កិត្តិព្រឹទ្ធបណ្ឌិត
កិត្តិព្រឹទ្ធបណ្ឌិតគឺជាគោរម្យងារដែលទើបបង្កើតក្នុងឆ្នាំ២០១៣ ដែលបានផ្ដល់ដល់បុគ្គលបីរូបរួមមានសម្ដេចចៅពញាចក្រីហេង-សំរិន សម្ដេចមហាធម្មពោធិសាលជា-ស៊ីម និងលោកជំទាវប៊ុន-រ៉ានី-ហ៊ុនសែន បច្ចុប្បន្នបានងារជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
ប្រវត្តិ
[កែប្រែ]ដើម្បីបង្ហាញនូវសេចក្តីកោតសរសើរ និងដឹងគុណចំពោះថ្នាក់ដឹកនាំជាតិ ដែលមានបុគ្គលភាពថ្លៃថ្នូរល្អប្រសើរ និងមានមគ្គុទេសក៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយសេចក្តីថ្កុំថ្កើង ល្បីល្បាញ ហើយស័ក្តិសមជាឥស្សរជនឆ្នើមជាន់ខ្ពស់របស់ជាតិ និងដើម្បីជាគំរូប្រពៃថ្លៃថ្លាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជា ប្រជារាស្ត្រទូទាំងប្រទេស ក្នុងការបណ្តុះនូវស្មារតី និងឆន្ទៈស្រឡាញ់ការពារទឹកដី និងសន្តិភាពឱ្យបានជាភិយ្យោភាពនោះ ក្រុមសមាជិកពេញសិទ្ធិ ឬ បណ្ឌិតសភាចារ្យ (Academician) បានសម្រេច និងឯកភាពស្នើថ្វាយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីទ្រង់ប្រោសប្រទាននូវគោរមងារដល់លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាកិត្តិព្រឹទ្ធបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ។
គោរមងារ «កិត្តិព្រឹទ្ធបណ្ឌិត (Kittipritthbindit)» ជាគោរមងារដ៏ឧត្តុង្គឧត្តម របស់រាជបណ្ឌិត្យសភាកម្ពុជា ។ គោរមងារនេះស្នើប្រគល់ជូនវរជនខ្មែរដែលមានគុណបំណាច់ និងស្នាដៃធំធេងចំពោះប្រទេសជាតិ ក្នុងការធ្វើឱ្យរស់ឡើងវិញ និងអភិវឌ្ឍនូវសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ ព្រមទាំងបានការទទួលស្គាល់ជាអន្តរជាតិលើវិស័យមនុស្សធម៌ និងសង្គមធម៌ទៀតផង ។ គោរមងារនេះត្រូវបានសម្រេចជ្រើសរើសដោយសមាជិកបណ្ឌិតសភាពេញសិទ្ធិ ឬបណ្ឌិតសភាចារ្យ (Academician) នៃរាជបណ្ឌិត្យសភាកម្ពុជាតាមការស្នើសុំរបស់ប្រធានរាជបណ្ឌិត្យសភា កម្ពុជា និងដោយមានការឯកភាពពាក្យពេចន៍ពីក្រុមប្រឹក្សាជាតិភាសាខ្មែរផងដែរ ព្រមទាំងត្រូវបានត្រាស់បង្គាប់ប្រគល់ជូនដោយព្រះមហាក្សត្រព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាទៀតផង ។
និរុត្តិសាស្ត្រ
[កែប្រែ]កិត្តិព្រឹទ្ធបណ្ឌិត បានផ្សំបង្កើតពីពាក្យ កិត្តិ + ព្រឹទ្ធ + បណ្ឌិត ៖
- កិត្តិ ជានាមសព្ទ មានន័យថា សេចក្តីរុងរឿងដ៏មហាប្រសើរ សេចក្តីថ្កុំថ្កើង ភាពល្បីល្បាញ ។
- ព្រឹទ្ធ ជាគុណនាម មានន័យថា ដែលមានភាពចាស់ទុំខាងផ្នែកវ័យ វឌ្ឍនាការខាងកិរិយាមារយាទ ឬ ខាងគំនិតដែលគិតវែងឆ្ងាយ ហើយប្រកបដោយគុណធម៌ ។
- បណ្ឌិត ជានាមសព្ទមានន័យថា អ្នកប្រាជ្ញ អ្នកមានប្រាជ្ញាឈ្លាសវៃ អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ អ្នកប្រព្រឹត្តអំពើសុចរិត យុត្តិធម៌ ដោយប្រកាន់ខ្ជាប់នូវគុណធម៌ ។
- សម្ដេចមហាធម្មពោធិសាលជា-ស៊ីម
- សម្ដេចចៅពញាចក្រីហេង-សំរិន
- សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី-ហ៊ុនសែន