តេវិជ្ជសូត្រ
តេវិជ្ជសូត្រ ទី១៣
[១៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងកោសលជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប បានដល់ទៅស្រុកព្រាហ្មណ៍ ឈ្មោះមនសាកត របស់កោសលជនបទ ។ ឮថា ព្រះមានព្រះភាគ ទ្រង់ប្រថាប់នៅក្នុងអម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ក្នុងទិសខាងជើងនៃមនសាកតគ្រាម ជិតស្រុកមនសាកតនោះ ។
[១៦៨] សម័យនោះ ពួកព្រាហ្មណមហាសាល ដែលមានឈ្មោះល្បីល្បាញច្រើននាក់ មកសំណាក់នៅក្នុងស្រុកមនសាកត ព្រាហ្មណ៍ទាំងនោះឈ្មោះអ្វីខ្លះ ? គឺឈ្មោះវង្គីព្រាហ្មណ៍ (Cankī the Brahman), តារុក្ខព្រាហ្មណ៍ (Tārukkha the Brahman), បោក្ខរសាតិព្រាហ្មណ៍ (Pokkharasādi the Brahman), ជាណុស្សោណិព្រាហ្មណ៍ (Jāṇussoṇi the Brahman), តោទេយ្យព្រាហ្មណ៍ (Todeyya the Brahman) និងពួកព្រាហ្មណមហាសាលឯទៀត ដែលមានឈ្មោះល្បីល្បាញ ។ គ្រានោះ ពួកមាណព ជាវាសេដ្ឋគោត្រ និងភារទ្វាជគោត្រ កំពុងនាំគ្នាដើរត្រសងចុះឡើងឲ្យស្រួលជើង (ដើម្បីបន្ទោបង់សេចក្តីរួយស្រពន់) ក៏កើតពាក្យជជែកគ្នា អំពីផ្លូវ និងមិនមែនផ្លូវឡើង ។ វាសេដ្ឋមាណពបាននិយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្មបាន ផ្លូវនេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍បានសំដែងប្រាប់ ។ ចំណែកខាងភារទ្វាជមាណពបាននិយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ផ្លូវនេះឯង ដែលតារុក្ខព្រាហ្មណ៍បានសំដែងប្រាប់ ។ វាសេដ្ឋមាណព មិនអាចដើម្បីញ៉ាំងភារទ្វាជមាណពឲ្យចូលចិត្តបាន ចំណែកភារទ្វាជមាណព ក៏មិនអាចដើម្បីញ៉ាំងវាសេដ្ឋមាណពឲ្យចូលចិត្តបានដែរ ។
[១៦៩] គ្រានោះ វាសេដ្ឋមាណពបានប្រឹក្សានឹងភារទ្វាជៈថា ម្នាលភារទ្វាជៈ ព្រះសមណគោតមនេះឯង ជាសក្យបុត្រ ចេញចាកសក្យត្រកូល មកទ្រង់ព្រះផ្នួស ឥឡូវនេះ គង់នៅក្នុងអម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ទិសខាងជើង នៃមនសាកតគ្រាម ក្បែរស្រុកមនសាកត កិត្តិសព្ទ សរសើរព្រះគោតមដ៏ចម្រើននោះ ពីរោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គ ។បេ។ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភារទ្វាជៈ មក យើងទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ យើងនឹងសួរសេចក្តីនោះ ចំពោះព្រះសមណគោតម (បើ) ព្រះសមណគោតម ទ្រង់ដោះស្រាយដល់ពួកយើងយ៉ាងណា យើងនឹងចាំនូវសេចក្តីនោះយ៉ាងនោះ ។ ភារទ្វាជមាណព បានទទួលស្តាប់ពាក្យរបស់វាសេដ្ឋមាណពថា ម្នាលអ្នកដ៏ចម្រើន យ៉ាងហ្នឹងហើយ ។
[១៧០] គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះវាសេដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន កាលដែលយើងខ្ញុំកំពុងនាំគ្នាដើរត្រសងចុះឡើងឲ្យស្រួលជើង ក៏កើតសំដីជជែកគ្នា អំពីផ្លូវ និងមិនមែនផ្លូវ ក្នុងទីហ្នឹង ខ្ញុំព្រះអង្គពោលយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្មបាន ផ្លូវនេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់ ចំណែកខាងភារទ្វាជមាណព បាននិយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ផ្លូវនេះឯង ដែលតារុក្ខព្រាហ្មណ៍បានសំដែងប្រាប់ ។ បពិត្រព្រះគោតមដ៏ចម្រើន ការប្រកាន់ខុសគ្នា ក៏មាន ការជជែកគ្នាក៏មាន ការពោលផ្សេងគ្នាក៏មាន អំពីផ្លូវ និងមិនមែនផ្លូវនេះ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋ បានឮថា អ្នកនិយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ផ្លូវនេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់ ឯភារទ្វាជមាណព ពោលយ៉ាងនេះថា នេះជាផ្លូវត្រង់ នេះជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ផ្លូវនេះឯង ដែលតារុក្ខព្រាហ្មណ៍ បានសំដែងប្រាប់ ម្នាលវាសេដ្ឋ ។ កាលបើដូច្នោះ អ្នកទាំងឡាយ ប្រកាន់ខុសគ្នា ព្រោះហេតុដូចម្តេច ជជែកគ្នា ព្រោះហេតុដូចម្តេច ពោលពាក្យផ្សេងគ្នា ព្រោះហេតុដូចម្តេច ? វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន (យើងខ្ញុំព្រះអង្គ ជជែកគ្នា) ព្រោះផ្លូវ និងមិនមែនផ្លូវ បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ទាំងឡាយ គឺពួកអទ្ធរិយព្រាហ្មណ៍ ពួកតិត្តិរិយព្រាហ្មណ៍ ពួកឆន្ទោកព្រាហ្មណ៍ ពួកពវ្ហរិធព្រាហ្មណ៍ បញ្ញត្តផ្លូវទាំងឡាយផ្សេងៗគ្នា ក៏ពិតមែនហើយ តែថា ផ្លូវទាំងអស់នោះ សុទ្ធតែស្រោចស្រង់សត្វ នាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្មបាន បពិត្រព្រះគោតមដ៏ចម្រើន ដូចផ្លូវដ៏ច្រើន ជិតស្រុក ឬនិគម ទោះបីជាផ្លូវផ្សេងៗគ្នាមែន ប៉ុន្តែផ្លូវនោះ សុទ្ធតែមូលមករកស្រុកទាំងអស់ ដូចម្តេចមិញ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ទាំងឡាយ គឺពួកអទ្ធរិយព្រាហ្មណ៍ ពួកតិត្តិរិយព្រាហ្មណ៍ ពួកឆន្ទោកព្រាហ្មណ៍ ពួកពវ្ហរិធព្រាហ្មណ៍ បញ្ញត្តផ្លូវទាំងឡាយផ្សេងៗគ្នា ក៏ពិតមែនហើយ តែផ្លូវទាំងអស់នោះ សុទ្ធតែជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ដូច្នោះឯង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ អ្នកនិយាយថា ផ្លូវរបស់ពួកព្រាហ្មណ៍ទាំងនោះ រមែងស្រោចស្រង់សត្វបានឬ ? បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ និយាយថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន ។ ម្នាលវាសេដ្ឋៈ អ្នកនិយាយថា ផ្លូវរបស់ពួកព្រាហ្មណ៍ទាំងនោះ រមែងស្រោចស្រង់សត្វបានឬ ? បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ និយាយថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន ។ ម្នាលវាសេដ្ឋៈ អ្នកនិយាយថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបានឬ ? បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ និយាយថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន ។
[១៧១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថាសួរថា ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ ទោះបីព្រាហ្មណ៍ម្នាក់ក្តី ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ? វាសេដ្ឋមាណពក្រាបទូលថា បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនោះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យម្នាក់ ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ? បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យជាប្រធានលើអាចារ្យ ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ? បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ តាំងអំពីតំណនៃអាចារ្យ ជាគម្រប់ ៧ មក ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនឬទេ ? បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋៈ ចុះពួកឫសីជាន់មុនៗ ជាអ្នកតែងមន្ត អ្នករាយមន្ត ដល់ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយ តាមបទមន្តបែបបុរាណនេះ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលទុកមកហើយ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយ បង្រៀនមកហើយ ឫសីទាំងនោះឈ្មោះអ្វីខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ តើមាន (ឫសីណាមួយ) ពោលពាក្យនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅត្រង់កន្លែងណា យើងទាំងឡាយស្គាល់ទីនោះ យើងទាំងឡាយឃើញព្រហ្មនោះ ដូច្នេះដែរឬទេ ? បពិត្រព្រះគោតមដ៏ចម្រើន ការស្គាល់ និងការឃើញនោះ មិនមានទេ ។
[១៧២] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលវាសេដ្ឋ បណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើបានឮថា មាននរណាមួយសូម្បីតែព្រាហ្មណ៍ម្នាក់ ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ? វាសេដ្ឋមាណពក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យម្នាក់ ដែលឃើញព្រហ្មនេះផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ? បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យជាប្រធានលើអាចារ្យ ដែលឃើញនូវព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ? បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ? ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ តាំងអំពីតំណអាចារ្យ ជាជីតារបស់អាចារ្យ ជាគម្រប់ ៧ ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋៈ ចុះពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយ តាមបទមន្តបុរាណនេះមកហើយ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលមក តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយ បង្រៀនមកហើយ ឫសីទាំងនោះឈ្មោះអ្វីខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ តើមាន (ឫសីណាមួយ) ពោលយ៉ាងនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុងកន្លែងណា យើងទាំងឡាយស្គាល់ទីនោះ យើងទាំងឡាយ ឃើញព្រហ្មនោះ ដូច្នេះដែរឬទេ ? ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជានោះឯង តែងនិយាយយ៉ាងនេះថា យើងមិនស្គាល់ យើងមិនឃើញទេ តែយើងទាំងឡាយ សំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះបានថា នេះឯងជាផ្លូវត្រង់ នេះជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្មបាន ។
[១៧៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ជាភាសិតមិនបានសេចក្តីអស្ចារ្យទេឬ ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន កាលបើដូច្នេះ តាមដោយនូវពិត ភាសិតរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាភាសិតមិនមានសេចក្តីអស្ចារ្យទេ ។ ម្នាលវាសេដ្ឋ ត្រូវហើយ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនស្គាល់ព្រហ្មណា មិនឃើញព្រហ្មណាទេ តែសំដែងនូវផ្លូវដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្មបាន ហេតុនោះ នឹងយកជាការមិនបានទេ ។ ម្នាលវាសេដ្ឋ ដូចមនុស្សមានភ្នែកខ្វាក់ ដើរជាជួរតោងគ្នានឹងគ្នា អ្នកដើរមុន ក៏មើលមិនឃើញ អ្នកដើរកណ្តាល ក៏មើលមិនឃើញ អ្នកដើរក្រោយ ក៏មើលមិនឃើញ ដូចម្តេចមិញ ម្នាលវាសេដ្ឋៈ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ក៏មានទំនងឧបមេយ្យ ដូចជាមនុស្សខ្វាក់ ដើរជាជួរ អ្នកដើរមុន ក៏មើលមិនឃើញ អ្នកដើរកណ្តាល ក៏មើលមិនឃើញ អ្នកដើរក្រោយ ក៏មើលមិនឃើញ ដូច្នោះឯង ភាសិតនេះ របស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាពាក្យគួរឲ្យអ្នកផងសើចចំអកបាន ជាភាសិតឱនថយ (លាមក) ជាភាសិតទទេ ជាភាសិតសោះសូន្យ មែនពិត ។ ម្នាលវាសេដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា រមែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីពួកជនឯទៀតច្រើននាក់ ក៏ឃើញដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នាអង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ។ បពិត្រព្រះគោតមដ៏ចម្រើន ដូច្នោះមែនហើយ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីពួកជនឯទៀតច្រើននាក់ ក៏ឃើញដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នាអង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ។
[១៧៤] ម្នាលវាសេដ្ឋៈ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីតែពួកជនឯទៀតច្រើននាក់ ក៏ឃើញព្រះចន្ទ្រ និងព្រះអាទិត្យដែរ ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នាអង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ល្មមសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យទាំងនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យ ដូច្នេះ មានឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន មិនមានទេ ។ ម្នាលវាសេដ្ឋ បានឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីពួកជនឯទៀតច្រើននាក់ ក៏ឃើញដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នាអង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនល្មមសំដែងផ្លូវដើម្បីកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យទាំងនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះឲ្យទៅកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យបានឡើយ ឮថាពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ បានឮថាអាចារ្យរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាក៏មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ បានឮថាពួកអាចារ្យជាប្រធានលើអាចារ្យពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាក៏មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ បានឮថាពួកបុព្វាចារ្យរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាតាំងអំពីតំណនៃអាចារ្យជាជីតារបស់អាចារ្យជាគម្រប់ ៧ ក៏មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថាពួកឫសីជាន់មុនៗដែលជាអ្នកតែងមន្ត ជាអ្នករាយមន្តដល់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក្នុងកាលឥឡូវនេះតែងស្វាធ្យាយតាមបទមន្តនេះជារបស់ចាស់ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលទុកមកហើយ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយបង្រៀនមកហើយ ឫសីណាខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ បានពោលយ៉ាងនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុងកន្លែងណា យើងស្គាល់ទីនោះ យើងឃើញព្រហ្មនោះ ដូច្នេះដែរឬ ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ក៏ពោលយ៉ាងនេះថា យើងមិនដែលស្គាល់ព្រហ្មណា មិនដែលឃើញព្រហ្មណាទេ ប៉ុន្តែយើងសំដែងផ្លូវដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្មបាន ។
[១៧៥] ម្នាលវាសេដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាភាសិតមិនបានការទេ មិនមែនឬ ។ បពិត្រព្រះគោតមដ៏ចម្រើន មែនពិតហើយ កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាភាសិតមិនបានការណ៍ទេ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ មិនដែលស្គាល់ព្រហ្មណា មិនដែលឃើញព្រហ្មណាទេ ប៉ុន្តែហ៊ានសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្មនោះបាន ហេតុនេះ នឹងយកជាការណ៍ពុំបានឡើយ ។
[១៧៦] ម្នាលវាសេដ្ឋៈ ដូចជាបុរសពោលយ៉ាងនេះថា ខ្ញុំប្រាថ្នាចង់បាននូវស្ត្រីដែលមានរូបល្អក្នុងជនបទនេះ ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរសដ៏ចម្រើន ស្ត្រីមានរូបល្អក្នុងជនបទដែលអ្នកប្រាថ្នាចង់បាន តើអ្នកស្គាល់ស្ត្រីមានរូបល្អ ក្នុងជនបទនោះ ថាជានាងខត្តិយានី ឬនាងព្រាហ្មណី ជានាងវេស្សី ឬជានាងសុទ្ទីដែរឬ ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ ។ ជនទាំងឡាយ សួរបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចម្រើន ស្ត្រីមានរូបល្អ ក្នុងជនបទ ដែលអ្នកប្រាថ្នាចង់បាន តើអ្នកស្គាល់ស្ត្រីមានរូបល្អ ក្នុងជនបទនោះ ថា មានឈ្មោះយ៉ាងនេះ ឬមានគោត្រយ៉ាងនេះ ខ្ពស់ ឬទាប ឬយ៉ាងកណ្តាល ខ្មៅ ឬស្រអែម ឬសម្បុរខ្មៅស្រស់ស្អាតថា នៅក្នុងស្រុកឯណោះ និគមឯណោះ ឬនគរឯណោះដែរឬ ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកមិនស្គាល់ មិនឃើញស្ត្រីណា អ្នកប្រាថ្នាចង់បានស្ត្រីនោះឬ ។ បុរសនោះ ដែលគេសួរដូច្នេះហើយ ក៏ប្រាប់ថា បាទ ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ភាសិតរបស់បុរសនោះ ជាភាសិតមិនបានការណ៍ មិនមែនទេឬ ។ បពិត្រព្រះគោតមដ៏ចម្រើន មែនពិតហើយ កាលបើយ៉ាងនេះ ភាសិតរបស់បុរសនោះ ជាភាសិតមិនបានការណ៍ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ បានឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ ។បេ។
[១៧៧] ម្នាលវាសេដ្ឋៈ ដូចជាបុរសធ្វើជណ្តើរ បម្រុងឡើងប្រាសាទ ត្រង់ផ្លូវធំបែកជា ៤ ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន អ្នកធ្វើជណ្តើរបម្រុងឡើងប្រាសាទណា ចុះអ្នកស្គាល់ប្រាសាទនោះថា (នៅ) ក្នុងទិសខាងកើត ឬទិសខាងត្បូង ឬទិសខាងលិច ឬទិសខាងជើង ប្រាសាទនោះខ្ពស់ ឬទាប ឬយ៉ាងកណ្តាលដែរឬ ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនដឹងទេ ។ ជនទាំងឡាយ សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន អ្នកមិនដឹង មិនឃើញប្រាសាទណាទេ តែធ្វើជណ្តើរបម្រុងឡើងប្រាសាទនោះឬ ? បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ឆ្លើយថា បាទ ។ ម្នាលវាសេដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច កាលបើដូច្នោះ សំដីនៃបុរសនោះ មិនបានការណ៍ មិនមែនឬ ។ បពិត្រព្រះគោតមដ៏ចម្រើន មែនពិតហើយ កាលបើយ៉ាងនេះ សំដីរបស់បុរសនោះ មិនបានការណ៍ទេ ។ ម្នាលវាសេដ្ឋៈ មែនហើយ បានឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន បានឮថា ពួកអាចារ្យរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក៏មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកអាចារ្យ ជាប្រធានលើអាចារ្យរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក៏មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកបុព្វាចារ្យរបស់ពួកព្រាហ្មណ៍ តាំងពីតំណនៃអាចារ្យ ជាជីតារបស់អាចារ្យជាគម្រប់ ៧ ក៏មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយតាមបទមន្តបុរាណនេះ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលទុកមកហើយ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយបង្រៀនមកហើយ ឫសីណាខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ សូម្បីឫសីទាំងនោះ ក៏មិនពោលយ៉ាងនេះថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុងកន្លែងណា យើងទាំងឡាយ ស្គាល់ទីនោះ យើងទាំងឡាយ ឃើញព្រហ្មនោះ ដូច្នេះដែរឬទេ ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ក៏ពោលយ៉ាងនេះថា យើងមិនស្គាល់ព្រហ្មណា យើងមិនឃើញព្រហ្មណាទេ ប៉ុន្តែ យើងសំដែងផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្មបាន ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ សំដីរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាសំដីមិនបានការណ៍ឬ ។ បពិត្រព្រះគោតមដ៏ចម្រើន មែនពិតហើយ កាលបើយ៉ាងនេះ សំដីរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាសំដីមិនបានការណ៍ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋ ព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ មិនស្គាល់ព្រហ្មណា មិនឃើញព្រហ្មណាទេ ប៉ុន្តែហ៊ានសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្ម ហេតុនេះ យកជាការណ៍ពុំបានទេ ។
[១៧៨] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹកល្មមក្អែកទំមាត់ច្រាំង ឱនផឹកបាន គ្រានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាងនាយ អ្នកនឹងទៅត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បុរសនោះ បានមកដល់ ក៏ឈរនៅត្រើយខាងអាយ ហើយស្រែកហៅត្រើយខាងនាយថា ម្នាលត្រើយខាងនាយ អ្នកចូរមករកត្រើយខាងអាយ ម្នាលត្រើយខាងនាយ អ្នកចូរមករកត្រើយខាងអាយ ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ត្រើយខាងនាយ នៃស្ទឹងអចិរវតី (នោះ) មុខជានឹងមករកត្រើយខាងអាច ព្រោះហេតុនៃបុរសនោះស្រែកហៅ ឬព្រោះហេតុនៃបុរសនោះអង្វរ ព្រោះហេតុសេចក្តីប្រាថ្នា ឬព្រោះហេតុសេចក្តីត្រេកអរបានដែរឬ ? វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន មិនដូច្នោះទេ ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក៏ដូច្នោះដែរ គេប្រព្រឹត្តលះបង់ធម៌ ដែលធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនមែនធ្វើបុគ្គលទៅជាព្រាហ្មណ៍វិញ ហើយពោលយ៉ាងនេះថា យើងហៅព្រះឥន្ទ្រ ហៅព្រះចន្ទ ហៅព្រះវរុណ ហៅព្រះឦសាន ហៅព្រះបជាបតិ ហៅព្រះព្រហ្ម ហៅព្រះមហិន្ទ្រ ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍វិញ លុះបែកធ្លាយកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ព្រោះហេតុស្រែកហៅ ឬព្រោះហេតុសេចក្តីអង្វរ ព្រោះហេតុសេចក្តីប្រាថ្នា ឬព្រោះហេតុសេចក្តីត្រេកអរ ហេតុដូច្នេះនេះ មិនដែលមានឡើយ ។
[១៧៩] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹក ល្មមក្អែកទំមាត់ច្រាំង ឱនផឹកបាន គ្រានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាងនាយ អ្នកទៅត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បានមកដល់ (ស្ទឹងនោះ) ក៏យកខ្សែដ៏មាំ មកចងដើមដៃទៅខាងក្រោយ (ចងស្លាបសេក) យ៉ាងខ្ជាប់ ទុកនៅត្រើយខាងអាយ ម្នាលវាសេដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសនោះ នឹងចេញពីត្រើយខាងអាយ នៃស្ទឹងអចិរវតី ទៅត្រើយខាងនាយ តើបានឬទេ ? បពិត្រព្រះគោតមដ៏ចម្រើន មិនបានទេ ។ ម្នាលវាសេដ្ឋៈ ដូច្នោះមែនហើយ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅកាមគុណទាំង ៥ នេះថា ខ្នោះក៏មាន ថាចំណងក៏មាន កាមគុណទាំង ៥ តើដូចម្តេចខ្លះ ? គឺ រូប ដែលគួរដឹងបានដោយចក្ខុ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ សំឡេង ដែលគួរដឹងបានដោយត្រចៀក ។បេ។ ក្លិន ដែលគួរដឹងបានដោយច្រមុះ ។ រស ដែលគួរដឹងបានដោយអណ្តាត ។ ផោដ្ឋព្វៈ ដែលគួរដឹងបានដោយកាយ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ ។ ម្នាលវាសេដ្ឋៈ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅកាមគុណ ៥ នេះឯង ថាខ្នោះក៏មាន ថាចំណងក៏មាន ។ ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាប់ជក់នៅ ជ្រប់នៅ លិចលង់នៅ ឃើញថាមិនមានទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួន តែងបរិភោគកាមគុណទាំង ៥ នេះឯង ។ ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍វិញ ជាប់ជក់នៅ លិចលង់នៅ ឃើញថាមិនមានទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួន តែងបរិភោគកាមគុណទាំង ៥ ជាអ្នកមានកាមឆន្ទៈ ជាចំណង លុះបែកធ្លាយកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ហេតុនេះ មិនគួរមានឡើយ ។
[១៨០] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹក ល្មមក្អែកទំមាត់ច្រាំង ឱនផឹកបាន វេលានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាងនាយ អ្នកទៅកាន់ត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បានមកដល់ បុរសនោះ ក៏ទទូរអស់ទាំងក្បាល ហើយដេកទៀបត្រើយខាងអាយ ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសនោះ គួរចេញអំពីត្រើយខាងអាយ នៃស្ទឹងអចិរវតី ទៅឯត្រើយខាងនាយ បានឬទេ ? បពិត្រព្រះគោតមដ៏ចម្រើន ដំណើរនេះ ពុំគួរទៅបានទេ ។ ម្នាលវាសេដ្ឋៈ ក៏ដូច្នោះដែរ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅនីវរណធម៌ ៥ ប្រការនេះថា អាវរណៈ (គ្រឿងទប់) ក៏បាន ហៅថា នីវរណៈ (គ្រឿងរារាំង) ក៏បាន ហៅថា ឱនាហនៈ (គ្រឿងទាញយិត) ក៏បាន ហៅថា បរិយោហនៈ (គ្រឿងរួបរឹត) ក៏បាន ។ នីវរណៈទាំង ៥ ប្រការ តើដូចម្តេចខ្លះ ? គឺ កាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១ ម្នាលវាសេដ្ឋៈ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅ នីវរណៈទាំង ៥ ប្រការនេះឯង ថា អាវរណៈក៏បាន ហៅថា នីវរណៈក៏បាន ហៅថា ឱនាហនៈក៏បាន ហៅថា បរិយោហនៈក៏បាន ។
[១៨១] ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ត្រូវនីវរណៈទាំង ៥ នេះដោតក្រង ចងរឹត ចងក្រៀក ចាក់ស្រែះហើយ ។ ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍ចេញ ហើយប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍វិញ ព្រាហ្មណ៍ទាំងនោះ ត្រូវនីវរណៈទាំង៥ ដោតក្រង ចងរឹត ចងក្រៀក ចាក់ស្រែះហើយ លុះបែកធ្លាយកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ហេតុនេះ មិនមានសោះឡើយ ។
[១៨២] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកធ្លាប់បានឮពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យ ប្រធានលើអាចារ្យទាំងឡាយនិយាយថា ព្រហ្មមានស្ត្រីជាគ្រឿងជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ? វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ព្រហ្មមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ។ ព្រហ្មមានចិត្តចងពៀរ ឬមិនបានចងពៀរទេ ? បពិត្រព្រះគោតមដ៏ចម្រើន ព្រហ្មមិនមានចិត្តចងពៀរទេ ។ ព្រហ្មមានចិត្តប្រកបដោយព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ ? បពិត្រព្រះគោតមដ៏ចម្រើន ព្រហ្មមិនមានចិត្តប្រកបដោយព្យាបាទទេ ។ ព្រហ្មមានចិត្តសៅហ្មង ឬមិនមានចិត្តសៅហ្មងទេ ? បពិត្រព្រះគោតមដ៏ចម្រើន ព្រហ្មមិនមានចិត្តសៅហ្មងទេ ។ ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន ឬប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ ? បពិត្រព្រះគោតមដ៏ចម្រើន ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានស្ត្រីជាគ្រឿងជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ? បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាមានស្ត្រីជាគ្រឿងជាប់ចំពាក់ (គ្រប់គ្រងស្រីដែរ) ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តចងពៀរ ឬមិនមានចិត្តចងពៀរទេ ? បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តចងពៀរ ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តប្រកបដោយព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ ? បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តប្រកបដោយព្យាបាទ ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ឬមានចិត្តមិនសៅហ្មងទេ ? បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ឬប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ ? បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ ។
[១៨៣] ម្នាលវាសេដ្ឋៈ អើ បើថាពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះមានស្ត្រីជាគ្រឿងជាប់ចំពាក់ដូច្នេះ ឯព្រហ្មជាអ្នកមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ចុះបណ្តាពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលមានស្ត្រីជាគ្រឿងជាប់ចំពាក់ តើប្រៀបផ្ទឹមនឹងព្រហ្មដែលមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់សមគ្នាដែរឬទេ ? បពិត្រព្រះគោតមដ៏ចម្រើន ដំណើរនោះ ប្រៀបធៀបមិនសមគ្នាទេ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ព្រាហ្មណ៍អ្នកត្រៃវិជ្ជាដែលមានស្ត្រីជាគ្រឿងជាប់ចំពាក់ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏ទៅកើតជាមួយនឹងព្រហ្ម ដែលមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ ហេតុដូច្នេះនេះ មិនដែលមានទេ ។ ម្នាលវាសេដ្ឋៈ បានឮដូច្នេះថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះមានចិត្តចងពៀរ ចំណែកខាងព្រហ្មមិនមានចិត្តចងពៀរទេ ប្រៀបធៀបពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ដែលមានចិត្តចងពៀរជាមួយនឹងព្រហ្មដែលមិនមានចិត្តចងពៀរ តើសមគ្នាដែរឬ ? បពិត្រព្រះគោតមដ៏ចម្រើន ដំណើរនោះប្រៀបធៀបមិនបានទេ ។ ម្នាលវាសេដ្ឋៈ បានឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះមានចិត្តប្រកបដោយព្យាបាទ ព្រហ្មមិនមានចិត្តប្រកបដោយព្យាបាទទេ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ព្រហ្មមិនមានចិត្តសៅហ្មងទេ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន ចុះបើប្រៀបធៀបពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជាដែលប្រព្រឹត្តទៅតាមអំណាចចិត្តមិនបាន ជាមួយនឹងព្រហ្មដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន តើសមគ្នាដែរឬ ? បពិត្រព្រះគោតមដ៏ចម្រើន ដំណើរនោះ ប្រៀបធៀបមិនបានទេ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជាដែលប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទាំងនោះ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងព្រហ្មដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន ហេតុដូច្នេះនេះ មិនដែលមានទេ ? ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍ អ្នកត្រៃវិជ្ជាទាំងនោះ ចូលទៅ (កាន់ទីមិនមែនផ្លូវ ដោយសំគាល់ថាផ្លូវ) ក្នុងផ្លូវជាទីទៅកាន់ព្រហ្មលោក (ដូចជា) ចុះទៅ (កាន់ទីមានភក់ ដោយសំគាល់ថា ទីរាបស្មើ) លុះចុះទៅហើយ ក៏ដល់នូវសេចក្តីបាក់បែក (នៃអវយវៈតូចធំ) សំគាល់នូវការឆ្លងថាស្រួលហើយ ក៏ឆ្លងទៅ ព្រោះហេតុនោះ ត្រៃវិជ្ជារបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានេះ អ្នកប្រាជ្ញ តែងហៅថា ព្រៃធំ គឺត្រៃវិជ្ជាខ្លះ ហៅថា ព្រៃដែលគ្មានទឹក គឺត្រៃវិជ្ជាខ្លះ ហៅថា សេចក្តីវិនាស គឺត្រៃវិជ្ជាខ្លះ ។
[១៨៤] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដូច្នេះថា ព្រះសមណគោតមស្គាល់ផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្ម មែនឬ ? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច មនសាកតគ្រាម នៅក្នុងទីជិតនឹងទីនេះ មនសាកតគ្រាម មិនមែននៅក្នុងទីឆ្ងាយអំពីទីនេះទេឬ ? បពិត្រព្រះគោតមដ៏ចម្រើន យ៉ាងនោះហើយ មនសាកតគ្រាម នៅក្នុងទីជិតនឹងទីនេះ មនសាកតគ្រាម មិននៅក្នុងទីឆ្ងាយអំពីទីនេះទេ ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសដែលកើតហើយ ចម្រើនហើយ ក្នុងមនសាកតគ្រាមនេះ មានអ្នកផង សួររកផ្លូវនៃមនសាកតគ្រាម ចំពោះបុរសនោះ ដែលចេញទៅអំពីមនសាកតគ្រាម ក្នុងខណៈនោះ ម្នាលវាសេដ្ឋៈ បុរសដែលកើតហើយ ចម្រើនហើយ ក្នុងមនសាកតគ្រាមនេះ កាលបើគេសួររកផ្លូវនៃមនសាកតគ្រាម សំដីយឺតយូរ និងអឹមអៀម តើមានខ្លះដែរឬ ? បពិត្រព្រះគោតមដ៏ចម្រើន សំដីនេះ មិនយឺតយូរ មិនអឹមអៀមទេ ។ សេចក្តីនោះព្រោះហេតុអ្វី ? បពិត្រព្រះគោតមដ៏ចម្រើន ព្រោះបុរសឯណោះ កើតហើយ ចម្រើនហើយ ក្នុងមនសាកតគ្រាម បានជាបុរសនោះ ស្គាល់ផ្លូវទាំងអស់ ដែលទៅកាន់មនសាកតគ្រាម ដោយច្បាស់លាស់ ។ ម្នាលវាសេដ្ឋៈ បុរសដែលកើតហើយ ចម្រើនហើយ ក្នុងមនសាកតគ្រាមនោះ កាលបើមានអ្នកផង សួររកផ្លូវនៃមនសាកតគ្រាម គង់មានសំដីយឺតយូរ និងអឹមអៀមខ្លះ ឯតថាគត កាលបើអ្នកផង សួររកផ្លូវទៅកាន់ព្រហ្មលោក ឬបដិបទា ជាទីទៅកាន់ព្រហ្មលោក មិនមានការប្រព្រឹត្តិយឺតយូរ និងការអឹមអៀមឡើយ ។ ម្នាលវាសេដ្ឋៈ តថាគត ស្គាល់ទាំងព្រហ្ម ស្គាល់ទាំងព្រហ្មលោក ស្គាល់ទាំងបដិបទា ជាទីទៅកាន់ព្រហ្មលោក មិនតែប៉ុណ្ណោះសោត ព្រហ្មប្រតិបត្តិយ៉ាងណា ទើបបានទៅកើតក្នុងព្រហ្មលោក តថាគត ក៏ស្គាល់ច្បាស់ នូវសេចក្តីប្រតិបត្តិនោះ ។
[១៨៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដូច្នេះថា ព្រះសមណគោតម សំដែងផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្មបាន ខ្ញុំព្រះអង្គ សូមឱកាស សូមព្រះគោតមដ៏ចម្រើន សំដែងផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្ម សូមព្រះគោតមដ៏ចម្រើន ស្រោចស្រង់ព្រាហ្មណ៍ និងពពួកសត្វផងចុះ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយល្អចុះ តថាគតនឹងសំដែងប្រាប់ ។ វាសេដ្ឋមាណព បានទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលវាសេដ្ឋៈ ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ) ។បេ។ ម្នាលវាសេដ្ឋៈ ភិក្ខុជាអ្នកបរិបូណ៌ ដោយសីលយ៉ាងនេះឯង ។បេ។ កាលភិក្ខុនោះ បានពិចារណាឃើញច្បាស់នូវនីវរណៈ ៥ នេះក្នុងខ្លួន ដែលខ្លួនលះបង់ហើយ បាមោជ្ជៈ គឺសេចក្តីត្រេកអរយ៉ាងល្មម ក៏កើតឡើង កាលបើបាមោជ្ជៈ កើតឡើងហើយ បីតិក៏កើតឡើង កាលចិត្តប្រកបដោយបីតិ កើតឡើងហើយ កាយក៏រមែងស្ងប់រម្ងាប់ កាលបើមានកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុដែលបានសេចក្តីសុខហើយ ក៏រមែងតាំងនៅមាំ ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា រមែងផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ទាំងទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបានដូចគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ទូលាយធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងពួង គ្រប់ទិស គ្រប់តំបន់ ។ ម្នាលវាសេដ្ឋៈ មនុស្សមានកម្លាំង ផ្លុំស័ង្ខ អាចញ៉ាំងបុគ្គលឲ្យដឹងបានគ្រប់ទិសទាំង ៤ ដោយមិនលំបាកយ៉ាងណា ម្នាលវាសេដ្ឋៈ កម្មជាកាមាវចរណាក្នុងមេត្តាចេតោវិមុត្តិដែលបុគ្គលបានចម្រើនយ៉ាងនេះ កម្មជាកាមាវចរនោះ មិនបានកៀចក្រាញនៅក្នុងរូបាវចរ និងអរូបាវចរនោះ គឺកម្មជាកាមាវចរនោះ មិនបានឋិតនៅក្នុងរូបាវចរ និងអរូបាវចរនោះឡើយ ក៏យ៉ាងនោះឯង ។ ម្នាលវាសេដ្ឋៈ នេះឯងហៅថា ផ្លូវដើម្បីទៅកើតជាមួយនឹងព្រហ្ម ។
[១៨៦] ម្នាលវាសេដ្ឋៈ សេចក្តីតទៅទៀតថា ភិក្ខុមានចិត្តប្រកបដោយករុណា ។បេ។ មានចិត្តប្រកបដោយមុទិតា ។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ទាំងទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបានដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ទូលាយធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងអស់ គ្រប់ទិស គ្រប់តំបន់ ។ ម្នាលវាសេដ្ឋៈ មនុស្សដែលមានកម្លាំង ផ្លុំស័ង្ខ អាចញ៉ាំងបុគ្គលឲ្យដឹងបានគ្រប់ទិសទាំង ៤ បាន ដោយមិនលំបាក យ៉ាងណា ម្នាលវាសេដ្ឋៈ កម្មជាកាមាវចរណាក្នុងឧបេក្ខាចេតោវិមុត្តិដែលបុគ្គលបានចម្រើនយ៉ាងនេះ កម្មជាកាមាវចរនោះ មិនបានកៀចក្រាញនៅក្នុងរូបាវចរ និងអរូបាវចរនោះ គឺកម្មជាកាមាវចរនោះ មិនបានឋិតនៅក្នុងរូបាវចរ និងអរូបាវចរនោះឡើយ ក៏យ៉ាងនោះឯង ។ ម្នាលវាសេដ្ឋៈ នេះឯងជាផ្លូវដើម្បីកើតជាមួយនឹងព្រហ្ម ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ភិក្ខុមានមេត្តាព្រហ្មវិហារយ៉ាងនេះ ជាអ្នកមានស្ត្រីជាគ្រឿងជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ? បពិត្រព្រះគោតមដ៏ចម្រើន មិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ។ ភិក្ខុនោះ មានចិត្តចងពៀរ ឬមិនមានចិត្តចងពៀរទេ ? បពិត្រព្រះគោតមដ៏ចម្រើន មិនមានចិត្តចងពៀរទេ ។ ភិក្ខុនោះ មានចិត្តប្រកបដោយព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ ? បពិត្រព្រះគោតមដ៏ចម្រើន មិនមានចិត្តប្រកបដោយព្យាបាទទេ ។ ភិក្ខុនោះ មានចិត្តសៅហ្មង ឬមិនមានចិត្តសៅហ្មងទេ ? បពិត្រព្រះគោតមដ៏ចម្រើន មិនមានចិត្តសៅហ្មងទេ ។ ភិក្ខុនោះ ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ឬមិនប្រព្រឹត្តទៅតាមអំណាចចិត្តបានទេ ? បពិត្រព្រះគោតមដ៏ចម្រើន ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ។ ម្នាលវាសេដ្ឋៈ អើ បើថា ភិក្ខុជាអ្នកមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ ព្រហ្មក៏ជាអ្នកមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ហើយ តើប្រៀបធៀបភិក្ខុដែលមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់នឹងព្រហ្មដែលមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ សមគ្នាដែរឬ ? បពិត្រព្រះគោតមដ៏ចម្រើន ប្រៀបធៀបសមគ្នាហើយ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ភិក្ខុដែលមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងទៅកើតជាមួយនឹងព្រហ្ម ដែលមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ ហេតុដូច្នេះនេះ តែងមានជាប្រាកដ ។ ម្នាលវាសេដ្ឋៈ បានឮដូច្នេះថា ភិក្ខុមិនមានចិត្តចងពៀរ ព្រហ្មក៏មិនមានចិត្តចងពៀរដែរ ។បេ។ ភិក្ខុមិនមានចិត្តប្រកបដោយព្យាបាទ ព្រហ្មក៏មិនមានចិត្តប្រកបដោយព្យាបាទដែរ ។ ភិក្ខុមានចិត្តមិនសៅហ្មង ព្រហ្មក៏មានចិត្តមិនសៅហ្មងដែរ ។ ភិក្ខុប្រព្រឹត្តទៅតាមអំណាចចិត្តបាន ព្រហ្មក៏ប្រព្រឹត្តទៅតាមអំណាចចិត្តបានដែរ ប្រៀបធៀបភិក្ខុដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាននឹងព្រហ្មដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន តើសមដែរឬទេ ? បពិត្រព្រះគោតមដ៏ចម្រើន ប្រៀបធៀបសមគ្នាហើយ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ភិក្ខុប្រព្រឹត្តទៅតាមអំណាចចិត្តបាននោះ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងទៅកើតជាមួយនឹងព្រហ្ម ដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន ហេតុដូច្នេះនេះ តែងមានជាប្រាកដ ។
[១៨៧] លុះព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព និងភារទ្វាជមាណព ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ ធម៌ដែលព្រះអង្គ ទ្រង់សំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) បពិត្រព្រះគោតមដ៏ចម្រើន គួរនាដូចជាមនុស្សចាប់របស់ដែលផ្កាប់ចុះ ឲ្យផ្ងារឡើងបាន ពុំនោះដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ មើលឃើញនូវរូបទាំងឡាយបាន យើងទាំងឡាយនោះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ជាទីរលឹក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត ។
ចប់ តេវិជ្ជសូត្រ ទី១៣ ។
ឯកសារយោង
[កែប្រែ]- ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ
- ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > ទុតិយភាគ > សីលក្ខន្ធវគ្គ សៀវភៅភាគ១៥ ទំព័រទី ២៤៣ ដល់ ២៧៩ (DN13 - Tevijja Sutta)
- พระไตรปิฎกเล่มที่ ๙ > พระสุตตันตปิฎก เล่ม ๑ > ทีฆนิกาย > สีลขันธวรรค > ๑๓. เตวิชชสูตร[តំណភ្ជាប់ខូច]
- Tevijja Sutta: The Three Knowledges: (DN 13)
- Tevijja Sutta: The Threefold Knowledge (DN13)