ខុទ្ទកនិកាយ

ពីវិគីភីឌា

ព្រះត្រ័យបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ

សង្ខេប[កែប្រែ]

ខុទ្ទកនិកាយ (Khuddaka Nikaya) គឺ​ជា​ចង្កោម​ព្រះសូត្រ​ខ្លី​ៗ និង ជា​សៀវភៅ​​ចុង​ក្រោយ​​បំផុត ​ក្នុង​ចំណោម​គម្ពីរ​ទាំង ៥ នៃ​គម្ពីរព្រះត្រៃបិដក​ ។ ព្រះត្រ័យបិដក​ភាសា​ខ្មែរ​​​ បាន​រៀង​គម្ពីរ​ទាំង​ឡាយ​ នៅ​ក្នុង​និកាយ​នេះ​​ចាប់​តាំង​ពី​ សៀវភៅ​ភាគ៥២ រហូត​ដល់ភាគ៧៧ ដែល​​បរិយាយ​អំពី​ប្រធានបទ​ផ្សេង​​ ដែល​លើក​ឡើង​ដោយ​ព្រះ​ពុទ្ធ និង សាវ័ក​សំខាន់​ៗ​របស់​ព្រះ​ពុទ្ធ ។ តាម​រយៈ​សៀវភៅ "ប្រវត្តិ​​ពុទ្ធសាសនា​ នៅ​ប្រទេស​ឥណ្ឌា " (A History of Indian Buddhism), សាស្ត្រាចារ្យ ហ៊ីរ៉ាកាវ៉ា អាគីរ៉ា (Hirakawa Akira, 1915-2002) បាន​លើក​ឡើង​ថា គម្ពីរ​ខុទ្ទកនិកាយ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គោរព​ដំណាក់​កាល​នៃ​ការ​ចងក្រង​គម្ពីរ​ព្រះត្រៃបិដក ក្នុង​នោះ​បណ្តា​ឯកសារ​ថ្មី​ៗ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​គម្ពីរ​ដើម​ទាំង ៤ នៃ​សុត្តន្តបិដក​ទេ ​​គឺ​គេ​យក​មក​ចង​ទុក​ក្នុង​គម្ពីរ​​ខុទ្ទកនិកាយ ។ ចំណុច​នេះ​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា និទាន ឬ សេចក្តី​បង្រៀន​ទាំងឡាយ​នៅ​ក្នុង​គម្ពីរ​ខុទ្ទកនិកាយ អាច​មិន​មែន​ជា​ពាក្យ​សម្តី​ ដែល​ព្រះ​ពុទ្ធ​សមណគោតម ​បង្រៀន​ដោយ​​ផ្ទាល់​​​ព្រះ​អង្គ​ទេ ប៉ុន្តែ​អាច​ជា​ការ​និពន្ធ​របស់​សាវ័ក ឬ អ្នក​ប្រាជ្ញ​ជំនាន់​ក្រោយ​ៗ ​ដែល​ចេះ​ចាំ​ខាង​គម្ពីរ​វេទ​នៃ​សាសនា​ព្រាហ្មណ៍ ឬ ការ​និយាយ​តៗ​គ្នា ​អំពី​ការ​បង្រៀន​របស់​ព្រះ​ពុទ្ធ ។ សូម​រំលឹក​ថា គម្ពីរ​ដើម​ទាំង​ ៤ នៅ​ក្នុង​សុត្តន្តបិដក គឺ ទីឃនិកាយ (Digha Nikaya), មជ្ឈិមនិកាយ (Majjhima Nikaya), សំយុត្តនិកាយ (Samyutta Nikaya) និង អង្គុត្តរនិកាយ (Anguttara Nikaya) ។

ព្រះ​សូត្រ​​ក្នុង​ខុទ្ទកនិកាយ[កែប្រែ]

  1. ខុទ្ទកបាឋ : សៀវភៅ​ភាគ៥២ ទំព័រ​ទី ដល់ ២០ មាន​បទសូត្រខ្លីៗ ៩ បទ ។
  2. ធម្មបទគាថា : សៀវភៅ​ភាគ៥២ ទំព័រ​ទី ២១ ដល់ ១១២ គឺ​ជា​ប្រជុំ​សុភាសិត ទុក​ក្នុង​ ២៦ វគ្គ ត្រូវ​ជា ៤២៣ គាថា ។
  3. ឧទាន : សៀវភៅ​ភាគ៥២ ទំព័រ​ទី ១១៣ ដល់ ៣៥២ គឺ​ជា​ ពុទ្ធសុភាសិត ដែលបន្លឺចេញចាកព្រះឱស្ឋ។
  4. ឥតិវុត្តក : សៀវភៅ​ភាគ៥៣ មាន​វចនៈ ដែលពោលអាងដល់ព្រះពុទ្ធវចនៈ មាន ១១២ ព្រះសូត្រ
  5. សុត្តនិបាត : សៀវភៅ​ភាគ៥៤ មានព្រះសូត្រតូចៗ ៧០ សូត្រ ។
  6. វិមានវត្ថុ : សៀវភៅ​ភាគ៥៥ សម្តែងពីរឿងពួកធ្វើល្អហើយបានទៅកើតជាទេវបុត្រ, ទេវធីតា,ស្ថានសួគ៌
  7. បេតវត្ថុ : សៀវភៅ​ភាគ៥៦ ​ចាប់​ពី​ទំព័រ​ទី ១ ដល់​ទំព័រ ១៣៤ សម្តែងអំពី​មនុស្ស​ធ្វើ​បាបកម្ម​ទៅ​កើត​ជា​ពួកប្រេត
  8. ថេរគាថា : សៀវភៅ​ភាគ៥៦ ចាប់​ពី​ទំព័រ​ទី ១៣៥ ដល់​ទំព័រ ២៣៨ សៀវភៅ​ភាគ៥៧ ចាប់​ពី​ទំព័រ​ទី ១ ដល់​ទំព័រ​ទី​ ១៤៣ មានប្រជុំសុភាសិត​របស់​ភិក្ខុ​ទាំងឡាយ ។
  9. ថេរីគាថា : សៀវភៅ​ភាគ៥៧ ពី​ទំព័រ​ទី ១៤៤ ដល់​ទំព័រ​ទី​ ២៣៨ មាន​ប្រជុំ​សុភាសិត​​របស់​ភិក្ខុនី​ទាំងឡាយ ។
  10. ជាតក : សៀវភៅ​ភាគ៥៨,​ ភាគ៥៩, ភាគ៦០, ភាគ៦១, ភាគ៦២, និង ភាគ៦៣ គឺ​ជា​ប្រជុំជាតកទាំងអស់ ៥៥០​ជាតក​ដែល​ជា​ប្រវត្តិរឿងរ៉ាវពីអតីត​របស់ព្រះពោធិសត្វ
  11. និទ្ទេស : សៀវភៅ​ភាគ៦៤, ភាគ៦៥, ភាគ៦៦, ភាគ៦៧ និង ភាគ៦៨ ចែកជា ២ មានមហានិទ្ទេស និងចូឡនិទ្ទេស ដែលព្រះសារិបុត្តបាននាំយកព្រះសូត្រក្នុងសុត្តនិបាតមកអធិប្បាយឲ្យពិស្តារបន្ថែម ។
  12. បដិសម្ភិទាមគ្គ : សៀវភៅ​ភាគ៦៩, ភាគ៧០ និង ភាគ៧១ លើក​ពួកធម៌មាន ៣០ យ៉ាង មកអធិប្បាយ និង បែង​ចែក​ជា​ផ្នែក​តូចៗ ដោយពិស្តារ របស់ព្រះសារិបុត្ត
  13. អបទាន : សៀវភៅ​ភាគ៧២, ភាគ៧៣, ភាគ៧៤, ភាគ៧៥ និង ភាគ៧៦ ប្រមូល​​រួបរួមសម្តី ឬ ពាក្យពេចន៍ ចុងក្រោយ មុននឹងចូលបរិនិព្វានរបស់ព្រះអរហន្តទាំងឡាយ ព្រម​ទាំងព្រះសម្មាសម្ពុទ្ធ, ព្រះបច្ចេកពុទ្ធ និងព្រះសាវ័កពុទ្ធ
  14. ពុទ្ធវង្សពុទ្ធវំស : សៀវភៅ​ភាគ៧៧​ ចាប់​ពី​ទំព័រ​ទី ១ ដល់​ទំព័រ ២៣៨ រៀបរាប់អំពីព្រះពុទ្ធទាំង ២៤ អង្គ ពីអតីតកាល រហូតដល់ ព្រះពុទ្ធសមណគោតម ។
  15. ចរិយាបិដក : សៀវភៅ​ភាគ៧៧​ ចាប់​ពី​ទំព័រ​ទី ២៣៩ ដល់​ទំព័រ ២៣៨ រៀបរាប់​ប្រវត្តិរឿងរ៉ាវ ៣៥ ចរិយា នៃការកសាងបារមី របស់ព្រះបរមពោធិសត្វ ក្នុងភទ្ទកប្បនេះ ។

ឯកសារ​យោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ