Jump to content

វិគីភីឌា:សសរស្តម្ភទាំងប្រាំ

ពីវិគីភីឌា

គោលការណ៍ជាមូលដ្ឋាននៃ វិគីភីឌា អាចត្រូវបានសង្ខេបជា " សសរស្តម្ភ " ចំនួនប្រាំ (គោលការណ៍):

វិគីភីឌាគឺជាសព្វវចនាធិប្បាយ

[កែប្រែ]

វិគីភីឌា រួមបញ្ចូលគ្នានូវសព្វវចនាធិប្បាយដែលមានលក្ខណៈទូទៅនិងឯកទេស រួមទាំងឯកសារ​ព្រឹត្តិការណ៍​និង​ភូមិសាស្ត្រ​នានា។ វិគីភីឌាមិនមែន ជាកន្លែងរញ៉េរញ៉ៃ, វេទិកាផ្សាយពាណិជ្ជកម្ម, សារព័ត៌មានឥតប្រយោជន៍, ការពិសោធអំពីអនាធិបតេយ្យប្រជាធិបតេយ្យ,ការ​ប្រមូលផ្ដុំព័ត៌មានមិនរើសមុខ ឬ កន្លែង​ប្រមូលផ្ដុំ​តំណ​គេហទំព័រ នោះទេ។ វាក៏មិនមែនជាវចនានុក្រម, កាសែត, ឬ បណ្ដុំ​ប្រភព​ឯកសារ​ណាមួយ បើទោះបីជា គម្រោងមួយចំនួនរបស់វិគីភីឌាធ្វើដូច្នេះក៏ដោយ។

វិគីភីឌាត្រូវបានសរសេរតាមទស្សនៈអព្យាក្រឹត

[កែប្រែ]

យើងខិតខំស្វែងរកអត្ថបទដែលមិនលំអៀង ដែលចងក្រងនិងពន្យល់អំពីទស្សនៈសំខាន់ៗនានា ដោយផ្តល់ទម្ងន់ទៅលើសារៈសំខាន់របស់វា។ យើងជៀសវាងការតស៊ូមតិ ដោយយើងកំណត់លក្ខណៈរបស់​ព័ត៌មាននិងបញ្ហា ជំនួសឱ្យការជជែកវែកញែក។ នៅ​ក្នុង​ផ្នែក​ខ្លះ អាច​មាន​ត្រឹម​តែ​ទស្សនៈ​មួយដែល​មាន​គេ​ទទួល​ស្គាល់ ខណៈ​ដែល​ក្នុង​ផ្នែក​ខ្លះ​ទៀត ពួកយើង​រៀបរាប់​អំពី​ទស្សនៈ​ផ្សេងៗ​ ដោយ​លើកឡើង​អំពី​សុក្រឹតភាព​នៃ​ទស្សនៈ​នីមួយៗនោះ​ទៅ​តាម​បរិបទ ជាជាង​ផ្អែក​លើ "ការពីត" ឬ "ការ​យល់ឃើញ​ដ៏​ល្អ"។​​ អត្ថបទ ទាំងអស់ត្រូវសរសេរឱ្យបានត្រឹមត្រូវ​ ហ្មត់ចត់ដែលដកស្រង់ចេញពីប្រភពដែលអាចទុកចិត្តបាន និងទទួលការអនុញ្ញាត ជាពិសេសចំពោះប្រធានបទដែលមានភាពចម្រូងចម្រាស ឬនិយាយអំពីមនុស្សនៅមានជីវិត។ វិគីភីឌា មិនអនុញ្ញាតឱ្យអ្នក​សរសេរ បង្ហាញអំពីបទពិសោធន៍ ការបកស្រាយ ឬមតិផ្ទាល់ខ្លួនឡើយ។

វិគីភីឌាគឺជាមាតិកាសេរីដែលនរណាម្នាក់ក៏អាចប្រើ កែសម្រួល និងចែកចាយបាន

[កែប្រែ]

ដោយសារតែអ្នកកែសម្រួលទាំងអស់ អាចចូលរួមធ្វើការងាររបស់ពួកគេដោយសេរី ដូច្នេះគ្មានអ្នកកែសម្រួលណាម្នាក់ ជាម្ចាស់នៃអត្ថបទណាមួយឡើយ ហើយរាល់​ការ​រួម​ចំណែក​ទាំងឡាយ ក៏អាចត្រូវបានកែសម្រួល និងចែកចាយឡើងវិញដោយសេរីដែរ។ យ៉ាងណា អ្នក​រាល់គ្នា​ត្រូវតែគោរពច្បាប់កម្មសិទ្ធិបញ្ញា ហើយមិនត្រូវលួចចម្លងពីប្រភពណាមួយនោះទេ។ ការប្រើប្រាស់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយមិនសេរី ជួនកាលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយសមរម្យតាមការគួរ ប៉ុន្តែសូមព្យាយាមស្វែងរកប្រភពព័ត៌មានចេញពីប្រព័ន្ធផ្សព្វផ្សាយសេរី។

អ្នកកែសម្រួលវិគីភីឌាគួរតែគោរពចំពោះគ្នាទៅវិញទៅមកដោយសុជីវធម៌

[កែប្រែ]

ត្រូវគោរពអ្នកកែសម្រួលវិគីភីឌាដទៃទៀត ទោះបីជានៅពេលអ្នកមិនយល់ស្របគ្នាក៏ដោយ។ ត្រូវអនុវត្តក្រមសីលធម៌វិគីភីឌា ហើយមិន​ត្រូវ​ចូលរួម​ក្នុង​ការ​វាយប្រហារ​បុគ្គល​ដែរ។ សូមស្វែងរក​ការឯកភាព និងជៀសវាងជម្លោះ​សំណេរ ហើយសូម​កុំ​បង្ក​បញ្ហា​នៅ​ក្នុង​វិគីភីឌា ដោយគ្រាន់​តែចង់​លើក​ឡើង​នូវ​មតិ​ណាមួយ។ ត្រូវ​ប្រកាន់​យក​ភាព​ទៀងត្រង់ ហើយជឿជាក់លើ​សេចក្តី​ទៀងត្រង់របស់​អ្នក​ដទៃ។ ចូរបើកចិត្តឱ្យទូលាយ និងស្វាគមន៍ចំពោះអ្នកចូលរួម​កែសម្រួល​ថ្មីៗ។ ប្រសិនបើមានជម្លោះកើតឡើង សូមពិភាក្សាដោយ​នឹងនរ នៅលើទំព័រពិភាក្សាដែលសមស្រប និងអនុវត្តតាមនីតិវិធីដោះស្រាយវិវាទ ហើយចងចាំ​ថា​នៅ​មាន​អត្ថបទ​ជា​ភាសាខ្មែរ​រាប់​ពាន់​ផ្សេង​ទៀត ដែល​ត្រូវ​កែលម្អ​និង​ពិភាក្សា។

វិគីភីឌាគ្មានច្បាប់​តឹងតែង​ទេ

[កែប្រែ]

វិគីភីឌាមានច្បាប់ និងការណែនាំ ប៉ុន្តែពួកវាមិនមែន​តឹងតែង​ដាច់ណាត់​នោះ​ទេ។ ខ្លឹមសារ​ច្បាប់ និងការណែនាំទាំងនោះអាចប្រែប្រួលទៅតាម​ពេលវេលា។ គោលការណ៍និង​ស្មារតី​មាន​សារៈសំខាន់​ជាង​ពាក្យ​សម្ដី ហើយ​ជួនកាល​ការ​កែលំអ​លើវិគីភីឌា​ក៏ត្រូវ​មាន​ការ​លើក​លែងដែរ។ ចូរមានភាពក្លាហាន ប៉ុន្តែមិនធ្វេសប្រហែសក្នុងការធ្វើបច្ចុប្បន្នភាពលើអត្ថបទ។ សូមកុំធុញថប់នឹងការធ្វើខុស ព្រោះថា (ស្ទើរតែ) រាល់កំណែមុនៗនៃទំព័រនីមួយៗត្រូវបាន​រក្សាទុក​យ៉ាង​ច្បាស់លាស់ ដូច្នេះហើយ​គេ​អាច​កែសម្រួលកំហុស​បាន​យ៉ាង​ងាយស្រួល។