Jump to content

កុម្មោបមសូត្រ

ពីវិគីភីឌា

កុម្មោបមសូត្រ ទី៣

[៣១៨] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា មានអណ្តើកសង្កល់មួយ ខ្វល់ខ្វាយរកចំណី តាមឆ្នេរស្ទឹង ក្នុងសាយណ្ហសម័យ ។ ម្នាលភិក្ខុទាំងឡាយ ឯសត្វចចក ក៏ខ្វល់ខ្វាយរកចំណី តាមឆ្នេរស្ទឹង ក្នុងសាយណ្ហសម័យដែរ ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកសង្កល់ បានឃើញចចក ខ្វល់ខ្វាយរកចំណី អំពីចម្ងាយ លុះឃើញហើយ ក៏ពន្លឹបនូវអវយវៈទាំងឡាយ មានក្បាល ជាគម្រប់ ៥ ចូលក្នុងស្នូករបស់ខ្លួន មានសេចក្តីខ្វល់ខ្វាយតិច ស្ងៀមសម្ងំនៅ ។ ម្នាលភិក្ខុទាំងឡាយ ឯចចកបានឃើញអណ្តើកសង្កល់ ខ្វល់ខ្វាយរកចំណី អំពីចម្ងាយ លុះឃើញហើយ ក៏ចូលទៅរកអណ្តើកសង្កល់ លុះចូលទៅដល់ហើយ ក៏ឈរនៅក្នុងទីចំពោះមុខអណ្តើកសង្កល់ ។ ចចកនោះ គិតថា កាលណាអណ្តើកសង្កល់នេះ លៀនអវយវៈទាំងឡាយ មានក្បាល ជាគម្រប់ ៥ អវយវៈណា ៗ ចេញមកក៏ដោយ អញនឹងខាំទាញអវយវៈនោះ មកស៊ីក្នុងទីនេះឯង ក្នុងកាលណោះ ។ ម្នាលភិក្ខុទាំងឡាយ កាលណាអណ្តើកសង្កល់ លៀនអវយវៈទាំងឡាយ មានក្បាលជាគម្រប់ ៥ អវយវៈណាៗ ចេញមក ។ គ្រានោះ ចចកមិនបាននូវឱកាស ក៏លាកចិត្ត គេចចេញអំពីអណ្តើកសង្កល់ទៅ ។

ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាប ដែលអ្នកទាំងឡាយ បណ្តោយឲ្យងើបឡើងបានរឿយៗហើយ រមែងគិតថា ធ្វើម្តេច អញនឹងបានចន្លោះ អំពីភ្នែករបស់ភិក្ខុទាំងឡាយនេះក្តី ។បេ។ គប្បីបានចន្លោះ អំពីអណ្តាតក្តី ។បេ។ គប្បីបានចន្លោះ អំពីចិត្តក្តី ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវមានទ្វាររក្សា ក្នុងឥន្រ្ទិយទាំងឡាយ ឃើញរូបដោយចក្ខុ កុំប្រកាន់យកនិមិត្ត កុំប្រកាន់យកអនុព្យព្ជានៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួមចក្ខុន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្រ្ទិយនោះ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ។ ឮសម្លេងដោយត្រចៀក ។ ធុំក្លិនដោយច្រមុះ ។ ជញ្ជាបរសដោយអណ្តាត ។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ ។ ដឹងច្បាស់ នូវធម៌ដោយចិត្ត កុំប្រកាន់យកនិមិត្ត កុំប្រកាន់យកអនុព្យព្ជានៈ អភិជ្ឈា និងទោសមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនោះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា អ្នកទាំងឡាយ ចូរប្រតិបត្តិ ដើម្បីសង្រួមមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយនោះ ដល់នូវការសង្រួម ក្នុងមនិន្រ្ទិយនោះ ។ ម្នាលភិក្ខុទាំងឡាយ កាលណាអ្នកទាំងឡាយ មានទ្វាររក្សាហើយ ក្នុងឥន្រ្ទិយទាំងឡាយ សម្រេចសម្រាន្តនៅ ។ កាលនោះ មារមានចិត្តបាប កាលបើមិនបានឱកាសនឹងលាកចិត្ត គេចចេញអំពីអ្នកទាំងឡាយទៅ ។ ដូចជាចចក លាកចិត្ត គេចចេញ អំពីអណ្តើក ដូច្នោះដែរ ។

[៣១៩] ភិក្ខុមិនអាស្រ័យនូវមនោវិតក្កៈ មិនបៀតបៀនបុគ្គលដទៃ បរិនិព្វានហើយ មិនតិះដៀលបុគ្គលណាមួយឡើយ ដូចជាអណ្តើកសង្កល់ លឹបនូវអវយវៈទាំងឡាយ ចូលក្នុងស្នូករបស់ខ្លួន ។

ចប់ សូត្រ ទី៣ ។

ឯកសារយោង

[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > សឡាយតនវគ្គ > សឡាយតនសំយុត្ត > ចតុត្ថបណ្ណាសក > អាសីវិសវគ្គ > កុម្មោបមសូត្រ (សៀវភៅ​ភាគ៣៥​ ទំព័រទី ៤០៥)

พระไตรปิฎก เล่มที่ ๑๘ > พระสุตตันตปิฎก เล่มที่ ๑๐ > สังยุตตนิกาย > สฬายตนวรรค > สฬายตนสังยุตต์ > ปัณณาสกะ ที่ ๔ > อาสีวิสวรรค > กุมมสูตร Archived 2020-11-25 at the វេយប៊ែខ ម៉ាស៊ីន.

Kumma Sutta: The Tortoise (SN 35.199)