្រប់គ្រងព្រះអារាម ប៉ុន្តែក៏មានសញ្ញាអ្វីម្យ៉ាងខ្លះដែរដែលសម្តែងចេញមក ដែលធ្វើឲ្យភិក្ខុនិងឧបាសកឧបាសិកាខ្លះកើតរំងឿងសង្ស័យ ដូចជា លោកតែងតែពោលថា ព្រះពុទ្ធជាម្ចាស់មិនសំខាន់ទេ មិនគួរប្រកាន់ខ្ជាប់ចំពោះព្រះពុទ្ធជាម្ចាស់នោះឡើយ ឲ្យប្រកាន់យកព្រះធម៌ជារឿងសំខាន់ជាងដូច្នេះជាដើម ប៉ុន្តែខ្ញុំកូរណាមិនបានមមៃសង្ស័យអ្វីទេ ព្រោះយល់ឃើញថា លោកសម្តែងធម៌ក្នុងកម្រិតបរមត្ថ តាមពិត លោកមានផែនការប្រកាសខ្លួនជាព្រះបរមសាស្តាតាំងពីពេលនោះមកម្លេះ តំណាលតទៅទៀតចុះ លោកនិម្មល ! " ភិក្ខុនិម្មលស្រូបដកដង្ហើមធំហើយតំណាលតទៅទៀតថា "បពិត្រព្រះតេជគុណដ៏ចម្រើន ! ព្រះទេវទត្តបានសម្តែងចេតនាគម្រក់របស់ខ្លួនឲ្យឃើញនៅថ្ងៃមួយ ធ្វើឲ្យកើតមានស្ថានភាពអាំងឡាំងស្រឡាំងកាំងដល់ព្រះរាជាធិបតីពិម្ពិសារ ភិក្ខុសង្ឃនិងឧបាសកឧបាសិកាដែលកំពុងអង្គុយស្តាប់ព្រះធម៌ក្នុងព្រះវេឡុវនារាមនាខណៈដែលព្រះបរមសាស្តាទ្រង់កំពុងតែសម្តែងព្រះធម្មទេសនានោះឯង ព្រះទេវទត្តបានក្រោកចេញពីអាសនៈ ឈរផ្គងអញ្ជលី ក្រាបទូលព្រះបរមសាស្តា្ដដោយសម្លេងយ៉ាងឮថា 'បពិត្រព្រះអង្គទ្រង់ចម្រើន ! ឥឡូវនេះ សូមឲ្យព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ជាអ្នកមានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបសុខវិហារធម៌ក្នុងបច្ចុប្បន្ននេះចុះ ខ្ញុំព្រះអង្គនឹងគ្រប់គ្រងភិក្ខុសង្ឃជំនួសព្រះអង្គ សូមព្រះអង្គប្រោសប្រទានភិក្ខុសង្ឃឲ្យខ្ញុំព្រះអង្គគ្រប់គ្រងចុះ' ដូច្នេះ" "ព្រះទេវទត្តម្តេចក៏ហ៊ានដល់ថ្នាក់ហ្នឹងម្លេះ ! លោកនិម្មល"ខ្ញុំព្រះករុណាសួរដោយតក់ប្រមា "ចុះព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ឆ្លើយថាដូចម្តេចដែរ?"
បពិត្រព្រះតេជគុណដ៏ចម្រើន ! ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់បញ្ឈប់ព្រះធម្មទេសនាហើយត្រាស់ថា "នែទេវទត្ត ! បើលោកត្រូវការបរិភោគបច្ច័យ ៤ របស់អ្នកស្រុកដូចបរិភោគទឹកមាត់ ក៏ចូរបរិភោគចុះ ប៉ុន្តែកុំមកលូកលាន់នឹងភិក្ខុសង្ឃ" បពិត្រទានម្ចាស់ កាលបើព្រះទេវទត្តត្រូវបានរុករុញដោយខេឡវាសិកវាទបែបនោះហើយក៏កើតសេចក្តីអាម៉ាស់ខ្មាសអៀន អាក់អន់ស្រពន់ចិត្ត ហើយក៏ភៀសចេញពីមហាសន្និបាតនោះទៅ បន្ទាប់ពីស្តាប់ព្រះធម្មទេសនាហើយ ភិក្ខុសង្ឃនិងឧបាសកឧបាសិកាក៏ប្រជុំប្រឹក្សាយោបល់គ្នាដោយបរិវិតក្ក ខ្លាចក្រែងថាហេតុភេទអាក្រក់នឹងកើតឡើងក្នុងសង្ឃមណ្ឌលព្រោះមានព្រះទេវទត្តជាដើមហេតុ ប៉ុន្តែម្នាក់ៗក៏នៅតែនឹកសង្ឃឹមថា ពុទ្ធានុភាពនឹងជួយសម្រួលសម្រាលឲ្យស្រាលបាន ។ បពិត្រលោកដ៏មានអាយុ ! ខ្ញុំព្រះករុណានិយាយឡើងដោយសង្វេគចិត្តថា "ខ្ញុំកូរណាមិនដែលនឹកស្មានសោះថា ព្រះទេវទត្តដែលជាព្រះថេរៈធំមានសែស្រឡាយពុទ្ធវង្សហ៊ានធ្វើអំពើគម្រក់ជួជាតិបែបនោះទេ" "បពិត្រទានម្ចាស់ ! " ភិក្ខុនិម្មលនិយាយឡើង "ហ្នឹងត្រឹមតែជាចំណុចចាប់ផ្តើមទេ ព្រះទេវទត្តនៅប្រព្រឹត្តអំពើគម្រក់ជាងនេះជាច្រើនទៀត ដូចដែលខ្ញុំកូរណានឹងតំណាលឲ្យស្តាប់ដូចទៅនេះ បន្ទាប់ពីនោះ ព្រះបរមសាស្តាទ្រង់បញ្ជាឲ្យភិក្ខុសង្ឃប្រកាសទូទៅក្នុងក្រុងរាជគ្រឹះថា 'ឥឡូវនេះ ព្រះទេវទត្តខាតសំវាសពីភិក្ខុសង្ឃហើយ' ចំណែកខាងព្រះទេវទត្តកាលបើបានជ្រាបដំណឹងនោះ ក៏កើតគម្នើសឃ្នើសចិត្តថ្នាំងថ្នាក់ចំពោះព្រះបរមសាស្តាជាខ្លាំង ហើយក៏ចាប់ផ្តើមរៀបចំផែនការលួចធ្វើគុតព្រះបរមសាស្តាភ្លាម លោកបានចូលទៅគាល់អង្គរជ្ជទាយាទអជាតសត្តុហើយនិយាយចាក់ចុចថា 'រាជកុមារអើយ ! មនុស្សយើងកាលពីមុនមានអាយុវែងណាស់ ប៉ុន្តែបច្ចុប្បន្ននេះមនុស្សមានអាយុខ្លីទេ ព្រោះហេតុនោះ ព្រះអង្គអាចនឹងចូលទិវង្គតតាំងពីនៅជាព្រះយោវភាពក៏បាន ព្រះអង្គអាចនឹងខកឱកាសឡើងគ្រងរាជ្យលើមគធរដ្ឋក៏បាន ហេតុដូច្នេះ សូមឲ្យព្រះអង្គរកវិធីធ្វើគុតព្រះរាជបិតាហើយឡើងជាក្សត្រទៅ ចំណែកឯអាត្មាភាពនឹងធ្វើគុតព្រះដ៏មានព្រះភាគហើយឡើងធ្វើជាព្រះពុទ្ធជាម្ចាស់ដែរ' ព្រះយោវរាជអជាតសត្តុទ្រង់លង់ជឿព្រះទេវទត្ត ហើយបានធ្វើគុតព្រះរាជបិតា ស្ថាបនាខ្លួនឯងឡើងជាក្សត្រទ្រង់រាជ្យលើមគធរដ្ឋនៅពេលក្រោយមក" ។ "មានន័យថា ព្រះបាទពិម្ពិសារចូលទិវង្គតហើយឬ? លោកនិម្មល ! " ខ្ញុំព្រះករុណាសួរដោយលំនឹកងេងងោង ក្នុងអាការស្ទើរលក់ស្ទើរភ្ញាក់ "ត្រឹមត្រូវហើយ ទានម្ចាស់ ! " ភិក្ខុនិម្មលអះអាង "ម្លប់ពោធិកំពូលរាស្ត្ររបស់មគធរដ្ឋបានត្រូវធ្វើគុតដោយវិធីឃោរឃៅបំផុត ខ្ញុំកូរណាក៏មិននឹកស្មានថា ព្រះរាជបុត្រក្នុងព្រះឧទរហ៊ានធ្វើចំពោះព្រះរាជបិតាបង្កើតរបស់ខ្លួនដូច្នោះទេ ជាពិសេស ចំពោះព្រះរាជបិតាដែលប្រកបដោយគុណធម៌ខ្ពស់ដូចយ៉ាងព្រះបាទពិម្ពិសារនេះ ប៉ុន្តែរឿងនោះក៏បានកើតឡើងហើយ ទានម្ចាស់ ! ហេតុការណ៍លើកនេះធ្វើឲ្យខ្ញុំកូរណាយល់ច្បាស់ថា មនុស្សយើងកាលណាមានចិត្តត្រូវសេចក្តីលោភលន់ កំហឹងក្រេវក្រោធ កម្លៅវង្វេងគ្រប់សង្កត់ហើយ តែងគ្មានហេតុផល មិនស្គាល់បាបបុណ្យគុណទោស មិនស្គាល់សូម្បីមាតាបិតារបស់ខ្លួន អាចធ្វើអំពើគម្រក់ថោកទាបនិងព្រៃផ្សៃផ្សេង ៗ បានយ៉ាងងាយ ខ្ញុំកូរណាទើបតែឃើញច្បាស់នៅលើកនេះឯង"
"ព្រះរាជកុមារអជាតសត្តុទ្រង់ធ្វើគុតព្រះរាជបិតាដោយវិធីណា? លោកនិម្មល ! សូមតំណាលឲ្យខ្ញុំកូរណាស្តាប់ផង"ខ្ញុំព្រះករុណាសួរដោយចំណាប់អារម្មណ៍លាយសង្វេគចិត្ត "ខ្ញុំកូរណានឹងតំណាលតាំងពីដើមទី ទានម្ចាស់ ! កាលបើបានទទួលពាក្យចាក់ចុចអុជអាលពីព្រះទេវទត្តហើយ នៅថ្ងៃរសៀលនាថ្ងៃមួយ ព្រះរាជកុមារអជាតសត្តុបានកាន់ព្រះសែងក្រឹសចូលទៅក្នុងព្រះរាជមន្ទីរដោយបំណងនឹងធ្វើគុតព្រះជនក ប៉ុន្តែមិនទាន់ដល់ថ្ងៃគ្រោះរបស់ព្រះរាជាធិបតី ពួកអមាត្យក៏ចាប់ព្រះរាជកុមារបានមុន នៅពេលសាកសួរបានសេចក្តីហើយក៏នាំខ្លួនចូលទៅគាល់ព្រះរាជបិតា ព្រះរាជាបានត្រាស់សួរព្រះរាជកុមារដោយព្រះទ័យដ៏ពេញប្រៀបទៅដោយសេចក្តីស្រឡាញ់ឥតប្រែប្រួលថា 'កូនសម្រាញ់ ! កូនចង់សម្លាប់ឪពុកដើម្បីអ្វី?' 'សូមទ្រង់ព្រះមេត្តាប្រោស ! ខ្ញុំព្រះអង្គត្រូវការរាជសម្បត្តិ'ព្រះរាជកុមារទូលតាមត្រង់ ចំណែកឯព្រះរាជាធិបតីជួសនឹងកើតព្រះពិរោធចំពោះព្រះរាជឱរស និងធ្វើបព្វាជនីយកម្មបំបរបង់ចេញពីព្រះរាជាណាចក្រដូចយ៉ាងក្សត្រទាំងឡាយទ្រង់ចាត់វិធានការនឹងពួកក្បត់ដណ្តើមរាជ្យ ប៉ុន្តែព្រះអង្គរត្រឡប់ជាកោះហៅប្រជុំសេនា រាជ-សេវកាមាត្យរាជវង្សានុវង្សទាំងពួង ហើយក៏ប្រកាសផ្ទេររាជសម្បត្តិដល់ព្រះរាជឱរសតាំងពីពេលនោះ ចំណែកឯព្រះបាទអជាតសត្តុកាលបើបានឡើងជាក្សត្រសមព្រះរាជបំណងហើយ ក៏ប្រញាប់ទៅប្រាប់ដំណឹងល្អនោះដល់ព្រះទេវទត្ត ប៉ុន្តែជួសនឹងព្រះទេវទត្តសម្តែងមុទិតាសាទរ ត្រឡប់ជាញុះញង់ឲ្យព្រះរាជកុមារអជាតសត្តុទ្រង់ប្រព្រឹត្តកក្កឡកម្មតទៅទៀត ព្រះទេវទត្តនិយាយថា 'នែរាជកុមារ ! ព្រះអង្គកុំអាលស្លាប់ព្រះទ័យថា សមព្រះរាជបំណងហើយ កុំអាលសិន មហាបពិត្រ ! ឥឡូវនេះ ព្រះអង្គប្រៀបដូចជាបុរសដែលបង្ខាំងឆ្កែចចកទុកខាងក្នុងស្គរ ដោយយល់ថា បាននិរន្តរាយហើយ ប៉ុន្តែមិនយូរមិនឆាប់ ឆ្កែចចកនេះនឹងខាំអង្គៀមស្បែកស្គរនេះចេញមក បង្កគ្រោះថ្នាក់ដល់បុរសនោះវិញ ករណីរបស់ព្រះអង្គក៏ដូចគ្នាដែរ មិនយូរមិនឆាប់ ព្រះរាជបិតារបស់ព្រះអង្គនឹងសោកស្តាយរាជសម្បត្តិ ហើយនឹកពិរោធព្រះអង្គដែលមើលងាយមើលថោក ហើយនឹងរិះរកវិធីកម្ចាត់ព្រះអង្គចោល ត្រឡប់ឡើងជា មហាក្សត្រទ្រង់រាជ្យវិញនៅពេលឆាប់ៗនេះ បើទុកជាព្រះរាជាមិនចង់ធ្វើបែបនោះក៏ដោយ ប៉ុន្តែព្រះរាជាមាត្យរបស់ព្រះរាជាហ្នឹងឯងនឹងចាក់ចុចអុជអាល បើមិនជឿអាត្មាភាពក៏ចាំមើលចុះ' ក្សត្រអប្បបញ្ញាបានត្រាស់សួរថា តើព្រះអង្គគួរធ្វើយ៉ាងណា? ព្រះទេវទត្តបានណែនាំឲ្យធ្វើគុតព្រះបាទពិម្ពិសារចោល កាលបើព្រះយុវរាជទ្រង់ជំទាស់ថាមិនគួរធ្វើគុតព្រះរាជបិតាដោយសស្ត្រាវុធទេ ព្រះទេវទត្តក៏ណែនាំឧបាយវិធីផ្ចិតផ្ចង់មួយ គឺ ឲ្យចាប់ព្រះបាទពិម្ពិសារបង្ខាំងទុកក្នុងពន្ធនាគារ ឲ្យបង្អត់ព្រះក្រយាហារលុះត្រាតែអស់កម្លាំងវាំងជា ក្ស័យព្រះជន្មទៅដោយឯកឯង ព្រះយោវរាជអជាតសត្តុទ្រង់ក៏យល់ស្របហើយបញ្ជាឲ្យចាប់ព្រះជនកបង្ខាំងទុកភ្លាម" ។
ទឹកព្រះទ័យនៃព្រួះរាជទេវី
[កែប្រែ]បពិត្រលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាស្តាប់រឿងដែលភិក្ខុនិម្មលតំណាលដោយសេចក្តីរន្ធត់ស្លុតចិត្តយ៉ាងជ្រាលជ្រៅ គិតរំពឹងក្នុងចិត្តថា ទុកជាក្នុងសម័យកាលដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ជាដួងប្រទីបរបស់សត្វលោកនៅមានព្រះជន្មត្រឡាំងក៏ដោយ មនុស្សក៏នៅសាមាន្យថោកទាបដល់ថ្នាក់នេះ ចុះបើក្នុងយុគសម័យ ដែលពិភពលោកគ្មានព្រះសម្មាសម្ពុទ្ធជាម្ចាស់និងព្រះបរមធម៌វិញ តើមនុស្សនឹងឃោរឃៅព្រៃផ្សៃអម្បាលណាហ្ន ! "និមន្តតំណាលតទៅទៀតចុះ លោកនិម្មល ! " ខ្ញុំព្រះករុណាស្នើឲ្យភិក្ខុនិម្មលតំណាលរឿងនោះតទៅទៀត ថ្វីបើមិនចង់ឮរឿងឃោរឃៅបែបនោះក៏ដោយ "បពិត្រទានម្ចាស់ ! "ភិក្ខុនិម្មលតំណាលត "កាលបើជឿពាក្យញុះញង់របស់ព្រះទេវទត្តហើយ ព្រះបាទអជាតសត្តុក៏ត្រាស់បញ្ជាឲ្យអមាត្យជំនិតចាប់ព្រះរាជបិតាដាក់ក្នុងពន្ធនាគារពិសេសដែលក្តៅងំដោយផ្សែងភ្លើងដែលប្រើសម្រាប់ បង្ខាំងទណ្ឌិតសំខាន់ៗ ហើយត្រាស់ហាមមិនឲ្យអ្នកណាទៅសួរសុខទុក្ខព្រះរាជបិតាជាដាច់ខាត ក្រៅពីព្រះរាជទេវីតែមួយព្រះអង្គ សូម្បីតែព្រះរាជទេវីក៏ត្រូវហាមឃាត់មិនឲ្យនាំយកព្រះក្រយាហារទៅថ្វាយព្រះរាជស្វាមី ដែរ ប៉ុន្តែដោយសេចក្តីស្រឡាញ់និងអាណិតចំពោះព្រះស្វាមីស្មើនឹងជីវិត ព្រះរាជទេវីទ្រង់បានយកព្រះក្រយាហារដាក់ក្នុងផ្តិលមាស លាក់ផ្តិលមាសក្នុងជាយព្រះភូសា លបលួចយកទៅថ្វាយព្រះស្វាមីជាប្រចាំ ទង្វើ របស់ព្រះនាងអ្នកណាៗក៏ដឹងច្បាស់ក្នុងចំណោមទាហានទ្វារបាលពន្ធនាគារ ប៉ុន្តែគ្មានអ្នកណាហ៊ានហាមប្រាមទេ កាលបើទិនទិវាកន្លងផុតទៅ ព្រះបាទអជាតសត្តុក៏ត្រាស់សួររាជបុរសថា តើព្រះរាជបិតាក្ស័យព្រះជន្មហើយឬនៅ នៅពេលមានអ្នកក្រាបទូលថានៅទេ ព្រះអង្គក៏ត្រាស់សួរដល់ហេតុផល លុះបានដំណឹងថាព្រះរាជបិតា ទ្រង់ញ៉ាំងព្រះវរកាយឲ្យប្រព្រឹត្តទៅដោយព្រះក្រយាហារដែលព្រះរាជទេវីទ្រង់លាក់យកទៅថ្វាយក្នុងជាយព្រះភូសា ព្រះបាទអជាតសត្តុក៏ត្រាស់បញ្ជារាជបុរសហាមឃាត់ព្រះរាជមាតាកុំឲ្យលាក់ព្រះក្រយាហារដោយជាយព្រះភូសា ចំណែកឯព្រះរាជទេវីទ្រង់មិនចុះព្រះទ័យចាលចាញ់ កាលបើគេហាមឃាត់មិនឲ្យនាំយកទៅ ដោយជាយព្រះភូសា ព្រះនាងក៏ទ្រង់នាំយកព្រះក្រយាហារទៅក្នុងព្រះមោលី(ផ្នួងសក់) លុះពេលវេលាកន្លងទៅយូរបង្គួរហើយ ព្រះបាទអជាតសត្តុទ្រង់ក៏ត្រាស់សួរដល់ស្ថានភាពរបស់ព្រះរាជបិតាទៀត លុះទ្រង់ជ្រាបថានៅមានព្រះជន្មដោយព្រះក្រយាហារដែលព្រះរាជទេវីទ្រង់លាក់ទុកក្នុងព្រះមោលី ព្រះអង្គក៏ត្រាស់បញ្ជាឲ្យរាជបុរសហាមឃាត់ព្រះរាជទេវីកុំឲ្យលាក់ព្រះក្រយាហារទុកក្នុងព្រះមោលី គ្រានេះ ព្រះរាជទេវីទ្រង់លាក់ព្រះក្រយាហារទុកក្នុងស្នងព្រះបាទមាសបិទឲ្យជិត ហើយក៏ទ្រង់ស្នងព្រះបាទយាងចូលទៅ ព្រះបាទពិម្ពិសារទ្រង់ញ៉ាំងព្រះវរកាយឲ្យប្រព្រឹត្តទៅដោយព្រះក្រយាហារនោះ ចំណេរកាលតមក លុះព្រះបាទអជាតសត្តុទ្រង់ជ្រាបរឿងនោះ ក៏ត្រាស់បញ្ជាហាមប្រាមព្រះរាជទេវីទ្រង់ស្នង ព្រះបាទទៅគាល់ព្រះស្វាមីទៀត ចំណែកឯព្រះរាជទេវីវិញក៏ទ្រង់មិនរួញរាព្រះទ័យ ព្រះនាងទ្រង់ស្នានព្រះវរកាយដោយទឹកព្រះគន្ធវារី ទ្រង់យកមធុរស ៤ ប្រការ គឺ ទឹកដោះថ្លា ទឹកដោះខាប់ ទឹកឃ្មុំ ទឹកអំពៅ លាប ស្រឡាបព្រះវរកាយ ទ្រង់ឃ្លុំព្រះភូសាដណ្តប់ហើយយាងទៅកាន់ពន្ធនាគារ ព្រះរាជាធិបតីទ្រង់ញ៉ាំងព្រះជន្មជីពឲ្យប្រព្រឹត្តទៅដោយការក្រេបលិឍមធុរសពីព្រះវរកាយរបស់ព្រះរាជទេវីនោះ លុះពេលក្រោយមក នៅពេលដែលព្រះបាទអជាតសត្តុទ្រង់ជ្រាបរឿងនោះទៀត ក៏ទ្រង់ហាមឃាត់ព្រះរាជមាតាមិនឲ្យយាងទៅគាល់ព្រះរាជបិតាទៀតជាដាច់ខាត នៅទីបំផុត ព្រះរាជទេវីទ្រង់ប្រថាប់ឈរតោងទ្វារ ពន្ធនាគារ ហើយពិតទូលដោយព្រះនេត្រហូររហាមដោយព្រះជលនេត្រថា 'បពិត្រព្រះស្វាមី ! នេះជាការមកគាល់លើកចុងក្រោយរបស់ខ្ញុំម្ចាស់ ចាប់តាំងពីពេលនេះតទៅ ខ្ញុំម្ចាស់នឹងមិនអាចមកគាល់ព្រះអង្គទៀតបានទេ ប្រសិនបើខ្ញុំម្ចាស់បានប្រព្រឹត្តលើសលស់ខុសឆ្គងចំពោះព្រះអង្គដោយកាយក្តី វាចាក្តី ចិត្តក្តី សូមព្រះអង្គព្រះរាជទានអភ័យទោសដល់ខ្ញុំម្ចាស់ផង' ត្រាស់រួចហើយក៏ទ្រង់ព្រះកន្សែង យាងត្រឡប់ទៅព្រះរាជនិវេសន៍វិញ" ។
បពិត្រលោកដ៏មានអាយុ ! ក្រោយពីនោះ ព្រះរាជាធិបតីទ្រង់ក៏អត់ព្រះក្រយាហារ ប៉ុន្តែធម្មតា ព្រះអរិយបុគ្គល មិនញាប់ញ័រចំពោះភយន្តរាយណាៗទេ ព្រះបាទពិម្ពិសារដែលសម្រេចសោតាបត្តិផលតាំងពីគ្រាដែលព្រះបរម សាស្តាស្តេចយាងទៅកាន់ក្រុងរាជគ្រឹះជាលើកដំបូងកាលពី ៣០ ឆ្នាំកន្លងមកហើយ ទ្រង់ពុំខ្លាចញាប់ញ័រចំពោះ មរណភ័យនោះទេ ផ្ទុយទៅវិញព្រះអង្គត្រឡប់ជាបង្អស់ពេលទៅដោយការដើរចង្រ្កមខាងក្នុងពន្ធនាគារ សោយ សុខដែលកើតពីសមាធិនិងមគ្គផល មានព្រះឆវីវណ្ណផូរផង់កន្លង បើទុកជាទិនទិវាកន្លងផុតទៅក៏ដោយ ព្រះអង្គក៏នៅតែមិនក្ស័យព្រះជន្ម ។ លុះព្រះបាទអជាតសត្តុទ្រង់ជ្រាបរឿងនោះ ព្រះអង្គមិនសព្វព្រះរាជហឬទ័យយ៉ាងខ្លាំង ដែលព្រះជនកមិនព្រម ក្ស័យព្រះជន្មសមតាមព្រះមនោរថរបស់ព្រះអង្គ ព្រះអង្គទើបត្រាស់ហៅជាងកំណោរហ្លួងមកជាច្រើននាក់ហើយ ត្រាស់បញ្ជាថា "អស់លោកចូរយកកាំបិតកោរចៀរព្រះបាទទាំងពីររបស់ព្រះរាជបិតាយើង ហើយយកប្រេងនិងអំបិលលាបប្រឡាក់ឲ្យបានល្អ រួចហើយឆ្អើដោយរងើកភ្លើងធ្យូងគគីរ " ជាងកំណោរទាំងនោះទៅក្រាបទូល ព្រះបាទពិម្ពិសារព្រមទាំងទឹកភ្នែក ព្រោះពួកគេនៅមានភក្តីភាពចំពោះព្រះអង្គ ជួសនឹងព្រះរាជាទ្រង់ហាមប្រាម ប៉ុន្តែទ្រង់ត្រឡប់ជាត្រាស់ដោយព្រះភក្ត្រញញឹមស្រស់ថ្លាជាប្រក្រតីថា "សូមអញ្ជើញអស់លោកធ្វើតាមព្រះរាជបញ្ជារបស់ព្រះរាជាលោកចុះ" ពួកជាងកំណោរក្រាបទូលសូមព្រះរាជទានអភ័យទោសពីព្រះរាជាធិបតីហើយ ក៏ធ្វើតាមពាក្យបញ្ជារបស់ព្រះបាទអជាតសត្តុ បពិត្រទានម្ចាស់ ! មើលទៅឃើញថា ក្នុងវារៈចុងក្រោយ ព្រះរាជាធិបតីដែលទ្រទ្រង់នូវគុណធម៌ដ៏ប្រសើរក៏ទ្រង់ចូលទិវង្គតតាមព្រះមនោរថដ៏គម្រក់សោកៀរបស់ព្រះបាទអជាតសត្តុ ។ "បពិត្រលោកដ៏មានអាយុ ! " ខ្ញុំព្រះករុណានិយាយឡើងដោយកំហឹងកំហល់លើកដំបូង ប៉ុន្តែលុះដឹងខ្លួនថា កំពុងត្រូវកំហឹងគ្របសង្កត់ ខ្ញុំព្រះករុណាក៏ខំរម្ងាប់ចិត្តឲ្យជាប្រក្រតី "តាមដែលខ្ញុំកូរណាស្តាប់លោកតំណាលមកឃើញថា ព្រះបាទអជាតសត្តុទ្រង់ប្រព្រឹត្តអំពើគម្រក់នោះដោយសេរី មើលទៅដូចជាគ្មានអ្នកណាគិតជួយរារាំងហាមប្រាមឡើយ សូម្បីតែម្នាក់ក៏គ្មាន តើពួកអមាត្យរាជបរិវារចាស់ៗរបស់ព្រះបាទពិម្ពិសារទៅណាអស់? និម្មលអើយ ! ចុះហេតុអ្វីបានជាគ្មានអ្នកណាគិតជួយព្រះអង្គសោះអញ្ចឹង?" "បពិត្រទានម្ចាស់ ! " ភិក្ខុនិម្មលនិយាយឡើងដោយទឹកមុខស្រពាប់ស្រពោន "ធម្មតា មនុស្សច្រើនតែគិតដល់ខ្លួនឯងមុនអ្នកដទៃ ច្រើនតែគិតយករួចខ្លួនជាសំខាន់ ពួករាជបរិវារចាស់ៗរបស់ព្រះបាទពិម្ពិសារ កាលបើបានទទួលសំណូកពីព្រះបាទអជាតសត្តុនិងបានពាក្យសន្យាថានឹងទទួលបានព្រះរាជទានតំណែង សំខាន់ក្នុងព្រះរាជាណាចក្រ ក៏បែរទៅកាន់ជើងព្រះយោវរាជទាំងអស់ ម្នាក់ៗភ្លេចព្រះរាជាធិបតីដើមរបស់ខ្លួនអស់រលីង បែរទៅសហការជាមួយនឹងក្សត្រផ្តាច់ការយ៉ាងល្អ ព្រោះហេតុនេះបានជាព្រះបាទអជាតសត្តុទ្រង់ចាត់វិធានការបានយ៉ាងងាយស្រួល" "ចុះពួកមន្ត្រីរាជការជំនិតៗរបស់ព្រះបាទពិម្ពិសារដែលព្រះអង្គប្រដុងប្រជាវិញ តើពួកគេទៅណាអស់? លោកនិម្មល ! ឬថាបែរទៅចូលរួមនឹងព្រះបាទអជាតសត្តុអស់ហើយ បើអញ្ចឹង ពាក្យថា កតញ្ញូកតវេទី គ្មានន័យអ្វីទាល់តែសោះ" "បពិត្រទានម្ចាស់ ! មន្ត្រីរាជការចាស់ទុំខ្លះក៏អាណិតព្រះរាជាធិបតីនិងចង់ជួយព្រះអង្គដែរ ប៉ុន្តែមិនដឹងជាធ្វើដូចម្តេចបាន ព្រោះអំណាចផ្សេង ៗស្ថិតនៅក្នុងកណ្តាប់ព្រះហស្ថរបស់ព្រះបាទអជាតសត្តុអស់ហើយ ទោះបីធ្វើអ្វីទៅក៏គ្មានបានប្រយោជន៍អ្វីដែរ ក្រៅតែពីបង្កគ្រោះភ័យមកកាន់ខ្លួននិងគ្រួសារចោលទទេៗ ព្រោះហេតុនោះ មន្ត្រីរាជការទាំងនោះទើបនៅស្ងៀម ចាំសង្កេតមើលហេតុការណ៍ដោយសេចក្តីស្លុតរន្ធត់ចិត្ត"
បពិត្រលោកដ៏មានអាយុ ! លុះបានស្តាប់រឿងទារុណភាពឃោរឃៅរបស់ព្រះបាទអជាតសត្តុពីភិក្ខុនិម្មលហើយ ខ្ញុំព្រះករុណាក៏នឹកធ្ងន់ស្រពន់ចិត្តចិត្តហាក់នឹងថាត្រូវសិលាភ្នំសង្កត់ដើមទ្រូង នឹករំពឹងជញ្ជឹងក្នុងចិត្តថា ឥឡូវនេះ យុគសម័យអន្ធការបានចាប់ផ្តើមហើយក្នុងប្រវត្តិសាស្ត្ររបស់មគធរដ្ឋ សូម្បីតែក្សត្រអ្នកដឹកនាំប្រជារាស្ត្រនៅឃ្នើសឃ្នងខ្មាំងមិលដល់ថ្នាក់ធ្វើគុតព្រះរាជបិតាបង្កើតរបស់ខ្លួនបាន នឹងបាច់ពោលទៅថ្វីដល់ប្រជារាស្ត្រធម្មតា នោះ ចាប់តាំងពីពេលនេះតទៅ មគធរដ្ឋនឹងពោរពេញទៅដោយវិហិង្សាកាប់សម្លាប់គ្នា អំពើបះបោរចលាចលនឹងកើតឡើងសព្វកន្លែង កិត្តិនាមដ៏ថ្កុំថ្កើង វឌ្ឍនភាពដ៏រុងរឿង និងសុខសន្តិភាពដែលជាគុណសម្បត្តិយូរលង់ របស់មគធរដ្ឋបានត្រូវបំផ្លិចបំផ្លាញចោលទាំងស្រុង ។ "នែលោកមានអាយុ ! "ខ្ញុំព្រះករុណានិយាយនឹងភិក្ខុនិម្មល "ខ្ញុំកូរណាចង់ស្តាប់រឿងរបស់ព្រះទេវទត្តនិងព្រះបរមសាស្តាតទៅទៀត កាលបើព្រះបាទអជាតសត្តុទ្រង់បានគ្រប់គ្រងមគធរដ្ឋហើយ តើព្រះទេវទត្តបានរុងរឿងតាមដែរឬយ៉ាងណា?" "បពិត្រទានម្ចាស់ ! នៅពេលព្រះយោវរាជបានជាក្សត្រទ្រង់រាជ្យហើយ ព្រះទេវទត្តបានសមគប់ឃុបឃិតជាមួយនឹងព្រះអង្គដើម្បីធ្វើឃាតព្រះដ៏មានព្រះភាគជាម្ចាស់ ដំបូងព្រះទេវទត្តបានយល់ស្របនឹងព្រះបាទអជាតសត្តុ បញ្ជូនពួកខ្មាន់ធ្នូទៅដើម្បីឲ្យធ្វើឃាតព្រះដ៏មានព្រះភាគជាម្ចាស់ដោយគ្រាប់ព្រួញ ប៉ុន្តែដោយអំណាចនៃពុទ្ធានុភាព ឃើញថា ខ្មាន់ធ្នូទាំងនោះលើកដងធ្នូពាតស្មាផ្គងនឹងបាញ់ ក៏ស្រាប់តែគាំងបាញ់មិនបាន ធ្នូគាំងទាំងអស់ គ្រាប់ព្រួញមិនរត់ចេញពីបន្លោះធ្នូ លុះដាក់ធ្នូចុះក៏ដាក់មិនបាន ឈរស្ងៀមស្តឹងក្នុងឥរិយាបថត្រៀមបាញ់ ដោយទុក្ខវេទនា នៅទីបំផុត ខ្មាន់ធ្នូទាំងនោះក៏បានស្តាប់ព្រះធម្មទេសនារបស់ព្រះបរមសាស្តា បានសម្រេចសោតាបត្តិផល វិលត្រឡប់ទៅវិញ ធ្វើឲ្យព្រះទេវទត្តខក បំណងនិងខេខឹងយ៉ាងខ្លាំង កាលបើផែនការទី ១ ទទួលបរាជ័យ ព្រះទេវទត្តក៏អនុវត្តផែនការទី ២ តទៅ នៅថ្ងៃមួយ ខណៈដែលព្រះបរមសាស្តាទ្រង់កំពុងសម្រេចព្រះឥរិយាបថលើភ្នំគិជ្ឈកូដ ព្រះទេវទត្តបានលប លួចវារឡើងទៅលើកំពូលភ្នំនៅខាងលើទីប្រថាប់ ហើយក៏ប្រមៀលដុំថ្មមួយដុំយ៉ាងធំ ដើម្បីឲ្យកិនសង្កត់ ព្រះដ៏មានព្រះភាគជាម្ចាស់ ប៉ុន្តែដុំថ្មនោះបានរមៀលទៅទើរនៅត្រង់ដុំថ្មធំ ២ ដុំទៀតដែលនៅមិនឆ្ងាយពី ព្រះបរមសាស្តាប៉ុន្មាន កម្លាំងទង្គិចធ្វើឲ្យដុំថ្មនោះបែកខ្ចាយ បំណែកថ្ម ១ ដុំបានខ្ទាតទៅប៉ះទង្គិចព្រះបាទ របស់ព្រះដ៏មានព្រះភាគជាម្ចាស់ ធ្វើឲ្យព្រះលោហិតពុរពងឡើង បានសេចក្តីថា ផែនការគម្រក់របស់ព្រះទេវទត្តទទួលបរាជ័យទៀត ផែនការទី ៣ ដែលព្រះទេវទត្តជឿនឹងធ្វើឃាតព្រះបរមសាស្តាបានសម្រេច គឺ ការលែងដំរីនាឡាគិរីដែលកំពុងតែចុះប្រេងឃោរឃៅសាហាវ ចង់ឲ្យដំរីនាឡាគិរីព្រេចព្រះដ៏មានព្រះភាគជាម្ចាស់ នៅពេលនោះជាវេលាព្រឹក ព្រះបរមសាស្តាព្រមទាំងភិក្ខុសង្ឃកំពុងធ្វើដំណើរទៅតាមផ្លូវថ្នល់ក្នុងក្រុងរាជគ្រឹះដើម្បីធ្វើភិក្ខាចារតាមធម្មតា នៅពេលព្រះអង្គយាងមកដល់កន្លែងមួយ ហ្វូងមហាជនក៏ផ្អើលជ្រួលច្រាល់ រត់ប្រសេចប្រសាចវឹកវរ ស្រែកប្រកូកប្រាប់តៗគ្នាថា ដំរីចុះប្រេងមកហើយ ដំរីចុះប្រេងមកហើយ ម្នាក់ៗនាំគ្នារត់ចូលផ្ទះបិទទ្វារជិត នៅសល់តែព្រះបរមសាស្តានិងភិក្ខុសង្ឃឈរនៅលើទ្រូងផ្លូវ នៅពេលមិនយូរ ដំរីនាឡាគិរីដ៏កាចសាហាវនោះក៏ស្រែកកង្កួញវ៉ើងវ៉ាង រត់ប្រហុយធូលីព្រោងមកឈរច្រងាំងច្រងោនៅចំពោះមុខព្រះដ៏មានព្រះភាគជាម្ចាស់ នាខណៈអាសន្នទាន់ហន់នោះឯង ព្រះអានន្ទ ដែលជាពុទ្ធុបដ្ឋាកក៏បានសម្រេចចិត្តចេញទៅឈរពាំងមុខដំរីនាឡាគិរីដើម្បីការពារព្រះបរមសាស្តាត្រង់កណ្តាលនៃសេចក្តីភ័យស្លន់ស្លោរបស់ភិក្ខុសង្ឃដែលជាបុថុជ្ជននិងប្រជាជនដែលសង្កេតមើលហេតុការណ៍ ចេញពីបង្អួចផ្ទះ ប៉ុន្តែហេតុការណ៍ដែលគ្មានអ្នកណានឹកស្មានដល់ក៏កើតឡើង ដោយអំណាចនៃមេត្តាចិត្ត របស់ព្រះបរមសាស្តា ឬអំណាចអ្វីក៏មិនអាចសន្និដ្ឋានបាន ប្រាកដឃើញថា ដំរីកាចសាហាវនោះបានស្រែក សម្រែកឮគគ្រឹមទូទាំងនគរម្តងហើយក៏ពោបចុះទៀបបាទមូលរបស់ព្រះបរមសាស្តា លើកប្រមោយឡើងថ្វាយបង្គំ អស់ព្យសន៍ផ្លាងយ៉ាងរាបទាប បពិត្រទានម្ចាស់ ! នៅខណៈដែលកើតហេតុការណ៍ទាំងនោះ ខ្ញុំកូរណាស្ថិតនៅក្នុងជួររបស់ភិក្ខុតាមដំណើរព្រះបរមសាស្តានោះឯង នៅពេលឃើញដំរីនាឡាគិរីរត់ត្រង់ តម្រង់មករកពួកយើងជាលើកដំបូង ខ្ញុំកូរណាភ័យស្លន់ស្លោសឹងបាត់ស្មារតី សញ្ជាតញាណនៃការរត់គេចរំដោះជីវិត ស្ទើរតែធ្វើឲ្យខ្ញុំកូរណារត់ចោលជួរ ប៉ុន្តែកាលបើឃើញព្រះបរមសាស្តានិងភិក្ខុសង្ឃស្ថិតក្នុងសភាពស្ងប់ស្ងៀមនៅចំពោះមុខមរណភ័យ ខ្ញុំកូរណាក៏នឹកខ្លាចរអាចិត្ត ខំរម្ងាប់ចិត្តឲ្យជាប្រក្រតី ផ្តល់ទំនុកទុកចិត្តចំពោះពុទ្ធានុភាព ហើយក៏ឈរសម្លឹងមើលហេតុការណ៍ដោយតុណ្ហីភាព កាលបើហេតុការណ៍ប្រែក្លាយពីបាតដៃទៅជាខ្នងដៃបែបនោះ ខ្ញុំកូរណាសឹងតែមិនជឿក្រសែភ្នែកខ្លួនឯង ប៉ុន្តែនឹកធូរស្បើយរហើយចិត្តគួរនាដូចជាមានមនុស្សប្រមៀលដុំថ្មចេញពីទ្រូងទៅដូច្នោះ ប្រជាជនជាច្រើននាំគ្នាបើកទ្វារផ្ទះ រត់ចេញមកមើលហេតុការណ៍ដ៏ចម្លែកអស្ចារ្យនោះ ម្នាក់ៗស្រែកហ៊ោសូរស៊ានសរសើរព្រះពុទ្ធគុណ និងវីរភាពមោះមុតរបស់ព្រះអានន្ទដែលសុខចិត្តលះបង់ជីវិតរបស់ខ្លួនដើម្បីព្រះដ៏មានព្រះភាគជាម្ចាស់ បពិត្រទានម្ចាស់ ! វាជាហេតុការណ៍អស្ចារ្យដែលខ្ញុំកូរណាមិនអាចបំភ្លេចបានរហូតមួយជីវិត" ។
សង្ឃភេទ
[កែប្រែ]"បពិត្រទានម្ចាស់" ភិក្ខុនិម្មលតំណាលតទៅទៀត "ការប្រលែងដំរីនាឡាគិរីដើម្បីឲ្យព្រេចព្រះសម្មាសម្ពុទ្ធជាម្ចាស់ចាត់ជាអកុសលកម្មកម្រិតធ្ងន់លើកចុងក្រោយដែលព្រះបាទអជាតសត្តុនិងព្រះទេវទត្តសហការគ្នាធើ្វ ឡើង បន្ទាប់ពីហេតុការណ៍គួរឲ្យរន្ធត់ចិត្តនោះមក ពត៌មានក៏ផ្សព្វផ្សាយហុយហាយទៅពាសពេញទីក្រុងគួរនាដូចជាភ្លើងឆេះព្រៃ ប្រជាជនប្រជុំប្រឹក្សាគ្នារសឹបរសៀវជាក្រុមជាពួក ម្នាក់ៗថ្កោលសម្លឹងមើលទៅព្រះទេវទត្ត និងព្រះបាទអជាតសត្តុព្រោះដំណឹងនៃការបញ្ជូនពួកខ្មាន់ធ្នូទៅបាញ់ព្រះពុទ្ធជាម្ចាស់ និងពត៌មាននៃការប្រមៀលដុំថ្មសង្កត់ព្រះបរមសាស្តាលើភ្នំគិជ្ឃកូដចាប់ផ្តើមលេចឮតៗគ្នាទៅពីមាត់មួយទៅមាត់មួយ ប៉ុន្តែមិនទាន់មានអំណះអំណាងជាក់លាក់ថាអ្នកណាជាដើមហេតុទេ លុះមានការប្រលែងដំរីនាឡាគិរីម្តងទៀត ម្នាក់ៗក៏យល់ច្បាស់ក្នុងចិត្តថាប្រាកដជាព្រះទេវទត្តនិងព្រះបាទអជាតសត្តុមិនខាន ព្រោះដំរីនាឡាគិរីជាដំរីរាជ្យ គ្មានអ្នកណាហ៊ានប្រលែងបានទេក្រៅតែពីបានទទួលបញ្ជាពីព្រះមហាក្សត្រ ក្រោយពីនោះ កំហឹងក្រេវក្រោធនិងសម្អប់ ស្អប់ស្អាយចំពោះព្រះរាជាថ្មីក៏ផ្ទុះឡើងដល់ប្រជារាស្ត្រទូទៅ ហ្វូងមហាជនបានប្រមូលផ្តុំប្រជុំគ្នានិយាយថ្កោលទោសព្រះបាទអជាតសត្តុយ៉ាងបើកចំហ យុវក្សត្រមិនសព្វព្រះរាជហឬទ័យយ៉ាងខ្លាំងដែលបានទតឃើញអាកប្បកិរិយាដែលមិនគួរឲ្យទុកចិត្តរបស់ប្រជារាស្ត្រ មុនពេលដែលប្រទេសជាតិកើតជម្លោះភាន់ប្រែនោះឯង ព្រះអង្គក៏ទ្រង់ដោះស្រាយស្ថានការណ៍ដោយទ្រង់ប្រកាសឈប់សេពគប់រាប់រកនឹងព្រះទេវទត្ត ហើយទ្រង់ចេញបញ្ជាឲ្យដកហូតរណ្តាប់ ៥០០ ដែលទំនុកបម្រុងព្រះទេវទត្តនោះចោលទាំងអស់ ទង្វើរបស់ព្រះអង្គបានទទួលលទ្ធផលទាន់ហន់ គឺ ប្រជារាស្ត្របានកាត់បន្ថយពាក្យរិះគន់ដោយកំហឹងចុះខ្លះ" "បពិត្រទានម្ចាស់ ! ចំណែកឯព្រះទេវទត្តកាលបើទទួលបរាជ័យក្នុងការធ្វើឃាតព្រះបរមសាស្តា ហើយត្រូវកាត់ផ្តាច់សម្ពន្ធមេត្រីពីព្រះបាទអជាតសត្តុ និងបាត់បង់លាភយសអស់ហើយ ក៏រងទុក្ខវេទនា ប៉ុន្តែវិស័យនៃជនពាលមិនព្រមលះបង់ផែនការអាក្រក់របស់ខ្លួនងាយៗទេ កាលបើមិនអាចយកឈ្នះបានដោយផែនការអាក្រក់ ក៏គិតយកឈ្នះទឹកចិត្តប្រជាជនដោយផែនការល្អវិញ ពោលគឺ នៅថ្ងៃមួយ ខណៈដែលព្រះដ៏មានព្រះភាគជាម្ចាស់កំពុងសម្តែងព្រះធម្មទេសនានៅកណ្តាលចំណោមពុទ្ធបរិស័ទ ព្រះទេវទត្តក៏បានចូលទៅគាល់ហើយក្រាបទូលស្នើសុំវត្ថុ ៥ ប្រការ គឺ ស្នើឲ្យព្រះពុទ្ធអង្គទ្រង់បញ្ញត្តឲ្យភិក្ខុសង្ឃគង់នៅក្នុងព្រៃរហូតមួយជីវិត ១, គង់នៅត្រង់គល់ឈើរហូតមួយជីវិត ១, ត្រាច់ចរបិណ្ឌបាតជាវត្តរហូតមួយជីវិត ១, ស្លៀកដណ្តប់សំពត់បង្សុកូលរហូតមួយជីវិត ១, លះបង់ការឆាន់ត្រីនិងសាច់រហូតមួយជីវិត ១ បពិត្រទានម្ចាស់ ! លុះបានស្តាប់សម្នើ ៥ ប្រការរបស់ព្រះទេវទត្តហើយ ពុទ្ធបរិស័ទទាំងពួងក៏ជ្រាបបានភ្លាមថា ព្រះទេវទត្តមានចេតនាយកឈ្នះទឹកចិត្តរបស់មហាជនដែលជ្រះថ្លាក្នុងការបដិបត្តិយ៉ាងតឹងតែង ដើម្បីសម្តែងឲ្យអ្នកផងទាំងពួងយល់ឃើញថា ខ្លួនមានចេតនាល្អចំពោះព្រះពុទ្ធសាសនា ប្តេជ្ញាមោះមុតក្នុងការបដិបត្តិយ៉ាងតឹងតែងដើម្បីមោចនាការរលាស់ផុតចាកទុក្ខ ប៉ុន្តែមហាជនក៏ជ្រាបបានយ៉ាងច្បាស់ថា នោះគ្រាន់តែជាផែនការបោកប្រាស់ក្រសែភ្នែកមហាជនដើម្បីក្រពះខ្លួនឯងប៉ុណ្ណោះ ព្រះបរមសាស្តាដែលទ្រង់ជ្រាបចេតនាមិនបរិសុទ្ធរបស់ព្រះទេវទត្តបានត្រាស់ឆ្លើយថា 'កុំឡើយ ទេវទត្ត ! ភិក្ខុណាប្រាថ្នាគង់នៅក្នុងព្រៃ ភិក្ខុនោះចូរគង់នៅក្នុងព្រៃចុះ' ដូច្នេះជាដើម" ។
"ព្រះទេវទត្តក៏ដឹងដែរថា ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់មិនយល់ស្របនឹងពាក្យស្នើសុំរបស់ខ្លួន ហើយការដែល ទូលស្នើសុំក៏ដើម្បីប្រើជាភស្តុតាងក្នុងការឃោសនាខ្លួនឯង ហើយប្រើជាឧបករណ៍ក្នុងការមួលបង្កាច់ព្រះសម្មា សម្ពុទ្ធជាម្ចាស់ប៉ុណ្ណោះ បន្ទាប់ពីនោះ ព្រះទេវទត្តក៏ដើរឃោសនាថា "ម្នាលលោកដ៏មានអាយុទាំងឡាយ ! លោកទាំងឡាយបានឃើញហើយថា ពាក្យសម្តីរបស់ខ្ញុំកូរណានិងព្រះដ៏មានព្រះភាគជាម្ចាស់ តើមួយណាប្រសើរជាង? ខ្ញុំកូរណាបានលើកស្នើវត្ថុ ៥ ប្រការចំពោះព្រះដ៏មានព្រះភាគជាម្ចាស់ដើម្បីឲ្យភិក្ខុសង្ឃល្អប្រសើរដោយការបដិបត្តិយ៉ាងតឹងតែងដើម្បីរលាស់ខ្លួនឲ្យរួចផុតចាកទុក្ខបានឆាប់រហ័ស ប៉ុន្តែព្រះអង្គទ្រង់មិនយល់ស្រប សម្តែងឲ្យឃើញថា ព្រះអង្គទ្រង់ត្រេកអរក្នុងការបដិបត្តិធូររលុង បដិបត្តិដើម្បីសេចក្តីសុខក្សេមក្សាន្តក្នុងលោកនេះប៉ុណ្ណោះ ព្រោះហេតុនោះ បើអង្គណាប្រាថ្នាចង់រួចផុតចាកទុក្ខ ចូរដើរតាមខ្ញុំកូរណា" ចំណែកឯភិក្ខុទើបបួសថ្មីដែលមិនទាន់យល់ដឹងព្រះធម្មវិន័យបានល្អ នៅមិនទាន់មើលឃើញគុណរបស់ព្រះបរមសាស្តា កាលបើបានឮពាក្យបបួលរបស់ព្រះទេវទត្តហើយ ក៏កើតជំនឿជឿជាក់ ហើយក៏បានទៅស្ម័គ្របក្សពួកជាមួយនឹងព្រះទេវទត្ត មានគ្នាប្រមាណ ៥០០ រូប ចំណែកខាងព្រះទេវទត្តព្រមទាំងបរិវារក៏ត្រាច់ចរសុំបច្ច័យពីមហាជន ដែលជ្រះថ្លាក្នុងវត្ថុសៅហ្មងឆាន់ចិញ្ចឹមជីវិត នៅពេលជាមួយគ្នានោះក៏ព្យាយាមបំបែកសង្ឃឲ្យញែកចេញពីគ្នា ជា ២ ពួក បើទុកជាត្រូវព្រះបរមសាស្តា្ទទ្រង់ហាមប្រាមក៏មិនព្រមស្តាប់ នៅទីបំផុត ព្រះទេវទត្តក៏បំបែកសង្ឃដោយញែកធ្វើឧបោសថសង្ឃកម្មដាច់ដោយឡែកពីភិក្ខុសង្ឃហើយតែងតាំងខ្លួនឯងជាព្រះពុទ្ធជាម្ចាស់អង្គទី ២ ដោយអាកប្បកិរិយានិងលីលាយាត្រាការសម្តែងធម៌ស្រដៀងនឹងព្រះបរមសាស្តា បន្ទាប់ពីនោះក៏នាំភិក្ខុសង្ឃបរិវាររបស់ខ្លួនទៅកាន់គយាសីសៈប្រទេសប៉ែកទិសខាងត្បូងនៃក្រុងរាជគ្រឹះ ព្រះបរមសាស្តា្ននៅពេលទ្រង់ ជ្រាបដំណឹងនោះ ក៏ទ្រង់បញ្ជូនអគ្គសាវ័កទាំង ២ ទៅបញ្ចុះបញ្ចូលនាំយកភិក្ខុថ្មីជាបរិវាររបស់ព្រះទេវទត្តវិល ត្រឡប់មកវិញបានខ្លះ បន្ទាប់ពីនោះក៏ទ្រង់ប្រថាប់នៅក្នុងព្រះវេឡុវនារាមអស់ពេលយូរបង្គួរហើយ ព្រះបរមសាស្តាក៏ទ្រង់ពុទ្ធដំណើរទៅកាន់ក្រុងសាវត្ថី ចំណែកឯខ្ញុំកូរណាមិនបានតាមពុទ្ធដំណើរទៅទេ ព្រោះនឹកបារម្ភពីញោមស្រីចាស់ជរាដែលនៅក្នុងភូមិនេះ នៅពេលព្រះមបរមសាស្តាស្តេចយាងទៅហើយ ខ្ញុំកូរណាក៏ចាកចេញពីព្រះវេឡុវនារាមវិលត្រឡប់មកភូមិកំណើតនេះដូចដែលទានម្ចាស់ឃើញស្រាប់ " បពិត្រលោកដ៏មានអាយុ ! បន្ទាប់គង់សម្រាកនៅភូមិនោះជាមួយនឹងភិក្ខុនិម្មលរហូត ២ ឬ ៣ រាត្រីហើយ ខ្ញុំព្រះករុណាក៏លាភិក្ខុនិម្មលចេញធ្វើដំណើរតទៅ ទិសដៅរបស់ខ្ញុំព្រះករុណា គឺ ព្រះវេឡុវនារាម លុះបានស្តាប់ដំណឹងអាក្រក់ពីភិក្ខុនិម្មលហើយ ខ្ញុំព្រះករុណាក៏នឹកក្នុងចិត្តថាខ្លួនមានកំហុសខ្លះ ចាញ់ជឿសម្តីថ្វីមាត់ របស់ព្រះទេវទត្ត ហើយបានប្រគល់ព្រះវេឡុវនារាមឲ្យស្ថិតនៅក្នុងការគ្រប់គ្រងរបស់លោក រហូតដល់កើត ហេតុការណ៍អាក្រក់នោះឡើង ។ ខ្ញុំព្រះករុណាបានមកដល់ព្រះវេឡុវនារាមនៅរសៀលថ្ងៃមួយ ហើយនឹកសង្វេគស្លុតចិត្តយ៉ាងខ្លាំង ដែលបានឃើញព្រះអារាម ស្ថិតក្នុងសភាពស្ងប់ស្ងាត់កណ្តោចកណ្តែង ព្រោះភិក្ខុសង្ឃភាគច្រើនបានតាមពុទ្ធដំណើរ ទៅក្រុងសាវត្ថី នៅសល់តែភិក្ខុសង្ឃចាស់ជរាដែលមិនអាចធ្វើដំណើរទៅឆ្ងាយបានមិនប៉ុន្មានអង្គទេ ក្នុងចំនួននេះ មានភិក្ខុចាស់ ១ អង្គដែលធ្លាប់នៅជាមួយនឹងខ្ញុំព្រះករុណាឈ្មោះថា ធម្មបាល លោកត្រេកអរ ជាអតិបរមារហូតដល់ហូរទឹកភ្នែកដែលបានឃើញខ្ញុំព្រះករុណាវិលត្រឡប់មកវិញ ភិក្ខុធម្មបាលបានតំណាលរឿងរ៉ាវផ្សេងៗដែលកើតឡើងឲ្យខ្ញុំព្រះករុណាស្តាប់យ៉ាងល្អិតល្អន់ម្តងទៀត ធ្វើឲ្យខ្ញុំព្រះករុណាបានទទួលដំណឹងបន្ថែមទៀតតពីដំណឹងដែលភិក្ខុនិម្មលតំណាលឲ្យស្តាប់ ប៉ុន្តែសារៈសំខាន់ក៏ស៊ីគ្នាតែមួយ ។ "បពិត្រលោកម្ចាស់ ! តើទេវមិត្រឧបាសកនៅអញ្ជើញមកវត្តជាប្រក្រតីឬទេ? ខ្ញុំកូរណាចង់ជួបគាត់យ៉ាងខ្លាំង" ភិក្ខុជរាគង់គិតមួយស្របក់ហើយឆ្លើយថា "ទេវមិត្រឧបាសកធ្លាប់មកវត្តជាច្រើនដង បន្ទាប់ពីព្រះតេជគុណចាកចេញទៅ ប៉ុន្តែនៅពេលកើតរឿងរ៉ាវអាក្រក់ឡើងក្នុងក្រុងរាជគ្រឹះ គាត់ក៏បាត់ឈឹងទៅ មិនឃើញអញ្ជើញមកវត្តទៀតទេ ខ្ញុំកូរណាក៏មិនបានទៅបិណ្ឌបាតកាត់តាមផ្លូវផ្ទះរបស់គាត់ទេ" ។
នៅល្ងាចថ្ងៃនោះឯង ខ្ញុំព្រះករុណាបានធ្វើដំណើរចូលក្រុងរាជគ្រឺះដើម្បីទៅសួរសុខទុក្ខទេវមិត្រឧបាសក សង្កេតឃើញថា បរិយាកាសក្នុងក្រុងរាជគ្រឹះស្ងប់ស្ងាត់ស្រងេះស្រងោចជាងមុនឆ្ងាយណាស់ តាមផ្លូវថ្នល់ មានមនុស្ស មនាដើរឆ្លងកាត់ទៅមករបោះរបោយ ខ្ញុំព្រះករុណាបានដើរមកដល់គេហដ្ឋានរបស់ទេវមិត្រនៅពេលដួងអាទិត្យអស្តង្គតប៉ុន្តែនៅមិនទាន់ងងឹតទេ កាលដើរឆ្លងកាត់ទ្វាធំចូលទៅ ខ្ញុំព្រះករុណានឹកចម្លែកចិត្តយ៉ាងខ្លាំង ព្រោះជួសនឹងបានជួបមនុស្សក្នុងផ្ទះរបស់ទេវមិត្រឧបាសកមកទទួលរាក់ទាក់ដូចសព្វមួយដង ត្រឡប់ជាបានជួបនឹង ទាហានឈរកាន់ដាវយាមការពារនៅទាំងសងខាងទ្វារ ។ "តេជគុណនិមន្តទៅណា?" ទាហានម្នាក់សួរឡើងដោយសម្លេងក្រអាង "អាត្មាមកសួរសុខទុក្ខទេវមិត្រឧបាសក "ខ្ញុំព្រះករុណាឆ្លើយតាមត្រង់ "គាត់មិននៅទីនេះទៀតទេ" ទាហានដដែលឆ្លើយទាំងសម្លឹងមើលខ្ញុំព្រះករុណាដោយឥតពព្រិចភ្នែក "គាត់អញ្ជើញទៅណា?" ខ្ញុំព្រះករុណាសួរទាំងងឿងឆ្ងល់ "មិនដឹងទេទាំងគ្មានអ្នកណាដឹងឡើយ តេជគុណដឹងទេ?" "អាត្មាមិនដឹងទេ ព្រោះទើបតែដើរផ្លូវមកពីជនបទ ទើបតែមកដល់ទីក្រុងរាជគ្រឹះនៅថ្ងៃនេះឯង រឿងរ៉ាវយ៉ាងម៉េចដែរ សូមប្រាប់អាត្មាផងបានទេ?" ទាហានទាំង ២ នាក់សម្លឹងមើលមុខគ្នាមួយសន្ទុះហើយទាហានដដែលក៏និយាយឡើងថា "តេជគុណមិនដឹងពិតមែនឬថាទេវមិត្រឧបាសកនៅឯណា បើតេជគុណដឹងសូមប្រាប់ខ្ញុំកណាផង បើតេជគុណប្រាប់ទីលាក់ខ្លួនរបស់ទេវមិត្របាន តេជគុណនឹងទទួលបានព្រះរាជទានរង្វាន់យ៉ាងច្រើនពីព្រះបាទអជាតសត្តុ" "អាត្មាមិនដឹងពិតមែន" ខ្ញុំព្រះករុណាឆ្លើយដោយអាការមិងមាំងខ្លាំងឡើង "បើអាត្មាដឹងថាគាត់នៅទីកន្លែងណា អាត្មានឹងបានទៅជួបគាត់ហើយ អាត្មាមិនមកសួរញោមធ្វើអីទេ ក៏ផ្ទះនេះជាផ្ទះរបស់គាត់ អាត្មាគិតថា គាត់នៅទីនេះនៅឡើយ ទើបបានមកសួរសុខទុក្ខគាត់ដល់ទីនេះ អាត្មាដូចជាមិងមាំងអស់ហើយ សូមតំណាលប្រាប់អាត្មាផងថាតើរឿងរ៉ាវយ៉ាងម៉េច?" "បើតេជគុណមិនដឹងពិតមែន ខ្ញុំកណានឹងតំណាលឲ្យស្តាប់ គឺថា នៅពេលដែលព្រះបាទអជាតសត្តុទ្រង់ដណ្តើមរាជសម្បត្តិពីព្រះរាជបិតាបានហើយ មានអតីតមន្ត្រីរាជការរបស់ព្រះបាទពិម្ពិសារខ្លះរួមទាំងទេវមិត្រ ផង ព្យាយាមប្រឆាំងតតាំងនឹងក្សត្រអង្គថ្មី ហើយព្យាយាមជួយរំដោះព្រះបាទពិម្ពិសារចេញពីមន្ទីរឃុំឃាំង ជាច្រើនលើកច្រើនគ្រា ប៉ុន្តែមិនបានសម្រេច ជនបង្កហេតុត្រូវរាជបុរសចាប់បាន ហើយប្រហារជីវិតទាំងអស់ " "មានន័យថា ទេវមិត្រឧបាសកត្រូវប្រហារជីវិតយ៉ាងនោះឬ?"ខ្ញុំព្រះករុណាសួរដោយសេចក្តីស្លន់ចិត្ត "នៅទេ លោកសមណៈ !"ទាហានម្នាក់ឆ្លើយទាំងសើច "ពួកដែលត្រូវចាប់បាននិងត្រូវប្រហារជិវិតនោះត្រឹមតែជាកូនជឹងតូចតាចប៉ុណ្ណោះ ចំណែកឯមេខ្លោងនៅមិនទាន់ចាប់បានទេ ហើយក៏មិនដឹងថាទៅលាក់ខ្លួនឯណាដែរ ពួករាជបុរសរបស់ព្រះភូមិន្ទព្យាយាមយ៉ាងពេញកម្លាំងដើម្បីចាប់ពួកមេខ្លោងឲ្យបាន ប៉ុន្តែមិនសម្រេច ព្រះបាទអជាតសត្តុទើបប្រកាសឲ្យរង្វាន់ជាប្រាក់ ១០០០ កហាបណៈដល់ជនណាដែលអាចប្រាប់ទីលាក់ខ្លួនរបស់បុគ្គលថ្នាក់មេខ្លោងរួមទាំងទេវមិត្របាន" បពិត្រលោកដ៏មានអាយុ ! នៅពេលបានស្តាប់ឮពាក្យតំណាលប្រាប់របស់ទាហាន ខ្ញុំព្រះករុណាក៏រលឹកនឹកឃើញដល់ពាក្យសម្តីភិក្ខុនិម្មលថា ពួកមន្ត្រីរាជការចាស់ទុំរបស់ព្រះបាទពិម្ពិសារនៅពេលបានទទួលសំណូកពីព្រះបាទអជាតសត្តុហើយបែរទៅចូលខាងព្រះបាទអជាតសត្តុទាំងអស់ ដែលនេះមិនមែនជាការពិតទាំងអស់ ព្រោះប្រាកដឃើញថា នៅមានមន្ត្រីរាជការជាច្រើនដែលនៅមានភក្តីភាពចំពោះព្រះបាទ ពិម្ពិសារ ហើយកំពុងធ្វើការតស៊ូប្រឆាំងតតាំងនឹងក្សត្រអង្គថ្មីយ៉ាងអាថ៌កំបាំង ក្នុងចំនួននេះ ក៏មានទេវមិត្រឧបាសករបស់ខ្ញុំព្រះករុណាចូលរួមផង ខ្ញុំព្រះករុណាសឹងតែប្រាប់មិនត្រូវថា ខណៈនោះខ្ញុំព្រះករុណាមានលំនឹកគិតយ៉ាងណានោះទេ "ចុះភរិយា បុត្រធីតា និងទាសករបរិវាររបស់ទេវមិត្រទៅណាអស់?" ខ្ញុំព្រះករុណាសួរត "នៅពេលដែលព្រះមហាក្សត្រអង្គថ្មីទ្រង់ជ្រាបជាក់ច្បាស់ថា ទេវមិត្រជាមេខ្លោងឧទាមម្នាក់ ព្រះអង្គក៏មានព្រះរាជបញ្ជាឲ្យរឹបអូសយកទ្រព្យសម្បត្តិទាំងពួងរបស់គាត់រួមទាំងផ្ទះសម្បែងនិងដីធ្លីផង ព្រោះហេតុនោះ ពួកខ្ញុំកណាទើបត្រូវបានបញ្ជូនមកឲ្យយាមការពារផ្ទះរបស់គាត់ បើឃើញគាត់ត្រឡប់មកវិញនៅពេលណា ឲ្យចាប់ខ្លួនភ្លាម ចំណែកឯភរិយានិងបុត្រធីតារបស់គាត់ ពេលនេះនៅក្នុងព្រះរាជមន្ទីរ ព្រះរាជាទ្រង់ចាប់ខ្លួនជាចំណាប់ខ្មាំង សោតឯទាសករបរិវារបានភៀសទៅតាមនិងចូលបក្សពួកជាមួយនឹងទេវមិត្រទាំងអស់" បពិត្រលោកដ៏មានអាយុ ! កាលបើឃើញថា គ្មានអ្វីដែលត្រូវសាកសួរទាហានយាមប្រចាំការទៀតហើយ ខ្ញុំព្រះករុណាក៏ដើរត្រឡប់ទៅព្រះវេឡុវ័នវិញដោយចិត្តលន្លោចខ្លោចផ្សា សភាពស្ងាត់ស្រងេះស្រងោចរបស់ព្រះវេឡុវ័ន ធ្វើឲ្យខ្ញុំព្រះករុណាកើតលំនឹកហាក់នឹងថាខ្លួនជាមនុស្សចម្លែកមកនៅក្នុងតំបន់ថ្មីមួយទៀតដែល មិនធ្លាប់រស់នៅមកពីមុន ដើមឫស្សីខាងក្នុងវត្តមើលទៅរញមស្រពោនស្ងប់ឈឹងហាក់បីដូចជាឫស្សីស្ងួតហួតហែង សូម្បីតែហ្វូងកង្ហែនដែលធ្លាប់រត់លេងយ៉ាងរីករាយលើមែកឫស្សីក៏មើលទៅល្បោះល្បោយយ៉ាងខ្លាំង ខ្ញុំព្រះករុណាសង្កេតឃើញកង្ហែងមិនប៉ុន្មានក្បាលផងដែលរត់ភ្លនៗទៅតាមមែកឫស្សីយ៉ាងស្រងេះស្រងោច សភាពនៃសំណោកសោកសង្រេង និងសភាពស្មុតទ្រុឌទ្រោមបានប្រាកដឲ្យឃើញជាទូទៅ បរិយាកាសដ៏លន្លង់លន្លោចយ៉ាងនេះ ធ្វើឲ្យខ្ញុំព្រះករុណាកើតមានគំនិតថ្មីឡើង គឺថា នឹងគេចខ្លួនចេញពីក្រុងរាជគ្រឹះទៅឲ្យឆ្ងាយជាទីបំផុតតាមដែលអាចទៅឆ្ងាយបាន ហើយនឹងមិនវិលត្រឡប់មកវិញទៀតទេ ខ្ញុំព្រះករុណាស្នាក់នៅក្នុងព្រះវេឡុវនារាមអស់រយៈពេល ២ ឬ ៣ ថ្ងៃ ខំសសោះអន្ទងលួងចិត្តភិក្ខុចាស់ជរាដែលនៅសល់ឲ្យប្រកាន់ខ្ជាប់ក្នុងសម្មាបដិបត្តិហើយខ្ញុំព្រះករុណាក៏ចាកចេញដំណើរដើរផ្លូវតទៅទៀត ។
ដល់មិត្រព្រហ្មចារី
[កែប្រែ]បពិត្រលោកដ៏មានអាយុ ! ព្រះវេឡុវនារាមនាពេលនេះស្ថិតក្នុងសភាពស្ងប់ស្ងាត់គួរឲ្យសោកសង្រេងយ៉ាងខ្លាំង ព្រះអារាមដែលធ្លាប់តែខ្នាន់ខ្នាប់ដោយបរិស័ទទាំង ៤ ដែលភ្លូកភ្លឹកមកពីទិសានុទិស ដើម្បីទទួលអមតធម្មវារី ដែលហូរចេញពីព្រះពុទ្ធឱស្ឋ បានប្រែក្លាយហាក់បីដូចជាអារាមបុះដែលគ្មានអ្នកណាអាស្រ័យនៅអស់កាលជាយូរអង្វែង កុដិ វិហារ ធម្មសាលាដែលធ្លាប់តែស្អាតស្អានរលើបរលីង ឥឡូវនេះមើលទៅព្រលូសព្រលូញរតាត់ រតាយ ហួសវិស័យដែលភិក្ខុចាស់ជរា ២ ឬ ៣ អង្គដែលនៅសល់មើលថែរក្សាឲ្យសព្វគ្រប់បាន ផ្លូវដើរតភ្ជាប់រវាង កុដិនិងកុដិដែលធ្លាប់មើលទៅគួរជាទីរីករាយនៃចិត្តខាងក្រោមម្លប់ដ៏ត្រឈឹងត្រឈៃនៃមែកឫស្សីក្រាស់ឃ្មឹក ឥឡូវនេះ ខ្វះអ្នកមើលថែបោសច្រាសទើបត្រូវស្លឹកឫស្សីនិងមែកឫស្សីស្ងួតហួតហែងដែលរុះជ្រុះមកពីខាងលើគ្របដណ្តប់ពាសពេញរហូតដល់មើលមិនឃើញផ្ទៃដី ខ្ញុំព្រះករុណាដើរពិនិត្យមើលវត្តដែលធ្លាប់អាស្រ័យនៅដោយចិត្តស្តាយស្រណោះ ទិដ្ឋភាពស្មុតទ្រុឌលន្លង់លន្លោចនៃសារពើវត្ថុដែលនៅជុំវិញខ្លួន ធ្វើឲ្យខ្ញុំព្រះករុណា ផ្អូករលឹកនឹកដល់អនុសាសនីរឿងអនិច្ចតារបស់ព្រះបរមសាស្តា សង្ខារទាំងឡាយមិនទៀងទាត់ កើតឡើង ចម្រើនឡើង ទ្រុឌទ្រោមចុះហើយក៏រលត់ទៅវិញ គ្មានធម្មជាតណាមួយទៀងទាត់ទេក្រៅតែសភាពមិនទៀងទាត់ហ្នឹងឯង ព្រះវេឡុវនារាមនេះកាលពីមុនគ្រាន់តែជាព្រៃឫស្សីជាទីអាស្រ័យនៅនៃហ្វូងកង្ហែនប៉ុណ្ណោះ លុះចំណេរកាលតមក កាលបើព្រះបាទពិម្ពិសារទ្រង់បានវេរថ្វាយឲ្យជាព្រះអារាមដល់ព្រះបរមសាស្តា ព្រះវេឡុវនារាមក៏ក្លាយទៅជាសង្ឃាវាសដ៏រុងរឿង ប៉ុន្តែនៅពេលដែលព្រះបាទពិម្ពិសារទ្រង់សោយទិវង្គតទៅ ព្រោះស្នាព្រះហស្ថរបស់ព្រះបាទអជាតសត្តុដែលជាព្រះរាជឱរស និងសង្ឃមណ្ឌលបានបាក់បែកខ្ចាត់ខ្ចាយទៅដោយស្នាដៃរបស់ព្រះទេវទត្តបែបនេះ ព្រះវេឡុវនារាមក៏ស្មុតទ្រុឌទ្រោមទៅយ៉ាងឆាប់រហ័ស ក្លាយទៅជាព្រៃឫស្សីជាទីអាស្រ័យនៅរបស់ហ្វូងកង្ហែនដូចដើមវិញ កុំថាឡើយតែព្រះវេឡុវនារាម សូម្បីតែក្រុងរាជគ្រឹះជារាជធានីនៃមគធរដ្ឋដ៏ល្បីរន្ទឺឮសុសសាយនៅថ្ងៃណាមួយខាងមុខក៏នឹងក្លាយទៅជាគំនរដីនិងព្រៃរបោះ ដ៏ស្ងាត់ស្រងោចមិនខាន ។ នៅល្ងាចថ្ងៃនោះ ខ្ញុំព្រះករុណាបានកោះហៅប្រជុំភិក្ខុជរា ២ ឬ ៣ រូបដែលនៅសល់ក្នុងព្រះវេឡុវនារាមហើយ បានផ្តល់អនុសាសន៍ថា "បពិត្រលោកម្ចាស់ទាំងឡាយ ! សង្ខតធម៌ទាំងឡាយមានសភាពសាបសូន្យទៅជាធម្មតា មានកើតឡើង ប្រែប្រួលហើយក៏រលត់ទៅ មើលតែព្រះវេឡុវនារាមនេះចុះ សម័យមួយ ធ្លាប់តែចម្រើនរុងរឿង ណែនណាន់តាន់តាប់ដោយពុទ្ធបរិស័ទ ឆ្អែតឆ្អន់ ស្រាកស្រាន្តដោយពុទ្ធធម៌ ត្រជាក់ត្រជុំសុខដុមដោយសន្តិភាព កក់ក្តៅអន់ស្រន់នៅក្រោមពុទ្ធានុភាព គួរនាដូចជាស្រះបោក្ខរណីដែលពេញប្រៀបដោយធម្មវារីដែលប្រជាសត្វអ្នកស្រេកឃ្លានមកពីចតុរាទិសបានបរិភោគសោយសុខ ប៉ុន្តែឥឡូវនេះ ឃើញទេ? លោកម្ចាស់ទាំងឡាយក៏ឃើញជាក់ច្បាស់នឹងភ្នែកហើយ កុំថាឡើយតែព្រះវេឡុវនារាម សូម្បីតែអត្តភាពរាងកាយរបស់យើងនេះក៏ចេះតែទ្រុឌទ្រោមទៅរាល់ថ្ងៃ នៅថ្ងៃណាមួយប្រាកដជានឹងសល់តែធូលីកប់ផ្ទៃដីប៉ុណ្ណោះ" ។ កាលបើមើលឃើញស្ថានភាពរបស់ព្រះវេឡុវនារាមហើយ លោកម្ចាស់ទាំងឡាយអាចនឹងសោកសង្រេង និង ស្តាយស្រណោះ មូលហេតុដែលស្តាយស្រណោះក៏ព្រោះតែលោកម្ចាស់ទាំងឡាយមិនចង់ឃើញព្រះវេឡុវនារាមស្ថិតនៅក្នុងសភាពទ្រុឌទ្រោមបែបនេះ លោកម្ចាស់ទាំងឡាយចង់ឲ្យព្រះវេឡុវនារាមចម្រើនរុងរឿងដូចសព្វដង កាលបើវាមិនប្រព្រឹត្តទៅតាមចំណង់របស់លោកម្ចាស់ទាំងឡាយ លោកម្ចាស់ទាំងឡាយក៏ សោកសង្រេង សំណោកសោកសង្រេងនេះព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងត្រាស់ថាជាសេចក្តីទុក្ខ ជាទុក្ខដែលកើតឡើងព្រោះចំណង់ឬបំណងប្រាថ្នារបស់លោកម្ចាស់ទាំងឡាយ មិនមែនកើតឡើងព្រោះដំណើរប្រែប្រួលរបស់វត្ថុទាំងឡាយទេ ព្រោះអ្វីៗតែងប្រែប្រួលទៅបែបនោះជាប្រក្រតីធម្មតា ទោះបីយើងកើតមកក្នុងលោកនេះឬមិនកើតមកក៏ដោយ វាក៏ប្រែប្រួលទៅរបស់វាយ៉ាងនោះឯង ប្រៀបបីដូចជាក្រសែទឹកក្នុងស្ទឹងគង្គាដែលហូរទៅកាន់មហាសាគរប៉ែកខាងទិសបូព៌អស់កាលជានិរន្តរ គ្មានអំណាចណាៗមកបង្គាប់បញ្ជាឲ្យក្រសែទឹកនោះហូរបកទៅទិសបស្ចឹមបានទេ គ្មានអំណាចណាៗមកបង្គាប់បញ្ជាឲ្យសង្ខតធម៌ទាំងឡាយ នៅឋិតថេរចីរកាលបានទេ ប៉ុន្តែបើទុកជាដូច្នោះក៏ដោយ ចិត្តរបស់យើងក៏ចង់ឲ្យវាអន្ទោលទៅតាមដែលយើងប្រាថ្នាចង់បាន កាលបើវាមិនប្រព្រឹត្តទៅតាមដែលយើងប្រាថ្នាចង់បាន យើងក៏រងទុក្ខទោមនស្ស កាលបើដូច្នេះ ទើបឈ្មោះថា យើងសាងទុក្ខទោមនស្សឲ្យដល់ខ្លួនឯង ។
"បពិត្រលោកដ៏មានអាយុ ! ក្នុងលោកនេះមានអ្វីៗច្រើនសន្ធឹកសន្ធាប់ណាស់ដែលយើងមិនអាចដោះស្រាយបាន កាលបើយើងមិនអាចដោះស្រាយវាបាន យើងត្រូវដោះស្រាយចំពោះខ្លួនយើងសិន យើងត្រូវសម្របចិត្ត របស់យើងឲ្យចូលជាមួយនឹងវា ទើបមិនកើតទំនាស់ក្នុងចិត្តនិងសេចក្តីទុក្ខ ចូរកុំបញ្ច្រាសក្រសែធម្មជាតិ ដែលយើងមិនអាចនឹងបញ្ច្រាសបាន ចូរទទួលយកក្រសែប្រែប្រួលរបស់វដ្តលោក ហើយលោកម្ចាស់ទាំងឡាយនឹងរស់នៅក្នុងវដ្តលោកនេះដោយសេចក្តីសុខ ម៉្យាងទៀត កាលបើលោកម្ចាស់ទាំងឡាយយល់ជ្រួតជ្រាបដល់កម្លាំងអនិច្ចំច្បាស់លាស់ចំពោះចិត្តហើយ ចូរកុំប្រមាទ ចូរប្រញាប់ប្រញាល់សាងគុណធម៌ដែលមិនទាន់មានឲ្យកើតឡើងក្នុងខ្លួនមុននឹងចូលដល់វិនាទីចុងក្រោយនៃជីវិត អំពើអាក្រក់តាមផ្លូវកាយ វាចា ចិត្តណានីមួយដែលមិនទាន់លះបង់បាន ចូរប្រញាប់ប្រញាល់លះបង់ឲ្យដាច់ស្រឡះ អំពើល្អតាមផ្លូវកាយ វាចា ចិត្ត ណានីមួយដែលមិនទាន់បានធ្វើ ចូររួសរាន់ធ្វើឲ្យបានឆាប់ កិលេសគ្រោតគ្រាតជំពូកណាដែលកើតឡើងក្នុងចិត្ត ធ្វើឲ្យចិត្តល្អក់ល្អន់ ចូរកម្ចាត់បង់ដោយសមាធិ កិលេសល្អិតល្អន់ជំពូកណាដែលនៅដេកត្រាំក្នុងសន្តាន ចូរកម្ចាត់បង់ដោយបញ្ញា បើលោកម្ចាស់ទាំងឡាយធ្វើបានតាមគោលការណ៍ដូចដែលរៀបរាប់មកនេះ បើទុកជាមិនបានសម្រេចមគ្គផល ក្នុងព្រះពុទ្ធសាសនាក៏ដោយ ក៏មានជីវិតរស់នៅយ៉ាងសុខសាន្តក្នុងបច្ចុប្បន្នជាតិនេះ លើសពីនោះទៀត ថែមទាំងបានជាឧបនិស្ស័យបារមីសម្រាប់ភពជាតិតទៅមុខផង" ។ នៅពេលបានផ្តល់អនុសាសន៍ដល់មិត្រព្រហ្មចារីហើយ ខ្ញុំព្រះករុណាក៏ពោលអាបុច្ឆនកថាលាកលាដើម្បីធ្វើដំណើរចាកចេញពីព្រះវេឡុវនារាមនៅថ្ងៃព្រឹកឡើង លុះបានដឹងថាខ្ញុំព្រះករុណានឹងធ្វើដំណើរចាកចេញទៅ ភិក្ខុជរាគួរឲ្យអាសូរទាំងនោះក៏ទទូចអង្វរ សូមឲ្យខ្ញុំព្រះករុណាគង់នៅក្នុងព្រះវេឡុវនារាមតទៅទៀត "បពិត្រលោកម្ចាស់រេវត្តៈ ! "ភិក្ខុមួយរូបពោលឡើង "សូមនិមន្តលោកម្ចាស់គង់នៅប្រោសពួកខ្ញុំកូរណាសិនផង កុំបោះបង់ចោលពួកខ្ញុំកូរណាឡើយ ពួកខ្ញុំកូរណាជាភិក្ខុចាស់ ទើបនឹងបព្វជ្ជាឧបសម្ប័ទក្នុងព្រះពុទ្ធសាសនាមិនយូរប៉ុន្មាន នៅមិនទាន់យល់ជាក់ច្បាស់ក្នុងបដិបទាមគ្គ ពេលនេះ ពួកខ្ញុំកូរណាគ្មានទីពឹងណាទៀតទេ ព្រះបរមសាស្តាព្រមទាំងភិក្ខុសង្ឃក៏បានចាកចេញទៅកាន់ក្រុងសាវត្ថីហើយ ពួកខ្ញុំកូរណាជាភិក្ខុចាស់មិនមានកម្លាំងកំហែងល្មមនឹងតាមពុទ្ធដំណើរទៅបានទេ ទើបទើរនៅទីនេះដោយសង្ឃឹមថានឹងបានលោកម្ចាស់ជាទីពឹង ប៉ុន្តែបើលោកម្ចាស់នឹងចាកចេញទៅទៀត តើឲ្យពួកខ្ញុំកូរណាបានអ្នកណាជាទីពឹង?" "បពិត្រលោកម្ចាស់ទាំងឡាយ ! " ខ្ញុំព្រះករុណាឆ្លើយតបដោយយល់ចិត្តអាណិតអាសូរភិក្ខុចាស់ទាំងនោះ "ដោយទឹកចិត្តពិត មេត្តាធម៌និងករុណាធម៌បានដាស់តឿនខ្ញុំកូរណាឲ្យរស់នៅជាមួយនឹងលោកម្ចាស់ ឲ្យរស់នៅជាមួយនឹងព្រះវេឡុវនារាមដែលខ្ញុំកូរណាធ្លាប់រស់នៅរាប់សិបឆ្នាំ ប៉ុន្តែភារកិច្ចនៅខាងមុខរបស់ខ្ញុំកូរណាកំពុងតែរងចាំទាំងដើម្បីប្រយោជន៍ដល់អ្នកដទៃនិងប្រយោជន៍របស់ខ្លួនឯង ខ្ញុំកូរណានៅជាបុថុជ្ជន នៅមានកិលេសក្រាស់ក្រែលក្នុងសន្តានដែលត្រូវកម្ចាត់បង់ដូចយ៉ាងលោកម្ចាស់ទាំងឡាយដែរ ខ្ញុំកូរណាបាននៅគ្រប់គ្រងព្រះវេឡុវនារាមដើម្បីប្រយោជន៍ដល់អ្នកដទៃមកយូរហើយ ឈានចូលដល់ឆ្នាំទី ១៦ ឃើញថា សង្ខាររាងកាយក៏ចាស់ទ្រុឌទ្រោមទៅរាល់ថ្ងៃ ដោយពុំបានធ្វើប្រយោជន៍ខ្លួនឡើយ ព្រោះហេតុនោះ សូមលោកម្ចាស់ទាំងឡាយមេត្តាយល់ចិត្តអាណិតខ្ញុំកូរណាខ្លះផង សូមឲ្យខ្ញុំកូរណាបានត្រាច់ចារិកទៅដើម្បីបំពេញសមណធម៌តាមយថាផាសុកចុះ លុះបានសម្រេចមគ្គផលបង្គួរហើយ ខ្ញុំកូរណានឹងវិលត្រឡប់មករស់នៅក្នុងព្រះវេឡុវនារាមវិញលុះត្រាតែដល់អវសានកាលនៃជីវិត" ។
"មួយវិញសោត លោកម្ចាស់ទាំងឡាយសុទ្ធតែបានបព្វជ្ជាឧបសម្ប័ទនៅចំពោះព្រះភក្ត្ររបស់ព្រះបរមសាស្តា ទាំងបានទទួលពុទ្ធោវាទបឋមជាបដិបទាមគ្គរាល់អង្គហើយ មិនសមបីបើនៅគិតពឹងពាក់អាស្រ័យអ្នកដទៃនោះទេ ព្រះធម៌ដែលព្រះបរមគ្រូទ្រង់សម្តែងហើយនោះគឺជាទីពឹងរបស់ពួកយើង ចូរលោកម្ចាស់ទាំងឡាយបដិបត្តិព្រះធម៌ចុះ ហើយព្រះធម៌នឹងរក្សាការពារលោកម្ចាស់ទាំងឡាយ ព្រះធម៌នឹងបានជាទីពឹងដល់លោកម្ចាស់ទាំងឡាយ " "បពិត្រលោកម្ចាស់ ! " ភិក្ខុជរាមួយរូបទៀតស្រដីឡើង " សូម្បីតែព្រះធម៌ជាពាក្យប្រៀនប្រដៅរបស់ព្រះបរមសាស្តា ពួកខ្ញុំកូរណាក៏មិនទាន់យល់ច្បាស់ល្អដែរ បានស្តាប់ព្រះធម្មទេសនារបស់ព្រះអង្គមិនប៉ុន្មានដងផងក៏ស្រាប់តែកើតហេតុការណ៍អាក្រក់ឡើង ហើយព្រះបរមសាស្តាព្រមទាំងភិក្ខុសង្ឃក៏ទ្រង់ពុទ្ធដំណើរទៅកាន់ ក្រុងសាវត្ថី បើលោកម្ចាស់រេវត្តៈមានសេចក្តីចាំបាច់ត្រូវចាកចេញទៅ ខ្ញុំកូរណាក៏មិនអាចហាមឃាត់លោកម្ចាស់បានដែរ ប៉ុន្តែមុននឹងនិមន្តទៅ សូមនិមន្តលោកម្ចាស់ប្រទានសាសនោវាទណែនាំវិធីបដិបត្តិដើម្បីសេចក្តីរួចផុតចាកទុក្ខដល់ពួកខ្ញុំកូរណាផង" "បពិត្រលោកម្ចាស់ទាំងឡាយ ! " ខ្ញុំព្រះករុណាចាប់ផ្តើមផ្តល់សាសនោវាទ "ខ្ញុំកូរណាក៏នៅជាបុថុជ្ជនដូចយ៉់ាងលោកម្ចាស់ទាំងឡាយដែរ នៅមានកិលេសាសវៈដេកត្រាំក្នុងសន្តាន ទោះបីបើដឹងវិធីបដិបត្តិក៏ដោយ ក៏ដឹងព្រោះអាស្រ័យបរិយត្តិនិងសញ្ញា មិនមែនយល់ដឹងដែលកើតចេញពីញាណពិសេសដែលជាផលនៃវិជ្ជានិងវិមុត្តិនោះទេ ប៉ុន្តែក្នុងឋានៈដែលឧបសម្ប័ទមកយូរ និងបានស្តាប់ពុទ្ធោវាទពីព្រះឱស្ឋរបស់ព្រះបរមសាស្តា ខ្ញុំកូរណា សូមប្រគេនពាក្យណែនាំក្នុងផ្លូវបដិបត្តិតាមដែលបានស្តាប់ឮមកយ៉ាងសង្ខេប ប៉ុន្តែជាបឋម ខ្ញុំកូរណាសូមសាកសួររំយល់របស់លោកម្ចាស់ទាំងឡាយសិន លោកម្ចាស់ទាំងឡាយដឹងច្បាស់ហើយមែនទេថា គោលបំណងរបស់ព្រហ្មចារ្យ គឺ អ្វី? " ភិក្ខុជរាគង់នៅស្ងៀម សម្លឹងមើលមុខគ្នាទៅវិញទៅមក ហាក់នឹងថាប្រចាំគ្នាឲ្យឆ្លើយតប មួយស្របក់ធំកន្លងទៅ ភិក្ខុជរាមួយរូបទើបស្រដីឡើងថា "បពិត្រទានម្ចាស់ ! ខ្ញុំកូរណាយល់ឃើញថា គោលបំណងរបស់ព្រហ្មចារ្យ គឺ ព្រះនិព្វាន " "ត្រឹមត្រូវហើយ លោកម្ចាស់ ! " ខ្ញុំព្រះករុណាឆ្លើយរ៉ាប់រងហើយសួរតទៅទៀតថា "ប៉ុន្តែលោកម្ចាស់មានដឹងទេថាតើនិព្វាននោះ គឺ អ្វី?" "ខ្ញុំកូរណាបានស្តាប់ឮមកថា និព្វាន គឺ សភាពដែលរំលត់ទុក្ខព្រមទាំងហេតុនៃទុក្ខទាំងពួង"ភិក្ខុជរាមួយរូបទៀតឆ្លើយតប "ត្រឹមត្រូវណាស់ លោកម្ចាស់ !" ខ្ញុំព្រះករុណានិយាយបន្ថែម
"បពិត្រទានម្ចាស់ ! "ភិក្ខុរូបដែលមានអាយុតិចជាងអង្គដទៃនិយាយជ្រែកឡើង "ខ្ញុំកូរណាមានសេចក្តីសង្ស័យមកយូរហើយ ថាតើនិព្វានមានពិតមែនឬទេ បើមានមែន តើនៅឯណា? សូមនិមន្តទានម្ចាស់ជួយពន្យល់ដល់ខ្ញុំកូរណាផង"
"បពិត្រលោកម្ចាស់ ! សេចក្តីសង្ស័យរបស់លោកម្ចាស់ចាត់ទុកថាមានហេតុគួរឲ្យសង្ស័យពិតមែន ប៉ុន្តែសេចក្តីសង្ស័យខ្លះជួនកាលជាធម៌យឺតយូរនាំឲ្យអល់ឯកក្នុងការបដិបត្តិ ប៉ុន្តែបើលោកម្ចាស់កើតសេចក្តីសង្ស័យឡើងហើយ ខ្ញុំកូរណានឹងព្យាយាមដោះស្រាយសេចក្តីសង្ស័យរបស់លោកម្ចាស់សិន ខ្ញុំកូរណាសូមសួរលោកម្ចាស់ថា តើក្រុងវេសាលីមានពិតមែនឬទេ? " "មានពិតមែនណៈ ទានម្ចាស់ ! "ភិក្ខុរូបនោះឆ្លើយតប "តើលោកម្ចាស់ដឹងបានដូចម្តេចថាក្រុងវេសាលីមានពិតមែន តើលោកម្ចាស់ធ្លាប់និមន្តទៅឃើញដោយភ្នែករបស់ខ្លួនឯងឬ?" "ខ្ញុំកូរណាមិនធ្លាប់ឃើញទេ ទានម្ចាស់ ! ប៉ុន្តែមានមនុស្សជាច្រើនដែលគេទៅឃើញដោយភ្នែកខ្លួនឯង ហើយនាំយកមកតំណាលឲ្យខ្ញុំកូរណាស្តាប់" "ឧបមាថា លោកម្ចាស់ចង់នឹងទៅពិសោធដោយខ្លួនឯងថាតើក្រុងវេសាលីមានពិតមែនឬទេ តើមានផ្លូវណាដែលលោកម្ចាស់អាចទៅបានទេ?" "មាន ទានម្ចាស់ ! ខ្ញុំកូរណាអាចនឹងទៅពិសោធបានសព្វកាល ក៏ក្រុងវេសាលីស្ថិតនៅកន្លែងដើមទាំងផ្លូវទៅកាន់ក្រុងវេសាលីក៏មាន ខ្ញុំកូរណាអាចនឹងធ្វើដំណើរទៅបានគ្រប់ពេលវេលា" នៅពេលដេញដោលគូសន្ទនាឲ្យស្ថិតនៅក្នុងឋានានុរូបហើយ ខ្ញុំព្រះករុណាក៏ស្រដីឡើងថា "ព្រះនិព្វានក៏ដូចនឹងក្រុងវេសាលីនោះឯង លោកម្ចាស់ ! សូម្បីបើលោកម្ចាស់មិនធ្លាប់ទៅព្រះនិព្វានក៏ដោយ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលបានទៅដល់ព្រះនិព្វានដោយខ្លួនឯងហើយនាំយកមកតំណាលឲ្យយើងស្តាប់ បុគ្គលដែលទៅដល់ព្រះនិព្វានមុនគេ ហើយនាំយកមកតំណាលឲ្យយើងស្តាប់ គឺ ព្រះបរមសាស្តារបស់យើងហ្នឹងឯង ប្រសិនបើលោកម្ចាស់ចង់នឹងពិសោធថាការដែលទៅដល់ព្រះនិព្វាននោះមានពិតមែនឬទេ លោកម្ចាស់អាចធ្វើដំណើរទៅបាន ដោយដើរតាមផ្លូវដ៏ប្រសើរដែលហៅថា អរិយមគ្គ ដែលព្រះបរមសាស្តាទ្រង់បានសម្តែងទុកហើយយ៉ាងបើកចំហ ច្បាស់លាស់ ឥតបិទបាំងលាក់លៀមទេ ឧបមាឧបមេយ្យដែលខ្ញុំកូរណាបានលើកឡើងមកសម្តែងនេះ តើល្មមនឹងធ្វើឲ្យលោកម្ចាស់យល់បានឬនៅថាព្រះនិព្វានមានពិតមែន" "យល់បានហើយ ទានម្ចាស់ !" ភិក្ខុរូបដដែលឆ្លើយតប "តាមសភាពពិតនោះ ព្រះនិព្វាន ប្រែថា សេចក្តីរំលត់ទុក្ខ សេចក្តីទុក្ខជាសច្ចភាពនៃជីវិតដែលលោកម្ចាស់ទាំងឡាយកំពុងតែប្រឈមមុខនៅគ្រប់ខណៈ បញ្ហាសំខាន់មិនមែនស្ថិតនៅត្រង់ថានិព្វានមានមែនឬមិនមែននោះទេ ប៉ុន្តែស្ថិតនៅត្រង់ថាតើធ្វើដូចម្តេចទើបអាចរំលត់ទុក្ខបាន បញ្ហាប្រឈមមុខរបស់យើង គឺ ការរំលត់សេចក្តីទុក្ខដែលកំពុងតែឆេះរោលរាលយើង ប្រៀបដូចជាបុរសដែលត្រូវគ្រាប់ព្រួញរបស់បច្ចាមិត្រ ដេកឈឺចុកចាប់ថ្ងួចថ្ងូរ ភារកិច្ចដែលគេគួរប្រញាប់ធ្វើភ្លាម គឺ ការដកគ្រាប់ព្រួញចេញ ហើយរក្សាព្យាបាលមុខរបួស ឲ្យជាស្រឡះ មិនគួរខាតពេលវេលាក្នុងការស៊ើបអង្កេតថា តើគ្រាប់ព្រួញនោះមានប្រវែងប៉ុន្មាន ទម្ងន់ប៉ុន្មាន អ្នកណាជាអ្នកបាញ់មក បាញ់មកពីទិសណាជាដើម ព្រោះហេតុនោះ ភារកិច្ចចំពោះមុខរបស់យើង គឺ ការរំលត់ភ្លើងទុក្ខ តើយើងនឹងរំលត់ភ្លើងទុក្ខបានដោយវិធីណា នេះគឺបញ្ហាសំខាន់ ខ្ញុំកូរណានឹងសម្តែងវិធីរំលត់ទុក្ខដល់លោកម្ចាស់ទាំងឡាយតាមដែលបានស្តាប់មកពីសម្នាក់ព្រះបរមសាស្តា និងតាមវិធីការដែលខ្ញុំកូរណាបានប្រព្រឹត្តបដិបត្តិមកជាប្រចាំ សូមលោកម្ចាស់ទាំងឡាយតាំងចិត្តត្រងត្រាប់ស្តាប់តទៅ" ។
កងទ័ពអធម្មិក
[កែប្រែ]"បពិត្រលោកម្ចាស់ទាំងឡាយ ! លោកម្ចាស់ទាំងឡាយមុខជាដឹងហើយថា ពាក្យថា អរហន្ត ដែលជាឈ្មោះរបស់អ្នករំលត់ទុក្ខបានដាច់ខាតនោះ មានអត្ថន័យម៉្យាងថា អ្នកឆ្ងាយចាកសត្រូវ ឬនិយាយម៉្យាងទៀតថា អ្នកបង្រ្កាបសត្រូវបានយ៉ាងរាបទាប ទទួលជ័យជម្នះបានយ៉ាងដាច់ខាតហ្នឹងឯង តើលោកម្ចាស់ទាំងឡាយដឹងទេថា សត្រូវ នៅទីនេះ សំដៅដល់អ្វី?" "សត្រូវ នៅទីនេះ សំដៅដល់ កិលេសទាំងពួង ទានម្ចាស់ ! " ភិក្ខុមួយរូបឆ្លើយ "ត្រឹមត្រូវណាស់ លោកម្ចាស់ ! សត្រូវរបស់យើង គឺ កិលេសទាំងឡាយហ្នឹងឯង កិលេសទាំងឡាយជាដើមហេតុនាំឲ្យកើតសេចក្តីទុក្ខ ប្រសិនបើយើងត្រូវការរំលត់ទុក្ខ យើងត្រូវបង្រ្កាបកិលេសជាមុនសិន ប្រៀបដូចជាយើងត្រូវការពន្លត់ភ្លើង យើងត្រូវកម្ចាត់ចំហេះភ្លើងចោលសិន បើយើងកម្ចាត់ចំហេះភ្លើងចោលបានហើយ អណ្តាតភ្លើងក៏នឹងរលត់ទៅឯង បើយើងកម្ចាត់កិលេសបាន សេចក្តីទុក្ខនឹងរលត់ទៅឯង ប៉ុន្តែការពន្លត់ភ្លើងកិលេសមិនមែន ធ្វើបានងាយដូចយ៉ាងការពន្លត់ភ្លើងធម្មតានោះទេ បពិត្រលោកម្ចាស់ទាំងឡាយ ! ការពន្លត់ភ្លើងធម្មតា យើងអាចប្រើទឹកតែម៉្យាងក៏បាន ចំណាយពេលមិនយូរប៉ុន្មាន ប៉ុន្តែការពន្លត់ភ្លើងកិលេសត្រូវប្រើឧបករណ៍ច្រើនយ៉ាង ហើយប្រើពេលវេលារាប់ខែរាប់ឆ្នាំ ជួនកាលក៏ប្រើពេលវេលារហូតមួយជាតិឬជាច្រើនជាតិ ព្រោះភ្លើងកិលេសរំលត់បានដោយពិបាកណាស់ បពិត្រលោកម្ចាស់ទាំងឡាយ ! ធម្មតា សត្រូវគឺកិលេសនោះតែងពួនស្ទាក់បង្កគ្រោះថ្នាក់ដល់ពួកយើងគ្រប់ពេលវេលា ធ្វើឲ្យយើងបានទទួលសេចក្តីទុក្ខឥតស្រាកស្រាន្ត សត្រូវគឺកិលេសមានលក្ខណៈស្រដៀងនឹងសត្រូវខាងក្រៅដែលលើកមករុករានទន្ទ្រានប្រទេសជាតិ ប្រកបដោយរេហ៍ពលច្រើន សន្ធឹកសន្ធាប់ មានចំណាត់ការកងទ័ពជាពួកជាក្រុម មានសេនាធិការនិងពលទាហាន បង្គាប់បញ្ជាការតាមលំដាប់ថ្នាក់ ខ្ញុំកូរណានឹងបកស្រាយប្រៀបធៀបឲ្យស្តាប់ដើម្បីយល់ឲ្យច្បាស់ ចាប់ផ្តើមតាំងពីព្រះចៅអធិរាជជាសេនានាយករបស់កិលេសទាំងពួងរៀងចុះរហូតដល់ពលទាហាន តើអ្នកណាជាមេទ័ពកិលេស? មេទ័ពកិលេស គឺ អង្គអវិជ្ជាធិរាជ មានព្រះវរកាយធំសម្បើម មានសម្បុរព្រះវរកាយខ្មៅពពឹក កាប់មិនមុតដុតមិនឆេះ រវាតឃ្លាតឃ្លាចាកសស្ត្រាវុធគ្រប់ប្រភេទ ស្ថិតនៅក្នុងមជ្ឈមណ្ឌលនៃ ព្រះបរមរាជវាំងដ៏ធំមហិមា ជាមេបញ្ជការកងទ័ពកិលេសទាំងពួង ។ លំដាប់ទី ២ បន្ទាប់ពីអង្គអវិជ្ជាធិរាជ និងជាអ្នកទទួលព្រះរាជបញ្ជាទៅបញ្ជាការដល់រេហ៍ពលកិលេស គឺ អគ្គមហាសេនាបតី, អគ្គមហាសេនាបតី ៣ នាក់ធ្វើមុខងារផ្សេង ៗ គ្នា គឺ លោកអគ្គមហាសេនាបតី កាមតណ្ហា បំពេញមុខងារជ្រើសស្រាល់ដាក់ផែនការរក្សាបញ្ជីទ្រព្យសម្បត្តិជញ្ជូនចូលព្រះឃ្លាំងហ្លួង ទ្រព្យសម្បត្តិក្នុងបញ្ជីរបស់លោកអគ្គមហាសេនាបតីមានគ្រប់ប្រភេទ ដូចជា រូបស្អាតៗ សម្លេងពីរោះៗ ក្លិនក្រអូបក្រអួន រសឆ្លាញ់ពិសា សម្ផស្សទន់ល្វន់ជាដើម លោកអគ្គមហាសេនាបតីមិនបានចេញរកខ្លួនឯងទេ គ្រាន់តែសម្រិតសម្រាំងគ្រប់គ្រងបញ្ជាការប៉ុណ្ណោះ លោកអគ្គមហាសេនាបតីទី ២ ហៅថា ភវតណ្ហា បំពេញមុខងារក្នុងការគ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិទាំងពួងក្នុងព្រះឃ្លាំងហ្លួង លោកអគ្គមហាសេនាបតីទី ៣ ហៅថា វិភវតណ្ហា បំពេញមុខងារក្នុងការកម្ចាត់ចោលនូវទ្រព្យសម្បត្តិដែលមិនត្រូវការឲ្យអស់រលីងទៅពីព្រះឃ្លាំងហ្លួង ។ លោកអគ្គមហាសេនាបតីទាំង ៣ មានសេនាបតីទទួលបម្រើ ៤ នាក់ គឺ កាមុបាទាន បំពេញមុខងារក្នុងការកាន់រក្សាកូនសោរភណ្ឌាគារព្រះរាជទ្រព្យ ទិដ្ឋុបាទាន បំពេញមុខងារក្នុងការកាន់រក្សាព្រះរាជបណ្ណាល័យ ដែលតម្កល់ទុកនូវក្បួនច្បាប់ទាក់ទងនឹងចំណេះដឹងផ្សេងៗរបស់ព្រះនគរ សីលព្វតុបាទាន ជាសេនាបតីផ្នែកពិធីកម្មមានតួនាទីក្នុងការកាន់រក្សានិងប្រកបពិធីកម្មផ្សេងៗរបស់ព្រះរាជាណាចក្រ អត្តុវាទុបាទាន ជាសេនាបតីទទួលបន្ទុកផ្នែករក្សាការពារស្ថេរភាពរបស់ព្រះរាជាណាចក្រ" ។
បពិត្រលោកម្ចាស់ទាំងឡាយ ! អគ្គមហាសេនាបតីទាំង ៣ និង សេនាបតីទាំង ៤ ជាគណៈរដ្ឋបាលជាន់ខ្ពស់ បដិបត្តិរាជកិច្ចតំណាងព្រះនេត្រព្រះកាណ៌របស់អង្គអវិជ្ជាធិរាជគ្រប់យ៉ាង ជាទីទុកព្រះទ័យជិតដិតរបស់ព្រះអង្គ បន្ទាប់ពីបុគ្គលថ្នាក់ដឹកនាំទាំង ៧ នេះទៅ ក៏មានអាជ្ញាធរផ្នែកផ្សេងៗដូចដែលខ្ញុំកូរណានឹងរៀបរាប់តទៅនេះ មាននាយទាហានថ្នាក់ឧត្តមសេនីយ៍ ៣ នាក់ដែលចាំទទួលពាក្យបញ្ជាពីសេនាបតីឬអគ្គមហាសេនាបតីយកទៅអនុវត្ត អ្នកទី ១ ឈ្មោះថា លោភៈ ភាគច្រើនទទួលពាក្យបញ្ជាមកពីលោកអគ្គមហាសេនាបតីកាមតណ្ហាយកទៅអនុវត្ត ពោលគឺ នៅពេលកាមតណ្ហាដឹងថា មានទ្រព្យសម្បត្តិណាគួរនាំចូលកាន់ឃ្លាំងព្រះរាជទ្រព្យ លោកកាមតណ្ហាក៏បញ្ជាការឲ្យឧត្តមសេនីយ៍លោភៈទៅត្រួតពិនិត្យមើលទ្រព្យសម្បត្តិនោះយ៉ាងផ្ចិតផ្ចង់ម្តងទៀត បើលោកពេញចិត្ត លោកនឹងបញ្ជាអភិជ្ឈា ដែលជានាយទាហានថ្នាក់រងរៀបចំផែនការយ៉ាងល្អិតល្អន់ក្នុងការរឹបអូសយកទ្រព្យសម្បត្តិនោះ បន្ទាប់ពីនោះឧត្តមសេនីយ៍លោភៈក៏បញ្ជាឲ្យពលទាហាន ២ នាក់ គឺ កាយទ្វារ និង វចីទ្វារចូលទៅចាត់ការលៃលកយកទ្រព្យសម្បត្តិនោះជញ្ជូនចូលកាន់ឃ្លាំងព្រះរាជទ្រព្យ ។ នាយទាហានថ្នាក់ឧត្តមសេនីយ៍រូបទី ២ ឈ្មោះថា ទោសៈ មានមុខងារធ្វើតាមពាក្យបញ្ជារបស់អគ្គមហាសេនាបតីភវតណ្ហា និង វិភវតណ្ហាមួយជាន់ទៀត ពោលគឺ នៅពេលដែលវិភវតណ្ហាត្រូវការនឹងលុបបំបាត់កម្ចាត់វត្ថុណា ក៏បញ្ជាឲ្យឧត្តមសេនីយ៍ទោសៈទៅត្រួតពិនិត្យមើលវត្ថុនោះ កាលបើឃើញថាត្រូវតែបំផ្លាញចោល ឧត្តមសេនីយ៍ទោសៈក៏បញ្ជាឲ្យនាយទាហានរងឈ្មោះ ព្យាបាទ រៀបចំផែនការនិងបញ្ជាពលទាហាន កាយទ្វារ និង វចីទ្វាររៀបរបបំផ្លាញចោលភ្លាម ។ នាយទាហានថ្នាក់ឧត្តមសេនីយ៍រូបទី ៣ ឈ្មោះថា មោហៈ មានមុខបាឋទទួលពាក្យបញ្ជាពីអង្គអវិជ្ជាធិរាជដោយផ្ទាល់ ឬពីអគ្គមហាសេនាបតីឬសេនាបតីណាម្នាក់យកទៅបដិបត្តិតួនាទីរបស់គេ គឺ ការឃោសនាបបែបបួលឲ្យមនុស្សសង្ស័យអល់ឯកក្នុងរឿងផ្សេង ៗ កាលបើមនុស្សអល់ឯករារែកហើយ គេតែងបញ្ជាកូនចៅឈ្មោះមិច្ឆាទិដ្ឋិដឹកនាំពាំយួរឲ្យឃើញខុសជាត្រូវ ឃើញត្រូវជាខុសភ្លាម កាលបើឃើញខុសហើយ គេក៏ចេញបញ្ជាឲ្យពលទាហានកាយទ្វារ ពលទាហានវចីទ្វារចាប់ប្រតិបត្តិការទៅតាមដែលត្រូវការ លោកម្ចាស់អាចសង្ស័យថា ហេតុអ្វីបានជាអង្គអវិជ្ជាធិរាជត្រូវមាននាយទាហានថ្នាក់មោហៈទុកបោកប្រាស់ប្រជាជនរបស់ខ្លួនឯង ក៏ព្រោះថាការបោកប្រាស់ជារឿងចាំបាច់សម្រាប់ស្ថេរភាពនៃរាជបល្ល័ង្ករបស់អង្គអវិជ្ជាធិរាជ ព្រោះកាលបើមនុស្សកើតគំហើញយល់ឃើញខុសហើយ ក៏មើលឃើញសារៈសំខាន់របស់អង្គអវិជ្ជាធិរាជ ហើយគោរពនិងតស៊ូដើម្បីឋិតិភាពរបស់ព្រះអង្គ ថ្វីបើតាមការពិត អង្គអវិជ្ជាធិរាជជាក្សត្រអាក្រក់ថោកទាបបំផុតមិនគួរដល់មុខតំណែងខ្ពង់ខ្ពស់នោះក៏ដោយ បពិត្រទានម្ចាស់ទាំងឡាយ ! រឿងរ៉ាវរបស់កងទ័ពសត្រូវគឺកិលេសមានន័យដូចដែលខ្ញុំកូរណារៀបរាប់មកនេះ បើយើងស្តាប់មើលយ៉ាងសើៗនឹងឃើញថា កងទ័ពសត្រូវដ៏ធំសម្បើមនេះស្ថិតនៅខាងក្រៅខ្លួនយើង ប៉ុន្តែតាមការពិត ស្ថិតនៅនឹងខ្លួនយើងនេះឯង វាធ្វើការងារទៅតាមមុខបាឋយ៉ាងស្វាហាប់ បង្កសេចក្តីទុក្ខលំបាកគ្រប់យ៉ាងឲ្យដល់ខ្លួនយើងគ្រប់ពេលវេលា ប៉ុន្តែយើងមិនដឹងខ្លួនព្រោះត្រូវមោហៈដែលជាដៃស្តាំរបស់មេទ័ពអវិជ្ជាបោកប្រាស់ឲ្យយល់ឃើញខុស ពោលគឺ ឲ្យមើលឃើញថាកងទ័ពកិលេសជារឿងធម្មតា ជាខ្លួនរបស់យើង យើងទើបធ្លាក់ខ្លួនជាទាសកររបស់អវិជ្ជាមករាប់កប្បឆ្នាំ មិនដែលគិតថានឹងប្រកាសឯករាជ្យផ្តួលរាជបល្ល័ង្ករបស់អវិជ្ជាធិរាជទុយ៌សនោះទេ ព្រះបរមសាស្តារបស់យើងចាត់ជាសាស្តាដំបូងដែលទ្រង់មើលឃើញសច្ចភាពត្រង់ចំណុចនេះហើយក្រោកតស៊ូនឹងកងទ័ពមហិមារបស់អវិជ្ជារហូតដល់អាចផ្តួលរំលំក្សត្រផ្តាច់ការនោះចេញពីបល្ល័ង្កបាន ហើយក៏ប្រកាសព្រះអង្គឯងជាសេរីជនឆ្ងាយចាកកងទ័ពកិលេសនិងទុក្ខទាំងពួង ក្នុងឋានៈយើងជាពុទ្ធសាវ័ក យើងគប្បីចម្រើនទិដ្ឋានុគតិតាមព្រះបរមសាស្តា ការដែលយើងលះបង់ឃរាវាសវិស័យចេញមកកាន់ព្រហ្មចារ្យនេះ ក៏សម្តែងថាយើងបានប្រកាសខ្លួនជាទាហានយ៉ាងពេញអត្រាសឹក ដើម្បីច្បាំងតតាំងនឹងកងទ័ពសត្រូវ គឺ កិលេសទាំងនោះ ព្រោះហេតុនោះ ខ្ញុំកូរណានឹងណែនាំប្រាប់យុទ្ធវិធីតស៊ូជាមួយនឹងកងទ័ពកិលេសដ៏រឹងមាំនេះជាលំដាប់លំដោយតទៅ ។
"បពិត្រលោកម្ចាស់ទាំងឡាយ ! មេទ័ពដែលឈ្លាសវៃ នៅពេលវាយប្រហារអរិរាជសត្រូវ គេត្រូវវាយប្រហារទៅម្តងមួយដំណាក់កាល ចាប់តាំងពីភូមិ ឃុំ ស្រុក ខេត្រ ព្រំប្រទល់ចូលទៅកាន់ទីរួមខេត្រខាងក្នុងរហូតដល់ទី បំផុតចូលវាយសន្ធាប់កាន់កាប់រាជធានី បុកសម្រុកចូលព្រះរាជវាំង ចាប់ខ្លួនព្រះរាជាមកជាឈ្លើយសង្គ្រាម ឬ កម្ចាត់ចោល ការវាយប្រហារកងទ័ពកិលេសក៏ប្រតិបត្តិការស្រដៀងគ្នានេះដែរ មុនដំបូង លោកម្ចាស់ទាំងឡាយ ត្រូវចាប់ពលទាហាន គឺ កាយទ្វារនិងវចីទ្វារឲ្យបានជាមុនសិន លុះចាប់បានហើយក៏យកទៅចងត្របែងទុកយ៉ាងមាំ កុំឲ្យវាធ្វើតាមពាក្យបញ្ជារបស់ចៅហ្វាយនាយបាន តើយើងនឹងចាប់ពលទាហានទាំង ២ នេះដោយវិធីណា? យើងត្រូវចាប់ចងពលទាហានទាំង ២ ដោយសីល សីលនោះ បានដល់ ការវៀរបង់ចាកកាយទុច្ចរិត និង វចីទុច្ចរិតហ្នឹងឯង ការរក្សាស្មើនឹងការចងត្របែងកាយវាចាមិនឲ្យធ្វើអំពើអាក្រក់តាមពាក្យបញ្ជារបស់កិលេសថ្នាក់ខ្ពស់បាន កាលបើចាប់កាយវាចាចង់ក្រព័ទ្ធបានហើយ សេចក្តីទុក្ខដែលជាផលនៃអំពើអាក្រក់តាមផ្លូវកាយ និងវាចាក៏មិនមាន ឈ្មោះថា យើងបានរំលត់ទុក្ខមួយដំណាក់ហើយ ។ បពិត្រទានម្ចាស់ទាំងឡាយ ! ដំណាក់តទៅ យើងត្រូវចាត់ការនឹងនាយទាហានទាំង ៣ គឺ លោភៈ ទោសៈ មោហៈ និងគូលីរបស់គេទាំង ៣ គឺ អភិជ្ឈា ព្យាបាទ និង មិច្ឆាទិដ្ឋិ ទាហានទាំង ៦ នេះមានកម្លាំងខ្លាំងក្លាវាងវៃឆ្លាតឆ្លៀវ ពិបាកនឹងកម្ចាត់ខ្លាំងណាស់ ព្រោះហេតុនោះ យើងប្រើអាវុធតែម្យ៉ាងមិនគ្រប់គ្រាន់ទេ ត្រូវតែប្រើអាវុធ ច្រើនៗយ៉ាងព្រមៗគ្នា អាវុធសម្រាប់បង្រ្កាបកិលេសទាំង ៦ មានដូចតទៅនេះ គឺ យើងត្រូវធ្វើអំពើល្អគ្រប់ៗយ៉ាងតាមដែលអាចធ្វើបាន ការធ្វើអំពើល្អស្មើនឹងការលើកស្ទួយកម្លាំងចិត្តរបស់ខ្លួនឯង ព្រោះអំពើល្អជាបណីតាហាររបស់ចិត្ត ប្រការទី ២ យើងត្រូវសម្រួមឥន្រ្ទីយ៍ទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ផ្ចង់សតិជាឆ្មាំយាមការពារនៅត្រង់ទ្វារទាំង ៦ នេះ នៅពេលភ្នែកឃើញរូប ក៏ឲ្យកំណត់ដឹងត្រឹមតែរូបប៉ុណ្ណោះ ហើយក៏លះបង់រូបចោលទៅ កុំឲ្យទាហានទាំង ៦ ចូលទៅពិចារណា ស៊ើបសួរបានទាន់ហេតុការណ៍ កុំប្រកាន់ដោយនិមិត្តថាជារូបអ្វី កុំប្រកាន់ដោយអនុព្យញ្ជនៈ គឺ ផ្ចង់ពិនិត្យមើលយ៉ាងលិ្អតល្អន់ផ្សេងៗ នៅពេលត្រចៀកបានឮសម្លេង នៅពេលច្រមុះបានហិតក្លិន នៅពេលអណ្តាតបានភ្លក់រស នៅពេលកាយពាល់ត្រូវសម្ផស្ស និងនៅពេលមនោភាព(ធម្មារម្មណ៍)កើតឡើងនឹងចិត្ត ក៏ឲ្យបដិបត្តិដូចយ៉ាងឃើញរូប បើធ្វើបានយ៉ាងនេះ ក៏ស្មើនឹងមិនបើកឱកាសឲ្យទាហានកិលេសទាំង ៦ ធ្វើអ្វីៗបានតាមចិត្តនុះឯង នៅពេលសម្រួមឥន្ទ្រីយ៍បានល្អហើយ ត្រូវមានភោជនេមត្តញ្ញុតា គឺ ស្គាល់ប្រមាណក្នុងការបរិភោគអាហារ និងត្រូវមាន ជាគរិយានុយោគ គឺ ប្រកបរឿយៗនូវធម៌ជាគ្រឿងភ្ញាក់រលឹកជានិច្ច កុំអាល័យតែភ្លើតភ្លើនក្នុងការសិងលក់ និយាយឲ្យស្រួលស្តាប់ថា កុំឆាន់ច្រើនសិងច្រើនពេក ព្រោះការឆាន់ច្រើនសិងច្រើនស្មើនឹងការបន្ថែមកម្លាំងឲ្យដល់ទាហានទាំង ៦ ការឆាន់តិចសិងតិចស្មើនឹងការកាត់បន្ថយកម្លាំងរបស់ទាហានកិលេសទាំង ៦ បើធ្វើបានគ្រប់ទាំង ៤ យ៉ាងនេះ ក៏ស្មើនឹងកម្ចាត់ទាហានកិលេសទាំង ៦ ឲ្យទន់កម្លាំងចុះបានហើយក៏អស់កម្លាំងទៅនៅទីបំផុត នៅពេលកម្ចាត់បានហើយ សេចក្តីទុក្ខដែលកើតឡើងពីកិលេសទាំង ៦ ក៏មិនមាន ចាត់ជាការរំលត់ទុក្ខថ្នាក់កណ្តាលបាន ។ បពិត្រលោកម្ចាស់ទាំងឡាយ ! ឥឡូវនេះក៏ចូលមកដល់កិលេសថ្នាក់សំខាន់ ៧ គឺ អគ្គមហាសេនាបតីទាំង ៣ និង សេនាបតីទាំង ៤ កិលេសថ្នាក់ឧត្តមសេនីយ៍ទាំង ៧ នេះ យើងអាចកម្ចាត់ចោលបានដោយការបំពេញសមាធិ អប់រំចិត្តឲ្យខ្ជាប់ខ្ជួន អភិវឌ្ឍសតិសម្បជញ្ញៈឲ្យមានកម្លាំងខ្ពស់ មានវីរិយភាពមោះមុត ចម្រើនវិបស្សនារហូតដល់បានញាណពិសេស ដឹងពិតឃើញពិតក្នុងគោលអនិច្ចំ ទុក្ខំ អនត្តា នៅពេលកើតញាណយល់ដឹងថា អ្វីៗទាំងពួងជាធម្មជាតមិនទៀងទាត់ មានដំណើរប្រែប្រួលជាទុក្ខ គ្មានតួខ្លួនប្រាណឋិតថេរហើយ តណ្ហានិង ឧបាទានក៏ខ្សោយកម្លាំងហើយក៏អស់ទៅ លុះតណ្ហាឧបាទានអស់ទៅ សេចក្តីទុក្ខទាំងឡាយដែលកើតឡើងពីតណ្ហាឧបាទានក៏រលត់ទៅ សរុបសេចក្តីថា យើងរំលត់សេចក្តីទុក្ខថ្នាក់ល្អិតបានហើយ ។ បពិត្រលោកម្ចាស់ទាំងឡាយ ! ឥឡូវនេះក៏នៅសល់តែអង្គអវិជ្ជាធិរាជតែមួយព្រះអង្គក្នុងព្រះរាជវាំង គ្មានបក្សពួកដែលថែរក្សាការពារ ធម្មតា ព្រះរាជាធិបតីទាំងឡាយបើខ្វះកងទ័ពស្មើនឹងកំបុតដៃកំបុតជើង គ្មានអំណាចអ្វីតទៅទៀតទេ អវិជ្ជាដែលគ្មានបក្សពួកកិលេសផ្សេងៗជ្រោមជ្រែងក៏គ្មានន័យអ្វីដែរ អាវុធសម្រាប់បង្រ្កាបអង្គអវិជ្ជាធិរាជ គឺ វិបស្សនាញាណ គឺ ញាណយល់ដឹងពិតឃើញពិតក្នុងសភាវធម៌ទាំងពួងដែលជាផលនៃការចម្រើនវិបស្សនាហ្នឹងឯង កាលបើអវិជ្ជារលត់ ក៏ឈ្មោះថា រំលត់ដើមហេតុនៃទុក្ខទាំងពួងបាន បន្ទាប់ពីនោះ ព្រះយោគាវចរក៏ចូលដល់ព្រះនិព្វាន ។ បពិត្រលោកម្ចាស់ទាំងឡាយ ! នេះឯង គឺ វិថីឆ្ពោះទៅកាន់ព្រះនិព្វានដែលព្រះបរមសាស្តារបស់យើងបានសម្តែងទុកយ៉ាងច្បាស់លាស់និងបើកចំហ ធ្វើឲ្យអ្នកសង្ស័យទាំងពួងពិសោធបាន បើលោកម្ចាស់ទាំងឡាយ ត្រូវការចូលដល់ព្រះនិព្វាន ក៏ចូរដើរទៅតាមវិថីនោះដោយឧស្សាហភាព វីរិយភាព សូម្បីបើខ្ញុំកូរណាក៏កំពុងតែដើរលើវិថីនោះដែរ នៅទីបំផុត សូមឲ្យលោកម្ចាស់ទាំងឡាយ ចូរចូលទៅដល់គោលដៅនៃព្រហ្មចារ្យសម តាមប្រណិធានរាល់ៗអង្គចុះ" សាសនោវាទរបស់ខ្ញុំព្រះករុណាចប់ទៅនៅវេលាយប់អធ្រាតស្ងាត់ បន្ទាប់ពីនោះ យើងក៏បែកខ្ញែកគ្នាទៅបំពេញព្យាយាមនិងសម្រាកតាមកុដិជាលំនៅរបស់ខ្លួនៗ ។
ការសម្រេចដែលបរាជ័យ
[កែប្រែ]បពិត្រលោកអ្នកមានអាយុទាំងឡាយ ! លុះថ្ងៃព្រឹកឡើង ខ្ញុំព្រះករុណាក៏ឃ្លុំចីពរស្ពាយបាត្រដើរចូលទៅក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត តាំងចិត្តថាបើបានភត្តាហារល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានហើយ ក៏នឹងចេញទៅធ្វើភត្តកិច្ចត្រង់ទីណាមួយខាងក្រៅក្រុង រួចហើយក៏នឹងចេញដំណើរដើរផ្លូវតទៅតាមប្រណិធានរបស់ខ្លួន ប៉ុន្តែបំណងប្រាថ្នារបស់ខ្ញុំព្រះករុណាមិនសម្រេចទេត្បិតខណៈដែលកំពុងតែដើរបិណ្ឌបាតតាមផ្លូវនុះឯង ក៏បាន ជួបនឹងធម្មិកៈឧបាសកដែលស្គាល់គ្នាជិតដិតមកពីមុន គាត់បាននិមន្តខ្ញុំព្រះករុណាចូលទៅឆាន់ភត្តាហារក្នុងគេហដ្ឋាន ហើយបានតំណាលរឿងរ៉ាវផ្សេង ៗឲ្យខ្ញុំព្រះករុណាស្តាប់ "បពិត្រព្រះតេជព្រះគុណជាទីគោរព ! " គាត់មានប្រសាសន៍ឡើងក្នុងកំលុងដែលខ្ញុំព្រះករុណាកំពុងតែឆាន់ភត្តាហារ "ខ្ញុំកណានឹកសោកសង្រេងចិត្តជាខ្លាំងចំពោះហេតុការណ៍អកុសលដែលកើតឡើងឯវេឡុវ័នក្នុងក្រុង រាជគ្រឹះនោះ ខ្ញុំកណាឥតនឹកស្មានសោះថា ព្រះទេវទត្តដែលជាព្រះមហាថេរជាព្រះញាតិរបស់ព្រះបរមសាស្តា ហ៊ានធ្វើកក្កឡកម្ម ដូចជាការបំបែកបំបាក់សង្ឃជាដើម ហើយក៏មិននឹកស្មានថា ព្រះបាទអជាតសត្តុហ៊ានធ្វើ បិតុឃាតធ្វើគុតព្រះរាជបិតាបង្កើតរបស់ខ្លួនបានសោះ ខ្ញុំកណាយល់ឃើញថា ហេតុការណ៍អកុសលទាំង ២ យ៉ាងនេះសជាប្រផ្នូលអាក្រក់ឲ្យឃើញថា ហាយនភាពកំពុងតែលបលូនចូលមកកាន់មគធរដ្ឋ" ធម្មិកៈឧបាសក មានប្រសាសន៍បណ្តើរគ្រវីក្បាលបណ្តើរយ៉ាងស្រយុតចិត្ត "ឧបាសកអើយ ! "ខ្ញុំព្រះករុណានិយាយឡើងដើម្បីលួងលោមចិត្តឧបាសកដែលធ្លាប់មានឧបការគុណឲ្យធូរស្បើយចាកទុក្ខ "កុំព្រួយបារម្ភសន្ធំចិត្តឡើយ ព្រះបរមសាស្តារបស់យើងធ្លាប់បានត្រាស់ទុកហើយមិនមែនឬថា រឿងដែលកើតឡើងរួចហើយ ឲ្យជារឿងកន្លងហួសទៅចុះ រឿងដែលមិនទាន់នឹងកើតឡើង ឲ្យជារឿងអនាគត កុំសាងសេចក្តីទុក្ខឲ្យដល់ខ្លួនឯងព្រោះរឿងដែលកន្លងហួសទៅ ហើយក៏កុំខ្វល់កង្វល់ចំពោះរឿងដែលមិនទាន់នឹងកើតឡើង ឲ្យយកចិត្តទុកដាក់នឹងបច្ចុប្បន្នប៉ុណ្ណោះថា ឥឡូវនេះយើងកំពុងតែធ្វើអ្វី" "ខ្ញុំកណានៅរលឹកដល់គុណនៃពុទ្ធតម្រាស់នេះបានយ៉ាងច្បាស់"ធម្មិកៈឧបាសកនិយាយបណ្តើរលើកដៃសំពះទូលសីសៈបណ្តើរ "ហើយខ្ញុំកណាខំប្រលួងចិត្តខ្លួនឯងដោយវិធីផ្សេង ៗ ប៉ុន្តែមិនសូវបានផលសោះ សូម្បីតែអ្នកក្រុងរាជគ្រឹះទាំងមូលក៏ភ័យខ្លាចបាក់ស្បាតដែរ ព្រះតេជព្រះគុណសង្កេតឃើញបានថា តាមផ្លូវថ្នល់ មានមនុស្សមនាត្រាច់ចរទៅមករបោះរបោយមិនកុះករទេ ប្រជានុរាស្ត្រម្នាក់ៗគិតតែពីនៅក្នុងផ្ទះ ធ្វើវគ្គព័ន្ធជួបជុំគ្នាជាពួកជាក្រុមហើយពិគ្រោះយោបល់គ្នាដោយកង្វល់ខ្វល់ព្រួយចំពោះអនាគតរបស់ប្រទេសជាតិនិងគ្រួសារ ព្រោះម្នាក់ៗយល់ឃើញថា ក្រុងរាជគ្រឹះបានចូលដល់យុគអន្ធការហើយដោយទឹកដៃនៃក្សត្រផ្តាច់ការគ្រប់គ្រងព្រះនគរ សូម្បីបើព្រះរាជបិតាបង្កើតរបស់ព្រះអង្គ ក៏ព្រះអង្គអាចធ្វើគុតបាន នឹងបាច់ពោលទៅថ្វីដល់ប្រជានុរាស្ត្រធម្មតាថាព្រះអង្គនឹងលើកលែងមិនកាប់សម្លាប់នោះ" "អាត្មាមិនអាចនឹងដឹងបានថា អនាគតរបស់ក្រុងរាជគ្រឹះនឹងទៅជាយ៉ាងណានោះទេ ព្រះបាទអជាតសត្តុក្សត្រអង្គថ្មីគ្រប់គ្រងព្រះនគរយ៉ាងណានោះទេ ប៉ុន្តែអាត្មាជឿថា បុគ្គលដែលធ្វើអំពើអាក្រក់ដល់ទីបំផុតហើយ បើធ្វើដោយចំហោតឆោតល្ងង់អាប់ប្រាជ្ញា ធ្វើព្រោះចាញ់បោកពាក្យញុះញង់អុជអាលរបស់អ្នកដទៃ នៅពេលត្រឡប់បានសតិស្មារតីមកវិញ គេនឹងកើតវិប្បដិសារក្តៅក្រហាយស្តាយក្រោយ ទុក្ខទំសន្ធំចិត្តយ៉ាងខ្លាំងព្រោះទង្វើរបស់ខ្លួនឯង កាលបើកើតសំណោកសោកស្តាយហើយ គេនឹងខិតខំធ្វើអំពើល្អទូទាត់ផ្សះសងវិញមិនខាន អាត្មាមានលំនឹកសង្ឃឹមថា ព្រះបាទអជាតសត្តុមិនបានធ្វើអំពើអាក្រក់ព្រោះនិស្ស័យសន្តានអាក្រក់នោះទេ ប៉ុន្តែធ្វើព្រោះចាញ់បោកពាក្យញុះញង់របស់ព្រះទេវទត្ត ព្រោះហេតុនោះ នៅថ្ងៃណាមួយ ព្រះអង្គនឹងកើតវិប្បដិសារក្តៅក្តួលរំជួលចិត្តហើយនឹងធ្វើអំពើល្អផ្សះសងវិញ ប៉ុន្តែនេះគ្រាន់តែជាលំនឹកសង្ឃឹមទេ អ្វីៗទាំងពួងមិនអាចប្រព្រឹត្តទៅតាមដែលយើងនឹកសង្ឃឹមគ្រប់យ៉ាងបានឡើយ" "ហ្នឹងឯងហើយ ទានម្ចាស់ ! " ធម្មិកៈឧបាសកនិយាយជ្រែកឡើង "ខ្ញុំកណាខ្លាចក្រែងថានឹងប្រព្រឹត្តទៅក្នុងទិសដៅផ្ទុយច្រើនជាង ព្រោះធម្មតា មនុស្សអាក្រក់តែងហែហមដោយបរិវារអាក្រក់ បរិវារអាក្រក់តែងចាំញុះញង់ឲ្យដើរក្នុងផ្លូវអាក្រក់ អ្នកមានសទ្ធាចរិតបាក់ចិត្តជឿអ្នកដទៃបានដោយងាយ នៅពេលបាក់ជឿអ្នកដទៃមកម្តងហើយ តែងតែបាក់ជឿជាលើកទី ២ ទី ៣ តទៅទៀត" "ឧបាសកអើយ ! កាលបើដូច្នោះ ចូរប្រកាន់ថាជាកម្មរបស់យើង ជាកម្មរបស់អ្នកក្រុងរាជគ្រឹះនិងជនជាតិមគធៈទាំងមូលដែលត្រូវស្ថិតនៅក្រោមអំពើជិះជាន់សង្កត់សង្កិនរបស់ក្សត្រផ្តាច់ការ ធម្មតាថា ក្សត្រដែលសោយរាជ្យគ្រប់គ្រងប្រជារាស្ត្រ មិនមានគុណធម៌ដូចគ្នាទេ ក្នុងរដ្ឋខ្លះ សម័យកាលខ្លះ មានក្សត្រប្រកបដោយទសពិធរាជធម៌ឡើងសោយរាជ្យ ប្រទេសជាតិក៏កើតកាលវាលគុម្ពត្រជាក់ត្រជុំសុខដុមរមនា ប៉ុន្តែក្នុងរដ្ឋខ្លះ សម័យកាលខ្លះ ក៏មានក្សត្រដែលគ្មានទសពិធរាជធម៌ឡើងសោយរាជ្យធ្វើឲ្យប្រទេសជាតិកើតកលិយុគ ប្រជានុរាស្ត្ររងទុក្ខលំបាកវេទនា ប្រសិនបើយើងមិនអាចផ្លាស់ប្តូរក្សត្រស្នងរាជ្យបានតាមបំណងឆន្ទៈទេ មច្ចុរាជដែលទៀងទាត់តាមធម្មជាតិនឹងចាត់ការផ្លាស់ប្តូរឲ្យយើង គ្មានក្សត្រអង្គណាស្ថិតស្ថេរនៅជានិរន្តរនោះទេ ទោះជាព្រះបាទធម្មិក ឬ អធម្មិកក៏ដោយ នៅទីបំផុត ក៏តោងតែបាក់បែកចែកឋានពីលោកនេះទៅ ព្រោះហេតុនោះ កុំព្រួយបាម្ភខ្លាំងពេក ឧបាសក ! រឿងខ្លះវាហួសវិស័យនឹងដោះស្រាយបាន កាលបើមិនអាចដោះស្រាយបានទេ បើយើងនៅតែទទឹងរឹងមុខសឹកទៅដោះស្រាយ ក៏ស្មើនឹងមមាចហើរចូលភ្លើងហ្នឹងឯង យើងត្រូវតែដោះស្រាយត្រង់ចិត្តរបស់ខ្លួនយើង ចូរចាត់ទុកថាជារឿងធម្មតារបស់វដ្តលោក ទើបយើងអាចកាត់ចិត្តកាត់ថ្លើមនិងធូរស្បើយរហើយចិត្តបាន" ។
ធម្មិកៈឧបាសកអង្គុយទ្រឹងជញ្ជឹងគិតអស់ពេលជាយូរដោយឥតនិយាយអ្វី ខ្ញុំព្រះករុណាក៏ឆាន់ចង្ហាន់ទៅជារឿយ ៗតាមតួនាទី មួយស្របក់ធំកន្លងទៅ គាត់ទើបខិតចូលមកអង្គុយជិតខ្ញុំព្រះករុណា សម្លឹងមើលនាយអាយហាក់នឹងរកមើលថាមានអ្នកណានៅឬទេ ហើយក៏និយាយឡើងដោយសម្លេងតិចៗប៉ុន្តែឫកពាម៉ឺងម៉ាត់ថា "បពិត្រទានម្ចាស់ ! តាមដែលទានម្ចាស់បកស្រាយមកនោះ ខ្ញុំកណាយល់ឃើញថាត្រឹមត្រូវ ប៉ុន្តែត្រឹមត្រូវតាមបែបសមណវិស័យដែលដាក់ចុះនូវភារកិច្ចផ្លូវលោកហើយ ចំណែកខាងឃរាវាសវិស័យដូចយ៉ាងខ្ញុំកណាដែលនៅមិនទាន់ដាក់ចុះនូវភារកិច្ចផ្លូវលោកតែងមានគោលនយោបាយនិងផែនការមួយផ្នែកទៀតដោយឡែក" "ម្នាលឧបាសក ! ញោមចង់មានប្រសាសន៍ថាម៉េច?"ខ្ញុំព្រះករុណាសួរដោយវិមតិសង្ស័យ ធម្មិកៈឧបាសកសម្លឹងមើលជុំវិញខ្លួនម្តងទៀតហើយឆ្លើយថា "ខ្ញុំកណាចង់និយាយថា បើមគធរដ្ឋធ្លាក់នៅក្នុងយុគអន្ធការ ជនជាតិមគធរដ្ឋក៏ត្រូវតែជួយគ្នារំដោះឲ្យភ្លឺស្វាងឡើង បើក្សត្រផ្តាច់ការធ្វើសកម្មភាពបៀតបៀនយើង យើងក៏តោងតែចាត់ការបៀតបៀនឬកម្ចាត់ជនផ្តាច់ការនោះចោលឲ្យបានមុន បើយើងទុកបណ្តោយឲ្យមច្ចុរាជចាត់ការនឹងជនផ្តាច់ការ មិនដឹងថាពេលណាមច្ចុរាជនឹងមកចាត់ការទេ បើទុកជាម្នាក់ៗទៀងតែនឹងស្លាប់ក៏ដោយ ទម្រាំនឹងជនផ្តាច់ការស្លាប់មិនដឹងថាជាពេលណាទេ យើងមុខជានឹងវិនាសហិនហោចអស់ទៅក៏បាន ព្រោះហេតុនោះជាការសមគួរទេបើយើងធ្វើមុខងារជំនួសមច្ចុរាជវិញ" បពិត្រលោកអ្នកមានអាយុទាំងឡាយ ! ខ្ញុំព្រះករុណាស្តាប់សម្តីសំដៅរបស់ធម្មិកៈឧបាសកដោយអាការភីងភាំងជាខ្លាំង សឹងតែមិនជឿពាក្យសម្តីដ៏ប្រកបដោយវិហិង្សា ព្យាបាទនិងមហន្តភ័យបែបនោះចេញមកពីមាត់របស់ធម្មិកៈឧបាសកដែលធ្លាប់ទៅស្តាប់ធម៌ខ្ញុំព្រះករុណាឯវេឡុវ័នជាប្រចាំ វាសមតែជាពាក្យសម្តីរបស់ជនអន្ធពាលច្រើនជាងរបស់ពុទ្ធសាវ័ក ខ្ញុំព្រះករុណានឹករំពឹងក្នុងចិត្តថា អំពើអាក្រក់របស់ព្រះទេវទត្តនិងព្រះបាទអជាតសត្តុបានច្រាលបណ្តាលឲ្យកើតអំពើអាក្រក់ឡើងក្នុងចិត្តរបស់ជនជាតិមគធៈសឹងតែគ្រប់គ្នាទៅហើយឬ ធម្មិកៈឧបាសកប្រហែលជាសង្កេតឃើញកិរិយាអាការរបស់ខ្ញុំព្រះករុណាទើបមានប្រសាសន៍ឡើងថា "បពិត្រទានម្ចាស់ ! ខ្ញុំកណាដឹងថា ពាក្យសម្តីរបស់ខ្ញុំកណាមុខជាទង្គុកទង្គិចចិត្តរបស់លោកម្ចាស់យ៉ាងច្រើន ប៉ុន្តែនឹងធ្វើយ៉ាងណាបានកាលបើពួកយើងស្ថិតនៅក្នុងភ្នក់ភ្លើងទៅហើយ បើមិនប្រញាប់ពន្លត់ភ្លើងចោលទេ ភ្លើងមុខជានឹងឆេះកម្ទេចពួកយើងឲ្យហ្មត់សុងមិនខាន សូមទានម្ចាស់មេត្តាអភ័យទោសចំពោះខ្ញុំកណាផង ខ្ញុំកណាបានសម្រេចចិត្តដាច់ខាតហើយថានឹងកម្ចាត់សត្រូវប្រទេសជាតិឲ្យអស់ទៅ" "ម្នាលឧបាសក ! អាត្មាជាសមណៈដែលដាក់បន្ទុកលោកិយវិស័យអស់ហើយ ក៏សូមធ្វើដំណើរដើរទៅតាមផ្លូវរបស់សមណៈ សម្រាប់ញោមដែលស្ថិតនៅក្នុងឃរាវាសវិស័យដែលមិនទាន់ដាក់បន្ទុកចុះបាន ក៏ចូរទទួលបន្ទុកនោះតទៅតាមដែលញោមយល់ឃើញថាសមគួរ សត្វទាំងឡាយមានកម្មជារបស់ខ្លួនៗ អ្នកណាធ្វើកម្មណាអ្នកនោះតែងទទួលផលនៃកម្មនោះ ការឲ្យអភ័យទានធ្វើបានតែត្រឹមដោយវាចា ប៉ុន្តែមិនអាចហាមឃាត់ ឬ បញ្ឈប់ផលនៃកម្មរបស់អ្នកដទៃបានទេ" ធម្មិកៈឧបាសកដកដង្ហើមធំហ៊ឺ ហើយមានប្រសាសន៍ឡើងថា "បពិត្រទានម្ចាស់ ! ខ្ញុំកណាដឹងច្បាស់ថា ផែនការរបស់ខ្ញុំកណាជាផែនការអាក្រក់ ប្រកបដោយអាឃាតព្យាបាទ ជាការបន្តខ្សែចំណងកម្មពៀរវេរា ខ្ញុំកណានឹងត្រូវសោយទុក្ខដែលជាផលរបស់កម្មអាក្រក់នោះ ប៉ុន្តែបើគិតថា ការសោយទុក្ខរបស់ខ្ញុំកណានឹងនាំមកនូវសុខសន្តិភាពជូនប្រជាជនមគធៈទាំងមូលបាន ខ្ញុំកណាត្រេកអរនឹងសោយទុក្ខនោះៗ" "ម្នាលឧបាសក ! តាមការពិត រឿងរបស់ញោមក៏ជារឿងរបស់ញោម អាត្មាជាសមណៈមិនគួរពាក់ព័ន្ធទេ ប៉ុន្តែអាត្មាចង់ពាក់ព័ន្ធត្រឹមតែទទួលដឹងឮប៉ុណ្ណោះ គឺ អាត្មាចង់ដឹងថាតើញោមនឹងចាត់វិធានការបង្រ្កាបសត្រូវរបស់ប្រទេសជាតិដូចម្តេច?"
ធម្មិកៈឧបាសកសម្លឹងមើលមុខខ្ញុំព្រះករុណាដោយអាការសង្ស័យ ប៉ុន្តែក៏មានប្រសាសន៍ឡើងថា "ខ្ញុំកណាជឿទុកចិត្តទានម្ចាស់ក្នុងឋានៈជាភិក្ខុ ខ្ញុំកណានឹងប្រាប់ផែនការដោយសង្ខេបឲ្យដឹងការពិត យើងបានអនុវត្តតាមផែនការមកហើយ តាំងពីគ្រាដំបូងដែលព្រះរាជាធិបតីពិម្ពិសារត្រូវចាប់ឃុំឃាំងក្នុងពន្ធនាគារម្លេះ ពោលគឺ យើងបានរួបរួមមនុស្សមនាគ្រប់ស្រទាប់វណ្ណៈដែលនៅមានភក្តីភាពចំពោះព្រះរាជាធិបតីអង្គមុនចូលជាបក្សពួកដើម្បីតតាំងប្រឆាំងនឹងក្សត្រអង្គថ្មី ប៉ុន្តែដោយសារក្សត្រអង្គថ្មីមានបក្សពួកច្រើនមានកងទ័ពនៅក្នុងកណ្តាប់ដៃ ទើបយើងមិនអាចទប់ទល់នឹងព្រះអង្គយ៉ាងបើកចំហបាន យើងត្រូវកសាងកម្លាំងសម្ងាត់អនុវត្តយ៉ាងស្ងាត់កំបាំង ការងារដំបូងរបស់យើង គឺ ព្យាយាមជួយរំដោះព្រះរាជាធិបតីពិម្ពិសារចេញពីមន្ទីរឃុំឃាំង លើកដំបូង យើងបានបញ្ជូនមនុស្សរបស់យើងព្រមទាំងអាវុធគ្រប់ដៃបុកសម្រុកចូលទៅដើម្បីដណ្តើមយកព្រះរាជាធិបតីត្រឡប់មកវិញ ប៉ុន្តែដោយសារកម្លាំងរបស់យើងតិចជាង ទើបត្រូវកងអង្គរក្សរបស់ព្រះបាទអជាតសត្តុបង្រ្កាបឲ្យរាបទាបទៅ ចាប់តាំងពីពេលនោះមក ព្រះបាទអជាតសត្តុក៏ទ្រង់ដឹងខ្លួនទើបកសាងកងអង្គរក្សរក្សាព្រះរាជវាំងនិងពន្ធនាគារយ៉ាងរឹងមាំ ហេតុនោះ យើងពិចារណាឃើញថា មិនអាចវាយប្រហារដោយកងកម្លាំងបានទេ ទើបគិតរកវិធីពង្រត់ព្រះបាទពិម្ពិសារភៀសទៅដោយកលោបាយ" "ប៉ុន្តែក៏បរាជ័យទៀតមែនទេ?" ខ្ញុំព្រះករុណាសួរជ្រែកឡើង "២ លើកដំបូង បរាជ័យ ទានម្ចាស់ ! ប៉ុន្តែលើកទី ៣ យើងធ្វើបានសម្រេច" "ធ្វើបានសម្រេចយ៉ាងម៉េច បើអញ្ចឹង ម៉េចក៏ព្រះបាទពិម្ពិសារត្រូវគេធ្វើទារុណកម្មរហូតដល់ក្ស័យព្រះជន្មក្នុងមន្ទីរឃុំឃាំង"ខ្ញុំព្រះករុណាសួរដោយសេចក្តីសង្ស័យ "កុំអាលសិន ទានម្ចាស់ ! ខ្ញុំកណានឹងតំណាលសេចក្តីលម្អិតប្រគេនហើយទានម្ចាស់នឹងដឹងដោយខ្លួនឯងថា ហេតុអ្វីបានជាយើងធ្វើការសម្រេចប៉ុន្តែបរាជ័យ នៅលើកទី ៣ យើងចាប់ប្រតិបត្តិការក្នុងពេលយប់អធ្រាតស្ងាត់ ដោយបញ្ជូនកងកម្លាំងចូលទៅវាយប្រហារកងអង្គរក្សដែលឈរជើងនៅមិនឆ្ងាយពីពន្ធនាគារ ក្នុងខណៈដែលការច្បាំងតស៊ូគ្នាកំពុងតែប្រព្រឹត្តទៅនោះ ទាហានដែលនៅយាមការពារពន្ធនាគារត្រូវគេកោះហៅឲ្យចូលទៅជួយច្បាំងតស៊ូ នៅសល់តែទាហានយាម ២ ឬ ៣ នាក់ប៉ុណ្ណោះ ពេលនេះឯង ខ្ញុំកណាទើបបន្លំ ខ្លួនធ្វើជាទាហានភូមិន្ទចូលទៅក្នុងបរិវេណពន្ធនាគារសំឡេះទាហានយាមនោះម្តងមួយៗ ហើយក៏បើកទ្វារចូលទៅក្នុងបន្ទប់ឃុំឃាំងព្រះបាទពិម្ពិសារ ខ្ញុំកណាបានជួបព្រះអង្គកំពុងតែប្រថាប់គង់លើផ្ទៃបន្ទប់បិទព្រះនេត្រត្រង់ទីចូលធ្វើសមាធិយ៉ាងស្ងប់ស្ងៀមហាក់បីដូចជាគ្មានហេតុការណ៍អ្វីកើតឡើង ខ្ញុំកណាថ្វាយគារវកិច្ច លូនចូលទៅចាប់ពាល់ព្រះវរកាយរហូតដល់ព្រះអង្គចេញពីសមាធិ បើកព្រះនេត្រឡើង ខ្ញុំកណាបានក្រាបទូលឲ្យព្រះអង្គជ្រាបថា ខ្ញុំកណាគឺជាអ្នកណាហើយមកដើម្បីអ្វី ហើយក្រាបទូលឲ្យយាងចេញពីមន្ទីរឃុំឃាំងទៅជាមួយនឹងខ្ញុំកណាឲ្យបានឆាប់ជាទីបំផុត ប៉ុន្តែ បពិត្រទានម្ចាស់ ! ខ្ញុំកណាដល់ថ្នាក់ស្រឡាំងកាំងមួយភាំង ត្បិតព្រះរាជាធិបតីត្រាស់ថា 'អរគុណជាអនេកចំពោះលោកធម្មិកៈដែលមានបំណងល្អចំពោះយើង អរគុណអ្នកទាំងអស់គ្នាដែលមានចំណែកចូលរួមជាមួយនឹងលោក ប៉ុន្តែយើងមិនអាចទៅបានទេទាំងមិនទៅជាដាច់ខាត ព្រោះគ្រោះកម្មដែលយើងបានទទួលនៅពេលនេះជាផលនៃកម្មចាស់ក្នុងអតីតជាតិរបស់យើង នេះជាឱកាសចុងក្រោយដែលយើងត្រូវសងបំណុលកម្មចាស់ បើយើងគេចទៅជាមួយនឹងលោក បំណុលរបស់យើងនឹងមិនអស់ទេ លើសពីនោះទៀត ការគេចខ្លួនរបស់យើងនឹងនាំឲ្យកើតសង្គ្រាមស៊ីវិល ប្រជារាស្ត្រជាច្រើននឹងត្រូវស្លាប់បាត់បង់ជីវិតដោយសារយើង សូមឲ្យយើងនៅទីនេះបានសងបំណុលកម្មចាស់យ៉ាងស្ងប់ផងចុះ' បពិត្រទានម្ចាស់ ! ខ្ញុំកណាបានព្យាយាមទទូចអង្វរដោយប្រការផ្សេង ៗប៉ុន្តែព្រះអង្គនៅតែមិនយល់ព្រម ប៉ុន្តែនៅទីបំផុត ខ្ញុំកណាទើបសម្រេចចិត្តនាំខ្លួនព្រះអង្គចេញទៅដោយកម្លាំង ប៉ុន្តែពេញជាចម្លែកអស្ចារ្យណាស់ ទានម្ចាស់ ! ប្រាកដឃើញថា ខ្ញុំកណាមិនអាចចាប់ពាល់ព្រះវរកាយរបស់ព្រះអង្គជាលើកទី ២ បានទៀតទេ ព្រោះព្រះវរកាយរបស់ព្រះអង្គក្តៅយ៉ាងខ្លាំងដូចរងើកភ្លើង ខ្ញុំកណាត្រូវថ្វាយគារវកិច្ច ទូលលាព្រះអង្គត្រឡប់ចេញមកដោយទាំងទឹកភ្នែក" ។
បរិព្វាជកចម្លែក
[កែប្រែ]ធម្មិកៈឧបាសកអង្គុយឈ្ងោកមុខស្រតឹកមួយស្របក់ នៅពេលគាត់ងើយមុខឡើង ខ្ញុំព្រះករុណាសង្កេតឃើញភ្នែករបស់គាត់ប្រែទៅជាក្រហមទាំងមានទឹកភ្នែករលេងរលោង "បពិត្រទានម្ចាស់ ! "គាត់មានប្រសាសន៍ឡើងដោយសម្លេងញ័ររន "ខ្ញុំកណាប្រញាប់ត្រឡប់មករាយការណ៍ឲ្យមេដឹង មេមិនជឿខ្ញុំកណាទេទាំងស្តីបន្ទោសខ្ញុំកណាយ៉ាងចាស់ដៃដែលមិនអាចនាំខ្លួនព្រះរាជាធិបតីចេញពីមន្ទីរឃុំឃាំងបាន ខ្ញុំកណាទើបនាំគាត់ទៅពន្ធនាគារម្តងទៀត ព្រះរាជាធិបតីបានត្រាស់នឹងគាត់ដូចយ៉ាងត្រាស់នឹងខ្ញុំកណា ហើយនៅពេលដែលគាត់ចូលទៅចាប់ពាល់ព្រះវរកាយ ក៏ប្រាកដឃើញថា មិនអាចចាប់ពាល់បានដដែល ពួកយើងទើបទូលលាត្រឡប់មកវិញដោយកំហកបំណង ព្រោះហេតុនេះឯង ទានម្ចាស់ ! ខ្ញុំកណាទើប និយាយថា យើងធ្វើការបានសម្រេចតែបរាជ័យ" ខ្ញុំព្រះករុណាស្តាប់ពាក្យរៀបរាប់របស់ធម្មិកៈឧបាសកដោយលំនឹកចម្លែកឆ្លែកក្នុងចិត្ត ប៉ុន្តែដើម្បីនឹងបានដឹងរឿងរ៉ាវបន្ថែមទៀត ខ្ញុំព្រះករុណាទើបសួរថា "ម្នាលឧបាសក ! ក្រោយពីផែនការនោះបរាជ័យហើយ តើញោមនឹងប្រតិបត្តិការយ៉ាងណាទៀត?" "បពិត្រទានម្ចាស់ ! បន្ទាប់ពីនោះមក យើងក៏ប្រតិបត្តិការតាមផែនការជាលំដាប់ទៀត យើងបានបញ្ជូនមនុស្ស ចេញទៅនិយាយកៀរគរប្រមែប្រមូលប្រជាជនតាមនិគមជនបទខាងក្រៅទីក្រុងរាជគ្រឹះ ហាត់សមយុទ្ធវិធីផ្សេងៗ កសាងកម្លាំងទ័ពស្ងាត់កំបាំងតាមព្រៃភ្នំជាច្រើនកន្លែង ហើយបើកការវាយប្រហារទៅលើកងទ័ពភូមិន្ទម្តងម្កាល ជួនកាលក៏ទទួលជ័យជម្នះ រឹបអូសបានអាវុធយុទ្ធោបករណ៍និងស្បៀងអាហារជាច្រើន ប៉ុន្តែជួនកាលក៏ទទួលបរាជ័យ ប៉ុន្តែពួកយើងមិនញូញញើញរួញរាចិត្តឡើយ បក្សពលរបស់យើងម្នាក់ៗតស៊ូយ៉ាងក្លាហានដោយកំហឹងខឹងស្អប់ព្រះបាទអជាតសត្តុ និងដោយសេចក្តីស្រឡាញ់ស្មោះស្ម័គ្រចំពោះព្រះរាជាពិម្ពិសារ យើងត្រូវតែតស៊ូលុះត្រាតែនឹងទទួលជ័យជម្នះ ឬលុះត្រាតែបក្សពលចុងក្រោយរបស់យើងនឹងផុតរលត់ជីវិតពីលោកនេះទៅ" "ម្នាលឧបាសក ! តាមដែលធ្វើនៅខណៈនេះ តើញោមមានលំនឹកសង្ឃឹមថានឹងទទួលជ័យជម្នះប៉ុនណាដែរ?" "បពិត្រទានម្ចាស់ ! ខណៈនេះ នៅមិនទាន់មើលឃើញសញ្ញានៃជ័យជម្នះដាច់ខាតនៅឡើយទេ ពីព្រោះព្រះបាទអជាតសត្តុបានបង្កើនកម្លាំងទ័ពច្រើនឡើងថែមទៀតហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំឡើង រហូតដល់មើលទៅស្ទើរតែហួសវិស័យដែលបក្សពលរបស់យើងនឹងកម្ចាត់បំបាត់បាន ប៉ុន្តែពួកយើងនៅតែតស៊ូតទៅ ទោះបីបើនឹងមិនអាចយកជ័យជម្នះបានយ៉ាងដាច់ខាតក៏ដោយ យើងនឹងព្យាយាមធ្វើយុកយាក់កាត់ផ្តាច់កម្លាំងរបស់សត្រូវឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន" "ម្នាលឧបាសក ! ញោមល្មមនឹងបង្ហើបប្រាប់ឲ្យអាត្មាដឹងបានទេថាតើអ្នកណាជាមេខ្លោងបក្សពលរបស់ញោម?" ធម្មិកៈឧបាសកអង្គុយមិងមាំងអាំងឡាំងអស់ពេលជាយូរ ហើយក៏និយាយឡើងថា "បពិត្រទានម្ចាស់ ! រឿងនេះគឺជាការសម្ងាត់ដែលខ្ញុំកណាមិនអាចបង្ហើបប្រាប់បានទេ ព្រោះពួកយើងបានធ្វើសច្ចាប្រណិធានស្បថស្បែចំពោះគ្នាថា ទោះបីស្លាប់រស់របួសស្នាមយ៉ាងណា ក៏មិនត្រូវប្រាប់ឈ្មោះមេដឹកនាំជាដាច់ខាត ទោះបីជាឪពុកម្តាយញាតិជិតមិត្រសម្លាញ់របស់ខ្លួនក៏ដោយ ព្រោះបើភាគីសត្រូវដឹងការសម្ងាត់នេះ ជាការងាយដូចបកចេកដែលនឹងចាត់វិធានការបង្រ្កាបប្រាបប្រាម ពេលនេះគេក៏ដឹងបុគ្គលថ្នាក់មេខ្លោងដែរ ប៉ុន្តែមិនដឹងថាអ្នកណាជាមេធំពិតទេ ខ្ញុំកណាសូមទោសដែលមិនអាចឆ្លើយសំណួររបស់ទានម្ចាស់បាន" "មិនអីទេ ឧបាសក ! អាត្មាគ្រាន់តែសួរលមើលដោយចំណង់ចង់ដឹងប៉ុណ្ណោះ ទោះបីដឹងថាអ្នកណាជាមេខ្លោងក៏គ្មានន័យអ្វីសម្រាប់អាត្មាទេ ហេតុដូច្នេះទោះដឹងឬមិនដឹងក៏មានតម្លៃស្មើគ្នាហ្នឹងឯង អាត្មាបានសន្ទនាជាមួយនឹងញោមអស់ពេលជាយូរហើយ ដល់ពេលដែលអាត្មាត្រូវចម្រើនពរលាធ្វើដំណើរតទៅទៀតហើយ" "ចុះទានម្ចាស់នឹងនិមន្តទៅណា?" ធម្មិកៈឧបាសកសួរដោយអាការភ្ញាក់ផ្អើល "ទានម្ចាស់នឹងគង់នៅឯវេឡុវ័នតទៅទៀតមែនទេ? " "អាត្មានឹងធ្វើដំណើរដើរចច្រប់ទៅបែបអនាគារិកតាមដែលអាត្មាធ្លាប់ត្រាច់ចរមកមុនពេលដែលមកនៅប្រចាំឯវេឡុវ័ន គោលបំណងដើម្បីបដិបត្តិសេចក្តីព្យាយាមដើម្បីសេចក្តីហ្មត់ចត់រួចផុតរបស់ខ្លួនឯង និងដើម្បីជួយផ្សព្វផ្សាយសច្ចធម៌របស់ព្រះបរមសាស្តា" ធម្មិកៈឧបាសកបានទទូចអង្វរឲ្យខ្ញុំព្រះករុណាវិលត្រឡប់ទៅនៅប្រចាំឯវេឡុវ័នវិញ ប៉ុន្តែលុះបានដឹងមហាប្រណិធានដាច់ខាតរបស់ខ្ញុំព្រះករុណាហើយ គាត់ក៏លែងជំទាស់ "បពិត្រទានម្ចាស់ ! "គាត់មានប្រសាសន៍ឡើងដោយសម្លេងកម្សត់ "មើលទៅហាក់នឹងថា យុគនេះជាយុគនៃការព្រាត់ប្រាសដោយពិត ព្រះរាជាពិម្ពិសារបានចាកចោលទៅកាន់បរលោកដោយគ្មានថ្ងៃណាវិលត្រឡប់វិញ ព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ស្តេចចាកចេញទៅកាន់ក្រុងសាវត្ថី ទានម្ចាស់កំពុងតែនឹងចាកចេញទៅទៀត ចាប់តាំងពីពេលនេះទៅ ក្រុងរាជគ្រឹះមុខជាប្រែក្លាយទៅជាក្រុងនៃក្សត្រផ្តាច់ការ ជាក្រុងនៃការជិះជាន់សង្កត់សង្កិន និងសង្រ្គាមភាន់ប្រែ សូមនិមន្តទានម្ចាស់ទៅតាមផ្លូវស្ងប់សុខរបស់ទានម្ចាស់ចុះ ខ្ញុំកណានឹងដើរទៅតាមផ្លូវដែលប្រឡាក់ប្រឡូកដោយឈាមនិងទឹកភ្នែកតទៅ" ។
ខ្ញុំព្រះករុណាពោលអនុមោទនាកថានៃភត្តាហារទានដល់ធម្មិកៈឧបាសកហើយក៏ចម្រើនពរលាចេញធ្វើដំណើរតទៅ ស្ថានភាពក្រុងរាជគ្រឹះមើលទៅឃើញស្រពាប់ស្រពោន ស្ងប់ស្ងាត់ពិតដូចដែលធម្មិកៈឧបាសកមានប្រសាសន៍មែន តាមផ្លូវថ្នល់នានាដែលធ្លាប់តែកុះករឈូឆរដោយឈ្មួញពាណិជ្ជករនិងមនុស្សគ្រប់ភេទគ្រប់វ័យ គ្រប់វណ្ណៈ ប៉ុន្តែឥឡូវនេះ ត្រឡប់ជាធេងស្រឡះមានមនុស្សមនាដើរទៅមកបន្តិចបន្តួច ខ្ញុំព្រះករុណាដើរចេញពី ទ្វារក្រុងទិសខាងជើងចន្លោះភ្នំវេបុល្លៈនិងភ្នំវេភារៈ ហើយក៏មកគង់សម្រាកក្រោមដើមឈើក្បែរតបោតានទីដែលជាអណ្តូងទឹកក្តៅដ៏ស័ក្តិសិទ្ធិដែលធ្លាប់តែត្រៀបត្រាដេរដាសដោយហ្វូងមនុស្សដែលមកងូតទឹកលាងបាប តាំងពីព្រឹកដល់ល្ងាច ឥឡូវនេះក៏មានមនុស្សងូតត្រឹមតែ ២ ឬ ៣ នាក់ប៉ុណ្ណោះ ។ បពិត្រលោកដ៏មានអាយុ ! ខ្ញុំព្រះករុណាអង្គុយពិចារណាធម៌ជាការសម្រាកគេចកម្តៅថ្ងៃនៅក្រោមដើមឈើនោះរហូតដល់បាក់រសៀល ទើបត្រៀមខ្លួនចេញធ្វើដំណើរដើរផ្លូវតទៅទៀត ប៉ុន្តែនៅខណៈដែលខ្ញុំព្រះករុណាកំពុង ចាត់ត្រៀមគ្រឿងបរិក្ខារនោះឯង បានមានបរិព្វាជកវ័យកណ្តាល ១ រូបឈាងចូលមកសម្រាកក្រោមដើមឈើ នោះដែរហើយបានប្រាស្រ័យរាក់ទាក់បបួលសន្ទនា "ម្នាលលោកអ្នកមានអាយុ ! "បរិព្វាជកវ័យកណ្តាលនិយាយឡើង "ខ្ញុំកូរណា ឈ្មោះ វសុទេព ជាអនាគារិក បដិបត្តិធម៌ដើម្បីវិមោក្ខដូចយ៉ាងលោកដែរ បើលោកមិនយល់ទាស់ទេ ខ្ញុំកូរណាចង់សន្ទនាជាមួយនឹងលោកដើម្បីឲ្យកើតបញ្ញា" "មិនយល់ទាស់ទេ លោកអនាគារិក ! " ខ្ញុំព្រះករុណាឆ្លើយបណ្តើរសម្លឹងមើលបរិព្វាជកយ៉ាងពិនិត្យពិច័យបណ្តើរ ព្រោះកើតលំនឹកប្រហាក់ប្រហែលថាខ្លួនបានធ្លាប់ជួបបរិព្វាជកនេះត្រង់កន្លែងណាមួយមកយូរហើយ ប៉ុន្តែនឹកមិនឃើញថាជួបនៅកន្លែងណា "ខ្ញុំកូរណាឃើញលោកកំពុងតែត្រៀមខ្លួននឹងចាកចេញដំណើរ តើលោកកំពុងនឹងប្រញាប់និមន្តទៅណា?" បរិព្វាជកសួរ "ខ្ញុំកូរណាមិនមានរវល់ប្រញាប់ប្រញាល់អ្វីទេ លោកអនាគារិក ! ខ្ញុំកូរណាធ្វើដំណើរដើរផ្លូវទៅដោយឥតគោលដៅ យប់ត្រង់កន្លែងណាក៏ឈប់សម្រាកត្រង់កន្លែងនោះ ចង់សម្រាកយូរប៉ុនណាក៏សម្រាក ចង់ទៅពេលណាក៏ទៅ ចង់ទៅទីន្លែងណាក៏ទៅ មុខការរវល់របស់ខ្ញុំកូរណានៅនឹងខ្លួនខ្ញុំកូរណានេះឯង លោកត្រូវការសន្ទនារឿងអ្វី ក៏ស្រេចតែលោកចុះតាមសប្បាយ គ្មានអ្វីណាដែលខ្ញុំកណាពេញចិត្តធ្វើជាងការសន្ទនាផ្តោះផ្តូរចំណេះដឹងជាមួយនឹងអ្នកបួសទាំងឡាយក្នុងសាសនាផ្សេង ៗដែលកំពុងតែសិក្សាស្រាវជ្រាវទៅក្នុងដែននៃចិត្តវិញ្ញាណដ៏ជ្រាលជ្រៅនេះទេ បើការសន្ទនារបស់យើងមានសារៈប្រយោជន៍សមគួរ ខ្ញុំកូរណាត្រេកអរនឹងសន្ទនាជាមួយនឹងលោកយូរប៉ុនណាក៏បាន" "លោកអ្នកមានអាយុ ! "បរិព្វាជកវសុទេពពោលឡើងក្រោយពីអង្គុយចុះលើផ្ទាំងស្បែកខ្លា ដាក់ចុះឆ្នាំងស្ពាន់ក្បែរៗខ្លួន "អាកាសធាតុថ្ងៃនេះហាក់ដូចជាក្តៅស្អុះស្អាប់ដូចយ៉ាងបរិយាកាសស្រុកទេសរបស់ក្រុងរាជគ្រឹះអញ្ចឹង" ពាក្យសម្តីរបស់វសុទេពសម្តែងឲ្យឃើញថា គេជាមនុស្សយកចិត្តទុកដាក់ក្នុងកិច្ចការស្រុកទេសមួយរូបថ្វីបើជាបរិព្វាជកលះបង់លោកិយវិស័យហើយក៏ដោយ "ហេតុការណ៍អាក្រក់ទាំងអស់កើតចេញពីព្រះទេវទត្តសមមិត្រព្រហ្មចារីរបស់លោកហ្នឹងឯង" វសុទេពពោលតទៅ "ខ្ញុំកូរណាយល់ឃើញថាព្រះទេវទត្តជាសមណៈគម្រក់បំផុត ប្រជាជនគប្បីចាប់កាត់ទោសប្រហារជីវិត ឥឡូវនេះបានដំណឹងថាទៅបង្កើតក្រុមសេរីនៅឯតំបន់គយាសីសៈប្រទេសឯណោះ ឃើញថា បដិបត្តិខ្លួនយកតម្រាប់តាមព្រះសមណគោត្តមគ្រប់យ៉ា់ងទាំងមានអគ្គសាវ័កឆ្វេងស្តាំទៀតផង" "លោកអនាគារិក ! បើលោកបបួលខ្ញុំកូរណាសន្ទនាក្នុងរឿងនាំឲ្យស្រយង់ចិត្តបែបនេះ ខ្ញុំកូរណាឃើញថា ត្រូវលាលោកធ្វើដំណើរតទៅទៀតហើយ ព្រោះខ្ញុំកូរណាយល់ឃើញថាវាមិនមែនជារឿងនាំឲ្យកើតបញ្ញាទេ" "យី ! លោកអ្នកមានអាយុនេះ ម៉េចក៏ចាស់ក្លាបញ្ញាជ្រុលចឹង" វសុទេពនិយាយបណ្តើរសើចកក្អឹកបណ្តើរ "ប៉ុន្តែថ្វីបើចាស់ក្លាបញ្ញានេះឯង លោកក៏នៅអន់ខ្សោយខាងបញ្ញាណាស់"
សម្តីបែបមើលងាយរបស់វសុទេពធ្វើឲ្យខ្ញុំព្រះករុណាកើតការមិនពេញចិត្តភ្លាម ប៉ុន្តែព្រោះតែបានអប់រំសតិសម្បជញ្ញៈមកច្រើនគួរសម ទើបរលឹកនឹកបាននិងប្រញាប់ទប់សង្កត់ចិត្តឲ្យជាប្រក្រតីហើយក៏ឆ្លើយគេថា "អាចពិតក៏បាន លោកអនាគារិក ! កំហុសខុសឆ្គងរបស់ខ្លួនឯង ជួនកាលមើលមិនឃើញទេ ទាល់តែមានអ្នកដទៃមកចង្អុលប្រាប់ទើបឃើញ ប៉ុន្តែខ្ញុំកូរណានៅមិនដឹងថា ខ្ញុំកូរណាអន់ខ្សោយខាងបញ្ញាយ៉ាងម៉េចបើគ្រាន់តែមិនចង់សន្ទានាអំពីអំពើអាក្រក់របស់អ្នកដទៃ" "លោកអ្នកមានអាយុ ! " វសុទេពនិយាយញឹមៗយ៉ាងបានចង្វាក់ "ធម្មតា ពេទ្យជំនាញក្នុងយជុរវេទ រមែងមើលឃើញដើមឈើគ្រប់ដើមសុទ្ធតែជាថ្នាំរក្សារោគយ៉ាងណាមិញ បញ្ញវន្តក៏តែងតែមើលឃើញរឿងរ៉ាវគ្រប់រឿងជាគ្រឿងអភិវឌ្ឍបញ្ញាក៏យ៉ាងនោះដែរ ខ្ញុំកូរណាយល់ឃើញថា ការសន្ទានាដល់អំពើល្អឬអំពើអាក្រក់របស់អ្នកដទៃ បើយើងចេះសន្ទនា ក៏អាចនាំឲ្យកើតបញ្ញាបានដែរ" បពិត្រលោកដ៏មានអាយុទាំងឡាយ ! តាមពាក្យសម្តីរបស់គេ ខ្ញុំព្រះករុណាក៏ដឹងបានភ្លាមថា វសុទេពជាបរិព្វាជកដែលខ្ញុំព្រះករុណាមិនអាចមើលងាយបានទេ ពីព្រោះសំដីសំដៅរបស់គេស្រួចស្រាល់ និងមានហេតុផល សម្តែងថាជាពហុស្សូត មានគំនិតប្រាជ្ញាល្អល្អះ ប៉ុន្តែគួរឲ្យចម្លែកចិត្តក្រៃលែងដែលកាលបើសន្ទានគ្នាតទៅ ហើយនៅពេលខ្ញុំព្រះករុណាសួរដល់ខវត្តប្រតិបត្តិរបស់បរិព្វាជក គេត្រឡប់ជាឆ្លើយមិនបាន ហើយព្យាយាមឆ្លើយគេចវេះរាល់លើក ធ្វើឲ្យខ្ញុំព្រះករុណាកើតសេចក្តីសង្ស័យនិងបារម្ភថាគេជាបរិព្វាជកបែបណា ខ្ញុំព្រះករុណា រឹតតែចម្លែកចិត្តថែមទៀតនៅពេលដែលគេឆ្លើយថា "ខ្ញុំកូរណាចេញបួសដោយខ្លួនឯងដោយសេចក្តីស្ម័គ្រចិត្ត មិនចំណុះនឹងសាស្តាអង្គណាទេ ហើយក៏មិនប្រកាន់យកវត្តប្រតិបត្តិរបស់បរិព្វាជកសម្នាក់ណាដែរ ចង់បដិបត្តិយ៉ាងណាក៏បដិបត្តិ មិនធ្វើជាទាសកររបស់ ក្រិត្យក្រមអ្វីរបស់អ្នកណាទេ" "បើអញ្ចឹង ហេតុអីបានជាលោកចេញបួសជាបរិព្វាជក?"ខ្ញុំព្រះករុណាសួរ "ព្រោះហេតុផលម្យ៉ាង លោកដ៏មានអាយុ ! គឺ ព្រោះការស្រឡាញ់សេរីភាពយ៉ាងខ្លាំងក្លាហ្នឹងឯង សេរីភាពចាកកង្វល់នៃឃរាវាសវិស័យ សេរីភាពចាកលទ្ធិបដិបត្តិណាមួយ សេរីភាពចាកសាស្តាឬមេលទ្ធិណាៗទាំងអស់ សេរីភាពចាកការជាប់ចំពាក់នឹងទីកន្លែងឬបុគ្គលណាៗទាំងអស់" "ប៉ុន្តែក្នុងឋានៈជាបរិព្វាជក លោកត្រូវតែមានគោលដៅរបស់ជីវិត ហើយមានគោលបដិបត្តិយ៉ាងណាមួយដើម្បីចូលដល់គោលដៅនោះ" ខ្ញុំព្រះករុណាសួរដោយសេចក្តីសង្ស័យ "គ្មានអ្វីទាំងអស់ លោកអ្នកមានអាយុ ! សូម្បីតែគោលដៅរបស់ជីវិតក៏គ្មានដែរ ព្រោះដរាបណា លោកនៅមានគោលដៅ លោកនឹងជាប់ចំពាក់នឹងគោលដៅនោះ លោកនឹងមិនទទួលបានសេរីភាពពេញលេញទេ នៅពេលខ្ញុំកូរណាគ្មានគោលដៅ ខ្ញុំកូរណាក៏គ្មានគោលបដិបត្តិដើម្បីឲ្យទៅដល់គោលដៅនោះដែរ" "បើអញ្ចឹង លោកកាន់យកភេទជាបរិព្វាជកធ្វើអ្វី?" "ខ្ញុំកូរណាកាន់យកភេទជាបរិព្វាជក ព្រោះយល់ឃើញថា ភេទនេះសមរម្យបំផុតសម្រាប់ខ្ញុំកូរណានៅខណៈនេះ ប៉ុន្តែបើខ្ញុំកូរណាយល់ឃើញថាភេទដទៃសមរម្យជាងក្នុងខណៈដទៃ ខ្ញុំកូរណាអាចនឹងលះបង់ភេទបរិព្វាជកនៅពេលណាក៏បាន ខ្ញុំកូរណាមិនជាប់ចំពាក់ក្នុងភេទអ្នកបួសខាងក្រៅនេះទេ" នៅខណៈដែលយើងកំពុងតែសន្ទនាគ្នានោះឯង វសុទេពបានក្រឡេកទៅឃើញកងទ័ពភូមិន្ទដែលកំពុងតែចេញពីព្រះនគរ គេសម្លឹងមើលកងទាហាននោះដោយកែវភ្នែកក្រឡែតក្រឡង់ ហើយសម្លឹងមើលទៅយ៉ាងយកចិត្តទុកដាក់ រហូតដល់កងទាហានភូមិន្ទនោះដើរឆ្លងផុតទៅ មិនយូរប៉ុន្មាន គេក៏សុំអនុញ្ញាតខ្ញុំព្រះករុណា សួឡើងទៅលើដើមឈើ ប្រាប់ថានឹងធ្វើសាសនកិច្ចដែលគេគិតថាគួរធ្វើនៅខណៈនោះ គេឡើងទៅលើចុងឈើហើយលើកដៃចុះលើកដៃឡើងធ្វើជាសញ្ញាផ្សេង ៗ ហើយក៏ចុះមក "ខ្ញុំកូរណាឡើងទៅធ្វើពិធីសំពះព្រះអាទិត្យ "គេនិយាយញឹមៗនៅពេលត្រឡប់មកអង្គុយរួចហើយ ។
សេរីភាពពេញបរិបូរ
[កែប្រែ]ម្នាលលោកដ៏មានអាយុទាំងឡាយ ! កិរិយាឫកពានិងចិត្តគំនិតឆ្លែកចម្លែករបស់វសុទេពបរិព្វាជកធ្វើឲ្យខ្ញុំព្រះករុណាឆ្លែកចម្លែកចិត្តសង្ស័យនិងចាប់ចិត្តដិតអារម្មណ៍លាយឡំគ្នា គេប្រាប់ថា គេប្រកាន់ប្រគិតយឹតមាំក្នុង"សេរីភាពពេញបរិបូរ" មិនប្រកាន់ប្រគិតក្នុងអ្វីទាំងអស់ គេគ្មានគោលដៅក្នុងជីវិត ព្រោះការកំណត់គោលដៅធ្វើឲ្យគេត្រូវបដិបត្តិដើម្បីសម្រេចគោលដៅនោះ ចាត់ជាការក្រិតកម្រិតសេរីភាពរបស់ខ្លួនឯង គេគ្មានរបៀបបដិបត្តិណាៗទាំងអស់ ព្រោះការមានរបៀបបដិបត្តិដែលជាក់លាក់ធ្វើឲ្យគេអស់សេរីភាពក្នុងការបដិបត្តិ គេមិននៅចំណុះនឹងសាស្តាអង្គណាទេ ព្រោះការមានសាស្តាធ្វើឲ្យចិត្តរបស់គេអស់សេរីភាពក្នុងការបដិបត្តិ ប្រសិនបើគេប្រកាន់យកបានតាមនោះមែន គង់នឹងមានសេរីភាពនិងសុខសប្បាយក្រៃលែង ប៉ុន្តែទង្វើនិងសម្តីសំដៅរបស់គេមើលទៅដូចជាឥតស៊ីចង្វាក់គ្នាសោះ ព្រោះគេនៅសួឡើងដើមឈើទៅសំពះព្រះអាទិត្យ សម្តែងថា គេនៅគោរពរាប់អានព្រះអាទិត្យជាសរណៈទីពឹងនិងនៅប្រកាន់ខ្ជាប់ក្នុងខវត្តប្រតិបត្តិ គឺ ការសំពះព្រះអាទិត្យ ប៉ុន្តែនៅពេលដែលខ្ញុំព្រះករុណាសាកសួរ គេក៏ពន្យល់ហេតុផលយ៉ាងគួរឲ្យស្តាប់ថា "បពិត្រលោកអ្នកមានអាយុ ! ខ្ញុំកូរណាមិនបានគោរពរាប់អានព្រះអាទិត្យជាសាស្តាឬសរណៈទេ ហើយក៏មិនប្រកាន់យកការសំពះព្រះអាទិត្យជាខវត្តប្រតិបត្តិប្រចាំដែរ ខ្ញុំកូរណាអាចនឹងសំពះអ្វីនៅពេលណាក៏បាន កាលបើខ្ញុំកូរណាគិតចង់នឹងសំពះ បើមិនចង់សំពះទេ ខ្ញុំកូរណាក៏មិនសំពះអ្វីដែរ នៅខណៈនេះខ្ញុំកូរណាគិតចង់នឹងសំពះព្រះអាទិត្យ ទាំងចង់នឹងសំពះលើចុងឈើផង ខ្ញុំកូរណាទើបសួឡើងទៅសំពះព្រះអាទិត្យលើចុងឈើ លោកអ្នកមានអាយុ ! ជីវិតរបស់ខ្ញុំកូរណាជាជីវិតសេរីយ៉ាងពេញលេញ ខ្ញុំកូរណាបណ្តោយជីវិតឲ្យប្រព្រឹត្តទៅលឿនលយបីដូចជាប៉ុយគដែលត្រូវជំនោរខ្យល់បក់ផាត់រសាត់ទៅក្នុងលំហអាកាសល្វឹងល្វើយ មិនជាប់ចំពាក់ទាក់នឹងអ្វីទាំងអស់" កាលបើវសុទេពនិយាយមកដល់ត្រង់នេះ ខ្ញុំព្រះករុណាក៏មើលឃើញចន្លោះប្រហោងដែលនឹងដេញផ្ទាន់បរិព្វាជកឆ្លាតនេះឲ្យទញ់ទាល់ឲ្យបាន ខ្ញុំព្រះករុណានិយាយថា "លោកអនាគារិក ! ខ្ញុំកូរណាយល់ឃើញថា សេរីភាពមាន ២ យ៉ាង គឺ សេរីភាពផ្លូវកាយ ១ សេរីភាពផ្លូវចិត្ត ១ សេរីភាពផ្លូវកាយ បានដល់ ការដែលអាចធ្វើដំណើរទៅណាមកណាបានដោយសេរី មិនជាប់ចំពាក់ទីកន្លែងណាៗទាំងអស់បីដូចជាមច្ឆជាតិហែបហែលទៅក្នុងមហាសាគរដ៏ធំល្វឹងល្វើយ គ្មានរបៀបវិន័យផ្លូវកាយណាៗត្រូវបដិបត្តិជាប្រចាំនោះទេ សេរីភាពផ្លូវចិត្ត បានដល់ ការដែលមិនប្រកាន់ខ្ជាប់ក្នុងសាស្តា ក្នុងទិដ្ឋិ ឬ ក្នុងខវត្តប្រតិបត្តិណាៗទាំងអស់ ខ្ញុំកូរណាយល់ឃើញថា លោកមានសេរីភាពទាំងផ្លូវកាយនិងផ្លូវចិត្តបង្គួរ ប៉ុន្តែខ្ញុំកូរណាជឿថា លោកនៅមិនទាន់មានសេរីភាពពេញបរិបូរពិតប្រាកដទេ ជាពិសេស លោកនៅខ្វះសេរីភាពផ្លូវចិត្តយ៉ាងច្រើន" "ខ្វះសេរីភាពផ្លូវចិត្តយ៉ាងម៉េច លោកមានអាយុ ! " វសុទេពសួរទាំងសម្លឹងមើលមុខខ្ញុំព្រះករុណាដោយវិមតិកង្ខា "លោកអនាគារិក ! លោកប្រាប់ថា លោកគ្មានខវត្តប្រតិបត្តិដែលជាក់លាក់ទេ លោកចង់នឹងបដិបត្តិវត្តបទណាៗក៏បានស្រេចតែលោកចង់បដិបត្តិក្នុងខណៈនោះៗ ដូចជា អម្បាញ់មិញនេះ លោកចង់ទៅសំពះព្រះអាទិត្យលើដើមឈើ លោកក៏សួឡើងទៅសំពះព្រះអាទិត្យលើដើមឈើ ខ្ញុំកូរណាជឿថា នៅយប់ណាដែលមានព្រះចន្ទពេញដួង កាលបើលោកកើតចំណង់ចង់នឹងទៅសំពះព្រះចន្ទលើកំពូលភ្នំ លោកក៏ឡើងទៅសំពះព្រះចន្ទលើកំពូលភ្នំ ឬពេលខ្លះ លោកកើតចំណង់ចង់នឹងទៅសំពះមច្ឆជាតិ លោកក៏ត្រូវមុជទឹកចុះទៅសំពះមច្ឆជាតិ អញ្ចឹងមែនទេ?" "អញ្ចឹងឯង លោកអ្នកមានអាយុ !" វសុទេពអះអាង "ព្រោះខ្ញុំកូរណាមានសេរីភាពផ្លូវចិត្ត ខ្ញុំកូរណាចង់នឹងធ្វើអ្វី នៅកន្លែងណា នៅពេលណាក៏បាន ស្រេចតែចិត្ត កាលបើដូច្នេះ លោកនិយាយថា ខ្ញុំកូរណាខ្វះសេរីភាពផ្លូវចិត្តយ៉ាងម៉េចបាន" "លោកអនាគារិក ! ប៉ុយគដែលអណ្តែតលឿនលយទៅក្នុងនភាកាស ទោះបីបើមើលទៅហាក់ដូចជាសេរីល្អមែន ប៉ុន្តែប៉ុយគក៏នៅធ្លាក់ជាទាសករនៃជំនោរខ្យល់ អណ្តែតលឿនលយទៅតាមអំណាចនៃកម្លាំងខ្យល់ សម្រាមដែលអណ្តែតទៅតាមប្រឡាយទឹក ទោះបីបើមើលទៅហាក់ដូចជាសេរីល្អមែន ប៉ុន្តែសម្រាមក៏នៅតែស្ថិតនៅក្រោមឥទ្ធិពលនៃក្រសែទឹក យ៉ាងណាមិញ ការបដិបត្តិរបស់លោកក៏យ៉ាងនោះដែរ ការដែលលោកចង់ធ្វើអ្វីក៏ធ្វើបានតាមទំនើងចិត្តទោះបីបើមើលទៅហាក់ដូចជាមានសេរីភាពយ៉ាងខ្ពស់ ប៉ុន្តែចិត្តរបស់លោកនៅជ្រកក្រោមឥទ្ធិពលនៃចំណង់(តណ្ហា) ត្រូវចំណង់អូសទាញទៅ ត្រូវចំណង់បង្គាប់បញ្ជាឲ្យធ្វើឬមិនធ្វើអ្វីៗផ្សេងៗ កាលបើដូច្នេះ លោកនៅប្រកាសថាលោកមានសេរីភាពផ្លូវចិត្តយ៉ាងពេញបរិបូរយ៉ាងម៉េចបាន?"
ម្នាលលោកអ្នកមានអាយុទាំងឡាយ ! ពាក្យសម្តីរបស់ខ្ញុំព្រះករុណាធ្វើឲ្យវសុទេពបរិព្វាជកអង្គុយឈ្ងោកមុខស្ងៀម គិតដង្វិនអស់ពេលជាយូរ គេយកដៃទាំងពីរត្រដុសគ្នាទៅមកសម្តែងអាការក្រវល់ក្រវាយចិត្ត មានគ្រាប់់ញើសប្រាកដឡើងលើថ្ងាស ធ្វើមុខស្រមុយស្មុយស្មូញ សម្តែងថាកំពុងគិតជញ្ជឹងយ៉ាងខ្លាំង "ពិតដូច្នោះមែន លោកអ្នកមានអាយុ ! " គេនិយាយចេញមកនៅទីបំផុត "ពិតដូច្នោះមែន ខ្ញុំកូរណាភ្លេចគិតដល់ចំណុចនេះទៅ ភ្លេចឈឹង ហើយមុខជាយល់ខុសទៅយូរអង្វែងទៀត បើមិនបានមកជួបសន្ទនាជាមួយនឹងលោកទេ ចាត់ទុកថាលោកជាអ្នកនាំពន្លឺភ្លឺស្វាងមកកាន់ដួងចិត្តងងឹតឈ្លប់របស់ខ្ញុំកូរណាដោយពិត បពិត្រលោកម្ចាស់ ! នៅមានលទ្ធិណាខ្លះទៀតទេដែលផ្តល់សេរីភាពយ៉ាងពេញលេញពិតប្រាកដដល់មនុស្សក្នុងជម្ពូទ្វីប?" "មាន លោកអនាគារិក ! លទ្ធិព្រហ្មចារ្យរបស់ព្រះសមណគោត្តមដែលខ្ញុំកូរណាកំពុងតែជឿកាន់បដិបត្តិនេះឯង គឺជាលទ្ធិដែលផ្តល់សេរីភាពពេញលេញពិតប្រាកដដល់អ្នកជឿកាន់ សាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់របស់យើងមានសេរីភាពផ្លូវចិត្តយ៉ាងខ្ពង់ខ្ពស់ មិនក្លាយជាទាសករនៃអ្វីៗទាំងអស់ សូម្បីតែចំណង់របស់ខ្លួនឯង" "បពិត្រលោកម្ចាស់ ! "វសុទេពនិយាយឡើងនិងងាកមកប្រើពាក្យហៅខ្ញុំព្រះករុណាថា លោកម្ចាស់ ដែលជាពាក្យសម្តែងសេចក្តីគោរពជំនួសនឹងការប្រើពាក្យថា លោកអ្នកមានអាយុ ដែលសម្តែងថាគូសន្ទនាមានឋានៈស្មើគ្នាឬទាបជាងខ្លួន "តាមការពិត ខ្ញុំកូរណាធ្លាប់បានស្តាប់ឮមកច្រើនអំពីលទ្ធិពាក្យប្រាមប្រៀនរបស់ព្រះសមណគោត្តម ប៉ុន្តែខ្ញុំកូរណានៅយល់ឃើញថានៅទាបជាងលទ្ធិដ៏ខ្ពង់ខ្ពស់របស់ខ្ញុំកូរណា ព្រោះព្រះសមណគោត្តមនៅបង្រៀនសាវ័កឲ្យជាប់ចំពាក់ក្នុងព្រះរតនត្រ័យ ឲ្យប្រកាន់ខ្ជាប់ក្នុងសិក្ខាបទវិន័យនិងរបៀប បដិបត្តិរប៉ិចរប៉ីផ្សេងៗរបស់ភិក្ខុ ខ្ញុំកូរណាយល់ឃើញថាលទ្ធិរបស់ព្រះអង្គមិនខុសប្លែកអ្វីនឹងលទ្ធិរបស់ សាស្តាទាំង ៦ នោះទេ ទើបមិនចាប់អារម្មណ៍សិក្សា សូម្បីនៅពេលនេះ ខ្ញុំកូរណាក៏នៅតែជឿថា លទ្ធិរបស់ព្រះសមណគោត្តមនៅជាប់ចំពាក់ក្នុងពាក្យថា សាសនា និងខវត្តប្រតិបត្តិដែលមានសេចក្តីលម្អិតជាច្រើន ខ្ញុំកូរណានៅតែមើលមិនឃើញថា ភិក្ខុដែលនៅជាប់ចំពាក់រវាក់រវាន់នឹងសាសនា របៀបវិន័យ និងទិដ្ឋិផ្សេង ៗ បែបនោះ ជាសេរីជនពេញលេញទាំងកាយនិងចិត្តបាននោះទេ សូមលោកម្ចាស់ជួយពន្យល់ឲ្យខ្ញុំកូរណាបានយល់ផង" "លោកអនាគារិក ! ខ្ញុំកូរណានឹងអធិប្បាយបកស្រាយព្រមទាំងលើកឧបមាឧបមេយ្យឲ្យលោកស្តាប់ តាមធម្មតា មនុស្សដែលត្រូវការនឹងឆ្លងទន្លេឬសមុទ្រដ៏ធំល្វឹងល្វើយ ពេញប្រៀបទៅដោយរលករលេញ ក្រពើ និងឆ្លាមសាហាវ តោងតែអាស្រ័យកប៉ាល់នាវាជាគ្រឿងចម្លងឆ្លងទៅ កាលបើបានទៅដល់ច្រាំងនាយដោយសុវត្ថិភាពហើយ មនុស្សនោះតែងលះបង់កប៉ាល់នាវាទុកត្រង់មាត់ច្រាំង ធ្វើដំណើរទៅតែម្នាក់ឯង មិនបានលីសែងកប៉ាល់នាវាទៅជាមួយផងទេ យ៉ាងណាមិញ សាវ័ករបស់ព្រះបរមសាស្តាកាលបើមិនទាន់ទៅដល់ច្រាំង គឺ មគ្គផលនិព្វានទេ ក៏ត្រូវតែអាស្រ័យសីលជាកប៉ាល់នាវា អាស្រ័យសមាធិជាចង្កូត អាស្រ័យបញ្ញាជាដួងពន្លឺនាំផ្លូវ អាស្រ័យព្រះពុទ្ធជាម្ចាស់ជាមេនាំមុខ អាស្រ័យព្រះធម៌ជាផែនទី និងអាស្រ័យព្រះសង្ឃជានាវិក ប៉ុន្តែនៅពេលទៅដល់ច្រាំងនាយ គឺ ព្រះនិព្វានហើយ ព្រះអរិយសាវ័កក៏តែងតែបោះបង់កប៉ាល់នាវានិងឧបករណ៍ផ្សេងៗទុកនៅខាងក្រោយ បើកទ្វារចូលកាន់សេរីភាពនិងសន្តិវរបទអម្រឹតតែខ្លួនទទេយ៉ាងនោះឯង" "ប៉ុន្តែខ្ញុំកូរណាឃើញព្រះអរិយសាវ័កដែលសម្រេចអរហត្តផលហើយនៅប្រកាន់ខ្ជាប់ក្នុងព្រះរតនត្រ័យ និងបដិបត្តិយ៉ាងប្រិតប្រៀងក្នុងសីលាចារវត្តគ្រប់យ៉ាង លោកម្ចាស់ ! " "នៅពេលទៅដល់ច្រាំង គឺ ព្រះនិព្វានហើយ ការគោរពបូជាព្រះរតនត្រ័យគ្រាន់តែជាបុញ្ញកិរិយា ដើម្បីសម្តែងបុញ្ញកិរិយា ដើម្បីសម្តែងកតញ្ញូកតវេទិតាធម៌ប៉ុណ្ណោះ មិនមែនការប្រកួចប្រកាន់មាំដោយឧបាទានបែបលីសែងកប៉ាល់នាវាទៅជាមួយផងនោះទេ ការប្រកាន់ខ្ជាប់បដិបត្តិក្នុងសីលាចារវត្តទាំងឡាយគ្រាន់តែជាបុញ្ញកិរិយា ដើម្បីការរស់នៅសុខសប្បាយក្នុងលោកនេះ ដើម្បីអនុគ្រោះមិត្តព្រហ្មចារី និងប្រជាជនប៉ុណ្ណោះ មិនមែនវង្វេងបដិបត្តិដោយសីលព្វតបរាមាសៈនោះទេ" "ប៉ុន្តែខ្ញុំកូរណានៅតែយល់ឃើញថា ការបដិបត្តិក្នុងខវត្តប្រតិបត្តិទាំងឡាយនៅតែជាគ្រឿងក្រិតកម្រិតសេរីភាព នាំឲ្យកើតកង្វល់អំពល់ចិត្តនោះឯង" ។
"លោកអនាគារិក ! ខ្ញុំកូរណានឹងឧបមាប្រៀបធៀបឲ្យស្តាប់ តាមធម្មតា នាដការិនីដែលទើបនឹងចាប់ផ្តើមរៀន នៅមិនទាន់ស្ទាត់ជំនាញក្នុងសិល្បៈនៃរបាំ នៅពេលឡើងកាន់វេទិកា ក៏ភ័យតក់ប្រមា កាលបើបានឮសម្លេងតន្ត្រី ក៏ស្លន់ចិត្តញ័រខ្លួន មានកិរិយាការញញើតញញ័រ តែងរេរាំទៅដោយលំបាក ទោះបីបើខំព្យាយាមក៏ដោយ ក៏នៅតែមានលីលារាយរាំខុសឆ្គង ប៉ុន្តែនាដការិនីដែលស្ទាត់ជំនាញក្នុងសិល្បៈនៃរបាំល្អហើយ នៅពេលឈានជើងឡើងកាន់វេទិកា ហើយបានឮសម្លេងតន្ត្រីក៏មានចិត្តក្លៀវក្លាសប្បាយរីករាយប្រកបលីលារេរាំបានយ៉ាស្ទាត់ជំនាញ ស៊ីចង្វាក់នឹងសម្លេងតន្ត្រីដោយមិនបាច់ប្រឹង ហាក់នឹងថាដៃជើងវាប្រព្រឹត្តទៅតាមបកតិវិស័យរបស់វា យ៉ាងណាមិញ ព្រះអរិយសាវ័កក្នុងព្រះធម្មវិន័យរបស់ព្រះបរមសាស្តាក៏យ៉ាងនោះដែរ ភិក្ខុដែលនៅជាបុថុជ្ជនតែងបដិបត្តិទៅតាមព្រះធម្មវិន័យបានដោយការលំបាក ត្រូវមានសតិសម្បជញ្ញៈអបស្ទប ទុកជាម្លឹងក៏ដោយក៏នៅតែឆ្គាំឆ្គង ញញើតញញើមក្នុងសមាគម ប៉ុន្តែសម្រាប់ភិក្ខុជាព្រះអរិយបុគ្គលដែលចូលដល់ត្រើយគឺព្រះនិព្វានហើយ ការបដិបត្តិតាមព្រះធម្មវិន័យរបស់លោកក្លាយទៅជារឿងធម្មតា ជាគ្រឿងរស់នៅសុខសប្បាយ បដិបត្តិបានយ៉ាងងាយស្រួលដោយមិនបាច់ប្រឹង កំហុសខុសឆ្គងក៏មិនមាន ព្រោះហេតុនោះ ការបដិបត្តិតាមសីលាចារវត្តរបស់លោកទើបពុំមែនជាបន្ទុកធ្ងន់ឬក្រិតកម្រិតសេរីភាពនោះឡើយ ប៉ុន្តែជាសុខវិហារធម៌ គឺ ធម៌គ្រឿងរស់នៅយ៉ាងសុខស្រួលរបស់លោក តើលោកល្មមយល់ហើយឬនៅ? " វសុទេពភ្ងក់ក្បាលចុះឡើង សម្តែងថាយល់ស្រប ហើយនិយាយថា "បពិត្រទានម្ចាស់ ! ខ្ញុំកូរណាយល់ស្របនឹងលោកគ្រប់យ៉ាងថា របៀបបដិបត្តិណាៗក៏ដោយ បើយើងបដិបត្តិរហូតដល់ក្លាយទៅជាបកតិវិស័យហើយ ជួសនឹងជាបន្ទុកនៃកង្វល់អំពល់ចិត្ត ប៉ុន្តែបែរជាសុខស្បើយរហើយចិត្តទៅវិញ ខ្ញុំកូរណាត្រូវការសាកសួរលោកអំពីការត្រដោះខ្លួនឲ្យមានសេរីភាពចាកចំណង់ ព្រោះចំណុចនេះជាចំណុចខ្សោយរបស់ខ្ញុំកូរណា ខ្ញុំកូរណាមិនធ្លាក់ជាទាសកររបស់អ្វីៗទាំងអស់ ប៉ុន្តែនៅស្ថិតក្រោមឥទ្ធិពលនៃចំណង់របស់ខ្លួន" "លោកអនាគារិក ! ការមានសេរីភាពចាកចំណង់ចាត់ជាទង្វើធ្វើបានដោយកម្រ សូម្បីតែខ្ញុំកូរណាក៏នៅព្យាយាមធ្វើដែរ ប៉ុន្តែក៏នៅតែយកឈ្នះវាមិនទាន់បាន ណ្ហើយ ខ្ញុំកូរណានឹងព្យាយាមណែនាំវិធីសាស្ត្រប្រាប់ លោកតាមលំអាននៃពាក្យប្រាមប្រៀនរបស់ព្រះបរមសាស្តា ជាបឋម ខ្ញុំកូរណាចង់នឹងសួរលោកសិន សូមឲ្យលោកឆ្លើយតាមការពិត នៅខណៈដែលលោកឃើញស្រីក្រមុំមានរូបឆោមឆ្លៅស្រស់ស្អាត លោកក៏កើតសេចក្តីពេញចិត្តឡើង លុះកើតសេចក្តីពេញចិត្តឡើងហើយ លោកតែងកើតសេចក្តីប្រាថ្នាត្រូវការមែនឬទេ?" "មែន ទានម្ចាស់ ! " "ប៉ុន្តែនៅខណៈណាដែលលោកឃើញសាកសពដេកស្លាប់ស្អុយរលួយរលែះក្នុងព្រៃស្មសាន លោកក៏កើតសេចក្តីធុញទ្រាន់និងសង្វេគស្លុតចិត្ត មិនមានសេចក្តីប្រាថ្នាត្រូវការណាៗទេ មែនទេ?" "មែន ទានម្ចាស់ ! " "បើអញ្ចឹង តើអ្វីទៅ គឺ ភាពផ្សេងគ្នារវាងស្រីក្រមុំរូបស្អាតនិងសាកសពក្នុងព្រៃស្មសាន? តើអ្វីទៅដែលធ្វើឲ្យលោកកើតសេចក្តីប្រាថ្នាចំពោះស្រីក្រមុំរូបស្អាតនិងកើតសេចក្តីធុញទ្រាន់ក្នុងសាកសព? " វសុទេពអង្គុយគិតដង្វិនមួយស្របក់ហើយក៏និយាយថា "បពិត្រទានម្ចាស់ ! ខ្ញុំកូរណាយល់ឃើញថា ខ្ញុំកូរណាកើតសេចក្តីប្រាថ្នាត្រូវការស្រីក្រមុំ ព្រោះតែការមានជីវិត សម្រស់ស្រស់ស្អាត និងភេទរបស់នាង ខ្ញុំកូរណាកើតសេចក្តីធុញទ្រាន់ក្នុងសាកសពព្រោះតែការស្លាប់ ការស្អុយរលែះរលួយគួរឲ្យខ្ពើមរអើមរបស់វា" "ត្រឹមត្រូវហើយ លោកអនាគារិក ! លោកកើតសេចក្តីស្រឡាញ់ពេញចិត្តក៏ព្រោះតែសម្រស់និងសម្បុរភេទដែលជាសម្បកក្រៅចាត់ជាសម្មតិសច្ចៈ តាមសភាពពិត ស្រីក្រមុំនិងសាកសពនោះគឺជាប្រជុំនៃធាតុទាំង ៤ ហ្នឹងឯង បើលោកបកសម្បកគឺសម្មតិសច្ចៈចេញ សម្លឹងមើលឲ្យជ្រៅចូលទៅ នឹងឃើញសភាពពិតខាងក្នុងដោយបញ្ញា លោកនឹងមើលឃើញស្រីក្រមុំនិងសាកសពជារបស់ស្មើគ្នា លោកនឹងមិនកើតសេចក្តីប្រាថ្នាត្រូវការកាលបើឃើញស្រីក្រមុំទាំងនឹងមិនកើតសេចក្តីធុញទ្រាន់កាលបើឃើញសាកសព..." "បពិត្រលោកម្ចាស់ ! " វសុទេពនិយាយជ្រែកឡើងយ៉ាងរំភើប "កងទាហានមកទៀតហើយ ខ្ញុំកូរណាសុំអនុញ្ញាតឡើងទៅសំពះព្រះអាទិត្យម្តងទៀត" និយាយហើយគេក៏ប្រញាប់សួឡើងទៅលើដើមឈើយ៉ាងឆាប់រហ័ស ធ្វើឲ្យខ្ញុំកូរណាអង្គុយភីងភាំងចំពោះព្រឹត្តិកម្មដ៏ចម្លែករបស់គេនៅម្នាក់ឯង ។
មេខ្លោងទ័ពឈ្លប
[កែប្រែ]ម្នាលលោកអ្នកមានអាយុទាំងឡាយ ! នៅខណៈដែលវសុទេពកំពុងលើកដៃសំពះព្រះអាទិត្យលើដើមឈើនុះឯង ខ្ញុំព្រះករុណាក៏អង្គុយគិតស្ទួនពិនិត្យហេតុការណ៍នៅក្រោមដើមឈើ វសុទេពបរិព្វាជកមើលទៅដូចជាឆ្លាតស្រួចស្រាល់ មានគំនិតគិតគន់និងគោលការណ៍ចិញ្ចឹមជីវិតរបស់ខ្លួនឯង គេអះអាងថា គេមិនប្រកាន់ប្រគិតជាប់ស្អិតក្នុងខវត្តប្រតិបត្តិណាៗទេ ប៉ុន្តែការដែលគេឡើងទៅធ្វើពិធីសំពះព្រះអាទិត្យលើដើមឈើដល់ទៅ ២ ដងក្នុងវេលាស្របាក់ស្របាលគ្នានោះ សម្តែងថាគេជាមនុស្សប្រិតប្រៀងក្នុងខវត្តប្រតិបត្តិយ៉ាងតឹងតែង ចំណុចដែលគួរឲ្យសង្កេតម៉្យាងទៀត គឺ គេឡើងទៅសំពះព្រះអាទិត្យរាល់លើកដែលមានកងទាហានដើរកាត់ទៅ ធ្វើឲ្យខ្ញុំព្រះ ករុណាកើតមន្ទិលសង្ស័យភ្លាមថា ការសំពះព្រះអាទិត្យរបស់គេ និងការបង្ហាញខ្លួនរបស់កងទាហានច្បាស់ជាមានទំនាក់ទំនងគ្នា ខ្ញុំព្រះករុណាតាំងចិត្តថានឹងឈ្លេចសួរយកការពិតពីគេឲ្យបាននៅពេលដែលគេវិលត្រឡប់ចុះពីដើមឈើមកវិញហើយ "បពិត្រលោកម្ចាស់ ! " វសុទេពនិយាយឡើងថ្វីបើនឿយហត់ត្រហបខណៈដែលចុះពីដើមឈើដល់ផ្ទៃដី "ខ្ញុំកូរណាសូមអភ័យទោសដែលត្រូវវេះចេញពីលោកម្ចាស់ទៅធ្វើពិធីសំពះព្រះអាទិត្យយ៉ាងទាន់ហន់ ខ្ញុំកូរណានៅធ្លាក់ខ្លួនជាទាសករនៃចំណង់យ៉ាងច្រើន ព្រោះបើកើតចំណង់ចង់នឹងធ្វើអ្វី ក៏មិនសូវនឹងទ្រាំបាន ត្រូវប្រញាប់ធ្វើភ្លាម សូមនិមន្តលោកម្ចាស់បកស្រាយវិធីបង្រ្កាបចំណង់តទៅ ខ្ញុំកូរណាកំពុងតែចាប់អារម្មណ៍ក្នុងការស្តាប់" ម្នាលលោកអ្នកមានអាយុ ! ទោះបីបើវសុទេពព្យាយាមនិយាយបន្លែបន្លប់បិទបាំងចេតនាពិតរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យខ្ញុំព្រះករុណាបណ្តោយជឿតាមបានដែរ ខ្ញុំព្រះករុណានៅជឿជាក់ថា ទង្វើរបស់គេ ប្រាកដជាមានចំណែកពាក់ព័ន្ធនឹងកងទាហានយ៉ាងពិតប្រាកដ នៅពេលឃើញខ្ញុំព្រះករុណាអង្គុយនៅស្ងៀមដូចដែល វសុទេពទំនងជាកើតសេចក្តីឆ្លែកចម្លែកចិត្តដែរ ទើបនិយាយឡើងថា "កើតរឿងអីឬ? លោកម្ចាស់ ! " "ខ្ញុំកូរណានៅធម្មតាល្អទេ លោកអនាគារិក ! ប៉ុន្តែខ្ញុំកូរណាខ្លាចក្រែងថាលោកមុខជាមានអ្វីខុសប្រក្រតីហើយ " វសុទេពសើចហាក់នឹងថាបន្លប់កប់លាក់រឿងកំបាំង ហើយនិយាយដោសម្លេងឮបែបអះអាងថា "ខ្ញុំកូរណាធម្មតាល្អទេ លោកម្ចាស់ ! តើអ្វីទៅធ្វើឲ្យលោកម្ចាស់យល់ថា ខ្ញុំកូរណាខុសប្រក្រតី?" "ក៏កងទាហាននុះឯង លោកអនាគារិក ! សង្កេតឃើញថា កងទាហាននិងការឡើងទៅសំពះព្រះអាទិត្យរបស់លោកទៅមកព្រមគ្នាជានិច្ច ខ្ញុំកូរណាចង់សង្កេតមើលម្តងទៀតដែរ បើមានកងទាហានមកទៀត តើលោកនឹងឡើងទៅសំពះព្រះអាទិត្យទៀតទេ? ប៉ុន្តែណ្ហើយចុះ លោកអនាគារិក ! ជួនកាល ខ្ញុំកូរណាអាចគិតឈ្វេងទៅខ្លួនឯង ហេតុការណ៍ប្រទេសជាតិកំពុងតែស្ថិតនៅក្នុងស្ថានភាពវិប្បរិតខុសប្រក្រតី ជួនកាលអាចបណ្តាលឲ្យសមណៈជីព្រាហ្មណ៍ដោយវិប្បរិតខុសប្រកតីទៅក៏បាន ខ្ញុំកូរណាបានសន្ទនាជាមួយនឹងលោកអស់ពេលយូរបង្គួរហើយ ឃើញថាត្រូវលាលោកចាកចេញដំណើរដើរផ្លូវតទៅទៀត ទោះបីបើសន្ទនាទៅក៏គ្មានបានប្រយោជន៍អ្វីដែរ ការសន្ទនាផ្តោះផ្តូរចំណេះដឹងគ្នានោះ ភាគីទាំងសងខាងតោងតែមានចិត្តបរិសុទ្ធចំពោះគ្នាពិតៗ ទើបទទួលបានប្រយោជន៍ ប៉ុន្តែបើភាគីមួយមានចិត្តបរិសុទ្ធស្មោះស ប៉ុន្តែភាគីមួយទៀតលាក់កំណួចកួចកំបាំង ក៏គ្មានប្រយោជន៍អ្វីដែរ" ខ្ញុំព្រះករុណានិយាយហើយក៏ចាត់រៀបបរិក្ខារដើម្បីនឹងចេញដំណើរ វសុទេពអង្គុយសម្លឹងមើលខ្ញុំព្រះករុណាដោយទឹកមុខសម្តែងអាការមិនសប្បាយចិត្ត ប៉ុន្តែមិនបាននិយាយអ្វីទេ ខ្ញុំព្រះករុណាត្រៀមបរិក្ខាររួចហើយ ក៏ចាប់ផ្តើមចេញដំណើរដើរទៅនៅវេលាដែលព្រះអាទិត្យបាក់រសៀលជ្រាលជ្រេរហូតដល់លិចជួរចុងឈើ ប៉ុន្តែគ្រាន់តែខ្ញុំព្រះករុណាដើរទៅបានមិនឆ្ងាយប៉ុន្មានក៏ត្រូវទច់ង៉ក់ ព្រោះបានឮសម្លេងវសុទេពស្រែកហៅតាមមកខាងក្រោយខ្នងថា "បពិត្រលោកម្ចាស់ ! សូមនិមន្តលោកឈប់សិន ខ្ញុំកូរណាមានរឿងសំខាន់នឹងសន្ទនាជាមួយ " ខ្ញុំព្រះករុណាងាកទៅសម្លឹងមើលតាមសម្លេងនោះ ក៏ឃើញវសុទេពកំពុងតែដើរតម្រង់មករកខ្ញុំព្រះករុណា គេកាន់វិសាសៈចាប់កដៃខ្ញុំព្រះករុណា ហើយក៏ទាញឲ្យត្រឡប់ទៅអង្គុយក្រោមដើមឈើដដែលទៀត "សូមនិមន្តលោកទៅគង់មួយភ្លែតសិន ខ្ញុំកូរណានឹងតំណាលសាច់រឿងពិតខ្លះឲ្យស្តាប់" ខ្ញុំព្រះករុណាក៏បដិបត្តិតាមដោយសម្រួល "បពិត្រលោកម្ចាស់ ! ខ្ញុំកូរណាសូមអភ័យទោសចំពោះលោកម្ចាស់ដែលបានលេងល្ខោនជាមួយនឹងលោកម្ចាស់ជារៀងរហូតមក គ្មានប្រយោជន៍អ្វីដែលបិទបាំងការពិតទេ សូមងាកមកសម្លឹងខាងនេះ" វសុទេពងាកទៅសម្លឹងជុំវិញខ្លួន ដើម្បីសង្កេតមើលថាតើមានអ្នកណាមួយនៅត្រង់បរិវេណនោះឬទេ កាលបើប្រាកដក្នុងចិត្តថាគ្មានទេ ទើបលើកដៃទាំងពីរឡើងពីលើសីសៈ ដោះយកសក់ក្លែងក្លាយសំពីងសំពោងរបស់បរិព្វាជក យកក្រណាត់ជូតផេះ និង ពណ៌ដែលគូរលើផ្ទៃមុខចេញ រហូតដល់បង្ហាញឲ្យឃើញមុខមាត់ពិតរបស់គេ ខ្ញុំព្រះករុណាសម្លឹងមើលបុរសថ្មីដែលអង្គុយនៅចំពោះមុខដោយអាការអាំងឡាំង សឹងតែមិនជឿភ្នែកខ្លួនឯងថា បរិព្វាជកម្នាក់នេះប្រែក្លាយទៅជាបុរសដែលខ្ញុំព្រះករុណាស្គាល់ស្និទ្ធស្នាលយ៉ាងច្បាស់ក្នុងមួយពព្រិចភ្នែក គេគឺ ទេវមិត្រឧបាសករបស់យើងនុះឯង ។
"បពិត្រទានម្ចាស់ ! " គេនិយាយឡើងញឹមៗហើយក្រាបថ្វាយបង្គំខ្ញុំព្រះករុណាជាលើកដំបូង "ទានម្ចាស់ប្រហែលជាចម្លែកចិត្តដែលបានដឹងថាវសុទេពជាទេវមិត្រ ខ្ញុំកណាត្រេកអរណាស់ដែលបានជួបនឹងទានម្ចាស់ទៀតក្រោយពីបែកគ្នាទៅអស់រយៈពេលជាច្រើនខែ ខ្ញុំកណាចង់ជួបទានម្ចាស់មកយូរហើយតាំងពីទានម្ចាស់ចាកចេញទៅ ខ្ញុំកណាទន្ទឹងរង់ចាំស្តាប់ដំណឹងពីទានម្ចាស់រាល់ថ្ងៃ ព្រោះទានម្ចាស់បានសន្យាថា នៅពេលបាន សេនាសនៈជាក់លាក់ហើយ នឹងបញ្ជូនមនុស្សមកជូនដំណឹងឲ្យខ្ញុំកណាដឹង ព្រោះខ្ញុំកណាកើតប្រផ្នូលចូលក្នុងចិត្តឡើងតាំងពីពេលនោះថា នឹងកើតហេតុការណ៍អាក្រក់ឡើងក្នុងវេឡុវនារាម ប៉ុន្តែនៅពេលទិនទិវាកន្លងផុតទៅ នៅតែមិនទទួលបានដំណឹងពីទានម្ចាស់ ខ្ញុំកណាក៏ជឿថា ទានម្ចាស់មិនទាន់រកកន្លែងជាក់លាក់បានទេ ចំណេរតមក ក៏កើតហេតុការណ៍អាក្រក់ឡើងពិតដូចនឹកស្មានមែន ព្រះទេវទត្តបានចាក់ចុចឲ្យព្រះបាទអជាតសត្តុធ្វើឃាតព្រះវររាជបិតា ដើម្បីឡើងធ្វើជាស្តេចគ្រងរាជ្យជំនួស នៅពេលដែលព្រះរាជាធិបតីពិម្ពិសារកំពុងត្រូវបង្ខាំងនៅក្នុងពន្ធនាគារនោះឯង ខ្ញុំកណានិងមិត្រភក្តិរហូតដល់មន្ត្រីរាជការបរិវារដើមខ្លះក៏បានឃុបឃិតគិតជួយព្រះរាជាធិបតីឲ្យមានសេរីភាពត្រឡប់មកគ្រងរាជ្យដូចដើមវិញ ប៉ុន្តែមិនអាចសម្រុកធ្វើដោយកម្លាំងបានទេព្រោះកម្លាំងខាងយើងតិចជាងទើបធ្វើដោយស្ងាត់កំបាំង កាលបើមិនអាចជួយព្រះរាជាធិបតីឲ្យមានសេរីភាពបានទេ យើងក៏រួបរួមកម្លាំងបក្សពួកទៅកសាងជាទ័ពឈ្លបចាំស្ទាក់យាយីកងទ័ពភូមិន្ទ បោះទីតាំងនៅតាមនិគមជនបទផ្សេងៗជុំវិញក្រុងរាជគ្រឹះ ឥឡូវនេះពួកយើងកំពុងតែតស៊ូ ហើយតស៊ូទៅលុះត្រាតែនឹងទទួលជ័យជម្នះ"ទេវមិត្រឧបាសកលើកសក់ក្លែងក្លាយឡើងពាក់និងយកធូលីលាបមុខដូចដើម ។ "ចុះហេតុអីបានជាបន្លំខ្លួនធ្វើជាបរិព្វាជកអញ្ចឹង? ឧបាសក ! " "បពិត្រទានម្ចាស់ ! វាជាសេចក្តីចាំបាច់ដែលខ្ញុំកណាត្រូវបន្លំខ្លួនជាបរិព្វាជកដើម្បីសុវត្ថិភាព ព្រោះខ្ញុំកណាត្រូវចូលទៅស៊ើបការណ៍សកម្មភាពរបស់បច្ចាមិត្រខាងក្នុងក្រុងរាជគ្រឹះម្តងម្កាល ការត្រាច់ចរទៅក្នុងភិនភាគជាបរិព្វាជកនេះឯងមានសុវត្ថិភាពបំផុត ព្រោះប្រជាជនមិនសន្ទិះសង្ស័យ ប៉ុន្តែថែមទាំងគោរពរាប់អានទៀត កាលបើបន្លំភេទជាបរិព្វាជកហើយ ខ្ញុំកណាក៏ត្រូវតែសាងលទ្ធិរបស់ខ្លួនឡើង ដើម្បីឆ្លើយតទល់នឹងបរិព្វាជកឬអ្នកព្រតក្នុងសាសនាដទៃជាច្រើន អ្នកខ្លះដល់ថ្នាក់ជ្រះថ្លាចង់ប្រគល់ខ្លួនជាសាវ័ក ប៉ុន្តែខ្ញុំកណាក៏បដិសេធ ព្រោះគ្មានចេតនាស្ថាបនាខ្លួនឯងជាសាស្តាមានសាវ័កហែហមច្រើនទេ ម្យ៉ាងទៀត ការដែលខ្ញុំកណាមិនប្រកាសខ្លួនជាសាវ័កដែលចំណុះនឹងសាស្តាអង្គណាឬលទ្ធិណាមួយដោយចំពោះនោះ ក៏ព្រោះតែមិនចង់ឲ្យសាស្តាឬលទ្ធិនោះៗជាប់អាប់អួមួហ្មងជាមួយនឹងខ្ញុំកណា" "ចុះការដែលញោមឡើងទៅសំពះព្រះអាទិត្យលើចុងឈើនោះ មានន័យថាម៉េច?" ទេវមិត្រឧបាសកសើចកក្អឹកយ៉ាងពេញចិត្ត ហើយមានប្រសាសន៍ថា "ខ្ញុំកណាគ្មានចេតនាទៅសំពះព្រះអាទិត្យឡើយ ទានម្ចាស់ ! នុះគ្រាន់តែជាការសិញូឲ្យសញ្ញាណដល់កម្លាំងពលរបស់យើង រៀងរាល់លើកដែលមានកងទាហានចេញទៅពីព្រះនគរ ខ្ញុំកណាឬអ្នកណាម្នាក់ត្រូវតែឡើងទៅលើដើមឈើដែលណាត់មត់គ្នាទុក ហើយក៏ឲ្យសញ្ញាណដល់ភាគីមួយទៀតដែលនៅលើដើមឈើឆ្ងាយចេញទៅឃើញ នៅពេលគេឃើញហើយ គេក៏ឲ្យសញ្ញាណតទៅដល់មនុស្សម្នាក់ទៀតដែលនៅលើចុងឈើមួយដើមទៀតដឹង ពួកយើងឲ្យសញ្ញាណដល់គ្នានិងគ្នាយ៉ាងនេះរហូតដល់កម្លាំងពលរបស់យើងគ្រប់អង្គភាព ធ្វើឲ្យយើងដឹងសកម្មភាពរបស់ទាហានសត្រូវនិងត្រៀមតស៊ូទុកជាមុនឲ្យបានយូរ ព្រោះហេតុនោះ ពួកយើងទើបជាភាគីបានប្រៀបនិងទទួលជ័យជម្នះជាដរាប យើងនឹងវាយឆ្មក់ចំពោះកងទាហានរាយរងដែលមានកម្លាំងពលមិនដល់ ១០០ នាក់ប៉ុណ្ណោះ បើច្រើនជាងនោះ យើងនឹងគេចវេះមិនតតាំងច្បាំងទេ បពិត្រទានម្ចាស់ ! ជីវិតរបស់ខ្ញុំកណាពេលនេះនៅច្របូកច្របល់នឹងអំពើបៀតបៀន ប្រឡូកប្រឡាក់ដោយបាណាតិបាតរាល់ថ្ងៃ ប៉ុន្តែខ្ញុំកណាត្រូវតែធ្វើដោយគំនុំនិងដោយកតញ្ញូចំពោះព្រះរាជាធិបតីអង្គមុន ហើយធ្វើដើម្បីកម្ចាត់បំបាត់ខ្មាំងសត្រូវរបស់ផែនដីមគធរដ្ឋ សូមទានម្ចាស់មេត្តាអភ័យទោសដល់ខ្ញុំកណាផង" ។
"ឧបាសកអើយ ! សម្រាប់អាត្មាវិញសុខចិត្តឲ្យអភ័យទោសដល់ញោមជានិច្ច ប៉ុន្តែសម្រាប់ច្បាប់កម្មផលដែលទៀងទាត់នោះជារឿងមួយទៀត នៅពេលត្រឡប់មកដល់ក្រុងរាជគ្រឹះ រឿងដែលអាត្មាត្រូវធ្វើ គឺ ទៅសួរសុខទុក្ខឧបាសកដល់គេហដ្ឋានក្នុងក្រុងរាជគ្រឹះ ប៉ុន្តែមិនបានជួបញោមទេ ជួបតែទាហានរបស់ព្រះបាទអជាតសត្តុ ដែលរឹបយកគេហដ្ឋានរបស់ញោមប៉ុណ្ណោះ អាត្មាចង់ដឹងថា ភរិយានិងខ្ញុំបរិវាររបស់ញោមទៅណាអស់?" ទេវមិត្រឧបាសកមានទឹកមុខស្រពោនស្រពាប់ចុះភ្លាម នៅពេលខ្ញុំព្រះករុណានិយាយដល់បុត្រភរិយារបស់គាត់ ប៉ុន្តែទម្រង់មុខរបស់គាត់ត្រឡប់ជាធ្មើមធ្មឹងទ្រមឹងខាំសង្រ្គឺតធ្មេញសម្តែងកំហឹងកំហល់ឃើញបានយ៉ាងច្បាស់ "បពិត្រទានម្ចាស់ ! " គាត់មានប្រសាសន៍ដោយសម្លេងតឹងខឹងសន្ធំ "បុត្រភរិយារបស់ខ្ញុំកណាត្រូវស្តេចចម្កួតហ្លួង(ស្តេចផ្តាច់ការ)ចាប់យកទៅឃុំឃាំងទុកក្នុងរាជវាំងដើម្បីជាចំណាប់ខ្មាំង ប៉ុន្តែខ្ញុំកណាក៏អាចដឹងដំណឹងបានដោយអាស្រ័យមនុស្សរបស់យើងដែលនៅខាងក្នុងថា ពួកគេសុខសប្បាយជាធម្មតាទេ ចំណែកទាសករបរិវាររបស់ខ្ញុំកណាបានស្ម័គ្រចិត្តចូលជាកម្លាំងពលនៅក្នុងព្រៃជាមួយនឹងខ្ញុំកណាតាំងពីដំបូងម្លេះ នៅពេលនិយាយដល់បុត្រនិងភរិយា ខ្ញុំកណាអត់នឹងសោកសង្រេងចិត្តមិនបាន ព្រោះគ្រួសារដែលធ្លាប់មានសុភមង្គល ឥឡូវនេះក៏បាក់បែកចែកផ្លូវ និរាសព្រាត់ប្រាសចោលគ្នាទៅតែរៀងៗខ្លួន ប៉ុន្តែធ្វើដូចម្តេចបាន ទានម្ចាស់ ! ដើម្បីសុខសន្តិភាពដល់សង្គមទាំងមូល យើងត្រូវតែលះបង់សុខផ្ទាល់ខ្លួនចោល ចុះទានម្ចាស់វិញ មើលទៅហាក់បីដូចជាកំពុងនឹងចេញដំណើរដើរផ្លូវទៅ តើនឹងនិមន្តទៅណាឬ?" "ត្រឹមត្រូវហើយ អាត្មាកំពុងតែនឹងចេញដំណើរដើរចារិកទៅជារឿយ ៗតាមចេតនាដើមដែលធ្លាប់និយាយនឹងញោមនោះឯង" "ចុះអង្កាល់ណាទានម្ចាស់នឹងវិលត្រឡប់មកវេឡុវនារាមវិញ? " "អនាគតជារឿងដែលអាត្មាមិនអាចដឹងបានទេ ជីវិតរបស់យើងទាំងពីរ គឺ ការតស៊ូ ញោមតស៊ូនឹងសត្រូវខាងក្រៅគឺ ព្រះបាទអជាតសត្តុនិងកងទាហានរបស់ព្រះអង្គ អាត្មាតស៊ូនឹងសត្រូវខាងក្នុង គឺ កិលេសាវៈទាំងពួង គ្មានជំនាក់ល្បាក់អ្វីក្នុងការតស៊ូនេះទេ បើយើងទាំងពីរជាភាគីចាលចាញ់ មុខជានឹងពុំបានជួបគ្នាទៀតឡើយ ប៉ុន្តែយើងអាចនឹងជួបគ្នាបានទៀត ប្រសិនបើយើងទាំងពីរជាអ្នកមានជ័យជម្នះ" ម្នាលលោកអ្នកមានអាយុទាំងឡាយ ! ទេវមិត្រឧបាសកអង្គុយឈ្ងោកមុខនៅស្ងៀម មិននិយាយឆ្លើយឆ្លងអ្វីទេ នៅខណៈនោះ ដួងអាទិត្យបានអស្តង្គតរលត់បាត់ជួរព្រៃទៅហើយ អាកាសធាតុចាប់ផ្តើមត្រជាក់ចុះ មានមនុស្សមនាធ្វើដំណើរមកងូតទឹកឯតបោតាធារក្រាស់ក្រែលឡើង ក្មេងគង្វាលគោកំពុងកៀងគោចូលទៅកាន់ទ្វារក្រុងជាហ្វូងជាហ្វាយ មើលឃើញហើយធ្វើឲ្យខ្ញុំព្រះករុណាភ្នកនឹករលឹកដល់ជីវិតខ្លួនឯងក្នុងកុមារភាព កាលពីនៅជាក្មេងចណ្ឌាលកៀងគោគូជីវិតត្រឡប់ទៅភូមិស្រុកក្បែរទ្វារក្រុងសាវត្ថីក្នុងកោសល្លរដ្ឋ ដ៏សែនឆ្ងាយឯណោះ "បពិត្រទានម្ចាស់ ! "ទេវមិត្រមានប្រសាសន៍ឡើងបន្ទាប់ពីអង្គុយស្ងាត់ស្ងៀមអស់ពេលយ៉ាងយូរ "ដល់ពេលវេលាដែលខ្ញុំកណាត្រូវលាទានម្ចាស់ហើយ កម្លាំងពលរបស់យើងកំពុងតែរង់ចាំ យប់ថ្ងៃនេះប្រាកដជានឹងមានការប្រយុទ្ធតស៊ូគ្នារវាងពួកយើងនិងកងទាហានភូមិន្ទ គ្រាន់តែទៅដល់បន្ទាយបោះទីតាំងស្ងាត់កំបាំង ខ្ញុំកណានឹងដោះគ្រឿងតែងកាយរបស់បរិព្វាជកចេញ ក្លាយជាសាមញ្ញជនធម្មតា នាំកម្លាំងពលចូលប្រកាប់ប្រចាក់ទាហានបច្ចាមិត្រ ជួនកាលខ្ញុំកណាអាចនឹងបាត់បង់ជីវិតក្នុងការច្បាំងតស៊ូនោះ ប៉ុន្តែខ្ញុំកណាសុខចិត្តស្លាប់បាត់បង់ជីវិតដោយមោទនភាពថា ខ្លួនបានធ្វើពលីកម្មជីវិតដើម្បីបូជាចំពោះព្រះរាជាធិបតីពិម្ពិសារ ខ្ញុំកណាសូមក្រាបថ្វាយបង្គំលាទានម្ចាស់សិនហើយ" និយាយហើយ ទេវមិត្រក៏ក្រាបថ្វាយបង្គំខ្ញុំព្រះករុណា កាន់ផ្ទាំងស្បែកខ្លានិងឆ្នាំងស្ពាន់ដើរចាកចេញទៅនៅកណ្តាលកាលពព្រឹលនៃសាយណ្ហសម័យ ។
ក្នុងសាលាសម្នាក់បាទចារី
[កែប្រែ]ម្នាលលោកអ្នកមានអាយុទាំងឡាយ ! ការបានជួបនឹងទេវមិត្រឧបាសកក្នុងសម្បុរភេទឆ្លែកចម្លែកនិងបានស្តាប់រឿងរ៉ាវផ្សេង ៗដែលគាត់តំណាលឲ្យស្តាប់ ធ្វើឲ្យខ្ញុំព្រះករុណាកើតលំនឹកឆ្លែកចម្លែកក្នុងចិត្ត គិតឃើញថា ពិភពលោកនេះចំជាពេញទៅដោយរឿងប្លែកចម្លែកអស្ចារ្យ រឿងដែលយើងមិនធ្លាប់នឹកស្មានថានឹងប្រព្រឹត្តទៅបានក៏ត្រឡប់ទៅជាប្រព្រឹត្តទៅបាន រឿងដែលយើងគិតថាមិនអាចប្រព្រឹត្តទៅបានក៏ត្រឡប់ទៅជាប្រព្រឹត្តទៅបាន តួយ៉ាងដូចជា ទេវមិត្រឧបាសកនេះ កាលដែលខ្ញុំព្រះករុណានៅជាសង្ឃាធិបតីក្នុងព្រះវេឡុវនារាមនោះ គាត់ជាអ្នកខ្ជាប់ខ្ជួនមួនមាំក្នុងព្រះធម៌ ប្រិតប្រៀងក្នុងសិលាចារវត្តរបស់សប្បុរស ចូលវត្តចូលវ៉ាសមាទានសីល ស្តាប់ធម៌ជាប្រចាំ មានឧបនិស្ស័យទូលំទូលាយ ត្រេកអរក្នុងការបរិច្ចាគ ត្រងត្រាប់ស្តាប់ពាក្យរបស់យាចកគួរនាដូចជាដំណឹងល្អ ញ៉ាំងបច្ច័យទេយ្យទានឲ្យហូរទៅបីដូចភ្លៀងបង្អុរចុះក្នុងក្រឹតយុគ ប៉ុន្តែឥឡូវនេះ គាត់ត្រឡប់ទៅជាមនុស្សម្នាក់ទៀត មានលក្ខណៈផ្ទុយគ្នាស្រឡះទាំងស្រុង គាត់បានក្លាយជាកំពូលចោរដែលមានបាតដៃ ប្រឡាក់ប្រឡូកដោយលោហិត ត្រេកអរក្នុងការផ្តាច់ផ្តិលជីវិតមនុស្សស្លូតត្រង់ឥតកំហុស លះបង់គេហដ្ឋានធំ ស្កឹមស្កៃព្រមទាំងបុត្រភរិយាចេញទៅលាក់ខ្លួនពួនអាត្មានៅក្នុងព្រៃ បានទទួលទុក្ខវេទនាខ្លាំងក្លា អ្វីទៅហ្នទើបធ្វើ ឲ្យគាត់ផ្លាស់ផ្តូរទៅជាមនុស្សមួយដោយឡែកបែបនោះ ខ្ញុំព្រះករុណាគិតកាញ់ដង្វិនបញ្ហានេះរហូតដល់នាំខ្លួនឯងមកដល់ភូមិមួយដោយមិនដឹងខ្លួន ។ នៅខណៈនោះយប់ងងឹតសូន្យសុងទៅហើយ ប៉ុន្តែនៅមិនទាន់យប់ជ្រៅប៉ុន្មានទេ តាមធម្មតានៅក្នុងពេលវេលាបែបនេះ ជីវិតក្នុងភូមិទាំងឡាយរបស់មគធរដ្ឋពោរពេញទៅដោយចលនារស់រវើក ព្រោះប្រជាជនដែលនឿយហត់លំបាកលំបិននឹងការងារពេញមួយថ្ងៃ បានវិលត្រឡប់មកគេហដ្ឋានវិញហើយងូតទឹក ទទួលទានអាហារនិងអង្គុយចាប់ក្រុមជំនុំគ្នាខ្លះ ដេញដំផ្លុំកូតឧបករណ៍តន្ត្រីជាការសម្រាកលំហែកាយខ្លះ ចំណែកឯក្មេងក្មាងរត់លេងប្រដេញគ្នាតាមផ្លូវថ្នល់កណ្តាលភូមិបន្លឺសូរសម្លេងអឺងកង គួរជាទីរីករាយក្អាកក្អាយ ប៉ុន្តែ សម្រាប់ភូមិនេះ សង្កេតឃើញថា បរិយាកាសក្នុងភូមិស្ងប់ស្ងាត់កណ្តោចកណ្តែងយ៉ាងចម្លែក គ្មានមនុស្សមនាអង្គុយចាប់ក្រុមជំនុំសន្ទនាលើទីធ្លាគេហដ្ឋានទេ គ្មានសម្លេងក្មេងក្មាងរត់លេងប្រដេញគ្នាតាមផ្លូវទេ មានតែពន្លឺភ្លើងពភ្លែតប៉ផ្លុងចាំងចេញមកពីខាងក្នុងគេហដ្ឋានតាមបង្អួច ដែលគេហដ្ឋានភាគច្រើនជាខ្ទមដីបូកលាបដោយគោម័យដូចយ៉ាងភូមិកសិករទាំងឡាយ ខ្ញុំព្រះករុណាដើរទៅតាមផ្លូវលំដ៏ស្ងាត់ច្រងំរហូតដល់ សាលាកណ្តាលភូមិ ដែលអ្នកភូមិជួយគ្នាកសាងទុកសម្រាប់ថ្មើរជើងចូលមកស្នាក់អាស្រ័យ ចាត់ទុកថាសំណាងល្អសម្រាប់ខ្ញុំព្រះករុណាដែលគ្មានអ្នកណាស្នាក់នៅក្នុងសាលាមុន កាលបើរើសយកកៀនជ្រុងដែលសមរម្យបានហើយ ខ្ញុំព្រះករុណាក៏ចាត់ការបោសច្រាស់ ក្រាលសំពត់ចំណាំវស្សាជាកន្ទេល ថ្កល់បាត្រនិងគ្រឿងបរិក្ខារទុកក្បែរខាង ហើយក៏អង្គុយចុះសម្រាក បរិយាកាសក្នុងសាលាស្ងាត់លន្លោចប៉ុន្តែស្ងាត់ល្អសម្រាប់ខ្ញុំព្រះករុណា ។ នៅខណៈដែលខ្ញុំព្រះករុណាកំពុងអង្គុយសម្រាកនៅយ៉ាងស្ងប់នោះឯង មានព្រឹទ្ធជនម្នាក់អាយុប្រហែលជា ៧០ ឆ្នាំ បានដើរចូលមកក្នុងសាលា សូម្បីបើបរិយាកាសងងឹតពព្រឹលក៏ដោយ ខ្ញុំព្រះករុណាក៏អាចទាយបានថា គាត់ជាជនចាស់ ព្រោះដំណើរទំនងរបស់គាត់មើលទៅឃើញងងក់ងងើកបែបយ៉ាងជនចាស់ជរា គាត់ឈប់ឈរនៅកណ្តាលសាលាហើយនិយាយឡើងដោយសម្លេងញ័រទទ័របែបមនុស្សចាស់ដែលឥតធ្មេញថា "លោកសមណៈ ! លោកនៅត្រង់ណា? ខ្ញុំកណាមើលមិនឃើញទេ" "អាត្មានៅត្រង់នេះឯង ឧបាសក ! " ខ្ញុំព្រះករុណាឆ្លើយ "ងងឹតខ្លាំងណាស់ មើលអីមិនឃើញទេ"ប្រុសជរានិយាយបណ្តើរដើរចូលមករកខ្ញុំព្រះករុណាបណ្តើរ លុះមកដល់កន្លែងដែលខ្ញុំព្រះករុណាអង្គុយ គាត់ក៏អង្គុយចុះទាបរាបនឹងផ្ទៃដី ហើយក៏លើកដៃសំពះ "ខ្ញុំកណាកំពុងតែអង្គុយនៅខាងមុខខ្ទម ស្រាប់តែចៅប្រុសប្រាប់ថា មានព្រះភិក្ខុ ១ អង្គដើរមកតាមផ្លូវថ្នល់ហើយបានឈាងចូលមកស្នាក់ក្នុងសាលាសម្នាក់បាទចារី ខ្ញុំកណាក៏ចាប់អារម្មណ៍ ចង់នឹងសន្ទនាជាមួយ ខំដើរកាត់លំងឹតតាមមក យូរណាស់មកហើយ លោកសមណៈ ! ដែលខ្ញុំកណាគ្មានឱកាសជួបប្រទះសន្ទនា ជាមួយនឹងសមណៈព្រាហ្មណ៍អ្នកទ្រទ្រង់សីល ចាប់តាំងពីស្រុកទេសកើតកលិយុគភាន់ប្រែជាដើមមក ឃើញថា សមណៈព្រាហ្មណ៍ទាំងឡាយដែលធ្លាប់ត្រាច់ចរទៅមករហូតគិម្ហរដូវ ហើយឈាងចូលមកសម្រាកក្នុងភូមិរបស់យើងត្រឡប់ជាបាត់ស្រមោលសូន្យឈឹង ថ្ងៃនេះចាត់ទុកថាជាថ្ងៃសំណាងល្អដែលលោកម្ចាស់និមន្តមកស្នាក់ជាលើកដំបូង ខ្ញុំកណាសូមសន្ទនាជាមួយនឹងលោកម្ចាស់ឲ្យយូរបន្តិច បើលោកម្ចាស់មិនសូវនឿយហត់ពីដំណើរដើរផ្លូវពេកទេ" ព្រឹទ្ធជននិយាយចប់ក៏ដង្ហក់ត្រហបដោយនឿយហត់ ។
"អាត្មាមិននឿយហត់អ្វីទេ ឧបាសក ! ព្រោះទើបតែដើរមកពីតបោតាធារក្បែរៗនេះឯង អាត្មាត្រេកអរនឹងសន្ទនាជាមួយនឹងញោមយូរប៉ុនណាក៏បានក៏ស្រេចតែញោម ប៉ុន្តែបរិយាកាសក្នុងសាលារាងដូចជាងងឹតបន្តិច បើយើងនឹងមើលមុខគ្នាឃើញខណៈដែលសន្ទនាក៏ជាការល្អ" "លោកសមណៈ ! រឿងនេះមិនបាច់បារម្ភទេ ខ្ញុំកណាបានប្រើចៅប្រុសឲ្យយកចង្រៀងនិងទឹកឆាន់មកប្រគេនលោកម្ចាស់ហើយ គេនឹងមកដល់នៅពេលបន្តិចទៀត" "ឧបាសក ! ភូមិនេះមើលទៅហាក់ដូចជាអាត្មាធ្លាប់ឆ្លងកាត់ម្តងឬពីរដងមកហើយ សូម្បីតែរាត្រីកាលបែបនេះក៏ធ្លាប់ឆ្លងកាត់ដែរ ប៉ុន្តែគ្រាមុនៗឃើញថា ភូមិនេះគគ្រឹកគគ្រេងមានមនុស្សមនាប្រសេចប្រសាចពពាក់ពពូន ប៉ុន្តែនៅគ្រានេះឃើញថាស្ងាត់ច្រងំខុសប្រក្រតី ប្រហែលជាមានហេតុការណ៍អ្វីកើតឡើងនៅក្នុងភូមិនេះទេដឹង?" ព្រឹទ្ធជនស្រូបដកដង្ហើមធំ អង្គុយស្ងៀមមួយសន្ទុះហើយឆ្លើយថា "លោកសមណៈ ! ខ្ញុំកណាជឿថា មិនមែនមានតែភូមិនេះប៉ុណ្ណោះទេដែលត្រូវស្លោកស្លៅស្រពាប់ស្រពោន សូម្បីតែរាល់ភូមិក្នុងតំបន់រាជគ្រឹះនេះក៏ស្លោកស្លៅសៅសោកដែរ មិនឲ្យស្រងេះស្រងោចយ៉ាងម៉េចបាន លោកសមណៈ បើភូមិរបស់យើងមានតែស្រ្តីនិងកុមារប៉ុណ្ណោះដែលនៅចាំផ្ទះ ពួកប្រុសៗនាំគ្នារត់ចូលព្រៃអស់ហើយ" សម្តីរបស់ប្រុសជរាធ្វើឲ្យខ្ញុំព្រះករុណាភ្នកនឹកដល់ទេវមិត្រឧបាសកភ្លាម ប៉ុន្តែដើម្បីឲ្យប្រាកដក្នុងចិត្ត ខ្ញុំព្រះករុណាទើបសួរប្រុសជរាថា "ហេតុអ្វីបានជាប្រុសៗនាំគ្នាគេចទៅនៅក្នុងព្រៃអស់អញ្ចឹង?" "លោកសមណៈ ! "ប្រុសជរានិយាយបណ្តើរខិតចូលមកជិតខ្ញុំព្រះករុណាបណ្តើរ "លោកម្ចាស់ក៏ដឹងហើយថា ស្រុកទេសយើងកំពុងតែរស់នៅក្នុងយុគផ្តាច់ការ អជាតសត្តុបានធ្វើឃាតព្រះជនករបស់ខ្លួនឯង ហើយឡើងគ្រងរាជ្យ ញ៉ាំងកំហឹងកំហល់ និង សម្អប់សម្អាយឲ្យកើតឡើងដល់មន្ត្រីរាជការនិងប្រជានុរាស្ត្រតូចតាចដែលនៅមានភក្តីភាពចំពោះព្រះមហាក្សត្រអង្គដើមជាខ្លាំង ទាំងមន្រ្តីក្រមការបរិវារដើមក៏បានរួបរួមកម្លាំងគ្នាដើម្បីកម្ចាត់ព្រះបាទអជាតសត្តុចោល ប៉ុន្តែធ្វើបានដោយពិបាក ព្រោះព្រះអង្គមានបក្សពួកនិងអំណាចខ្លាំងណាស់ ព្រោះហេតុនោះ ភាគីប្រឆាំងទើបចេញទៅកៀងគរប្រមែប្រមូលមនុស្ស កសាងជាទ័ពឧទាមចាំវាយឆ្មក់នៅក្នុងព្រៃ បណ្តាប្រុសសុពលទាំងឡាយក្នុងភូមិរបស់យើងក៏ស្ម័គ្រចិត្តចូលទៅជាកម្លាំងពលជាមួយនឹងទ័ពឧទាមអស់ ព្រោះហេតុនោះបានជាភូមិរបស់យើងមើលទៅដូចជាស្រងេះស្រងោច" ។ "ម្នាលឧបាសក ! អាត្មាដូចជាចម្លែកចិត្តណាស់ថា ហេតុអ្វីបានជាយុវជនសុពលទាំងឡាយត្រេកអរទៅស្ម័គ្រចូលជាកម្លាំងពលជាមួយនឹងទ័ពឈ្លប ឬពួកគេត្រូវបានទ័ពឈ្លបបង្ខិតបង្ខំឲ្យទៅចូលរួម?" "ពួកគេស្ម័គ្រចិត្តទៅដោយខ្លួនឯង លោកសមណៈ ! កងទ័ពឧទាមមិនបង្ខិតបង្ខំទេ ហេតុផលដែលត្រេកអរទៅចូលរួមក៏ព្រោះតែគុណអំពើល្អរបស់មេខ្លោងទ័ពឈ្លបនោះឯង" ។ គ្រាន់តែបានស្តាប់សម្តីរបស់ព្រឹទ្ធជន ខ្ញុំព្រះករុណាក៏កើតលំនឹកសង្ឃឹមព្រាលៗឡើងភ្លាមថា ប្រាកដជានឹងបានស្គាល់មេខ្លោងទ័ពឈ្លបនៅពេលនេះឯង ព្រោះប្រុសជរាមិនមែនជាសមាជិករបស់ទ័ពឈ្លបទេ ទាំងមុខជាពុំបានធ្វើសម្បថស្បថស្បែលាក់បាំងឈ្មោះមេខ្លោងទ័ពឈ្លបជាការសម្ងាត់ឡើយ "មេខ្លោងទ័ពឈ្លបគឺជាអ្នកណា? ឧបាសក ! " ប្រុសជរាអង្គុយមិងមាំងមួយសន្ទុះ សម្តែងកិរិយាអាការរសាប់រសល់ហាក់នឹងថាមិនចង់បង្ហើបប្រាប់ការពិត ខណៈនោះស្រាប់តែចៅប្រុសរបស់គាត់បានយកចង្កៀងប្រេងនិងក្អមទឹកផឹកចូលមកឲ្យក្នុងសាលា ខ្ញុំព្រះករុណាយកបំពង់ច្រោះទឹកចេញពីបាត្រ ច្រោះយកទឹកចេញពីក្អមទឹកដាក់ភាជនៈរបស់ខ្លួនឯង ហើយក៏ឆាន់ទឹកដ៏ត្រជាក់ស្រេបរបស់ប្រុសជរាដែលជ្រោមជ្រែង ធ្វើឲ្យស្រស់បស់ ស្រឡះស្រឡំហំហួនឡើង យ៉ាងច្រើន ។ "ឧបាសក ! ញោមទំនងជាមិនសប្បាយចិត្តដែលនឹងប្រាប់ឈ្មោះរបស់មេខ្លោងទ័ពឈ្លបដល់អាត្មាទេ មិនបាច់ប្រាប់ក៏បាន អាត្មាមិនចង់ដឹងប៉ុន្មានទេ ទោះបីដឹងក៏មិនកើតប្រយោជន៍អ្វីដល់អាត្មាដែលឈប់ខ្វល់រវល់នឹងលោកិយវិស័យហើយនោះដែរ " "ខ្ញុំកណានឹងប្រាប់ប្រគេនក៏បាន លោកសមណៈ ! ប៉ុន្តែលោកម្ចាស់ត្រូវសន្យាជាមុនថា នឹងរក្សាទុកជាការសម្ងាត់ មិនយកទៅបង្ហើបប្រាប់ឲ្យគេដឹងជាដាច់ខាត" "អាត្មាមិនអាចសន្យាបានទេ ឧបាសក ! សមណវិស័យមិនអនុញ្ញាតឲ្យអាត្មាផ្តល់ពាក្យសន្យាទាក់ទងនឹងលោកិយវិស័យជាមួយនឹងអ្នកណាៗទេ បើញោមនៅមិនជឿក្នុងសមណភាវៈរបស់អាត្មា សូមកុំប្រាប់ ប៉ុន្តែបើញោមជឿ និងទុកចិត្តក្នុងសមណភេទរបស់អាត្មាប្រាប់ក៏បាន ឬជឿប៉ុន្តែមិនប្រាប់ក៏បានស្រេចតែចិត្ត"
កាលបើប្រុសជរាអង្គុយនៅស្ងៀម មិនព្រមប្រាប់ឈ្មោះរបស់មេខ្លោងទ័ពឈ្លប ខ្ញុំព្រះករុណាទើបនិយាយតទៅទៀតថា "ឧបាសក ! ធម្មតា ចោរទាំងឡាយតែងមានគំហោរឃោរឃៅយង់ឃ្នង គួរឲ្យខ្លាចញញើតនិងគួរឲ្យស្អប់ខ្ពើមដល់ប្រជាជនទូទៅ មិនមែនឬ? ហេតុអ្វីបានជាញោមមានប្រសាសន៍ថា យុវជនសុពលក្នុងភូមិត្រេកអរទៅចូល រួមជាកម្លាំងពលដោយស្ម័គ្រចិត្តព្រោះគុណអំពើល្អរបស់មេខ្លោងទ័ពឧទាម?" "គាត់ពិតជាមនុស្សល្អមែន លោកសមណៈ ! ហើយមិនមែនល្អចំពោះតែខ្លួនគាត់ប៉ុណ្ណោះទេ ប៉ុន្តែល្អតាំងពីបិតារបស់គាត់មកម្លេះ ខ្ញុំកណានឹងតំណាលរឿងពិតឲ្យស្តាប់ មេខ្លោងឧទាមមិនមែនជាមនុស្សសាមញ្ញធម្មតាដូចយ៉ាងខ្ញុំកណាទេ គាត់ជាគ្រហបតីស្តុកស្តម្ភមហាសាល បញ្ចប់ការសិក្សាមកពីតក្កសិលា រស់នៅក្នុងគេហដ្ឋានស្កឹមស្កៃខាងក្នុងក្រុងរាជគ្រឹះ ប្រកបដោយគុណធម៌ល្អប្រសើរជាទីគោរពរាប់អានរបស់អ្នកផងទាំងពួង ដីស្រែទាំងឡាយក្នុងភូមិរបស់យើងក្តី ក្នុងភូមិដទៃៗឰដ៏ភូមិភាគឧត្តរទិសនៃក្រុងរាជគ្រឹះក្តី សុទ្ធតែជាសម្បត្តិរបស់គាត់ទាំងអស់ ជាទីដែលព្រះបាទពិម្ពិសារព្រះរាជទានដល់គ្រហបតិជាបិតារបស់គាត់មួយតំណទៀត លុះបិតាទទួលអនិច្ចកម្មទៅ គាត់ក៏ទទួលកេរមរតកបន្ត លោកសមណៈ ! ខ្ញុំកណាជាមនុស្សវណ្ណៈអ្នកងារ(វណ្ណៈកម្មករ) ធ្លាប់អាស្រ័យដីស្រែរបស់គ្រហបតីសេដ្ឋីជាច្រើនធ្វើទទួលទាន ប៉ុន្តែមិនធ្លាប់ឃើញម្ចាស់ស្រែចម្ការណាមានចិត្តប្រសើរដូចយ៉ាងគាត់ទេ ភាគច្រើនឃើញតែល្មោភលោភលន់មិនចេះស្កប់ស្កល់ ឃ្នើសឃ្នងទារុណ ជាន់កដកស្លាប(កោរកេង fleece) អ្នកជួលស្រែដូចទាសករ ប៉ុន្តែគ្រហបតីម្នាក់់នេះផ្ទុយគ្នាស្រឡះ ចាប់តាំងពីយើងចូលមកអាស្រ័យដីស្រែគាត់ធ្វើទទួលទាន ឥតជួបប្រទះបញ្ហាក្តៅក្រហាយសោះ គាត់ទាមយកចំណែកថ្លៃជួលស្រែតិចតួចមួយភាគដប់ប៉ុណ្ណោះ នៅខណៈដែលម្ចាស់ស្រែដទៃទារយករហូតដល់បី ឬ បួនភាគដប់ ទោះបីការធ្វើស្រែបានទិន្នផលឬមិនបានក៏ដោយ ចំណែកឯគ្រហបតីម្នាក់នេះទាមយកតែអ្នកដែលធ្វើស្រែបានទិន្នផលឬចំពោះតែក្នុងឆ្នាំ ដែលបរិមាណទឹកភ្លៀងសម្បូរគ្រប់គ្រាន់ប៉ុណ្ណោះ លើសពីនោះទៀត បើអ្នកប្រវាស់ស្រែណាជួបការលំបាក ខ្សត់ខ្សោយដោយបច្ច័យណាៗ ទៅរកគាត់ គាត់ក៏ជួយសង្គ្រោះដោយឥតរើសមុខទាំងមិនត្រូវការឧបការគុណ គាត់ធ្វើសំណូមសំណើតែម្យ៉ាងប៉ុណ្ណោះ គឺ សូមឲ្យអ្នកប្រវាស់ស្រែទាំងអស់របស៉គាត់មានសេចក្តីស្មោះត្រង់និងធ្វើល្អចំពោះគ្នានិងគ្នា ស្រឡាញ់គ្នា ជួយជ្រោមជ្រែងគ្នាដូចជាបងប្អូន អ្នកភូមិម្នាក់ៗក៏គោរព ជឿស្តាប់ និងបដិបត្តិតាមអនុសាសន៍របស់គាត់ដោយមោទកភាព លោកសមណៈ ! ខ្ញុំកណាគិតថា ក្នុងមគធរដ្ឋទាំងមូលគង់នឹងរកចៅហ្វាយនាយបែបនេះមិនបានទេ សូម្បីបើគាត់ស្ថិតនៅក្នុងវ័យក្មេងមាំមួនស្វាហាប់ក៏ដោយ ប៉ុន្តែខ្ញុំកណាក៏គោរពបូជាគាត់ដោយសុទ្ធចិត្ត ខ្ញុំកណានៅចាំពាក្យសម្តីដែលគាត់តែងតែនិយាយនៅពេលចេញមកជួបសំណេះសំណាលអ្នកប្រវាស់ស្រែថា 'សូម្បីបើខ្ញុំបាទមានស្រូវពេញក្នុងជង្រុករាប់រយជង្រុកក៏ដោយ ប៉ុន្តែខ្ញុំបាទក៏បរិភោគត្រឹមតែពោះដែលត្រូវការមួយថ្ងៃ ៣ ដងដូចយ៉ាងបងប្អូនទាំងឡាយប៉ុណ្ណោះ សូម្បីបើខ្ញុំបាទមានផ្ទះសម្បែងធំស្កឹមស្កៃក៏ដោយ ប៉ុន្តែខ្ញុំបាទក៏ប្រើវាមែនទែនទៅតាមដែលខ្នងឬគូថល្មមនឹងអង្គុយឬសម្រាន្តបានប៉ុណ្ណោះ ព្រោះហេតុនោះ ខ្ញុំបាទមិនចាំបាច់លោភលន់ហួសហេតុទេ ជួយប្រដុងប្រជាមនុស្សរួមសង្គមដែលក្រីក្រលំបាកមិនប្រសើរជាងឬ ! ' លោកសមណៈ ! កាលបើមេខ្លោងឧទាមមានគុណធម៌ខ្ពង់ខ្ពស់ដល់ថ្នាក់នេះ អ្នកភូមិទើបគោរពបូជានិងសុខចិត្តលះបង់ជីវិតដើម្បីគាត់នៅពេលគាត់ត្រូវការ "ប្រុសជរាឈប់ដកដង្ហើមត្រហបព្រោះពិពណ៌នាគុណដ៏វែងអន្លាយរបស់មេខ្លោងកងកម្លាំងឧទាម ម្នាលលោកអ្នកមានអាយុទាំងឡាយ ! ស្តាប់តាមពាក្យរៀបរាប់យ៉ាងល្អិតល្អន់របស់ប្រុសជរា ខ្ញុំព្រះករុណាក៏កើតសេចក្តីជឿជាក់ក្នុងចិត្តឡើងថា មេលំឧទាមនោះមិនមែនអ្នកឯណាទេប៉ុន្តែគឺទេវមិត្រឧបាសករបស់ខ្ញុំព្រះករុណានោះឯង ព្រោះដឹងច្បាស់ថាត្រកូលរបស់ទេវមិត្រប៉ុណ្ណោះដែលជាម្ចាស់ស្រែភាគខាងជើងនៃក្រុងរាជគ្រឹះ ទេវមិត្រតែងតែតំណាលឲ្យខ្ញុំព្រះករុណាស្តាប់ដល់ភាពក្រីក្ររបស់អ្នកប្រវាស់ស្រែនិងវិធីសាស្ត្រផ្សេងៗដែលគាត់បានជួយយឹតយោងអ្នកប្រវាស់ស្រែទាំងនោះ គុណសម្បត្តិផ្សេងៗដែលប្រុសជរាតំណាលឲ្យស្តាប់ក៏ត្រូវគ្នានឹងគុណសម្បត្តិរបស់ទេវមិត្រឧបាសកទាំងអស់ លុះប្រាកដក្នុងចិត្តបែបនេះ ខ្ញុំព្រះករុណាក៏និយាយឡើងថា "ឧបាសក ! ទោះបីញោមមិនព្រមប្រាប់ឈ្មោះរបស់មេខ្លោងទ័ពឧទាមក៏ដោយ អាត្មាក៏ដឹងថាគាត់គឺជាអ្នកណាដែរ អាត្មាសូមប្រាប់ញោមទៅចុះថា គាត់ គឺ ទេវមិត្រគ្រហបតីហ្នឹងឯង" "ចុះលោកម្ចាស់ដឹងបានយ៉ាងដូចម្តេច?"ប្រុសជរាសួរទាំងសម្លឹងមើលខ្ញុំព្រះករុណាដោយលំងឿងសង្ស័យ ។
យុទ្ធវិធីរបស់ទ័ពឧទាម
[កែប្រែ]"ម្នាលឧបាសក ! អាត្មាដឹង ព្រោះអាត្មាស្គាល់គាត់មកពីមុន អាត្មាបាននៅចាំវស្សាឯព្រះវេឡុវនារាមជាច្រើនឆ្នាំ គាត់ជាឧបដ្ឋាកជិតដិតរបស់អាត្មា ទៅស្តាប់ធម៌ឯព្រះអារាមរាល់ថ្ងៃធម្មស្សវនៈ ហើយធ្លាប់តំណាលឲ្យអាត្មាស្តាប់ដល់រឿងស្រែចម្ការ រឿងអ្នកប្រវាស់ស្រែ រឿងការជួយសង្គ្រោះអ្នកប្រវាស់ស្រែ ត្រូវតាមដែលញោមតំណាលឲ្យស្តាប់គ្រប់យ៉ាង ព្រោះហេតុនោះ មេខ្លោងទ័ពឧទាមមិនមែនអ្នកណាផ្សេងទប៉ុន្តែជាទេវមិត្រគ្រហបតីហ្នឹងឯង គាត់បានបាត់ខ្លួនទៅពីភូមិព្រមទាំងទាសករបរិវារមកយូរហើយ គេហដ្ឋានរបស់គាត់ពេលនេះត្រូវកងទាហានរបស់ព្រះបាទអជាតសត្តុរឹបជាន់ បុត្រភរិយារបស់គាត់ត្រូវចាប់ឃុំខ្លួនជាចំណាប់ខ្មាំង អាត្មាយល់ចិត្តអាណិតគាត់ណាស់ ឧបាសក ! ប៉ុន្តែមិនដឹងថានឹងជួយគាត់យ៉ាងណា" "លោកសមណៈ ! " ព្រឹទ្ធជននិយាយទាំងដកដង្ហើមធំ "ខ្ញុំកណាក៏មិនអាចជួយគាត់បានដែរ ព្រោះខ្ញុំកណាចាស់ជរាហើយ បើនៅក្មេងមាំមួនដូចពីមុន ខ្ញុំកណានឹងត្រូវទៅជួយគាត់ច្បាំងតស៊ូជាមួយនឹងកងទាហានរបស់ព្រះបាទអជាតសត្តុមិនខាន " នៅខណៈដែលយើងកំពុងតែសន្ទនាគ្នានុះឯង ខ្ញុំព្រះករុណាក៏បានស្តាប់ឮសម្រឹបជើងមនុស្សជាច្រើននាក់ដើរផ្ទប់ផ្ទៃដីព្រឹបៗលាន់ឮមកពីចម្ងាយ ប្រុសជរាឈប់និយាយភ្លាម អៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយក៏និយាយឡើងដោយសម្លេងញ័រៗថា "មកហើយ លោកសមណៈ ! មកហើយ" "តើអ្វីមក ឧបាសក ! "ខ្ញុំព្រះករុណាសួរដោយសន្ទិះសង្ស័យលាយភ័យរអឹករអាំ "ទាហានរបស់ព្រះបាទអជាតសត្តុ" ប្រុសជរានិយាយសឹងជាសម្លេងខ្សឹប កែវភ្នែកស្រពិលរបស់គាត់មើលទៅដូចជារឹងប៉ឹងឡើងជាពិសេស "ពួកគេមកធ្វើអី ? " ខ្ញុំព្រះករុណាសួរ "ពួកគេបោះបន្ទាយនៅសំយាបព្រៃទិសខាងជើងភូមិរបស់យើងមក ៣ ថ្ងៃហើយ ដើម្បីការពារមិនឲ្យទ័ពឧទាមចូលមកកែនយកស្បែងអាហារពីអ្នកភូមិ នៅពេលយប់ ពួកគេតែងបញ្ជូនកងទាហានប្រមាណជា ១០ នាក់មានអាវុធគ្រប់ដៃចេញដើរល្បាតតាមភូមិ បើប្រទះឃើញមនុស្សប្លែកមុខក្រៅពីអ្នកភូមិ ពួកគេនឹងចាប់យកទៅសួរចម្លើយឯបន្ទាយទាហាន បើចាប់បានថាជាចោរ គេនឹងសម្លាប់ចោល បើពិសោធបានថាមិនមែនជាចោរទេ គេនឹងដោះលែង កងល្បាតកំពុងនឹងខិតចូលមកជិតសាលាសម្នាក់ហើយ ពួកគេនឹងឡើងមកត្រួតពិនិត្យមើលខាងក្នុងសាលានេះជាមិនខាន" "បើអញ្ចឹង ឲ្យអាត្មាធ្វើយ៉ាងម៉េចទៅ គេមុខជានឹងចាប់អាត្មាទៅសួរចម្លើយ ព្រោះអាត្មាមិនមែនជាអ្នកភូមិនេះ សម្រាប់អាត្មាមិនជាអ្វីទេ ប៉ុន្តែខ្លាចក្រែងថាឧបាសកនឹងរងការលំបាកផងដែរ" មុនពេលដែលប្រុសជរាបានឆ្លើយតបខ្ញុំព្រះករុណានោះ ពួកទាហានល្បាតក៏មកឈប់ឈរនៅខាងមុខសាលា ទាំងមានសម្លេងឮក្រអាងរនិងរនាំងមកពីទាហានក្រុមនោះថា "អ្នកណាគេនៅក្នុងសាលា?" "ខ្ញុំឈ្មោះ កស្សបៈ និងព្រះភិក្ខុ ១ រូប"ប្រុសជរាឆ្លើយ គ្មានសម្លេងឆ្លើយឆ្លងពីក្រុមទាហានទេ ក្រៅតែពីសម្លេងសន្ទនារវាងពួកគេខ្សេវខ្សាវ ប៉ុន្តែមួយស្របក់តមក ទាហាន ២-៣ នាក់ក៏ដើរគ្រឹកៗចូលមកក្នុងសាលា ម្នាក់ៗកាន់ដាវមុតស្រាវក្នុងដៃ ពួកគេមកឈប់ឈរនៅខាងមុខយើងទាំង ២ នាក់ ក្នុងឥរិយាបទត្រៀមព្រម ដាវរបស់គេចាំងពន្លឺភ្លឺផ្លេកភ្លែតនៅពេលប៉ះនឹងពន្លឺចង្កៀងរបស់យើង បណ្តាទាហាន ៣ នាក់ ទាហានម្នាក់សម្លឹងមើលមុខខ្ញុំព្រះករុណាម្តង ប្រុសជរាម្តងយ៉ាងផ្ចិតផ្ចង់ ប៉ុន្តែមិននិយាយអ្វីទេ លុះជឿជាក់ថា ពួកយើងទាំងពីរជាមនុស្សប្រភេទគ្មានពិសពុលចំពោះគេហើយ ទាហានទាំង ៣ ក៏ដើរចេញពីសាលាទៅ "គ្មានអ្នកណាទេ លោកនាយ !" សម្លេងគេរាយការណ៍ឲ្យចៅហ្វាយនាយដឹង "មានតែតាចាស់កស្សបៈនិងភិក្ខុ ១ រូបប៉ុណ្ណោះ" មានសម្លេងសន្ទនាគ្នាខ្សឹបខ្សៀវរវាងពួកគេ ហើយ សម្លេងជើងប៉ះផ្ទប់ផ្ទៃដីឮចេញពីសាលាទៅ ។
"លោកសមណៈ ! " ប្រុសជរាកស្សបៈមានប្រសាសន៍ឡើងបន្ទាប់ពីសម្រឹបជើងរបស់ទាហានបាត់ទៅក្នុងរយៈចម្ងាយ "ពួកទាហានសុទ្ធតែស្គាល់ខ្ញុំកណាច្បាស់ ព្រោះខ្ញុំកណាជាព្រឹទ្ធាចារ្យក្នុងភូមិជាទីគោរពរាប់អានរបស់អ្នកភូមិ ប៉ុន្តែពួកគេក៏សង្កេតមើលសកម្មភាពរបស់ខ្ញុំកណាគ្រប់ចង្វាក់ដែរ ត្បិតថាកូនប្រុសរបស់ខ្ញុំកណាបានទៅចូលរួមនឹងទ័ពឧទាមទាំងបានជាមេកងបញ្ជាការកងពលមួយផង" "ម្នាលឧបាសក ! ពេលដែលទាហាន ៣ នាក់មកឈរសម្លឹងមើលមុខយើងនោះ អាត្មាមិនស្រួលចិត្តសោះ ខ្លាចក្រែងគេនឹងចាប់យកអាត្មាទៅសួរចម្លើយ ហើយញោមក៏ដោយជាប់ទោសកំហុសផងដែរ ព្រោះញោមមកនៅជាមួយនឹងអាត្មា" ប្រុសជរាសើចឃឹកៗ ហើយនិយាយថា "កុំបាច់ខ្វល់ឡើយ លោកសមណៈ ! ខ្ញុំកណាស្គាល់ពួកនេះច្បាស់ ពួកវាមិនហ៊ានប៉ះពាល់សមណៈជីព្រាហ្មណ៍ទេ មើលទៅហាក់នឹងថា ព្រះបាទអជាតសត្តុទ្រង់បញ្ជាទុកយ៉ាងពិសេស មិនឲ្យបៀតបៀនអ្នកបួសគ្រប់ប្រភេទ ទោះបីជាអចេល បរិព្វាជក ភិក្ខុ ជដិល តាបស ឥសី ឬ សន្យាសីក៏ដោយ ចំណែកខាងខ្ញុំកណា តេជគុណម្ចាស់មិនបាច់ព្រួយបារម្ភទេ ព្រោះខ្ញុំកណាចាស់ហើយ មិនយូរប៉ុន្មាននឹងលាចាកលោកនេះទៅ កាន់តែផុតរលត់ទៅលឿនកាន់តែល្អ ព្រោះជីវិតសម្រាប់មនុស្សក្នុងវ័យដូចយ៉ាងខ្ញុំកណានេះ គ្មានអ្វីគួរឲ្យរីករាយទេ លោកសមណៈ ! រស់នៅទ្រាំទ្រទុក្ខវេទនាទៅមួយថ្ងៃៗប៉ុណ្ណោះឯង ព្រោះហេតុនោះបានជាខ្ញុំកណាមិនខ្លាចចំពោះសេចក្តីស្លាប់ ហើយខ្ញុំកណាបានផ្តាំផ្ញើកូនប្រុសទុកថាមិនត្រូវព្រួយបារម្ភទេ សូមឲ្យប្រឹងប្រែងបដិបត្តិតួនាទីដើម្បីប្រទេសជាតិឲ្យបានល្អបំផុត ទោះបីពុកទទួលគ្រោះថ្នាក់ពីខ្មាំងសត្រូវដល់ស្លាប់ក៏ដោយ ក៏កុំព្រួយបារម្ភ សេចក្តីស្លាប់គឺជាសេចក្តីសុខរបស់ពុក ខ្ញុំកណាបានផ្តាំផ្ញើកូនទុកយ៉ាងនេះ គេក៏យល់ចិត្តហើយទទួលថានឹងធ្វើតាមពាក្យផ្តាំផ្ញើរបស់ខ្ញុំកណា" "តាំងពីកូនប្រុសរបស់ញោមចាកចេញទៅ យូរប៉ុនណាហើយ?" "យូរក្រែលហើយ លោកសមណៈ ! ខ្ញុំកណាគិតថាមិនតិចជាង ៣ ខែទេ ប៉ុន្តែហាក់ដូចជាយូរដល់ ៣ ឆ្នាំអញ្ចឹង សម្រាប់ខ្ញុំកណាទោះបីបើធ្វើចិត្តឲ្យរឹងប៉ឹងប៉ុនណា ក៏ឃើញថា អត់នឹងព្រួយបារម្ភកូនមិនបាន" ប្រុសជរានិយាយដោយសម្លេងស្លុតសង្វេគ "ញោមធ្លាប់ជួបកូនប្រុសខ្លះទេ?" ខ្ញុំព្រះករុណាសួរ "ធ្លាប់ជួប ២-៣ ដងដែរ លោកសមណៈ ! ប៉ុន្តែជាជំនួបក្នុងលក្ខណៈចម្លែកជានិច្ច ព្រោះគេច្រើនតែមកដោយភិនភាគនៃជដិលទុកសក់ស៊ើងទ្រើង មានពុកមាត់ពុកចង្កាស្រមូមស្រមាម ស្លៀកដណ្តប់ស្បែកខ្លា កាន់ឈើច្រត់ មើលអាកប្បកិរិយាទៅដូចជាចាស់ជាងខ្ញុំកណាទៅទៀត" ចម្លើយរបស់ប្រុសជរាធ្វើឲ្យខ្ញុំព្រះករុណារលឹកនឹកឃើញដល់វសុទេពបរិព្វាជកម្តងទៀត សង្កេតឃើញថា ការបន្លំខ្លួនជាអ្នកបួសបានក្លាយជាវិធីបោកបញ្ឆោតទាហានបានយ៉ាងសាយភាយ ខ្ញុំព្រះករុណាខ្លាចក្រែងថានៅថ្ងៃណាមួយប្រាកដជានឹងត្រូវចាប់បានយ៉ាងពិតប្រាកដ "ម្នាលឧបាសក ! ចុះញោមដឹងទេថាតើកូនប្រុសរបស់ញោមទៅលាក់ខ្លួនពួនអាត្មានៅឯណា?" ខ្ញុំព្រះករុណាសួរទៀតដោយបំណងចង់ដឹងចង់ឮ ថ្វីបើមិនសង្ឃឹមថានឹងបានចម្លើយពីប្រុសជរាក៏ដោយ ព្រោះវាអាចជាចម្លើយដែលផុយស្រួយចំពោះគ្រោះថ្នាក់ពេក ប្រុសជរាសម្លឹងមើលនៅជុំវិញខ្លួន ហើយផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់ មួយស្របក់តមក ក៏ឆ្លើយចេញមកយ៉ាងត្រង់ៗដែលធ្វើឲ្យខ្ញុំព្រះករុណាចម្លែកចិត្តយ៉ាងខ្លាំង ដែលគាត់ជឿទុកចិត្តខ្ញុំព្រះករុណាយ៉ាងមុតមាំបែបនោះ "ដឹងតើ លោកសមណៈ ! គេនៅក្នុងព្រៃស្រោងមិនឆ្ងាយពីភូមិរបស់យើងប៉ុន្មាននេះឯង" "តើទាហានបដិបក្សមិនដឹងទេឬ ឧបាសក ! ថា គេព្រមទាំងកម្លាំងពលលាក់ខ្លួននៅក្នុងព្រៃនោះ?" ខ្ញុំព្រះករុណាសួរ "ដឹងដែរ លោកសមណៈ ! ក៏ព្រោះហេតុនេះឯងបានជាពួកគេលើកងទ័ពមកបោះបន្ទាយនៅក្បែរសំយាបព្រៃ ដើម្បីកុំឲ្យទ័ពឧទាមទាក់ទងសុំស្បៀងពីអ្នកភូមិ ហើយចេញល្បាតឃ្លាំមើលសកម្មភាពរបស់អ្នកភូមិជាប្រចាំ" "កាលបើពួកគេដឹងទីតាំងរបស់ទ័ពឧទាមបានជាក់លាក់បែបនេះ ហេតុអ្វីបានជាពួកគេមិនលើកកម្លាំងពលចូលវាយប្រហារទៅ? ឧបាសក ! " "មិនងាយទេ លោកសមណៈ ! មិនងាយទេ " ប្រុសជរានិយាយញឹមៗយ៉ាងសោមនស្សចិត្ត "កងទាហានរបស់ព្រះបាទអជាតសត្តុធ្លាប់លើកចូលទៅវាយប្រហារ ៣ ដងហើយ ប៉ុន្តែរាល់លើកក៏ទទួលបរាជ័យយ៉ាងយ៉ាប់យ៉ើនត្រឡប់មកវិញ ខាតបង់ទាំងរេហ៍ពលនិងអាវុធជាច្រើន"
"កូនប្រុសរបស់ញោមនិងកម្លាំងពលរបស់គេទំនងជាមានកម្លាំងលើសលុបជាងច្រើនមើលទៅ ពុំនោះសោតទេក៏មានអាវុធពិសេសដែលទ្រទ្រង់ពលានុភាពលើសខ្មាំងសត្រូវ" "និយាយដល់កម្លាំងពល កូនប្រុសរបស់ខ្ញុំកណាចាញ់ប្រៀបសត្រូវឆ្ងាយណាស់ ប៉ុន្តែបើនិយាយដល់ព្យូហ៍សឹក និងអាវុធ កូនប្រុសខ្ញុំកណាបានប្រៀបគ្រប់ច្រក ថ្វីបើនៅក្នុងព្រៃក៏ដោយ លោកសមណៈ ! គេអាចដឹងសកម្មភាពរបស់សត្រូវបានគ្រប់ជំហាន ហាក់នឹងថាដើមឈើគ្រប់ដើមមានភ្នែកដូច្នោះឯង តាមការពិត ដើមឈើពិតជាមានភ្នែកមែន ប៉ុន្តែមិនមែនជាភ្នែករបស់ដើមឈើមែនទែនទេ ភ្នែករបស់មនុស្សធម្មតានេះឯង នៅលើដើមឈើធំៗរាល់ដើមតែងមានទាហានឈ្លបពួនសម្ងំនៅយ៉ាងស្ងាត់កំបាំង ពិបាកនឹងសង្កេតឃើញបាន ទាហានឈ្លបទាំងនេះជាខ្មាន់ធ្នូដែលទទួលបានការហ្វឹកហាត់មកយ៉ាងប៉ិនប្រសប់ មានថ្វីដៃក្នុងការបាញ់ធ្នូបាន យ៉ាងស្ទាត់ជំនាញនិងយ៉ាងរហ័សរហួន គេអាចបាញ់គ្រាប់ភ្នែកសត្រូវដែលនៅឆ្ងាយទៅប្រមាណជា ៥០០ ដងធ្នូ បានយ៉ាងចំគោលដៅ គេអាចតម្លោះគ្រាប់ព្រួញគ្រាប់ទី ២ ចេញទៅនៅខណៈដែលគ្រាប់ទី ១ នៅមិនទាន់ដល់គោលដៅបានទៀតផង វិធីបាញ់គ្រាប់ព្រួញនេះ ទេវមិត្រគ្រហបតីសិក្សាមកយ៉ាងពិសេសពីសម្នាក់អាចារ្យទិសាបាមោក្ខនៃនគរតក្កសិលា តើលោកម្ចាស់មិនដឹងទេឬ? លោកសមណៈ ! " "មិនដឹងទេ ឧបាសក ! ព្រោះទេវមិត្រមិនដែលតំណាលរឿងនេះឲ្យអាត្មាស្តាប់ទេ"ខ្ញុំព្រះករុណាឆ្លើយតបទាំងនឹកស្ងើចសមត្ថភាពបាញ់ធ្នូរបស់ទ័ពឧទាមក្នុងចិត្ត ប៉ុន្តែនៅមានសេចក្តីសង្ស័យថា បើទ័ពឧទាមពូកែក្នុងការបាញ់ធ្នូនិងនៅលើដើមឈើភាគច្រើន ចុះហេតុអ្វីបានជាទាហានភូមិន្ទមិនផ្ចង់តម្រង់គោលដៅទៅបាញ់សត្រូវនៅលើដើមឈើសិនទៅដោយប្រើខែលជាគ្រឿងការពារគ្រាប់ព្រួញ ខ្ញុំព្រះករុណាបានសួរប្រុសជរាដល់រឿងនេះ ហើយគាត់បានឆ្លើយតបព្រមទាំងផ្ទុះសំណើចយ៉ាងមោទកភាពថា "លោកសមណៈ ! អាវុធរបស់ទ័ពឧទាមមិនមែនមានតែនៅលើដើមឈើប៉ុណ្ណោះទេ ប៉ុន្តែនៅលើផ្ទៃដីខាងក្រោមក៏មានដែរថែមទាំងមានអានុភាពខ្លាំងក្លាប្រហាក់ប្រហែលនឹងអាវុធដែលមកពីខាងលើនុះឯង" "អាវុធអ្វីទៅ ឧបាសក ! "ខ្ញុំព្រះករុណាសួរដោយសេចក្តីសង្ស័យ "មានច្រើនប្រភេទណាស់ លោកសមណៈ ! ឧទាហរណ៍ដូចជា រណ្តៅជ្រៅពោរពេញទៅដោយចម្រូងស្រួចលាបដោយថ្នាំពិស បើទាហានអភ័ព្វណាភ្លាត់ធ្លាក់ចុះទៅ មុខជាត្រូវចម្រូងស្រួចបុះទម្លុះបាតជើងនិងអវយវៈដទៃទៀត លុះរងរបួសពីចម្រូងស្រួចសូម្បីតែបន្តិចបន្តួច ថ្នាំពិសដែលធ្វើពីជ័រឆក់ក៏ជ្រាបជ្រែកចូលទៅកាន់សរសៃឈាម ធ្វើឲ្យអ្នករងរបួសអួលណែនថប់ដង្ហើម មុខឡើងស្វាយស្លាប់ទៅនៅពេលមិនយូរ គ្មានឱសថណានឹងព្យាបាលឲ្យជាសះស្បើយបានទេ" "ចុះបើដឹងថាជារណ្តៅពេញទៅដោយចម្រូងដើរចៀសមិនឲ្យធ្លាក់ទៅមិនបានទេឬ?" ខ្ញុំព្រះករុណានិយាយបែបជំទាស់ ព្រឹទ្ធជនសើចឃឹកទាំងឆ្លើយតបថា "ពិតដូចលោកម្ចាស់មានថេរដីកាចឹងមែន លោកសមណៈ ! បើគេមើលឃើញរណ្តៅ គេល្មមនឹងចៀសវាងបាន ប៉ុន្តែប្រការដែលសំខាន់ គឺថា គេមើលមិនឃើញហ្នឹងឯង ហើយក៏គ្មានផ្លូវនឹងដឹងបានថារណ្តៅនៅត្រង់ណាទេ ព្រោះពួកឧទាមបានបិទភ្ជិតមាត់រណ្តៅទុកយ៉ាងល្អ ជួនកាលផ្លូវដើររាបស្មើសោះ នឹកស្មានថាគ្មានរណ្តៅ ប៉ុន្តែលុះដើរទៅក៏ត្រឡប់ជាធ្លាក់រណ្តៅ ជួនកាលទាហានសត្រូវមើលឃើញផ្លូវរាបស្មើពេក កើតមន្ទិលសង្ស័យ ទើបដើរគេចចេញទៅក្នុងព្រៃប្របផ្លូវ ប៉ុន្តែត្រឡប់ជាធ្លាក់រណ្តៅទៅវិញ និយាយឲ្យខ្លីថា គ្មានទីកន្លែងណាដែលគ្មានរណ្តៅទេ ហើយក៏គ្មានផ្លូវណានឹងសង្កេតបានថាទីកន្លែងណាមានរណ្តៅឬគ្មានរណ្តៅឡើយ ព្រោះហេតុនេះសត្រូវទើបទទួលរងការលំបាកចិត្តយ៉ាងខ្លាំង ព្រោះបើអាល័យតែឱនទៅពិចារណាមើលរណ្តៅ ក៏ត្រូវគ្រាប់ព្រួញបាញ់មកពីលើ បើអាល័យតែរវាំងការពារគ្រាប់ព្រួញក៏ធ្លាក់រណ្តៅ អាស្រ័យហេតុនេះ ការចូលទៅក្នុងព្រៃទើបមានគ្រោះថ្នាក់គ្រប់ច្រកល្ហក ទាហានសត្រូវទើបសុខចិត្តបោះទីតាំងខ្សែត្រៀមការពារនៅត្រឹមសំយាបព្រៃដើម្បីកាត់បន្ថយកម្លាំងទ័ពឧទាមប៉ុណ្ណោះជាជាងសម្រុកចូលវាយលុកដោយផ្ទាល់" "ម្នាលឧបាសក ! កាលបើទ័ពឧទាមត្រូវទាហានសត្រូវបោះបន្ទាយដាក់ខ្សែត្រៀមទប់ស្កាត់យ៉ាងនេះ គង់នឹងមិនអាចចេញមកទាក់ទងនឹងសង្គមខាងក្រៅបានទេ មិនបានទទួលស្បៀងអាហារបំពេញបន្ថែម តើពួកគេរស់នៅយ៉ាងម៉េច? តើពួកគេបានអ្វីបរិភោគ?" ខណៈដែលប្រុសជរាហៀបនឹងឆ្លើយតបនុះឯង ចៅប្រុសរបស់គាត់ក៏តាមមកហៅឲ្យត្រឡប់ទៅគេហដ្ឋានវិញ ប្រាប់ថាដល់ពេលសម្រាកសម្រាន្តហើយ ប្រុសជរាចាំបាច់ត្រូវថ្វាយបង្គំលាខ្ញុំព្រះករុណាទៅ "លោកសមណៈ ! " គាត់មានប្រសាសន៍មុនពេលចាកចេញទៅ "ខ្ញុំកណានៅមានរឿងល្អៗជាច្រើនទៀតដែលនឹងតំណាលឲ្យលោកម្ចាស់ស្តាប់ ប្រសិនបើលោកម្ចាស់មិនទាន់ប្រញាប់ប្រញាល់ចេញទៅកាន់កន្លែងដទៃទេ ខ្ញុំកណានឹងមកសន្ទនាជាមួយនឹងលោកម្ចាស់ទៀតក្នុងថ្ងៃព្រឹកឡើង" មានប្រសាសន៍ហើយក៏ឲ្យចៅប្រុសដឹកដៃដើរចេញពីសាលាទៅ ។
ហេតុការណ៍អាក្រក់ក្នុងរាត្រីកាល
[កែប្រែ]ម្នាលលោកអ្នកមានអាយុ ! ខ្ញុំព្រះករុណាមានឱកាសបាននៅម្នាក់ឯងខាងក្នុងសាលាស្ងប់ស្ងាត់ម្តងទៀត កាលបើបរិដ្ឋានជុំវិញខ្លួនស្ងប់ស្ងាត់ ចិត្តក៏ចាប់ផ្តើមគិតទ្រឹងរំពឹងវែងឆ្ងាយ តាមធម្មតា ចិត្តរបស់ខ្ញុំព្រះករុណាធ្វើ ការងារគិតបានល្អប្រសើរជាងក្នុងបរិដ្ឋានដែលស្ងប់ស្ងាត់ គ្មានរូបសម្លេងណាៗមកឆក់ទាញចំណាប់អារម្មណ៍ រយៈកាលកន្លងមក ឃើញថា ខ្ញុំព្រះករុណាបាននាំខ្លួនឯងចូលទៅឈ្លីឈ្លក់ជក់វង្វេងនឹងរឿងលោកីយ៍ច្រើនពេក រហូតដល់សឹងតែភ្លេចកិច្ចវត្តក្នុងផ្លូវធម៌អស់រលីង ជាពិសេស ទេវមិត្រឧបាសកបានចូលមកពន្លាញសមាធិចិត្ត របស់ខ្ញុំព្រះករុណាច្រើនជាពិសេស ចិត្តរបស់ខ្ញុំព្រះករុណាគិតវិលវល់រសេមរសាមនៅនឹងរឿងរបស់គាត់គ្រប់ពេលវេលា ទំនងជាព្រោះហេតុថាគាត់ជាមនុស្សជិតដិតស្និទ្ធស្នាលរបស់ខ្ញុំព្រះករុណាទាំងធ្លាប់មានឧបការគុណ ចំពោះខ្ញុំព្រះករុណាច្រើននុះឯង ។ សម្លេងសុនខលូលាន់ឮពុះជ្រែកវិវេកភាពមកពីចម្ងាយ សម្តែងថា សុនខបានធ្វើមុខងាររបស់វាហើយ វាតែងតែភ្រុសនៅពេលពើបប្រទះនឹងមនុស្សឬអ្វីដែលគួរភ្រុស ទោះជាពេលថ្ងៃឬយប់ក៏ដោយ វាក្រើនរំលឹកឲ្យខ្ញុំព្រះករុណានឹកភ្នកមកដល់តួនាទីរបស់ខ្លួនក្នុងឋានៈជាសមណៈ ខ្ញុំព្រះករុណាមានតួនាទីវៀរចាកអំពើអាក្រក់ ធ្វើអំពើល្អ និងដុសខាត់ចិត្តរបស់ខ្លួនឲ្យស្អាតបរិសុទ្ធ នៅពេលជាមួយគ្នានោះ ក៏ធ្វើតួនាទីបង្រៀនអ្នកដទៃឲ្យវៀរចាកអំពើអាក្រក់ ធ្វើអំពើល្អ និងស្តារជម្រះចិត្តរបស់គេ ខ្ញុំព្រះករុណាសួរខ្លួនឯងថាបានធ្វើមុខបងារពេញលេញហើយឬនៅ? នៅពេលអង្កិតពិនិត្យមើលខ្លួនឯងក៏ឃើញថា នៅមិនទាន់ធ្វើមុខងារបានពេញបរិបូរទេ ជាពិសេស តួនាទីក្នុងការបង្រៀនអ្នកដទៃ ទេវមិត្រឧបាសកអ្នកមានឧបការគុណ ពេលនេះកំពុងតែឈ្លក់វង្វេងនឹងបាបកម្មយ៉ាងពេញរបុង គាត់បានក្លាយជាមេលំឧទាមដឹកនាំកម្លាំងពលចូលច្បាំងតស៊ូជាមួយនឹងកងទ័ពភូមិន្ទរបស់ព្រះបាទអជាតសត្តុ ការងារប្រចាំថ្ងៃរបស់គាត់ គឺ ការកាប់សម្លាប់មនុស្សដោយកលោបាយឆ្លៀសវៃផ្សេងៗ ផលនៃសកម្មភាពរបស់គាត់ធ្វើឲ្យខ្លួនឯងស្ថិតក្នុងស្ថានភាពនិរាសព្រាត់ប្រាស ធ្វើឲ្យបក្សពួកបរិវារព្រាត់និរាសចាកបុត្រភរិយា និងធ្វើឲ្យប្រទេសជាតិកើតចលាចលច្របូកច្របល់ គាត់កំពុងតែកើតជម្ងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ព្រោះចិត្តរបស់គាត់កំពុងត្រូវអាឃាតព្យាបាទនិងមោហៈចូលគ្របសង្កត់រហូតដល់បាត់បង់សតិសម្បជញ្ញៈ គាត់ប្រៀបដូចជាអ្នកជម្ងឺមានអាការរោគដាបខ្លាំងនិងកំពុងតែត្រូវការឱសថនិងបុគ្គលដែលធ្វើមុខងារជាពេទ្យផ្តល់ឱសថព្យាបាលរោគដល់គាត់ មើលទៅប្រហែលជាគ្មានអ្នកណាសមរម្យជាងខ្ញុំព្រះករុណាទេ ដែលគាត់មានសេចក្តីគោរពរាប់អានខ្ពស់ នៅពេលគិតដល់ត្រង់នេះ ខ្ញុំព្រះករុណាកើតតំណាំងចិត្តថានឹងនៅម្តុំៗនេះឯងហើយរិះរកមធ្យោបាយជួយទេវមិត្រឧបាសកឲ្យលះបង់ទង្វើអាក្រក់នោះចោល ។ ប៉ុន្តែលោកអ្នកមានអាយុ ! ខណៈដែលកំពុងតែសម្រេចចិត្តថានៅឬមិននៅនុះឯង រូបភាពរបស់ព្រះទេវទត្តនិងព្រះបាទអជាតសត្តុក៏លេចប្រាកដឡើងមកក្នុងលំនឹកចិត្ត ចំពោះព្រះទេវទត្តអាចនិយាយបានថាជាទូតនៃ អំពើគម្រក់ថោកទាបដោយចំតួ ធម្មតា បើអាក្រក់ព្រោះសេចក្តីយល់ឃើញខុសបណ្តោះអាសន្ន ត្បិតត្រូវអ្នកដទៃញុះញង់អុជអាលក៏ល្មមនឹងឲ្យអភ័យទោសបាន កាលបើបានសតិស្មារតីត្រឡប់មកវិញ គេអាចកែប្រែខ្លួនជាមនុស្សល្អបានទាំងបានជាមនុស្សល្អដែលមិនត្រឡប់ទៅធ្វើអំពើអាក្រក់ទៀត ព្រោះគេបានដឹងរសជាតិនៃអំពើអាក្រក់ហើយ រាងចាលហើយបីដូចជាទារកដែលចាប់ភ្លើង ត្រូវភ្លើងឆេះដៃមិនហ៊ានចាប់ភ្លើងទៀតដូច្នោះ ប៉ុន្តែមនុស្សអាក្រក់ខ្លះអាក្រក់ព្រោះនិស្ស័យសន្តានអាក្រក់យ៉ាងពិតប្រាកដ សូម្បីតែព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ជាសារថីបង្ហាត់បង្រៀនមនុស្ស ក៏មិនអាចជួយសង្គ្រោះប្រោសប្រាណបានដែរ ត្រូវបណ្តោយឲ្យប្រព្រឹត្តទៅតាមយថាកម្មរបស់គេ លុះគិតមកដល់ត្រង់នេះ ខ្ញុំព្រះករុណាក៏កើតសេចក្តីរួញរាចិត្ត នឹងបង្ហាត់បង្រៀនអ្នកដទៃ មានចិត្តលំឱនចូលទៅក្នុងដំណើរត្រាច់ចរចារិកទៅឲ្យឆ្ងាយពីក្រុងរាជគ្រឹះ និងអំពើច្របូកច្របល់ទាំងពួង ។ លោកអ្នកមានអាយុ ! ខ្ញុំព្រះករុណាតើនឡើងក្នុងបច្ឆិមយាមនៅពេលបានឮសម្លេងមាន់រងាវលើកដំបូង សម្លេងមាន់រងាវធ្វើឲ្យខ្ញុំព្រះករុណានឹកភ្នកទៅរកតួនាទីរបស់វាយ៉ាងប្រិតប្រៀង ទោះបីស្ថានការណ៍ស្រុកទេសប្រែប្រួលទៅយ៉ាងណា មាន់ក៏នៅធ្វើតួនាទីរងាវ ខ្ញុំព្រះករុណាក្រោកឡើងអង្គុយត្រៀមចូលធ្វើសមាធិ ដើម្បីអប់រំចិត្តឲ្យស្ងប់ខ្លះ ប៉ុន្តែនៅខណៈដែលចិត្តកំពុងតែស្លុងចុះកាន់សេចក្តីស្ងប់នុះឯង ខ្ញុំព្រះករុណាក៏បានឮសម្លេងអ៊ុលអាល់រញ៉ឈូឆរ ឮល្វើយមកពីចម្ងាយ ខ្ញុំព្រះករុណាម្នីម្នាចេញពីសមាធិ អៀងត្រចៀកស្តាប់សម្លេងនោះយ៉ាងយកចិត្តទុកដាក់ វាជាសម្លេងអ្វីម្យ៉ាងដោយពិត ខ្ញុំព្រះករុណាក៏ប្រាប់មិនត្រូវដែរ ឃើញថា មានសម្លេងសព្វគ្រប់បែបយ៉ាងលាយចម្រុះគ្នា បង្កឲ្យកើតសម្លេងឆោឡោរឡេងរឡូងយ៉ាងចម្លែក ស្តាប់មើលម្តងទៀតក៏ហាក់ដូចជាសម្លេងឆេះព្រៃ ជួនកាលក៏ហាក់ដូចជាសម្លេងទឹកក្នុងព្រៃដែលកំពុងតែហូររហេញរលេញមក ជួនកាលក៏ឮដូចជាសម្លេងព្យុះសង្ឃរា សម្លេងនោះលាន់ឮទៅអស់ពេលជាយូរ ហើយក៏ស្ងប់ស្ងាត់បាត់ទៅបន្តិចម្តងៗ រហូតដល់ស្ងាត់ឈឹងទៅ មួយស្របក់តមក ខ្ញុំព្រះករុណាបានឮសម្លេងសម្រឹបជើងមនុស្សជាច្រើនរត់កាត់មុខសាលាទៅខាងចុងភូមិ សម្លេងលាន់ឮខ្ទ័រខ្ទារ បន្ទាប់ពីនោះអ្វីៗទាំងពួងក៏វិលត្រឡប់ទៅកាន់សភាពស្ងប់ស្ងាត់វិញ ។
លុះអរុណោទ័យថ្ងៃព្រឹកឡើងមកដល់ ខ្ញុំព្រះករុណាក៏សម្លឹងមើលចេញពីសាលាទៅ សង្កេតឃើញអ្នកភូមិ ឈរជំនុំគ្នាជា ពួកជាក្រុមនៅខាងមុខគេហដ្ឋានរបស់ ខ្លួនៗ ប៉ុន្តែមិនអាចស្តាប់ឮច្បាស់ថា ពួកគេសន្ទនាគ្នា អំពីរឿងអ្វីទេ សង្កេតមើលលក្ខណៈឫកពាទៅ ឃើញថាទំនងជាទាក់ទិននឹងសម្លេង ចម្ លែកកាលពីយប់មិញ នេះមិនខាន ព្រោះមានមនុស្សជាច្រើននិយាយផងចង្អុល ម្រាមដៃទៅរកទិសដៅដែលខ្ញុំព្រះករុណាបាន ស្តាប់ឮមកនោះផង នៅខណៈដែលខ្ញុំព្រះករុណាកំពុងតែឃ្លុំចីពរត្រៀមខ្លួននឹងចេញទៅបិណ្ឌបាតនុះ ឯង ប្រុសជរាកស្សបៈក៏ដើររហើតរហាំងចូលមករក ព្រមទាំងរាយការណ៍ដោយសម្លេងស្លន់ស្លោថា "លោកសមណៈ ! កាលពីយប់មិញ បានកើតហេតុការណ៍អាក្រក់ឡើងឯសំយាបព្រៃទិសខាងជើងនៃភូមិរបស់យើង" "ហេតុការណ៍អ្វីទៅ? ឧបាសក ! អាត្មាក៏បានឮសម្លេងនោះដែរ" ខ្ញុំព្រះករុណាសួរ "កាលពីយប់មិញនេះ ពេលយប់អធ្រាតស្ងាត់នៃបច្ឆិមយាម ក្នុងខណៈដែលទាហានភូមិន្ទក្នុងបន្ទាយកំពុងតែដេកលក់ស្កប់ស្កល់នុះឯង ទាហានឧទាមបានលួចលបអែបនែបសមន្ធការចូលវាយប្រហារបន្ទាយទាហានភូមិន្ទយ៉ាងសាហាវ អាចពិឃាតទាហានភូមិន្ទបានជិត ៩០ នាក់ ពេលនេះ សាកសពនៅដេកដួលរប៉ាត់រប៉ាយក្នុងបន្ទាយនៅឡើយ ចំណែកឯនៅសល់ប្រមាណជា ២០ នាក់ទៀតរត់គេចយកប្រាសអាយូសទៅបាន ចៅប្រុសរបស់ខ្ញុំកណាទៅពិនិត្យមើលតាំងពីព្រឹកព្រាងម្លេះ ទើបតែវិលត្រឡប់មកតំណាលឲ្យខ្ញុំកណាស្តាប់ ចាត់ទុកថាជាជ័យជម្នះដ៏ថ្លៃថ្លារបស់កូនប្រុសខ្ញុំកណាជាថ្មីម្តងទៀត"ប្រុសជរានិយាយប្រយោគចុងក្រោយដោយរន្តិភាព ផ្ទុយស្រឡះនឹងខ្ញុំព្រះករុណាដែលកើតសេចក្តីសង្វេគស្លុតចិត្តឥតឧបមាចំពោះទង្វើដែលមនុស្សត្រូវកាប់សម្លាប់គ្នាយ៉ាងសាហាវឃោរឃៅបែបនោះ ខ្ញុំព្រះករុណាដើរចេញពីសាលាទៅ ហាក់បីដូចជាមនុស្សឥតវិញ្ញាណ ប្រុសជរាដើរខ្ចាក់ខ្ចើកតាមពីក្រោយខ្ញុំព្រះករុណាទាំងមានប្រសាសន៍ថា "លោកសមណៈ ! សូមនិមន្តលោកម្ចាស់ទៅឆាន់ភត្តាហារឯផ្ទះរបស់ខ្ញុំកណាក្នុងថ្ងៃព្រឹកនេះ ខ្ញុំកណានៅមានរឿងល្អៗដែលត្រូវតំណាលឲ្យលោកម្ចាស់ស្តាប់" មានប្រសាសន៍ហើយគាត់ក៏ស្ទុះចូលមកយកបាត្ររបស់ខ្ញុំព្រះករុណាទៅកាន់ហើយក៏ដើរនាំមុខឆ្ពោះទៅកាន់គេហដ្ឋានរបស់គាត់ដែលតាំងនៅក្បែរៗនឹងសាលាសម្នាក់បាទចារីនុះឯង លុះមកដល់គេហដ្ឋាន ប្រុសជរាក៏ប្រើកូនប្រសាស្រីឲ្យចាត់ត្រៀមរណ្តាប់ចង្ហាន់ ប្រគេនខ្ញុំព្រះករុណា ហើយខ្លួនគាត់ក៏អង្គុយចុះសន្ទនាជាមួយនឹងខ្ញុំព្រះករុណា សង្កេតឃើញថាគាត់ជាប្រុសជរាដែលរឹងប៉ឹងនិងជាមនុស្សប៉ិនសម្តីថ្វីមាត់ ។ "លោកសមណៈ ! ថ្ងៃនេះ ខ្ញុំកណាសូមធ្វើបុណ្យជាមួយនឹងលោកម្ចាស់ដើម្បីឆ្លងជ័យជម្នះរបស់កូនប្រុសបន្តិច" ប្រុសជរាមានប្រសាសន៍យ៉ាងញញឹមញញែម "ឧបាសក ! "ខ្ញុំព្រះករុណានិយាយឡើងដោយសេចក្តីស្លុតចិត្ត "មើលទៅដូចជាត្រេកអរសាទរនឹងមរណកម្មរបស់មនុស្សមែនទែន បើញោមចាត់ទុកការដែលកូនប្រុសរបស់ញោមសម្លាប់សត្រូវបានច្រើនថាជាអំពើល្អហើយធ្វើបុណ្យជាមួយនឹងអាត្មាដើម្បីឆ្លងអំពើល្អនោះ អាត្មាទំនងជាត្រូវចម្រើនពរលាញោមឧបាសកទៅសិនហើយ ព្រោះបើអាត្មាប្រឹងទទួលយកភត្តាហាររបស់ញោមក៏ស្មើនឹងអាត្មាមានចំណែកចូលរួមក្នុងអកុសលកម្មនោះដែរ" "បពិត្រលោកម្ចាស់ ! " ប្រុសជរានិយាយឡើងយ៉ាងសស្លើតសស្លក់នៅពេលឃើញកិរិយាអាការរបស់ខ្ញុំព្រះករុណាសម្តែងយកមែនទែន "សូមមេត្តាប្រោសប្រាណខ្ញុំកណាផងចុះ ខ្ញុំកណាមិនចាត់ទុកថាជាការធ្វើបុណ្យឆ្លងជ័យជម្នះទេ ប៉ុន្តែចាត់ទុកថាជាការធ្វើបុណ្យឧទ្ទិសភាគផលដល់ទាហានឧទាមដែលស្លាប់ក្នុងយុទ្ធនាការ" "មានពួកឧទាមស្លាប់ដែរឬ? ឧបាសក ! " ខ្ញុំព្រះករុណាសួរដោយចំណាប់អារម្មណ៍ "មាន លោកសមណៈ ! មានស្លាប់រាល់លើកដែលមានយុទ្ធនាការវាយប្រហារ ប៉ុន្តែស្លាប់តិចជាងសត្រូវឆ្ងាយណាស់ លើកនេះ ស្លាប់ ៤ នាក់ ប៉ុន្តែគ្រោះល្អដែលគ្មានមនុស្សចេញពីភូមិរបស់យើង" "មើលទៅដូចជាញោមដឹងដំណឹងល្អិតល្អន់ណាស់ ឧបាសក ! ញោមដឹងបានយ៉ាងដូចម្តេចថាមានមនុស្សស្លាប់ ៤ នាក់ និងគ្មានមនុស្សចេញពីភូមិរបស់ញោម?" ប្រុសជរាញញឹមហើយឆ្លើយថា "ពួកឧទាមក្នុងព្រៃនិងអ្នកភូមិមានទំនាក់ទំនងចែកចាយពត៌មានគ្នាជាប្រចាំ លោកសមណៈ ! វិធីបញ្ជូនពត៌មានរបស់យើង គឺ ពួកឧទាមនឹងបាញ់គ្រាប់ព្រួញដែលមានសារពត៌មានចងផ្អោបចេញពីក្នុងព្រៃទៅកាន់សំយាបស្រែដែលពួកក្មេងគង្វាលគោប្រឡែងគ្នាលេង កាលបើក្មេងជាប្រធានបានទទួលសារពត៌មានហើយ ក៏យកមកឲ្យខ្ញុំកណា ខ្ញុំកណាក៏ជម្រាបប្រាប់អ្នកភូមិឲ្យដឹងថា ពួកឧទាមត្រូវការអ្វី ហើយពួកយើងក៏បញ្ជូនអ្វីដែលពួកគេត្រូវការទៅឲ្យដោយវិធីណាមួយ បន្ទាប់ពីយុទ្ធនាការម្តងៗ យើងនឹងដឹងថាពួកឧទាមស្លាប់ប៉ុន្មាន? អ្នកណាខ្លះ?"
យើងសន្ទនាគ្នាតទៅបន្តិចទៀត កូនប្រសាស្រីរបស់ប្រុសជរាក៏នាំភត្តាហារចូលមកប្រគេន ខ្ញុំព្រះករុណាក៏ទទួលយកមកដាក់ក្នុងបាត្រ ហើយនិយាយថា "ឧបាសក ! អាត្មានៅមិនទាន់ឆាន់ចង្ហាន់ទេលុះត្រាតែញោមផ្តល់ខសន្យាមួយដល់អាត្មាសិន" "ខសន្យាអ្វីទៅ លោកសមណៈ ! " "ញោមត្រូវឧទ្ទិសចំណែចបុណ្យដល់ទាហានបច្ចាមិត្រដែលស្លាប់ក្នុងចម្បាំងលើកនេះផង ព្រោះយ៉ាងណាក៏ដោយ គេក៏ជាមនុស្សរួមសង្គមនឹងញោមដែរ គេអាចមិនមានកំហឹងខឹងស្អប់ញោមឬពួកចោរទេ ប៉ុន្តែត្រូវច្បាំងតស៊ូដោយខ្លាចក្រែងព្រះរាជអាជ្ញា ប្រយុទ្ធទៅតាមតួនាទីប៉ុណ្ណោះ យ៉ាងណាយ៉ាងណីគេក៏ស្លាប់ទៅហើយ មិនគួរចងពៀរព្យាបាទនឹងគេទៀតទេ គួរផ្សាយមេត្តាចិត្តដល់គេនិងឧទ្ទិសចំណែកបុណ្យដល់គេផង" នៅពេលប្រុសជរាទទួលពាក្យហើយខ្ញុំព្រះករុណាក៏ចាប់ផ្តើមឆាន់ នៅខណៈដែលឆាន់មិនទាន់រួចនុះឯង ក៏បានឮសម្លេងសម្រឹបជើងមនុស្សជាច្រើនកងរំពងមកតាមផ្លូវថ្នល់ ចៅប្រុសរបស់ព្រឹទ្ធាចារ្យរត់ចេញទៅមើលហើយរត់ត្រឡប់មកប្រាប់យ៉ាងតក់ក្រហល់ថា "ទាហាន ! ទាហានមកហើយ ! " "ប្រហែលជាពួកគេមកប្រមូលសពរបស់ពួកគេមើលទៅ" ប្រុសជរាមានប្រសាសន៍ដោយទឹកដមសម្លេងនិងអាការប្រក្រតី "ព្រោះគេបដិបត្តិយ៉ាងនោះដរាបមក" ប៉ុន្តែហេតុការណ៍តមកបានបញ្ជាក់ប្រាប់ច្បាស់ថា ពួកទាហានភូមិន្ទមិនបានមកប្រមូលសពបក្សពួករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបានបែកខ្ញែកគ្នាចេញទៅប្រកូកប្រកាសតាមភូមិ ប្រាប់ឲ្យអ្នកភូមិចេញទៅប្រមូលផ្តុំគ្នាឯ សាលាសម្នាក់បាទចារី មានទាហាន២-៣ នាក់មកឈរនៅខាងមុខគេហដ្ឋានប្រុសជរា ហើយស្រែកដោយសម្លេឮថា "តាកស្សបៈនៅទេ?" "នៅ" ប្រុសជរាស្រែកឆ្លើយតបចេញទៅ ហើយក៏បែរមកនិយាយនឹងខ្ញុំព្រះករុណាថា "លើកនេះប្រហែលជាមានអ្វីពិសេសហើយមើលទៅ លោកសមណៈ ! ខ្ញុំកណាចេញទៅជួបគេមួយភ្លែតសិន" និយាយហើយក៏ដើរខ្ចាក់ខ្ចើកចេញពីផ្ទះទៅ ចំណែកខាងខ្ញុំព្រះករុណាក៏ចាប់ផ្តើមឆាន់ភត្តាហារតទៅរហូតដល់រួចស្រេច មួយស្របក់ធំកន្លងទៅ ក៏នៅតែមិនឃើញប្រុសជរាត្រឡប់មកវិញ ដោយមន្ទិលសង្ស័យ ខ្ញុំព្រះករុណាទើបដើរចេញទៅមើលខាងក្រៅ សម្លឹងមើលទៅសាលាសម្នាក់បាទចារី ឃើញអ្នកភូមិអង្គុយជាក្រុមលើផ្ទៃដី មានទាហានកាន់ដាវឈរការពារនៅជុំវិញជារយៈ ៗ នៅពេលជាមួយគ្នានោះ ក៏មានទាហាននាំ ខ្លួនអ្នកភូមិចូលទៅកាន់ទីប្រជុំជាក្រុមៗ ដោយចំណង់ចង់ដឹងថាកើតអ្វីឡើង ខ្ញុំព្រះករុណាទើបដើរទៅកាន់ជំនុំមនុស្សទាំងនោះ នៅពេលទៅដល់ ក៏ឈប់ឈរនៅក្បែរខាង ប្រជាជនដែលមកប្រជុំគ្នាសុទ្ធតែជាក្មេង ស្រ្តីនិងមនុស្សចាស់ទាំងអស់ គ្មានប្រុសសុពលម្នាក់ទេ ម្នាក់ៗមានទឹកមុខតានតឹង ឈ្ងោកមុខសម្លឹងមើលផែនដីស្ទើរតែទាំងអស់ ចំណែកឯប្រុសជរាកស្សបៈអង្គុយនៅកណ្តាលចំណោមចោមរោមរបស់ប្រជាជន មានទាហានមាឌមាំ ៣-៤ នាក់យាមការពារយ៉ាងជិតដិត មួយស្របក់ធំកន្លងទៅ នាយទាហានម្នាក់បានសម្លក់ភ្នែកដ៏មុតស្រួចមៀងមើលទៅដោយជុំវិញ ហើយស្រែកឡើងដោយសម្លេងឮថា "អ្នកទាំងឡាយ ! ការដែលហៅអ្នកទាំងឡាយមកប្រជុំនៅថ្ងៃនេះ ក៏ដើម្បីសម្តែងអ្វីម៉្យាងឲ្យអ្នកទាំងឡាយទស្សនា យើងដឹងច្បាស់ថា ពួកឧទាមដែលលាក់ខ្លួននៅក្នុងព្រៃភាគច្រើនចេញពីភូមិនេះហើយបានទទួល ការឧបត្ថម្ភដោយស្បៀងអាហារពីភូមិនេះ អ្នកដែលជាមេខ្លោងឧទាមក្រុមនេះ គឺ នន្ទិយៈ កូនប្រុសរបស់តាកស្សបៈនេះឯង យើងនឹងប្រដៅឲ្យពួកឧទាមដឹងថា រាល់គ្រាដែលពួកគេលើកកម្លាំងពលចូលវាយប្រហារយើង យើងនឹងដាក់ទោសទណ្ឌកម្មតាកស្សបៈយ៉ាងធ្ងន់ដើម្បីជាការតបស្នងវិញ" និយាយហើយក៏បញ្ជាឲ្យទាហាន ២ នាក់សន្ធឹងដៃប្រុសជរាកន្ត្រាក់ឲ្យក្រោកឈរឡើង ហើយបញ្ជាឲ្យទាហានម្នាក់ទៀតសំពងខ្នងប្រុសជរាយ៉ាងញាប់ដៃ ។
ស្រ្តីផ្ទៃពោះចាស់
[កែប្រែ]ម្នាលលោកអ្នកមានអាយុ ! រូបភាពទាហានវ័យក្មេងវាយសំពងមនុស្សចាស់ដោយគ្មានផ្លូវតស៊ូដោយប្រើរំពាត់ខ្សែតី សម្លឹងមើលទៅឃើញថាជារូបភាពគួរឲ្យវេទនាសង្វេគស្លុតចិត្តជាទីបំផុត រាល់ៗលើកដែលរំពាត់ខ្សែតីជ្រែកអាកាសមកប៉ះផ្ទប់នឹងផ្ទៃស្បែកដ៏ជ្រីវជ្រួញរបស់ប្រុសជរាលាន់ឮសូរផ្លាប់ ប្រជាជនអ្នកគន់មើលភ្ញាក់កន្ត្រាក់ព្រើតបន្លឺសូរឧទានដោយស្ញើបរញើបរញ័រ អ្នកខ្លះយកដៃខ្ទប់មុខយំខ្សឹកខ្សួល រូបភាពដែលដក់ជាប់ក្នុងចិត្តរបស់ខ្ញុំព្រះករុណារហូតមកដល់ពេលនេះ គឺ រូបភាពចៅប្រុសរបស់ប្រុសជរាយំរត់ទៅរកជីតារបស់ខ្លួន ប៉ុន្តែត្រូវទាហានចាប់អូសទីណាត់ទីណែងចេញទៅ គេត្រដរតស៊ូទធាក់ក្រចៅខ្ញាំទាហានអ្នកចាប់យ៉ាងពេញកម្លាំង មាត់ក៏ស្រែកជេរប្រទេចដោយពាក្យគ្រោតគ្រាតផ្សេង ៗ ។ "ឈប់សិន ទាហាន ! " មេទាហាននិយាយឡើងដោយសម្លេងដាច់ខាត នៅពេលការវាយសំពងចាប់ផ្តើមទៅបានមួយស្របក់ នាយទាហានសម្លឹងមើលមុខប្រុសជរាដោយទឹកមុខទ្រមឹងទ្រមើយ ហើយក៏សួរឡើងបែបឡកឡឺយថា "យ៉ាងម៉េចដែរ តា ! ឈឺទេ? " ប្រុសជរាមិនបានឆ្លើយតបគេទេ នៅអង្គុយធ្មឹងក្នុងកិរិយាអាការស្ងប់ ប៉ុន្តែមានសញ្ញានៃរប៉ឹងរឹងមាំក្នុងកែវភ្នែករបស់គាត់ ផ្ទៃខ្នងរបស់គាត់ដេរដាសទៅដោយស្នាមរំពាត់ខ្សែតី មានលោហិតហូររហេញចេញជាទវែង នាយទាហានបែរទៅខាងប្រជាជនហើយស្រែកឡើងថា "យើងសូមប្រកាសឲ្យពួកឧទាមជាពិសេសនន្ទិយៈកូនប្រុសរបស់តាចាស់ដឹងថា រាល់ៗលើកដែលឆ្មក់ចូលវាយទាហានរបស់យើង ឪពុករបស់គេនឹងទទួលបានទោសទណ្ឌបែបនេះ បើអ្នកទាំងឡាយអាណិតតាចាស់នេះមិនចង់ឲ្យគាត់ឈឺខ្លួន ចូរប្រាប់ឲ្យបងប្អូនសាច់ញាតិរបស់អ្នកទាំងឡាយឈប់ធ្វើជាចោរព្រៃ ឲ្យចូលមកប្រគល់ខ្លួនដល់ទាហានភូមិន្ទដោយស្រួល ពុំនោះសោតទេ តាចាស់នេះនឹងរងការឈឺចាប់ ហ៏ ! ទាហានវាយសំពងទៀត" គ្រាន់តែផុតពាក្យបញ្ជារបស់នាយទាហាន ទាហានកាន់ខ្សែតីក៏លើកខ្សែតីវាយវាត់ខ្នងប្រុសជរាយ៉ាងញាប់ដៃ ប្រុសជរារមួលខ្លួនមុខរញិវស្ញូញជ្រីវជ្រួញដោយការឈឺចាប់ពន់ប្រមាណ ប៉ុន្តែក៏មិននិយាយស្តីឬស្រែកសម្តែងការឈឺចាប់ឬទទូចអង្វរសុំការុញ្ញចិត្តអាណិតអាសូរពីសត្រូវឡើយ នៅពេលដែលទាហានវាយសំពងតទៅមួយស្របក់ទៀត ប្រុសជរាក៏ដល់នូវវិសញ្ញិភាពទ្រមកាយដួលចុះនឹងផ្ទៃដីសន្លប់បាត់ស្មារតីទៅ គ្រានោះឯង អ្នកភូមិដែលនៅមើលជុំវិញក៏ក្រោកព្រូឡើង ស្រវារត់ទៅរកប្រុសជរា ប៉ុន្តែត្រូវទាហានកាន់ដាវដ៏មុតស្រាវ ដេញកៀងគរឲ្យទៅអង្គុយត្រង់កន្លែងដើមវិញ នៅខណៈនេះ បរិយាកាសឮរងំរណ្តំដោយសម្លេងយំថ្ងួចថ្ងូរគួរ ឲ្យវេទនាជាទីបំផុត ។ នាយទាហានបានបញ្ជាឲ្យទាហានឈប់វាយសំពង ហើយប្រកាសតទៅទៀតថា "នេះជាទោសនៃការវាយឆ្មក់ទាហានភូមិន្ទ កុំភ្លេចថា បើនន្ទិយៈនៅតែរឹងទទឹងវាយឆ្មក់យើងទៀត ឪពុករបស់គេនឹងត្រូវវាយសំពងបែបនេះ ឬត្រូវធ្វើទារុណកម្មខ្លាំងជាងនេះទៀត មិនចំពោះតែឪពុករបស់គេប៉ុណ្ណោះទេ សូម្បីតែភរិយារបស់គេនិងកូនរបស់គេក៏នឹងត្រូវដាក់ទោសទណ្ឌយ៉ាងធ្ងន់ដូចគ្នាដែរ សូមឲ្យអ្នកទាំងអស់គ្នាចាំទុកឲ្យច្បាស់" មួយស្របក់ធំកន្លងទៅ ព្រឹទ្ធាចារ្យកស្សបៈក៏ដឹងខ្លួនឡើង នាយទាហានងាកទៅរកគាត់ហើយនិយាយថា "នែតា ! បើតាមិនចង់ឈឺខ្លួនទៀត សូមប្រាប់កូនប្រុសរបស់តាកុំឲ្យវាយឆ្មក់ពួកយើងទៀត យល់ទេ?"
ប្រុសជរាបេះដូងពេជ្រសើចហាសយ៉ាងក្លាហានហើយនិយាយថា "ឱលោកអ្នកមានអំណាច ! កុំថាឡើយលោកវាយសំពងខ្ញុំឲ្យឈឺចាប់កាយ សូម្បីតែលោកសម្លាប់ខ្ញុំចោល ក៏ខ្ញុំមិនប្រាប់ឲ្យនន្ទិយៈកូនប្រុសរបស់ខ្ញុំ បញ្ឈប់ការតស៊ូជាដាច់ខាត ផ្ទុយទៅវិញ ខ្ញុំនឹងប្រាប់គេឲ្យតស៊ូបោសសម្អាតខ្មាំងសត្រូវរបស់ផែនដីឲ្យកាន់តែខ្លាំងដៃឡើង លោកប្រហែលជាគិតថាខ្ញុំមុខជាខ្លាចញញើតចំពោះខ្សែតីរបស់លោកមិនខាន គ្មានផ្លូវទេ លោករាជបុរស ! ខ្ញុំមិនដែលនឹកខ្លាចញញើតបន្តិចឡើយ សូម្បីតែសេចក្តីស្លាប់ ក៏ខ្ញុំមិនខ្លាចដែរ នឹងបាច់និយាយថ្វីដល់ខ្សែតីប៉ប៉ុននេះ អញ្ជើញវាយខ្ញុំតាមសប្បាយចុះ"
ពាក្យសម្តីរបស់ប្រុសជរាធ្វើឲ្យនាយទាហានខឹងក្រេវក្រោធយ៉ាងខ្លាំង គេឈរសម្លឹងមើលប្រុសជរាដោយកែវ ភ្នែកយ៉ាងមុតស្រួច សង្រ្គឺតធ្មេញឡើងក្រើត ដៃជើងញ័រញាក់ទទ្រាក់ គេស្ទុះចូលទៅឆក់យកខ្សែតីពីទាហាន ហើយវាយវាត់ខ្នងប្រុសជរាយ៉ាងមួមៅក្តៅចិត្ត រហូតដល់ប្រុសជរាដួលសន្លប់ទៅម្តងទៀត សូម្បីដូច្នោះក៏នៅតែមិនឈប់វាយសំពង ភ្លាមនោះមានស្ត្រីជរាម្នាក់យំយែកទឹកភ្នែកហូររហេមរហាម ចេញទៅអង្គុយលុតជង្គង់នៅក្បែរជើងនាយទាហាន ហើយនិយាយអង្វរថា "ឱអ្នកមានអំណាច ! សូមទានមេត្តាប្រោសផងចុះ កុំធ្វើបាបមនុស្សចាស់តទៅទៀតអី ខ្ញុំសូមសន្យាថា ខ្ញុំនឹងព្យាយាមនិយាយអូសទាញឲ្យគាត់ប្រាប់នន្ទិយៈបញ្ឈប់ការតស៊ូជាមួយនឹងកងទ័ពភូមិន្ទ ខ្ញុំគិតថានឹងធ្វើបានសម្រេច ព្រោះគាត់ជាបងប្រុសរបស់ខ្ញុំ ហើយធ្លាប់ជឿស្តាប់ខ្ញុំរហូត សូមទានមេត្តាប្រោសផងចុះ" ។
ពាក្យទទូចអង្វររបស់ស្រ្តីជរាបានទទួលលទ្ធផល នាយទាហានបោះខ្សែតីចោលទៅក្បែរខាងខ្លួនប្រុសជរា លើកដៃឡើងជូតញើសនៅលើថ្ងាស ហើយនិយាយថា "ល្អណាស់ យាយ ! សូមឲ្យយាយធ្វើតាមខសន្យានេះ បើនន្ទិយៈនៅតែឆ្មក់វាយប្រហារយើងទៀត យាយក៏នឹងទទួលទណ្ឌកម្មដែរ កុំភ្លេចណៈ" គេបានងាកទៅខាងប្រជាជនហើយស្រែកប្រកាសឡើងទាំងនៅដង្ហក់ថា "អ្នកទាំងឡាយ ! បណ្តាអ្នកទាំងឡាយ បើអ្នកណាម្នាក់អាចចាប់ខ្លួននន្ទិយៈបាន ទោះចាប់ទាំងរស់ឬស្លាប់ក៏ដោយ ព្រះបាទអជាតសត្តុនឹងប្រទានរង្វាន់ជាប្រាក់ ១០០០ កហាបណៈភ្លាម ហើយបើអាចចាប់ខ្លួនទេវមិត្រជាមេខ្លោងធំបានទោះចាប់ទាំងរស់ឬស្លាប់ក៏ដោយ នឹងទទួលបានរង្វាន់ ២០០០ កហាបណៈ សូមចាំឲ្យច្បាស់និងប្រកាសប្រាប់តៗគ្នាផង" នៅទីបំផុត ទាហានក្រុមនោះក៏ចាកចេញទៅទិសខាងជើង នៅពេលដែលពួកទាហានចាកចេញទៅភ្លាម អ្នកភូមិក៏រត់ព្រូចូលទៅរករាងកាយប្រុសជរាដែលដេកសន្លប់សន្លិនលង់ទ្រនេសនៅនឹងផ្ទៃដី អ្នកភូមិជាច្រើនជួយគ្នាគ្រាហ៍កៀកអងរាងកាយដ៏ទ្រែមទ្រោមរដេមរដមរបស់គាត់ដាក់នៅលើភ្លៅ ស្រែករវ៉េសរវ៉ូសប្រាប់ឲ្យទៅយកទឹក និងថ្នាំសង្កូវមករក្សាព្យាបាល មើលទៅឃើញដូចជារូបភាពចលាចលជ្រួលច្របល់គួរឲ្យអាណោចអធ័មក្រៃលែង ខ្ញុំព្រះករុណាមិនអាចនឹងជួយអ្វីបានទេបានត្រឹមតែឈរមើលនិងផ្សាយមេត្តាចិត្ត នៅខណៈដែលអ្នកភូមិកំពុងតែរវល់រចល់នុះឯង ខ្ញុំព្រះករុណាក៏ធ្វើដំណើរចេញពីភូមិនោះតម្រង់ឆ្ពោះទៅទិសខាងកើត អាកាសធាតុក្នុងពេលព្រឹកនៅមិនសូវក្តៅរហាងប៉ុន្មានទេ សមគួរដល់ការធ្វើដំណើរ នៅពេលដើរកាត់វាលស្រែយូរអម្បាយក៏មកដល់សំយាបព្រៃមួយដែលមានទឹកអណ្តូងក្បែរផ្លូវ ហើយមានក្មេងគង្វាលគោជាច្រើននាក់កំពុងតែអង្គុយនៅជុំវិញអណ្តូង ខ្ញុំព្រះករុណាបានឈាងចូលទៅអង្គុយសម្រាកក្រោមដើមឈើមួយដើម ដើម្បីបិណ្ឌបាតទឹកពីក្មេងគង្វាលគោឆាន់បំបាត់សម្រេក គ្រាន់តែខ្ញុំព្រះករុណាអង្គុយចុះភ្លាម ក្មេង ៣-៤ នាក់ ព្រូចូលមកសាកសួរខ្ញុំព្រះករុណាថាជាអុ្នកណា? មកពីណា? លុះដឹងថាខ្ញុំព្រះករុណាជាភិក្ខុមកពីក្រុងរាជគ្រឹះ ពួកគេក៏សម្តែងចំណាប់អារម្មណ៍ខ្លាំងឡើង ខ្ញុំព្រះករុណាក៏មិនដឹងថាហេតុអ្វីបានជាពួកគេកើតចំណាប់អារម្មណ៍ចំពោះខ្ញុំព្រះករុណាខ្លាំងម្លេះ "លោកម្ចាស់មានដំណឹងល្អអ្វីខ្លះទេ? ទានម្ចាស់ ! "ក្មេងម្នាក់ដែលមានអាយុច្រើនជាងគេសួរ សំណួររបស់គេធ្វើឲ្យខ្ញុំព្រះករុណាមិងមាំងជាខ្លាំង ហេតុអ្វីបានជាពួកគេមើលឃើញខ្ញុំព្រះករុណាជាអ្នកនាំសារពត៌មានអញ្ចឹងហ្ន ! "អត់មានដំណឹងល្អទេ មានតែដំណឹងអាក្រក់" ខ្ញុំព្រះករុណាឆ្លើយតាមត្រង់ ក្មេងម្នាក់ៗមានទឹកមុខស្រពោនចុះ ហើយសួរឡើងសឹងតែព្រមគ្នាថា "ដំណឹងអាក្រក់អីទៅ? ទានម្ចាស់ ! " "កាលពីយប់មិញ អាត្មាបានសិងសម្រាកយប់នៅឯភូមិរំលងវាលស្រែឯណោះ ក្នុងពេលយប់អធ្រាត្រស្ងាត់ ពួកទ័ពឧទាមបានសម្រុកវាយបុកបន្ទាយទាហានដែលបោះទីតាំងនៅសំយាបព្រៃក្បែរភូមិ សម្លាប់ទាហានភូមិន្ទសឹងតែទាំងអស់ រួចរស់ទៅបានតែប៉ុន្មាននាក់ទេ..." នៅខណៈដែលខ្ញុំព្រះករុណានិយាយមិនទាន់ចប់នុះឯង ក្មេងៗគង្វាលគោទាំងនោះក៏លោតកញ្ឆេងហ៊ោទ្រៀវសម្តែងសេចក្តីត្រេកអរ "នេះឬ គឺ ដំណឹងអាក្រក់របស់លោកម្ចាស់? វាជាដំណឹងល្អបំផុតសម្រាប់ពួកយើង លោកម្ចាស់មិនដឹងទេឬ? លោកសមណៈ ! " សង្កេតមើលប្រតិកិរិយាដែលពួកគេសម្តែងចេញចំពោះដំណឹងនោះ ខ្ញុំព្រះករុណាក៏ដឹងបានភ្លាមថា ក្មេងគង្វាលគោទាំងនេះសុទ្ធតែជាបក្សពួករបស់ទ័ពឧទាមទាំងអស់ នៅពេលដែលខ្ញុំព្រះករុណាតំណាលឲ្យពួកគេស្តាប់អំពីការដែលទាហានភូមិន្ទវាយដំប្រុសជរាយ៉ាងឃោរឃៅ ក្មេងៗទាំងនោះសម្តែងកំហល់ក្រេវក្រោធ យ៉ាងប្រត្យក្ស ដើម្បីឈ្វេងយល់ការពិតបន្ថែមទៀតពីក្មេងគង្វាលគោ ខ្ញុំព្រះករុណាទើបសួរថា "ក្នុងព្រៃនេះមានចោរពួនសម្ងំនៅទេ?" "មាន" ក្មេងម្នាក់ឆ្លើយ "ប៉ុន្តែលោកម្ចាស់មិនត្រូវខ្លាចញញើតទេ ព្រោះពួកចោរពុំបៀតបៀនសមណៈឡើយ ប៉ុន្តែពេលដើរកាត់ព្រៃ សូមលោកម្ចាស់ប្រុងប្រយ័ត្នបន្តិច កុំដើរចេញពីផ្លូវដើរជាដាច់ខាត ក្រែងលោទទួលគ្រោះថ្នាក់ពីរណ្តៅកំបាំងដែលបង្កប់ពេញទៅដោយចម្រូង លោកម្ចាស់មានដំណឹងអីទៅប្រាប់ពួកចោរឬ?" "មិនមានទេ "ខ្ញុំព្រះករុណាឆ្លើយ "អាត្មាមិនមែនជាបក្សពួករបស់ចោរឬរបស់អ្នកណាទេ អាត្មាជាមជ្ឈជន ត្រាច់ចរចារិកទៅជារឿយ ៗដោយឥតគោលដៅ គោលបំណងរបស់អាត្មា គឺ បដិបត្តិធម៌ និងបង្រៀនប្រៀនប្រដៅមនុស្សឲ្យតាំងនៅក្នុងសីលធម៌អំពើល្អ" ។
ក្មេងគង្វាលគោសម្លឹងមើលមុខគ្នាហាក់នឹងយល់ថាសម្តីរបស់ខ្ញុំព្រះករុណាជារឿងចម្លែកមិនធ្លាប់បានឮមកពីមុន "លោកម្ចាស់ជាសមណៈដំបូងដែលមិនមែនជាបក្សពួករបស់យើង" ក្មេងម្នាក់និយាយឡើងដោយអាការសម្តែងកំហកបំណង និយាយហើយក៏ថយចេញទៅឆ្ងាយ ក្មេងៗដទៃទៀតក៏ក្រោកឡើងដើរតាមគេទៅ ពួកគេទៅឈរ ប្រឹក្សាជុំគ្នាមួយស្របក់ ចង្អុលដៃច្រងេងច្រងាងមកខាងខ្ញុំព្រះករុណា ហើយក៏ចេញដំណើរដើរទៅរកហ្វូងគោរបស់គេ បណ្តោយឲ្យខ្ញុំព្រះករុណាស្ថិតនៅក្នុងសភាពស្ងប់ម្នាក់ឯងម្តងទៀត ហេតុការណ៍តូចតាចនៅគ្រានេះធ្វើឲ្យខ្ញុំព្រះករុណាភ្នកនឹកដល់វសុទេពបរិព្វាជកទៀត ឃើញថា ការបន្លំខ្លួនជាអ្នកបួសកំពុងតែពេញនិយមយ៉ាង ទូលំទូលាយក្នុងក្រុមពួកឧទាម នៅថ្ងៃណាមួយ ទាហានភូមិន្ទរបស់ព្រះបាទអជាតសត្តុគង់នឹងចាប់ខ្លួនអ្នកបួសពិតទាំងឡាយមិនខាន ខ្ញុំព្រះករុណាអង្គុយគិតនៅក្រោមដើមឈើរហូតបាត់នឿយហត់ហើយក៏ចេញដំណើរដើរចូលព្រៃទៅ ។ ម្នាលលោកអ្នកមានអាយុ ! គ្រាន់តែផុតព្រៃ ខ្ញុំព្រះករុណាក៏ទៅដល់វាលស្រែ ១ កន្លែងទៀត ហួសវាលស្រែទៅ មើលឃើញផ្ទះសម្បែងតាំងនៅលើទំនួលដីខ្ពស់ ខ្ញុំព្រះករុណាឈាងចូលមកសម្រាកក្រោមដើមឈើដើម្បីអង្គុយសម្រួលកាយ ខណៈនោះជាថ្ងៃបាក់រសៀលណាស់ទៅហើយ ហ្វូងក្មេងគង្វាលគោកំពុងតែកៀងគោត្រឡប់ទៅភូមិវិញជាហ្វូងជាហ្វាយ ខ្ញុំព្រះករុណាអង្គុយសម្លឹងមើលហ្វូងគោនិងក្មេងក្មាងដោយចិត្តសប្បាយរីករាយ ព្រោះជារូបភាពនៃសុខសន្តិភាពគ្មានពិសពុល ជារូបភាពនៃទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងមនុស្សនិងសត្វតិរច្ឆាន សូម្បីតែមនុស្សនិងសត្វក៏អាចរស់នៅជាមួយគ្នាបានយ៉ាងសុខសាន្ត ចុះហេតុដូចម្តេចបានជាមនុស្សដូចគ្នាសោះមិនអាចរស់នៅជាមួយគ្នាបានយ៉ាងសុខសាន្តត្រាណ? កាលបើគិតមកដល់ត្រង់នេះ មនោសញ្ចេតនាចំពោះតួនាទីរបស់ភិក្ខុអ្នកបង្រៀនមនុស្សឲ្យតាំងនៅក្នុងសុខសន្តិភាពបានវិលត្រឡប់ចូលមកកាន់ចិត្តរបស់ខ្ញុំព្រះករុណាម្តងទៀត រូបភាពទារុណកម្មឃោរឃៅដែលទាហានភូមិន្ទធ្វើចំពោះប្រុសជរា នៅដក់ប្រាកដច្បាស់ក្នុងចិត្តរបស់ខ្ញុំព្រះករុណា រូបភាពនោះធ្វើឲ្យខ្ញុំព្រះករុណាកើតចិត្តអាណិតអាសូរមនុស្សជាតិហើយចង់ជួយកម្ចាត់លុបបំបាត់អំពើឃោរឃៅផ្សេងៗឲ្យផុតរលត់ពីពិភពផែនដីនេះទៅ ប៉ុន្តែថា តើខ្ញុំព្រះករុណានឹងធ្វើបានឬ? កាលបើព្រះបរមសាស្តាទ្រង់មិនអាចនឹងធ្វើបានផង ! ម្នាលលោកអ្នកមានអាយុ ! នៅខណៈដែលខ្ញុំព្រះករុណាកំពុងតែអង្គុយគិតកាញ់គ្នាន់គ្នេរនុះឯង រូបភាពដ៏គួរឲ្យរន្ធត់ចិត្តមួយទៀតក៏កើតឡើង មានទាហានប្រមាណជា ១០ នាក់កំពុងចាប់ស្រ្តីអ្នកភូមិ ៣ នាក់ទាញទីណាត់ទីណែងចេញពីក្នុងព្រៃមក មើលទៅហាក់ដូចជាអ្នកទោសកំពុងត្រូវគេនាំខ្លួនទៅកាន់ទីត្រឡែងកែង "កើតរឿងអ្វីឬ? ឧបាសក ! "ខ្ញុំព្រះករុណាហាមាត់សួរ នៅខណៈដែលទាហានដើរមកដល់ត្រង់ម្លប់ឈើដែលខ្ញុំព្រះករុណាកំពុងតែជ្រក មេទាហាននាំស្រ្តីអ្នកទោសទាំង ៣ នាក់ចូលមកអង្គុយជ្រកម្លប់ក្រោមដើមឈើ ទាំងឆ្លើយថា "លោកសមណៈ ! ពួកគាត់ទាំង ៣ នាក់នេះនាំយកអាហារទៅឲ្យពួកឧទាមក្នុងព្រៃ ដោយយកកញ្ចប់អាហារមកចងផ្អោបត្រង់ដំបារពោះ យកក្រណាត់ឃ្លុំជិត ធ្វើហាក់ដូចជាថាកំពុងតែមានផ្ទៃពោះចាស់ រាល់ៗថ្ងៃរសៀល តែងនាំគ្នាចូលទៅក្នុងព្រៃ ធ្វើដូចជាទៅរកឧស យើងសង្ស័យមកយូរហើយ នៅថ្ងៃនេះ ទើបតាមដានទៅសង្កេតមើល ប្រាកដឃើញថា ពួកគាត់ ទាំង ៣ នាក់នេះបាននាំយកកញ្ចប់អាហារចេញពីដំបារពោះទៅលាក់ទុកត្រង់កន្លែងណាត់មត់ជាមួយនឹងពួកឧទាម យកស្លឹកឈើស្ងួតវេចក្រណាត់ចងភ្ជាប់ដំបារពោះហើយក៏យកឧសទូលលើក្បាលដើរត្រឡប់មកផ្ទះវិញ នៅទីបំផុត យើងក៏ចាប់បានដូចដែលលោកម្ចាស់ឃើញនេះឯង" "តើពួកគាត់ទាំង ៣ នាក់នឹងបានទទួលទោសទណ្ឌដូចម្តេចខ្លះ? ឧបាសក ! " ខ្ញុំព្រះករុណាសួរដោយសេចក្តីព្រួយបារម្ភចំពោះជោគវាសនារបស់ស្រ្តីទាំង ៣ នាក់នោះ "តាមច្បាប់របស់យើង អ្នកទាំង ៣ នឹងត្រូវទទួលទោសប្រហារជីវិត លោកសមណៈ ! យើងនាំគាត់ចូលទៅក្នុងភូមិ ប្រជុំអ្នកភូមិទាំងអស់ឲ្យមកមើលជាមេរៀនថា បើជួយពួកឧទាម នឹងទទួលបានផលតស្នងបែបណា រួចហើយក៏ចាត់ការប្រហារជីវិតចោល" គ្រាន់តែទាហាននិយាយចប់ បណ្តាស្រ្តី ៣ នាក់ ស្រ្តីម្នាក់ក៏ស្រែកជំទាលឡើងយ៉ាងផុតសម្លេង ហើយក៏ត្រដរតស៊ូដើម្បីឲ្យរួចផុតពីចំណាប់របស់ទាហាន ប៉ុន្តែមិនបានផលទេ នាងត្រដេត្រដរនិងស្រែក ជំទាលយ៉ាងវក់វល់រហូតដល់ខ្សោះកម្លាំងហើយក៏ឈប់ទៅឯង ខ្ញុំព្រះករុណាបានព្យាយាមស្នើសុំនាយទាហានឲ្យបន្ធូរបន្ថយទោសដល់ស្រ្តីទាំង ៣ នាក់ យ៉ាងអស់ពីសមត្ថភាព ប៉ុន្តែនៅតែមិនបានផល នៅទីបំផុត អ្នកទោសទាំង ៣ ក៏ត្រូវទាហាននាំខ្លួនបណ្តើរចូលទៅកាន់ភូមិដើម្បីប្រឈមមុខនឹងជតាកម្មដ៏គួរឲ្យស្រយុតស្រយងនោះតទៅ ។
ស្រ្តីជរាវិកលចរិត
[កែប្រែ]ម្នាលលោកអ្នកមានអាយុ ! យប់ថ្ងៃនោះ ខ្ញុំព្រះករុណាបានចូលទៅស្នាក់អាស្រ័យក្នុងសុញ្ញាគារ ១ ខ្នង ខាងក្នុងភូមិនោះឯង គ្រាន់តែដល់ពេលព្រលប់ ហេតុការណ៍ក៏ប្រព្រឹត្តទៅតាមដែលនាយទាហាននិយាយប្រាប់គ្រប់ប្រការ ពួកអ្នកភូមិដែលសុទ្ធតែជាស្រ្តី ក្មេង និង មនុស្សចាស់ ត្រូវបានកេណ្ឌប្រមូលមកប្រជុំផ្តុំគ្នាត្រង់ទីលានកណ្តាលភូមិទាំងជាទីតាំងបោះបន្ទាយរបស់ទាហានភូមិន្ទផង ពួកទាហានបានបង្កាត់ភ្លើង ១ ភ្នក់ធំ ត្រង់កណ្តាលវាល ស្រ្តីរងគ្រោះទាំង ៣ នាក់ត្រូវទាហាននាំខ្លួនមកចងក្រពាត់ដៃជាប់នឹងបង្គោលក្បែរខាងភ្នក់ភ្លើង ខ្ញុំព្រះករុណាអាចមើលឃើញទឹកមុខដ៏ក្រៀមក្រំរបស់ស្រ្តីទាំង ៣ នាក់បានយ៉ាងច្បាស់ លុះដល់ពេលវេលាហើយ នាយទាហានបានដើរមកឈរនៅខាងមុខអ្នកទោសទាំង ៣ ហើយក៏ប្រកាសដោយសម្លេងឮថា ត្រូវតែប្រហារជីវិតស្រ្តីទាំង ៣ នាក់នេះចោល ព្រោះមានទោសធ្ងន់ដែលបានបញ្ជូនស្បៀងអាហារទៅឲ្យពួកឧទាម ដែលជាខ្មាំងរបស់ផែនដី ដើម្បីកុំឲ្យអ្នកដទៃយកតម្រាប់តាមតទៅ ម្នាលលោកអ្នកមានអាយុ ! នៅខណៈដែលនាយទាហានកំពុងតែរៀបរាប់សម្លុតសម្លាប់អ្នកស្រុកដោយសម្លេងលាន់ឮនោះ បានមានសម្លេងប្រុសម្នាក់ស្រែកដង្ហោយឡើងមកពីចំហៀងម្ខាងថា ពួកឧទាមកំពុងចូលវាយប្រហារកងទ័ពភូមិន្ទដែលបោះទីតាំងយាមរក្សាស្ថានការណ៍នៅទិសខាងត្បួងនៃភូមិ រំពេចនោះក៏ស្រាប់តែកោលាហលជ្រួលច្របល់ក៏កើតឡើង ពួកទាហានដែលកាន់ដាវឈរឃ្លាំយាមអ្នកភូមិ ក៏ស្ទុះរត់ជាជួរទៅទិសខាងត្បួងដើម្បីជួយបក្សពួករបស់ខ្លួន ប្រជាជនផ្អើលឈូឆរ រត់គេចចូលផ្ទះសម្បែងរបស់ខ្លួនយ៉ាងជ្រួលច្រាល់ មិនដឹងថាអ្នកណាជាអ្នកណាទេ ខ្ញុំព្រះករុណាសង្កេតឃើញមនុស្ស ៣ នាក់ឆ្លៀតឱកាសនោះចូលទៅស្រាយចំណងដែលចងស្រ្តីអ្នកទោសទាំង ៣ នាក់ ដោះលែងពួកគាត់ឲ្យមានសេរីភាពទៅ ខណៈដែលសម្លេងនៃការតស៊ូកំពុងតែប្រព្រឹត្តទៅយ៉ាងទ្រហឹងអឺងកងឯបរិវេណទិសខាងត្បូងនៃភូមិនុះឯង ក៏មានសម្លេងស្រែកឮមកពីទិសខាងជើងថា ពួកឧទាមបានលើកកម្លាំងចូលវាយប្រហារកងទាហានរក្សាស្ថានការណ៍នៅទិសនោះទៀត បន្ទាប់ពីនោះមិនយូរប៉ុន្មាន ខ្ញុំព្រះករុណាសង្កេតឃើញទាហានឧទាមចេញមកបង្ហាញខ្លួនពីគ្រប់ទិសទី រត់ដេញកាប់ប្រហារទាហានភូមិន្ទយ៉ាងរញ៉ាល់រចល់ ភូមិទាំងមូលបានក្លាយជាទីលានចម្បាំងទៅក្នុងមួយពព្រិចភ្នែក ហេតុការណ៍រចល់ឆោឡោប្រព្រឹត្តទៅអស់ពេលយូរបង្គួរ ប៉ុន្តែសម្លេងនៃការច្បាំងតតាំងក៏ស្រាកស្រន់អន់ថយទៅបន្តិចម្តង ៗ ហើយក៏ស្ងប់ស្ងាត់បាត់ឈឹងទៅ ខ្ញុំព្រះករុណាមិនដឹងថាភាគីណាបានទទួលជ័យជម្នះទេ ទាល់តែឃើញទាហានឧទាមលីទាហានរបស់ខ្លួនដែលរងរបួសយកមកផ្តេករៀងជាជួរត្រង់ទីលានកណ្តាលភូមិទើបដឹងច្បាស់ថា កងទ័ពឧទាមទទួលបានជ័យជម្នះ ។ បន្ទាប់ពីនោះ ហេតុការណ៍ជ្រួលជ្រើមលើកទី ២ ក៏កើតឡើងទៀត គ្រានេះ អ្នកភូមិគ្រប់ភេទគ្រប់វ័យបានរត់ព្រូឈូឆរចេញពីផ្ទះរបស់ខ្លួនមកចោមរោមទាហានឧទាម ខ្លះក៏ក្រទីក្រទាយកទឹកមកប្រគល់ឲ្យ ខ្លះក៏ចូលទៅរក្សាព្យាបាលមុខរបួសដល់ទាហានឧទាមដែលរងរបួស សម្លេងអ្នកភូមិសន្ទនាសាកសួរគ្នា លាយឡំដោយសម្លេងយំថ្ងួចថ្ងូររបស់ទាហានរងរបួសឮសូរគឹកកងរញ៉ែរញ៉ូវទូទៅ វាជារូបភាពនៃសេចក្តីសុខលាយដោយសំណោកសោកសង្រេងដែលពិបាកដល់ការពិពណ៌នា កាលបើមោទកភាពចំពោះជ័យជម្នះត្រូវសម្តែងចេញពេញរបុងហើយ ចំណាប់អារម្មណ៍របស់ហ្វូងមនុស្សក៏ផ្តោតទៅរកទាហានរងរបួសដែលយំរងំថ្ងួចថ្ងូរដោយ កម្រិតសម្លេងផ្សេង ៗ គ្នា នៅពេលសម្លេងថ្ងួចថ្ងូរស្ងប់ស្ងាត់បាត់ទៅ នុះសម្តែងថា អណ្តាតភ្លើងនៃជីវិតរបស់គេក៏ផុតរលត់ទៅដែរ បន្ទាប់ពីនោះក៏ជាសម្លេងយំខ្សឹកខ្សួលរបស់ញាតិមិត្រសាលោហិតដែលនៅរស់រានមានជីវិត ហេតុការណ៍បែបនេះប្រព្រឹត្តទៅមួយស្របក់ ហើយមេខ្លោងឧទាមក៏ប្រកាសឡើងថា "ពុកម៉ែបងប្អូនទាំងឡាយ ! យើងបានបដិបត្តិតួនាទីរបស់យើងរហូតបានជ័យជម្នះហើយ ប៉ុន្តែឥឡូវនេះដល់ពេលដែលយើងត្រូវចាកចេញទៅហើយ ព្រោះខ្លាចក្រែងថាក្នុងពេលមិនយូរប៉ុន្មានទៀត កងទ័ពភូមិន្ទកងពលធំនឹងលើកមកបង្រ្កាបយើង"និយាយហើយគេក៏បញ្ជាឲ្យកម្លាំងពលរបស់គេសែងអ្នករងរបួសហើយប្រមូលយកស្បៀងអាហារដែលអ្នកភូមិយកមកប្រគល់ឲ្យ ទាហានឧទាមទាំងអស់ក៏លើកកម្លាំងពលចេញពីភូមិទៅ ។
ម្នាលលោកអ្នកមានអាយុ ! នៅទីបំផុត សេចក្តីស្ងប់ស្ងាត់ក៏វិលត្រឡប់មកកាន់ភូមិនោះវិញ ក្រៅតែពីមាន សម្លេងភ្រុសនិងលូរបស់សុនខដែលលាន់ឮមកម្តងម្កាល គ្មានសម្លេងអ្វីទៀតឡើយ ខ្ញុំព្រះករុណាមានលំនឹកហាក់នឹងថាកំពុងស្ថិតនៅក្នុងសង្គមឯកោកណ្តាលភូមិដែលត្រូវព្រាយបិសាចចូលកាន់កាប់ ក្នុងពេលវេលាបែបនោះ ខ្ញុំព្រះករុណាបានភ្នកនឹករលឹកដល់តួនាទីរបស់ខ្លួនម្តងទៀត កាលបើសង្គមវឹកវរទៅដោយការកាប់សម្លាប់ បៀតបៀនគ្នាបែបនេះ ខ្ញុំព្រះករុណាភៀសខ្លួនមកនៅម្នាក់ឯងស្វែងរកសេចក្តីសុខផ្ទាល់ខ្លួន ទុកបណ្តោយឲ្យផែនដីមគធរដ្ឋដាបដាសទៅដោយលោហិតនិងទឹកភ្នែកបែបនោះឬ?
លុះថ្ងៃព្រឹកឡើង នៅខណៈដែលកំពុងតែដើរបិណ្ឌបាតក្នុងភូមិ ខ្ញុំព្រះករុណាបានជួបនឹងរូបភាពគួរឲ្យស្លុតរន្ធត់ចិត្តមួយទៀត ពោលគឺ ខណៈដែលខ្ញុំព្រះករុណាកំពុងតែទទួលបិណ្ឌបាតពីប្រុសជរាម្នាក់នៅក្បែរចិញ្ចើមផ្លូវ បានមានស្រ្តីវ័យចាស់ម្នាក់មានទឹកមុខប្រឡាក់ព្រលូសព្រលូញ មានសក់កន្រ្ទើងទើងមើង មានសម្លៀកបំពាក់ ដាច់ដាចរហែករហុយ ដើរទ្រេតទ្រោតមកតាមផ្លូវ និយាយរងុមរង៉ូវម្នាក់ឯង ជួនកាលក៏សើច សម្លឹងមើលខ្ញុំព្រះករុណាអស់កាលជាយូរ ហើយក៏ទ្រហោយំស្ទុះទម្រុឌខ្លួនក្បែរបាទមូលរបស់ខ្ញុំព្រះករុណា ឱបជើងរបស់ខ្ញុំព្រះ ករុណាយ៉ាងណែន មាត់ក៏រទូរទាំថា "កូនមាសម្តាយអើយ ! ឯងវិលត្រឡប់មកវិញហើយឬ? ឯងត្រឡប់មកវិញតាំងពីអង្កាល់ណា? ហេតុអីបានជាឯងមិនត្រឡប់ទៅរកម្តាយ? ម្តាយត្រេកអរណាស់ដែលបានជួបឯង" និយាយហើយក៏យំខ្សឹកខ្សួលតទៅ
ខ្ញុំព្រះករុណាឈរទ្រឹងដោយអាការស្រឡាំងកាំងចំពោះហេតុការណ៍ និយាយអ្វីមិនចេញ ស្រ្តីឆ្លែកចម្លែកមុខងើយមុខដ៏ដាបដោយទឹកភ្នែកសម្លឹងមើលខ្ញុំព្រះករុណា ហើយក៏រអ៊ូរទាំតទៅទៀតថា
"កូនអើយ ! កុំបណ្តោយឲ្យម្តាយរស់នៅម្នាក់ឯង ម្តាយចាស់ហើយ ម្តាយគ្មានទីពឹងណាៗទេក្នុងសង្គមនេះ ឪពុករបស់ឯងក៏ផុតរលត់ជិវិតទៅយូរហើយ ត្រឡប់ទៅរស់នៅជាមួយនឹងម្តាយចុះ ណៈកូនសម្លាញ់ ! " និយាយហើយក៏ក្រោកឡើងដើរ ទាញជាយចីពររបស់ខ្ញុំព្រះករុណាជាប់ក្នុងដៃ ។
"បពិត្រទានម្ចាស់ !" ប្រុសជរាមានប្រសាសន៍ឡើងទាំងគ្រវីសីសៈយ៉ាងនឿយណាយ "កុំប្រកាន់នាងឡើយ នាងជាស្រ្តីវិកលចរិត ដើររសាត់អណ្តែតសែតអញ្ជង់ទៅពេញទាំងភូមិ វាលស្រែ និងព្រៃឈើ គ្រាន់តែឃើញអ្នកបួសរូបណា ក៏នឹកស្មានថាជាកូនរបស់ខ្លួនបែបនេះឯង" និយាយហើយប្រុសជរាក៏ងាកទៅខាងស្រ្តីជរាប្រាប់ថា "ប្អូនស្រី ! សូមប្អូនត្រឡប់ទៅផ្ទះសិនចុះ ខណៈនេះ កូនរបស់ប្អូនកំពុងតែដើរបិណ្ឌបាតនៅកណ្តាលភូមិ សូមឲ្យប្អូនត្រឡប់ទៅផ្ទះមុនហើយចាត់ត្រៀមកន្លែងទុកឲ្យបានល្អ នៅពេលបិណ្ឌបាតហើយ កូនប្រុសរបស់ប្អូននឹងទៅរកប្អូនដល់ផ្ទះ"
សម្តីរបស់ប្រុសជរាបានផលជាក់ស្តែង ស្រ្តីវិកលចរិតលែងដៃចេញពីជាយចីពររបស់ខ្ញុំព្រះករុណា ហើយដើរថយចេញទៅ គាត់លើកដៃចង្អុលមុខខ្ញុំព្រះករុណាហើយនិយាយថា
"បិណ្ឌបាតហើយ ទៅជួបម្តាយឯផ្ទះ ណៈកូន ! ម្តាយត្រឡប់ទៅត្រៀមកន្លែងនិងចាត់ចង្ហាន់ទុកឲ្យ យើងនឹងបានបរិភោគអាហាររួមគ្នាជាលើកដំបូង កុំភ្លេច ណៈកូន !" និយាយហើយគាត់ក៏សើចលាន់ឮដោយមោទនភាពរួចក៏ដើរទទ្រេតទទ្រោតចាកចេញទៅ ខ្ញុំព្រះករុណានៅតែឈរទ្រមឹងធ្មឹងធ្មើយ ឈ្ងោកមុខសម្លឹងមើលផ្ទៃដីដោយសេចក្តីអាណិតអាណោចខ្លោចចិត្ត សម្លេងសើចរបស់ស្រ្តីវិកលចរិតលាន់ឮល្វើយម្តងទៀត ប៉ុន្តែជួសនឹងធ្វើឲ្យខ្ញុំព្រះករុណារីករាយសប្បាយចិត្តដូចសម្លេងសើចទាំងឡាយ ប៉ុន្តែវាត្រឡប់ជាចាក់ដោតបេះដូងរបស់ខ្ញុំព្រះករុណាឲ្យឈឺចាប់យ៉ាងសែនខ្លោចផ្សា
"ម្នាលឧបាសក ! តើអាត្មាត្រូវទៅផ្ទះស្រ្តីវិកលចរិតតាមសម្តីរបស់គាត់ទេ?" ខ្ញុំព្រះករុណាសួរប្រុសជរាដោយកង្វល់ខ្វល់ខ្វាយ
"មិនបាច់ទេ លោកសមណៈ ! " ប្រុសជរាឆ្លើយតប "គ្រាន់តែចាកចេញពីយើងទៅ នាងក៏ភ្លេចរឿងនេះទាំងស្រុង ហើយក៏សាត់អណ្តែតសែតអញ្ជង់ទៅតាមរឿងរបស់នាង កុំប្រកាន់ជារឿងសំខាន់ឡើយ"
"ហេតុអ្វីបានជាគាត់ក្លាយជាមនុស្សវិកលចរិត ឧបាសក ! ហើយហេតុអ្វីបានជាគាត់ចូលចិត្តរាក់ទាក់ថាសមណៈជាកូនរបស់គាត់ ?"ខ្ញុំព្រះករុណាសួរដោយវិមតិកង្ខា
"រឿងនោះមានដូចតទៅនេះ លោកសមណៈ ! កាលពីមុន នាងក៏ជាមនុស្សមានសតិបរិបូរដួចយ៉ាងយើងអញ្ចឹងឯង អាស្រ័យនៅជាមួយនឹងកូនប្រុសម្នាក់ក្នុងខ្ទមខាងចុងភូមិ ប្តីរបស់នាងស្លាប់មកជាច្រើនឆ្នាំហើយ នាងបានអាស្រ័យកូនប្រុសជាអ្នកធ្វើស្រែចម្ការចិញ្ចឹមបីបាច់ លុះតមក ស្រុកទេសកើតកលិយុគភាន់ប្រែ កូនប្រុសរបស់នាងបានទៅចូលស្ម័គ្របក្សពួកជាមួយនឹងទ័ពឧទាមនៅក្នុងព្រៃ រួមច្បាំងរួមប្រឆាំងព្រមនឹងពួកឧទាម ប៉ុន្តែគេក៏បន្លំខ្លួនជាភិក្ខុចេញមកអើតងើតមើលម្តាយជាប្រចាំ គេជាយុវជនក្លាហាន និងច្បាំងតស៊ូបានយ៉ាងក្លៀវក្លាអង់អាច ប៉ុន្តែថា លោកសមណៈ ! ហ្មពស់តែងស្លាប់ព្រោះពស់ ហ្មដំរីតែងស្លាប់ព្រោះដំរីយ៉ាងណាមិញ អ្នកចម្បាំងក៏តែងតែស្លាប់ព្រោះចម្បាំងដូច្នោះ ក្នុងការចូលវាយប្រហារទ័ពភូមិន្ទម្តងកាលពីពេលថ្មីៗនេះ ឃើញថាកូនប្រុសទោលរបស់គាត់បានត្រូវអាវុធគូបដិបក្សស្លាប់លើសមរភូមិ ដោយសេចក្តីអាឡោះអាល័យកូនប្រុសយ៉ាងលើសលុប ធ្វើឲ្យនាងក្លាយជាមនុស្សវិកលចរិតទៅដូចដែលទានម្ចាស់ឃើញស្រាប់នេះឯង ពេលថ្ងៃ នាងត្រាច់ចរទៅដោយឥតគោលដៅ និយាយរងុំរង៉ូវតែម្នាក់ឯង សើចខ្លះយំខ្លះ មនុស្សមនាឃើញហើយក៏កើតការុញ្ញចិត្តអាណិតអាសូរឲ្យអាហារដល់នាងបរិភោគ ពេលយប់នាងក៏ត្រឡប់ទៅកាន់ខ្ទមសម្រាកវិញ លុះថ្ងៃព្រឹកឡើង ក៏ចេញក្រវែលតទៅទៀត រាល់លើកដែលឃើញអ្នកបួស នាងតែងតែរត់ទៅរក ហៅអ្នកបួសនោះៗថាកូនប្រុស និងទាញឲ្យទៅផ្ទះដូចដែលនាងធ្វើនឹងលោកម្ចាស់អម្បាញ់មិញនេះឯង នេះប្រហែលជាបណ្តាលមកពីកូនប្រុសរបស់នាងធ្លាប់បន្លំខ្លួនជាភិក្ខុមកជួបនាងជារឿយ ៗនុះឯង" ។
ម្នាលលោកអ្នកមានអាយុ ! រឿងរ៉ាវរបស់ស្រ្តីវិកលចរិតធ្វើឲ្យខ្ញុំព្រះករុណាមើលឃើញទារុណភាពឃោរឃៅនៃសង្គ្រាម ធ្វើឲ្យគិតដង្វិនយ៉ាងធ្ងន់កណ្តក់ក្នុងការជួយពន្លត់ភ្លើងសង្រ្គាមដែលឆាបឆេះរោលរាលទូទៅត្រង់បរិវេណជុំវិញក្រុងរាជគ្រឹះ ខ្ញុំព្រះករុណាយល់ឃើញថា ដើមចមសំខាន់នៃអំពើឃ្នើសឃ្នងទារុណនេះស្ថិតនៅនឹងបុគ្គលម្នាក់ប៉ុណ្ណោះ ហើយបុគ្គលម្នាក់នោះខ្ញុំព្រះករុណាក៏បានស្គាល់យ៉ាងច្បាស់ បើខ្ញុំព្រះករុណាអាចពន្លត់ភ្លើងព្យាបាទក្នុងចិត្តរបស់គេបាន ភ្លើងសង្គ្រាមអាចនឹងរលត់ទៅដែរ សុខសន្តិភាពនឹងវិលត្រឡប់មករកមគធរដ្ឋវិញ ខ្ញុំព្រះករុណាធ្វើដំណើរដើរផ្លូវតទៅទៀតជាច្រើនថ្ងៃ ឆ្លងកាត់ភូមិគ្រាមនិគមជាច្រើន ហើយរាល់កន្លែងដែលឆ្លងកាត់ទៅបានឮតែដំណឹងទារុណឃោរឃៅនៃគូករណីទាំងសងខាង ដំណឹងទាហានឧទាមចូលវាយឆ្មក់នៅទីនេះ ដំណឹងទាហានភូមិន្ទបើកការវាយប្រហារទាហានឧទាមនៅទីនោះ មនុស្សស្លាប់ប៉ុណ្ណេះ រងរបួសប៉ុណ្ណោះ អ្នកភូមិដែលសមគប់សហការនឹងទ័ពឧទាមត្រូវបានទាហានភូមិន្ទចាប់មកធ្វើទារុណកម្មជារឿយ ៗ ប៉ុន្តែមានចំណុចគួរឲ្យសង្កេតម៉្យាង គឺ រាល់យុទ្ធនាការនីមួយ ៗ ពួកឧទាមច្រើនតែបានទទួលជោគជ័យច្រើនជាងទាហានភូមិន្ទ ។ នៅយប់ថ្ងៃមួយ ខណៈដែលសម្រាកនៅភូមិមួយ ខ្ញុំព្រះករុណាបានដឹងដំណឹងអាក្រក់ថាខណៈនេះព្រះបាទបសេនទិកោសលនៃកោសលរដ្ឋកំពុងលើករេហ៍ពលភូមិន្ទចូលមកវាយប្រហារក្រុងរាជគ្រឹះ ព្រោះខឹងសម្បារនឹង ព្រះបាទអជាតសត្តុធ្វើគុតព្រះរាជាធិបតីពិម្ពិសារ និងធ្វើទារុណកម្មចំពោះព្រះរាជទេវីជាព្រះរាជមាតា ដំណឹងនេះ ធ្វើឲ្យពួកឧទាមឡើងចិត្តឡើងចាងខ្លាំងឡើង ប៉ុន្តែនៅពេលជាមួយគ្នានោះ ព្រះបាទអជាតសត្តុទ្រង់ចាត់វិធានការបង្រ្កាបកាន់តែខ្លាំងឡើងដែរ គឺ ព្យាយាមបង្រ្កាបពួកឧទាមដែលជាសត្រូវខាងក្នុងឲ្យរាបទាបសិនមុននឹងទៅប្រឈមមុខនឹងកងទ័ពមហាសាលរបស់ កោសលរដ្ឋ យុទ្ធសាស្រ្តចុងក្រោយដែលព្រះអង្គយកទៅប្រើ គឺ ចាប់ខ្លួនឪពុកម្តាយញាតិបងប្អូនរបស់ពួកឧទាមថ្នាក់មេខ្លោងទាំងអស់ជាចំណាប់ខ្មាំងហើយប្រកាសឲ្យពួកឧទាមសុខចិត្តចុះចាញ់ដោយស្រួលខាងក្នុងរយៈពេល ៧ ថ្ងៃ ពុំនោះសោត ព្រះអង្គនឹងចាប់ចំណាប់ខ្មាំងសម្លាប់ចោលទាំងអស់ ។ លុះបានឮដំណឹងនេះ ខ្ញុំព្រះករុណាក៏កើតកង្វល់ខ្វល់ព្រួយចំពោះសុវត្ថិភាពបុត្រភរិយារបស់ទេវមិត្រឧបាសកភ្លាម ខ្ញុំព្រះករុណាបានសម្រេចចិត្តធ្វើដំណើរដើរត្រឡប់ទៅក្រុងរាជគ្រឹះវិញហើយនៅរសៀលថ្ងៃមួយ ខ្ញុំព្រះ ករុណាបានជួបនឹងទេវមិត្រឧបាសកក្នុងរូបភាពនៃវសុទេពបរិព្វាជកក្រោមដើមឈើដដែលត្រង់តបោតាធារ ក្បែរទ្វារក្រុងទិសខាងជើងនៃក្រុងរាជគ្រឹះ ។ "បពិត្រទានម្ចាស់ ! " វសុទេពនិយាយដោយទឹកមុខសុយម៉ុយខុសប្រក្រតី "កម្លាំងពលរបស់យើងហៀបនឹងទទួលជ័យជម្នះហើយ លើសពីនោះទៀត កងទ័ពរបស់ព្រះបាទបសេនទិកោសលកំពុងតែលើកមកជួយពួកយើង ប៉ុន្តែព្រះបាទអជាតសត្តុត្រឡប់ជានាំយកយុទ្ធសាស្រ្តគម្រក់មកប្រើ..." "អាត្មាដឹងហើយ" ខ្ញុំព្រះករុណាប្រជែងនិយាយមុន "តើទានម្ចាស់ជឿទេថាព្រះបាទអជាតសត្តុហ៊ានសម្លាប់ចំណាប់ខ្មាំងរបស់យើង?" ទេវមិត្រសួរដោយអាការសម្តែងកង្វល់ខ្វល់ចិត្ត "អាត្មាឥតសង្ស័យអ្វីទាំងអស់ សូម្បីបើព្រះរាជបិតាបង្កើតរបស់ខ្លួន ព្រះអង្គអាចសម្លាប់បាន ម្តេចឡើយ ព្រះអង្គនឹងមិនហ៊ានសម្លាប់អ្នកដទៃ ជាពិសេស អ្នកដែលជាសត្រូវរបស់ព្រះអង្គដោយផ្ទាល់ទៀត?" ចម្លើយរបស់ខ្ញុំព្រះករុណាធ្វើឲ្យមេខ្លោងឧទាមធំដកដង្ហើមវែង សម្លឹងភ្នែកដ៏ម៉ឹងម៉ាត់ទៅរកទ្វារក្រុងរាជគ្រឹះ មួយស្របក់ធំកន្លងទៅ គេក៏និយាយចេញមកយ៉ាងដាច់ខាតថា "ខ្ញុំកណាមិនព្រមចុះចាញ់ជាដាច់ខាត ទោះបីសម្លាប់ឬមិនសម្លាប់ចំណាប់ខ្មាំងរបស់យើងក៏ដោយចុះ ខ្ញុំកណាជឿថា មនុស្សរបស់យើងដែលត្រូវចាប់ខ្លួនជាចំណាប់ខ្មាំងមុខជាសុខចិត្តស្លាប់ដើម្បីយើងនិងមគធរដ្ឋ យើងត្រូវតែតស៊ូតទៅទៀត លោកម្ចាស់ ! តស៊ូលុះត្រាតែនឹងទទួលជោគជ័យ ពេលនេះជ័យជម្នះខិតជិតមកដល់ដៃហើយ ព្រះបាទបសេនទិកោសលលើកកងទ័ពមកដល់នៅពេលណា ព្រះបាទអជាតសត្តុគម្រក់ថោកទាបនឹងដល់អវសានកាលមិនខាន" ។
សង្រ្គាមដែលគ្មានការចាញ់ឈ្នះ
[កែប្រែ]"ម្នាលឧបាសក ! អាត្មាដឹងច្បាស់ថា ពេលនេះញោមមិនមែនជាទេវមិត្រឧបាសកអ្នកមានទឹកចិត្តប្រកបដោយគុណធម៌ខ្ពស់តទៅទៀតទេ ប៉ុន្តែជាមេខ្លោងចោរឧទាមដែលត្រេកអរក្នុងការកាប់សម្លាប់អ្នកដទៃ ប៉ុន្តែទុកជាម្លឹងក៏ដោយ អាត្មានៅតែមានបំណងល្អចំពោះញោម ចង់ជួយរំដោះញោមឲ្យរួចផុតពីសេចក្តីទុក្ខ បើញោមនៅគោរពរាប់អានអាត្មា អាត្មាចង់នឹងសន្ទនាសំណេះសំណាលជាមួយនឹងញោមឲ្យបានយូរបន្តិច" ទេវមិត្រសម្លឹងមើលខ្ញុំព្រះករុណាហាក់នឹងឃើញថាខ្ញុំព្រះករុណាជាមនុស្សចម្លែកប្លែកមុខហើយនិយាយឡើងថា " លោកម្ចាស់ ! សូម្បីបើខ្ញុំកណាអាក្រក់ថោកទាបយ៉ាងណា ប៉ុន្តែខ្ញុំកណានៅតែគោរពរាប់អានលោកម្ចាស់" "បើអញ្ចឹង ល្អហើយ អាត្មាចង់នឹងនិយាយអ្វីម៉្យាង អម្បាញ់មិញនេះ ញោមនិយាយថោ្កលទោសព្រះបាទអជាតសត្តុថាជាមនុស្សគម្រក់ថោកទាប តើញោមអាស្រ័យហេតុផលអ្វីបានជានិយាយបែបនោះ?" "មិនឲ្យនិយាយថា អាក្រក់ថោកទាបយ៉ាងម៉េចបាន លោកម្ចាស់ ! កាលបើព្រះអង្គហ៊ានសម្លាប់ព្រះរាជបិតាបង្កើតរបស់ខ្លួនឯង ថែមទាំងធ្វើទារុណកម្មព្រះរាជមាតារបស់ខ្លួនឯងយ៉ាងឃោរឃៅទៀត" "ណ្ហើយចុះ ! អាត្មាយល់ស្របថាព្រះបាទអជាតសត្តុជាមនុស្សអាក្រក់ថោកទាបព្រោះធ្វើឃាតព្រះរាជបិតារបស់ខ្លួនឯង អាត្មាចង់សួរញោមថា កាលបើយើងឃើញមនុស្សអាក្រក់ធ្វើអំពើអាក្រក់និងកំពុងដើរទៅកាន់នរក តើយើងចាំបាច់ត្រូវធ្វើអំពើអាក្រក់ដូចយ៉ាងគេហើយធ្វើដំណើរតាមគេទៅនរកដែរឬ?" "មិនចាំបាច់ទេ លោកម្ចាស់ ! "ទេវមិត្រឆ្លើយដោយសម្លេងខ្សាវប៉ុន្តែក៏បដិសេធយ៉ាងដាច់អហង្ការថា "ប៉ុន្តែខ្ញុំកណាមិនបានធ្វើអំពើអាក្រក់ដូចយ៉ាងព្រះបាទអជាតសត្តុនោះទេ លោកម្ចាស់ ! ផ្ទុយទៅវិញ ខ្ញុំកណាកំពុងតែព្យាយាមកម្ចាត់មនុស្សអាក្រក់ឲ្យអស់ពីផែនដីមគធរដ្ឋទេតើ" "ប៉ុន្តែអាត្មាមើលឃើញថា ញោមកំពុងតែធ្វើអំពើអាក្រក់ដូចយ៉ាងព្រះបាទអជាតសត្តុ ព្រោះញោមកំពុងនឹងសម្លាប់បុត្រភរិយាញោមខ្លួនឯង សម្លាប់ឪពុកម្តាយញាតិមិត្ររបស់បរិវារញោមយ៉ាងឃោរឃៅដូចយ៉ាង ព្រះបាទអជាតសត្តុដែរ " "តើខ្ញុំកណាសម្លាប់យ៉ាងម៉េច លោកម្ចាស់ ! " ទេវមិត្រប្រកែកយ៉ាងម៉ឺងម៉ាត់ "ខ្ញុំកណាមិនបានសម្លាប់ទេ ព្រះបាទអជាតសត្តុទេតើដែលចាប់ពួកគេជាឆ្មាប់រកនឹងសម្លាប់ចោលនោះ" "ប៉ុន្តែព្រះអង្គនឹងសម្លាប់លុះត្រាតែញោមមិនព្រមចុះចាញ់ នៅរឹងទទឹងប្រយុទ្ធតទៅទៀត បើញោមសុខចិត្តចុះចាញ់ខាងក្នុង ៧ ថ្ងៃ ព្រះអង្គនឹងមិនសម្លាប់ទេ ព្រោះហេតុនោះ ការស្លាប់រស់របស់ពួកគេទាំងនោះអាស្រ័យទៅលើញោមមិនមែនអាស្រ័យទៅលើព្រះបាទអជាតសត្តុទេ បើញោមនៅរឹងប្រយុទ្ធតទៅទៀត ស្មើនឹងញោមបញ្ជាឲ្យព្រះបាទអជាតសត្តុសម្លាប់ពួកគេ ដែលមានផលស្មើនឹងញោមសម្លាប់ដោយខ្លួនឯង កាលបើដូច្នេះ ក៏ស្មើនឹងថាញោមធ្វើអំពើអាក្រក់ដូចយ៉ាងព្រះបាទអជាតសត្តុនិងកំពុងដើរតាមព្រះបាទអជាតសត្តុទៅនរកដែរ ព្រះបាទអជាតសត្តុថែមទាំងល្អជាងទៅទៀត ព្រោះព្រះអង្គសម្លាប់តែព្រះរាជបិតារបស់ខ្លួនឯងតែម្នាក់ ប៉ុន្តែញោមនឹងសម្លាប់បុត្រភរិយារបស់ញោមខ្លួនឯងព្រមទាំងឪពុកម្តាយបុត្រភរិយា ញាតិបងប្អូនរបស់បរិវារញោមរាប់រយនាក់ទៀត" ហេតុផលរបស់ខ្ញុំព្រះករុណាធ្វើឲ្យទេវមិត្រឧបាសកអង្គុយធ្មឹងអស់ពេលជាយូរ "បពិត្រលោកម្ចាស់ ! "គាត់មានប្រសាសន៍ឡើងក្នុងទីបំផុត "មានន័យថា លោកម្ចាស់កំពុងតែណែនាំឲ្យខ្ញុំកណាចុះចាញ់សត្រូវដើម្បីជួយសង្គ្រោះជីវិតមនុស្សយ៉ាងនោះឬ?" "ឧបាសក ! អាត្មាមិនស្នើឲ្យញោមចុះចាញ់ទាំងមិនស្នើឲ្យព្រះបាទអជាតសត្តុចុះចាញ់ទេ គ្មានភាគីណាចាញ់ឬ ឈ្នះក្នុងការតស៊ូនៅគ្រានេះទេ ប៉ុន្តែអាត្មាស្នើឲ្យភាគីទាំងសងខាងលះលែងរវែងបង់ទៅដោយខ្លួនឯង ការកាប់សម្លាប់បៀតបៀននឹងចប់ទៅឯង សុខសន្តិភាពនឹងវិលត្រឡប់មកកាន់មគធរដ្ឋវិញ" "តើលោកម្ចាស់នឹងធ្វើដូចម្តេច? " ទេវមិត្រសួរដោយចំណាប់អារម្មណ៍ "បើញោមសន្យាថា នឹងបញ្ឈប់ការតស៊ូខាងក្នុងរយៈពេល ៧ ថ្ងៃនេះ អាត្មានឹងចូលទៅគាល់ព្រះបាទអជាតសត្តុ សូមស្នើឲ្យព្រះអង្គបញ្ឈប់ការបង្រ្កាបប្រាបប្រាមពួកឧទាម និងព្រះរាជទានអភ័យទោសដល់កងទ័ពឧទាមទាំងពួង ដោះលែងឆ្មាប់(ចំណាប់ខ្មាំង)ទាំងអស់ដែលទ្រង់បានចាប់ខ្លួន ប្រគល់ទ្រព្យសម្បត្តិទាំងអស់ដែលព្រះអង្គរឹបអូសដល់សត្រូវវិញ មិនឲ្យទទួលទោសកំហុសផ្នែកអាជ្ញាផែនដី ឲ្យលើកលែងចំពោះគ្នាតរៀងទៅ តើញោមយល់ស្របនឹងគំនិតនេះឬទេ?" ទេវមិត្រឧបាសកអង្គុយទ្រឹងគិតជញ្ជឹងអស់ពេលជាយូរ ហើយឆ្លើយថា "បពិត្រលោកម្ចាស់ ! សម្រាប់ខ្ញុំកណាយល់ឃើញថាជាគោលគំនិតល្អណាស់ បើភាគីព្រះបាទអជាតសត្តុធ្វើបានពិតដូចយ៉ាងពាក្យដែលលោកម្ចាស់និយាយមែន ខ្ញុំកណានឹងទៅប្រឹក្សាយោបល់ជាមួយនឹងបក្សពួកសិន នៅថ្ងៃស្អែកនេះ ពេលថ្មើរនេះ សូមឲ្យលោកម្ចាស់មកជួបនឹងខ្ញុំកណាត្រង់កន្លែងនេះម្តងទៀត" ។ ម្នាលលោកអ្នកមានអាយុ ! ខ្ញុំព្រះករុណាជឿថា ប្រសិនបើទេវមិត្រឧបាសកយល់ព្រមបញ្ឈប់ការច្បាំងតស៊ូ បក្សពួករបស់គាត់មុខជានឹងយល់ព្រមតាមដោយឥតសង្ស័យ ព្រោះម្នាក់ៗសុទ្ធតែគោរពរាប់អានទេវមិត្រឧបាសកយ៉ាងខ្ពង់ខ្ពស់ ធ្វើឲ្យខ្ញុំព្រះករុណាកើតលំនឹកសង្ឃឹមឡើងព្រាល ៗ យប់ថ្ងៃនោះ ខ្ញុំព្រះករុណាបានចូលទៅសម្រាកក្នុងព្រះវេឡុវនារាម ឯព្រះវេឡុវនារាមនេះឯង ខ្ញុំព្រះករុណាបានទទួលដំណឹងថ្មីមួយទៀត ភិក្ខុជរា ១ រូបបានតំណាលឲ្យខ្ញុំព្រះករុណាស្តាប់ថា "ព្រះតេជព្រះគុណរេវត្តៈ ! កាលពី ២ ឬ ៣ ថ្ងៃ កន្លងមកនេះ ព្រះបាទអជាតសត្តុបានយាងមកធ្វើបុណ្យទក្ខិណានុប្បទាន ឧទ្ទិសចំណែកបុណ្យថ្វាយដល់ព្រះរាជបិតា ព្រះអង្គមានព្រះវរកាយស្គាំងស្គម មានព្រះភក្រ្ត ស្រងូតស្រងាត់ ត្រាស់ថា ទ្រង់នឹករលឹកដល់ព្រះជនក ទ្រង់សោកស្តាយព្រះទ័យជាទីផុតដែលជ្រុលជឿព្រះទេវទត្តហើយធ្វើគុតព្រះវររាជបិតា លើសពីនោះទៀត ខ្ញុំកូរណាបានដឹងថា ព្រះអង្គទើបតែនឹងបានព្រះរាជឱរសដំបូងដែលប្រសូតពីព្រះទេវី រាជបរិវារខ្លះបានតំណាលឲ្យខ្ញុំកូរណាស្តាប់ថា សេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដែលព្រះអង្គមានចំពោះព្រះឱរសនុះឯង ធ្វើឲ្យព្រះអង្គផ្អូកនឹករលឹកដល់ព្រះរាជបិតាហើយកើតវិប្បដិសារខ្លាំងក្លាបំផុត ប្រសិនបើមានអ្វីណានីមួយដែលព្រះអង្គអាចធ្វើដើម្បីរំដោះបាបដែលព្រះអង្គធ្លាប់ធ្វើទុកហើយបាន ព្រះអង្គសព្វព្រះរាជហឫទ័យនឹងធ្វើភ្លាម" ។ រឿងរ៉ាវដែលមិត្រព្រហ្មចារីតំណាលឲ្យស្តាប់នេះធ្វើឲ្យសេចក្តីសង្ឃឹមរបស់ខ្ញុំព្រះករុណាខ្ជាប់ខ្ជួនមួនមាំឡើងថែមទៀត ព្រោះហេតុនោះ លុះដល់ថ្ងៃព្រឹកឡើង បន្ទាប់ពីឆាន់ចង្ហាន់ហើយ ខ្ញុំព្រះករុណាទើបបបួលភិក្ខុរូបនោះទៅកាន់ព្រះរាជនិវេសន៍ ដើម្បីគាល់ព្រះបាទអជាតសត្តុ រាជបុរសបាននាំយើងដើរកាត់បន្ទប់តូចធំទៅសម្រាកក្នុងបន្ទប់ល្វែងល្វឹងល្វើយមួយ ហើយក៏ចូលទៅក្រាបទូលព្រះរាជាឲ្យទ្រង់ជ្រាប មិនយូរប៉ុន្មាន ព្រះបាទអជាតសត្តុក៏ស្តេចយាងមកព្រមទាំងរាជបុរសជំនិត ២ នាក់ "តើព្រះគុណម្ចាស់មានរវល់អ្វីដែរបានជាចូលមករកខ្ញុំកណាដល់រាជនិវេសន៍ដូច្នេះ?" ទ្រង់សួរឡើងបន្ទាប់ពី ប្រថាប់គង់លើព្រះទែនបង្គុយនិងលើកព្រះហស្ថសំពះ "អាត្មាភាព ឈ្មោះ រេវត្តត្ថេរៈ ធ្លាប់ធ្វើជាសង្ឃាធិបតីក្នុងព្រះវេឡុវនារាម បានឮដំណឹងថា នៅពេលនេះ មហាបពិត្រកំពុងតែមានព្រះរាជករណីយកិច្ចមមាញឹកច្រើន ណាមួយត្រូវគ្រប់គ្រងរាជកិច្ចានុកិច្ច ណាមួយត្រូវបង្រ្កាបប្រាបប្រាមរាជបដិបក្ស ណាមួយត្រូវចាត់ត្រៀមរេហ៍ពលតតាំងច្បាំងនឹងអរិរាជសត្រូវ អាត្មាភាពយល់ព្រះរាជហឫទ័យ ចង់ជួយមហាបពិត្រក្នុងអ្វីដែលល្មមនឹងជួយបាន" "តើមានអ្វីខ្លះដែលព្រះគុណម្ចាស់យល់ឃើញថាល្មមនឹងជួយខ្ញុំកណាបាន?" "អាត្មាភាពល្មមនឹងជួយបានផ្នែកការចរចាឲ្យពួកឧទាមបញ្ឈប់ការច្បាំងតស៊ូ" ចម្លើយរបស់ខ្ញុំព្រះករុណាធ្វើ ឲ្យព្រះយុវរាជទ្រង់ចម្លែកព្រះទ័យខ្លះដែរ ព្រះអង្គទតមើលខ្ញុំព្រះករុណាដោយក្រសែព្រះនេត្រសម្តែងសេចក្តីសង្ស័យ "អាត្មាភាពមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទេវមិត្រជាមេខ្លោងធំរបស់ទ័ពឧទាមយ៉ាងល្អ ព្រោះកាលដែលអាត្មានៅឯព្រះវេឡវនារាមនោះ គាត់តែងទៅសមាទានសីលនិងស្តាប់ធម៌ជាប្រចាំ អាត្មាភាពជឿថា នឹងចរចាឲ្យគាត់បោះបង់ការតស៊ូចោលបាន" "បើព្រះគុណម្ចាស់អាចជួយចរចាឲ្យគេបញ្ឈប់ការច្បាំងតស៊ូបានមែន ក៏ជាគុណប្រយោជន៍ដល់មគធរដ្ឋយ៉ាងធំធេង ប៉ុន្តែខ្ញុំកណានៅសង្ស័យថាតើព្រះគុណម្ចាស់នឹងធ្វើបានដោយវិធីណាទៅ?" "អាត្មាភាពធានាថានឹងធ្វើបាន ឲ្យតែទទួលបានសហប្រតិបត្តិការពីមហាបពិត្រ" "តើព្រះគុណម្ចាស់ឲ្យខ្ញុំកណាសហការអ្វីខ្លះទៅ?" "អាត្មាភាពស្នើសុំឲ្យមហាបពិត្រព្រះរាជទានអភ័យទោសដល់កម្លាំងពលឧទាមទាំងអស់ កុំបានប្រកាន់ទោសអូសដំណើរគិតដាក់ព្រះរាជទណ្ឌឡើយ ដោះលែងឲ្យពួកគេវិលត្រឡប់ទៅផ្ទះសម្បែងវិញ ប្រកបកិច្ចការងារចិញ្ចឹមជីវិតជាប្រក្រតី ចំណែកឯឪពុកម្តាយញាតិមិត្ររបស់ពួកឧទាមទាំងអម្បាលម៉ានដែលមហាបពិត្របានចាប់ខ្លួនធ្វើជាឆ្មាប់ចំណាប់ខ្មាំងនោះ សូមឲ្យមហាបពិត្រដោះលែងពួកគេឲ្យមានសេរីភាពវិញ ទ្រព្យសម្បត្តិនិងគេហដ្ឋានរបស់ពួកគេដែលមហាបពិត្ររឹបអូស សូមព្រះរាជទានសងទៅឲ្យពួកគេវិញ បើមហាបពិត្រធ្វើតាមលក្ខខណ្ឌ ៣ ប្រការនេះបាន អាត្មាភាពធានាថាពួកឧទាមនឹងដាក់អាវុធចុះភ្លាម" ព្រះយុវរាជទ្រង់ធ្វើព្រះសិតការណ៍យ៉ាងមានសង្ឃឹម ហើយត្រាស់ឡើងថា "លក្ខខណ្ឌទាំង ៣ ប្រការដែលព្រះគុណម្ចាស់បានស្នើមកនោះ ខ្ញុំកណាអាចធ្វើបានយ៉ាងងាយស្រួល ព្រោះត្រូវនឹងចំណុចចិត្តដែលខ្ញុំកណាធ្លាប់គិតទុកដែរ ខ្ញុំកណាចង់ឲ្យហេតុការណ៍ចលាចលក្នុងព្រះនគរស្ងប់រម្ងាប់ទៅឲ្យបានឆាប់ជាទីបំផុត នឹងបានឱកាសចាត់ត្រៀមទប់ទល់នឹងកងទ័ពនៃកោសលរដ្ឋយ៉ាងពេញទំហឹង ដោយមិនគិតព្រួយបារម្ភនឹងសឹកសត្រូវខាងក្នុង មានន័យថា ខ្ញុំកណាសុខចិត្តទទួលយកលក្ខខណ្ឌទាំង ៣ ប្រការរបស់ព្រះគុណម្ចាស់"
ម្នាលលោកអ្នកមានអាយុ ! ខ្ញុំព្រះករុណាសប្បាយចិត្តឥតឧបមាដែលបានឃើញព្រះបាទអជាតសត្តុទ្រង់ព្រមទទួលយកលក្ខខណ្ឌទាំង ៣ ប្រការយ៉ាងងាយស្រួលបែបនោះ គិតថា ព្រះអង្គមុខជាមានបំណងយ៉ាងខ្លាំងក្លាដែលត្រូវការឲ្យស្ថានការណ៍ផ្ទៃក្នុងស្ងប់រាបទាប មុនពេលដែលកងទ័ពរបស់ព្រះបាទបសេនទិកោសលនឹងមកដល់ "អាត្មាភាពសូមអនុមោទនាចំពោះទឹកព្រះទ័យដ៏ប្រសើរបស់មហាបពិត្រ ចាត់ទុកថាមហាបពិត្រទ្រង់យកព្រះទ័យទុកដាក់ចំពោះសន្តិភាពនិងមានបំណងល្អចំពោះប្រជានុរាស្រ្តយ៉ាងពិតប្រាកដ ប្រសិនបើពួកឧទាមបានដឹងដល់ទឹកព្រះទ័យពិតរបស់ព្រះអង្គហើយ មុខជានឹងលែងមានអាឃាតព្យាបាទនិងកើតមានភក្តីភាពចំពោះមហាបពិត្រមិនខាន" "បពិត្រព្រះគុណម្ចាស់ ! " យុវក្សត្រត្រាស់ដោយព្រះភក្ត្រស្រងូតស្រងាត់ "ក្នុងឆាកជីវិតនេះ ខ្ញុំកណាបានប្រព្រឹត្តបាបកម្មធ្ងន់ណាស់ ព្រោះសេចក្តីល្ងង់ខ្លៅមិនយល់សេចគ្រេច ខ្ញុំកណានឹកសោកស្តាយស្រមុតចិត្តយ៉ាងខ្លាំងចំពោះបាបកម្មនោះ ឥឡូវនេះ ខ្ញុំកណាបានទទួលផលនៃបាបកម្មនោះហើយ ខ្ញុំកណាបានទទួលទុក្ខទោម្នេញផ្លូវចិត្តទាល់តែសោយមិនបានផ្ទំមិនលក់ ប្រជានុរាស្រ្តខ្លះក៏ខេខឹងស្អប់ខ្ពើមខ្ញុំកណា រហូតដល់កសាងកងកម្លាំង ច្បាំងតតាំង ខ្ញុំកណាដឹងច្បាស់ថា ពួកគេខឹងសម្បានិងគុំកួនចំពោះខ្ញុំកណា ត្រូវតស៊ូប្រឆាំងនឹងខ្ញុំកណា នេះក៏ព្រោះតែបាបកម្មរបស់ខ្ញុំកណានេះឯង ខ្ញុំកណាមិនចង់ឆ្លើយឆ្លងនិងបង្រ្កាបប្រាបប្រាមពួកគេទេ ប៉ុន្តែចាំបាច់ត្រូវតែធ្វើទៅតាមតួនាទី ប្រសិនបើពួកគេបញ្ឈប់ការច្បាំងតស៊ូមែន ខ្ញុំកណាត្រេកអរនឹងឲ្យអភ័យទោសដល់ពួកគេទាំងអស់ ម៉្យាងទៀត បើអ្នកណាត្រូវការស្ម័គ្រចូលជាទាហានភូមិន្ទ ដើម្បីច្បាំងតតាំងនឹងអរិរាជសត្រូវ ខ្ញុំកណាត្រេកអរនឹងទទួលយក ព្រោះនៅចាប់ចិត្តក្នុងស្នាដៃប្រយុទ្ធរបស់ពួកគេយ៉ាងខ្លាំង" ម្នាលលោកអ្នកមានអាយុ ! ក្នុងរសៀលថ្ងៃនោះឯង ខ្ញុំព្រះករុណាក៏ចេញទៅជួបទេវមិត្រតាមណាត់ ហើយជម្រាបប្រាប់គាត់ឲ្យដឹងថាព្រះបាទអជាតសត្តុទ្រង់ទទួលយកលក្ខខណ្ឌ ៣ ប្រការដោយមោទកភាព ទេវមិត្របា្រប់ឲ្យខ្ញុំព្រះករុណាដឹងថា កម្លាំងពលរបស់គេត្រៀមព្រមនឹងបញ្ឈប់យុទ្ធនាការ ប្រសិនបើបានលក្ខខណ្ឌទាំង ៣ ប្រការនោះ បានសេចក្តីថា ផែនការ និង វិធីការរបស់ខ្ញុំព្រះករុណាប្រព្រឹត្តទៅយ៉ាងរៀបរយហួសពីការស្មាន ខ្ញុំព្រះករុណាប្រញាប់វិលត្រឡប់ទៅកាន់ព្រះរាជនិវេសន៍ ទូលឲ្យព្រះបាទអជាតសត្តុទ្រង់ជ្រាបដល់សេចក្តីយល់ព្រមរបស់ភាគីឧទាម យុវក្សត្រទ្រង់សព្វព្រះរាជហឫទ័យយ៉ាងខ្លាំង និងត្រាស់អរគុណខ្ញុំព្រះករុណាជាសារវន្ត ។ លុះដល់ថ្ងៃព្រឹកឡើង រាជបុរសក៏ឡើងជិះសេះ ចេញក្រវែលស្រែកប្រកូកប្រកាសទៅគ្រប់ភូមិនិគមថា ឥឡូវនេះព្រះបាទអជាតសត្តុបានទ្រង់ប្រទានអភ័យទោសដល់ពួកឧទាមទាំងអស់ សូមឲ្យពួកឧទាមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញហើយប្រកបសម្មាអាជីវោទៅជាប្រក្រតី ទន្ទឹមនឹងនោះ ទណ្ឌិតទាំងឡាយដែលត្រូវចាប់ខ្លួនជាឆ្នាប់ក៏ត្រូវបានដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញដែរ រីឯកងទ័ពភូមិន្ទដែលបោះទីតាំងនៅតាមភូមិនានាក៏វិលត្រឡប់ទៅកាន់ក្រុងរាជគ្រឹះវិញ កងទ័យឧទាមក៏នាំគ្នាចេញពីទីលាក់ខ្លួនត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ក្នុងកំលុង ៣ ថ្ងៃប៉ុណ្ណោះ សុខសន្តិភាពក៏វិលត្រឡប់មកកាន់មគធរដ្ឋវិញ ចំណេរកាលតមក ព្រះបាទអជាតសត្តុប្រោសប្រទានឲ្យអតីតមេខ្លោងឧទាមមានទេវមិត្រឧបាសកជាប្រធានចូលគាល់ និង ទទួលព្រះរាជទានជុបលៀងដើម្បីសម្រុះសម្រួលសន្ទិដ្ឋភាពល្អចំពោះគ្នានិងគ្នាក្នុងព្រះរាជនិវេសន៍ ហើយបានមានកម្លាំងពលឧទាមជាច្រើនចូលទៅស្ម័គ្របម្រើរាជការក្នុងកងទ័ពភូមិន្ទ ហើយដោយអាស្រ័យសមត្ថភាពរបស់ទាហានឧទាមទាំងនេះឯង កងទ័ពរបស់មគធរដ្ឋទើបអាចទប់ទល់ឈ្នះកងទ័ពរបស់ព្រះបាទបសេនទិកោសលយ៉ាងរាបទាមក្នុងពេលតមក ។ "បពិត្រព្រះគុណម្ចាស់ដ៏ចម្រើន ! "ទេវមិត្រឧបាសកមានប្រសាសន៍នឹងខ្ញុំព្រះករុណាឯព្រះវេឡុវនារាមក្នុងល្ងាចថ្ងៃមួយ "ព្រះគុណម្ចាស់ជាទីពឹងរបស់ពួកយើងបានទាំងគ្រាសុខនិងគ្រាទុក្ខ ព្រោះអាស្រ័យព្រះគុណម្ចាស់ហ្នឹងឯងទើបពួកយើងបានរួចផុតពីហាយនភាព ឥឡូវនេះ សង្រ្គាមបានចប់ហើយ សូមនិមន្តព្រះគុណម្ចាស់គង់នៅជាទីពឹងដល់ពួកយើងឯព្រះវេឡុវនារាមនេះតរៀងទៅ" "ម្នាលឧបាសក ! សង្រ្គាមរបស់ញោមអាចចប់ហើយ ប៉ុន្តែសង្រ្គាមរបស់អាត្មានៅមិនទាន់ចប់ទេ អាត្មាត្រូវតស៊ូយ៉ាងផ្តូរផ្តាច់នឹងខ្មាំងសត្រូវខាងក្នុង គឺ កិលេសតទៅ សង្រ្គាមរបស់អាត្មាជាសង្រ្គាមកងឈ្លប ដែលត្រូវទៅច្បាំងក្នុងព្រៃដូចយ៉ាងសង្រ្គាមរបស់ញោមដែរ ព្រោះហេតុនោះ អាត្មាទើបសូមចម្រើនពរលាញោមចេញធ្វើដំណើរដើរចារិកតទៅ"
ចប់ភាគ 2 ។
ឯកសារយោង
[កែប្រែ]- លីលាវតី ភាគទី ១
- http://www.khmerbuddhism.ca/ Archived 2018-10-17 at the វេយប៊ែខ ម៉ាស៊ីន.
- http://www.dhammathai.org/sounds/leelawadee.php
- http://www.dhammaster.com Archived 2021-11-29 at the វេយប៊ែខ ម៉ាស៊ីន.