ទីឃជាណុសូត្រ

ពីវិគីភីឌា

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងនិគមឈ្មោះកក្ករបត្តៈ របស់កោឡិយក្សត្រ ក្នុងដែនកោឡិយៈ ។ គ្រានោះ ទីឃជាណុកោឡិយបុត្រ (កោឡិយបុត្រ ឈ្មោះទីឃជាណុ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគរួចហើយ អង្គុយក្នុងទីសមគួរ ។ លុះទីឃជាណុកោឡិយបុត្រ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំព្រះអង្គជាគ្រហស្ថ បរិភោគកាម តែងគ្រប់គ្រងទីដំណេកចង្អៀតចង្អល់ដោយកូន ប្រស់ព្រំនូវលំអិតនៃខ្លឹមចន្ទន៍​ពីដែនកាសី ទ្រទ្រង់នូវផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ត្រេកអរនូវមាស​និងប្រាក់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងធម៌បែបនោះ ដល់យើងខ្ញុំទាំងឡាយនោះ ជាធម៌ប្រពឹត្តទៅ​ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខក្នុងបច្ចុប្បន្ន ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខ​ក្នុងបរលោក​ដល់យើងខ្ញុំព្រះអង្គ ។ ម្នាលព្យគ្ឃបជ្ជៈ (ហៅតាមបវេណី ព្រោះបុព្វបុរស គឺត្រកូលរបស់បុរសនោះ កើតក្បែរផ្លូវខ្លាធំ។ អដ្ឋកថា។) ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ​ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខក្នុងបច្ចុប្បន្ន​ដល់កុលបុត្រ ។

ធម៌ ៤ ប្រការ តើដូចម្ដេច ? គឺ ឧដ្ឋានសម្បទា, អារក្ខសម្បទា, កល្យាណមិត្តតា, សមជីវិតា

ម្នាលព្យគ្ឃបជ្ជៈ ចុះឧដ្ឋានសម្បទា តើដូចម្ដេច ? ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ចិញ្ចឹមជីវិត​ដោយការប្រឹងប្រែង​ក្នុងការងារណា ទោះភ្ជួររាស់ក្ដី ជួញប្រែក្ដី រក្សាគោក្ដី ការងាររបស់ខ្មាន់ធ្នូក្ដី ការងាររបស់រាជបុរសក្ដី សិល្បៈណាមួយក្ដី ជាអ្នកប៉ិនប្រសប់ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយឧបាយ​ជាគ្រឿងពិចារណា​ក្នុងការងារទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា ឧដ្ឋានសម្បទា

ម្នាលព្យគ្ឃបជ្ជៈ ចុះអារក្ខសម្បទា តើដូចម្ដេច ? ម្នាលព្យគ្ឃបជ្ជៈ ភោគៈទាំងឡាយ ដែលកុលបុត្រក្នុងលោកនេះ បានមកដោយកំឡាំងព្យាយាម ប្រឹងប្រែង សន្សំដោយកំឡាំងដៃ បែកញើស ហូរញើស ជាភោគៈប្រកបដោយធម៌ បានមកដោយធម៌ កុលបុត្រនោះ បានញុំាងភោគៈទាំងនោះ ឲ្យសម្រេចដោយការរក្សាគ្រប់គ្រង ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដចទាំងឡាយ នាំយកភោគៈទាំងនេះ របស់អាត្មាអញទៅបាន កុំឲ្យពួកចោរលួចទៅបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកបន្សាត់ទៅបាន កុំឲ្យពួកទាយាទ មិនជាទីស្រឡាញ់ ដណ្ដើមយកទៅបាន ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា អារក្ខសម្បទា

ម្នាលព្យគ្ឃបជ្ជៈ ចុះកល្យាណមិត្តតា តើដូចម្ដេច ? ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ នៅអាស្រ័យក្នុងស្រុក ឬនិគមណា ពួកជនណា ទោះគហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចម្រើនដោយសីលក្ដី ចាស់ហើយ តែចម្រើនដោយសីលក្ដី បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយសីល បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា ដែលនៅក្នុងស្រុក ឬនិគមនោះ កុលបុត្រនោះ តែងឈរ ចរចា សាកច្ឆាជាមួយនឹងពួកជនទាំងនោះ តែងសិក្សានូវសទ្ធាសម្បទានឹងពួកជនអ្នកបរិបូណ៌ដោយសទ្ធា តាមសមគួរ សិក្សានូវសីលសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយសីល តាមសមគួរ សិក្សានូវចាគសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយចាគៈ តាមសមគួរ សិក្សានូវបញ្ញាសម្បទា នឹងពួកជនអ្នកបរិបូណ៌ដោយបញ្ញា តាមសមគួរ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា កល្យាណមិត្តតា

ម្នាលព្យគ្ឃបជ្ជៈ ចុះសមជីវិតា តើដូចម្តេច ? ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ ដឹងច្បាស់នូវការចម្រើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចម្រើនរបស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចម្រើនបានឡើយ ។ ម្នាលព្យគ្ឃបជ្ជៈ ប្រៀបដូចជនអ្នកថ្លឹងជញ្ជីងក្ដី កូនសិស្សនៃជនអ្នកថ្លឹងជញ្ជីងក្ដី លើកនូវជញ្ជីងថ្លឹងហើយ ក៏ដឹងថា ទន់ទៅខាងម្ខាងផង បះឡើងខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រអ្នកដឹងច្បាស់នូវការចម្រើននៃភោគៈទាំងឡាយផង ដឹងច្បាស់នូវការវិនាសទៅ នៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជិវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចម្រើន របស់អាត្មាអញ នឹងគ្របសង្កត់សេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាសរបស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចម្រើនបានឡើយ ក៏យ៉ាងនោះដែរ ។ ម្នាលព្យគ្ឃបជ្ជៈ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចម្រើនតិច ហើយចិញ្ចឹមជីវិតច្រើនលើសលុប អ្នកផងតែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ បរិភោគនូវភោគៈទាំងឡាយ ដូចជាគេស៊ីផ្លែល្វា (អ្នកចង់ស៊ីផ្លែល្វា មិនបេះឲ្យល្មមតែបរិភោគឆ្អែត ទៅចាប់ដើមអង្រន់ ឲ្យជ្រុះផ្លែទាំងអស់នោះតែម្តង ហើយរើសយកតែផ្លែណាដែលគួរស៊ីបាន ផ្លែក្រៅពីនោះ នៅសល់ចោលជាច្រើន ។ អដ្ឋកថា។) ។ ម្នាលព្យគ្ឃបជ្ជៈ ប្រសិនបើកុលបុត្រនេះ មានសេចក្ដីចម្រើនធំហើយ ចិញ្ចឹមជីវិតដោយក្បិតក្បៀត អ្នកផងទាំងឡាយ រមែងនិយាយដល់កុលបុត្រនោះថា កុលបុត្រនេះ មុខជានឹងស្លាប់ៗ ដោយឥតទីពឹង ។ ម្នាលព្យគ្ឃបជ្ជៈ កាលណាកុលបុត្រនេះ ដឹងច្បាស់នូវសេចក្ដីចម្រើន នៃភោគៈទាំងឡាយផង ដឹងច្បាស់នូវសេចក្ដីវិនាសនៃភោគៈទាំងឡាយផង ហើយចិញ្ចឹមជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀតពេក ដោយគិតថា សេចក្ដីចម្រើនរបស់អាត្មាអញ នឹងគ្របសង្កត់នូវសេចក្ដីវិនាសយ៉ាងនេះ ឯសេចក្ដីវិនាស របស់អាត្មាអញ នឹងកុំគ្របសង្កត់សេចក្ដីចម្រើនបានឡើយ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា សមជីវិតា

ម្នាលព្យគ្ឃបជ្ជៈ កាលដែលភោគៈទាំងឡាយ​ចម្រើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាង គឺ ជាអ្នកលេងស្រី, លេងសុរា, លេងល្បែងភ្នាល់, មានមិត្រដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់នឹងបុគ្គលដ៏លាមក ។ ម្នាលព្យគ្ឃបជ្ជៈ ដូចស្រះទឹកដ៏ធំ មានផ្លូវនៃសេចក្ដីចម្រើន ៤ យ៉ាងផង មានប្រធាននៃសេចក្ដីវិនាស ៤ យ៉ាងផង បុរសគប្បីបិទខ្ទប់នូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះក្ដី គប្បីបើកបង្ហូរនូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះក្ដី ទាំងភ្លៀង ក៏មិនបង្អោរនូវធារទឹកដោយប្រពៃក្ដី ម្នាលព្យគ្ឃបជ្ជៈ កាលបើយ៉ាងនេះហើយ ស្រះដ៏ធំនោះ នឹងមានសេចក្ដីសាបសូន្យជាប្រាកដ មិនមានសេចក្ដីចម្រើន​ឡើយ យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កាលភោគៈទាំងឡាយ ចម្រើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវនៃសេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី, លេងសុរា, លេងល្បែងភ្នាល់, មានមិត្រដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់នឹងបុគ្គលដ៏លាមក ក៏យ៉ាងនោះដែរ ។ ម្នាលព្យគ្ឃបជ្ជៈ កាលបើភោគៈទាំងឡាយ ចម្រើនឡើងយ៉ាងនេះហើយ ប្រធាននៃសេចក្ដីចម្រើន ៤ យ៉ាងគឺ ជាអ្នកមិនលេងស្រី, មិនលេងសុរា, មិនលេងល្បែងភ្នាល់, មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ក៏មានឡើង ។ ម្នាលព្យគ្ឃបជ្ជៈ ដូចស្រះទឹកដ៏ធំ មានផ្លូវនៃសេចក្ដីចម្រើន ៤ យ៉ាងផង មានប្រធាននៃសេចក្ដីវិនាស ៤ យ៉ាងផង បុរសគប្បីបើកបង្ហូរនូវផ្លូវនៃសេចក្ដីចម្រើនទាំងនោះ របស់ស្រះនោះផង គប្បីបិទនូវផ្លូវនៃសេចក្ដីវិនាសទាំងនោះ របស់ស្រះនោះផង ទាំងភ្លៀង ក៏បង្អោរចុះនូវធារទឹក ដោយប្រពៃផង ម្នាលព្យគ្ឃបជ្ជៈ កាលបើយ៉ាងនេះហើយ សេចក្ដីចម្រើនរបស់ស្រះនោះ នឹងមានប្រាកដ មិនមានសេចក្ដីសាបសូន្យឡើយ យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ កាលបើភោគៈទាំងឡាយ ចម្រើនឡើងយ៉ាងនេះហើយ រមែងមានផ្លូវ នៃសេចក្ដីចម្រើន ៤ យ៉ាងគឺ អ្នកមិនលេងស្រី, មិនលេងសុរា, មិនលេងល្បែងភ្នាល់, មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គលល្អ ក៏យ៉ាងនោះដែរ ។ ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំងឡាយ ៤ ប្រការនេះឯង ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខក្នុងបច្ចុប្បន្ន ដល់កុលបុត្រ ។ ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខក្នុងបរលោក ដល់កុលបុត្រ ។

ធម៌ ៤ ប្រការ តើដូចម្ដេច ? គឺសទ្ធាសម្បទា, សីលសម្បទា, ចាគសម្បទា, បញ្ញាសម្បទា

ម្នាលព្យគ្ឃបជ្ជៈ ចុះសទ្ធាសម្បទា តើដូចម្ដេច ? ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការត្រាស់ដឹងនៃព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា សទ្ធាសម្បាទា

ម្នាលព្យគ្ឃបជ្ជៈ ចុះសីលសម្បទា តើដូចម្ដេច ? ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត ។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា សីលសម្បទា

ម្នាលព្យគ្ឃបជ្ជៈ ចុះចាគៈសម្បទា តើដូចម្ដេច ? ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ មានចិត្តប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគរួចស្រឡះហើយ មានដៃលាងហើយ ត្រេកអរក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរក្នុងការចែករលែកនូវទាន ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា ចាគសម្បទា

ម្នាលព្យគ្ឃបជ្ជៈ ចុះបញ្ញាសម្បទា តើដូចម្ដេច ? ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រក្នុងលោកនេះ មានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាដំណើរយល់ការសេចក្ដីចម្រើន និងសេចក្ដីវិនាស ជាប្រាជ្ញាដ៏ប្រសើរមុះមុត ជាដំណើរយល់ការដែលអស់ទៅ នៃទុក្ខដោយប្រពៃ ម្នាលព្យគ្ឃបជ្ជៈ នេះហៅថា បញ្ញាសម្បទា

ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំង ៤ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ក្នុងបរលោក ដើម្បីសេចក្ដីសុខក្នុងបរលោក ដល់កុលបុត្រ ។

កុលបុត្រ​អ្នកមានព្យាយាមប្រឹងប្រែង​ក្នុងទីនៃការងារទាំងឡាយ, មិនប្រហែសធ្វេសមានការចាត់ចែង, ចិញ្ចឹមជីវិតស្មើ, ចេះថែរក្សាទ្រព្យ​ដែលរកបានមក, មានសទ្ធា, បរិបូណ៌ដោយសីល, ដឹងនូវពាក្យពេចន៍, ប្រាសចាកសេចក្ដីកំណាញ់ រមែងជំរះនូវផ្លូវ​មានសួស្ដី ជាផ្លូវទៅកាន់បរលោកជានិច្ច, ធម៌ទាំង ៨ ប្រការនេះ តែងនាំមកនូវសេចក្ដីសុខក្នុងលោកទាំងពីរ ដែលព្រះដ៏មានព្រះភាគ ព្រះអង្គជាសច្ចនាម ទ្រង់សំដែងហើយ ដល់កុលបុត្រអ្នកមានសទ្ធា ស្វែងរកផ្ទះ​ដើម្បីប្រយោជន៍​ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខក្នុងបរលោកផង ដោយប្រការដូច្នេះ ការបរិច្ចាគ​និងបុណ្យនេះ​តែងចម្រើនដល់គ្រហស្ថទាំងឡាយ​យ៉ាងនេះឯង ។

ចប់ទីឃជាណុសូត្រ

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > អដ្ឋកនិបាត > ទីឃជាណុសូត្រ (សៀវភៅលេខ ៤៨ ទំព័រទី ២៤៤)