ត្រង់ ដឺ
ឈ្មោះពេញ | ត្រង់ ដឺ |
---|---|
ឈ្មោះដើម | យិន បឿន |
ទីកន្លែងកំណើត | ឃុំដូនទាវ ស្រុកបាត់ដំបង ខែត្របាត់ដំបង |
បិតានាម | យិន ផា |
មាតានាម | បូ |
បងប្អូនបង្កើត | ៤នាក់ (ស្រី១ ប្រុស៣) |
ការងារ | តារាភាពយន្ត |
ជីវប្រវត្តិសង្ខេប
[កែប្រែ]នាយត្រង់ ដឺជាអតីតសិល្បករកំប្លែងឯកក្នុងខ្សែភាពយន្តខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីរន្ទឺឈានមុខគេក្នុងក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៦០ និង ដើមទសវត្សរ៍ទី៧០។ទស្សនិកជនខ្មែររាប់លាននាក់ធ្លាប់បានផ្ទុះសំនើចក្អាកក្អាយរីករាយដោយសារតែកាយវិការកំប្លែងដ៏រស់រវើករបស់គាត់។នាយត្រង់ ដឺ មានរូបរាងស្គមកំព្រឹងដូចនាយវ៉ាំង ដឺ កូនប្រុសរបស់គាត់ដែរ។គាត់មានឈ្មោះដើមយិន បឿន កើតនៅឃុំក្ដុលដូនទាវ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ឪពុកឈ្មោះយិន ផា ម្តាយឈ្មោះបូ ជាកសិករនិងជាអ្នកលក់ដូរ ពុំមែនជាសិល្បករឡើយ។នាយត្រង់ ដឺ មានបងប្អូនបង្កើត៤នាក់ ក្នុងនោះស្រីម្នាក់ ប្រុស៣នាក់ ។ក្នុងចំណោមបងប្អូនបង្កើតទាំង៤នាក់ សព្វថ្ងៃនៅរស់តែម្នាក់គត់ ត្រូវជាប្អូនប្រុសរបស់គាត់ឈ្មោះយិន សាគុណ(ហៅត្រង់ អង) ជាសិល្បករកំប្លែងនៅសហរដ្ឋអាមេរិក។ កាលនៅវ័យជំទង់និងយុវវ័យ លោកធ្លាប់ធ្វើជាអ្នកចម្លងទូកដនៅតាមដងស្ទឹងសង្កែក្នុងភូមិកំណើតរបស់គាត់។ គាត់បានរៀបអាពាហ៍ពីពាហ៍នៅឆ្នាំ១៩៦៤នៅឃុំវល្លិ៍ស ស្រុកសំរោងទង ខែត្រកំពង់ស្ពឺដែលជាស្រុកកំនើតភរិយាគាត់។ ភរិយាគាត់ជាសិល្បការិនីក្នុងរបាំព្រះរាជទ្រព្យ។ គាត់មានកូន៤នាក់ ក្នុងនោះមានតែលោកយិន សារឹម (ហៅវ៉ាំងដឺ) ប៉ុណ្ណោះដែលដើរតាមគន្លងសិល្បៈកំប្លែងរបស់ឳពុក។ កាលនៅជាតារាកំប្លែងដ៏ល្បីល្បាញពីសង្គមចាស់ នាយត្រង់ដឺជាអ្នកមានធូរធារ មានផ្ទះវីឡានៅទល់មុខរោងភាពយន្តមេគង្គ ហើយមានភ្ញៀវចូលមកទាក់ទងក្នុងមុខរបរថតកុនរបស់គាត់ជាប់មិនដាច់។ កាលនោះ នាយត្រង់ដឺប្រើរថយន្តដល់ទៅ៣គ្រឿងគឺ Mercedez,Jeep,404 ។ នៅពេលចុងក្រោយបង្អស់នៃឆាកជីវិត នាយត្រង់ដឺត្រូវបានអង្គការប៉ុលពតជម្លៀសចេញពីទីក្រុងភ្នំពេញឱ្យទៅរស់នៅរាម ខណ្ឌព្រៃនប់ ក្រុងកំពង់សោម។ នៅទីនោះ គាត់ត្រូវបានពួកអង្គការចាប់បង្ខំឱ្យធ្វើការជាទម្ងន់រហូតស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័មដោយសារជំងឺមហារីកខួរក្បាលក្នុងឆ្នាំ១៩៧៧។
ជីវិតសិល្បៈ និង ស្នាដៃ
[កែប្រែ]នាយត្រង់ដឺបានផ្លាស់ពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញដោយចាប់យកមុខរបរសិល្បៈកំប្លែងក្នុងក្រុមល្ខោនបាសាក់ផ្សារស៊ីលឹបរបស់អ្នកស្រីអ៊ុន វ៉ាង។ គាត់បានសម្ដែងជាតួកំប្លែងស្ទើរគ្រប់ផលិតកម្មដូចជាផលិតកម្មរន្ទះពេជ្រភាពយន្ដ របស់លោកលី ប៊ុនយីម, ផលិតកម្មបក្សីឋានសួគ៌ភាពយន្ដ របស់លោកអ៊ី វ៉ុងហែម,ផលិតកម្មឥន្ទ្រទេវីភាពយន្តរបស់លោក ប៊ីវ ឆៃលាង,ផលិតកម្មហេមពាន្តភាពយន្ត របស់លោកលី យូស្រ៊ាង,ផលិតកម្មព្រះខ័នពេជ្រភាពយន្ដ របស់លោកលី វ៉ា,ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ,ផលិតកម្មកងចក្រភាពយន្ត របស់លោកអ៊ួង កន្ធន់,ផលិតកម្មពិស្ណុការភាពយន្ត របស់លោកវណ្ណ វណ្ណៈ,ផលិតកម្មអប្សរាភាពយន្ត របស់លោកលី សុងហេង ,ផលិតកម្មសុវណ្ណគិរីភាពយន្ដ របស់លោកហ៊ុយ គឹង,ផលិតកម្មកងពេជ្រភាពយន្ដ របស់លោកឈា នុកជាដើម។ ដោយសារជោគជ័យក្នុងការងារសិល្បៈ នាយត្រង់ដឺបានបើកផលិតកម្មផ្ទាល់ខ្លួនដែលមានឈ្មោះថាផលិតកម្មត្រង់ដឺភាពយន្ដក្នុងឆ្នាំ១៩៧៣។ ដៃគូសម្ដែងរបស់លោកគឺអ្នកស្រីម៉ាប់ ណូយ៉ា ។ ខ្សែភាពយន្តដែលលោកបានចូលរួមសម្ដែងរួមមានរឿង៖
- រឿងអនអើយស្រីអន ១៩៧២
- រឿងអាខ្វាក់អាខ្វិន ១៩៧៤
- រឿងភក្ដីស្នេហ៍ ១៩៧៣
- រឿងចំប៉ាថោង ១៩៦៩
- រឿងបញ្ចពណ៌ទេវី ១៩៧១
- រឿងសំគមបាញ់លលក ១៩៧០
- រឿងព្រះពាយផាត់ ១៩៧១
- រឿងពុះទ្រូងអូនទៅ ១៩៧៥
- រឿងអាប៊ុលកាសេម ១៩៦៩
- រឿងច័ន្ទគ្រឿហ្វា ១៩៦៩
- រឿងរតនាវង្ស ១៩៧០
- រឿងចៅចាក់ស្មុក ១៩៧៤
- រឿងជ័យប្រាជ្ញ ១៩៧៣
- រឿងសុវណ្ណបញ្ចា ១៩៧០
- រឿងអាឡេវ ១៩៧២
- រឿងដៃដែក៣២ ១៩៧៣
- រឿងកាត់កន្ទុយលាបកំបោរ ១៩៧៣
- រឿងមាន់រងាវពីរដងបងទៅរកអូន ១៩៧៤
- រឿងឆ្អឹងដៃឳពុក
- រឿងទឹកភ្នែកនាងគ
ឯកសារយោង
[កែប្រែ]- ទស្សនាវដ្តីខ្មែរអប្សរា
- www.golden-age-of-khmer-cinema.eklablog.com