ថេរីគាថា
ឯកនិបាត
[កែប្រែ]អញ្ញតរាថេរី
[កែប្រែ][២៦៦] ម្នាលថេរី នាងចូរដេកលក់ស្រួល នាងចូរធ្វើ (ចីវរបី) ដោយសំពត់ (បង្សុកូល) ហើយស្លៀកដណ្ដប់ចុះ ព្រោះរាគៈរបស់នាងស្ងប់រម្ងាប់ហើយ ដូចជាបន្លែស្ងួតក្នុងឆ្នាំង ។
ឮថា ភិក្ខុនីមួយរូបជាថេរី មិនប្រាកដ (ដោយនាម និងគោត្រជាដើម) បានពោលគាថា មានបការៈដូច្នេះ ។
មុត្តាថេរី
[កែប្រែ][២៦៧] ម្នាលនាងមុត្តា នាងចូររួចចាកយោគៈទាំងឡាយ ដូចជាព្រះចន្ទដែលរាហូចាប់ (ហើយរួចអំពីដៃ) នាងមានចិត្តរួចស្រឡះ មិនមានបំណុលទេ ចូរបរិភោគដុំបាយចុះ ។
ឮថា ព្រះមានព្រះភាគ ទ្រង់ទូន្មានរឿយៗ នូវសិក្ខមានា ឈ្មោះមុត្តា ដោយគាថា មានបការៈដូច្នេះ ។
បុណ្ណាថេរី
[កែប្រែ][២៦៨] ម្នាលនាងបុណ្ណា នាងចូរពេញដោយពោធិបក្ខិយធម៌ទាំងឡាយ ដូចជា ព្រះចន្ទ ក្នុងថ្ងៃ ១៥ កើត នាងចូរទំលាយនូវគំនរងងឹត គឺមោហៈ ដោយបញ្ញាដ៏បរិបូណ៌ ។
តិស្សាថេរី
[កែប្រែ][២៦៩] ម្នាលនាងតិស្សា ចូរនាងសិក្សាតាមសិក្ខា កុំឲ្យយោគៈទាំងឡាយគ្របសង្កត់នាងបាន នាងចូរជាស្រីប្រាសចាកយោគៈទាំងអស់ មិនមានអាសវៈ ប្រព្រឹត្តនៅក្នុងលោក ។
តិស្សាថេរីមួយរូប
[កែប្រែ][២៧០] ម្នាលនាងតិស្សា ចូរនាងប្រកបដោយធម៌ទាំងឡាយ ខណៈកុំកន្លងនាងឡើយ ព្រោះពួកជនដែលខណៈកន្លងហើយ រមែងសោកស្ដាយពេញប្រៀបក្នុងនរក ។
ធីរាថេរី
[កែប្រែ][២៧១] ម្នាលនាងធីរា នាងចូរពាល់ត្រូវនូវនិរោធជាសុខ ជាទីរម្ងាប់នូវសញ្ញា នាងចូរត្រេកអរនឹងព្រះនិព្វានដ៏ក្សេមចាកយោគៈប្រសើរបំផុត ។
ធីរាថេរីមួយរូប
[កែប្រែ][២៧២] ធីរាភិក្ខុនី មានឥន្រ្ទិយអប់រំហើយដោយធម៌ទាំងឡាយ ជាប្រធាននៃព្យាយាម នាងចូរផ្ចាញ់នូវមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុត ។
មិត្តាថេរី
[កែប្រែ][២៧៣] ម្នាលនាងមិត្តា នាងបួសដោយសទ្ធាហើយ ចូរជាអ្នកត្រេកអរក្នុងកល្យាណមិត្ត ចូរចម្រើននូវកុសលធម៌ទាំងឡាយ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ។
ភទ្រាថេរី
[កែប្រែ][២៧៤] ម្នាលនាងភទ្រា នាងបួសដោយសទ្ធាហើយ ចូរជាអ្នកត្រេកអរក្នុងធម៌ដ៏ចម្រើន (មានសីលជាដើម) នាងចូរចម្រើននូវកុសលធម៌ទាំងឡាយ (ដើម្បីដល់) នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរបំផុត ។
ឧបសមាថេរី
[កែប្រែ][២៧៥] ម្នាលនាងឧបសមា នាងគប្បីឆ្លងអន្លង់ គឺសង្សារ ជាទីនៅនៃម្រឹត្យុ ដែលពួកសត្វឆ្លងបានដោយកម្រក្រៃពេក ចូរនាងផ្ចាញ់នូវមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់នូវរាងកាយជាទីបំផុត ។
មុត្តាថេរី
[កែប្រែ][២៧៦] ខ្ញុំជាអ្នករួចដោយល្អ រួចដោយប្រពៃ ព្រោះការរួចចាកអាការគម បីយ៉ាង គឺត្បាល់ [ស្ត្រីកាលលូកដៃផាត់ប្រមូលគ្រាប់ស្រូវក្នុងត្បាល់ ត្រូវបង្អោនខ្នងឲ្យកោង ដូចមនុស្សគម ។] ១ អង្រែ [លើកអង្រែបុកស្រូវ ក៏ត្រូវបង្អោនខ្នងដូចគ្នា ។] ១ ប្ដីគម [ចំណែកស្វាមីជាមនុស្សគមដែរ ។] ១ ខ្ញុំជាអ្នករួចចាកជាតិ និងមរណៈហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភព ខ្ញុំដកចេញហើយ ។
ធម្មទិន្នាថេរី
[កែប្រែ][២៧៧] នាងថេរីណា មានចំណង់កើតហើយ (ដើម្បីផលដ៏ប្រសើរ) ញ៉ាំងសមណកិច្ចឲ្យសម្រេចហើយ គប្បីជាអ្នកពាល់ត្រូវ (នូវព្រះនិព្វាន) ដោយមគ្គចិត្ត (បីខាងក្រោម) មានចិត្តមិនជាប់ទាក់ទងក្នុងកាមទាំងឡាយ (នាងថេរីនោះ) បណ្ឌិតតែងហៅថា ឧទ្ធំសោតា (អ្នកមានខ្សែ គឺមគ្គ និងខ្សែ គឺសង្សារ ក្នុងខាងលើ) ។
វិសាខាថេរី
[កែប្រែ][២៧៨] អ្នកទាំងឡាយ ចូរធ្វើតាមព្រះពុទ្ធសាសនា ដែលគេធ្វើហើយ មិនក្ដៅក្រហាយតាមក្រោយ ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ។
សុមនាថេរី
[កែប្រែ][២៧៩] នាងឃើញធាតុទាំងឡាយ ថាជាទុក្ខ កុំមកកាន់កំណើតថ្មីទៀតឡើយ នាងរំសាយចំណង់ក្នុងភពចេញ ទើបស្ងប់រម្ងាប់បាន ។
ឧត្តរាថេរី
[កែប្រែ][២៨០] ខ្ញុំជាអ្នកសង្រួមដោយកាយ ដោយវាចា ដោយចិត្ត បានដកតណ្ហា ព្រមទាំងឫស (ឬព្រមទាំងអវិជ្ជា) ជាអ្នកមានចិត្តត្រជាក់ សម្រេចអនុបាទិសេសនិព្វានធាតុ ។
សុមនាថេរីបួសឯចាស់
[កែប្រែ][២៨១] ម្នាលនាងចម្រើនដោយសីលាទិគុណ នាងចូរដេកស្រួល នាងចូរធ្វើ (ចីវរ) ដោយសំពត់ (បង្សុកូល) ស្លៀកដណ្ដប់ ព្រោះថា បើរាគៈរបស់នាងស្ងប់រម្ងាប់ហើយ នាងនឹងជាស្រ្ដីមានចិត្តត្រជាក់ រលត់កិលេស ។
ធម្មាថេរី
[កែប្រែ][២៨២] ខ្ញុំមានកម្លាំងថយ កាន់ឈើច្រត់ ដើរទៅបិណ្ឌបាត មានខ្លួនធេងធោង ដួលលើផែនដីក្នុងទីនោះឯង លំដាប់នោះ ចិត្តរបស់ខ្ញុំក៏រួចស្រឡះ (ចាកកិលេស) ព្រោះឃើញទោសក្នុងកាយ ។
សង្ឃាថេរី
[កែប្រែ][២៨៣] ខ្ញុំបានលះបង់ផ្ទះ លះកូនជាទីស្រឡាញ់ និងសត្វចិញ្ចឹម ហើយមកបួស បានលះរាគៈ និងទោសៈ រំសាយអវិជ្ជា គឺមោហៈ បានដកតណ្ហា ព្រមទាំងឫស ជាស្រីស្ងប់រម្ងាប់ ហើយបានសម្រេចអនុបាទិសេសនិព្វានធាតុ ។
ចប់ ឯកនិបាត ។
ទុកនិបាត
[កែប្រែ]នន្ទាថេរី
[កែប្រែ][២៨៤] ម្នាលនាងនន្ទា នាងចូរមើល (រាងកាយនេះ) មានជំងឺជានិច្ច មិនស្អាត ជារបស់ស្អុយ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំឡើងហើយ ចូរនាងអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំល្អ ។ ចូរនាងចម្រើននូវអនិមិត្ត ចូរលះចោលនូវមានានុស័យ នាងនឹងបានស្ងប់រម្ងាប់ ព្រោះបានលះនូវមានះនោះ ។
ឮថា ព្រះមានព្រះភាគ ទ្រង់ទូន្មានរឿយៗ នូវសិក្ខមានា ឈ្មោះនន្ទា ដោយគាថាទាំងនេះ ដោយប្រការដូច្នេះ ។
ជន្ដាថេរី
[កែប្រែ][២៨៥] ពោជ្ឈង្គប្រាំពីរនេះណា ជាឧបាយដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ ខ្ញុំបានចម្រើនតាមលំអាន ដែលព្រះពុទ្ធទ្រង់សំដែងហើយ ។ ព្រោះថា ព្រះមានព្រះភាគអង្គនោះ ខ្ញុំបានឃើញហើយ រាងកាយនេះ មានក្នុងទីបំផុត ជាតិសង្សារ (នៃខ្ញុំ) អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ ។
សុមង្គលមាតាថេរី (Sumaṅgala’s Mother)
[កែប្រែ][២៨៦] អញរួចស្រឡះ ផុតស្រឡះ រួចល្អហើយចាកអង្រែ ចាកប្ដីរបស់អញដែលមិនមានសេចក្ដីអៀនខ្មាស អញមិនគាប់ចិត្តនឹងរបរធ្វើឆត្ររបស់ប្ដីអញ អញផុតស្រឡះពីឆ្នាំងដែលដុះផ្សិត និងមានក្លិនឆ្អាប ។ អញបានផ្ដាច់ផ្ដិលរាគៈ និងទោសៈហើយ អញចូលទៅរកគល់ឈើ ហើយចម្រើនឈានជាសុខថា "ឱ សុខណាស់តើ" ។
អឌ្ឍកាសីថេរី
[កែប្រែ][២៨៧] សួយក្នុងជនបទឈ្មោះកាសី មានចំនួនប៉ុន្មាន សួយរបស់ខ្ញុំ ក៏មានចំនួនប៉ុណ្ណោះដែរ អ្នកនិគម បានធ្វើ (ទ្រព្យចំនួន ៥០០) នោះ ឲ្យជាថ្លៃ ហើយតាំងទុកនូវខ្ញុំ (ដោយឈ្មោះថាអឌ្ឍកាសី) ដែលមានថ្លៃដោយថ្លៃ ។ ក្នុងកាលជាខាងក្រោយមក ខ្ញុំក៏បាននឿយណាយក្នុងរូប កាលបើនឿយណាយ ក៏រសាយចិត្តថា សូមកុំឲ្យខ្ញុំអន្ទោលទៅកាន់ជាតិសង្សាររឿយៗ ទៀត វិជ្ជា ៣ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ សាសនាព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។
ចិត្តាថេរី
[កែប្រែ][២៨៨] ពិតមែនតែខ្ញុំជាស្រីស្គម មានជំងឺ មានកម្លាំងថយខ្លាំង ច្រត់ដម្បងឡើងទៅលើភ្នំ ។ ដាក់នូវសង្ឃាដី ផ្កាប់នូវបាត្រទុក (អង្គុយ) លើភ្នំ អាចទំលាយនូវគំនរងងឹត គឺមោហៈបាន ហើយសង្កត់សង្កិននូវខ្លួន (ដោយការទំលាយនូវគំនរងងឹត គឺមោហៈនោះឯង) ។
មេត្តិកាថេរី
[កែប្រែ][២៨៩] ពិតមែនហើយតែខ្ញុំជាអ្នករងទុក្ខ មានកម្លាំងថមថយ មានវ័យកន្លងជ្រុលហើយ ច្រត់ដំបងឡើងទៅលើភ្នំ ។ ដាក់នូវសង្ឃាដី ផ្កាប់នូវបាត្រ អង្គុយលើភ្នំ លំដាប់នោះ ចិត្តរបស់ខ្ញុំរួចស្រឡះហើយ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនាព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ។
មិត្តាថេរី
[កែប្រែ][២៩០] ខ្ញុំជាអ្នកត្រេកអរនឹងពួកទេវតា (ក្នុងឋនចាតុម្មហារាជិកា) បានរក្សាឧបោសថប្រកបដោយអង្គ ៨ អស់តិថីទី ១៤ តិថីទី ១៥ និងតិថីទី ៨ នៃបក្សផង និងបាដិហារិកបក្ខៈផង ថ្ងៃនេះ ខ្ញុំនោះ មានភត្តតែម្ដង កោរសក់ ដណ្ដប់សង្ឃាដី មិនគប្បីប្រាថ្នានូវពួកទេវតា (ណាមួយ) ទេ គប្បីបន្ទោបង់នូវសេចក្ដីក្រវល់ក្រវាយ ក្នុងហ្ឫទ័យ (តែប៉ុណ្ណោះ) ។
អភយមាតាថេរី
[កែប្រែ][២៩១] បពិត្រមាតា សូមលោកពិចារណារាងកាយនេះ ជារបស់មិនស្អាត មានក្លិនស្អុយ ខាងលើអំពីបាទជើង ខាងក្រោមអំពីចុងសក់ ។ កាលខ្ញុំប្រព្រឹត្តយ៉ាងនេះ បានដករាគៈទាំងពួងហើយ បានផ្ដាច់សេចក្ដីក្រវល់ក្រវាយអស់ហើយ ជាអ្នកមានចិត្តត្រជាក់ រលត់ទុក្ខហើយ ។
អភយាថេរី
[កែប្រែ][២៩២] ម្នាលនាងអភយា ពួកបុថុជ្ជនជាប់ចំពាក់ក្នុងរាងកាយណា រាងកាយ (នោះ) ជាសភាពបែកធ្លាយ អាត្មាអញជាអ្នកដឹងខ្លួន មានស្មារតីតាំងស៊ប់ នឹងដាក់ចុះនូវរាងកាយនេះចោលចេញ ។ អាត្មាអញត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ ជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ ។
សាមាថេរី
[កែប្រែ][២៩៣] អាត្មាអញមិនទាន់បានសេចក្ដីស្ងប់រម្ងាប់នៃចិត្ត មិនលុះអំណាចក្នុងភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង ។ អាត្មាអញនោះ ត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ បានដកតណ្ហាហើយក្នុងរាត្រីទី ៨ អាត្មាអញជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ ។
ចប់ ទុកនិបាត ។
តិកនិបាត
[កែប្រែ]សាមាថេរីដទៃទៀត
[កែប្រែ][២៩៤] តាំងពីកាលអាត្មាអញបួសមក បាន ២៥ ឆ្នាំហើយ អាត្មាអញមិនទាន់បានស្គាល់នូវសេចក្ដីស្ងប់ចិត្តម្ដងទេ ។ អាត្មាអញមិនបានសេចក្ដីស្ងប់ចិត្ត មិនលុះអំណាចក្នុងភាវនាចិត្ត តែតមក អាត្មាអញរឭកដល់សាសនានៃព្រះជិនស្រី ក៏បានដល់នូវសេចក្ដីសំវេគ ។ អាត្មាអញត្រូវទុក្ខធម៌ជាច្រើនពាល់ត្រូវហើយ ជាអ្នកត្រេកអរក្នុងសេចក្ដីមិនប្រមាទ បានសម្រេចនូវការអស់ទៅនៃតណ្ហា សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ ថ្ងៃនេះជារាត្រី ទី ៧ របស់អាត្មាអញ ជារាត្រីដែលតណ្ហារីងស្ងួត ។
ឧត្តមាថេរី
[កែប្រែ][២៩៥] អាត្មាអញ មិនបានសេចក្ដីស្ងប់រម្ងាប់ចិត្ត មិនលុះក្នុងអំណាចភាវនាចិត្ត បានចេញទៅខាងក្រៅអំពីលំនៅ ៤ ដង ៥ ដង ។ អាត្មាអញនោះ បានចូលទៅរកភិក្ខុនី ដែលអាត្មាអញគួរជឿ (បដាចារាថេរី) ភិក្ខុនីនោះ បានសំដែងធម៌ គឺ ខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ ។ លុះអាត្មាអញ បានស្ដាប់ធម៌របស់លោក តាមទំនងដែលលោកបានប្រៀនប្រដៅ អាត្មាអញក៏ឆ្អែតដោយបីតិ និងសុខៈ អង្គុយលើបល្ល័ង្កមួយ អស់ ៧ ថ្ងៃ ។ ក្នុងថ្ងៃទី ៨ អាត្មាអញបានទំលាយគំនរងងឹត គឺមោហៈ ហើយសណ្ដូកជើងទាំងគូ ។
ឧត្តមាថេរី មួយរូប
[កែប្រែ][២៩៦] ពោជ្ឈង្គទាំង ៧ ណា ជាឧបាយដើម្បីដល់នូវព្រះនិព្វាន ពោជ្ឈង្គទាំងអស់នោះ អាត្មាអញបានចម្រើនហើយ តាមលំអានដែលព្រះពុទ្ធសំដែងហើយ ។ អាត្មាអញជាឱរសធីតារបស់ព្រះពុទ្ធ ជាអ្នកត្រេកអរចំពោះព្រះនិព្វាន ក្នុងកាលទាំងពួង ជាអ្នកបានសុញ្ញសមាបត្តិ និងអនិមិត្តសមាបត្តិ តាមប្រាថ្នា ។ កាមទាំងអស់ ទោះជាទិព្វក្ដី ជារបស់មនុស្សក្ដី អាត្មាអញបានកាត់ផ្ដាច់ផ្ដិលហើយ ជាតិសង្សាររបស់អាត្មាអញ អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ ។
ទន្ដិកាថេរី
[កែប្រែ][២៩៧] អាត្មាអញបានចេញទៅ អំពីទីសម្រាក ក្នុងវេលាថ្ងៃ លើភ្នំឈ្មោះ គិជ្ឈកូដ ហើយបានឃើញដំរីដែលចុះឡើង ក្បែរឆ្នេរស្ទឹង (ឈ្មោះចន្ទភាគា) ។ បុរសកាន់កង្វេរ បង្គាប់ថា ឯងចូរជូនជើងមក ដំរីក៏ជូនជើង ហើយបុរសក៏ឡើងជិះដំរី ។ អាត្មាអញបានឃើញដំរី ដែលគេមិនទាន់ទូន្មាន គេអាចទូន្មាន ឲ្យលុះក្នុងអំណាចរបស់ពួកមនុស្សបាន ហើយក៏ទៅកាន់ព្រៃ តាមកិរិយារបស់ដំរីនោះ ក៏បានធ្វើចិត្តឲ្យនឹងធឹង ព្រោះឃើញដំរីនោះ ។
ឧព្វិរីថេរី
[កែប្រែ][២៩៨] ម្នាលនាងឧព្វិរី នាងកន្ទក់កន្ទេញក្នុងព្រៃថា ម្នាលជីវៈមាសម្ដាយ ដូច្នេះ នាងចូរដឹងខ្លួន កូនស្រីរបស់នាងទាំងអស់ ៨៤.០០០ មានឈ្មោះថាជីវៈដូចគ្នា ត្រូវគេដុតក្នុងឈាបនដ្ឋាននេះ បណ្ដាកូនស្រីទាំងនោះ តើនាងសោកចំពោះកូនស្រីណា ។
សរ គឺសេចក្ដីសោក អាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំព្រះអង្គ ជារបស់ដែលគេឃើញបានដោយក្រ បានដកចេញហើយ ព្រះអង្គបានបន្ទោបង់នូវសេចក្ដីសោក ព្រោះកូនស្រីរបស់ខ្ញុំព្រះអង្គ ដែលត្រូវសេចក្ដីសោកគ្របសង្កត់ហើយ ។ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គនោះ មានសរដកហើយ ជាអ្នកមិនមានសេចក្ដីស្រេកឃ្លាន បានរំលត់ទុក្ខហើយ ខ្ញុំព្រះអង្គ សូមដល់ព្រះពុទ្ធជាអ្នកប្រាជ្ញផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ ។
សុក្កាថេរី
[កែប្រែ][២៩៩] ពួកមនុស្ស ក្នុងក្រុងរាជគ្រឹះនេះ សម្ងំធ្វើកិច្ចអ្វី ដូចជាបុគ្គលសម្ងំផឹកទឹកឃ្មុំ ក៏មិននាំគ្នាចូលទៅរកនាងសុក្កាថេរី ដែលកំពុងប្រកាសព្រះពុទ្ធសាសនា ។ ពួកបណ្ឌិតបុរស ប្រកបដោយប្រាជ្ញា ទំនងជាបានក្រេបផឹកនូវធម៌នោះ ជាធម៌មិនគប្បីដឹកនាំបុគ្គលឲ្យត្រឡប់ថយ ជាធម៌មិនលាយឡំ មានឱជារស ដូចជាពួកអ្នកដើរផ្លូវឆ្ងាយ បានក្រេបផឹកនូវទឹកភ្លៀង ។
ព្រះនាងសុក្កាថេរី មានលោកុត្តរធម៌ដ៏បរិសុទ្ធល្អ ជាស្រីប្រាសចាករាគៈហើយ ជាអ្នកនឹងធឹង ឈ្នះមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់រាងកាយ មានក្នុងទីបំផុត ។
សេលាថេរី
[កែប្រែ][៣០០] ការរលាស់ខ្លួនចេញ (ចាកភព) ក្នុងលោក របស់នាង មិនមានទេ នាងនឹងធ្វើអ្វីដោយវិវេក នាងចូរបរិភោគនូវតម្រេកដែលអាស្រ័យនូវកាមទាំងឡាយ កុំឲ្យក្ដៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ ។
កាមទាំងឡាយមានឧបមាដោយលំពែង និងដែកសូល ជាគ្រឿងកាប់ចិញ្រ្ចាំនូវឧបាទានក្ខន្ធទាំងឡាយ អ្នកឯងពោល (សំដៅ) តម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ ជាទីអផ្សុកដល់អាត្មាទេតើ ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង យើងបានកំចាត់ចេញហើយ គំនរងងឹត យើងបានទំលុះទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកឯងចូរដឹងយ៉ាងនេះចុះ ម្នាលមារថោកទាប អ្នកឯងយើងកំចាត់ចេញបានហើយ ។
សោមាថេរី
[កែប្រែ][៣០១] ពួកឥសី (មានព្រះពុទ្ធជាដើម) គប្បីដល់នូវឋនៈណា ដែលបុគ្គលដទៃមិនងាយនឹងបានសម្ភព ស្ត្រីមិនអាចនឹងដល់នូវឋនៈនោះ ដោយប្រាជ្ញាប្រវែងពីរធ្នាប់បានទេ ។
កាលបើចិត្តរបស់បុគ្គល អ្នកឃើញច្បាស់នូវធម៌ដោយប្រពៃ បានតម្កល់មាំហើយ កាលបើញាណកំពុងតែប្រព្រឹត្តទៅ តើស្ត្រីភាព ហេតុម្ដេចមិនគប្បីធ្វើនូវឋនៈនោះបាន ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង យើងបានកំចាត់ចេញហើយ គំនរងងឹត យើងបានទំលុះទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកឯងចូរដឹងយ៉ាងនេះចុះ ម្នាលមារថោកទាប អ្នកឯង យើងកំចាត់ចេញបានហើយ ។
ចប់ តិកនិបាត ។
ចតុក្កនិបាត
[កែប្រែ]ភទ្ទកាបិលានីថេរី
[កែប្រែ][៣០២] ព្រះថេរៈឈ្មោះកស្សប ជាបុត្តពុទ្ធទាយាទ មានចិត្តតម្កល់មាំល្អ លោកបានដឹងនូវបុព្វេនិវាស ទាំងឃើញឋនសួគ៌ និងអបាយ លំដាប់អំពីនោះមក លោកបានដល់នូវធម៌ជាទីអស់ទៅនៃជាតិ បានសម្រេចនូវអភិញ្ញា ជាអ្នកប្រាជ្ញ ជាព្រាហ្មណ៍ បានសម្រេចវិជ្ជា ៣ ដោយវិជ្ជា ៣ នេះ ។ ព្រះថេរីឈ្មោះ ភទ្ទកាបិលានី ក៏យ៉ាងនោះដែរ បានសម្រេចវិជ្ជា ៣ ញ៉ាំងមច្ចុឲ្យសាបសូន្យ ឈ្នះមារ ព្រមទាំងវាហនៈ ហើយទ្រទ្រង់រាងកាយ ជាទីបំផុត ។ យើងទាំងពីររូប បានឃើញទោសក្នុងលោក ហើយមកបួស យើងទាំងនោះ ជាព្រះខីណាស្រព បានទូន្មានខ្លួនហើយ ជាអ្នកមានចិត្តត្រជាក់ បាននិព្វានហើយ ។
ចប់ ចតុក្កនិបាត ។
បញ្ចកនិបាត
[កែប្រែ]ភិក្ខុនីមួយរូប មាននាម និងគោត្រមិនប្រាកដ
[កែប្រែ][៣០៣] តាំងពីកាលអាត្មាអញបួសមក បាន ២៥ វស្សាហើយ មិនបានសេចក្ដីស្ងប់ចិត្ត សូម្បីត្រឹមមួយផ្ទាត់ម្រាមដៃ ។ អាត្មាអញមានចិត្តទទឹកដោយកាមរាគៈ មិនបានសេចក្ដីស្ងប់ចិត្ត ផ្គងដើមដៃកន្ទក់កន្ទេញ ហើយចូលទៅកាន់លំនៅ ។ អាត្មាអញនោះ ចូលទៅរកភិក្ខុនី (ធម្មទិន្នាថេរី) ជាស្ត្រីដែលអាត្មាអញគួរជឿ លោកបានសំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ ។ លុះអាត្មាអញបានស្ដាប់ធម៌របស់លោកហើយ បានចូលទៅក្នុងទីសមគួរ ដឹងនូវបុព្វេនិវាស បានជម្រះទិព្វចក្ខុ ។ ចេតោបរិយញ្ញាណ និងសោតធាតុ អាត្មាអញបានជម្រះហើយ ឫទ្ធិ៍អាត្មាអញបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ អាត្មាអញបានសម្រេចហើយ អភិញ្ញា ៦ អាត្មាអញបានធ្វើឲ្យច្បាស់ហើយ ព្រះពុទ្ធសាសនា អាត្មាអញក៏បានធ្វើហើយ ។
វិមលាថេរី ជាស្រីពេស្យាពីដើម
[កែប្រែ][៣០៤] អាត្មាអញស្រវឹង រឹងត្អឹង ដោយការសរសើរគុណផង ដោយរូបសម្បត្តិផង ដោយលំអដ៏លើសផង ដោយយសផង ដោយវ័យផង បានមើលងាយពួកស្រីដទៃ ។ អាត្មាអញស្អិតស្អាងរាងកាយនេះ ឲ្យវិចិត្រល្អ ឲ្យជាទីរាក់ទាក់នៃជនពាល ហើយឈរក្បែរទ្វារផ្ទះនៃស្រីពេស្យា ដូចជាព្រានម្រឹគដាក់អន្ទាក់ ។ អាត្មាអញសំដែងគ្រឿងប្រដាប់ និងអវយវៈដ៏កំបាំង ឲ្យជាក់ច្បាស់ជាច្រើន សើចក្អាកក្អាយ បានធ្វើមាយាច្រើនយ៉ាង (ដើម្បី) ញ៉ាំងជនពាលជាច្រើន (ឲ្យស្រើបស្រាល) ។ ក្នុងថ្ងៃនេះ អាត្មាអញនោះ បានកោរសក់ ដណ្ដប់សង្ឃាដី ដើរទៅបិណ្ឌបាត រួចអង្គុយក្រោមម្លប់ឈើ ជាអ្នកបាននូវធម៌ដែលមិនមានវិតក្កៈ ។ គ្រឿងប្រកបទាំងពួង ទោះជាទិព្វក្ដី ជារបស់មនុស្សក្ដី អាត្មាអញបានផ្ដាច់ផ្ដិលហើយ អាត្មាអញបានញ៉ាំងអាសវៈទាំងពួង ឲ្យអស់ហើយ ជាអ្នកមានចិត្តត្រជាក់ រំលត់ទុក្ខហើយ ។
សីហាថេរី
[កែប្រែ][៣០៥] កាលពីដើម អាត្មាអញត្រូវកាមរាគៈបៀតបៀន ជាអ្នកមានចិត្តរវើរវាយ មិនលុះក្នុងអំណាចភាវនាចិត្ត ព្រោះធ្វើទុកក្នុងចិត្តមិនជាឧបាយនៃប្រាជ្ញា ។ អាត្មាអញ លុះត្រូវកិលេសទាំងឡាយរួបរឹតហើយ ជាអ្នកប្រព្រឹត្តតាមសេចក្ដីសំគាល់ក្នុងកាម ថាជាសុខ ជាអ្នកលុះក្នុងអំណាចនៃចិត្តដែលប្រកបដោយរាគៈ ក៏មិនបាននូវសេចក្ដីស្ងប់ចិត្តឡើយ ។ អាត្មាអញទៅជាស្គម ស្លេកស្លាំង ស្អាប់សម្បុរ ប្រព្រឹត្តមកអស់ ៧ ឆ្នាំហើយ អាត្មាអញដល់នូវសេចក្ដីទុក្ខក្រៃពេក មិនបានសេចក្ដីសុខ ទាំងថ្ងៃទាំងយប់ ។ ព្រោះមិនមានសេចក្ដីសុខនោះ អាត្មាអញក៏បានកាន់ខ្សែចូលទៅក្នុងចន្លោះព្រៃ (ដោយគិតថា) អាត្មាអញ ចងកក្នុងទីនេះប្រសើរ ត្រង់វិលទៅកាន់ភេទថោកទាបវិញ មិនប្រសើរឡើយ ។ អាត្មាអញបានធ្វើអន្ទាក់យ៉ាងមាំ ចងនឹងមែកឈើ ដាក់អន្ទាក់ត្រង់ក ក៏ស្រាប់តែចិត្តរបស់អាត្មាអញរួចស្រឡះ ។
នន្ទាថេរី
[កែប្រែ][៣០៦] ម្នាលនាងនន្ទា នាងចូរមើលរាងកាយ ដែលមានជំងឺជានិច្ច មិនស្អាត ជារបស់ពុករលួយ ដែលឆ្អឹង ៣០០ កំណាត់ផ្គុំឡើងហើយ (នេះ) នាងចូរអប់រំចិត្តដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំល្អ ។ សរីរៈនេះយ៉ាងណា សរីរៈរបស់នាងហ្នឹង ក៏យ៉ាងនោះដែរ សរីរៈរបស់នាងហ្នឹងយ៉ាងណា សរីរៈនេះ ក៏យ៉ាងនោះដែរ នាងកុំខ្ជិលច្រអូស ខំពិចារណារាងកាយនុ៎ះ ទាំងយប់ ទាំងថ្ងៃ យ៉ាងនេះឯងថា សរីរៈ (នេះ) ដែលពួកជនពាលរីករាយ ជារបស់ពុករលួយ មានក្លិនអាក្រក់ ។ លំដាប់អំពីនោះ ខ្ញុំក៏បានពិនិត្យឃើញដោយប្រាជ្ញារបស់ខ្លួន ។ ខ្ញុំនោះមិនធ្វេសប្រហែស ខំពិចារណាដោយឧបាយនៃប្រាជ្ញា ក៏បានឃើញកាយនេះ ទាំងខាងក្នុង ទាំងខាងក្រៅ តាមពិត ។ ខាងក្រោយមក ខ្ញុំនឿយណាយក្នុងកាយ រសាយក្នុងសន្ដាន ជាអ្នកមិនធ្វេសប្រហែស ក៏បានប្រាសចាកយោគៈ មានចិត្តស្ងប់ មានទុក្ខរលត់ហើយ ។
នន្ទុត្តរាថេរី
[កែប្រែ][៣០៧] អាត្មាអញបានថ្វាយបង្គំភ្លើងផង ព្រះចន្ទផង ព្រះអាទិត្យផង ពួកទេវតាផង រួចហើយអាត្មាអញទៅកាន់កំពង់នៃស្ទឹងទាំងឡាយ ហើយចុះទៅក្នុងទឹក អាត្មាអញ សមាទាននូវវត្តច្រើនយ៉ាង គឺកោរក្បាលពាក់កណ្ដាល សម្រេចការដេកលើផែនដី មិនបានបរិភោគបាយក្នុងវេលាយប់ ។ អាត្មាអញត្រេកអរក្នុងការស្អិតស្អាង និងការប្រដាប់ លុះកាមរាគៈបៀតបៀនហើយ ក៏បានទំនុកបំរុងកាយនេះ ដោយគ្រឿងងូត និងគ្រឿងអប់ ។ ក្នុងកាលខាងក្រោយមក ខ្ញុំបាននូវសទ្ធា (ក្នុងសំណាក់នៃព្រះមហាមោគ្គល្លានត្ថេរ) ហើយបួសក្នុងធម្មវិន័យ កាមរាគៈ ខ្ញុំបានដកចេញហើយ ព្រោះបានឃើញនូវរាងកាយ តាមពិត ។ ភពទាំងអស់ផង សេចក្ដីប្រាថ្នាផង សេចក្ដីតាំងចិត្តទុកផង អាត្មាអញបានផ្ដាច់ផ្ដិលហើយ អាត្មាអញបានប្រាសចាកយោគៈទាំងពួងហើយ បានដល់នូវសេចក្ដីស្ងប់ចិត្ត ។
មិត្តកាលីថេរី
[កែប្រែ][៣០៨] អាត្មាអញចេញអំពីផ្ទះ ហើយមកបួសក្នុងធម្មវិន័យ ដោយសទ្ធា ខ្វល់ខ្វាយក្នុងលាភៈ និងសក្ការៈ ប្រព្រឹត្តដោយហេតុ (ដែលញ៉ាំងលាភឲ្យកើតឡើង មានពាហុសច្ចៈ និងធម្មកថាជាដើម) នោះៗ ។ អាត្មាអញបានលះប្រយោជន៍ដ៏ឧត្តមចោល ហើយសេពនូវប្រយោជន៍ថោកទាប លុះក្នុងអំណាចនៃកិលេសទាំងឡាយ មិនត្រេកអរនឹងប្រយោជន៍នៃសមណៈ ។ សេចក្ដីសង្វេគ ក៏មានដល់អាត្មាអញនោះ ដែលអង្គុយក្នុងលំនៅថា អាត្មាអញដើរផ្លូវខុស លុះក្នុងអំណាចតណ្ហា ។ ជីវិតរបស់អាត្មាអញមានប្រមាណតិច ជរា និងព្យាធិតែងញាំញី មុនកាយនេះនឹងបែកធ្លាយ មិនមែនជាកាលគួរ អាត្មាអញធ្វេសប្រហែសឡើយ ។ អាត្មាអញកាលពិចារណានូវការកើតឡើង និងការសូន្យទៅនៃខន្ធទាំងឡាយតាមពិត ក៏មានចិត្តរួចស្រឡះ ហើយចេញ (ចាកកិលេសទាំងពួង) ពុទ្ធសាសនា អាត្មាអញបានធ្វើហើយ ។
សកុលាថេរី
[កែប្រែ][៣០៩] អាត្មាអញកាលនៅក្នុងផ្ទះ បានស្ដាប់ធម៌របស់ភិក្ខុហើយ ឃើញធម៌ ប្រាសចាកធូលី គឺកិលេស ជាធម៌នាំសត្វឲ្យចេញចាកតណ្ហា ជាហេតុនាំឲ្យបានសេចក្ដីសុខ មិនឃ្លាត ។ អាត្មាអញនោះ បានបោះបង់ចោលនូវកូនប្រុសផង កូនស្រីផង ទ្រព្យ និងស្រូវផង បានឲ្យគេកោរសក់ ហើយមកបួសក្នុងធម្មវិន័យ ។ អាត្មាអញកាលនៅជាសិក្ខមានា បានញ៉ាំងមគ្គខាងលើឲ្យកើត បានលះរាគៈ និងទោសៈផង អាសវៈទាំងឡាយដែលតាំងនៅជាមួយគ្នានឹងរាគៈទោសៈនោះផង ។ លុះអាត្មាអញបានឧបសម្បទាជាភិក្ខុនីហើយ ក៏រលឹកឃើញនូវបុព្វជាតិ ទាំងទិព្វចក្ខុមិនមានមន្ទិល ដែលពួកសប្បុរសចម្រើនហើយ ក៏អាត្មាអញបានជម្រះហើយ អាត្មាអញបានឃើញសង្ខារទាំងឡាយ ដែលកើតអំពីហេតុ មានសភាពទ្រុឌទ្រោម ថាជារបស់ដទៃ ហើយបានលះអាសវៈទាំងអស់ ជាអ្នកមានចិត្តត្រជាក់ បានរលត់ទុក្ខហើយ ។
សោណាថេរី
[កែប្រែ][៣១០] អាត្មាអញបានសម្រាលកូនដប់ ក្នុងសរីរៈ គឺរូបនេះ ព្រោះហេតុនោះ អាត្មាអញមានកម្លាំងថយ គ្រាំគ្រា បានចូលទៅរកភិក្ខុនីមួយរូប ។ លោកបានសំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ លុះអាត្មាអញបានស្ដាប់ធម៌របស់លោកហើយ ក៏បានកោរសក់បួស អាត្មាអញនោះ កំពុងសិក្សា (សិក្ខាបី) បានជម្រះទិព្វចក្ខុ ដឹងនូវបុព្វេនិវាស ដែលអាត្មាអញបានអាស្រ័យនៅហើយក្នុងកាលមុន ។ អាត្មាអញមានអារម្មណ៍តែមួយ មានចិត្តតម្កល់មាំ ចម្រើនអនិមិត្តវិមោក្ខ ជាអ្នកបានវិមោក្ខក្នុងលំដាប់ (នៃមគ្គដ៏ប្រសើរ) រលត់កិលេសហើយ ព្រោះមិនប្រកាន់ ។ បញ្ចក្ខន្ធ អាត្មាអញបានកំណត់ហើយ មានឫសផ្ដាច់ផ្ដិលហើយ អាត្មាអញមិនមានតណ្ហា ដែលកើតអំពីវត្ថុដែលតាំងនៅ ឥឡូវនេះ ភពថ្មីមិនមាន ។
ភទ្ទាកុណ្ឌលាថេរី
[កែប្រែ][៣១១] អាត្មាអញមានសក់ដកហើយ (ដោយបន្លាត្នោត) ទ្រទ្រង់ភក់ មានសំពត់សាដកតែមួយ ប្រព្រឹត្តក្នុងកាលមុន មានសេចក្ដីសំគាល់ថាទោស ក្នុងរបស់ដែលមិនមានទោស ទាំងមានសេចក្ដីយល់ឃើញថា មិនមានទោសក្នុងរបស់ដែលមានទោស ចេញទៅអំពីទីសម្រាកក្នុងវេលាថ្ងៃ បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី គឺរាគាទិក្កិលេស មានភិក្ខុសង្ឃហែហម លើភ្នំគិជ្ឈកូដ ក៏លុតជង្គង់ថ្វាយបង្គំ ប្រណម្យអញ្ជលីក្នុងទីចំពោះព្រះភក្រ្ដ ។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលនាង នាងចូរមកចុះ ឧបសម្បទានោះ ក៏សម្រេចដល់ខ្ញុំ ។ អាត្មាអញបានដើរទៅកាន់ជនបទឈ្មោះអង្គៈ មគធៈ វជ្ជី កាសី និងកោសល ជាអ្នកមិនមានបំណុល បានបរិភោគដុំបាយរបស់ជនអ្នកនៅក្នុងដែន (នោះៗ) អស់ ៥០ ឆ្នាំ ។ ឧបាសកណា បានឲ្យចីវរដល់នាងភទ្ទា ដែលរួចចាកគន្ថៈទាំងពួង ឧបាសកនោះ ប្រកបដោយបញ្ញា បានសោយបុណ្យច្រើន ។
បដាចារាថេរី
[កែប្រែ][៣១២] ពួកមាណព ភ្ជួរស្រែដោយនង្គ័លទាំងឡាយ ហើយព្រោះពូជទាំងឡាយលើផែនដី តែងបាននូវទ្រព្យចិញ្ចឹមកូន និងប្រពន្ធទាំងឡាយ ។ អាត្មាអញបរិបូណ៌ដោយសីល មិនខ្ជិល មិនរវើរវាយ ធ្វើតាមសាសនារបស់ព្រះសាស្ដា ដូចម្ដេចក៏មិនបានព្រះនិព្វាន ។ អាត្មាអញលាងជើងក្នុងទឹក ឃើញទឹកសម្រាប់លាងជើងហូរអំពីទីទួល មកកាន់ទីទាប ហើយធ្វើ (ឲ្យជានិមិត្ត) ក្នុងទឹកទាំងឡាយ លំដាប់ពីនោះមក អាត្មាអញក៏បានតម្កល់ចិត្តមាំ ដូចសេះអាជានេយ្យដ៏ចម្រើន ។ លំដាប់នោះ អាត្មាអញកាន់ប្រទីបចូលទៅកាន់លំនៅ រមិលមើលដំណេក ហើយអង្គុយលើគ្រែតូច ។ ក្នុងកាលនោះ អាត្មាអញកាន់រនុកទ្វារ ហើយពន្លឹមចុះនូវប្រឆេះ (នៃប្រទីប) ចិត្តក៏បានរួចស្រឡះចាកកិលេស ដូចជាការរលត់នៃប្រទីប ។
តឹសមត្តាថេរី
[កែប្រែ][៣១៣] ពួកមាណព កាន់អង្រែទាំងឡាយបុកស្រូវ តែងបាននូវទ្រព្យទាំងឡាយ ចិញ្ចឹមកូន និងប្រពន្ធ ។ ពួកនាង ចូរធ្វើនូវពុទ្ធសាសនា ដែលគេធ្វើហើយ មិនក្ដៅក្រហាយតាមក្រោយ ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ប្រកបរឿយៗ នូវសេចក្ដីស្ងប់ចិត្ត ហើយចូរធ្វើនូវពុទ្ធសាសនាចុះ ។
ភិក្ខុនីទាំងនោះ បានស្ដាប់ពាក្យប្រៀនប្រដៅ របស់បដាចារាថេរីនោះហើយ ក៏លាងជើង ហើយចូលទៅក្នុងទីសមគួរ ប្រកបរឿយៗ នូវសមថធម៌ បានធ្វើនូវ (កិច្ចក្នុង) ពុទ្ធសាសនា ។ ក្នុងបឋមយាមនៃរាត្រី ពួកព្រះថេរី ក៏បានរឭកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃរាត្រី បានជម្រះនូវទិព្វចក្ខុ ក្នុងបច្ឆិមយាមនៃរាត្រី ក៏បានទំលាយនូវគំនរងងឹត ។ ពួកព្រះថេរីទាំងនោះ ក្រោកឡើងថ្វាយបង្គំបាទា (នៃបដាចារាថេរី ហើយពោលថា) ពាក្យប្រៀនប្រដៅរបស់នាង យើងបានធ្វើតាមហើយ ពួកទេវតានៅក្នុងឋនត្រៃត្រឹង្ស (ហែហម) ព្រះឥន្រ្ទ ដែលបានឈ្នះក្នុងសង្គ្រាមយ៉ាងណា ពួកយើងជាអ្នកមានវិជ្ជា ៣ មិនមានអាសវៈ នឹងនៅហែហម (នាងយ៉ាងនោះ) ។ ពួកភិក្ខុនីជាថេរី ចំនួន ៣០ រូបនេះ បានធ្វើឲ្យច្បាស់លាស់ នូវព្រះអរហត្ត ក្នុងសំណាក់នៃបដាចារាថេរី ។
ចន្ទាថេរី
[កែប្រែ][៣១៤] កាលពីដើម អាត្មាអញជាស្រីទុគ៌ត ជាស្រីមេម៉ាយ មិនមានកូន ព្រាត់ប្រាសចាកមិត្រ ចាកញាតិទាំងឡាយ មិនដែលបានបាយ និងសំពត់ (បរិភោគប្រើប្រាស់គ្រប់គ្រាន់) ទេ ។ អាត្មាអញកាន់ភាជន៍ដី និងឈើច្រត់ ដើរសូមអំពីត្រកូលមួយទៅកាន់ត្រកូលមួយ ត្រូវត្រជាក់ និងក្ដៅបៀតបៀន ដើរទៅអស់ ៧ ឆ្នាំ ។ លុះកាលជាខាងក្រោយមក អាត្មាអញបានឃើញភិក្ខុនី (បដាចារាថេរី) ជាស្រីបានបាយ និងទឹក ហើយចូលទៅនិយាយ សូមបួសក្នុងធម្មវិន័យ ។ ឯបដាចារាភិក្ខុនីនោះ បានបំបួសអាត្មាអញ ដោយសេចក្ដីអនុគ្រោះ ខាងក្រោយអំពីនោះមក លោកបានទូន្មានអាត្មាអញ ដឹកនាំក្នុងប្រយោជន៍យ៉ាងសំខាន់ ។ អាត្មាអញបានស្ដាប់ពាក្យរបស់លោក ក៏បានធ្វើតាមពាក្យប្រៀនប្រដៅ ឯឱវាទរបស់ព្រះថេរីជាម្ចាស់ មិនឥតអំពើឡើយ ខ្ញុំជាអ្នកមានវិជ្ជា ៣ មិនមានអាសវៈ ។
ចប់ បញ្ចកនិបាត ។
ឆក្កនិបាត
[កែប្រែ]បដាចារាថេរី ៥០០
[កែប្រែ][បានជាហៅបដាចារាដែរ ព្រោះបានស្ដាប់ឱវាទរបស់នាងបដាចារាថេរី ។] ។
[៣១៥] នាងមិនដឹងផ្លូវរបស់សត្វណា ដែលមក ឬទៅទេ ហើយយំរកកូន ដែល (មិនដឹងជា) មកអំពីទីណានោះថា ឱកូនអាត្មាអញអើយ ។ ទុកជានាងដឹងផ្លូវរបស់កូននោះ ដែលមក ឬទៅ ក៏មិនគប្បីសោករកកូននោះឡើយ ព្រោះសត្វមានយ៉ាងនេះជាធម្មតា ។ (សត្វនោះ) មិនមានអ្នកណាមួយអង្វរឲ្យមកអំពីបរលោកនោះ ទាំងមិនមានអ្នកណាមួយ អនុញ្ញាតឲ្យទៅអំពីលោកនេះឡើយ ទំនងជាមកអំពីទីណាមួយ (មាននរកជាដើម) មកអាស្រ័យនៅ (ក្នុងទីនេះ) អស់ពីរបីថ្ងៃ ។ សត្វសូម្បីទៅអំពីភពនេះ មកកាន់ភពដទៃ ទៅអំពីភពនោះ ទៅកាន់ភពដទៃ ចែកឋនទៅហើយ ដោយសភាពជាមនុស្ស នឹងអន្ទោលទៅ បើមកយ៉ាងណា ក៏ទៅយ៉ាងនោះ ការខ្សឹកខ្សួល ព្រោះតែសត្វនោះ មានប្រយោជន៍អ្វី ។
លោកម្ចាស់បានដកព្រួញ គឺសេចក្ដីសោក ដែលឃើញដោយកម្រ អាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំ លោកម្ចាស់បានបន្ទោបង់សេចក្ដីសោកព្រោះកូនរបស់ខ្ញុំ ដែលត្រូវសេចក្ដីសោកគ្របសង្កត់ហើយ ។ ក្នុងថ្ងៃនេះ ខ្ញុំនោះមានព្រួញដកហើយ មិនមានសម្រេកគំលាន មានទុក្ខរលត់ហើយ ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាអ្នកប្រាជ្ញផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ ។
វាសិដ្ឋីថេរី
[កែប្រែ][៣១៦] អាត្មាអញត្រូវសេចក្ដីសោកព្រោះកូនបៀតបៀនហើយ មានចិត្តរាយមាយ ប្រាសចាកសញ្ញា មានកាយអាក្រាត មានសក់រាត់រាយ អាត្មាអញដើរទ្រហោយំ ។ អាត្មាអញពោរពេញដោយសេចក្ដីស្រេកឃ្លាន បានដើរទៅលើគំនរសំរាមក្បែរថ្នល់ផង ក្នុងព្រៃស្មសានផង ក្នុងច្រករហកផង អស់បីឆ្នាំ ។ ក្នុងកាលជាខាងក្រោយមក អាត្មាអញបានជួបប្រទះនឹងព្រះសុគត ព្រះអង្គទូន្មាននូវពួកសត្វដែលមានខ្លួនមិនទាន់បានទូន្មាន ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង មិនមានភ័យអំពីទីណា កំពុងស្ដេចទៅកាន់ក្រុងមិថិលា ។ អាត្មាអញ ត្រឡប់បាននូវចិត្តជាប្រក្រតី ហើយក៏ចូលទៅជិតថ្វាយបង្គំ ឯព្រះគោតមនោះ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ ។ លុះអាត្មាអញបានស្ដាប់ធម៌របស់ព្រះអង្គហើយ ក៏បានបួសក្នុងធម្មវិន័យ ប្រកបព្យាយាមក្នុងសាសនានៃព្រះសាស្ដា បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានបទដ៏ជាទីក្សេម ។ សេចក្ដីសោកទាំងឡាយទាំងពួង អាត្មាអញផ្ដាច់ផ្ដិលហើយ បានលះបង់ហើយ ឲ្យមានទីបំផុតត្រឹមព្រះអរហត្តនេះ ព្រោះថា វត្ថុទាំងឡាយ ដែលជាដែនកើតនៃសេចក្ដីសោក អាត្មាអញកំណត់ហើយ ។
ខេមាថេរី
[កែប្រែ][៣១៧] ហៃនាងខេមា នាងនៅក្មេង ជាស្រីមានរូប យើងសោតក៏នៅក្មេងកំលោះ នាងចូរមក យើងនឹងត្រេកត្រអាលដោយតូរ្យតន្រ្តីប្រកបដោយអង្គ ៥ ។
អាត្មានឿយណាយ ធុញទ្រាន់ ដោយកាយស្អុយ ដែលមានជំងឺជានិច្ច ពុកផុយនេះ កាមតណ្ហា អាត្មាអញបានដកចេញហើយ ។ កាមទាំងឡាយ មានឧបមាដោយលំពែង និងអណ្ដោត ជាទីកាប់ចិញ្ច្រាំនូវខន្ធទាំងឡាយ អ្នកនិយាយចំពោះតម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ មិនជាទីត្រេកអរនៃអាត្មាទេ ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ចេញហើយ គំនរងងឹត អាត្មាក៏បានទំលាយហើយ ម្នាលមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង អាត្មាបានកំចាត់ចេញហើយ ។ ពួកជនពាល មិនដឹងតាមពិត សំពះនក្ខត្តឫក្សទាំងឡាយ បូជាភ្លើងក្នុងព្រៃ ហើយសំគាល់ថាជាការបរិសុទ្ធ ។ ចំណែកខាងអាត្មា នមស្ការព្រះសម្ពុទ្ធ ជាបុរសខ្ពង់ខ្ពស់ ជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា បានរួចស្រឡះហើយ ចាកទុក្ខទាំងពួង ។
សុជាតាថេរី
[កែប្រែ][៣១៨] អាត្មាអញមានខ្លួនស្អិតស្អាង មានគ្រឿងស្លៀកពាក់ល្អ ទ្រទ្រង់ផ្កាកម្រង លាបស្រឡាបដោយខ្លឹមចន្ទន៍ បិទបាំងជិតដោយគ្រឿងអាភរណៈគ្រប់យ៉ាង មានពួកទាសីហែហមហើយ ។ អាត្មាអញ បានយកបាយ ទឹក បង្អែម និងចំអាបដ៏ច្រើន ចេញទៅអំពីគ្រឹហា នាំចូលទៅកាន់ឧទ្យាន ។ អាត្មាអញត្រេកអរ លេងក្នុងឧទ្យាននោះ រួចហើយក៏មកកាន់ផ្ទះរបស់ខ្លួន បានឃើញវិហារ ហើយក៏ចូលទៅកាន់វិហារ ក្នុងព្រៃអញ្ជ័ន ជិតក្រុងសាកេត ។ អាត្មាអញបានឃើញព្រះពុទ្ធ ជាប្រទីបនៃលោក ហើយចូលទៅថ្វាយបង្គំ ឯព្រះអង្គ ជាបុគ្គលមានចក្ខុ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ ។ លុះអាត្មាអញបានស្ដាប់ធម៌របស់ព្រះមហេសីហើយ ក៏បានចាក់ធ្លុះនូវសច្ចៈ បានសម្រេចនូវនិព្វានបទ ឈ្មោះអមតៈ ជាធម៌មិនមានធូលី គឺកិលេស ក្នុងវិហារនោះឯង ។ លំដាប់ពីនោះ អាត្មាអញបានដឹងច្បាស់នូវព្រះសទ្ធម្ម ហើយបួសក្នុងធម្មវិន័យ បានសម្រេចត្រៃវិជ្ជា ព្រះពុទ្ធសាសនា មិនឥតអំពើឡើយ ។
អនោបមាថេរី
[កែប្រែ][៣១៩] អាត្មាអញ កើតក្នុងត្រកូលខ្ពង់ខ្ពស់ ដែលមានគ្រឿងឧបករណ៍ជាទីរីករាយច្រើន មានទ្រព្យច្រើន ជាស្រីបរិបូណ៌ដោយសម្បុរ និងរូប ជាធីតាបង្កើតនៃសេដ្ឋីឈ្មោះមេឃិ ។ ពួកព្រះរាជបុត្រក៏ចង់បាន ពួកសេដ្ឋីបុត្រក៏ជាប់ចិត្ត ទើបប្រើទូតទៅ (ក្នុងសំណាក់) បិតារបស់អាត្មាអញ (ថា) សូមអ្នកឲ្យនាងអនោបមាដល់ខ្ញុំ ។ ធីតារបស់អ្នកឈ្មោះអនោបមានុ៎ះ (លក្ខណញ្ញូជន) កាត់ថ្លៃចំនួនទ្រព្យប៉ុន្មាន ខ្ញុំសូមជូនប្រាក់ និងកែវជា ៨ គុណ អំពីទ្រព្យនោះ ។ អាត្មាអញនោះ បានឃើញព្រះសម្ពុទ្ធ ជាចម្បងនៃលោក ព្រះអង្គប្រសើរបំផុត ក៏ចូលទៅក្នុងទីសមគួរ ថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ ។ ព្រះគោតមនោះ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្ដីអនុគ្រោះ អាត្មាអញអង្គុយលើអាសនៈនោះ ហើយបានសម្រេចនូវផលទី ៣ ។ លំដាប់ពីនោះមក អាត្មាអញបានកោរសក់ទាំងឡាយ ហើយបួសក្នុងធម្មវិន័យ រាត្រីគំរប់ ៧ របស់អាត្មាអញ ក្នុងថ្ងៃនេះ ជារាត្រីដែលតណ្ហារីងស្ងួត ។
មហាបជាបតិគោតមីថេរី
[កែប្រែ][៣២០] បពិត្រព្រះពុទ្ធ មានព្យាយាម អ្នកខ្ពង់ខ្ពស់ជាងសព្វសត្វទាំងឡាយ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ ដែលទ្រង់បានប្រោសខ្ញុំព្រះអង្គ និងជនដទៃច្រើនគ្នា ឲ្យរួចចាកទុក្ខ ។ សេចក្ដីទុក្ខទាំងពួង ខ្ញុំព្រះអង្គបានកំណត់ដឹងហើយ តណ្ហាជាដើមចម (នៃទុក្ខ) ខ្ញុំព្រះអង្គបានធ្វើឲ្យរីងស្ងួតហើយ មគ្គប្រកបដោយអង្គ ៨ ខ្ញុំព្រះអង្គបានចម្រើនហើយ និរោធធម៌ ខ្ញុំព្រះអង្គបានសម្រេចហើយ ។ មាតាបិតា បុត្រ បងប្អូន និងជីដូនជីតា ដែលមានក្នុងកាលមុន ខ្ញុំព្រះអង្គក៏មិនដឹងតាមពិត មិនបាន (នូវទីពឹងក្នុងសមុទ្រ គឺសង្សារ) បានអន្ទោលទៅ (យកកំណើតផ្សេងៗ) ព្រះមានព្រះភាគអង្គនោះ ខ្ញុំព្រះអង្គបានឃើញហើយ រាងកាយ (របស់ខ្ញុំព្រះអង្គ) នេះ ជាទីបំផុតហើយ ជាតិសង្សារអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមាន ។ សូមព្រះអង្គទតនូវពួកសាវ័ក អ្នកមានព្យាយាមតឹងតែង មានចិត្តស្លុងទៅរកព្រះនិព្វាន មានព្យាយាមមាំជានិច្ច ជាអ្នកព្រមព្រៀងគ្នា នេះជាការថ្វាយបង្គំចំពោះព្រះពុទ្ធទាំងឡាយ ។ ឱហ្ន៎ ព្រះនាងមាយា បានបង្កើតព្រះគោតម ដើម្បីជាប្រយោជន៍ដល់ពួកជនច្រើនគ្នា (ព្រោះថា) ព្រះគោតមបានបន្ទោបង់នូវគំនរទុក្ខ នៃពួកជនដែលត្រូវព្យាធិ និងមរណៈចាក់ដោត ។
គុត្តាថេរី
[កែប្រែ][៣២១] ម្នាលនាងគុត្តា ការដែលនាងលះបង់កូន និងគំនរទ្រព្យ ហើយបួស ដើម្បីប្រយោជន៍ណា នាងចូរចម្រើនឲ្យរឿយៗ នូវប្រយោជន៍នោះឯង នាងកុំលុះអំណាចនៃចិត្តឡើយ ។ ពួកសត្វ ត្រូវចិត្តបញ្ឆោតហើយ ត្រេកអរក្នុងវិស័យនៃមារ មិនដឹងថា អាត្មាអញត្រាច់រង្គាត់ទៅកាន់សង្សារអស់ជាតិមិនតែមួយ ។ កាមច្ឆន្ទៈ ព្យាបាទៈ សក្កាយទិដ្ឋិ សីលព្វតបរាមាសៈ និងវិចិកិច្ឆា ជាគំរប់ ៥ ។ ម្នាលភិក្ខុនី លុះនាងលះនូវសំយោជនៈ ជាចំណែកខាងក្រោយមទាំងនោះហើយ ទើបលែងវិលមកកាន់កាមភពនេះទៀត ។ នាងបើខំសង្កត់សង្កិនកាត់ផ្ដាច់នូវសំយោជនៈទាំងឡាយ គឺរូបរាគៈ អរូបរាគៈ មានះ អវិជ្ជា ឧទ្ធច្ចៈហើយ នឹងធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខបាន ។ នាងបើញ៉ាំងជាតិសង្សារឲ្យអស់ ហើយកំណត់ដឹងនូវភពថ្មី នឹងទៅជាអ្នកមិនមានតណ្ហា ប្រព្រឹត្តស្ងប់រម្ងាប់ ក្នុងបច្ចុប្បន្ន ពិតប្រាកដបាន ។
វិជយាថេរី
[កែប្រែ][៣២២] អាត្មាអញមិនលុះអំណាចក្នុងភាវនាចិត្ត មិនបានសេចក្ដីស្ងប់ចិត្ត បានចេញអំពីលំនៅ ៤ លើក ៥ លើក ។ អាត្មាអញបានចូលទៅរកភិក្ខុនី (ព្រះថេរីឈ្មោះខេមា) ហើយសាកសួរដោយគោរព លោកបានសំដែងធម៌ គឺធាតុ អាយតនៈ អរិយសច្ច ៤ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គ អដ្ឋង្គិកមគ្គ ដល់អាត្មាអញ ដើម្បីដល់នូវប្រយោជន៍ដ៏ឧត្តម ។ លុះអាត្មាអញ បានស្ដាប់ពាក្យរបស់ភិក្ខុនីនោះហើយ ក៏បានធ្វើតាមពាក្យប្រៀនប្រដៅរបស់លោក ក្នុងបុរិមយាមនៃរាត្រី បានរឭកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃរាត្រី បានជម្រះនូវទិព្វចក្ខុ ក្នុងបច្ឆិមយាមនៃរាត្រី បានទំលាយនូវគំនរងងឹត វេលានោះ អាត្មាអញបានជ្រួតជ្រាបកាយដោយបីតិ និងសុខៈ ទំលាយនូវគំនរងងឹត ហើយលាងជើងទាំងគូ ក្នុងរាត្រីទី ៧ ។
ចប់ ឆក្កនិបាត ។
សត្តកនិបាត
[កែប្រែ]ឧត្តរាថេរី
[កែប្រែ][៣២៣] ពួកមាណព កាន់អង្រែទាំងឡាយបុកស្រូវ ពួកមាណព រមែងបាននូវទ្រព្យ ចិញ្ចឹមកូន និងប្រពន្ធទាំងឡាយ ។ នាងទាំងឡាយ ចូរព្យាយាមធ្វើអំពើដែលធ្វើហើយ មិនក្ដៅក្រហាយតាមក្រោយ ក្នុងព្រះពុទ្ធសាសនា ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ។ នាងទាំងឡាយ ចូរតាំងចិត្ត តម្កល់ឲ្យមាំ ឲ្យមានអារម្មណ៍តែមួយ ហើយពិចារណានូវសង្ខារទាំងឡាយ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ។
អាត្មាបានស្ដាប់ពាក្យរបស់ព្រះថេរីនោះ គឺជាពាក្យប្រៀនប្រដៅរបស់ព្រះថេរីឈ្មោះបដាចារា ហើយបានលាងជើង រួចចូលទៅអង្គុយក្នុងទីសមគួរ ។ ក្នុងបុរិមយាមនៃរាត្រី អាត្មាបានរឭកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃរាត្រី អាត្មាបានជម្រះនូវទិព្វចក្ខុ ។ ក្នុងបច្ឆិមយាមនៃរាត្រី អាត្មាបានទំលាយនូវគំនរងងឹត ជាស្រីបាននូវត្រៃវិជ្ជា បានក្រោកចេញ (អំពីអាសនៈ) ក្នុងកាលជាខាងក្រោយ ពាក្យប្រៀនប្រដៅរបស់លោកម្ចាស់ ខ្ញុំបានប្រព្រឹត្តហើយ ។ ពួកទេវតាក្នុងឋានត្រៃត្រឹង្ស (ហែហម) នូវសក្កទេវរាជ ដែលឈ្នះក្នុងសង្រ្គាមយ៉ាងណា ខ្ញុំបាននូវត្រៃវិជ្ជា មិនមានអាសវៈ ក៏ហែហម (លោកម្ចាស់) យ៉ាងនោះដែរ ។
ចាលាថេរី
[កែប្រែ][៣២៤] អាត្មាជាភិក្ខុនី បានចម្រើននូវឥន្រ្ទិយ ផ្ចង់ស្មារតី បានចាក់ធ្លុះនូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់នូវសង្ខារ ជាសុខក្រៃលែង ។
នាងជាស្ត្រីកំណោរ ប្រាកដដូចជាសមណី តើឧទ្ទិសចំពោះលទ្ធិណា នាងមិនគាប់ចិត្តនឹងលទ្ធិទាំងឡាយ ហេតុអ្វីក៏នាងជាស្ត្រីវង្វេងប្រព្រឹត្តបែបនេះ ។
លទ្ធិទាំងឡាយ ខាងក្រៅអំពីសាសនានេះ អាស្រ័យនូវទិដ្ឋិទាំងឡាយ ពួកជន (ប្រកាន់លទ្ធិ) នោះ មិនដឹងច្បាស់នូវធម៌ ពួកជននោះ មិនវាងវៃក្នុងធម៌ ។ មាន (ព្រះរាជបុត្រមួយអង្គ) កើតក្នុងសក្យត្រកូល បានត្រាស់ជាព្រះពុទ្ធ មិនមានបុគ្គលផ្ទឹមបាន ព្រះអង្គបានសំដែងប្រាប់អាត្មានូវអរិយសច្ចធម៌ ជាធម៌ប្រព្រឹត្តកន្លងនូវទិដ្ឋិ គឺទុក្ខ ១ ហេតុនាំឲ្យកើតទុក្ខ ១ ទីដែលប្រព្រឹត្តកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១ ។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ហើយ គំនរងងឹត អាត្មាបានទំលាយហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ ។
ឧបចាលាថេរី
[កែប្រែ][៣២៥] អាត្មាជាភិក្ខុនី មានស្មារតី មានចក្ខុ គឺបញ្ញា មានឥន្រ្ទិយចម្រើនហើយ បានចាក់ធ្លុះនូវព្រះនិព្វានជាទីស្ងប់ ដែលបុរសថោកទាបមិនដែលបានសេពហើយ ។
នាងមិនគាប់ចិត្តនឹងជាតិទេឬ សត្វដែលកើតហើយ តែងបរិភោគកាមទាំងឡាយ នាងចូរបរិភោគនូវតម្រេកក្នុងកាមទាំងឡាយ កុំឲ្យមានសេចក្ដីស្ដាយក្រោយ ។
សេចក្ដីស្លាប់ និងការកាត់នូវដៃជើង រមែងមានដល់សត្វដែលកើតហើយ សត្វដែលកើតហើយ រមែងដល់នូវសេចក្ដីទុក្ខ មានការសម្លាប់ និងការចងជាកំណត់ ។ មាន (ព្រះរាជបុត្រមួយព្រះអង្គ) កើតក្នុងសក្យត្រកូល បានត្រាស់ជាព្រះពុទ្ធ ព្រះអង្គផ្ចាញ់នូវមារ មានកិលេសមារជាដើម ព្រះអង្គបានសំដែងប្រាប់អាត្មានូវអរិយសច្ចធម៌ ជាធម៌កន្លងនូវជាតិ គឺទុក្ខ ១ ហេតុនាំឲ្យកើតទុក្ខមួយ ១ ទីដែលប្រព្រឹត្តកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១ ។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ ។ សេចក្ដីរីករាយ ក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ចេញហើយ គំនរងងឹត អាត្មាបានទំលាយចេញហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ ។
ចប់ សត្តកនិបាត ។
អដ្ឋកនិបាត
[កែប្រែ]សីសូបចាលាថេរី
[កែប្រែ][៣២៦] ភិក្ខុនី បរិបូណ៌ដោយសីល សង្រួមដោយប្រពៃ ក្នុងឥន្រ្ទិយទាំងឡាយ គប្បីបាននូវព្រះនិព្វានជាទីស្ងប់ មានឱជៈមិនច្របូកច្របល់ដោយវត្ថុអ្វីមួយ ។
ពួកទេវតាណា នៅក្នុងឋានតាវត្តិង្សក្ដី នៅក្នុងឋានយាមៈក្ដី នៅក្នុងឋានតុសិតក្ដី ពួកទេវតានៅក្នុងឋាននិម្មានរតីក្ដី ពួកទេវតានៅក្នុងឋានបរនិម្មិតវសវត្តីក្ដី នាងចូរតាំងចិត្តទៅរកពួកទេវតាទាំងនោះ ដែលនាងធ្លាប់នៅហើយ ក្នុងកាលមុន ។
ពួកទេវតាណា នៅក្នុងឋានតាវត្តិង្សក្ដី នៅក្នុងឋានយាមៈក្ដី នៅក្នុងឋានតុសិតក្ដី ពួកទេវតានៅក្នុងឋាននិម្មានរតីក្ដី ពួកទេវតានៅក្នុងឋានបរនិម្មិតវសវត្តីក្ដី (ទេវតាទាំងនោះ ចេញ) អំពីភពទៅកាន់ភព សព្វៗ កាល តម្កល់នៅក្នុងសក្កាយ គឺខន្ធបញ្ចកៈ មិនប្រព្រឹត្តកន្លងនូវសក្កាយ ជាអ្នកអន្ទោលទៅកាន់ជាតិ និងមរណៈ ។ លោកទាំងមូលឆេះ លោកទាំងមូលច្រានរន្ទាល លោកទាំងមូលសន្ធោសន្ធៅ លោកទាំងមូលញាប់ញ័រ (ដោយភ្លើង ១១ មានរាគៈជាដើម) ព្រះពុទ្ធបានសំដែងធម៌ប្រាប់អាត្មា ជាធម៌ដែលមិនកម្រើក មិនមានអ្វីផ្ទឹមបាន ដែលបុថុជ្ជនសេពមិនបាន ហើយចិត្តរបស់អាត្មាត្រេអរចំពោះក្នុងធម៌នោះ ។ អាត្មាបានស្ដាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ត្រេកអរក្នុងសាសនា ត្រៃវិជ្ជា អាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកំចាត់ចេញហើយ គំនរងងឹត អាត្មាបានទំលាយចេញហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯង យើងកំចាត់ចេញហើយ ។
ចប់ អដ្ឋកនិបាត ។
នវកនិបាត
[កែប្រែ]វឌ្ឍមាតាថេរី
[កែប្រែ][៣២៧] ហៃវឌ្ឍៈ ព្រៃ គឺកិលេស កុំមានដល់លោក ក្នុងកាលណាៗ ឡើយ ហៃកូន លោកកុំមានចំណែកនៃសេចក្ដីទុក្ខរឿយៗ ឡើយ ។ ហៃវឌ្ឍៈ ព្រោះថា អ្នកប្រាជ្ញទាំងឡាយ លោកមិនមានតណ្ហា កាត់សេចក្ដីសង្ស័យ ជាអ្នកត្រជាក់ត្រជំ ដល់នូវសេចក្ដីរាបសា មិនមានអាសវៈ តែងនៅជាសុខ ។ ហៃវឌ្ឍៈ ចូរលោកចម្រើនឲ្យរឿយ ៗ ដើម្បីដល់នូវការឃើញមគ្គ ដែលពួកឥសីនោះ ធ្លាប់សន្សំមកហើយ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតទុក្ខ ។
បពិត្រមាតា លោកក្លៀវក្លា ប្រាប់សេចក្ដីនេះដល់ខ្ញុំ បពិត្រមាតា ខ្ញុំសំគាល់ថា ព្រៃ គឺកិលេសរបស់លោក មិនមានដោយពិត ។
ហៃវឌ្ឍៈ សង្ខារទាំងឡាយ ឯណានីមួយដ៏ថោកទាប ឧត្តម និងកណ្ដាល ព្រៃ គឺកិលេស សូម្បីតូចឆ្មារក្ដី សូម្បីបន្តិចបន្តួចក្ដី នៃខ្ញុំមិនមានឡើយ ។ ខ្ញុំជាអ្នកមិនប្រមាទ បានចម្រើនឈាន មានអាសវៈទាំងពួងអស់ហើយ ត្រៃវិជ្ជា ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។
មាតារបស់ខ្ញុំ បានចាក់ជន្លួញដ៏លើសលុប គឺគាថាប្រកបដោយប្រយោជន៍យ៉ាងសំខាន់ៗ ដោយពិត ដូចជាពួកជនអ្នកអនុគ្រោះ ។ ខ្ញុំបានស្ដាប់ពាក្យប្រៀនប្រដៅរបស់លោក ដែលជាមាតាបង្កើត ហើយក៏ដល់នូវធម្មសង្វេគ ដើម្បីដល់នូវព្រះនិព្វានជាទីក្សេមចាកយោគៈ ។ ខ្ញុំនោះ មានចិត្តស្លុងទៅរកព្រះនិព្វាន ដោយសម្មប្បធាន មិនខ្ជិលច្រអូសទាំងយប់ទាំងថ្ងៃ ជាអ្នកដែលមាតាដាស់តឿនហើយ ក៏ស្ងប់រម្ងាប់ បានសម្រេចនូវព្រះនិព្វានដ៏ខ្ពង់ខ្ពស់ ។
ចប់ នវកនិបាត ។
ឯកាទសកនិបាត
[កែប្រែ]កីសាគោតមីថេរី
[កែប្រែ][៣២៨] ភាពនៃកល្យាណមិត្តចំពោះសត្វលោក ព្រះមុនីទ្រង់សរសើរហើយ បុគ្គលកាលគប់រកនូវពួកកល្យាណមិត្ត សូម្បីខ្លួនជាបុគ្គលពាល ក៏គង់បានទៅជាបណ្ឌិត ។ បុគ្គលគួរគប់រកនូវពួកសប្បុរស ប្រាជ្ញានៃពួកបុគ្គលដែលរាប់រក (នូវសប្បុរស) រមែងចម្រើនដោយពិត បុគ្គលឯណានីមួយ មានក្សត្រជាដើម កាលគប់រកនូវពួកសប្បុរស គប្បីរួចចាកទុក្ខទាំងអស់ផង គប្បីដឹងនូវអរិយសច្ចទាំង ៤ ផង គឺទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ ទុក្ខនិរោធសច្ច ១ មគ្គសច្ច ប្រកបដោយអង្គ ៨ ប្រការ ១ ។ ព្រះមានព្រះភាគ ជាសារថីទូន្មាននូវបុរស ទ្រង់ត្រាស់ថា ឥត្ថីភាព នាំមកនូវសេចក្ដីទុក្ខ ។ មែនពិត ការនៅរួមជាមួយនឹងស្វាមី នាំមកនូវទុក្ខ ស្រីពួកខ្លះ សម្រាលបុត្រតែម្ដង ដាច់បំពង់ស្បូន (ស្លាប់) ក៏មាន (ស្រីពួកខ្លះ) ជាសុខុមាលជាតិ មានគភ៌រវាងពាក់កណ្ដាល ប្រាថ្នាសម្លាប់កូនក្នុងគភ៌ ស៊ីថ្នាំពិស ដល់នូវសេចក្ដីវិនាស ទាំងពីរនាក់ (កូន និងម្ដាយ) ក៏មាន ។
ខ្ញុំកាលទៅរកទីសម្រាល (កូន) បានឃើញប្ដីស្លាប់ ខ្ញុំទៅមិនទាន់ដល់ផ្ទះរបស់ខ្លួន ក៏សម្រាល (កូន) កណ្ដាលផ្លូវ ។ កូនទាំងពីរ ក៏ធ្វើមរណកាល ប្ដីរបស់ខ្ញុំក៏ស្លាប់ក្នុងផ្លូវ ខ្ញុំជាស្រីកំព្រា ឯមាតាបិតា និងបងប្អូនប្រុស ក៏ត្រូវគេដុតក្នុងជើងថ្ករជាមួយគ្នា ។ នាងរងទុក្ខប្រមាណមិនបាន ក្នុងត្រកូលដែលអស់ភោគសម្បត្តិ ជាត្រកូលកំព្រា ទឹកភ្នែករបស់នាងប្រព្រឹត្តទៅអស់ពាន់ជាតិជាច្រើន ។ ខ្ញុំឃើញនាង (កើតជា) ចចកញី ស៊ីសាច់មនុស្សក្នុងកណ្ដាលព្រៃស្មសាន មួយទៀត សាច់កូន ក៏នាងបានស៊ីហើយ (ក្នុងអត្តភាពនេះ) ខ្ញុំមានវង្សត្រកូលសាបសូន្យ ត្រូវអ្នកផងតិះដៀល មានប្ដីក៏ស្លាប់ តែបានត្រាស់ដឹងនូវអមតៈ ។ អរិយមគ្គប្រកបដោយអង្គ៨ ជាដំណើរទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈនេះ ខ្ញុំបានចម្រើនហើយ ទាំងព្រះនិព្វាន ខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ហើយដែរ ខ្ញុំបានឃើញហើយនូវកញ្ចក់ គឺធម៌ ។ ខ្ញុំមានសរ គឺរាគាទិក្កិលេសកាត់ហើយ មានភារៈដាក់ចុះហើយ កិច្ចដែលគួរធ្វើ ខ្ញុំបានធ្វើរួចស្រេចហើយ នាងកីសាគោតមីថេរី មានចិត្តផុតស្រឡះហើយ (ចាកកិលេស) បានពោលនូវសេចក្ដីនេះ ។
ចប់ ឯកាទសកនិបាត ។
ទ្វាទសកនិបាត
[កែប្រែ]ឧប្បលវណ្ណាថេរី ។
[កែប្រែ][៣២៩] យើងទាំងពីរនាក់ គឺមាតា និងធីតា មានប្ដីជាមួយគ្នា (ភរិយារួមប្ដី) សេចក្ដីតក់ស្លុត សេចក្ដីព្រឺរោម អស្ចារ្យចម្លែក កើតមានដល់ខ្ញុំនោះ ។ ថ្វឺយ កាមទាំងឡាយ ជារបស់មិនស្អាត មានក្លិនអាក្រក់ ដូចជាបន្លាច្រើនយ៉ាង ដែលនាំយើងទាំងពីរនាក់ គឺមាតា និងធីតា ឲ្យជាភរិយាជាមួយគ្នា ។ លុះខ្ញុំឃើញទោសក្នុងកាមទាំងឡាយហើយ ឃើញនេក្ខម្មៈ ថាជារបស់ក្សេម ទើបចេញចាកផ្ទះក្នុងក្រុងរាជគ្រឹះ ចូលកាន់ផ្នួស ។ ខ្ញុំដឹងនូវបុព្វេនិវាស ឯទិព្វចក្ខុ និងចេតោបរិយញ្ញាណ ខ្ញុំជម្រះហើយ ទិព្វសោតធាតុ ខ្ញុំជម្រះហើយដែរ ។ ទាំងឫទ្ធិ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ ខ្ញុំបានដល់ហើយ អភិញ្ញា ៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ។ ខ្ញុំនិមិ្មតនូវរថទឹមសេះ ៤ ដោយឫទ្ធិ ហើយថ្វាយបង្គំព្រះបាទទាំងគូនៃព្រះពុទ្ធដ៏មានសិរី ជាទីពឹងនៃសត្វលោក ។
(មារថ្លែងថា) នាងជាស្រីម្នាក់ឯង ចូលមកកាន់ដើមរាំងភ្នំ ដែលនៅចុងមានផ្ការីកស្គុះស្គាយ ហើយឈរនៅទៀបគល់ឈើ បុគ្គលណាមួយជាគំរប់ពីររបស់នាងក៏មិនមាន នែស្ត្រីពាល នាងមិនខ្លាចពួកអ្នកលេងទេឬ ។
(ឧប្បលវណ្ណាថេរីថ្លែងថា) បើទុកជាអ្នកលេងទាំងឡាយមួយរយ ឬមួយពាន់ ជាបុគ្គលមានសភាពយ៉ាងនេះ មកជួបជុំគ្នា ក៏រោម (របស់យើង) មិនព្រឺព្រួច មិនញាប់ញ័រ នែមារ អ្នកម្នាក់ឯង នឹងធ្វើនូវអ្វីដល់យើងកើត ។ យើងនេះនឹងបាត់ទៅ ឬនឹងចូលទៅកាន់ផ្ទៃរបស់អ្នកក៏បាន ឬបើទុកជាឈរនៅក្បែរចន្លោះចិញ្ចើមរបស់អ្នក ក៏អ្នកមើលមិនឃើញយើងឈរដែរ ។ យើងជាស្ត្រីស្ទាត់ក្នុងអធិចិត្ត ឥទ្ធិបាទទាំងឡាយ យើងបានចម្រើនហើយដោយប្រពៃ អភិញ្ញា ៦ យើងបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនា យើងបានធ្វើហើយ ។ កាមទាំងឡាយ ប្រៀបដោយលំពែង និងឈើស្រួច សម្រាប់ចិញ្ច្រាំនូវខន្ធទាំងឡាយ អ្នកពោលនូវតម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ មិនមែនជាតម្រេករបស់យើងឡើយ ។ សេចក្ដីរីករាយក្នុងកាមទាំងអស់ យើងបានកំចាត់ចេញហើយ គំនរនៃងងឹត (អវិជ្ជា) យើងបានទំលាយចោលហើយ នែមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ នែមារថោកទាប អ្នក យើងកំចាត់ចេញហើយ ។
ចប់ ទ្វាទសកនិបាត ។
សោឡសកនិបាត
[កែប្រែ]បុណ្ណិកាថេរី
[កែប្រែ][៣៣០] ខ្ញុំជាស្ត្រីអ្នកដងទឹក មានការខ្លាចទណ្ឌភ័យនៃជនជាម្ចាស់ទាំងឡាយ ត្រូវភ័យអំពីវាចា និងទោសបៀតបៀន ហើយចុះទឹករាល់ពេលក្នុងកាលត្រជាក់រងារ ។ ម្នាលព្រាហ្មណ៍ អ្នកខា្លចអ្នកណា ទើបចុះទឹករាល់ពេល មានខ្លួនញាប់ញ័រ ទទួលរងរងារដ៏ក្រៃលែង ។
ម្នាលនាងបុណ្ណិកាដ៏ចម្រើន នាងដឹង (ថាខ្ញុំ) កំពុងធ្វើកុសលកម្ម ជាគ្រឿងបិទនូវបាបកម្មដែរ ម្ដេចក៏សួរដេញដោល ។ បុគ្គលណា ទោះចាស់ក្ដី ក្មេងក្ដី ធ្វើបាបកម្ម បុគ្គលនោះ រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក ។
អ្នកល្ងង់ណាហ្ន៎ បាននិយាយពាក្យនេះ ទៅរកអ្នកដែលល្ងង់ដែរ (ថាបុគ្គល) រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក (បើដូច្នោះ) កង្កែប អណ្ដើក នាគ ក្រពើ ឬសត្វដទៃណាមួយ ដែលត្រាច់ទៅក្នុងទឹកទាំងអស់ នឹងទៅកាន់ឋនសួគ៌ដោយពិត ។ ពួកជនអ្នកសម្លាប់ទ្រាយ សម្លាប់ជ្រូក នេសាទត្រី អ្នកចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈឃាត ឬពួកជនឯទៀត ដែលមានកម្មដ៏លាមក ពួកជនទាំងនោះ ក៏រួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក ។ ប្រសិនបើស្ទឹងទាំងនោះ អាចបន្សាត់ចោលនូវបាប ដែលអ្នកធ្វើក្នុងកាលមុនបាន ស្ទឹងទាំងនោះ ក៏អាចបន្សាត់ចោលនូវបុណ្យរបស់អ្នកបានដែរ ព្រោះហេតុនោះ ខ្លួនអ្នកនឹងទៅជាបុគ្គលក្រៅស្រឡះ ។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចចំពោះបាបកម្មណា ហើយចុះត្រាំទឹកគ្រប់ៗ ពេល ម្នាលព្រាហ្មណ៍ អ្នកកុំធ្វើនូវបាបនោះវិញ កុំ (ចុះត្រាំទឹក) ឲ្យរងារ បៀតបៀននូវសម្បុរសរីរៈរបស់អ្នកឡើយ ។
នាងដឹកនាំខ្ញុំ ដែលដើរផ្លូវខុស ឲ្យដើរទៅតាមផ្លូវដ៏ប្រសើរ ម្នាលនាងដ៏ចម្រើន ខ្ញុំសូមជូនសាដកសម្រាប់ស្រោចស្រប់ទឹកនេះ ដល់នាង ។
សំពត់សាដក ចូរនៅជារបស់អ្នកដដែលចុះ ខ្ញុំមិនត្រូវការសំពត់សាដក (របស់អ្នក) ទេ ។ បើអ្នកខ្លាចសេចក្ដីទុក្ខ បើសេចក្ដីទុក្ខមិនជាទីស្រឡាញ់នៃអ្នកទេ អ្នកកុំធ្វើបាបកម្ម ទោះបីក្នុងទីវាលក្ដី ក្នុងទីកំបាំងក្ដី ។ បើអ្នកនឹងធ្វើ ឬកំពុងធ្វើនូវបាបកម្ម សូម្បីអ្នកហោះរត់ទៅ ក៏មិនរួចចាកទុក្ខ ។ បើអ្នកខ្លាចសេចក្ដីទុក្ខ បើសេចក្ដីទុក្ខមិនជាទីស្រឡាញ់របស់អ្នកទេ អ្នកចូរដល់នូវព្រះពុទ្ធជាតាទិបុគ្គលផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹងចុះ ចូរសមាទាសីលទាំងឡាយចុះ ការដល់នូវទីពឹង និងការសមាទានសីលនោះ នឹងញ៉ាំងអ្នកឲ្យរួចចាក (ទុក្ខ) ។
ពីដើម ខ្ញុំជាព្រាហ្មណ៍តែពូជ ថ្ងៃនេះខ្ញុំជាព្រាហ្មណ៍ពិត មានត្រៃវិជ្ជា បរិបូណ៌ដោយវេទ ជាអ្នកមានសួស្ដី ជាអ្នកលាងបាប ។
ចប់ សោឡសកនិបាត ។
វីសតិនិបាត
[កែប្រែ]អម្ពបាលីថេរី
[កែប្រែ][៣៣១] កាលពីដើម សក់របស់ខ្ញុំមានចុងង មានពណ៌ខ្មៅ ប្រាកដស្មើដោយពណ៌នៃស្លាបកន្លង់ ឥឡូវនេះ សក់ទាំងឡាយនោះ ប្រាកដស្មើដោយសម្បកធ្មៃ និងសម្បកក្រចៅ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើម) សំណុំសក់របស់ខ្ញុំ ពេញដោយផ្កា ហាក់ដូចជាប្រអប់ដាក់គ្រឿងក្រអូប ដែលគេអប់ (ឥឡូវនេះ) សំណុំសក់នោះ មានក្លិន ដូចជាក្លិននៃរោមទន្សាយ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើម) សក់របស់ខ្ញុំវិចិត្រដោយក្រាស និងស្នៀតសក់ ល្អលើសលុប ដូចជាព្រៃឫស្សីដុះស្នាប់ល្អ (ឥឡូវនេះ) សក់នោះ ល្បោះរង្វើល ក្នុងសីសប្រទេសនោះៗ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើមសក់របស់ខ្ញុំ) ល្អិត មានក្លិនក្រអូប ស្អិតស្អាងដោយក្រាសមាស ប្រដាប់ដោយផ្នួងទាំងឡាយដ៏ល្អត្រកាល (ឥឡូវនេះ) សក់នោះថ្ពែក ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើម) ចិញ្ចើមទាំងឡាយរបស់ខ្ញុំស្អាតល្អ ដូចជាគំនូសដែលជាងរចនាល្អ (ឥឡូវនេះ) ចិញ្ចើមទាំងនោះ យុរយារ ដោយអាការជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើម) ភ្នែកទាំងឡាយ មានសម្បុរថ្លា ខៀវស្រងាត់ រុងរឿងល្អក្រឡង់ ដូចជាកែវមណី (ឥឡូវនេះ) ភ្នែកទាំងនោះ ត្រូវជរាញាំញី ក៏បែរជាមិនល្អ ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ ច្រមុះ (របស់ខ្ញុំ) ប្រាកដស្មើដោយដំបារមាស ដែលគេមូរដ៏ល្អ ល្អក្នុងកាលនៃខ្លួននៅក្រមុំ (ឥឡូវនេះ) ច្រមុះនោះ ហាក់ដូចជាទ្រុឌទ្រោម ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ស្លឹកត្រចៀកទាំងឡាយរបស់ខ្ញុំល្អ ហាក់ដូចជាដំបារមាស ដែលជាងធ្វើល្អហើយ ដែលសម្រេចហើយដោយប្រពៃ (ឥឡូវនេះ) ស្លឹកត្រចៀកទាំងនោះ យុរយារ ដោយអាការជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ធ្មេញទាំងឡាយរបស់ខ្ញុំល្អណាស់ ប្រាកដស្មើដោយពណ៌នៃផ្កាច្រនៀងក្រពុំ (ឥឡូវនេះ) ធ្មេញទាំងនោះបាក់ មានពណ៌លឿង ដូចជាស្រូវដំណើប ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ (កាលពីដើម) សំដីដែលខ្ញុំនិយាយពីរោះ ដូចជាសំដីមេតាវៅ ដែលហើរទៅកាន់ព្រៃស្រោងក្នុងព្រៃ (ឥឡូវនេះ) សំដីនោះស្អកស្អា ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ក របស់ខ្ញុំល្អ ដូចជាស័ង្ខមាស ដែលជាងខាត់ហើយដោយល្អ (ឥឡូវនេះ) កនោះបាក់ឱន ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ដើមដៃទាំងពីររបស់ខ្ញុំ ល្អដូចជាសសរខឿន ដែលជាងលញ់ហើយ (ឥឡូវនេះ) ដើមដៃទាំងនោះ ដូចជាស័ង្ខបែកហើយ ព្រោះតែជរា ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ដៃទាំងឡាយរបស់ខ្ញុំ មានចិញ្ចៀនល្អ ប្រដាប់ដោយមាស សមរម្យល្អ (ឥឡូវនេះ) ដៃទាំងនោះ ដូចជាមើមដំឡូងយារ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ដោះទាំងពីររបស់ខ្ញុំ ពេញលេញ មូលក្បំកៀកគ្នា មានសណ្ដង់ដ៏ត្រង់ល្អណាស់ (ឥឡូវនេះ ដោះទាំងនោះ) មិនមានទឹក (ជ្រាយ) បាក់សំយុងចុះ ដូចជាបំពង់ទឹក ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម កាយរបស់ខ្ញុំល្អស្រស់ ដូចជាផែនក្ដារមាស ដែលគេខាត់ហើយដោយប្រពៃ (ឥឡូវនេះ) កាយនោះប្រែប្រួល ដោយអាការជ្រួញជ្រីវដ៏ល្អិត ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ភ្លៅទាំងពីររបស់ខ្ញុំ ល្អល្អះ ដូចជាប្រមោយនៃដំរីដ៏ប្រសើរ (ឥឡូវនេះ) ភ្លៅទាំងនោះ ដូចជាថ្នាំងឫស្សី ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ស្មងទាំងឡាយរបស់ខ្ញុំ ប្រដាប់ដោយស្រោម ជាវិការៈនៃមាស ដែលគេប៉ាក់ជិតស្និទ្ធល្អណាស់ (ឥឡូវនេះ) ស្មងទាំងនោះ ដូចជាដើមល្ង ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ កាលពីដើម ជើងទាំងពីររបស់ខ្ញុំល្អ ដូចជាទ្រនាប់ជើង ដែលគេញាត់ហើយប៉ុយរកា (ឥឡូវនេះ) ជើងទាំងនោះ ប្រេះបែកជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ គ្រោងកាយ មានសភាពដូច្នេះនេះ គ្រាំគ្រា ជាលំនៅនៃសេចក្ដីទុក្ខច្រើនប្រការ គ្រោងកាយនោះ ដូចជាផ្ទះចាស់ដែលមានគ្រឿងបូកលាបជ្រុះចុះ ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។
រោហិណីថេរី
[កែប្រែ][៣៣២] (បិតាសួរនាងរោហិណីថា) នែនាងដ៏ចម្រើន នាងជួបនឹងខ្ញុំពោលថាសមណៈ នាងភ្ញាក់ឡើង ក៏ពោលថា សមណៈ នាងសរសើរចំពោះពួកសមណៈតែម៉្យាង នាងនឹងជាសមណីដោយពិត ។ នាងតែងផ្គត់ផ្គង់បាយ ទឹក ដ៏ច្រើន ចំពោះពួកសមណៈ នែនាងរោហិណី ឥឡូវនេះ យើងសួរនាង ចុះនាងមានសេចក្ដីស្រឡាញ់ពួកសមណៈ តើដោយហេតុដូចម្ដេច ។ ពួកសមណៈ ជាអ្នកមិនប្រាថ្នាក្នុងការងារ ខ្ជិលច្រអូស រស់នៅដោយសារទានដែលបុគ្គលដទៃឲ្យ ជាអ្នកប៉ុនប៉ងប្រាថ្នាតែអាហារមានរសឆ្ងាញ់ទេ ចុះនាងមានសេចក្ដីស្រឡាញ់ពួកសមណៈ តើដោយហេតុដូចម្ដេច ។
(នាងរោហិណីតបថា) បពិត្របិតា អ្នកដេញដោលសួរខ្ញុំ អំពីពួកសមណៈអស់កាលយូរណាស់ហើយ ខ្ញុំនឹងសំដែងនូវបញ្ញា សីល និងសេចក្ដីខ្មីឃ្មាត របស់សមណៈទាំងនោះ ដល់អ្នក ។ ពួកសមណៈ ជាអ្នកប្រាថ្នានូវការងារ មិនខ្ជិលច្រអូស ធ្វើចំពោះតែការងារដ៏ប្រសើរ រមែងលះបង់នូវរាគៈ និងទោសៈ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈ ដោយហេតុនុ៎ះឯង ។ ពួកសមណៈ ជាអ្នកធ្វើនូវកម្មស្អាត រមែងកំចាត់បង់នូវឫសនៃបាប [ឫសគល់នៃបាប ៣យ៉ាងគឺ លោភៈ១ ទោសៈ១ មោហៈ១ ។ អដ្ឋកថា ។] ទាំងបី សមណៈទាំងនុ៎ះ បានលះបង់នូវបាបទាំងអស់ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង ។ កាយកម្មរបស់សមណៈទាំងនោះស្អាត វចីកម្មស្អាតដូចគ្នា ទាំងមនោកម្មរបស់សមណៈទាំងនោះ ក៏ស្អាត ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង ។ ពួកសមណៈប្រាសចាកមន្ទិល ស្អាតទាំងខាងក្នុងទាំងខាងក្រៅ ដូចជាស័ង្ខដែលខាត់ហើយ ពេញដោយធម៌សទាំងឡាយ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង ។ ពួកសមណៈ ជាពហុស្សូត ទ្រទ្រង់នូវធម៌ ជាអរិយៈ រស់នៅដោយធម៌ តែងសំដែងនូវអត្ថ និងធម៌ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង ។ ពួកសមណៈ ជាពហុស្សូត ទ្រទ្រង់នូវធម៌ ជាអរិយៈ រស់នៅដោយធម៌ មានចិត្តប្រសើរ មានអារម្មណ៍តែមួយ មានស្មារតី ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង ។ ពួកសមណៈ ទៅកាន់ទីឆ្ងាយបាន (តាមសេចក្ដីពេញចិត្ត) មានស្មារតី ពោលដោយឧបាយប្រាជ្ញា មិនរាយមាយ តែងដឹងនូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនុ៎ះឯង ។ ពួកសមណៈ ចៀសចេញទៅអំពីស្រុកណា រមែងមិនរមិលអ្វីមួយ (ក្នុងស្រុកនោះ) ចេញទៅឥតអាល័យ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈ ដោយហេតុនោះឯង ។ សមណៈទាំងនោះ មិនទុកដាក់ (សម្បត្តិ) ក្នុងជង្រុក មិនទុកដាក់ឆ្នាំងអំបែង មិនទុកដាក់ល្អីកញ្ជើ ស្វែងរកចំពោះតែភោជន ដែលសម្រេចហើយ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង ។ សមណៈទាំងនោះ មិនទទួលនូវហិរញ្ញវត្ថុ (កហាបណៈ) មិនទទួលនូវមាស មិនទទួលនូវប្រាក់ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយវត្ថុដែលកើតឡើងចំពោះមុខ ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង ។ ពួកសមណៈ ចេញអំពីត្រកូលផ្សេងៗ អំពីជនបទផ្សេងៗ ទៅបួស រមែងរាប់រកគ្នា ទៅវិញទៅមក ខ្ញុំមានសេចក្ដីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង ។
(បិតានិយាយថា) ម្នាលនាងរោហិណីដ៏ចម្រើន នាងកើតក្នុងត្រកូលនៃយើង ដើម្បីប្រយោជន៍ពិត នាងជាស្ត្រីមានសទ្ធា មានសេចក្ដីគោរពដ៏មុតមាំ ក្នុងព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃផង ។ ដ្បិតនាងស្គាល់នូវបុញ្ញក្ខេត្តនុ៎ះ ជាបុញ្ញក្ខេត្តឧត្តមពិតមែន បើបានសមណៈទាំងនុ៎ះ ទទួលទក្ខិណាទានរបស់ខ្ញុំ ប្រហែលគ្រឿងបូជា ដែលខ្ញុំតម្កល់ហើយ ចំពោះសមណៈទាំងនុ៎ះ នឹងមានផលបរិបូណ៌ ។
(នាងរោហិណីពោលថា) បើអ្នកខ្លាចទុក្ខ បើទុក្ខមិនជាទីស្រឡាញ់របស់អ្នកទេ អ្នកចូរដល់នូវព្រះពុទ្ធជាតាទិបុគ្គលផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ចូរសមាទានសីលទាំងឡាយចុះ ការដល់នូវទីពឹង និងការសមាទានសីលនោះ នឹងមានប្រយោជន៍ដល់អ្នក ។
(បិតាពោលថា) ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាតាទិបុគ្គលផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង សូមសមាទានសីលទាំងឡាយ ការដល់ទីពឹង និងសមាទានសីលនុ៎ះ នឹងមានប្រយោជន៍ដល់ខ្ញុំ ។ ក្នុងកាលមុន ខ្ញុំជាព្រាហ្មណ៍តែផៅពង្ស ឥឡូវនេះ ខ្ញុំជាព្រាហ្មណ៍ពិត (មានបាបបន្សាត់ចោលហើយ) ផង មានត្រៃវិជ្ជាផង មានសួស្ដីផង ដល់នូវវេទផង ជាអ្នកងូតលាងបាបផង ។
ចាបាថេរី
[កែប្រែ][៣៣៣] (ឧបកៈពោលថា) កាលពីដើម ខ្ញុំមានដៃកាន់ដំបង ឥឡូវនេះ ខ្ញុំនោះជាព្រានម្រឹគ មិនអាចបានដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះសេចក្ដីប្រាថ្នា គឺតណ្ហា ព្រោះ ភក់ គឺកាម និងទិដិ្ឋដ៏ខ្លាំងក្លា ។ នាងចាបា ស្មាននូវខ្ញុំ ថាជាមនុស្សស្រវឹងជ្រប់ ទើបលួងកូន [ដោយពាក្យថា នាងចាបាជាកូនព្រានម្រឹគ ឯងជាកូនឧបកាជីវក ។ អដ្ឋកថា ។] ខ្ញុំកាត់ចំណង គឺកិលេស របស់នាងចាបា ហើយទៅបួសម្ដងទៀត ។
(នាងចាបាពោលថា) បពិត្រមហាវីរបុរស សូមអ្នកកុំខឹងនឹងខ្ញុំ បពិត្រមហាមុនី សូមអ្នកកុំខឹងនឹងខ្ញុំ សេចក្ដីស្អាតមិនមានដល់បុគ្គលដែលមានសេចក្ដីក្រោធ គ្របសង្កត់ទេ តបធម៌នឹងមានមកពីណា ។
(ឧបកៈពោលថា) ខ្ញុំនឹងគេចចេញអំពីស្រុកនាលៈ អ្នកណានឹងនៅក្នុងស្រុកនាលៈនេះបាន បើពួកស្រីៗ ចងនូវសមណៈទាំងឡាយ ដែលរស់នៅដោយធម៌ ដោយរូបនៃស្ត្រី ។
(នាងចាបាពោលថា) ម្នាលបុរសខ្មៅ សូមអ្នកអញ្ជើញមកសិន សឹមត្រឡប់វិញ សូមបរិភោគនូវកាមទាំងឡាយ ដូចក្នុងកាលមុនចុះ ជនទាំងឡាយណា ជាញាតិរបស់ខ្ញុំ ខ្ញុំនឹងធ្វើជនទាំងនោះ ឲ្យលុះក្នុងអំណាចនៃអ្នក ។
ម្នាលនាងចាបា នាងពោលនូវពាក្យនោះ ឲ្យមានភាគ ៤ អំពីពាក្យនេះក៏ដោយ ពាក្យនោះ គប្បីជាពាក្យឆើតឆាយ ចំពោះតែបុរសដែលត្រេកអរនឹងនាងប៉ុណ្ណោះទេ ។
ម្នាលបុរសខ្មៅ ហេតុអ្វីទើបអ្នកលះបង់ចោលខ្ញុំ ជាស្ត្រីមានរូបឆោម លាបស្រឡាបអវយវៈដោយខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់នូវកាសិកពស្រ្តដ៏ឧត្តម (សំពត់ដែលគេនាំមកអំពីដែនកាសី) ជាស្ត្រីមានអវយវៈល្អ ដូចជាត្នោតសាវ ដែលរីកលើកំពូលភ្នំ ឬដូចជាវល្លិ៍កេសរីកហើយ ឬក៏ដូចជាឈើជ្រនៀង (រីកហើយ) ខាងក្នុងទ្វីប ។
ព្រានសត្វស្លាប ប្រាថ្នាចាប់សត្វស្លាបយ៉ាងណា នាងនឹងបៀតបៀនអញ ដោយរូបដែលស្អិតស្អាង (យ៉ាងនោះ) ពុំបានទេ ។
នែបុរសខ្មៅ ហេតុអ្វីទើបអ្នកលះបង់ចោលនូវផ្លែ គឺកូនខ្ញុំ ដែលអ្នកបង្កើតនេះផង លះបង់ខ្ញុំដែលជាស្ត្រីមានកូនប្រាកដដូច្នោះផង ។
មហាវីរបុរសទាំងឡាយ ដែលមានប្រាជ្ញា តែងលះបង់នូវកូនទាំងឡាយ ទាំងពួកញាតិ ទាំងទ្រព្យ ហើយបួស ដូចជាដំរីដ៏ប្រសើរ ផ្ដាច់នូវចំណង (ហើយគេចចេញទៅ) ។
ឥឡូវ ខ្ញុំនឹងបៀតបៀនកូនអ្នកនេះ ដោយដំបង ឬក្ដិចដោយក្រចក ឬ (បោក) លើផែនដី អ្នកមិនដល់នូវការយំស្ដាយចំពោះកូនទេឬ ។
នែស្ត្រីលាមក មានកូនតូច បើទុកជានាងឲ្យកូនទៅសត្វចចក និងពួកឆ្កែ ក៏នាងញ៉ាំងអញឲ្យត្រឡប់វិញពុំបានឡើយ ។
នែបុរសខ្មៅ ណ្ហើយចុះ ឥឡូវនេះ បើអ្នកនឹងទៅក្នុងទីណា គឺស្រុកណា និគមណា នគរណា រាជធានីណា (ក៏ទៅចុះ) ។
កាលពីដើម យើងជាអ្នកមានពួក មិនមែនជាសមណៈ សំគាល់ថាជាសមណៈ ហើយចេញពីស្រុកទៅកាន់ស្រុក កាន់នគរ រាជធានី ។ មែនពិត ព្រះសម្ពុទ្ធ ទ្រង់មានជោគអង្គនោះ តែងសំដែងធម៌ប្រោសពួកសត្វ ដើម្បីលះបង់សេចក្ដីទុក្ខទាំងពួង ក្នុងទីជិតស្ទឹងនេរញ្ជរា ខ្ញុំនឹងទៅក្នុងសំណាក់នៃព្រះសម្ពុទ្ធនោះ ព្រះអង្គនឹងជាគ្រូនៃខ្ញុំ ។
ឥឡូវនេះ អ្នកគប្បីទូលរៀបរាប់អំពីកិច្ចថ្វាយបង្គំ (របស់ខ្ញុំ) ចំពោះព្រះលោកនាថ ជាបុគ្គលប្រសើរ រួចហើយធ្វើប្រទក្សិណ ឧទ្ទិសនូវទក្ខិណាទាន ។
ម្នាលនាងចាបា នាងពោលនូវពាក្យនោះយ៉ាងណា យើងគប្បីបាន (អាចឲ្យ) នូវចំណែកបុណ្យនោះ ឥឡូវនេះ ខ្ញុំនឹងទូលរៀបរាប់នូវកិច្ចថ្វាយបង្គំរបស់នាង ចំពោះព្រះលោកនាថ ជាបុគ្គលប្រសើរ និងធ្វើប្រទក្សិណ ឧទ្ទិសនូវទក្ខិណាទាន (បុណ្យ) ។
លំដាប់នោះឯង បុរសខ្មៅចៀសចេញអំពីទីនោះទៅ បុរសខ្មៅនោះ ក៏បានចួបនឹងព្រះសម្ពុទ្ធ ក្បែរស្ទឹងនេរញ្ជរា កំពុងសំដែងនូវឧបាយនៃព្រះនិព្វាន ឈ្មោះអមតៈ គឺទុក្ខ ១ ហេតុកើតឡើងនៃទុក្ខ ១ ការកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរជាដំណើរទៅកាន់ទីរលត់ទុក្ខ ១ ។ បុរសខ្មៅ ថ្វាយបង្គំនូវព្រះបាទទាំងឡាយ របស់ព្រះសម្ពុទ្ធនោះ ហើយធ្វើប្រទក្សិណចំពោះព្រះអង្គ ឧទ្ទិសដល់នាងចាបា ហើយចូលកាន់ផ្នួស ។ វិជ្ជាបី ខ្ញុំបានហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ។
សុន្ទរីថេរី
[កែប្រែ][៣៣៤] (ព្រាហ្មណ៍ជាបិតាសួរថា) នែនាងដ៏ចម្រើន ក្នុងកាលមុន នាងកាលស៊ីកូន [ពាក្យថា ស៊ីកូន ក្នុងទីនេះ មិនមែនសំដៅយកការស៊ីពិតមែននោះទេ សំដៅយកមនុស្សដែលមានកូនស្លាប់ ជាពាក្យសម្រាប់ជេរគ្នាដោយអំណាចសេចក្ដីខឹង ។ អដ្ឋកថា ។] ទាំងឡាយដែលស្លាប់ហើយ នាងក្ដៅក្រហាយក្រៃពេក ទាំងថ្ងៃទាំងយប់ ។ ម្នាលព្រាហ្មណី ជាវាសិដ្ឋគោត្រ ថ្ងៃនេះ នាងស៊ីកូនទាំងអស់ ៧ នាក់ ព្រោះហេតុអ្វី នាងមិនក្ដៅក្រហាយខ្លាំង ។
(វាសិដ្ឋថេរីពោលថា) ម្នាលព្រាហ្មណ៍ កូនទាំងរយ ពួកញាតិទាំងរយ ជាច្រើន របស់ខ្ញុំ គឺខ្ញុំនឹងអ្នក ស៊ីហើយ ក្នុងចំណែកកន្លងទៅហើយ ។ ខ្ញុំនោះដឹងនូវព្រះនិព្វាន ជាគ្រឿងរលាស់ជាតិ និងមរណៈ ទើបមិនសោក មិនយំ ទាំងមិនក្ដៅក្រហាយ ។
ឱនាងជាវាសិដ្ឋគោត្រ នាងនិយាយសំដីបែបនេះ អស្ចារ្យណាស់ នាងដឹងច្បាស់នូវធម៌របស់អ្នកណា ទើបនិយាយសំដីបែបនេះ ។
ម្នាលព្រាហ្មណ៍ ព្រះសម្ពុទ្ធអង្គនោះ សំដែងធម៌ដល់សត្វទាំងឡាយ ដើម្បីលះបង់នូវទុក្ខទាំងពួង ជិតនគរមិថិលា ។ ម្នាលព្រាហ្មណ៍ ខ្ញុំបានស្ដាប់ធម៌របស់ព្រះអរហន្ដអង្គនោះ ដែលជាធម៌មិនមានឧបធិក្កិលេស បានដឹងច្បាស់នូវសច្ចធម៌ហើយក្នុងទីនោះ ទើបបន្ទោបង់នូវសេចក្ដីសោកព្រោះកូនបាន ។
ខ្ញុំនោះនឹងទៅក្នុងទីជិតក្រុងមិថិលាដែរ ធ្វើដូចម្ដេចហ្ន៎ ព្រះមានជោគអង្គនោះ គប្បីដោះខ្ញុំចាកទុក្ខទាំងពួងបាន ។
ព្រាហ្មណ៍បានចួបនឹងព្រះពុទ្ធ ព្រះអង្គផុតស្រឡះចាក (កិលេស) មិនមានឧបធិកិលេស ព្រះមុនី ទ្រង់ដល់នូវត្រើយនៃទុក្ខ បានសំដែងប្រាប់ព្រាហ្មណ៍នោះនូវសច្ចធម៌ គឺទុក្ខ ១ ហេតុកើតឡើងនៃទុក្ខ ១ ការកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គប្រាំបីដ៏ប្រសើរ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១ ។ សុជាតព្រាហ្មណ៍មានសច្ចធម៌ដឹងច្បាស់ហើយក្នុងទីនោះ ពេញចិត្តនឹងបព្វជ្ជា បានសម្រេចវិជ្ជាបីដោយរាត្រីបី ។
ព្រាហ្មណ៍ពោលថា ម្នាលសារថី អ្នកចូរមក អ្នកចូរទៅ ចូរនាំរថនេះទៅវិញចុះ រួចចូរប្រាប់ព្រាហ្មណី កុំឲ្យមានមោះមៃថា ឥឡូវនេះ សុជាតព្រាហ្មណ៍បួសហើយ បានសម្រេចវិជ្ជាបី ដោយរាត្រីបី ។
(លំដាប់នោះ សារថី នាំយករថផង កហាបណៈមួយពាន់ផង ហើយប្រាប់នាងព្រាហ្មណី មិនឲ្យមោះមៃថា ឥឡូវនេះ សុជាតព្រាហ្មណ៍បួសហើយ បានសម្រេចវិជ្ជាបី ដោយរាត្រីបីហើយ) ។
(ព្រាហ្មណីពោលថា) ម្នាលសារថី ខ្ញុំសូមឲ្យរថដែលទឹមដោយសេះនេះ និងកហាបណៈមួយពាន់នេះ ជាអំណោយដល់អ្នក ព្រោះបានឮថា ព្រាហ្មណ៍បានត្រៃវិជ្ជា ។
(សារថីពោលថា) ម្នាលព្រាហ្មណី រថដែលទឹមដោយសេះ និងកហាបណៈ មួយពាន់នេះ ចូរនៅជារបស់នាងដដែលចុះ ខ្ញុំនឹងបួសក្នុងសំណាក់នៃព្រះសាស្ដា ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរដែរ ។
(ព្រាហ្មណីពោលនឹងនាងសុន្ទរីថា) នែនាងសុន្ទរី បិតារបស់នាងលះបង់នូវដំរី គោ សេះ កែវមណី និងកុណ្ឌល ទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភនៅក្នុងផ្ទះនេះ ទៅបួសហើយ នាងចូរប្រើប្រាស់នូវភោគៈទាំងឡាយចុះ (ព្រោះថា) នាងជាទាយាទក្នុងត្រកូល ។
(នាងសុន្ទរីពោលថា) បិតារបស់ខ្ញុំលះបង់នូវដំរី គោ សេះ កែវមណី កុណ្ឌល និងទ្រព្យសម្បត្តិដែលមានក្នុងផ្ទះនេះ ទៅបួស ព្រោះត្រូវសេចក្ដីសោកនឹងកូនគ្របសង្កត់ ចំណែកខាងខ្ញុំ ក៏នឹងបួសដែរ ព្រោះត្រូវសេចក្ដីសោកនឹងបងគ្របសង្កត់ ។
(ព្រាហ្មណីពោលថា) ហៃនាងសុន្ទរី នាងប្រាថ្នានូវតម្រិះណា សូមឲ្យនាងបានសម្រេចនូវតម្រិះនោះ ដុំបាយតាមលំដាប់ផ្ទះក្ដី អាហារចំណីក្ដី បំសុកូលចីវរក្ដី (ដែលនាងត្រូវស្វែងរក) កាលបើនាងជំរះនូវវត្ថុទាំងនេះ នឹងបានជាស្រីមិនមានអាសវៈក្នុងបរលោក ។
(នាងសុន្ទរីនិយាយនឹងឧបជ្ឈាយ៍ថា) បពិត្រព្រះនាងជាម្ចាស់ ខ្ញុំនៅជាសិក្ខមានា បានជំរះទិព្វចក្ខុហើយ កាលពីដើម ខ្ញុំធ្លាប់នៅអាស្រ័យក្នុងទីណា ខ្ញុំដឹងនូវបុព្វេនិវាស ក្នុងទីនោះ ។ បពិត្រព្រះនាងជាកល្យាណីដ៏ល្អ របស់ថេរីសង្ឃ វិជ្ជាបី ខ្ញុំបានដល់ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ ព្រោះតែអាស្រ័យនូវព្រះនាង ។ បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់ទៅកាន់ក្រុងសាវត្ថី សូមព្រះនាងអនុញ្ញាតដល់ខ្ញុំឲ្យទាន ខ្ញុំនឹងបន្លឺនូវសីហនាទ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ ។
ម្នាលនាងសុន្ទរី នាងចូរមើលព្រះសាស្ដា ព្រះអង្គមានសម្បុរដូចមាស មានព្រះតចៈពណ៌ដូចមាស ទ្រង់ទូន្មានពួកសត្វ ដែលគេមិនទាន់ទូន្មាន ព្រះអង្គជាអ្នកត្រាស់ដឹងឯង ឥតមានភ័យអំពីណាឡើយ ។ សូមព្រះអង្គនិមន្តទត នាងសុន្ទរីដែលកំពុងដើរមក ជាស្ត្រីផុតស្រឡះ (ចាកកិលេស) ឥតមានឧបធិ ប្រាសចាកតម្រេក ប្រាសចាកគ្រឿងប្រកប មានសោឡសកិច្ចធ្វើរួចហើយ មិនមានអាសវៈ ។ បពិត្រព្រះអង្គជាមហាវីរបុរស នាងសុន្ទរី ជាសាវិការបស់ព្រះអង្គ ចេញអំពីក្រុងពារាណសី មកកាន់សំណាក់ព្រះអង្គ ថ្វាយបង្គំនូវព្រះបាទទាំងឡាយ ។ បពិត្រព្រះមានព្រះភាគ ជាខីណាសវព្រាហ្មណ៍ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាគ្រូ (របស់ខ្ញុំ) ខ្ញុំព្រះអង្គជាធីតារបស់ព្រះអង្គ ជាឱរសកើតអំពីព្រះឱស្ឋ មានកិច្ចធ្វើរួចហើយ ឥតមានអាសវៈ ។
ម្នាលនាងដ៏ចម្រើន ដំណើររបស់នាងមកល្អហើយ ដំណើររបស់នាងមកអំពីទីនោះ មិនឆ្ងាយទេ ព្រោះពួកអ្នកមានឥន្រ្ទិយទូន្មានហើយ ប្រាសចាកតម្រេក ប្រាសចាកគ្រឿងប្រកប មានកិច្ចធ្វើហើយ ឥតមានអាសវៈ រមែងមកថ្វាយបង្គំព្រះបាទាព្រះសាស្ដាដូចនាងដែរ ។
សុភាកម្មារធីតាថេរី
[កែប្រែ][៣៣៥] កាលពីដើម ខ្ញុំនៅក្រមុំ មានគ្រឿងស្លៀកពាក់ដ៏ស្អាត បានស្ដាប់ធម៌ ការត្រាស់ដឹងសច្ចធម៌ ក៏កើតមានដល់ខ្ញុំនោះ ជាស្ត្រីមិនប្រហែសធ្វេស ។ ហេតុនោះ ខ្ញុំមិនត្រេកអរក្រៃពេក ក្នុងកាមារម្មណ៍ទាំងអស់ ឃើញភ័យក្នុងសក្កាយ ហើយពេញចិត្តនឹងការចេញសាងផ្នួសតែម្យ៉ាង ។ ខ្ញុំលះបង់ពួកញាតិ ទាសកម្មករ ស្រុកស្រែទាំងឡាយ ដ៏ស្ដុកស្ដម្ភ (និងគំនរនៃភោគទាំងឡាយ) ដែលគួរត្រេកអរ គួររីករាយ ខ្ញុំលះបង់នូវសម្បត្តិដ៏ច្រើន ហើយបួស ។ ខ្ញុំចេញ (ចាកផ្ទះ) ដោយសទ្ធាយ៉ាងនេះហើយ (បួស) ក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សំដែងហើយដោយប្រពៃ ខ្ញុំប្រាថ្នានូវសេចក្ដីមិនកង្វល់ ព្រោះការត្រឡប់មករកកាមនោះ មិនសមគួរដល់ខ្ញុំទេ អ្នកណាលះចោលមាស និងប្រាក់ ហើយគប្បីត្រឡប់មកយកវិញ ។ ប្រាក់ក្ដី មាសក្ដីរបស់បុគ្គលនុ៎ះ មិនមែនមានដើម្បីព្រះនិព្វានជាទីស្ងប់ទេ ការទទួលមាស និងប្រាក់នុ៎ះ មិនសមគួរដល់សមណៈទេ ការទទួលនូវប្រាក់ និងមាសនុ៎ះ មិនមែនជាទ្រព្យប្រសើរទេ ។ ការទទួលនូវប្រាក់ និងមាសនុ៎ះ សុទ្ធតែជាគ្រឿងឲ្យកើតលោភ ជាគ្រឿងស្រវឹង ជាគ្រឿងវង្វេង ជាគ្រឿងព័ន្ធព័ទ្ធដោយធុលី គឺកិលេស ប្រកបដោយសេចក្ដីរង្កៀស មានសេចក្ដីចង្អៀតចង្អល់ច្រើន សេចក្ដីទៀងទាត់ឋិតថេរក្នុងទ្រព្យនេះ មិនមានទេ ។ ពួកនរជន (ដែលត្រេកអរ) ដោយទ្រព្យប៉ុណ្ណេះ ឈ្មោះថាជាអ្នកប្រហែសធ្វេស ជាអ្នកមានចិត្តសៅហ្មង ជាអ្នកអាក់អន់ រមែងធ្វើនូវជំលោះជាច្រើន ទៅវិញទៅមក ។ សេចក្ដីវិនាសច្រើនប្រការ គឺការសម្លាប់ ការចង ការសៅហ្មង សេចក្ដីវិនាស សេចក្ដីសោក ខ្សឹកខ្សួល រមែងកើតប្រាកដដល់ពួកជន ដែលដេកត្រាំក្នុងកាមទាំងឡាយ ។ អ្នកទាំងឡាយ ជាញាតិមែន តែហាក់ដូចជាសត្រូវ ល្បួងខ្ញុំនោះក្នុងកាមទាំងឡាយធ្វើអ្វី (ព្រោះ) អ្នកទាំងឡាយ ជ្រាបនូវខ្ញុំថាជាអ្នកបួស ជាស្ត្រីឃើញនូវភ័យក្នុងកាមទាំងឡាយ ។ អាសវៈទាំងឡាយ មិនមែនអស់ទៅព្រោះប្រាក់ និងមាស កាមទាំងឡាយ មិនមែនជាមិត្រ ជាសភាវៈសម្លាប់ (នូវប្រយោជន៍) ជាសត្រូវ ជាគ្រឿងចងទុកនូវសរ គឺកិលេស ។ អ្នកទាំងឡាយ ជាញាតិមែន តែហាក់ដូចជាសត្រូវ ល្បួងខ្ញុំនោះ ក្នុងកាមទាំងឡាយធ្វើអ្វី (ព្រោះ) អ្នកទាំងឡាយ ជ្រាបនូវខ្ញុំ ថាជាអ្នកបួស មានក្បាលត្រងោល ដណ្ដប់នូវសង្ឃាដី ។ ដុំបាយតាមលំដាប់ផ្ទះក្ដី អាហារចំណីក្ដី បង្សុកូលចីវរក្ដី នេះឯងជាអំពើដ៏សមគួរដល់ខ្ញុំ ជាបរិក្ខារ ជាទីអាស្រ័យរបស់អ្នកបួស ។ លោកអ្នកស្វែងរកនូវគុណដ៏ធំទាំងឡាយ ខ្ជាក់ចោលនូវកាមទាំងឡាយ ដែលជាទិព្វ និងជារបស់មនុស្ស បុគ្គលអ្នកស្វែងរកនូវគុណធំទាំងនោះ មានចិត្តឱនទៅក្នុងព្រះនិពា្វនជាទីដ៏ក្សេម បុគ្គលអ្នកស្វែងរកនូវគុណធំទាំងនោះ បានដល់នូវសេចក្ដីសុខ ឥតកំរើក ។ ទីជំរករមែងមិនមាន ក្នុងកាមទាំងឡាយណា ខ្ញុំមិនសេពគប់ដោយកាមទាំងឡាយនោះទៀតទេ កាមទាំងឡាយមិនមែនជាមិត្រ ដូចជាអ្នកសម្លាប់ ឬដូចជាគំនរភ្លើង នាំមកនូវសេចក្ដីព្រួយ ។ កាមនោះ មិនស្អាត ប្រកបដោយភ័យ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ ដូចជាបន្លា កាមនុ៎ះ ជាគ្រឿងញ៉ាម ជាគ្រឿងកង្វល់ក្រៃលែង មានមុខឈមទៅរកសេចក្ដីវង្វេងដ៏ធំ ។ កាមគុណជាឧបសគ្គៈផង មានសភាពគួរខ្លាចផង កាមារម្មណ៍ទាំងឡាយ មានឧបមាដូចក្បាលពស់ ពួកបុថុជ្ជនល្ងង់ខ្លៅ ដូចជាបុគ្គលខ្វាក់ តែងត្រេកត្រអាល ។ ព្រោះថា ពួកជនច្រើនរូប ដែលចំពាក់ដោយគ្រឿងចំពាក់ គឺកាម រមែងបាន (សេចក្ដីទុក្ខ) ក្នុងលោក រមែងមិនដឹងច្បាស់នូវទីបំផុតនៃជាតិ និងមរណៈ ។ មនុស្សទាំងឡាយជាច្រើន តែងដើរទៅកាន់ផ្លូវ ជាទីទៅកាន់ទុគ្គតិ មានកាមជាហេតុ ជាគ្រឿងនាំមកនូវរោគដល់ខ្លួន ។ កាមទាំងឡាយ ជាគ្រឿងញ៉ាំងសត្រូវឲ្យកើតយ៉ាងនេះ ជាហេតុញ៉ាំងសត្វឲ្យក្ដៅក្រហាយ នាំមកនូវសេចក្ដីសៅហ្មង ជានុយរបស់សត្វលោក ជាទីតាំងនៃគ្រឿងចង ជាចំណងនៃសេចក្ដីស្លាប់ ។ កាមទាំងឡាយ ជាគ្រឿងញ៉ាំងសត្វឲ្យឆ្កួត ឲ្យនិយាយប៉ប៉ាច់ប៉ប៉ោច ញ៉ាំងចិត្តឲ្យភ្លាំងភ្លាត់ មារ គឺកាមរបស់ពួកសត្វ តែងរួបរឹតដោយសេចក្ដីសៅហ្មង យ៉ាងឆាប់រហ័ស ។ កាមទាំងឡាយ មានទោសរកទីបំផុតគ្មាន មានទុក្ខច្រើនយ៉ាង មានពិសដ៏ខ្លាំងក្លា មានរសឆ្ងាញ់តិច ជាគ្រឿងធ្វើនូវចម្បាំង ញ៉ាំងចំណែកនៃធម៌ស ឲ្យសាបសូន្យទៅ ។ ខ្ញុំនោះ លះបង់នូវសេចក្ដីវិនាស ដែលមានកាមជាហេតុបែបនេះ ត្រេកអរចំពោះព្រះនិព្វានសព្វៗ កាល មិនត្រឡប់មកកាន់កាមនោះវិញទេ ។ ខ្ញុំជាស្ត្រីប្រាថ្នានូវភាពដ៏ត្រជាក់ (ព្រះអរហត្ត) ធ្វើនូវចម្បាំងចំពោះកាមទាំងឡាយ ជាអ្នកមិនប្រមាទ ត្រេកអរចំពោះព្រះនិព្វាន ជាទីអស់ទៅនៃសំយោជនៈ ។ បុគ្គលអ្នកស្វែងរកនូវគុណដ៏ធំទាំងឡាយ ឆ្លងហើយតាមផ្លូវណា ខ្ញុំនឹងដើរទៅតាមផ្លូវនោះ ជាផ្លូវឥតសោក មានធូលីទៅប្រាសហើយ ជាផ្លូវក្សេមដ៏ត្រង់ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។
(ព្រះមានព្រះភាគត្រាស់ថា) អ្នកទាំងឡាយ ចូរមើលនូវនាងសុភាកម្មារធីតានេះ ជាស្ត្រីឋិតនៅក្នុងធម៌ នាងបានចូលទៅកាន់ឈាន ឥតមានសេចក្ដីញាប់ញ័រ ហើយស្មឹងស្មាធិទៀបគល់ឈើ ។ នាងសុភាកម្មារធីតា បួសបាន ៨ ថ្ងៃនឹងថ្ងៃនេះហើយ ជាភិក្ខុនីមានសទ្ធា ល្អក្នុងព្រះសទ្ធម្ម ដែលនាងឧប្បលវណ្ណាទូន្មានហើយ ជាស្ត្រីមានវិជ្ជា ៣ លះបង់នូវមច្ចុបាន ។ ភិក្ខុនីនេះ ជាអ្នកនៅឥតមានបំណុល មានឥន្រ្ទិយចម្រើនហើយ ។ ប្រាសចាកកិលេសគ្រឿងប្រកបទាំងពួង មានកិច្ចធ្វើរួចហើយ មិនមានអាសវៈ ។ ទេវរាជ ឈ្មោះសក្កៈ ជាម្ចាស់នៃពួកសត្វ ព្រមទាំងពួកទេវតា ចូលទៅនមស្ការចំពោះភិក្ខុនី ឈ្មោះសុភាកម្មារធីតានោះ ដោយឫទ្ធិ (របស់ខ្លួន) ។
ចប់ វីសតិនិបាត ។
តឹសនិបាត
[កែប្រែ]សុភាថេរី នៅក្នុងជីវកម្ពវ័ន
[កែប្រែ][៣៣៦] (សុវណ្ណការបុត្ត) ជាអ្នកលេង រារាំងភិក្ខុនី ឈ្មោះសុភា កំពុងដើរទៅកាន់ជីវកម្ពវ័ន ជាទីរីករាយ ភិក្ខុនីឈ្មោះសុភា ក៏បានពោលនឹងសុវណ្ណការបុត្តនោះថា ។ កំហុសដូចម្ដេច ដែលអាត្មាប្រទូស្ដដល់អ្នក បានជាអ្នកឈររាំងអាត្មា នែអាវុសោ បុរសមិនគួរប៉ះពាល់នូវស្ត្រី ជាបព្វជិតទេ ។ សិក្ខាទាំងឡាយក្នុងសាសនា របស់ព្រះសាស្ដា ជាសិក្ខាគួរគោរព ព្រះសុគតបានសំដែងហើយដល់អាត្មា ហេតុដូចម្ដេច ក៏អ្នកមកឈររាំងអាត្មា ដែលជាស្រីមានចំណែកនៃធម៌ដ៏បរិសុទ្ធ មិនមានទីទួល គឺកិលេស ។ អ្នកជាបុគ្គលមានចិត្តល្អក់ ប្រកបដោយធូលី គឺរាគៈ ហេតុដូចម្ដេច ក៏អ្នកមកឈររាំងអាត្មា ដែលជាស្រីមានចិត្តថ្លាស្អាត ប្រាសចាកធូលី គឺរាគៈ មិនមានទីទួល គឺកិលេស មានចិត្តផុតស្រឡះហើយ (ចាកខន្ធបញ្ចកៈ) ទាំងអស់ ។
(អ្នកលេងពោលថា) នាងជាស្ត្រីនៅក្រមុំផង មិនអាក្រក់ផង បព្វជ្ជានឹងធ្វើប្រយោជន៍អ្វីដល់នាង ចូរនាងបោះចោលកាសាយចីវរចេញទៅ ហើយចូរមក យើងនឹងបានត្រេកត្រអាល ក្នុងព្រៃដែលមានផ្ការីកល្អ ។ ដើមឈើទាំងឡាយ ហាក់ដូចជាតាំងឡើងដោយលំអងផ្កា បក់ផ្សព្វផ្សាយនូវក្លិនដ៏ក្រអូបសព្វទិស (នេះ) ជាវសន្ដរដូវ ជាដំបូង ជារដូវនាំមកនូវសុខ នាងចូរមក យើងនឹងត្រេកត្រអាលក្នុងព្រៃ ដែលមានផ្ការីកល្អ ។ ដើមឈើទាំងឡាយ មានចុងស្គុះស្គាយដោយផ្កា លុះត្រូវខ្យល់បក់មក ក៏ហាក់ដូចជាបន្លឺសំឡេងឡើង ប្រសិនបើនាងនឹងចូលទៅក្នុងព្រៃម្នាក់ឯង នាងនឹងត្រេកត្រអាលដូចម្ដេចកើត ។ នាងជាស្ត្រីឥតមិត្រសំឡាញ់ ចង់ទៅកាន់ព្រៃធំ ដែលប្រាសចាក (មនុស្ស) គួរឲ្យស្ញប់ស្ញែង ជាព្រៃដែលហ្វូងម្រឹគសាហាវនៅអាស្រ័យ ជាព្រៃដែលដំរីចុះប្រេង និងមេដំរីបុកបែន ។ នាងប្រៀបដូចរូបតុក្កតា ដែលសូនដោយមាសឆ្អិន ឬដូចជាស្ត្រីទេពអប្សរ ត្រាច់ទៅក្នុងឧទ្យានឈ្មោះចិត្តរថ ម្នាលនាងជាស្ត្រីល្អឥតឧបមា នាងល្អដោយសំពត់សម្រាប់ស្លៀកដណ្ដប់ មានសាច់ដ៏ល្អិតសុខុម ដែលកើតក្នុងដែនកាសី ។ បើនាងនៅក្នុងចន្លោះព្រៃ ខ្ញុំនឹងលុះក្នុងអំណាចនៃនាង ម្នាលនាងជាស្ត្រីមានភ្នែកស្រទន់ ដូចកិន្នរី ជីវិត (របស់ខ្ញុំ) ជាទីស្រឡាញ់ក្រៃលែងជាងនាង មិនមានទេ ។ បើនាងនឹងធ្វើតាមពាក្យខ្ញុំ នាងចូរមក ចូរនៅគ្រប់គ្រងផ្ទះជាសុខចុះ នាងនឹងនៅក្នុងប្រាសាទមិនមានខ្យល់ ពួកនាងនារី ចូរធ្វើនូវការខ្វល់ខ្វាយបម្រើដល់នាង ។ ចូរនាងទ្រទ្រង់នូវសំពត់មានសាច់ម៉ដ្ឋ ដែលនាំមកអំពីដែនកាសី ចូរនាងតែងខ្លួនដោយផ្កាកម្រង និងគ្រឿងលាបចុះ ខ្ញុំនឹងផ្គត់ផ្គង់គ្រឿងអាភរណៈផ្សេងៗ ច្រើនយ៉ាង ដែលរចនាហើយដោយមាស កែវមណី និងកែវមុក្តា ដល់នាង ។ ចូរនាងឡើងកាន់ដំណេកថ្មីល្អ ដែលស្អាតគ្មានធូលី ព្រោះជំរះលាងប្រពៃ ដែលក្រាលដោយកម្រាលរោមចៀម ញាត់ដោយសំឡីមានតម្លៃច្រើន ប្រដាប់ដោយខ្លឹមចន្ទន៍ មានក្លិនក្រអូប ។ នាងជាស្ត្រីប្រព្រឹត្តព្រហ្មចារ្យ នាងនឹងដល់នូវការចាស់គ្រាំគ្រា ត្រង់អវយវៈទាំងឡាយរបស់ខ្លួន ដូចជាផ្កាឧប្បលលូតផុតទឹក ដែលអមនុស្សហួងហែងរក្សា (នឹងជាវត្ថុឥតមានអ្នកណាប្រើប្រាស់កើត) ។
(នាងថេរីពោលថា) ហេតុដូចម្ដេច ក៏អ្នកមានគំនិតខុស សំឡឹងមើល (អាត្មា) ព្រោះឃើញនូវអារម្មណ៍ ដែលសន្មតថាមានខ្លឹម ក្នុងរាងកាយនេះ ដ៏ពេញដោយសាកសព គ្រាន់តែការចម្រើនរបស់ព្រៃស្មសាន ជារាងកាយបែកធ្លាយជាធម្មតា ។
(អ្នកលេងពោលថា) ភ្នែកទាំងឡាយ (របស់នាង) ដូចជាភ្នែកកូនម្រឹគញី ឬដូចជាភ្នែកនៃកិន្នរី ក្នុងចន្លោះនៃភ្នំ តម្រេកក្នុងកាមរបស់ខ្ញុំ រមែងចម្រើនក្រៃលែង ព្រោះឃើញនូវភ្នែករបស់នាង ។ កាមគុណរបស់ខ្ញុំ រមែងចម្រើនឡើងក្រៃលែង ព្រោះឃើញភ្នែករបស់នាង ដែលប្រៀបដោយត្របកនៃផ្កាឧប្បល ត្រង់មុខ ប្រាសចាកមន្ទិល ប្រាកដស្មើដោយមាស ។ នែនាងមានរូបស្រស់ស្រោង មានភ្នែកថ្លាស្អាត បើទុកជាយើងទៅកាន់ទីឆ្ងាយ ក៏នៅតែរលឹកឃើញ ម្នាលនាងមានភ្នែកថ្លាដូចភ្នែកកិន្នរី ឥតមានអ្វីមួយ ជាទីស្រឡាញ់នៃខ្ញុំ ជាងភ្នែករបស់នាងទេ ។
(នាងថេរីពោលថា) អ្នកប្រាថ្នានូវធីតា ជាឱរសរបស់ព្រះពុទ្ធ (នេះ) ឈ្មោះថាប្រាថ្នាដើម្បីដើរទៅតាមផ្លូវខុស ឈ្មោះថាស្វែងរកព្រះចន្ទមកធ្វើជាល្បែង ឈ្មោះថាប្រាថ្នាដើម្បីលោតឡើងកាន់ភ្នំសិនេរុ ។ ឥឡូវនេះ ប្រសិនបើរាគៈ គប្បីមានដល់អាត្មាក្នុងអារម្មណ៍ណា អារម្មណ៍នោះ មិនមានក្នុងលោក ព្រមទាំងទេវលោក អាត្មាមិនដឹងនូវដំណើរនោះថា មានភាវៈអ្វីស្មើ (ដោយរាគៈ) ទេ បានជា (រាគៈនោះ) អាត្មាដកចោលទាំងឫស ដោយអរិយមគ្គហើយ ។ (រាគៈនោះ) អាត្មាបានកំចាត់ចេញហើយ ដូចជាភាជនៈដាក់នូវថ្នាំពិស ដែលបុគ្គលបោះចោលក្នុងរងើកភ្លើងហើយ អាត្មាមិនឃើញនូវដំណើរនោះថា មានសភាវៈអ្វីស្មើ (ដោយរាគៈ) ទេ បានជា (រាគៈនោះ) អាត្មាដកចោលទាំងឫស ដោយអរិយមគ្គហើយ ។ ខន្ធបញ្ចកៈដែលស្ត្រីណា មិនបានពិចារណាឃើញ ឬថាស្ត្រីណាដែលមិនបានចូលទៅអង្គុយជិតព្រះសាស្ដា អ្នកចូរប្រឡោមនូវស្ត្រីប្រាកដដូច្នោះចុះ អ្នកនោះនឹងចង្អៀតចង្អល់ (ព្រោះអាស្រ័យ) ភិក្ខុនីនេះ ជាអ្នកដឹង (អរិយសច្ច) ។ ព្រោះថា ស្មារតីរបស់អាត្មា បានតម្កល់ខ្ជាប់ហើយ ក្នុងបុគ្គលអ្នកជេរ និងអ្នកថ្វាយបង្គំ ក្នុងសុខ និងទុក្ខ ចិត្តរបស់អាត្មា មិនជាប់ក្នុងអារម្មណ៍ទាំងអស់នោះ ព្រោះដឹងច្បាស់ថា សង្ខតារម្មណ៍ ជារបស់មិនស្អាត ។ អាត្មាជាសាវិការបស់ព្រះសុគត ជាអ្នកដើរទៅដោយយាន គឺអដ្ឋង្គិកមគ្គ មានសរ គឺកិលេសដកចោលហើយ ឥតមានអាសវៈ ជាអ្នកត្រេកអរក្នុងផ្ទះស្ងាត់ ។ ព្រោះថាអាត្មាបានឃើញរូបយន្ដឈើ ជាគ្រោងថ្មី ដែលតាក់តែងដ៏វិចិត្រ ចងរឹតដោយខ្សែសរសៃទាំងឡាយ និងឈើកន្លាស់ទាំងឡាយ ដូចជាគេរាំដោយអាការផ្សេងៗ ។ កាលបើខ្សែសរសៃ និងឈើកន្លាស់នោះ ដាច់រដកចេញរាត់រាយ រលុងរង្គោះបាក់បែកខ្ចាត់ខ្ចាយ កាលបើរូបយន្ដរង្គោះ ដាច់ខ្ចាត់ខ្ចាយហើយ បុគ្គលមិនគប្បីបាន (រូបយន្ដនោះ) ទេ បុគ្គលគប្បីតម្កល់ចិត្តក្នុងរូបនោះ ដូចម្ដេចកើត ។ រាងកាយទាំងឡាយរបស់ខ្ញុំ ដូចគ្នានឹងរូបយន្ដដែរ បើវៀរចាករូបធម៌ មានចក្ខុជាដើមនោះហើយ រមែងប្រព្រឹត្តទៅមិនបាន រាងកាយ បើវៀរចាករូបធម៌ហើយ ប្រព្រឹត្តទៅមិនបានទេ បុគ្គលគប្បីតំកល់ចិត្តក្នុងរាងកាយនោះ ដូចម្ដេចកើត ។ បុគ្គលឃើញរូបស្ត្រី ដែលគេគូរនឹងជញ្ជាំង លាបលនដោយថ្នាំដ៏ស្រស់ យ៉ាងណាមិញ អ្នកមានការឃើញវិបរិត ក្នុងរូបនោះ ក៏យ៉ាងនោះដែរ បញ្ញាជារបស់មនុស្ស ឥតប្រយោជន៍ទេឬ ។ នែបុគ្គលអន្ធពាល អ្នកស្ទុះចូលមកជិតនូវអត្តភាពដ៏ទទេ ដែលប្រៀបដូចជាថ្ងៃបណ្ដើរកូន តាំងនៅក្នុងខាងមុខ ឬដូចជាយល់សប្ដិឃើញដើមឈើមាស ពុំនោះ ដូចជារូបយន្ដគ្រាំគ្រា ក្នុងកណ្ដាលនៃជន ។ ពពុះបាំងស្បែកកណ្ដាលភ្នែក ឬព្រៀកទឹកភ្នែក ឬក៏ពកបាយភ្នែក តែងកើតក្នុងមណ្ឌលនៃភ្នែកនោះ ដូចជាពពុះទឹកល័ក្ខ ដែលបុគ្គលប្រស់លើកម្រាលចៀមស្ងួត ព្រោះថាសណ្ឋានរបស់ភ្នែក មានពណ៌ផ្សេងៗ ដែលសង្ខារតាក់តែងហើយ ។
នាងសុភាភិក្ខុនី មានចិត្តឥតជាប់ចំពាក់ បានឆ្កៀលភ្នែកជាទីស្រឡាញ់ មិនជាប់ចំពាក់ ហើយក៏ឲ្យដល់បុរសនោះ ក្នុងពេលនោះ ដោយពាក្យថា ហ៎ អាត្មាឲ្យភ្នែកដល់អ្នក ចូរអ្នកយកភ្នែកនោះទៅចុះ ។ រាគៈរបស់បុរសនោះ ក៏ប្រាសចេញក្នុងខណៈនោះផង បុរសនោះ បានញ៉ាំងភិក្ខុនីនោះ ឲ្យអត់ទោសក្នុងទីនោះផង ដោយពាក្យថា ម្នាលនាងជាព្រហ្មចារិនី សួស្ដីចូរមាន (ដល់នាង) ការប្រព្រឹត្តិអនាចារបែបនេះ នឹងមិនមានដល់ខ្ញុំទេ ។
បើខ្ញុំបៀតបៀនជន (ដែលគ្មានរាគៈ) យ៉ាងនេះ ក៏ហាក់ដូចជាខ្ញុំឱបភ្លើងកំពុងឆេះសន្ធោសន្ធៅ ឬចាប់នូវអាសិរិ្ពស បើដូច្នោះ សូមសួស្ដីកើតមានដល់នាង សូមនាងអត់ទោសដល់ខ្ញុំ ។
ភិក្ខុនីនោះ លុះរួចអំពីបុរសជាអ្នកលេងនោះហើយ ក៏បានទៅកាន់សំណាក់នៃព្រះពុទ្ធដ៏ប្រសើរ ចក្ខុក៏កើតឡើងដូចពីដើម ព្រោះបានឃើញនូវមហាបុរិសលក្ខណៈ ដែលកើតអំពីបុញ្ញសម្ភារដ៏ប្រសើរ ។
ចប់ តឹសនិបាត ។
ចត្តាឡីសនិបាត
[កែប្រែ]ឥសិទាសីថេរី
[កែប្រែ][៣៣៧] ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីររូបនោះ ភិក្ខុនី ១ រូប ឈ្មោះឥសិទាសី ភិក្ខុនីទី ២ ឈ្មោះពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកំចាត់បង់ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយជាសុខ ក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសំដីទាំងឡាយនេះថា ។ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើ ចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា ។
ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍ យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថា ម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។
លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនា
សេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមានក្នុងលំនៅនោះ តាមសមគួរដល់វត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសំអាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯង ហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បារនឹងខ្ញុំ ដែលជាស្ត្រីបម្រើបាយ គ្មានស្ត្រីណាលើស ជាស្ត្រីធ្វើការ (គ្រប់យ៉ាង) ជាស្ត្រីមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះ និយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។
(មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិតឈ្លាសវៃ ជាស្ត្រីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។
(កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វីៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថា នាងឥសិទាសី ជាស្រីសំអប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។
ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ ។
(ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វីៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។
ម្ដាយក្មេក និងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្ត្រីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្ត្រីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយ និងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង ។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យកំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្ត្រីនៅតែម្នាក់ឯង គិតថាអាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស ។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាលត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះ ឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាងសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញ្ញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់នូវកម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះឯកកច្ឆៈ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសំភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះលុះឃ្លាតចាកអត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា ។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែខ្ញុំសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូលកំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន ។ កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះ ក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះគិរិទាសៈ បានឃើញខ្ញុំជាស្ត្រីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគំរប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្ត្រីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំងឡាយ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ ។
ចប់ ចត្តាឡីសនិបាត ។
មហានិបាត
[កែប្រែ]សុមេធាថេរី
[កែប្រែ][៣៣៨] នាងសុមេធា ជាធីតានៃអគ្គមហេសីរបស់ព្រះរាជា ទ្រង់ព្រះនាមកោញ្ចៈ ក្នុងនគរឈ្មោះមន្ដាវតី ជាស្ត្រីដែលព្រះអរិយៈ អ្នកធ្វើសាសនាឲ្យជ្រះថ្លាហើយ ។ នាងសុមេធា ជាស្រីមានសីល ជាធម្មកថិកាដ៏វិចិត្រ ជាពហុស្សូត ជាស្រីបានបទក្នុងព្រះពុទ្ធសាសនា ចូលទៅជិតព្រះមាតាបិតា ហើយទូលថា សូមទ្រង់ទាំងពីរស្ដាប់ (ពាក្យខ្ញុំម្ចាស់) ។ ខ្ញុំម្ចាស់ជាអ្នកត្រេកអរ ចំពោះព្រះនិព្វាន ភពសូម្បីជាទិព្វ ក៏ជារបស់មិនទៀងទាត់ នឹងចាំបាច់ពោលទៅថ្វីដល់កាមទាំងឡាយ ដែលជារបស់សោះសូន្យ មានការត្រេកអរតិច មានសេចក្ដីចង្អៀតចង្អល់ច្រើន ។ ពួកជនពាល ឈ្លក់ក្នុងកាមទាំងឡាយណា កាមទាំងឡាយនោះ ជាសភាវៈខ្លោចផ្សា ឧបមាដូចជាអាសិរពិស ពួកជនពាលទាំងនោះ សឹងពេញណែនត្រៀបត្រាក្នុងនរក រងទុក្ខលំបាកអស់កាលដ៏អង្វែង ។ ពួកជនពាលមានកម្មដ៏លាមក មានគំនិតអាក្រក់ មិនសង្រួមកាយ វាចា ចិត្ត រមែងសង្រេងសង្រៃ ក្នុងវិនិបាត (អបាយ) សព្វៗ កាល ។ ជនពាលទាំងនោះ ជាអ្នកឥតប្រាជ្ញា ឥតចេតនា ត្រូវតណ្ហាជាហេតុនៃទុក្ខរួបរឹត មិនដឹង (នូវចតុសច្ចធម៌) ដែលព្រះសម្ពុទ្ធទ្រង់សំដែង រមែងមិនត្រាស់ដឹងនូវអរិយសច្ចទាំងឡាយ ។ បពិត្រព្រះមាតា ជនទាំងឡាយជាច្រើននាក់ណាស់ ដែលមិនដឹងនូវសច្ចធម៌ ដ៏ជាធម៌ គឺព្រះពុទ្ធដ៏ប្រសើរ ទ្រង់សំដែង ហើយត្រេកអរតែនឹងភព ពេញចិត្តតែនឹងការកើតក្នុងពួកទេវតា ។ សូម្បីការកើតក្នុងពួកទេវតា ក៏មិនទៀង កាលបើភពមិនទៀង ពួកជនពាលក៏នៅតែមិនតក់ស្លុតនឹងភពដែលសត្វត្រូវកើតញយៗ ។ វិនិបាត [វិនិបាត ៤ គឺ នរក តិរច្ឆាន ប្រេត អសុរកាយ ។ អដ្ឋកថា ។] ៤ និងគតិ ២ បុគ្គលគប្បីបានដូចម្ដេចកើត បព្វជ្ជារបស់ពួក សត្វវិនិបាតក្នុងនរក មិនមានឡើយ ។ សូមទ្រង់ទាំងពីរអនុញ្ញាតឲ្យខ្ញុំម្ចាស់ ទៅបួសក្នុងសាសនានៃព្រះទសពល ខ្ញុំម្ចាស់នឹងជាស្ត្រីមានសេចក្ដីខ្វល់ខ្វាយតិច ប្រឹងប្រែងដើម្បីលះបង់នូវជាតិ និងមរណៈ ។ ប្រយោជន៍អ្វីដោយភព ដែលអ្នកផងត្រេកត្រអាល ប្រយោជន៍អ្វីដោយកាយជាទោស ឥតខ្លឹមសារ សូមទ្រង់អនុញ្ញាត ខ្ញុំម្ចាស់នឹងបួស ដើម្បីរំលត់នូវភវតណ្ហា ។ ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ (ខ្ញុំម្ចាស់បានចួបប្រទះហើយ) កាលមិនមែនជាខណៈ ខ្ញុំម្ចាស់វៀរស្រឡះហើយ ខណៈ ខ្ញុំម្ចាស់បានហើយ ខ្ញុំម្ចាស់មិនប្រទូស្ដនូវសីល និងព្រហ្មចរិយៈ រហូតអស់មួយជីវិត ។
លុះនាងសុមេធា ក្រាបទូលយ៉ាងនេះ គ្រានោះ ព្រះមាតាបិតា បានមានបន្ទូលនឹងនាងថា យើងទាំងឡាយជាគ្រហស្ថ សុទ្ធតែលុះក្នុងអំណាចនៃសេចក្ដីស្លាប់ និងលះបង់មិនបានទេ ។
មាតាជាទុក្ខស្រែកយំ បិតាក៏ជាទុក្ខ ត្រូវសេចក្ដីសោកស្ដាយគ្របសង្កត់ដូចគ្នា ប្រឹងប្រែងសង្រួបសង្រួមធីតានោះ ដែលដួលចុះលើផែនដី នាផ្ទៃប្រាសាទថា ។
ម្នាលកូនស្រី ចូរនាងក្រោកឡើង ប្រយោជន៍អ្វីដោយការសោក (ដើម្បីចង់បួស) យើងបានថ្វាយនាងដល់ស្ដេច ទ្រង់ព្រះនាមអនិករត្តៈ ជាស្ដេចមានរូបល្អ ក្នុងនគរឈ្មោះវារណវតីហើយ ។ នាងនឹងបានជាអគ្គមហេសី នឹងបានជាភរិយា របស់ស្ដេចអនិករត្តៈ នែកូនស្រី សីល ព្រហ្មចរិយធម៌ និងបព្វជ្ជា គេធ្វើបានកម្រណាស់ ។ អាណាចក្រក្នុងរាជ (នៃស្ដេចអនិករត្តៈ) ទ្រព្យ និងឥស្សរិយយស (ក៏មានច្រើន) ភោគសម្បត្តិទាំងឡាយ នាំមកនូវសេចក្ដីសុខ ទាំងខ្លួននាង ក៏នៅក្រមុំ ព្រោះហេតុនោះ នាងចូរប្រើប្រាស់ភោគសម្បត្តិ តាមប្រាថ្នាចុះ ។ ម្នាលកូនស្រី កិច្ចដែលគេត្រូវដណ្ដឹង ចូរមានដល់នាង ។
គ្រានោះ នាងសុមេធា ក្រាបទូលមាតាបិតានោះថា សម្បត្តិទាំងឡាយប្រាកដដូច្នេះ ចូរកុំមាន (ដល់ខ្ញុំម្ចាស់) ភពជារបស់គ្មានខ្លឹមសារ បព្វជ្ជា ឬមរណៈ ចូរមានដល់ខ្ញុំម្ចាស់ ព្រោះហេតុនោះ កិច្ចដែលគេត្រូវដណ្ដឹង (ចូរកុំមានដល់ខ្ញុំម្ចាស់ឡើយ) ។ (សរីរៈនេះ) ដូចជាដង្កូវ ជាកាយស្អុយ មិនស្អាត មានក្លិនផ្សាយទៅគួរឲ្យខ្លាច ដូចជាការុងជាវិការនៃស្បែក ពេញដោយសាកសព ពេញដោយរបស់មិនស្អាត ដែលហូរចេញក្នុងកាលម្ដងៗ ។ ខ្ញុំម្ចាស់ដឹងនូវសរីរៈនោះថា ដូចជាអ្វីមួយ ដែលបូកលាបដោយសាច់ និងឈាម ជារបស់គួរខ្ពើមក្រៃពេក ជាលំនៅនៃហ្វូងដង្កូវ ជាចំណីនៃសត្វស្លាប ជាសាកសព (គេ) នឹងឲ្យដល់អ្នកណាម្ដេចបាន ។ កាយដែលមានវិញ្ញាណប្រាសចេញហើយ មិនយូរប៉ុន្មាន គេតែងដុតក្នុងព្រៃស្មសាន ពួកញាតិដែលខ្ពើមរអើម ក៏បោះបង់ចោល ដូចជាអង្កត់អុស ។ មាតាបិតារបស់ខ្លួន ចោលសាកសពនោះ ឲ្យជាចំណីសត្វដទៃក្នុងព្រៃស្មសាន ខ្ពើមរអើម ងូតលាង (ខ្លួនដើរចេញទៅ) ចំណង់បើសាធារណជន (នឹងមិនខ្ពើម) ដូចម្ដេចកើត ។ សត្វទាំងឡាយ តែងជ្រុលជ្រប់ក្នុងគ្រោងកាយ ជាសាកសពឥតខ្លឹមសារ ដែលសង្ខារផ្សំផ្គុំដោយឆ្អឹង និងសរសៃ ជាកាយស្អុយ ពេញដោយទឹកមាត់ ទឹកភ្នែក ទឹកសម្បោរ និងទឹករងៃ ។ បើបុគ្គលពន្លាត់រាងកាយនោះ ធ្វើអាការខាងក្នុងនៃវា ឲ្យត្រឡប់មកខាងក្រៅវិញ សូម្បីមាតារបស់ខ្លួន ក៏ខ្ពើមរអើមអត់ទ្រាំនឹងក្លិនពុំបាន ។ ខ្ញុំម្ចាស់និយាយដោយឧបាយនៃប្រាជ្ញា នូវខន្ធ ធាតុ អាយតនៈ ដែលសង្ខារតាក់តែង ថាមានជាតិជាឫសគល់ នាំមកនូវទុក្ខ មិនជាទីពេញចិត្ត នឹងប្រាថ្នានូវកិច្ចដែលគេត្រូវដណ្ដឹងដើម្បីអ្វី ។ លំពែង ៣០០ ដែលសំលៀងថ្មីៗ គប្បីធ្លាក់ចុះលើកាយរាល់ៗ ថ្ងៃ ប្រសិនបើ ការអស់ទៅនៃទុក្ខ សូម្បីមានការលំបាក (យ៉ាងនេះ) អស់រយឆ្នាំ ជាការប្រសើរ ។ បុគ្គលណា ដឹងព្រះពុទ្ធដីការបស់ព្រះសាស្ដាយ៉ាងនេះ ហើយបានទទួលនូវសេចក្ដីលំបាក (ការអស់ទៅនៃទុក្ខ តែងមានដល់បុគ្គលនោះ) សង្សារ (ការអន្ទោលទៅ) របស់បុគ្គលពាលទាំងឡាយ ដែលលំបាករឿយៗ ជាសង្សារវែងឆ្ងាយ ។ ការលំបាកតានតឹងមិនមានប្រមាណ រមែងប្រាកដក្នុងពួកទេវតា ពួកមនុស្ស ក្នុងកំណើតតិរច្ឆាន ក្នុងពួកអសុរកាយ ក្នុងពួកប្រេត និងក្នុងពួកនរក ។ ក្នុងនរក មានសេចក្ដីលំបាកច្រើន សត្វដែលកើតក្នុងវិនិបាត ក៏លំបាក សូម្បីក្នុងពួកទេវតា ក៏មិនមានទីពឹង សេចក្ដីសុខដទៃក្រៃលែង ជាងសេចក្ដីសុខក្នុងព្រះនិព្វាន មិនមានទេ ។ បុគ្គលពួកណា ខំប្រឹងប្រែងក្នុងសាសនារបស់ព្រះទសពល ជាអ្នកមានសេចក្ដីខ្វល់ខ្វាយតិច ខំព្យាយាមលះបង់ជាតិ និងមរណៈ បុគ្គលពួកនោះ ឈ្មោះថាបានព្រះនិព្វាន ។ បពិត្រព្រះបិតា ខ្ញុំម្ចាស់នឹងចេញបួសក្នុងថ្ងៃនេះ ប្រយោជន៍អ្វីដោយភោគៈទាំងឡាយ ដែលឥតខ្លឹមសារ កាមទាំងឡាយ ទុកស្មើវត្ថុដែលគេខ្ជាក់ចោល ខ្ញុំម្ចាស់នឿយណាយហើយ ធ្វើឲ្យដូចដើមត្នោតមិនមានទីកើត (ដែលបុគ្គលដកចោលហើយ) ។
នាងសុមេធានោះ កំពុងនិយាយនឹងបិតាយ៉ាងនេះ ស្រាប់តែព្រះបាទអនិករត្តៈ ដែលបិតាបានថ្វាយនាងដល់ទ្រង់ សេ្ដចព្រះរាជដំណើរចូលទៅដល់ ដោយមានពួកកំលោះហែហម (ព្រោះ) ការត្រូវដណ្ដឹង មានក្នុងកាលប្រាកដហើយ ។ ក្នុងកាលនោះ នាងសុមេធា កាត់នូវសក់ទាំងឡាយ ដែលមានពណ៌ខ្មៅរលើប ស្លូតទន់ ដោយព្រះខាន់ ហើយបិទទ្វារប្រាសាទ រួចចូលបឋមជ្ឈាន ។ នាងសុមេធា កំពុងតែចូលសមាបត្តិ ចម្រើននូវអនិច្ចសញ្ញាលើប្រាសាទ គាប់ចួនស្ដេចអនិករត្តៈ ក៏យាងមកដល់នគរ ។ នាងសុមេធានោះ កំពុងតែធ្វើទុកក្នុងចិត្ត (នូវអនិច្ចសញ្ញា) ស្ដេចអនិករត្តៈ ដែលស្អិតស្អាងព្រះអង្គ ដោយគ្រឿងអលង្ការ ជាវិការៈកែវមណី និងមាស ក៏ឡើងមកដោយរួសរាន់ ហើយធ្វើអញ្ជលី អង្វរនាងសុមេធាថា ។ អាជ្ញាក្នុងរាជរបស់យើង ទ្រព្យ និងឥស្សរិយយស (ក៏មានច្រើន) ភោគសម្ប័ទទាំងឡាយ នាំមកនូវសេចក្ដីសុខ ទាំងខ្លួននាងសោត ក៏នៅក្រមុំ នាងចូរប្រើប្រាស់ភោគសម្ប័ទ តាមប្រាថ្នាចុះ (ព្រោះថា) កាមសុខក្នុងលោក គេរកបានដោយកម្រណាស់ ។ រាជសម្បត្តិ យើងប្រគល់ផ្ដាច់ឲ្យនាង នាងចូរប្រើប្រាស់នូវភោគសម្ប័ទទាំងឡាយ ចូរឲ្យនូវទានចុះ នាងកុំតូចចិត្តឡើយ មាតាបិតារបស់នាង ជាទុក្ខ ។
នាងសុមេធា ជាស្ត្រីមិនត្រូវការដោយកាម មានមោហៈទៅប្រាសហើយ ក៏ទូលតបស្ដេចអនិករត្តៈនោះថា ព្រះអង្គកុំត្រេកត្រអាលចំពោះកាមទាំងឡាយ ព្រះអង្គចូរឃើញទោសក្នុងកាមទាំងឡាយវិញ ។ ព្រះរាជាទ្រង់ព្រះនាមមន្ធាតុ ជាធំលើទ្វីបទាំងបួន ជាបុគ្គលប្រសើរផុតជាងពួកជនអ្នកបរិភោគកាម ទ្រង់មិនឆ្អែតឆ្អន់ (ដោយកាមទាំងឡាយ) ទ្រង់ទិវង្គតទៅ សេចក្ដីប្រាថ្នារបស់ស្ដេចនោះ នៅតែមិនពេញគ្រប់គ្រាន់នៅឡើយ ។ ភ្លៀងគប្បីបង្អុរចុះនូវរតនៈទាំងឡាយ ៧ ប្រការ ជុំវិញ គ្រប់ទិសទាំង ១០ សេចក្ដីឆ្អែតចំពោះកាមទាំងឡាយ ក៏នៅតែមិនល្មម ពួកនរជន រមែងស្លាប់ទៅទាំងមិនឆ្អែត ។ កាមទាំងឡាយ ប្រៀបដូចដាវ និងឈើស្រួច កាមទាំងឡាយ ប្រៀបដូចជាក្បាលនៃពស់ ឬប្រៀបដូចជាគប់ភ្លើង ក្រៀមក្រោះដូចជារាងឆ្អឹង តែងដុតកំដៅរឿយៗ ។ កាមទាំងឡាយ មិនទៀងទាត់ មិនឋិតថេរ មានទុក្ខច្រើន មានពិសខ្លាំង មានសេចក្ដីតានតឹង ជាឫសគល់ មានសេចក្ដីទុក្ខជាផល ដូចជាដុំដែកដែលកំពុងឆេះ ។ កាមទាំងឡាយ ប្រៀបដូចជាផ្លែឈើ ឬប្រៀបដូចដុំសាច់ នាំមកនូវទុក្ខ កាមទាំងឡាយ ដូចជាការយល់សប្ដិ ជាគ្រឿងបញ្ឆោត ដូចជារបស់ខ្ចីគេ ។ កាមទាំងឡាយ ដូចជាលំពែង និងដែកស្រួច ដូចជារោគ ឬដូចជាបូស ជាគ្រឿងតានតឹង ចង្អៀតចង្អល់ កាមទាំងឡាយ ប្រាកដស្មើដោយរណ្ដៅនៃរងើកភ្លើង មានសេចក្ដីតានតឹងជាឫស ជាភ័យ ជាខ្មាំង ។ កាមទាំងឡាយ មានសេចក្ដីទុក្ខច្រើនយ៉ាងនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាសភាវៈធ្វើនូវសេចក្ដីអន្ដរាយ សូមព្រះអង្គយាងទៅវិញចុះ សេចក្ដីស្និទ្ធស្នាលក្នុងភពរបស់ខ្ញុំម្ចាស់ មិនមានទេ ។ បុគ្គលដទៃនឹងធ្វើនូវប្រយោជន៍ដូចម្ដេច ដល់ខ្ញុំម្ចាស់កើត កាលបើក្បាលរបស់ខ្លួនត្រូវភ្លើងឆេះ កាលបើជរា មរណៈកំពុងជាប់តាម ខ្ញុំម្ចាស់ត្រូវប្រឹងប្រែង ដើម្បីកំចាត់បង់នូវជរា មរណៈនោះ ។
នាងសុមេធានេះ លុះឃើញមាតាបិតា និងស្ដេចអនិករត្តៈ ដែលមកមិនទាន់ដល់ទ្វារ កំពុងគង់យំលើផែនដី ក៏ទូលនូវពាក្យនេះថា សង្សារ របស់បុគ្គលអន្ធពាលដែលយំទួញញយៗ ចំពោះសេចក្ដីស្លាប់របស់បិតា សេចក្ដីស្លាប់របស់បងប្អូន និងសេចក្ដីស្លាប់របស់ខ្លួន ក្នុងសង្សារវដ្ដ ដែលគេមិនអាចដឹងទីបំផុតបាន ជាសង្សារវែងឆ្ងាយ ។ សូមទ្រង់ទាំងឡាយ រលឹកនូវទឹកភ្នែក ទឹកដោះ និងឈាម កាលទ្រង់អន្ទោលទៅ ព្រោះសង្សារ ដែលគេមិនអាចដឹងទីបំផុតបាន សូមទ្រង់រលឹកនូវគំនរឆ្អឹងទាំងឡាយ របស់ពួកសត្វដែលអន្ទោលទៅមកៗ ។ សូមទ្រង់រលឹកដល់ទឹកភ្នែក ទឹកដោះ និងឈាម ដែលប្រៀបធៀបនឹងសមុទ្រធំទាំង ៤ សូមទ្រង់រលឹកនូវគំនរនៃឆ្អឹងទាំងឡាយ ក្នុងកប្បមួយៗ ដែលស្មើនឹងភ្នំវេបុល្លៈ ។ ដុំដីប៉ុនគ្រាប់ក្របៅ ដែលបុគ្គលលញ់ដីអស់ទាំងជម្ពូទ្វីប ក៏មិនល្មម គឺតិចជាងមាតាបិតាទាំងឡាយរបស់សត្វ កាលអន្ទោលទៅក្នុងសង្សារ ដែលគេមិនអាចដឹងទីបំផុតបាន ។ សូមទ្រង់រលឹកនូវស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើ ដែលគេនាំមកប្រៀបធៀប ខ្នាច់ទាំងឡាយ (របស់ស្មៅជាដើមនោះ) ប្រមាណបួនធ្នាប់ៗ ក៏មិនល្មមស្មើនឹងបិតា និងជីតាទាំងឡាយ ព្រោះសង្សារ មានទីបំផុតគេមិនអាចដឹងបាន ។ សូមទ្រង់នឹកមើលនូវអណ្ដើកខ្វាក់ និងប្រហោងនឹម (ដែលខ្យល់បក់បង្វិល) ទៅក្នុងសមុទ្រ អំពីត្រើយខាងកើត ទៅត្រើយដទៃទៀត និងក្បាលអណ្ដើកនោះ ដែលចូលទៅ (ក្នុងប្រហោងនឹម) នេះ ជាសេចក្ដីឧបមាក្នុងការបានអត្តភាពជាមនុស្ស ។ សូមទ្រង់រលឹកនូវរូប របស់គ្រោងកាយ ជាទោស ឥតខ្លឹមសារ មានឧបមាដូចដុំនៃពពុះទឹក សូមទ្រង់ឃើញនូវខន្ធទាំងឡាយ ថាជាសភាវៈមិនទៀងទាត់ សូមទ្រង់រលឹកនូវនរកទាំងឡាយ ដែលមានសេចក្ដីទុក្ខ ក្ដួលក្ដៅជាច្រើន ។ សូមទ្រង់រលឹកនូវសត្វទាំងឡាយ ដែលញ៉ាំងទីស្មសានឲ្យចម្រើនរឿយៗ ក្នុងជាតិទាំងឡាយនោះៗ សូមរលឹកនូវភ័យក្នុងការចិញ្ចឹមពោះផង សូមរលឹកនូវអរិយសច្ចទាំង ៤ ផង ។
កាលបើអមតធម៌មាន ប្រយោជន៍អ្វី ដោយហេតុក្ដៅផ្សា [ហេតុដ៏ក្តៅផ្សា របស់កាមគុណ មាន៥យ៉ាង បដ្ឋនា ការប្រាថ្នា ១ បរិយេសនា ការស្វែងរក ១ បរិគ្គហោ ការហួងហែងទុក ១ អារក្ខា ការរក្សាទួទៅមិនដាច់ ១ បរិភោគោ ការប្រើប្រាស់លៃលក ១ ។ អដ្ឋកថា ។] ៥ យ៉ាង ដែលទ្រង់សោយហើយ ដ្បិតតម្រេកក្នុងកាមទាំងអស់ ក្ដៅផ្សាក្រៃពេក ព្រោះហេតុក្ដៅផ្សា ៥ យ៉ាង ។
កាលបើអមតធម៌ មាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយ ដែលជារបស់ក្ដៅក្រហាយ ដ្បិតតម្រេកក្នុងកាមទាំងអស់ (ត្រូវភ្លើង ១១ កង) ឆេះពុះឡើង ញាប់ញ័រក្ដៅសព្វ ។ កាលបើធម៌ដែលឥតសត្រូវ (នេក្ខម្មៈ) មាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយ ដែលមានសត្រូវច្រើន កាមទាំងឡាយ ជាសាធារណៈ មានសត្រូវច្រើន គឺសត្រូវអំពីស្ដេច ភ្លើង ចោរ ទឹក និងបុគ្គលមិនជាទីស្រឡាញ់ ។
កាលបើព្រះនិព្វានមាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយ ដែលជាគ្រឿងសម្លាប់ ជាគ្រឿងចង ព្រោះថាកាមទាំងឡាយ តែងមានគ្រឿងសម្លាប់និងគ្រឿងចង ពួកសត្វនេះ តែងទទួលសេចក្ដីទុក្ខទាំងឡាយ ព្រោះតែការប្រាថ្នាកាម ។ គប់ស្មៅ ដែលភ្លើងកំពុងឆេះ តែងឆេះនូវបុគ្គលអ្នកកាន់ មិនលែងចេញ ព្រោះថាកាមទាំងឡាយ ប្រៀបដូចជាគប់ភ្លើង តែងឆេះនូវពួកសត្វ ដែលមិនលែងចេញ ។ សូមទ្រង់កុំលះបង់នូវសេចក្ដីសុខដ៏ធំទូលាយ ព្រោះហេតុតែសុខក្នុងកាមបន្តិចបន្តួចឡើយ សូមទ្រង់កុំក្ដៅក្រហាយក្នុងកាលជាខាងក្រោយ ដូចជាត្រីលេបនូវសន្ទូច ។ សូមទ្រង់កុំច្រាស់ច្រាល់ ព្រោះតែកាមទាំងឡាយ ដូចសុនខ ដែលគេចងភ្ជាប់នឹងបង្គោល ឱ សត្វទាំងឡាយ ជាអ្នកស្រេកឃ្លាន តែងធ្វើតាមសេចក្ដីប្រាថ្នា ដូចជាពួកចណ្ឌាល (ព្រានបណ្ដើរឆ្កែ ដល់នូវសេចក្ដីវិនាស ព្រោះបាន) នូវឆ្កែ ។ បើទ្រង់ប្រកបខ្លួនក្នុងកាម នឹងរងទុក្ខ មិនមានប្រមាណផង រងទោមនស្សក្នុងចិត្តដ៏ច្រើនផង សូមទ្រង់លះបង់កាមទាំងឡាយ ជារបស់មិនទៀងចេញ ។ កាលបើព្រះនិព្វាន ជាធម្មជាតមិនចេះចាស់ មាន ទ្រង់មានប្រយោជន៍អ្វី ដោយកាមទាំងឡាយជារបស់ចាស់ កំណើតទាំងអស់ ក្នុងភពទាំងពួង (សុទ្ធតែ) ត្រូវមរណៈ និងព្យាធិរឹបជាន់ ។ ព្រះនិព្វាននេះ មិនចាស់ មិនស្លាប់ ព្រះនិព្វាននេះ ទាំងមិនចាស់មិនស្លាប់ មិនមានសោក មិនមានសត្រូវ មិនចង្អៀត មិនភ្លាំងភ្លាត់ មិនមានភ័យ មិនក្ដៅរោលរាល ។ អមតនិព្វាននេះ ព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើមច្រើនរូប បានហើយ មិនតែប៉ុណ្ណោះទេ ព្រះនិព្វាននេះ គេគប្បីបានក្នុងកាលសព្វថ្ងៃនេះ បុគ្គលណា ព្យាយាមដោយឧបាយប្រាជ្ញា (បុគ្គលនោះ រមែងបាននូវព្រះនិព្វាន) តែបុគ្គលដែលមិនមានសេចក្ដីប្រឹងប្រែង មិនអាចបាននូវព្រះនិព្វានឡើយ ។ នាងសុមេធា មិនបាននូវសេចក្ដីត្រេកអរក្នុងសង្ខារ ពោលយ៉ាងនេះ នាងសុមេធា កាលពន្យល់ស្ដេចអនិករត្តៈហើយ ក៏បោះសក់ទាំងឡាយចោលលើផែនដី ។ ស្ដេចអនិករត្តៈនោះ ក្រោកឡើងផ្គងអញ្ជលី អង្វរបិតារបស់នាងសុមេធានោះថា សូមព្រះអង្គអនុញ្ញាតបើករាជបុត្រី ឈ្មោះនាងសុមេធា ឲ្យបួសចុះ ដើម្បីឲ្យនាងឃើញនូវព្រះនិព្វាន ដែលជាគុណជាតទៀងទាត់ ។
នាងសុមេធានោះ ដែលជាស្ត្រីតក់ស្លុតចំពោះសោក និងភ័យ លុះមាតាបិតាបើកឲ្យ ក៏បួស ហើយសិក្សានូវអគ្គផល បានធ្វើឲ្យជាក់ច្បាស់នូវអភិញ្ញា ៦ ។ ព្រះនិព្វាននោះ ជាគុណជាតអស្ចារ្យ ចម្លែក បានកើតមានដល់រាជកញ្ញា លុះក្នុងកាលជាទីបំផុត (ទៀបនឹងបរិនិព្វាន) នាងបានសំដែងនូវបុព្វេនិវាសចរិតថា ។ កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមកោនាគមនៈ (ត្រាស់ឡើងក្នុងលោក) យើងជាសំឡាញ់នឹងគ្នាទាំងបីនាក់ (គឺនាងធនញ្ជានី ១ នាងខេមា ១ ខ្ញុំ ១) បានថ្វាយវិហារទាន ក្នុងអារាមនៃសង្ឃ ជានិវេសន៍ដ៏ថ្មី ។ (ដោយអានិសង្សនៃវិហារទាននេះ) យើងទាំងឡាយ បានទៅកើតក្នុងពួកទេវតា ១០ ដង ១០០ ដង ១០០០ ដង ១០.០០០ ដង នឹងបាច់និយាយទៅថ្វី ក្នុងពួកមនុស្ស ។ យើងជាអ្នកមានឫទ្ធិច្រើន ក្នុងពួកទេវតា នឹងបាច់និយាយទៅថ្វីក្នុងពួកមនុស្ស ខ្ញុំបានកើតជាស្ត្រីកែវ ជាអគ្គមហេសីនៃស្ដេចដែលមានរតនៈ ទាំង ៧ ប្រការ ។ អានិសង្សនៃវិហារទាននោះ ជាហេតុ អានិសង្សនោះ ជាប្រភព (ដែលកើត) អំណោយទាននោះ ជាឫសគល់ដ៏ពេញចិត្តក្នុងសាសនា អំណោយទាននោះ ជាការជួបជុំមុនដំបូង អំណោយទាននោះ ជាហេតុឲ្យរលត់កិលេស (ព្រះនិព្វាន) របស់ខ្ញុំ ដែលជាអ្នកត្រេកអរក្នុងធម៌ ។ ពួកជនណា ជឿនូវព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គមានប្រាជ្ញាមិនថោកថយ ពួកជននោះ រមែងពោលយ៉ាងនេះថា ពួកជននឿយណាយក្នុងភព គឺសង្សារវដ្ដ លុះនឿយណាយហើយ ប្រាសចាកតម្រេក ។
ចប់ មហានិបាត ។
ថេរីគាថានេះ មានគាថា ៤៨០ និង ១៤ គាថាទៀត ថេរីទាំងអស់នោះ ៧១ អង្គ ជាភិក្ខុនីអស់អាសវៈ ។
ចប់ ថេរីគាថា ។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ថេរីគាថា (សៀវភៅភាគ៥៧ ទំព័រទី ១៤៤)
พระไตรปิฎกเล่มที่ ๒๖ > พระสุตตันตปิฎก เล่ม ๑๘ > ขุททกนิกาย วิมาน-เปตวัตถุ เถร-เถรีคาถา[តំណភ្ជាប់ខូច]