ថេរគាថា

ពីវិគីភីឌា
Jump to navigation Jump to search

ព្រះត្រ័យបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ថេរគាថា

ព្រះ​ត្រៃបិដក​ខ្មែរ សៀវភៅ​ភាគ ៥៦ ទំព័រ​ទី ១៣៥ ដល់ ២៣៨ និង សៀវភៅ​លេខ ៥៧ ទំព័រទី ១ ដល់​ ១៤៣

មាតិកា

សៀវភៅ​ភាគ ៥៦ ទំព័រ​ទី ១៣៥ ដល់ ២៣៨[កែប្រែ]

ខុទ្ទកនិកាយ ថេរគាថា

សូមនមស្ការ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

[១] អ្នកទាំងឡាយ ចូរស្តាប់នូវគាថាទាំងឡាយ ប្រកបដោយ​ប្រយោជន៍ របស់​ព្រះថេរៈ​ទាំងឡាយ អ្នកមាន​ចិត្តចំរើន​ហើយ កាលបន្លឺ​ឡើង ដូចជា​សីហៈ ជាសត្វ​មានចង្កូម​ដែលបន្លឺ​ទៀបច្រក​នៃភ្នំ ព្រះថេរៈ​ទាំងឡាយ​តាមនាម តាមគោត្រ តាម​វិហារធម៌ តាម​អធ្យាស្រ័យ ប្រកបដោយ​ប្រាជ្ញា ជាបុគ្គល​មិនខ្ជិល​ច្រអូស ចំរើន​វិបស្សនា ក្នុងទី​នោះៗ បានពាល់​ត្រូវ​អច្ចុតបទ គឺព្រះនិព្វាន ពិចារណា​នូវ​គុណសម្បត្តិ ដែលលោក​បានធ្វើ​ស្រេច​ហើយ បានសំដែង​ហើយ​នូវសេចក្តី​ដូចត​ទៅនេះ។

ឯកនិបាត

ថេរគាថា ឯកនិបាត បឋមវគ្គ[កែប្រែ]

[២] នែភ្លៀង ខ្ទមរបស់អាត្មា បានបិទបាំង​ហើយ ជាសុខ មិនមាន​ខ្យល់ អ្នកចូរ​បង្អោរ​តាម​សប្បាយ​ចុះ ចិត្តរបស់​អាត្មា ដម្កល់​ទុកល្អហើយ ជាចិត្ត​រួចស្រឡះ (ចាក​អាសវៈ) អាត្មា​មានព្យាយាម​ដុតកំដៅ​កិលេស​ជាប្រក្រតី ម្នាលភ្លៀង អ្នកចូរបង្អោរ​មកចុះ។ — ឮថា ព្រះសុភូតិត្ថេរ​មានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។

[៣] បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យ​ដោយឧបាយ​ប្រាជ្ញា ជាអ្នក​មិនរវើរ​រវាយ តែងកំចាត់​បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់​បក់ផ្តាច់​ស្លឹកឈើ។ — ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោល​គាថា ដោយប្រការ​ដូច្នេះ។

[៤] អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើង​ដែលរុងរឿង​ក្នុងរាត្រី ព្រះតថាគត​ទាំងឡាយ ជាអ្នក​ប្រទាន​ពន្លឺចក្ខុ តែង​កំចាត់បង់​សេចក្តី​សង្ស័យ​របស់​វេនេយ្យជន ដែលមក​ហើយ។ — ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។

[៥] បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរស​ជាបណ្ឌិត អ្នកឃើញ​ប្រយោជន៍ ព្រោះ​អ្នកប្រាជ្ញ​ទាំងឡាយ អ្នកមាន​ប្រាជ្ញា​ឈ្លាសវៃ មិនប្រមាទ តែងបាន​ប្រយោជន៍​ច្រើន ជ្រៅ ល្អិត​ម៉ត់ចត់ ដែលឃើញ​បានដោយក្រ។ — ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រ​នាងមន្តានី បានពោល​គាថាដោយ​ប្រការ​ដូច្នេះ។

[៦] ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មាន​បានដោយក្រ បានទូន្មាន​ដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈ​មានចិត្ត​សន្តោស ឆ្លងសេចក្តី​សង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត ភិក្ខុទព្វមល្លបុត្ត​នោះ មានចិត្ត​ខ្ជាប់ខ្ជួន បរិនិព្វាន​ហើយ។ — ឮថា ទព្វត្ថេរមានអាយុ បាន​ពោលគាថា​ដោយប្រការ​ដូច្នេះ។

[៧] ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់​ព្រៃត្រជាក់ ជាអ្នក​សន្តោស មានចិត្តខ្ជាប់​ខ្ជួន មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។ — ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។

[៨] បុគ្គលណា កំចាត់បង់​នូវសេនា​នៃមច្ចុរាជ ដូចជាជំនន់​ដ៏ធំ កំចាត់​បង់នូវ​ស្ពានបបុស ដែលមាន​កំឡាំង​ថយ ជាអ្នក​មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត បុគ្គលនោះ ឈ្មោះថា​មានឥន្ទ្រិយ​ទូន្មាន​ហើយ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។

[៩] ភិក្ខុណា ដែលគេទូន្មានបាន​ដោយក្រ តែបាន​ទូន្មានខ្លួន​ឯង ដោយការ​ទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្ត​សន្តោស ឆ្លងផុត​សេចក្តីសង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម ភិក្ខុនោះ ប្រាសចាក​រាគៈ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — វីរត្ថេរ។

[១០] ដំណើរនៃអាត្មាអញមកល្អហើយ មិនមែន​ប្រាសចាក (បញ្ញា) ទេ សេចក្តី​គិត​របស់​អាត្មាអញ​នោះ មិនមែន​ជាការ​គិតខុសទេ ព្រោះអាត្មាអញ បានសំរេច​គុណដ៏​ប្រសើរ​នោះ ក្នុងធម៌​ទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់ចែកទុកហើយ។ — បិលិន្ទវច្ឆត្ថេរ។

[១១] បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួន​សង្រួមហើយ មិនជាប់​ចំពាក់​ក្នុងធម៌​ទាំងពួង គឺតណ្ហា ទិដ្ឋិទេ រមែង​កំចាត់​ចេញនូវ​សេចក្តី​អាល័យ​ក្នុងលោក​នេះ និង​លោកខាង​មុខបាន ព្រោះដឹង​ច្បាស់នូវ​ទីកើត និងទី​រលត់នៃ​លោក។ — បុណ្ណមាសត្ថេរ។

ឧទាន

និយាយអំពីសុភូតិត្ថេរ ១ មហាកោដ្ឋិតត្ថេរ ១ កង្ខារេវតត្ថេរ ១ បុណ្ណមន្តានីបុត្ត ១ ទព្វមល្លបុត្ត ១ សីតវនិយត្ថេរ ១ ភល្លិយត្ថេរ ១ វីរត្ថេរ ១ បិលិន្ទវច្ឆត្ថេរ ១ បុណ្ណមាសត្ថេរ អ្នកកំចាត់​បង់​ងងឹត ១។

ចប់ បឋមវគ្គ។

ថេរគាថា ឯកនិបាត ទុតិយវគ្គ[កែប្រែ]

[១២] ភិក្ខុអ្នកច្រើនដោយសេចក្តីរីករាយ​ក្នុងធម៌ ដែលព្រះពុទ្ធ​ទ្រង់ប្រកាស​ហើយ រមែង​បាន​សន្តិបទ គឺ​ព្រះនិព្វាន ជាទី​រម្ងាប់នូវ​សង្ខារ ជាគុណ​ធម៌នាំមក​នូវ​សេចក្តីសុខ។ — ចូឡវច្ឆត្ថេរ។

[១៣] ភិក្ខុមានប្រាជ្ញាជាកំឡាំង បរិបូណ៌​ដោយសីល និងវ័ត មានចិត្ត​ខ្ជាប់ខ្ជួន ត្រេកអរ​ក្នុងឈាន មានស្មារតី បរិភោគភោជន​តាមមាន ជាអ្នក​ប្រាសចាក​រាគៈ ក្នុង​លោក​នេះ តែងរង់ចំា​កាលកិរិយា​ប៉ុណ្ណោះ។ — មហាវច្ឆត្ថេរ។

[១៤] ភ្នំជាវិការៈនៃថ្មទាំងឡាយនោះ មានពណ៌ខៀវ​ដូចពពក ជាភ្នំ​ដ៏រុងរឿង មានទឹក​ត្រជាក់ ទ្រទ្រង់​នូវវត្ថុ​ដ៏បរិសុទ្ធ ដ៏ដេរដាស ដោយ​សត្វអណ្តើក​មាស តែង​ញ៉ាំងយើង​ឲ្យ​រីករាយ។ — វនវច្ឆត្ថេរ។

[១៥] ឧបជ្ឈាយ៍ និយាយនឹងខ្ញុំថា នែ​សីវកៈ យើងចេញ​ទៅអំពីស្រុក​នេះ កាយ​របស់យើង​នៅក្នុង​ស្រុក តែចិត្ត​របស់យើង​ទៅ​កាន់ព្រៃ យើងសូម្បី​ដេក ក៏ឈ្មោះ​ថាដើរ ការជាប់​ចំពាក់​របស់​ជនអ្នក​ចេះដឹង មិនមាន​ទេ។ — សាមណេររបស់វនវច្ឆត្ថេរ។

[១៦] ភិក្ខុគប្បីកាត់បង់សំយោជនៈ​ខាងក្រោម ៥ គប្បីលះបង់​សំយោជនៈ​ខាងលើ ៥ គប្បី​ចំរើន​ឥន្ទ្រិយ ៥ តទៅ ជាអ្នក​កន្លងនូវ​គ្រឿង​ជាប់ចំពាក់ ៥ [គ្រឿងជាប់​ចំពាក់ ៥យ៉ាង គឺរាគៈ១ ទោសៈ១ មោហៈ១ មានះ១ ទិដ្ឋិ១។] ទើបលោក​ហៅថា ឆ្លងឱឃៈ​បាន។ — កុណ្ឌធានត្ថេរ។

[១៧] អាជានេយ្យ [អាជានេយ្យ មាន៣យ៉ាង គឺគោអាជានេយ្យ១ សេះអាជានេយ្យ១ ដំរីអាជានេយ្យ១។ អដ្ឋកថា។ ទីខ្លះថា មាន៤យ៉ាង រាប់យក​បុរស​អាជានេយ្យ​ចូលផង។] ដ៏ចំរើន មាននង្គ័ល​ជាទីប្រព្រឹត្ត​ទៅមក ជា​សត្វមានបូក តែងទៅ​បានដោយ​ឥតលំបាក យ៉ាង​ណាមិញ កាល​បើ​និរាមិសសុខ ដែលខ្ញុំ​បានហើយ វេលាយប់ និងថ្ងៃ​ទាំងឡាយ​របស់ខ្ញុំ តែង​ប្រព្រឹត្ត​កន្លងទៅ ដោយ​ឥតលំបាក ក៏យ៉ាង​នោះដែរ។ — ពេលដ្ឋសីសត្ថេរ។

[១៨] បុគ្គលណា មានថីនមិទ្ធៈផង ជាអ្នក​បរិភោគ​ច្រើនផង ល្មោភដេកផង ដេក​ប្រែប្រួល ៗ ផង ដូចជ្រូក​ស្រុកធំ ដែលគេ​ចិញ្ចឹម​ដោយចំណី ក្នុងកាលណា បុគ្គលនោះ ឈ្មោះថា ល្ងង់ខ្លៅ តែងចូល​ទៅកាន់​គភ៌រឿយ ៗ ក្នុងកាល​នោះ។ — ទាសកត្ថេរ។

[១៩] ភិក្ខុជាអ្នកទទួលមរតក​របស់ព្រះពុទ្ធ បានពិចារណា​នូវ​ផែនដី គឺអត្តភាព​នេះ ដោយ​សំគាល់ថា​ជារាងឆ្អឹង​ទាំងអស់ ក្នុង​ភេសកឡាវ័ន ភិក្ខុនោះ តែងលះបង់​កាមរាគ​បាន ដោយ​ឆាប់រហ័ស ទំនងដូច​ជាអាត្មាអញ (នេះ)។ — សិង្គាលបិតុត្ថេរ។

[២០] ពួកជនអ្នកបង្ហូរទឹក តែងបង្ហូរទឹក ពួកអ្នក​ធ្វើព្រួញ រមែង​ពត់ព្រួញ ពួកជាង​ចំាង រមែងចាំងឈើ (យ៉ាងណា​មិញ) ពួកជន​អ្នកមានវ័ត​ល្អ រមែង​ទូន្មាន​ខ្លួនឲ្យត្រង់ (ក៏​យ៉ាងនោះ​ដែរ)។ — កុឡត្ថេរ។

[២១] ខ្ញុំមិនមានមរណភ័យទេ សេចក្តី​អាល័យ​ក្នុងជីវិត​ក៏មិនមាន ខ្ញុំជា​អ្នកនឹក​រឭក​ខ្ជាប់ ដឹងខ្លួន​សព្វគ្រប់ នឹងដាក់​ចោលរាង​កាយ​បាន។ — អជិតត្ថេរ។

ឧទាន

និយាយអំពីចូឡវច្ឆត្ថេរ ១ មហាវច្ឆត្ថេរ ១ វនវច្ឆត្ថេរ ១ សីវកសាមណេរ ១ កុណ្ឌធានត្ថេរ ១ ពេលដ្ឋសីសត្ថេរ ១ ទាសកត្ថេរ ១ លំដាប់​អំពីនោះ​ទៅមុខ​ទៀត គឺ​សិង្គាលបិតិកត្ថេរ ១ កុឡត្ថេរ ១ អជិតត្ថេរ ១ រួមជា ១០។

ចប់ ទុតិយវគ្គ។

ថេរគាថា ឯកនិបាត តតិយវគ្គ[កែប្រែ]

[២២] ខ្ញុំមិនខ្លាចមរណៈភ័យទេ ព្រះសាស្តាចារ្យ​របស់យើង​ទាំងឡាយ ទ្រង់​ឈ្លាសវៃ ក្នុង​ព្រះនិព្វាន ឈ្មោះអមតៈ ភ័យមិន​ឋិតនៅក្នុង​ព្រះនិព្វាន​ណា ភិក្ខុ​ទាំងឡាយ តែង​ដល់ (នូវ​ព្រះនិព្វាន​នោះ) ដោយមគ្គ​នោះ។ — និគ្រោធត្ថេរ។

[២៣] ពួកសត្វក្ងោក ជាសត្វមាន​សម្បុរខៀវ មានកល្អ មានសិរ្ស៍ តែងយំ​ក្នុងព្រៃ​ឈ្មោះ​ការវី ក្ងោកទាំង​នោះ លុះត្រូវ​ខ្យល់ត្រជាក់​បក់មក តែងញ៉ាំង​បុគ្គលដែល​ដេកលក់ និង​បុគ្គល​អ្នកមាន​ឈាន ឲ្យភ្ញាក់​ឡើង។ — ចិត្តកត្ថេរ។

[២៤] ខ្ញុំបរិភោគមធុបាយាស ជិតគុម្ពឫស្សី ហើយ​ពិចារណា​នូវ​ការកើត​ឡើង និង​ការសូន្យ​ទៅ​នៃខន្ធ​ទាំងឡាយ (ដោយការ​ទទួល) យកឱវាទ​ខាងស្តាំ ខ្ញុំនឹង​ត្រឡប់​ទៅកាន់​ច្រកភ្នំ ហើយចំរើន​វិវេកធម៌វិញ។ — គោសាលត្ថេរ។

[២៥] អ្នកជាបព្វជិតនៅខ្ចីវស្សា ចូរពិចារណា​ភាពនៃធម៌ ជា​ធម៌ល្អ វិជ្ជាទាំង ៣ អ្នកបាន​សម្រេច​ហើយ ពុទ្ធសាសនា អ្នកក៏បាន​ធ្វើហើយ។ — សុគន្ធត្ថេរ។

[២៦] ផលចិត្តដ៏ប្រសើរ ដែលកើតដោយ​ពន្លឺ (នៃវិញ្ញាណ) របស់​ខីណាសវភិក្ខុ​ណា អ្នកជាមារ មានចិត្ត​អាក្រក់ [ក្នុងបាលី ប្រើពាក្យថា កណ្ហៈ គឺជាឈ្មោះ​របស់មារ ហេតុនោះ ក្នុងទីនេះ ទើបប្រែថា មារ មានចិត្ត​អាក្រក់ ឬចិត្តខ្មៅ ក៏បាន។ អដ្ឋកថា។] តែងជ្រែក​នូវ​ខីណាសវភិក្ខុនោះ ហើយដល់​នូវ​សេចក្តី​ទុក្ខរឿយៗ។ — នន្ទិយត្ថេរ។

[២៧] ខ្ញុំបានស្តាប់ព្រះវាចា ជាសុភាសិត​របស់​ព្រះពុទ្ធ ជាអាទិច្ចពន្ធុ​ហើយ បាន​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌​ដ៏ល្អិត (ដូចខ្មាន់ធ្នូ ជាអ្នក​ឈ្លាស) បាញ់​ចុងរោម​កន្ទុយ (នៃ​ចៀម) ដោយព្រួញ​បាន។ — អភយត្ថេរ។

[២៨] កាលខ្ញុំចំរើនវិវេកធម៌ ក៏កំចាត់​បង់​ស្មៅចិញ្ចៀន ស្បូវ គុម្ពឈើ​មានបន្លា ស្បូវរណ្តាស ស្មៅដំណេកទន្សាយ និងស្មៅ​យ៉ាប្លង គឺ​កិលេស​គ្រោតគ្រាត កណ្តាល ល្អិត ដោយ​ទ្រូង គឺសេចក្តី​ព្យាយាមបាន។ — លោមសកង្គិយត្ថេរ។

[២៩] អ្នកមិនខ្វល់ខ្វាយចំពោះសំពត់​ទេឬ មិនត្រេកអរ​ចំពោះ​ការស្អិត​ស្អាងទេឬ អ្នកផ្សាយ​ក្លិនសម្រេច​អំពី​សីលធម៌​ឬ ដ្បិតពួក​សត្វក្រៅ​អំពីនេះ មិនផ្សាយ (ក្លិនដូច្នោះ​ទេ)។ — ជម្ពុគាមិកបុត្តត្ថេរ។

[៣០] បុគ្គលកាលពត់ខ្លួន (ឲ្យត្រង់) ដូចជាង​អ្នកធ្វើព្រួញ ពត់ព្រួញ លុះធ្វើ​ចិត្ត​ឲ្យត្រង់ហើយ ទើបទំលាយ នាំចេញនូវ​អវិជ្ជាបាន។ — ហារិតត្ថេរ។

[៣១] កាលបើអាពាធ​កើតឡើងដល់ខ្ញុំ ស្មារតី​កើតឡើង​ដល់ខ្ញុំថា អាពាធ​កើតឡើង​ដល់អញ​ហើយ នេះជាកាល​ដែលអញ​មិន​គួរប្រមាទ។ — ឧត្តិយត្ថេរ។

ឧទាន

និយាយអំពី​និគ្រោធត្ថេរ ១ ចិត្តកត្ថេរ ១ គោសាលត្ថេរ ១ សុគន្ធត្ថេរ ១ នន្ទិយត្ថេរ ១ អភយត្ថេរ ១ លោមសកង្គិយត្ថេរ ១ ជម្ពុគាមិកបុត្តត្ថេរ ១ ហារិតត្ថេរ ១ ឧត្តិយត្ថេរ ជាឥសី ១។

ចប់ តតិយវគ្គ។

ថេរគាថា ឯកនិបាត ចតុត្ថវគ្គ[កែប្រែ]

[៣២] បុគ្គលដែលត្រូវរបោម និង​មូសខាំ​ក្នុង​ព្រៃធំ គប្បី​ជាអ្នក​មានសតិ អត់ធ្មត់​ក្នុង​ព្រៃនោះ ដូចដំរី​ដែលនៅ​ក្នុងចំណោម​នៃសង្រ្គាម។ — គហុរតីរិយត្ថេរ។

[៣៣] បុគ្គលអ្នកចាស់គ្រាំគ្រា បានដល់​ព្រះនិព្វាន ជាគុណជាត​មិនចាស់​គ្រាំគ្រា អ្នកក្តៅ​ក្រហាយ បានដល់​ព្រះនិព្វាន​ជាគុណជាត​ដ៏ត្រជាក់ ជា​និរាមិសសុខ ជា​គុណជាត​ស្ងប់រម្ងាប់​ដ៏ក្រៃលែង ជាគុណ​ដ៏ប្រសើរ ជាទីក្សេម​ចាកយោគៈ។ — សុប្បិយត្ថេរ។

[៣៤] បុគ្គលមានសេចក្តីល្អចំពោះបុត្រ​តែមួយ ជាទី​ស្រឡាញ់​យ៉ាងណា បុគ្គល​ត្រូវមាន​សេចក្តី​ក្សេមក្សាន្ត មាន​សោត្ថិភាព​ចំពោះសព្វ​សត្វក្នុង​ទិសទាំងពួង ក៏ដូច្នោះ​ដែរ។ — សោបាកត្ថេរ។

[៣៥] កាលខ្ញុំដឹងច្បាស់អស់កាលជានិច្ច ស្រីទាំងនុ៎ះ ដែលមិន​នៅជិត ប្រសើរ ខ្ញុំចេញ​អំពីស្រុក ទៅកាន់ព្រៃ ចេញអំពី​ព្រៃនោះ​មកកាន់ផ្ទះ ក្រោកចេញ​ចាកផ្ទះនោះ ហើយ​ចៀសចេញ​ទៅ ម្នាល​បោសិយៈ អ្នកកុំហៅរក (ស្រីទាំងនោះ​ទៀតឡើយ)។ — បោសិយត្ថេរ។

[៣៦] បុគ្គលអ្នកត្រូវការដោយសេចក្តីសុខ [សេចក្តីសុខ​ក្នុងគាថានេះ សំដៅយក​និរាមិសសុខ គឺព្រះនិព្វាន។] កាលបើ​ប្រតិបត្តិ​ដើម្បី​សេចក្តី​សុខនោះ រមែង​បានសេចក្តី​សុខ (មិនត្រឹមតែ​ប៉ុណ្ណោះ) បុគ្គល​ណា ចំរើន​អរិយមគ្គ ប្រកប​ដោយអង្គ ៨ ជាមគ្គ​ដ៏ត្រង់ ដើម្បីដល់​ព្រះនិព្វាន​ឈ្មោះ​អមតៈ បុគ្គលនោះ រមែង​បាន​កិត្តិគុណ​ផង យស​ក៏ចំរើន​ដល់បុគ្គល​នោះផង។ — សាមញ្ញកាមិត្ថេរ។

[៣៧] ការស្តាប់ជាការល្អ ការប្រព្រឹត្តិជាការល្អ ការនៅ​ដោយ​ឥតអាល័យ (ក្នុង​កាមគុណ) ជាការ​ល្អគ្រប់​កាល ការសួរ​អំពី​ប្រយោជន៍ [គឺប្រយោជន៍​ក្នុងលោកនេះ លោក​ខាងមុខ និងប្រយោជន៍​ដ៏ប្រសើរ គឺព្រះនិព្វាន។ អដ្ឋកថា។] អំពើខាងស្តាំ (ជាការល្អ) អំពើ​ទាំងនោះ ឈ្មោះថា​ជាសាមញ្ញផល​របស់បុគ្គល​អ្នកមិនមាន​កង្វល់។ — កុមាបុត្តត្ថេរ។

[៣៨] ពួកភិក្ខុ កាលត្រាច់ចរ ដេរដាស ទៅកាន់​ជនបទ​ផ្សេងៗ ឈ្មោះថា ជាអ្នក​មិនសង្រួម​ផង រមែងញ៉ាំង​សមាធិ​ឲ្យភ្លាត់ផង ការត្រាច់ទៅ​ក្នុងដែន នឹងធ្វើ​ប្រយោជន៍​អ្វីកើត។ ព្រោះហេតុនោះ បុគ្គល​គប្បីបន្ទោបង់​នូវ​សារម្ភកិ្កលេស គប្បីរំពឹង (ក្នុង​កម្មដ្ឋាន) ធ្វើ​កុំឲ្យឧបក្កិលេស​តាំងនៅជា​ប្រធាន​បានឡើយ។ — ព្រះថេរៈជាសំឡាញ់របស់កុមាបុត្តត្ថេរ។

[៣៩] ភិក្ខុណា បង្វិលទន្លេសរភូ​ដោយឫទ្ធិ៍បាន ភិក្ខុនោះ គឺ​គវម្បតិ ជាអ្នក​មិន​អាស្រ័យ មិនញាប់ញ័រ (ដោយតណ្ហា និងទិដ្ឋិ) ទេវតា​ទាំងឡាយ តែងនមស្ការ​នូវព្រះ​ថេរៈ​នោះ ថាជាមហាមុនី ជាអ្នកកន្លង​នូវសង្គធម៌​ទាំងពួង ជាអ្នក​ដល់នូវត្រើយ​នៃភព។ — គវម្បតិត្ថេរ។

[៤០] ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ (ដោយភ្លើងទុក្ខ ភ្លើងកិលេស) ដូច​បុគ្គល​ដែលគេចាក់​ដោយលំពែង​ត្រង់ក្បាល គប្បីវៀរស្រឡះ ដើម្បី​លះបង់​កាមរាគៈ​ចេញ។ — តិស្សតេ្ថរ។

[៤១] ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ (ដោយភ្លើងទុក្ខ ភ្លើងកិលេស) ដូចបុគ្គល​ដែលគេចាក់​ដោយលំពែង​ត្រង់ក្បាល គប្បីវៀរ​ស្រឡះ ដើម្បី​លះបង់​ភវរាគៈ​ចេញ។ — វឌ្ឍមានត្ថេរ។

ឧទ្ទាន

និយាយអំពី​គហុរតីរិយត្ថេរ ១ សុប្បិយត្ថេរ ១ សោបាកត្ថេរ ១ បោសិយត្ថេរ ១ សាមញ្ញកាមិត្ថេរ ១ កុមាបុត្តត្ថេរ ១ កុមាបុត្តសហាយកត្ថេរ ១ គវម្បតិត្ថេរ ១ តិស្សត្ថេរ ១ វឌ្ឍមានត្ថេរ ជាអ្នកមាន​យសច្រើន ១។

ចប់ ចតុត្ថវគ្គ។

ថេរគាថា ឯកនិបាត បញ្ចមវគ្គ[កែប្រែ]

[៤២] ផ្លេកបន្ទោរ តែងដាលច្រវាត់ទៅកាន់ចន្លោះភ្នំ​វេភារៈផង ភ្នំ​បណ្ឌវៈផង ចំណែក​ខាង​ភិក្ខុជា​បុត្ត​របស់​ព្រះមានព្រះភាគ ព្រះអង្គ​ជាបុគ្គល​នឹងធឹង ឥតមាន​គូប្រៀប ក៏តែង​ចូលទៅ​កាន់​ចន្លោះភ្នំ ចំរើនឈាន។ — សិរីវឌ្ឍត្ថេរ។

[៤៣] ម្នាលនាងហលា ម្នាលនាងឧបហលា ម្នាលនាងសីសុបហលា នាងទាំងឡាយ [នាងសារីព្រាហ្មណី មានកូន ៧នាក់ គឺ​ឧបតិស្សកុមារ (សារីបុត្ត) ១ ចុន្ទៈ ១ ឧបសេន ១ ខទិរវនិយត្ថេរ ១ នាងហលា ១ ឧបហលា ១ សីសុបហលា ១។ គម្ពីរខ្លះ​ថា ចាលា ឧបចាលា សីសុបចាលា។] ឈ្មោះ​ហលា ឈ្មោះ​ឧបហលា ឈ្មោះសីសុបហលា ចូរជាអ្នក​មានសតិ​ខ្ជាប់ខ្ជួនចុះ (ដ្បិតព្រះសារីបុត្ត​ជាបង) របស់នាង​ទាំងឡាយ បានមកត្រង់​ហើយ ដូចអ្នក​បាញ់​រោមកន្ទុយទ្រាយ។ — ខទិរវនិយត្ថេរ។

[៤៤] អញរួចស្រឡះហើយ ផុតស្រឡះហើយ​ដោយប្រពៃ អញរបូត​ស្រឡះហើយ ចាក​អាការគម [ពាក្យថា អាការគម​ក្នុងទីនេះ សំដៅយក​ពាក្យចំអក ឬបន្តុះបង្អាប់ ព្រោះថា ការកាន់​កណ្តៀវច្រូត​ស្រូវ កាន់យាម​នង្គ័លភ្ជួរដី និងការដែល​កាន់ចប​កាប់ដី​ទាំងអស់នេះ សុទ្ធតែ​ឱនបន្ទន់ខ្លួន ដូចមនុស្ស​គម។ អដ្ឋកថា។] ៣យ៉ាង គឺ កាលអញ​កាន់កណ្តៀវ ១ កាលអញ​កាន់នង្គ័ល ១ កាលអញកាន់​ចបតូច ១ ទោះការងារ (មានកាន់​កណ្តៀវ​ជាដើម​នោះ) ក្នុងទីនេះ ៗ ក៏ដោយ ឬក៏ការងារ (មានកាន់កណ្តៀវ​ជាដើម) ល្មមហើយ គួរហើយ នែសុមង្គល អ្នកចូររំពឹង (ដល់សមាបត្តិចុះ) នែសុមង្គល អ្នកចូររំពឹងចុះ នែសុមង្គល អ្នកចូរជា​អ្នកកុំប្រមាទ។ — សុមង្គលត្ថេរ។

[៤៥] បពិត្រមាតា ពួកញាតិតែងយំរកបុគ្គល​ដែលស្លាប់​ហើយ ឬបុគ្គល​ដែលរស់​នៅ តែមិន​បានជួប​ប្រទះ បពិត្រមាតា ពួកញាតិឃើញ​អាត្មាកំពុង​រស់នៅ បពិត្រ​មាតា ព្រោះ​ហេតុអ្វី ទើបអ្នក​មាតាយំ​រកអាត្មា។ — សានុត្ថេរ។

[៤៦] គោ អាជានេយ្យដ៏ប្រសើរ ទោះបីភ្លាត់ រមែងឈរ​ស៊ប់វិញបាន​យ៉ាងណា (អ្នកទាំងឡាយ ចូរចំណាំខ្ញុំ) ថាជាសាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ ដែលបរិបូណ៌​ដោយ​ទស្សនសម្បត្តិ (គ្រប់គ្រាន់​ដោយការឃើញ) ក៏យ៉ាងនោះដែរ។ — រមណីយវិហារិត្ថេរ។

[៤៧] អាត្មាចេញចាកផ្ទះ ចូលកាន់ផ្នួស បួសដោយ​សទ្ធា សតិ និង​បញ្ញា​របស់ខ្ញុំ​ចំរើន​ហើយ ទាំងចិត្ត ក៏ខ្ញុំតម្កល់​ទុកប្រពៃ​ហើយ (នែមារចិត្តបាប) អ្នកចូរធ្វើ​អំពើដ៏គួរ​តាមប្រាថ្នា​ចុះ អ្នកនឹងបៀតបៀន​អាត្មាមិនបានទេ។ — សមិទ្ធិត្ថេរ។

[៤៨] បពិត្រព្រះពុទ្ធ ជាវីរបុគ្គល ខ្ញុំព្រះអង្គ សូមនមស្ការ​ព្រះអង្គ ព្រះអង្គ​ជាអ្នក​រួចស្រឡះ​ចាកកិលេស​ទាំងពួង ខ្ញុំព្រះអង្គ ជាអ្នក​មិនមាន​អាសវៈ តែង​ប្រព្រឹត្ត​ទៅក្នុង​ស្នាម​ឱវាទ​នៃព្រះអង្គ។ — ឧជ្ជយត្ថេរ។

[៤៩] ក្នុងកាលដែលខ្ញុំចេញចាកផ្ទះ ចូលកាន់​ផ្នួស ខ្ញុំមិនធ្លាប់​ដឹងនូវ​សេចក្តី​ត្រិះរិះ​ប្រកប​ដោយទោស ដែល​មិនមែន​ជាអរិយធម៌​ទេ។ — សញ្ជយត្ថេរ។

[៥០] ចិត្តរបស់ខ្ញុំនោះ មិនញាប់ញ័រ ព្រោះសម្រែក​នៃសត្វរៃ ឬព្រោះ​សត្វព្រៃ​ដែល​គួរខ្លាច​ទេ ព្រោះថា ចិត្តរបស់ខ្ញុំ មានអារម្មណ៍​មូលតែមួយ ត្រេកអរ​មិនដាច់ (ក្នុង​ព្រះនិព្វាន)។ — រាមណេយ្យកត្ថេរ។

[៥១] ផែនដីតែងសើមជ្រាប (ដោយអាបោធាតុ) ខ្យល់​ក៏រមែង​បក់ ផ្លេកបន្ទោរ ក៏ដាល​ច្រវាត់ក្នុង​អាកាស ឯវិតក្កៈ​ទាំងឡាយ (មានកាមវិតក្កៈ​ជាដើម) របស់ខ្ញុំ រមែង​រម្ងាប់ ចិត្ត​របស់ខ្ញុំ​ក៏តម្កល់​ទុកល្អហើយ។ — វិមលត្ថេរ។

ឧទ្ទាន

និយាយអំពី​សិរីវឌ្ឍត្ថេរ ១ ខទិរវនិយរេវតត្ថេរ ១ សុមង្គលត្ថេរ ១ សានុត្ថេរ ១ រមណីយវិហារិត្ថេរ ១ សមិទិ្ធត្ថេរ ១ ឧជ្ជយត្ថេរ ១ សញ្ជយត្ថេរ ១ រាមណេយ្យកត្ថេរ ១ វិមលត្ថេរ​អ្នកលះបង់​កិលេស ១។

ចប់ បញ្ចមវគ្គ។

ថេរគាថា ឯកនិបាត ឆដ្ឋវគ្គ[កែប្រែ]

[៥២] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាព​ខ្ញុំ ខ្ញុំបាន​បិទ​បាំងហើយ ឥតខ្យល់​ចូលបាន​ទេ តែងនំាមក​នូវសេចក្តី​សុខ ទំាងចិត្ត​របស់ខ្ញុំ ក៏តម្កល់​ទុកល្អ​ហើយ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) អ្នកចូរបង្អោរមកចុះ។ — គោធិកត្ថេរ។

[៥៣] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរ​ចុះ ខ្ទម គឺ​អត្តភាព​ខ្ញុំ ខ្ញុំបាន​បិទបាំង​ហើយ ឥតខ្យល់ចូល​បានទេ តែងនំាមក​នូវសេចក្តី​សុខ ទំាងចិត្ត​របស់ខ្ញុំ ក៏តម្កល់​ទុកល្អ​ហើយ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរ​មកចុះ។ — សុពាហុត្ថេរ។

[៥៤] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែង​បង្អោរ​ចុះ ខ្ទម គឺអត្តភាព​ខ្ញុំ ខ្ញុំបាន​បិទ​បាំងហើយ ឥតមាន​ខ្យល់ចូល​បានទេ តែងនំាំ​មកនូវ​សេចក្តីសុខ ខ្ញុំជា​អ្នកមិន​ប្រមាទ​នៅក្នុង​ខ្ទមនោះ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរ​មកចុះ។ — វល្លិយត្ថេរ។

[៥៥] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរ​ចុះ ខ្ទម គឺអត្តភាព​ខ្ញុំ ខ្ញុំបាន​បិទ​បាំងហើយ ខ្ញុំឥតមាន​បុគ្គល​គំរប់ពីរ​នៅក្នុង​ខ្ទមនោះ​ទេ ម្នាលភ្លៀង បើអ្នក​ចង់ (បង្អោរទឹក) ចូរបង្អោរ​មកចុះ។ — ឧត្តិយត្ថេរ។

[៥៦] ខ្ញុំបានចូលទៅកាន់ព្រៃអព័ា្ជន ហើយធ្វើខ្ទម​ប៉ុនគ្រែ​អាសន្ទិ [គ្រែមានជ្រុង ៤ មានជើង​ដ៏ខ្ពស់​ហួសប្រមាណ គឺតាំងអំពី ១ហត្ថ​កន្លះឡើងទៅ ដែលភិក្ខុ​អាចអង្គុយ​បាន តែដេក​មិនគួរ។ អដ្ឋកថា។] (ហើយ​អង្គុយ) ខ្ញុំបាន​ដល់ត្រៃវិជ្ជា ពុទ្ធសាសនា ខ្ញុំក៏បាន​ធ្វើហើយ។ — អញ្ជនាវនិយត្ថេរ។

[៥៧] (ខេត្តបាល សួរថា) នរណា (អង្គុយនៅ) ក្នុងខ្ទម (ព្រះថេរៈ​តបថា) ភិក្ខុ​អ្នកប្រាស​ចាក​រាគៈ មានចិត្ត​តម្កល់ទុក​ល្អហើយ (អង្គុយនៅ) ក្នុងខ្ទម ម្នាល​អាវុសោ អ្នកចូរ​ដឹងយ៉ាង​នេះថា ខ្ទមដែល​អ្នកធ្វើហើយ មិនឥត​ប្រយោជន៍ទេ។ — កុដិវិហារិត្ថេរ។

[៥៨] ខ្ទមនេះជារបស់ចាស់ កាលបើ​អ្នកប្រាថ្នាខ្ទម​ថ្មី​ឯទៀត អ្នកចូរ​បណ្តេញ​នូវ​សេចក្តី​ប្រាថ្នាចំពោះ​ខ្ទមចាស់​ចេញ ម្នាលភិក្ខុ ខ្ទមថ្មីទៀត តែងនាំមកនូវទុក្ខ។ — កុដិវិហារិត្ថេរ។

[៥៩] ខ្ទមរបស់ខ្ញុំដែលគេឲ្យដោយសទ្ធា ជាខ្ទមគួររីករាយ ជាទីត្រេកអរ​នៃចិត្ត ខ្ញុំមិន​មានសេចក្តី​ត្រូវការ​ដោយកុមារី​ទំាំងឡាយ​ទេ ពួកជនណា មានសេចក្តី​ត្រូវការ ចូរនារីទំាំង​ឡាយ ទៅក្នុង​ទីនោះ (របស់ពួក​ជននោះ) ចុះ។ — រមណីយកុដិកត្ថេរ។

[៦០] ខ្ញុំបួសដោយសទ្ធា ខ្ទមតូច ខ្ញុំបានធ្វើ​ទុកក្នុង​ព្រៃហើយ ខ្ញុំមិន​ប្រមាទ មាន​ព្យាយាម​ដ៏តឹងរ៉ឹង មានសតិ​ខ្ជាប់ខ្ជួន មានការដឹង​ខ្លួនជាក់លាក់។ — កោសល្លវិហារិត្ថេរ។

[៦១] សង្កប្បធម៌ទំាំងនោះ (មាន​នេក្ខម្មសង្កប្បៈជាដើម) សម្រេចហើយ​ដល់ខ្ញុំ ខ្ញុំមាន​សេចក្តី​ត្រូវការ​នឹងចូលទៅ​កាន់ខ្ទម ដែលជា​ខ្ទមនំាំឲ្យខ្ញុំ​បានដល់​នូវវិជ្ជា និង​វិមុត្តិ លះបង់​នូវ​មានានុស័យ។ — សីវលិត្ថេរ។

ឧទាន

និយាយអំពី​គោធិកត្ថេរ ១ សុពាហុត្ថេរ ១ វល្លិយត្ថេរ ១ ឧត្តិយត្ថេរជាឥសី ១ អពា្ជនាវនិយត្ថេរ ១ កុដិវិហារិត្ថេរ ២ លើក រមណីយកុដិកត្ថេរ ១ កោសល្លវិហារិត្ថេរ ១ សីវលិត្ថេរ ១។

ចប់ ឆដ្ឋវគ្គ។

ថេរគាថា ឯកនិបាត សត្តមវគ្គ[កែប្រែ]

[៦២] បណ្ឌិតអ្នកឃើញ រមែងឃើញ​នូវបណ្ឌិត​អ្នកឃើញ (ផងគ្នា) ផង ឃើញពាល អ្នកមិន​ឃើញផង ឯពាលអ្នក​មិនឃើញ រមែងមិន​ឃើញពាល ដែលមិន​ឃើញ (ផងគ្នា) ផង នូវ​បណ្ឌិត​អ្នកឃើញ​ផង។ — វប្បត្ថេរ។

[៦៣] យើងម្នាក់ឯងនៅក្នុងព្រៃ ដូចកំណាត់ឈើ​ដែលគេ​ចោលក្នុងព្រៃ ពួក​កុលបុត្ត​ជា​ច្រើនរូប រមែង​ស្រឡាញ់​យើងដូចពួក​សត្វនរក​ស្រឡាញ់​អ្នកដែល​ទៅកាន់​ឋានសួគ៌។ — វជ្ជិបុត្តកត្ថេរ។

[៦៤] ពួកសត្វ (ឃ្លាតចាកកុសលធម៌) ធ្លាក់ចុះ​ហើយ រមែង​ធ្លាក់ចុះ ឯពួក​សត្វដែល​ជាប់​ចំពាក់ (ក្នុងកាម) តែងមកវិញ សោឡសកិច្ច ដែលអាត្មាអញ​ធ្វើហើយ ជាតម្រេក​ដែល​គួរ​ត្រេកអរ ព្រះនិព្វាន​ជាសុខ​ដែលមូលមិត្ត​ដោយ​សេចក្តី​សុខ។ — បក្ខត្ថេរ។

[៦៥] វិមលកោណ្ឌញ្ញៈ កើតអំពីស្រី មានដើមឈើ​ជាឈ្មោះ (អម្ពបាលី) កើតដោយ​ស្តេច ដូចជា​ទង់ពណ៌ស (ព្រះបាទពិម្ពិសារ) លះបង់​នូវទង់ គឺមានះ កំចាត់បង់​នូវទង់ធំ គឺមានះ ដោយប្រាជា្ញ​ដូចជាទង់។ — វិមលកោណ្ឌញ្ញត្ថេរ។

[៦៦] ពុទ្ធវចនៈ ដែលបុគ្គលរៀនក្នុងសំណាក់​នៃ​ឧក្ខេបកដវច្ឆត្ថេរ ព្រះថេរៈ​នោះ រមែង​សំដែង​នូវពុទ្ធវចនៈ​នោះ ដល់​គ្រហស្ថ​ទំាំងឡាយ​បាន អស់ឆ្នាំជាច្រើន លោកជា​អ្នកមាន​សេចក្តី​រីករាយ​ដ៏លើសលុប អង្គុយនៅ​ដ៏ស្ងប់ស្ងៀម។ — ឧក្ខេបកដវច្ឆត្ថេរ។

[៦៧] ព្រះសម្ពុទ្ធ ជា​មហាវីរបុរស ព្រះអង្គ​ដល់នូវ​ត្រើយនៃ​ធម៌ទំាងពួង ទ្រង់​ប្រៀន​ប្រដៅ​ហើយ ខ្ញុំបានស្តាប់​ធម៌របស់​ព្រះអង្គ ជាអ្នកត្រេកអរ​នៅក្នុង​សំណាក់ (ព្រះអង្គ) ត្រៃវិជ្ជា ខ្ញុំបានដល់ហើយ ពុទ្ធសាសនា ខ្ញុំក៏បាន​ធើ្វហើយ។ — មេឃិយត្ថេរ។

[៦៨] កិលេសទំាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទំាងអស់ ខ្ញុំបានដក​ចោលហើយ ជាតិសំសារ ក៏អស់ហើយ ភពថ្មីទៀត មិនមាន​ក្នុង​កាលឥឡូវ​នេះទេ។ — ឯកធម្មសវនិយត្ថេរ។

[៦៩] សេចក្តីសោក រមែងមិនមានដល់​អ្នកប្រាជ្ញ មានចិត្តដ៏​ខ្ពង់ខ្ពស់ ជាអ្នកមិន​ប្រមាទ សិក្សាក្នុងធម៌ ជាគន្លង​នៃការចេះដឹង មាន​តាទិគុណ ជាអ្នក​ស្ងប់រម្ងាប់ មាន​សតិគ្រប់​កាល។ — ឯកុទានិយត្ថេរ។

[៧០] ខ្ញុំបានស្តាប់សច្ចធម៌ មានរសដ៏ប្រសើរ របស់ព្រះមានព្រះភាគ ជាបុគ្គល​ប្រសើរ ដែល​ព្រះពុទ្ធ​មាន​សព្វញ្ញុតញ្ញាណ​ប្រសើរ សំដែងហើយ ប្រតិបត្តិ​ចំពោះអដ្ឋង្គិកមគ្គ ដើម្បី​ដល់​ព្រះនិព្វាន ឈ្មោះ​អមតៈ ព្រះមានព្រះភាគ​នោះ ព្រះអង្គ​ជាបុគ្គល​ឈ្លាសវៃ​ក្នុងគន្លង​នៃព្រះ​និព្វាន​ដ៏ក្សេម​ចាកយោគៈ។ — ឆន្នត្ថេរ។

[៧១] សីលហ្នឹងឯង ជាកំពូលក្នុងសាសនា​នេះ ចំណែក​បុគ្គលមាន​ប្រាជ្ញា ជា​បុគ្គល​ប្រសើរ ជ័យជំនះ​ក្នុងមនុស្ស និងទេវតា​ទំាងឡាយ រមែងមាន ព្រោះសីល និងប្រាជ្ញា។ — បុណ្ណត្ថេរ។

ឧទ្ទាន

និយាយអំពីវប្បត្ថេរ ១ វជ្ជិបុត្តកត្ថេរ ១ បក្ខត្ថេរ ១ វិមលកោណ្ឌញ្ញត្ថេរ ១ ឧក្ខេបកដវច្ឆត្ថេរ ១ មេឃិយត្ថេរ ១ ឯកធម្មសវនិយត្ថេរ ១ ឯកុទានត្ថេរ ១ ឆន្នត្ថេរ ១ បុណ្ណត្ថេរ ជាអ្នក​មានកំឡាំង​ច្រើន ១។

ចប់ សត្តមវគ្គ។

ថេរគាថា ឯកនិបាត អដ្ឋមវគ្គ[កែប្រែ]

[៧២] បុគ្គលអ្នកយល់ឃើញប្រយោជន៍ដ៏​ល្អិតសុខុម​ក្រៃលែង ជាអ្នក​ឈ្លាសវៃ​ដោយ​ប្រាជ្ញា មានកិរិយា​ប្រព្រឹត្តឱន​លំទោន ជាអ្នកសេព​ល្អហើយ​នូវសីល​នៃព្រះពុទ្ធ​នោះ មិនមែន​បាន​ព្រះនិព្វាន​ដោយក្រទេ។ — វច្ឆបាលត្ថេរ។

[៧៣] ទំពំាងឫសីនៅខ្ចី មានចុងលូតលាស់ បែកដៃចេញ​ហើយ បុគ្គល​បោចរោច​ចេញ​បានដោយ​ក្រ យ៉ាងណាមិញ អាត្មា កាលបើមាតា​នំាភរិយា​មកឲ្យ ក៏យ៉ាង​នោះដែរ សូមញោម​យល់តាម​អាត្មាចុះ ព្រោះឥឡូវនេះ អាត្មាបួស​ហើយ។ — អាតុមត្ថេរ។

[៧៤] ខ្ញុំឃើញមនុស្សចាស់ជរា ឈឺចាប់ ប្រកបដោយ​ទុក្ខ ទំាងឃើញ​មនុស្ស​ដល់នូវ​ការអស់​ទៅនៃអាយុ ស្លាប់ហើយ ហេតុនោះ ខ្ញុំលះបង់​កាមជាទី​ត្រេកអរ​នៃចិត្ត ហើយចេញ​បួស។ — មាណវត្ថេរ។

[៧៥] កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា រមែង​មិនមាន​ដល់ភិក្ខុ​ដោយ សព្វ​គ្រប់។ — សុយាមនត្ថេរ។

[៧៦] ការឃើញនូវព្រះអរិយទំាងឡាយ មានអត្តភាព​រៀបចំ​ល្អហើយ ជាការ​ប្រពៃ (ព្រោះថា) សេចក្តី​សង្ស័យ រមែងដាច់ បញ្ញារមែង​ចំរើនឡើង ព្រះអរិយៈ​ទំាំងនោះ រមែង​ធ្វើ​សូម្បី​នូវ​ជនពាល ឲ្យជា​បណ្ឌិត​បាន ព្រោះហេតុ​នោះ ការសមាគម​នៃសប្បុរស​ទំាំងឡាយ ជាការ​ប្រពៃ។ — សុសារទត្ថេរ។

[៧៧] កាលពួកសត្វកំពុងប៉ោងឡើង បណ្ឌិតតែង​ឱនលំទោន កាលពួក​សត្វធ្លាក់​ចុះ (ដោយ​អំណាច​កោសជ្ជៈ) បណ្ឌិតតែង​ប្រឹងឡើង កាលពួកសត្វ​មិនបាន​អប់រំ (ព្រហ្មចរិយធម៌) បណ្ឌិត​តែងអប់រំ កាលពួក​សត្វត្រេកអរ (ក្នុង​កាមគុណ) បណ្ឌិត​មិនត្រេកអរ​ទេ។ — បិយពា្ជហត្ថេរ។

[៧៨] ចិត្តនេះ ក្នុងកាលមុន បានត្រាច់ទៅ​កាន់ចារិក តាមសេចក្តី​ប្រាថ្នា តាមចំណង់ តាម​សេចក្តីស្រួល ថ្ងៃនេះ ខ្ញុំនឹងផ្ទញ់ផ្ទាល់​ចិត្តនោះ​ដោយឧបាយ ដូចជា​ហ្មដំរី​អ្នកកាន់​កង្វេរ សង្កត់​សង្កិន​ដំរីដែលចុះប្រេង។ — ហត្ថារោហបុត្តត្ថេរ។

[៧៩] កាលខ្ញុំមិនទាន់បាន (ញាណ) តែងអន្ទោល​ទៅកាន់​សំសារ​អស់ជាតិ​មិនតែមួយ​ទេ គំនរនៃ​សេចក្តីទុក្ខ​របស់ខ្ញុំ ដែលទទួល​រងហើយ​នោះ ជាគំនរទុក្ខ​ប្រាសចេញ​ទៅហើយ។ — មេណ្ឌសិរត្ថេរ។

[៨០] រាគៈទំាំងពួង ខ្ញុំលះចោលហើយ ទោសៈទំាំងពួង ខ្ញុំក៏ដក​ចោលហើយ មោហៈទំាំង​ពួង​របស់ខ្ញុំ ក៏ប្រាសចេញ​ហើយ ខ្ញុំជាបុគ្គល​ត្រជាក់ រលត់ទុក្ខ​ហើយ។ — រក្ខិតត្ថេរ។

[៨១] អំពើណា ទោះបីតិច ឬច្រើន ដែលខ្ញុំធ្វើហើយ អំពើទំាំង​អស់នុ៎ះ ក៏អស់​រលីង​ហើយ ឥឡូវនេះ ភពថ្មីទៀត មិនមាន​ឡើយ។ — ឧគ្គត្ថេរ។

ឧទ្ទាន

និយាយអំពី​វច្ឆបាលត្ថេរ ១ អាតុមត្ថេរ ១ មាណវត្ថេរជាឥសី ១ សុយាមនត្ថេរ ១ សុសារទត្ថេរ ១ បិយពា្ជហត្ថេរ ១ ហត្ថារោហបុត្តត្ថេរ ១ មេណ្ឌសិរត្ថេរ ១ រក្ខិតត្ថេរ ១ ព្រះថេរ​ឈ្មោះ​ឧគ្គៈ ១។

ចប់ អដ្ឋមវគ្គ។

ថេរគាថា ឯកនិបាត នវមវគ្គ[កែប្រែ]

[៨២] អំពើលាមកណា ដែលខ្ញុំបានធ្វើហើយ ក្នុងជាតិ​ទំាំងឡាយ​ដទៃ ក្នុងភពមុន អំពើ​លាមក​នោះ ខ្ញុំគប្បីទទួល​តែក្នុងជាតិ​នេះទេ វត្ថុដទៃ មិនមាន​ឡើយ។ — សមិតិគុត្តត្ថេរ។

[៨៣] ទីមានភិក្ខាហារដ៏សម្បូណ៌ផង ទីដ៏ក្សេមក្សាន្ត មិនមាន​ភ័យផង មានក្នុងទិស​ណាៗ ម្នាលកូន អ្នកចូរទៅ​ក្នុងទិស​នោះ ៗ ចុះ សូមកុំឲ្យអ្នក​មានសេចក្តី​សោក​បៀតបៀន​បាន​ឡើយ។ — កស្សបត្ថេរ។

[៨៤] ម្នាលភិក្ខុឈ្មោះសីហៈ ចូរអ្នក​កុំប្រមាទ កុំខ្ជិល​ច្រអូស​អស់យប់ និងថ្ងៃ ចូរអ្នក​ចំរើន​កុសលធម៌​ចុះ ចូរអ្នក​លះបង់​នូវគ្រោងកាយ គឺអត្តភាព​ដោយឆាប់​ចុះ។ — សីហត្ថេរ។

[៨៥] បុគ្គលដេកលក់រហូតរាត្រីទំាំងអស់ ត្រេកអរ​ក្នុងពួកគណៈ​ក្នុងវេលាថ្ងៃ ជាអ្នក​អ័ប្បបញ្ញា កាលណា​នឹងធ្វើនូវ​ទីបំផុត​នៃទុក្ខ​បាន។ — នីតត្ថេរ។

[៨៦] បុគ្គលឈ្លាសវៃ ក្នុងនិមិត្តរបស់ចិត្ត ដឹងច្បាស់​នូវរសនៃ​វិវេក ដុតកំដៅ​កិលេស ជាអ្នក​មានប្រាជ្ញា​រក្សាខ្លួន មានស្មារតី​តំកល់មាំ គប្បីបាន​នូវ​និរាមិសសុខ គឺ​ព្រះនិព្វាន។ — សុនាគត្ថេរ។

[៨៧] ព្រះមានព្រះភាគ ជាសាសា្តចារ្យ កាលសំដែង​ដោយព្រះអង្គ​ឯង (ដូចផ្លែកន្ទួត​ព្រៃ) ក្នុង​បាតដៃ តែង​ប្រៀនប្រដៅ​សង្ឃ​យ៉ាងនេះ​ថា ផ្លូវដ៏​ប្រសើរនេះ ជាផ្លូវ​ទៅកាន់​ព្រះនិព្វាន មិនមែន​ដូចផ្លូវ​របស់​តិរិ្ថយ​អ្នកពោល​ផ្សេងៗ ខាងក្រៅ​សាសនា​នេះទេ។ — នាគិតត្ថេរ។

[៨៨] ខន្ធទំាំងឡាយ ខ្ញុំឃើញច្បាស់ហើយ តាមសេចក្តី​ពិត ភព​ទំាំងពួង ខ្ញុំទំលាយ​ហើយ ជាតិសង្សារ​អស់ហើយ ឥឡូវនេះ ភពថ្មី​មិនមាន​ទេ។ — បវិដ្ឋត្ថេរ។

[៨៩] ខ្ញុំកាលយល់ច្បាស់នូវសច្ចធម៌ទំាំងឡាយ ទើបអាចនឹង​រើខ្លួនឡើង​ចាកទឹក គឺសំសារ ឡើងកាន់​ទីគោក គឺព្រះនិព្វាន ដូចជា​ជំនន់ធំ​កាលបន្សាត់​ទៅ។ — អជ្ជុនត្ថេរ។

[៩០] ខ្ញុំឆ្លងឡើងផុត ចាកភក់ ចាកល្បាប់ គឺកិលេស​ហើយ វៀរស្រឡះ​ហើយចាក​បាតាល (ទំនាប) គឺយោគៈ រួចផុតហើយ​ចាកឱឃៈផង គន្ថៈផង មានះ​ទំាំងពួង ខ្ញុំកំចាត់​បង់​ហើយ។ — ទេវសភត្ថេរ។

[៩១] ខន្ធ ៥ ខ្ញុំកំណត់ដឹងហើយ ខន្ធ៥ មានឫសគល់​ដាច់ហើយ ជាតិសំសារ​អស់​ហើយ ភពថ្មីទៀត (របស់ខ្ញុំ )មិនមាន​ក្នុងកាល​ឥឡូវនេះ។ — សាមិទត្តត្ថេរ។

ឧទ្ទាន

និយាយអំពី​សមិតិគុត្តត្ថេរ ១ កស្សបត្ថេរ ១ សីហត្ថេរ ១ នីតត្ថេរ ១ សុនាគត្ថេរ ១ នាគិតត្ថេរ ១ បវិដ្ឋត្ថេរ ១ អជ្ជុនៈ​ជាឥសី ១ ទេវសភត្ថេរ ១ សាមិទត្តត្ថេរ មាន​កំឡាំង​ច្រើន ១។

ចប់ នវមវគ្គ។

ថេរគាថា ឯកនិបាត ទសមវគ្គ[កែប្រែ]

[៩២] សុធាភោជន មានរសទំាងរយ អាត្មាអញ មិនសរសើរ​ដូចភោជន គឺ​និព្វានសុខ ដែលអាត្មាអញ​បរិភោគ​ហើយ​ក្នុងថ្ងៃនេះ​ទេ ធម៌ដែល​ព្រះពុទ្ធគោតម ព្រះអង្គ​ឃើញដោយ​បញ្ញា​រាប់មិន​បាន ទ្រង់សំដែង​ហើយ (ទើបជាធម៌​មានរសច្រើន)។ — បរិបុណ្ណកត្ថេរ។

[៩៣] ភិក្ខុណា មានអាសវៈអស់ហើយ មិនជ្រប់​ក្នុងអាហារ ភិក្ខុណា មាន​សុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ (អប្បណិហិតវិមោក្ខ) ជាអារម្មណ៍ ស្នាមជើង​របស់​ភិក្ខុនោះៗ បុគ្គល​តាម​រកឃើញ​បានដោយ​ក្រ ដូចស្នាម​ជើងនៃសត្វ​ស្លាបក្នុង​អាកាស។ — វិជយត្ថេរ។

[៩៤] ម្នាលឯរកៈ កាមទំាងឡាយ ជាទុក្ខ ម្នាលឯរកៈ កាមទំាំងឡាយ មិនមែន​ជាសុខ​ទេ ម្នាលឯរកៈ បុគ្គលណា ប្រាថ្នា​រកកាម បុគ្គលនោះ ឈ្មោះថា​ប្រាថ្នាទុក្ខ ម្នាល​ឯរកៈ បុគ្គល​ណា មិនប្រាថ្នា​រកកាម បុគ្គលនោះ ឈ្មោះថា​មិនប្រាថ្នា​ទុក្ខទេ។ — ឯរកត្ថេរ។

[៩៥] សូមនមស្ការ ព្រះមានព្រះភាគ​អង្គនោះ ព្រះអង្គ​ជាសក្យបុត្ត​មានសិរី ព្រះធម៌ដ៏​ប្រសើរ​នេះ ព្រះពុទ្ធ​ដល់នូវធម៌​ដ៏ប្រសើរ​នោះ ទ្រង់សំដែង​ទុកល្អ​ហើយ។ — មេត្តជិត្ថេរ។

[៩៦] ខ្ញុំជាមនុស្សខ្វាក់ មានភ្នែកដែល​ទោសកំចាត់​បង់ហើយ ទៅកាន់​ផ្លូវឆ្ងាយដាច់​ស្រយាល ទោះបី​កាលដេក ក៏ខ្ញុំមិនទៅ​ជាមួយនឹង​សំឡាញ់​ជាបាបមិត្ត​ទេ។ — ចក្ខុបាលត្ថេរ។

[៩៧] ខ្ញុំបានបូជាផ្កាមួយ រួចក៏បានឲ្យគេបំរើ​ក្នុងឋានសួគ៌​អស់ ៨០ កោដិឆ្នាំ (រាប់​ដោយ​ឆ្នាំមនុស្ស) ខ្ញុំរលត់ទុក្ខ​ដោយផល​នៃកម្មដ៏​សេសសល់។ — ខណ្ឌសុមនត្ថេរ។

[៩៨] ខ្ញុំលះភាជន៍សំរិទ្ធិដែលមានក្បាច់ ១០០ស្រទាប់ និងភាជន៍​មាស មានចម្លាក់ ១០០ ជាន់ ហើយត្រឡប់​មកកាន់យក​បាត្រដី​វិញ ការចូលកាន់​ផ្នួសរបស់​ខ្ញុំនេះ ឈ្មោះថា​ជាការ​អភិសេកទីពីរ។ — តិស្សត្ថេរ។

[៩៩] បុគ្គលកាលឃើញរូប ហើយធ្វើទុកក្នុងចិត្ត​នូវនិមិត្ត​ជាទីស្រឡាញ់ សតិ​រមែង​ភ្លាំងភ្លាត់ បុគ្គលនោះ មានចិត្តត្រេកអរ ទទួលយក លេបយកនូវ​អារម្មណ៍​នោះ អាសវៈ​ទំាង​ឡាយ ដែលជាគ្រឿង​នំាំចូលទៅ​កាន់ឫសគល់​នៃភព រមែង​ចំរើនដល់​បុគ្គលនោះ។ — អភយត្ថេរ។

[១០០] បុគ្គលកាលស្តាប់សំឡេង ហើយធ្វើទុក​ក្នុងចិត្ត​នូវនិមិត្ត​ជាទីស្រឡាញ់ សតិ​រមែង​ភ្លាំងភ្លាត់ បុគ្គលនោះ មានចិត្ត​ត្រេកអរ ទទួលយក លេបយកនូវ​អារម្មណ៍នោះ អាសវៈ​ទំាំងឡាយ ដែលជា​គ្រឿងនំាចូល​ទៅកាន់​សង្សារ រមែងចំរើន​ដល់បុគ្គល​នោះ។ — ឧត្ថិយត្ថេរ។

[១០១] បុគ្គលប្រកបដោយសម្មប្បធាន មានសតិប្បដ្ឋាន​ជា​អារម្មណ៍​ដ៏ដេរដាស​ដោយ​ផ្កា គឺវិមុត្តិ ជាអ្នកមិន​មានអាសវៈ នឹងបរិនិព្វាន។ — ទេវសភត្ថេរ។

ឧទ្ទាន

និយាយអំពី​បរិបុណ្ណត្ថេរ ១ វិជយត្ថេរ ១ ឯរកត្ថេរ ១ មេត្តជិត្ថេរ ជាអ្នកប្រាជ្ញ ១ ចក្ខុបាលត្ថេរ ១ ខណ្ឌសុមនត្ថេរ ១ តិស្សត្ថេរ ១ អភយត្ថេរ ១ ឧត្តិយត្ថេរមានបញ្ញាច្រើន ១ ទេវសភត្ថេរ ១។

ចប់ ទសមវគ្គ។

ថេរគាថា ឯកនិបាត ឯកាទសមវគ្គ[កែប្រែ]

[១០២] បុរសបុគ្គលល្ងង់ខ្លៅ លះបង់សភាព​ជាគ្រហស្ថ (ចូលកាន់ផ្នួស) ជាអ្នក​មិនបាន​អប់រំខ្លួន ជាអ្នកមាន​មាត់ដូច​ជានង្គ័ល ខ្ជិលច្រអូស បានតែខាង​ចិញ្ចឹមពោះ ដូចជ្រូក​ស្រុកធំ ដែលគេ​បំប៉នដោយ​ចំណី តែងចូលទៅ​កាន់គភ៌​រឿយ ៗ។ —ពេលដ្ឋកានិត្ថេរ។

[១០៣] ជនទំាងឡាយ ដែលត្រូវមានះបញ្ឆោត សៅហ្មង​ក្នុងសង្ខារ ត្រូវលាភៈ អលាភៈ ញាំញីហើយ រមែង​មិនបាន​នូវសមាធិ។ —សេតុច្ឆត្ថេរ។

[១០៤] ខ្ញុំមិនត្រូវការដោយលាភនុ៎ះទេ ខ្ញុំបានសេចក្តីសុខ ឆ្អែតដោយ​ធម្មរស ក្រេប​ផឹក​រស​ដ៏ប្រសើរ​ថ្លៃថ្លា មិនធ្វើ​នូវការជាប់​ដោយ​រសទេ។ —ពន្ធុរត្ថេរ។

[១០៥] ឱហ្ន៎ កាយរបស់ខ្ញុំស្រាល កាលខ្ញុំត្រូវ​បីតិ និងសុខដ៏ទូលាយ​ពាល់ត្រូវ​ហើយ កាយ​របស់ខ្ញុំ រមែង​អណ្តែតឡើង​បានដូច​ប៉ុយដែល​ប៉ើង​ដោយខ្យល់។ —ខិតកត្ថេរ។

[១០៦] បុគ្គលអ្នកឈ្លាសវៃ ទោះបីអផ្សុក រមែងមិននៅ (ក្នុង​អាវាស​ដែល​មិន​សប្បាយ) សូម្បីកាល​ត្រេកអរ​ក៏ចៀសចេញ មិនគប្បីនៅ​គ្រប់គ្រង​លំនៅ ដែលប្រកប​ដោយអំពើ​មិន​ជាប្រយោជន៍ទេ។ —មលិតវម្ភត្ថេរ។

[១០៧] អត្ថមានអាថ៌កំបំាងច្រើន ទ្រទ្រង់លក្ខណៈ​ដ៏ច្រើន ជនឥត​ប្រាជ្ញា ឃើញអង្គ​នៃ​អត្ថតែមួយ ចំណែក​បណ្ឌិត​ជាអ្នកឃើញ​អត្ថដ៏ច្រើន។ —សុហេមន្តត្ថេរ។

[១០៨] ខ្ញុំរំពឹងឃើញហើយ ទើបចេញចាកផ្ទះ ចូលកាន់ផ្នួស ត្រៃវិជ្ជា ខ្ញុំបានហើយ ពុទ្ធ​សាសនា ខ្ញុំក៏បាន​ធ្វើហើយ។ —ធម្មសំវរត្ថេរ។

[១០៩] ខ្ញុំមានអាយុប្រកបដោយឆ្នាំ ១២០ ទើបចេញ​ចាកផ្ទះ ចូលកាន់​ផ្នួស ត្រៃវិជ្ជា ខ្ញុំ​បានហើយ ពុទ្ធសាសនា ខ្ញុំក៏បាន​ធ្វើហើយ។ —ធម្មសដបិតុត្ថេរ។

[១១០] ភិក្ខុនេះត្រេកអរ​ក្នុងទីស្ងាត់ហើយ តែក្រែងមិន​អើពើនឹង​សាសនា​របស់ព្រះ​មានព្រះភាគ ព្រះអង្គ​ជាអ្នក​អនុគ្រោះ​ដោយប្រយោជន៍​ដ៏ក្រៃលែង​ទេឬ ភិក្ខុនេះ ជាអ្នកមាន​ឥន្ទ្រិយ​តំាងនៅ​ជាប្រក្រតី នៅក្នុងទី​ស្ងាត់ដូច្នោះ ដូចជា​ម្រឹគញី ប្រកប​ដោយជាតិ​នៅក្មេង ដែលនៅ​ក្នុងព្រៃ។ — សង្ឃរក្ខិតត្ថេរ។

[១១១] ឈើទំាំងឡាយ លូតលាស់ឡើង​ឰដ៏​កំពូលភ្នំ ត្រូវទឹកភ្លៀង​បង្អោរចុះ​ថ្មី ៗ ស្រោច​ស្រប់ហើយ រមែងញុំាង​ចិត្តគួរដល់​ភាវនាកម្ម​ឲ្យកើតឡើង​ដោយក្រៃលែង​ដល់ភិក្ខុ​ឈ្មោះ​ឧសភៈ អ្នកប្រាថ្នា​វិវេកធម៌ អ្នកមាន​សេចក្តី​សំគាល់​ក្នុងព្រៃ។ — ឧសភត្ថេរ។

ឧទ្ទាន

និយាយអំពី​ពេលដ្ឋកានិត្ថេរ ១ សេតុច្ឆត្ថេរ ១ ពន្ធុរត្ថេរ ១ ខិតកត្ថេរ ជាឥសី ១ មលិតវម្ភត្ថេរ ១ សុហេមន្តត្ថេរ ១ ធម្មសំវរត្ថេរ ១ ធម្មសដបិតុត្ថេរ ១ សង្ឃរក្ខិតត្ថេរ ១ ឧសភត្ថេរ ជាមហាមុនី ១។

ចប់ ឯកាទសមវគ្គ។

ថេរគាថា ឯកនិបាត ទ្វាទសមវគ្គ[កែប្រែ]

[១១២] ការបួសជាការក្រពិត គ្រឹះស្ថានបុគ្គល​គ្រប់គ្រង​បានដោយ​ក្រ ព្រះធម៌ ជា​សភាព​ជ្រាលជ្រៅ ភោគៈ​ទំាំងឡាយ រកបាន​ដោយក្រ ការប្រព្រឹត្តិ (ចិញ្ចឹមជិវិត) របស់​យើង ដោយ​បច្ច័យតាម​មាន តាមបាន ក៏ជាការក្រ យើងគួរគិត​នូវអនិច្ចតាធម៌​ឲ្យរឿយ ៗ វិញ។ — ជេន្តត្ថេរ។

[១១៣] ខ្ញុំមានវិជ្ជា ៣ មានការដុត​កិលេសច្រើន ជាអ្នកឈ្លាសវៃ​ក្នុង​ចេតោសមថៈ (ការ​ស្ងប់រម្ងាប់​ចិត្ត) ប្រយោជន៍​របស់ខ្លួន ខ្ញុំបានដល់​ហើយ ពុទ្ធសាសនា ខ្ញុំក៏បាន​ធ្វើហើយ។ — វច្ឆគោតត្ថេរ។

[១១៤] ភ្នំថ្មទំាំងនោះ មានទឹកថ្លា មានថ្ម​ដ៏ក្រាស់ ដែលប្រកប​ដោយម្រឹគ មាន​កន្ទុយ​ដូច​គោ (ស្វាខ្មៅ) ដ៏ដេរដាស​ដោយ​សារាយ​ក្នុងទឹក តែងញុំាងខ្ញុំ​ឲ្យត្រេកអរ (សុខចិត្ត​នៅបាន)។ — វនវច្ឆត្ថេរ។

[១១៥] កាលបើជីវិត​សូន្យថយទៅ សេចក្តីល្អ​របស់​សមណៈ នឹងមានមក​ក្នុងទីណា ដល់បុគ្គល​អ្នកធ្ងន់​ក្នុងកាយ​ដ៏អាក្រក់ ជាប់ដោយ​សេចក្តីសុខ​ក្នុងសរីរៈ។ — អធិមុត្តត្ថេរ។

[១១៦] អ្នកនុ៎ះ នឹងសាបសូន្យ​ចាកភ្នំ​ឈ្មោះ​នេសាទកៈ (ទីនៅនៃ​អ្នកនេសាទ) ជាភ្នំមាន​យស បិទបាំង​ដោយដើម​ខ្លែងគង់ នឹងដើម​ពោនស្វា​ជាច្រើន។ — មហានាមត្ថេរ។

[១១៧] បុគ្គលគ្រប់គ្រងទ្វារ សង្រួមដោយល្អ ខ្ជាក់ចោល​នូវឫសគល់​នៃសេចក្តី​ទុក្ខ ព្រោះ​លះបង់​ផស្សាយតនៈ​ទំាង ៦ ប្រការ ការអស់ទៅ​នៃអាសវៈ ខ្ញុំក៏បាន​ដល់ហើយ។ — បារាបរិយត្ថេរ។

[១១៨] ខ្ញុំមានខ្លួនប្រោះព្រំល្អ ស្លៀកពាក់ល្អ ស្អិតស្អាង​ដោយគ្រឿង​ប្រដាប់​គ្រប់យ៉ាង បាន​នូវ​វិជ្ជា ៣ ប្រការ ពុទ្ធសាសនា ខ្ញុំក៏បាន​ធ្វើហើយ។ — យសត្ថេរ។

[១១៩] វ័យ (របស់សត្វ) រមែងធ្លាក់ចុះ ហាក់ដូចជា​ត្រូវទេវតា​បណ្តេញ រូប (របស់​យើង) កាលមាន​នៅ ដោយប្រការ​ដូច្នោះ តែហាក់ដូច​ជារូបអ្នក​ដទៃ ខ្លួនខ្ញុំនោះ កាល​មាន​ពិត តែ​ហាក់ដូច​ជាមិនមាន ខ្ញុំរឭក​ឃើញខ្លួន (របស់ខ្ញុំ) ហាក់ដូច​ជារឭក​ឃើញខ្លួន​របស់​អ្នកដទៃ​ដែរ។ — កិម្ពិលត្ថេរ។

[១២០] អ្នកចូលទៅកាន់គល់ឈើ និងព្រៃ​ញាតស្បាត ហើយ​ក្រសោប​យក​ព្រះនិព្វាន (មក​ដាក់) ក្នុងហ្ឫទ័យបាន នែគោតម អ្នកចូរពិនិត្យ​ចុះ កុំមានសេចក្តី​ប្រមាទឡើយ សេចក្តី​រាយមាយ​ចិត្ត នឹងធ្វើអ្វី​ដល់អ្នកកើត។ — វជ្ជីបុត្តត្ថេរ។

[១២១] ខន្ធទំាំង ៥ មានឫសគល់​ដាច់ ដែលខ្ញុំ​កំណត់ដឹង​ច្បាស់ហើយ ការអស់ទៅ​នៃទុក្ខ ខ្ញុំបាន​ដល់ហើយ ការអស់ទៅ​នៃអាសវៈ ខ្ញុំក៏បាន​ដល់ហើយ​ដែរ។ — ឥសិទត្តត្ថេរ។

ឧទ្ទាន

និយាយអំពី​ជេន្តត្ថេរ ១ វច្ឆគោត្តត្ថេរ ១ វនវច្ឆត្ថេរ អ្នកមាននាម​ដ៏ប្រសើរ ១ អធិមុត្តត្ថេរ ១ មហានាមត្ថេរ ១ បារាបរិយត្ថេរ ១ យសត្ថេរ ១ កិម្ពិលត្ថេរ ១ វជ្ជីបុត្តត្ថេរ ១ ឥសិទត្តត្ថេរ ជាអ្នក​មានយសធំ ១។

ចប់ ទ្វាទសមវគ្គ។

ឧទ្ទាន ក្នុងឯកនិបាតនោះ គឺ

ព្រះថេរៈ ១២០ អង្គ មានសោឡសកិច្ច​ធ្វើរួចហើយ ជាអ្នក​មិនមាន​អាសវៈ ដែល​ព្រះសង្គីតិកាចារ្យ អ្នកស្វែងរក​នូវគុណធំ បានរួបរួម​ទុកដោយល្អ ក្នុង​ឯកនិបាត។

ចប់ ឯកនិបាត។

ទុកនិបាត

ថេរគាថា ទុកនិបាត បឋមវគ្គ[កែប្រែ]

[១២២] ភពនីមួយ ជាសភាពទៀងទាត់មិនមានទេ សូម្បី​សង្ខារ​ទំាងឡាយ ជាសភាព​ទៀង​ទាត់ ក៏មិនមាន ខន្ធ​ទាំងឡាយ​នោះ រមែង​កើតឡើង ច្យុត​ទៅមក ៗ។ ខ្ញុំបាន​ដឹងច្បាស់​នូវ​ទោសនុ៎ះ​ហើយ ជា​អ្នកមិន​ត្រូវការ​ដោយភពទេ បានរលាស់​ចាកកាម​ទំាងពួង​ហើយ ការ​អស់ទៅ​នៃអាសវៈ ខ្ញុំក៏បាន​ដល់ហើយ។ — ឮថា ឧត្តរត្ថេរមានអាយុ បានសំដែងនូវគាថា​ទំាងឡាយ​ដោយប្រការ​ដូច្នេះ។

[១២៣] ជីវិត (របស់ខ្ញុំ)នេះ រមែងមិនមាន ព្រោះការមិន​ប្រព្រឹត្តិទៅ អាហារ​មិនមែន​ធ្វើ​ឲ្យស្ងប់​ដល់ហ្ឫទ័យ​បានទេ គ្រោងកាយ តំាងនៅបាន​ដោយអាហារ ខ្ញុំប្រព្រឹត្ត​នូវការស្វែង​រក ព្រោះឃើញ​ដូច្នេះ។ ការសំពះ និងការ​បូជាណា ដែលមាន​ក្នុងត្រកូល​ទំាំងឡាយ បណ្ឌិត​ទំាំងឡាយ បានពោល​នូវការសំពះ និងបូជានោះ ​ថាដូច​ជាភក់ សរ គឺកិលេស​ដ៏ល្អិត គេដក​បានដោយក្រ សក្ការៈ ក៏បុរសអាក្រក់​លះបាន​ដោយក្រ។ — ឮថា បិណ្ឌោលភារទ្វាជត្ថេរដ៏មានអាយុ បានសំដែង​នូវគាថា​ទំាងឡាយ​ដោយប្រការ​ដូច្នេះ។

[១២៤] ស្វា គឺចិត្ត តែងចូល​ទៅក្នុងខ្ទម គឺអន្តភាព មានទ្វារ ៥ កាលញាប់ញ័រ​ស្ទុះចុះ​ឡើង តែងត្រាច់​ទៅតាមទ្វារ។ នែស្វា អ្នកចូរឈប់ អ្នកកុំ​ស្ទុះទៅឡើយ ខ្ទមរបស់​អ្នកនោះ មិនមាន​ដូចក្នុង​កាលមុនទៀតទេ អ្នកត្រូវខ្ញុំ​សង្កត់សង្កិន​ដោយបញ្ញា អ្នកនឹង​ទៅកាន់​ទីឆ្ងាយ​មិនបាន​ទេ។ — វល្លិយត្ថេរ។

[១២៥] ខ្ទមដែលខ្ញុំធ្វើទៀបឆ្នេរទន្លេគង្គា ដោយស្លឹកត្នោត ៣ ធាង ក៏មាន បាត្រ​របស់​ខ្ញុំ ដូចជាឆ្នាំង​ស្រោច​ទឹកដោះស្រស់​ឲ្យខ្មោច ក៏មាន សំពត់បង្សុកូលក៏មាន។ ក្នុងរវាង​ពីរឆ្នាំ ខ្ញុំ​និយាយ​វាចាតែ ១ មាត់ ក្នុងរវាងឆ្នាំទី ៣ គំនរនៃងងឹត (អវិជ្ជា) ខ្ញុំក៏បាន​ទំលាយ​ហើយ។ — គង្គាតិរិយត្ថេរ។

[១២៦] បើទុកជាបុគ្គលមានវិជ្ជា ៣ លះបង់មច្ចុបាន មិនមាន​អាសវៈ ពួកជន​ពាល អ្នកមិន​ចេះដឹង រមែងមើល​ងាយបុគ្គល​នោះ ថាជាអ្នក​មិនមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទៅ​វិញ។ បុគ្គល​ណា ក្នុង​លោកនេះ លុះតែជា​អ្នកស្វាក់លាភ​ចំពោះ​បាយ ទឹក ទោះបី​មានធម៌​ដ៏លាមក បុគ្គលនោះ ទើបពួក​ជនពាល​ទំាំងនោះ​ធ្វើសក្ការៈ។ — អជិនត្ថេរ។

[១២៧] កាលណា​ខ្ញុំបានស្តាប់សច្ចធម៌​របស់​ព្រះសាស្តា កាលទ្រង់​សំដែង (កាលនោះ) ខ្ញុំមិនដឹង​នូវសេចក្តី​សង្ស័យ ជាបុគ្គល​ដឹងសព្វ ចំពោះ​ព្រះសាស្តា ព្រះអង្គ​ជាអ្នក​ឈ្នះមារ ជាអ្នក​ដឹកនំាំពួក ជា​មហាវីរបុរស ជាសារថី​ដ៏ប្រសើរ​ខ្ពង់ខ្ពស់​ជាងសារថី​ទំាំងឡាយ ឬសេចក្តី​សង្ស័យ​ក្នុងអរិយមគ្គ និង​បដិបទា ក៏មិនមាន​ដល់ខ្ញុំដែរ។ — មេឡជិនត្ថេរ។

[១២៨] ភ្លៀង រមែងលេចធ្លុះ​នូវផ្ទះដែល​ប្រក់មិនល្អ យ៉ាងណា​មិញ រាគៈ រមែង​ចាក់​ធ្លុះ​ចិត្តដែល​មិនបាន​អប់រំល្អ ក៏យ៉ាង​នោះដែរ។ ភ្លៀង រមែង​មិនលេចធ្លុះ​នូវផ្ទះ​ដែលប្រក់​ល្អ យ៉ាង​ណាមិញ រាគៈ រមែងមិនចាក់​ធ្លុះចិត្ត​ដែលបាន​អប់រំល្អ ក៏យ៉ាង​នោះដែរ។ — រាធត្ថេរ។

[១២៩] ជាតិរបស់ខ្ញុំអស់ហើយ សាសនាព្រះជិនស្រី ខ្ញុំបាន​ប្រព្រឹត្តចប់​ហើយ ឃ្នាប (បណ្តាញ​នៃទិដ្ឋិ) ខ្ញុំបាន​លះបង់​ហើយ តណ្ហា​គ្រឿងនាំ​ទៅកាន់​ភព ខ្ញុំក៏ដក​ចោលហើយ កុលបុត្ត ចេញចាក​ផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍​ដល់គុណ​វិសេស​ណា ប្រយោជន៍ គឺការ​អស់ទៅនៃ​សញ្ញោជនៈ​ទំាំងអស់នោះ ខ្ញុំក៏បាន​ដល់ហើយ។ — សុរាធត្ថេរ។

[១៣០] ពាក្យសច្ចៈ ចំពោះស្ត្រីណា ដែលគេគប្បីរក្សា​គ្រប់កាល​ទំាំងពួង ជាពាក្យ​ដែល​គេរកបាន​ដោយ​ក្រក្រៃលែង ពួកជនណា មិនជាប់​ចំពាក់ចំពោះ​ស្ត្រីទំាំងនោះ ពួកជន​នោះ ឈ្មោះថាមុនី រមែងដេក​នៅជាសុខ។

នែកាម យើងបាន​ប្រព្រឹត្តនូវ​ការសម្លាប់​អ្នកហើយ ឥឡូវនេះ យើងមិន​ជាប់បំណុល​នឹងអ្នក​ទេ យើងនឹងទៅកាន់​ព្រះនិព្វាន​ឥឡូវនេះ ដែលជា​ទីទៅ ហើយមិន​សោយសោក។ — គោតមត្ថេរ។

[១៣១] កុហក បុគ្គលនោះសម្លាប់ខ្លួនឯង (ដោយការប្រព្រឹត្តិលាមក) មុន​សម្លាប់​បុគ្គល​ដទៃ​ក្រោយ បុគ្គល​បំផ្លាញខ្លួន​ឯង បំផ្លាញ​បានដោយ​ងាយ ដូចព្រាន​បក្សីសម្លាប់ (សត្វ​ស្លាប) ដោយ​ធ្នាក់។ បុគ្គលមាន​តែវណ្ណៈខាងក្រៅ [វណ្ណៈ​ខាងក្រៅ សំដៅការ​រៀបចំ​ដោយ​ឥរិយាបថ​ឲ្យស្រគត់ស្រគំ​ជាដើម។] មិនឈ្មោះថា​ព្រាហ្មណ៍ទេ លុះតែ​មាន​វណ្ណៈ​ខាងក្នុង [វណ្ណៈខាងក្នុង សំដៅយក​គុណសម្បត្តិ មានសីល​ជាដើម។ អដ្ឋកថា។] ទើបឈ្មោះ​ថាព្រាហ្មណ៍ បពិត្រ​សុជម្បតិ បាបកម្ម​មានក្នុង​បុគ្គលណា បុគ្គល​នោះ ឈ្មោះថា​បុគ្គលខ្មៅ។ — វសភត្ថេរ។

ឧទ្ទាន

និយាយអំពី​ឧត្តរត្ថេរ ១ បិណ្ឌោលភារទ្វាជត្ថេរ ១ វល្លិយត្ថេរ ១ គង្គាតីរិយត្ថេរ ជា​ឥសី ១ អជិនត្ថេរ ១ មេឡជិនត្ថេរ ១ រាធត្ថេរ ១ សុរាធត្ថេរ ១ គោតមត្ថេរ ១ វសភត្ថេរ ១ ព្រះថេរៈ​ទំាំង ១០ នេះ ជាអ្នក​មានឫទ្ធិច្រើន។

ចប់ បឋមវគ្គ។

ថេរគាថា ទុកនិបាត ទុតិយវគ្គ[កែប្រែ]

[១៣២] ការស្តាប់ដោយល្អ ជាការចំរើននៃ​អ្នកស្តាប់ ការស្តាប់ ជាការចំរើន​នៃបញ្ញា (ព្រោះ) បុគ្គល រមែងយល់​សេចក្តីបាន​ដោយសារបញ្ញា សេចក្តី​ដែលយល់​ហើយ រមែង​នំាំសុខ​មកឲ្យ។

បុគ្គល​គួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្ត​ធម៌ ដែលជា​ហេតុរួច​ស្រឡះ​ចាក​សំយោជនៈ បើមិនបាន​សេចក្តី​ត្រេកអរ​ក្នុងទីស្ងាត់​នោះទេ គប្បីជា​អ្នកមាន​សតិ រក្សាខ្លួននៅ​ក្នុង​ពួកចុះ។ — មហាចុន្ទត្ថេរ។

[១៣៣] ពួកជនណា បៀតបៀនពួក​មនុស្ស ដោយកម្ម ដែលច្រឡំ​ដោយកម្ម​ក្លាក្លាំង​ផង ដោយកម្ម​ផ្សេងៗ ផង ពួកជន​ទំាំងនោះ ឈ្មោះថា​មានព្យាយាម​អាក្រក់ ជនទាំងនោះ តែង​ត្រូវជន (ឯទៀត) ធ្វើ (ឲ្យដល់នូវ​សេចក្តីទុក្ខ) តាមដំណើរ​ដូច្នោះ ព្រោះថា កម្ម (របស់​ជននោះ) មិនចេះ​វិនាសទេ។ ជនធ្វើនូវ​កម្មណា ទោះបី​ល្អ ឬអាក្រក់ ធ្វើនូវ​កម្មណា ៗ រមែង​ជា​ទាយាទ (ទទួលផល) នៃកម្ម​នោះៗ។ — ជោតិទាសត្ថេរ។

[១៣៤] ថ្ងៃ និងយប់ តែងកន្លងទៅ ជីវិត រមែងរលត់ទៅ អាយុរបស់​សត្វទំាំងឡាយ រមែង​អស់ទៅ ដូចទឹក​ស្ទឹងតូច។ ជនពាល​ដែលកំពុង​ធ្វើកម្ម​ដ៏លាមក ក៏មិន​ភ្ញាក់រលឹក (រហូត​ដល់) ផលដ៏ក្តៅ​ក្រហាយ​មានដល់គេ​ក្នុងកាល​ជាខាងក្រោយ ព្រោះថា​វិបាក​របស់​កម្មនោះ ជា​វិបាក​ដ៏លាមក។ — ហេរញ្ញកានិត្ថេរ។

[១៣៥] បុគ្គលតោងកំណាត់ឈើតូច រមែងលិច​ចុះក្នុងជំនន់​ធំ យ៉ាងណា​មិញ បុគ្គល​អាស្រ័យ​មនុស្សខ្ជិល ទុកជាមាន​ការរស់នៅ​ដោយល្អ ក៏រមែង​លិចចុះ (ក្នុងសង្សារវដ្ត) យ៉ាង​នោះដែរ។ ព្រោះហេតុនោះ បុគ្គលគប្បី​វៀរបុគ្គល​ខ្ជិល អ្នកមាន​ព្យាយាម​ថោកទាប​នោះចេញ គប្បី​នៅរួមជា​មួយនឹង​ពួកអរិយៈ ជាបុគ្គលស្ងប់ស្ងាត់ មានឈាន មាន​ចិត្ត​ស្លុង (ទៅកាន់​ព្រះនិព្វាន) ជាបណ្ឌិត មានព្យាយាម​តឹងរឹង​អស់កាល​ជានិច្ច។ — សោមមិត្តត្ថេរ។

[១៣៦] ជន [ពាក្យថាជន ក្នុងគាថានេះ សំដៅយក​មនុស្សអន្ធពាល។ អដ្ឋកថា។] ទាក់ទង​នឹងជន ជន​អាស្រ័យនូវជន ជនត្រូវ​ជនបៀតបៀន​ផង ជនបៀតបៀន​ជនផង។ ព្រោះថា​ប្រយោជន៍អ្វី ដោយជន​របស់​ជននោះ ឬដោយជន​ដែលឲ្យ​កើតហើយ អាត្មាអញ គប្បី​លះនូវជន ដែលបៀតបៀន​ជនច្រើន ហើយទៅ។ — សព្វមិត្តត្ថេរ។

[១៣៧] ស្រីឈ្មោះនាងកាឡី មានសរីៈធំ មានរូបខ្មៅ​ដូចក្អែក បំបាក់ភ្លៅម្ខាង ហើយបំ​បាក់​ភ្លៅម្ខាងទៀត បំបាក់ដៃ​ម្ខាង ហើយ​បំបាក់ដៃ​ម្ខាងទៀត ទំលាយ​នូវក្បាល (របស់​មនុស្ស​ស្លាប់ ធ្វើឲ្យមាន​ខួរហូរចេញ ) ដូច​ឆ្នាំងទធិ ស្រីនុ៎ះ​អង្គុយ​រៀបចំ (សរីរៈសពនោះ) បុគ្គលណា អ្នក​មិនឈ្លាសវៃ តែងធ្វើ​នូវ​ឧបធិកិ្កលេស បុគ្គលនោះ ជាមនុស្ស​ល្ងង់ រមែង​ដល់នូវ​សេចក្តី​ទុក្ខរឿយៗ ព្រោះហេតុ​នោះ បុគ្គល​កាលដឹង មិនគួរធ្វើ​ឧបធិឡើយ អាត្មាអញ សូម​កុំឲ្យ​មានក្បាល​បែកធ្លាយ ដេក (ស្តូកស្តឹង) ទៀត​ឡើយ។ — មហាកាឡត្ថេរ។

[១៣៨] បុគ្គលអ្នកមានក្បាលត្រងោល ដណ្តប់សង្ឃាដី ជាអ្នក​បានបាយ ទឹក សំពត់ និង​ទីដេក ឈ្មោះថា​បានវត្ថុ​ជាសត្រូវ​ច្រើន។ ភិក្ខុអ្នក​មានសតិ លុះដឹងទោស​នុ៎ះ ថាជា​ភ័យធំ ក្នុង​សក្ការៈ​ទំាំងឡាយ​ហើយ គួរជាអ្នក​មានលាភ​តិច មិនឈ្លក់​ដោយលាភ វៀរឲ្យ​ស្រឡះ។ — តិស្សត្ថេរ។

[១៣៩] សក្យបុត្តទំាងឡាយ ជាសំឡាញ់នឹងគ្នា បានលះបង់​នូវភោគ​សម្បត្តិជា​ច្រើន (ទៅនៅ) ក្នុងព្រៃ​ឈ្មោះ​បាចីនវង្សទាយៈ ត្រេកអរ​ចំពោះវត្ថុ​ដែលតំាង​នៅក្នុង​បាត្រ ដោយ​ការស្វែង​រក មានព្យាយាម​ខ្ជាប់ខ្ជួន មានចិត្តស្លុង មានការខ្មីឃ្មាត​មាំ អស់​កាល​ជានិច្ច លះបង់​នូវតម្រេក​ក្នុងផ្លូវលោក ហើយ​ត្រេកអរ​ដោយតម្រេកក្នុង​ផ្លូវធម៌។ — កម្ពិលត្ថេរ។

[១៤០] ខ្ញុំកាលប្រកបនូវគ្រឿងប្រដាប់ (កាយ) ជាបុគ្គល​អណ្តែតអណ្តូង ឃ្លេងឃ្លោង ត្រូវ​កាមរាគ​បៀតបៀន ព្រោះ​មិនមាន​យោនិសោមនសិការៈ។ (ឥឡូវនេះ) ខ្ញុំដកចិត្ត​ក្នុងភព​បាន​ហើយ ព្រោះប្រតិបត្តិ​ដោយ​យោនិសោមនសិការៈ តាម​ព្រះពុទ្ធ ជា​អាទិច្ចពន្ធុ ព្រះអង្គ​មាន​កុសលោបាយ (ឧបាយល្អ)។ — នន្ទត្ថេរ។

[១៤១] បើពួកបរេជន (មនុស្សផ្តេសផ្តាស) សរសើរនូវបុគ្គល​ដែលមិន​តំកល់​ខ្លួនខ្ជាប់​ខ្ជួន ពួកបរេជន សរសើរ​នូវបុគ្គល​ដែលមិន​តំកល់ខ្លួន​ខ្ជាប់ខ្ជួន​នោះឯង ជាការណ៍​ឥតអំពើ។ បើពួក​បរេជន​តិះដៀល​នូវបុគ្គល​ដែលតំកល់​ខ្លួនខ្ជាប់ខ្ជួន​ល្អ ពួក​បរេជន​តិះដៀល​នូវបុគ្គល​ដែល​តំកល់​ខ្លួនខ្ជាប់ខ្ជួន​ល្អនោះ​ឯង ជាការណ៍​ឥតអំពើ។ — សិរិមន្តុត្ថេរ។

ឧទ្ទាន

និយាយអំពី​មហាចុន្ទត្ថេរ ១ ជោតិទាសត្ថេរ ១ ហេរញ្ញកានិត្ថេរ ១ សោមមិត្តត្ថេរ ១ សព្វមិត្តត្ថេរ ១ មហាកាឡត្ថេរ ១ តិស្សត្ថេរ ១ កិម្ពិលត្ថេរ ១ នន្ទត្ថេរ ១ សិរិមត្ថេរ ១ រួមជា​ថេរៈ ១០ អង្គ មានឫទ្ធិច្រើន។

ចប់ ទុតិយវគ្គ។

ថេរគាថា ទុកនិបាត តតិយវគ្គ[កែប្រែ]

[១៤២] ខន្ធទាំងឡាយ ខ្ញុំកំណត់ដឹងហើយ តណ្ហា ខ្ញុំដកចេញ​ស្រឡះ​ហើយ ពោជ្ឈង្គ ខ្ញុំ​បាន​ចំរើន​ហើយ ការក្ស័យ​ទៅនៃ​អាសវៈ ខ្ញុំក៏បាន​ដល់ហើយ។ ខ្ញុំនោះ លុះកំណត់​ដឹងខន្ធ​ហើយ លុះដកចេញ​នូវបណ្ដាញ គឺតណ្ហា​ហើយ លុះចំរើន​ពោជ្ឈង្គ​ហើយ ក៏ទៅជា​អ្នកមិន​មាន​អាសវៈ នឹង​បរិនិព្វាន។ — ឧត្ដរត្ថេរ។

[១៤៣] ប្រាសាទមាស ខាងទទឹង មានសន្ទុះ​នៃសរ ១៦ [សន្ទុះសរ ១៦នោះ បើគិត​ជាយោជន៍ ត្រូវកន្លះយោជន៍។] ខាងកំពស់ មានសន្ទុះ​នៃសរ ១ ពាន់ [សន្ទុះសរ ១ពាន់ បើគិត​ជាយោជន៍ បាន ៥យោជន៍។ អដ្ឋកថា។] របស់​ព្រះរាជា​អង្គណា ព្រះរាជា​អង្គនោះ ទ្រង់​ព្រះនាម​ថា បនាទៈ។ ប្រាសាទនោះ មានសន្ទុះ​នៃ​សរ ១ពាន់ មានជាន់​ជាច្រើន មានទង់​ជ័យជាច្រើន សំរេច​ដោយ​កែវមណី​ខៀវ អ្នករបាំ ក៏បាន​រាំលើប្រាសាទ​នោះ អ្នក​របាំ ៦.០០០ នាក់ (តែងរាំ) ក្នុងជាន់​ទី៧។ — ភទ្ទជីត្ថេរ។

[១៤៤] ខ្ញុំជាភិក្ខុមានស្មារតី មានបញ្ញា មានកម្លាំង​ព្យាយាម​ម៉ឺងម៉ាត់ បានរលឹក​ឃើញ​អស់ ៥០០កប្ប ដូចមួយ​រាត្រី។ ខ្ញុំកាល​ចំរើន​សតិប្បដ្ឋាន៤ ពោជ្ឈង្គ៧ និងមគ្គ៨ បានរលឹក​ឃើញអស់ ៥០០កប្ប ដូចមួយរាត្រី។ — សោភិតត្ថេរ។

[១៤៥] អំពើណាដែលបុគ្គលគួរធ្វើ ដោយព្យាយាម​ដ៏មាំ អំពើណា​ដែលបុគ្គល​ប្រាថ្នា​ដើម្បី​ត្រាស់ដឹង​គប្បីធ្វើ ខ្ញុំនឹងធ្វើ​អំពើនោះៗ មិននឿយ​ណាយទេ អ្នកចូរ​មើលសេចក្ដី​ព្យាយាម សេចក្ដី​ប្រឹងប្រែងចុះ អ្នកចូរ​ប្រាប់ផ្លូវ ដែលជា​ផ្លូវឈម​ទៅកាន់​ព្រះនិព្វាន ឈ្មោះ​អមតៈ​ដល់ខ្ញុំ ខ្ញុំនឹង​ដឹងបាន​ដោយញាណ​ជាគ្រឿង​ដឹងដូច​ខ្សែទឹក​ទន្លេគង្គា (មិន​នឿយ​ណាយ) នឹងសាគរ។ — វល្លិយត្ថេរ។

[១៤៦] កាលកប្បកបុរស ចូលមក​និយាយថា ខ្ញុំនឹង​កោរសក់​របស់ខ្ញុំ (លំដាប់នោះ) ខ្ញុំ​ទាញយក​កញ្ចក់អំពី​ដៃកប្បកបុរស​នោះ ហើយឆ្លុះ​មើលសរីរៈ។ រាងកាយ​ប្រាកដ​ជារបស់​ទទេ ងងឹតក្នុង​ទីងងឹត គឺអវិជ្ជា​ក៏ប្រាស​ចេញហើយ កិលេស​ដូចជាកំណាត់​សំពត់​ទាំងអស់ ខ្ញុំ​បានផ្ដាច់​ចោលអស់​ហើយ ឥឡូវនេះ ភពថ្មី​មិនមានទេ។ — វីតសោកត្ថេរ។

[១៤៧] ខ្ញុំលះបង់នីវរណៈទាំង ៥ ដើម្បីដល់​ព្រះនិព្វាន​ដ៏ក្សេមចាក​យោគៈ កាន់យក​កញ្ចក់​គឺធម៌ ជា​ញាណទស្សនៈ​របស់ខ្លួន ឆ្លុះមើលរាង​កាយនេះ​ទាំងអស់ ទាំងខាង​ក្នុង ទាំង​ខាង​ក្រៅ កាយប្រាកដ​ជារបស់​ទទេ ទាំងខាង​ក្នុង ទាំងខាង​ក្រៅ។ — បុណ្ណមាសត្ថេរ។

[១៤៨] គោអាជានេយ្យដ៏ចំរើន ភ្លាត់ហើយ រមែងឈរ​ស៊ប់ឡើងវិញ ទោះបី​បាននូវ​សេចក្ដី​តក់ស្លុត ក៏ជាសត្វ​មានចិត្ត​មិនរួញរា រមែងនាំ​នូវធុរៈ​ទៅបាន យ៉ាងណាមិញ អ្នកទាំង​ឡាយ សូមជ្រាបនូវ​ខ្ញុំ ថាជា​អាជានេយ្យ បរិបូណ៌​ដោយ​ទស្សនៈ ជាសាវ័ក​របស់​ព្រះសម្មាសម្ពុទ្ធ​ជាបុត្ត ជាឱរស​របស់​ព្រះពុទ្ធ ក៏យ៉ាង​នោះដែរ។ — នន្ទកត្ថេរ។

[១៤៩] ម្នាលនន្ទកៈ អ្នកចូរមក យើងនឹងទៅ​កាន់សំណាក់​នៃព្រះឧបជ្ឈាយ៍ នឹងបន្លឺ​ឡើង​នូវសីហនាទ ក្នុងទីចំពោះ​ព្រះភក្រ្ដ​នៃព្រះពុទ្ធ​ដ៏ប្រសើរ។ ព្រះពុទ្ធ​ជាមុនី ទ្រង់បំបួស​យើង​ដោយសេចក្ដី​អនុគ្រោះ​យើង ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ យើងបាន​ដល់ហើយ ការអស់ទៅ​នៃសំយោជនៈ​ទាំងពួង (យើងក៏បាន​ដល់ហើយ)។ — ភារតត្ថេរ។

[១៥០] ពួកអ្នកប្រាជ្ញប្រកបដោយប្រាជ្ញា ជាអ្នកឈ្នះសង្គ្រាម គឺកិលេស​ឈ្នះមារ ព្រម​ទាំង​វាហនៈ​របស់មារ តែងបន្លឺឡើង​យ៉ាងនេះ ដូចជា​សីហៈ​បន្លឺ​លើកំពូល​ភ្នំ។

ព្រះសាស្ដា ខ្ញុំ​បានគោរពហើយ ព្រះធម៌ និងព្រះសង្ឃ ខ្ញុំបាន​បូជាហើយ មួយទៀត ខ្ញុំមានចិត្ត​ត្រេកអរ​រីករាយ ព្រោះឃើញ​កូនជាអ្នក​មិនមាន​អាសវៈ។ — ភារទ្វាជត្ថេរ។

[១៥១] ពួកសប្បុរស ខ្ញុំបានគប់រកហើយ ធម៌ ខ្ញុំក៏បានស្តាប់​ហើយ​រឿយ ៗ លុះខ្ញុំស្តាប់​ហើយ ក៏ដើរតាម​ផ្លូវធម៌ ដែលឈម​ទៅកាន់​ព្រះនិព្វាន​ឈ្មោះ​អមតៈ។ ខ្ញុំត្រូវភវរាគៈ​បៀតបៀន (ឥឡូវនេះ) ភវរាគៈ​មិនមាន​ដល់ខ្ញុំ​ទៀតទេ ភវរាគៈ (ក្នុង​អតីតកាល) មិនមាន​ហើយ​ដល់ខ្ញុំ (ក្នុង​អនាគត) ក៏នឹង​មិនមានទេ ក្នុង​បច្ចុប្បន្ន​នេះទៀត ក៏មិនមាន​ដល់ខ្ញុំដែរ។ — កណ្ហទិន្នត្ថេរ។

ឧទ្ទាន

និយាយអំពី​ឧត្តរត្ថេរ ១ ភទ្ទជិត្ថេរ ១ សោភិតត្ថេរ ១ វល្លិយត្ថេរ ជាឥសី ១ វីតសោកត្ថេរ ១ បុណ្ណមាសត្ថេរ ១ នន្ទកត្ថេរ ១ ភារតត្ថេរ ១ ភារទ្វាជត្ថេរ ១ កណ្ហទិន្នត្ថេរ ជា​មហាមុនី ១។

ចប់ តតិយវគ្គ។

ថេរគាថា ទុកនិបាត ចតុត្ថវគ្គ[កែប្រែ]

[១៥២] កាលដែលខ្ញុំបួសក្នុងសាសនានៃ​ព្រះសម្មាសម្ពុទ្ធ ក៏បានរួច​ស្រឡះ (ចាក​កិលេស) បានកន្លង​កាមធាតុ កាល​ព្រះពុទ្ធ​ជាបុគ្គល​ប្រសើរ កំពុង​ពិនិត្យ​ពិចារណា ចិត្តរបស់ខ្ញុំ ក៏បាន​រួចផុត​ចាកកិលេស វិមុត្តិ​របស់ខ្ញុំ លែងកំរើក ព្រោះអស់ទៅ​នៃ​សំយោជនៈ​ទាំងពួង។ — មិគសិរត្ថេរ [បានជា​ឈ្មោះថា មិគសិរត្ថេរ ព្រោះលោក​កើតក្នុង​ខែមិគសិរ។ អដ្ឋកថា។]។

[១៥៣] ផ្ទះ គឺអត្តភាព​ទាំងឡាយ (ដែល​កើត) រឿយៗ ក្នុងភពនោះ ៗ ជា​របស់​មិន​ទៀង​ឥឡូវនេះ អាត្មាអញ កំពុងតែ​ខំស្វែងរកជាង គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ការកើត​រឿយ ៗ ជា​ហេតុនាំមក​នូវសេចក្ដី​ទុក្ខ។ នែជាងផ្ទះ អ្នក គឺយើងបាន​ឃើញច្បាស់​ហើយ អ្នកនឹងធ្វើផ្ទះ​ទៀត​មិនបាន​ឡើយ ឆ្អឹងជំនីរ គឺកិលេស​ទាំងអស់​របស់អ្នក យើងបាន​បំបាក់អស់ហើយ ទាំង​ហោជាង គឺ​អវិជ្ជា​ទៀតសោត យើងបាន​រុះរើ​ចោលអស់​ហើយ ចិត្តដែល​យើងធ្វើ​ឲ្យរីងស្ងួត ក៏នឹង​រលត់ក្នុង​ភពនេះ​ឯង។ — សិវកត្ថេរ។

[១៥៤] ព្រះមុនី ជាព្រះអរហន្ត មានព្រះដំណើរល្អ ក្នុងលោក ទ្រង់អាពាធ​ព្រោះខ្យល់ ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​អ្នកមាន​ទឹកក្ដៅ ចូរអ្នកថ្វាយ​ដល់ព្រះមុនី។

(ព្រោះថា) ព្រះពុទ្ធ ត្រូវពួកបូជនេយ្យបុគ្គល​បូជាហើយ ត្រូវពួក​សក្ករេយ្យបុគ្គល (បុគ្គល​ដែលគេ​គប្បីធ្វើ​សក្ការៈ) ធ្វើសក្ការៈ​ហើយ ត្រូវពួក​អបចិនេយ្យ​បុគ្គល (បុគ្គល​ដែលគេ​គប្បី​កោតក្រែង) កោតក្រែង​ហើយ អាត្មាប្រាថ្នានឹងនាំ​ទឹកក្ដៅ​ទៅ​ថ្វាយ​ព្រះអង្គ។ — ឧបវាណត្ថេរ។

[១៥៥] ពួកឧបាសក អ្នកទ្រទ្រង់ព្រះបរិយត្តិធម៌​ដែលខ្ញុំ​ជួបហើយ បាន​និយាយថា កាម​ទាំងឡាយ ជារបស់​មិនទៀង តែពួក​ឧបាសក​នោះ នៅត្រេកអរ​ក្រៃពេក ក្នុង​កែវមណី និង​កណ្ឌល​ទាំងឡាយ​ផង ជាអ្នកអាឡោះ​អាល័យ​ក្នុងកូន និង​ប្រពន្ធផង។ ពួក​ឧបាសក​ទាំង​​នោះ មិនទាន់​ដឹងធម៌​ពិតទេ គ្រាន់តែ​ចេះនិយាយ​ថា កាមទាំងឡាយ​ជារបស់​មិនទៀង ឧបាសក​ទាំងនោះ មិនទាន់​មានកម្លាំង​ញាណ​ដើម្បីកាត់​ផ្ដាច់នូវរាគៈ​ទេ ព្រោះហេតុ​នោះ បានជា​នៅ​ជាប់​ស្អិតចំពោះ​កូន ប្រពន្ធ និងទ្រព្យ​សម្បត្តិ។ — ឥសិទិន្នត្ថេរ។

[១៥៦] ភ្លៀងបង្អុរចុះផង មេឃគ្រហឹម​លាន់គ្អឹល ៗ ផង (ក្នុង​ពេលនោះ) អាត្មាអញ​នៅ​តែម្នាក់​ឯង​ក្នុងរូងភ្នំ​ដែលគួរ​ខ្លាច កាលដែល​អាត្មាអញ​នោះ នៅក្នុង​រូងភ្នំដែល​គួរខ្លាច​តែ​ម្នាក់ឯង ភ័យក្ដី សេចក្ដី​តក់ស្លុតក្ដី សេចក្ដី​ព្រឺរោមក្ដី មិនមាន​ទេ។ កាលអាត្មា​អញនៅ​ម្នាក់ឯង​ក្នុងរូងភ្នំ​ដែលគួរ​ខ្លាច ភ័យក្ដី សេចក្ដី​តក់ស្លុតក្ដី សេចក្ដី​ព្រឺរោមក្ដី មិនមាន​ឡើយ នេះជា​ធម្មតា​របស់​អាត្មាអញ។ — សម្ពុលកច្ចានត្ថេរ។

[១៥៧] ចិត្តរបស់ភិក្ខុណាមួយ មានឧបមា​ដោយដុំថ្ម តាំនៅស៊ប់ រមែង​មិនញាប់ញ័រ (ដោយ​លោកធម៌) ចិត្តដែល​ប្រាសចាក​សេចក្ដី​ត្រេកអរ​ក្នុងវត្ថុ​ទាំងឡាយ ដែលគួរ​ត្រេកអរ រមែង​មិនប្រទូស្ដ​ក្នុងវត្ថុ​ដែលគួរ​ប្រទូស្ដ។ បុគ្គលណា អប់រំចិត្តបាន​យ៉ាងនេះ បុគ្គល​នោះ នឹង​ដល់នូវ​សេចក្ដីទុក្ខ​អំពីណា​បាន។ ចិត្តរបស់​អាត្មាអញ មានឧបមា​ដោយភ្នំថ្ម តាំងនៅស៊ប់ រមែង​មិនញាប់ញ័រ ចិត្តអាត្មាអញ ប្រាសចាក​សេចក្ដី​ត្រេកអរ​ក្នុងវត្ថុ​ទាំងឡាយ ដែល​គួរ​ត្រេកអរ រមែង​មិនប្រទូស្ដ​ក្នុងវត្ថុ​ដែលគួរ​ប្រទូស្ដ។ អាត្មាអញ អប់រំចិត្ត​បានយ៉ាងនេះ អាត្មាអញ​នឹងដល់​នូវសេចក្ដី​ទុក្ខអំពី​ណាបាន។ — ខិតកត្ថេរ។

[១៥៨] រាត្រី ជារបៀបនៃ​នក្ខត្តឫក្ស (មាន​ដរាបណា) វិញ្ញូជន​មិនគួរ​ដេកលក់​ដរាប​នោះទេ រាត្រីនុ៎ះ វិញ្ញូជន​គួរប្រាថ្នាដើម្បី​ប្រតិបត្តិ។ ប្រសិនបើ​ដំរីជាន់អញ ដែលធ្លាក់​ចុះចាក​កនៃ​ដំរី សេចក្ដី​ស្លាប់របស់​អញ ក្នុងសង្គ្រាម (យ៉ាងនេះ) ប្រសើរ​ជាង អាត្មាអញ​ដែលចាញ់​ហើយ​រស់នៅ ​មិនប្រសើរ​សោះឡើយ។ — សោណបោដិរិយបុត្តត្ថេរ។

[១៥៩] វិញ្ញូជន គប្បីលះបង់កាមគុណទាំង ៥ ដែលមាន​សភាព​គួរស្រឡាញ់ គួររីក​រាយ​នៃចិត្ត ហើយចេញ​អំពីផ្ទះ (ទៅបួស) ដោយសទ្ធា ហើយធ្វើនូវ​ទីបំផុត​នៃទុក្ខ។ ខ្ញុំមិន​ត្រេកអរ​នឹងសេចក្តី​ស្លាប់ ខ្ញុំមិន​ត្រេកអរ​នឹងការ​រស់នៅ​ទេ ខ្ញុំ (គ្រាន់តែ) ជាអ្នក​ដឹងខ្លួន មាន​ស្មារតី រង់ចាំ​តែកាល (បរិនិព្វាន) ប៉ុណ្ណោះ។ — និសភត្ថេរ។

[១៦០] ខ្ញុំធ្វើចីវរ មានពណ៌ដូចជាពណ៌​នៃត្រួយស្វាយ​លើស្មាហើយ ជិះលើ ក នៃដំរី ចូល​ទៅកាន់​ស្រុកដើម្បី​បិណ្ឌបាត។ ខ្ញុំចុះ​ពីកដំរី ក៏បាននូវ​សេចក្ដីសង្វេគ​ក្នុងកាល​ណោះ តែខ្ញុំនោះ ជា​មនុស្ស​កំពុងស្រវឹង (ដោយជាតិ​ជាដើម) ហើយខ្ញុំ​បានដល់នូវ​ធម៌ជាគ្រឿង​អស់ទៅ​នៃអាសវៈ ក្នុងកាល​ណោះដែរ។ — ឧសភត្ថេរ។

[១៦១] កប្បដកុរៈ (មានសេចក្ដី​ត្រិះរិះខុស​កើតឡើង​យ៉ាងនេះ) ថា នេះជា​កន្ទប​របស់​អាត្មាអញ កាលបើក្អម​សម្រាប់ដាក់​ទឹកអម្រឹត (របស់​តថាគត) ពេញហើយ​ក្រៃពេក (តថាគត​សំដែង​ធម៌ដើម្បី​ឲ្យបាន​នូវទឹក​អម្រឹត) កប្បដកុរ​ភិក្ខុ ក៏ដល់នូវ​ការឃ្វាង​អំពីធម៌ (របស់​តថាគត) នេះជាសាសនា​របស់​តថាគត ជាផ្លូវ​ភាវនា​ផ្សេង ៗ ប្រព្រឹត្ដទៅ​ដើម្បីចំរើន​នូវឈាន​ទាំងឡាយ។ ម្នាល​កប្បដកុរៈ អ្នកកុំ​ងោកងក់ តថាគត​មិនបាន​វាយត្រូវ​អ្នក​ក្នុងទី​ជិតត្រចៀក​ទេ ម្នាល​កប្បដកុរៈ ព្រោះថា អ្នកមិនស្គាល់​ប្រមាណ បានជា​អ្នកចេះតែ​ងោកងក់​ក្នុងកណ្ដាល​សង្ឃ។ — កប្បដកុរត្ថេរ។

ឧទ្ទាន

និយាយអំពី​មិគសិរត្ថេរ ១ សិវកត្ថេរ ១ ឧបវាណបណ្ឌិតត្ថេរ ១ ឥសិទិន្នត្ថេរ ១ សម្ពុលកច្ចានត្ថេរ ១ ខិតកត្ថេរមានវសីធំ ១ សោណបោដិរិយបុត្តត្ថេរ ១ និសភត្ថេរ ១ ឧសភត្ថេរ ១ កប្បដកុរត្ថេរ ១។

ចប់ វគ្គ ទី៤។

ថេរគាថា ទុកនិបាត បញ្ចមវគ្គ[កែប្រែ]

[១៦២] ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទា​របស់ព្រះសាស្ដា​នៃយើង​ទាំងឡាយ ដែល​សាវ័ក​នឹងធ្វើឲ្យ​ជាក់ច្បាស់​នូវធម៌​ប្រាកដ​ដូច្នោះ។ សក្កាយ គឺបញ្ចុបាទានក្ខន្ធ អាត្មាអញ​បាន​ហើយ​ក្នុងកប្ប​ទាំងឡាយ​រាប់មិនបាន រាងកាយ​នេះ ជាទីបំផុត​របស់​បញ្ចុបាទានក្ខន្ធ​ទាំងនោះ រាងកាយនេះ ជាខាង​ក្រោយ​របស់​បញ្ចុបាទានក្ខន្ធ​ទាំងនោះ សង្សារ​ប្រកប​ដោយ​ជាតិ និង​មរណៈ ឥឡូវនេះ ភពថ្មី​មិនមានទេ។ — កុមារកស្សបត្ថេរ។

[១៦៣] ភិក្ខុណានៅក្មេង ប្រកបព្យាយាម​ក្នុង​ព្រះពុទ្ធសាសនា នាកាល​ពួកសត្វ​កំពុង​ដេកលក់ ភិក្ខុនោះ ជាអ្នក​ភ្ញាក់រលឹក ជីវិតរបស់​ភិក្ខុនោះ​មិនសោះ​សូន្យទេ។ ហេតុនោះ អ្នក​មាន​ប្រាជ្ញា កាលរលឹក​ឃើញនូវ​សាសនានៃ​ព្រះពុទ្ធទាំងឡាយ​ហើយ គួរប្រកប​រឿយៗ នូវ​សទ្ធា សីល សេចក្ដី​ជ្រះថ្លា និងការ​ឃើញធម៌។ — ធម្មបាលត្ថេរ។

[១៦៤] ភិក្ខុណាមួយបានលះបង់មានះ ជាអ្នកមិន​មានអាសវៈ មាន​ឥន្ទ្រិយ​ដល់នូវ​សេចក្ដី​ស្ងប់រម្ងាប់ ដូចសេះ​ដែល​សារថីបង្ហាត់​ល្អហើយ ទុកជា​ពួកទេវតា ក៏ស្រឡាញ់​ភិក្ខុ​អ្នកមិន​ញាប់ញ័រ​នោះ។ អាត្មាអញ​បានលះបង់​មានះ មិនមាន​អាសវៈ មាន​ឥន្ទ្រិយ​ដល់នូវ​សេចក្ដីស្ងប់​រម្ងាប់ ដូចសេះដែល​នាយសារថីបង្ហាត់​ល្អហើយ ទុកជាទេវតាទាំងឡាយ ក៏​ស្រឡាញ់អាត្មាអញ​អ្នកមិន​ញាប់ញ័រដែរ។ — ព្រហ្មាលិត្ថេរ។

[១៦៥] (ព្រះសាស្ដាទ្រង់សួរថា) ម្នាលមោឃរាជ ជាអ្នកមាន​សម្បុរអាក្រក់ តែមាន​ចិត្តល្អ អ្នក​ជាភិក្ខុមាន​ចិត្តដំកល់​មាំរឿយ ៗ អស់រាត្រី​ទាំងឡាយ ក្នុងកាល​ត្រជាក់ ប្រកប​ដោយ​ហេមន្ដរដូវ តើអ្នកនឹងធ្វើដោយ​បការដូចម្ដេច។

(មោឃរាជត្ថេរ ក្រាបទូលថា) ខ្ញុំព្រះអង្គ​បានឮ​ដូច្នេះថា ដែន​មគធៈ​ទាំងមូល ជាដែន​មានសន្ទូង​បរិបូណ៌ ពួកភិក្ខុ​ដទៃ មានការ​រស់នៅ​ជាសុខ (ដោយ​កម្រាល និង​គ្រឿង​ស្លៀក​ដណ្ដប់​ដ៏ល្អ) យ៉ាងណា ខ្ញុំព្រះអង្គ (ក្រាល) បិទបាំង​ស្លឹកឈើ សម្រេច​នូវការដេក (យ៉ាង​នោះដែរ)។ — មោឃរាជត្ថេរ។

[១៦៦] បុគ្គលមិនគប្បីលើកដំកើងខ្លួន មិនគប្បី​បង្អាប់គេ មិនគប្បី​ថ្កោលទោស​នៃពួក​បុគ្គល​ដទៃ មិនគប្បី​បៀតបៀន​បុគ្គល​អ្នកដល់​នូវត្រើយ គឺ​ព្រះនិព្វាន មិនគប្បី​អួតគុណ​របស់ខ្លួន​ក្នុងកណ្ដាល​ពួកបរិសទ្យ គប្បីជាអ្នក​ប្រាសចាក​ឧទ្ធច្ចៈ ជាអ្នកពោល​ពាក្យល្មម​កំណត់ ជា​អ្នកមាន​វត្តល្អចុះ។ ព្រោះថា បុគ្គល​មានប្រាជ្ញា​វាងវៃ បានឃើញ​អត្ថដ៏សុខុម​ក្រៃលែង បាន​ប្រព្រឹត្ត​បន្ទាបបន្ទន់​ខ្លួន សេពនូវ​សីលដ៏ចំរើន មិនមែន​បានព្រះនិព្វាន​ដោយក្រ​ឡើយ។ — វិសាខបញ្ចាលីបុត្តត្ថេរ។

[១៦៧] ពួកក្ងោកជាសត្វមានកំប៉ោយល្អ មានសំណុំ​កន្ទុយល្អ មាន​កខៀវល្អ មានមុខល្អ មានសម្រែក​ពីរោះ តែងបន្លឺ​ឡើងផង ទេសភាព​ធំនេះ មានស្មៅ​ខៀវល្អ មានទឹក​ជ្រួតជ្រាប​ល្អផង អាកាស​មានពពក​ល្អផង។ អ្នកជាបុគ្គល​មានសភាព​គួរសម​ដោយប្រពៃ (ចូរ​ចំរើន) នូវឈាន​របស់ព្រះយោគាវចរ​អ្នកមាន​ចិត្តល្អ ចូរមាន​ព្យាយាម​ល្អ ក្នុង​ព្រះពុទ្ធ​សាសនា​ដោយប្រពៃ ចូរបាននូវ​ព្រះនិព្វាន ជាបទ​ដ៏ទៀង​ឧត្ដម ជាធម៌​មានពណ៌ស​ល្អ​ក្រៃពេក ជាធម៌ល្អិត ជាធម៌​ដែលគេ​កម្រឃើញ​ដោយងាយ។ — ចូឡកត្ថេរ។

[១៦៨] ចិត្តមកកាន់សេចក្ដីត្រេកត្រអាល ដែលកម្មក្កិលេស​លើកឡើង​ហើយ កាន់​ដែកស្រួច គឺភព ដែកស្រួច​គឺភព និង​កំណាត់ឈើ គឺកាមគុណ មាននៅ​ក្នុងទីណា អ្នកតែង​ទៅ​ក្នុង​ទីនោះ ៗ។ នែ​ចិត្តចង្រៃ អញប្រាប់ឯង នែចិត្ត​កំណាច អញ​ប្រាប់ឯង ព្រះសាស្ដា​ដែលគេ​បាន​ដោយ​ក្រ (ឥឡូវនេះ) អ្នកបាន​ហើយ អ្នកកុំដឹក​នាំអញ​ទៅក្នុងអំពើ​ឥត​ប្រយោជន៍​​ឡើយ។ — អនូបមត្ថេរ។

[១៦៩] អាត្មាអញ កាលនៅជាបុថុជ្ជន មានងងឹត គឺអវិជ្ជាកើតហើយ មិនបានឃើញ​អរិយសច្ច​ទាំងឡាយ ក៏អន្ទោល​ទៅអស់កាល​ជាអង្វែង តែងវិល​ទៅក្នុងគតិ​ទាំងឡាយ។ អាត្មាអញ​នោះ ជាអ្នក​មិនប្រមាទ បានធ្វើសង្សារ​ទាំងឡាយ ឲ្យវិនាស​ហើយ បានកាត់​ផ្ដាច់​គតិទាំងពួង​អស់ហើយ ឥឡូវនេះ ភពថ្មីមិន​មានឡើយ។ — វជ្ជិតត្ថេរ។

[១៧០] ខ្ញុំជាបុគ្គលមានសតិដំកល់ខ្ជាប់ ក៏បាននូវ​សញ្ញាមួយ ដែល​ប្រព្រឹត្តទៅ​ក្នុងពុទ្ធ​គុណ ជិតដើម​អស្សត្ថព្រឹក្ស [បានជា​ហៅថា ដើមអស្សត្ថ ព្រោះជាកន្លែង​ធ្វើនូវការ​ដកដង្ហើម​ស្រួល​របស់​ពួកសត្វឲ្យកើត។ អដ្ឋកថា។] ជាឈើមាន​ពន្លឺខៀវ លូតលាស់​ត្រសាយ​ត្រសុំល្អ។ ក្នុងកប្ប ៣១ អំពីភទ្រកប្ប​នេះទៅ កាលនោះ ខ្ញុំបាននូវ​សញ្ញាណា ខ្ញុំបានដល់​នូវការអស់​ទៅនៃ​អាសវៈ ព្រោះនាំមក​នូវសញ្ញា​នោះ។ — សន្ធិតត្ថេរ។

ឧទ្ទាន

និយាយអំពី​កុមារកស្សបត្ថេរ ១ ធម្មបាលត្ថេរ ១ ព្រហ្មាលិត្ថេរ ១ មោឃរាជត្ថេរ ១ វិសាខត្ថេរ ១ ចូឡកត្ថេរ ១ អនូបមត្ថេរ ១ វជ្ជិតត្ថេរ ១ សន្ធិតត្ថេរ កំចាត់បង់​នូវធូលី គឺ​កិលេស ១។

ចប់ វគ្គទី៥។

គាថាក្នុងទុកនិបាត មាន៩៨ ព្រះថេរៈ ៤៩អង្គ អ្នកឈ្លាស​ក្នុងន័យ បាន​ពោល​ហើយ។

ចប់ ទុកនិបាត។

ថេរគាថា តិកនិបាត[កែប្រែ]

[១៧១] កាលខ្ញុំស្វែងរកសេចក្ដីបរិសុទ្ធិ ដោយខុស​ទំនង បានបំរើភ្លើង​ក្នុងព្រៃ មិនទាន់​ដឹងនូវផ្លូវ​នៃសេចក្ដី​បរិសុទ្ធិ ហើយក៏ធ្វើ​នូវតបៈ​ដទៃ (ដែលញ៉ាំង​ខ្លួនឲ្យលំបាក)។ និព្វានសុខ​នោះ អាត្មាអញ​បានដោយ​ស្រួលហើយ អ្នកចូរមើល​នូវភាពនៃ​ធម៌ដ៏​ល្អចុះ វិជ្ជា ៣ អាត្មាអញ​បានដល់ហើយ​ដោយលំដាប់ សាសនា​របស់​ព្រះពុទ្ធ អាត្មាអញ​បានធ្វើ​ហើយ។ ពីដើម អាត្មាអញ ជាផៅពង្ស​នៃព្រហ្ម (ជាព្រាហ្មណ៍ ដោយសម្មតិ) ឥឡូវនេះ អាត្មា​ជាព្រាហ្មណ៍​មែន ព្រោះ​អាត្មាអញ ជាអ្នកបាន​វិជ្ជា ៣ ផង មានមន្ទិល គឺកិលេស​បានលាង​ហើយផង​ជាអ្នកមាន​សួស្ដីផង ដល់នូវ​វេទផង។ — អង្គណិកភារទ្វាជត្ថេរ។

[១៧២] ខ្ញុំបួសបាន ៥ ថ្ងៃ នៅជាសេក្ខបុគ្គល មិនទាន់​សម្រេច​ព្រះអរហត្ត​នៅឡើយ កាលខ្ញុំចូល​ទៅក្នុងកុដិ មានចិត្ត​តាំងមាំ​ថា អាត្មាអញ​នឹង​មិនបរិភោគ នឹងមិនផឹក មិនចេញ​អំពីកុដិ កាលបើសរ គឺតណ្ហា អាត្មាអញ​មិនទាន់ដក​ចេញទេ អាត្មាអញ នឹងមិនប្រែ​បង្អៀង​ឡើយ។ អ្នកចូរមើល​សេចក្ដី​ព្យាយាម​ប្រឹងប្រែង​របស់ខ្ញុំនោះ កាលនៅ​យ៉ាងនេះចុះ វិជ្ជា​៣ អាត្មាអញ បានដល់ដោយ​លំដាប់ហើយ ទាំងសាសនា​របស់​ព្រះពុទ្ធ អាត្មាអញ​ក៏បាន​ធ្វើហើយ។ — បច្ចយត្ថេរ។

[១៧៣] បុគ្គលណា (មិនធ្វើ) នូវអំពើដែល​គួរធ្វើក្នុង​កាលមុន ហើយចង់​ធ្វើក្នុងកាល​ក្រោយ​វិញ បុគ្គលនោះ រមែងឃ្លាត​ចាកឋានៈ​ជាសុខផង តែងក្ដៅ​ក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយផង។ បុគ្គល​ធ្វើអំពើណា ត្រូវនិយាយ​តែអំពើនោះ មិនធ្វើ​អំពើណា មិនត្រូវ​និយាយ​អំពើនោះ​ឡើយ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងច្បាស់​នូវបុគ្គល​កាលមិនធ្វើ បាន​តែនិយាយ។ សេចក្ដីទុក្ខ​រលត់ទៅក្នុង​ព្រះនិព្វាន​ណា ព្រះនិព្វាននោះ ដែល​ព្រះសម្មាសម្ពុទ្ធ​​ទ្រង់សំដែង​ហើយ ជាគុណជាត​មិនមាន​សេចក្ដីសោក ប្រាសចាក​ធូលី ជាទី​ក្សេមក្សាន្ដ នាំ​មកនូវ​សេចក្ដីសុខ ដោយប្រពៃ​មែនពិត។ — ពាកុលត្ថេរ។

[១៧៤] បើបុគ្គលស្រឡាញ់ក្នុងភាព​ជាសមណៈ ប្រាថ្នាដើម្បី​រស់នៅស្រួល មិនគប្បី​មើល​ងាយចីវរ ទឹក និងភោជន​ជារបស់​សង្ឃទេ។ បើបុគ្គល​ស្រឡាញ់ក្នុង​ភាពជាសមណៈ ប្រាថ្នាដើម្បី​រស់នៅស្រួល គប្បីសេព​ទីដេក និងទីអង្គុយ ដូចជា​ពស់សេព​នូវរន្ធ​របស់កណ្ដុរ។ បើបុគ្គល​ស្រឡាញ់​ក្នុងភាព​ជាសមណៈ ប្រាថ្នា​ដើម្បីរស់​នៅស្រួល គប្បី​ត្រេកអរ​ដោយបច្ច័យ​តាម​មានតាមបាន​ផង គប្បី​ចំរើន​ធម៌ឯក​ផង។ — ធនិយត្ថេរ។

[១៧៥] ខណៈរមែងប្រព្រឹត្តកន្លងនូវមាណព​ទាំងឡាយ ដែលមាន​ការងារ​លះចោល (ដោយ​គិតអាង​ថា) ត្រជាក់ពេក ក្ដៅពេក ល្ងាចពេក។ បុគ្គលណាមួយ​កាលធ្វើ​នូវកិច្ច​របស់​បុរស មិនអើពើ​ចំពោះ​ត្រជាក់ និងក្ដៅ​ឲ្យក្រៃលែង​ជាងស្មៅ បុគ្គលនោះ រមែង​មិនសាប​សូន្យចាក​សេចក្ដីសុខ​ឡើយ។ អាត្មាអញ កាលចំរើន​នូវវិវេក នឹង​កំចាត់​បង់បាន​នូវស្មៅ​ចិញ្ចៀន ស្បូវ គុម្ពឈើ​មានបន្លា ស្បូវរណ្ដាស ស្មៅដំណេកទន្សាយ និងស្មៅ​យាប្ល៉ង (កិលេស​គ្រោតគ្រាត កណ្ដាល ល្អិត) ដោយទ្រូង (សេចក្ដី​ព្យាយាម)។ — មាតង្គបុត្តត្ថេរ។

[១៧៦] ពួកសមណៈណា ជាអ្នកមានសំដី​ដ៏វិចិត្រ ជា​ពហុស្សូត នៅក្នុង​ក្រុង​បាតលិបុត្ត​​ជាប្រក្រតី បណ្ដាពួក​សមណៈ​ទាំងនោះ ខុជ្ជសោភិតត្ថេរ​មានអាយុ​នេះ ជា​សមណៈ​មួយរូប​ដែរ ឈរជិតទ្វារ។

ពួកសមណៈណា ជាអ្នកមានសំដី​ដ៏វិចិត្រ ជាពហុស្សូត នៅក្នុង​ក្រុងបាតលិបុត្ត​ជា​ប្រក្រតី បណ្ដា​សមណៈ​ទាំងនោះ ខុជ្ជសោភិតត្ថេរ​មានអាយុ​នេះ ជាសមណៈ​មួយរូប​ដែរ ជាអ្នក​មកដោយ​ខ្យល់ គឺមក​ដោយកម្លាំង​នៃឫទ្ធិ ហើយឈរ​ជិតទ្វារ។

ខុជ្ជសោភិតត្ថេរនេះ បានដល់នូវ​សេចក្ដីសុខ ដោយការច្បាំង (នឹងពួក​កិលេស) ផង ដោយបូជា​ល្អផង ដោយការ​ឈ្នះសង្គ្រាម​ផង ដោយការ​សន្សំនូវ​ព្រហ្មចរិយធម៌​ផង។ — ខុជ្ជសោភិតត្ថេរ។

[១៧៧] បណ្ដាពួកមនុស្សក្នុងលោកនេះ ជនណាមួយ​បៀតបៀន​សត្វដទៃ ជននោះ រមែង​សាបសូន្យ ចាកប្រយោជន៍ និង​សេចក្ដីសុខ​ក្នុងលោក​ទាំងពីរ គឺលោកនេះ និង​លោក​ខាងមុខ។ លុះតែ​ជនណា អនុគ្រោះដល់​សត្វទាំងពួង ដោយចិត្ត​ប្រកប​ដោយមេត្តា ជន​ប្រាកដ​​ដូច្នោះ​នោះ ទើប​ទទួលបុណ្យ​ដ៏ច្រើន។ បុគ្គលគប្បី​សិក្សាសុភាសិត​ផង នូវការចូល​ទៅរកសមណៈ​ផង នូវការ​អង្គុយតែ​ម្នាក់ឯង​ក្នុងទីស្ងាត់ផង នូវការញ៉ាំង​ចិត្តឲ្យស្ងប់​រម្ងាប់​ផង។ — វារណត្ថេរ។

[១៧៨] បុគ្គលអ្នកមានសទ្ធា មានប្រាជ្ញា ឋិតនៅក្នុង​ធម៌ បរិបូណ៌​ដោយសីល សូម្បីតែ​ម្នាក់ឯង ក៏រមែង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ដល់ពួកញាតិ និង​ផៅពង្ស ដែលជា​អ្នក​មិនមាន​សទ្ធា។ ញាតិទាំងឡាយ ដែលខ្ញុំផ្ទញ់​ផ្ទាល់ រំឭក​ដាស់តឿន ដោយសេចក្ដី​អនុគ្រោះ ក៏បានធ្វើ​សក្ការៈ​ចំពោះពួកភិក្ខុ ដោយសេចក្ដី​ស្រឡាញ់ ថាជាញាតិ ជាផៅពង្ស។ ពួកញាតិ​ទាំងនោះ លុះធ្វើមរណកាល​កន្លងលោក​នេះទៅ​ហើយ ក៏បានដល់​នូវសេចក្តីសុខ​ក្នុង​ទេវលោក ទាំង​បងប្អូន និង​មាតារបស់ខ្ញុំ ក៏ជាអ្នកបរិបូណ៌​ដោយកាមគុណ រមែង​ត្រេកអរ​ដែរ។ — បស្សិកត្ថេរ។

[១៧៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) នរៈ គឺយសោជត្ថេរ​នេះ មាន​អវយវៈ​ប្រាកដ​ស្មើដោយ​ថ្នាំងនៃវល្លិ៍ មានខ្លួន​ស្គម​រវីមរវាម​ដោយសរសៃ ដឹងប្រមាណ​ក្នុងបាយ និងទឹក ជា​អ្នកមានចិត្ត​មិនរួញរា។

យសោជត្ថេរ​ពោលថា ភិក្ខុ (នៅ) ក្នុងព្រៃ​តូច ឬព្រៃធំ បើទុកជា​សត្វ​របោម និងមូសខាំ​ហើយ ក៏គប្បី​ជាអ្នកមាន​ស្មារតី អត់ទ្រាំ​ចំពោះ​អន្ដរាយ មាន​របោម​ជាដើម ក្នុងព្រៃនោះ ដូចដំរី​ដ៏ប្រសើរ អត់ទ្រាំ​ក្នុងទីជា​ប្រធាននៃ​សង្គ្រាម។ ភិក្ខុតែ​ម្នាក់ឯង (រមែងនៅ​ជាសុខ) ដូចគ្នា​នឹងព្រហ្ម ភិក្ខុនៅ​រួមគ្នា​ពីររូប (រមែង​មានសេចក្ដី​ខ្ទាំងខ្ទប់) ដូចគ្នា​នឹងទេវតា ភិក្ខុ (នៅរួមគ្នា) ៣ រូប ដូចគ្នា​នឹងជន​អ្នកស្រុក ភិក្ខុមានចំនួន​ច្រើនរូប​លើសពី​នោះទៅ ជាហេតុនាំ​ឲ្យជ្រួលជ្រើម (ដូចគ្នា​នឹងពួកមហា​ជន​ដែលប្រជុំគ្នា)។ — យសោជត្ថេរ។

[១៨០] សទ្ធារបស់អ្នក មានក្នុងកាលមុន ប៉ុន្ដែក្នុងថ្ងៃនេះ សទ្ធានោះ​បែរជាមិន​មានដល់​អ្នកវិញ បច្ច័យណា ដែលជារបស់​អ្នក បច្ច័យនោះ ចូរជា​របស់អ្នក​វិញចុះ ទុច្ចរិត មិនមាន​ដល់​អាត្មាទេ។ ព្រោះថា សទ្ធា (របស់បុថុជ្ជន) ជាធម្មជាតិ​ឃ្លេងឃ្លោង មិនទៀង សទ្ធា​យ៉ាងនេះ អាត្មាបានឃើញ​ជាក់ច្បាស់​ហើយ សត្វទាំងឡាយ ជួនកាល​ត្រេកអរ ជួនកាល​ប្រាសចាក​សេចក្ដី​ត្រេកអរ (ព្រោះ​ហេតុនោះ) អ្នកប្រាជ្ញ​នឹងឈ្នះ​ចំពោះការ​ត្រេកអរ និង​មិនត្រេកអរ​នោះ ដូចម្ដេច​កើត។ ភត្តដែល​គេចំអិន​បំរុងអ្នក​ប្រាជ្ញបន្ដិច ៗ រាល់ ៗ ត្រកូល អាត្មានឹង​ត្រាច់ទៅ ដើម្បី​ដុំបាយ (ព្រោះ) កម្លាំងស្មង​របស់អាត្មា មាននៅ​ឡើយ។ — សាដិមត្តិយត្ថេរ។

[១៨១] កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា ហើយបួសថ្មី ជានវភិក្ខុ គប្បីគប់រក​កល្យាណមិត្រ​ទាំងឡាយ ដែលជាអ្នក​មានការ​ចិញ្ចឹម​ជីវិត​ដោយបរិសុទ្ធិ អ្នកមិន​ខ្ជិលច្រអូស។ កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា បួសថ្មី ជានវភិក្ខុ អ្នកមាន​ប្រាជ្ញា កាលនៅ​ក្នុងពួក គប្បី​សិក្សានូវ​វិន័យ។ កុលបុត្ត ចេញ (ចាក​ឃរាវាស) ដោយ​សទ្ធា បួសថ្មី ជានវភិក្ខុ ជាអ្នក​ឈ្លាសក្នុង​ហេតុដែល​គួរ និងមិនគួរ​ទាំងឡាយ គប្បី​ប្រព្រឹត្ត កុំឲ្យ (ពួកកិលេស មានតណ្ហា​ជាដើម) ប្រព្រឹត្ត​ទៅក្នុងខាង​មុខបាន។ — ឧបាលិត្ថេរ។

[១៨២] ឱហ្ន៎ កាមគុណទាំង ៥ ញ៉ាំងអាត្មាអញ​ជាបណ្ឌិត​មាន​សមត្ថភាព​គិតនូវ​ប្រយោជន៍ ឲ្យធ្លាក់ចុះ​ក្នុងលោក ព្រោះតែ​សេចក្ដី​វង្វេង​ទេតើ។ អាត្មាអញ ចូលទៅក្នុង​វិស័យ​នៃកិលេសមារ ត្រូវសរ គឺរាគៈ​មុតជាប់​ហើយ តែអាច​ស្ទុះរួច​ចាកអន្ទាក់​នៃមច្ចុរាជ​បាន។ កាមទាំង​ពួង អាត្មាអញ​បានលះបង់​ហើយ ភពទាំងពួង អាត្មាអញ​បានទំលាយ​ចោលហើយ ជាតិ​សង្សារ​អស់ហើយ ឥឡូវនេះ ភពថ្មី​មិនមាន។ — ឧត្តរបាលត្ថេរ។

[១៨៣] នែពួកញាតិទាំងអស់ ដែលមកជួបជុំ​ក្នុងទីនេះ អ្នកទាំងឡាយ ចូរប្រុង​ស្ដាប់​ចុះ អាត្មាសូម​សំដែង​ធម៌ដល់អ្នក​ទាំងឡាយ​ថា ការកើតរឿយ ៗ ជាហេតុ​នាំមក​នូវទុក្ខ។ អ្នក​ទាំងឡាយ ចូរប្រារព្ធ​ព្យាយាម ចូរគេចចេញ (ចាក​សេចក្ដីខ្ជិល) ចូរប្រកប (នូវ​សិក្ខា មានអធិសីលសិក្ខា​ជាដើម) ក្នុង​ព្រះពុទ្ធសាសនា ចូរកំចាត់បង់​នូវ​សេនានៃមច្ចុ ឲ្យដូចជា​ដំរីកំចាត់​បង់នូវផ្ទះ ដែលធ្វើដោយ​ដើមបបុស​ដូច្នោះ​ចុះ។ បុគ្គលណា ជាអ្នកមិន​មានសេចក្ដី​ប្រមាទ​ក្នុង​ធម្មវិន័យនេះ បុគ្គលនោះ នឹងលះបង់​នូវជាតិសង្សារ ធ្វើនូវ​ទីបំផុត​នៃទុក្ខបាន។ — អភិភូតត្ថេរ។

[១៨៤] អាត្មាអញ កាលអន្ទោលទៅ (ក្នុងសង្សារ) បានទៅកាន់​នរក​ញយ ៗ ផង ទៅកាន់​ប្រេតវិស័យ​ញយ ៗ ផង បានកើត​ក្នុងកំណើត​តិរច្ឆាន​រងទុក្ខ​ជាញយ ៗ ផង ហើយ​អាត្មាអញ​នៅ (រងទុក្ខ) អស់កាល​យូរអនេក។ ម្យ៉ាងទៀត ភពជារបស់​មនុស្ស អាត្មាអញ ធ្លាប់បាន​ហើយ ចួនកាល អាត្មាអញ​បានទៅកើត​ក្នុងពួកនៃ​ទេវតាក្នុង​ឋានសួគ៌ ចួនកាល​អាត្មា​អញ​ឋិតនៅក្នុង​រូបភព ក្នុងអរូបភព ក្នុង​នេវសញ្ញីភព ក្នុង​អសញ្ញីភព (និង​នេវសញ្ញីនាសញ្ញី​ភព)។ ភពទាំងឡាយ ដែលប្រកប​ដោយបច្ច័យ អាត្មាបាន​ដឹងច្បាស់​ហើយ ថាជា​របស់ឥត​ខ្លឹម ជារបស់បច្ច័យ​តាក់តែងហើយ ជារបស់​ឃ្លេងឃ្លោង (ដោយ​អំណាច​ជរា ជាដើម) ជារបស់​ប្រព្រឹត្តទៅ ដោយការ​បែកធ្លាយ​សព្វ ៗ កាល អាត្មាអញ ដឹងច្បាស់​នូវសភាវៈ​នៃសង្ខតធម៌​នោះ ជាសភាវៈ​កកើតក្នុង​ខ្លួន ហើយជាអ្នក​មានស្មារតី បាននូវ​សេចក្ដី​ស្ងប់រម្ងាប់​មែនពិត។ — គោតមត្ថេរ។

[១៨៥] បុគ្គលណា មិនធ្វើនូវកិច្ច​ដែលគួរធ្វើ​ក្នុងកាលមុន ហើយចង់​ធ្វើក្នុងកាល​ក្រោយវិញ​បុគ្គលនោះ រមែងឃ្លាតចាក​ឋានៈជាសុខ​ផង ក្ដៅក្រហាយ​រឿយ ៗ ក្នុងកាលជា​ខាងក្រោយ​ផង។ បុគ្គល​ធ្វើអំពើណា ត្រូវនិយាយ​ចំពោះតែ​អំពើនោះ មិនធ្វើ​អំពើណា​មិន​ត្រូវនិយាយ​ចំពោះ​អំពើនោះទេ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងច្បាស់​នូវបុគ្គល​មិនធ្វើ​បាន​តែនិយាយ។ សេចក្ដី​ទុក្ខរលត់ទៅ​ក្នុង​ព្រះនិព្វាន​ណា ព្រះនិព្វាននោះ ដែល​ព្រះសម្មាសម្ពុទ្ធ​​ទ្រង់សំដែង​ហើយ ជាគុណជាត​មិនមាន​សេចក្ដី​សោក ប្រាសចាក​ធូលី ជាទី​ក្សេមក្សាន្ដ នាំ​មកនូវ​សុខដោយ​ប្រពៃមែនពិត។ — ហារិតត្ថេរ។

[១៨៦] កុលបុត្រ កាលប្រាថ្នាសេចក្ដីសុខ​មិនកម្រើក គប្បីចៀស​វាងនូវ​បាបមិត្ត​ទាំង​ឡាយ ហើយគប់​រកនូវបុគ្គល​ខ្ពង់ខ្ពស់​ទាំងឡាយ​ផង គប្បីតាំង​នៅក្នុងឱវាទ​របស់កល្យាណ​មិត្តនោះ​ផង។ បុគ្គល​តោងកំណាត់​ឈើតូច រមែងលិច​ចុះក្នុង​សមុទ្រធំ​យ៉ាងណា កុលបុត្ត​អាស្រ័យ​នូវបុគ្គល​ខ្ជិលច្រអូស​ហើយ ទោះជា​រស់នៅស្រួល ក៏រមែង​លិចចុះ ​យ៉ាងនោះដែរ។ ព្រោះ​ហេតុនោះ បុគ្គល​គប្បីចៀសវាង​នូវបុគ្គលអ្នក​ខ្ជិលច្រអូស មានព្យាយាម​ថោកទាប​នោះ​ចេញ។ កុលបុត្រ គប្បីនៅរួមជា​មួយនឹងពួក​អរិយៈ អ្នកមានចិត្ត​ស្ងប់ស្ងាត់ អ្នកចំរើន​ឈាន មាន​ចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន ជាបណ្ឌិត មានព្យាយាម​តឹងរឹង​ជានិច្ច។ — វិមលត្ថេរ។

ឧទ្ទាន

និយាយអំពី​លោកអ្នកស្វែង​រកគុណ គឺ​អង្គណិកភារទ្វាជត្ថេរ ១ បច្ចយត្ថេរ ១ ពាកុល​ត្ថេរ ១ ធនិយត្ថេរ ១ មាតង្គបុត្តត្ថេរ ១ ខុជ្ជសោភិតត្ថេរ ១ វារណត្ថេរ ១ ម្យ៉ាងទៀត លោកអ្នកធ្វើ​ឲ្យជាក់ច្បាស់​នូវព្រះនិព្វាន គឺ​បស្សិកត្ថេរ ១ យសោជត្ថេរ ១ សាដិមត្តិយត្ថេរ ១ ឧបាលិត្ថេរ ១ ឧត្តរបាលត្ថេរ ១ អភិភូតត្ថេរ ១ គោតមត្ថេរ ១ ហារិតត្ថេរ ១ វិមលត្ថេរ ១ ព្រះថេរៈ​ទាំង​ឡាយ ១៦ អង្គ បានសំដែង​នូវគាថា ៤៨ ដែលមក​ក្នុង​តិកនិបាត។

ចប់ តិកនិបាត។

ថេរគាថា ចតុក្កនិបាត[កែប្រែ]

[១៨៧] ស្ត្រីរបាំម្នាក់ មានខ្លួនស្អិតស្អាងហើយ មានសំពត់​ស្លៀកល្អ ទ្រទ្រង់​ផ្កាកម្រង ប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍ រាំក្នុង​តូរ្យតន្ដ្រី ត្រង់កណ្ដាល​ផ្លូវធំ។ អាត្មាអញ​កំពុងដើរ​ចូលទៅ (កាន់ក្រុង) ដើម្បី​បិណ្ឌបាត ហើយ​ក្រឡេកមើល​ទៅឃើញ​ស្ដ្រីរបាំនោះ ដែលមាន​ខ្លួនស្អិត​ស្អាងហើយ មានសំពត់​ស្លៀកល្អ ហាក់ដូច​ជាអន្ទាក់នៃ​មច្ចុដែល​មច្ចុដំ​ឡើងហើយ។ លំដាប់​នោះ ការធ្វើទុក​ក្នុងចិត្តដោយ​ឧបាយនៃ​ប្រាជ្ញា ក៏កើតឡើង​ដល់អាត្មាអញ ទោស​ក៏កើត​ឡើងប្រាកដ​ដល់អាត្មាអញ និព្វិទាញាណ​ក៏តាំងនៅព្រម។ ចិត្តរបស់​អាត្មាអញ ក៏រួច​ស្រឡះ (ចាក​កិលេស) ព្រោះ​វិបស្សនាញាណ​នោះ អ្នកចូរ​មើលនូវភាព​នៃធម៌ ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញ បានដល់​ដោយលំដាប់​ហើយ សាសនា​នៃព្រះពុទ្ធ អាត្មាអញ​បានធ្វើហើយ។ — នាគសមាលត្ថេរ។

[១៨៨] ខ្ញុំព្រះអង្គត្រូវមិទ្ធៈគ្របសង្កត់ហើយ ចេញអំពីវត្ត ឡើងកាន់​ទីចង្ក្រម ក៏ដួល​ចុះ​លើផែនដី​ក្នុងទីចង្ក្រម​នោះឯង។ ខ្ញុំព្រះអង្គ មានចិត្ត​ដំកល់មាំ​ល្អខាងក្នុង ហើយ​បោសសំអាត​ខ្លួន ឡើងកាន់​ទីចង្ក្រម ដើរចង្ក្រម​ក្នុងទីចង្ក្រម​ម្ដងទៀត។ លំដាប់នោះ ការធ្វើ​ទុកក្នុងចិត្ត​ដោយឧបាយ​នៃប្រាជ្ញា ក៏កើតឡើង​ដល់ខ្ញុំព្រះអង្គ ទោស​ក៏កើត​ប្រាកដ និព្វិទាញាណ​ក៏តាំង​នៅព្រម។ ចិត្តរបស់​ខ្ញុំព្រះអង្គ ក៏រួចស្រឡះ (ចាកកិលេស) ព្រោះ​វិបស្សនាញាណ​នោះ អ្នក​ចូរមើលនូវ​ភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ ខ្ញុំព្រះអង្គ បានដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ ខ្ញុំព្រះអង្គ​បានធ្វើហើយ។ — ភគុត្ថេរ។

[១៨៩] បរេជនទាំងឡាយ រមែងមិន​ដឹងថា យើងទាំងឡាយ នឹងវិនាស​ក្នុងកណ្ដាល​នៃ​ពួកនេះ ដូច្នេះឡើយ ចំណែកឯជន​ទាំងឡាយណា ជាបណ្ឌិត​ក្នុងពួក​នោះ រមែង​ដឹងច្បាស់ ឯ​ការឈ្លោះ​ប្រកែក តែងស្ងប់រម្ងាប់​អំពីសំណាក់​នៃជន​ទាំងឡាយ​ជា​បណ្ឌិត​នោះ។ កាលណា​បើជនទាំងឡាយ​មិនដឹង (នូវឧបាយ​នៃការស្ងប់​រម្ងាប់នៃវិវាទ) រមែង​ប្រព្រឹត្ត​ទៅ ហាក់ដូច​ជា​មិនស្លាប់ (កាលនោះ វិវាទ​ក៏មិនស្ងប់​រម្ងាប់ឡើយ) ចំណែក​ជនទាំងឡាយ​ណា ដឹងច្បាស់​ធម៌ (ជនទាំង​ឡាយនោះ) កាលបើ​ពួកសត្វ​មានសេចក្ដី​ក្ដៅក្រហាយ ខ្លួនជា​អ្នក​មិនមាន​សេចក្ដី​ក្ដៅក្រហាយ​ឡើយ។ កម្មណាមួយ​ធូរថយក្ដី វ័តណាមួយ​សៅហ្មងក្ដីព្រហ្មចរិយៈ​ណា​មួយដែលបុគ្គល​រលឹក ដោយសេចក្ដី​រង្កៀសក្ដី កម្ម ៣ យ៉ាងនោះ ជារបស់មិន​មានផល​ច្រើន​ឡើយ។ បុគ្គលណា មិនមាន​សេចក្ដីគោរព​ក្នុង​ព្រហ្មចារីបុគ្គល​ទាំងឡាយ (បុគ្គលនោះ) រមែង​ជាអ្នកឆ្ងាយ​ចាកព្រះសទ្ធម្ម​ដូចជា​មេឃឆ្ងាយ​អំពី​ផែនដី។ — សភិយត្ថេរ។

[១៩០] ថ្វឺយ! នែនាងជាស្រីពេញ (ដោយរបស់​មិនស្អាត) មានក្លិន​ស្អុយ ជាពួកនៃមារ មាន​កាយទទឹក (ដោយកិលេស) រន្ធទាំង៩ ក្នុងកាយ​របស់នាង តែងហូរហៀរ​សព្វ ៗ កាល។ នាងកុំ​សំគាល់​រឿងចាស់ កុំញ៉ាំង​ព្រះតថាគត​ទាំងឡាយ​ឲ្យត្រេកអរ​ឡើយ សូម្បី​ក្នុងឋានសួគ៌​ម្តេច ព្រះតថាគត​ទាំងឡាយនោះ ក៏មិនត្រេកអរ​ទៅហើយ នឹង​បាច់​និយាយ​ទៅថ្វី ក្នុងឋាន​មនុស្ស។ ចំណែក​បុគ្គលទាំង​ឡាយណា ជាមនុស្ស​ល្ងង់ខ្លៅ ឥត​ប្រាជ្ញា មានគំនិត​អាក្រក់ ដែលមោហៈ​បិទបាំងហើយ ពួកបុគ្គល​ប្រាកដដូច្នោះ ទើប​ត្រេកអរ​ក្នុងអន្ទាក់​ដែលមារ​ដំឡើងហើយ​នោះ​។ រាគៈ ទោសៈ និងអវិជ្ជា ជនទាំងឡាយ​ណា លះបង់​បានហើយ ជន​ទាំងឡាយ​នោះ ឈ្មោះថា មានខ្សែ​នៃតណ្ហា​កាត់ផ្តាច់​ហើយ ឈ្មោះថា មិនមាន​ចំណង រមែងមិន​ត្រេកអរ​ក្នុងអន្ទាក់​នៃមារនោះ​ឡើយ។ — នន្ទកត្ថេរ។

[១៩១] ខ្ញុំព្រះអង្គទ្រទ្រង់នូវក្អែល បរិភោគភត្ត ១ ខែម្ដង បានដកសក់ និង​ពុកមាត់​អស់ ៥៥ឆ្នាំ។ ខ្ញុំបាន​ឈរដោយជើង​តែម្ខាង វៀរការអង្គុយ ស៊ីលាមក​ក្រៀម មិនត្រេកអរ​នឹងការ​និមន្ដន៍​ចំពោះ។ ខ្ញុំបានធ្វើ​បាបកម្មដ៏ច្រើន ដែលជា​អំពើនាំទៅកាន់​ទុគ្គតិ​ប្រាកដ​ដូច្នេះ ក៏ត្រូវ​ជំនន់ធំ គឺទិដ្ឋិ​បន្សាត់ទៅហើយ បានដល់នូវ​ព្រះពុទ្ធជា​ទីពឹង។ អ្នកចូរ​មើលនូវការ​ដល់សរណៈ ចូរមើល​ភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ ខ្ញុំបានដល់​ដោយលំដាប់​ហើយ សាសនា​នៃ​​ព្រះពុទ្ធ ខ្ញុំក៏​បានធ្វើ​ហើយ។ — ជម្ពុកត្ថេរ។

[១៩២] ឱ អាត្មាអញមកល្អហើយ ដើម្បីគយផគ្គុមហោស្រព [ជាឈ្មោះ​មហោស្រព ១ ដែលលេង​ខាងចុងខែ​ផគ្គុណ នៅកំពង់​គយារាល់ឆ្នាំ។ អដ្ឋកថា។] ជិតកំពង់​ឈ្មោះ​គយា អាត្មាអញ បានឃើញ​ព្រះសម្ពុទ្ធ​កំពុងតែ​សំដែង​ធម៌ដ៏ឧត្ដម ព្រះអង្គ​មានពន្លឺ​ច្រើន ជា​គណាចារ្យ ដល់នូវឋានៈ​ដ៏ប្រសើរ ដឹកនាំសត្វ​លោក ទ្រង់ឈ្នះ​មនុស្សលោក ព្រមទាំង​ទេវលោក ទ្រង់​មានការឃើញ​ថ្លឹងមិនបាន ជាមហានាគ មានព្យាយាម​ធំ មានសេចក្ដី​រុងរឿងធំ មិនមាន​អាសវៈ មានអាសវៈ​ទាំងពួង​អស់រលីង​ហើយ ជាសាស្ដា មិនមាន​ភ័យអំពី​ណាឡើយ។ ព្រះមានព្រះភាគ​អង្គនោះ បានញ៉ាំង​អាត្មាអញ​ឈ្មោះ​សេនកៈ អ្នកមាន​សេចក្ដីសៅហ្មង​អស់​កាលយូរ ដែលចំណង គឺទិដ្ឋិចង​ទុកហើយ ឲ្យរួច​ស្រឡះ​ចាកកិលេស​គ្រឿងចាក់​ស្រែះ​ទាំងពួងបាន។ — សេនកត្ថេរ។

[១៩៣] បុគ្គលណា ប្រញាប់ប្រញាល់ក្នុងកាល​ដែលគួរសន្សឹម បែរជាសន្សឹម​ក្នុង​កាល​​ដែលគួរ​ប្រញាប់ប្រញាល់ បុគ្គលនោះ ឈ្មោះថា​ពាល រមែងបាន​នូវទុក្ខ ព្រោះការ​ចាត់ចែងមិន​មែនដោយ​ឧបាយ​នៃប្រាជ្ញា​។ ប្រយោជន៍ទាំងឡាយ​របស់បុគ្គល​នោះ រមែង​សាប​សូន្យ ដូចព្រះ​ចន្ទ្រ​ក្នុងកាឡបក្ខ បុគ្គលនោះ រមែង​ដល់នូវភាព​ជាអ្នកមិន​មានយស​ផង បែកចាក​ពួកមិត្រ​ផង។ បុគ្គលណា សន្សឹមក្នុងកាល​ដែលគួរសន្សឹម ប្រញាប់​ប្រញាល់​ក្នុងកាលដែល​គួរប្រញាប់​ប្រញាល់ បុគ្គលនោះ ឈ្មោះថា​បណ្ឌិត រមែងបាន​សេចក្ដី​សុខ ព្រោះការ​ចាត់ចែង​ដោយ​ឧបាយ​នៃប្រាជ្ញា។ ប្រយោជន៍​របស់បុគ្គល​នោះ រមែង​ពេញ​បរិបូណ៌ ដូចជា​ព្រះចន្ទ្រ​ក្នុង​សុក្កបក្ខ បុគ្គលនោះ រមែងដល់​នូវយស និងកេរ្ដិ៍ឈ្មោះ​ផង មិនបែក​ចាកពួកមិត្រ​ផង។ — សម្ភូតត្ថេរ។

[១៩៤] សព្រហ្មចារីបុគ្គលទាំងឡាយ ស្គាល់ច្បាស់​នូវអាត្មាអញ ថារាហុល​ដ៏ចំរើន ជាអ្នក​ប្រកបដោយ​គុណទាំងពីរ​យ៉ាងគឺ ជាតិ និងប្រតិបត្តិ ព្រោះអាត្មាអញ ជាកូន​នៃព្រះពុទ្ធ​ផង ជាអ្នកមាន​បញ្ញាចក្ខុ​ក្នុងធម៌​ទាំងឡាយផង អាសវៈ​របស់អាត្មាអញ​អស់ហើយ​ផង ភព​ថ្មីទៀត អាត្មាអញ​មិនមានផង អាត្មាអញ ជាព្រះអរហន្ត គួរដល់​ទក្ខិណា មាន​វិជ្ជា ៣ ឃើញ​ព្រះនិព្វាន​ឈ្មោះ​អមតៈ។ សត្វទាំងឡាយ ជាអ្នកងងឹត​ព្រោះកាម ត្រូវបណ្ដាញ​រួបរឹត​ហើយ ត្រូវដំបូល គឺតណ្ហា​បិទបាំងហើយ ត្រូវមារ​ចងហើយ ដូចត្រី​ជាប់នៅក្នុង​មាត់លប​ដូច្នោះ។ អាត្មាអញ លះបង់​កាមនោះហើយ បានកាត់​នូវចំណង​នៃមារ ដកតណ្ហា ព្រមទាំង​ឫសចេញ​ហើយ ជាអ្នកមាន​សេចក្ដីត្រជាក់​កើតហើយ មានទុក្ខ​រលត់ហើយ។ — រាហុលត្ថេរ។

[១៩៥] ប្រពន្ធ (របស់ខ្ញុំ) ស្អិតស្អាង​ដោយមាស មានពួកទាសី​ដើរចោមរោម ពកូន​ដោយ​ចង្កេះ ចូលមករកខ្ញុំ។ លុះខ្ញុំឃើញ​មាតារបស់​កូនខ្លួននោះ ប្រដាប់​ដោយគ្រឿង​អាភរណៈ មាន​ការស្លៀកពាក់​ល្អ ហើយ​ដើរមក ហាក់ដូច​ជាអន្ទាក់​នៃមច្ចុ​ដែលមារ​ដំឡើង​ហើយ។ លំដាប់នោះ ការធ្វើទុកក្នុង​ចិត្តដោយឧបាយ​នៃប្រាជ្ញា​ក៏កើតឡើង​ដល់ខ្ញុំ​ទោស​ក៏កើតឡើង​ប្រាកដ សេចក្ដី​ទ្រាន់​ណាស់ ក៏តាំងនៅមាំ​។ តពីនោះមក ចិត្តរបស់ខ្ញុំ​រួចស្រឡះ អ្នកចូរមើល​នូវភាពនៃ​ធម៌ ជា​ធម៌ល្អ ត្រៃវិជ្ជា ខ្ញុំបានដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ ខ្ញុំក៏បាន​ធ្វើហើយ។ — ចន្ទនត្ថេរ។

[១៩៦] ធម៌ រមែងរក្សាបុគ្គល​អ្នកប្រព្រឹត្តធម៌​ដោយពិត ធម៌ដែល​បុគ្គលសន្សំ​ល្អហើយ រមែង​នាំមកនូវ​សេចក្ដីសុខ នេះជា​អានិសសង្ស​ក្នុងធម៌ដែល​បុគ្គលសន្សំ​ល្អហើយ បុគ្គលអ្នក​ប្រព្រឹត្តធម៌ រមែងមិន​ទៅកាន់​ទុគ្គតិ។ សភាវៈ​ទាំងពីរ គឺកុសលធម៌ ១ អកុសលធម៌ ១ មិន​មែនមាន​ផលស្មើគ្នា​ទេ អកុសលធម៌ នាំសត្វទៅ​កាន់នរក កុសលធម៌​ញ៉ាំងសត្វ​ឲ្យដល់នូវ​សុគតិ។

ព្រោះហេតុនោះ បុគ្គលកាល​មានចិត្តរីករាយ​ចំពោះ​ព្រះសុគត ជា​តាទិបុគ្គល​យ៉ាង​នេះ គប្បីធ្វើ​សេចក្ដីពេញ​ចិត្តក្នុងធម៌​ទាំងឡាយ សាវ័កទាំងឡាយ​របស់ព្រះសុគត​ដ៏ប្រសើរ ឋិតនៅ​ក្នុងធម៌ ជាអ្នកប្រាជ្ញ បានដល់នូវ​ទីពឹងដ៏ប្រសើរ​លើស រមែងនាំ​ខ្លួនចេញ (ចាកវដ្ដ​ទុក្ខបាន)។ ឫសគល់​នៃបូស គឺអវិជ្ជា ខ្ញុំព្រះអង្គ​បានកំចាត់​បង់ហើយ បណ្ដាញ គឺតណ្ហា ខ្ញុំព្រះ​អង្គ​បានដកចោល​ហើយ។

ខ្ញុំព្រះអង្គនោះ មានសង្សារ​អស់ហើយ កិលេស​ជា​គ្រឿងខ្វល់ មិនមាន​ដល់ខ្ញុំព្រះអង្គ​ឡើយ ដូចជា​ព្រះចន្ទ្រ​ក្នុងថ្ងៃ​ពេញបូណ៌មី ដែល​ប្រាសចាក​ទោស គឺ​ពពក​ជាដើម។ — ធម្មិកត្ថេរ។

[១៩៧] កុកមានស្លាបសស្អាត ត្រូវភ័យអំពីមេឃខ្មៅ​គម្រាម​ហើយ ក៏ស្វែង​រកសំបុក ហើរទៅកាន់​សំបុកក្នុង​កាលណា កាលណោះ ទន្លេ​ឈ្មោះ​អជករណី ក៏ញ៉ាំង​អាត្មាអញ​ឲ្យ​ត្រេកអរ។ កុកមានស្លាប​សស្អាត ត្រូវភ័យអំពី​មេឃខ្មៅ​គម្រាមហើយ មិនឃើញ​ទីពួន ក៏ស្វែង​រកទី​ពួនក្នុង​កាលណា កាលណោះ ទន្លេឈ្មោះ​អជករណី ញ៉ាំងអាត្មាអញ​ឲ្យត្រេកអរ។ ដើម​ព្រីង​ទាំងឡាយ ញ៉ាំងច្រាំង​នៃទន្លេទាំងពីរ​ក្នុងទីនោះ (ដែល​ឋិតនៅ) ខាងក្រោយ​នៃគុហារ​ធំឲ្យ​ល្អ មិនមែនញ៉ាំង​សត្វណាមួយ​ក្នុងទីនោះ​ឲ្យត្រេកអរ​បានទេ។

កង្កែបទាំងឡាយ មានសំឡេង​ពីរោះ ប្រាសចាក​ពួកនៃពស់ រមែងយំ​កងរំពង។ ថ្ងៃនេះ មិនមែនជាសម័យ​នៅប្រាស​ចាក​ភ្នំ និង​ទន្លេទេ ព្រោះទន្លេ​អជករណី ជាទីក្សេម​សប្បាយ​រីករាយ​ដោយប្រពៃ។ — សប្បកត្ថេរ។

[១៩៨] ខ្ញុំត្រូវការចិញ្ចឹមជីវិត បព្វជ្ជា បានឧបសម្បទា​ហើយ តែតពីនោះ​មក ក៏ត្រឡប់​បាន​នូវសទ្ធា មាន​ព្យាយាមមាំ ខំប្រឹង​ប្រែងមាំ។ កាយនេះ ចូរបែកធ្លាយ​ចុះ ដុំនៃសាច់​ទាំង​ឡាយ ចូរខ្ចាត់ខ្ចាយ​ទៅចុះ ស្មងទាំងឡាយ​របស់ខ្ញុំ ចូររបូត​ធ្លាក់ចាក​តំណនៃ​ជង្គង់ទាំង​ពីរចុះ។ កាលបើ​សរ គឺតណ្ហា មិនទាន់​ខ្ចាត់​ចេញទេ ខ្ញុំនឹង​មិនស៊ី មិនផឹក និងមិន​ចេញអំពី​កុដិ ទាំង​មិន​ទម្រេត សូម្បីតែ​មួយបង្អៀង​ឡើយ។ អ្នកចូរមើល​សេចក្ដី​ព្យាយាម ប្រឹងប្រែង​ដ៏មាំ​របស់​ខ្ញុំនោះ កាលនៅ​យ៉ាងនេះ វិជ្ជា ៣ ខ្ញុំបានដល់​ដោយលំដាប់​ហើយ សាសនា​នៃព្រះពុទ្ធ ខ្ញុំក៏បាន​ធ្វើហើយ។ — មុទិតត្ថេរ។

ឧទ្ទាន

និយាយអំពីព្រះថេរៈទាំងឡាយ ជាសាវ័ក​នៃព្រះពុទ្ធ ១០ [ចំនួន​ព្រះថេរៈ​ក្នុង​ឧទ្ទាននេះ ដែលថា ១០អង្គនោះ ឃើញតែ ៩ទេ។] អង្គនេះ គឺ​​នាគសមាលត្ថេរ ១ ភគុត្ថេរ ១ សភិយត្ថេរ ១ នន្ទកត្ថេរ ១ ជម្ពុកត្ថេរ ១ សេនកត្ថេរ ១ សម្ភូតត្ថេរ ១ រាហុលត្ថេរ ១ ចន្ទនត្ថេរ ១។ ព្រះ​ថេរៈ ៣ អង្គ​ទៀតគឺ ធម្មិកត្ថេរ ១ សប្បកត្ថេរ ១ មុទិតត្ថេរ ១ ឯគាថាមាន ៥២ [ឃើញតែ ៥០គាថាទេ។] ចំណែកខាង​ព្រះ​ថេរៈ​ទាំងអស់ មាន ១៣ [ដែលរួមជា ១៣អង្គនោះ ឃើញតែ១២អង្គទេ។] អង្គ។

ចប់ ចតុក្កនិបាត។

ថេរគាថា បញ្ចកនិបាត[កែប្រែ]

[១៩៩] ភិក្ខុទៅកាន់ទីស្មសាន បានឃើញ​សាកសពស្ត្រី​ដែលគេលះ​បង់ចោល​ក្នុងព្រៃ​ស្មសាន ត្រូវពួកដង្កូវ​រុកជញ្ជែង​ស៊ីធ្លុះធ្លាយ។ ពួកជនខ្លះ​ដែលឃើញ​សាកសព​ស្លាប់ដ៏លាមក​ក៏ខ្ពើម​រអើម តែកាមរាគៈ​កើតឡើង​ប្រាកដ (ក្នុង​សាកសព​នោះ) ដូចជា​បុគ្គលខ្វាក់ អសុចិ​ហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញ​ចៀសចេញ​អំពីទីនោះ ថយជាង​មួយចំអិនបាយ ជាអ្នកមាន​ស្មារតី​ដឹងខ្លួន ចូលទៅកាន់​ទីសមគួរ។ លំដាប់នោះ ការធ្វើទុក​ក្នុងចិត្តដោយ​ឧបាយ​ប្រាជ្ញា ក៏កើតឡើង​ដល់អាត្មាអញ ទោស​ក៏កើតប្រាកដ (ដល់​អាត្មាអញ) សេចក្ដី​នឿយណាយ ក៏តាំង​នៅព្រម (ក្នុងហ្ឫទ័យ​នៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់​អាត្មាអញ​ក៏រួច​ស្រឡះ (ចាកកិលេស) អ្នកចូរ​មើលនូវភាព​នៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញ​បាន​ដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើ​ហើយ។ — រាជទត្តត្ថេរ។

[២០០] បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុង​អំពើដែល​មិនគួរប្រកប ប្រសិនបើ​ត្រាច់​ទៅ មិន​គប្បីបាន (នូវប្រយោជន៍​នោះទេ) នោះឯង ជាលក្ខណៈ​នៃចំណែក​ខាងអាក្រក់។

ការដែល​រស់នៅ​ដោយលំបាក អាត្មាអញបានដកចោល​ហើយ បើបុគ្គលណា លះបង់​ធម៌​យ៉ាងឯក គឺ​អប្បមាទ បុគ្គលនោះ ទុកដូចជា​មនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះ​បង់​នូវឥន្ទ្រិយ​ទាំង​អស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូច​ជា​មនុស្សខ្វាក់ ព្រោះ​មិន​ឃើញ​នូវ​របស់ដែល​ស្មើគ្នា និងមិនស្មើគ្នា។

ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយ​ចំពោះ​តែអំពើនោះ មិន​ធ្វើនូវ​អំពើណា មិនត្រូវ​និយាយ​ចំពោះ​អំពើនោះទេ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងនូវ​បុគ្គល​អ្នកមិនធ្វើ បានតែ​និយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមាន​ក្លិនក្រអូប​យ៉ាងណា​វាចាជា​សុភាសិត រមែងឥតផល ដល់បុគ្គល​អ្នកមិនធ្វើ​តាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏​រុងរឿង មាន​ពណ៌ល្អ ប្រកប​ដោយក្លិន​ក្រអូប យ៉ាងណា វាចា​ជាសុភាសិត រមែង​មានផល​ដល់បុគ្គល​អ្នក​ធ្វើតាម ក៏យ៉ាង​នោះដែរ។ — សុភូតត្ថេរ។

[២០១] ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃ​ដ៏ពីរោះ កុដិ​អាត្មា​ប្រក់​ស្រួល​ហើយ ឥតមានខ្យល់​ចេញចូល​បានទេ អាត្មា​មានចិត្ត​ស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាល​មេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។

ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹម​នៃមេឃ​ដ៏ពីរោះ កុដិអាត្មា​ប្រក់ស្រួល​ហើយ ឥតមាន​ខ្យល់ចេញ​ចូល​បានទេ អាត្មាមាន​ចិត្តស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។បេ។ អាត្មាជាអ្នក​ប្រាសចាក​រាគៈ នៅក្នុង​កុដិនោះ។បេ។ អាត្មា​ជាអ្នកប្រាស​ចាកទោសៈ នៅក្នុង​កុដិនោះ។បេ។ អាត្មាជា​អ្នកប្រាស​ចាកមោហៈ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ — គិរិមានន្ទត្ថេរ។

[២០២] បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍​ប្រាថ្នាចំពោះ​ធម៌ណា អនុគ្រោះខ្ញុំ អ្នក​ប្រាថ្នា​ព្រះនិព្វាន​ឈ្មោះ​អមតៈ សោឡសកិច្ច​ដែលគួរធ្វើ ខ្ញុំក៏បាន​ធ្វើហើយ។ មគ្គធម៌ ជាធម៌​មិនមាន​អន្ដរាយ ខ្ញុំបាន​ដល់ដោយ​លំដាប់ហើយ បានធ្វើឲ្យ​ជាក់ច្បាស់​ហើយដោយ​ខ្លួនឯង ខ្ញុំ​មានញាណ​ដ៏បរិសុទ្ធ​ឥតសង្ស័យ បានធ្វើឲ្យ​ជាក់ច្បាស់​ក្នុងសំណាក់​នៃលោក។ ខ្ញុំដឹង​នូវ​បុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍​របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបាន​ដល់​ដោយ​លំដាប់​ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ ខ្ញុំជាអ្នក​មិនប្រមាទ បានស្ដាប់ បាន​រៀន​ល្អ​នូវសិក្ខា​ក្នុងពាក្យ​ប្រៀនប្រដៅ​របស់លោក អាសវៈ​ទាំងពួង​របស់ខ្ញុំ​អស់ហើយ ឥឡូវ​ភពថ្មី​មិនមានទេ។ លោកប្រៀន​ប្រដៅខ្ញុំដោយ​វ័តដ៏ប្រសើរ ជា​អ្នក​អនុគ្រោះ ទំនុក​បម្រុង (នូវខ្ញុំ) ឱវាទ​របស់លោក​មិនឥត​អំពើឡើយ ខ្ញុំជាសិស្ស​បានរៀន​សូត្រហើយ។ — សុមនត្ថេរ។

[២០៣] មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញ​នូវជន្លួន (ឱវាទ) ដល់​អាត្មាអញ​អាត្មាអញ​ដែលមាតា​ប្រៀនប្រដៅ​បានស្ដាប់​ពាក្យរបស់​លោកហើយ ជាអ្នក​មាន​ព្យាយាម​មុតមាំហើយ មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន បានដល់​នូវសម្ពោធិ​ដ៏ឧត្ដម។ អាត្មាអញ​ជា​អរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញ​ព្រះនិព្វាន​ឈ្មោះ​អមតៈ ​អាត្មាអញ​ឈ្នះ​សេនានៃមារ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា​របស់អាត្មាអញ ខាង​ក្នុងក្ដី ខាងក្រៅក្ដី អាសវៈ​ទាំងអស់​នោះ អាត្មាអញ​កាត់ផ្ដាច់​ហើយ ឥតមាន​សេសសល់ ទាំង​មិន​កើតទៀត​ទេ។ បងស្រី​មានសេចក្ដី​ក្លៀវក្លា បានពោល​នូវសេចក្ដី​នេះ នាងទំនង​ជា​មិនមាន​​សេចក្ដី​ស្រឡាញ់​ចំពោះ​អាត្មាដោយ​ពិត ព្រៃ (មាន​អវិជ្ជា​ជាដើម) មិនមាន (ក្នុង​សន្ដាន​​របស់នាង) ទេ។ សេចក្ដី​ទុក្ខ មានទីបំផុត​ជុំវិញ អាត្មាបាន​ធ្វើហើយ រាងកាយ​នេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈ​មិនមាន ឥឡូវនេះ ភពថ្មី​មិនមានទេ។ — វឌ្ឍត្ថេរ។

[២០៤] អាត្មាអញបានស្ដាប់ធម៌របស់​ព្រះពុទ្ធណា ហើយវៀរបង់​មិច្ឆាទិដ្ឋិ ព្រះពុទ្ធ​នោះ យាងមកហើយ​កាន់ស្ទឹង​នេរញ្ជរា ដើម្បី​ប្រយោជន៍​ដល់អញ​មែនពិត។ អាត្មាអញ បាន​បូជាយ័ញ្ញ​ទាំងឡាយ​ខ្ពស់ និងទាប បានបូជាភ្លើង កាលនៅ​ជាបុថុជ្ជន ងងឹត​ងងល់ សំគាល់​ថា ការបូជា​នេះឯង​ជាសេចក្ដី​បរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់​ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដី​ស្ទាប​អង្អែល (ខុស) ឲ្យដល់នូវ​សេចក្ដី​វង្វេង ងងឹត​មិនដឹង សំគាល់​ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវ​បរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញ​បានលះបង់​ហើយ ភពទាំង​ពួង អាត្មាអញ​បានទំលុះ​ទំលាយ​ហើយ អាត្មាអញ​បូជា​ភ្លើង គឺ​ព្រះសម្មាសម្ពុទ្ធ ជា​ទក្ខិណេយ្យបុគ្គល ថ្វាយបង្គំ​នូវ​ព្រះតថាគត។ មោហៈ​ទាំងពួង អាត្មាអញ​បានលះបង់​ហើយ ភវតណ្ហា អាត្មាអញ​បាន​ទំលុះទំលាយ​ចេញ​ហើយ ជាតិសង្សារ​អស់រលីង​ហើយ ឥឡូវនេះ ភពថ្មីទៀត​នៃអាត្មាអញ​មិនមាន​ទេ។ — នទីកស្សបត្ថេរ។

[២០៥] អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាល​មហោស្រពឈ្មោះ​គយផគ្គុ បាបណា ដែលអាត្មាអញ​ធ្វើហើយ ក្នុង​ជាតិ​ទាំងឡាយ​ដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញ​បណ្ដែត​ចោលនូវ​បាបនោះ ​ក្នុងកំពង់​ឈ្មោះ​គយានេះ ទិដ្ឋិយ៉ាងនេះ មានហើយ​ក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចា​ជា​សុភាសិត ជាបទ​ប្រកបដោយ​ធម៌ និងអត្ថ ហើយពិចារណា​នូវសេចក្ដី​តាមគួរ​ដល់ការពិត ដោយ​ឧបាយ​នៃប្រាជ្ញា។ អាត្មាអញ មានបាប​ទាំងពួង​លាងចេញ​ហើយ មិនមាន​មន្ទិល មាន​កិលេស​លាងចេញ​ហើយ ជាអ្នកស្អាត​បរិសុទ្ធ ជា​ពុទ្ធទាយាទ (អ្នកគួរ​ទទួលនូវ​មត៌ក​នៃ​ព្រះពុទ្ធ) ជា​កូនកើតអំពី​ព្រះឧរៈ​នៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែ​នៃមគ្គ ប្រកប​ដោយអង្គ ៨ ហើយ បណ្ដែត​ចោលនូវ​បាបទាំងពួង ដល់នូវ​វិជ្ជា ៣ ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ បានធ្វើ​ហើយ។ — គយាកស្សបត្ថេរ។

[២០៦] (ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគ​ដែលកើត​អំពីខ្យល់​គ្របសង្កត់​ហើយ នៅក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ (ក្រចតុប្បច្ច័យ) ជាទី​សៅហ្មង​តើនឹងធ្វើ​ដូចម្ដេច។

(ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅ​កាន់កាយ​ទាំង​មូល ដោយ​សុខៈ ដែលកើត​អំពីបីតិ​ដ៏លើសលុប អត់ទ្រាំនូវ​បច្ច័យ​ដ៏សៅហ្មង​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​សតិប្បដ្ឋាន​ទាំងឡាយ​ផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើន​ពោជ្ឈង្គផង អដ្ឋង្គិកមគ្គ​ផង នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ឃើញ (នូវសព្រហ្មចារី​បុគ្គល​ទាំងឡាយ) អ្នកមានព្យាយាម​តឹងតែងហើយ មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន មាន​ព្យាយាម​​ប្រឹងប្រែង​ដ៏មាំអស់​កាលជានិច្ច មានសេចក្ដី​ព្រមព្រៀង​គ្នា ប្រកប​ដោយភាព​ជាសមណៈ​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​នឹករឿយ ៗ នូវ​ព្រះសម្ពុទ្ធ ព្រះអង្គ​មានខ្លួន​ទូន្មាន​បាន​ហើយ មានព្រះ​ទ័យតាំង​មាំហើយ មិនខ្ជិល​ច្រអូស​អស់យប់ និងថ្ងៃ នៅក្នុង​ព្រៃធំ។ — វក្កលិត្ថេរ។

[២០៧] ម្នាលចិត្ត អញនឹងហាមឃាត់​ឯង ដូចជា​គេបង្ខាំង​ដំរីទុក​ក្នុងក្រោល មានទ្វារ​ប្រកប​ដោយ​រនុក ទាំងមិន​បណ្ដោយ​ឯង ដែលជា​បណ្ដាញ​នៃកាម​ដែលកើត​អំពី​សរីរៈ​ឲ្យទៅក្នុង​បាបធម៌​ទេ។ ឯង អញហាមឃាត់​ហើយ នឹងទៅណា​មិនបានទេ ដូចជា​ដំរីដែល​មិនបាន​នូវ​ចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្ត​ខិលខូច ឯងនឹង​ប្រព្រឹត្ត​ឈ្លានពាន ត្រេកអរ​ក្នុងបាបធម៌​រឿយ ៗ ទៀត​មិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរី​ដែលមិនទាន់​ពង្រាប​ទើបចាប់​បានថ្មី ជាសត្វមិន​ប្រាថ្នាឲ្យ​ត្រឡប់វិល​បាន​យ៉ាងណា អញនឹង​ឲ្យឯងវិល​ត្រឡប់​យ៉ាងនោះ​ដែរ។ នាយសារថី​ដ៏ប្រសើរ ជាអ្នកឈ្លាស​ក្នុងការ​បង្ហាត់សេះ​ដ៏ប្រសើរ បង្ហាត់សេះ​អាជានេយ្យ​យ៉ាងណា អញនឹងតាំង​នៅក្នុង​ពលធម៌ ៥ ហើយទូន្មានឯង​យ៉ាងនោះដែរ។ អញ​នឹងចងឯង​ដោយសតិ អញមាន​ខ្លួនប្រុង​ប្រយ័ត្នហើយ នឹង​ទូន្មានឯង ម្នាលចិត្ត ឯង អញ​សង្កត់សង្កិន​ក្នុង​ធុរៈ គឺព្យាយាម​កុំទៅឆ្ងាយ​អំពីទី​នេះឡើយ។ — វិជិតសេនត្ថេរ។

[២០៨] បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅ​របស់​ព្រះជិនស្រី គង់ជាអ្នក​ឆ្ងាយអំពី​ព្រះសទ្ធម្ម ដូចផែនដី​ឆ្ងាយអំពី​មេឃ។ បុគ្គលអ័ប្បឥត​ប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់សាប​សូន្យចាក​ព្រះសទ្ធម្ម ដូចព្រះចន្ទ្រ​ក្នុង​កាឡប័ក្ខ (រនោច)។ បុគ្គល​អ័ប្បឥតប្រាជ្ញា មានចិត្ត​ប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់រីង​ស្ងួតក្នុង​ព្រះសទ្ធម្ម ដូចជា​ត្រីរីងស្ងួត​ក្នុងទី​មានទឹក​តិច។ បុគ្គលអ័ប្ប​ឥតប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជា​ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់ព្រះជិនស្រី គង់មិន​លូតលាស់​ក្នុង​ព្រះសទ្ធម្ម ដូចជា​ពូជស្អុយ​មិនដុះ​ក្នុងស្រែ។ លុះតែ​បុគ្គលណា មានចិត្ត​គ្រប់គ្រងហើយ ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់ទៅ ធ្វើឲ្យជាក់​ច្បាស់នូវ​ធម៌ មិន​កំរើក (អរហត្តផល) ដល់នូវសេចក្ដី​ស្ងប់ដ៏ឧត្តម គឺ​អនុបាទិសេសនិព្វាន ជាអ្នក​មិនមាន​អាសវៈ រមែង​បរិនិព្វាន។ — យសទត្តត្ថេរ។

[២០៩] ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិន​មានអាសវៈ​ផង ខ្ញុំបាន​ឃើញ​ព្រះមានព្រះភាគ​អង្គនោះ​ផង ទាំងបាន​នៅជាមួយ​ក្នុងកុដិ​ផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើ​រាត្រីជា​ច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅ​ក្នុងទីវាល ព្រះសាស្ដា​ឈ្លាសក្នុង​ការនៅ បានស្ដេច​ចូលទៅ​កាន់កុដិ​ក្នុងពេលនោះ។ ព្រះគោតម​ទ្រង់ក្រាល​សង្ឃាដិ ហើយសម្រេច​សីហសេយ្យា ដូចជា​សត្វសីហៈ ដែលលះបង់​សេចក្ដីភ័យ​ស្ញប់ស្ញែង ដេកក្នុង​គុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃ​ព្រះសម្មាសម្ពុទ្ធ អ្នកពោល​ពាក្យពីរោះ បានពោល​នូវ​ព្រះសទ្ធម្ម​ចំពោះព្រះភក្ដ្រ​ព្រះពុទ្ធ​ដ៏ប្រសើរ។ បានកំណត់ដឹង​នូវ​បញ្ចក្ខន្ធ បានចំរើន​នូវមគ្គដ៏​ប្រសើរ ហើយដល់នូវ​ទីស្ងប់ដ៏​ឧត្តម ជាបុគ្គល​មិនមាន​អាសវៈ នឹង​បរិនិព្វាន។ — សោណកុដិកណ្ណត្ថេរ។

[២១០] បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទ​របស់គ្រូ​ទាំងឡាយ គប្បីនៅ​ក្នុងឱវាទ​របស់​គ្រូនោះផង គប្បីញ៉ាំង​សេចក្ដី​ស្រឡាញ់​ឲ្យកើតផង បុគ្គលនោះ ឈ្មោះថា​ជាអ្នកមាន​ភក្ដី​ផង ឈ្មោះថា​ជាអ្នក​ប្រាជ្ញផង ទាំងបុគ្គល​នោះ មុខជានឹង​មានសេចក្ដី​វិសេស​ក្នុងធម៌ទាំង​ឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ អន្ដរាយ​ទាំងឡាយ​ដ៏ខ្លាំងក្លា កើតឡើង​ហើយ តែមិនបាន​គ្របសង្កត់​នូវបុគ្គល​ណា ជាអ្នក​ពិចារណា បុគ្គលនោះ ឈ្មោះថាជា​អ្នកមាន​កំឡាំង​ផង ឈ្មោះថា​ជាអ្នកមាន​ប្រាជ្ញាផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ បុគ្គលណា នឹងធឹង​មិនញាប់ញ័រ ជាអ្នក​មានបញ្ញា​ជ្រៅដូច​សមុទ្រ ឃើញ​នូវសេចក្ដី​ដ៏​ល្អិត បុគ្គលនោះ ឈ្មោះថា​ជាអ្នកដែល​កិលេស​ដឹកនាំមិន​បានផង ​ជាអ្នក​ប្រាជ្ញ​ផង ទាំង​ជាអ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។

បុគ្គលណា ជាអ្នក​ចេះដឹង​ច្រើន ជា​អ្នកចងចាំ​នូវធម៌ ទាំងជា​អ្នកប្រព្រឹត្ត​នូវធម៌ដ៏​សមគួរ​ដល់ធម៌ បុគ្គលនោះ ឈ្មោះថា​ជាអ្នក​ប្រាកដស្មើ​ដោយគ្រូ​នោះផង ជាអ្នក​ប្រាជ្ញ​ផង ទាំង​​ជាអ្នក​វិសេសក្នុង​ធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។

បុគ្គលណា ដឹងនូវ​សេចក្ដីនៃ​ភាសិតផង លុះដឹង​នូវសេចក្តី​នៃភាសិតហើយ ធ្វើតាម​ផង បុគ្គល​នោះ ឈ្មោះថា​ជាអ្នកឆ្លង​ផុតនូវ​សេចក្ដី​សង្ស័យ​ផង ជាអ្នក​ប្រាជ្ញផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ — កោសិយត្ថេរ។

ឧទ្ទាន

គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។

ចប់ បញ្ចកនិបាត។

ថេរគាថា ឆក្កនិបាត[កែប្រែ]

[២១១] ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គ​មានយស​ដល់ម្ល៉ោះ ក៏នៅ​តែមិន​ក្រាបសំពះ ព្រោះតែ​សេចក្តី​ច្រណែន និងសេចក្តី​ប្រកាន់ឲ្យ​ភាន់ច្រឡំ។ ព្រះសាស្តា ជា​សារថី​របស់​ជន ទ្រង់ជ្រាប​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​ហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមាន​សេចក្តី​សង្វេគ និងសេចក្តី​ព្រឺរោម ដែលមិន​ធ្លាប់កើត ៗ ហើយ។ កាលខ្ញុំនៅ​ជាជដិល​ក្នុង​កាលមុន ការ​សម្រេច​លាភសក្ការៈ​ណាតិច​តួច គ្រានោះ ខ្ញុំលះបង់​នូវការ​សំរេច គឺ​លាភ​សក្ការៈ​នោះ​ហើយ មកបួស​ក្នុងសាសនា​ព្រះជិនស្រី។ កាលពីដើម ខ្ញុំជាអ្នក​ត្រេកអរ​ដោយ​ការបូជា ធ្វើកាមធាតុ​ជាប្រធាន កាលខាង​ក្រោយមក ខ្ញុំបាន​ដករាគៈ ទោសៈ និងមោហៈ ចោល​ហើយ។ ខ្ញុំដឹងខន្ធ​ដែលធ្លាប់​អាស្រ័យនៅ​ក្នុងកាល​ពីដើម បានជម្រះ​ទិព្វចក្ខុ​ឲ្យស្អាត ជាអ្នក​មានឫទ្ធិ ដឹងចិត្ត​អ្នកដទៃ ទំាំងបាន​សម្រេច​ទិព្វសោត។ មួយទៀត កុលបុត្រ​ចេញ​ចាកផ្ទះ មក​បួសក្នុង​ធម្មវិន័យ ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ ខ្ញុំបានដល់​ហើយ​តាម​លំដាប់ ទំាំងធ្វើ​ឲ្យអស់​សំយោជនធម៌​ទាំងពួង។ — ឧរុវេលកស្សបត្ថេរ។

[២១២] (មារនិយាយថា) ស្រូវគេនំាំទៅទុកដាក់​ហើយ ស្រូវគេ​គរទុកក្នុង​លានហើយ ខ្ញុំ​នៅតែមិន​បានដុំបាយ តើខ្ញុំនឹង​ធ្វើដូចម្តេច។

(ព្រះថេរៈ​និយាយថា) អ្នកចូរជ្រះថ្លារព្ញកចំពោះ​ព្រះពុទ្ធ​មានគុណ​មិនមាន​ប្រមាណ អ្នកនឹងជា​បុគ្គលមាន​សរីរៈ​ដែលបីតិ​ពាល់ត្រូវ មានចិត្ត​រីករាយ​រឿយ ៗ មិន​ខាន។ ចំពោះ​ធម៌មាន​គុណមិន​មានប្រមាណ។បេ។ ចំពោះ​សង្ឃមាន​គុណ​មិនមាន​ប្រមាណ។បេ។

(មារនិយាយថា) លោកនៅក្នុង​ទីវាល​ល្ហល្ហេវ​ផង រាត្រីនេះ​ត្រជាក់ មានសន្សើម​ធ្លាក់ ចុះ​ផង។ លោកកុំបណ្តោយ​ឲ្យត្រជាក់​គ្របសង្កត់​ឲ្យលំបាក​ឡើយ ចូរលោកចូល​ទៅក្នុងកុដិ ដែលមាន​ទ្វារគន្លឹះ​ជាប់មាំ។

(ព្រះថេរៈតបថា) អាត្មាពាល់ត្រូវ​អប្បមញ្ញា​ទាំង ៤ ដល់នូវ​សេចក្តី​សុខដោយ​សារ​អប្បមញ្ញា​ទាំងនោះ មិនញាប់ញ័រ មិនលំបាក​ដោយត្រជាក់​ទេ។ — តេកិច្ឆកានិត្ថេរ។

[២១៣] បុគ្គលដែលមិនមានសេចក្តីគោរព​ក្នុងពួក​សព្រហ្មចារី រមែង​សាបសូន្យ​ចាក​ព្រះសទ្ធម្ម ដូចត្រី​ក្នុងទីមាន​ទឹកតិច។ បុគ្គល​ដែលមិនមាន​សេចក្តី​គោរព​ក្នុង​ពួកសព្រហ្មចារី រមែង​មិនលូត​លាស់ក្នុង​ព្រះសទ្ធម្ម ដូចពូជ​ស្អុយ (ដែលមិន​លូតលាស់) ក្នុងស្រែ។ បុគ្គល​ដែលមិន​មានសេចក្តី​គោរព ក្នុងពួក​សព្រហ្មចារី រមែង​ឆ្ងាយអំពី​ព្រះនិព្វាន ក្នុងសាសនានៃ​ព្រះពុទ្ធ​ជាស្តេច​ហេតុធម៌។ បុគ្គល​ដែលមាន​សេចក្តី​គោរព ក្នុងពួក​សព្រហ្មចារី រមែង​មិន​សាបសូន្យ​ចាក​ព្រះសទ្ធម្ម ដូចត្រីនៅ​ក្នុងទី​មានទឹក​ច្រើន។ បុគ្គល​ដែលមាន​សេចក្តីគោរព ក្នុង​ពួក​សព្រហ្មចារី ទើប​ដុះដាល​ក្នុង​ព្រះសទ្ធម្ម ដូចពូជដ៏ល្អ (លូតលាស់) ក្នុងស្រែ។ បុគ្គល​ដែលមាន​សេចក្តី​គោរព​ក្នុងពួក​សព្រហ្មចារី រមែងឋិតនៅ​ក្នុងទីជិត​ព្រះនិព្វាន ក្នុងសាសនា​នៃ​ព្រះពុទ្ធ​ជាស្តេច​ហេតុធម៌។ — មហានាគត្ថេរ។

[២១៤] កុល្លភិក្ខុ ទៅកាន់​ព្រៃខ្មោច បានឃើញ​ខ្មោចស្រី​ដែលគេ​ចោលបោះបង់​ក្នុង​ព្រៃ​ស្មសាន មានដង្កូវ​កំពុងតែ​ប្រជែង​គ្នាស៊ី​ដេរដាស។

(ព្រះសាស្តាត្រាស់ថា) ម្នាលកុល្លៈ អ្នក​ចូរមើលសរីរៈ​ដែលក្តៅ​រោលរាល​មិនស្អាត មានក្លិន​ស្អុយ មានវត្ថុ​មិនស្អាត ដែលហូរ​ឡើង ហូរចុះ ជាសរីរៈ​ដែលពួក​មនុស្សពាល តែង​ត្រេកអរ​ក្រៃពេក។

(ព្រះកុល្លត្ថេរ​ពោលថា) ខ្ញុំកាន់កពា្ចក់ គឺធម៌ ឆ្លុះមើល​កាយនេះ ជារបស់​អសារឥតការ​ទាំង​ខាងក្នុង​ខាងក្រៅ ព្រោះបាន​សម្រច​ដោយ​ញាណទស្សនៈ។ សរីរៈនៃខ្ញុំ​នេះយ៉ាងណា សរីរៈ​នៃ​ស្រីនុ៎ះ​យ៉ាងនោះដែរ សរីរៈ​ស្រីនុ៎ះ​យ៉ាងណា សរីរៈ​នៃខ្ញុំនេះ ក៏យ៉ាង​នោះដែរ សភាវៈ​ខាងក្រោម​យ៉ាងណា សភាវៈ​ខាងលើ​យ៉ាងនោះ សភាវៈ​ខាងលើ​យ៉ាងណា សភាវៈ​ខាងក្រោម​យ៉ាងនោះដែរ។ វេលាថ្ងៃយ៉ាងណា វេលាយប់​យ៉ាងនោះដែរ វេលាយប់​យ៉ាងណា វេលាថ្ងៃ​យ៉ាងនោះ​ដែរ ខាងមុខ​យ៉ាងណា ខាងក្រោយ​យ៉ាងនោះ​ដែរ ខាង​ក្រោយ​យ៉ាងណា ខាងមុខ​យ៉ាងនោះដែរ។ សេចក្តី​ត្រេកអរ​ដោយ​តុរិយតន្រ្តី​ប្រកប​ដោយអង្គ ៥ បា្រកដ​ដូច្នោះ ក៏មិនដូច​សេចក្តី​ត្រេកអរ​របស់អ្នក​មានចិត្ត​មូលតែមួយ ឃើញច្បាស់​នូវធម៌​ដោយ​ប្រពៃទេ។ — កុល្លត្ថេរ។

[២១៥] តណ្ហាតែងចំរើនដល់មនុស្ស អ្នកប្រព្រឹត្ត​ប្រមាទ​ជាប្រក្រតី ដូច​ពួជ្រៃ បុគ្គល​នោះ តែងស្ទុះទៅ​កាន់ភព​តូចភពធំ ដូចស្វា​កាលប្រាថ្នា​ផ្លែឈើ ស្ទុះទៅ​ក្នុងព្រៃ​ដូច្នោះ។ តណ្ហានុ៎ះ ជាទោសជាតិ​ដ៏លាមក ផ្សាយទៅក្នុង​អារម្មណ៍​ផ្សេងៗ ក្នុងលោក គ្របសង្កត់​បុគ្គល​ណា សេច​ក្តីសោក តែងចំរើន​ដល់បុគ្គល​នោះ ដូចស្បូវ​រណ្តាស​ដែល​ត្រូវភ្លៀង​ធ្លាក់​ចុះ​ជញ្ជ្រំហើយ តែងចំរើន​ឡើង​ដូច្នោះ។ ចំណែកជន​ណា គ្រប​សង្កត់​តណ្ហា​ដ៏លាមក​ក្នុងលោក ដែលឆ្លង​ដោយកម្រ​នុ៎ះបាន សេចក្តី​សោក តែងធ្លាក់​ចេញចាក​ជននោះ​ឯង ដូចដំណក់​ទឹក ធ្លាក់ចុះ​ចាកស្លឹក​ឈូក។ ហេតុនោះ បានជា​តថាគត​ប្រាប់ដល់​អ្នកទាំងឡាយ អ្នកទំាំងឡាយ មានប៉ុន្មាន​រូប ដែលមក​ប្រជុំក្នុង​ទីនេះ សេចក្តី​ចំរើន ចូរ​មានដល់​អ្នកទំាំងឡាយ​ទាំង​ប៉ុណ្ណោះ​រូប​ចុះ អ្នកទំាំងឡាយ ចូររំលើងឫស​នៃតណ្ហា​ចោល​ចេញ ដូចបុគ្គល​ដែលត្រូវ​ការដោយ​ស្បូវភ្លាំង ជីកស្បូវ​រណា្តស​ចោលចេញ មារកុំរុករាន​អ្នកទំាំងឡាយ​រឿយ ៗ ដូចខ្សែ​ទឹកកាច់​បំបាក់​ដើមបបុស​ដូច្នោះ​ឡើយ។ អ្នក​ទំាំងឡាយ ចូរ​ធ្វើតាមនូវ​ពុទ្ធវចនៈ កុំឲ្យខណៈ​កន្លង​នូវអ្នក​ទាំងឡាយ​បាន ព្រោះថា បុគ្គល​ទំាំងឡាយ ដែលខណៈ​កន្លងហើយ តែង​សោកសៅ​ពេញ​បន្ទុក​ក្នុងនរក។ សេចក្តី​ប្រមាទ​ទុកជា​ធូលី ធូលី​កើតឡើង ព្រោះសេចក្តី​ប្រមាទ (ព្រោះ​ហេតុនោះ) បុគ្គលគួរ​តែដកនូវ​សរ គឺសេចក្តី​ប្រមាទ​របស់ខ្លួន​ចេញ ដោយ​សេចក្តី​មិនប្រមាទ​ដោយ​វិជ្ជា។ — មាលុង្ឃបុត្តត្ថេរ។

[២១៦] ចាប់ដើមតំាងពីខ្ញុំបួសមក ២៥ ឆ្នំា មិនដែល​បានសេចក្តី​ស្ងប់ចិត្ត​អស់កាល​សូម្បី​ត្រឹមតែ ១ ផ្ទាត់ម្រាមដៃ​សោះ។ ខ្ញុំត្រូវ​កាមរាគគ្របសង្កត់ មិនបាន​នូវ​ឯកគ្គតា​ចិត្ត ផ្គង​ដៃ​កន្ទក់​កន្ទេញ ហើយចេញ​ពីលំនៅ​ទៅ។ អាត្មាអញ (នឹងទម្លាក់ខ្លួន​អំពីដើមឈើ) ឬនឹង​យក​កាំបិតមក (ចាក់​សម្លាប់) ប្រយោជន៍​អ្វី ដោយការ​រស់នៅ​របស់អញ មនុស្ស​ប្រហែល​យ៉ាងអញ មិនសមបើ​ធ្វើមរណកាល​ដោយ​ការ​លាសិក្ខាទេ។ គ្រានោះ ខ្ញុំយក​កំាបិត​កោរ ចូលទៅ​អង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ (ត្រង់​បំពង់ក) ដើម្បីអារ​សរសៃ​បំពង់ក របស់ខ្លួន។ លំដាប់នោះ ខ្ញុំមានការ​ធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា ទោសកើត​ឡើងប្រាកដ សេចក្តី​នឿយណាយ ក៏តំាង​ឡើងព្រម។ តពីនោះមក ចិត្តខ្ញុំក៏​ផុតស្រឡះ អ្នកចូរ​ឃើញ​ធម៌​ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញ​បាន​សម្រេច​ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មា​អញ​បានធ្វើ​ស្រេច​ហើយ។ — សប្បទាសត្ថេរ។

[២១៧] (ព្រះសាស្តា ត្រាស់ថា) ម្នាល​កាតិយាន ចូរអ្នកក្រោក​អង្គុយឡើង កុំដេក​ច្រើន​ពេក ចូរភ្ញាក់​រលឹកឡើង មច្ចុរាជ​ជាមារ ចូរកុំឈ្នះ​អ្នក​ជាបុគ្គល​ខ្ជិលច្រអូស ដូចជា​នាយនេសាទ ប្រហារ​សត្វដោយ​ញញួរ។ ជាតិ និងជរា តែងប្រព្រឹត្ត​កន្លងអ្នក ដូចជា​កំឡាំង​មហាសមុទ្រ អ្នកនោះ ចូរធ្វើនូវ​ទីពឹង​ដ៏ល្អ​ដល់ខ្លួន ព្រោះថា គ្រឿងការពារ​ដទៃរបស់​អ្នក​ក្នុង​លោកនេះ មិនមាន​ទេ។ ដ្បិតព្រះសាស្តា ទ្រង់ចង្អុល​ប្រាប់​អរិយមគ្គ​នុ៎ះ ថាជាផ្លូវ​កន្លងចាក​គ្រឿងជាប់ ចាកភ័យ គឺជាតិ និង​ជរា ចូរអ្នកកុំ​ប្រមាទអស់​រាត្រី​ខាងដើម និង​ខាងចុង ចូរប្រឹង​ធ្វើព្យា​យាម​ឲ្យមាំមួន។ ខ្លួនអ្នកជា​អ្នកទ្រទ្រង់​សង្ឃាដិ កោរសក់​ដោយកំាំបិតកោរ និង​បរិភោគ​ភិក្ខាហារ ចូរលះបង់​កាមគុណ ដែលជា​ចំណង​ក្នុងកាល​មុនចេញ ម្នាល​កាតិយាន អ្នកកុំ​ប្រកប​ការត្រេកអរ​ក្នុងល្បែង​ផង កុំប្រកប​ការលក់​ផង ចូរចំរើន​ឈាន។ ម្នាល​កាតិយាន អ្នក​ចូរដុត ចូរឈ្នះ (នូវកិលេស) អ្នកជា​មនុស្ស​ឈ្លាសវៃ ក្នុងផ្លូវ​ជាទីក្សេម​ចាក​យោគៈ នឹងដល់​នូវព្រះនិព្វានដ៏​បរិសុទ្ធ​ក្រៃលែង ហើយរលត់​ដូចជា​គំនរភ្លើង​ដែល​រលត់​ដោយទឹក។ ម្នាល​ឥន្ទសគោត្រ កាលបើអ្នក​មិនប្រកាន់​យ៉ាងនេះ ចូរ​កំចាត់បង់​មារ​ឲ្យអស់ចេញ ដូច​ប្រទីប​ដែល​មានពន្លឺតិច ឬដូច​វល្លិ៍តូច ដែលខ្យល់​កំចាត់បង់​បាន​ដូច្នោះ។ អ្នកនោះ​ប្រាសចាក​តម្រេក​ក្នុងវេទនា​ទាំងឡាយ ដែលខ្លួន​ទទួលហើយ មានសេចក្ដី​ត្រជាក់ ចូររង់ចាំ​និព្វានកាល ក្នុង​ទីនេះចុះ។ — កាតិយានត្ថេរ។

[២១៨] មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះពុទ្ធ​ជាអាទិច្ចពន្ធុ មានចក្ខុ ទ្រង់​សំដែងហើយ​ដោយប្រពៃ ជាធម៌កន្លង​ចាកសំយោជនៈ​ទាំងអស់ ញុំាងវដ្តៈ​ទាំងអស់​ឲ្យ​វិនាស​នាំសត្វ​ចេញ​ចាក​វដ្តៈ ញុំាងសត្វឲ្យ​ឆ្លងចាក​ឱឃៈ ញុំាងឫសគល់​នៃ​ទុក្ខ គឺ​តណ្ហា​ឲ្យ​រីងស្ងួត ទំលាយ​នូវ​តណ្ហា មានឫស​ជាពិស ជាគ្រឿង​បៀតបៀន ញុំាងសត្វ​អោយដល់​នូវទី​រំលត់ទុក្ខ ជា​គ្រឿងកំចាត់​បង់នូវយន្ត គឺអត្តភាព​ដែលកើត​អំពីកម្ម ព្រោះ​ទំលាយ​នូវឫស​គល់នៃ​អវិជ្ជា​បាន ជាទីធ្លាក់ចុះ​នៃញាណ​ដ៏មុត ដូចកែវ​វជីរ ក្នុងកិរិយា​កំណត់​នូវវិញ្ញាណ ញុំាង​សត្វ​ឲ្យដឹង​នូវ​វេទនា​ទំាំងឡាយ ដោះសត្វ​អោយរួច​ចេញចាក​ឧបាទាន ជាគ្រឿង​ឃើញភព​ដូចជា​រណ្តៅ​រងើកភ្លើង ដោយ​បញ្ញាញាណ ជាធម៌មាន​រសដ៏ប្រសើរ ជាធម៌​ជ្រៅ ជាធម៌​ហាមឃាត់​នូវជរា និងមច្ចុ ជាធម៌​រម្ងាប់បង់​នូវកងទុក្ខ ជាធម៌​ដ៏ក្សេម ជាទីឃើញនូវ​ពន្លឺ​តាមពិត ព្រោះដឹង​នូវកម្ម ថាជា​កម្ម នូវផល​ថាជាផល​នៃធម៌​ទំាងឡាយ អាស្រ័យ​បច្ច័យ​កើត ត ៗ គ្នា រមែងជា​ធម៌ដល់នូវ​ទីដ៏ក្សេម​ប្រសើរ ជាធម៌ស្ងប់​ចាកកិលេស ជាធម៌​ចំរើន​ក្នុងទីបំផុត។ — មិគជាលត្ថេរ។

[២១៩] ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹង​ព្រោះជាតិផង ដោយភោគៈ និង​ឥស្សរិយយស​ផង ដោយ​សណ្ឋាន​វណ្ណៈ និង​រូប (ល្អ) ផង ខ្ញុំជាបុគ្គល​ប្រព្រឹត្ត​ស្រវឹង​ជ្រប់ហើយ។ ខ្ញុំត្រូវ​អតិមានះ​កំចាត់បង់​ហើយ ជាមនុស្ស​ពាល ជាអ្នក​រឹងរូស មានមានះ​ដូចជា​ទង់ជ័យ ដែល​គេលើក​ឡើងហើយ មិនបាន​សំគាល់​អ្នកណាមួយ ថាជា​បុគ្គលស្មើ​នឹងខ្លួន​ផង ថាជា​បុគ្គល​ក្រៃលែង​ជាងខ្លួន​ផង។ ខ្ញុំជាអ្នក​មានមានះ​រឹងរូស មិនអើពើ មិនក្រាប​សំពះអ្នក​ណាមួយ ទោះជា​មាតាក្ដី បិតាក្ដី ឬអ្នក​ដទៃដែល​សន្មតថា​គួរគោរព។ ខ្ញុំបាន​ឃើញ​ព្រះសាស្ដា ជា​អ្នកទូន្មាន​សត្វ​ប្រសើរ​ខ្ពង់ខ្ពស់​ជាងនាយ​សារថី​ទាំងឡាយ ព្រះអង្គ​រុងរឿង​ដូចព្រះអាទិត្យ មាន​ភិក្ខុសង្ឃ​ចោមរោម ក៏មានចិត្ត​ជ្រះថ្លា បានលះ​មានះ និង​សេចក្ដីស្រវឹង​ចេញអស់​ហើយ ទើបថ្វាយ​បង្គំព្រះសាស្ដា ព្រះអង្គ​ខ្ពង់ខ្ពស់​ជាងសព្វសត្វ​ដោយត្បូង។ ខ្ញុំបាន​លះបង់ គាស់​រំលើង​នូវសេចក្ដី​ប្រកាន់ថា វិសេស​ជាងគេផង នូវសេចក្ដី​ប្រកាន់ថា ថោកទាបជាង​គេផង បានផ្ដាច់ផ្ដិល​អស្មិមានះ​ចោលអស់​ហើយ ទាំងមានះ​ផ្សេង ៗ ទាំងអស់ ខ្ញុំក៏​បាន​កំចាត់​បង់ស្រឡះ​ហើយ។ — ជេន្តបុរោហិតបុត្តត្ថេរ។

[២២០] ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹង​បួសថ្មី ៗ បាន​សង្កត់សង្កិន​នាគរាជ​មាន​ឫទ្ធិច្រើន ដោយឫទ្ធិ ហើយដង​យកទឹកពី​ស្រះធំ ឈ្មោះ​អនោតត្ត មកប្រគេន​ព្រះ​ឧបជ្ឈាយ៍​ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដា​ទ្រង់​ទតឃើញ​ខ្ញុំហើយ បានត្រាស់​ព្រះពុទ្ធ​ដីកា​នេះថា ម្នាល​សារីបុត្ត អ្នកចូរមើល​កុមារតូចនេះ កំពុង​នាំយកនូវ​ក្អមទឹកមក មាន​ចិត្តតាំង​ខ្ជាប់ខ្ជួន​ខាងក្នុង។ សាមណេរ​របស់​ព្រះអនុរុទ្ធ មានវត្ត​គួរជ្រះថ្លា មាន​ឥរិយាបថ​បរិបូណ៌ និង​ជាអ្នក​ក្លៀវក្លា​ដោយឫទ្ធិ ជាបុរស​អាជានេយ្យ ដែល​ព្រះអនុរុទ្ធ ជាបុរស​អាជានេយ្យ ជា​សប្បុរស ឲ្យធ្វើ​តែអំពើ​ល្អ ណែនាំតែ​ខាងផ្លូវល្អ មានកិច្ច​ធ្វើរួចហើយ មាន​សិក្ខា​ឲ្យសិក្សា​ហើយ សុមនសាមណេ​រនោះ បានដល់នូវ​ព្រះនិព្វាន ជាទី​ស្ងប់រម្ងាប់​ក្រៃលែង បានធ្វើ​ឲ្យជាក់ច្បាស់​នូវ​អរហត្តផល ជាធម៌​មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យ​ជនណាមួយ​ស្គាល់អញ​ឡើយ។ — សុមនត្ថេរ។

[២២១] (ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវ​រោគខ្យល់​គ្របសង្កត់​ហើយ កាលនៅ​ក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ ជាព្រៃ​សៅហ្មង នឹងធ្វើ​ដូចម្ដេច​កើត។

(ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គ​មាន​បីតិ និង​សុខៈ​បរិបូណ៌​ផ្សាយទៅ​កាន់​រាងកាយ ហើយអត់​សង្កត់នូវ​អារម្មណ៍​ដ៏សៅហ្មង​ទាំងនៅ​ក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​ពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌​ដោយឈាន​ដ៏សុខុម ជាអ្នក​មិនមាន​អាសវៈ។ ខ្ញុំ​ព្រះអង្គ​បាន​ពិចារណា​ឃើញចិត្ត​ដ៏ស្អាត ផុតស្រឡះ​ចាកកិលេស ជាចិត្ត​មិនល្អក់​រឿយៗ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោត​ហើយដល់​ខ្ញុំព្រះអង្គ អាសវៈ​ទាំងអស់​នោះ ខ្ញុំព្រះអង្គ​បានផ្ដាច់ផ្ដិល​មិនឲ្យ​សេសសល់ មិន​កើតទៅ​ទៀតបាន​ទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គ​កំណត់ដឹង​ហើយ ខ្ញុំព្រះអង្គ​កាត់ឫសគល់​ដាច់​ហើយ ខ្ញុំព្រះអង្គ​បានដល់​នូវការអស់​ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមាន​ទៀតទេ។ — ន្ហាតកមុនិត្ថេរ។

[២២២] បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មាន​ចិត្តរួច​ចាក​អាសវៈ ព្រោះដឹង​ដោយប្រពៃ មានចិត្តស្ងប់​ចាកកិលេល មិនញាប់ញ័រ ដោយ​លោកធម៌ នឹង​មានសេចក្ដី​ក្រោធពីណា។ បុគ្គលណា​ខឹងតបចំពោះ​បុគ្គលដែល​ខឹង បុគ្គលនោះ នឹង​មាន​សេចក្ដីអាក្រក់ ព្រោះតែការ​ខឹងតបនោះ បុគ្គលមិន​ខឹងតបនឹង​បុគ្គល​ដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាម​ដែលគេឈ្នះ​បានដោយ​ក្រ។

បុគ្គលណា​ដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតី​ខំអត់សង្កត់ បុគ្គលនោះ ឈ្មោះ​ថា​ប្រព្រឹត្តនូវ​ប្រយោជន៍ ដើម្បីជន​ទាំងពីរ គឺដើម្បី​ខ្លួន ១ ដើម្បី​អ្នកដទៃ ១។ ពួកជន​មិន​ឈ្លាស​ក្នុងធម៌ រមែង​សំគាល់ជន​ទាំងពីរ គឺខ្លួន ១ អ្នកដទៃ ១ ដែលជា​អ្នកព្យាបាល​ព្យាធិ គឺ​ក្រោធបាន ថាជា​មនុស្សពាល។ បើសេចក្ដី​ក្រោធកើតឡើង​ដល់អ្នក ចូរអ្នកពិចារណា​នូវ​ឱវាទ ដែលឧបមា​ដោយ​រណារ បើចំណង់​ក្នុងរស​កើតឡើង​ដល់អ្នក ចូរអ្នក​រលឹកនូវ​ឱវាទ ដែល​ឧបមា​ដោយការបរិភោគ​សាច់កូន។ បើចិត្តរបស់​អ្នកស្ទុះទៅ​ក្នុងកាម​ទាំងឡាយក្ដី ក្នុង​ភពទាំង​ឡាយក្ដី ចូរអ្នកប្រញាប់​សង្កត់សង្កិន​ចិត្តនោះ​ដោយសតិ ដូចជា​បុរសសង្កត់​សង្កិន​គោកាច​ដែលស៊ី​សំណាប។ — ព្រហ្មទត្តត្ថេរ។

[២២៣] ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោច​នូវបុគ្គល​អ្នកបិទបាំង​អាបត្តិទុក មិនធ្លាក់​ស្រោច​នូវបុគ្គល​អ្នកបើក​អាបត្តិ ព្រោះហេតុនោះ បុគ្គល​ត្រូវបើក​អាបត្តិ ដែលខ្លួន​បិទបាំង​ហើយ កាលបើ​ធ្វើយ៉ាងនេះ ទើបភ្លៀង គឺអាបត្តិ មិនធ្លាក់​ស្រោចនូវ​បុគ្គលនោះ។ សត្វលោក​ត្រូវមច្ចុ​កំចាត់បង់​ហើយ ត្រូវជរា​ចោមរោម​ហើយ ត្រូវសរ គឺ​តណ្ហាមុត​ហើយ ត្រូវឥច្ឆា ឲ្យក្ដៅ​ក្រហាយ​ហើយ​សព្វកាល។ សត្វលោក​ត្រូវមច្ចុ​កំចាត់បង់​ហើយ ត្រូវជរា​បិទបាំងហើយ ជាសត្វ​ឥតមាន​ទីពឹង តែងលំបាក​ជានិច្ច ដូចជាមនុស្ស​អ្នកធ្វើកំហុស​នោះ​ដែលមាន​អាជ្ញា​សំរេច​ហើយ។ មច្ចុ ព្យាធិ និង​ជរា ទាំង ៣ នេះ ដូចជា​គំនរភ្លើង​កំពុងរាល​មក កំឡាំង​ដើម្បី​ទប់ទល់​មិនមាន សន្ទុះ​សម្រាប់រត់​ចេញ ក៏មិនមាន។ បុគ្គល​គប្បីធ្វើថ្ងៃ កុំឲ្យ​ឥតអំពើ ដោយ​កិច្ចតិច​ក្ដី ច្រើនក្ដី រាត្រី​រមែងអស់​ទៅយ៉ាង​ណា ៗ ជីវិត​របស់បុគ្គល​នោះ រមែង​ថយទៅ​យ៉ាងនោះ ៗ ដែរ។ រាត្រីខាង​ក្រោយរបស់​បុគ្គលអ្នក​ដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែង​កង្ខើញ​ចូលមកជិត កាលនេះ មិនមែនជា​កាលគួរអ្នក​ប្រមាទទេ។ — សិរិមណ្ឌត្ថេរ។

[២២៤] កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយ​សាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុ​មិនស្អាត) ចេញតាម​ទ្វារនោះ ៗ ដែលមនុស្ស​ខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និង​ផោដ្ឋព្វៈ ជាទីត្រេកអរ​នៃចិត្ត តែងបៀតបៀន​បុថុជ្ជន ដូចអ្នក​នេសាទ​ធ្វើវត្ថុឲ្យ​កំបាំង​ហើយ (ចាប់) ម្រឹគដោយ​គ្រឿងចង [មានអន្ទាក់ និងបង្កាត់ជាដើម។] (ចាប់) ត្រីដោយ​សន្ទូច (ចាប់) ស្វា​ដោយជ័រ កាមគុណ​ទាំង ៥ នេះឯង តែងប្រាកដ​ក្នុងរូប​នៃស្រី។ ពួកបុថុជ្ជនណា មានចិត្ត​ត្រេកអរ ហើយចូលទៅ​គប់រកស្រី​ទាំងនុ៎ះ ពួកបុថុជ្ជន​នោះ ឈ្មោះថា ធ្វើ​សង្សារវដ្ដ ដែលមាន​ទុក្ខដ៏​ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះ​ថា សន្សំនូវ​ភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញ​ចាក​ស្រីទាំង​នុ៎ះបាន ដូចគេជៀសវាង​ក្បាលពស់​ដោយជើង បុគ្គល​នោះ ឈ្មោះថា ជាអ្នកមាន​ស្មារតី ប្រព្រឹត្ត​កន្លងនូវ​តណ្ហាជា​គ្រឿងផ្សាយ​ទៅក្នុងលោក​នេះ​បាន។ ខ្ញុំឃើញ​ទោសក្នុង​កាមទាំងឡាយ ឃើញការ​ចាកចេញកាម ដោយ​ក្សេមក្សាន្ដ រលាស់​ចេញចាក​កាមទាំង​អស់ បានដល់នូវ​ការអស់​អាសវៈ​ហើយ។ — សព្វកាមត្ថេរ។

ឧទ្ទាន

និយាយអំពី​ឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១  មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុង​ឆក្កនិបាត​នេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។

ចប់ ឆក្កនិបាត។

ចប់ ភាគ៥៦។