ល្បឿនពន្លឺ
Appearance
ល្បឿនពន្លឺ ជាល្បឿនដែលពន្លឺដាលឫរត់នៅក្នុងមជ្ឈដ្ឋានមួយ។ នៅក្នុងសុញ្ញកាស ល្បឿនពន្លឺមានតំលៃ 299 792 458 m/s (ប្រហែល ៣សែនគីឡូម៉ែត្រក្នុងមួយវិនាទី)។ មានន័យថា ពន្លឺដាលពីព្រះអាទិត្យមកផែនដី ចំណាយពេល៨នាទី២០វិនាទី ពីព្រះច័ន្ទមកផែនដីចំណាយពេល២វិនាទី និងរត់៧ជុំកន្លះផែនដីក្នុងរយៈពេលតែ១វិនាទី ប៉ុណ្ណោះ។ ល្បឿនពន្លឺត្រូវតំណាងជាទូទៅដោយអក្សរ c ដែលមានប្រភពមកពីអក្សរឡាតាំង celeritas ដែលមានន័យថា«ពន្លឺ»។ ល្បឿនពន្លឺជាល្បឿនកំណត់ មានន័យថាអង្គធាតុដែលមានម៉ាស់ទាំងអស់មិនអាចធ្វើដំណើរលឿនជាងល្បឿនពន្លឺដាច់ខាត។
នៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ គេសំរាប់អោយនិយមន័យខ្នាតប្រវែង ម៉ែត ដោយប្រើល្បឿនពន្លឺ ព្រោះល្បឿនពន្លឺជាថេរធម្មជាតិ។ នៅក្នុងរូបមន្តម៉ាកស្វែល ល្បឿនដាយរបស់ដែនអេឡិចត្រូម៉ាញេទិចស្មើនឹងល្បឿនពន្លឺ។ នៅឆ្នាំ២០០២ គេសង្កេតរកឃើញថា កំលាំងអន្តរកម្មទំនាញក៏ដែលដោយល្បឿនពន្លឺដែរ។
ការវាស់ល្បឿនពន្លឺ
[កែប្រែ]- ហ្គាលីលេអូ ហ្គាលីឡៃ បានលើកគំនិតវាស់ល្បឿនពន្លឺដោយប្រើសញ្ញាភ្លើងអំពូលបាញ់រវាងកន្លែង២ដែលស្ថិតនៅឆ្ងាយពីគ្នា។ វិធីនេះគ្មានប្រសិទ្ធភាពទេ ព្រោះល្បឿនពន្លឺលឿនពេក។
- នៅឆ្នាំ១៦៧៦ គណិតវិទូដាណឺម៉ាកឈ្មោះ អូឡឹ រើមឺ (Ole Rømer) បានគណនាល្បឿនពន្លឺដោយប្រើបំរែបំរួលខួបដែលភពរណពរបស់ភពព្រហស្បតិ៍លាក់ខ្លួនពីក្រោយភពព្រហស្បតិ៍និងចំងាយពីផែនដីទៅភពព្រហស្បតិ៍។ គាត់គណនាឃើញតំលៃ 220 000 km/s។
- នៅឆ្នាំ១៧២៩ តារាវិទូអង់គ្លេសឈ្មោះ ចេមស៍ ប្រេតលី (James Bradley) បានគណនាដោយប្រើគំលាតគន្លងពន្លឺរបស់តារា។ គាត់បានគណនាឃើញតំលៃ 301 000 km/s។
- នៅឆ្នាំ១៨៤៩ រូបវិទូបារាំងឈ្មោះ អ៊ីបប៉ូលីត ហ្វីហ្សូ (Hippolyte Fizeau) បានវាស់រយៈពេលដែលពន្លឺដាលទៅមកក្នុងចំងាយ 8.6 km ដោយប្រើកងចក្រ។ គាត់បានគណនាឃើញតំលៃ 313 000 km/s។
- នៅឆ្នាំ១៨៥០ រូបវិទូបារាំងឈ្មោះ លេអុង ហ្វោកូល (Léon Foucault) បានវាស់ល្បឿនពន្លឺដោយប្រើកញ្ចក់វិល។ គាត់គណនាឃើញតំលៃ 298 000 km/s។
- នៅឆ្នាំ១៨៨៣ រូបវិទូអាមេរិចឈ្មោះ អាល់បឺត ម៉ៃឃើលសុន (Albert Michelson) បានកែច្នៃវិធីរបស់ហ្វោកូល ហើយបានគណនាឃើញតំលៃ 299 853 km/s។
- នៅឆ្នាំ១៩៨៣ គណកម្មាធិការរង្វាស់រង្វាល់អន្តរជាតិ បានសំរេចកំណត់និយមន័យល្បឿនពន្លឺស្មើនឹង 299 792 458 m/s។