វណ្ណយុត្តិ
វិគីភីឌាភាសាខ្មែរណ្ណយុត្តិគឺជាសញ្ញាទាំងឡាយដែលបង្កើតឡើង ដើម្បីកែប្រែ ផ្តួលសំឡេងព្យញ្ជនៈ ឬពាក្យពេចន៍ខ្លះ ឲ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ ក្នុងភាសាខ្មែរ ។ មិនតែប៉ុណ្ណោះ សញ្ញាទាំងនេះ ក៏អាចជួយបំប្លែងសំឡេងនៃពាក្យខ្លះ ដែលមានប្រភពមកពីភាសាបាលី ឬសំស្ក្រឹតផងដែរ ។
វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ ៖
ក/ វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈ ដើម្បីលម្អៀងស័ព្ទឲ្យខ្លីឲ្យមានសូរផ្សេង ឲ្យប្លែកពីសំឡេងដើម (Signes diacritiques) ។
ខ/ វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ ។ វណ្ណយុត្តិពួកនេះហៅថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។
ចុចច្រើនឬពងត្រី(...)
[កែប្រែ]មូសិកទន្ត ឬធ្មេញកណ្តុរ " ៉ "
[កែប្រែ]ធ្មេញកណ្តុរជាសញ្ញាប្រើសម្រាប់សម្លាប់, បំបែរសំឡេងព្យញ្ជនៈ ៧ តួ ដែលមានសំឡេងឃោសៈ ឲ្យទៅជាអឃោសៈ គឺ ង, ញ, ប(ឞ), ម, យ, រ, វ, ឲ្យទៅជាសំឡេងអឃោសៈវិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែកតែតួ “ ប ” មួយ ដែលមានសំឡេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែលម្អៀងសូរពី ប ទៅ ប៉ (ឞ)ប៉ុណ្ណោះ ។ អក្សរប្តូរសំឡេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង, ញ៉ែងញ៉ង, ប៉ប៉ាច់ប៉ប៉ោច, ម៉ែឪ, យ៉ាប់យ៉ឺន, រឿងរ៉ាវ, វ៉ូងវ៉ាង ។
ចំណាំ ៖ កាលណាពាក្យទាំងនេះទៅប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះប៉ិត យាប់យ៉ឺន, ល្បែងចាប៉ឹក... ។ គេត្រូវយកសញ្ញា (ុ) មកជំនួសធ្មេញកណ្តុរ ដែលដាក់ពីលើ ដើម្បីកុំឲ្យវណ្ណយុត្តិនេះ ទើសទែងគ្នាជាមួយស្រៈខាងលើ ។ ឧទាហរណ៍ ប៉ើង រឹងប៉ឹង ។
ត្រីស័ព្ទ ( ៊)
[កែប្រែ]ត្រីស័ព្ទ[១]ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប, ស, ហ, អ, ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈប្តូរសំឡេងទាំងនេះ ត្រូវបានយកទៅប្រើក្នុងពាក្យ សាប៊ូ, សម្លស៊ុប, ហ៊ាន, ទ្រអ៊ូ... ។ កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី... លើកលែងតែពាក្យ ប៊ិច, អ៊ីចុះអ៊ីចឹង... ។
រស្សសញ្ញា ឬបន្តក់ (់)
[កែប្រែ]រស្សសញ្ញា ឬបន្តក់ (់) សម្រាប់ប្រើដាក់ថែមលើតួប្រកបនៃពាក្យ ដែលកើតឡើងពីស្រៈ “ អ ” និងស្រៈ “ អា ” ហើយកាត់ស័ព្ទវែងឲ្យទៅជាខ្លី ដែលត្រូវអានលឿនរហ័ស។ ឧទាហរណ៍ ៖ កាត = ស័ព្ទវែង, កាត់ = ស័ព្ទខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
ចំណាំ
ក/ ចំពោះតួព្យញ្ជនៈប្រកបនឹងអក្សរ “ ម ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ” ឬបន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុងករណីនេះ គេប្រើនិគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួសវិញ ។
ខ/ រីឯតួព្យញ្ជនៈប្រកបនឹងអក្សរ “ យ ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ ក៏មិនបាច់ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូចជាពាក្យ “ ចាយ់ ” ក្នុងករណីនេះគេយកស្រៈ “ ៃ ” មកជំនួសវិញ ព្រោះមានសំឡេងដូចគ្នា ។
គ/ ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្ក្រឹត មិនត្រូវប្រើសញ្ញា (់) នេះឡើយ ដូចជាពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល អ្នក ធនធាន រសជាតិ លាមក ប្រជាជន, ... ពាក្យទាំងនេះមានសំឡេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលីនិងសំស្ក្រឹត ។ ៤-សំយោគសញ្ញា (័)។
ឃ/សញ្ញាផាត់លើមានព្យញ្ជន:ចំនួន៩តួរគឺជាអក្សរ
ក់-ង់-ច់-ញ់-ត់-ន់-ប់-ស់និងល់។
ពាក្យដែលមានសញ្ញា(់)គឺជា
សម្គាល់=ស្គាល់, កាត់ត, បាញ់, កាច់កុង, គ្រាន់តែ, សម្រាប់=ស្រាប់,លូតលាស់, កង់ជិះ, ចង្កឹះមួយបាច់, កាក់...។ល។។
ង/ចំពោះអក្សរ(ម)មិនដែលប្រើសញ្ញាបន្តក់នោះទេ។
ឧទាហរណ៍:កាំ✓កាម់(មិនត្រឹមត្រូវ)
(កាម់)អត់មានគេប្រើពាក្យនេះទេជំនួសស្រ:(ាំ)វិញ(កាំ)គេប្រើពាក្យនេះតំណាងឱ្យកាំកង់កាំម៉ូតតូ...។ល។។
(កម្ម)អត់មានសញ្ញា(់)មានដូចជា:
កម្មវិធី, កម្ពុជា, កម្មករ,ពលកម្ម, ពាណិជ្ជកម្ម....។
ឧទាហរណ៍:ពាក្យ(ទាង់)ទាំង,(របាង់)របាំង
(ទាំង)គេប្រើ(ទាង់)គ្មានគេប្រើ
(របាំង)គេប្រើ(របាង់)គ្មានគេប្រើ...។
សំយោគសញ្ញា រឺផាត់លើ (័)
[កែប្រែ]ក/ គេប្រើវណ្ណយុត្តិនេះសម្រាប់លម្អៀងស័ព្ទរបស់ពាក្យក្លាយមកពីភាសាបាលី ឬសំស្ក្រឹត ដូចជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[២], អាលយ > អាល័យ ។
ខ/ សញ្ញានេះក៏ប្រើលើពាក្យខ្មែរខ្លះ ដែលមានសំឡេងស្ទើរស្រៈ “ អ ” និង ស្រៈ “ អា ” ដើម្បីឲ្យមានសូរសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យនោះ គឺ ញ័រ, ជ័រ, ទំព័រ... ។
គ/ សម្រាប់ប្រើសម្រួលសំឡេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ[៣] ។
របាទ (៌)
[កែប្រែ]វណ្ណយុត្តិនេះ ជាតំណាងអក្សរ “ រ ” ដែលគេកាត់យកក្បាលខាងលើរបស់វា មករក្សាទុកធ្វើជាសញ្ញារបាទ (៌) ។ គេប្រើវណ្ណយុត្តិនេះ សសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេកត់សម្គាល់ថា ពាក្យបាលីណា ដែលសរសេរតម្រួតនោះ កាលណាយើងសរសេរជាពាក្យសំស្ក្រឹតក្លាយខ្មែរ គេត្រូវដាក់ (៌) របាទនេះជំនួសវិញ ។
អស្តា (៏)
[កែប្រែ]វណ្ណយុត្តិនេះ គឺមានទ្រង់ទាយជាលេខ ៨ ប៉ុន្តែបង្រួញឲ្យតូច ដើម្បីងាយយកមកដាក់លើព្យញ្ជនៈ “ ក ” និង “ ដ ”(ហ៏-ន៏) ដែលជានិបាតស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំក៏ទៅ, អ្នកក៏ទៅ, ទោះបីយ៉ាងណាក៏ដោយ ...។ ក្រៅពីនេះគេប្រើលេខអស្តា សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លះ ជាពាក្យភ្ញាក់ ស្ងើច រំភើប... ឱហ្ន៏ នុ៎ះហ្ន៏ ។
ទណ្ឌឃាត ឬបដិសេធ (៍)
[កែប្រែ]វណ្ណយុត្តិនេះ មានរូបសណ្ឋានដូចសក់លេខ “ ៩ ” ។ គេប្រើទណ្ឌឃាត ដើម្បីដាក់លើអក្សរព្យញ្ជនៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិស័ព្ទរបស់ពាក្យ ។ ឧទាហរណ៍ ៖ ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។ គេច្រើនប្រើទណ្ឌឃាតលើពាក្យក្លាយពីបាលីនិងសំស្ក្រឹត ។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមរបស់ពាក្យទាំងនោះ ដូចជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍...។
ពាក្យព្រហស្បតិ៍, វល្លិ៍...។
វិសជ៌នី ឬរះមុខ (ះ)
[កែប្រែ]គេប្រើសញ្ញានេះ សម្រាប់ប្រកបជំនួសខ្យល់ “ ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះដូរ, លោតផ្លោះ ។ល។ វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈ “ ស ” ដែរ ។
យុគលពិន្ទុ ឬចុចពីរ (ៈ)
[កែប្រែ]យុគលពិន្ទុឬហៅថា “ ចុចពីរ ” [៤]គេប្រើវណ្ណយុត្តិនេះសម្រាប់ ៖ ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្ក្រឹត ដែលមានសូរ “ អាក់ ” ឬ “ អ៊ាក់ ” ដូចជា លោភៈ, មោហៈ, ទោសៈ...
ចំណាំ ៖ បើពាក្យទាំងនេះនៅខាងដើមគេ ដូចជា ពលកម្ម, វណ្ណកម្ម សច្ចភាព, ខេមរភាសា នោះគេមិនចាំបាច់ដាក់យុគលពិន្ទុទេ ព្រោះពាក្យទាំងនេះជាសមាសនាម ។
លើកលែងតែពាក្យ ៖ គណៈ ដែលទោះបីវានៅដើមគេ ឬកណ្តាលគេក្តី ក៏ត្រូវតែប្រើយុគលពិន្ទុជាដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធានរដ្ឋ... ព្រោះថាក្នុងពាក្យទាំងនេះ “គណៈ” មិនចូលក្នុងសមាសនាមតាមក្បួនខ្នាតវេយ្យាករណ៍បាលី ។
លើកលែងតែពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ... ដែលគេមិនត្រូវប្រើយុគលពិន្ទុទេ ។
រីឯពាក្យ ៖ កាលៈទេសៈ គេត្រូវប្រើយុគលពិន្ទុកទាំងពីរម៉ាត់តែម្តង ។ ក៏ប៉ុន្តែ បើគេសរសេរពាក្យនេះ “ បញ្រ្ចាស ” មកវិញ “ ទេសកាល ” នោះ គេមិនត្រូវប្រើយុគលពិន្ទុឡើយ ។
ក្នុងសម័យនេះ គេយកយុគលពិន្ទុមក ប្រើក្លាយក្នុងឃ្លាប្រយោគខ្លះដែរ សម្រាប់រាប់រាយឈ្មោះអ្វីៗ ដូចពាក្យថា ទង់ជាតិបារាំងមាន ៣ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែជាទូទៅ អ្នកនិពន្ធទាំងឡាយតែងតែប្រើ “ទ្វិពិន្ទុលេខ” ក្នុងករណីរៀបរាប់, ឧទ្ទេស បង្ហាញ... ព្រោះការប្រើសញ្ញាខណ្ឌបែបនេះត្រឹមត្រូវ និងសមហេតុសមផលជាង ។ យើងនឹងបានឃើញព្រមទាំងអធិប្បាយពន្យល់ អំពីខណ្ឌសញ្ញានេះនៅទំព័រខាងមុខ ។
រជ្ជុសញ្ញា ឬសហសញ្ញា (-)
[កែប្រែ]រជ្ជុសញ្ញា ឬសហសញ្ញា (-)ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។
ក/សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឲ្យអានច្រឡំជាប្រកប នាំឲ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក...។
ខ/សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ ។
គ/ សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងចួនក្នុងកំណាព្យ ។
ឃ/ សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់ ។
ង/ សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ ។
កាកបាទ ឬជើងក្អែក (+)
[កែប្រែ]កាកបាទ ឬជើងក្អែក (+) គឺជាបន្ទាត់ខ្លីពីរ មួយផ្តេកមួយទៀតបញ្ឈរ គូសកាត់ខ្វែងគ្នាចំពាក់កណ្តាល ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្អូស ឬត្អូញថ្ងូរ ដូចជាពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎... ។ ខាងផ្នែកនព្វន្ត គេប្រើសញ្ញាជើងក្អែកជាសញ្ញាបូក, ឧទាហរណ៍ ៖ ១៥+៣៨ ។ == កាក់បាទ ឬជើងក្អែក (+) == កាកបាទឬជើងក្អែកមានព្យញ្ជនៈចំនួន៤+២=៦តួរ(ច៎,ណ៎,ន៎,អ៎,ហ្ន៎,ប៎)។
លេខទោ (ៗ)
[កែប្រែ]សញ្ញានេះគេប្រើសម្រាប់
ក/- ផ្ទួនពាក្យដែលតម្រូវឲ្យថា ឬអានពីរដង,
ខ/- សម្រាប់បញ្ជាក់អំពីចំនួនច្រើន ឬ ពហុវចនៈ ។
ចំណាំ ៖ មិនមែនកំណត់ថា គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់នោះ ទេ ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ គេត្រូវសរសេរពាក្យ “នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី ។ ដូចជាពាក្យថា ឯហិមម...? ។ បើប្រើជាមួយគុណនាម និយាយអំពីពណ៌នោះ ពាក្យស្ទួនដោយប្រើលេខទោ ចង់បញ្ជាក់អំពីប្រភេទពណ៌ ដោយឡែកៗរបស់វត្ថុ ។
ចំពោះពាក្យខ្មែរខ្លះ ដែលមានសំឡេងដដែលៗពីរដងដូចជាបបរ កករ ត្រូវតែសរសេរពីរដងជាន់គ្នាដូច្នេះជាដរាប ។ ហាមដាច់ខាត មិនឲ្យសរសេរ បរៗ, ករៗ, បែបនេះឡើយ ។
- លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប ។
- លេខទោប្រើជាមួយពាក្យមួយព្យាង្គ ។
- លេខទោប្រើជាមួយពាក្យពីរម៉ាត់ ។
- លេខទោប្រើជំនួសពាក្យបីម៉ាត់ឬច្រើនព្យា
- ↑ ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ ត្រីស័ព្ទ ខ្ញុំបាទយល់ស្របជាមួយលោក តែក្នុងវចនានុក្រមខ្មែរ សរសេរថា ត្រីសព្ទ វិញ ។ តែត្រង់មេពាក្យ សព្ទ សរសេរថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំបាទមិនដឹងជាអក្ខរាវិរុទ្ធណាត្រូវជាង ។
- ↑ ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ “អាសយ” ជាពាក្យបាលី ក្លាយជា “អាស័យ” តាមអក្ខរាវិរុទ្ធខ្មែរ ។ រីឯ “អាស្រ័យ” វិញ ជាពាក្យក្លាយមកពីសំស្ក្រឹត “អាឝ្រយ” (និងតួ ឝ ដែលខ្មែរយើងហៅថា ស-គ)
- ↑ ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុងភាសាខ្មែរមាត្រដ្ឋាន (ភាសាខ្មែរស្តង់ដារ) មានតែជាមួយនឹងព្យញ្ជនៈឃោសៈ ដូចលោកបានសរសេរ ។ តែខ្ញុំបាទឃើញថា សព្វថ្ងៃនេះ (តាមពិត គឺតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០) គេច្រើនសរសេរនឹងព្យញ្ជនៈអឃោសៈវិញ ។ ឧ. ប័រ (ខ្លាញ់ទឹកដោះគោ) ទោះជាក្នុងវចនានុក្រមខ្មែរ លោកថា ត្រូវសរសេរ ប៊័រ ; បៀរម៉ាកអានឆ័រ ; សារព័ត៌មានកំបូដស័រ ។ ខ្ញុំបាទគិតថា គួរតែរំឭកកូនខ្មែរឲ្យសរសេរ ប៊័រ អានឈ័រ និងកំបូដស៊័រ វិញ ព្រោះថា ក្នុងគ្រាមភាសាខ្មែរមួយចំនួន ឧទាហរណ៍នៅស្រុករវៀងក្នុងខេត្តព្រះវិហារ ឬនៅខេត្តសុរិន្ទ ខ្ញុំបាទបានឮបងប្អូនខ្មែរ មិនច្រឡំ ័រ និង ៊័រ ឡើយ ។ ឧទាហរណ៍ គេថា « អ័រ-ក » (អារ់ក គឺ អារ-ក) ហើយពាក្យថា អ័រ គេបញ្ចេញសម្លេងខ្លី (អារ់) ខុសពី “អារ” (ឧ. ប្រពន្ធអារ) មានសូរសម្លេងវែង ។ ពាក្យទាំងនេះ ឮ “រ” ប្រកបយ៉ាងច្បាស់ ។ « ធ្វើការ » គេនិយាយថា « ធ្វើការ » (ឮទាំងស្រៈអាវែង និង រ ប្រកប) ខុសពី « មេឆ្កែក័រ (ការ់) កូន » (គឺ មេឆ្កែការកូន) ហើយខុសពី « ម៉ែមានគ័ភ៌ » (ឮថា គ័រ) គឺថា “ការ” “ក័រ” និង “គ័រ” មានសំឡេងខុសគ្នានៅក្នុងខេត្តទាំងនោះ ។
- ↑ ទស្សនៈលោកសាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ យុគលពិន្ទុ មានប្រើក្នុងពាក្យខ្មែរមួយចំនួនតូច ដូចជា រយៈ ហេៈ ឬ ហែៈ (សូរលាន់មាត់) អ៊ីថាៈ វូមវៈ ! អ្ហាៈ ! និងពាក្យមួយមកពីចិន ៖ ប៉ិកួៈ (ដំឡូងរលួស) (នេះគឺជាអក្ខរាវិរុទ្ធរបស់វចនានុក្រមខ្មែរ តែខ្ញុំបាទឃើញថា គេច្រើនសរសេរ ប៉ិគក់ វិញ ក្នុងសៀវភៅធ្វើម្ហូប) ។ ក្នុងវចនានុក្រមខ្មែរ លោកហៅយុគលពិន្ទុថា ជាវណ្ណយុត្តិ តែក្នុងវិស័យភាសាសាស្ត្រ ខ្ញុំបាទយល់ថា អាចទុកថា នៅក្នុងចំណោមស្រៈ ឬ ស្រៈនិង ក ប្រកប វិញ ។