ជាលិយសូត្រ
ជាលិយសូត្រ
[កែប្រែ][៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងឃោសិតារាម [អារាមដែលឃោសិតសេដ្ឋីកសាង ។] ទៀបក្រុងកោសម្ពី ។ គ្រានោះ មានបព្វជិត ២ រូប គឺបរិព្វាជក ឈ្មោះមណ្ឌិយៈ និង ឈ្មោះជាលិយៈ ជាអន្តេវាសិកនៃទារុបត្តិកបរិព្វាជក [អ្នកបួសដែលប្រើបាត្រធ្វើពីឈើ] នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឈរនៅក្នុងទីដ៏សមគួរ ។ លុះបព្វជិតទាំង ២ រូបនោះ ឈរនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា អាវុសោគោតមដ៏ចម្រើន ជីវៈនោះ គឺសរីរៈនោះឬ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ? [Is the soul the same as the body, or is the soul one thing and the body another?] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយចាំស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង ។ បព្វជិតទាំង ២ រូបនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា យ៉ាងហ្នឹងហើយអាវុសោ ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះថា ម្នាលអាវុសោ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ កើតឡើង ក្នុងលោកនេះ ជាបុគ្គលឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ដោយព្រះអង្គឯង ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ។ ព្រះអង្គទ្រង់សំដែងធម៌ មានលំអបទដើម លំអបទកណ្តាល និងលំអបទចុង ជាធម៌បរិបូណ៌ដោយអត្ថ និងព្យញ្ជនៈ ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធបរិបូណ៌គ្រប់គ្រាន់ទាំងអស់ ។ បុគ្គលជាគហបតិក្តី ជាបុត្តនៃគហបតិក្តី បុគ្គលដែលមកកើតខាងក្រោយ ក្នុងត្រកូលឯណានីមួយក្តី រមែងស្តាប់នូវធម៌នោះ ។ លុះបុគ្គលនោះ បានស្តាប់នូវធម៌នោះហើយ រមែងបានចំពោះនូវជំនឿក្នុងព្រះតថាគត ។ លុះបុគ្គលនោះ ប្រកបដោយកិរិយាបានចំពោះនូវជំនឿដូច្នោះហើយ រមែងពិចារណាថា ការនៅគ្រប់គ្រងផ្ទះ ចង្អៀត (ពេកណាស់) ជាផ្លូវនៃធុលី គឺរាគាទិក្កិលេស (មានតែ) បព្វជ្ជា ទើបមានពេលទំនេរច្រើន ព្រហ្មចរិយធម៌នេះ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌គ្រប់គ្រាន់ ឲ្យបរិសុទ្ធស្អាតដូចជាស័ង្ខ ដែលគេខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ។ សម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់នូវគំនរនៃភោគៈតិចក្តី លះបង់នូវគំនរនៃភោគៈច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ។ លុះបុគ្គលនោះ បានបួសយ៉ាងនេះហើយ ក៏សង្រួមតាមបាតិមោក្ខសំវរៈ គ្រប់ឥរិយាបថ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ប្រកបដោយកាយកម្ម និងវចីកម្មជាកុសល មានអាជីវៈដ៏បរិសុទ្ធ ជាអ្នកបរិបូណ៌ដោយសីល រក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយ ប្រកបដោយសតិ និងសម្បជញ្ញៈ ជាអ្នកសន្តោស ។
ចូឡសីល
[កែប្រែ]ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល (នោះ) ដូចម្តេចខ្លះ ? បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត ជាអ្នកវៀរស្រឡះចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប បរិបូណ៌ដោយសេចក្តីអាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់អទិន្នាទាន ជាអ្នកវៀរស្រឡះចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មានខ្លួនដ៏ស្អាត មិនមែនជាមនុស្សល្មួច ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ ជាអ្នកវៀរចាកមេថុនធម្ម ដែលជាធម៌របស់អ្នកស្រុក ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់មុសាវាទ ជាអ្នកវៀរស្រឡះចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យពិត ជាអ្នកមានសំដីនឹង មានពាក្យដែលគេគប្បីជឿ មិនបានពោលបំភ្លាត់សត្វលោក ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់បិសុណាវាចា ជាអ្នកវៀរស្រឡះចាកបិសុណាវាចា ឮអំពីទីនេះ មិនបានយកទៅប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកនូវជនទាំងឡាយនេះ ឬឮក្នុងទីឯណោះ មិនបានយកមកប្រាប់ដល់ជនទាំងឡាយនេះ ដើម្បីបំបែកនូវជនទាំងឡាយឯណោះ ជាអ្នកផ្សះផ្សានូវជនទាំងឡាយ ដែលបែកគ្នាហើយ ឬឲ្យកម្លាំងថែមដល់ពួកជន ដែលជានឹងគ្នាហើយ មានសេចក្តីព្រមព្រៀងគ្នាជាទីត្រេកអរ ត្រេកអរតែក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នកនិយាយតែវាចាដែលជាគ្រឿងធ្វើនូវសេចក្តីព្រមព្រៀងគ្នា ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់ផរុសវាចា ជាអ្នកវៀរស្រឡះចាកផរុសវាចា ក៏វាចាណាដែលមិនមានទោស នាំមកនូវសេចក្តីសុខដល់ត្រចៀក (អ្នកដទៃ) ជាពាក្យគួរឲ្យកើតសេចក្តីស្រឡាញ់ ជាពាក្យគួរតម្កល់ទុកក្នុងហឫទ័យ ជាសំដីរបស់អ្នកក្រុង ជាពាក្យជាទីត្រេកអរនៃជនច្រើនគ្នា ជាទីគាប់ចិត្តនៃជនច្រើនគ្នា តែងពោលនូវវាចាមានសភាពដូច្នោះ ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់សម្ផប្បលាបៈ ជាអ្នកវៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកពោលនូវពាក្យក្នុងកាលគួរ ពោលនូវពាក្យពិត ពោលនូវអត្ថ ពោលនូវធម៌ ពោលនូវវិន័យ ពោលនូវពាក្យគួរតម្កល់ទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយគ្រឿងអាង ជាពាក្យមានកំណត់ ជាពាក្យប្រកបដោយប្រយោជន៍ តាមកាលដ៏គួរ ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុវៀរស្រឡះចាកការធ្វើពីជគាម និងភូតគាម [វត្ថុដែលមានពូជដុះឡើងបាន តែមិនដុះជាប់នឹងផែនដី មានគ្រាប់ឈើជាដើម ហៅថាពីជគាម, ឈើ ស្មៅជាដើម ដែលដុះជាប់នឹងផែនដី ហៅថា ភូតគាម ។] ឲ្យវិនាស ។ ជាអ្នកបរិភោគភត្តតែ១ពេល វៀរបរិភោគក្នុងរាត្រី វៀរបរិភោគក្នុងកាលខុស ។ វៀរចាកការមើលនូវរបាំ និងស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌ ។ វៀរចាកការទ្រទ្រង់និងការប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។ វៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ ។ វៀរចាកការទទួលនូវមាស និងប្រាក់ ។ វៀរចាកការទទួលនូវធញ្ញជាតិឆៅ ។ វៀរចាកការទទួលនូវសាច់ឆៅ ។ វៀរចាកការទទួលនូវស្រី និងកុមារី ។ វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស ។ វៀរចាកការទទួលនូវពពែ និងចៀម ។ វៀរចាកការទទួលនូវមាន់ និងជ្រូក ។ វៀរចាកការទទួលនូវដំរី គោ សេះឈ្មោលញី ។ វៀរចាកការទទួលនូវស្រែ និងចម្ការ ។ វៀរចាកការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងទៅដោយគេប្រើអំពីផ្ទះមួយ ទៅផ្ទះមួយ ។ វៀរចាកការទិញ និងលក់ ។ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង និងបញ្ឆោត ដោយភាជន៍កាឡៃមាស (ជាដើម) និងបញ្ឆោតដោយរង្វាល់រង្វាស់ ។ វៀរចាកការប្រកបនូវអំពើវៀច គឺបង្ខុសបំភាន់ [បានខាងចៅក្រមស៊ីសំណូកគេ ហើយកាត់ក្តីវៀច ធ្វើអ្នកចាញ់ឲ្យទៅជាឈ្នះ អ្នកឈ្នះឲ្យទៅជាចាញ់វិញ ។] និងបញ្ឆោតបោកប្រាស និងបន្លំដោយរបស់ក្លែង ។ វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) ការសម្លាប់ ការចង ការលាក់ខ្លួន ពួនចាំធ្វើអំពើអាក្រក់ និងការប្លន់ការកំហែងយកទ្រព្យ ។ នេះជាសីលរបស់ភិក្ខុនោះ ។
ចប់ ចូឡសីល ។
មជ្ឈិមសូត្រ
[កែប្រែ]មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះ ។ ពីជគាម និងភូតគាមនោះ តើដូចម្តេចខ្លះ ? គឺមើម ឬឫសជាពូជ១ ដើមជាពូជ១ ថ្នាំងជាពូជ១ ចុង ឬត្រួយជាពូជ១ គ្រាប់ជាពូជ១ ជាគំរប់៥ ។ ភិក្ខុជាអ្នកវៀរចាកការធ្វើពីជគាម និងភូតគាមឲ្យវិនាស មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះ ។ ការសន្សំទុកនោះ តើដូចម្តេច ? គឺសន្សំបាយទុក១ សន្សំទឹកទុក១ សន្សំសំពត់ទុក១ សន្សំយានទុក១ សន្សំទីដេកទុក១ សន្សំគ្រឿងក្រអូបទុក១ សន្សំគ្រឿងអាមិសៈទុក១ ។ ភិក្ខុជាអ្នកវៀរចាកការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះ ។ ល្បែងជាសត្រូវ ដល់កុសលធម៌នោះ តើដូចម្តេច ? គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងមហាភារតៈ និងរាមកេរ្តិ៍ជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង ៤ ខ្លះ គូរគំនូររូបរបាំខ្លះ ល្បែងដុំដែកខ្លះ ល្បែងរ៉ាវខ្លះ ល្បែងលាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់គ្នាខ្លះ កែះជល់គ្នាខ្លះ មានជល់គ្នាខ្លះ ចាបជល់គ្នាខ្លះ ល្បែងគុណដំបងខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ចម្បាំងខ្លះ ទីគេរាប់ពលខ្លះ ទីលំនៅកងទ័ពខ្លះ ទីមើលពួកសេនាដែលប្រកបដោយអង្គ ៤ ខ្លះ ។ ភិក្ខុជាអ្នកវៀរចាកការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ រមែងប្រកបរឿយៗនូវល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះ ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ ? គឺបាស្កាមានក្រឡា៨ [ចត្រង្គមានក្រឡា៨ ។]ខ្លះ បាស្កាមានក្រឡា១០ [ចត្រង្គមានក្រឡា១០ ន័យខ្លះថា បាយខុំ ។]ខ្លះ បាស្កាដែលលេងឰដ៏អាកាស [ចត្រង្គឥតក្តារ លេងតែមាត់ទទេ ។]ខ្លះ ល្បែងវាងផ្លូវដែលគួរវាង [ប្រហែលជាបិទមុខ បិទពួន ។]ខ្លះ ល្បែងផ្ទាត់គ្រាប់មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កាក្នុងទីលានសម្រាប់លេងខ្លះ ល្បែងហ៊ឹង ឬកូនគោលខ្លះ ល្បែងរលាស់ទឹកលាក់ឲ្យទាយរូបខ្លះ ល្បែងអង្គញ់ខ្លះ ល្បែងផ្លុំប៉ីស្លឹកខ្លះ ល្បែងនង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែងកង្ហារខ្លះ ល្បែងវាល់ដីខ្សាច់ (បាយឡុកបាយឡ)ខ្លះ ល្បែងរថតូចខ្លះ ល្បែងធ្នូតូចខ្លះ ល្បែងសរសេរអក្សរខ្យល់ឲ្យទាយខ្លះ ល្បែងទាយចិត្ត (ស្តេចចង់)ខ្លះ ល្បែងកំប្លែងត្រាប់គេខ្លះ ។ ឯភិក្ខុជាអ្នកវៀរចាកល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។
មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវឧច្ចាសយនមហាសយនៈ (ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេកទីអង្គុយដ៏ប្រសើរ) មានសភាពដូច្នេះ ។ ឧច្ចាសយនមហាសយនៈនោះ តើដូចម្តេច ? គឺអាសនៈដែលខ្ពស់ហួសប្រមាណខ្លះ គ្រែដែលមានជើងវិចិត្រ ដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែងជាងបួនធ្នាប់ខ្លះ កម្រាលដែលធ្វើដោយរោម វិចិត្រដោយរូបសត្វសាហាវខ្លះ កម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានផ្កាដេរដាសខ្លះ កម្រាលដែលញាត់ដោយសំឡីជាប្រក្រតីខ្លះ កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ មានសីហៈ និងខ្លាធំជាដើមខ្លះ កម្រាលដែលធ្វើដោយរោមសត្វមានរោមច្រាងឡើងតែម្ខាងខ្លះ កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងទាំងសងខាងខ្លះ កម្រាលដែលធ្វើដោយឌិនខ្សែសយមាស និងសូត្រ ចាក់ស្រែះដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាលដែលធ្វើដោយសរសៃសូត្រ ចាក់ស្រែះដោយរតនវត្ថុខ្លះ កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបានខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងដំរីខ្លះ កម្រាលសម្រាប់ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់ក្រាលលើរថខ្លះ កម្រាលដែលធ្វើដោយស្បែកខ្លាខ្លះ កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មុសខ្លះ ខ្នើយមានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន មានពណ៌ក្រហមខ្លះ ។ ភិក្ខុជាអ្នកវៀរចាកឧច្ចាសយនមហាសយនៈ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពដូច្នេះ ។ វត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយនោះ តើដូចម្តេច ? គឺការដុសខាត់ បំបាត់ក្លិនអាក្រក់ (គ្រឿងអប់)ខ្លះ ការច្របាច់រឹតខ្លះ ការផ្ងូតទឹកខ្លះ ការគក់ច្របាច់ខ្លះ កញ្ចក់ខ្លះ វត្ថុសម្រាប់លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបខ្លះ គ្រឿងលំអិតសម្រាប់ប្រោះមុខខ្លះ វត្ថុសម្រាប់លាបមុខខ្លះ គ្រឿងប្រដាប់ដៃខ្លះ ចំណងផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែកជើងដ៏វិចិត្រខ្លះ មកុដ ឬក្បាំងមុខ(ស្នៀតសក់)ខ្លះ កែវមណីខ្លះ ផ្លិតធ្វើដោយរោមកន្ទុយសត្វខ្លះ សំពត់សខ្លះ សំពត់មានជាយវែងខ្លះ ។ ភិក្ខុជាអ្នកវៀរចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវតិរច្ឆានកថា (ពាក្យនិយាយទទឹងផ្លូវសួគ៌ និងផ្លូវព្រះនិព្វាន) មានសភាពយ៉ាងនេះ ។ តិរច្ឆានកថានោះ តើដូចម្តេច ? គឺការនិយាយអំពីស្តេចខ្លះ និយាយអំពីចោរខ្លះ និយាយអំពីអាមាត្រធំខ្លះ និយាយអំពីសេនាទាហានខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយអំពីបាយម្ហូបចំណីខ្លះ និយាយអំពីទឹកផឹកខ្លះ និយាយអំពីសំពត់ខ្លះ និយាយអំពីទីដេកខ្លះ និយាយអំពីផ្កាកម្រងខ្លះ និយាយអំពីគ្រឿងក្រអូបខ្លះ និយាយអំពីញាតិខ្លះ និយាយអំពីយានខ្លះ និយាយអំពីស្រុកខ្លះ និយាយអំពីនិគមខ្លះ និយាយអំពីនគរខ្លះ និយាយអំពីជនបទខ្លះ និយាយអំពីស្ត្រីខ្លះ និយាយអំពីបុរសខ្លះ និយាយអំពីយោធាដែលក្លៀវក្លាខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយអំពីកំពង់ទឹកខ្លះ និយាយអំពីញាតិ (ដែលទៅកាន់បរលោកហើយ)ខ្លះ និយាយអំពីពាក្យឥតប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពីលោកខ្លះ និយាយអំពីសមុទ្រខ្លះ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើនខ្លះ ។ ភិក្ខុជាអ្នកវៀរចាកតិរច្ឆានកថា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវពាក្យប្រណាំងប្រជែង មានសភាពដូច្នេះ ។ ពាក្យប្រណាំងប្រជែងនោះ តើដូចម្តេចខ្លះ ? គឺនិយាយថា អ្នកមិនមែនចេះដឹងនូវធម៌ និងវិន័យនេះទេ ខ្ញុំទើបដឹងនូវធម៌ និងវិន័យនេះ អ្នកនឹងបានឈ្មោះថាចេះដឹង នូវធម៌ និងវិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបជាអ្នកប្រតិបត្តិត្រូវល្អ ពាក្យរបស់ខ្ញុំ ទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិនប្រកបដោយប្រយោជន៍ទេ សំដីដែលគេត្រូវនិយាយមុន អ្នកត្រឡប់ជានិយាយក្រោយវិញ សំដីដែលគេត្រូវនិយាយក្រោយ អ្នកត្រឡប់ជានិយាយមុនវិញ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ ទោសក្នុងសំដីរបស់អ្នក ខ្ញុំបានលើកឡើងហើយ អ្នកជាមនុស្ស ត្រូវខ្ញុំសង្កត់សង្កិនបាន អ្នកចូរទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសំដី ឬបើអ្នកអាច ចូរអ្នកដោះស្រាយឲ្យរួចទោសចុះ ។ ភិក្ខុជាអ្នកវៀរចាកពាក្យប្រណាំងប្រជែង មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពយ៉ាងនេះ ។ ទូតកម្មជាដើមនោះ តើដូចម្តេចខ្លះ ។ គឺពាក្យដែលស្តេច មហាមាត្យរបស់ស្តេច ក្សត្រិយ៍ ព្រាហ្មណ៍ គហបតិ ឬកុមារក្តី បញ្ជូនទៅថា លោកចូរទៅក្នុងទីនេះ ដូច្នេះក្តី លោកចូរទៅក្នុងទីឯណោះ ដូច្នេះក្តី លោកចូរនាំយករបស់នេះទៅ ដូច្នេះក្តី លោកចូរនាំយករបស់នេះ មកអំពីទីឯណោះមក ដូច្នេះក្តី ។ ភិក្ខុជាអ្នកវៀរចាកការប្រកបរឿយៗ នូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយគេបញ្ជូនអំពីផ្ទះមួយ ទៅផ្ទះមួយ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ជាអ្នកកុហក គឺញុំាងសត្វលោកឲ្យកោត ឲ្យស្ងើច (ឲ្យជ្រះថ្លា ដោយការប្រើប្រាស់បច្ច័យជាដើម)ខ្លះ ជាអ្នកនិយាយរាក់ទាក់ (នឹងគ្រហស្ថ)ខ្លះ ជាអ្នកធ្វើនិមិត្ត គឺពោលបញ្ឆិតបញ្ឆៀងខ្លះ ជាអ្នកជេរប្រទេចខ្លះ ជាអ្នកស្វែងរកនូវលាភ ដោយលាភខ្លះ ។ ភិក្ខុជាអ្នកវៀរចាកការកុហក និងការនិយាយរាក់ទាក់ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ចប់ មជ្ឈិមសីល ។
មហាសីល
[កែប្រែ]ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុស ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ? គឺសាស្ត្រា (ក្បួន) និយាយអំពីអវយវៈខ្លះ ទាយនិមិត្ត គឺហេតុខ្លះ ឧត្បាត គឺការធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ ទាយយល់សប្តិខ្លះ ទាយលក្ខណៈខ្លះ ទាយវត្ថុ ដែលកណ្តុរកាត់ (មានសំពត់ជាដើម)ខ្លះ និយាយអំពីការបូជាដោយភ្លើងខ្លះ និយាយអំពីការបូជាដោយវែកខ្លះ និយាយអំពីការបូជាដោយអង្កាមខ្លះ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ និយាយអំពីការបូជាដោយអង្ករខ្លះ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ និយាយអំពីការបូជាដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់ [អដ្ឋកថា ថា យកមាត់ខាំវត្ថុមានគ្រាប់ស្ពៃជាដើម យកទៅដាក់ក្នុងភ្លើង ឬសូត្ររបៀនបូជាដោយមាត់ ។] ខ្លះ និយាយអំពីការបូជាដោយឈាមខ្លះ វិជ្ជាសម្រាប់ទាយនូវអវយវៈខ្លះ វិជ្ជាសម្រាប់ទាយភូមិឋានខ្លះ វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ វិជ្ជាចាប់ខ្មោចខ្លះ វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ វិជ្ជាស្តោះពស់ [វិជ្ជាមើលសត្វដែលពស់ខាំ ឬហៅពស់ ។]ខ្លះ វិជ្ជារក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយទិចខ្លះ វិជ្ជាស្តោះកណ្តុរខាំខ្លះ វិជ្ជាសម្រាប់ទាយសម្រែកសត្វស្លាបខ្លះ វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ វិជ្ជាសម្រាប់ទាយអាយុខ្លះ វិជ្ជាសម្រាប់រារាំងនូវសរខ្លះ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគ គឺសត្វជើង ៤ ទាំងអស់ខ្លះ ។ ភិក្ខុជាអ្នកវៀរចាកការចិញ្ចឹមជីវិត ដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ? គឺការទាយលក្ខណៈកែវមណីខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈដម្បង ឬឈើច្រត់ខ្លះ ទាយលក្ខណៈគ្រឿងសស្ត្រាខ្លះ ទាយលក្ខណៈដាវខ្លះ ទាយលក្ខណៈសរខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈអាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយលក្ខណៈបុរសខ្លះ ទាយលក្ខណៈក្មេងប្រុសខ្លះ ទាយលក្ខណៈក្មេងស្រីខ្លះ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ទាយលក្ខណៈខ្ញុំស្រីខ្លះ ទាយលក្ខណៈដំរីខ្លះ ទាយលក្ខណៈសេះខ្លះ ទាយលក្ខណៈក្របីខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយលក្ខណៈគោខ្លះ ទាយលក្ខណៈពពែខ្លះ ទាយលក្ខណៈកែះខ្លះ ទាយលក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួចខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿងប្រដាប់ធ្វើដោយរូបទន្សងខ្លះ ទាយលក្ខណៈគ្រឿងប្រដាប់ ឬកំពូលផ្ទះខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿងប្រដាប់ធ្វើដោយរូបអណ្តើកខ្លះ ទាយលក្ខណៈម្រឹគ គឺសត្វជើង ៤ ទាំងអស់ខ្លះ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច ? គឺការទាយអំពីការលើកទ័ពថា ព្រះរាជា គួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ព្រះរាជា គួរស្តេចត្រឡប់មកវិញ (ក្នុងថ្ងៃនោះ) ព្រះរាជាខាងក្នុង នឹងរុករានចូលទៅ ព្រះរាជាខាងក្រៅ នឹងថយចេញទៅ ព្រះរាជាខាងក្រៅ នឹងរុករានចូលមក ព្រះរាជាខាងក្នុង នឹងថយចេញទៅ ព្រះរាជាខាងក្នុង នឹងមានជ័យជំនះ ព្រះរាជាខាងក្រៅ នឹងបរាជ័យ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ព្រះរាជាខាងក្នុង នឹងបរាជ័យ ព្រះរាជាអង្គនេះ នឹងមានជ័យជំនះ ព្រះរាជាអង្គនេះ នឹងបរាជ័យ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។
មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ? គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទគ្រាស នឹងមានសូរ្យគ្រាស នឹងមាននក្សត្រគ្រាស គឺផ្កាយព្រះគ្រោះ ដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យ ព្រះចន្ទ្រ ឬផ្កាយណាមួយ ។ ព្រះចន្ទ ព្រះអាទិត្យ នឹងដើរតាមផ្លូវត្រូវគ្នា ព្រះចន្ទ ព្រះអាទិត្យ នឹងដើរខុសផ្លូវគ្នា ផ្កាយទាំងឡាយ នឹងដើរតាមផ្លូវត្រូវគ្នា ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា នឹងមានឧក្កាបាត [ក្នុងលីនត្ថប្បកាសនាដីកាថា កាលបើអាកាសមានខ្យល់ទង្គិចគ្នាខ្លាំង ក៏កើតមានពន្លឺរស្មី ដូចជាពន្លឺប្រទីប ធ្លាក់ចុះមកអំពីអាកាស ហៅថា ឧក្កាបាត ។] នឹងកើតមានកំដៅក្នុងទិស នឹងមានកម្រើកផែនដី នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ព្រះចន្ទ ព្រះអាទិត្យ ផ្កាយ នឹងរះឡើង ឬលិចទៅវិញ នឹងសៅហ្មង ឬផូរផង់ ចន្ទគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ សូរ្យគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ នក្សត្រគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ និងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ និងព្រះអាទិត្យដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ឧក្កាបាត នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ កំដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ផ្គរលាន់ (ឥតមានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ ព្រះអាទិត្យ និងផ្កាយ រះឡើង ឬលិចទៅវិញ សៅហ្មង ឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។
មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ? គឺការទាយថា (ក្នុងឆ្នាំនេះ) នឹងមានភ្លៀងធ្លាក់ស្រួល នឹងមានភ្លៀងធ្លាក់មិនស្រួល នឹងមានបាយសម្បូណ៌ នឹងមានបាយក្រ នឹងមានសេចក្តីក្សេមក្សាន្ត នឹងមានភ័យ នឹងមានរោគ នឹងមិនមានរោគ ការរាប់ដោយដៃទទេ ការរាប់ដោយវិធីនព្វន្ត រាប់បូក [អដ្ឋកថា ថា ការរាប់នេះ បើស្ទាត់ដល់បុគ្គលណា បុគ្គលនោះ កាលបើឃើញដើមឈើ ក៏អាចនឹងដឹងថា ឈើនេះ មានស្លឹកប៉ុណ្ណេះៗបាន ។] កាព្យឃ្លោង គម្ពីរលោកាយតៈ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។
មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ ? គឺវិធីរៀបអាវាហមង្គលខ្លះ វិធីរៀបវិវាហមង្គលខ្លះ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍)ខ្លះ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង)ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ វិធីធ្វើឲ្យស្អប់គ្នាខ្លះ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាស មិនឲ្យវិនាសខ្លះ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ វិធីចងចង្កាឲ្យរឹងខ្លះ វិធីសូត្ររបៀន ដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតា ក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើមហាព្រហ្មខ្លះ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។
ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច ? គឺការបន់ស្រន់ខ្លះ ការលាបំណន់ខ្លះ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ធ្វើខ្ទើយឲ្យដូចជាបុរសខ្លះ ធ្វើបុរសឲ្យដូចជាខ្ទើយខ្លះ ធ្វើពីធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្មនៅទីដីដែលសង់ផ្ទះខ្លះ ជំរះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ បង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ បូជាភ្លើងឲ្យគេខ្លះ ធ្វើថ្នាំសម្រាប់ឲ្យក្អួតខ្លះ ធ្វើថ្នាំបញ្ចុះខ្លះ ធ្វើថ្នាំកំចាត់បង់នូវទោសខាងលើខ្លះ ធ្វើថ្នាំកំចាត់បង់នូវទោសខាងក្រោមខ្លះ ធ្វើថ្នាំកំចាត់បង់នូវទោសក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ធ្វើថ្នាំសម្រាប់ស្អំភ្នែកខ្លះ ធ្វើថ្នាំសម្រាប់ហិតខ្លះ ធ្វើថ្នាំសម្រាប់លាបបង្កាត់ខ្លះ ធ្វើថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ធ្វើពេទ្យវះខ្លះ ធ្វើពេទ្យរក្សាក្មេងខ្លះ ដាក់ថ្នាំក្រោយឲ្យជួយកំឡាំងថ្នាំមុនខ្លះ លាងថ្នាំដើមចេញខ្លះ [អដ្ឋកថា ថា កាលបើមានដម្បៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដម្បៅនោះ កាលបើដម្បៅស្រួលសមគួរហើយ ក៏នាំយកថ្នាំនោះចេញ ។] ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។
ម្នាលព្រាហ្មណ៍ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តីសង្រួមក្នុងសីល ភិក្ខុនោះឯងបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនបានឃើញនូវភ័យនោះ អំពីទីណាមួយឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជាភ័យណា ដែលគប្បីកើតអំពីសត្រូវ ក្សត្រិយ៍ដែលបានមុទ្ធាភិសេក [ព្រះរាជាដែលគេបានអភិសេកស្រោចទឹកលើព្រះសិរ្ស ឲ្យសោយរាជ្យរួចហើយ ។] ហើយកំចាត់បង់នូវពួកសត្រូវអស់ហើយ រមែងមិនបានឃើញភ័យនោះ អំពីទីណាមួយឡើយ ដូចម្តេចមិញ ម្នាលព្រាហ្មណ៍ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តីសង្រួមក្នុងសីល ភិក្ខុអ្នកបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនបានឃើញនូវភ័យនោះ អំពីទីណាមួយឡើយ ដូច្នោះឯង ។ ភិក្ខុនោះ បើបានប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះហើយ រមែងទទួលនូវសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តានចិត្តនៃខ្លួន ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង ។
ចប់ មហាសីល ។
ឥន្ទ្រិយសំវរៈ
[កែប្រែ]ម្នាលព្រាហ្មណ៍ ភិក្ខុដែលជាអ្នករក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេចខ្លះ ? ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយចក្ខុហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ ។ ឮសម្លេងដោយត្រចៀកហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមនូវសោតិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវសោតិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវសោតិន្ទ្រិយនោះ រក្សានូវសោតិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងសោតិន្ទ្រិយ ។ បានធំក្លិនដោយច្រមុះហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវឃានិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវឃានិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវឃានិន្ទ្រិយនោះ រក្សានូវឃានិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងឃានិន្ទ្រិយ ។ បានជញ្ជក់ជញ្ជាប់នូវរសដោយអណ្តាតហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវជិវ្ហិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវជិវ្ហិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវជិវ្ហិន្ទ្រិយនោះ រក្សានូវជិវ្ហិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងជិវ្ហិន្ទ្រិយ ។ បានពាល់ត្រូវនូវសម្ផ័ស្ស ដោយកាយហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវកាយិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវកាយិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវកាយិន្ទ្រិយនោះ រក្សានូវកាយិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងកាយិន្ទ្រិយ ។ បានដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវមនិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ ។ ភិក្ខុនោះ បានប្រកបព្រមដោយឥន្ទ្រិយសំវរៈ ជារបស់អរិយៈនេះហើយ រមែងទទួលចំពោះនូវសុខ ដែលមិនច្រឡូកច្រឡំដោយកិលេសជាខាងក្នុង ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នករក្សានូវទ្វារក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង ។
សតិសម្បជញ្ញៈ
[កែប្រែ]ម្នាលព្រាហ្មណ៍ ឯភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈនោះ តើដូចម្តេចខ្លះ ? ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ កាលឈានដើរទៅមុខ ឈានថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ក្រឡេកមើលទៅទិសផ្សេងៗ ក៏មានសេចក្តីដឹងខ្លួន កាលបត់លា (ដៃជើង) ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ ចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគ ផឹក ទំពា ជញ្ជក់ជញ្ជាប ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោឧច្ចារៈបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ពីដេក និយាយ ឬស្ងៀម ក៏មានសេចក្តីដឹងខ្លួន ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ ដោយប្រការដូច្នេះឯង ។
សន្តោស
[កែប្រែ]ម្នាលព្រាហ្មណ៍ ឯភិក្ខុជាអ្នកសន្តោស (ត្រេកអរចំពោះបច្ច័យតាមមានតាមបាន) តើដូចម្តេចខ្លះ ? ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ ភិក្ខុនោះ កាលបើចៀសចេញទៅក្នុងទិសណាៗ តែងកាន់យក(នូវបរិក្ខារ) ប៉ុណ្ណោះ ហើយចៀសចេញទៅ (ក្នុងទិសនោះៗ) ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចសត្វសកុណជាតិ មានស្លាប ទោះហើរទៅក្នុងទិសណាៗ រមែងមានស្លាបរបស់ខ្លួនជាភារៈប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ ភិក្ខុនោះ ទោះបីចៀសចេញទៅក្នុងទិសណាៗ តែងកាន់យក(នូវគ្រឿងបរិក្ខារ) ប៉ុណ្ណោះ ហើយចៀសចេញទៅ (ក្នុងទិសនោះៗ) ដូច្នោះឯង ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកសន្តោស ដោយប្រការដូច្នេះឯង ។
ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយឥន្ទ្រិយសំវរៈ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយសេចក្តីសន្តោស ជារបស់ព្រះអរិយៈនេះផង ត្រូវការទីសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល ទីគំនរចំបើង ។ លុះភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ពត់ភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន) ។ ភិក្ខុនោះ រមែងលះបង់នូវអភិជ្ឈាក្នុងលោក នៅដោយចិត្តគ្មានអភិជ្ឈា ជំរះចិត្តឲ្យស្អាត ចាកអភិជ្ឈា រមែងលះបង់នូវព្យាបាទ និងសេចក្តីប្រទូស្ត នៅដោយចិត្តមិនមានព្យាបាទ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជំរះចិត្តឲ្យស្អាត ចាកអកុសលធម៌ ជាគ្រឿងប្រទូស្ត គឺព្យាបាទ រមែងលះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ ងោកងក់ នៅដោយចិត្តប្រាសចាកថីនមិទ្ធៈ ជាអ្នកមានសេចក្តីសំគាល់នូវពន្លឺ មានស្មារតី និងសេចក្តីដឹងខ្លួន ជំរះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ រមែងលះបង់ នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ រសាយចិត្ត នៅដោយចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់រម្ងាប់ខាងក្នុង ជំរះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ រមែងលះបង់ នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ នៅដោយចិត្តផុតវិចិកិច្ឆា ជាអ្នកមិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ ជំរះចិត្តឲ្យស្អាតចាកវិចិកិច្ឆា ។
ឧបមានីវរណៈ
[កែប្រែ]ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរស ដែលយកទ្រព្យជាបំណុលគេ ទៅប្រកបការងារទាំងឡាយ ការងារទាំងនោះ របស់បុរសនោះក៏សម្រេច បុរសនោះ ក៏ចាត់ចែងសងនូវទ្រព្យចាស់ ជាបំណុលអស់ទៅ ទ្រព្យចំណេញរបស់បុរសនោះ ក៏មានសល់នៅច្រើន ល្មមនឹងចិញ្ចឹមនូវភរិយាបាន បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលពីដើម យកទ្រព្យជាបំណុលគេ ទៅប្រកបការងារ ៗទាំងអម្បាលនោះ របស់អាត្មាអញ ក៏បានសម្រេចហើយ អាត្មាអញ បានចាត់ចែងសងនូវទ្រព្យចាស់ ជាបំណុលដើមរួចអស់ហើយ ទ្រព្យចំណេញរបស់អាត្មាអញ ក៏មានសល់នៅជាច្រើន ល្មមនឹងចិញ្ចឹមភរិយាបានដែរ ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ (សេចក្តីរីករាយ) គប្បីបាននូវសេចក្តីសោមនស្ស ដែលមានទ្រព្យចំណេញនោះជាហេតុ ។ ម្នាលព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរសមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ហើយបុរសនោះ បរិភោគបាយមិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់បុរសនោះ ក៏មិនមានផង ។ សម័យខាងក្រោយមក បុរសនោះក៏សះស្បើយ អំពីអាពាធនោះ បុរសនោះ បានបរិភោគបាយឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់បុរសនោះ ក៏មានផង ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ អាត្មាអញ បរិភោគបាយមិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់អាត្មាអញ ក៏មិនមានផង ឥឡូវនេះ អាត្មាអញ បានសះស្បើយ អំពីអាពាធនោះហើយ អាត្មាអញ បានបរិភោគបាយឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់អាត្មាអញ ក៏មានផង ។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការសះស្បើយ អំពីអាពាធនោះជាហេតុ ។ ម្នាលព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរសដែលជាប់នៅក្នុងផ្ទះឃុំខាំង សម័យខាងក្រោយមក បុរសនោះក៏រួចអំពីការឃុំខាំងនោះដោយស្រួល មិនមានភ័យ ឯសេចក្តីបង់ខាតនៃភោគៈទាំងឡាយ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម បានជាប់នៅក្នុងផ្ទះឃុំខាំង ឥឡូវនេះ អាត្មាអញបានរួចអំពីការឃុំខាំងនោះដោយស្រួល មិនមានភ័យហើយ ឯសេចក្តីបង់ខាតនៃភោគៈទាំងឡាយ របស់អាត្មាអញ សូម្បីបន្តិចបន្តួច ក៏មិនមានឡើយ ។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការរួចអំពីផ្ទះឃុំខាំងនោះ ជាហេតុ ។ បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសដែលជាទាសៈគេ រមែងមិនបានធ្វើកិច្ចការនីមួយតាមអំពើចិត្តខ្លួន រមែងធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ ទៅកាន់ទីណា តាមចំណង់របស់ខ្លួនមិនបានឡើយ លុះសម័យខាងក្រោយមក បុរសនោះ ក៏បានរួចអំពីភាវៈជាទាសៈនោះ ជាអ្នកបានធ្វើនូវអំពើតាមគាប់ចិត្តរបស់ខ្លួន មិនបានធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅកាន់ទីណា តាមចំណង់របស់ខ្លួនបាន ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម ជាទាសៈគេ មិនបានធ្វើកិច្ចការនីមួយតាមអំពើចិត្តរបស់ខ្លួន តែងធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ ទៅកាន់ទីណា តាមចំណង់របស់ខ្លួនមិនបានឡើយ ឥឡូវនេះ អាត្មាអញ បានរួចអំពីភាវៈជាទាសៈគេនោះហើយ ជាអ្នកបានធ្វើកិច្ចការនីមួយ តាមអំពើចិត្តរបស់ខ្លួន មិនបានធ្វើទៅតាមសេចក្តីគាប់ចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅកាន់ទីណា តាមចំណង់របស់ខ្លួនបាន ។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការរួចអំពីភាវៈជាទាសៈគេនោះ ជាហេតុ ។បពិត្រមហារាជ មួយទៀត ប្រៀបដូចបុរសមានទ្រព្យ មានភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយភ័យចំពោះមុខ សម័យខាងក្រោយមក បុរសនោះ ក៏បានឆ្លងផុត អំពីផ្លូវឆ្ងាយដាច់ស្រយាលនោះ បានដល់ស្រុកភូមិដោយស្រួល ជាទីក្សេម មិនមានភ័យ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលអំពីដើម ជាអ្នកមានទ្រព្យ មានភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយភ័យចំពោះមុខ ឥឡូវនេះ អាត្មាអញ បានឆ្លងផុតផ្លូវឆ្ងាយដាច់ស្រយាលនោះហើយ បានដល់ស្រុកភូមិដោយស្រួល ជាទីក្សេម មិនមានភ័យ ។បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស ដែលមានការបានដល់នូវស្រុកភូមិ ជាទីក្សេមនោះ ជាហេតុ ។បពិត្រមហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ៥នេះក្នុងខ្លួន ដែលមិនទាន់លះបង់ យ៉ាងនេះ ថាដូចជាបំណុល ដូចជារោគ ដូចជាផ្ទះសម្រាប់ឃុំខាំង ដូចជាភាវៈជាទាសៈ ឬថាដូចជាផ្លូវឆ្ងាយដាច់ស្រយាល យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ ដូចបុគ្គលពិចារណាឃើញ នូវការមិនចំពាក់បំណុលគេយ៉ាងណា នូវការមិនមានរោគយ៉ាងណា នូវការរួចអំពីផ្ទះសម្រាប់ឃុំខាំងយ៉ាងណា នូវភាពជាអ្នកជាយ៉ាងណា នូវទីដ៏ក្សេមក្សាន្តយ៉ាងណា បពិត្រមហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ ៥ នេះក្នុងខ្លួន ដែលបានលះបង់ហើយ ក៏យ៉ាងនោះឯង ។
រូបជ្ឈាន ៤
[កែប្រែ]កាលបើភិក្ខុនោះ បានពិចារណាឃើញច្បាស់ នូវនីវរណៈទាំង ៥ នេះក្នុងខ្លួន ដែលបានលះបង់ហើយ បាមោជ្ជៈ (សេចក្តីរីករាយ) ក៏កើតឡើង កាលបើ ចិត្តរីករាយហើយ បីតិក៏កើត កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយ រមែងស្ងប់ស្ងាត់ ភិក្ខុដែលមាននាមកាយស្ងប់ស្ងាត់ហើយ រមែងទទួលនូវសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសុខ តែងតម្កល់មាំបាន ។
ភិក្ខុនោះ លុះស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ក៏បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ក៏សម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង ៤ ) ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជាអ្នកផ្ងូតទឹកក្តីបុគ្គលអ្នកជំនួយការនៃជនអ្នកផ្ងូតទឹកក្តី ដែលឈ្លាស រោយនូវលំអិតសម្រាប់ងូតទាំងឡាយ ក្នុងភាជន៍សំរិទ្ធ៍ ប្រោះព្រំដោយទឹក ហើយសូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិតសម្រាប់ (លាប) ងូត (នោះ) ក៏ស្អិតចាប់ចូលគ្នា ស្អិតល្មួតទាំងខាងក្នុង ទាំងខាងក្រៅ មិនបានរាត់រាយ ខ្ចាយចេញឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុដែលញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក មិនមានឡើយ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ម្នាលព្រាហ្មណ៍ ប្រការមួយទៀត ភិក្ខុបានចូលដល់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯង មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់នូវវិតក្ក និងវិចារៈ ក៏សម្រេចសម្រាន្តនៅ ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងកើត នៃអន្លង់ទឹកនោះមិនមាន ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងត្បូងមិនមាន ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងលិចមិនមាន ប្រឡាយជាទីហូរមកនៃទឹកក្នុងទិសខាងជើង ក៏មិនមាន ទាំងភ្លៀង ក៏មិនបានបង្អុរចុះនូវធារទឹកដោយស្រួល ក្នុងអន្លង់ទឹកនោះ តាមកាលវេលាឡើយ ឯធារទឹកដ៏ត្រជាក់ ក៏ស្រាប់តែជោរឡើងអំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយញុំាងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាប ឆ្អែតដ៏បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ ទីប្រទេសបន្តិចបន្តួចនៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចពោលមកខាងដើម ។
ម្នាលព្រាហ្មណ៍ ប្រការមួយទៀត ភិក្ខុមានចិត្តនឿយណាយ ចាកបីតិ ហើយប្រកបដោយឧបេក្ខា មានស្មារតីដឹងខ្លួន បានទទួលនូវសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា បុគ្គលអ្នកបានតតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាន (នោះ) ហើយសម្រេចសម្រាន្តនៅ ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចទីដែលដុះព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី មានព្រលិត ឬឈូកក្រហម ឬឈូកសពួកខ្លះ ដែលដុះក្នុងទឹក ចម្រើនក្នុងទឹក មិនទាន់លូតឡើងផុតអំពីទឹក លិចនៅក្នុងទឹក រស់នៅអាស្រ័យនឹងទឹក បទុមជាតិ [ពួកឈូកព្រលិតផ្សេងៗ ហៅថា បទុមជាតិ ឬឧប្បលជាតិក៏បាន ។] ទាំងនោះ រមែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកត្រជាក់ តាំងអំពីឫស មើម រហូតដល់ចុង ទីប្រទេសបន្តិចបន្តួចនៃវារិជាតិទាំងអស់ ទោះជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុដែលញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ម្នាលព្រាហ្មណ៍ ប្រការមួយទៀត ភិក្ខុលះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយក្នុងកាលមុន ក៏បាននូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធ ដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ។ ភិក្ខុនោះរមែងញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរសដែលយកសំពត់សស្អាត ទៅដណ្តប់កាយ ព្រមទាំងក្បាល ហើយអង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់បុរសនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសំពត់សស្អាត មិនមានឡើយ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុដែលញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯង ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
វិជ្ជា ៨
[កែប្រែ]វិបស្សនាញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ [ បានដល់ មគ្គញ្ញាណ ផលញ្ញាណ សព្វញ្ញុតញ្ញាណ បច្ចវេក្ខណញ្ញាណ និងវិបស្សនាញាណ ] គឺបញ្ញាសម្រាប់ដឹង សម្រាប់ឃើញ ។ ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះ មានរូបប្រកបដោយមហាភូតរូប ៤ [បានដល់ធាតុ ៤ គឺ ដី ទឹក ភ្លើង ខ្យល់] កើតអំពីមាតា និងបិតា មានសេចក្តីចម្រើនដោយជាតិបាយ និងនំ ជាសភាវៈមិនទៀង (ទោះបី) មានការលាប ដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយទៅជាធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចកែវមណី និងកែវពិទូរ្យដ៏ល្អ មានជាតិបរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លាឆ្លុះ បរិបូណ៌ដោយអាការទាំងពួង (មានដុសលាងជាដើម) ប្រសិនបើមានចេស គេដោតទៅនឹងកែវនោះ ជាចេសមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី បុរសដែលមានភ្នែក (ភ្លឺ) គប្បីយកកែវនោះ មកដាក់លើដៃ ហើយពិចារណាមើលថា នេះជាកែវមណី និងកែវពិទូរ្យដ៏ល្អ មានជាតិបរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លាឆ្លុះ បរិបូណ៌ដោយអាការទាំងពួង នេះជាចេសដែលគេដោតទៅក្នុងកែវនោះ ជាចេសមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី (ពិតមែន) យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាវៈជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏ទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ គឺបញ្ញាសម្រាប់ដឹង សម្រាប់ឃើញ ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូប ៤ កើតអំពីមាតា និងបិតា មានសេចក្តីចម្រើនដោយជាតិបាយ និងនំ ជាសភាវៈមិនទៀង (ទោះបី) មានការលាប ដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយជាធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
មនោមយិទ្ធិញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្ត ។ ភិក្ខុនោះ ក៏និម្មិតនូវកាយផ្សេងចេញអំពីកាយនេះ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរសចាក់បញ្ចេញនូវបណ្តូល អំពីស្មៅយាប្លង បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ស្មៅយាប្លងដោយឡែក បណ្តូលដោយឡែក តែជាបណ្តូលដែលអាត្មាអញចាក់បញ្ចេញមកអំពីស្មៅយាប្លងហ្នឹងឯង យ៉ាងណា យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរសហូតដាវចេញអំពីស្រោម បុរសនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាដាវ នេះជាស្រោម ដាវផ្សេង ស្រោមផ្សេង តែជាដាវដែលអាត្មាអញហូតចេញមកអំពីស្រោមហ្នឹងឯង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរស ទាញយកសត្វពស់ចេញអំពីស្រោម បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាពស់ នេះជាស្រោម សត្វពស់ផ្សេង ស្រោមផ្សេង តែជាពស់ដែលអាត្មាអញ ទាញចេញមកអំពីស្រោមហ្នឹងឯង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់នូវភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្តបាន យ៉ាងនោះឯង ។ ភិក្ខុនោះ រមែងនិម្មិតនូវកាយផ្សេងចេញអំពីកាយនេះ មានរូបដែលសម្រេចអំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ឥទ្ធិវិធញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីតាក់តែងឫទ្ធិ ភិក្ខុនោះ ទទួលនូវការតាក់តែងឫទ្ធិជាច្រើនប្រការបាន គឺជាមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ធ្វើទីកំបាំង ឲ្យទៅជាទីវាលក៏បាន ធ្វើទីវាល ឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ មិនទើសទាក់ ដូចដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះនិងងើបឡើងក្នុងផែនដី ដូចមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនោះ មានអានុភាពច្រើនយ៉ាងនោះ ដោយដៃក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ម្នាលព្រាហ្មណ៍ ប្រៀបដូចជាស្មូនឆ្នាំងក្តី អន្តេវាសិកនៃស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើដីស្អិតដែលគេច្របាច់ល្អហើយ បើចង់ធ្វើនូវភាជន៍ដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចទៅជាភាជន៍នោះៗបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មួយទៀត ជាងភ្លុកក្តី អន្តេវាសិករបស់ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើភ្លុកដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកនោះៗបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ មួយវិញទៀត ជាងមាសក្តី អន្តេវាសិករបស់ជាងមាសក្តី ដែលឈ្លាសវៃ កាលបើមាសដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកនោះៗបាន យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីតាក់តែងនូវឫទ្ធិបាន យ៉ាងនោះឯង ។ ភិក្ខុនោះ រមែងទទួលចំពោះនូវការតាក់តែងឫទ្ធិ មានប្រការច្រើនបាន គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ធ្វើទីកំបាំង ឲ្យទៅជាទីវាលក៏បាន ធ្វើទីវាល ឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ មិនទើសទាក់ ដូចជាដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះនិងការងើបឡើងក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជាដើរទៅលើផែនដីក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ទិព្វសោតញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ក្នុងសោតធាតុជាទិព្វ ។ ភិក្ខុនោះ កាលបើមានសោតធាតុជាទិព្វបរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុជារបស់មនុស្សធម្មតាហើយ រមែងឮនូវសម្លេងទាំងពីរ គឺសម្លេងទិព្វ១ សម្លេងមនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តីបាន ម្នាលព្រាហ្មណ៍ ប្រៀបដូចបុរស ដែលដើរទៅកាន់ផ្លូវឆ្ងាយ បុរសនោះ ឮសម្លេងស្គរធំក្តី សម្លេងសំភោរក្តី សម្លេងស័ង្ខក្តី សម្លេងស្គរជ័យក្តី សម្លេងស្គរតូចក្តី បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាសម្លេងស្គរធំ នេះជាសម្លេងសំភោរ នេះជាសម្លេងស័ង្ខ នេះជាសម្លេងស្គរជ័យ នេះជាសម្លេងស្គរតូច យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ក្នុងសោតធាតុជាទិព្វ ភិក្ខុនោះ កាលបើមានសោតធាតុជាទិព្វបរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុជារបស់មនុស្សធម្មតាហើយ រមែងឮសម្លេងទាំងពីរ គឺសម្លេងទិព្វ១ សម្លេងមនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ចេតោបរិយញ្ញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ (ប្រាជ្ញាជាគ្រឿងកំណត់ដឹងនូវចិត្តសត្វដទៃ) ។ ភិក្ខុនោះ ក៏កំណត់ដឹងច្បាស់នូវចិត្តនៃសត្វទាំងឡាយដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈហើយ ចិត្តដែលរួញថយ [អដ្ឋកថា ថា ចិត្តដែលត្រូវថីនមិទ្ធគ្របសង្កត់ ។] ក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយ [ចិត្តដែលប្រកបដោយឧទ្ធច្ចៈ ។]ក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺចិត្តដល់នូវភាវៈជាធំ (បានដល់រូបាវចរ និងអរូបាវចរ)ក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈ គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមានចិត្តដទៃក្រៃលែងជាង គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាង គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃក្រៃលែងជាង ចិត្តដែលតាំងមាំហើយក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ [ចិត្តជាអប្បនាសមាធិ ឬឧបចារសមាធិ ។] ចិត្តដែលមិនបានតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនបានតាំងមាំចិត្តដែលរួចស្រឡះ [ចិត្តដែលរួចដោយតទង្គវិមុត្តិ និងវិក្ខម្ភនវិមុត្តិ ។] ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចស្ត្រីក្តី បុរសក្តី ដែលនៅក្មេង ជាក្រមុំ កម្លោះ ដែលនៅកំពុងតែចូលចិត្តនឹងប្រដាប់តាក់តែងរាងកាយ កាលឆ្លុះមើលនូវស្រមោល នៃមុខរបស់ខ្លួនក្នុងកញ្ចក់ ដ៏បរិសុទ្ធស្អាតក្តី ក្នុងភាជន៍ដ៏ពេញដោយទឹកថ្លាក្តី បើស្រមោលនៃមុខប្រកបដោយទោស មានមុនជាដើម ក៏ដឹងថា មុខប្រកបដោយទោស បើស្រមោលនៃមុខមិនប្រកបដោយទោសក្តី ក៏ដឹងថា មុខមិនប្រកបដោយទោស យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ ភិក្ខុនោះ រមែងកំណត់ដឹងច្បាស់នូវចិត្តនៃសត្វទាំងឡាយដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈហើយ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមានចិត្តដទៃក្រៃលែងជាងក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃក្រៃលែងជាង ចិត្តដែលមិនមានចិត្តដទៃក្រៃលែងជាងក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃក្រៃលែងជាង ចិត្តដែលតាំងមាំហើយក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ ចិត្តដែលមិនតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងមាំចិត្តដែលរួចស្រឡះហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
បុព្វេនិវាសានុស្សតិញ្ញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ (ប្រាជ្ញាជាគ្រឿងរលឹកតាមនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅ ក្នុងភពមុន) ។ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាស គឺខន្ធដែលសត្វធ្លាប់អាស្រ័យនៅហើយ ក្នុងភពមុនជាច្រើនប្រការ ការរលឹកបាននោះ តើដូចម្តេច ? គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អនេកសំវដ្តកប្ប គឺកប្បដែលវិនាសជាច្រើនខ្លះ អនេកវិវដ្តកប្ប គឺកប្បដែលចម្រើនជាច្រើនខ្លះ អនេកសំវដ្តវិវដ្តកប្បខ្លះ [កប្បមាន ៤ គឺគិតតាំងពីថ្ងៃដែលកប្បវិនាស ទៅទល់គ្នានឹងភ្លើងឆេះអស់រលីង ហៅថា សំវដ្តកប្ប១ តាំងពីភ្លើងឆេះអស់ នៅសល់តែអាកាសសូន្យទទេ ហៅថា សំវដ្តដ្ឋាយិកប្ប១ តាំងអំពីកកើតដីឡើងជាថ្មី ទៅទល់នឹងកាលដែលកើតមានព្រះអាទិត្យ ព្រះចន្ទ ហៅថា វិវដ្តកប្ប១ តាំងអំពីព្រះអាទិត្យ ព្រះចន្ទកើតឡើង ទៅទល់នឹងវិនាសវិញ ហៅថា វិវដ្តដ្ឋាយិកប្ប១ រួមកប្បទាំង ៤ នេះចូលជាមួយគ្នា ហៅថា សំវិវដ្តកប្ប ឬហៅថា មហាកប្ប សំវិវដ្តកប្បដែលច្រើន ហៅថា អនេកសំវដ្តវិវដ្តកប្ប ។]ថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកភពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលអាត្មាអញបានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ក៏បានទៅកើតក្នុងភពនេះ ។ ភិក្ខុនោះ រលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រត្រកូល ដោយប្រការដូច្នេះឯង ។ បពិត្រមហារាជ ប្រៀបដូចបុរស ដែលចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុកដទៃ រួចចេញអំពីស្រុកនោះ ហើយទៅកាន់ស្រុកដទៃទៀត បុរសនោះ ចេញអំពីស្រុកនោះហើយ ទើបត្រឡប់មកកាន់ស្រុករបស់ខ្លួនដដែលវិញ បុរសនោះ គប្បីមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុកឯណោះ ក្នុងស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀមយ៉ាងនេះ លុះអាត្មាអញ ចេញអំពីស្រុកនោះហើយ បានទៅកាន់ស្រុកឯណោះទៀត ក៏ក្នុងស្រុកនោះឯង អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀមយ៉ាងនេះ អាត្មាអញ ចេញអំពីស្រុកនោះហើយ ក៏បានត្រឡប់មកកាន់ស្រុករបស់ខ្លួនដដែលវិញ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុកាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ការរលឹកបាននោះ តើដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អនេកសំវដ្តកប្បខ្លះ អនេកវិវដ្តកប្បខ្លះ អនេកសំវដ្តវិវដ្តកប្បខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកភពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលអាត្មាអញបានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភពនោះហើយ ក៏បានទៅកើតក្នុងភពនេះ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះឯង យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
ចុតូប្បាតញ្ញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ (ប្រាជ្ញាជាគ្រឿងដឹងនូវ ចុតិ និងបដិសន្ធិ) នៃពួកសត្វ គឺ ទិព្វចក្ខុញ្ញាណ ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយខាងនាយអំពីសេចក្តីស្លាប់ រមែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកឯសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយខាងនាយអំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺមនុស្ស សុគតិ និងសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកថយ និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជាប្រាសាទ ដែលតាំងនៅក្បែរផ្លូវបែកជា៣ [សព្ទនេះ ប្រែថា ផ្លូវបែកជា ៤ ក៏បាន ។] នាកណ្តាលក្រុង បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅលើប្រាសាទនោះ ក៏គប្បីឃើញនូវមនុស្សទាំងឡាយ ដែលចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី ត្រាច់ទៅមកអំពីច្រកផ្លូវ ទៅកាន់ថ្នល់ក្តី អង្គុយនៅក្នុងផ្លូវបែកជា៣ នាកណ្តាលក្រុងក្តី បុរសនោះ គប្បីមានសេចក្តីត្រិះរិះយ៉ាងនេះថា មនុស្សទាំងនុ៎ះ ចូលទៅកាន់ផ្ទះ មនុស្សទាំងនុ៎ះចេញអំពីផ្ទះ មនុស្សទាំងនុ៎ះដើរទៅមកអំពីច្រកផ្លូវ ទៅកាន់ថ្នល់ មនុស្សទាំងនុ៎ះ អង្គុយនៅក្នុងផ្លូវបែកជា៣ នាកណ្តាលក្រុង យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការភាវនា ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីបញ្ញាជាគ្រឿងដឹងនូវ ចុតិ និងបដិសន្ធិ នៃពួកសត្វ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាប និងខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលនូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយទៅខាងនាយអំពីសេចក្តីស្លាប់ រមែងចូលទៅកើតក្នុងកំណើតនៃតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកឯសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនបានតិះដៀលនូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយកាយទៅខាងនាយអំពីសេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ ផូរផង់ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកថយ និងខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់នូវពពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាងនោះឯង ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។
អាសវក្ខយញ្ញាណ
[កែប្រែ]ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ (ប្រាជ្ញាដឹងនូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ) ។ ភិក្ខុនោះ រមែងដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះជាព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវប្រតិបត្តិដំណើរ ទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌ [សេចក្តីកើតនៃអវិជ្ជាជាហេតុ នាំឲ្យកើតអាសវៈ ។] នេះ ជាទីប្រជុំកើតឡើងនៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿងរលត់នៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាផ្លូវប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់នៃអាសវៈ ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះចាកកាមាសវៈ [សេចក្តីត្រេកត្រអាល ត្រាំនៅក្នុងកាម ហៅថា កាមាសវៈ ។]ផង ចិត្តក៏ផុតស្រឡះចាកភវាសវៈ [សេចក្តីត្រេកត្រអាលត្រាំនៅក្នុងភពទាំង៣ ហៅថា ភវាសវៈ ។] ផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈ [សេចក្តីមិនដឹងក្នុងសច្ចៈទាំង ៤ ទាំងមិនដឹងនូវចំណែកនៃខន្ធខាងដើម ខាងចុង ទាំងខាងដើម ខាងចុង និងបដិច្ចសមុប្បាទធម៌ ហៅថា អវិជ្ជាសវៈ ។] ផង ។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើង ដល់ភិក្ខុនោះថា ចិត្តរបស់អាត្មាអញផុតស្រឡះហើយ ។ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ ប្រៀបដូចជារអាងទឹក លើកំពូលភ្នំ ជាទឹកដ៏ថ្លាស្អាត មិនល្អក់ បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅមាត់នៃរអាងទឹកនោះ ក៏គប្បីឃើញនូវខ្យង និងខ្ចៅផង នូវក្រួស និងដុំថ្មផង នូវហ្វូងនៃត្រីផង កំពុងត្រាច់ទៅក្តី ឈប់នៅក្តី ក្នុងរអាងនោះ បុរសនោះ គប្បីមានសេចក្តីត្រិះរិះយ៉ាងនេះថា រអាងទឹកនេះឯង ថ្លាស្អាត មិនល្អក់ ខ្យង និងខ្ចៅទាំងឡាយក្តី ក្រួស និងដុំថ្មក្តី ហ្វូងនៃត្រីទាំងនេះក្តី ត្រាច់ទៅខ្លះ ឈប់នៅខ្លះ ក្នុងរអាងនោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ដល់នូវសេចក្តីមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះឯង រមែងដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះជាព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវប្រតិបត្តិដំណើរ ទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌នេះ ជាទីប្រជុំកើតឡើងនៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿងរលត់នៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាផ្លូវប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់នៃអាសវៈ យ៉ាងនោះឯង ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង ។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើង ដល់ភិក្ខុនោះថា ចិត្តរបស់អាត្មាអញផុតស្រឡះហើយ ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ នេះឯងជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែលឃើញច្បាស់ដោយខ្លួនឯង ដូចបានពោលមកខាងដើម ។ ម្នាលព្រាហ្មណ៍ មួយវិញទៀត ផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងដទៃទៀត ដ៏លើសលុបដោយវិសេសក្តី ថ្លៃថ្លាដោយវិសេសក្តី ជាងផលនៃសមណប្បដិបត្តិដែលឃើញច្បាស់ដោយខ្លួនឯងនេះទៅទៀត មិនមានឡើយ ។ នេះឯង (ជាសេចក្តីអធិប្បាយ) នៃប្រាជ្ញារបស់ភិក្ខុនោះ ។ ម្នាលព្រាហ្មណ៍ នេះឯងដែលហៅថា ប្រាជ្ញានោះ ។ ម្នាលអាវុសោ ភិក្ខុជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះឯង ។
[៥៩] ។បេ។ ភិក្ខុបានដល់នូវបឋមជ្ឈាន ។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ គួរពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ បរិព្វាជកទាំងពីរពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលទេ ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ដឹងនូវហេតុនោះយ៉ាងនេះ ឃើញយ៉ាងនេះដែរ បានជាតថាគត មិនពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។
[៦០] ភិក្ខុបានដល់នូវទុតិយជ្ឈាន ។ នូវតតិយជ្ឈាន ។ នូវចតុត្ថជ្ឈាន ។ ម្នាលអាវុសោ បើភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនពីគ្នាដែរឬ ។ បរិព្វាជកទាំងនោះពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែកតថាគត ដឹងហេតុនុ៎ះយ៉ាងនេះ ឃើញយ៉ាងនេះដែរហើយ ប៉ុន្តែតថាគត មិនបានពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។
[៦១] ភិក្ខុតម្រង់ ផ្ចង់បង្អោនចិត្ត មកដើម្បីញាណទស្សនៈ ។ ម្នាលអាវុសោ ភិក្ខុណា ។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះទៀត មិនមានទេ ។
ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនដែរឬ ។ បរិព្វាជកទាំងនោះពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ក៏ដឹងនូវហេតុនេះយ៉ាងនេះ ឃើញយ៉ាងនេះដែរ បានជាតថាគត មិនពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួន ។
ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះ (ចប់)ហើយ ។ បព្វជិតទាំង ២ រូបនោះ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ ។
ចប់ ជាលិយសូត្រ ទី៧ ។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > សីលក្ខន្ធវគ្គ > ជាលិយសូត្រ (សៀវភៅភាគ១៥ ទំព័រទី ៧៥)
พระไตรปิฎก เล่มที่ ๙ > พระสุตตันตปิฎก เล่มที่ ๑ > ทีฆนิกาย > สีลขันธวรรค > ชาลิยสูตร Archived 2020-07-25 at the វេយប៊ែខ ម៉ាស៊ីន.