ជនជាតិជ្វីហ្វ
ជួរទី១: អាល់បឺត អែងស្តែង · ស្ស៊លអ៊ែម អេឡេយស្ស៊ឹម · ម៉ាក្ស ឆាហ្គល · អ៊ែមី ណូទ័រ ជួរទី២: មេនម៉ូណាយ្ស · បារើហ្ស ស្ពែនីអូហ្សា · ណាតាលី ផត្តមិន · ហ្វ្រេង្ស កាហ្កា | |||||||||
ចំនួនប្រជាជនសរុប | |||||||||
---|---|---|---|---|---|---|---|---|---|
13,746,100 |
កាលណាគេនិយាយពីអរិយធម៌នៃតំបន់មេឌីទែរ៉ាណេសម័យបុរាណ គេមិនអាចមិននិយាយបានទេ អំពីប្រវត្តិរបស់ជនជាតិតូចមួយ ក៏ប៉ុន្តែ ដែលមានឥទ្ធិពលខ្លាំង នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ជាពិសេស ឥទ្ធិពលខាងមនោគមន៍វិជ្ជាសាសនា។ នោះគឺ ជនជាតិជ្វីហ្វ។ ការស្វែងយល់អំពីជនជាតិជ្វីហ្វសម័យបុរាណក៏ជាមូលដ្ឋានដ៏សំខាន់ដែរ ដើម្បីយល់ពីជម្លោះនៅដើមបូព៌ានាពេលបច្ចុប្បន្ននេះ។
ជនជាតិជ្វីហ្វសម័យបុរាណនោះ ថ្វីដ្បិតតែរស់នៅក្បែរឆ្នេរសមុទ្រ ក្នុងតំបន់មេឌីទែរ៉ាណេ ក៏ប៉ុន្តែ មិនមែនជាអ្នកជំនាញខាងដើរសមុទ្រ ដូចអរិយធម៌មេឌីទែរ៉ាណេផ្សេងទៀត ដូចជា ក្រិក កោះក្រែត និងហ្វេនីស៊ីនោះទេ។ ជនជាតិជ្វីហ្វសម័យដើម គឺជាជាជនជាតិដែលរស់នៅតាមបែបកុលសម្ព័ន្ធនៃមនុស្សសម័យបុរេប្រវត្តិ ដោយផ្លាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ នៅចន្លោះប្រទេសអេហ្ស៊ីប និងមេសូប៉ូតាមី។
ប្រវត្តិនៃប្រជាជាតិជ្វីហ្វបានចាប់ផ្តើមឡើង កាលពីជាង ៣ពាន់ឆ្នាំមុន នៅពេលដែលជនជាតិជ្វីហ្វភៀសខ្លួនចេញពីភាពជាទាសករនៅអេហ្ស៊ីប ហើយធ្វើដំណើរកាត់តាមវាលរហោស្ថាន ឆ្ពោះទៅកាន់ទឹកដីកាណាន (អ៊ីស្រាអែល និងប៉ាឡេស្ទីនបច្ចុប្បន្ន)។ ដំណើររឿង ដែលត្រូវបានរ៉ាយរ៉ាបយ៉ាងក្បោះក្បាយ នៅក្នុងគម្ពីរតូរ៉ា (Torah) របស់ពួកជ្វីហ្វ និងនៅក្នុងសញ្ញាចាស់នៃគម្ពីរប៊ីបរបស់គ្រឹស្តសាសនា។ ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្ត និងអ្នកបុរាណវិទ្យានៅតែមិនទាន់មានការឯកភាពគ្នានៅឡើយ ជុំវិញដំណើររឿងនេះ។
នៅក្នុងទឹកដីកាណាន ជនជាតិជ្វីហ្វ (ឬហេព្រើ) បានចាប់របរកសិកម្ម បង្កើតជារដ្ឋ រួចហើយបានសាងសង់បុរីជាទីសក្ការៈមួយ គឺទីក្រុងយេរូសាឡឹម។ នៅខាងត្បូងទីតាំងដែលជនជាតិជ្វីហ្វរស់នៅ មានជនជាតិមួយទៀត ដែលជាសត្រូវរបស់ពួកជ្វីហ្វ គឺជនជាតិហ្វ៊ីលីស្ទីន។
ក្រុងយេរូសាឡឹមរបស់ពួកជ្វីហ្វត្រូវបានពួកបាប៊ីឡូនកម្ទេចចោល នៅឆ្នាំ៥៨៨មុនគ.ស ហើយជនជាតិជ្វីហ្វទាំងអស់ត្រូវបានគេជម្លៀសចេញពីទឹកដីកំណើត យកទៅបាប៊ីឡូន រហូតក្រោយពេលដែលអាណាចក្រពែរស៍វាយដណ្តើមកាន់កាប់បាប៊ីឡូន ទើបអធិរាជពែរស៍អនុញ្ញាតឲ្យជនជាតិជ្វីហ្វវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។
ក៏ប៉ុន្តែ នៅឆ្នាំ៦៣មុនគ.ស ទឹកដីអ៊ីស្រាអែល ក៏ដូចជាទឹកដីភាគច្រើនផ្សេងទៀត នៅក្នុងតំបន់ ត្រូវបានអាណាចក្ររ៉ូមចូលកាន់កាប់ត្រួតត្រា។ ជនជាតិជ្វីហ្វមិនសុខចិត្តទ្រាំរស់នៅក្រោមការត្រួតត្រារបស់អាណាចក្ររ៉ូម ក៏បាននាំគ្នាងើបឡើងបង្កើតជាចលនាបះបោរនឹងអាជ្ញាធរនៃអាណានិគមរ៉ូម។ ក៏ប៉ុន្តែ ចលនាបះបោរនេះត្រូវបានទាហានរ៉ូមវាយបំបាក់។ ក្រុងយេរូសាឡឹមត្រូវបានវាយកម្ទេចចោល។ ជនជាតិជ្វីហ្វទាំងអស់ត្រូវបានបណ្តេញចេញពីទឹកដីកំណើតសាជាថ្មីម្តងទៀត ហើយដែនដីអ៊ីស្រាអែលទាំងមូលត្រូវបានអាណាចក្ររ៉ូមប្តូរឈ្មោះទៅជាដែនដីប៉ាឡេស្ទីនវិញ។ ការដែលអាណាចក្ររ៉ូមប្តូរឈ្មោះដែនដីអ៊ីស្រាអែលទៅជាប៉ាឡេស្ទីននេះ ទំនងជាមានបំណងចង់ដាក់ទោសដល់ជនជាតិជ្វីហ្វ ដោយសារតែ “ប៉ាឡេស្ទីន” គឺជាឈ្មោះក្លាយពី “ហ្វ៊ីលីស្ទីន” ដែលជាជនជាតិរស់នៅខាងត្បូងជាប់នឹងទឹកដីអ៊ីស្រាអែល ហើយជាសត្រូវចាស់ឆ្នាំរបស់ពួកជ្វីហ្វ។
ចាប់តាំងពីត្រូវបានបណ្តេញចេញដោយអាណាចក្ររ៉ូម កាលពីជាង ២ពាន់ឆ្នាំមុន ជនជាតិជ្វីហ្វត្រូវបែកខ្ចាត់ខ្ចាយទៅរស់នៅជាសហគមន៍ជនជាតិជ្វីហ្វនៅបរទេស ហើយលែងអាចវិលត្រឡប់ទៅកាន់ទឹកដីកំណើត បង្កើតជាប្រទេសជាតិវិញជារៀងរហូត។ នៅក្នុងអំឡុងពេលនោះ អស់រយៈពេលប្រមាណជា ២ពាន់ឆ្នាំ ទឹកដីអ៊ីស្រាអែល (ដែលប្តូរឈ្មោះទៅជាប៉ាឡេស្ទីន) លែងស្គាល់ឯករាជ្យ ដោយត្រូវមហាអំណាចប្តូរដៃគ្នាគ្រប់គ្រងពីមួយទៅមួយ ក្នុងនោះភាគច្រើនគឺក្រោមការកាន់កាប់របស់មហាអំណាចកាន់សាសនាអ៊ីស្លាម។ ចុងក្រោយ នៅដើមសតវត្សរ៍ទី២០ ទឹកដីប៉ាឡេស្ទីននេះ ត្រូវស្ថិតក្រោមអាណាព្យាបាលរបស់ចក្រភពអង់គ្លេស។
រហូតដល់ក្រោយសង្រ្គាមលោកលើកទី២ សហគមន៍ជ្វីហ្វនៅបរទេសបាននាំគ្នាវិលត្រឡប់ទៅទឹកដីកំណើតវិញ ហើយនៅឆ្នាំ១៩៤៧ ក្រោយពីអង់គ្លេសបានសម្រេចបញ្ចប់អាណាព្យាបាលលើដែនដីប៉ាឡេស្ទីន មហាសន្និបាតអ.ស.បបានចេញសេចក្តីសម្រេច បែងចែកដែនដីប៉ាឡេស្ទីនជារដ្ឋឯករាជ្យពីរ គឺរដ្ឋមួយសម្រាប់ជនជាតិអារ៉ាប់ប៉ាឡេស្ទីន និងរដ្ឋមួយទៀត សម្រាប់ជនជាតិជ្វីហ្វ។
សេចក្តីសម្រេចបែងចែកទឹកដីប៉ាឡេស្ទីននេះ ត្រូវបានអនុម័តដោយសំឡេងភាគច្រើន ២ភាគ៣ ប៉ុន្តែ គ្រប់ប្រទេសអារ៉ាប់ទាំងអស់ សុទ្ធតែបោះឆ្នោតប្រឆាំង ដោយពួកគេជំទាស់មិនចង់ឲ្យបង្កើតរដ្ឋសម្រាប់ពួកជ្វីហ្វ ដែលគេចាត់ទុកថាជាជនបរទេសរស់នៅក្នុងទឹកដីប៉ាឡេស្ទីន ពីព្រោះថា នៅពេលនោះ នៅក្នុងទឹកដីប៉ាឡេស្ទីន មានជនជាតិជ្វីហ្វរស់នៅតែប្រមាណជា ៣៧%ប៉ុណ្ណោះ។
ផ្ទុយពីជនជាតិអារ៉ាប់ សហគមន៍ជនជាតិជ្វីហ្វវិញបាននាំគ្នាអបអរសាទរចំពោះសេចក្តីសម្រេចបែងចែកទឹកដីប៉ាឡេស្ទីននេះ ហើយនៅខែឧសភា ឆ្នាំ១៩៤៨ ពួកជ្វីហ្វនៅប៉ាឡេស្ទីនក៏បានប្រកាសបង្កើតរដ្ឋឯករាជ្យជាផ្លូវការ ដោយដាក់ឈ្មោះថា “រដ្ឋអ៊ីស្រាអែល”។ មួយថ្ងៃក្រោយអ៊ីស្រាអែលប្រកាសបង្កើតរដ្ឋឯករាជ្យ កងទ័ពមកពីបណ្តាប្រទេសអារ៉ាប់នៅក្នុងតំបន់ រួមមាន លីបង់ ស៊ីរី ហ្សកដានី អ៊ីរ៉ាក់ អេហ្ស៊ីប រួមជាមួយកងកម្លាំងប្រដាប់អាវុធអារ៉ាប់ប៉ាឡេស្ទីន ក៏បានបើកការវាយប្រហារលើរដ្ឋអ៊ីស្រាអែល ដែលទើបនឹងបង្កើតថ្មីនេះ។
សង្រ្គាមនេះត្រូវបានគេឲ្យឈ្មោះថា “សង្រ្គាមឯករាជ្យ” ហើយវាជាសង្រ្គាមមួយ ក្នុងចំណោមសង្រ្គាមធំៗទាំង ៤ រវាងអ៊ីស្រាអែល និងអារ៉ាប់។ ថ្វីដ្បិតតែមានចំនួនទ័ពតិចជាងគូសត្រូវ អ៊ីស្រាអែលតែងតែយកឈ្នះលើប្រទេសអារ៉ាប់ នៅគ្រប់សង្រ្គាមទាំងអស់នេះ ហើយនៅរៀងរាល់លើកដែលអ៊ីស្រាអែលឈ្នះសង្រ្គាម អ៊ីស្រាអែលបានដណ្តើមកាន់កាប់ដែនដីមួយផ្នែករបស់គូសត្រូវ។ ចាប់ពីពេលនោះមក គឺដល់វេនអ៊ីស្រាអែលម្តង ដែលច្រានចោលដំណោះស្រាយស្នើឡើងដោយអ.ស.ប ដែលជាហេតុធ្វើឲ្យជម្លោះនៅដើមបូព៌ាត្រូវអូសបន្លាយពេលរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
នៅមុនសម័យកាលជ្វីហ្វ គ្រប់សាសនាទាំងអស់ នៅទូទាំងពិភពលោក គឺជាសាសនាដែលមានតួអង្គព្រះច្រើនអង្គ។ មនុស្សជាតិនាំគ្នាគោរពព្រះអាទិត្យ ព្រះចន្ទ ផ្កាយ ឬសមុទ្រ ថាជាព្រះ ហើយនាំគ្នាសង់រូបសំណាកតំណាងតួអង្គព្រះ ដើម្បីជាទីសក្ការៈ។
ជនជាតិជ្វីហ្វបានបង្កើតមនោគមន៍វិជ្ជាសាសនាថ្មីមួយ ដែលមានជំនឿថា ព្រះមានតែមួយអង្គគត់ គឺ “ព្រះជាម្ចាស់” ដែលជាអ្នកបង្កើត និងមានអំណាចលើអ្វីៗទាំងអស់នៅក្នុងចក្រវាលទាំងមូល។ ព្រះអាទិត្យ ព្រះចន្ទ ផ្កាយ ឬសមុទ្រ ដែលគេធ្លាប់តែគោរពបូជាពីមុនមកនោះ មិនមែនជា ព្រះនោះទេ ហើយថា មនុស្សត្រូវតែបោះបង់ការគោរពរូបសំណាកព្រះ ហើយបែរមកគោរពបូជា “ព្រះពិត” វិញ។
ការបង្កើតសាសនាថ្មីនេះ គឺជារបត់ថ្មីដ៏សំខាន់មួយ នៅក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស។ តាមជំនឿថ្មីនេះ ធម្មជាតិលែងជាព្រះដូចជាគេធ្លាប់ជឿពីមុនទៀតហើយ។ ធម្មជាតិ គឺជាអ្វីដែលព្រះពិតបានបង្កើតឡើង ហើយដែលព្រះដាក់ឲ្យស្ថិតក្រោមអំណាចរបស់មនុស្ស។ ពេលវេលាមិនមែនជាវាលវដ្តសង្សា វិលវល់ដូចកង់រទេះ កើតចាស់ឈឺស្លាប់ ហើយចាប់ជាតិមកវិញនោះទេ។ ពេលវេលាធ្វើដំណើរទៅមុខជានិច្ច ដោយមិនអាចវិលត្រឡប់ថយក្រោយវិញបានទេ ហើយនៅថ្ងៃអនាគត អ្វីៗអាចនឹងប្រសើរឡើង ប្រសិនបើគេខិតខំប្រឹងប្រែង។ ដូច្នេះ មនុស្សមិនត្រូវផ្តេកផ្តួលរង់ចាំវាសនា ហើយក៏មិនត្រូវផ្អែកលើទស្សនៈ "កម្មផល" ដោយមើលទៅលើភាពអយុត្តិធម៌ក្នុងសង្គមថាជាផល ដែលបានពីកម្ម ដែលបានប្រព្រឹត្តពីមុននោះដែរ។ មនុស្សចាំបាច់ត្រូវតែចេះរើបម្រះ ងើបឡើងប្រឆាំងនឹងអំពើអយុត្តិធម៌ ដោយមិនត្រូវនៅស្ងៀម ទ្រាំទទួលរងការជិះជាន់ ដោយចាត់ទុកថាវាជាកម្មផលរបស់ខ្លួនពីជាតិមុននោះទេ។
ដោយសារតែមានផ្នត់គំនិតបែបនេះហើយ ទើបជនជាតិជ្វីហ្វ ដែលជាជនជាតិតូចមួយហ៊ានងើបឡើងតវ៉ាប្រឆាំងនឹងការជិះជាន់របស់អាណាចក្ររ៉ូម។ ការតវ៉ាបះបោរ ដែលធ្វើឲ្យជនជាតិជ្វីហ្វត្រូវអាណាចក្ររ៉ូមបណ្តេញចេញពីទឹកដីកំណើត ទៅរស់នៅរប៉ាត់រប៉ាយ គ្មានស្រុក គ្មានទេសនឹងគេអស់រយៈពេលរាប់ពាន់ឆ្នាំ។ ក៏ប៉ុន្តែ ផ្នត់គំនិតនេះបានជះឥទ្ធិពលដល់មនុស្សយ៉ាងច្រើនរហូតមកដល់សព្វថ្ងៃនេះ ជាពិសេស ចំពោះប្រជាជននៅតាមបណ្តាប្រទេសលោកខាងលិច ដែលមានជំនឿ និងវប្បធម៌តាមបែបជ្វីហ្វ ឬគ្រឹស្តសាសនា៕
ឯកសារយោង
[កែប្រែ]អត្ថបទទាំងស្រុងពីគេហទំព័រ វិទ្យុបារាំង ជាខេមរភាសា http://www.khmer.rfi.fr/history-of-jewish-people