Jump to content

ចាន់ សុវ៉េត

ពីវិគីភីឌា
ចាន់ សុវ៉េត
កើត១៩៦៣
ភូមិ​កណ្ដាល ឃុំ​ព្រៃរ៉ៃ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ប្រទេស​កម្ពុជា
ស្លាប់១០ ធ្នូ ២០១៤
ភ្នំពេញ
មូលហេតុនៃការស្លាប់
គាំង​បេះដូង
សញ្ជាតិខ្មែរ
ការអប់រំបរិញ្ញាបត្រ និង អនុបណ្ឌិត​ផ្នែក​ច្បាប់
អាជីពមន្ត្រី​ស៊ើប​អង្កេត
អង្គការសមាគម​អាដហុក
ត្រូវបានគេស្គាល់ថាសកម្មជន​សិទ្ធិ​មនុស្ស
ពន្ធភាពប៊ី សុភាព

ចាន់ សុវ៉េត (Chan Soveth) គឺ​ជា​មន្ត្រី​ស៊ើប​អង្កេត​មួយ​រូប​នៃ​សមាគមអាដហុក (ADHOC) ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ រហូត​ដល់​ឆ្នាំ​២០១៤ ។ លោក​បាន​ចាប់​កំណើត​នៅ​ក្នុង​ឆ្នាំ​រោង ឆ្នាំ​១៩៦៣ នៅ​​ភូមិ​កណ្ដាល ឃុំ​ព្រៃរ៉ៃ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ។ លោក ចាន់ សុវេត បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ពុធ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​វេលា​ម៉ោង ១៤ និង ៥៥ នាទី ក្នុង​អាយុ ៥១ ឆ្នាំ ។

ជីវិត និង ការ​សិក្សា

[កែប្រែ]

ជីវិត

[កែប្រែ]

ឪពុក​មាន​ឈ្មោះ និត ពាន (បាន​ស្លាប់​នៅ​សម័យ​ខ្មែរក្រហម) ម្ដាយ​មាន​ឈ្មោះ ចាន់ សារឿន បាន​ស្លាប់​នៅ​ឆ្នាំ​១៩៨០ ដោយ​សារ​ការ​ស្វិត​ដៃ​ជើង​ដោយ​ទារុណកម្ម​ពី​សម័យ​ខ្មែរក្រហម ។ ក្រោយ​ឪពុកម្ដាយ​របស់​លោក​បាន​លាចាក​ឋាន​ទៅ លោក​និង​បងប្អូន​បួន​នាក់​ទៀត​បាន​ទៅ​រស់នៅ​ជាមួយ​ម្ដាយ​មីង​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ និត ស៊ីម៉ន និង​ជាមួយ​ម្ដាយ​ធំ​ឈ្មោះ និត អឿន ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​ជា​បងប្អូន​បង្កើត​នឹង​ម្ដាយ​របស់​លោក ។ លោក ចាន់ សុវ៉េត មាន​បងប្អូន​ចំនួន ៥ នាក់ ហើយ​លោក​ជា​កូន​ទី​បី​នៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់ ។

ប្រវត្តិ​សិក្សា

[កែប្រែ]
  • ១៩៨០ - ១៩៨៥ ៖ ក្រោយ​សម័យ​ខ្មែរក្រហម លោក​បាន​ចូល​រៀន​នៅ​សាលា​បឋមសិក្សា​កម្ពុជៈបុត្រ ។
  • ១៩៨៥ - ១៩៨៨ ៖ រៀន​នៅ​សាលា​អនុវិទ្យាល័យ​បឹង​ត្របែក ។
  • ១៩៨៨ - ១៩៩០ ៖ លោក​បាន​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​វិទ្យាល័យ​បឹង​ត្របែក ។
  • ១៩៩៨ - ២០០១ ៖ លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ ហើយ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​មក​ទៀត លោក​ក៏​ទទួល​បាន​អនុបណ្ឌិត​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​មួយ ក្នុង​រាជធានី​ភ្នំពេញ ។

លោក ចាន់ សុវ៉េត ធ្លាប់​បាន​ទៅ​សិក្សា​ឯកទេស​សិទ្ធិមនុស្ស នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន (Chulalongkorn) ប្រទេស​ថៃ ។

សកម្មភាព​ការងារ

[កែប្រែ]

នៅ​ឆ្នាំ​១៩៩០ ក្រោយ​បញ្ចប់​ថ្នាក់​បាក់ឌុប លោក​បាន​សម្រេច​ចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ជាយ​ដែន​ជំរំខាវអ៊ីដាង ។ បន្ទាប់​មក​ទៀត​លោក​បាន​បម្រើ​ការងារ​ជា​ទាហាន​ផ្នែក​កាំភ្លើង​ធំ ប៉ុន្តែ​ក្រោយ​មក​គេ​បាន​ចាប់​លោក​ដាក់​គុក​ងងឹត​អស់​ពេល​ជិត​មួយ​ឆ្នាំ ដោយ​សារ​ការ​ចោទ​ប្រកាន់​ថា​លោក​ឲ្យ​កូន​ចៅ​យក​អាវុធ​ទៅ​លក់​ឲ្យជនជាតិ​ថៃ ។ មិន​យូរ​ប៉ុន្មាន មេ​បញ្ជាការ​ក៏​​បាន​ស្នើ​យក​លោក​ចេញ​ពី​ពន្ធនាគារ​វិញ ដោយ​សារ​ពុំ​មាន​អ្នក​ចេះ​បញ្ជា​កាំភ្លើង​ធំ​និង​គូស​ផែនទី ។ ដោយ​សារ​អស់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បំពេញ​ភារកិច្ច លោកបាន​សម្រេច​ចិត្ត​កុហក​មេ​បញ្ជាការ សុំ​មក​លេង​ស្រុក​កំណើត​មុន​ចូល​បម្រើ​ការងារ​វិញ ហើយ​បាន​រត់​ចោល​ជួរ​ដោយ​ពុំ​វិលត្រឡប់​ទៅ​វិញ​ឡើយ ។

លោក ចាន់ សុវ៉េត ធ្លាប់​បាន​បម្រើ​ការងារ​ជា​គ្រូ​បង្រៀន​នៅ​​សាលា​បង្រៀន​ឯកជន​សំពៅមាស នៅ​ឆ្នាំ​១៩៩៣ ដល់ ១៩៩៤ ។ ក្រៅ​ពី​នេះ​លោក​ក៏បាន​បម្រើ​ការងារ​ជាមួយ​អ៊ុនតាក់ (អាជ្ញាធរ​បណ្ដោះ​អាសន្ន​អង្គការ​សហប្រជាជាតិ) ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​ដែរ ។ លុះ​ក្រោយ​មក​នៅ​ឆ្នាំ ១៩៩៥ ទើប​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​សមាគមអាដហុក

ក្នុង​កំឡុង​ពេល​ការងារ​នៅ​សមាគម​ជាង ១៩ ឆ្នាំ​មក​នេះ ពោល​គឺ​មុន​ការ​ទទួល​មរណភាព លោក​បាន​ចូលរួម​ក្នុង​សកម្មភាព​ជាច្រើន ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​ទទួល​រង​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​រឿង​អយុត្តិធម៌​សង្គម ។ មជ្ឈដ្ឋាន​អង្គការ​ជាតិ​និង​អន្តរជាតិ បាន​ចាត់​ទុក​លោក​ជា​មនុស្ស​សំខាន់​ម្នាក់ ។ ដោយ​សារ​លោក​ជា​អ្នក​រិះគន់​បញ្ហា​នានា​នៅ​ក្នុង​សង្គម លោក​ក៏​មាន​ជាប់​ករណី​បណ្ដឹង​នានា​នៅ​ឯ​តុលាការ​ដែរ ហើយ​លោក ចាន់ សុវ៉េត បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​តុលាការ តែ​តុលាការ​មិន​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ឡើយ ។ []

អាពាហ៍ពិពាហ៍

[កែប្រែ]

លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី ប៊ី សុភាព ។ លោក ចាន់ សុវ៉េត មាន​កូន​ចំនួន​បី​នាក់​ក្នុង​បន្ទុក​គ្រួសារ ប្រុស​ពីរ និង​ស្រី​ម្នាក់ ។

មរណភាព

[កែប្រែ]

លោក​បានទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង ១៤ និង ៥៥ នាទី នៅ​គេហដ្ឋាន​របស់​លោក ដោយ​សារ​ជំងឺ​គាំង​បេះដូង ក្នុង​អាយុ ៥១ ឆ្នាំ។ លោក​មាន​គោល​បំណង ចង់​ឲ្យ​កូន​ប្រុស​ច្បង​របស់​លោក​ដែល​ទើប​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ បាន​ចូល​បម្រើ​ការងារ​នៅ​សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍[]

  1. ជីវប្រវត្តិ​សង្ខេប​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​លោក ចាន់ សុវ៉េត Archived 2015-11-13 at the វេយប៊ែខ ម៉ាស៊ីន., វិទ្យុ​អាស៊ីសេរី
  2. ​មុ​ន​​ស្លា​ប់​ លោ​​ក​​ ​ចាន់ សាវ៉េត​​ ចង់​​​ឲ្យ​​​​កូ​ន​​ប្រុ​ស​​​ក្លា​យ​​ជា​​​អ្ន​ក​​កា​​សែ​ត​​​ភ្នំ​ពេ​​ញ​​​ប៉ុ​ស្តិ៍, គេហទំព័រ​ថ្មីៗ