Jump to content

កើត រិទ្ធ

ពីវិគីភីឌា

លោកឯកឧត្តម កើត រិទ្ធ ជាអ្នកជំនាញច្បាប់កម្ពុជា និងជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វ័យក្មេង ដែលទើបតែង តាំងនៅព្រឹកថ្ងៃទី៣០ ខែមីនា ២០២0។

ជីវប្រវត្តិ

[កែប្រែ]

ការអប់រំនៅកម្ពុជា និងបារាំង

[កែប្រែ]

ឯកឧត្ដម កើត រិទ្ធ អាយុ ៤១ឆ្នាំ កើត នៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ និងមានទីកន្លែង កំណើត​នៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់​ចាម ឯកឧត្ដមគឺជានិស្សិតដែលតស៊ូ​ព្យាយាម​សិក្សា ទោះបីជាជីវភាពគ្រួសារ​មិនសូវធូរធាក្តី គាត់នៅតែខិតខំជួយរបរគ្រួសារផង និង​ខំរៀនផង រហូតទទួលបានអាហាររូបករណ៍សិក្សា​ផ្នែក​ច្បាប់​នៅប្រទេសបារាំងនៅឆ្នាំ​១៩៩៩។ ឆ្នាំ ២០០០ ឯកឧត្ដមទទួលបានបរិញ្ញាបត្រ​នីតិឯក​ជន​ពីសាកលវិទ្យាល័យលីយ៉ុង២​ប្រទេសបារាំង ចំណែកឆ្នាំ ២០០១ ឯកឧត្ដមទទួល​បានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពី​សាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេសល្អ​ណាស់។ ឆ្នាំ ២០០២ ទទួលបានបរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្ត​នៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣​ប្រទេសបារាំងផងដែរ។

អាជីពជាសាស្រ្តាចារ្យផ្នែកច្បាប់

[កែប្រែ]

បន្ទាប់មកឯកឧត្ដមបានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ ដោយជាដំបូង​ឯកឧត្ដមបានធ្វើជាសាស្រ្តាចារ្យផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យា​សាស្រ្តសេដ្ឋកិច្ច ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ ចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ដើម្បីចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងមន្រ្តីរាជការ។ ឯកឧត្ដម កើត រឹទ្ធ ជាស្ថាបនិកក្នុងការបង្កើតនូវក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌមួយរូបក្នុងចំណោម​ថ្នាក់ដឹកនាំផ្សេងទៀតផងដែរនៃក្រសួងយុត្តិធម៌។ នៅក្នុងកំឡុងពេលនោះផងដែរ ឯកឧត្ដម កើត រិទ្ធ ក៏ជាបុគ្គលដែលបានចុះផ្សព្វផ្សាយច្បាប់ទាក់ទងនឹងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី​ព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តន៍ច្បាប់ តាមបណ្តាខេត្តផងដែរ។

ទាក់ទងនឹងការសិក្សាអប់រំ ក្នុងឆ្នាំ១៩៩៩ ទទួលបានបរិញ្ញាបត្រនីតិសាស្រ្តពី​មហាវិទ្យា​ល័យ​នីតិសាស្រ្ត និង​សេដ្ឋកិច្ច។ ឆ្នាំ ២០០០ ទទួលបានបរិញ្ញាបត្រនីតិ​ឯកជនពីសាកល​វិទ្យា​ល័យ​លីយ៉ុង២ប្រទេសបារាំង (និស្សិតអាហាររូបករណ៍)។ ឆ្នាំ ២០០១ ទទួលបានសញ្ញាបត្រ Maîtrise (ជាមួយនិទ្ទេសល្អណាស់) ផ្នែកច្បាប់នៃសាកលវិទ្យាល័យលីយ៉ុង២ប្រទេសបារាំង (និស្សិតអាហាររូបករណ៍)។ ឆ្នាំ ២០០២ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋនៅនៅសាកលវិទ្យាល័យលីយ៉ុង៣ប្រទេសបារាំង (និស្សិត​អាហា​រូបករណ៍)។

អាជីពនៅក្រសួងយុត្តិធម៌

[កែប្រែ]

ក្រៅពីការសិក្សា និងស្នាដៃជាច្រើន ឯកឧត្ដម កើត រិទ្ធ ក៏មានបទពិសោធន៍ការងារ​ជាច្រើនផងដែរ ក្នុងនោះ ចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ជាសាស្រ្តាចារ្យផ្នែក ច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ) នៅក្នុងកំឡុងពេលនោះឯកឧត្តមកើត រិទ្ធ ក៏បានចុះផ្សព្វផ្សាយច្បាប់​ទាក់​ទងនឹង​ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និង​មន្រ្តី​អនុវត្តន៍ច្បាប់ តាមបណ្តាខេត្ត។ ឆ្នាំ២០០៣-២០០៥ មន្រ្តីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡា។ ឆ្នាំ២០០៥-២០១២ មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ ឆ្នាំ២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឆ្នាំ២០០៨ ដល់បច្ចុបន្ន ជាសមាជិកគណៈ​កម្មការមូលបត្រកម្ពុជា។ ឆ្នាំ២០១២ ដល់បច្ចុប្បន្ន ជាសមាជិក ឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ច​ជាតិ។ ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិ​ធម៌។ ឆ្នាំ២០១៣ ដល់ ២០១៨ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ឆ្នាំ២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងនៅថ្ងៃទី ៣០ ខែមីនា ២០២០ ជារដ្ឋមន្រ្តីក្រសួង​យុត្តិធម៌៕[]

ស្នាដៃ

[កែប្រែ]

ជាមួយគ្នានេះដែរ សម្រាប់ស្នាដៃរបស់ឯកឧត្ដមជាសហនិពន្ធសៀវភៅ សេចក្តីផ្តើមនៃ​ច្បាប់កម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ ២០០៣ និង ២០០៥  ដែលជាសហនិពន្ធសៀវភៅ កំណត់​ពន្យល់លើសេចក្តីព្រាងក្រមព្រហ្មទណ្ឌទាក់ទងលើវិភាគទានលើការសិក្សាច្បាប់ព្រហ្មទណ្ឌ កម្ពុជា បោះពុម្ពឆ្នាំ ២០០៥។ និពន្ធអត្ថបទស្តីពីធាតុផ្សំនៃបទល្មើសរំលោភ និងការវិវត្តរបស់វា​នៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ ២០០៦ ក្នុងព្រឹត្តិបត្រនៃសាកលវិទ្យាល័យ​ភូមិន្ទនីតិ​សាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច និងក៏ជាសហនិពន្ធសៀវភៅ នីតិកម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ ២០១៦។

ឯកសារយោង

[កែប្រែ]
  1. ឯកឧត្តម កើត រិទ្ធ៖ ពីអតីតនិស្សិតឆ្នើមអាហាររូបករណ៍ផ្នែកច្បាប់នៅប្រទេសបារាំង និងជា​សាស្ត្រាចារ្យផ្នែកច្បាប់ជាង១០ឆ្នាំ ក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ុ, អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស; ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០