ការពិភាក្សារបស់អ្នកប្រើប្រាស់:ឧបាសក ធម្មានន្ទ

Page contents not supported in other languages.
ពីវិគីភីឌា

ប្រវត្តិព្រះពុទ្ធឃោសាចារ្យ

ព្រះពុទ្ធឃោសាចារ្យក្នុងសំណាក់មហាវិហារ ក្នុងពុទ្ធសតវត្សរ៍ទី ១០ រវាងពុទ្ធសករាជ ៩០១-១០០០ មានកុលបុត្រ មួយរូប មានឈ្មោះមិនប្រាកដ បានកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងមោរណ្ឌគ្រាម នាឥណ្ឌាខាងត្បូង ។ កុលបុត្រនោះ បានរៀនចប់គម្ពីរត្រៃវេទ និងក្បួនសិល្បសាស្ត្រវិជ្ជាជាច្រើន ជាបារគូ ។ ក្រោយពីបានស្តាប់ព្រះធម៌ ក្នុង ព្រះពុទ្ធសាសនា ជាអ្នកមានបំណងសិក្សានូវព្រះធម៌ ក៏បានបព្វជ្ជានិង ឧបសម្បទា ក្នុងសំណាក់នៃព្រះភិក្ខុទាំងឡាយ មានព្រះរេវតត្ថេរជាប្រធាន ក្នុងសំណាក់មហាវិហារ ក្នុងវត្តថេរវាទមួយ ហើយបានសិក្សានូវគម្ពីរព្រះ ត្រៃបិដក ។ កាលកំពុងរៀនយកគម្ពីរព្រះត្រៃបិដកនោះ ជាអ្នកអាចដឹងច្បាស់នូវអត្ថនៃបទថា អយំ ឯកាយនមគ្គោ ទស្សនវិសុទ្ធិយា និព្វានសច្ឆិកិរិយាយ ។ អាចារ្យនិងឧបជ្ឈាយ៍ដឹងហើយនូវការដល់ព្រម នៃបញ្ញដ៏វិសេសរបស់លោក ។ កុលបុត្រនេះ នឹងមានកិត្តិស័ព្ទ ល្បីរន្ទឺទៅ ដូចជាព្រះពុទ្ធ ក្នុងព្រះពុទ្ធសាសនានេះ ទើបកំណត់ឈ្មោះដល់លោកថា ព្រះពុទ្ធឃោសៈ។ ព្រះពុទ្ធឃោសៈបានរៀនគម្ពីរព្រះត្រៃបិដកក្នុងទីទាំងឡាយមានកំពង់ មយូរទូតបដ្តនៈ ដែលនៅជិតមទរសនគរ នៅក្នុងកញ្ចិបុរៈជាដើម ហើយ រៀនយកគម្ពីរអន្ធកដ្ឋកថា ។ កាលរៀនសូធ្យមិនមានគម្ពីរឯកសារគ្រប់គ្រាន់ ក៏និមន្តទៅកាន់កោះស្រីលង្កា ដើម្បីបកប្រែអដ្ឋកថា ដែលនៅជាភាសាសីហឡៈ មកកាន់ភាសាបាលីវិញ ។ ក្នុងកាលណោះ ព្រះរាជានាមថា មហានាម ជាស្តេចសោយរាជ្យ ក្នុងកោះស្រីលង្កា ។ តែព្រះរាជាអង្គនេះ ជ្រះថ្លានឹងនិកាយអភយគិរីជាពិសេស ។ ព្រះពុទ្ធឃោសៈនិមន្តមកដល់ កោះស្រីលង្កា ក្នុង ព.ស.៩៦៥ ហើយនិមន្តទៅនៅក្នុងសំណាក់មហាវិហារ ដែលជានិកាយថេរវាទដូចគ្នា ។ ពេលនោះ ព្រះពុទ្ធឃោសៈបានសិក្សាចប់ នូវសីហឡដ្ឋកថាទាំង ៣ ប្រភេទ គឺគម្ពីរមហាអដ្ឋកថា ១ គម្ពីរមហាបច្ចរី ១ គម្ពីរកុរុន្ទី ១ ក្នុងសំណាក់ព្រះមហាថេរនាមថា ពុទ្ធមិត្តៈ និងព្រះថេរៈជាច្រើនអង្គទៀត ។ ព្រះថេរៈទាំងឡាយមានព្រះសង្ឃបាលជាដើម បានឃើញនូវគុណ- សម្បត្តិរបស់លោក គឺ ជាអ្នកមានបញ្ញារវាសរវៃ មានញាណរហ័ស ដល់ព្រមដោយសម្បត្តពិសេស ប្រកបដោយសទ្ធា ពុទ្ធិ វីរិយៈដ៏បរិសុទ្ធិក្រៃលែង ប្រាកដច្បាស់ដោយសមុទយគុណ មានសីល អាចារៈ អជ្ជវៈ មទ្ទវៈជាដើម ជាអ្នកអាចក្នុងការចាប់យកសេចក្តីវិនិច្ឆ័យ ដែលស្មុគស្មាញ ទាំងលទ្ធិរបស់ ខ្លួន ទាំងក្នុងលទ្ធិរបស់បុគ្គលដទៃ ប្រកបដោយសេចក្តីជាក់ច្បាស់នៃបញ្ញា មានអំណាចនៃញាណ ដែលមិនជាប់ជំពាក់ទើសទាក់ក្នុងសត្ថុសាសនៈ ផ្សេងដោយព្រះបរិយត្តិគឺព្រះត្រៃបិដក និងអដ្ឋកថា ជាអ្នកចេះវេយ្យាករណ៍ ដ៏ស្ទាត់ជំនាញ ប្រកបដោយសេចក្តីល្អនៃពាក្យពេចន៍យ៉ាងពីរោះក្រអួន ដែលគួរដល់ព្រមដោយការបញ្ចេញសំឡេង ធ្វើសូរស័ព្ទសំឡេងចេញមក បានយ៉ាងងាយស្រួល ទើបសូមស្នើឲ្យលោកជួយបរិវត្តនូវគម្ពីរអដ្ឋកថាដែលនៅជាភាសាសីហឡៈមកជាភាសាបាលី ឬហៅថា មគធភាសា ។ ព្រះពុទ្ធឃោសៈគង់នៅក្នុងប្រាសាទបធានឃរៈ ក្នុងផ្នែកខាងត្បូងនៃវត្តមហាវិហារ បានចាប់ចារគម្ពីរវិសុទ្ធមគ្គ ដោយផ្តើមគាថាយ៉ាងនេះ ជាអាទិ៍

សុទុល្លភំ លភិត្វាន បព្វជ្ជំ ជិនសាសនេ សីលាទិសង្គហំ ខេមំ ឧជុំ មគ្គំ វិសុទ្ធិយា។

ព្រះពុទ្ធឃោសៈបានរចនាគម្ពីរវិសុទ្ធិមគ្គចែកចេញជា ៣ និទ្ទេស មានសីលនិទ្ទេស សមាធនិទ្ទេស បញ្ញានិទ្ទេស សរុបទាំងអស់ជាបាលី ៥៩ ភាណវារៈ១ ។ បន្ទាប់មកព្រះពុទ្ធឃោសាចារ្យបានចាប់ផ្តើមបរិវត្តនូវគម្ពីរ អដ្ឋកថាជាភាសាសីហឡៈ មកកាន់តន្តិភាសា គឺភាសាបាលីវិញ ។ ព្រះនាម របស់លោកក៏ចាប់ផ្តើមហៅថា ព្រះពុទ្ធឃោសាចារ្យ ។ ចំណែកគម្ពីរ ដែលព្រះពុទ្ធឃោសាចារ្យបានបរិវត្តពីភាសាសីហឡៈ មកជាភាសាមគធៈមាន៖ ១-វិសុទ្ធិមគ្គ អធិប្បាយព្រះត្រៃបិដកដោយសង្ខេប ២-សមន្តប្បាសាទិកាកែព្រះវិនយបិដក ៣-កង្ខាវិតរណី កែបាតិមោក្ខ ៤-សុមង្គលវិលាសិនី កែព្រះសុត្តន្តបិដក ទីឃនិកាយ ៥-បបញ្ចសូទនី កែព្រះសុត្តន្តបិដក មជ្ឈិមនិកាយ ៦-សារត្ថប្បកាសិនី កែព្រះសុត្តន្តបិដក សំយុត្តនិកាយ ៧-មនោរថបូរណី កែព្រះសុត្តន្តបិដក អង្គុត្តរនិកាយ ៨-ធម្មបទអដ្ឋកថា កែព្រះសុត្តន្តបិដក ធម្មបទ ៩-បរមត្ថជោតិកា អដ្ឋកថា កែព្រះសុត្តន្តបិដក ខុទ្ទកបាឋៈ ១០-បរមត្ថជោតិកា អដ្ឋកថា កែព្រះសុត្តន្តបិដកសុត្តនិបាត ១១-ជាតកអដ្ឋកថា កែព្រះសុត្តន្តបិដក ជាតក ១២-អដ្ឋសាលិនី កែព្រះអភិធម្មបិដក ធម្មសង្គណី ១៣-សម្មោហវិនោទនី កែព្រះអភិធម្មបិដក វិភង្គ ១៤-បញ្ចប្បករណ៍ ឈ្មោះ បរមត្ថទីបនី កែព្រះអភិធម្មបិដក ៥ បករណ៍ដ៏សេស ១៦-ញាណោទយៈ១ គម្ពីរដំបូងដែលលោកតែង (គម្ពីរញាណោទ័យ ដែលពោលទុកក្នុងគម្ពីរមហាវង្ស បរិច្ឆេទទី ៣៧ គាថា ២២៥ ថា ជា ការរចនារបស់ព្រះពុទ្ធឃោសាចារ្យនោះ ឥឡូវនេះសាបសូន្យបាត់ទៅហើយ ។ តែសៀវភៅមហាវិសុតារាមសាសនវង្ស (ភាសាភូមា ទំព័រ ៩) លោកតែងគឺព្រះកេលាសៈ ឃើញថា គម្ពីរញាណោទ័យ ក៏គឺគម្ពីរមិលិន្ទបញ្ហានោះឯង ដោយញាណោទ័យ ប្រែតាម ស័ព្ទថា គម្ពីរដែលចម្រើនបញ្ញាឲ្យក្រៃលែងឡើង ។ ព្រះកេលាសៈអាងពាក្យនាំរបស់គម្ពីរ មិលិន្ទបញ្ហា ច្បាប់សីហឡៈ ដែលព្រះអានន្ទមេត្តេយ្យៈ អគ្គបណ្ឌិត អ្នកប្រាជ្ញលង្កា ជាអ្នក សរសេរថា គម្ពីរញាណោទ័យជាការរចនារបស់ព្រះពុទ្ធឃោសាចារ្យ កគឺគម្ពីរមិលិន្ទបញ្ហា ហើយមានសេចក្តីក្នុងគម្ពីរមិលិន្ទបញ្ហាដីកា (ទំព័រ ៣៧១ ច្បាប់សីហឡៈ) ដែលតែងដោយព្រះតិបិដកចូឡាភយៈពោលថា ព្រះពុទ្ធឃោសាចារ្យ ជាអ្នកចារឹកពាក្យរបស់ព្រះ បាទមិលិន្ទ និងព្រះនាគសេន ដែលបានស្តាប់តៗគ្នាមក និងជាអ្នកសរសេរគាថាផ្តើមគម្ពីរ មិលិន្ទបញ្ហា ៥ បទ ដូចក្នុងគម្ពីរនោះថា ឥមា បញ្ច គាថា កេន កតាតិ ចោទនា ភទន្តពុទ្ធ-ឃោសាចារិយេន កតាតិ បរិហារោ ។ ន កេវលំ បញ្ច គាថាវ, ថេររាជវចនេបិ អញ្ញំ បុព្វបរ-វចនមប្បិ តេន វុត្តំ ។ សួរថា នរណាតែងគាថា ៥ បទទាំងនេះ តបថា ព្រះពុទ្ធឃោសាចារ្យ ជាអ្នកតែងទុក ។ មិនត្រឹមតែគាថា ៥ បទប៉ុណ្ណោះទេ សូម្បីពាក្យមុននិងពាក្យក្រោយដទៃ ក្នុងពាក្យព្រះថេរៈគឺព្រះនាគសេន និងព្រះរាជា គឺព្រះបាទមិលិន្ទ ក៏ជាពាក្យដែលព្រះ ពុទ្ធឃោសាចារ្យតែងទុកដែរ ។)

១៧-បរិត្តអដ្ឋកថា១ អធិប្បាយព្រះត្រៃបិដកច្បាប់សង្ខេប (បរិត្តអដ្ឋកថា ដែលពោលទុកក្នុងគម្ពីរមហាវង្ស បរិច្ឆេទទី ៣៧ គាថា ២២៦ គង់នឹងជា អដ្ឋកថាសង្ខេបរបស់ព្រះត្រៃបិដក ក៏គឺខុទ្ទកបាឋអដ្ឋកថានោះឯង ។ ម្យ៉ាងទៀត ក្នុង សៀវភៅមហាវិសុតារាមសាសនវង្ស (ភាសាភូមា ទំព័រ ៧ ) ពោលថា ព្រះអានន្ទមេត្តេយ្យៈ បានធ្លាប់ពោលជាមួយអ្នកតែងក្នុងខណៈទៅសិក្សាព្រះបរិយត្តិធម៌ក្នុងប្រទេសស្រីលង្កា ថា គម្ពីរបរិត្តអដ្ឋកថា ក៏គឺខុទ្ទកបាឋអដ្ឋកថា ។ តែក្នុងសៀវភៅ The Pali Literature of Cylon (ទំព័រ ៨១) ពោលថា ជាអដ្ឋកថាសង្ខេបមួយច្បាប់ទៀត សេចក្តីយល់ឃើញនេះ មិនសមសោះ ព្រោះមិនមានអដ្ឋកថាសង្ខេបដែលប្រាកដក្នុងវណ្ណកម្មភាសាបាលី ។ ) ក្នុងសៀវភៅមហាវិសុតារាមនិកាយសាសនវង្ស (ទំព័រ ៣២) ពោល ដល់ការងារមួយច្បាប់ទៀតរបស់ព្រះពុទ្ធឃោសាចារ្យថា ៖ លោកនៅប្រព័ន្ធគម្ពីរកាព្យសំស្ក្រឹតឈ្មោះ បទ្យចូឌាមណិ គឺគាថា ដែលប្រៀបដូចកែវកំពូលមកុដ ដោយព្រះកេលាសៈបានអាងតម្រាប្រវត្តិ វណ្ណគតិសំស្ក្រឹតដែលសរសេរដោយភាសាសីហឡៈ និងពាក្យនាំភាសា សីហឡៈរបស់បទ្យចូឌាមណិបានបញ្ជាក់ថា តែងដោយព្រះពុទ្ធឃោសាចារ្យ គម្ពីរនេះពោលជារឿងពុទ្ធវង្ស ដោយផ្តើមតាំងតែការប្រសូតិរហូតដល់ការ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណរបស់ព្រះសិទ្ធត្ថៈ ដោយបែងចែក ជា ១០ កណ្ឌ មានឝោលក ៦៤០ ។ សេចក្តីរឿងរបស់គម្ពីរនេះ មិនដូចរឿង ពុទ្ធចរិតរបស់អឝ្វឃោសៈ និងលលិតវិសតរៈដែលតែងតាមសេចក្តីជឿ របស់មហាយាន ។ តែគម្ពីរបទ្យចូឌាមណិនេះ តែងតាមសេចក្តីជឿរបស់ ថេរវាទ ដោយបណ្តោយតាមសេចក្តីរបស់ព្រះត្រៃបិដកនិងអដ្ឋកថាទាំង អស់ ។ គម្ពីរនេះមានត្រឹមច្បាប់បោះពុម្ពដោយភាសាសីហឡៈចំនួន ៦៩ ទំព័រ ។ ក្នុងពាក្យខាងចុងរបស់គ្រប់កណ្ឌមានខសេចក្តីបញ្ជាក់ដល់អ្នកតែង ដូចក្នុងកណ្ឌទី ១ មានសេចក្តីថា៖ ឥតិ ឝ្រីពុទ្ធឃោឞាចារ្យវិរចិតេ បទ្យចូឌាមណិនាម្និ មហា- កាវ្យេ សិទ្ធារ្ថចរិតេ ប្រថមសរ្គៈ ។ ចប់កណ្ឌទី ១ ក្នុងមហាកាព្យឈ្មោះបទ្យចូឌាមណិ ដែលសម្តែង សេចក្តីប្រព្រឹត្តរបស់ព្រះសិទ្ធាថ៌ ដែលព្រះពុទ្ធឃោសាចារ្យអ្នកទ្រទ្រង់សិរី បានរចនាទុក ។ ក្នុងគម្ពីរមហាវង្ស បរិច្ឆេទទី ៣៧ គាថា ២៤៦ បញ្ជាក់ថា ៖ អថ កត្តព្វកិច្ចេសុ គហេតុ បរិនិដ្ឋិតិំ; វន្ទិតុំ សោ មហាពោធិំ ជម្ពុទីបមុបាគមិ។ ព្រះពុទ្ធឃោសាចារ្យបាននិមន្តត្រឡប់ទៅជម្ពូទ្វីប ដើម្បីនមស្ការនូវ ដើមមហាពោធិព្រឹក្ស និងលោកបាននិមន្តទៅផ្សព្វផ្សាយព្រះពុទ្ធសាសនា ដោយបាននាំយកគម្ពីរដែលលោកបានចាររួចហើយទៅកាន់ស្រុកកំណើត ដើម្បីព្រះភិក្ខុសង្ឃដែលនៅឥណ្ឌាភាគត្បូង ។ មិនមានឯកសារណាបញ្ជាក់ថា ព្រះពុទ្ធឃោសាចារ្យនិមន្តអស់ព្រះ ជន្ម ក្នុងកាលណា ក្នុងវត្តណាឡើយទេ តែលោកអាចអស់ព្រះជន្ម មិនក្រោយព្រះពុទ្ធសករាជ ១,០០០ ឡើយ ។

ព្រះពុទ្ធទត្តាចារ្យក្នុងសំណាក់មហាវិហារ[កែប្រែ]

ព្រះពុទ្ធទត្តាចារ្យក្នុងសំណាក់មហាវិហារ ព្រះពុទ្ធទត្តាចារ្យ ជាជនជាតិទមិឡ ប្រសូតក្នុងក្រុងឧរគបុរៈ១ បច្ចុប្បន្ននេះ គឺក្រុងឧរៃបុរ (Uraipur) ប្រទេសឥណ្ឌា ។ ព្រះថេរៈបាននិមន្តមកសិក្សាក្នុងសំណាក់មហាវិហារ ក្នុងប្រទេស ស្រីលង្កា ដែលទទួលស្គាល់ថា ជាសំណាក់រៀនដ៏ធំមានការសិក្សាតាមបែបមាត្រដ្ឋានដ៏ខ្ពស់ បន្តពីដើមនិកាយរបស់ថេរវាទដ៏ពិតនិងបរិបូណ៌ ។ ព្រះថេរៈមានជីវិតរស់នៅក្នុងសម័យជាមួយនឹងព្រះពុទ្ធឃោសាចារ្យ តែ លោកបាននិមន្តទៅសិក្សាក្នុងប្រទេសស្រីលង្កា មុនព្រះពុទ្ធឃោសាចារ្យ និងព្រះថេរៈមានព្រះជន្មច្រើនជាងព្រះពុទ្ធឃោសាចារ្យ ។ ក្រោយពីព្រះ ថេរៈបាននិមន្តត្រឡប់ទៅឥណ្ឌាត្បូងវិញ ក៏បានទទួលការសិក្សាក្នុងព្រះអដ្ឋកថាដែលព្រះពុទ្ធឃោសាចារ្យបានបរិវត្តជាភាសាបាលីហើយ ក៏ចាប់ ផ្តើមតែងគម្ពីរជាច្រើនច្បាប់ មានគម្ពីរអភិធម្មាវតារ វិនយវិនិច្ឆយៈ និង ឧត្តរវិនិច្ឆយៈ ដែលនាំខសេចក្តីពីអដ្ឋកថារបស់ព្រះពុទ្ធឃោសាចារ្យចំនួន ច្រើនមកប្រព័ន្ធជាគាថា និងបានបរិវត្តនូវអដ្ឋកថាពុទ្ធវង្ស ដែលនៅជាភាសាសីហឡៈមកជាភាសាបាលី ។ គម្ពីរដែលព្រះពុទ្ធទត្តាចារ្យបានរចនាមាន ៖ ១.រូបារូបវិភាគ គម្ពីរចំណែករូបនិងនាម ជាអដ្ឋកថាសង្ខេប ដែល សម្តែងព្រះអភិធម្មដោយសង្ខេប ដើម្បីឲ្យយុវជនរៀនងាយ ។ ២.អភិធម្មាវតារ គម្ពីរចង្អុលបង្ហាញព្រះអភិធម្ម ជាអដ្ឋកថាសង្ខេប អំពីព្រះអភិធម្មបិដក និងអដ្ឋកថារបស់ព្រះពុទ្ធឃោសាចារ្យ តែងតាមពាក្យអារាធនារបស់ព្រះសុមតិត្ថេរ ។ ៣.វិនយវិនិច្ឆយៈ គម្ពីរវិនិច្ឆ័យព្រះវិន័យ ជាអដ្ឋកថាសង្ខេប ដែលសង្ខេបសេចក្តីឧភតោវិភង្គ និងខន្ធកៈ អំពីព្រះវិនយបិដក និងអដ្ឋកថា តែងតាមការអារាធនារបស់សិស្សឈ្មោះ ពុទ្ធសីហៈ ។ ៤.ឧត្តរវិនិច្ឆយៈ គម្ពីរវិនិច្ឆ័យព្រះវិន័យភាគក្រោយ ជាអដ្ឋកថា សង្ខេប ដែលសង្ខេបព្រះវិន័យពួកបរិវារៈ អំពីព្រះវិនយបិដកនិងអដ្ឋកថា តែងតាមការអារាធនារបស់សង្ឃបាលត្ថេរ ។ ៥.មធុរត្ថវិលាសិនី គម្ពីរសម្តែងសេចក្តីដ៏ពីរោះ ជាអដ្ឋកថាគម្ពីរ ពុទ្ធវង្ស ចាត់ជាអដ្ឋកថាប្រមូលសេចក្តីដែលតែងដោយបរិវត្តពីគម្ពីរមហា-អដ្ឋកថា ដែលជាភាសាសីហឡៈមកជាភាសាមគធៈ ឬភាសាបាលី តាម ពាក្យអារាធនារបស់សិស្សឈ្មោះ ពុទ្ធសីហៈ ។ ក្នុងការតែងគម្ពីរទាំងនោះ លោកនិមន្តគង់នៅក្នុងវត្តដែលសាងដោយឧបាសក ឈ្មោះ កណ្ហទាសៈ ក្នុងស្រុកភូតមង្គល ក្រុងកាវេរិ១ ក្នុងដែនចោឡៈ ។ កាវេរិជាក្រុងមួយនៅជាប់ស្ទឹងកាវេរិ ដែលហូរពីភ្នំបច្ឆិមឃាដ មតិខ្លះថា ភ្នំកុរគៈ ។ ដូចនៅខាងចុងគម្ពីរអភិធម្មាវតារ ដែលជាអដ្ឋកថា ប្រមូលសេចក្តីសង្ខេបរបស់ព្រះអភិធម្មជាដំបូង ក្នុងគម្ពីរព្រះពុទ្ធសាសនា ថេរវាទថា ៖ ‌

នរនារិគណាកិណ្ណេ អសំកិណ្ណកុលាកុលេ ផីតេ សព្វង្គសម្បន្នេ សុបសន្នសិតោទកេ។ នានារតនសម្បុណ្ណេ វិវិធាបណសង្កដេ; កាវេរបដ្ដនេ រម្មេ នានារាមោបសោភិតេ។ កេលាសសិខរាការ- បាសាទបដិមណ្ឌិតេ; ការិតេ កណ្ហទាសេន ទស្សនីយេ មនោរមេ។ វិហារេ វិវិធាការ- ចារុបាការគោបុរេ; តត្ថ បាចីនបាសាទេ មយា និវសតា សទា។ អសល្លេខមសាខល្យេ សីលាទិគុណសោភិនា; អយំ សុមតិនា សាធុ យាចិតេន កតោ សតា។

ខ្ញុំសំណាក់នៅជានិច្ចក្នុងប្រាសាទទិសខាងកើតរបស់វត្ត ដែលមានកំពែងនិងស៊ុមទ្វារស្អាតដោយលក្ខណៈផ្សេងៗ ប្រដាប់ដោយប្រាសាទដ៏ស្រស់ស្អាត ដូចកំពូលភ្នំកៃលាស ជាវត្តគួររីករាយដែលឧបាសកឈ្មោះកណ្ហាទាសៈបាន កសាងទុក ក្នុងក្រុងកាវេរិ ដែលជាទីគួររីករាយដោយសួន ច្រើនប្រភេទ លាយឡំដោយបុរសស្ត្រី ប្រៀបដូចត្រកូលដ៏ បរិសុទ្ធមិនលាយគ្នា មានសេចក្តីចម្រើនរុងរឿងបង្កដោយ អង្គប្រកបរបស់ក្រុង មានកំពែងនិងបារាយក្រុងជាដើម ទាំងអស់ មានទឹកថ្លាត្រជាក់ស្អាតល្អបរិបូណ៌ដោយច្រើន ប្រការ ណែនណាន់ដោយផ្សារជាច្រើន បានប្រព័ន្ធគម្ពីរ នេះ ដោយមានព្រះសុមតិអ្នកចម្រើនសតិ ក្នុងការកម្ចាត់ កិលេស និងភាពទាន់ភ្លន់ដ៏ល្អដោយគុណធម៌មានសីល ជាដើម បានអារាធនាល្អហើយ ។ ព្រះពុទ្ធឃោសាចារ្យបានសរសើរព្រះពុទ្ធទត្តាចារ្យថា ជាអ្នកប្រាជ្ញដ៏ កំពូលមួយអង្គផងដែរ ដូចគាថា១ថា ៖ យោ ពុទ្ធឃោសាចរិយាសភេន វិញ្ញុប្បសត្ថេនបិ សុប្បសត្ថោ សោ ពុទ្ធទត្តាចរិយាភិធានោ មហាកវិ ថេរិយវំសទីបោ ។ ព្រះពុទ្ធឃោសាចារ្យដែលវិញ្ញូជនសរសើរ បានសរសើរព្រះថេរៈរូបណាទុក ព្រះថេរៈរូប នោះមាននាមថា ព្រះពុទ្ធទត្តាចារ្យ ជាមហាកវី ជាប្រទីបនៃវង្សថេរវាទ ។ មុនសម័យព្រះពុទ្ធឃោសាចារ្យ និងព្រះពុទ្ធទត្តាចារ្យនេះបន្តិច ឬសម័យកាលជាមួយគ្នា ក៏មានព្រះថេរៈព្រះនាម ធម្មសិរិ បានរចនាគម្ពីរខុទ្ទកសិក្ខា ជាគម្ពីរអធិប្បាយព្រះវិនយបិដកដោយសង្ខេប ចងក្រងជា ឝោលកគាថា ប្រមាណ ៥០០ គាថា ដែលរាប់ជាកណ្ឌ (បរិច្ឆេទ) ប្រមាណ ៥០ កណ្ឌ ។ តែមតិខ្លះថា គម្ពីរខុទ្ទកសិក្ខានេះ កើតមុនសម័យកាលព្រះពុទ្ធឃោសាចារ្យ ។ ក្នុងសម័យជាមួយគ្នានេះ ក៏មានគម្ពីរមួយទៀតដែលបានរចនាដោយព្រះមហាសាមិ ជាជនជាតិស្រីលង្កា ដែលមានឈ្មោះថា មូលសិក្ខា រួបរួមជាសង្ខេបខ្លីជាងខុទ្ទកសិក្ខា ។ អាចារ្យអ្នករចនាមូលសិក្ខានេះ មានបំណងដើម្បីឲ្យអ្នកដែលមិនសូវដឹងសេចក្តីក្នុងភាសាបាលី បានប្រើជាគូដៃសម្រាប់សិក្សាព្រះវិន័យក្នុងរយៈកាលខ្លី ។ មានសេចក្តីជឿថា មូលសិក្ខានេះបានរចនាមុនខុទ្ទកសិក្ខា ទើបបានឈ្មោះថា មូលសិក្ខា ។ ក្នុងសៀវភៅប្រវត្តិវណ្ណកម្មបាលីសីហឡៈ ដែលសរសេរដោយ Dr. G.P.Malalasekara បានអាងរឿងនេះថា គម្ពីរទាំងពីរនេះមិនគួរកើតមុន ពុទ្ធសតវត្សរ៍ទី ១២ ឡើយ តែប្រហែលកើតក្នុង ព.ស.៩០០ ។ តែមានអ្នក ជឿថា កើតមុនសម័យកាលព្រះពុទ្ធឃោសាចារ្យ ដែលនិមន្តមកកាន់កោះ លង្កា ដោយអាងពាក្យ កេចិ ដែលព្រះអានន្ទាចារ្យ សរសេរទុកក្នុងមូលដីការបស់ព្រះអភិធម្ម ។ ពាក្យ កេចិនេះ ព្រះអនុដីកាចារ្យគឺធម្មបាលាចារ្យ បញ្ជាក់ថា ព្រះធម្មសិរិត្ថេរ

ព្រះមហានាមត្ថេរ រចនាអដ្ឋកថា បដិសម្ភិទាមគ្គ[កែប្រែ]

ព្រះមហានាមត្ថេរ ក្នុងរជ្ជកាលនៃស្តេចធាតុសេននេះ មានព្រះថេរៈមួយអង្គនាមថា មហានាមត្ថេរ ជាប្អូនប្រុសរបស់មាតានៃព្រះបាទធាតុសេន ជាអ្នកប្រាជ្ញ ព្រះពុទ្ធសាសនាថេរវាទ ។ ព្រះថេរៈអង្គនេះធ្លាប់បំបួសព្រះបាទធាតុសេន ទៀតផង ។ ខាងក្រោយមក មានស្តេចឡើងសោយរាជ្យបន្ត គឺព្រះបាទ មោគ្គល្លានទី ១ ដែលសោយទិវង្គតក្នុង ព.ស.១០៥៦ ក្រោយពីនោះបាន ៣ ឆ្នាំ ក្នុង ព.ស.១០៥៩ ព្រះមហានាមត្ថេរបានបរិវត្តអដ្ឋកថាដែលនៅជា ភាសាសីហឡៈមកជាភាសាមគធៈរបស់ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ឲ្យ ឈ្មោះថា សទ្ធម្មប្បកាសិនី ។ ពេលនោះបានតែងគម្ពីរមហាវង្ស ដែលរៀប រាប់ប្រវត្តិមនុស្សនៅស្រីលង្កា និងការប្រតិស្ឋានព្រះពុទ្ធសាសនាក្នុងកោះ លង្កា រហូតមកដល់ផែនដីនៃស្តេចមហាសេន ក្នុង ព.ស.៨០៤ តាំងពី បរិច្ឆេទទី ១ ដល់បរិច្ឆេទទី ៣៨ ។ មិនត្រឹមប៉ុណ្ណេះទេ លោកក៏នៅតែងគម្ពីរ មហាវំសដីកា ដែលមានឈ្មោះថា វំសត្ថប្បកាសិនី ។ នៅក្នុងគម្ពីរចុល្លគន្ថវង្ស១បញ្ជាក់ថា ៖ ព្រះមហានាមត្ថេរ បានរចនាគម្ពីរមាន ៦ ដទៃទៀតគឺ ១.ទីបវង្ស ២.ថូបវង្ស ៣.ពោធិវង្ស ៤.ចុល្លវង្ស ៥.បោរាណវង្ស ៦.បដិសម្ភិទាមគ្គដ្ឋកថាគណ្ឋិ ។

សម័យកាលនៃព្រះអដ្ឋកថា និងដីកាកើតឡើងម្តងទៀត[កែប្រែ]

ព្រះអានន្ទាចារ្យ រចនាមូលដីកាព្រះអភិធម្ម ក្នុងចន្លោះ ព.ស.១៤៩៩-១៥១៩ មានអ្នកប្រាជ្ញមួយអង្គដ៏កំពូលមួយអង្គដែលជាអ្នកមកជួយលើកតម្កើងព្រះពុទ្ធសាសនា មាននាមថា ព្រះ អានន្ទាចារ្យ ។ ព្រះថេរៈអង្គនេះជាជនជាតិឥណ្ឌាភាគខាងត្បូង ដែលមកពី សំណាក់មហាវិហារនៅឯឥណ្ឌាភាគត្បូង មកសិក្សាស្នាក់នៅក្នុងសំណាក់គណៈមហាវិហារប្រទេសស្រីលង្កា ហើយបានជាគណៈគ្រប់គ្រងភិក្ខុសង្ឃ ផ្នែកវនវាសី បាននិមន្តរចនាគម្ពីរដីកា មុនគេបង្អស់ក្នុងព្រះពុទ្ធសាសនា ថេរវាទ ។ ក្នុងកាលនោះ ស្តេចលង្កាមួយអង្គនាមថា ព្រះបាទមហិន្ទទី ៤ មានសេចក្តីជ្រះថ្លាក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំង ទ្រង់ជក់ចិត្តសិក្សាក្នុង ព្រះអភិធម្មបិដក និងអដ្ឋកថា តែមិនមានគម្ពីរណាដែលពង្រីកសេចក្តីឲ្យល្អិតក្នុងអដ្ឋកថាព្រះអភិធម្ម ទើបនិមន្តព្រះធម្មមិត្តត្ថេរ ស្វែងរកព្រះថេរៈ ដែលមានជំនាញព្រះអភិធម្មតែងគម្ពីរដីកាឡើង ។ ព្រះធម្មមិត្តត្ថេរក៏បាន អារាធនានិមន្តព្រះអានន្ទាចារ្យ ដែលជាព្រះថេរៈដ៏ល្បីល្បាញដើម្បីរចនា នូវគម្ពីរដីការបស់ព្រះអភិធម្ម ពង្រីកសេចក្តីអដ្ឋកថារបស់ អដ្ឋសាលិនី សម្មោហវិនោទនី និង បញ្ចបករណដ្ឋកថា ដោយឲ្យឈ្មោះថា ធម្មសង្គណី មូលដីកា វិភង្គមូលដីកា បញ្ចបករណមូលដីកា ។ ដូចក្នុងគម្ពីរមហាវង្ស១ថា នានាបូជាហិ បូជេត្វា កត្វា មង្គលមុត្តមំ; កថាបេសិ ច ភិក្ខូហិ ព្យត្តេហិ វិនយំ តទា។ ព្រះបាទមហិន្ទទទី ៤ ទ្រង់បូជាដោយការបូជាដ៏ច្រើន ចាត់មង្គលពិធីដ៏ឧត្តម អារាធនាព្រះភិក្ខុអ្នកឈ្លាស ឲ្យបរិយាយនូវព្រះវិនយបិដក ។ ថេរេន ធម្មមិត្តេន- សិត្ថគាមកវាសិនា; បូជយិត្វាន ការេសិ អភិធម្មស្ស វណ្ណនំ។ ទ្រង់បូជា ទ្រង់អារាធនាព្រះធម្មមិត្តត្ថេរសំណាក់តិត្ថគ្រាម ឲ្យតែងព្រះអភិធម្មវណ្ណនា ។

ព្រះធម្មបាលាចារ្យក្នុងសំណាក់មហាវិហារ[កែប្រែ]

ព្រះធម្មបាលាចារ្យក្នុងសំណាក់មហាវិហារ ព្រះធម្មបាលាចារ្យ ជាអដ្ឋកថាចារ្យ និងជាដីកាចារ្យមួយរូបដែលល្បីល្បាញកិត្តិស័ព្ទ ដូចព្រះពុទ្ធឃោសាចារ្យដែរ ។ ព្រះថេរៈជាជនជាតិ ឥណ្ឌាត្បូង គង់នៅក្នុងវត្តពទរតិត្ថៈ (វត្តកំពង់ពុទ្រា) ។ វត្តនេះជាវត្តដែល ព្រះបាទអសោកទ្រង់ឲ្យសាងទុកក្នុងក្រុងនាគបដ្តនៈ នៅខាងត្បូងក្រុង មទ្រាស ឆ្ងាយពីក្រុងតញ្ជោ ទៅទិសខាងកើតប្រហែល ៣៥ ម៉ៃ ។ ព្រះថេរៈ មានជីវិតក្នុងខាងដើមនៃពុទ្ធសតវត្សរ៍ទី១៥ ត្រង់ជាមួយរជ្ជសម័យព្រះបាទមហិន្ទៈទី ៤ (ព.ស.១៤៩៩-១៥១៩) ។ ព្រះធម្មបាលាចារ្យអាចជាសិស្ស របស់ព្រះអានន្ទាចារ្យ ដែលជាអ្នករចនាគម្ពីរមូលដីការបស់ព្រះអភិធម្ម ។ ព្រោះលោកបាននាំមតិរបស់គម្ពីរមូលដីកាជាគោល ក្នុងការតែងគម្ពីរសច្ចសង្ខេប នឹងឃើញថា ការងារអដ្ឋកថា និងដីការបស់ព្រះធម្មបាលាចារ្យ សរសើរព្រះអានន្ទាចារ្យក្នុងឋានៈជាគ្រូថា អានន្ទាចរិយោ អវោច (ព្រះ អានន្ទាចារ្យពោលទុក) មិនពោលទុកជាកណ្តាលថា មូលដីកាយំ អាហ (ពោលទុកក្នុងគម្ពីរមូលដីកា) ព្រះភិក្ខុសីហឡៈព្រះនាម ពុទ្ធទត្តៈបានសរសេរ១ទុកថា ៖ ព្រះធម្មបាលាចារ្យមានជីវិតប្រហែលក្នុងគ្រិស្តសតវត្សរ៍ទី ១០ ដោយ អាងសេចក្តីក្នុងគម្ពីរមហាវង្ស២ថា ក្នុងរជ្ជសម័យព្រះបាទសេនៈទី ៤ គ្រង រាជ្យរវាងគ្រិស្តសករាជ ៩៥៣-៩៥៦ (ព.ស.១៤៩៦-១៤៩៩) ព្រះអង្គទ្រង់ ឲ្យសាងស្រុកឈ្មោះសិត្ថគាម ឲ្យជាវត្ត និងក្នុងប្រវត្តិព្រះបាទមហិន្ទៈទី៤ គ្រងរាជ្យក្នុងគ្រិស្តសករាជ ៩៥៦-៩៧៦(ព.ស.១៤៩៩-១៥១៩) ។ មានសេចក្តីពោលទុកក្នុងគម្ពីរមហាវង្ស១ថា ព្រះបាទមហិន្ទទី ៤ អារាធនាព្រះធម្មមិត្តត្ថេរ អ្នកនៅក្នុងសិត្ថគាម ឲ្យតែងគម្ពីរអធិប្បាយព្រះ អភិធម្ម និងអារាធនាព្រះទាឋានាគៈសម្តែងធម៌ជាប់ទាក់ទងជាមួយនឹងគម្ពីរព្រះអភិធម្ម ។ ក្រៅពីនេះ ខាងចុងគម្ពីរវិសុទ្ធិមគ្គមហាដីកា ដែលព្រះ ធម្មបាលាចារ្យតែងមានខសេចក្តីថា លោកបានទទួលការអារាធនាតែងគម្ពីរអំពីព្រះទាឋានាគៈអ្នកស្នាក់នៅក្នុងវត្តសិទ្ធគាម (សិត្ថគាម?) ។ កាល ពិនិត្យមើលក្នុងគម្ពីរមហាវង្ស និងវិសុទ្ធិមគ្គមហាដីកា ក៏ល្មមអនុមានបាន ថា ព្រះធម្មមិត្តត្ថេរ ព្រះអានន្ទត្ថេរ ព្រះទាឋានាគៈ និងព្រះធម្មបាលាចារ្យ អ្នករស់នៅសម័យជាមួយគ្នា គឺ ក្នុងសម័យព្រះបាទមហិន្ទៈទី ៤ ក្នុងខាងដើមនៃពុទ្ធសតវត្សរ៍ទី ១៥ ។ ព្រះធម្មបាលាចារ្យបានរចនាគម្ពីរមាន ៖ ១.នេត្តិប្បករណដ្ឋកថា រចនាឡើងដោយការអរាធនារបស់ព្រះធម្មរក្ខិតត្ថេរ ២.ឥតិវុត្តកអដ្ឋកថា ឈ្មោះ បរមត្ថទីបនី ៣.ឧទានអដ្ឋកថា ឈ្មោះ បរមត្ថទីបនី ៤.ចរិយាបិដកអដ្ឋកថា ឈ្មោះ បរមត្ថទីបនី ៥.ថេរគាថាអដ្ឋកថា ឈ្មោះ បរមត្ថទីបនី ៦.ថេរីគាថាអដ្ឋកថា ឈ្មោះ បរមត្ថទីបនី ៧.វិមានវត្ថុអដ្ឋកថា ឈ្មោះ បរមត្ថទីបនី ៨.បេតវត្ថុអដ្ឋកថា ឈ្មោះ បរមត្ថទីបនី ៩.វិសុទ្ធិមគ្គមហាដីកា រចនាឡើងដោយការអរាធនារបស់ព្រះទាឋានាគៈ ១០.ទីឃនិកាយដីកា ឈ្មោះ លីនត្ថប្បកាសិនី ១១.មជ្ឈិមនិកាយដីកា ឈ្មោះ លីនត្ថប្បកាសិនី ១២.សំយុត្តនិកាយដីកា ឈ្មោះ លីនត្ថប្បកាសិនី ១៣.អង្គុត្តរនិកាយដីកា ឈ្មោះ លីនត្ថប្បកាសិនី ១៤.ជាតកដីកា ១៥.ពុទ្ធវំសដីកា ១៦.នេត្តិប្បករណដីកា ១៧.ធម្មសង្គណីអនុដីកា ១៨.វិភង្គអនុដីកា ១៩-បញ្ចបករណអនុដីកា ២០-សច្ចសង្ខេប

ព្រះអនុរុទ្ធាចារ្យក្នុងសំណាក់មហាវិហារ[កែប្រែ]

ព្រះអនុរុទ្ធាចារ្យក្នុងសំណាក់មហាវិហារ ព្រះអនុរុទ្ធាចារ្យ ជាជនជាតិឥណ្ឌាត្បូង ប្រសូតត្រង់កំពង់កាវេរិ១ ក្រុងកញ្ចិបុរៈ ដែនចោឡៈ២ ។ តមកគង់នៅក្រុងតញ្ជោ ក្នុងដែនតម្ពៈអែបឥណ្ឌាត្បូង ជាប់ជាយច្រាំងមហាសមុទ្រ ។ ខាងក្រោយពីការសិក្សាព្រះត្រៃបិដក និង អដ្ឋកថា ជាច្រើនក្នុងឥណ្ឌាខាងត្បូង ក៏និមន្តមកសិក្សាក្នុង សំណាក់គណៈមហាវិហារដែលជាមជ្ឈមណ្ឌលនៃការសិក្សាព្រះត្រៃបិដក តាមប្រព័ន្ធមាត្រដ្ឋានដ៏កំពូល ។ ព្រះអនុរុទ្ធាចារ្យនិមន្តគង់នៅក្នុងវត្តដែល មានឈ្មោះថា មហាមេឃវ័ន៣ ជិតសុវណ្ណមាលីចេតិយ ក្រុងអនុរាធបុរី ក្នុង ប្រទេសស្រីលង្កា ។ កាលព្រះអនុរុទ្ធាចារ្យគង់នៅក្នុងវត្តមហាមេឃវ័ន ជិតសុវណ្ណមាលី ចេតិយ បានតែងគម្ពីរនាមរូបបរិច្ឆេទ និងបានតែងគម្ពីរបរមត្ថវិនិច្ឆ័យ កាលគង់នៅក្នុងក្រុតញ្ជោ (Tanjore) ក្នុងដែនតម្ពៈអែបឥណ្ឌាត្បូងជាប់ជាយច្រាំងមហាសមុទ្រ ។ ខាងក្រោយមកបានតែងគម្ពីរអភិធម្មត្ថសង្គហៈ តាមការអារាធនានិមន្តពីឧបាសក ឈ្មោះ នម្បៈ ដែលបានពោលដល់វត្ត ឈ្មោះមូលសោម ដែលជាទីនៅរបស់អាចរិយវង្ស ។ អ្នកវិជ្ជាការទាំងឡាយមិនអាចសន្និដ្ឋានបានថា ព្រះអនុរុទ្ធាចារ្យ ប្រសូតក្នុងសម័យណា មិនមានគោលស្ថានវណ្ណកម្មភាសាបាលីបញ្ជាក់ ទុក ។ ក្នុងសៀវភៅ The Pali Literature of Cylon ថា គម្ពីរនេះគង់កើតក្នុងគ្រិស្តសតវត្សរ៍ទី ៧-១១ រវាងពុទ្ធសតវត្សរ៍ទី ១៣-១៧ ។ ចំណែកក្នុងសៀវភៅ A Comprehensive Manual of Abidhammaថា ព្រះអនុរុទ្ធាចារ្យកើតក្នុងសម័យជាមួយនឹងព្រះពុទ្ធទត្តាចារ្យ អ្នកតែង គម្ពីរអភិធម្មាវតារ និងជាកូនសិស្សរបស់ព្រះពុទ្ធទត្តាចារ្យ ។ តាមសេចក្តីសន្និដ្ឋាន ព្រះអនុរុទ្ធាចារ្យគួរមានក្នុងសម័យរបស់ព្រះ អានន្ទាចារ្យ ដែលសិស្សរបស់ព្រះអានន្ទាចារ្យមាននាមថា ពុទ្ធបិយត្ថេរបាន តែងគម្ពីរបទរូបសិទ្ធិបករណ៍ ក្នុងសូត្រ ៦៤១ ត្រង់ខសេចក្តីក្នុងគម្ពីររបស់ ព្រះអនុរុទ្ធាចារ្យ គឺគម្ពីរអភិធម្មត្ថសង្គហៈថា អភិវន្ទិយ ភាសិស្សំ (អាច សរសេរជា អភិវាទិយ ភាសិស្សំ តាមរូបដែលប្រាកដក្នុងបច្ចុប្បន្ន ។ ព្រះអនុរុទ្ធាចារ្យតែងអភិធម្មត្ថសង្គហៈនេះ ជាអដ្ឋកថាសង្ខេបថ្មី ដើម្បីឲ្យយុវជនដែលសិក្សាក្នុងគម្ពីរព្រះអភិធម្មឆាប់ងាយយល់ ដោយមិនសង្ខេបពេក មិនពិស្តារពេក ហើយប្រមូលយកសេចក្តីដ៏សំខាន់ពីអភិធម្ម-បិដក និងអដ្ឋកថាព្រះអភិធម្មបិដក ដោយឲ្យឈ្មោះថា អភិធម្មត្ថសង្គហៈ មានន័យថា ប្រមូលសេចក្តីក្នុងព្រះអភិធម្ម ។ សេចក្តីក្នុងគម្ពីរអភិធម្មត្ថសង្គហៈនេះ មិនរៀងតាមលំដាប់នៃព្រះ អភិធម្ម ៧ គម្ពីរ គឺ ធម្មសង្គណី វិភង្គ ធាតុកថា បុគ្គលប្បញ្ញត្តិ កថាវត្ថុ យមក និងបដ្ឋាន នោះទេ ។ តែចាត់លំដាប់ដោយបែងចែកជា ៤ ក្រុម គឺ ១.ចិត្ត សភាវៈទទួលដឹងអារម្មណ៍ ២.ចេតសិក សភាវៈកើតរួមជាមួយនឹងចិត្ត ៣.រូប សភាវៈប្រែប្រួល ៤.និព្វាន សភាវៈរលត់ភ្លើងកិលេស

ព្រះអនុរុទ្ធាចារ្យបានតែងគម្ពីរមាន ៖ ១.បរមត្ថវិនិច្ឆ័យ ២.នាមរូបបរិច្ឆេទ ៣.អភិធម្មត្ថសង្គហៈ

ព្រះពុទ្ធប្បិយាចារ្យក្នុងសំណាក់មហាវិហារ[កែប្រែ]

ព្រះពុទ្ធប្បិយាចារ្យក្នុងសំណាក់មហាវិហារ ព្រះពុទ្ធប្បិយៈ ជាជនជាតិដែនចោឡៈខាងឥណ្ឌាត្បូង មាននាមថា ចោឡិយពុទ្ធប្បិយៈ ។ ព្រះថេរៈបាននិមន្តមកសិក្សាព្រះបរិយត្តិធម៌ ក្នុងប្រទេសស្រីលង្កា ដោយផ្ញើខ្លួនជាសិស្សរបស់អានន្ទាចារ្យ ដែលជាអ្នករចនាគម្ពីរមូលដីការបស់ព្រះអភិធម្ម ក្នុងរវាង ព.ស.១៤៩៩-១៥១៩ ក្នុងរាជ្យរបស់ព្រះបាទមហិន្ទទី ៤ ។ ព្រះថេរៈបានតែងគម្ពីរបទរូបសិទ្ធិបករណ៍ ដែលមានឈ្មោះល្បីរន្ទឺ ក្នុងដែនចោឡៈ (ដែនចោឡៈ ឬចោឡមណ្ឌល ជាដែនជនជាតិទមិឡរបស់ឥណ្ឌាខាងត្បូង ដែលនៅបន្ទាប់ពីដែនអន្ធរៈ តាំងពីដែនមន្ទ្រាសចុះទៅរហូតដល់ជាយច្រាំងសមុទ្រ) ។ ក្នុងដែនចោឡៈគេតែងហៅព្រះនាមរបស់ព្រះថេរៈថា ទីបង្ករ ។ ព្រះថេរៈជាចៅអាវាសពីរកន្លែង គឺ វត្តពាលាទិច្ចវិហារ ១ វត្ត ចូឡាមណិកម្ម ១ ។ វត្តពាលាទិច្ចវិហារមានក្នុងនិគមគាថារបស់គម្ពីរបទរូបសិទ្ធបករណ៍ ដោយត្រង់ ។ ឯវត្តចូឡាមណិកម្ម មានក្នុងគម្ពីរបជ្ជមធុ ។ ទោះបីយ៉ាងណា ក្តី ក្នុងគម្ពីរព្យាខ្យារបស់សីហឡៈដែលអធិប្បាយនិគមគាថារបស់គម្ពីរបទ-រូបសិទ្ធិបរករណ៍ថា វត្តចូឡាមណិកម្ម ជាវត្តតាំងនៅក្នុងក្រុងនាគបដ្ដនៈ ក្នុងឥណ្ឌាត្បូង ដែលស្តេចជនជាតិឥណ្ឌូនេស៊ី អ្នកគោរពព្រះពុទ្ធសាសនា មាននាមថា ស្រីវិជ័យវរ្ម័ន ជាអ្នកសាងថ្វាយ ។ ព្រះថេរៈបានតែងគម្ពីរមាន ៖ ១-បទរូបសិទ្ធិបករណ៍ ២-បទរូបសិទ្ធិដីកា ៣-បជ្ជមធុ ដូចក្នុងនិគមកថារបស់លោកក្នុងបទរូបសិទ្ធិថា ៖ វិខ្យាតានន្ទថេរវ្ហយវរគុរុនំ តម្ពបណ្ណិទ្ធជានំ, សិស្សោ ទីបង្ករាខ្យទ្ទមិឡវសុមតី ទីបលទ្ធប្បកាសោ; ពាលាទិច្ចាទិវាសទ្វិតយមធិវសំ សាសនំ ជោតយី យោ, សោយំ ពុទ្ធប្បិយវ្ហោ យតិ ឥមមុជុកំ រូបសិទ្ធិំ អកាសិ។ ភិក្ខុនាមថា ពុទ្ធប្បិយៈ ជាសិស្សរបស់គ្រូអ្នកដ៏ប្រសើរមាននាមថា អានន្ទាចារ្យ អ្នកមានឈ្មោះសំឡេង ជាទង់របស់លង្កា ព្រះភិក្ខុ នោះជាអ្នកមានឈ្មោះសំឡេងបានទទួលហើយដូចប្រទីបក្នុង ផែនដីរបស់ជនជាតិទមិឡដោយនាមថា ទីបង្ករ គ្រប់គ្រងអាវាស ពីរ មានពាលាទិច្ចវិហារជាដើម អ្នកញ៉ាំងព្រះសាសនាឲ្យចម្រើន បានរចនាគម្ពីរបទរូបសិទ្ធិដ៏ត្រង់ត្រូវសម្រេចហើយ ។ អានន្ទ’រញ្ញរតនាទិ មហាយតិន្ទ- និច្ចប្បពុទ្ធបទុមប្បិយសេវិតង្គី; ពុទ្ធប្បិយេន ឃនពុទ្ធគុណប្បិយេន, ថេរាលិនា រចិតបជ្ជមធុំ បិពន្តុ។ សូមពួកជនចូរផឹកនូវគាថាទឹកឃ្មុំ ដែលសម្បុកសួគ៌ ទុកដោយភមរៈគឺព្រះថេរៈមាននាមថា ពុទ្ធប្បិយៈ ជាអ្នកគោរពស្រឡាញ់ព្រះពុទ្ធសាសនាយ៉ាងក្រៃលែង អ្នកសេពនូវបទុមជាតិដ៏ស្រស់ល្អ ដែលរីកជានិច្ច គឺព្រះ អានន្ទវនរ័តមហាថេរ ។ ព្រះពុទ្ធប្បិយៈជាអ្នកប្រាថ្នាពុទ្ធភូមិបំពេញបារមី ឲ្យបានត្រាស់ដឹង ជាព្រះអរហន្តសម្មាសម្ពុទ្ធមួយព្រះអង្គ ដូចក្នុងបជ្ជមធុថា៖ ឥត្ថំ រូបគុណានុកិត្តនវសា តំតំហិតាសិំ សតោ, វត្ថានុស្សតិ វត្តិតា ឥហ យថា សត្តេសុ មេត្តា ច មេ; ឯវន្តា ហិ ភវន្តរុត្តរតរា វត្តន្តុ អាពោធិ មេ, សំយោគោ ច ធនេហិ សត្តហិ ភវេ កល្យាណមិត្តេហិ ច។ដោយប្រការដូច្នេះ ខ្ញុំសង្ឃឹមប្រយោជន៍នោះៗ បានចម្រើន អនុស្សតិរលឹកដល់គុណរបស់ព្រះរតនត្រ័យ និងផ្សាយមេត្តា ដល់សព្វសត្វក្នុងភពនេះ ដោយប្រការណា ការរលឹកដល់គុណ របស់ព្រះរតនត្រ័យនិងការផ្សាយមេត្តានោះ ចូរបន្ថែមក្រៃលែង ក្នុងភពតៗទៅ រហូតដល់ខ្ញុំបានទម្លុះសម្ពោធិញ្ញាណ ដោយ ប្រការនោះ ទាំងបរិបូណ៌ដោយអរិយទ្រព្យ ៧ និងកល្យាណមិត្ត ចូរមានដល់ខ្ញុំហោង ។

ព្រះកស្សបត្ថេរ គង់នៅក្នុងឧទុម្ពរគិរិលើកតម្កើងព្រះពុទ្ធសាសនា[កែប្រែ]

ព្រះកស្សបត្ថេរ គង់នៅក្នុងឧទុម្ពរគិរិលើកតម្កើងព្រះពុទ្ធសាសនា ចន្លោះ ព.ស.១៦៩៦-១៧០២៩ ប្រធានគណៈនៃមហាវិហារដឹកនាំដោយថេរៈអ្នកទ្រទ្រង់នូវគុណ គឺព្រះកស្សបត្ថេរ២ គង់នៅក្នុងឧទុម្ពរគិរិ ជាប្រធានគណៈសង្ឃ ទ្រទ្រង់ធុតង្គទាំង ១៣ បានដឹកនាំកូនសិស្ស សិក្សាព្រះពុទ្ធវចនៈ ហើយញ៉ាំងព្រះរាជា ព្រះបាទបរក្កមពាហុ ឲ្យជ្រះថ្លាក្នុងព្រះធម៌ និងព្រះវិន័យ បានជម្រះគ្រឿងសៅហ្មងក្នុងព្រះពុទ្ធសាសនា ដោយបាន បណ្តេញពួកអធម្មវាទីចេញ ហើយលើកតម្កើងព្រះពុទ្ធសាសនា ។ ព្រះ រាជាអង្គនេះ បានរួបរួមព្រះភិក្ខុសង្ឃដែលបានបែកគ្នាតាំងពីរជ្ជសម័យនៃ ព្រះបាទវដ្តគាមណី ឲ្យរួបរួមគ្នាជាព្រះពុទ្ធសាសនាថេរវាទតែមួយ ហើយ ឲ្យពួកដែលទ្រុស្តសីលសឹកចេញ នឹងបំបួសពួកដែលជាអ្នកស្រឡាញ់ ចំពោះព្រះពុទ្ធសាសនា ឲ្យទៅជាព្រះភិក្ខុដ៏ពិតក្នុងព្រះពុទ្ធសាសនាថេរវាទ មិនឲ្យមាននិកាយដែលជាពួកវេតុលវាទទៀតឡើយ ។ ដូចក្នុងគម្ពីរមហាវង្ស១បញ្ជាក់ថា ៖ ព្រះបាទបរក្កមពាហុ ទ្រង់អើពើប្រាថ្នាការរុងរឿងនៃ ព្រះពុទ្ធសាសនា ទ្រង់ប្រាថ្នាឲ្យជាវត្ថុសំខាន់ក្នុងការ គ្រងរាជ្យ ។ ទ្រង់តិ្រះរិះថា ការចិញ្ចឹមបុត្រភរិយា ជាសីល របស់ព្រះសង្ឃ ក្នុងពួកសង្ឃ សីលដទៃមិនមាន ។ ទ្រង់ទុកព្រះរាជករណីយកិច្ចខ្លះ ហើយស្វែងរកពួកភិក្ខុ ដែលជាអ្នកមានសីលាចារវត្ត មានសតិបញ្ញា មិនត្រូវពឹង ទស្សនៈ និងបញ្ញារបស់អ្នកដទៃ ។ ខាងដើមទ្រង់ប្រាថ្នាសេចក្តីបរិសុទ្ធដល់ព្រះសាសនានិង សេចក្តីសាមគ្គីដល់ពួកភិក្ខុទាំង ៣ និកាយ ដើម្បីសេចក្តី រុងរឿងចម្រើននៃព្រះពុទ្ធសាសនា ។ ទ្រង់ប្រគេនធុរៈដល់ព្រះកស្សបមហាថេរ អ្នកឈ្លាសវាងវៃ ក្នុងព្រះត្រៃបិដក ដឹងដោយជុំវិញនូវព្រះវិន័យ ។ ជាអ្នករុង រុង ជាឯកក្នុងថេរវង្សសមានសាមគ្គី មានកិត្តិស័ព្ទ ដូចព្រះ បាទអសោក ប្រគេនធុរៈដល់ព្រះមោគ្គលិបុត្តតិស្សត្ថេរ ដូច្នោះឯង ។ ទ្រង់និមន្តព្រះញាណបាលត្ថេរ ព្រមទាំងសិស្សក្នុងក្រុង អនុរាធបុរៈ និងព្រះភិក្ខុក្នុងដែនដទៃ មកកាន់ក្រុង បុលត្ថិនគរ ។ ទ្រង់និមន្តព្រះមោគ្គល្លានត្ថេរ ព្រះនាគិន្ទ- បល្លិយត្ថេរ និងព្រះភិក្ខុក្នុងដែនរបស់ព្រះឧបយុវរាជ ។ ទ្រង់តែងតាំងព្រះនន្ទត្ថេរ ដ៏ប្រសើរ ជាតិសេលន្តរាយតនៈ ក្នុងដែនរោហណៈ ជាប្រធានព្រះភិក្ខុសង្ឃទាំង ៣ និកាយ ទ្រង់បានអារាធនាព្រះសង្ឃមហាវិហារឲ្យសាមគ្គីគ្នា ។ ពេល នោះ ភិក្ខុសង្ឃមិនមានសាមគ្គី ព្រោះមានពួកអលជ្ជីនៅ ច្របូកច្របល់ជាច្រើន ព្រោះបែកញែកអស់វេលាយូរហើយ។ ពួកភិក្ខុខ្លះប្រាថ្នាទៅប្រទេសដទៃ ពួកខ្លះចង់សឹក ពួកខ្លះ មិនត្រូវការអង្គុយក្នុងរោងវិនិច្ឆ័យ ។ តមកពួកភិក្ខុទាំងនោះ ផ្តើមជម្រះអធិករណ៍ដ៏ធំដែលរម្ងាប់ បានដោយលំបាក ប្រាកដដូចជាលើកភ្នំសិនេរុចេញទៅទី ដទៃ ។ ធម្មិករាជទ្រង់មានព្រះទ័យធ្ងន់មិនមានញាប់ញ័រ ទ្រង់មាន បំណងឲ្យព្រះភិក្ខុសាមគ្គីគ្នា ដែលជាកិច្ចដ៏លំបាក ។ ទ្រង់និមន្តព្រះមហាកស្សបៈជាប្រធានភិក្ខុ វិនិច្ឆ័យរម្ងាប់ អធិករណ៍ដែលកើតឡើង ទ្រង់មានបំណងឲ្យពួកភិក្ខុ ដែលទ្រទ្រង់ព្រះត្រៃបិដក មានសេចក្តីប្រព្រឹត្តអង់អាច ព្រមទទួលពាក្យវិនិច្ឆ័យ ។ ទ្រង់បំណងឲ្យភិក្ខុដែលប្រព្រឹត្តខុសល្មម ដែលអាចកែខៃ បាន ទ្រទ្រង់នៅក្នុងភាពបរិសុទ្ធ តាមគន្លងធម៌របស់ព្រះ ភិក្ខុក្នុងមហាវិហារ ដែលព្រមព្រៀងគ្នាគ្រប់អង្គ ។ ទ្រង់ឲ្យសឹកពួកទ្រុស្តសីល ហើយព្រះរាជទានតំណែង សំខាន់ដោយត្រិះរិះថា ពួកនេះ កុំបំផ្លាញសាសនា ព្រោះ ឃើញដល់លាភ ។ ប្រទានការសាងមហាវិហារដោយសេចក្តីព្យាយាមយ៉ាង ច្រើន ឲ្យព្រះភិក្ខុក្នុងអភយគិរីវិហារ និងពួកភិក្ខុក្នុងជេត- ពនវិហារ ដែលបានបែកគ្នាតាំងតែរជ្ជសម័យនៃព្រះបាទ អភយរាជ និងព្រះបាទមហាសេន ដែលសម្តែងវេតុល្លបិដក ជាដើម មិនមែនជាព្រះពុទ្ធវចនៈថា ជាព្រះពុទ្ធវចនៈ លះ បង់ការបដិបត្តិ ។ ឲ្យព្រះភិក្ខុទាំងនោះ សាមគ្គីជាមួយព្រះភិក្ខុក្នុងគណៈ មហាវិហារ អ្នកមានគុណជាខ្លឹម ដ៏បរិសុទ្ធដូចជាកែវ លើកញ្ចក់ ។ អលជ្ជីអ្នកប្រាសចាកសីលសារៈជាដើម មិនត្រេកអរបដិបត្តិ តាមពាក្យបង្រៀនក្នុងព្រះពុទ្ធសាសនា សូម្បីមានតេជៈព្រះ សង្ឃដ៏ធំ និងតេជានុភាពនៃព្រះរាជាអ្នកគ្រប់គ្រងមើល ។ ដូច្នោះ កាលធមិ្មករាជ និមន្តឲ្យព្រះភិក្ខុអ្នកដឹងព្រះវិន័យ ត្រួតពិនិត្យមើល ស្វែងរកឧបសម្ប័ទ សូម្បីតែមួយនាក់ជា បកតត្តៈ ក៏មិនមាន ។ ក៏និមន្តឲ្យប្តេជ្ញាជាសាមណេរ ឲ្យសឹកអ្នកទ្រុស្តសីល ហើយព្រះរាជទានតំណែងសំខាន់ ។ ទ្រង់មានការខ្វល់ខ្វាយយ៉ាងខ្លាំង ដើម្បីសាងសេចក្តីបរិសុទ្ធ និងសាមគ្គីដល់ព្រះភិក្ខុសង្ឃ បដិបត្តិដូចសម័យពុទ្ធកាល អស់កាលជាអង្វែង ។ ជារៀងរាល់ឆ្នាំ ទ្រង់និមន្តព្រះភិក្ខុសង្ឃ ជាគណៈយ៉ាងធំ ទៅគង្គាតដៈ និមន្តសម្រាក់ក្នុងសួន ទ្រង់និងអាមាត្យថ្វាយ ការឧបត្ថម្ភ ។

ព្រះពុទ្ធសាសនារីកក្នុងប្រទេសស្រីលង្ការីកចម្រើនយ៉ាងខ្លាំងក្នុងពុទ្ធសតវត្សរ៍ទី ១៧[កែប្រែ]

ព្រះពុទ្ធសាសនារីកក្នុងប្រទេសស្រីលង្ការីកចម្រើនយ៉ាងខ្លាំងក្នុងពុទ្ធសតវត្សរ៍ទី ១៧ ក្នុងពុទ្ធសតវត្សរ៍ទី ១៧ និងខាងដើមពុទ្ធសតវត្សរ៍ទី ១៨ នេះ ព្រះពុទ្ធសាសនាបានរីកចម្រើនរុងរឿងយ៉ាងខ្លាំង ក្រោមការឧបត្ថម្ភពីព្រះរាជាព្រះបាទបរក្កមពាហុ ក្រោមការដឹកនាំព្រះកស្សបត្ថេរ ។ មានមតិខ្លះបាន ពោលថា ព្រះកស្សបត្ថេរអង្គនេះបានរចនានូវគម្ពីរអភិធម្មត្ថសង្គហបុរាណ- ដីកាឡើង ដែលជាគូ្រអាចារ្យរបស់ព្រះសារីបុត្តត្ថេរ ។ ក្នុងពេលនោះ ព្រះបាទបរក្កមពាហុបានថ្វាយខ្លួន ជាអគ្គពុទ្ធសាសនូបត្ថមក៍ ទំនុកបម្រុងព្រះពុទ្ធសាសនា និមន្តព្រះសង្ឃចារគម្ពីរដីកាជាដើម ។ សម័យកាលនេះ គម្ពីរដីកាបានកើតឡើងជាច្រើន ដូចជាគម្ពីរសារត្ថទីបនីដីកា ផ្នែកព្រះ វិន័យជាដើម ។ ដូចព្រះសារីបុត្តត្ថេរ១ ជាអ្នកចារគម្ពីរសារត្ថទីបនីដីកានេះ បានពោលទុកក្នុងគន្ថារម្ភកថាថា ៖ មហាការុណិកំ ពុទ្ធំ ធម្មញ្ច វិមលំ វរំ; វន្ទេ អរិយសង្ឃញ្ច ទក្ខិណេយ្យំ និរង្គណំ។ ខ្ញុំ (ព្រះសារីបុត្តត្ថេរ) សូមនមស្ការនូវព្រះពុទ្ធជាម្ចាស់ ដែលទ្រង់ប្រកបដោយព្រះមហាករុណា នមស្ការនូវ ព្រះធម៌ ដែលប្រាសចាកមន្ទិលដ៏បរិសុទ្ធ និងព្រះ អរិយសង្ឃអ្នកគួរដល់ទក្ខិណា មិនមានកិលេស ។ ឧឡារបុញ្ញតេជេន កត្វា សត្តុវិមទ្ទនំ; បត្តរជ្ជាភិសេកេន សាសនុជ្ជោតនត្ថិនា។ និស្សាយ សីហឡិន្ទេន យំ បរក្កមពាហុនា; កត្វា និកាយសាមគ្គិំ សាសនំ សុវិសោធិតំ។ ព្រះបាទបរក្កមពាហុ ជាស្តេចនៃសីហឡៈ ទ្រង់ធ្វើការ ញាំញីនូវអរិរាជសត្រូវ សម្រេចហើយអភិសេកឡើង គ្រងរាជ្យសម្បត្តិ ដោយព្រះបរមតេជានុភាពនៃបុញ្ញាធិការ ដ៏ធំទ្រង់មានព្រះរាជបំណងប្រាថ្នាភាពរុងរឿងនៃព្រះសាសនាបានទ្រង់អាស្រ័យព្រះថេរៈអង្គណា ហើយទ្រង់បានធ្វើសាមគ្គីនៃនិកាយសង្ឃ ទ្រង់ជម្រះសាសនាឲ្យបរិសុទ្ធដោយល្អ ។ កស្សបំ តំ មហាថេរំ សង្ឃស្ស បរិណាយកំ; ទីបស្មិំ តម្ពបណ្ណិម្ហិ សាសនោទយការកំ។ បដិបត្តិបរាធីនំ សទារញ្ញនិវាសិនំ; បាកដំ គគនេ ចន្ទ- មណ្ឌលំ វិយ សាសនេ។ សង្ឃស្ស បិតរំ វន្ទេ វិនយេ សុវិសារទំ; យំ និស្សាយ វសន្តោហំ, វុទ្ធិប្បត្តោស្មិ សាសនេ។ ខ្ញុំសូមថ្វាយបង្គំព្រះមហាថេរនោះ មាននាមថា កស្សបៈ ជាសង្ឃបរិណាយក ធ្វើសេចក្តីរុងរឿងនៃសាសនាដល់ ភិក្ខុទាំងឡាយ អ្នកប្រាថ្នាការបដិបត្តិ ដែលអាស្រ័យនៅក្នុង ព្រៃគ្រប់កាលទាំងពួងក្នុងតម្ពបណ្ណិទ្វីប ជាសង្ឃបិតា ជំនាញ យ៉ាងល្អក្នុងព្រះវិន័យ ប្រាកដនៅក្នុងព្រះសាសនា ដូចដួង ព្រះចន្ទប្រាកដនៅក្នុងគគនម្ពរ ដូច្នោះ ។ អនុថេរំ មហាបុញ្ញំ សុមេធំ សុតិវិស្សុតំ; អវិខណ្ឌិតសីលាទិ- បរិសុទ្ធគុណោទយំ។ ពហុស្សុតំ សតិមន្តំ ទន្តំ សន្តំ សមាហិតំ; នមាមិ សិរសា ធីរំ គរុំ មេ គណវាចកំ។ អាគតាគមតក្កេសុ សទ្ទសត្ថនយញ្ញុសុ; យស្សន្តេវាសិភិក្ខូសុ សាសនំ សុប្បតិដ្ឋិតំ។ ខ្ញុំអាស្រ័យអនុថេរៈអង្គណា ជាអ្នកដល់សេចក្តីចម្រើនក្នុង ព្រះសាសនា ព្រះសាសនាតាំងនៅល្អហើយ ក្នុងពួកសង្ឃ ជាសិស្សរបស់ព្រះអនុថេរៈអង្គនោះ ជាអ្នកសុទ្ធតែមាន សេចក្តីនឹកគិតក្នុងព្រះបរិយត្តិធម៌ ដែលបានសិក្សាមកហើយ ជាអ្នកដឹងន័យនៃសទ្ទសាស្ត្រ ខ្ញុំសូមនមស្ការដោយត្បូងនូវ ព្រះអនុថេរៈអង្គនោះ អ្នកមានបញ្ញាច្រើន មាននាមថា ព្រះសុមេធៈ ជាអ្នកមានកិត្តិស័ព្ទល្បឺខ្ទរខ្ទាដែលជាទីតាំង នៃសេចក្តីល្អបរិសុទ្ធ មានសីលមិនដាច់ជាដើម ជាពហូស្សូត មានសតិ ជាអ្នកទូន្មានខ្លួន ជាអ្នកស្ងប់ មានចិត្តមាំទាំ ជា អ្នកប្រាជ្ញ ជាគណាចារ្យបង្រៀនបរិយត្តិដល់ពួកគណៈ ជាគ្រូរបស់ខ្ញុំ ។

ព្រះសារីបុត្រ ជាអ្នកដ៏ឆ្នើមក្នុងព្រះពុទ្ធសាសនាក្នុងសតវត្សរ៍ទី ១៧[កែប្រែ]

ព្រះសារីបុត្រ ជាអ្នកដ៏ឆ្នើមក្នុងព្រះពុទ្ធសាសនាក្នុងសតវត្សរ៍ទី ១៧ ព្រះសារីបុត្រអង្គនេះ ជាអដ្ឋកថាចារ្យផង ជាដីកាចារ្យផង បាននិមន្តរចនាគម្ពីរមាន ៖ ១-សារត្ថទីបនីដីកា ព្រះបាទបរក្កមពាហុ អារាធនាឲ្យរចនា ២-វិនយសង្គហដ្ឋកថា ព្រះបាទបរក្កមពាហុ អារាធនាឲ្យរចនា ៣-វិនយសង្គហដីកា ៤-អង្គុត្តរអភិនវដីកា មានឈ្មោះថា សារត្ថមញ្ជូសា ដោយព្រះ បាទបរក្កមពាហុ បានយាងទៅអារាធនាក្នុងកណ្តាលជំនុំសង្ឃសូមនិមន្ត រចនាដីកាអង្គុត្តរនិកាយនេះ ។ និងបានតែងគម្ពីរដែលជាភាសាសីហឡៈមាន វិសុទ្ធិបឋសង្គហៈ កម្មដ្ឋានសង្គហៈ មង្គលសុត្តដីកា និងគម្ពីរអភិធម្មត្ថសង្គហសន្នយៈ ។ មិន ត្រឹមតែរចនាគម្ពីរជាភាសាបាលី និងភាសាសីហឡៈទេ លោកនៅរចនា គម្ពីរវេយ្យាករណ៍សំស្ក្រឹតឈ្មោះ បញ្ចិកាលង្ការដីកា ដែលអធិប្បាយគម្ពីរ បញ្ចិការបស់អាចារ្យចន្ទ្រគោមិន ដែលតែងចាន្ទ្រវេយ្យាករណ៍ទៀតផង ។ ព្រះសារិបុត្តមហាថេរអង្គនេះ បានទទួលតំណែងជាសម្តេចព្រះសង្ឃរាជ ជាប្រធានគណៈសង្ឃក្នុងរជ្ជសម័យព្រះបាទបរក្កមពាហុទៀតផង ។

ព្រះមោគ្គល្លានាចារ្យក្នុងពុទ្ធសតវត្សរ៍ទី ១៧[កែប្រែ]

ព្រះមោគ្គល្លានាចារ្យ ក្នុងរជ្ជកាលនៃព្រះបាទបរក្កមពាហុនេះ មានព្រះថេរៈមួយអង្គបាន រចនាគម្ពីរវេយ្យាករណ៍មួយមានឈ្មោះថា មោគ្គល្លានព្យាករណ៍ ដែលអាង អាស្រ័យវេយ្យាករណ៍សំស្ក្រឹត ឈ្មោះចាន្ទ្រជាគោល និងអាងអាស្រ័យគម្ពីរ សំស្ក្រឹតដទៃជាច្រើន ។ គម្ពីរនេះមាន ៧ បរិច្ឆេទ ៦ ភាណវារៈ ។ ព្រះមោគ្គល្លានត្ថេរនេះ ជាជនជាតិស្រីលង្កា គង់នៅក្នុងវត្តថូបារាម ក្រុងអនុរាធបុរី ។ លោកជាគ្រូរបស់ព្រះសង្ឃរក្ខិតមហាសាមិ ដែលរចនាគម្ពីរសុពោធាលង្ការជាដើម ។ ក្រៅពីរចនាគម្ពីរមោគ្គល្លាននេះ លោកនៅ រចនាគម្ពីរមោគ្គល្លានព្យាករណដីកា ដែលមានឈ្មោះថា វុត្តិវិវរណបញ្ចិកា ដែលខៃពង្រីកគម្ពីរមោគ្គល្លានព្យាករណ៍ ។ ជាប់ទាក់ទងអ្នករចនាគម្ពីរ មោគ្គល្លាននិងដីកាជាមនុស្សតែម្នាក់ គម្ពីរនេះទើបបានទទួលការសរសើរ ពីអ្នកប្រាជ្ញវេយ្យាករណ៍ថា មានច្បាប់របៀបនិងពាក្យអធិប្បាយជាសមាន- ឆន្ទ មិនមានមតិជំទាស់ខ្លួនឯង ដូចកច្ចាយនព្យាករណ៍ ។

ព្រះសង្ឃរក្ខិតមហាសាមិ ក្នុងពុទ្ធសតវត្សរ៍ទី ១៨[កែប្រែ]

ព្រះសង្ឃរក្ខិតមហាសាមិ ក្នុងពុទ្ធសតវត្សរ៍ទី ១៨ ព្រះសង្ឃរក្ខិតមហាសាមិ ដែលជាអ្នកទទួលតំណែងសង្ឃរាជ បន្តពីព្រះសារីបុត្តត្ថេរ ដែលជាគ្រូ ក្នុងរជ្ជកាលនៃព្រះបាទវិជយពាហុទី ៣ ក្នុង ព.ស.១៧៨៧ ជាអ្នកជំនាញក្នុងព្រះបរិយត្តិធម៌ និងភាសាបាលី សំស្ក្រឹត មានព្រះជន្មវែងដល់ទៅ ៩០ ឆ្នាំ គង់នៅក្នុងវត្តឧទុម្ពរគិរិវិហារ គឺវត្តភ្នំល្វា ។ ព្រះមហាថេរអង្គនេះ បានរចនាគម្ពីរមាន ៖ ១.សុពោធាលង្ការ ២.សុពោធាលង្ការដីកា ៣.អត្ថព្យាខ្យា របស់សុពោធាលង្ការ (ច្បាប់ប្រែសីហឡៈ) ៤.វុត្តោទ័យ ៥.វុត្តោទយបុរាណដីកា ៦.មោគ្គល្លានបញ្ចិកាដីកា ៧.សម្ពន្ធចិន្តា ៨.សុសទ្ទសិទ្ធិ ៩.មូលសិក្ខាបុរាណដីកា ១០.ខុទ្ទកសិក្ខាអភិនវដីកា ព្រះសង្ឃរក្ខិតមហាសាមិ ពោលពាក្យនមស្ការចំពោះគ្រូរបស់លោក ក្នុងខាងចុងគម្ពីរនីមួយៗ ទើបធ្វើឲ្យយើងអាចដឹងបានថា គ្រូអ្នកបង្រៀន គម្ពីរឆ័ន្ទ បានដល់ ព្រះសីលត្ថេរ អ្នកតែងគម្ពីរធាតុមញ្ជូសា, គ្រូបង្រៀន ព្រះវិន័យ បានដល់ ព្រះសារីបុត្តត្ថេរ ដែលតែងគម្ពីរសារត្ថទីបនីដីកា និង អ្នកបង្រៀនវេយ្យាករណ៍ បានដល់ ព្រះមោគ្គល្លានត្ថេរ អ្នកតែងគម្ពីរដែល មានឈ្មោះថា មោគ្គល្លានព្យាករណ៍ ។

ព្រះសុមង្គលសាមិ ក្នុងពុទ្ធសតវត្សរ៍ទី ១៨[កែប្រែ]

ព្រះសុមង្គលសាមិ ក្នុងពុទ្ធសតវត្សរ៍ទី ១៨ ព្រះសុមង្គលសាមិ ជាជនជាតិស្រីលង្កា ជាសិស្សរបស់ព្រះសារីបុត្ត អ្នករចនាសារត្ថទីបនីដីកាដែរ ។ ព្រះថេរៈអង្គនេះបានបរិវត្តតម្រាប្រែនិង សេចក្តីអធិប្បាយគម្ពីរអភិធម្មត្ថសង្គហៈប្រែ ឈ្មោះថា អភិធម្មត្ថសង្គហវិត្ថារវណ្ណនា ដែលព្រះសារីបុត្តត្ថេរតែងទុកជាភាសាសីហឡៈ ឲ្យឈ្មោះ ថា អភិធម្មត្ថវិភាវិនីដីកា ដែលរចនាចប់ត្រឹមតែ ២៤ ថ្ងៃ ហើយរចនាមាន បែបផែនដ៏ល្អ ពីរោះងាយ ទើបជាតម្រាដីកាដែលសម្រាប់រៀនផ្នែកនៃព្រះអភិធម្មត្ថសង្គហៈរបស់គណៈថេរវាទរហូតមកដល់បច្ចុប្បន្ននេះ ។ មិនត្រឹមតែប៉ុណ្ណេះទេ លោកនៅរចនាគម្ពីរអភិធម្មាវតារដីកាទៀតផង ។

ព្រះធម្មកិត្តិ ក្នុងពុទ្ធសតវត្សរ៍ទី ១៨[កែប្រែ]

ព្រះធម្មកិត្តិ ក្នុងពុទ្ធសតវត្សរ៍ទី ១៨

ព្រះធម្មកិត្តិ ជាសិស្សរបស់ព្រះសារីបុត្តត្ថេរដែរ លោកបានរចនា នូវគម្ពីរទាឋាវង្ស រៀបរាប់ប្រវត្តិនៃព្រះទន្តធាតុរបស់សម្មាសម្ពុទ្ធ និងគម្ពីរពាលាវតារ ដើម្បីឲ្យអ្នកសិក្សាងាយទន្ទេញ ដោយមានលំដាប់សូត្រ ប្រហាក់ប្រហែលនឹងគម្ពីរបទរូបសិទ្ធិបករណ៍ ។ លោកកំណត់ឈ្មោះថា  ពាលាវតារ មានន័យថា គម្ពីរជាហេតុឲ្យយុវជនឆ្លងមហាសមុទ្រ ដែល ប្រៀបដូចគម្ពីរវេយ្យាករណ៍ ។ ព្រះធម្មកិត្តិត្ថេរអង្គនេះ នៅបានតែងគម្ពីរ មហាវង្សដែលរៀបរាប់ប្រវត្តិនៃព្រះពុទ្ធសាសនា និងព្រឹត្តិការណ៍នៃការកើតឡើង ក្នុងកោះស្រីលង្កា តាំងពីបរិច្ឆេទទី ៣៩ មកដល់រជ្ជកាលនៃ ព្រះបាទបរក្កមពាហុ ។

ព្រះពុទ្ធនាគៈ ក្នុងពុទ្ធសតវត្សរ៍ទី ១៨[កែប្រែ]

ព្រះពុទ្ធនាគៈ ក្នុងពុទ្ធសតវត្សរ៍ទី ១៨ ព្រះពុទ្ធនាគៈ ជាសិស្សរបស់ព្រះសារីបុត្តត្ថេរដែរ លោកបានរចនា នូវ កង្ខាវិតរណីអភិនវដីកា ឈ្មោះ វិនយត្ថមញ្ជូសា ។ ជាគម្ពីរខៃពន្យល់អធិប្បាយគម្ពីរកង្ខាវិតរណីរបស់ព្រះពុទ្ធឃោសាចារ្យ ។

ព្រះមោគ្គល្លានត្ថេរមួយអង្គទៀត ក្នុងពុទ្ធសតវត្សរ៍ទី ១៨[កែប្រែ]

ព្រះមោគ្គល្លានត្ថេរមួយអង្គទៀត ក្នុងពុទ្ធសតវត្សរ៍ទី ១៨ ក្នុងរជ្ជកាលនៃព្រះបាទបរក្កមពាហុនេះ មានព្រះថេរៈមួយអង្គទៀត មាននាមថា មោគ្គល្លានត្ថេរ ដែរ ជារាជបណ្ឌិត មានវត្តប្រតិបត្តិដ៏ល្អ មាន សតិបញ្ញាឈ្លាសវាងវៃ គង់នៅក្នុងវត្តជេតពន ដែលសាងដោយព្រះបាទ បរក្កមពាហុ ។ វត្តនេះតាំងនៅក្នុងក្រុងបុលត្ថិ បច្ចុប្បន្ននេះ ហៅថា ក្រុង បោលោន្នរុវៈ ប្រទេសស្រីលង្កា ។ លោកបានតែងគម្ពីរអភិធានប្បទីបិកា ដែលអាស្រ័យគម្ពីរសំស្ក្រឹតឈ្មោះថា អមរកោសៈ តែមិនបានន័យថា លោកបរិវត្តមកទាំងអស់ ព្រោះលោករចនាបានអាងអាស្រ័យន័យផ្សេងៗ ដែលមានក្នុងព្រះត្រៃបិដក អដ្ឋកថា និងដីកាជាគោល ។

ព្រះពុទ្ធរក្ខិតៈ ក្នុងពុទ្ធសតវត្សរ៍ទី ១៨[កែប្រែ]

ព្រះពុទ្ធរក្ខិតៈ ក្នុងពុទ្ធសតវត្សរ៍ទី ១៨ ក្នុងរជ្ជកាលនៃព្រះបាទបរក្កមពាហុនេះ មានព្រះថេរៈមួយអង្គនាម ថា ពុទ្ធរក្ខិតៈ លោកប្រសូតនៅក្នុងរោហណជនបទ កោះស្រីលង្កា ។ ខាងក្រោយមកគង់នៅ ចេតិយតម្ពៈ ។ លោកជាអ្នកប្រាជ្ញព្រះពុទ្ធសាសនាដ៏ ល្បីកិត្តិស័ព្ទព្រះនាមមួយអង្គ ជាគណាចារ្យបង្រៀនព្រះអភិធម្ម ដល់ពួក ព្រះភិក្ខុ ។ លោកបានតែងគម្ពីរជិនាលង្ការ និងជិនាលង្ការដីកា ជាវណ្ណកម្ម ភាសាបាលីប្រភេទគាថា ប្រព័ន្ធឡើងដើម្បីសម្តែងនូវគុណដ៏ធំនៃព្រះពុទ្ធជាអម្ចាស់ ផ្តើមតាំងពីការកសាងបារមី ៣០ ដែលបានទទួលការព្យាករណ៍ ពីព្រះពុទ្ធទីបង្ករ ក្នុងកំណើតជាសុមេធតាបស ការប្រសូតិ ការត្រាស់ដឹង ការប្រកាសសាសនា និងការបរិនិព្វាន ។ ដូចសេចក្តីបញ្ជាក់ក្នុងគម្ពីរជិនាលង្ការ១ថា ៖ សត្តរសសតេ វស្សេ គតេ លង្កាតលេ តទា រោហណេ សុចិវំសម្ហិ ជាតោ បត្ថដកិត្តិមា។ ពុទ្ធរក្ខិតនាមោ សោ ភិក្ខូនំ គណវាចកោ អភិធម្មនភេ វាយុ- វេគោវ មតិយាគតោ។ ញាណាសិនា តិតិក្ខេន ជិតមារពលំ ជិនំ ជិនាលង្ការនាមេន អលង្ការេនលង្ករិ។ ក្នុងគ្រានោះ កាលពុទ្ធសករាជកន្លងទៅ មួយពាន់ប្រាំពីររយ ឆ្នាំ ព្រះថេរៈអ្នកមាននាមថា ពុទ្ធរក្ខិតៈ ជាអ្នកមានកិត្តិស័ព្ទ ខ្ទរខ្ទារខ្ចរខ្ចាយ កើតឡើងក្នុងត្រកូលដ៏បរិសុទ្ធ ក្នុងរោហណ- ជនបទ ក្នុងលង្កាទ្វីប ជាអ្នកបង្រៀនពួកព្រះភិក្ខុ បរិបូណ៌ ដោយបញ្ញា ដូចកម្លាំងព្យុះក្នុងនភាល័យ គឺព្រះអភិធម្ម ។ ព្រះថេរៈអង្គនេះ បានតែងអលង្ការរបស់ព្រះជិនស្រីឈ្នះ មារ ដោយគ្រឿងប្រដាប់ឈ្មោះថា ជិនាលង្ការ ។