អ្នកប្រើប្រាស់:ឧបាសក ធម្មានន្ទ

ពីវិគីភីឌា

គម្ពីរអដ្ឋកថាអធិប្បាយព្រះពុទ្ធវចនៈ[កែប្រែ]

អដ្ឋកថាចែកជាពីរប្រភេទគឺ ៖ ១-ពុទ្ធសំវណ្ណិតអដ្ឋកថា គឺអដ្ឋកថាដែលព្រះពុទ្ធអង្គទ្រង់សម្តែងដោយព្រះអង្គឯង និយមហៅ អដ្ឋកថាប្រភេទនេះថា បកិណ្ណកទេសនា តមកខាងក្រោយព្រះសង្ឃសាវ័ក ទើបបានកាន់យកជាកថាមគ្គគឺក្នុងការអធិប្បាយត ៗ គ្នាមកមានការសង្គាយនាជាដើម ដូចមានគ្រឿងអាងក្នុងដីកាថា ៖ យទិបិ តត្ថ ភគវតា បវត្តិតា បកិណ្ណកទេសនា អដ្ឋកថា ១។ អដ្ឋកថាជាបកិណ្ណកទេសនា ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ សម្តែងក្នុងទីនោះ ៗ (ក្នុងក្រុងនោះ ស្រុកនោះ ) ។ ២-អនុពុទ្ធសំវណ្ណិតអដ្ឋកថា ឬ សាវកសំវណ្ណិតអដ្ឋកថា គឺ អដ្ឋកថាដែលព្រះសាវ័កទាំងឡាយ មានអគ្គសាវ័កជាដើម ជាអ្នកត្រាស់ដឹងតាម រហូតបាននាមថា “អនុពុទ្ធ” អធិប្បាយទុក ។ អដ្ឋកថានុ៎ះបែងចែកតាមកាលសម័យមាន ២ ប្រភេទគឺ ៖ -បោរាណាអដ្ឋកថា អដ្ឋកថាចាស់ -អភិនវអដ្ឋកថា អដ្ឋកថាថ្មី ។


   ១-បោរាណអដ្ឋកថា

ក-សំដៅដល់ ពុទ្ធសំវណ្ណិតអដ្ឋកថា ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គ ទ្រង់បានត្រាស់សម្តែងដោយព្រះអង្គផ្ទាល់ ដូចមានមកជាច្រើនក្នុង សុត្តន្ត-បិដក ដែលព្រះអង្គទ្រង់សម្តែងហើយពង្រីកសេចក្តីដោយខ្លួនព្រះអង្គឯង នេះហៅថា ពុទ្ធសំវណ្ណិតអដ្ឋកថា ។ ខាងក្រោយមកព្រះថេរៈទាំងឡាយ មានព្រះកច្ចាយនៈ ព្រះឧបាលិ ជាដើមជាអ្នកយល់ពុទ្ធបំណងនៃព្រះដ៏មានព្រះភាគ ក៏ពោលសេចក្តីនោះ ពង្រីកបន្ថែមឱ្យជាការងាយយល់ដល់កុលបុត្រទាំងឡាយ មានបទភាជនីយ ក្នុងវិនយបិដកជាដើម ឈ្មោះថា អនុពុទ្ធសំវណ្ណិតអដ្ឋកថា ។ ដូចនៅក្នុងវិនយសង្គហដ្ឋកថាបានពោលទុកថា ៖ ភគវតោ ហិ អធិប្បយំ ញត្វា ឧបាលិត្ថេរាទីហិ អដ្ឋកថា ឋបិតា ។ មែនពិតព្រះថេរៈទាំងឡាយមានព្រះឧបាលិត្ថេរជាដើម ជាអ្នកដឹងនូវសេចក្តីអធិប្បាយរបស់ព្រះដ៏មានព្រះភាគ បានតម្កល់នូវអដ្ឋកថាទុក ហើយ ។ អដ្ឋកថាក្នុងគម្ពីរបានពោលថា បានលើកឡើងកាន់សង្គាយនាទី ១ ពេលដែលព្រះមហាកស្សបៈជាប្រធាន បានចងក្រងនូវគម្ពីរព្រះត្រៃបិដក ឱ្យមានបែបផែនតាមលំដាប់លំដោយ មានផ្នែកខាងព្រះវិន័យ ព្រះសូត្រ ព្រះអភិធម្មនោះ ក៏មានការចងក្រងនូវអដ្ឋកថានោះដែរ អដ្ឋកថានោះ ហៅថា មហាអដ្ឋកថា ។ ក៏មហាអដ្ឋកថានោះ ជាអដ្ឋកថាដែលអធិប្បាយដោយភាសាមគធៈ ដែលព្រះសង្គីតិកាចារ្យធ្វើការសង្គាយនា មកដល់ ៣ ដងគឺ ១-កាលព្រះសម្មាសម្ពុទ្ធរំលត់ខន្ធចូលទៅកាន់និព្វាន បាន ៣ ខែ ព្រះបាទអជាសត្តុ ជាអ្នកឧបត្ថម្ភ ។ ២-កាល ព.ស. ១០០ ព្រះបាទកាឡាសោករាជ ជាអ្នកឧបត្ថម្ភ ។ ៣-កាល ព.ស. ២៣៤ (កន្លែងខ្លះថា ព.ស. ២១៨ ខ្លះថា ២៨៧ ) ព្រះបាទអសោកមហារាជ ជាអ្នកឧបត្ថម្ភ)។ ក្រោយមកព្រះមហាមហិន្ទត្ថេរៈ ជាឱរសព្រះបាទអសោកមហារាជ បាននាំអដ្ឋកថា ដូចពោលមកហើយអំពីជម្ពូទ្វីប មកផ្សព្វផ្សាយត្រង់កោះ សីហឡៈ ឬប្រទេសស្រីលង្កា ។ តមកខាងក្រោយព្រះមហាថេរៈជនជាតិ សីហឡៈបានប្រែអដ្ឋកថានោះពីភាសាមគធៈ ទៅភាសាសីហឡៈ ដើម្បីចៀសវាងការបន្លំលទ្ធិនិកាយដទៃ១ មានអភយគិរីជាដើម ។ តាមគម្ពីរមហាវំស២ ពង្សាវតារស្រីលង្កាបានបញ្ជាក់ថា ៖ នៅក្នុងប្រទេសស្រីលង្កាបានសង្គាយនាទី ៤ គឺ ព.ស.៤៥៥-៤៦៦ ព្រះថេរៈទាំងឡាយខ្លាចក្រែងព្រះព្រះពុទ្ធវចនៈមានការបាត់បង់ទៅ ទើបបានរៀបចំសង្គាយនាទី៤ ឡើង ដោយចារគម្ពីរព្រះត្រៃបិដកជាភាសាមគធៈ ហើយចារគម្ពីរអដ្ឋកថា ជាភាសាសីហឡៈ ។ ខាងក្រោយមកព្រះថេរៈក្នុងកោះសីហឡៈ ឃើញការលំបាកដល់ កុលបុត្រសីហឡៈ ទើបបានរចនានូវអដ្ឋកថា មហាបច្ចរី និង អដ្ឋកថា កុរុន្ទីឡើង ដើម្បីជាប្រយោជន៍ដល់កុលបុត្រសីហឡៈទាំងឡាយ ។ លុះ ព.ស.៩៥៦ មានព្រះថេរៈមួយអង្គព្រះនាម “ពុទ្ធឃោសាចារ្យ” បាននិមន្តមកពីជម្ពូទ្វីបគឺប្រទេសឥណ្ឌាមកប្រែមហាអដ្ឋកថា ដែលនៅជា ភាសាសីហឡៈ ឱ្យទៅជាភាសាមគធៈវិញ ។ អដ្ឋកថាទាំងនេះ មិនមែន ជាការរចនាដោយអត្តនោម័តិរបស់ព្រះពុទ្ធឃោសាចារ្យឡើយ ។ គ្រាន់តែ ព្រះពុទ្ធឃោសាចារ្យប្រែមកនិងលើករឿងសាធកៈខ្លះៗ ដែលកើតមានមុន ជំនាន់លោក និងក្នុងជំនាន់លោកប៉ុណ្ណោះ ។ ដូចព្រះពុទ្ធឃោសាចារ្យ ពោលទុកនៅក្នុងនិគមនកថារបស់លោក ក្នុងអដ្ឋកថាដែលលោករចនាមុនគេបង្អស់ គឺអដ្ឋកថាសមន្តប្បាសាទិកាថា១ ៖ កាមញ្ច បុព្វាចរិយាសភេហិ; ញាណម្ពុនិទ្ធោតមលាសវេហិ; វិសុទ្ធវិជ្ជាបដិសម្ភិទេហិ; សទ្ធម្មសំវណ្ណនកោវិទេហិ។ សល្លេខិយេ នោសុលភូបមេហិ; មហាវិហារស្ស ធជូបមេហិ; សំវណ្ណិតោយំ វិនយោ នយេហិ; ចិត្តេហិ សម្ពុទ្ធវរន្វយេហិ។ សំវណ្ណនា សីហឡទីបកេន; វាក្យេន ឯសា បន សង្ខតត្តា; ន កិញ្ចិ អត្ថំ អភិសម្ភុណាតិ; ទីបន្តរេ ភិក្ខុជនស្ស យស្មា។ តស្មា ឥមំ បាឡិនយានុរូបំ; សំវណ្ណនំ ទានិ សមារភិស្សំ; អជ្ឈេសនំ ពុទ្ធសិរិវ្ហយស្ស; ថេរស្ស សម្មា សមនុស្សរន្តោ។ សំវណ្ណនំ តញ្ច សមារភន្តោ; តស្សា មហាអដ្ឋកថំ សរីរំ; កត្វា មហាបច្ចរិយំ តថេវ; កុរុន្ទិនាមាទិសុ វិស្សុតាសុ។ វិនិច្ឆយោ អដ្ឋកថាសុ វុត្តោ; យោ យុត្តមត្ថំ អបរិច្ចជន្តោ; តតោបិ អន្តោគធថេរវាទំ; សំវណ្ណនំ សម្ម សមារភិស្សំ។ បុព្វាចារ្យអ្នកអង់អាចទាំងឡាយ មានមន្ទិល និង អាសវៈដែលជម្រះហើយដោយទឹកគឺញាណ ជាអ្នកបរិសុទ្ធិដោយវិជ្ជា និងបដិសម្ភិទាទាំងឡាយ ឈ្លាសក្នុងការពណ៌នាព្រះសទ្ធម្ម មិនមានអ្នកណាប្រៀបបាន ក្នុងភាពជាអ្នកដុះខាត់បានឡើយ ប្រៀបដូចទង់នៃមហាវិហារ បានពណ៌នានូវវិន័យនេះ ដោយន័យដ៏វិចិត្រ បណ្តោយតាមព្រះពុទ្ធដ៏ប្រសើរក៏ពិតមែន ក៏ប៉ុន្តែការពណ៌នានុ៎ះ មិនសម្រេចប្រយោជន៍អ្វីដល់ជនគឺភិក្ខុអ្នកនៅក្នុងកោះដទៃ ព្រោះការពណ៌នានោះ លោកពោលដោយភាសាអ្នកកោះសីហឡៈ ព្រោះហេតុនោះ ឥឡូវនេះកាលខ្ញុំ ពុទ្ធឃោសាចារ្យរឭកដល់ការអារាធនារបស់ព្រះថេរៈឈ្មោះ ព្រះពុទ្ធសិរី ដោយប្រពៃនឹងផ្តើមដោយល្អ នូវការពណ៌នាដ៏សមគួរតាមបាលីនេះ ។ ក៏លោកអាចារ្យបានពោលនូវសេចក្តីឯណាក្នុងមហាបច្ចរី និងក្នុងអដ្ឋកថាទាំងឡាយមានអដ្ឋកថា ឈ្មោះ កុរុន្ទី ជាដើម ដែលប្រាកដច្បាស់ដូច្នោះ កាលខ្ញុំផ្តើមការពណ៌នានោះ នឹងធ្វើមហាអដ្ឋកថា ឱ្យជាគោលធំនៃការពណ៌នានោះ មិនលះបង់សេចក្តីដ៏សមគួរ នឹងធ្វើថេរវាទឱ្យប្រព្រឹត្តទៅខាងក្នុងអំពីការវិនិច្ឆ័យនោះ ហើយនឹងផ្តើមដោយប្រពៃនៃការ ពណ៌នា ។ នៅក្នុងអដ្ឋកថានេះ ព្រះពុទ្ធឃោសាចារ្យបានេពាលដល់ ពាក្យថា មហាអដ្ឋកថា មហាបច្ចរី កុរុន្ទី និងថែមទាំងពោលថា ការរចនានូវអដ្ឋកថា របស់លោកគឺកាន់យកមហាអដ្ឋកថាជាធំក្នុងការរចនា និងមិនលះបង់នូវ អដ្ឋកថា ដែលព្រះថេរៈក្នុងសំណាក់មហាវិហារបានពោលឡើង និងអដ្ឋកថា មហាបច្ចរី និងកុរុន្ទី ដែលព្រះថេរៈជាលជ្ជីភិក្ខុពោលឡើងនោះដូចគ្នា ។ ក្នុងសមន្តប្បាសាទិកា ក៏ពោលដល់អដ្ឋកថាមួយប្រភេទទៀតដែរ គឺ អន្ធកដ្ឋកថា ដែលរចនាដោយភាសាតេលគូក្នុងដែនអន្ធកៈ ដែលព្រះពុទ្ធ-ឃោសាចារ្យបានរៀនរួចហើយ មុនមកកាន់ប្រទេសស្រីលង្កា ។ តែលោកលើកយកមកដើម្បីបញ្ជាក់ដល់គម្ពីរអដ្ឋកថានោះ មានការខុសភ្លាំងភ្លាត់ជាច្រើនអនេកពីសំណាក់មហាវិហារ ដែលជានិកាយថេរវាទវង្សរបស់ព្រះមហិន្ទត្ថេរ ។

	នៅក្នុងគម្ពីរព្រះពុទ្ធសាសនា បានសម្តែងពីការមករបស់អដ្ឋកថាដូច មានសាធកៈថា  ៖

សីហឡដ្ឋកថា សុទ្ធា មហិន្ទេន មតីមតា សង្គីតិត្តយមារុឡ្ហំ សម្មាសម្ពុទ្ធទេសិតំ សារីបុត្តាទិគីតំ ច កថាមគ្គំ សមេក្ខយិ កតា សីហឡភាសាយ សីហឡេសុ បវត្តតិ ។ ព្រះមហិន្ទត្ថេរជាអ្នកមានបញ្ញាបានប្រព័ន្ធ អដ្ឋកថាសីហឡៈ ដែលបរិសុទ្ធិដោយភាសាសីហឡៈ បានរួបរួមព្រះតម្រាស់ ព្រះសម្មាសម្ពុទ្ធដែលទ្រង់ត្រាស់សម្តែងនិងពុទ្ធមតញ្ញូ មានព្រះសារីបុត្រជាដើមពោលទុក ដែលជាអដ្ឋកថាបានធ្វើ ការសង្គាយនា ៣ ដង មានប្រាកដក្នុងលង្កាទ្វីប ។ ទីឃស្ស ទីឃសុត្តង្កិ- តស្ស និបុណ្ណស្ស អាគមវរស្ស ពុទ្ធានុពុទ្ធសំវណ្ណិ- តស្ស សទ្ធាវហគុណស្ស អត្ថប្បកាសនត្ថំ អដ្ឋកថាអាទិតោ វសីសតេហិ បញ្ចហិ យា សង្គីតិ អនុសង្គីតា ច បច្ឆាបិ ។ ព្រះអរហន្ត ៥០០ អង្គបានសង្គាយនាគម្ពីរអដ្ឋកថាជាដំបូង និងបន្ទាប់មកដើម្បីសម្តែងសេចក្តីទីឃនិកាយ ដ៏ប្រសើរ ដ៏ជ្រៅ ទើបកំណត់សេចក្តីទុកដោយសូត្រខ្នាតវែង ដែល ព្រះពុទ្ធជាម្ចាស់និងព្រះសាវ័កអធិប្បាយទុក មានគុណតម្លៃ ក្នុងកាលបណ្តុះសទ្ធាឱ្យកើតឡើង ។ សីហឡទីបំ បន អា- ភតាថ វសិនា មហាមហិន្ទេន ឋបិតា សីហឡភាសាយ ទីបវាសីនមត្ថាយ ។ ខាងក្រោយមកព្រះមហិន្ទត្ថេរនាំគម្ពីរអដ្ឋកថានោះមក កោះសីហឡៈ តមកបានរៀបរៀងជាភាសាសីហឡៈដើម្បី ប្រយោជន៍ដល់ជនជាតិសីហឡៈទាំងឡាយ ។ អបនេត្វាន តតោហំ សីហឡភាសំ មនោរមំ ភាសំ តន្តិនយានុច្ឆវិកំ អារោបេន្តោ វិគតទោសំ សមយំ អវិលោមេន្តោ ថេរានំ ថេរវំសប្បទិបានំ សុនិបុណវិនិច្ឆយានំ មហាវិហារេ និវាសិនំ ហិត្វា បុនប្បុនាគត- មត្ថំ អត្ថំ បកាសយិស្សាមិ។ ដូច្នោះខ្ញុំព្រះនាមពុទ្ធឃោសាចារ្យទើបប្រែភាសាសីហឡៈជា ភាសាមគធៈដ៏ពីរោះ ត្រឹមត្រូវតាមគោលភាសា ប្រាសចាក ទោសមិនឱ្យខុសចាកពីមតិរបស់ព្រះថេរៈ ក្នុងសំណាក់ មហាវិហារអ្នកមានវិនិច្ឆ័យដ៏ហ្មត់ចត់ ខ្ញុំនឹងកាត់សេចក្តីជាន់ គ្នាដដែល ៗ ចេញ ហើយសម្តែងសេចក្តី ដែលចាំបាច់ដើម្បី បាមោជ្ជៈដល់សាធុជន និងដើម្បីតាំងមាំយឺនយូរនៃព្រះសទ្ធម្ម ។ ក្នុងដីកា១បានបញ្ជាក់ទៀតថា ៖ សម្មាសម្ពុទ្ធេនេវ ហិ តិណ្ណម្បិ បិដកានំ អត្ថសំវណ្ណនាក្កមោ ភាសិតោ , យា បកិណ្ណកទេសនាតិ វុច្ចតិ ។ មែនពិតព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯងទ្រង់បានត្រាស់លំដាប់នៃ ការអធិប្បាយសេចក្តីក្នុងបិដកទាំង ៣ ដែលហៅថា បកិណ្ណកទេសនា ។ គម្ពីរអនុដីកានៃព្រះអភិធម្មថា បឋមសង្គីតិយំ យា អដ្ឋកថា សង្គីតាតិ វចនេន សា ភគវតោ ធរមានកាលេបិ អដ្ឋកថា សំវិជ្ជតិ ។ គម្ពីរអដ្ឋកថានោះមាននៅ សូម្បីក្នុងកាលដែលព្រះដ៏មានព្រះភាគ គង់ព្រះធរមាននៅម៉្លេះ ព្រោះពាក្យពេចន៍ (ក្នុងអដ្ឋកថា) ថា ព្រះសង្គីតិ- កាចារ្យ បានសង្គាយនាគម្ពីរអដ្ឋកថាណាក្នុងបឋមសង្គាយនា ។ នៅក្នុងអដ្ឋកថាសមន្តប្បាសាទិកាបានពោលដល់រឿងព្រះមហិន្ទត្ថេរថា ៖ អថ មហិន្ទត្ថេរោ ឧបសម្បន្នកាលតោ បភុតិ អត្តនោ ឧបជ្ឈាយស្សេវ សន្តិកេ ធម្មញ្ច វិនយញ្ច បរិយាបុណន្តោ ទ្វេបិ សង្គីតិយោ អារូឡ្ហំ តិបិដកសង្គហិតំ សាដ្ឋកថំ សព្វំ ថេរវាទំ។ គ្រានោះ ព្រះមហិន្ទត្ថេរចាប់តាំងពីឧបសម្បទាមក ក៌បានរៀនយក នូវធម៌ និងព្រះវិន័យ ក្នុងសំណាក់ព្រះឧបជ្ឈាយ៏របស់ខ្លួននោះឯងក៏បានរៀនយកនូវថេរវាទ គឺព្រះត្រៃបិដកទាំងអស់ ព្រមទាំងអដ្ឋកថា ដែល សង្គ្រោះដោយព្រះត្រៃបិដក ដែលបានឡើងកាន់សង្គាយនា សូម្បី ២ ដងមកហើយ ។ នេះជាសាធកៈមួយ ដែលព្រះពុទ្ធឃោសាចារ្យបានបញ្ជាក់អដ្ឋកថា នេះថា សង្គ្រោះចូលជាព្រះត្រៃបិដក ហើយក៏បានបញ្ជាក់ទៀតថា អដ្ឋកថានេះបានឡើងកាន់សង្គាយនាមកពីរដងរួចហើយ គឺបឋមសង្គាយនា មានព្រះមហាកស្សបៈជាប្រធាន និងទុតិយសង្គាយនាមានព្រះយសកា-កណ្ឌកបុត្តត្ថេរ និងព្រះសព្វកាមីជាដើមបានធ្វើសង្គាយនាមកហើយ ។ កាលនោះ ព្រះមហិន្ទត្ថេរក៏បានរៀនយកនូវព្រះត្រៃបិដក និងអដ្ឋកថានេះ ក្រោយមក ក៏បាននាំព្រះត្រៃបិដកនិងអដ្ឋកថាទាំងនេះ ចូលមកកាន់កោះលង្កាទ្វីប ។ កាលលើកយកគម្ពីរមកជាគ្រឿងអាងប៉ុណ្ណេះ គ្រាន់បានបញ្ជាក់ថា គម្ពីរអដ្ឋកថានោះ មិនមែនជាការរចនារបស់បុគ្គលណាមួយឡើយ ឬជាការរចនារបស់ព្រះពុទ្ធឃោសាចារ្យដោយអត្តនោម័តិនោះទេ សូមនាំគ្នាស្រាវជ្រាវពីប្រភពមករបស់អដ្ឋកថាទៀតមើល ។ ខ-សំដៅដល់ មហាអដ្ឋកថា ឬ មូលអដ្ឋកថា ឬនិយមហៅថា សីហឡអដ្ឋកថា ដែលបានប្រែទុកជាភាសាសីហឡៈជាខាងក្រោយ ។ អាចារ្យខ្លះ មិនបានដឹងពិតប្រាកដនូវប្រភពនៃការណ៍មករបស់អដ្ឋកថា ក៏បានពោលជំទាស់នូវអដ្ឋកថា ថាជាការរចនារបស់បុគ្គលណាម្នាក់ ឬពោលថា ជាអដ្ឋកថារបស់ព្រះពុទ្ធឃោសាចារ្យបានតែងដោយអត្តនោម័តិ ។

    ២-អភិនវអដ្ឋកថា

អដ្ឋកថាដែលព្រះពុទ្ធឃោសាចារ្យតែងទុកនឹងប្រែពី មហាអដ្ឋកថានិងមូលអដ្ឋកថា ដែលចារឹកទុកជាភាសាសីហឡៈ មានឈ្មោះថា អភិនវ-អដ្ឋកថា ។ អភិនវអដ្ឋកថាចែកជា ២ ភាសាគឺ ៖ ១-មគធអដ្ឋកថា គឺអដ្ឋកថាដែលតែងដោយភាសាមគធៈ បានដល់ ៖ ក-អដ្ឋកថា ដែលមានមកតាំងតែសម័យព្រះពុទ្ធអង្គទ្រង់ធរមាននៅ នឹងអដ្ឋកថា ដែលព្រះមហាមហិន្ទត្ថេរៈនាំមកកាន់ប្រទេសស្រីលង្កា ខាង ក្រោយសង្គាយនាទី៣ ។ ខ-អដ្ឋកថាដែលព្រះពុទ្ធឃោសាចារ្យ ព្រះពុទ្ធទត្តត្ថេរ ព្រះឧបសេនត្ថេរ ព្រះមហានាមត្ថេរ ព្រះធម្មបាលត្ថេរជាដើម ប្រែពីភាសាសីហឡៈទៅជា ភាសាមគធៈម្តងមួយ ៗ១ ។ ២-សីហឡអដ្ឋកថា គឺអដ្ឋកថាភាសាសីហឡៈ បានដល់ ៖ ក-មូលអដ្ឋកថា ដែលនាំមកអំពីជម្ពូទ្វីបដោយព្រះមហាមហិន្ទត្ថេរៈ ហើយព្រះមហាថេរៈជនជាតិស្រីលង្កាបានប្រែទុកជាភាសាសីហឡៈ ដើម្បី ចៀសវាងពីការបន្លំអំពីលទ្ធិនិកាយដទៃ និងដើម្បីស្រួលដល់ការសិក្សា របស់ជនជាតិសីហឡៈ ។ ខ-មហាអដ្ឋកថា សំដៅដល់អដ្ឋកថាចាស់ដែលព្រះពុទ្ធឃោសាចារ្យ កាន់ជាគោលបែបក្នុងការតែង អភិនវអដ្ឋកថា ។ គ-មហាបច្ចរីអដ្ឋកថា គឺអដ្ឋកថារចនាបន្ថែមទៀត ឃ-កុរុន្ទីអដ្ឋកថា អដ្ឋកថារចនាត្រង់កុរុន្ទីវល្លិវិហារ ង-អន្ធកអដ្ឋកថា អដ្ឋកថារចនាដោយភាសាតេលគូក្នុងដែនអន្ធកៈ។ ច-សង្ខេបអដ្ឋកថា អដ្ឋកថាដែលសង្ខេបមហាបច្ចរី អដ្ឋកថា ឆ-ចូឡបច្ចរីអដ្ឋកថា គឺសង្ខេបអដ្ឋកថានោះឯង ជ-អរិយអដ្ឋកថា អដ្ឋកថាដែលរចនាដោយភាសាអរិយៈ ឈ-បន្នវារៈ អដ្ឋកថាដែលប្រមូលសេចក្តីវិនិច្ឆិ័យអំពីមហាអដ្ឋកថា។ ក្នុងគម្ពីរអដ្ឋកថាទាំងនេះឈ្មោះគម្ពីរអដ្ឋកថាមហាបច្ចរី កុរុន្ទី អន្ធកៈ និងសង្ខេបៈជួបញយ ៗ ក្នុងអដ្ឋកថា សមន្តប្បាសាទិកា ដែលព្រះពុទ្ធ- ឃោសាចារ្យតែងឡើងនិងក្នុងដីកាព្រះវិន័យគឺ សារត្ថទីបនីដីកា វិមតិវិនោ-ទនីដីកា ។ តែគម្ពីរចូឡបច្ចរី អរិយៈ និងបន្នវារៈ មានជួបតែក្នុងគម្ពីរវជិរ-ពុទ្ធិដីកាប៉ុណ្ណោះ ។ ការពោលមកនេះត្រឹមតែសេចក្តីសង្ខេប ដែលបោរាណាចារ្យលោក បានសម្តែងទុកក្នុងគម្ពីរផ្សេងៗ ដែលល្មមនាំមកនូវប្រយោជន៍ក្នុងការស្រាវ ជ្រាវតាមសមគួរដល់អ្នកសិក្សាបានខ្លះ ។


 ១៦.២ គម្ពីរអដ្ឋកថាអធិប្បាយព្រះពុទ្ធវចនៈតាមលំដាប់នៃបាឋៈ

អដ្ឋកថាដែលអធិប្បាយព្រះបាលីតាមលំដាប់នៃបាឋៈ គឺអធិប្បាយ ព្រះបាលី ដែលព្រះធម្មសង្គាហកាចារ្យបានសង្គាយនាតាមលំដាប់នៃបាឋៈ ដូចអធិប្បាយបាឋៈក្នុងព្រះវិន័យតាមលំដាប់ក័ណ្ឌ តាមលំដាប់វគ្គ តាម លំដាប់សិក្ខាបទ តាំងពីដើមរហូតដល់ចប់ (អា. បា. ម. ចុ. ប. )។ អធិប្បាយបាឋៈក្នុងព្រះសូត្រតាមលំដាប់សូត្រ តាមលំដាប់និកាយ តាំងតែពីដើមរហូតចប់ (ទី. ម. សំ. អំ.ខុ.)។ អធិប្បាយបាឋៈក្នុងព្រះអភិធម្ម ក៏អធិប្បាយតាមលំដាប់បទ មាតិកា តាមលំដាប់បទនិទ្ទេស ( សំ. វិ. ធា. បុ.ក.យ.ប.) តាំងតែពីដើម រហូតចប់ អធិប្បាយយ៉ាងទូលំទូលាយដ៏ពិស្តារ ។ អដ្ឋកថាដែលអធិប្បាយព្រះបាលី តាមលំដាប់នៃបាឋៈ ដូចជាគម្ពីរសមន្តប្បាសាទិកា (អធិប្បាយព្រះវិន័យ) សុមង្គលវិលាសិនី (អធិប្បាយទីឃនិកាយ) ៘ រហូតចប់ព្រះសូត្រ ។ គម្ពីរបញ្ចប្បករណ៍ឈ្មោះ បរមត្ថទីបនី (អធិប្បាយព្រះអភិធម្ម ធាតុកថា បុគ្គលប្បញ្ញត្តិ កថាវត្ថុ យមកៈ បដ្ឋាន)។

១៦.៣ អធិប្បាយព្រះពុទ្ធវចនៈដោយសង្ខេប

អដ្ឋកថាអធិប្បាយព្រះបាលីដោយសង្ខេបនោះ ជាអដ្ឋកថាគម្ពីរក្បាលតូច ៗ ។ អធិប្បាយព្រះបាលីដោយសង្ខេប ចំពោះសេចក្តីសំខាន់រួបរួមទុក ក្នុងគម្ពីរជាមួយគ្នា អធិប្បាយប្រមូលសេចក្តីជាសារៈក្នុងបិដកទាំង ៣ ឬ ចំពោះក្នុងរឿងខ្លះៗ ។ អធិប្បាយប្រមូលបិដកទាំង ៣ ដូចជាគម្ពីរវិសុទ្ធិមគ្គ សង្ខេបចំណែកអដ្ឋកថាបិដកទាំង ៣ ទុកក្នុងគម្ពីរតែមួយ ។ ដោយអាស្រ័យបោរាណអដ្ឋកថា ព្រះពុទ្ធឃោសាចារ្យរួបរួមពាក្យអធិប្បាយវិនិច្ឆ័យ ផ្សេង ៗ អំពីបោរាណអដ្ឋកថាមករចនាទុកក្នុងវិសុទ្ធិមគ្គ សូម្បីបទពង្រីកបទវិនិច្ឆ័យ ឬសាធកៈផ្សេងៗ សុទ្ធតែនាំមកអំពីបោរាណអដ្ឋកថាទាំងនោះដែរ ។ ព្រះថេរៈមិនបានរចនាដោយអត្តនោម័តិ តែព្រះថេរៈរចនាដោយប្រែនិងរៀបរៀងអំពីបោរាណអដ្ឋកថា ដែលចារឹកទុកដោយភាសាសីហឡៈ តែលោកអ្នករចនាក៏បញ្ជាក់ថា គម្ពីរវិសុទ្ធិមគ្គ ជាគម្ពីរអដ្ឋកថា អធិប្បាយព្រះត្រៃបិដក ដូចដែលលោកពោលទុកក្នុងពាក្យនិគមនៃអដ្ឋកថានិកាយនីមួយ ៗ ថា គម្ពីរវិសុទ្ធិមគ្គជាអដ្ឋកថាដែលខ្ញុំរៀបរៀងដើម្បីអធិប្បាយព្រះបាលីក្នុងនិកាយទាំង ៤ មានសេចក្តីវែង ៥៨ ភាណវារៈ ដូច្នេះ កាលនឹងរួមភាណវារៈរបស់អដ្ឋកថា... នឹងត្រូវរួមភាណវារៈរបស់វិសុទ្ធិមគ្គចូលផង ដូចអដ្ឋកថាសុមង្គលវិលាសិនីបញ្ជាក់ថា ៖ មជ្ឈេ វិសុទ្ធិមគ្គោ ឯស ចតុន្នម្បិ អាគមានញ្ហិ ឋត្វា បកាសយិស្សតិ តត្ថ យថា ភាសិតំ អត្ថំ ឥច្ចេវ កតោ តស្មា តម្បិ គហេត្វាន សទ្ធិមេតាយ អដ្ឋកថាយ វិជានថ ទីឃាគមនិស្សិតំ អត្ថំ ។ សង្ខេបអដ្ឋកថាដែលអធិប្បាយចំពោះរឿង ដូចជាគម្ពីរកង្ខាវិតរណី អដ្ឋកថាអធិប្បាយព្រះវិន័យចំពោះសីលរបស់ភិក្ខុ និងភិក្ខុនីជាដើម ។ សង្ខេបអដ្ឋកថានុ៎ចែកជា ៣ ខ្សែ គឺ ៖ ១-សង្ខេបអដ្ឋកថាព្រះវិន័យគឺ -កង្ខាវិតរណីអដ្ឋកថា អធិប្បាយបាតិមោក្ខដោយសង្ខេប -វិនយសង្គហអដ្ឋកថា អធិប្បាយព្រះវិន័យដោយសង្ខេប -ខុទ្ទសិក្ខា អធិប្បាយព្រះវិន័យ ជាបទចងក្រង(គាថា) -មូលសិក្ខា អធិប្បាយព្រះវិន័យ ជាកម្រងកែវផ្សំចងក្រង -វិនយវិនិច្ឆ័យ អធិប្បាយព្រះវិន័យ ជាបទចងក្រង -ឧត្តរវិនិច្ឆ័យ អធិប្បាយព្រះវិន័យជាបទចងក្រង

២-សង្ខេបអដ្ឋកថាខ្សែព្រះសូត្រ គឺ

-វិសុទ្ធិមគ្គ អធិប្បាយបិដកទាំង ៣

៣-សង្ខេបអដ្ឋកថាខ្សែព្រះអភិធម្មគឺ

-អភិធម្មាវតារ អធិប្បាយអភិធម្មបិដកចងក្រង -អភិធម្មត្ថសង្គហៈ អធិប្បាយព្រះអភិធម្មបិដក ៧ បករណ៍ ដោយសង្ខេប ។ គម្ពីរនេះ រចនាព្រះអនុរុទ្ធាចារ្យ ជាជនជាតិឥណ្ឌាត្បូង កាលព្រះអនុរុទ្ធាចារ្យគង់នៅក្នុងវត្តមហាមេឃវ័ន ជិតសុវណ្ណមាលីចេតិយ បានតែងគម្ពីរនាមរូបបរិច្ឆេទ និងបានតែងគម្ពីរបរមត្ថវិនិច្ឆ័យ កាលគង់នៅក្នុងក្រុតញ្ជោ (Tanjore) ក្នុងដែនតម្ពៈអែបឥណ្ឌាត្បូងជាប់ជាយច្រាំងមហាសមុទ្រ ។ ខាងក្រោយមកបានតែងគម្ពីរអភិធម្មត្ថសង្គហៈ តាមការអារាធនានិមន្តពីឧបាសក ឈ្មោះ នម្បៈ ដែលបានពោលដល់វត្ត ឈ្មោះមូលសោម ដែលជាទីនៅរបស់អាចរិយវង្ស ។ តាមសេចក្តីសន្និដ្ឋាន ព្រះអនុរុទ្ធាចារ្យគួរមានជីវិតក្នុងសម័យរបស់ព្រះអានន្ទាចារ្យ ហើយជាសិស្សរបស់លោក ដែលជា អ្នករចនាមូលដីកាឡើង ។

គម្ពីរអដ្ឋកថាដែលព្រះពុទ្ធឃោសាចារ្យរចនា

ព្រះពុទ្ធឃោសាចារ្យបានបរិវត្តគម្ពីរដូចខាងក្រោមគឺ ៖ ១-វិសុទ្ធិមគ្គ អធិប្បាយព្រះត្រៃបិដកដោយសង្ខេប ២-សមន្តប្បាសាទិកាកែព្រះវិនយបិដក ៣-កង្ខាវិតរណី កែបាតិមោក្ខ ៤-សុមង្គលវិលាសិនី កែព្រះសុត្តន្តបិដក ទីឃនិកាយ ៥-បបញ្ចសូទនី កែព្រះសុត្តន្តបិដក មជ្ឈិមនិកាយ ៦-សារត្ថប្បកាសិនី កែព្រះសុត្តន្តបិដក សំយុត្តនិកាយ ៧-មនោរថបូរណី កែព្រះសុត្តន្តបិដក អង្គុត្តរនិកាយ ៨-បរមត្ថជោតិកា អដ្ឋកថា កែព្រះសុត្តន្តបិដក ខុទ្ទកបាឋៈ ៩-ធម្មបទអដ្ឋកថា កែព្រះសុត្តន្តបិដក ធម្មបទ ១០-បរមត្ថជោតិកា អដ្ឋកថា កែព្រះសុត្តន្តបិដកសុត្តនិបាត ១១-ជាតកអដ្ឋកថា កែព្រះសុត្តន្តបិដក ជាតក ១២-វិសុទ្ធជនវិលាសិនី អដ្ឋកថា កែព្រះសុត្តន្តបិដក អបទាន ថេរគាថា ថេរីគាថា ១៣-អដ្ឋសាលិនី កែព្រះអភិធម្មបិដក ធម្មសង្គណី ១៤-សម្មោហវិនោទនី កែព្រះអភិធម្មបិដក វិភង្គ ១៥-បញ្ចប្បករណ៍ ឈ្មោះ បរមត្ថទីបនី កែព្រះអភិធម្មបិដក ៥ បករណ៍ដ៏សេស ១៦-ញាណោទយៈ គម្ពីរដំបូងដែលលោកតែង ១៧-បរិត្តអដ្ឋកថា អធិប្បាយព្រះត្រៃបិដកច្បាប់សង្ខេប


គម្ពីរអដ្ឋកថាដែលព្រះពុទ្ធទត្តត្ថេររចនា

ព្រះពុទ្ធទត្តត្ថេរបានបរិវត្តគម្ពីរមាន ៖ ១-វិនយវិនិច្ឆយប្រមូលសេចក្តីវិនិច្ឆ័យឧភតោវិភង្គនិងខន្ធកៈ ២-ឧត្តរវិនិច្ឆយៈ ប្រមូលសេចក្តីវិនិច្ឆ័យជាប់ទាក់ទង ព្រះវិន័យអំពីបរិវារអដ្ឋកថា ៣-អភិធម្មាវតារ អធិប្បាយព្រះអភិធម្មបិដកដោយ សង្ខេប ៤-មធុរត្ថវិលាសិនី អដ្ឋកថា កែព្រះសុត្តន្តបិដក ពុទ្ធវំស ។ គម្ពីរអដ្ឋកថាដែលព្រះធម្មបាលត្ថេរៈរចនាគឺ ៖ ១-ឧទានអដ្ឋកថា ឈ្មោះ បរមត្ថទីបនី កែ ព្រះសុត្តន្តបិដក ឧទាន ២-ឥតិវុត្តកអដ្ឋកថា ឈ្មោះបរមត្ថទីបនី កែព្រះសុត្តន្តបិដក ឥតិវុត្តកៈ ៣-វិមានវត្ថុអដ្ឋកថា ឈ្មោះ បរមត្ថទីបនី កែសុត្តន្តបិដក វិមានវត្ថុ ៤-បេតវត្ថុ អដ្ឋកថា ឈ្មោះ បរមត្ថទីបនី កែសុត្តន្តបិដក បេតវត្ថុ ៥-ថេរគាថាអដ្ឋកថា ឈ្មោះ បរមត្ថទីបនី កែព្រះសុត្តន្តបិដក ថេរគាថា ៦-ថេរីគាថាអដ្ឋកថា ឈ្មោះ បរមត្ថទីបនី កែសុត្តន្តបិដក ថេរីគាថា ៧-ចរិយាបិដកអដ្ឋកថា ឈ្មោះ បរមត្ថទីបនី កែសុត្តន្តបិដក ចរិយាបិដក ៨-នេត្តិអដ្ឋកថា កែនេត្តិប្បករណ៍

គម្ពីរដែលព្រះថេរៈដទៃៗ ទៀតរចនាមាន៖

១-បដិសម្ភិទាមគ្គអដ្ឋកថា ឈ្មោះ សទ្ធម្មប្បកាសិនី កែសុត្តន្តបិដក

បដិសម្ភិទាមគ្គ  រចនាដោយព្រះមហានាមត្ថេរៈ  ។ 

២-មហានិទ្ទេសអដ្ឋកថា ឈ្មោះ សទ្ធម្មប្បជ្ជោតិកា រចនាដោយ មហានាមត្ថេរៈ កែសុត្តន្តបិដក មហានិទ្ទេស ។ ៣-ចូឡនិទ្ទេសអដ្ឋកថា ឈ្មោះ សទ្ធម្មប្បជ្ជោតិកា រចនាដោយឧបសេនត្ថេរៈកែសុត្តន្តបិដក ចូឡនិទ្ទេស ៤-វិនយសង្គហអដ្ឋកថា អធិប្បាយវិនយបិដកដោយប្រមូល រចនាដោយព្រះសារីបុត្តត្ថេរៈ ជនជាតិ ស្រីលង្កា ព.ស. ១៦០០ ៥-មូលសិក្ខាអដ្ឋកថា អធិប្បាយព្រះវិនយបិដក ដោយសង្ខេប រចនា ដោយព្រះមហាសាមី ជនជាតិស្រីលង្កា ៦-ខុទ្ទសិក្ខាអដ្ឋកថា អធិប្បាយព្រះវិនយបិដក ដោយសង្ខេប រចនាដោយព្រះសទ្ធម្មសិរិត្ថេរៈ ជនជាតិស្រីលង្កា ។ ៧-អភិធម្មត្ថសង្គហៈ អធិប្បាយអភិធម្មបិដក ដោយសង្ខេប រចនាដោយព្រះអនុរុទ្ធត្ថេរៈ ជនជាតិ ស្រីលង្កា ។ ៨-កង្ខាវិតរណីអដ្ឋកថាគណ្ឋិ តែងនៅប្រទេសភូមា ដោយព្រះ ថេរៈនាម ថា សទ្ធម្មនន្ទី ៩-កង្ខាវិតរណីអដ្ឋកថានិស្សយតែងនៅប្រទេសភូមាមានប្រាកដ មកតាំងតែសម័យបុក្កាម ជាគម្ពីរប្រែសព្ទ័ដោយភាសាភូមា ។ ១០-មង្គលត្ថទីបនី អដ្ឋកថាមង្គលសូត្រ រចនាដោយ ព្រះសិរីមង្គលាចារ្យ ជនជាតិលានណា ត្រង់ក្រុងឆៀងហ្មៃ ប្រទេសថៃ កាល ព.ស. ២០៦០ ។