Jump to content

ត្នោតខ្មែរ

ពីវិគីភីឌា

ត្នោតខ្មែរ (បទ ពាក្យ៧)

ត្នោតខ្មែរ (បទ ពាក្យ៧)

(១) ដែនដីសុវណ្ណភូមិមានសព្វគ្រប់    រុក្ខជាតិដុះទ្រុបបៃតងខ្ចី

ថ្លែងពីត្នោតខ្មែរល្អប្រពៃ                   ប្រជាប្រុសស្រីទទួលផល។


(២) ត្នោតខ្មែរដុះគ្រប់ទីតំបន់           គិតគូរល្អិតល្អន់មិនខ្វាយខ្វល់

និមិត្តរូបខ្មែរយើងតំកល់                 ឃើញត្នោតហ៊ានភ្នាល់ថាដីខ្មែរ។


(៣) ថ្លែងពីប្រយោជន៍មានអនេក   កូនខ្មែរវែកញែកជាហូរហែ

ពីគល់ដល់ចុងមិនគេចកែ              ថ្លែងប្រាប់ពុកម៉ែអស់ចំណោទ។


(៤) ព្រលឹមស្រាងៗមាន់រងាវ         លើកដាក់លីអៀវបំពង់តោ្នត

ផ្អោបដើមឬស្សីជីកដីដោត           ចង់ខ្សែជាប់ត្នោតឡើងយកទឹក។


(៥) ទឹកត្នោតដែលល្អគាបបីថ្ងៃ     រួចហើយលកលៃចិតអោយថ្នឹក

បំពង់ឬស្សីចាំត្រងទឹក                   លុះដល់ល្ងាចព្រឹកយកមកផ្ទះ។


(៦) ទឹកផ្អែមទឹកជូរតាមចំនង់        សល់ពីបំពង់រៀបចំខ្ទះ

រំងាស់ជាស្ករកុំខ្ចាយខ្ចះ                  ញាប់ដៃរូតរះលេចចេញច្បាស់។


(៧) ស្ករផែនស្ករពាងទុកបំរុង      ញាត់ក្នុងកំប៉ុងទុកប្រើប្រាស់

អាចយកលក់បានកំរៃខ្លះ            ចិញ្ចឹមអ្នកផ្ទះមានសិរី។


(៨) ស្លឹកត្នោតកុំចោលធ្វើស្មុកផ្លិត ដេរចាក់អោយជិតកន្ទេលថ្មី

អាពាហ៍ពិពាហ៍កូនប្រុសស្រី         ក្រាលជូនតាយាយអង្គុយលេង។


(៩) ធាងគៀវលៃលកវេញជាខ្សែ  ចងគោមើលស្រែពេលយើងគេង

ចងជាអំបោសទុកអោយក្មេង          ក្រោយពេលរត់លេងធ្វើការងារ។


(១០) ផ្លែខ្ចីទុកធ្វើម្ហូបដាំស្ល            បងប្អូនកុះករញ៉ាំជុំគ្នា

ផ្លែទុំធ្វើនំនែកនានា                      ជជែកសន្ទនាយ៉ាងក្អាកក្អាយ។


(១១) គ្រាប់ខ្ចីទុកធ្វើជាបង្អែម     ដាក់ចូលមាត់ផ្អែមសើចសប្បាយ

គ្រាប់ទុំរឹងខ្លាំងកុំជិនណាយ       ធ្វើកង់ធ្វើកាយក្មេងកំសាន្ដ។


(១២) ពេលខ្លះភ្លេចខ្លួនលេចក្រពីញ  យាយហាមាត់ស្ញេញខំតាមដាន

ស្លាបព្រាកាយគាស់ជូនសន្តាន ពិសាអោយបានសុខភាពល្អ។


(១៣) រីឯដើមវិញមានតំលៃ  អាចយកកែច្នៃគ្រឿងលំអ

ធ្វើផ្ទះធ្វើទូករិតបវរ              ប្រជាអប់អរចេញនេសាទ។


(១៤) បច្ចុប្បន្នវិទ្យាសាស្រ្ដទំនើប  ត្នោតខ្មែរហក់ងើបចេញរាងស្អាត

ផលិតជាស្រាមិនអោយខាត       វេចខ្ចប់ស្អាតបាតទៅបរទេស។


(១៥) ដូចនេះកូនខ្មែរជំនាន់ក្រោយ  ចូរកុំកន្ដោយភ្លេចខ្លួនធ្វេស

កាប់លក់អោយគេទៅបរទេស      ត្នោតខ្ទេចដូចផេះខ្មែរធ្លាក់ខ្សោយ។


(១៦) ប្រយោជន៍ត្នោតខ្មែរច្រើនលើសលុប     បរិយាយម៉្ភៃយប់តាមលំដោយ

ក៏រាប់មិនអស់នូវអំណោយ        ត្នោតខ្មែរផ្ដល់អោយយើងគ្រប់គ្នា។

និពន្ធដោយ សុខគឹមហេង ៦ សីហា ២០១០