| (១) អក្ខរាដែលចារនារាត្រីស្ងាត់ |
ព្រោះមានវិបត្តហាស្ដីមិនចេញ |
| តឹងណែនឪរ៉ាឈឺផ្សាទោម្នេញ |
នេត្រារលីងរលោងឥតល្ហែ។ |
| (២) សោកស្ដាយអតីតកិត្យានុភាព |
ល្បីគ្មានគូប្រៀបកិត្តិនាមជាតិខ្មែរ |
| ពេលក្រោយប្តូរផ្លាស់ក្រឡាស់កែប្រែ |
ប្រជាលង់ហែក្នុងសមុទ្រកម្ម។ |
| (៣) យប់កាន់តែជ្រៅខ្ញុំនៅនិពន្ធ |
ជូនមហាជនរំលឹកចងចាំ |
| សំនេរវាចាអក្ខរាបណ្ដាំ |
សំរាប់ជាថ្នាំជំនួយស្មារតី។ |
| (៤) កើតមកមួយជាតិសល់ធាតុមួយចាន |
មិនគួរខកខានរៀបរាប់សេចក្ដី |
| ចំណេះដែលមានជូនញាតិប្រុសស្រី |
មិនទុកក្នុងដីជាមួយរូបកាយ។ |
| (៥) ពូជខ្មែរជាពូជប្រពៃកន្លង |
នគរចម្បងអស់ដែនទាំងឡាយ |
| ប្រជាសុខសាន្ដរស់នៅសប្បាយ |
ភោគទ្រព្យនាយអាយសំបូរឥតខ្វះ។ |
| (៦) សម្បត្តិមច្ឆាបឹងទន្លេសាប |
ពពួកសត្វស្លាបហោះហើរស្អេកស្កះ |
| ព្រឹក្សព្រៃធម្មជាតិជំរកល្អល្អះ |
ត្បូងពេជ្រដេរដាស់នៅបរបៃលិន។ |
| (៧) ថ្មធ្យូងរ៉ែប្រេងមានច្រើនសន្ធឹក |
វស្សាផ្ដល់ទឹកដកស្ទូងច្រូតកិន |
| ដីមានជីជាតិបើពូកែប៉ិន |
កុំនៅចាំសិនដុតជើងដុតដៃ។ |
| (៨) បន្លែបង្កាធ្វើច្បារដំណាំ |
រុក្ខជាតិដើមថ្នាំរួមផ្សំកែច្នៃ |
| ស្រាវជា្រវពេលយប់ធ្វើការពេលថ្ងៃ |
នាំក្ដីស្រម៉ៃក្លាយជាការពិត។ |
| (៩) ធនធានដែលបានរៀបរាប់អន្លើ |
ហាក់ដូចនៅស្ទើរបើតាមការគិត |
| ផ្ដល់ផលអនេកសំរាប់ញាតិមិត្ត |
នេះជាទឹកចិត្តរបស់ដូនតា។ |
| (១០) ដូចនេះក្នុងនាមអ្នកទទួលផល |
ដឹងគុណនឹកដល់អ្នកផ្ដល់សង្ខារ |
| ស្វែងយល់អោយច្បាស់ខ្មែរជានរណា |
ខិតខំរក្សាអភិវឌ្ឍកេរ្តិ៍។ |
| (១១) តាមការស្រាវជា្រវសិលាចារិក |
តែងប្រទះញឹកពាក្យពេជ្រថាក្មេរ |
| ដើមហេតុនៃពាក្យនោះគឺគេមេ |
មរតកឋិតថេរដែលមេផ្ដល់ជាក់។ |
| (១២) ប្រទេសយើងពិតមាតាធិប្បតេយ្យ |
ព្រោះហេតុអាស្រ័យមានស្រ្ដីម្នាក់ |
| គឺព្រះនាងនាគបារមីវង់ភក្រ្ដ័ |
គឺទ្រង់ជាអ្នកគ្រប់គ្រងដែនដី។ |
| (១៣) ហេតុនេះខ្មែរយើងសន្មត់ពាក្យមេ |
ជាពាក្យមុខគេគ្រប់ន័យសេចក្តី |
| មេដៃមេស្រុកមេទ័ពមេព្រៃ |
មេធាវីក្ដីមេលេខមេទឹក។ |
| (១៤) មេកាព្យមេថ្នាំមេជាមេរយ |
គឺស្ដែងបញ្ជាក់ថែមក្រើនរំលឹក |
| មរតកដូនតាមានច្រើនសន្ធឹក |
ទំាងនេះជាទឹកព្រះទ័យបព្វជន។ |
| (១៥) កុលបុត្រកុលធីតាថ្លាថ្លៃអើយ |
ចូរកុំព្រងើយតបស្នងសងគុណ |
| បង្កើនចំណេះរៀនលេខនព្វន្ដ |
ប្រែក្លាយជាជនប្រសើរឧត្ដម។ |
| និពន្ធដោយ រដ្ឋា ចាន់ថន |
| ១១ កញ្ញា ២០២០ |