Jump to content

ជូ ដាវី

ពីវិគីភីឌា
ជូ ដាវី
ជូ ដាវី នៅទីក្រុង​សៀងហៃ 2010
កើត1983
សញ្ជាតិបារាំង
អាជីពសិល្បករ, ផលិតករភាពយន្ត

ជូ-ដាវី (បារាំង: Davy Chou) គឺ​ជា​ផលិតករ​ភាពយន្ត កូន​ខ្មែរ​កាត់​បារាំង កើត​នៅ​ឆ្នាំ ១៩៨៣។ លោក​គឺ​ជា​ចៅ​ប្រុស​របស់​លោក វណ្ណ ច័ន្ទ ដែល​ជាអ្នក​ផលិត​ខ្សែ​ភាពយន្ត​ខ្មែរ​រវាង​ទសវត្សរ៍ទី៦០ និង ៧០។ លោក វណ្ណ ច័ន្ទ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ក្នុង​ឆ្នាំ ១៩៦៩ ហើយ​គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ដ៏​ល្បី​មួយ​រូប​នា​សម័យ​កាល​នោះ។[]

អាជីព

[កែប្រែ]

ការ​តាំង​ពិព័រណ៍ «ពេជ្រ​កូន​ភ្លោះ» និង «ការ​ភ្ញាក់​ឡើង​វិញ​នៃ​យុគមាស»

[កែប្រែ]

ក្នុង​ឆ្នាំ ២០០៩, ជូ ដាវី បាន​បង្កើត​សិក្ខាសាលា​ភាពយន្ត​មួយ​ដោយ​មាន​ការ​សហការ​ជាមួយ​នឹង​សាកលវិទ្យាល័យចំនួន ៦ និង​សិស្ស​ចំនួន​ ៦០នាក់​ ។ លោក​ក៏​បាន​ចូលរួម​ជួយ​បង្កើត​ក្រុម កុនខ្មែរ កូនខ្មែរ (Kon Khmer Koun Khmer) ជា​ក្រុម​យុវជន​ខ្មែរ​ដែល​ចូល​ចិត្ត​ផលិត​ខ្សែភាពយន្ត​ខ្នាត​ខ្លី។ គាត់​ធ្លាប់​ជា​ផលិតករ​ខ្សែភាព​យន្ត​រន្ធត់​មួយ ដែល​ដឹកនាំ​ដោយ​សិស្ស​ចំនួន៦០នាក់ នោះ​គឺរឿង ពេជ្រកូនភ្លោះ។ ក្រោយ​ពី​ផលិត​កុន​រន្ធត់​នេះ​ហើយ លោក ដាវី និង​ក្រុម​កុនខ្មែរ កូនខ្មែរ បាន​រៀប​ចំ​ពិព័រណ៍​ដំបូង​គេ​បង្អស់​អំពី​ភាពយន្ត​ខ្មែរ​រវាង​ទសវត្សរ៍​ទី៦០ និង ៧០។ នេះ​ជា​ពិព័រណ៍ដំបូង​ មាន​រយៈ​ពេល ៩ ថ្ងៃ រៀប​រាប់​អំពី​ខ្សែភាព​យន្ត​ខ្មែរ​កាល​ពី​សម័យ​មុន ហើយ​មាន​ចាក់​បញ្ចាំង​ភាពយន្ត​ចំនួន ១១ ចាប់​ពី​សម័យ​កាល​នោះ​មក ព្រម​ទាំង​តាំង​បង្ហាញ​ខិតបណ្ណ​ផ្សព្វផ្សាយ​ភាព​យន្ត​ខ្មែរ​ថែម​ទៀត​ផង។ ក្រៅ​ពីនេះ​ក៏​មាន​តាំង​បង្ហាញ​រូប​ថត ជីវប្រវត្តិ​របស់​តារា​សម្ដែង​ខ្មែរ​នៅ​ផ្ទះចិន និង​អគារ​បុរាណ​សម័យ​អាណានិគមដែល​មានទីតាំង​ស្ថិត​នៅ​ក្បែរ​ផែ​ទីក្រុង​ភ្នំពេញ។ លោក ជូ ដាវី ក៏​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ក្នុង​រវាង​ទសវត្សរ៍​​ទី៥០ និង ៦០ ខ្សែភាពយន្ត​ខ្មែរ​មាន​ច្រើន​ជាង ៤០០ រឿង​ដែល​ត្រូវ​បាន​ផលិត។

ដំណេកមាស

[កែប្រែ]

ចន្លោះ​ឆ្នាំ២០១០ និង ២០១១, លោក​បាន​ផ្លាស់​មក​នៅប្រទេស​កម្ពុជា ដើម្បី​ស្វែង​រក​សាក្សី​ដែល​នៅ​មាន​ជីវិត (មាន​ដូច​ជា​អ្នក​ជំនាញ, អ្នកទស្សនា, អគារ) នៃ​យុគមាស​ខ្សែភាព​យន្ត​កម្ពុជា រវាង​ឆ្នាំ១៩៦០ និង ១៩៧៥ ។ គាត់​បាន​រក​ឃើញ​ថា ខ្សែភាព​យន្ត​ជិត ៤០០ រឿង​ត្រូវ​បាន​បំផ្លាញ​ចោល ឬ​បាត់​បង់​ក្នុង​សម័យ​ខ្មែរក្រហម។ លោក​បាន​សម្ភាស​លោក​ស្រី ឌី សាវ៉េត និង​ផលិតករ​ខ្សែភាពយន្ត​បីរូប​ទៀត​គឺ​លោក លី ប៊ុនយីម ​លោក អ៊ី វ៉ុងហែម និង​លោក លី យូស្រ៊ាង

ភាពយន្តឯកសារ​រយៈ​ពេល ១០០ នាទី​នេះ បាន​ផលិត​ចេញ​ពី​ការ​ចងចាំរបស់​ផលិតករ​ខ្សែ​ភាពយន្ត​កម្ពុជា​ជើងចាស់ និង​តារា​សម្ដែង។ ខ្សែភាពយន្ត​នេះ​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា ដំណេកមាស ហើយ​ជា​ភាសា​អង់គ្លេស​ជា Golder Slumbers ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០១២ នៅ​ប្រទេស​បារាំង ហើយ​ក៏​មាន​ចាក់​បញ្ចាំង​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ផង រួម​មាន​ប្រទេស​កម្ពុជា។[] ភាពយន្ត​ឯកសារ ដំណេកមាស បាន​នាំ​យក​អនុស្សាវរីយ៍ ការចងចាំ​នៃ​យុគមាស​នៃ​ខ្សែភាពយន្ត​ខ្មែរ​ដ៏​ជឿន​លឿន​មុនសម័យ​ខ្មែរក្រហម ហើយ​បាន​ជម្រុញ​ទឹក​ចិត្ត​យុវជន​ខ្មែរ​ដែល​ចូល​ចិត្ត​ផលិត​ខ្សែភាព​យន្ត​ខ្នាត​ខ្លី ឲ្យ​នឹក​ឃើញ​និង​ស្ដារ​ភាពយន្ត​ខ្មែរ​ឲ្យ​មាន​ភាព​ល្បីល្បាញ​ដូច​ទសវត្សរ៍ទី៦០ និង ៧០។ ក្នុង​ភាពយន្ត​ឯកសារ​នោះ, លោក ជូ ដាវី បាន​រុករក​ឃើញ​មរតក​ភាពយន្ត​ខ្មែរ[], និង​បាន​បង្ហាញ​ការ​តស៊ូ​មិន​ខ្លាច​នឿយហត់​នៃ​ផលិតករ​ភាពយន្ត​ខ្មែរ​ក្នុង​សម័យ​នោះ បើ​ទោះ​បី​មាន​ភាព​ចលាចល​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ​មិន​ខ្វល់ខ្វាយ​មក​លើ​ការងារ​របស់ពួក​គាត់​ទៀត​ក៏ដោយ។[]

មហោស្រព​ភាពយន្ត «ចងចាំ!»

[កែប្រែ]

នៅ​ឆ្នាំ២០១៣, លោក ជូ ដាវី បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​ម្ដង​ទៀត ដើម្បីរៀបចំ​និង​សម្រប​សម្រួល​មហោស្រព​ភាពយន្ត​អាស៊ី​មុន​ដំបូង​គេ មាន​ទីតាំង​ក្នុង​ទីក្រុង​ភ្នំពេញ។ ការ​ចូលរួម​របស់​លោក ជូ ដាវី នៅ​ក្នុង​វិស័យ​ខ្សែ​ភាពយន្ត​ខ្មែរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ជួយ​ចាប់​ផ្ដើម​បណ្ដុះ​ចំណាប់​អារម្មណ៍​របស់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​មក​ផលិត​ភាពយន្ត និង​មើល​ភាព​យន្ត​ឲ្យ​បាន​កាន់​តែ​ច្រើន។[]

ខ្សែភាពយន្ត

[កែប្រែ]
  • 2006 : Le premier film de Davy Chou (court métrage)
  • 2008 : Expired (court métrage)
  • 2009 : ពេជ្រពីរគ្រាប់
  • 2012 : ដំណេកមាស (ភាពយន្ត​ឯកសារ)

ឯកសារយោង

[កែប្រែ]