កសិកម្មនៅប្រទេសកម្ពុជា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី កសិកម្មនៅកម្ពុជា)

កសិកម្មនៅកម្ពុជា ជាប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ព្រោះ​ប្រជាជន​ប្រមាណ ៨០% ទៅ ៨៥%​ជាកសិករ ហើយ​កសិកម្ម​ផ្ដល់ ៥០%​នៃ​ផលិតផល​ជាតិ​សរុប។ ផលិតផល​កសិកម្ម​រួម​មាន​ដដំណាំ​រួម​ផ្សំ ៦៣% ការចិញ្ចឹម​សត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះ​បញ្ជាក់ឲ្យឃើញថា​ប្រជាជន​កម្ពុជា​មាន​កម្រិត​ជីវភាព​ទាប​នូវ​ឡើយ ។

ទិដ្ឋភាពមើលពីលើអាកាសវាលស្រែចំការនៅខេត្តកំពង់ចាម

មុនថ្ងៃរដ្ឋប្រហារ ១៨ មីនា ១៩៧០ របស់ឧត្តមសេនីយ៍លន់ណុល កម្ពុជានៃសង្គមរាស្ត្រនិយមមានលទ្ធភាពក្នុងការផលិតស្រូវអង្ករប្រមាណជា ៣លានតោន ហើយបានសម្រាប់លក់ចេញទៅក្រៅបរទេសថែមទៀតផង។ ប៉ុន្តែក្រោយថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ មក កម្ពុជាត្រូវត្រឡប់ទៅជាប្រទេសសុំជំនួយអង្ករពីអន្តរជាតិមកវិញ។ ហើយផលិតកម្មត្រូវធ្លាក់ចុះងើបមិនរួចឡើយដោយសារតែសង្គ្រាមស៊ីវិលរវាងឆ្នាំ១៩៧០-១៩៧៥។ នៅពេលខ្មែរក្រហមកាន់ឡើងកាន់កាប់អំណាចមក បានបង្កើតសហករណ៍ពីកម្រិតទាបទៅខ្ពស់និងអនុវត្តផែនការបួនឆ្នាំរបស់ខ្មែរក្រហម ការអនុវត្តគោលនយោបាយបែបនេះបានធ្វើឲ្យប្រជាជនកម្ពុជាមួយចំនួនបានស្លាប់ដោយសារតែ ការខ្វះអាហារ ការបង្អត់អាហារ រហូតដល់ចេនទៅដល់ស្លាប់ទៀតផង។ ក្រោយរបស់ខ្មែរក្រហមដល់រលំមក ផលិតកម្មស្រូវ ដែលជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងសង្គមកសិកម្មរបស់កម្ពុជា ជារឿយៗបានធ្លាក់ចុះឆ្ងាយពីគោលដៅ ដែលបណ្តាលឱ្យមានការខ្វះខាតស្បៀងយ៉ាងធ្ងន់ធ្ងរក្នុងចន្លោះឆ្នាំ ១៩៧៩-១៩៨៧។ នាពេលបច្ចុប្បន្ននេះ កសិកម្មកម្ពុជាហាក់ដូចជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា

យល់ដឹង[កែប្រែ]

ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ ហើយ​ប្រកប​របរ​កសិកម្ម។ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សម្រាប់​ដំណាំ​ស្រូវ​ពី ៨៥% ទៅ ៩០%​ក៏ដោយ​ក៏​គ្រួសារមួយចំនួន​ផលិត​ស្រូវ​ពុំ​បាន​គ្រប់គ្រាន់​តាម​តម្រូវការឡើយ

១.ប្រភេទ​កសិករ[កែប្រែ]

កសិករកម្ពុជាកំពុងតែស្ទូងស្រែដោយប្រើដៃ

តាម​ការ​ស្រាវជ្រាវ​បា​ន​ឲ្យដឹងថា​ ចំនួន​គ្រួសារ​ដែល​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារ​នៅ​ទូទាំង​ប្រទេស។ គេអាច​ចែក​​ប្រភេទ​កសិករ​ទាំង​នោះ​ជា​ប្រភេទ​ធំៗ​ដូចតទៅ ៖

  • កសិករផលិត​ស្រូវ ឬ អ្នកស្រែ ៖ មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រទេស និង​និយម​ធ្វើ​ស្រូវ​វស្សា (រដូវភ្លៀង)លើផ្ទៃ​ដីទំនាប។ កសិករទាំងនោះ​អាច​រកប្រាក់​ដើម្បី​បង្គ្រប់ចំណូលរបស់ពួកគេ​ដោយ​ការងារ​ផ្សេងៗ​ទៀត (ចិញ្ចឹមសត្វ និង ឡើង​ត្នោត)ឯកសិករ​មួយចំនួនទៀត ធ្វើស្រូវ​ប្រដេញទឹក និង​ស្រូវ​ប្រាំង នៅ​ចុង​រដូវ​វស្សា ពេលទឹកស្រក​តាមដងទន្លេ មាត់បឹង​ និង​ព្រែកនានា។ កសិករទាំងនោះ​អាច​រកប្រាក់​បំពេញ​តម្រូវការរបស់ពួកគេ​បាន​ដោយ​ស្វែង​រក​ការងារ​ធ្វើតាម​រដូវ នៅ​ទី​ប្រជុំជន ទីក្រុង ការងារកាប់អុស និងធ្វើធ្យូង។
  • កសិករនៅ​តំបន់ដីខ្ពស់ ៖ គេដាំដំណាំ អចិន្ត្រៃយ៍ ឬ តាមរដូវ​ ដូ​ចជា៖ ពោត ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង ធ្វើ​ស្រូវ​ប្រដេញទឹក។
  • កសិករធ្វើចំការ ឬ កសិករ​មិន​ដាំ​ស្រូវ ៖ ពួកគេ​ដាំដំណាំ​ផ្សេងៗនៅតាម​បណ្ដោយ​មាត់ទន្លេ ស្ទឹង និង​ដីទួលនានា ដូចជា ថ្នាំជក់ បន្លែ ផ្កា...។ល។ កសិករទាំងនេះ​មានការងារបន្ទាប់​បន្សំរបស់ពួកគេគឺ ចិញ្ចឹមសត្វ ដាំដើមឈើដែលអាចហូបផ្លែបាន និង​ នេសាទ។
  • កសិករ​ក្នុង​បណ្ដាខេត្តភូមិភាគឦសាន (រតនះគីរី មណ្ឌលគីរី)និង​តំបន់​ព្រៃភ្នំនានា ច្រើន​ធ្វើ​ដំណាំព្រៃដុត មាន​ ស្រូវ ពោត ដំឡូង និង​រុក្ខជាតិ​ផ្ដល់មើម​ជាដើម។ ក្រៅពីនេះ​ពួកគេ​ស្វែងរក​អនុផលព្រៃ​ឈើ និង​បរបាញ់សត្វ។

ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ស្ត្រីបាន​ដើរ​តួនាទី​សំខាន់​ណាស់​បន្ថែម​លើ​ការងារ​ផ្ទះសំបែង (ដាំបាយ បុក កិនស្រូវ ដងទឹក រកអុស និងថែទាំ​កូនចៅ)។ ស្ត្រី ត្រូវ​ដាំដំណាំ ប្រមូលផល មើលថែទាំ​សត្វពាហនៈ និង​ត្រូវ​ទៅលក់​ផលិត​ផល​នៅឯទីផ្សារទៀតផង។

ប្រព័ន្ធកសិកម្ម[កែប្រែ]

ដំណាំស្រូវ[កែប្រែ]

ប្រព័ន្ធ​ផលិត​ស្រូវអាច​មាន​លក្ខណះខុស​ប្លែក​គ្នា​ទៅតាម​តំបន់ទីតាំង​ភូមិសាស្ត្រ របបទឹក រដូវ​ដាំដុះ និង​កម្រិត​ត្រួតពិនិត្យ​ផ្សេងៗ។ ដូចនេះ​គេ​អាច​ចែក​ប្រព័ន្ធ​ផលិត​ស្រូវ​ដូចតទៅ ៖

  • ស្រូវវស្សា ៖ ត្រូវ​បាន​គេ​ដាំ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ខែ​ឧសភា ដល់​ខែ​តុលា។ ទំហំ​ដី​ប្រែប្រួល​ទៅ​តាម​ដង់ស៊ីតេ​ប្រជាជន​គឺ​ ១ហិចតា​នៅ​ខេត្ត​កំពង់ស្ពឺ និង​តិចជាង​៥​ហិចតា​នៅ​ខេត្ត​បាត់ដំបង រីឯទិន្នផល​ក៏​ប្រែ​ប្រួល​ទៅ​តាម​តំបន់​ដែរ។ ខេត្ត​ដែល​ផ្ដល់​ស្រូវ​ច្រើន​ជាង​គេ​គឺ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃ​វែង និង​ស្វាយរៀង។
  • ស្រូវប្រាំង ៖ គេ​ធ្វើ​នៅ​តំបន់​ក្បែរ​មាត់​បឹង ទន្លេ ស្ទឹង ព្រែក ដោយ​វិធី​ស្ទូង និង​បាច​ទឹក​បញ្ចូល នៅ​រដូវ​ទឹក​ស្រក​។ ខេត្ត​ដែល​ធ្វើ​ស្រូវ​ប្រាំង​សំខាន់ៗ​មាន តាកែវ ព្រៃវែង និង​ កណ្ដាល។ ស្រូវ​ប្រាំង​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ស្រូវ​វស្សា តែ​ទាមទារ​ឲ្យ​មានការ​ថែទាំ​ជា​ប្រចាំ​​​។
  • ស្រូវឡើងទឹក ៖ តំបន់​ស្រូវ​ឡើង​ទឹក​សំខាន់ៗ​​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​កំហូង​នានា​តា​ម​បណ្ដោយ​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់ចាម ព្រៃវែង និង​តាកែវ។ ស្រូវឡើង​ទឹក​អាច​ធន់​នឹង​កំពស់ទឹក ២ម ទៅ ៥ម។ ស្រូវឡើង​ទឹកបាន​ផ្ដល់​ទិន្នផល​ខ្ពស់​ដូច​ស្រូវ​ប្រាំង​ដែរ។ ស្រូវ​ឡើង​ទឹក​ជាប្រភព​ស្រូវ​ធ្ងន់​ដែល​រយៈ​ពេលដាំដុះ​ពី ៨ ទៅ៩​ខែ​ទើប​អាច​ប្រមូល​ផលបាន។

ដំណំកៅស៊ូ[កែប្រែ]

កៅស៊ូមានប្រភព​នៅ​ប្រទេស​ប្រេស៊ីល ហើយ​នាំចូល​មក​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​បារាំង​កាល​ពីឆ្នាំ ១៩១០ (១៩២០តាមសៀវភៅសិក្សាគោលសិក្សាសង្គមថ្នាក់ទី៩)ដោយលោក ប៊ូយ៉ា ដាំនៅស្រុកព្រៃនុប ខេត្តកំពត ដែលឥឡូជាខេត្តព្រះសីហនុ។ គេ​ដាំ​កៅស៊ូ​នៅ​តំបន់ដី​ក្រហម​បាសាលដែលសំបូរជីវជាតិដូចជា ​ខេត្ត​កំពង់ចាម​​ ត្បូងឃ្មុំ ក្រចេះ រតនះគីរី និង ក្រុងព្រះសីហនុ។ មុនឆ្នាំ ១៩៧០ ចំការ​កៅស៊ូ​កម្ពុជា​មាន ៦៧០០០ហិចតា​ ឲ្យផល ៥២០០០តោន​ក្នុង​មួយឆ្នាំ។ សព្វ​ថ្ងៃ​គេ​កាប់ដើម​កៅស៊ូ​ចាស់ៗ​ចោល និង​ដាំថ្មី​ជំនួស​វិញ។ ក្នុង​ឆ្នាំ ១៩៩៩​ ផ្ទៃដី​ចៀរជ័រ​កៅស៊ូ​មាន ៣៩៧១៨​ហិចតា និង​ឲ្យ​ផល​ជ័រ​ស្ងួត​បាន ៤៥២០៣តោន ​ហើយ​បញ្ចេញ​លក់ជ័រ​ស្ងួត​បាន ៤៤៣៧៦តោន។ ប្រទេស​កម្ពុជាមាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ពង្រីក​ដំណាំ​កៅស៊ូ ព្រោះ​ប្រទេស​យើង​មាន​ដី​ក្រហម​រហូត​ដល់ទៅ ៧១៦០០០ហិចតា។ ដំណាំ​កៅស៊ូ​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​សេដ្ឋកិច្ច​ជាតិ ព្រោះ​ដំណាំ​នេះ​ផ្ដល់នូវ​រូបធាតុដើម​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ​ក្នុង​ស្រុក និង​នាំចេញ ហើយ​ផ្តល់​ការងារ​ដល់​ប្រជាជន​យើង​បាន​មួយ​ចំនួនធំ។

ដំណាំផ្សេងទៀត[កែប្រែ]

ក្នុង​ឆ្នាំ ១៩៩៩ ក្រៅ​ពី​ដំណាំ​ស្រូវ និង​ដំណាំ​កៅ​ស៊ូ គេឃើញ​មាន​ដំណាំ​ជាច្រើន​ទៀត​ដូចជា ពោត (៥៩៨៣៥​ហិចតា) សណ្ដែកសៀង (៣៥០៨៥​ហិចតា) សណ្ដែកបាយ (២៦១៨២ហិចតា) ដំឡូងឈើ (១៤០៣៩ហិចតា) ល្ង (១៦៤៦២ហិចតា) សណ្ដែកដី (១០៥៨៧ហិចតា) អំពៅ (៨៤១៧ហិចតា) ថ្នាំជក់ (៨២៩២ហិចតា) ល្ហុងប្រេង (១៥២១ហិចតា) ក្រចៅ (២៧៣ហិចតា) ម្រេច(N/A)...និង​បន្លែ (៣១៤៥០ហិចតា)។

ការចិញ្ចឹមសត្វ[កែប្រែ]

នៅប្រទេស​កម្ពុជា​យើង ការចិញ្ចឹម​សត្វ​ទទួល​បាន​ផលទាប​នូវ​ឡើយ ហើយ​មាន​លក្ខណះ​តូចតាច​នៅ​ក្នុង​តែ​រង្វង់​គ្រួសារ និង​ខ្វះ​បច្ចេកទេស។ ការចិញ្ចឹម​សត្វនេះ​មិន​បម្រើ​ឲ្យ​ឧស្សាហកម្ម​ ឬជំនួញទេ វា​បម្រើឲ្យ​តែ​ការងារ​កសិកម្ម​ប៉ុណ្ណោះ ព្រោះ​សព្វ​ថ្ងៃ​នេះ​គោ និង ក្របី ៩០% ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​កំលាំង​អូសទាញ។ ចំពោះសត្វគោវិញគេប្រើវាសំរាប់ព្ជួរ រាស់ដីនៅរដូវវស្សា។ ការចិញ្ចឹមគោ​ទៅ​អនាគត​អាច​បម្រើឲ្យ​ឧស្សាហកម្ម​បាន ព្រោះ​សព្វថ្ងៃ​គេ​បង្កើត​ស្ថានីយ​ចិញ្ចឹម​គោ​មួយ​កន្លែង​នៅ​ភ្នំ​តាម៉ៅ ក្នុង​ខេត្ត​តាកែវ ដែល​មាន​ពូជគោ​ល្អៗជាច្រើន។ ការ​ចិញ្ចឹម​សត្វ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​យើង។

ការនេសាទ[កែប្រែ]

ព្រៃឈើ[កែប្រែ]

ទំនាក់ទំនង​រវាង​ការដាំដុះ អាជីវកម្មព្រៃឈើ និង​នេសាទ[កែប្រែ]

ការដាំដុះ ព្រៃឈើ​ និង​នេសាទ ជា​ភោគទ្រព្យយ៉ាង​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​កសិករ​បាន​ពង្រីក​ប្រព័ន្ធ​ផលិត​កម្ម​ដែល​គេ​បាន​រ៉ាប់​បញ្ចូល​ធាតុ​គន្លឹះ​ទាំង​បី​នេះ។ នៅ​ពេល​ដែល​កសិកររំពឹង​លើ​ដី​ដាំដុះ​ដើម្បីធ្វើ​ផលិតកម្ម (ដំណាំ និង ការ​ចិញ្ចឹមសត្វ)កម្រៃ​ដែល​បាន​មកពី​អាជីវកម្មព្រៃ​ឈើ និង នេសាទ ក៏​ជា​ចំណែកមួយសំខាន់​នៃ​ប្រព័ន្ធ​កសិកម្ម​មួយដែរ។ មុន​ឆ្នាំ​ ១៩៧០ សកម្មភាព​អភិវឌ្ឍហាក់បី​ដូចជា​មាន​លំនឹង ក៏​ប៉ុន្តែ​ជាមួយ​នឹង​កំណើន​ប្រជាជន ដែល​កើន​ឡើង​ឥត​ឈប់ឈរ និង​កំណែប្រែសេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារ​ក្រោយ​ឆ្នាំ ១៩៩៣ គេ​សង្កេត​ឃើញ​សញ្ញាណនៃ​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​មាន​សភាព​ធ្ងន់ធ្ងរឡើងៗ។ អតិផល​នៃ​ប្រព័ន្ធ​កសិកម្ម​នាំ​ឲ្យ​មាន​កំណើន​បម្រើបម្រាស់ថ្នាំ​សម្លាប់​សត្វ​ល្អិត និងជីគីមី ប៉ុន្តែ​ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ជី​គីមី​ទាំង​នោះ​ហូរទៅ​ផ្ដុំ​គ្នា​នៅ​ទន្លេ និង បឹង​ដែល​បំផ្លាញ​មច្ឆាជាតិ​មិន​តិច​ទេ។

កសិកម្មនៅប្រទេសកម្ពុជា[កែប្រែ]

កម្ពុជាជាប្រទេសមួយមានវិសាលភាពជាងគេនៅជ្រោយឥណ្ឌូចិនផ្នែកធនធានធម្មជាតិ។ មគ្គុទេ្ទសក៏របរបុរាណខ្មែរតែងប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិតជាដរាបពិសេសរបរកសិកម្ម។ ប៉ុន្តែរបរនេះតែងតែកើតមានជាបញ្ហារាប់មិនអស់នៅក្នុងជីវិតប្រចាំថ្ងៃជាហេតុនាំអោយស្ដែងចេញជាយោបល់របស់ប្រជាជនមួយចំនួនយល់ថា កសិកម្មនៅកម្ពុជា ជាកសិកម្ម យថាផល ។

ការយល់ដឹង[កែប្រែ]

កសិកម្មសំដៅទៅលើការធ្វើស្រែចំការដំណាំរឺដាំដុះដំណាំផ្សេងៗ។ យថាកម្មគឺអ្វីៗដែលទទួលបាន មានសភាពមិនទៀងទាត់គឺបានតាមសភាពចៃដន្យតាមដំណើរ។ តាមធម្មតានៅប្រទេសកម្ពុជាតាំងពីកំណើតទឹកដីមកប្រជាពលរដ្ឋខ្មែរប្រកបរបរជាកសិកម្មមានចំនួនប្រមាណ៩០%។

វិធីបុរាណ[កែប្រែ]

សេវាកម្មក្នុងវិស័យកសិកម្មពួកគេច្រើនធ្វើទៅតាមបែបលំនាំកសិកម្មយថាផល ពីជំនាន់មួយទៅជំនាន់មួយពីសម័យកាលមួយទៅសម័យកាលមួយជាបន្តបន្ទាប់ស្រដៀងៗគ្នាទាំងតំបន់ស្រែក៏ដូចជាតំបន់ចំការច្បារដំនាំ។ មានភស្ភុតាងជាក់ស្ដែងជាច្រើនដែលកំនត់ន័យសេចក្ដីនេះដូចជា ដីជាប្រភពផ្ដល់ទីតាំងរបស់ដំណាំ។ ការធ្វើស្រែលើដីចាស់ដដែលៗស្រូវដដែលៗពីមួយឆ្នាំទៅមួយឆ្នាំជាហេតុធ្វើអោយដីនោះប្រែជាដីខ្សោះជីជាតិ។គ្មានហេតុផលអ្វីផ្សេងក្រៅពីធ្វើស្រូវនៅលើដីចាស់មួយមុខប៉ុណ្ណោះ។

ប្រភពទឹក[កែប្រែ]

ទឹកជាប្រភពដង្ហើមដ៏សំខាន់បំរើឲ្យការរស់នៅរបស់ស្រូវក៏ដូចជាដំណាំ។ប្រភពទឹកក្រៅពីទឹកបឹង ស្ទឹងទន្លេ គឺមានតែមួយមុខគឺពឹងលើមេឃបានសេចក្ដីថាអាស្រ័យលើទឹកភ្លៀងអោយ ពោលគឺពឹងផ្អែកផ្ញើរវាសនាលើអទិទេព។ ការរើសពូជ ពូជស្រូវរឺដំណាំពុំមានការជ្រើសរើសពូជរឺសំរិតសំរាំងពូជអោយបានម៉ត់ចត់តាមលក្ខណ:បច្ចេកទេសវិទ្យាទេគេតាមទំលាប់រឺពូជដដែលៗ។

ឧបករណ៏បុរាណ[កែប្រែ]

ចំពោះឧបករណ៍បំរើការងារផលិតកម្មវិញមានលក្ខណ:បុរាណដូចជាប្រើនង្គ័ល រនាស់ កំលាំងអូសទាញ ប្រើសត្វគោក្របី ។ ការថែទាំក៏ពុំសូវមានលក្ខណ:វិទ្យាសាស្រ្តត្រឹមត្រូវទេ ដូចជាការបង្ហូរទឹក បញ្ចេញទឹកចេញចូលការកំចាត់សត្វល្អិតចង្រៃការប្រើប្រាស់ជីធម្មជាតិ គឺធ្វើក្រោមរូបភាពបា៉នស្មានឬតាមទំលាប់ពីឪពុកមកកូន។កសិករខ្លួនឯងផ្ទាល់ការយល់ដឹងមានកំរិតទាបគឺធ្វើស្រែតាមទំលាប់តៗគ្នាពីជំនាន់មួយទៅជំនាន់មួយតាមសភាវ:គតិអនុកម្ម។ដើម្បីអោយកាន់តែច្បាស់ថែមទៀតតាមសូមពិនិត្យតាមរយ:ស្នាដៃអក្សរសិល្ប៍វិញ។ទន្ទឹមនឹងការយល់ឃើញបែបនេះនៅមានលេចចេញជាការយល់ឃើញផ្ទុយមួយទៀត។ ក្រោយមកគេយល់ថាកសិកម្មនៅកម្ពុជា ជាកសិកម្ម ប្រពលវប្បកម្ម។គេអះអាងថាបែបនេះគេសំអាងលើហេតុផលដូចតទៅ។ ការធ្វើបែបប្រពលវប្បកម្មគឺមិនពឹងផ្អែកលើមេឃរឺអាទិទេពពេកទេ គឺមានលក្ខណ:វិទ្យាសាស្រ្តទំនើប ទាន់សម័យតាមរយះសមភ្ថភាពរបស់មនុស្សផ្ទាល់។ ជាក់ស្ដែងដីដែលគេបង្កបង្កើតផលគឺមានការវិភាគទៅតាមបច្ចេកទេសកសិកម្ម។មានការយកចិត្តទុកដាក់ខ្ពស់ពីជំនាញនៅក្រសួងកសិកម្មនិងអង្គការក្រៅរដ្ឋាភិបាលជួយសហការណ៍ផង។ពូជស្រូវឬដំណាំកសិករចេះជ្រើសរើសពូជបានល្អដោយមានវិស្វករនិងផ្នែកជំនាញចុះជួយនិងណែនាំ។

ឧបករណ៍សម័យ[កែប្រែ]

ទឹកស្រោចស្រពមានការជីកស្រះ ជីកប្រឡាយ ជីកអាងស្តុបទឹកលើភ្នំ ទប់ទំនប់ប្រព័ន្ធធារាសាស្រ្ត តាមលក្ខណ:បច្ចេកទេស ក្នុងទិសដៅផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ដល់ការងារធ្វើស្រែចំការឈានរហូត ដល់ធ្វើស្រែប្រាំងថែមទៀតផង។សំភារៈឬឧបករណ៍ទាន់សម័យដូចជា ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនច្រូតកាត់ បោកបែន ។ កសិករមានសមត្ថភាពចេះប្រើជីគីមីផ្សំ និងជីធម្មជាតិ ក្រៅពីនេះក្រសួងកសិកម្មបានបង្កើតមជ្ឈមមណ្ឌលធ្វើពិសោធន៍ដំណាំស្រូវ តាមតំបន់ តាមស្រុក តាមខេត្ត ។ សរុបមកឃើញថាទស្សនៈទីពីរមានលក្ខណ:សមស្របពិតៗ។ ប៉ុន្តែយោបល់ដែលប្រជាជនបានលើកឡើងថាកសិកម្មនៅកម្ពុជាគឺជាកសិកម្ម យថាផលនោះពុំមានលក្ខណ:ត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះបច្ចុប្បន្នវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសបានបង្កើតនូវក្រសួងធនធានទឹកដែលរបបមុនៗពុំមានឡើយ។ទាំងផ្នែកធនធានទឹកពូជបច្ចេកទេសទីផ្សាលក់ផលិតផល បណ្ដាញធារាសាស្រ្ដ បណ្តាញគមនាគមន៍ទូរគមនាគមន៍ មធ្យោបាយដឹកជញ្ជូន រាជរដ្ឋាភិបាលបាននឹង កំពុងជំរុញយ៉ាងមមាញឹក និងខ្លាំងក្លាហើយជាបណ្ដើរៗកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ប្រទេសធ្លាប់មានកិតិ្តស័ព្ទល្បីល្បាញលើឆាកអន្តរជាតិក្នុងនាមជាពលរដ្ឋខ្មែរពិសេសក្នុងនាមជាសិក្ខាកាមជន យើងនឹងខិតខំរៀនសូត្រលើគ្រប់វិស័យជាពិសេស ផ្នែកកសិកម្មប្រែក្លាយខ្លួនជាធនធានមនុស្សខ្មែរប្រកបដោយសមត្ថភាពនិងថាមពលរួមចំណែកនិងអភិវឌ្ឍប្រទេសជាតិឲ្យថ្គុំថ្កើន។