Jump to content

ការដឹងគ្រប់គ្រាន់នៃវិធីដកដង្ហើម១៦យ៉ាង

ពីវិគីភីឌា

ថ្ងៃពេញបូណ៌មីខែកត្តិកចូលមកដល់ ផ្កាកុមុតឬផ្កាឈូកសរីករះរហង់ គ្រប់ទីកន្លែង ។ ដោយផ្កាកុមុតតែងចាប់រីកជារៀងរាល់ឆ្នាំ ចំថ្ងៃពេញបូណ៌មី ខែកត្តិកដូច្នោះហើយ បានជាគេហៅថា ថ្ងៃកុមុត ។ នៅពេលល្ងាចថ្ងៃកុមុតនោះ នៅវត្តបុព្វារាម មានសាវ័ក៣ពាន់រូបគង់ចាំស្តាប់ ព្រះដ៏មានព្រះភាគបង្រៀនអំពី វិធីដកដង្ហើម យ៉ាងស្ងៀមស្ងាត់ ក្រោមពន្លឺព្រះចន្ទថ្លាទៀបមាត់បឹងមួយ ដែលមានផ្កាឈូករីកស្គុះស្គាយ និងចោលសុគន្ធពិដោរក្រអូបឈ្ងុយឈ្ងប់ ។ នេះជាលើកទីមួយហើយ ដែលព្រះពុទ្ធទ្រង់សំដែងយ៉ាងក្បោះក្បាយបំផុត នូវសូត្រមួយស្តីអំពី ការដឹងគ្រប់គ្រាន់ នៃការដកដង្ហើម ទៅកាន់ភិក្ខុ ភិក្ខុនី ដែលជាសាវ័ករបស់ព្រះអង្គ ។ ភិក្ខុនីមួយចំនួន ដូចជា ភិក្ខុនីយសោធរា ភិក្ខុនីរូបនន្ទា ភិក្ខុនីសីលា ភិក្ខុនីវិមល ភិក្ខុនីសោមា ភិក្ខុនីមុត្តា ភិក្ខុនីឧត្តរាក៏មានវត្តមានក្នុងទីនោះដែរ ។ ព្រះពុទ្ធទ្រង់សំដែងសូត្រនោះថា “ ម្នាលភិក្ខុ ភិក្ខុនីទាំងឡាយ វិធីនៃការដកដង្ហើម បើយើងខំប្រឹងសិក្សាឲ្យបានហ្មត់ចត់និងខ្ជាប់ខ្ជួន នឹងអាចនាំមកនូវលទ្ធផលល្អ និងសារប្រយោជន៍សំខាន់បំផុត វានាំឲ្យទទួលជោគជ័យ នៅក្នុងការសិក្សា នូវសតិបដ្ឋាន៤និងពោជ្ឈង្គ៧ ដែលបណ្តាលឲ្យ មានការយល់ដឹង និងរួចចាកអំពីទុក្ខ ។ បុគ្គលម្នាក់ៗ ត្រូវតែអនុវត្ត ការដកដង្ហើមដូចតទៅនេះ ៖

ដង្ហើមទី១

[កែប្រែ]

ដកដង្ហើមចូលវែង អ្នកដឹងថា អ្នកកំពុងដកដង្ហើមចូលវែង ដកដង្ហើមចេញវែង អ្នកដឹងថា អ្នកកំពុងដកដង្ហើមចេញវែង ។

ដង្ហើមទី២

[កែប្រែ]

ដកដង្ហើមចូលខ្លី អ្នកដឹងថា អ្នកកំពុងដកដង្ហើមចូលខ្លី ដកដង្ហើមចេញខ្លី អ្នកដឹងថា អ្នកកំពុងដកដង្ហើមចេញខ្លី ។ ការដកដង្ហើមទាំងពីរបែបខាងលើនេះ អាចឲ្យអ្នកកាត់ផ្តាច់នូវការភ្លេចភ្លាំង និងសេចក្តីកង្វល់ឥតប្រយោជន៍ ។ ជាមួយគ្នានេះដែរ អាចបណ្តាលឲ្យអ្នកមានការគិតគូរត្រឹមត្រូវ និងជួបប្រទះនូវជីវិតបច្ចុប្បន្ន ។ ការភ្លេចភ្លាំងគឺការបាត់បង់គំនិតត្រឹមត្រូវ ការដកដង្ហើមដោយការយល់ដឹង អាចនាំឲ្យយើងត្រឡប់មកគិតអំពីជីវិតវិញ ។

ដង្ហើមទី៣

[កែប្រែ]

ដកដង្ហើមចូល គឺអ្នកដឹងនូវរូបកាយទាំងមូលរបស់អ្នក ដកដង្ហើមចេញ អ្នកដឹងនូវរូបកាយទាំងមូលរបស់អ្នក ។ ដង្ហើមនេះ អាចឲ្យអ្នកចំរើនភាវនាលើរូបកាយ និងទាក់ទងផ្ទាល់ជា មួយនឹងរូបកាយរបស់អ្នក ។ ការដឹងអំពីរូបកាយទាំងមូល និងអំពីផ្នែកនិមួយៗនៃរូបកាយ អាចធ្វើឲ្យអ្នកមើលឃើញនូវវត្តមានដ៏អស្ចារ្យ នៃរូបកាយរបស់អ្នក និងដំណើរនៃការកើតនិងស្លាប់ ដែលមិនឱបជាប់នៅក្នុងរូបកាយរបស់អ្នកផង ។

ដង្ហើមទី៤

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល ហើយធ្វើឲ្យខ្លួនអ្នកទាំងមូលនៅហ្នឹងហ្ននិងសុខស្រួល ។ អ្នកកំពុងដកដង្ហើមចេញ ហើយធ្វើឲ្យខ្លួនអ្នកទាំងមូល នៅហ្នឹងហ្ន និងសុខស្រួល ។ ដង្ហើមទី៤នេះអាចជួយអ្នកឲ្យយល់ដឹងនូវសភាពហ្នឹងហ្ននិងសុខស្រួលនៃកាយ គឺពេលនេះហើយដែលកាយនិងចិត្ត និងដង្ហើមស្រុះស្រួលគ្នា ជាធ្លុងមួយ ។

ដង្ហើមទី៥

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល នឹងមានអារម្មណ៍រីករាយ អ្នកកំពុងដកដង្ហើមចេញ នឹងមានអា រម្មណ៍រីករាយ ។

ដង្ហើមទី៦

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល នឹងមានអារម្មណ៍សប្បាយ អ្នកកំពុងដកដង្ហើមចេញ នឹងមាន អារម្មណ៍សប្បាយ ។ ជាមួយនឹងដង្ហើមទាំងពីរនេះ អ្នកអាចឆ្លងកាត់វិស័យនៃអារម្មណ៍ ។ ដង្ហើមទាំងពីរនេះបង្កើតឲ្យមានសភាពស្ងប់ស្ងៀម និងរីករាយ ដែលអាចចិញ្ចឹមទុកក្នុងកាយនិងចិត្ត ដោយសារការបញ្ឈប់នូវគំនិតរប៉ាត់រប៉ាយ និងភ្លេចភ្លាំង ហើយអ្នកនឹងដឹងខ្លួនឯងវិញ នាពេលបច្ចុប្បន្ននេះ ។ សុភមង្គលនិងសេចក្តីរីករាយ ក៏កើតឡើងនៅក្នុងខ្លួនរបស់អ្នក អ្នករស់នៅក្នុងសភាពអស្ចារ្យនៃជីវិត ដែលអាចក្រេបរស់ជាតិនៃសេចក្តីស្ងប់ស្ងាត់ និងរីករាយ ដែលកើតមាននៅក្នុងអារម្មណ៍ ។ តាមការជួបប្រទះក្នុងជីវិតដ៏អស្ចារ្យនេះហើយ ទើបអ្នកដូរអារម្មណ៍ បណ្តាលឲ្យទៅជាអារម្មណ៍រីករាយបាន ។ ដូច្នេះអារម្មណ៍ទាំងពីរនេះ ពិតជាធ្វើឲ្យអ្នក សប្បាយរីករាយ ។

ដង្ហើមទី៧

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល អ្នកដឹងនូវសកម្មភាពនៃគំនិត ឬអារម្មណ៍ទាំងឡាយនៅក្នុងខ្លួនរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ អ្នកដឹងនូវសកម្មភាពនៃគំនិត ឬអារម្មណ៍ទាំងឡាយនៅ ក្នុងខ្លួនរបស់អ្នក ។

ដង្ហើមទី៨

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល អ្នកធ្វើឲ្យសកម្មភាពនៃគំនិតនិងអារម្មណ៍ទាំងឡាយ ក្នុងខ្លួនរបស់អ្នកស្ងប់និងសុខស្រួល អ្នកកំពុងដកដង្ហើមចេញ អ្នកធ្វើឲ្យសកម្មភាពនៃគំនិតនិងអារម្មណ៍ទាំងឡាយ ក្នុងខ្លួនរបស់អ្នកស្ងប់ និងសុខស្រួល ។ ជាមួយនឹងដង្ហើមទាំងពីរ អាចធ្វើឲ្យអ្នកមើលឃើញវែងឆ្ងាយ នូវអារម្មណ៍ទាំងឡាយ ដែលកើតឡើងនៅក្នុងខ្លួនរបស់អ្នក ទោះបីជាអារម្មណ៍នោះសប្បាយក្តី មិនសប្បាយក្តី ឬនៅកណ្តាលធម្មតាក្តី និងអាចឲ្យអ្នក ធ្វើនូវអារម្មណ៍ស្ងប់ និងសុខស្រួលបាន បើអ្នកដឹងអំពីអារម្មណ៍ផ្ទាល់ខ្លួនអ្នក ហើយអាចមើលជ្រៅទៅដល់ឫសគល់ និងធម្មជាតិរបស់វា អ្នកពិតជាអាចទប់ និងធ្វើឲ្យអារម្មណ៍ទាំងនោះស្ងប់និងសុខស្រួលបាន ទោះបីជាអារម្មណ៍នោះជាគំនិតអាក្រក់ កើតឡើងអំពីលោភៈ ទោសៈ មោហៈ ក៏ដោយ ។

ដង្ហើមទី៩

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល អ្នកដឹងនូវទឹកចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ អ្នកដឹងនូវទឹកចិត្តរបស់អ្នក ។

ដង្ហើមទី១០

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល នឹងធ្វើចិត្តរបស់អ្នកសប្បាយនិងសុខស្រួល អ្នកកំពុងដក ដង្ហើមចេញ នឹងធ្វើឲ្យចិត្តរបស់អ្នកសប្បាយនិងសុខស្រួល ។

ដង្ហើមទី១១

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល និងកំពុងផ្ចង់ចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ និងកំពុងផ្ចង់ចិត្តរបស់អ្នក ។

ដង្ហើមទី១២

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល នឹងកំពុងដកចិត្តរបស់អ្នក អ្នកកំពុងដកដង្ហើមចេញ នឹងកំពុង ដកចិត្តរបស់អ្នក ។ ជាមួយនឹងដង្ហើមទាំង៤នេះ អ្នកអាចឆ្លងកាត់វិស័យទី៣ដែលជាចិត្ត ។ ដង្ហើមទី៩អាចនាំឲ្យអ្នក ស្គាល់នូវសភាវៈទាំងអស់នៃចិត្ត ដូចជាសញ្ញាខន្ធ គឺការពិចារណា ការប្រកាន់ ការសប្បាយ ការកើតទុក្ខ និងការមន្ទិលសង្ស័យ ។ អ្នកសង្កេតពិនិត្យ និងស្គាល់នូវសភាវៈទាំងនេះដើម្បីមើលឃើញជ្រៅ ទៅក្នុងសកម្មភាពនៃចិត្តឬអារម្មណ៍ ពេលសកម្មភាពនៃចិត្តឬអារម្មណ៍ ត្រូវបានសង្កេតពិនិត្យ និងទទួលស្គាល់រួចហើយ អ្នកអាចប្រមូលចិត្តរបស់អ្នក និងធ្វើចិត្តនោះ ឲ្យស្ងប់និងសុខស្រួលបាន ។ ចិត្តនេះកើតឡើងដោយអារម្មណ៍ទី១០និងទី១១ ។ ដង្ហើមទី១២ អាចធ្វើឲ្យអ្នករួចចាកផុតពីឧបស័គ្គទាំងអស់នៃចិត្ត ដោយសារការភ្លឺស្វាងនៃចិត្តរបស់អ្នក ទើបអ្នកអាចមើលឃើញ នូវឫសគល់នៃសង្ខារ-វិញ្ញាណ និងអាចឈ្នះនូវឧបស័គ្គទាំងអស់បាន ។

ដង្ហើមទី១៣

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល អ្នកកំពុងពិនិត្យ នូវធម្មជាតិមិនទៀងទាត់ អនិច្ចំ នៃធម៌ទាំង អស់ ។ អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងពិនិត្យនូវធម្មជាតិ មិនទៀងទាត់ នៃធម៌ទាំងអស់ ។

ដង្ហើមទី១៤

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល នឹងកំពុងតែពិនិត្យនូវការវិនាស អនត្តា នៃធម៌ទាំងអស់ អ្នកកំពុងតែដកដង្ហើមចេញ នឹងកំពុងតែពិនិត្យនូវការវិនាស ឬសាបរលាបនៃធម៌ទាំងអស់ ។

ដង្ហើមទី១៥

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល នឹងកំពុងចំរើនភាវនានូវវិមុត្តិ ការរំដោះទុក្ខ អ្នកកំពុងដកដង្ហើម ចេញ នឹងកំពុងចំរើនភាវនានូវវិមុត្តិ ។

ដង្ហើមទី១៦

[កែប្រែ]

អ្នកកំពុងដកដង្ហើមចូល នឹងកំពុងចំរើនភាវនាឧបេក្ខា អ្នកកំពុងដកដង្ហើមចេញ នឹងកំពុងចំរើនភាវនានូវឧបេក្ខា ជាមួយនឹងដង្ហើមទាំង៤នេះ អ្នកអាចឆ្លងកាត់វិស័យ នៃធម្មារម្មណ៍ នឹងសមាធិចិត្ត ដើម្បីពិនិត្យមើលនូវធម្មជាតិពិតនៃធម៌ទាំងអស់ ជាដំបូងគឺការសង្កេតពិនិត្យ ទៅលើធម្មជាតិមិនទៀង នៃធម៌ទាំងអស់ ព្រោះតែធម៌ទាំងអស់ មិនទៀងទាត់ហើយ បានជាធម៌ទាំងអស់នោះ ត្រូវតែវិនាសសាបសូន្យ ។


នៅពេលដែលអ្នក បានយល់ច្បាស់នូវធម្មជាតិមិនទៀងទាត់ និងការវិនាសសាបសូន្យ នៃធម៌ទាំងអស់ អ្នកពិតជាមិនប្រតោងជាប់ ដោយការវិលកើតវិលស្លាប់ នៅក្នុងវដ្ដសង្សារ ពុំចេះចប់នោះឡើយ ។ ដោយសារហេតុនេះហើយ អ្នកអាច រួចខ្លួន និងសម្រេចនូវវិមុត្តិ ការផុតទុក្ខ ការរួចខ្លួនមិនមែនមានន័យថា គេចវេះឬរត់ចេញពីជីវិតនោះទេ រួចខ្លួនក្នុងទីនេះ មានន័យថា រួចខ្លួនអំពីចំណងតណ្ហា និងការវិលវល់ នៅក្នុងវដ្ដសង្សារ ដែលមានធម៌ជាប្រធាន ។ នៅពេលដែលអ្នកមានឧបេក្ខា និងសម្រេចនូវវិមុត្តិ អ្នកពិតជាអាច រស់នៅបានយ៉ាងសុខស្រួល និងសប្បាយរីករាយ នៅក្នុងជីវិតនេះ មិនមានអ្វីអាចនឹងចងអ្នកបានទៀតទេ ។


នេះហើយជាការប្រៀនប្រដៅ របស់ព្រះសាស្តា ដូចម្តេចដែលហៅថា ការពិនិត្យជ្រៅទៅក្នុង កាយ ចិត្ត និងធម្មារម្មណ៍ តាមវិធីដកដង្ហើមទាំង១៦យ៉ាង ។ ព្រះសមណគោតមបរមសាស្តា ទ្រង់បានដាក់វិធីដកដង្ហើមទាំង១៦នេះ ឲ្យអនុវត្តនៅក្នុងការហាត់រៀន ពោជ្ឈង្គ៧ផងដែរ គឺ សតិ១ ធម្មវិជយៈ១ វិរិយៈ១ បីតិ១ បស្សធិ១ សមាធិ១ និង ឧបេក្ខា១ ។ ភិក្ខុនិងភិក្ខុនីទាំង៣ពាន់អង្គ បានស្តាប់ការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយសេចក្តីរីករាយ និងកក់ក្តៅជាទីបំផុត នៅក្នុងរាត្រីពេញបូណ៌មី ខែកត្តិក ក្រោមពន្លឺព្រះចន្ទថ្លា ៕

ចម្លងចេញអំពីពុទ្ធប្រវត្តិ

ព្រះពុទ្ធសាសនា